«ខ្ញុំតែងមកកន្លែងនេះ នៅពេលអត់សប្បាយចិត្ត!» ប្រុសនិយាយតិចៗខ្សឹបៗដូចជាគ្មាននាងនៅក្បែរ ហើយដូចកំពុងនិយាយនឹងខ្លួនគេ។ មិនឮស្រីឆ្លើយ គេបន្តទៀត៖
«នៅពេលដែលអ្វីៗមានអារម្មណ៍ថា ធ្ងន់ពេក ធុញពេក ខ្ញុំត្រូវការកន្លែងនេះ…ទីនេះបង្ហាញខ្ញុំថាមានភាពស្រស់ស្អាតជាច្រើនដែលសមតម្លៃ!»
ប្រុសឈប់ស្ងៀម កណ្តាលធ្លាមុខផ្ទះតូច។ ទោះបីជានៅក្នុងភាពស្ងៀមស្ងាត់ក៏ដោយ ដាវីនងាកមកមើលគេ។ សម្រស់ស្រីតូច អណ្តែតជាមួយពន្លឺថ្ងៃពណ៌មាស។ សក់របស់នាងចាំងផ្លាតនឹងកាំរស្មីចុងក្រោយនៃព្រះអាទិត្យ ជាមួយភាពទុកចិត្តដ៏ស្ងប់ស្ងាត់នៅក្នុងភ្នែករបស់នាងដែលមើលមកគេ។
ទាំងនេះ បានធ្វើឱ្យការឈឺចាប់ជុំវិញបេះដូងស៊ីណានបានធូរស្រាល។
«ដឹងហើយ ថាម៉េចបានជានាំខ្ញុំមកកន្លែងនេះ!» ដាវីននិយាយតិចៗ។
សំឡេងគេ កាន់តែស្រទន់ទោះមិនខ្ចីសម្លឹងនាង៖
«ស្អីទៅ?»
«ព្រោះមង្គលការនេះ ធ្វើឱ្យខ្លួនពិបាកចិត្ត!»
ប្រុសសើចចំអក ហើយងើយមើលមេឃ ដៃគេនៅថ្ពក់ម្រាមនាង មាត់គេចរចាវាហី៖
«ខ្ញុំថាអត់សប្បាយចិត្ត មិនមែនពិបាកចិត្តទេព្រះនាង!»
ស្រីងក់ក្បាល….នាងចងចាំបានថា រវាងនាងនិងគេមានអ្វីមួយច្រើនជាងកាតព្វកិច្ច ហើយនឹងបំណុល គឺគេអត់សប្បាយចិត្តនឹងនាង…..មិនដឹងហេតុផលទេ….តែនាងចង់ទាមទារការថែទាំ យកចិត្តទុកដាក់ពីគេ មិនមែនការហួងហែងឡើយ។
ដៃស្រីម្ខាងទៀតដាក់មកលើប្រអប់ដៃគេដែលកាន់នាង។ ប្រុសទម្លាក់ភ្នែកមកសម្លឹងទេពធីតា។ នាងខំញញឹមដាក់គេ តែគេមិនញញឹម។
«ខ្ញុំចង់ឱ្យយើងមានអារម្មណ៍អ្វីផ្សេងទៀត ក្រៅពីទុក្ខព្រួយនៃអ្វីៗគ្រប់យ៉ាងរវាងពួកយើង» ស៊ីណាននឹកបែបនេះដោយគិតស្ងាត់ស្ងៀម តែមិនហើបមាត់និយាយប្រាប់នាងដាច់ខាត។
គេបន្តឱ្យភ្នែកទាំងបួនឆ្លងឆ្លើយដាក់គ្នាមិនខ្ចីប្រើសព្ទសំឡេង។ ការសម្លឹងមើលរបស់នាងដែលឃើញតែភាពស្រស់សង្ហានិងបេះដូងខ្ទេចខ្ទាំកំព្រីកំព្រារបស់គេ ធ្វើឱ្យបេះដូងនាងទោរទន់ខ្លាំងឡើងៗ។
ប្រុសដកដង្ហើមទាញដៃនាងចេញ ហើយនិយាយ៖
«ចូល!!! មានការងារច្រើនទៀត!»
ប្រុសបងដឹកដៃស្រីតូចឆ្ពោះទៅកាន់ទ្វារផ្ទះឈើតូច មិនឱ្យនាងបន្តអារម្មណ៍ល្អជាមួយទិដ្ឋភាពសួគ៌ាទេ។ ពេលដែលនរៈរុញទ្វារបើក ក្លិនបុប្ផាក្រៀមបានស្វាគមន៍ពួកគេ ជាមួយនឹងផ្ទៃផ្ទះឈើ ដែលស្ងាត់ជ្រងំហាក់នៅដាច់សង្វែងពីពិភពលោក។
ដាវីនងើយសម្លឹងបណ្តារចនាបថឈើចាស់ៗរលោង ជាមួយនឹងភាពទាក់ទាញដ៏សាមញ្ញ ប៉ុន្តែឆើតឆាយគួរឱ្យត្រេកត្រអាល។
ទីនេះតូច មានកូនតុមួយកៅអីពីរ និងធ្នើខាងលើដែលឡើងតាមជណ្តើរបួនដប់កាំ។ ទីនោះមានពូកនិងខ្នើយ។
ស្រីងាកមកវិញ ក្រហមមុខ ដង្ហើមញាប់ជាមួយអារម្មណ៍ដែលបាចហាចមិនចេះចប់។
ស៊ីណាននៅពីឆ្ងាយ គេបើកបង្អួចខាងស្តាំ ដែលស្ទើរតែអាចឱ្យនាងភាំងនឹងទិដ្ឋភាពពិសិដ្ឋក្រោយនោះ។ ជួរភ្នំ អ័ព្ទនិងទឹកអូរក្បែរបង្កើយ។
គ្រប់យ៉ាងនៃធម្មជាតិប្រៀបនិងឋានកៃលាស ហាក់បាននឹងកំពុងរង់ចាំទទួលនាងនិងរៀម។
ដាវីនដកដង្ហើមធំធ្វើឱ្យបងបែរមក។ ស៊ីណានញាក់ស្មា សម្លឹងប្រតិកម្មនាង ចង់ផ្ទៀងថានាងពេញចិត្តឬយ៉ាងណាដែរ។ ខាងក្រៅនោះមានតុមួយក្រាលផ្ទាំងក្រណាត់ស មានផ្ទុកកម្រងផ្កាខ្សែ ដើមទៀនក្រអូនធំៗពណ៌លឿងនិងបៃតង និងកែវចាន។
នាងញញឹម….ប្រុសញញឹមតាមដែរ។
«អ្នកណារៀបចំ? ម្ចាស់គេ?»
នាងគិតថាទីនេះជា Resort? ប្រុសទម្លាក់ទឹកមុខ ហើយនិយាយខ្សឹប៖
«មង្គលការ គួរមានផ្កានិងទៀនខ្លះ!»
ស្រីរុះរោយចោលស្នាមញញឹមបន្តិចម្តងៗហើយមើលមុខគេដោយសង្ស័យ។ ស៊ីណានទាញបើកទូរមួយនៅចុងផ្លូវ យករ៉ូបសមួយម៉ូតធម្មតា ហើយខ្លី។ គេហុចកន្សែងពោះគោមួយមកទៀត។
«នេះឈុតកូនក្រមុំ!»
ស្រីសម្លឹងដៃរៀមដែលហុចមក។
ពិតទេ! គេធ្វើបញ្ឈឺនាងរបៀបនេះ?
ដោយក្រៀមស្រពោននាងសម្លឹងរបស់លើដៃគេ មិនទទួល ខណៈប្រុសចេញវាចាខ្សាវៗ៖
«ស្លៀកពាក់ នឹងអាលរៀបការ!»
តូចរេភ្នែកមកសម្លឹងប្រុសថ្លៃ គ្មានអ្វីបង្ហាញថាស៊ីណាននិយាយលេងទេ។ សំឡេងគេលាន់មកវិញ «ត្រៀមធ្វើកូនក្រមុំកម្សត់បំផុតលើលោកនេះ….ហើយខ្ញុំនឹងតុបតែងជីវិតនាង….ឱ្យប៉ាម៉ាក់នាងបានឃើញ!»។
ប្រុសលើកដៃនាងមកដាក់អាវពីលើ ហើយវាចាឌឺដង៖
«ម្សិលមិញព្រះនាង សួរខ្ញុំថា វេទនាយ៉ាងណាទៅ? ចម្លើយនឹងមានជាវគ្គៗ»
ភ្នែកកល្យាណី បញ្ចេញជាពន្លឺរលោងរលើបឱ្យគេឃើញ គេហៅនាងថាព្រះនាង តែទង្វើគេ…..។ ដាវីនងក់ក្បាលពេលប្រុសញញឹមតិចៗចំអក។
«ខ្ញុំធ្វើតាម!»
ស្រីដើរទៅក្រោយផ្ទះស្វែងរកបន្ទប់ទឹក។ ទឹកភ្នែកស្ងួត ព្រោះឆ្អែតចិត្តនឹងចរិតគេ តែនាងបានភាំងជាថ្មីពេលមកវិញឃើញស្រមោលភ្លើងទៀនរេរាំព្រោះគេដុតវាបំភ្លឺ។
លើតុមួយជាមួយភួងតូចៗនិងក្លិនទៀនពិសេសដូចទឹកឃ្មុំ នាងបានឃើញមានប្រអប់ចិញ្ចៀន។
គេឡប់មែនហើយ! ស្រីគិតទាំងឈរសំកាំង។
ដៃរៀមលូកមកឱបពីក្រោយ….តូចយើងឈ្ងោកមកមើលម្រាមដៃដែលនាងមិនចង់បម្រះចេញព្រោះជាតិនេះពិបាកទៅណារួច។ ទិដ្ឋភាពខាងក្រៅ ព្រិលពីទិនករប្តូរមកដោយភ្លើងទៀន មេឃត្រជាក់ល្មមនឹងឱ្យរាងកាយនេះត្រូវការរង្វង់ដៃស្និទ្ធស្នាល។
សុភមង្គលនេះលបលួចបង្កប់ក្នុងភាពស្ងប់ស្ងាត់និងសោភ័ណភាពជ្រាលជ្រៅ ដែលបិទបាំងដោយចម្ងល់ខ្វល់ខ្វាយខ្លះៗ។
«ស្វាគមន៍កូនក្រមុំតូច!»
ស៊ីណានខ្សឹបដាក់ត្រចៀកនាង។
ភ្នែកនិងច្រមុះគេ ងាកមករកនាង បង្ហាញដាននៃអារម្មណ៍តឹងតែងដែលគេបន្លប់ញញឹម។ តាមថា កុលធីតានេះនឹងរៀបការហ៊ឹកហ៊ាក់ធំដុំផ្អើលអស់ក្រុងភ្នំពេញមែនទេ?
ពេលនេះ….គេបានលើកចិញ្ចៀនប្រាក់សាមញ្ញមួយគូមានផ្ទៃរលោងក្រោមពន្លឺភ្លើងហើយឱបទាញរាងកាយស្រីចេញទៅក្រោយបង្អួចនោះតាមទ្វារក្រោយ។
ដោយគ្មានពាក្យមួយម៉ាត់ ប្រុសបានយកដៃនាងមកហើយរុញចិញ្ចៀនទៅលើម្រាមដៃខាងឆ្វេង។ ដាវីនសម្លឹងមើលចិញ្ចៀនដោយមានអារម្មណ៍ហេងហាង។
របស់នេះ មិនត្រឹមតែមានវត្តមាននៅលើដៃរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែនៅលើបេះដូងក្នុងទ្រូងនេះ។ អ្វីៗជាមួយគេ ពិតជាអស្ចារ្យ! ផ្អែម លាយល្វីង។
ភាពកក់ក្តៅបានសាយភាយពេញទ្រូងរបស់នាង រួមផ្សំជាមួយនឹងការឈឺចាប់ដែលចាក់ឫសជ្រៅផងដែរ។ ស្រីញញឹមតិចៗ ប៉ុន្តែមិនអាចលាក់ភាពសោកសៅក្នុងក្រសែភ្នែករបស់នាង នៅពេលសម្លឹងរៀមឡើយ។
«នេះហើយ ពិធីមង្គលការរបស់កូនស្រីឧកញ៉ាម៉ែនដា ទទួលយកបានទេ?»
ជាមួយស្នាមញញឹមស្រពោន ត្រចៀកនាងបានរំឭកពាក្យបាបទាំងអស់របស់ម៉ាក់នាង រឿងដែលបានពាក់ព័ន្ធនឹងក្តីស្លាប់របស់ប៉ាគេ។ មិនយូរទេ ពេលដែលប្រុសនៅរង់ចាំចម្លើយដោយចំហមាត់ចំអកនាង ស្រីក្រឡេកមើលគេ មុននឹងខ្សឹបតិចៗថា៖
«ស៊ីណាន! គ្រប់យ៉ាង ស្អាតណាស់….ប៉ុន្តែវាមិនមែន….ជា….អាពាហ៍ពិពាហ៍ទេ»
ស្នាមញញឹមរៀមត្រូវបានទម្លាក់ចោលសន្សឹមៗបន្សល់នូវទឹកមុខដូចទឹកកកដោយភាពច្របូកច្របល់ចិត្តរវាងស្រលាញ់និងសងសឹក។
«ខ្ញុំជាស្ត្រីខ្មែរម្នាក់!» នាងនិយាយយ៉ាងស្រទន់ ដោយសម្លឹងភ្នែកប្រុសថ្លៃដែលគេហាក់ដូចជាគ្មានមេត្តានិងគ្មានមនោសញ្ចេតនា។
«អាពាហ៍ពិពាហ៍ខ្មែរយើង គឺលើសពីពាក់ចិញ្ចៀន! មានមេបាធ្វើជាសាក្សី មានក្រុមគ្រួសារមកជូនពរ សែនដូនតា ជម្រាបបុព្វបុរស!»
ឮពាក្យសុភាពនៃនារីអភិជនដែលមានភាពខ្ពង់ខ្ពស់ នាងអត់ធ្មត់ពន្យល់ ពុំមែនបានន័យថា នាងត្រូវការឡូយឆាយទេ តែនាងចង់បានសេចក្តីគោរព ប្រពៃណីនិងទំនៀមទម្លាប់។ ទ្រូងរបស់ស៊ីណានតឹងស្អិតដោយពាក្យសម្តីមនុស្សល្អៗម្នាក់នេះ។
ការសោកស្ដាយ ដែលមិនធ្លាប់ទទួលអារម្មណ៍ កំពុងស្រោចមកលើបេះដូងនាយ។ ជាការបន្លប់ នាយលិឍមាត់បន្តិចរកពាក្យមកធ្វើលេស។ ដៃរៀមលូកមកស្ទាប់ញែកសក់ដែលហោះចុះឡើងដូចសូត្រស្រាលនៅលើរង្វង់មុខដ៏តូចរបស់កែវ។
ដៃរបស់គេទីទើរ ហាក់ដូចជាមិនដឹងចិត្តខ្លួនឯងច្បាស់ថា គួរទាញនាងយកមកជិតឬក៏លែងនាងចេញទៅឆ្ងាយ។
គេអាណិតនាង ដោយដឹងពីការលះបង់ដែលនាងបាននិងកំពុងធ្វើដើម្បីរក្សាពាក្យសន្យា។ សេចក្តីថ្លៃថ្នូរដែលនាងនៅតែមាន ទោះក្នុងកាលៈទេសៈជូរចត់នេះ បានញ៉ាំងឱ្យគេពិបាកចិត្ត។
ប្រុសគ្រហែមព្រមានចិត្តខ្លួនឯង ហើយសើរើភាពជូរចត់ទាំងអស់ដាក់ពីមុខ ជាលេសទាមទារឱ្យស្រីដោះស្រាយបំណុលនៃអំពើក្បត់របស់ប៉ានាង។
គេដើរថយក្រោយដកទូរសព្ទចេញមក ខណៈភ្នែករបស់ដាវីនតក់ស្លុតតាមសម្លឹងគេ។ ប្រុសម្នាក់នេះធ្វើដូចដែលនាងគិត។ ជាមួយទឹកមុខគ្មានស្នាមញញឹមតែស្រស់សង្ហាមានអំនួតស៊ីណានបើកវីដេអូខល ហើយប៉ានាងទទួល។
ដៃស្រីរបូតចុះក្រោម ខណៈនាងឃើញប៉ានាងដែលភ្ញាក់ផ្អើល។
ស៊ីណាននិយាយដោយសំឡេងស្រទន់៖
«សួស្តី!» សំឡេងរបស់គេនឹងនរក្នុងភាពអំនួតជាមួយនឹងជ័យជម្នះ «ព្រះនាងរបស់លោកឧកញ៉ា បានរៀបការហើយ! នៅទីនេះ! ឃើញទេ! ក្នុងផ្ទះក្រ កំព្រួកនេះ!»
គេលើកដៃនាងឡើងមកបង្ហាញចិញ្ចៀនគូជាមួយគេ ខណៈជំទាវបានបង្ហាញមុខពីក្រោយខ្នងប្តីជាមួយឈុតដ៏លេចធ្លោមានកប់កំពូល។ អភិជនទាំងទ្វេ បង្ហាញទឹកមុខភ្ញាក់ផ្អើល ផ្លាស់ប្តូរពីការភ្ញាក់ផ្អើលទៅជាខឹងសម្បា។
ខណៈដែលនាយបង្វិលទៅថតជុំវិញផ្ទះហើយ ស៊ីណានបាននិយាយឡកលើយទៀតថា៖
«រាត្រីដ៏ពិសេសនេះ លោកជំទាវនិងឧកញ៉ាបានឃើញហើយ យើងក្រណាស់ គ្មានអ្វីក្រៅពីព្រៃ និងព្រះចន្ទទេ អត់មានទឹកឃ្មុំទៀត! អ៊ីចឹង វាជាការរួមដំណេកជាលក្ខណៈឯកជនល្អបំផុត! បន្ទាប់ពីនេះ ខ្ញុំនឹងនាំប្រពន្ធតូចទៅផ្ទះវិញ! ហើយ….មែន! មានមួយទៀតត្រូវនិយាយ! កុំរង់ចាំគេ គេជារបស់ខ្ញុំហើយ ពីពេលនេះ!»
ស្រីដកទូរសព្ទមកហើយចុចបិទ។ ប្រុសធ្វើមុខមាំលូកដៃមកទាររបស់។ នាងខាំមាត់បែរខ្នងចុចបិទ ហើយបោះចោលទៅក្នុងគុម្ពោតព្រៃ។ ស៊ីណានគេញញឹម នឹកឃើញដល់ពេលដែលនាងខឹងខ្លាំង ហើយដាក់ទូរសព្ទចូលក្នុងកែវកាហ្វេ។
នាយដើរយឺតៗមកពីក្រោយខ្នងនាង ដែលសម្លឹងទៅធម្មជាតិខ្មៅក្រឹប…ភាពស្ងៀមស្ងាត់ដែលធ្វើឱ្យបរិយាកាសកាន់តែធ្ងន់ធ្ងរឡើង ភ្នែករបស់ស៊ីណានបានថ្ពក់ជាមួយនាងម្តងទៀតពេលគេទាញនាងបំបែរមក។
ជាមួយភាពរឹងមានះក្នុងការសងគេតាមគ្រប់អ្វីដែលគេចង់បាន នាងព្យាយាមទប់ក្តីសោកា ហើយមើលមុខគេជាសំណួរមិនមានពាក្យថា គេសប្បាយចិត្តហើយ?
លើកនេះកាន់តែទន់ភ្លន់ ប្រុសក្រសោបចង្កេះ ហើយទាញប្រាណកុលនារីមកកៀក។
«ដល់ពេលផ្សំដំណេក!»
គេខ្សឹបតិចៗ តែបេះដូងនាងលាន់ខ្លាំង។ វីនខំលាក់ភាពភ័យភិត តែហាក់ដូចជាគេមើលឃើញទាំងអស់។ បាតដៃធំៗរបស់គេ រេរាំពាសពេញរាងកាយខាងក្រោយរបស់នាងដោយទន់ភ្លន់ ហាក់បីដូចជាប្រុសម្នាក់នេះ ព្យាយាមចង់ផ្សះផ្សានូវអ្វីៗដែលមុននេះគេបានធ្វើតាមអារម្មណ៍សងសឹក។
ភាពស្ងៀមស្ងាត់រវាងនាងនិងស៊ីណាន លែងមានភាពតានតឹងទៀតហើយពេលដែលភ្នែកពួកគេប៉ះគ្នា នាំមកនូវអារម្មណ៍ទន់ភ្លន់ល្មមភ្លេចចោលបណ្តារឿងរ៉ាវក្នុងលោក។
«គិតអី?» មាត់មានមន្តស្នេហ៍ កម្រញញឹមរបស់ប្រុសហើបសួរនាងតិចៗ។ ក្បាលគេឱនផ្ទៀងមើលអារម្មណ៍ពិតរបស់ដាវីនតាមរយៈទឹកមុខ។
បន្ទប់ដែលមានតែអណ្តាតភ្លើងទៀនដែលឆាបឆេះលោមពណ៌ឱ្យស្បែករបស់ពួកគេក្លាយជាពណ៌លឿងទឹកឃ្មុំ រ៉ូបសរបស់នាងបានបោកកញ្ជ្រោលរវិចជារលកដ៏ទន់ភ្លន់នៅជុំវិញទេពធីតា។ ស្រីមិនឆ្លើយហើយឈ្ងោកមុខឱន។ ភ្នែករបស់ស៊ីណានតាមដានពីថ្ងាសដល់មាត់ស្រី ដោយទន្ទេញពិនិត្យគ្រប់ចំណុចល្អិតល្អន់ ដូចជាទើបនឹងបានឃើញនាងជាលើកដំបូង។
«ស្អាតណាស់ព្រះនាង!» គេរអ៊ូជាមួយសព្ទសំឡេងទាបនិងសិចស៊ី។ ម្រាមគេម្ខាងយោងមកក្បែរបបូរមាត់នាង ធ្វើឱ្យស្រីរឹតញាប់ញ័រ។
«You are mine»
គេនិយាយបន្ថែមភាពរំភើបដែលកំពុងរត់ចុះមកស្រឹបៗពង្វក់ឆ្អឹងខ្នងរបស់នាង។ យឺតៗ ប្រុសក៏លូកដៃទៅញែកសំណុំសក់នៅលើស្មាវាសចេញឱ្យល្មមនឹងស្បែករបស់នាងឆ្លុះចាំងជាមួយពន្លឺទៀន។….នារីនេះកាន់តែភ្លឺថ្លាដូចទិព្វនារីក្នុងរឿងព្រេង។
បុរសឱនមកប្រើបបូរមាត់តាមដានបណ្តារន្ធញើសតូចៗលើស្មាម៉ដ្ឋនិងគល់ក។ ស្នាមថើបដ៏ស្រទន់ពីឆ្អឹងករបស់នាងរហូតដល់ចំណុចទន់ភ្លន់នៅខាងក្រោមត្រចៀកនាង ទាញដាវីនឱ្យរបូតស្នូរដង្ហើមដង្ហក់។ ដោយមិនដឹងខ្លួន រាងកាយតូចសសុលលូនចូលទៅក្នុងតួខ្លួនធំនិងក្រាស់។ ដៃនាងឱបគេទៀតហើយ! វាជាបទសន្ទនាកាយវិការដ៏ស្ងៀមស្ងាត់ដែលនិយាយអំពីការចង់បាន ការជឿជាក់ និងពាក្យសន្យានៃបេះដូងដែលមានធម្មជាតិជាសាក្សី។
«ប្រាកដអត់?» ស៊ីណានឈ្ងោកសួរនាងដោយសំឡេងស្រទន់ ហើយគេសម្លឹងមើលនាង រង់ចាំចម្លើយដែលខាងស្រីស្ទាក់ស្ទើរក្នុងការឆ្លើយតប។
«You just said, I am yours» នាងខ្សឹបហើយបានផ្អៀងមុខមកក្បែរបបូរមាត់របស់គេ។ ការថើបដែលរំលងទៅប៉ុន្មានថ្ងៃនេះ បានវិលមកវិញ ហើយកាន់តែស៊ីជម្រៅ នៅពេលដែលពិភពលោកខាងក្រៅលែងមានន័យសម្រាប់គូស្នេហ៍។
ដៃរបស់ប្រុសស្អាតអូសយឺតៗមករកមើលចង្អូរខ្នងនិងចង្កេះដែលភ្ជាប់គ្នាខ្ទែតដូចជាកិន្នរព្រោះផ្នែកខាងលើ មាត់ទាំងសងខាង កំពុងចុះចាញ់ជាមួយគ្នាក្រោមសមរភូមិតែមួយដេលពេញដោយអណ្តាតភ្លើងក្តៅសន្ធំ។
ព្រះចន្ទពណ៌ប្រាក់ ព្យួរមកសន្សឹមៗលើមេឃឆ្ងាយ បញ្ចេញពន្លឺស្រទន់អមដោយខ្យល់ត្រជាក់ដល់ឆ្អឹង។ ស្រុកព្រៃដែលហ៊ុមព័ទ្ធជុំវិញកូនផ្ទះឈើតូចប្រែប្រួលធាតុអាកាសយ៉ាងរហ័ស។
ដៃប្រុសលូកមកចំណុចរសើបជាងគេនៃរាងកាយមនុស្សស្រី ហើយប្រើវាអង្អែលនាងយ៉ាងទន់ភ្លន់ធ្វើឱ្យនាងញាប់ញ័រ។ ស្រីថយកាយគេចចេញ តែគេក្រៀកនាងយកត្រលប់មកកន្លែងដើមវិញហើយបង្ខំរន្ថើនចលនាឱ្យនាងចុះចាញ់ពត់ពែនក្នុងរង្វង់ដៃខ្លួន។ ស៊ីណានដកមាត់ចេញមកដើម្បីតែនឹងនិយាយខ្សឹបបញ្ឈឺ៖
«ព្រះនាងវង្វេងស្មារតីហើយ!»
ពាក្យខ្សឹបខ្សៀវក្នុងសព្ទសំឡេងទាប បន្លឺកណ្តាលយប់មួយដ៏ត្រជាក់និងស្ងប់ស្ងាត់ ដូចជាទីដ៏អាថ៌កំបាំងដែលមានន័យសម្រាប់តែមនុស្សពីរនាក់។
នារីបានបើកភ្នែកមកចួបនឹងការសម្លឹងរបស់ខាងប្រុស។ ភ្នែកគេងងឹតក្នុងកាមតណ្ហា និងភាពប៉ងប្រាថ្នាលើសលុប។
«អត់ខ្វល់ទេ ខ្ញុំមានប្តីតាមការពារហើយ!» ស្រីឆ្លើយយ៉ាងស្រទន់ បណ្តាលឱ្យបបូរមាត់ឆ្មើងរបស់គេ ហើបជាស្នាមញញឹមដ៏មានមន្តស្នេហ៍ «ហើយ…ខ្ញុំចង់វង្វេងស្មារតី!» ស្រីនិយាយតិចៗ ហើយទ្រោបលើទ្រូងគេ។
ទំនោរទៅរកភាពកក់ក្តៅនៃការប៉ះគេ នាងគ្រាន់តែរង់ចាំឱ្យគេផ្តល់ឱ្យនូវអ្វីមួយ ពិសេសសម្រាប់នាង។ ក្នុងភាពយឺតយ៉ាវនិងចេតនាអូសបន្លាយ បុរសដាក់មាត់លើថ្ងាសនាងនិងសក់ ហើយវាចា៖
«កុំសង្ឃឹមព្រះនាង!»
ជាមួយនឹងភាពភ្ញាក់ផ្អើល គេបីរុញនាងបែរទៅរកជណ្តើរដែលមានតែមនុស្សម្នាក់អាចឡើងបានម្តងៗ ហើយរុញនាងឡើង។ ស្រីមកដល់ខាងលើ ហើយបែរក្រោយសម្លឹងនាយ។
គេស្រស់សង្ហានិងភ្លឺស្វាង គ្មានសញ្ញាទោរទន់ឬលង់ស្នេហ៍អីទាំងអស់។ ស៊ីណានញាក់ចិញ្ចើម៖
«គេង! អ្នកណាជាគូលីរឿងលើគ្រែឱ្យយើង?»
បេះដូងរបស់ដាវីនលោតញាប់ពេលបបូរមាត់របស់ស៊ីណានដែលមុននេះសង្កត់លើនាង លួចយកខ្យល់ដកដង្ហើមពីសួតរបស់នាង ហើយបញ្ឆេះភ្លើងស្នេហ៍ដែលរាលដាលតាមសរសៃឈាមរបស់នាងរហូតដល់រាងកាយត្រូវបានទាញរួមគ្នាដោយកម្លាំងដែលមិនអាចបំបែកបាន ពេលនេះ នាងមានអារម្មណ៍ថា ចុះចាញ់ ហើយទាញកាន់តែជ្រៅទៅក្នុងស្នេហារបស់គេស្រាប់តែខាងប្រុស ដកខ្លួនចេញ?
ភ្នែករបស់គាត់ដែលមុននេះពេញដោយកម្លាំងតណ្ហា ឥឡូវបែរជាភ្លឺនិងត្រជាក់មិនសមជាមនុស្សតែម្នាក់។ ជើងនាងទន់ជំពប់ដួលនៅលើគែមពូកលើធ្នឹម មិនយល់ចិត្តគេ នាងវិលវល់ពីការដកខ្លួនភ្លាមៗរបស់គេ។
សំឡេងរបស់ស៊ីណាន បន្លឺជាមួយអណ្តាតគេដែលរមួលចុះឡើងឌឺដងពេលសម្លឹងមកនាង។ ភ្នែកគេឡកលើយ ជាមួយចំណងស្នេហ៍ដែលបានបង្កាត់និងទុកឱ្យតូចរែកពុនតែឯកឯកាពេលនេះ យប់ត្រជាក់បែបនេះ។
អ្វីមួយដែលងងឹត ជ្រៅ និងស្ងប់ជាងកំហឹង អាចជាការអន់ចិត្ត ឬប្រហែលជាស្រមោលនៃគំនុំគ្រួសារ បានធ្វើឱ្យដើមទ្រូងរបស់ស្រីឆ្អែតចិត្ត។
ការសម្លឹងរបស់គេបង្កើតជាភាពញាប់ញ័ររត់រាងកាយភាំងរបស់ស្រី។ នាងចង់និយាយរួច ដើម្បីសួរគេថា ហេតុអ្វីបានជាគេមិនចែកបាន រវាងស្នេហានិងការដាក់ទណ្ឌកម្ម ប៉ុន្តែសំឡេងរបស់នាងកប់ក្នុងទុក្ខសោក ធ្វើឱ្យនាងបរាជ័យក្នុងការតវ៉ា។
សំណល់នៃការថើបរបស់គេនៅតែជាប់នៅលើបបូរមាត់នេះ ខណៈគេដាច់ចិត្តបែរខ្នងដើរចេញទៅក្រៅ ហើយទុកនាងចោល។
នាងទម្លាក់ភ្នែករំឭកខ្លួនឯងថា កុំយំ!!! កុំភ្លេចថា គេបានសន្យា អំពីរឿងវេទនាដែលគេនឹងធ្វើ តែមិនគួរឃោរឃៅលើបេះដូងនាងដូច្នេះឡើយ។
ភ្នែករបស់នាងរលោងជាមួយទឹកភ្នែកដែលនាងមិនទទួលស្គាល់ តែពិតជាបានស្រក់មកពេលនាងតាមមើលគេឈរបែរខ្នងខាងក្រៅផ្ទះ។
ចិញ្ចៀនលើនាងដៃ បានធ្វើឱ្យបេះដូងនេះក្តុកក្តួល។
ពេលស្រីសម្លឹងមើលគេ…..ភាពព្រងើយកន្តើយរបស់គេ….ស្មារបស់គេ…ចម្ងាយរវាងពួកគេ ជារយៈចម្ងាយដែលគ្មានស្ពានភ្ជាប់។
បន្ទប់កាន់តែត្រជាក់ ភាពស្ងៀមស្ងាត់បានបន្លឺឡើងពីភាពទទេនៃបេះដូងឯកាបន្សល់ទុកដោយស្វាមីកំណាច។ គេបានឈប់នៅមាត់ទ្វារ បែរខ្នងរកប្រពន្ធតូច ហើយរហូតដល់នាងលង់លក់ក្នុងទុក្ខព្រួយគេមិនបានឡើងមកតាមទេ។
គេបានទុកព្រះនាងម្នាក់នេះ ឱ្យនៅម្នាក់ឯងក្នុងពន្លឺស្រពាប់ស្រពោន សុបិនដ៏កម្សត់ ជាមួយនឹងសំឡេងផ្គរលាន់នៃចង្វាក់បេះដូងរបស់នាងផ្ទាល់ក្រោយការនឹករឭកនូវរសជាតិដ៏ស្រើបស្រាលរបស់គេ ដែលផ្តល់មកដើម្បីតែនឹងធ្វើបាបចិត្តនាង។
គ្រប់យ៉ាងបានរំឭកនាងថា គេរៀបការនាងបែបនេះ នេះហើយជីវិតមួយដែលគេបានព្រមាននាង។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ