រឿង៖ ចំណាប់ខ្មាំង ភាគទី១៥

ស៊ីណានភ្ញាក់ដឹងខ្លួនឡើង ក្រោមកាំរស្មីពណ៌មាសនៃពន្លឺថ្ងៃ ដែលហូរកាត់កម្រាស់អ័ព្ទតំបន់ព្រៃ ជ្រៀតចូលមក តាមចន្លោះទ្វារឈើ នៃកូន​ផ្ទះតូច។

ផ្ចង់អារម្មណ៍ដោយធ្មេចភ្នែកបន្តិច គេដឹងឡើងវិញថា កំពុងតែស្ថិតនៅក្នុងទិវានៃអាពាហ៍ពិពាហ៍ចន្ទទឹកឃ្មុំកណ្តាលព្រៃ។

ប្រុសលាតត្រដាងហត្ថាសងខាងដោយខ្ជិលច្រអូស ដំអក់ បណ្តោយឱ្យសាច់ដុំរឹងមាំលាតយក​សេរី​ភាពនៃថ្ងៃថ្មីដ៏ក្រអូបប្រហើរដោយក្លិនផ្កាព្រៃ។

គេក្រោកច្រត់ដៃពីកម្រាលភួយក្រាលលើគ្រៃឫស្សី ដងខ្លួនពាក់កណ្តាល​ក្រោក ក្រឡេកមើល​ជុំវិញ​​។ ភាពស្រស់ស្អាតនៅទីនេះ មិនដែលរុះរោយទេ ប៉ុន្តែនៅចាញ់សម្រស់មួយនាជ្រុងម្ខាងណោះ។

ប្រុសបែរសន្សឹមៗដោយទឹកមុខស្មើៗមិនខ្ចីញញឹម សម្លឹង​ស្រីម្នាក់ឈររៀបចំតុបាយ។

ក្លិនឈើស្ងួត ផ្កានិងសំឡេងបក្សីស្រែកពីចម្ងាយ បន្ថែមបរិយាកាសឱ្យលួងលោមចិត្តបុរសដែល​ឱប​ជាប់វិបត្តិបំណុលគ្រួសារ។

គេឈានមួយទឹកមុខស្មើសំដៅ​អ្វីមួយ​​ដែល​មិន​នឹក​ស្មាន​ដល់គឺ ក្លិន​ឈ្ងុយ​​សាយភាយ​ពេញ​បន្ទប់ក្នុង​ផ្ទះឈើ ទាញ​គេ​ចេញ​ពី​គំនិតស្មុគស្មាញ។

​នៅលើតុក្បែរបង្អួច អាហារ​ពេលព្រឹកដ៏សាមញ្ញមួយស្ពកប៉ុន្តែមើលទៅគួរឱ្យកក់ក្តៅបំផុត។ ស្រី​ស្រស់​ងាកមកសម្លឹងគេ នាង​ញញឹម​តិចតួច​ ដូចខ្លាចៗ ចាញ់ច្រាបកែវភ្នែកគ្មានមនោសញ្ចេតនា​របស់​គេ។

ប្រុសរេភ្នែកសម្លឹងសន្សឹមៗ ដុំនំប៉័ង ចាន​ទឹកឃ្មុំ មីកញ្ចប់ឆុងផ្សែងទ្រោល ផ្លែចេកនិងប៉ោមចិតរួច  ​ទឹក​ដោះគោជូ និងទឹកដោះគោស្រស់ពីរកែវ។

របស់ទាំងនេះស៊ីណានបានទិញពីម៉ាតមកកាលពីម្សិល។

ប្រុសមិនខ្ចីមើលមុខអ្នករៀបទេ​ គេងាកមើលទៅពំនូកភ្លើងនិងកំសៀវទឹកដែលនៅក្តៅ។

«ធ្វើដូចធ្លាប់ដើរតង់ថ្នឹកណាស់!» គេគិតទាំងមិនខ្ចីមាត់កហើយ​ចូល​ទៅ​ជិត។

 ម្រាមដៃ​វែងៗ គេច្រានមកលើ​គែម​តុ។ ក្នុងចិត្ត​របស់ស៊ីណាន ដាវីន​ជា​អ្នក​មាន ពិតណាស់ នាងមាន​ទម្លាប់ជាមួយឈុតអាហារ​ប្រណីតៗ ប៉ុន្តែ​ឥឡូវ នាង​បានរៀបការប្រថុចញ៉ុចជាមួយ​បុរស​ក្រ​ម្នាក់​នេះ គ្មានឈុតចងដៃ គ្មានចន្ទទឹកឃ្មុំ​ ហើយត្រូវក្រោកមកចាត់ចែង​អាហារ​ដ៏សាមញ្ញ​បែប​នេះ​…..​សម្រាប់​គេ។

គេទាញកៅអីមួយមមកអង្គុយ​ ដោយ​ចាប់យកចំណិត​នំប៉័ង​មក​ហែក​មួយ​ដុំនិងចុចលើចាន​ទឹក​ឃ្មុំ​។ គ្រាប់ទឹកផ្អែមស្អិត ​ស្រក់​ចុះយ៉ាងឆ្ងាញ់ពិសាចូលក្នុងបំពងកដែល​ទំពា​មួយ​ដូច​ខ្ជិល​ច្រអូសនឹង​និយាយ​ស្តីអ្វីទាំងអស់។

​រសជាតិអាហារមួយម៉ាត់ដំបូងធ្វើឱ្យគេ​បិទភ្នែកទាំងសង ចងចាំអំពីពេលវេលាចាស់ៗ ជាមួយនឹង​ម្តាយរបស់គេ…..អតីតកាលកម្សត់និង​ផ្អែមល្ហែមបានរំលេចមកភ្លឺទែងឡើងនៅក្នុងចិត្តរបស់គេ។ រូបរាងដ៏ទន់ខ្សោយរបស់ម្តាយ សំឡេង​ស្រទន់ៗជំរុញឱ្យគេញ៉ាំទឹកឃ្មុំដែលជួយទិញពីកសិករនិងអ្នក​ភូមិព្រានប្រមាញ់​នៅជើងព្រៃ បានរំឭក​មកវិញភាពកក់ក្តៅមួយក្នុងទ្រូងឯកា។

គ្រប់ពេលដែលគេមកទីនេះ មកលេងផ្ទះកេរ​ខាងម្តាយ​និងមកសួរសុខទុក្ខញាតិចាស់ៗនៅក្បែរ​ខាង ស៊ីណានចាំបានថា មានក្តីសុខណាស់​។ ពេលនេះ ទីនេះក្លាយមកជាស្ងាត់ដោយសារ​​កសិដ្ឋាន​ក្បែរៗ​ដែលជួលឱ្យអ្នកដទៃ ត្រូវ​ខាតបង់ព្រោះសេដ្ឋកិច្ច ការដាំដុះជាច្រើនត្រូវបានផ្អាក ហើយ​រឹត​តែ​ស្ងាត់គឺ ​ម្តាយគេ​ត្រូវ​ស្ថិតក្នុង Coma តស៊ូ​ដើម្បី​ជីវិត។

ដាវីនក៏អង្គុយចុះមកពីមុខនាយ​។ សក់ខ្មៅរបស់ស្រីចាំងនឹងពន្លឺថ្ងៃ បញ្ចេញសម្រស់ភ្លឺស្រទន់ដូចសូត្រ​។ ប្តីម្នាក់នេះ រេភ្នែកលើប្រាណនាងពីលើដល់ក្រោម ចំណែកដាវីន​ក៏មើលទៅហាក់មិនបាន​ខឹងគេ លើរឿងកាលពីយប់សោះ។

ដាវីន​បើកភ្នែក​ធំៗ​ពេលសម្លឹងចំភ្នែកគេ។

«​អរុណសួស្តី!» នាងនិយាយយ៉ាងស្រទន់ ហើយលូករកនំប៉័ងមួយចំណិតដែរ តែស៊ីណានមិនបាន​ឆ្លើយ​ថែមទាំង​ដាក់​នំបុ័ង​ចុះ ហើយ​ផ្អៀង​ទៅ​លើបង្អែក​កៅអី។

ឃើញនាងបេះនំហាក់ភ័យៗ គេក៏ពោលសួរតិចៗ៖

«ព្រះនាងដែលញ៉ាំមីកញ្ចប់ដែរ? ​ចេះដាំទឹកឆុងទៀត?»

បបូរមាត់របស់នាងប្រែជាញញឹមឡើង ប៉ុន្តែនាងបានលាក់វាវិញយ៉ាងលឿន ដោយធ្វើជាទាញ​ចាន​ទឹក​ឃ្មុំ​មក​ជិត​។

«នំប៉័ងនិងទឹកឃ្មុំនេះទេ ដែលថ្មី….សម្រាប់ខ្ញុំ!»

ស៊ីណានរលាស់ស្មាបន្ត សម្លឹងមើលតរុណី រហូតដល់នាង​លេបអាហារដុំទីមួយ​និងទំពា។ ប្រុស​លើក​ចិញ្ចើមម្ខាងរង់ចាំមើលប្រតិកម្មរបស់នាង​។ ការ​លេងសើចក្នុងចិត្តរបស់គេរលាយសន្សឹមៗ សល់​នៅភាពទន់ជ្រាយ​ លង់ស្នេហ៍។  មាន​អ្វី​មួយ​អំពីស្រីតូចនេះ ជាអ្វីមួយដែលមាន​អានុភាពលើបេះដូងគេ។ ការ​តាំង​ចិត្តរបស់នាង ក្នុងការ​ទទួលយកគេ ជា​កម្លាំងដ៏ស្ងប់​ស្ងាត់តែខ្លាំងក្លា ​​មិនដឹងថា​គេ​អាចធ្វើពើនឹងបេះដូងនាង​បានដល់ពេលណាទេ។

​«លេងស្ទីលសម្តែងជាប្រពន្ធល្អ?» ស៊ីណាននិយាយរបៀបឌឺដង។

ស្រីឈប់ដៃដែលបេះនំពេលឮសំឡេងគេ។ ស្មារបស់នាងរឹង ប៉ុន្តែដាវីន​បែរមករកគេដោយសម្លឹងឥត​ងាកចេញ។

 «អ្ហះ? ចេះដើរតួមួយមុខទៀត?» គេសើចផងសួរផង ភ្នែកទាំងបួនឆក់ជាប់គ្នា ជាមួយ​ពន្លឺគុំកួន ខូចចិត្ត និង…..ស្នេហាយ៉ាងឈឺចាប់។

ដាវីនដាក់នំចុះហើយបបូរមាត់នាងរេនិយាយ ធ្វើឱ្យខាងប្រុសទម្លាក់ភ្នែកសម្លឹង។

«ខ្ញុំ​មិន​បាន​ធ្វើ​ពុតទេ! តែ…..សម្រាប់មនុស្សដែលមិនធ្លាប់ជឿអំពើល្អ…មិនធ្លាប់ធ្វើល្អ…ចង់យកទៅគិតម៉េចក៏បាន!»

ថាហើយនាង​ក្រោកចេញ ព្រោះបេះដូងនេះបានបន្ថែមពីលើការតូចចិត្ត​ពេញមួយយប់នូវកំហឹងថ្មីមួយ តូច តែពិតជារំខាន ធ្វើឱ្យដាវីន​ទៅជាចេះស្អប់ និងក្នាញ់ភាពមានះ​របស់ខាងប្រុស។

 ​«មនុស្សអវិជ្ជមាន​» នាងរអ៊ូបន្ថែមសឹងតែគ្មានសំឡេងមកក្រៅ  ប៉ុន្តែ…ស៊ីណានក្រោក​​ឈរឡើងមក​​ភ្លាម​ៗ បណ្តាលឱ្យកៅអី​ផ្ងារប្រាវទៅលើ​​ឥដ្ឋ។

«ទៅណា?»

ប្រុសសួរខ្លីដោយ​​ចូល​ទៅ​ជិតពាំងផ្លូវនាង​ ហើយ​​សម្លឹង​មើល​នាង​មិន​ដែលនៅទើរ មិនមានផ្លូវ​វាង​ចាក​ចេញ​ពី​គេ។

មុខដាវីនក្រហមព្រោះខឹង តែគ្មានពាក្យនិយាយតបទេ។ នាង​រេភ្នែកចេញ ដៃឱបក្រពាត់ត្រឹមទ្រូង តែតរុណីបានឮស្នូរ​ដង្ហើម​របស់​ស៊ីណានដែល​ញាប់​ញ័រ ដោយសារ​ក្បាលនាង​កម្ពស់​ត្រឹមទ្រូងគេ។  ដាវីន​ផ្អៀងក្បាល​ហាក់ដូចជា ចង់គេចចេញមិនចង់ក្បែរ….បណ្តាលឱ្យខាងប្រុសរឹតតែចេតនា​រារាំង​។

«និយាយចំសាច់ការ មិនហ៊ាននៅស្តាប់?»

«សាច់ការអី?» នាង​សម្លឹងនាយដោយងើយហើយភ្នែកមូលក្លំបញ្ចេញភាពខកចិត្ត​ «ហើយ បើថា នៅណេះមាន​អ្នកសម្តែង ក៏មិនមែនខាងខ្ញុំដែរ!» នាងនិយាយមករ៉ាវៗ​។ សំឡេង​របស់ដាវីន​ទន់ៗ ប៉ុន្តែ​នឹងនរ។

«អូយ ចរិតប្រពន្ធជាកូនអ្នកមាន តមាត់ប្តីបានឡើងប៉ប៉េះ!»

«ចុះចរិតប្តីល្អណាស់? ទុកខ្ញុំចោល​ម្នាក់ឯងយប់មិញ ហើយក្រោកមករករឿងទាំងព្រលឹមនោះ?​»

ប្រុសស្អាតបញ្ចេញ​ភាពអំណរតាមរយៈកែវភ្នែក គេសម្លឹងនាង​ផ្ចង់ចុះឡើង ហើយលូកដៃរកចង្កានាង។ ​ដាវីនគេចចេញ គេរឹតតែមិនព្រម ដោយដៃប្រុសម្ខាងទៀតបានទប់ចង្កេះទាញត្រលប់​មក​រក​ប្រាណ​​វិញ​។

សំឡេងស៊ីណា​ន​ខ្សឹបៗ មកលើថ្ងាសនាង​ដែលក្រោមទ្រូងគេ៖

«កំពុងស្រមៃរឿងយប់មិញ?»

 នាង​ងាកចេញ​ គេទាញមុខត្រលប់មកវិញទៀត។ ម្រាម​នាយលូក​ដៃ​អង្អែល​ផាត់សក់​សរសៃ​​​ចេញ​​ពី​ផ្ទៃ​​មុខ​​ស្រស់​ផូរ​ផង់​​របស់​នាង។

 «ស្រមៃ…..ដូចតែគ្នាទេ…..ព្រះនាង!»

វាចាគេខ្សឹបមក បណ្តាល​​ឱ្យដង្ហើមខាង​​នាង​​ហក់​​ឡើង​។

ក្លិននាងសាយភាយមកដូចជាបុប្ផាធម្មជាតិកណ្តាលព្រៃយ៉ាងកម្រ ឯស្នេហារបស់នាង​ដូចជាទិព្វមន្ត​បណ្តាលចិត្ត​ឱ្យស៊ីណានសឹងថា ភ្លេចអ្វីៗបាន​គ្រប់យ៉ាង។

​ក្នុងសភាពស្ងាត់ស្ងៀម  ​មិន​មាន​ចលនា​អ្វី ដោយ​ទុកឱ្យបេះដូងសងខាងបាន​ចរចា​រកគ្នា  ដៃ​នាង​​រុញ​គេចេញពេលស៊ីណានទាញកាយទាំង​ពីរចូលស្អិត ឯ​ខាង​ប្រុស​​ឃើញអូន​ប្រកែក គេរឹតតែប្រើកម្លាំង​បង្ខំ។

ក្នុងពន្លឺដ៏ស្ងប់ស្ងាត់ ស្រស់បំព្រង ដៃគេម្ខាងច្បូតសក់នាង រួច​ផ្កាប់មុខនារីមកដាក់ថ្នមៗនៅលើ​ស្មា​ម្ខាង​ របស់គេ។ ដាវីន​ទម្លាក់ដៃទាំងពីរមកក្រោម ក្បែរៗចង្កេះនាយព្រោះទប់នឹងការឱបក្រសោបនេះ​មិនបាន ម្យ៉ាងដោយចិត្ត​នាង​ចង់បាន ម្យ៉ាងដោយដឹងជាស្រេចថា ស៊ីណានមិនព្រមលែងដដែល​។

​ខណៈ​ដែល​ម្រាម​ដៃ​ប្រុស​ម្ខាងទៀត គូសជារង្វង់យឺតៗនៅលើចង្កេះនិងខ្នង​ស្រី។ មាត់គេស្រដី៖

«បើនឹកណាស់ ម្តេចមិនស្រែកហៅ?»

 នៅ​ក្នុងភាពស្ងៀមស្ងាត់ ដង្ហើមរបស់ពួកគេធ្វើសម​កាលកម្ម បង្កើតជាចង្វាក់ស្នេហ៍ ដែលមាន​អារម្មណ៍​ដូច​ជា​ចង្វាក់​បេះដូង​រួម​គ្នា​។

​ប្រុសបានវែក​សរសៃ​​សក់​សូត្រ​​​ដែល​​វង្វេងហិចហើរ​​នៅ​ពី​ក្រោយ​ត្រចៀក​របស់​នាង ហើយ​​នាង​នៅ​សំងំ​​ក្រោម​​​ការ​​ស្ទាប​​អង្អែល​​របស់​​នាយ​ជាមួយ​អារម្មណ៍ជិតស្និទ្ធ ​កក់​​ក្តៅ​។ ដង្ហើម​ដាវីន​ពិតជា​​បាន​​​ឆ្លើយ​​តប​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់ភ្នែកស៊ីណាន ទោះណាជាស្រីមិនបានសម្លឹងគេ​តបអ្វី។

«អ្ហះ ម៉េចមិនស្រែកហៅ?» ប្រុសខ្សឹបៗធ្វើ​ឱ្យ​នាង​រុញនាយចេញ​។

«ខ្ជិលណាស់!» គេ​មិន​ព្រម​រង្គើ ដោយចាប់នាង​ទុកជាចំណាប់ខ្មាំង​ដូច​ដើម​។

«ម៉េចបានខ្ជិល?»

«ខ្ជិលឈ្លោះ!» នាង​និយាយតិចៗ ដោយមួលក្តិចកំភួនដៃរឹងមាំ​ដែលកំពុងតែបណ្តោយឱ្យប្រអប់​ដៃ​ល​លេង​ជុំវិញត្រគាកណែន​ក្រពុំរបស់ស្រី។ ធ្វើដូចដែកមិនចេះឈឺ ស៊ីណាននិយាយទាំងភ្នែក​ក្រហម​ៗ​៖

«ខ្ជិលដូចគ្នា!»

នាងងើបមុខមកភ្លាម​ដូចគេព្រាងទុកមែន។

​ស៊ីណានញាក់ចិញ្ចើមឌឺនាង ធ្វើឱ្យខាងស្រី​ចង់តែមួលបន្ថែមតែត្រូវប្រុសរុញចេញ​។

«​មិនដឹងមនុស្សឈឺទេ?​»

«ស្មានតែខ្មោចតាស៎!» នាងនិយាយដោយគ្មានក្រែងចិត្ត​ ភ្នែកមូលៗក្លុំ​សម្លឹង​គ្នា​​។ សេចក្តី​ស្នេហា​នេះ​​ស្តែងចេញមកឆៅៗជាមួយគ្នាពេក​ហើយ ស៊ីណាន​​ចិត្ត​ជាស្ពាន់ឬដែក​ក៏គង់ទ្រាំនឹងភ្នែកស្រីមិន​បាន​ដដែល​ទេ​….​ណ្ហើយខ្ជិលទ្រាំ….​ដោយគ្មានពាក្យសម្ដីប្រុសទាញរាងកាយនេះមកវិញដោយ​បញ្ចប់​ភាព​ខ្សឹប​ខ្សៀវ​ឌឺដងចំណាប់របស់​ព្រះនាង ធ្វើឱ្យការដកដង្ហើមខ្លីៗ​របស់ដាវីន​បញ្ចប់មកក្នុង​ប្រអប់​មាត់​នាង​។ ពាក្យ​ដែល​ស្រី​ប្រុងតែនិយាយ​យក​ឈ្នះ ត្រូវ​លេប​ត្របាក់​ដោយសេចក្ដីស្រលាញ់​តាម​រយៈ​ស្នាមថើបក្នុងទម្រង់ដ៏ស្អាតបរិសុទ្ធថ្នាក់ថ្នម​បំផុតកណ្តាលគន្លងធម្មជាតិសែនស្ងប់ស្ងាត់។

នាង​ត្រូវប្តូរពីរុញទៅជាប្រតោង​រាងកាយប្តីថ្មី​ថ្មោង បណ្តោយ​ឱ្យបបូរមាត់ខាងប្រុសថើបស្រីបាន​យ៉ាង​ទន់​ភ្លន់​ និង​បន្ទាន់ដូចចង់ ​គ្រប់​គ្រង​ខ្លះ ​ចង់សារភាពខ្លះ។

កម្ដៅ​ក្នុង​ខ្លួន​​នាង​ហក់​ឡើងៗ​មិនឈប់ឈរ​ទេ ប៉ុន្តែ​រាងកាយ​ក៏មិន​មាន​ចលនា​អ្វី​ដែរ គ្រប់​យ៉ាង​របស់​ដាវីន គឺសម្រាប់ស៊ីណានម្នាក់នេះ។

ការថែថើប យូរយ៉ាងណាក៏គង់តែបញ្ចប់​….ព្រោះអ្វីម្យ៉ាង​ យ៉ាងជ្រៅក្នុងបេះដូងនាយ បានប្រាប់​មក​ថា ស្រីម្នាក់នេះ មាន​សិទ្ធិរកបានបុរសល្អម្នាក់ ដែលនឹងនាំមកនូវសុភមង្គល​ដល់នាង​….​មិន​មែន​​ស៊ីណាន​ម្នាក់នេះ​ឡើយ។ គេស្អប់គ្រួសារនាង…..

ពេលប្រុស​ដក​ខ្លួនថយ​ចេញ កន្ទុយភ្នែកគេនៅលបមើលឃើញ​ថ្ពាល់​របស់​ដាវីន​ដែល​ក្រហមដូចភ្លើង។ ភ្នែក​នាង​ភ្លឺថ្លាបន្សល់នូវ​ភាពសោកស្តាយ​លើបបូរមាត់ដែលផ្អែម​ដូចទឹកឃ្មុំ។

ជា​លើក​ដំបូងក្នុងជីវិត ​ដែលគេ​​បាន​បណ្តោយ​ខ្លួនឯង​ឱ្យ​មាន​អារម្មណ៍ល្អខ្លាំង សឹងអាចភ្លេចអស់​​គ្រប់សេចក្តីទុក្ខវេទនាដែលបាន​ឆ្លងកាត់ពីរនាក់ម្តាយនឹងកូនកន្លង​មក ។

ពេលនេះទៀតសោត ដាវីន….ព្រះនាង…កំពុង​ធ្វើ​ឱ្យ​​ប្រុសលប​ភ័យ​ខ្លាច……​ថា គោលបំណងសងសឹក​នឹង….រយាកថយ ដោយសារ​វត្តមាន​និងគ្រប់កាយវិការ គ្រប់ពាក្យសម្តី គ្រប់ចង្វាក់ដង្ហើមរបស់នាង មាន​អានុភាពយ៉ាងពិសេសដែលធ្វើឱ្យបេះដូង​​គេ​ទន់ជ្រាយបាន​។

ស៊ីណាន​បែរខ្លួនភ្លាម ព្រោះប្រុសកាត់ចិត្តដើរមករកតុអាហារ​។ ​

«ញ៉ាំ​អាហារពេលព្រឹកប្រពន្ធសម្លាញ់!»

គេនិយាយបន្លប់មនោសញ្ចេតនា​ ​ហើយរៀបចំចាន​ខ្លួនគេធ្វើវាហី ភ្នែកមិនខ្ចីមើលនាង​ទេ។​

គេដឹងថា ស្រីកំពុងសម្លឹងមើលមក ទាំងចំហាយនៃសំណល់ស្រើបស្រាល ​ចិត្ត​នឹករឭក លាយឡំ​រ​វាង​ការសប្បាយនិងការខកចិត្ត។

ព្រះនាង​របស់ស៊ីណាន គឺបែបនេះហើយ។   នាងតែងតែបែបនេះ​…ទន់ភ្លន់ តែរហ័សរហួន ឌឺ​ដង​លេង​សើច តែសុភាព​និងកត្តញ្ញូ មិនដែលបណ្តោយឱ្យគេមានភាពមានះ ដាច់​ចិត្ត​ធ្វើបាបនាងបាន​យូរឡើយ។

ស្រីនៅធ្មឹង គេធ្វើពុតក្រញូវងើបមុខហើយចង្អុលកៅអីឱ្យ។ ដាវីន​ដើរមក​មួយៗ ទើបគេទម្លាក់ភ្នែកចេញពីនាង។

ការធ្វើជាព្រងើយកន្តើយនឹងភាពកក់ក្តៅដែលរីករាលដាលពេញក្នុងទ្រូងពេលនេះ មិនមែនជា​វិញ្ញាសា​ស្រួល​ៗ​សម្រាប់អ្នកមកទារគំនុំទេ។

ពេលខាងស្រីអង្គុយចុះមកយឺតៗដោយស្ទាក់ស្ទើរហើយម្រាម​នាងមិនទាន់ធ្វើអ្វី គេហុចដុំនំបុ័ង​ជាមួយ​ទឹកឃ្មុំមកឱ្យ។

«ញ៉ាំ​ខ្លួនឯង​ទៅ» នាង​និយាយ​ទាំង​សំឡេង​ស្រទន់ ប៉ុន្តែមុខក្រញូវ។

«អត់ឆ្ងាញ់មែន?! ធ្វើម៉េចទេ ការប្តីអ្នកក្រមានតែរបស់អស់នេះ!»

នាងមិនមែន​ខឹងដែលគេក្រ….ដែលគេចាប់នាង​មក ឬអតីតកាលរវាងនាងនិង​គេទេ​។ តាមពិត ដាវីនខឹងនឹងស្នេហា​របស់គេ ដែលលាក់លៀមមិនហ៊ានស្តែងមក។ នាងយល់ថា គេកំសាក តែពេលខ្លះក៏ទទួលស្គាល់ថា គេស្អប់នាងប៉ុណ្ណោះ គេមិនមែនកំសាកទេ តែគេ​មិនចង់ប៉ះពាល់នាង គេគ្រាន់តែចង់លេងសើច។

ស្រីណាទៅ…ដែលជាមនុស្ស​គេឱ្យតម្លៃ ហើយស្រលាញ់គោរព….មិនមើលនាង​ក្នុងរូបភាពជាតួសងគំនុំបែបនេះ?

ដាវីន​គិតផង លូកដៃយកនំមួយដុំផ្សេងមកកាន់ផង។

សំឡេង​អ្វីមួយលាន់មកបង្អាក់ថ្គាមរឹងមាំ​ដែលស៊ីណានកំពុងទំពារ​អាហារ​។ កង់? ​ស្នូរ​ទោចក្រយាន​ពិតជាបុក​លើ​ផ្លូវ​ក្រួសក្រហមលាយនឹងសំណើច​មនុស្ស​ម្នាដែលមិនធ្លាប់ឮមុននេះ។

ត្រចៀកគេផ្ទៀងស្តាប់ដោយមុខមាំ ខណៈនាងក៏មើលមុខគេ​ព្រោះឆ្ងល់ដូចគ្នា។

អ្នកណាមកនៅក្រៅ? ស៊ីណានដឹងថា នេះមិនមែនជាសូរសព្ទអ្នកស្រុកទេ មនុស្ស​ចំណូលថ្មី?

ប្រុសនាំរាងកាយខ្ពស់ក្រោកចេញមួយៗ ហើយដើរឆ្ពោះទៅទ្វារព្រោះឃើញជាស្រេចនូវវត្តមាន​ជនចម្លែក។ នៅក្រោម​សន្ធឹកខ្យល់​ដ៏​កក់ក្ដៅនាតំបន់ខ្ពង់រាប កំលោះ​ប្រាំ​នាក់ ទំនងមនុស្ស​មកពីភ្នំពេញ​​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ផ្លូវចម្ងាយពីនេះប្រហែលម្ភៃម៉ែត្រ។

ពួកគេ​​ស្លៀក​ពាក់​របៀបជាអ្នកហាត់​ជិះ​កង់​យ៉ាង​ទំនើប។  កង់​របស់​ពួក​គេក៏សឹងជាប្រភេទយីហោ​មានតម្លៃ​ បើ​ទោះ​ជា​ចោមដោយ​ល្អង​ធូលី​ដី​ពី​ផ្លូវលំស្រុកព្រៃមកក្តី។

​ខ្លះក្នុងចំណោមនោះកំពុងពិនិត្យ​បរិវេណនេះដោយពិនិត្យពិច័យដូចជាមិនធ្លាប់ភ្នែកនឹងផ្ទះនៅ​កណ្តាល​ទ្រូងព្រៃទីជនបទចុងកាត់។

ម្នាក់​ក្នុង​ចំណោម​ពួកគេ ​​មាន​កម្ពស់​ខ្ពស់ស្រាវ​ប្រកបដោយ​ស្នាម​ញញឹម​​ជឿជាក់​រាក់ទាក់ មករកស៊ីណាន​។

«អ្នកណានេះវ៉ី?» បុរសនោះស្រែកឡើងទាំងរលះរលាំងចោលជន្ទល់កង់ រួចដើរសំដៅមក។

«ឯងមែន! អាមុខក្រញូវ!»

ពេលឮឃ្លាទីពីរនេះ រាង​កាយ​របស់​ស៊ីណាន​ចង់ភាំងហាក់នឹកឃើញដល់អ្នកណាម្នាក់ ពាក្យនេះ «អាមុខក្រញូវ» ជាពាក្យធ្លាប់ឮ​និងចងចាំមក។

នៅពេលដែលបុរសម្ចាស់កង់ចូលរឹតជិត ម្ចាស់ផ្ទះប្រែជាស្រទន់ ទៅជានរណាផ្សេងដែលដាវីនកម្របានឃើញអាការៈបែបនេះលើទឹកមុខស៊ីណាន ពោលគឺការ«នឹករឭក​»។

 «ឧត្តម?» ស៊ីណាននិយាយសំឡេងទាបដូចជាទើបនឹងរកនឹកឃើញ​មិត្ត​ចាស់ ប៉ុន្តែជាសំឡេងកោះហៅពេញដោយភាពភ្ញាក់ផ្អើល។

ពួកគេ​ស្ទុះឱបគ្នា ដោយឥតព្រាងទុក។

ក្រោយមកទើបដាវីនដឹងថា ប្រុសៗនេះមានទំនាក់ទំនងជាមួយគ្នា​តាំងពីកុមារភាពនៅភូមិនេះផ្ទាល់​។ ឧត្តម​ទះខ្នង​​ស៊ីណានផាំងខណៈដាវីនក្រោកមកសន្សឹមៗ​ពី​ក្រោយតុបាយ ព្រោះនាងភ្លឹក​ថា អ្នកដែលស្និទ្ធនឹងស្វាមីចម្លែករបស់នាង​​ក្នុង​កាយវិការ​បែបនេះ ប្រហែលជា​មាន​តែ​មិត្ត​ចាស់​ម្នាក់​នេះប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន។

 «ពួកយើងធ្វើ​ដំណើរកម្សាន្តជិះកង់ព្រលឹម​មិញ! ប៉ុន្តែ​….យើង​បាន​វង្វេង…..​ដូចជាម្តុំនេះ​អភិវឌ្ឍខុស​….​ធម្មតាវ៉ី» ឧត្តមនិយាយប្រាប់ពេលកំពុងឱបស៊ីណា​នសប្បាយចិត្ត ស្រាប់តែគេអាក់ ហើយ….បន្ទាប់មក សំឡេងរបស់គេដូរទៅជាខ្សឹប….

«ខុស….ធម្មតា….មែនហើយអាណាន! ទីនេះមានទេពធីតាពីអង្កាល់?»

ស៊ីណានជ្រួញ​ចិញ្ចើមឆ្ងល់តិចៗពេលពួកម៉ាកលែងដៃពីគេ។ ឧត្តមភ្លឹកមើលមកស្រីស្អាតដែល​បង្ហាញ​កាយពីមុខកូនផ្ទះ។

 ស៊ីណានទម្លាក់មុខ រង្គើស្មាតិចៗព្រោះគេ​ដឹងថា ភរិយា​គ្មានខាន់​ស្លាដើរមកតាមពីក្រោយ​ហើយ​។ គេរលាស់អណ្តាតរកពន្យារ​ពេលគិត ថាគួរតែណែនាំនាងទៅឧត្តមតាមរបៀបណា ស្រាប់តែងាកមកកាលណា ចិញ្ចើម​របស់​គេត្រូវ​ងើប​ឡើង​បន្តិច ចិត្ត​មិនសុខសប្បាយទេ​ ខណៈ​ដែល​សម្គាល់​ឃើញឧត្តមសើចស្ញាញស្វាគមន៍ព្រះនាងរបស់គេ។

​«កូនក្រមុំអ្នកណានេះវ៉ើយ?»

ឧត្តមខ្សឹបសួរស្រាលសឹងស្មើនឹងសំឡេងខ្យល់ តែ​ស៊ីណានអាចស្មានដឹងបានពីបេះដូងលាន់​សន្ធឹក​របស់សុភាពបុរសជិះកង់។

 គេបែរមកសម្លឹងស្រីវិញភ្លាមៗដែរ។ សក់នាង​ប៉ើងយ៉ាងទន់ភ្លន់ រចនា​រាងកាយពីលើដល់ក្រោម​ឱ្យសឹងល្អផូរផង់លើសផ្ទាំងគំនូរវិចិត្រករ។

ស៊ីណានស្ទាក់ស្ទើរមួយវិនាទី…..តែឧត្តមងាកមកចាំចម្លើយដូចជាយូរពេកណាស់ទៅហើយ។

 «ប្រ….ពន្ធ​…..យើង​!»

ប្រុសស្រដីតិចៗ  មុនពេល…..បង្ហើយប្រយោគទាំងស្រុងថា «ដាវីន!»

បុរសចំណូលថ្មី ដកភ្នែកពី​ស្រីដោយ​ប្រតិកម្ម​​ស្រទន់ ប៉ុន្តែ​ស៊ីណានសម្លឹងគេ​មិន​​រំលងឡើយ។ ឧត្តម​ពិតជាមាន​ភាព​ភ្ញាក់​ផ្អើល​មួយ​ដែល​ត្រូវ​បាន​បិទ​បាំង​យ៉ាង​ឆាប់​រហ័សលុបចោលក្តីស្រងាកចិត្ត​​បន្លប់​ជា​មួយ​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍។

គេចាកចោលឧត្តម​ហើយឈាន​​ចូល​ទៅ​ជិតស្រីស្អាត​ដោយ​លើក​ដៃពីចម្ងាយ៖

«ហេ៎ ដាវីន ខ្ញុំ….ឧត្តម! ពួកម៉ាកអាណាន!»

ពេលនោះហើយ​ដែលនាង​ដឹងថា ពួកគេ​ធ្លាប់ជាមិត្ត​កាលពីនៅកុមារជំទង់ៗ​។ ពួកគេស្គាល់គ្នា​ពេល​ស៊ីណាន​និងម្តាយ​មកស្នាក់នៅទីនេះ ឯឧត្តមមកលេងតំបន់ទេសចរណ៍​ក្បែរខាង​ តែឡាន​ឪពុកគេខូចក៏មកសុំជ្រកទីនេះ ។ ក្រោយៗមក ឧត្តមឧស្សាហ៍ចំណាយពេលវេលាររដូវសម្រាកមកដាំបន្លែនិងលំហែរនៅផ្ទះពូគេនាភូមិក្បែរៗនេះ​ដើម្បីមករកស៊ីណានដើរលេងជាយព្រៃជាមួយគ្នា។

ព្រឹកដដែលនោះ ស៊ីណាននិងមិត្តចាស់ បាន​សម្រាក​សែនរីករាយជាមួយឱកាសកាហ្វេ​ជុំគ្នា ​ដែលខានបានធ្វើមកជាច្រើនឆ្នាំហើយ។

ពេលដែលអ្នកជិះកង់បួននាក់ទៀតសម្រាក ដើម្បីចច្រប់ថតរូបនិងស្វែងយល់អំពីធម្មជាតិជុំវិញផ្ទះ ឧត្តមនិងប្តីប្រពន្ធវ័យក្មេង​នៅជជែកលេងជុំវិញតុទឹកឃ្មុំដ៏ផ្អែមល្ហែមរបស់គូស្នេហ៍។

«អញ្ជើញពិសា»

ដាវីន​​ថាផង ដៃចាក់កាហ្វេក្តៅគគុក​ជាមួយផ្សែងខ្មួលជះក្លិនឈ្ងុយឆ្ងាញ់ ហើយញញឹម​ស្រទន់ ដោយមិ​នធ្វើដឹងពីការសម្លឹងរបស់ស៊ីណានដែលកំពុងលបលួចតាមដាន​អាការៈរាក់ទាក់របស់នាង​។

ចិត្ត​ស្វាមីសងគំនុំម្នាក់នេះ​លបលាក់គំនួច​ដឹងថា ឧត្តមជាបុរសមានវង្សត្រកូល មាន​ករិយាល្អ និងរូប​សង្ហា ស្រីជិតឆ្ងាយណាបានឃើញក៏គង់តែមាន​ចិត្ត​រាយមាយខ្លះ​មិនលែង ចំណែក​ពេលនេះ​ប្រុសស្អាតមកដល់ផ្ទះកណ្តាលព្រៃដូចមាន​និស្ស័យចារមកពីព្រេង ថែមទាំងមិនព្រមចាកចេញងាយ មកអង្គុយ​កាហ្វេសម្លឹងសម្រស់ស្រីក្រោមអាកាសត្រជាក់ទៀត​មិនឱ្យគេរសាប់រសល់ចិត្ត​។

ប្តីសម្លឹងបបូរមាត់ដែលទើបនឹងជញ្ជក់ឱជារសនៅក្រអូបជាប់បេះដូង ពេលនេះត្រូវរំខានមកឱ្យប្រុសផ្សេងបានគយគន់ សមអីទៅ?

នៅម្ខាងនៃមុខទ្រវែងរបស់នាង ស៊ីណានក្រឡេកឃើញស្នាមញញឹមរបស់ឧត្តមត្រូវបានពង្រីក។

​គេនិយាយស្រាលៗ​ដូចជាកំពុងចែចង់៖

«ត្រូវចាក់ឱ្យប្តីមុនទេដឹង!»

នាង​ទម្លាក់ស្នាម ញញឹម​សន្សឹមៗ​ហើយងាកមកយឺតៗ​។ ភ្នែកនឹងភ្នែកប៉ះគ្នា ព្រោះខាងប្រុសច​ង់ឱ្យ​នាងឃើញ​អារម្មណ៍ហួងហែងរបស់​គេ តែគេមានការអត់ធ្មត់ មិនចេញប្រតិកម្មអ្វីក្រៅពី​សម្លឹង​នាង​ឌឺៗ។

 ស៊ីណានតែងតែមានវិធីពិសេសនេះ ជំរុញបេះដូងស្រីតូចឱ្យវិលវល់។ ទឹកដមកែវភ្នែក​របស់គេ​ស្រាល តែមានន័យ​ណាស់​ស្រទន់ក្នុងបេះដូងនាង។​ ពន្លឺភ្នែកនេះ អាចទុកថា ជា​ប្រភេទ​នៃអាវុធសម្ងាត់ ដែលមាន​តែនាង​ផ្ទាល់​​ស្គាល់ថា ពេលណាទៅដែលគេចង់​​ចាក់ ហើយពេលណាទៅគេ​ចង់លែងនាង​។

ដាវីន​សើចតិចៗ ដោយងាក​ចេញ ទាំងពន្យារ​ពេលដោយសារ​​មិន​ច្បាស់​ថា​ត្រូវ​ឆ្លើយតប​យ៉ាង​ណា។ នាង​រាវរកពែងមួយទៀត តែម្រាមដៃគេលូកមកដែរ គឺស៊ីណាន។ គេមាន​ចេតនា​ធ្វើជាជ្រុលលូក​តាមពិតគេចង់កាន់ម្រាម​នាងបង្អួតឧត្តម​ដែលមាន​ឫកពាលង់សម្រស់។

«មែនហើយ​! ចាក់ឱ្យប្តីមុនមក!»

បបូរមាត់ស្រស់ស្រទន់គួរឱ្យចាប់អារម្មណ៍របស់នាង ក្តាប់បន្តិច ភ្នែកនាង​មើលគេមួយខ្វាច់​ហើយដកចេញភ្លាមវិញទាំងភ្នែកជំពាក់​ទាំងម្រាមដៃគងលើគ្នា។

 ស្រីចាក់ទឹកក្រមៅ​ឱ្យគេ​ ខណៈឧត្តម​បន្ទរជាមួយ​ពន្លឺភ្នែកភ្លឺទែងរីករាយ៖

«​មនុស្ស​សម័យឌីជីថល គេចម្លែកៗ រៀបការអត់ហៅមិត្តភក្តិសោះ!»

ស៊ីណានក្រេបកាហ្វេ ដៀងកន្ទុយភ្នែកមើលកល្យាណីដែលអង្គុយ​ចុះក្បែរកាយ។ នាង​ញ៉ាំ​តែក្តៅៗ ហើយមិនសម្លឹងទៅម្ចាស់សំណួរទេ តែឧត្តមវិញបែរជាមិនដកភ្នែកពីស្រីល្អសោះតែម្តង។

ប្រុសជាគូតាំងពីកុមារមិនអាចទប់ចិត្ត​ប្រចណ្ឌបាន ក៏ហើប​មាត់៖

«តាំងពីដើមមក​ឯងស្គាល់យើងហើយ! យើងជាមនុស្ស​សប្បាយ​ស្ងប់ស្ងាត់ មិន​ចូលចិត្ត​ចែក​រំលែក​ទេ!»

​ សំឡេង​របស់ម្ចាស់ផ្ទះ​កាត់​តាម​អាកាស​ត្រជាក់ ដូច​កាំបិតតូចគ្មានរូប តែចាក់មកបេះដូងម្នាក់​ទៀត​ឱ្យរបួសតិចៗ ជាសញ្ញាថា គេដឹងអារម្មណ៍សោកស្តាយ​របស់ឧត្តមដែលមិនបានតាមប្រជែង​យក​នាង​ទាន់ពេល។

 ស្នាមញញឹមនៅ​លើ​មុខ​របស់ឧត្តម​​រសាត់​ទៅ​មួយ​ភ្លែតជំនួសមកវិញ​​ដោយ​ការ​​ដឹងខ្លួន​ភ្លឹបភ្លែត​ៗ​។ ​

«យល់! បើជាយើង ….ក៏ដូចគ្នា!» បុរសជាមិត្ត​តបវិញបន្លប់ពីលើទោមនស្សបានយ៉ាងរលូន។ មិន​អស់​ចិត្ត​ គេងាកមកពន្យុះស្រីស្អាត «អាមុខក្រញូវកាចបន្តិច តែ….មាន​មន្តស្នេហ៍ខ្លាំង! ខ្ញុំដឹងថា ស្រីៗ​ចូលចិត្ត​ណាស់!»

ដាវីនស្ទាក់ស្ទើរ មិនដឹងថាត្រូវគេចពីភាពតានតឹងរវាងប្រុសស្អាតទាំងទ្វេដោយវិធីណាទេ  ប៉ុន្តែ​នាង​​មានវិធីចាក់បណ្តោយ៖

«គេហ្នឹង ប្រហែលមានស្រីស្រលាញ់ច្រើនហើយអ៊ីចឹង​!​»

«កៀរនឹងជើង! សួរវានេះទៅ!» ស៊ីណាន​តបទាំងញញឹម​ជាមួយទឹកមុខព្រើលៗឌឺនាង។​ ដាវីនក្តាប់មាត់មុខក្រហម​ងាកមកសម្លក់ស៊ីណាន​ភ្លេចអស់ថា មានមនុស្ស​ផ្សេងនៅជុំវិញទីនេះដែរ។

​ឧត្តមដឹងថា ទីនេះគ្មានឱកាស​សម្រាប់គេ សូម្បីនឹងបើក​ការ​ប្រកួត​ប្រជែង ដូច្នេះការលាចេញលែង​ធ្វើជាឆ្អឹងទទឹងកទើបជារឿងល្អ។

«បានៗៗៗ យើងទៅហើយ មិននៅឆេះក្រោមសង្គ្រាម​ទេ!»

គេក្រោកចេញយឺតៗខណៈស៊ីណានងើបមុខបន្ទោរដោយញញឹម៖

«ល្មមទៅហើយ! កុំវង្វេងផ្លូវទៀតវ៉ី! ចាំយើងទៅលេងឯងនៅចម្ការពូឯង!»

ឧត្តមលើកដៃឡើងជាសញ្ញាចុះចាញ់ដោយសើចចំអកមុនពេល​ងាកចេញទៅរក​ដងផ្លូវវិញគេ បានងាកទៅរកដាវីនជាមួយសព្ទ សំឡេងដែលបន្លឺស្ងប់ស្ងាត់ជាងកាលនិយាយជាមួយឧត្តម៖

«ខ្ញុំជាបក្សពួកខាងyou ដាវីន! កាលណា​អាមុខក្រញូវប៊ូលី…..កុំភ្លេច…..!» គេបញ្ចប់ដោយការលើកម្រាមមេដៃនិងចង្អុលដៃទន្ទឹមគ្នា​ក្នុងរបៀបដែលមានន័យថា «ខលខ្ញុំ!» ។

ស៊ីណានមុខស្មើសម្លឹងលេខទូរសព្ទមួយសន្លឹក​ដែលគេឱ្យមកនាង​។ នាង​មិនទទួលយកវាទេ…..​គេសង្ឃឹម​បែបនេះ តែ…..មានឯណា ស្រីតូចញញឹម​ហើយ​ទទួលយកយឺតៗ។

ស្រីសុភាពនេះ មិនដែលឃើញប្រុសស្អាតទេដឹង?

ចាំបានហើយ….កាលយើងចាប់នាងទៅ នាង​ក៏……​ត្រូវ​​​យើងធ្វើឱ្យភ្លឹក​ដូចពេលនេះដែរ​….តើ​នាង​​ចង់ឱ្យមាន​អ្នកចាប់ប៉ុន្មាននាក់ទៀតបានគ្រប់?

គិតបែបនេះមែន​តែមិនមាត់អ្វីទាំងអស់!

វគ្គ​

ប្រចណ្ឌព្រះនាងតូច

ទីបំផុតបាត់ស៊ីណាន ដែលជូនដំណើរមិត្ត​ចាកចេញអស់មួយស្របក់ នាងក៏ឃើញគេ​វិលមកវិញ​ជាមួយ​ផ្លែឈើខ្លះនិងផ្កាបាច់។

 ប្រុសមានទឹកមុខស្មើ។

គេ​ចេញ​ទៅជាមួយមិត្ត​គេជាងកន្លះម៉ោងហើយ វិលម​កវិញដាក់ផ្កាចោលរាលលើតុអាហារ ថែមអម​ជាមួយ​ផ្លែឈើមួយពំនូកមានកន្ទួត ស្វាយ និង​ទាប​បាយ​ទុំក្រអូប ហើយខ្លួនគេ​បែរទៅរើសយកនាម​បណ្ណ​របស់ឧត្តមក្បែរនោះ ហែកចោល​ខ្វាកៗរោយបំប៉ើងទៅក្រៅបង្អួចធ្វើហី។

តរុណីយើង​ត្រូវឈរភាំងសម្លឹងគេដោយហួសចិត្ត​។

ធ្វើអ៊ីចឹងបានទៀត? ហ្នឹងមិត្តគេផង ចុះទម្រាំត្រឹមនាង ជាកូនសត្រូវ​ប៉ាម៉ាក់គេ?

ឃើញទេពធីតា​ឈរនឹងថ្កល់ បុរសងាកមករកតូចតន់ដោយញាក់ចិញ្ចើមឌឺជាមួយទឹកមុខងងឹត។

«ធ្វើអ៊ីចឹងធ្វើអី?» នាង​សួរឆ្ងល់។

«ធ្វើអ្វី?» គេសួរបកវិញ។

«ហែកលេខទូរសព្ទ!» ដាវីន​បាញ់​តប​វិញជាមួយទឹកមុខហួសចិត្ត​មិនយល់។

ស៊ីណានមិន​និយាយ​តែគេឈានចូលចិត្ត ស្រីក៏មិនគេចទៅណា ព្រោះនាងត្រូវការចម្លើយពីកាយវិការ​មនុស្ស​ដែលគ្មានហេតុផល​ ។ មិនយូរទេ សម្លក់សម្លឹងគ្នា​បានបន្តិច សំឡេង​របស់​ខាងប្រុស ក៏​លាន់​​​ឡើង​៖

«ថ្ងៃក្រោយ…..អាចនឹងហែកភ្នែកវាទៀត!»

 ដាវីនទម្លាក់ស្មា​​ហាក់ អស់សំណើច​លាយកំហឹង។ នាង​យល់ថាគេប្រចណ្ឌ តែមិនសមណា​មនុស្ស​​ដូចស៊ីណាន​ធ្លាប់ឆ្លងការលត់ដំជីវិតច្រើនមកហើយ បែរជាមាន​​ប្រតិកម្មខ្លាំងរបៀបក្មេងស្ទាវ​បែបនេះចំពោះវត្តមាន​មនុស្ស​សង្ហាៗ​ដូចឧត្តមសោះ។

«សុទ្ធតែអួតថាមិត្តភក្តិគ្នា!»

ស្រីរអ៊ូៗបែបនេះហើយងាកចេញចោលគេ បែរជាចង្កេះនាងត្រូវកៀងជាប់ហើយទាញត្រលប់​មកក្រោយវិញ។ ខ្ជិលរវល់ប្រកែក​រើបម្រះអីនឹងមនុស្ស​មានះ​ម្នាក់នេះណាស់ នាង​នៅស្ងៀមស្តាប់សម្តីឌឺដងរបស់គេ៖

«ដឹងដែរអត់….ភ្នែកវាដែលមើលមក ដូចកំពុងដោះអាវអូនអ៊ីចឹងព្រះនាង! ចូលចិត្ត? ឬប្រហែលជា….ចង់ប្រាប់ថា មិនដែលឃើញប្រុសស្អាតៗ ឃើញហើយក៏មាន​ប្រតិកម្ម…..បែបរំជួលចិត្ត​ងាយ​ៗ​?​»

ដាវីន​ផ្ទុះចិត្ត​ក្តៅឆេវ ដែលប្រុសទ្រូងប្រាំហត្ថម្នាក់នេះ ​ចេះចេញវាចា​ឡកលើយមក​រូដូចទឹក​បាន?​  ភរិយាតូចមិនប្រើសំ​នួនវោហាតប ព្រោះទោះណាកែវខំ​តបត ក៏គង់និយាយមិនឈ្នះមនុស្ស​បំពាន ព្រះនាង​មានតែបែរក្រោយស្រវាតោងកគេ​ហើយប្រើក្រសែភ្នែកមាយាឌឺដង៖

«មែនតាស៎ ចូលចិត្ត​!!!»

ភ្នែក​របស់​នាង​បើក​ទូលាយសម្លឹងគេ ដោយលើកចិញ្ចើមម្ខាង​ឌឺដងវិញ។  ស៊ីណាន ក្រហមមុខតិច​ៗ ធ្វើភ្នែកត្រជាក់ដូចទឹកកកសម្លឹងភាពផ្គើនរបស់ខាងស្រី ខណៈនាងបន្ថែមទៀតង៉ុលៗដាក់ទឹក​មុខប្រចណ្ឌរបស់គេ៖

«ចូលចិត្តអ៊ី​ចឹងម៉េច?»

គេទម្លាក់ភ្នែកសម្លឹងបបូរមាត់ដែលមានះ នាង​បាននិយាយមកទាំងសំឡេងទាបក្នុងបញ្ជាក់ថា​នាង​​ខឹង ប៉ុន្តែពោរពេញដោយអារម្មណ៍ដែលទប់ទល់។

គេនៅស្ងាត់ មុខដូចទឹកកកគ្មានមនោសញ្ចេតនា បណ្តោយឱ្យនាងនិយាយខ្សឹបទៀត៖

«ស្រីច្រើន​ហៀរកែងនុះអី?»

គេញញឹមតិចៗតែមិនត្រជាក់ចិត្ត​នឹងនាងទេ ភ្នែកនាងឌឺណាស់ ឌឺពេក។ មិនអស់ចិត្ត​នាងក៏និយាយបន្ថែម៖

«​ចូលចិត្តប្រុសស្អាត មានអីមិនល្អ?»

ថាចប់ នាង​សម្លឹងមាត់គេ ហើយងើយទៅរកទីនោះ ផ្សារភ្ជាប់រសជាតិជាមួយគ្នា។ វីន​នឹកឃើញដល់មនោសញ្ចេតនាសោះកក្រោះទាំងអស់កាលពីយប់ ក៏ដូចជា​ស្នាមថើបមិនទាន់បាន​បញ្ចប់កាល​ពី​ព្រឹក មិនដឹងចំណងនិស្ស័យមកពីក្មេង មាន​ន័យប៉ុនណាទេ​សម្រាប់គេ តែនាង​កាន់តែគ្រឺតបុរសនេះជាពន់ពេកណាស់។

មិនស្រលាញ់នាង តែប្រចណ្ឌ….? តើគេមានសិទ្ធីអីទៅ?

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*