រឿង៖ ហានស៊ីង

មេឃាខាងក្រៅស្រទោស្រទំ…ភ្លៀងធ្លាក់ឬមិនធ្លាក់តែក៏បានត្រជាក់រួចទៅហើយ។

នាប្រាង្គប្រាសាទល្អវិចិត្រដែលជារាជដំណាក់គ្មានអ្នកណាហ៊ានសរសៀរមកក្បែរ ពន្លឺភ្លើងទៀនរាប់សិប​បញ្ឈរជាសំណុំបញ្ចេញ​កាំរស្មីភ្លឺថ្លា ប្រណាំងជាមួយចំណាំងផ្លាតនៃកម្រាល­­ក្រណាត់​សូត្រក្រាស់ ស្រោប​ពីលើ​ពិដាន​ខ្ពស់សន្លឹម។

នៅក្នុងជម្រៅនៃរដូវរងា ដ៏កណ្តោចកណ្តែងនេះ ព្រះរាជអគ្គមហេសីហាន លី ឈី បានសម្រាកនៅក្នុងរាជវាំងដ៏រុងរឿងរបស់ទ្រង់ដែលហ៊ុមព័ទ្ធដោយក្រណាត់សូត្រហង្សៈ ចង្ក្រានលង្ហិនដ៏កក់ក្តៅ តែចិន្តាទ្រង់នៅតែរងាក្នុងក្តីសង្ស័យ។

ម្រាមដៃព្រះរាជិនីឈោង​បាន​ពែងត្បូងថ្ម ដែលមានផ្ទុកស្រា​អប់ផ្លែ​គូលេនដ៏​ក្រអូបស្រាល​ ខណៈ​ភ្លេងបានបង្ហើរ​បទ«នឹកស្រុកកំណើត» រេ​រាំ​លើ​ខ្សែពិន។

នៅខាងក្រៅ ព្រិលបានគ្របដណ្ដប់លើសួនច្បារ ដែលធ្លាប់តែជាថ្នាលនៃបុប្ផារីកត្រកុំត្រកាល។ នៅក្នុងរដូវរងាដ៏កម្រវានៅតែបន្តរីកដុះដាលនៅក្នុងបរិវេណដែលគេឱ្យឈ្មោះថា ថានសួគ៌លើលោក។

ពិធីជប់លៀងដ៏ប្រណិត ក្លិននៃសាច់អាំង នំប៉ាវចំហុយ និងផ្លែឈើកម្រ ត្រូវបានបម្រើនៅលើថាសម្រ័ក្សណ៍ខ្មុក ដែលធានានូវភាពប្រណីតថ្វាយរបស់អធិរាជិនីក៏ទ្រង់នៅតែមិនសព្វព្រះទ័យ។ ទ្រង់លើកហត្ថាគ្រវាស ជាសញ្ញាឱ្យជេន ភីង មនុស្ស​ជំនិតរបស់ទ្រង់បណ្តេញពួកអ្នកបម្រើនិងតន្ត្រីករ​ឱ្យចេញផុត ទុកនៅតែពីរនាក់ ​នឹងអាលបានផ្តើម ពិភាក្សា​អំពីបន្លាដ៏ធំមួយក្នុងទ្រូង។

ជាមួយនឹងទឹកមុខស្ងប់ស្ងាត់ ប៉ុន្តែរឹងមាំព្រះរាជិនីបានមានបន្ទូល៖

«ហានស៊ីងម្នាក់នេះ​មកទល់ថ្ងៃនេះ​គេដូចជា មិនមែនមាន​ន័យ​ចំពោះហាន ត្រឹមជាមេទ័ពម្នាក់នោះទេ! »

ឃើញជេនភីងគិតពីគំនាប់មិនហ៊ានវាចាអ្វី ព្រះរាជិនីជំទាស់ក្រចក សម្លឹងចុងម្រាមខ្លួនឯងហើយតម្អូញ៖

«ហានស៊ីង ត្រូវព្រះចៅអធិរាជជឿទុកចិត្តថាជាមនុស្ស​ស្មោះត្រង់ តែមានអ្វីមួយ នៅតែមិនស្រណុកក្នុងចិត្ត​របស់យើង!»

ជេនភីងគ្រហែម ចាប់ឱកាស​ទូលឆ្លើយ៖

«គេនោះ ស្មោះនឹងរាជបល្ល័ង្ក! ក្នុងចិត្ត​ហានស៊ីង មានតែចំពោះរាជបល្ល័ង្កប៉ុណ្ណោះ ! គ្មានមនុស្ស​ក្នុងភ្នែកគេនោះទេ!»

សម្តីនេះ​បណ្តាលឱ្យព្រះភក្រ្តអធិរាជិនី លូ ឈី ទៅជាថ្លោះ។ មិនយូរឡើយ ទ្រង់បញ្ចេញជាស្នាមញញឹមត្រជាក់ជាងកម្រាស់ធម្មជាតិនៅក្រៅទៅទៀត៖

«អ៊ីចឹង ចិត្ត​ភក្តីនៃបុរសម្នាក់នេះ  ផុយស្រួយណាស់! ចិត្ត​មនុស្ស​អាចបត់បែន…និងខូច ឬផ្លាស់ប្តូរ​តាមជំនោរខែឆ្នាំ!  ប្រសិនបើហានស៊ីង នៅមានជីវិត ដូចជាយើងប្រថុយនឹងជោគវាសនាដែលបោកបក់ដូចគ្នាដែរ! ចាំរឿងរាជវង្ស ឈីងដ៏រុងរឿង​ដែលត្រូវផ្តួលរំលំដោយស្វាមីយើងដែរ? ពេលវេលា…យើងមិនត្រូវផ្តេកផ្តួលលើធម្មជាតិនិងពេលវេលាទេ!»

ថាហើយទ្រង់យាងទៅក្បែរបង្អួច បោះដៃទៅរងស្រទាប់ព្រិលនៅក្រៅ។

រាជិនីវាចា​បន្ថែមពីក្រោយអាវងហង្សឆើតឆាយវែងអន្លាយៗថា៖

«ពីមួយថ្ងៃទៅមួយថ្ងៃ ឯទៅកិត្តិនាមជាអធិរាជ? ស្វាមីលីវប៉ាងរបស់យើង មានចិត្ត​ទន់ ទុកគេជាមិត្ត​ចាស់! »

សម្តីមនុស្ស​ជំនិតចាក់ចុចមកភ្លាម៖

«ព្រះចៅអធិរាជទ្រង់មានព្រះនេត្រវៃ​ទ្រង់ឃើញហានស៊ីងថាជាឧបករណ៍ទេដឹង?»

រាជិនីគ្រវីក្បាលនិយាយខាំមាត់តិចៗ៖

«ប៉ុន្តែ…យើងវិញ យើងឃើញគេនោះ​ថាជាដាវមួយចង្អុលត្រង់បំពង់ករបស់យើង»

ជេនភីងងក់ក្បាលតិចៗ ទាំងសប្បាយអំណរព្រោះគេដឹងថា នេះជាចំណុចអវសាន្តនៃវាសនា​មនុស្ស​ល្បីបំផុតក្នុងយុគសម័យគឺ ហានស៊ីង។

——​

រាត្រីនេះ ផ្ទៃមេឃប្រែជាខៀវស្រទន់ហាក់បីដូចជាពន្លឺដំបូងនៃរដូវប្រាំងឱ្យជាសញ្ញា។  ព្រះចន្ទបញ្ចេញជាស្រមោលវែងៗមកលើកម្រាលថ្មម៉ាបនៃរាជវាំងហាន។

ខ្យល់ត្រជាក់លាក់ក្នុងភាពស្ងប់ស្ងាត់ ហាក់បីដូចជាធាតុជំនោរ​ដឹងមុនស្រេចថា​នៅក្នុងកម្រាស់កំផែងនៃរាជដំណាក់ហាន​កំពុងផ្ទប់ជាមួយ​រលកនៃភាពតានតឹង។

លីវប៉ាង  ដែលពេលនេះ ជាព្រះចៅអធិរាជ Gaozu នៃមហាហានទ្រង់គង់នៅខាងចុងប៉ូចនៃសាលធំ ដោយសម្លឹងមើលទៅជើងមេឃឆ្ងាយ។

ព្រះ​អាទិត្យនឹង​រះឡើង តែត្រូវរង់ចាំសិន។

​អ្វីដែលទ្រង់ អាចទត​​ឃើញ​នៅ​ពី​ក្រោយជួរ​ភ្នំ​ឆ្ងាយៗ ជាជើងមេឃពណ៌មាសដែល​បំបែកសល់តិចតួចក្រោមអន្ធការ​។

ជាមួយ​ព្រះភក្ត្រ​នឿយហត់ ពោរពេញ​ដោយ​សឹកសង្គ្រាមក្នុងការចងចាំ ការ​ដណ្តើម​យក​ជ័យ​ជំនះ និង​ទម្ងន់​នៃ​ការ​គ្រប់​គ្រងក្រោយឈ្នះសឹក អ្វីៗនៅតែធ្ងន់។

នៅក្បែរព្រះអង្គ មានព្រះរាជិនីយាងមកបង្កើយហើយឱនលំទោនមុនពេល​បញ្ចេញ​ វត្តមានជាមួយអាវរងាប្រណីតមានតម្លៃហួសថ្លែង។

ជាមួយ​ការសម្លឹងមើលទៅព្រះអង្គដោយភាពស្ងប់ស្ងាត់ព្រះរាជិនីឮស្តេចលីវប៉ាងបញ្ចេញសំណួរខ្សឹបៗដូចជាសួរសំដៅព្រះអង្គឯង៖

«ព្រះអាទិត្យគ់ងតែរះទៀត! ព្រោះផែនដីត្រូវការ ថ្ងៃមួយទៀតដើម្បីចាប់ផ្តើមថ្មី!»

«ប៉ុន្តែ តើហានចង់នៅអមតៈដែរឬអ្វី?»

ព្រះចៅអធិរាជងាកមករកព្រះមហេសី ខណៈក្សត្រីយាងចូលបង្គំជិតហើយខ្សឹបខ្សៀវ៖

«ព្រះអាទិត្យនឹងរះឡើង ហើយមនុស្សប្រហែសយល់ថាវាស្អាត តែមនុស្ស​ប្រុងប្រយ័ត្ន មិនប្រហែសបាននឹងស្រមោលវាទេ!»

រាជានៅគង់ស្តាប់ ព្រះរាជិនីទូលបន្ថែមស្ងប់ៗ៖

«ហាន…ស៊ីញ! គេនេះ…មានអ្វីមួយ…អូនយល់ថា មិនសមស្របនឹង​យើង! សន្តិភាព និងភាពរុងរឿង​របស់ហាន!»

លីងប៉ាងងើយមុខដកដង្ហើមធំច្បូតពុកចង្កា ហើយទើបវាចាតបនឹងភរិយា​៖

«ហានស៊ីង គឺក្រអឺតក្រទម មិនអាចប្រកែកបានមែន នេះដោយសារគេមាន​ស្មារតីរឹងមាំ បន្សល់មកពីសមមរភូមិច្រើន!!!  ប៉ុន្តែភាពស្មោះត្រង់…ក៏មិនអាចវាយតម្លៃត្រឹមចរិតខាងក្រៅដែរ!»

លូឈី តបឆ្លើយនឹងព្រះចៅអធិរាជថយទន់ភ្លន់៖

«តែ…ល្អដែរទេ បើនគរតែមួយ មានអ្នកល្បីច្រើនពេក? ឥឡូវនេះ ឈ្មោះអ្នកសាងមហាហានលីវប៉ាងទៅដល់ណា ក៏មានគេនិយាយពីហានស៊ីង​ដល់នោះដែរហើយ!!! ខ្ញុំម្ចាស់ឆ្ងល់ថា តើមនុស្សដូចគេពិតជាអាចគ្រប់គ្រងមហិច្ឆតា ដោយបន្តនៅបម្រើយើង ទាំងដែលឃើញមានឱកាសសម្រាប់ខ្លួនគេដែរ?…លុបបំបាត់…អ្វីក្តី…ដែលគំរាមកំហែងដល់អំណាចរបស់ទ្រង់មុនពេលអ្វីៗពិបាកជាងនេះ ស្មើនឹងលុបចោលស្រមោលវែងៗនៃដើមឈើខាងក្រោមទើបអាចឱ្យព្រះចន្ទរាត្រីកាលរះពេញទីបាន!»

ព្រះចៅអធិរាជងាកទៅសួររាជិនីលូវិញថា៖

«បើបែបហ្នឹង ក្នុងការកម្ចាត់ ហានស៊ីង  តើលីវប៉ាងខ្ញុំនឹងដាក់ស្រមោលអ្វីមកលើខ្លួនឯងក្នុងទំព័រប្រវត្តិសាស្ត្រ? ប្រជាជននឹងចងចាំលីវប៉ាងខ្ញុំ ជាអ្នកសាងមហាហាន ហើយក្រោយមកបានកម្ចាត់អ្នកបំរើដ៏ស្មោះត្រង់ម្នាក់ ឬពួកគេ នឹងមើលឃើញខ្ញុំកំសាក ខ្លាចសូម្បីតែមេទ័ពខ្លួនឯង?»

ព្រះរាជិនីមិនខ្វះឡើយពាក្យមកពន្យុះបង្កើតជាកម្លាំងខ្យល់ព្យុះក្នុងរាជវាំង នាង​មានបន្ទូលតបភ្លាមដែរ៖

«ប្រជាជនមិនខ្វល់ទេ! ពួកគេ​តូចទាបហើយចិត្ត​ស្រាលដូចជាខ្យល់ដែរព្រះអង្គ! ខ្យល់បក់ទៅកន្លែងណាដែលត្រូវទៅ មនុស្ស​រេរកអ្នកណាដែលមានអំណាចនិងខ្លាំងបំផុត!  ពួកគេនឹងដើរតាមព្រះអង្គ ដូចពួកគេដើរតាមហានស៊ីង​ វាយយក​ឈីង​ និងបង្ក្រាបជូដែរ ព្រោះពេលនេះទ្រង់មានហានស៊ីង​! ប្រសិនបើព្រះអង្គជ្រើសរើសផ្លូវវែងឆ្ងាយ​ដែលធានាដល់ការគ្រងរាជ្យ សូមទ្រង់បញ្ចប់ភាពមន្ទិលក្នុងចិត្ត​អ្នកដើរតាមទៅ! ឱ្យគេមើលឱ្យច្បាស់ថា មេដឹកនាំរបស់គេ មានតែម្នាក់ប៉ុណ្ណោះ!»

លីវប៉ាង ងាកចោលភរិយា​ហើយ​ងើបមុខ​សម្លឹងមើលជើងមេឃ តែសំឡេងរបស់នាង​មិនបញ្ឈប់ទាល់តែសោះ នៅតែលាន់មករវិចតាមខ្យល់៖

«មេទ័ពដ៏ពូកែម្នាក់ជាកម្លាំងខែលការពារ  ប៉ុន្តែបើគេខ្វះការគោរពនិងខ្វះ​ភាពស្មោះត្រង់…គេនោះដដែលនឹងក្លាយជាចុងលំពែងក្នុងដៃសត្រូវហើយ…សំដៅមកម្ចាស់! ការសម្រេចចិត្តពិតជាលំបាក ព្រោះពេលនេះទ្រង់ជាព្រះចៅអធិរាជ លែងជាមេកងតូចតាច​នៅស្រុកហ្វេងទៀតហើយ ចិត្ត​ឱ្យរឹងមាំដាច់ណាត់ជាថាមពលពិតនៃកំពូលអធិរាជ!»

អ្នកទាំងពីរឈរស្ងៀមមួយសន្ទុះ ខណៈពាក្យសន្យាចាស់ៗវិលវល់ជុំវិញ​អារម្មណ៍របស់លីវ​ប៉ាង។ បើគ្មានហានស៊ីង ការ​ប្រឆាំងនឹងសៀងយូ​ក៏មិនមែនងាយយកជ័យដែរ។

បើគ្មានហានស៊ីង ក៏គ្មានអធិរាជហានគ្រានេះដូចគ្នា​។

«យើងស្បថថា ដរាបណាលើក្បាលនៅមានពន្លឺព្រះអាទិត្យ យើងនឹងលើកលែងទោសស្លាប់ដល់​ឯងជានិច្ច​ហានស៊ីង!»

លីវប៉ាងទន្ទេញសម្បថចាស់ៗហើយធ្មេចភ្នែកពិបាកចិត្ត​ក្នុងដង្ហើមធ្ងន់ឡើងៗទៅដោយសម្ពាធ។​

«គ្មានហានស៊ីង​ក៏គ្មានយើងដូចគ្នា​ព្រះមេហសី!» លីវប៉ាងរអ៊ូ។

«ព្រះចៅអធិរាជ» មហេសី​ដាស់ទ្រង់ដោយសំឡេងត្រជាក់៖

«ប៉ុន្តែ…បើគ្មានទ្រង់ អ្វីៗនឹងធ្លាក់ដល់ដៃអ្នកទីពីរគឺហានស៊ីង បើមានថ្ងៃនោះពិតមែន​ រាជវង្សហាននឹង​សល់តែភាពវឹកវរ! ថ្ងៃណាមួយ គេនឹងនឹកឃើញ​ដល់ការគណនានេះ ហើយប្រសិនបើថ្ងៃនោះមកដល់ បងនឹងស្តាយដែលយប់នេះនៅស្ទាក់ស្ទើរចិត្ត​!»

លីវប៉ាងដៀងភ្នែកមកសម្លឹងនាង​។ ស្វាមីនិងភរិយា​សម្លឹងគ្នាជាមួយកែវភ្នែកដែលអ្នកក្រៅមិនអាចអានបាន។

មិនរង់ចាំព្រឹកទាន់ឡើយ ដោយចំណាយពេលប៉ុន្មានយាម​មិនធ្មេចបាន លីវប៉ាងបានសម្រេចចិត្ត​។ ទ្រង់​ក្រោក​នៅពេលទៀបភ្លឺ ហើយ​ដើរ​ឆ្ពោះ​ទៅ​រកតុថ្លើមថ្ម​ធំ​មួយ​ដែលពេញដោយ​រមូរ​ឯកសាររាជការ។

​បេះដូង​អធិរាជរត់ច្របល់ក្រោមភាពអាម៉ាស​នៃទង្វើក្បត់ លាយឡំនឹងការភ័យបារម្ភ តែម្រាមដៃមិនស្ទាក់ស្ទើរឡើយក្នុងការ​លើកត្រាដ៏ធំរបស់ហាន​មកសង្កត់មួយទម្ងន់នៃគជ់ធ្ងន់កណ្ឌុក។

នេះជា​សារបញ្ជាឱ្យ…ប្រហារជីវិត។

ទឹកថ្នាំនៅស្រស់ញញឹម រីឯ ចិត្ត​របស់ទ្រង់​ស្រពោន​ស្អប់ថ្ងៃនេះ ។ លីវប៉ាងអង្គុយចុះ ទ្រ ទូល ពុនរែក រវាង​ការ​ដឹង​គុណ ការទទួលខុសត្រូវ ការស្រលាញ់ និង…ការ​ភ័យ​ខ្លាច។

«ហានស៊ីង! យើង…ដឹងគុណចំពោះភាពស្មោះត្រង់របស់ឯង! តែ…យើងមិនទុកចិត្តមហិច្ឆតារបស់ឯងទេ!»

លូ ឈី ​យាង​មកដល់យឺតៗ ហើយទទួលយកសារទាំងកែវ​ភ្នែកស្រស់ប៉ប្រឹម។ ព្រះចៅអធិរាជមានរាជបន្ទូលក្នុងសំឡេងទាប៖

«ដើម្បី​រាជវង្សហាន ​បុត្រទាំងអស់​របស់​យើង និង…ដើម្បី​សន្តិភាពនៃនគរទាំងមូល…ឯងទៅចុះហានស៊ីង!»

—–

មុននេះ១០ឆ្នាំ នា ២០៦ មុនគ.ស. កំឡុងសង្គ្រាមជូ និង ហាន…

សមរភូមិបានលាតសន្ធឹងនិងសកម្មឥតឈប់ឈរ នៅក្រោមគម្របមេឃក្រហមពណ៌ឈាម។ សម្រែករបស់យុទ្ធជនដែលត្រូវពលី អ្នកស្រុកដែលបាត់បង់គ្រួសារ​នៅក្នុងសន្ធឹកផ្គរលាន់នៃស្នូរជើងសេះ និងការប៉ះទង្គិចគ្នានៃដែក។ ផ្សែង​ហុយខ្មួល ឆួល​ចូល​ទៅ​ក្នុង​គំនួចខ្យល់​ពេល​រាត្រី នាំទៅជាមួយនូវ​ក្លិន​ញើស ឈាម និង​ភ្លើងសព​ដែល​ស្លាប់។

ផែនដី ខ្លួនឯងញាប់ញ័រនៅក្រោមទម្ងន់នៃការប្រយុទ្ធដ៏ឃោរឃៅនិងមហិច្ឆតាឥតកោះត្រើយរបស់មនុស្ស​។ កណ្តាប់ដៃរបស់លីវប៉ាង​ កាន់តែរឹតបន្តឹងជុំវិញដងដាវ។

ញើស និងស្នាមប្រឡាក់មិនអាចបិទបាំងស្នូរដង្ហើម​ដ៏​ធ្ងន់និងចក្ខុវិស័យ​សងខាងត្រូវ​ព្រិល​ក្រោមសម្ពាធសែន​ហត់នឿយ ប៉ុន្តែ​លីវមិនអាច​​ដួល​សន្លប់​បាន​ទេ។

ជោគវាសនានៃកងទ័ព អនាគតនៃអ្វីគ្រប់យ៉ាងរបស់ហាន ដែលគាត់បានប្រយុទ្ធមមកដល់ទីនេះ សម្រាប់ ឥឡូវនេះ គឺពឹងនៅលើផ្លែដាវនេះ និងវិនាទីចុងក្រោយនេះតែប៉ុណ្ណោះ។

«ចាប់​ខ្សែ!» លីវប៉ាងស្រែកបញ្ជាខ្ទរ​ដោយសព្ទ​សំឡេងហានក្លា ខណៈ​ដែលខ្លួនឯងកំពុងទម្លាក់​ដាវមកពុះ​ ​ទ្រូងទ័ពបច្ចាមិត្ត​នៅជិត​នោះ។

ប៉ុន្តែ…បេះដូងនិងសសៃឈាម​ដែលពុះ បានប្រាប់បុរសនេះថា កម្លាំងរបស់គាត់មិនបានរឹងមាំយូរដូចទឹកចិត្ត​ ខ្សោះ រកកលតែនឹងដួលរលំហើយ។

សមរភូមិមួយនេះ ជាប់រដឹកច្រើនថ្ងៃ មិនឈប់ មិនដេក គ្មានអាហារ​។ កងទ័ពរបស់សៀងយូ​ ខ្លាំងដូចមកពីជំរុំសត្វសាហាវ។ ក្រុមអ្នកចម្បាំងស្រេកឈាមរបស់សៀងយូ​ តាមប្រដេញមកកម្ចាត់ទ័ពរបស់លីវប៉ាង​ដូចជាព្យុះលេបល្បឿនរាប់រយគីឡូ បំបុកមកប្រាថ្នាតែនឹង​ត្របាក់លេប។

សម្រែកទ័ព​​ហែកជ្រាត​ចេញ​ពី​ភាព​វឹកវរ។ លីវប៉ាង​ងាក​មក​​ឃើញ​ទាហាន​ជិះ​សេះរបស់​សត្រូវ​កំពុង​តម្រង់​មកយ៉ាងខ្មាញ់ខ្មួរ ​ហើយ​លំពែងលើដៃពួកគេ​ច្រើនណាស់ ​ការកសាង​នគរ​ប្រហែលជាមិនបានសម្រេចទេ នេះ​ជាអ្វីដែលប្រាប់គាត់ជាសម្ងាត់។

អវយវៈ​របស់មេទ័ព ចាប់ផ្តើមបន្ថយចលនា​​​យឺតៗ ព្រោះអស់ទាំងកម្លាំងកាយនិងចិត្ត​។ យើងមិនអាចសាងហានទេ!

គាត់ស្រែកកម្លាយ៉ាងឈឺចាប់ហើយកាប់ចាក់ទ័ពក្បែរៗខ្លួន​ដេលមានមកដូចទឹកបាក់ គាត់នឹងស្លាប់នៅទីនេះ នេះជាអ្វីដែលលីវប៉ាងសើចចំអកខ្លួនឯង ប៉ុន្តែបន្ទាប់មក ដូចជាខ្មោចនៅក្នុងទីងងឹតបានឃើញពន្លឺថ្ងៃ…សម្រែកជ័យលាន់មកពីនាយ។  ពន្លឺនៃដែកអាវុធបានហោះកាត់លើអាកាស កម្ចាត់រារាំងក្រុមទ័ពសេះរបស់ជូ។

ឈាម​​បាញ់ព្រមាន​ពាស​ពេញ​អាកាស។

«ហានស៊ីងមកដល់ហើយ!»

សម្រែកខ្ទរទាំងនេះ បានញ៉ាំងឱ្យទ័ពហានហ៊ោកញ្ច្រៀវដោយអំណរប្រៀបបាននឹងមនុស្ស​ស្រេកទឹកជិតស្លាប់ ដើរមកប៉ះនឹងដងទន្លេធំធេង ។

ខណៈ​ពេលក្រុមទ័ពសេះរបស់សៀងយូ ​ត្រូវធ្លាក់​ស្លាប់រពុយ​ ​លីវប៉ាង​ ឈរ ដកដង្ហើមធូរស្រាលចេញជា ចង្វាក់បេះដូងនៃក្តីអមណរពន់ពេក។

នៅឯណោះ…ហានស៊ីង ! គេមកដល់មែន គឺនៅនៅទីនោះ! ដាវរបស់គេដែលហៀរពណ៌ក្រហមនៃលោហិតសមរភូមិគ្មានមេត្តា អមជាមួយកែវភ្នែកមុតដូច​ដែកក្តៅសម្លឹងឆ្ពោះមក។

គេស្រែកឡើងថា៖

«លីវប៉ាង! ព្រះអង្គជាកំពូលអ្នកប្រយុទ្ធដែលមិនចេះចាញ់!»

សម័យកាលនោះ ទោះណាជាលីវប៉ាង មិនទាន់ក្លាយជាព្រះចៅអធិរាជនៅឡើយក្តី ប៉ុន្តែគាត់បានប្រកាសខ្លួនឯងថា ជាស្តេចហាន 漢王 រួចហើយ។

លីវប៉ាងសើចក្អាកក្អាយជាប់រដឹកយ៉ាងវែងហើយបានស្រែកតបវិញថា៖

«អឺហានស៊ីងអើយហានស៊ីង  យើងចាញ់មិនបានទេ ព្រោះយើងមាន​កំពូលមេទ័ពដូចឯង!»

ពួកគេកៀកស្មា ហើយ​សម្រុកវាយបកលើក្រុម​សត្រូវដែល​បាននឹង​​វាយ​លុកមក​ដូច​ស្រមោល ។ គ្រានោះវត្តមាន​ហាន ស៊ីងបាន ផ្លាស់ប្តូរអារម្មណ៍ពួកសៀងយូ ​ឱ្យធ្លាក់ក្នុងបរាជ័យពាក់កណ្តាលទៅហើយ។ ការវាយលុករបស់ហានស៊ីង​រមែង ខ្លាំង រហ័ស គ្មានមេត្តា និងក្រសោបយ៉ាង​ជាប់។

គេជាកំពូលអ្នកយុទ្ធសាស្ត្រលេខមួយ ឯលីវប៉ាងជាអ្នកចម្បាំងដែលគ្មានអ្នកស្វិតស្វាញដូច ហើយ យប់នេះ នៅលើសមរភូមិមួយនេះ​លេខមួយ ទាំងពីរបានរួមដៃគ្នា ។

ហានស៊ីងប្រាប់ទៅយុទ្ធមិត្ត​៖

«យើងទាញពួកនេះចូលទៅក្នុងជ្រលងភ្នំ! ទាហានខ្ញុំស្ទាក់ចាំស្រេចហើយនៅលើនោះ! យើង​ដក​ថយ​ឥឡូវ​នេះឱ្យពួកវា​ដេញតាម​យើង! ​»

លីវប៉ាងសើច៖

«ឯងគិតថា ពួកសៀងយូអាចនឹងល្ងង់យ៉ាងនេះទេ?»

បបូរមាត់របស់ហានស៊ីង​លោតឡើងខណៈគេផាយសេះចាកចេញទៅរកជ្រលងបញ្ចេញ​ស្នាម​ញញឹម។ មិនយូរមិនឆាប់លីវប៉ាង​វងាកមើលជុំវិញហើយចំហមាត់៖

«វាដេញមកមែនវ៉ី?»

កម្លាំងសៀងយូ ដែលមិន​ពូកែស្នៀត​ថែមទាំងមានអំនួតដោយ​ស្រវឹង​លើ​កម្លាំងគ្នាច្រើន ​បាន​ស្រែក​ហ៊ោ​ដោយគិតថា កំពុងតែទទួលបាន​ជ័យ​ជំនះ។ ពួកគេប្រដេញមកជាមួយកំពូលៗសេះសង្គ្រាម ខ្ពស់ៗ និងពូកែថ្នឹកឡើងចង្កេះភ្នំ​ ។

លីវប៉ាងមានសេះទន់ខ្សោយហើយហត់នឿយក្នុងការប្រយុទ្ធ គាត់កាន់ដាវយ៉ាងតឹងហើយស្រែក៖

«ហានស៊ីង ​​បើយើងរត់មិនទាន់ ​ យើង​ទាំងពីរ​នាក់នឹង​​ស្លាប់​នៅ​យប់​នេះ​ ឯងស្តាយក្រោយទេ?»​

ហានស៊ីង ក្រឡេកមើលសត្រូវនៅពីក្រោយ​ ហើយស្រែក៖

«គ្មានទេ ព្រោះយើងនឹងឈ្នះ!»

ទាហាន​ខ្លះរត់មិនទាន់ត្រូវរបួសធ្លាក់ស្លាប់រពុយ ឯខ្លះដែលរត់តាមទាន់មេ​បញ្ជាការ​របស់​ពួក​គេ ​បានថយទៅដល់រឹតតែ ​ជ្រៅឡើងៗ ​ទៅ​ក្នុងចំណុចកណ្តាលនៃ​ជ្រលង​ភ្នំ។  ហានស៊ីង ​បាន​កត់​សម្គាល់​ថា បច្ចាមិត្ត​បានធ្លាក់ចូលដល់ផែនអន្ទាក់ហើយ គេក៏បាញ់សញ្ញា​ទៅលើមេឃ។

បានដូចគម្រោងការ ព្រួញ​បាន​ធ្លាក់ស្រោចមក​ដូច​ព្យុះ​ភ្លៀង ផ្តាច់ផ្លូវ​កង​កម្លាំង​របស់សៀងយូមុន​ពេល​ពួក​គេ​មាន​ពេល​វាយ​ប្រហារ។

បណ្តាកម្លាំងកង​ទ័ព​លាក់ខ្លួន​​របស់ហានស៊ីង​បាន​ងើបជាជួរ​ចេញមក​ពីលើចង្កេះ​ភ្នំ ​ព័ទ្ធ​ជុំវិញ​ទ័ពសៀងយូ។ ឈុតឆាកភ្នែកស្រស់ ដែលមុននេះលីវបាង​ត្រៀមតែនឹងពលី បានប្តូរមកជា​ការ​បរបាញ់លើបច្ចាមិត្ត​​ហើយទិដ្ឋភាពគឺសែន​​សម្លាប់​រង្គាល។

លីវប៉ាង ឈរ​នៅ​លើ​ភ្នំ​ទាំងងើយ​ដើម​ទ្រូងសប្បាយចិត្ត​ឈរ​មើល​ជំនោរ​នៃ​ការ​ប្រយុទ្ធគ្នាក្នុងថ្លុកឈាម ខណៈ​ហានស៊ីង ដើរ​ចូលមក​ក្បែរ​ដោយ​ទឹក​មុខស្មើៗ។

​គេនៅស្ងាត់ស្ងៀមស្តាប់លីវប៉ាងនិយាយរអ៊ូរទាំ​ថា៖

«យើង​ឈ្នះមែន! ឈ្នះយ៉ាងសម្បើម!»

ហានស៊ីងងក់ក្បាលញញឹមតិចតួចហើយឆ្លើយខ្លី «សម្រាប់ពេលនេះ»។

លីវប៉ាងសម្លឹងគូសន្ទនា​ហើយងាកមើលសមរភូមិនៅខាងក្រោម។ ភ្លើងសង្រ្គាមនៅតែឆេះមកពីចម្ងាយទោះបីទាហានខាងនគរជូស្លាប់អស់ សល់តែសន្ធឹកផ្សែងសេះអ្នកដែលរត់ផាស់ក្រញាំ។

ក្នុងចិត្ត​របស់ លីវប៉ាង  គេពិតជាដឹងថា នេះគ្រាន់តែជាជ័យជំនះមួយនៅក្នុងយុគនៃសង្រ្គាមដ៏ធំជាងនេះ រវាងជូនិងហាន​ដោយជៀសមិនរួច​។

ប៉ុន្តែនៅពេលនេះ ឈរជាមួយហានស៊ីងនៅលើសមរភូមិ លីវប៉ាងយល់ថា កក់ក្តៅ។ ទំនាក់ទំនងរវាងពួកគេមិនមែនត្រឹម​តែជាស្តេច និងមេទ័ពនោះទេ។

មកទល់ពេលនេះ លីវប៉ាង​កាន់តែ មើលឃើញថា ហានស៊ីង ជាអ្នកយុទ្ធសាស្ត្រកំពូលមួយ ដែលសឹងមិនអាចមាន​អ្នកណាជំនួសបាន។

ខណៈពេលដែលខ្លួនទ្រង់យល់ថា​មានភាពជាអ្នកដឹកនាំមកពីធម្មជាតិ និងជាអ្នកនយោបាយដែលមានល្បិចកលច្រើន លីវប៉ាង​ទទួលស្គាល់ថា ខ្លួនឯង ខ្វះចំណេះដឹងផ្នែកយោធាឱ្យបានស៊ីជម្រៅបើធៀបនឹង​ហានស៊ីង។

អ្នកណាក៏ដឹងដែរថា ហាន ស៊ីង គឺជាអ្នកដែលមានចក្ខុវិស័យខាងយោធាពិបាកនឹង​វាយផ្តួល។ គេមានបទពិសោធន៍ខ្ពស់ ចិត្ត​សាស្ត្រជ្រាលជ្រៅ ក្នុងការ​ប្រែក្លាយស្ថានការណ៍អស់សង្ឃឹម ឱ្យទៅជា ជ័យជម្នះ។ គំនិតរបស់លីវប៉ាងពេលនេះយល់ស្ងាត់ៗក្នុងចិត្តថា​៖

«ហានស៊ីងម្នាក់នេះ ​មើល​ឃើញ​ការ​ប្រយុទ្ធ​ដូចជា ​ព្រះមើលមកសមរភូមិពីលើមេឃ! គេ​វាយសង្គ្រប់គូបដិបក្ខ ដូចឆ្មាឆ្មក់កណ្តុរ​មុន​ពេលដែល​សត្រូវ​ដឹង​ថា​ខ្លួនគេ​ចាញ់ គឺស្លាប់បាត់ទៅហើយ! បើគ្មាន ហានស៊ីង យើងនឹងក្លាយ ត្រឹម​ជាស្តេចសង្រ្គាមដែលចាស់ ហើយ​អស់សង្ឃឹម។ តែមានគេខ្ញុំនឹង​សម្រុកវាតទី ដល់ថ្ងៃណាមួយ​នឹង​អាចក្លាយជាអធិរាជ!»

នៅក្នុងស្រមោលនៃព្រះអាទិត្យហៀបអស្តង្គត ការយល់ដឹងដ៏ស្ងប់ស្ងាត់មួយបានឆ្លងកាត់រវាងបេះដូងពួកគេ។ ពែងស្រាដែលទង្គិចគ្នា​លើសាកសពសត្រូវ លីវប៉ាង​បានហារស្រដីឡើងថា៖

«ហានស៊ីង តើ ឯងនឹងសន្យាដើរតាមយើងដែរទេប្អូនប្រុស?»

ហានស៊ីងញញឹម​ ហើយលើកស្រាយខ្ពស់ឡើង៖

«ខ្ញុំមិនចេះនិយាយច្រើន តែអាចនិយាយបាន ទោះបីជាផ្លូវខាងមុខ ហាន​មានអនាគតបែបណាក៏ដោយ ខ្ញុំនឹងនៅក្បែរទ្រង់ !»

លីវប៉ាងឮហើយ សម្លឹង​បំពង់កហានស៊ីង​ដែលលេបស្រាសម្បថចូល។ គេសើចក្អាកក្អាយលាន់ខ្ទរមេឃដី ហើយចាប់ផ្តើមស្បែស្បថវិញ៖

«ហានស៊ីង! ដរាបណានៅខាងលើនៅតែមានព្រះអាទិត្យនិងព្រះចន្ទ យើងសន្យា លើកលែងទោសស្លាប់ដល់ឯងជានិច្ច​ មិនថាមានរឿងអ្វីក៏ដោយ!» ។

នៅឆ្នាំ ២០២ មុនគ.ស. បន្ទាប់ពីបានយកឈ្នះគូប្រជែងធំបង្អស់មកពីនគរជូ សៀងយូ Xiang Yu ក្នុងជម្លោះ នគរ ChuនិងHan ជ័យជំនះនេះ បានបញ្ចប់សង្គ្រាមនឹងនាំទៅដល់ការ​ដួលរលំនៃរាជវង្ស ឈីង Qin ក៏ដូចជាការចាប់ផ្តើមឡើងនៃរាជវង្សហានជាង៤០០ឆ្នាំមុនដល់សម័យសាមកុក។

លីវប៉ាង បានតែងតាំងខ្លួនឯង ជាអធិរាជ Gaozu នៃ Han ជាផ្លូវការ។ ប្រវត្តិសាស្ត្រសរសេរថា សមរភូមិរវាង ដែលគាត់បានកៀកស្មានឹង ហាន សីញ មានច្រើនរាប់មិនអស់ តែដែលធំបង្អស់គឺហាន ស៊ីង ជាឧបករណ៍ដ៏សំខាន់ក្នុងការធានានូវជ័យជម្នះសម្រាប់ហាន  នៅក្នុងសមរភូមិសាហាវៗ ដែលសៀងយូសែនមានប្រាជ្ញាតែងតែមាន​ទេពកោសល្យខាងយោធាខ្ពស់ ហើយទាញ លីវ ប៉ាង​ឱ្យទ័លច្រកបាន។

ដោយសារបែបនេះ ស្មារតីគាំទ្រ ទទួលស្គាល់ និងស្ញប់ស្ញែងនូវកេរ្តិ៍ឈ្មោះហានស៊ីង បានលេចឮខ្ទរខ្ទារ ដល់គ្រប់ស្រទាប់នៃកងកម្លាំងទ័ពហាន។

សមរភូមិជូលូ នាឆ្នាំ២០៧ មុនគ.ស បានក្លាយជា យុទ្ធនាការដ៏សំខាន់ មិនអាចភ្លេចបានក្នុងជួរទ័ព នានាអំពី ភាពវៃឆ្លាតរបស់ហានស៊ីងសង្គ្រោះជីវិតលីវប៉ាង។

ទោះណាជាជ័យជំនះនេះ បានបង្កើនកម្លាំងរបស់លីវប៉ាង​ និងបានជួយពង្រឹងអំណាចឱ្យទ្រង់ ឈានទៅមុខក្នុងសង្រ្គាមមួយទៀតហៅថា​ សមរភូមិ Gaixia ឆ្នាំ២០២ មុនគស ដែលជាការប្រយុទ្ធគ្នាចុងក្រោយជាមួយ  សៀងយូ Xiang Yu ក៏ ហានសីញនៅតែបានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការនេះ រហូតដល់លទ្ធផលចុងក្រោយគឺ ជ័យជំនះរបស់ហាន នៅ Gaixia បានបញ្ចប់ជម្លោះ Chu-Han ហើយរុញលីវប៉ាង​ឱ្យក្លាយជា អធិរាជរួបរួមប្រទេសចិន និងបង្កើតរាជវង្សហាន។

——

១០ឆ្នាំក្រោយមក…ផ្ទៃមេឃថ្ងៃនេះ ប្រែជាស្រអាប់ប្រផេះ។

ទ​ម្ងន់ពពក ហាក់ចូលរួមមមរណទុក្ខ​ដែលហានស៊ីងកំពុងទទួល។

រាត្រី​បាន​រំកិល​ម​កក្រាល​គ្របលើ​ព្រះបរមរាជវាំងអធិរាជ​ ប្រៀបបីដូច​ជា​វាំងនន​ដ៏​ក្រាស់​ដែល​បិទ​បាំង​គ្រប់កាំរស្មី ឱ្យខ្សោយខ្សត់អំណាច។

ខ្យល់ និងចំហាយទឹកកក ខ្សឹបចូលមកតាមចន្លោះប្រាង្គប្រាសាទ នាំមមកជាមួយ​ក្លិនក្រអូបនៃរដូវរងាដែល ​មកដល់ជាថ្មីពេញទំហឹង។

កម្រាលដីគ្របដណ្តប់ដោយស្រទាប់ព្រិលស។

នៅ​ក្នុង​សាល​ដ៏​ធំ​ល្វឹងល្វើយល្អវិចិត្រ ​ តុបតែងដោយផ្ទាំងក្រណាត់សូត្រសែនសម្បូរបែប អមគ្រឿងសង្ហារិមធ្វើពីមាសអធិរាជលីវប៉ាងអង្គុយ​ដូចគ្មានវិញាណលើរាជបល្ល័ង្ក។

នៅក្បែរព្រះចៅអធិរាជ ម្ចាស់ក្សត្រី លូ ឈី Lu Chi គង់ឈរក្នុង ឥរិយាបថស្រគត់ស្រគំថ្លៃថ្នូរ ប៉ុន្តែកែវភ្នែកផ្ទុកពេញនូវការសម្រេចចិត្ត​ដ៏ត្រជាក់គ្មានមនោសញ្ចេតនា។

ភ្នែករបស់ក្សត្រីទាំងសងផ្តោតអារម្មណ៍ សម្លឹងមើលទៅក្នុងអណ្តាតភ្លើងឆេះឆួលក្នុងឡលង្ហិនឈរដែលសមនឹងភាពរុងរឿងរបស់បន្ទប់។

មហិច្ឆតារបស់លីវប៉ាង គឺសាហាវ ឃោរឃៅ ប៉ុន្តែយុទ្ធសាស្ត្រក៏មានភាពមិនច្បាស់លាស់ដែរ ចំណុចខ្សោយមាន​តែ លីឈីដែលចាប់បាន។

«ដល់ពេលហើយ!»

នាង​មានបន្ទូលស្រាលតែទ្រូងអធិរាជឈឺដូចត្រូវវាយដំ។ ចង់ឬមិនចង់ក៏ដោយ ស្តេចលីវប៉ាង​ត្រូវចាកចេញពីទីនាំងពន្យារពេលមួយនេះ ឆ្ពោះទៅកាន់វាពិឃាត។

ហើយយប់នេះ គឺ…មនុស្សដែលធ្លាប់សង្គ្រោះទ្រង់…

«អធិរាជយាងដល់!»

សម្រែកយោធាបញ្ចប់ នៅពេលដែល លីវ ប៉ាងឈានដល់វិនាទីដែលគាត់ខ្លាចបំផុត។

​ក្នុង​ពន្លឺ​ស្រអាប់​នៃ​ទីធ្លាពិឃាត​ ហាន ស៊ីង ត្រូវ​បាន​ចង​នឹង​សសរ​មួយ ឈ្ងោកមុខងោក។ ពេលឮវត្តមាន​លីវប៉ាង ភ្នែក​របស់​មេទ័បសម្លឹងមក។

​ហើយញញឹម ងាកចេញសម្លឹងទៅឆ្ងាយវិញ។

អធិរាជដឹងច្បាស់ថា ហានស៊ីង មិនមែនភ័យឬកើតទុក្ខ​ទៅនឹងការស្លាប់ដែលហៀបនឹងឈាន​ជិតមកដល់នោះទេ ។ មេទ័ពម្នាក់នេះ រឹងដូចដែក មិនខ្លាចសមរភូមិ មិនខ្លាចឈឺ ប៉ុន្តែ គេភ្លេចត្រៀមខ្លួន នឹងអំពើក្បត់ដោយមនុស្ស​ជិតដិត?

ហានស៊ីង បានគិតពីរឿងជាច្រើន តែបានភ្លេចគិតអំពីវាលប្រហារជីវិតមួយនេះ។ ចក្រភពហាន ដែលបានទទួលមកពីឈាមនិងភ្នំផេះនៃសង្រ្គាម គេបានយកជ័យគ្រប់ច្រកល្ហកដោយអមមកនូវសម្រែកទាហាន​តាមគាំទ្ររាប់ម៉ឺន- សែន តែថ្ងៃនេះគេត្រូវមកឈរតែម្នាក់ឯង ត្រៀមស្លាប់ក្រោមអំពើ ក្បត់សន្យា  និងបំភ្លេចចោល។

«ហានស៊ីង! ឯង​បាន​ជួយ​កសាងហាន​!»

នេះជាសំឡេងលីវប៉ាង​ដែលវាចា​​​ត្រជាក់ៗ  អមជាមួយសព្ទ​មាក់ងាយគ្មានមនោសញ្ចេតនា​។ ​សម្ព័ន្ធមិត្ត​របស់​គេ ឥឡូវនេះ ​ជា​ពេជ្ឈឃាត​របស់គេផ្ទាល់។

​ពេលវេលានេះទៅហើយ​ហានស៊ីង​នៅតែរើសយក​ របាំងមុខដ៏រឹងមាំមិនចុះញ៉ម។

យូរប៉ុនណាហើយ ដែលគេភ្លេចខ្លួនថា ជោគជ័យ​នឹងកេរ្តិ៍ឈ្មោះរបស់គេ នឹងក្លាយជាគ្រឿងសម្លាប់គេវិញ?

ប៉ុន្តែ…នៅក្នុងភាពស្ងៀមស្ងាត់ពេលនេះ ជាពេលដែលវីរៈបុរសរង់ចាំការបញ្ចប់មួយដ៏ហួសចិត្ត​ គេមិនបានឆ្លុះបញ្ចាំងពីការឈឺចាប់នៃអំពើក្បត់របស់ប្តីប្រពន្ធលីវ ប៉ាងឡើយ។

ហានស៊ីង​ខ្សឹបប្រាប់ខ្លួនឯងថា៖

« ប្រវត្តិសាស្ត្រ តែងតែត្រូវកែដោយអ្នកឈ្នះ!»

ព្រះចៅអធិរាជសម្លឹងមើលដោយមិនដកភ្នែក លើបុរសអ្នកទោសដែលពីមុនទ្រង់តែងកក់ក្តៅនិងកោតសរសើរ ក្រោយមកទើសទាល់ និងមុតដូចបន្លា។

ស្តេចស្រែកឡើងជាមួយវាចា​ សើចចំអកថា៖

«ទស្សនវិជ្ជាឯងនៅសល់ទេ ហានស៊ីង! ឬឯងទទួលស្គាល់ហើយថា មាន​តែអំណាចប៉ុណ្ណោះដែលគ្រប់គ្រងពិភពលោកបាន​ មិនមែនជាយុទ្ធសាស្ត្រ ទស្សនវិជ្ជាអស់នោះទេ!  ហើយក៏មិនមែន មេរៀនយោធាអ្វីទាំងអស់នោះដែរ! មនុស្ស​ស្រលាញ់ឯងច្រើនមែនទេ? ហានស៊ីង! មើលជុំវិញទៅ ពេលឯងជិតស្លាប់ អ្នកទាំងនោះមកដែរទេ? យើងបានសន្យាទុកឱ្យឯងរស់ដរាបណាមានពន្លឺ តែឯងមើលចុះ យប់នេះ ព្រះចន្ទមួយចំក៏គ្មាន! ឱ្យយើងធ្វើយ៉ាងណាទៅហានស៊ីង?»

ទោះជាមានដែកដុតបុកក្នុងចិត្ត តែកិរិយាហានស៊ីងនៅដដែល។

«ឯងអស់សត្វស៊ី ឯងក៏ឆីឆ្កែខ្លួនឯងដែលធ្លាប់រកចំណីឱ្យ?»

មេទ័ពបាននិយាយចំអកខ្លីៗ ទោះជាស្នាមសើចមានការក្រៀមក្រំអមមកក៏ដោយ។

«អូទេ! ឯងខ្លាចយើង? ឯងខ្លាចសូម្បីស្រមោលខ្លួនឯង ដែលទន់ខ្សោយ និងល្ងង់ខ្លៅនៅលើសមរភូមិ»

មុខរបស់ លីវប៉ាងខ្មៅងងឹតព្រោះខំ​សង្កត់ចិត្ត។

ហានស៊ីង ត្រូវបានប្រហារជីវិតយ៉ាងលឿន ដោយក្បាលធ្លាក់ចុះដល់ដី ជាសក្ខីភាពស្ងៀមស្ងាត់ចំពោះមេរៀន មហិច្ឆតា និង ការជឿជាក់លើមនុស្សខុស។ ប៉ុន្តែសូម្បីតែនៅក្នុងពេលស្លាប់ក៏ដោយ ក៏ទស្សនវិជ្ជារបស់ហានស៊ីង គឺ​ ពិភពលោកនឹងចងចាំគេមិនមែនត្រឹមតែជាឧត្តមសេនីយ៍ដែលដួលរលំក្រោមដាវក្បត់របស់លីវប៉ាងនោះទេ ប៉ុន្តែជានិមិត្តរូបនៃធម្មជាតិដ៏ខ្លីនៃអំណាច និងប្រាជ្ញា មនុស្ស​។

ឈ្មោះរបស់គាត់ នឹងបន្លឺឡើងបន្តសតវត្ស មិនមែនដោយសារជ័យជំនះពីមុនទេ ប៉ុន្តែមេរៀនដែលគាត់បានបន្សល់ទុក នៅក្នុងបេះដូងនៃអ្នកយុទ្ធសាស្រ្តនាពេលអនាគត អ្នកគ្រប់គ្រង និងទស្សនវិទូ ។

គំនិតរបស់ហានស៊ីង ដែលផ្ចង់តែភាពស្មោះត្រង់ និងជំរុញឱ្យជំនាន់ក្រោយយល់ថា​ ប្រាជ្ញា មិនត្រឹមតែនៅប្រើក្នុងសមមរភូមិយកជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែរឹតត្រូវប្រើនៅក្នុងនគរដែលក្រាលទៅដោយ​មាស ព្រោះថា សេចក្តីលោភលន់ របស់មនុស្សរឹតតែកើនឡើងនៅពេលគេស្រណុកសុខស្រួល លើសពីជំនាន់តាមស្វែងរកសេចក្តីសុខស្រួលនោះទៅទៀត។

—–

សោកនាដកម្មនិងភាពអស្ចារ្យនៃដំណើររឿងរបស់ហានស៊ីង

ហាន ស៊ីង មិនមែនគ្រាន់តែជាអ្នកយុទ្ធសាស្ត្រយោធាដ៏ប៉ិនប្រសប់នោះទេ តែជាបុរសម្នាក់ដែលអាចអត់ធន់ប្រឆាំងនឹងជោគវាសនា ប្រែក្លាយខ្លួនឯង ពីអ្នកសុំទានទៅជាស្តេចសង្គ្រាម មានអ្នកដើរតាមម៉ឺនសែន​មានទ្រព្យធន យសសក្តិ និងកេរ្តិ៍ឈ្មោះគ្រប់ទិសទី។

អ្នកចូលចិត្ត​តួអង្គនេះ គេជាប់អារម្មណ៍នឹងសាច់រឿងនៃចរិតលក្ខណៈអត់ធន់ ភាពវៃឆ្លាត និងភាពរងគ្រោះក្រោមអំពើក្បត់ពីប្តីប្រពន្ធលីវ ប៉ាង។

រឿងទំនាស់ជូនិងហាន ហានស៊ីងជាតួអង្គកម្រិតលេខមួយ សៀងយូរបស់នគរជូនៅកម្រិតលេខពីរ ចំណែកព្រះមហេសី លូ ឈី អ្នកអានចងចាំនឹងអំពើដ៏ឃោរឃៅរបស់នាងតែប៉ុណ្ណោះ។

នាងមិនត្រឹមនៅពីក្រោយ​ការកម្ចាត់ហាន ស៊ីង តែបានធ្វើទារុណកម្មសម្លាប់ស្នំឯក យីដែលជាសំណព្វចិត្ត​លីវប៉ាង យ៉ាងសាហាវដូចសត្វធាតុ ជាប់ឈ្មោះជួរជាតិក្នុងប្រវត្តិសាស្ត្រចិន។

នេះជាខ្សែរឿងនិទាន យ៉ាងស៊ីជម្រៅ អំពីបុរសហានស៊ីង ដែលមិនមានប្រវត្តិមកពីត្រកូលចិន​ខ្ពង់ខ្ពស់ គ្មានឥទ្ធិពលគ្រួសារ និងគ្មានទ្រព្យសម្បត្តិ។ គេត្រូវបានអ្នកផងចំអក​ធ្វើបាប ចំពោះភាពទន់ខ្សោយគ្មានធនធានរបស់គេ។ ទាំងអាម៉ាស់ ហានស៊ីងត្រូវបានមេភូមិម្នាក់ បង្ខំឱ្យវារនៅចន្លោះជើងកណ្តាលទីសាធារណៈប្រមាថលេង។

ប៉ុន្តែ ហានស៊ីង​មិន​បាន​ឆ្លើយ​តប​ដោយ​កំហឹង​ឬ​ការ​សងសឹក​ងងឹតងងុល​ឡើយ។ ផ្ទុយទៅវិញ គេយល់ថា ក្តីអាម៉ាស់បច្ចុប្បន្ន នឹង​ក្លាយជាគ្មានន័យវិញមិនខាន នៅពេល ការអត់ធ្មត់ និងប្រាជ្ញាអាច ផ្លាស់ប្តូរជោគវាសនាគេបាន។

សមត្ថភាពមួយ ដែលអាច​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​បណ្ដោះអាសន្ន​ សម្រាប់​អនាគត​ដ៏​អស្ចារ្យ​នោះ គឺជា​មេរៀន​ ​ដែល​មនុស្ស​ជាច្រើន​ខកខាន ​មិន​បាន​ចាប់យក​។

អំណាចនិងជោគជ័យរបស់ហានស៊ីង គឺបានចាប់ផ្តើមនៅពេលដែលគាត់ចេះអត់ធន់មើលឃើញឱកាស ជានិច្ច​ពេលណា​ដែលអ្នកដទៃមើល​មិនឃើញអ្វីសោះ។

គាត់បានទទួលស្គាល់ថា លីវ ប៉ាង ដែលជាអ្នកសង្គ្រាម​ដ៏កាចសាហាវ ដែលអាចប្រយុទ្ធនឹងរាជវង្សឈីងដ៏ខ្លាំងពូកែ ហើយ បុរសនោះនឹងមានសក្ដានុពលក្នុងការគ្រប់គ្រងជាតិ។

ទោះបី ពីដំបូងៗលីវប៉ាង​ មិនពេញចិត្តនឹងភាពប៉ិនប្រសប់របស់​ ហានស៊ីងទេ។ ហើយហានស៊ីងនៅតែរង់ចាំឱ្យលីវប៉ាង​ដាក់ចិត្ត​ទទួលយកគេ។ ដល់ពេលមួយ ដែលហានស៊ីងយល់ថា​សមល្មម គាត់បាន​បង្កើតយុទ្ធសាស្ត្រយោធា ដែលប្រែក្លាយការប្រយុទ្ធលើសមរភូមិដ៏អស់សង្ឃឹមជិតស្លាប់របស់ លីវ ប៉ាង​ ឱ្យទៅជាជ័យជម្នះយ៉ាងត្រចះត្រចង់ឈានដល់ទទួលបានអំណាច និង បង្រួបបង្រួមប្រទេសចិនបង្កើត រាជវង្សហាន។

ឆ្លងកាត់រឿងជាច្រើនមកទៀត ទេពកោសល្យ​និងល្បិចសង្គ្រាម​របស់ហានស៊ីង រឹតតែមិនអាចរកអ្នកប្រៀបផ្ទឹមបាន ព្រោះគាត់យល់ថាសង្រ្គាមជាក្តារអុក ដែលត្រូវការភាពអត់ធ្មត់ ល្បិចខ្ពស់ និងសកម្មភាពរហ័សរហួន ព្រមជាមួយការសម្រេចចិត្តថ្លឹងថ្លែង។

ទោះជាយ៉ាងណាក៏ហានស៊ីង​ បានសាងកំហុសធ្ងន់មួយ គឺ ជឿជាក់លើគុណសម្បត្តិ ជាងយល់ពីមនុស្ស​ក្នុងនយោបាយ។

គាត់គិតថា ភាពស្មោះត្រង់ និងសមិទ្ធិផលរបស់គាត់កន្លងមក នឹងការពារគាត់ ប៉ុន្តែគាត់បានមើលស្រាលចិត្ត​ក្បត់និងច្រណែន​របស់មនុស្ស​លើសង្វៀនអំណាច។

នៅពេល​ស្រុកអស់សង្គ្រាម លីវ ប៉ាងមិនត្រឹម​លែងខ្លាចសត្រូវ បែរជាខ្លាចអស់ឥទ្ធិពលដោយសារកូនចៅខ្លួនទៅវិញ។ បុរសម្នាក់ ​ដែល​ជំពាក់ហានស៊ីង ​​គ្រប់​យ៉ាង បានដេកមិនលក់ បក់មិនល្ហើយ ​ខ្លាចថាហានស៊ីង ថ្ងៃណាមួយ​នឹកឃើញ​មករឹបអូសយកអ្វីៗដែលជារបស់គេយកទៅវិញទាំងអស់ ។

នៅពេលលីវប៉ាង ឃើញ​ហានស៊ីង​ថា ​ជា​អ្នក​គំរាមកំហែង  ល្បិច​ចោទថាឆ្កែឆ្កួតមុននឹងសម្លាប់ឆ្កែ ត្រូវ​បាន​យកមកប្រើ ដោយដក​ចេញ​ពី​តំណែង​​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ ហើយបោកល្បួងចូលវាំងទាំងមិនដឹងថា នឹងត្រូវ ​ប្រហារ​ជីវិត។

នៅគ្រាចុងក្រោយនៃដង្ហើម​ទើបហានស៊ីងដឹងថា  កាលណាឡើងកាន់តែខ្ពស់ ក៏កាន់តែមានសត្រូវ ហើយគ្រោះថ្នាក់កាន់តែខ្លាំងនោះ គឺការជឿថា ភាពស្មោះត្រង់ពីអតីតកាលជួយធានាសុវត្ថិភាពនាពេលអនាគត។ រឿងរបស់ ហាន ស៊ីង បង្រៀនអ្នកនយោបាយ​និងវិស័យនានានូវមេរៀនជាច្រើនថា ការទុកចិត្តដោយងងឹតងងុលលើមនុស្ស​ដែលក្តាប់អំណាច គឺមានគ្រោះថ្នាក់។

«ភាពជោគជ័យមិនមែនគ្រាន់តែនិយាយពីការឈានទៅដល់ចំណុចកំពូលនោះទេ តែការយល់ដឹងអំពីកម្លាំងយើង​ថាអាចគ្រប់គ្រងវាបានដែរឬយ៉ាងណា?»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*