មនុស្សស្រីបែបណាដែលខ្ញុំនឹងសម្រេចញ៉ែជាសង្សារ វាបានSetទុកតាំងពីថ្ងៃដែលខ្ញុំស្គាល់ថា«អ្វីជាស្នេហា?»រវាងមនុស្សប្រុសស្រីពីរនាក់ ជាពិសេសវ័យដែលពេញតួគិតពីរឿងមនុស្សធំដូចខ្ញុំពេលនេះ។
បញ្ចប់ទាំងការសិក្សា មានការងារធ្វើ ក៏អាចរកប្រាក់ល្មមតែនឹងចិញ្ចឹមកូនស្រីគេមិនឱ្យរស់វេទនា ចំណាយកម្លាំងខ្លួនឯងស្រស់ ឈាមស្រស់ ក៏ត្រូវហើយដែលអ្នកនៅក្បែរ នឹងសំណាងពេញមួយជីវិតជាមួយខ្ញុំគឺជាមនុស្សស្រីដែលខ្ញុំរើសដោយខ្លួនឯង ហើយស្រលាញ់ដោយខ្លួនឯង។
ខ្វះអី មានអ្នកសារភាព តែដូចប្រាប់ ខុសតែមួយបន្ទាត់លក្ខខណ្ឌរបស់ខ្ញុំ ក៏ពិចារណារហូតទៅជាឆ្ងាយ ហើយមិនសម្រេចថាជាប់Short list។
«រើសប្រពន្ធ រើសៗដល់កហើយអ្ហែងនេះហា៎ មិនដឹងកាលណាអញបានស៊ីការវាទេ!»
ចួបពេលណា មិត្តភក្តិខ្ញុំវារអ៊ូមិនឈប់ឈរ តែគិតទៅខ្ញុំក៏ចំណាយពេលរកអ្នកដែលមានចំណុចខ្ញុំដៅទុកមិនបានអស់ជាង១០ឆ្នាំ ព្រោះតែគិតថាមិនចង់ចាយពេលលេងសើចច្រើន មិនច្បាស់លាស់ មិនធ្វើភាពជាមនុស្សប្រុសខ្ញុំនេះ ទើបដល់ពេលនេះហើយ ខ្ញុំអាយុ៣៤ឆ្នាំ តែមិនទាន់មានសង្សារទេ។
«អាម៉េង! ចុះសង្សារឯងកាលពីវិទ្យាល័យ ពេលនេះជីវិតគេយ៉ាងណាអស់ហើយ?»
«ម្នាក់ណា?»
ឮតែពីរម៉ាត់នេះ មិត្តភក្តិខ្ញុំបីនាក់សើចសឹងតែផ្អើលបារគេ៖
«ចុះឯងមានលេខទំនាក់ទំនងគេទាំងអស់មែន? ទាំង៤នាក់ហ្នឹង?»
«អត់ទេ! តែមានពីរនាក់ឃើញតាមហ្វេសបុក!»
«ហើយម៉េចទៅ?»
«មានម៉េច? គេរៀបការមានកូនពរអស់ហើយ!»
មិនដឹងមានរឿងអី ម្តេចថ្ងៃនេះពួកវាចាប់ផ្តើមមកឌឺដងខ្ញុំរឿងអត់មានគូ ម្នាក់ៗសើចដូចចម្លែកណាស់អ៊ីចឹង។ ខ្ញុំមិនសូវជាខ្វល់ ក៏លើកកែវស្រានៅដៃដាច់ផឹងទាំងតប់ប្រមល់ពីរឿងខ្លះនៅកន្លែងការងារពេលថ្ងៃស្រាប់ផង។
មេឃអួរៗចង់ភ្លៀង Sky bar ដែលខ្ញុំធ្លាប់តែអង្គុយហើយមានអារម្មណ៍ស្រស់ស្រាយ រំសាយកង្វល់ បែរជាស្អុះស្អាប់ចម្លែក គ្មានសូម្បីផ្កាយមួយឱ្យរាប់ ស្រាថ្ងៃនេះមានរសចត់មិនល្វីង មិនឆ្ងាញ់ អ្នកក្រឡុកចាស់គេបញ្ឈប់ទេដឹង?
«ស្រាថ្ងៃនេះដូចពិបាកលេបម៉េះហា៎?»
«នែ! ចិត្តវាមិនស្ងប់ មួម៉ៅដាក់សូម្បីតែកែវស្រា! អញថាហើយ ពេលខ្លះ បើមានម្នាក់គ្រាន់ហ្នឹងផ្ញើសារ ឬក៏តេសួរ បងនៅណា? មកយកអូនផង ក្រែងចិត្តវាស្រឡះអាក្តីនឿយណាយពីក្នុងទ្រូងខ្លះ ទៅខ្វះអីមនុស្សស្រី ត្រូវការមនុស្សប្រុសច្បាស់លាស់ចូលក្នុងជីវិតនៅអាយុប៉ុណ្ណេះ ណាស់តែអាឯងនេះ វាស្តង់ដារខ្ពស់ពេក»
«ថ្ងៃនេះពួកឯង ដូចបូរបាច់ម្ល៉េះហា៎?»
ខ្ញុំស្តីឱ្យហើយក៏ដើរចេញពីតុ សំដៅទៅរកអ្នកក្រឡុកស្រាដោយមិនបាច់មានអ្នកបម្រើ។
កែវត្រូវខ្ញុំក្រវាត់ដៃឱ្យរមៀលត្រលប់ពីរបីជុំនៅលើតុ។ អ្នកក្រឡុកស្រាមើលមុខ បើមិនស្គាល់ច្បាស់គេមុខថាខ្ញុំស្រវឹងចង់រករឿង ឬជាមនុស្សឈ្លើយមកពីណា តែការពិតអ្នកដែលដឹងរសស្រាខ្ញុំបានផឹកជាងមួយឆ្នាំនេះ ជាគេដដែល គ្រាន់តែមិនត្រូវមាត់ខ្ញុំដូចរាល់ដង។ គេចាប់កែវខ្ញុំឱ្យឈប់ហើយសួរ៖
«ប្តូររសជាតិអត់បង?»
ខ្ញុំគ្រវីក្បាល ការពិតមិនចង់ផឹកថែមទេ គឺចង់គេចពីអាបីនាក់មាត់ចាបមាត់ព្រាបនោះច្រើនជាង ទើបធ្វើជាក្រោកចេញហើយមកអង្គុយឱ្យឆ្ងាយពីពួកវា។ ថ្ងៃនេះ មិនថារសជាតិស្រាប្តូររាប់សិបដង ក៏មិនប្រាកដថាខ្ញុំតេស្តដឹង បើចិត្តខ្ញុំពិតជាល្វីង ហើយធុញថប់ប្រាកដ។
«បងយី! ម៉េចបានត្រូវជាខ្ញុំដែលទៅជាមួយគេ?»
«ហាក? បើមិនមែនអូនឯងទៅ ប្រុងឱ្យមេធំអ្នកទៅជំនួស?»
ខ្ញុំអង្គុយធ្វើមុខក្រម៉ូវប៉ុណ្ណឹងហើយ ល្មមគាត់យល់ខ្លះ មិនសមណាសុខៗ បែរជាខ្ញុំនិងក្មេងស្រីថ្មីទើបចូលនោះបានទៅរៀននៅវៀតណាមមួយសប្តាហ៍តែពីរនាក់។ ខ្ញុំកើតទុក្ខមិនសុខចិត្ត ព្រោះមានអារម្មណ៍ថាត្រូវបានគេរំខាន ដាក់ខ្ញុំឱ្យទៅការពារ ឱ្យទៅធ្វើជាមនុស្សដែលគេពឹងពាក់ ព្រោះនាងថ្មីសុទ្ធ គ្មានប្រវត្តិហោះហើរឆ្លងប្រទេស។
«ជីងអត់បានទៅ?»
បងយីសម្លក់ខ្ញុំញញឹម គាត់យល់ន័យច្បាស់ទើបខំពន្យល់ខ្ញុំតិចៗ៖
«ជីងទៅមិនកើតទេ មិនទាន់គ្រប់លក្ខខណ្ឌ!»
«ចុះបើខ្ញុំចាំទៅជើងក្រោយជាមួយជីងបានអត់បង?»
ថ្វីបើខ្ញុំនិងជីងគ្រាន់តែជាធីមការងារ តែបើបានជីងទៅជាមួយក៏បានអ្នកបណ្តើររៀងកាលីបបន្តិចទុកអួតអ្នកហាណូយ មិនមែនយាយប៉ិវែនតាធ្លាក់ដល់ចុងច្រមុះ សក់កន្រ្ទើងដូចមិនដែលសិតម្នាក់ហ្នឹង។
«គេប្រញាប់អ្នក qualify certificate ប្រុសម៉េង! ចង់ពន្យារពេល email ទៅមេធំខ្លួនឯងទៅ!»
ខ្ញុំអស់ពាក្យតវ៉ាជាមួយចែយី ហើយក៏មិនដឹងថាត្រូវរកហេតុផលអីមកនិយាយបើហ៊ានតែអ៊ីម៉ែលចេញដូចគាត់ថាមែន។ រឿងឈឺក្បាលនេះហើយដែលធ្វើឱ្យស្រាខ្ញុំធ្លាប់តែឆ្ងាញ់ បាត់រសអស់។
មិនចង់យ៉ាងណាខ្ញុំនៅតែត្រូវរៀបចំវ៉ាលិសដើម្បីហោះហើរ។
បើទោះគេធម្មតា ដូចមិនមែនកំពុងភ័យ តែខ្ញុំមានអារម្មណ៍ថាគេប្រឹងសម្តែង ព្រោះគេកៀកខ្ញុំស្អិតណាស់ មិនបាត់សូម្បីមួយជំហាន ដូចកូនតាមម៉ែដើរផ្សារអ៊ីចឹងដែរ។ គេធ្វើតាមខ្ញុំគ្រប់សកម្មភាព មិនលើកលែងសូម្បីតែខ្ញុំចូលបន្ទប់ទឹក ក៏នាងធ្វើតាម ខ្ញុំអស់ទ្រាំពេកក៏សួរចំៗ៖
«ប្រុងចូលបន្ទប់ជាមួយគ្នាដែរអត់នឹង?»
នាងមើលមុខខ្ញុំញញឹមបង្ខំៗហើយក៏ដើរទៅអង្គុយកន្លែងរង់ចាំវិញ។ ពេលអូសវ៉ាលិសដើរ នាងស្លន់ៗសឹងតែជាន់ជើងខ្ញុំម្តងៗ ហត់ចិត្ត តែល្អម្យ៉ាងនាងជាមនុស្សមិនសូវនិយាយច្រើន ទើបមិនបាច់ហត់មាត់ឆ្លើយមួយតង់ទៀត។
ពីភ្នំពេញទៅទីក្រុងហាណូយជាងពីរម៉ោងខ្ញុំជ្រើសបិទភ្នែក ជាងសម្លឹងមនុស្សនៅក្បែរដែលខ្ញុំគ្មានអារម្មណ៍ គ្មានមនោសញ្ចេតនាជាមួយ វាលើសពីភាពទើសទាល់ តែខ្ញុំក៏មិនយល់ដែរថា គេមិនបានធ្វើអ្វីខ្ញុំសោះ ហេតុអីក៏ខ្ញុំតឹងតែងវត្តមាននាងចំពោះមុខយ៉ាងនេះ?
ខ្ញុំបន្តធ្វើដេកលក់រហូតដល់ដឹងថា ពួកយើងបានមកដល់ទិសដៅហើយ។ បើកភ្នែកសន្សឹមៗ ខ្ញុំឃើញគេអង្គុយធ្មឹងមិនកម្រើក ភ្នែកសម្លឹងបង្អួចមើលទៅស្លាបគ្រឿងចក្រដែលសំកាំងកណ្តាលវេហា។ គេទាញទូរសព្ទថតទេសភាពពីដែនអាកាស ហើយញញឹមឡើងម្នាក់ឯងមិនខ្វល់ពីខ្ញុំ។
រហូតដល់យន្តហោះចុះចត មនុស្សគ្រប់គ្នាអាចក្រោកឡើងចាកចេញ នាងទុកទូរសព្ទទៅក្នុងកាតាប ហើយចាប់ផ្តើមបន្តធ្វើតាមអ្វីដែលខ្ញុំធ្វើ ដូចពេលឡើងយន្តហោះដំបូងដែរ។
ពួកយើងមកដល់កន្លែងស្នាក់ បន្ទប់ខ្ញុំនិងនាងគឺនៅទល់មុខគ្នា។ ខ្ញុំមានអារម្មណ៍ថាអស់កម្លាំង ល្វើយ ហើយក៏មិនចង់និយាយឆ្លើយឆ្លងច្រើន ទើបបែរទៅផ្តាំនាងមុនចូលបន្ទប់៖
«ខ្ញុំអត់ចេញហូបអីទេ ចង់សម្រាក!»
គេងាកមកតបទាំងមុខភ្ញាក់ផ្អើល៖
«អូ! ចាសបង!»
ខ្ញុំប្រាប់គេបែបនោះមែន តែក្រោយបានងូតទឹកសម្អាតខ្លួន អារម្មណ៍ក៏ចាប់ផ្តើមស្រស់ស្រាយ។ សំឡេងមនុស្សអ៊ូអរនៅពីមុខសណ្ឋាគារ ក្លិនឈ្ងុយឈ្ងប់នៃអាហារដងផ្លូវរបស់ជនជាតិវៀតណាម ពិតជាទាក់ទាញមែន ទើបខ្ញុំមិនដាច់ចិត្តដេកឃ្លាន ក៏គិតថាដើរលេងម្នាក់ឯងមិនបបួលនាង។
«ចិត្តដាច់ពេកទេដឹង?»
ខ្ញុំសួរខ្លួនឯងពេលសម្លឹងឃើញទ្វារបន្ទប់គេដែលបិទជិត។ អារម្មណ៍មួយពិតជាចង់គោះទ្វារបបួលនាងទៅជាមួយ តែជើងទាំងពីរខ្ញុំមិនសហការណ៍ទេ ក៏ដើរចេញ ហើយចុះដើរលេងម្នាក់ឯង។
«គេមិនដាច់ពោះស្លាប់ទេ នៅខាងក្រោមនេះ របស់លក់ច្រើនណាស់ ឃ្លានចុះមកទិញទៅ» ខួរក្បាលខ្ញុំគិតពីរឿងនេះពេលនៅក្នុងជណ្តើរយន្ត។
ដើរលេងហូបអីមួយឆ្អែត មើលទេសភាព មើលពីរបៀបរស់នៅរបស់អ្នកស្រុកជិតខាងអស់ចិត្ត ខ្ញុំឡើងទៅបន្ទប់វិញ។ ក្នុងដៃ ពិតជាគ្មានអ្វីយកមួយជាមួយដើម្បីផ្ញើនាងមែន ព្រោះមនុស្សអស់ធំហើយ ប្រហែលមិនដេកឃ្លានស្លាប់ ទាំងអាយុប៉ុណ្ណេះទេដឹង?
តែខ្ញុំហាក់មិនអស់ចិត្តថាគេចុះទៅទិញអីហូប ឬក៏នៅសំងំក្នុងបន្ទប់មិនទៅណា ព្រោះតែនឹកដល់សម្តីមេដែលផ្តាំហើយផ្តាំទៀតឱ្យខ្ញុំមើលថែគេ ម្យ៉ាងខ្ញុំខ្លួនឯងក៏ជាសុភាពបុរសដែរ ដ្បិតតែចិត្តមានះបន្តិច ក៏ដាច់ចិត្តដើរទៅគោះទ្វារបន្ទប់គេ។
គ្មានការឆ្លើយតប ច្បាស់ហើយ គេមិនមែនក្មេងឯណា។
ខ្ញុំឈានជើងដើរចេញរកទៅដេកហើយ តែភ្លាមក៏លាន់សំឡេងសារ ហើយជារបស់នាង៖
«បងឯងគោះទ្វារបន្ទប់ខ្ញុំមែន?»
ខ្ញុំឃើញភ្លាមមានអារម្មណ៍ចម្លែក ម៉េចបាននាងមិនឆ្លើយ ហើយផ្ញើរសារមកសួរបញ្ជាក់?
ខ្ញុំបកទៅវិញ ហើយតបទៅនាងនឹងបន្តគោះទ្វារម្តងទៀត។
ទ្វារបន្ទប់របើកតិចៗ ខ្ញុំភ្ញាក់ផ្អើលនឹងទឹកមុខភិតភ័យរបស់គេ៖
«មានរឿងអីមែន?»
«មុននោះខ្ញុំស្មានបងឯងគោះទ្វារ ក៏បើកដោយអត់បានសួរ គេនិយាយភាសាវៀតណាម តែប្រហែលច្រឡំបន្ទប់ សម្លឹងមើលលើមើលក្រោមពេកខ្ញុំក៏បិទវិញទៅ! មួយសន្ទុះក៏ឮសំឡេងគោះទ្វារទៀត ក៏ឈែតសួរបងឯងបញ្ជាក់!»
ដៃខ្ញុំដែលកាន់ទ្វារគេជាប់មានអារម្មណ៍ថាទន់និងស្លុត ឃើញសភាពគេនៅមិនទាន់បាត់ភ័យ ខ្ញុំស្រាប់តែក្លាហានដើរចូលទៅបន្ទប់គេហើយទាញទ្វារបិទ និងបន្តសួរនាំ៖
«ហើយគេនិយាយអីខ្លះ?»
«ហ៊ឹមបង! ខ្ញុំស្តាប់ម៉េចបាន!»
មែនហើយ គេនិងខ្ញុំមិនចេះភាសាវៀតណាមឯណា។ ខ្ញុំភ័យជួសគេពេក ក៏សួរភ្លេចគិត។ ខ្ញុំដើរទៅបើកវាំងននក្បែរគ្រែគេងរបស់គេ សម្លឹងមើលឆ្វេងស្តាំបន្ទប់ជិតខាងដែលបាំងរនាំងដែក ខ្ញុំបន្តមើលគន្លឹះទ្វារកញ្ចក់ក្រោយវាំងនន នាងក៏តាមមកក្បែរ មើលទៅដូចមិនទាន់បាត់ភ័យ ខ្ញុំក៏សួរបន្លប់៖
«មិញចុះទៅហូបអីនៅ?»
«អត់ទេបង! ខ្ញុំរវល់រៀបខោអាវ!»
ខ្ញុំសម្លឹងឃើញកំប៉ុងមីនៅលើតុក្បែររានហាល ជាមីជាតិ…គេពិតជាខ្លាចមិនហ៊ានចុះទៅក្រោមដើរម្នាក់ឯង ហើយសុខចិត្តលួចឆុងមីដែលវេចពីខ្មែរមក?
ខ្ញុំងាកមើលមុខគេ តែលើកនេះគេអត់ញញឹមដូចទម្លាប់ទេ បើទោះប្រឹងលាក់ខ្សែភ្នែកយ៉ាងណា ក៏ខ្ញុំនៅដឹងបានថា គេបានភ័យពីមនុស្សចម្លែកមកគោះបន្ទប់មិនទាន់បាត់នៅឡើយ។ បើទោះខ្ញុំធ្លាប់ឮចរិតរបស់នាងពីមិត្តរួមការងារមកថា គេជាមនុស្សមាំទាំ មិនចេះខ្លាច ក្លាហាន ហ៊ានចុះខេត្តឆ្ងាយម្នាក់ៗឯងមិនដែលតវ៉ា តែនេះស្រុកគេ មិនមែនភូមិឯងស្រួលនិយាយគ្នា ហើយបើគេមិនប្រាប់ក៏ទឹកមុខបញ្ជាក់ច្បាស់ណាស់ទៅហើយ។
ខ្ញុំមិនសូវហ៊ានក្រឡេកមើលបន្ទប់គេប៉ុន្មានដែរ តែពេលងាកប៉ះនឹងឯកសារលើគ្រែរាយប៉ាយ ក៏ធ្វើជាសួរដើម្បីបន្លប់ភាពតឹងតែងក្នុងចិត្តគេខ្លះ៖
«រៀនត្រៀមមែន?»
គេងក់ក្បាលផ្ងក់ៗមិនតបហើយដើរទៅរៀបចំឯកសារទាំងនោះទុកដាក់វិញ។
«ចុះទៅហូបអីអត់? បងក៏មិនទាន់បានហូបអីដែរ!»
គេនៅអេះអុញមិនព្រមឆ្លើយ ខ្ញុំក៏សម្រេចចិត្តជំនួស៖
«អត់ចង់ចេញនៅហ្នឹងចុះ ចាំបងទៅទិញអីឱ្យ!»
ខ្ញុំរៀបដើរចេញស្ពាយពាក្យកុហកមិញនេះទៅជាមួយទាំងដែលពោះពេញស្ទើរធ្លាយរកកន្លែងទុកមិនបានទៅហើយ តែគេភ្លាមក៏ឃាត់ខ្ញុំពីក្រោយខ្នង៖
«មិនបាច់ទេហីបង? ខ្ញុំហូបមីឆ្អែតហើយ!»
«នៅពេញកំប៉ុងហ្នឹង?»
ខ្ញុំបានដឹងត្រឹមថាខ្លួនឯងមិនខ្វល់ខ្វាយពីគេព្រោះគិតថាជាបន្ទុក មិនសប្បាយចិត្តតាំងពីខ្មែរមកដល់ស្រុកនេះ តែមិនស្មានគេជាមនុស្សក្រែងចិត្តសូម្បីតែរឿងតូចតាចប៉ុណ្ណេះ ហើយនៅត្រូវមកចួបរឿងភ័យខ្លាច មិនសូម្បីតែប្រាប់ខ្ញុំមួយម៉ាត់ឱ្យបានដឹង បើសិនខ្ញុំមិនសួរនាំ បែបនេះហើយ ប្រុសស្អាត សុភាពបុរសដូចរាជវង្ស អាចនៅឈរមើលក្មេងស្រីធ្វើភ្នែកភ្លឹសៗដេកឃ្លាន ក្រោមអាណាព្យាបាលខ្លួនឯងដែរ?
«ចាំបងមួយភ្លែត ចាក់សោ ដាក់គន្លឹះផង ពេលបងគោះទ្វារចាំបងឈែតប្រាប់!»
ខ្ញុំចុះទៅទិញអាហារម្តងទៀត នៅតាមច្រកផ្លូវដើរមុខបន្ទប់ពួកយើង ពិតជាអ៊ូអរមនុស្សចេញចូលដោយជនជាតិវៀតណាមច្រើនពិតមែន សូម្បីតែក្នុងជណ្តើរយន្តលើកនេះដែលខ្ញុំចាប់អារម្មណ៍ ម្នាក់ៗសម្លឹងមើលខ្ញុំមិនតិចជាងបីដង សំខាន់សុទ្ធតែមនុស្សប្រុស បែបនេះហើយទើបគេជ្រើសហូបមីកំប៉ុងក្នុងបន្ទប់ជាជាងចេញមកក្រៅត្រូវគេសម្លក់សម្លឹងម្នាក់ឯង។
ខ្ញុំអត់ដឹងថាគេមានកម្មវិធីអ្វី ឬជាក្រុម ជាមិត្តភក្តិជួបជុំអីទេ តែនៅក្បែរបន្ទប់ពួកយើងពិតជាមានសំឡេងអ៊ូអរ សូម្បីតែជាន់ខាងលើក៏បានឮសំឡេងកៅអីប៉ះការ៉ូដូចត្រូវគេរំកិល ឬលើកដាក់ចុះឡើងញឹកញាប់ដែរ ហើយព្រោះមិនអស់ចិត្តពីរឿងនេះ គិតដល់សុវត្ថិភាពនាងជាមនុស្សស្រីផង ខ្ញុំក៏ដាច់ចិត្ត ទៅចួបអ្នកចាត់ការនៅសណ្ឋាគារ។
ពិតជាពិបាកមែនសម្រាប់ការមកស្នាក់នៅប្រទេសវៀតណាមដែលបុគ្គលិកភាគតិចណាស់ ចេះនិយាយភាសាអង់គ្លេស។ ខ្ញុំត្រូវប្រើប្រាស់ Google translate ទើបដឹងសាច់រឿងថា ការពិតក្រុមយុវជនទាំងនេះពិតជាមានកម្មវិធីជួបជុំនៅសណ្ឋាគារ ហើយអ៊ូអរនៅជាន់ខាងលើ និងក្បែរបន្ទប់យើងមែន តែគេធានាដល់សុវត្ថិភាព និងបានប្រាប់ថា ពួកគេនឹងចាកចេញនៅព្រឹកស្អែកនេះហើយ។
ត្រលប់មកវិញ ខ្ញុំមិនបានគោះទ្វារមុនទេ តែឈែតទៅគេមុន ព្រោះមិនចង់ឱ្យគេភ័យទៀត។ អ្វីដែលខ្ញុំគិតពេលនេះ ធ្វើយ៉ាងណាឱ្យយប់នេះរំលងទៅ ដោយគេបានគេងលក់ឆ្អែតឆ្អល់ គ្មានក្តីបារម្ភអ្វី។
ជាងមួយឆ្នាំកន្លងទៅ ទើបលើកនេះទេ ដែលយើងទាំងពីរនាក់ហាក់មានឱកាសអង្គុយហូបអាហារទល់មុខគ្នាក្នុងបន្ទប់សណ្ឋាគារ ហើយនៅបរទេស។ គេរៀបចំវាដាក់នៅលើតុ ហើយចាប់ជូតចាន ជូតស្លាបព្រាឱ្យខ្ញុំទៀត៖
«ម៏បង!»
ព្រោះចង់លាក់បាំងរឿងដែលខ្ញុំចេញទៅហូបអាហារខាងក្រៅមិនបានហៅនាងទៅជាមួយ ក៏ព្រមអង្គុយចុះហើយធ្វើជាហូបលេងៗទាំងដែលពោះពេញរកកន្លែងដាក់គ្មាន។ នេះហើយលទ្ធផលមិនចំជាសុភាពបុរស។
មីកំប៉ុងនៅសល់ហើយត្រជាក់ បង្ហាញថា គេពិតជាគ្មានជម្រើសចង់ហូបមីទាំងរសៀលនេះប៉ុន្មាន ព្រោះគេខ្លាចមិនចង់ចុះទៅម្នាក់ឯង ម្លោះហើយ ទើបពេលនេះ គេឈ្ងោកហូបរបស់ខ្ញុំទិញមិនសូម្បីខ្វល់ថាខ្ញុំនៅចំពោះមុខ។
«តាមសម្រួលទៅ!»
គេសឹងតែឈ្លក់ប្រវេប្រវារទាញក្រដាសជូតមាត់។
«បង! ពេលបងឯងទៅទិញគេប្រាប់ថាម៉េច?»
ខ្ញុំហួសចិត្តនឹងសំណួរ តែក៏ឆ្លៀតបានឱកាសមិនហូប ហើយផ្អែកខ្នងលើបង្អែកកៅអីតបទៅគេធម្មតា៖
«កាយវិការទៅ! មានអីពិបាក!»
«ការពិត ខ្ញុំចង់សាកល្បងមកម្នាក់ឯងដែរ តែថ្នាក់រៀនមិនមែននៅអាស៊ីយើងឯណា ដល់ណាណី ខ្ញុំម៉េចហ៊ានទៅ មនុស្សមិនដែលជិះយន្តហោះផង! បានបងឯងមកជាមួយ ខ្ញុំសែនកក់ក្តៅ!»
មិនដឹងម៉េច គេនិយាយធម្មតាទេ តែខ្ញុំខ្លួនឯងដូចជាពេញចិត្តពាក្យខាងក្រោយប្រយោគនេះខ្លាំង?
ខ្ញុំអង្គុយញញឹម ទាំងដែលមិនធ្លាប់ឆ្លងកាត់បទពិសោធបែបនេះក្នុងអារម្មណ៍។ រូបភាពគេកំពុងហូបអាហាររបស់ខ្ញុំទិញ វាក្លាយជាទស្សនីយភាព ដែលអាចធ្វើឱ្យខ្ញុំត្រូវមករឭកក្នុងការចងចាំ ទោះបីមកដល់បន្ទប់ ហើយផ្តេកខ្លួនលើពូករៀបដេកហើយក្តី។
«ម៉េចអ៊ីចេះលោកបងម៉េង?»
ខ្ញុំបន្លប់ភាពច្របូកច្របល់ដោយទាញភួយដណ្តប់ មិនសូម្បីទៅបន្ទប់ទឹកដុសធ្មេញ លុបមុខ ដាក់ស្គីនឃែរ ព្រោះមិនចង់ឃើញខ្លួនឯងក្នុងកញ្ចក់ក្នុងស្ថានភាពបែបនេះ តែថានាងមិនជាប់ short list ខ្ញុំទេណា ម៉េចបានទៅជាអ៊ីចឹង?
ភ្លាមដែលរលីវៗជិតដល់វគ្គយល់សប្តិហើយ ត្រចៀកខ្ញុំស្រាប់តែបានឮសំឡេងគោះទ្វារ?
ខ្ញុំក្រោកភ្លាម ហើយផ្ទៀងស្តាប់វាម្តងទៀត តែហាក់មិនមែនជាបន្ទប់ខ្លួនឯងទេ ច្បាស់ណាស់ គឺបន្ទប់ខាងមុខ។ ខ្ញុំស្រវារកទូរសព្ទហើយឈែតទៅគេភ្លាម៖
«មានគេគោះទ្វារទៀតមែន?»
គេអត់តប ខ្ញុំរឹតតែភ័យ។ ខ្ញុំស្ទុះចេញទៅបន្ទប់គេបណ្តើលើកទូរសព្ទខលបណ្តើរ។
មួយសន្ទុះទម្រាំតែគេលើក ចិត្តខ្ញុំពិតជាអន្ទះសាណាស់៖
«អាឡូបង!»
«បងឮសំឡេងគោះទ្វារ»
«បងឯងចូលក្នុងសិនមក!»
ទ្វាររបើកមិនទាន់ខ្ញុំស្ទុះចូលភ្លាម ទឹកមុខគេធម្មតា តែចម្លែកត្រង់កាន់សមនៅដៃ។ ខ្ញុំមិនទាន់សួរនាំអី គេអូសដៃខ្ញុំទៅមើលក្រោយវាំងននបន្ទប់៖
«មិញហ្នឹង ខ្ញុំឃើញមានអ្នកប្រុងឡើងមក តែមួយភ្លែតក៏បាត់ស្រមោលទៅវិញ!»
«ហើយសមជ័រហ្នឹងធ្វើអីគេបាន?»
គេផ្ទុះសំណើចហើយរៀបរាប់៖
«តាមធម្មតា នៅស្រុកយើង ខ្ញុំដាក់កូនកំាបិតមួយជាប់ខ្លួន ពេលគេងម្នាក់ឯង ដាក់ក្បាលដំណេក ដល់តែមកនេះ ជិះយន្តហោះមិនហ៊ានយកមកតាម ខ្ញុំទុកសម ដែលបងឯងទិញល្ងាចមិញទុកធ្វើអាវុធការពារខ្លួន!»
ថាអំពល់ទុក្ខ ពិតជាអំពល់ទុក្ខមែនហើយ ដាក់ខ្ញុំមកដើម្បីការពារកូនស្រីគេច្បាស់ណាស់ តែចិត្តខ្ញុំពេលនេះអត់បានទើសទាល់ដូចនៅលើយន្តហោះទេ ខ្ញុំស្រាប់តែសើច ហើយបង្គាប់គេ៖
«ទៅគេងបន្ទប់បង ឱ្យរួចមួយយប់នេះសិនទៅ! ស្អែកចាំរកកន្លែងថ្មី!»
គេមើលមុខខ្ញុំហើយមិនឆ្លើយ មួយសន្ទុះទើបនិយាយដូចទើបភ្ញាក់ខ្លួន៖
«អ៎! អ៊ីចឹងយើងដូរបន្ទប់គ្នាយប់នេះសិនឬបង?»
«មិនបាច់ទេ ដេកបន្ទប់ជាមួយគ្នាទៅ!»
«ហី! ម៉េចកើត?»
«ឥឡូវចង់អង្គុយកាន់សមជ័រហ្នឹង ឬចង់ដេក?»
គេសម្លឹងមុខខ្ញុំភ្លឹះៗមិនតប ភ្លាមសំឡេងក្រៅបន្ទប់នៅតែលាន់មក ឯខ្យល់រសៀកបក់កាត់វាំងននទាំងដែលទ្វារកញ្ចប់បិទជិតក៏មិនដឹងខ្យល់មកពីណា គេងាកមើលក្រោយខ្នងតែជំហានជើងខិតមកជិតខ្ញុំ ម៉េចដែរ ចេះខ្លាចហើយ?
ភ្នែកគេនៅមើលទៅវាំងនន និងកញ្ចក់ទ្វារ តែខ្សឹបៗដាក់ខ្ញុំ៖
«បង! ខ្ញុំអត់ទាន់ងូតទឹកផង!»
«យកខោអាវទៅងូតក្នុងបន្ទប់បង បិទទ្វារឱ្យជិត ចាំពេលងូតរួច ចាំឈែតមកបង!»
ខ្ញុំគ្មានគំនិតអ្វីក្រៅពីចង់ការពារគេពិតមែន ព្រោះក៏មិនដឹងថាមានវិធីអីដែលល្អជាងនេះ ព្រោះម៉ោងជាង១១យប់ហើយ ឱ្យទៅរកសណ្ឋាគារថ្មីនៅណាពេលនេះ?
គេអត់មានសួរអីមកទៀត តែក៏ព្រមទាញកាបូបខោអាវរបស់គេ ហើយអូសដៃខ្ញុំឱ្យជូនគេចូលបន្ទប់ខ្ញុំ៖
«បងឯងចាំក្នុងបន្ទប់ខ្ញុំសិនទៅ! ចាំហើយ ចាំខ្ញុំតេប្រាប់!»
យីបានដៃណាស់ ឱ្យខ្ញុំជូនចុះឡើងៗធ្វើដូចអង្គរក្សគេហើយ។
ហើយយប់នោះ គឺជារាត្រីដែលខ្ញុំចងចាំគ្មានថ្ងៃភ្លេច។
គេប្តូរសម្លៀកបំពាក់គេងយប់ ហើយដណ្តប់កន្សែងជាប់ខ្លួន ខ្ញុំអង្គុយលើសាឡុងក្បែរវាំងននដែលបាំងទ្វារកញ្ចក់ ហើយគេអង្គុយលើពូកផ្អែកខ្នងក្បាលគ្រែ យើងនិយាយគ្នាច្រើនរឿងណាស់ រហូតដល់រំលងអធ្រាត្រ។
រឿងជីវិតដែលខ្ញុំមិនធ្លាប់បានស្តាប់ បទពិសោធន៍សើចផង យំផង ដែលខ្ញុំមិនធ្លាប់ហ៊ាននិយាយជាមួយមនុស្សស្រីទល់មុខគ្នា និងពាក្យលើកទឹកចិត្តដែលខ្ញុំហាក់មិនធ្លាប់ចង់ស្តាប់ ក៏បានជ្រៀតចូលក្នុងត្រចៀក និងពេញបេះដូង។
ការពិត ខ្ញុំមានរឿងចង់ឱ្យគេជួយចែករំលែកច្រើនណាស់ កប់ក្នុងចិត្ត គ្រាន់តែខ្ញុំមិនដឹងថា គួរប្រាប់ដល់អ្នកណា ទើបតែថ្ងៃនេះទេ ដែលខ្ញុំមានឱកាសបានបញ្ចេញវាមក ហើយខ្ញុំនិយាយរហូត ដល់តែនាងដេកលក់បាត់ពីពេលណាមិនដឹង។
ខ្ញុំជាសុភាពបុរសពិតមែន គឺជោគជ័យនឹងការពារមនុស្សស្រីម្នាក់ពីភាពភ័យខ្លាច រហូតអាចឱ្យគេគេងបានទាំងគ្មានក្តីបារម្ភ អ៊ីចឹងទេតើបានជាគេហ៊ានចំណាយលុយឱ្យខ្ញុំមករៀន ទាំងដែលការពិតខ្ញុំចប់វគ្គនេះយូរហើយ។
អនុស្សាវរីយ៍នៅវៀតណាមលើកនោះ ដុតចិត្តខ្ញុំឱ្យដេកនឹកអស់ពេលជាច្រើនខែ។ ព្រោះតាំងពីថ្ងៃនោះមក យើងមិនដែលបានចួបមុខគ្នាសោះ ព្រោះកាលវិភាគមិនត្រូវគ្នា។ យើងធ្វើការរៀងខ្លួន សូម្បីតែអាហារសាមគ្គី ពេលមាននាងបាត់ខ្ញុំ ហើយពេលបាត់ខ្ញុំមាននាង បែបនេះឬ ទើបខ្ញុំដូចជាមិនសុខចិត្តហើយចង់ឈែតទៅគេ?
«HI RS!»
ខ្ញុំផ្តើមពីពាក្យមួយម៉ាត់នេះ គេក៏តបមកវិញទាំងសារលោតមិនទាន់បានប៉ុន្មានវិនាទីផង។ មិនដឹងថាជាទម្លាប់គេដែលចូលចិត្តឆ្លើយសារលឿនៗឬព្រោះករណីផ្សេង តែខ្ញុំរីករាយ។
តែខ្ញុំមិនយល់ខ្លួនឯងដែរ ពេលគេហាយមកវិញ ខ្ញុំស្រាប់តែមិនដឹងមានពាក្យអីដើម្បីតប ឬមានសំណួរអ្វីសួរទៅគេទាំងដែលក្នុងចិត្តមានច្រើន ម្លោះហើយ ទើបកិច្ចសន្ទនានោះ ត្រូវបញ្ចប់ត្រឹមប៉ុណ្ណឹង។
គេផ្ញើសញ្ញាសួរមកទៀត តែខ្ញុំត្រឹម seen no reply រហូតដល់ថ្ងៃមួយដែលខ្ញុំទទួលបានព័ត៌មានមិនគួរឱ្យជឿទើបឈែតទៅគេជាថ្មី៖
«អូនឯងឈប់មែន?»
គេត្រឹមរីអេកលើសារខ្ញុំមិនតប និងផ្ញើរូបថតស្គី្រនលិខិតលាឈប់មកជំនួសចម្លើយ។ បេះដូងខ្ញុំស្រាប់តែធ្លាក់ក្ឌុកចេញពីទ្រូង។ ខ្ញុំហាក់មានអារម្មណ៍អន់ចិត្តនិងផ្តើមគិតថា ត្រឹមធ្វើការក្រុមហ៊ុនតែមួយ វេទនាបានចួបគេម្លឹង ចុះទម្រាំគេចេញទៅបាត់ទៀត ខ្ញុំលែងមានឱកាស?
ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រណុកក្នុងខ្លួន ដៃដែលសរសេរសាររៀបរាប់ច្រើនសែនច្រើន តែត្រូវចុចលុបវិញសម្រេចថាមិនផ្ញើទៅគេ។
យប់ដ៏សោកសៅរបស់ខ្ញុំ គឺត្រូវដេករំឭកមកវិញជាមួយអនុស្សាវរីយ៍ដែលយើងពីរនាក់ដើរលេងជាមួយគ្នារាល់ល្ងាចចេញពីរៀននៅកណ្តាលប្រទេសវៀតណាមជាងមួយសប្តាហ៍។
ការពិតដែលខ្ញុំបានទទួលស្គាល់…គឺខ្ញុំពិតជាបានចួបមនុស្សដែលខ្ញុំស្រលាញ់ពិតមែន ហើយគេគ្មានសូម្បីមួយលក្ខខណ្ឌដែលខ្ញុំបានសរសេរ set ទុកនៅក្នុងសៀវភៅបញ្ជីរើសប្រពន្ធ។ សង្សារដែលខ្ញុំធ្លាប់មានទំនាក់ទំនង ឱកាសផ្តើមស្នេហ៍សុទ្ធតែងាយស្រួល តែចុងក្រោយ ពួកគេគ្រាន់តែជាអតីត ចុះមនុស្សស្រីដែលខ្ញុំបានស្រលាញ់ស្ងាត់ៗលាក់ក្នុងចិត្តដ៏សែនអាថ៌កំបាំង បែរមកឱ្យខ្ញុំឈឺស្ងាត់ៗព្រោះតែរឿងពិបាកផ្តើមបែបនេះ?
ខ្ញុំពិតជាសុភាពបុរសដែលកំសាកមែន?
ខ្ញុំនឹកខ្សែភ្នែកគេដែលយកចិត្តទុកដាក់ពេលស្តាប់ខ្ញុំរៀបរាប់រឿងក្នុងចិត្តនៅយប់នោះ ខ្ញុំនឹកពេលយើងជិះឡាន ជិះយន្តហោះកៅអីក្បែរគ្នា ទាំងដែលចិត្តខ្ញុំរឹងរុសទើសទាល់គេ រហូតដល់ចូលចិត្តគេ។
ខ្ញុំសែននឹកប្រយោគមួយឃ្លាដែលគេនិយាយមកកាន់ខ្ញុំមុនពេលគេគេងលក់នៅយប់នោះថា៖
«សំណាងហើយដែលមានបងឯងមកជាមួយ កុំអីខ្ញុំស្ពៃ!»
វាបានជំនួសឱ្យអត្ថន័យជាច្រើនដែលគេមិនបាច់រៀបរាប់ប្រាប់ វាបានប្រាប់ខ្ញុំដោយប្រយោលថា វត្តមានរបស់ខ្ញុំក្នុងរាត្រីដែលគេភ័យខ្លាចហើយនៅក្បែរគេ គឺមានន័យណាស់។
ខ្ញុំមិនបានបំភ្លេចសំណើចយប់នោះដែលយើងនិយាយដើមមិត្តរួមការងារហើយសើចជាមួយគ្នា ខ្ញុំចាំការយកចិត្តទុកដាក់ខ្លួនឯងដែលអង្គុយស្តាប់នាងនិយាយរឿងព័ត៌មានប្លែកៗដែលនាងមើលពីអ៊ិនធឺណិត។
«បង…មិញខ្ញុំឡើងភ័យ តែឥឡូវលែងអីហើយ!»
«បង! បងឯងឈឺក្រពះមែន? ខ្ញុំដាក់ថ្នាំមកដែរ!»
«ហាស? ក្រៅពីមីកំប៉ុង នៅមានថ្នាំក្រពះទៀត? ដាក់មកតាមណា?»
«យី! បងឯងកុំប៉ិនពេក!»
«បង! បងឯងអត់ស្រួលខ្លួនមែន? មកពីយប់មិញអត់បានគេងទេដឹង?»
«អរគុណបង!»
ខ្ញុំពិតជាចង់ឮពាក្យ«បង»ចេញពីមាត់គេទៀត បើដឹងមិនមានឱកាសបែបនេះ ខ្ញុំគួរតែថតសំឡេងគេទុកស្តាប់ពេលនឹកម្តងៗ ព្រោះពេលនេះ ម្ចាស់សំឡេងទៅឆ្ងាយហើយ គេធ្វើដំណើរឆ្លងប្រទេសដែលលើកនេះលែងមានខ្ញុំនៅក្បែរ មិនសូម្បីបានចួបគ្នាចុងក្រោយដើម្បីលាមួយម៉ាត់។
គេចាកចេញពីក្រុមហ៊ុន មិនមែនរកបានការងារថ្មីទេ តែគេរកកន្លែងថ្មី ព្រោះចង់ចាកចេញពីក្តីស្រលាញ់មួយដែលគេមិនសមបំណង និងចង់គេចវេះពីរឿងបេះដូង។
ហើយម្នាក់ប្រុសនោះមិនមែនជាខ្ញុំ។
ខ្ញុំទើបដឹងថា ការពិតលក្ខខណ្ឌរបស់ខ្ញុំគឺសាមញ្ញណាស់ ហើយមនុស្សស្រីដែលខ្ញុំស្រលាញ់ នាងកាន់តែសាមញ្ញ មកពីខ្ញុំកន្លងមកសម្លឹងខ្ពស់ពេក ទើបមិនយល់ច្បាស់ពីតម្រូវការនៃចិត្តខ្លួនឯង ខ្ញុំមើលមិនឃើញ ព្រោះតែមិនទាន់ប៉ះអ្នកដែលត្រូវចិត្ត តែពេលនេះ…ខ្ញុំរកបានហើយ មនុស្សស្រីដែលខ្ញុំស្រលាញ់ពិតប្រាកដ គ្រាន់តែគេមិនបានស្រលាញ់ខ្ញុំវិញតែប៉ុណ្ណោះ៕
ចប់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ