«កំពុងធ្វើអី?»
អាម៊ីកសួរខ្ញុំ តែចិត្តខ្ញុំមើលឃើញតែមុខប្អូនស្រីសម្បុរស្រអែមរបស់គេ។
«មានស្អី?! តស់ ជល់ Tequila»
វាជាស្រាម្យ៉ាងរបស់មិកសិក ប៉ុន្តែចិត្តខ្ញុំដឹងថា ម៉ារៈ(ម៊ីក)គេយល់ណាស់ថា ថ្ងៃនេះមិនមែនជាវេលាដែលខ្ញុំអាចឆ្លងកាត់បានងាយស្រួលនោះទេ។ ថ្ងៃខួបប៉ារបស់ខ្ញុំ។ ប៉ាគឺជាវីរបុរសដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានក្នុងជីវិតនេះ ហើយ….អវត្តមានរបស់គាត់ តែងតែនាំមកនូវអារម្មណ៍ទទេស្អាតនៅក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្តែ…..ក្រោយអាវាសែយូរមក ខ្ញុំកំពុងងាកមកវិញ មកធ្វើអ្វីមួយដែលខ្ញុំបានសន្យានឹងប៉ាថាខ្ញុំនឹងធ្វើឱ្យបានមុនពេលគាត់ស្លាប់ ពេលនេះគាត់មិននៅពិតមែនតែ ខ្ញុំកំពុងបង្កើតជីវិតមួយដែលគាត់អាចមានមោទនភាពជាមួយ។
អាម៊ីកដើរព័ទ្ធខ្ញុំមួយជុំ ហើយយកដៃមកគ្របលើអាវធំរបស់ខ្ញុំ។
«យើងប្រាប់ អារីតាថា មកមើលឯងតែបន្តិចទេ!»
«ខ្ញុំ? មានអីមើល?»
អាម៊ីកញាក់ចិញ្ចើម ប្រហែលមើលឃើញទុក្ខព្រួយសម្ងាត់របស់ខ្ញុំ។
«….ប៉ុន្តែ លីយ៉ាទៅបារឆ្នេរខ្មៅ!»
ស្រីល្អិតនោះ!…..ទៅបារ?
ខ្ញុំបានដឹងថា នាងមានចិត្តលើខ្ញុំ….ហើយលីយ៉ាតែងតែខកចិត្តនឹងខ្ញុំ។ នាងមិនយល់ពីខ្ញុំទេ នាងរមែងខឹងហើយផឹកស្រាដរាបណាឃើញមុខខ្ញុំ។
នឹកឃើញឡើងវិញ គ្រាមួយជាលើកដំបូងក្នុងជីវិតដែលខ្ញុំបានលង់នឹងសម្រស់របស់នាង។ ស្រីល្អិតនោះឡើងសម្បុរក្រហមពេញរាងកាយដោយសារស្រវឹង។
រឿងនេះយូរហើយ តាំងពីប្រហែលជា៦ឆ្នាំមុន នៅពេលដែលខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមអាហារថ្ងៃត្រង់របស់គ្រួសារខ្មែរ ដ៏ល្បីល្បាញមួយនោះ។ ម៉ាលីយ៉ា នៅក្មេងពេកណាស់ ក្នុងការផឹកស្រាទាំងនោះ ទោះណាជាវ័យនាងស្របច្បាប់នៅអាមេរិកនេះ តែអ្នកផ្ទះនាងមិនព្រមអនុញ្ញាតទេ។ ខ្ញុំបានលបឃើញនាងបានចាក់ស្រាមួយស្លាបព្រាធំចូលក្នុងកែវកាហ្វេនៅក្នុងផ្ទះបាយ ពេលដែលនាងគិតថា គ្មានអ្នកណាមើល នាងភ្លេចថាមានប្រុសចិនម្នាក់ ជាស្រមោលអន្ទោលរបស់នាង។
កាលណោះ ក្នុងនាមជាមិត្តបងប្រុសនាង ខ្ញុំក៏ហៅនាងចេញមកក្រៅ បន្ទាប់ពីអាហារថ្ងៃត្រង់ចប់ព្រមាននាងថា ហាមញ៉ាំស្រាទៀត តែនាងបានអង្វរខ្ញុំកុំឱ្យប្រាប់នរណាម្នាក់។ ខ្ញុំបានចំអកឱ្យនាងថា «ខ្ញុំចង់ថើបនាង….. ហើយនាងហៅខ្ញុំថា…..មនុស្សល្មោភកាម!»
ខ្ញុំរីករាយយ៉ាងខ្លាំងក្នុងការលើកយកសាច់រឿងចាស់ៗជាមួយនាងមករំឭកឡើងវិញម្តងហើយម្តងទៀតរាប់ពាន់ដង។
សំឡេងម៉ារៈប្រាប់មកទទូច៖
«ខ្ញុំរវល់ហើយ តែឯង….តុន….ឯងគួរតែទៅក្បែរៗម៉ាលីយ៉ា!»
«គេអាយុប៉ុណ្ណឹងហើយវ៉ី!» ខ្ញុំរអ៊ូ តែចិត្តនេះស្រមៃឃើញមានបុរសៗអឺរ៉ុបជាសេដ្ឋីមានSexដូចផឹកទឹកនាំគ្នាដកកមើលនាង ដែលជានារីខ្មែរម្នាក់គត់ មកនៅចាយរាងក្នុងភោជនីយដ្ឋាននិងបារសម្រាប់សប្បាយអស់ដៃបែបនេះ?
«ម៉ាលីយ៉ាមានអាយុម្ភៃប្រាំបីឆ្នាំហើយ…លើសពីសមត្ថភាពមើលថែខ្លួនឯង!» ខ្ញុំបន្ថែមហើយធ្វើជាបែរខ្លួនទៅក្នុងរកផ្លាស់អាវ តែតាមពិត…..បើអាម៊ីកអង្វរ ខ្ញុំនឹងទៅមើលនាងភ្លាម។
តាមដឹង នាងបានចូលក្នុងក្លឹបប្រដាល់សេរីកាលពីឆ្នាំមុន អូទេ ឆ្នាំទៅមួយ នាងមានជំនាញការពារខ្លួនយ៉ាងជាក់ច្បាស់ និងមានកណ្តាប់ដៃធ្ងន់ធ្ងរក៏ថាបានជាមួយព្រាននារី តែអាម៊ីកអាចថា អត់បានដឹង មានតែខ្ញុំ ដែលជាកំពូលអ្នកតាមដានជីវិតឯកជនរបស់ម៉ាលីយ៉ា ខ្ញុំដឹង!
«ពីរនាក់ឯងវាម៉េច?»
អាម៊ីកសួរមក ដូចខឹងផងទប់ផង។ ខ្ញុំនៅសំកាំងមិនបែរខ្នង ទោះដឹងស្រេចថា គេមានហេតុផលឱ្យខ្ញុំទៅកំដរប្អូនស្រីរបស់គេ«ផឹក»។
«ជីវិតរបស់លីយ៉ា….ផ្លាស់ប្តូរជាច្រើន ចាប់តាំងពី….ឯងចាកចេញ!»
ខ្ញុំចងចិញ្ចើមគិត។
«ខ្ញុំ?» ខ្ញុំសួរមិនងាកទេ។
អាម៊ីកមិនមានពេលទេ ព្រោះគេរវល់នឹងអារីតា គេប្រញាប់ត្រលប់ទៅរកនាងវិញភ្នែក សម្លឹងមើលតែនាឡិកា។ តែបេះដូងដ៏ជ្រៅនេះ ខ្ញុំពិតជាចង់ដឹងថា មានអ្វីប្លែកនៅក្នុងជីវិតរបស់«គេ» តាំងពីខ្ញុំចាកចេញចោល New York។
ខ្ញុំងក់ក្បាល៖
«អូខេ បារឆ្នេរខ្មៅ?»
អាចថា ស្រីល្អិតនោះនឹងចាកចេញពីបារហ្នឹងទៀត ប្រសិនបើនាងដឹងថា ខ្ញុំកំពុងធ្វើដំណើរទៅ។….ប៉ុន្តែប្រហែលជា Lady Luck កំពុងញញឹមដាក់ខ្ញុំនៅក្នុងយប់នេះ ហើយបញ្ចុះបញ្ចូលម៉ាលីយ៉ា ឱ្យជល់កែវ Tequila ជាមួយខ្ញុំ។
«ធ្វើខ្លួនឱ្យ ល្អ ហ្សាងជី!» ម៊ីកថាឌឺហើយ រុំប្រទាក់ដៃនៅខាងក្រោយករបស់ខ្ញុំ «នោះហើយ…ជាមូលហេតុដែលឯងក្លាយជាអង្គរក្សល្អបំផុតរបស់ប្អូនសំណព្វខ្ញុំ»។
«ខ្ញុំនឹងតាមទាន់ Gina ផឹកមួយយប់សិន»
ខ្ញុំគ្រហឹមសើចក្នុងទ្រូង ហើយផ្គើន៖
«ចេញទៅ! ខ្ញុំនឹងនាំប្អូនឯងផឹកពេញមួយយប់នេះ!»
ម៊ីកញាក់ស្មា៖
«ល្អហើយ ដែលចេះទាញអត្ថប្រយោជន៍ពីជីវិតនៅលីវ និងសេរីភាពនៅលើទឹកដីទីក្រុងស្នេហាមួយនេះ!»
ខ្ញុំងាកទៅក្រញូវដាក់មិត្តហើយគោះលើនាឡិកាខ្ញុំ គេថ្លោះទឹកមុខដូចមនុស្សខ្លាចស្រីសម្លាប់ ដោយងាកបែររត់ចេញ។
«បងប្រុសនាងជាអ្នកនាំរឿង!» ខ្ញុំរអ៊ូសម្លក់ខ្លួនឯងក្នុងកញ្ចក់ហើយទាញយកទឹកអប់មកលាបតិចតួច។
ជំពូកទី៣
ប្រុសភ្នែកលិបគួរចង់ឱ្យវាយតប់
បន្ទាប់ពីកម្មវិធីរបស់បងម៊ីក ខ្ញុំបានទៅវិលទៅរកបណ្តែតអារម្មណ៍ក្នុងបន្ទប់សណ្ឋាគាររបស់ខ្ញុំវិញ ប៉ុន្តែបានតែប្រះបន្តិចបន្តួច ដេកមិនលក់សោះក៏សម្រេចចិត្តឡើងទៅរកឆ្នេរខ្មៅត្រឹមក្រោយនោះមិនដល់ម្ភៃនាទីផង។ ខ្ញុំមិនមែនជាប្រភេទញៀនល្បែងឬការស្រវឹងរាំរែកទេ ប៉ុន្តែបងប្អូនជីដូនមួយរបស់ខ្ញុំម្នាក់ឈ្មោះ Rocco គេជាកូនកាត់ គឺជាអ្នកលេងបៀរអាជីពដែលមិនធ្លាប់ចង់ចូលនិវត្តន៍។ គាត់ថែមទាំងមានគន្លឹះដែលអាចបង្រៀនខ្ញុំមួយចំនួនឱ្យឈ្នះកាក់។
ខ្ញុំបានមកដល់ហើយ សង្ឃឹមថាឆ្នេរខ្មៅនឹងអាចជួយកម្ចាត់ចេញខ្លះនូវពេលវេលានៃភាពលន្លង់លន្លោចក្នុងឆាកជីវិតយុវវ័យដ៏ឯកោនេះ។
ខ្ញុំលួងខ្លួនឯងដោយភេសជ្ជៈ….។
ចាប់តាំងពីខ្ញុំបានចុះកិច្ចព្រមព្រៀងជាមួយម៉ាកស្រាវីស្គីដ៏ល្បីមួយ មុនពេលខ្ញុំចាកចេញពីទីក្រុងញូវយ៉ក ខ្ញុំមានកាតព្វកិច្ចថតរូបSelfie ជាមួយនឹងសកម្មភាពទាំងឡាយរបស់ខ្ញុំ មិនថានៅបារ ភោជនីយដ្ឋានឬនៅក្នុងរមណីយដ្ឋានណាក្តី អាចថាសូម្បីញ៉ាំក្នុងបន្ទប់ខ្លួនឯង…។
ពេលខ្ញុំថតដំបូងៗនៃកុងត្រានោះ បងម៊ីកធ្លាប់ភ្ញាក់ផ្អើលហើយផ្ញើសារមកសួរខ្ញុំថា ខ្ញុំមានបញ្ហាអ្វី?។ នោះជាសំណួរស្ដង់ដាររបស់បងម៉ារៈ រាល់ពេលគាត់ទំនេរពីអារីតា ហើយមកឆែកពិនិត្យប្អូនស្រីកណ្តាលរបស់គាត់ដែល…..សែនឯកោ។
ខ្ញុំបានឆ្លើយដោយស្មោះត្រង់ ដូចពេលនេះអ៊ីចឹង បាត់ខ្ញុំគាត់សួរភ្លាមថា «នៅណា៎?» សួរបែបខ្មែរៗ ហើយមិនដែលដាច់ចេញពីជីវិតឯកជនរបស់ខ្ញុំ ឱ្យដូចទម្លាប់ពួកបារាំងឬអាគាំងនោះទេ។
ពេលខ្ញុំប្រាប់គាត់ថា «ខ្ញុំនៅក្នុងបារកំពុងផឹកស្រា!»
«បារណា?»
ឡើងភ្ញាក់ផ្អើល។
ផ្នែកតូចមួយនៃពេលនេះ ខ្ញុំឯកោ និងរងាណាស់។ មិនចង់ជជែកអីទាំងអស់ តែសង្ឃឹមថាគាត់នឹងមក សង្ឃឹមថា គាត់សុំមកអង្គុយផឹកជាមួយខ្ញុំ ប៉ុន្តែ….ដឹងហើយ ថាមិនអាចកើតឡើងបានទេ អារីតានៅចាំ គាត់ដើរចោលនាង គឺដូចមិនសមជាប្រុសម្នាក់សោះ។
ថ្មីៗនេះ ខ្ញុំមិនមានឱកាសច្រើនជាមួយលីដេឬបងម៊ីកសោះ ព្រោះពួកគេ…..មានអ្នកដែលនៅរង់ចាំ។ មានរឿងជាច្រើន ដែលខ្ញុំចង់ឱ្យលីដេនិងបងម៊ីកដឹង គឺរឿងត្រលប់ពីទៅស្រុកខ្មែរ ធ្វើការងារខ្លះលែងរវល់ចង់សាងកេរ្តិ៍ឈ្មោះរកស៊ីអីទៀតហើយតែប្រហែល ត្រូវរង់ចាំមួយរយៈទៀតចាំប្រាប់ពួកគេ ពេលនេះបងប្អូនខ្ញុំ….រវល់អស់ហើយ។
«ហេ៎ ចៃដន្យមែន!»
សំឡេងនោះ….ប៉ុន្មានម៉ាត់សោះ ល្មមអាចបញ្ជូនខ្ញុំឱ្យចាកចេញពីភាពឯកោលន្លង់លន្លោចបានព្រោះសូរសៀង ជាកម្មសិទ្ធិរបស់បុរសម្នាក់ដែលមានឥទ្ធិពលមកលើបេះដូងខ្ញុំកាលពីសែសិបប្រាំនាទីមុននេះ។ ខ្ញុំបាត់គេឈឹងក្រោយកម្មវិធីបងម៊ីកនិងអារីតា គិតថា គេទំនងជាចេញទៅក្រៅ ឬទៅកាន់បារផ្សេងទៀតក្នុងចំណោមបារជាច្រើននារមណីយដ្ឋានដ៏ប្រណីតនេះ។
«ស្រីស្អាតនេះ ខ្ញុំឃើញមុន!»
សំឡេងមួយទៀតរបៀបជាជនជាតិស្បែកក្រហម ពួកព័រទុយហ្គាល់។ល។ ខ្ញុំក្រឡេកមើលតាមពីលើស្មាឆ្វេងរបស់ខ្ញុំព្រោះសំឡេងកៀកពេក ដើម្បីមើលឃើញប៉ិតុនផង។
គេពិតជាមានវត្តមានឈរក្បែរៗ ខណៈបុរសខ្ពស់រាងដូចអ្នកទាត់បាល់ ដែលដើរពាំងពីមុខគេនិយាយបន្ថែម៖
«ខ្ញុំគិតថា ខ្ញុំស្រលាញ់នាង ហើយវត្តមានឯងកំពុងរញ៉េរញ៉ៃជាមួយហ្គេមរបស់ខ្ញុំ»
«ហ្គេមរបស់អ្នកឯង? ខ្ញុំនេះ?» ខ្ញុំនិយាយផ្ទាន់មុនពេលតុនញាក់ស្មាបណ្តេញមនុស្សស្បែកក្រហមដោយមុខស្មើ៖
«ចេញទៅ!»
ជនចម្លែកនោះ លើកចិញ្ចើមខ្មៅក្រាស់ឡើងទៅសឹងដល់ជើងសក់ដោយហាមាត់រកជនសិង្ហបុរីផងដូចជាកាយវិការសួរថា៖
«ស្អី?»
«ឮរួចហើយ! ខ្ញុំប្រាប់ឱ្យឯងដើរចេញ!»
ខ្ញុំឱបដៃ តែក្រឡេកទៅចាប់បានស្នាមញញឹមលើមុខហ្សាងជីពេលដែលបុរសនោះគ្រវីក្បាលបដិសេធ៖
«ចុះបើមិនទៅ?»
ខ្ញុំមិនចង់ឱ្យមានទំនាស់ទេ ទើបលូកមាត់កាត់៖
«នោះទ្វារ!»
ជននោះញញឹមឱនមកឌឺដងចែចង់ខ្ញុំ៖
«បងនឹងធ្វើឱ្យអូនពេញចិត្ត ស្រីអាស៊ី!» ខ្ញុំដកដង្ហើមហត់ណែនព្រោះខឹង។ ចង់ឆ្លើយណាស់ ថាកុំឱ្យមកខ្ជះខ្ជាយពេលវេលាជាមួយខ្ញុំ គួរងាកទៅរកស្រីដែលស្វែងរកបុរសធុនគេទៅ។ តែនិយាយមិនចេញ។ គេនោះមិនឈប់សោះ ហាឡើងមិនចេះខ្មាស ប្រហែលអាងនាឡិកាថ្លៃ១០ម៉ឺន និងខ្សែក្រវាត់ប្រេនសេដ្ឋីដែលពាក់ហ្នឹងហើយ បានជារឿយៗឈ្ងោកសម្លឹងសម្ភារៈទាំងនោះដូចចង់អួតខ្ញុំ?
«គ្មានអ្នកណាទេ មែនអត់?»
បុរសរើសអេតចាយខ្សោយខួរម្នាក់ហ្នឹងសួរ ខ្ញុំខាំមាត់ ស្លេកមុខខឹងណាស់ គេនិយាយមកបន្ថែម៖
«ប៉ុនហ្នឹងហើយមិនទាន់សមរម្យត្រូវTargetទៀត?»
«No» ខ្ញុំឆ្លើយយ៉ាងរហ័ស «ខ្ញុំមិនរកអ្នកណាទាំងអស់ មនុស្សចោលម្សៀត»
«ព្រោះមានអាចិនមានល្អិតនេះ?» ថាផង មនុស្សនេះដៀងសម្លឹងមើលទៅទិសដៅដែលតុនឈរក្រពាត់ដៃ។ គេនេះ ចង់ត្រូវពេកណាស់ គេញាក់ចិញ្ចើមសួរទៀត៖
«ឯងមែនទេដែលជារបស់នាង??»
«មិនមែនទាំងអស់!»
ខ្ញុំតបដោយសើចតិចៗចំអកពួកគេ ព្រោះមិនចង់រង់ចាំស្តាប់ចម្លើយរបស់ប៉ិសិង្ហបុរីដូចគ្នា។
«ខ្ញុំមិនត្រូវការអ្នកណាទាំងអស់!»
បុរសនោះយល់ហើយ ពេលនេះខ្ញុំធ្វើឱ្យច្បាស់គ្រប់គ្នាថា គ្មានអ្នកណាជាចំណុចស៊ីបរបស់ខ្ញុំទេ។ គេឈានមកពាក់ដៃលើស្មាជាមួយតុន ហើយនិយាយដូចសម្លាញ់នឹងគ្នា៖
«នាងឫកធំ ឬយើងអន់ពេក?»
តុនមិនចោលភ្នែកត្រជាក់ៗនិងទឹកមុខឌឺដងមើលមកខ្ញុំសោះទេ តែមាត់គេព្រមានមនុស្សចម្លែកនោះ៖
«ដកដៃចេញ!»
ទឹកមុខគេកាចៗ ហើយសម្តីព្រមានគេក៏ដំណើរការមែនដោយខាងបុរសស្បែកក្រហមនោះដកដៃនិងដកថយទាំងមាត់បានប្រកាសថា៖
«ខ្ញុំទៅក៏បាន!!! តែលើកក្រោយខ្ញុំនឹងកែប្រែវិធីសាស្ត្រឱ្យផ្អែមល្ហែមជាងនេះ! អរគុណសម្រាប់ feedback អូនសម្លាញ់!»
«ទៅឱ្យបាត់ទៅ!» ខ្ញុំរអ៊ូ ខណៈដែលតុនយកឱកាសឈានមកពេញដោយសេរីភាពអង្គុយលើកៅអីវែងក្បែរខ្ញុំ។
«ចរិតក្មេងខ្មែរមិនឃើញមានផ្លាស់ប្តូរបន្តិចណាទេ»
«ទាក់ទងអី?» ខ្ញុំនិយាយធ្វើហី តែចិត្តខ្ញុំញញឺមដែលយប់នេះ ឯកោៗ ហោចណាស់មានគេមកកំដរផឹក។
ការសម្លឹងមើលរបស់គេឆ្ពោះមកខ្ញុំ គឺអូសតាំងពីក្បាលដល់ចុងជើង។ នេះជាការសម្លឹងលើកទីបីហើយនៅយប់នេះ ជួបត្រង់ណា ស្កេនត្រង់ហ្នឹង។
«ទាក់ទងអី?» គេរអ៊ូធ្វើដូចរកនឹក ដោយពោលផ្ទួនពាក្យខ្ញុំបីម៉ាត់ហ្នឹងដដែលជាដដែល ហើយទីបំផុតគេប្រាប់មកខ្ញុំ៖
«អាម៊ីកបញ្ជូនខ្ញុំមកមើលថែទេពអប្សររបស់វា ប៉ុន្តែ…»
«ខ្ញុំសុខសប្បាយជាធម្មតាទេ ខ្ញុំមានសុវត្ថិភាព»
ខ្ញុំពោលបែបនេះលលេងដាក់គេព្រោះមានឱកាសដៀមដាមគេហើយ រឿងអីថាមិនធ្វើ?
ពេលខ្លះ ខ្ញុំធ្វើជាក្រឡេកមើលម្តងទៅឆ្វេង ម្តងទៅស្តាំដើម្បីកុំឱ្យខ្លួនឯងជាប់រវល់សម្លឹងមើលឃើញមុខដ៏ស្រស់សង្ហារបស់ប៉ិនេះយូរពេក។
«ខ្ញុំដឹង!» សំឡេងគ្រហឹមៗពីទ្រូងរបស់ហ្សាងជី ជាសព្ទសំឡេងទាក់ទាញមនុស្សស្រីខ្លាំង ជាសំឡេងមានថាមពលនិងSexy រាល់ពេលនៅឈរក្បែរៗគ្នា។
«ប៉ុន្តែ ដោយសារឥឡូវជ្រុលជាមកហើយ សូមបាញ់មួយឬពីរគ្រាប់»។
«បាញ់?» ខ្ញុំសួរដោយភ្ញោចអារម្មណ៍សម្ងាត់។
«Tequila! ស្រា!!! ស្មានថាបាញ់អីគេ? អាម៊ីក គេថា ប្អូនគេមានចំណង់ចំណូលចិត្តស្រាមិកសិក»
ខ្ញុំសើច៖
«គាត់ស្មានខុស! ជឿទៅ!»
តុនឱនមកជិតៗខ្ញុំហើយខ្សឹប៖
«ស្រាក្រហមក្នុងកាហ្វេ?»
គេនិយាយត្រូវ ប៉ុន្តែខ្ញុំគ្មានថ្ងៃព្រមទទួលស្គាល់ការពិតទេ។ ខ្ញុំមិនអាចឱ្យជននេះបានចិត្តដាច់ខាត។
មនុស្សដូចគេ ពូកែណាស់ អាខាងមកចងចាំរឿងតូចតាចរបស់មនុស្សគ្រប់គ្នា។ ប្រសិនបើគេមិនរំខានដូចនរកទេ ខ្ញុំស្រលាញ់គេស្លាប់ចោលហើយ។
ខ្ញុំនិយាយកុហកឡើងថា៖
«ចំណាយពេលគិតពីខ្ញុំម៉េះ? ខ្ញុំគ្មានចំណុចខ្សោយទេ!»
«អ៊ីចឹងយើងសាកមើល» ប្រុសអាស៊ីកូនកាត់ម្នាក់នេះ ទំនងចាញ់សម្រស់ខ្ញុំបើតាមភ្នែកគេដែលសម្លឹងមកខ្ញុំមិនដក ស្រទន់ៗ ហើយមាត់គេស្ញេញជានិច្ច។
«សាកអីគេ?» ខ្ញុំរំអួយសួរអួតរោមភ្នែកដែលទើបនឹងពត់រួច។ ពេលវេលានេះ ស្អាតដូចមាស មានប្រុសគួរឱ្យធុញបំផុតមកនៅក្បែរទៅហើយ ខ្លាចអ្នកណាអាចមកធ្វើឱ្យធុញលើសហ្នឹងទៀត?
«កាហ្វេ+ស្រាវ៉ូដាកា+ទឹកសូដា!» គេមិចភ្នែកនិយាយសួរចិត្តខ្ញុំ។
ដូច្នេះខ្ញុំងក់ក្បាល៖
«បានតាស៎ ហើយជម្រើសបន្ទាប់ គឺជាជម្រើសរបស់ខ្ញុំរៀបចំម្តង!»
គេងក់ក្បាលភ្លាម។ ខ្ញុំឃើញភាពរឹងមាំ ក្នុងឫកពារបស់គេ។ គេនេះគ្មាននរណាដែលបានជាមកស្ម័គ្រកំដរខ្ញុំជួសបងម៊ីក?
«ម្នាក់ពីរគ្រាប់! OK?»
ខ្ញុំងក់ក្បាលយល់ព្រមប្រកួតម្តងពីរកែវ ដោយលាយម្នាក់ម្តង។
ហ្សាងជីហុចធីបហើយផ្តើមថតអ្នកក្រឡុកស្រាមុនពេលគេខ្លួនឯងដៀងមើលមកខ្ញុំ។ ខ្ញុំញញឹមខ្លីហើយងាកចេញធ្វើមិនខ្វល់ ពីកញ្ចក់ក្រោយពីសក្រឡុកស្រា ខ្ញុំឃើញជ្រុងបបូរមាត់របស់គេនេះ កោងឡើងជាស្នាមញញឹមដ៏សិចស៊ីជឿជាក់។
«ចាប់ពីយប់នេះទៅ នាងស្អប់ខ្ញុំតិចជាងមុនហើយកូនក្មេង»
ខ្ញុំញ័រក្បាលសើច។
«ខ្ញុំមិនដែលមានពេលទៅស្អប់មនុស្សដែលខ្ញុំមិនខ្វល់ជាមួយទេ!»
គេឱនមកជិតខ្ញុំ រហូតខ្ញុំអាចមានអារម្មណ៍ថា អាវគេគ្របមកលើស្បែកករបស់ខ្ញុំ។
«អរគុណដែលខ្វល់នឹងខ្ញុំ!»
ខ្ញុំតវ៉ា៖
«ខ្ញុំចង់និយាយថា ខ្ញុំមិនដែលស្អប់ព្រោះ….មិនដែលខ្វល់!»
«រាងកាយនាង និយាយការពិតជាង! ដង្ហើមនាង ភ្នែកនាង ស្បែកនាងកំពុងប្រាប់ខ្ញុំថា យើងប្រហែលជាមានរឿងជាមួយគ្នាទៅមុខច្រើន ព្រោះ…..មិនត្រឹមខ្វល់…..តែនាងចូល….ចិត្តខ្ញុំហើយ!»
អ្វីដែលខ្ញុំត្រូវធ្វើ គឺរក្សាសតិរបស់ខ្ញុំ រហូតដល់ខ្ញុំបានបាញ់ពីរគ្រាប់(២កែវ)។ បន្ទាប់មកខ្ញុំអាចរត់ទៅបន្ទប់របស់ខ្ញុំ ហើយដេកលបសុបិន្តអាក្រក់ៗអំពីគេនេះដល់ភ្លឺ។
ជំពូកទី៤
ការភ្នាល់ថ្មី
នារីខ្មែរ ទម្លាក់គ្រាប់ទីពីរភ្លាមៗពេលអ្នកក្រឡុកស្រាដាក់កែវនៅពីមុខនាង។ ឯខាងខ្ញុំ នៅមិនទាន់ប៉ះកែវរបស់ខ្ញុំនៅឡើយទេ។
«រួចរាល់»
នាងប្រកាសដោយអូសអណ្តាតលើបបូរមាត់ខាងក្រោមរបស់នាងចិត្តខ្ញុំឆេះឆួលឡើងមួយវឹប ជាមួយសំណួរថា ទីនោះសម្រាប់ប្រុសណាទៅ?
ខ្ញុំនឹងនឹកនាង នឹកបបូរមាត់នេះពេញមួយយប់ក្រោយពេលដែលខាងនាងក្រោកទៅបាត់ចោលខ្ញុំ។
ខ្ញុំនិយមនឹកនាង រាល់ពេលនៅម្នាក់ៗឯង ហើយភាពឯកោចេញពីរាងកាយដោយខ្លួនឯងទាំងស្រមៃថា បាននាងមកនៅក្បែរគ្នា។ ប៉ុន្តែខ្ញុំនេះជារឿងផ្ទាល់ខ្លួន ខ្ញុំមានចំណង់ច្រើនណាស់ ក្នុងជីវិតឯកជន ហើយមនុស្សដូចជា ម៉ាលីយ៉ាមិនអាចទ្រាំទ្រជាមួយខ្ញុំបានទេ។
គ្រប់យ៉ាងនៃស្នេហាពួកយើងបានចាប់ផ្តើមនៅកន្លែងណាមួយ រវាងពេលដែលនាងបង្ហាញខ្លួននៅមាត់ទ្វារបន្ទប់របស់ខ្ញុំជាមួយកែវភ្នែកស្រទន់ នៅកណ្តាលនៃ one night stand មួយ ដែលខ្ញុំជាម្ចាស់ផ្ទះកាលពីមួយទសវត្សរ៍មុនជាមួយនារីចិនដីគោកម្នាក់ ដែលខ្ញុំមិនចាំសូម្បីឈ្មោះ ហើយនោះក៏ជាថ្ងៃដែលខ្ញុំដឹងថា នាងល្អិតមានខ្ញុំក្នុងរាត្រីនីមួយៗរបស់នាង។
ក្រឡេកមើលទៅក្រោយ ខ្ញុំដឹងថា ការបញ្ជាឱ្យនាងធ្វើអ្វីមួយ គឺជារឿងមិនសមរម្យទេ គេនេះជាមនុស្សដែលមានឯករាជ្យភាពខ្លាំង មានគំនិតអាជីវកម្មដ៏អស្ចារ្យ ហើយមានតម្លៃយ៉ាងហោចណាស់ពីរបីលានដុល្លារ ក្នុងនាមអ្នកឃោសនាលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
«ប្រញាប់ម្ល៉េះ ពីរកែវហើយ?»
ម៉ាលីយ៉ាក្រឡេកមកមើលកដៃខ្ញុំ និងនាឡិកាពណ៌ប្រាក់ដែលតែងតែជាប់នៅ។ នាងបន្លឺសំឡេងស្រាលៗបន្ទរពីលើបទភ្លេងពីរោះមួយដែលធ្លាប់ស្គាល់។
«ខ្ញុំចាំនាឡិកានេះ!»
ខ្ញុំនិយាយវិញដែរថា៖
«ខ្ញុំចាំបទចម្រៀងនេះ ធ្លាប់ឮនាងច្រៀងកាលនៅក្មេង!»
ស្រីដ៏ស្រស់ម្នាក់នេះ នាងព្យាយាមការពារកុំឱ្យខ្ញុំឃើញស្នាមញញឹមលើផ្ទៃមុខ ដោយយកដៃមួយមកលើមាត់របស់នាង។
«បទហ្នឹងពេញនិយម មនុស្សសឹងគ្រប់គ្នាចេះច្រៀង!»
ខ្ញុំសើចហើយទន្ទេញ៖
«But when you hold me near (you hold me near) you drown out the crowd (out the crowd) Try as they may, they can never define. What’s being said between your heart and mine»
ប្រស្រីភ្នែករបស់នាងពង្រីក ភ្នែកសងខាងមូលក្លុំ
ម៉ាលីយ៉ាភ្ញាក់ផ្អើលណាស់ដែលខ្ញុំចេះចាំបទមួយនេះ។
«ចេះច្រៀងទៀត?» នាងលាន់មាត់។
«ចុះមុននេះ អ្នកណាថា គ្រប់គ្នាចេះច្រៀង? ខ្ញុំមានអីចម្លែក?»
នាងដកដង្ហើមធំហើយងាកមកវាក់នឹងនាឡិការបស់ខ្ញុំម្តងទៀត។
«ប៉ារបស់លោកជូនលោកនៅថ្ងៃខួបកំណើតអាយុដប់ប្រាំបីមែនទេ?»
ខ្ញុំងក់ក្បាល។
ដៃឆ្វេងរបស់នាងដាក់មកលើ កដៃរបស់ខ្ញុំហើយខ្សឹប៖
«សោកស្តាយដែលគាត់ទៅ! គាត់គឺជាបុរសដ៏ល្អបំផុតម្នាក់ដែលខ្ញុំធ្លាប់ស្គាល់!»
ខ្ញុំងក់ក្បាលម្តងទៀត។
«កាលហ្នឹង លោកបានស្បថថា ចង់ធ្វើឱ្យបំណងប្រាថ្នារបស់គាត់ក្លាយជាការពិត»
នាងផ្អាកព្រោះខ្ញុំភាំងនឹងការចងចាំរបស់នាង នាងចាំទាំងអស់? «តើបំណងប្រាថ្នាគាត់ចង់ឃើញលោកក្លាយជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុមែនទេ?»
នោះគឺមរកតលោកប៉ាដែលប្រាប់ខ្ញុំពី របៀបដែលគ្រប់គ្នាគួរអាចរកប្រាក់បានលើសពីចិញ្ចឹមជីវិត ប៉ុន្តែការដែលម៉ាលីយ៉ានៅចាំច្បាស់អំពីរឿងនោះមិនសមណាខ្ញុំមិនដឹងនោះទេ។
ពិតណាស់ថា បងប្រុសរបស់នាង និងខ្ញុំបានចាប់ដៃគូជាមួយមិត្តរួមការងារច្រើនឆ្នាំមកហើយបង្កើតធនាគារដែលឥឡូវនេះមានលទ្ធភាពរក្សានិងគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតិថិជនជាមហាសេដ្ឋីជាច្រើន។ ការក្លាយជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ គឺជាការផ្លាស់ប្តូរអាជីពដ៏ឆ្លាតវៃបំផុតមួយប៉ាតែងចង់ឱ្យខ្ញុំធ្វើ។
ខ្ញុំច្បូតមុខពេលនឹកដល់ប៉ា ខ្ញុំបញ្ជាក់តបប្រាប់នាងថា៖
«គាត់ចង់ឱ្យខ្ញុំរកលុយបានច្រើន ដើម្បីអាចធ្វើអ្វីៗក្តីដែលខ្ញុំស្រលាញ់!»
ដោយប្រើម្រាមដៃចង្អុលរបស់នាងខ្ញុំនិយាយទៀត៖
«បេសកកម្មបានសម្រេចហើយ!»
ខ្ញុំសម្លឹងមើលទៅក្នុងភ្នែកពណ៌ត្នោតរបស់នាង ដោយប្រាថ្នាថា ព្រះឱ្យខ្ញុំដឹងពីវិធីនិយាយអ្វីទៅទើបអាចរក្សាវត្តមាននាងនៅកន្លែងនេះបាន រយៈពេលហុកសិបនាទីទៅមុខទៀត។
តែឥឡូវ ខ្ញុំនឹងបរាជ័យយ៉ាងវេទនាហើយព្រោះម៉ាលីយ៉ារអិលប្រាណយឺតៗចេញពីកៅអីរបស់នាង។
«រីករាយជាមួយការភ្នាល់! រាត្រីសួស្តី!»
ខ្ញុំទាញភ្នែកសម្លឹង បបូរមាត់នាង រួចប្រញាប់ផ្ដោតមកលើភ្នែករបស់នាងម្ដងទៀតដោយនិយាយខ្លីៗ៖
«កុំទាន់ទៅ!»
«ដើម្បីអ្វី?» នាងសួរភ្លាមរួចក្រឡេកមើលអ្នកក្រឡុកស្រា។ ម្នាក់នោះងាកចេញទៅធ្វើការរបស់គេនៅកន្លែងផ្សេង។
«ចង់ឱ្យទៅសាកភ្នាក់នៅបន្ទប់ ស្រានៅឯណោះ ខ្លាំងជាងនៅទីនេះ!»
ខ្ញុំថាហើយបញ្ចេញស្នាមញញឹមយ៉ាងច្បាស់ដាក់នាងហើយបញ្ជាក់បន្ថែម៖
«មិនគិតថ្លៃទេ!»
ដូចខ្ញុំគិត នាងយល់ន័យរបស់ខ្ញុំហើយអល់អែក និយាយដាច់ៗ៖
«ខ្ញុំត្រូវទៅបន្ទប់ទឹក!»
នាងប្រុងឈានទៅ ខ្ញុំក៏រើទៅឈរក្បែរដែរហើយខ្សឹប៖
«ខ្ញុំនឹងនៅទីនេះរង់ចាំនាង!»
នាងងាកមកសម្លឹងខ្ញុំតែបន្តិច មិនឆ្លើយ មិនបដិសេធ តែនាងឈានទៅ។ ខ្ញុំនៅតែគិតថា ខ្លួនឯងមានស្នាមញញឹមមួយដែលអាចទាញរនាំងរឹងរូសរបស់មនុស្សស្រីចេញ ហើយខ្ញុំស្គាល់ម៉ាលីយ៉ាច្បាស់ជាងមនុស្សស្ទើរតែទាំងអស់ក្នុងលោកនេះ។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ