—សំឡេងក្រោយអគារចាស់—
ខ្យល់បក់ត្រសៀកក្នុងបរិវេណវិទ្យាល័យមួយ លើទឹកដីនៃស្រុកមួយក្បែរជាយដែន ក្រាលគ្របដោយម្លប់ដើមក្ងោកដ៏ត្រឈឹងត្រឈៃ សម្រាប់សិស្សានុសិស្សកំឡុងម៉ោងសម្រាក។ បើក្រឡេកទៅសិស្សានុសិស្ស ៤-១០ថ្នាក់នៃវិទ្យាល័យនេះ កំពុងកម្សាន្តអារម្មណ៍តាមបែបយុវវ័យរៀងខ្លួន ខុសប្លែកតែ លីណា គឺតែងតែសំកុកក្នុងបណ្ណាល័យជាមួយនឹងភាពស្ងប់ស្ងាត់ ឯដៃកាន់សៀវភៅប្រវត្តិសាស្ត្រចាស់មួយ ព្រមនឹងទឹកមុខងើយឆ្ងល់ ប្រឹងរកអ្វីមួយ…។
ចប់ម៉ោងរៀន គ្រប់គ្នារូតរះទៅផ្ទះ ខុសប្លែកតែ លីណា បែរជាដើរសំដៅទៅអគារចាស់មួយនៅក្រោយសាលា ដែលបិទចោលជាង ២០ឆ្នាំ ហើយហ៊ុំដោយធូលី ឯស្មៅលូតវែងជុំវិញជញ្ជាំងស្មើរមាត់បង្អួច។ គេនិយាយថា មានសិស្សម្នាក់បាត់ខ្លួននៅទីនោះក្នុងឆ្នាំ២០០៥។ តាំងពីថ្ងៃនោះ មិនមាននរណាចូលទៅក្បែរទៀតទេ។ តែទោះជាបែបនេះ លីណា មិនដែលជឿលើពាក្យចចាមអារាមនោះទេ។ តែថ្ងៃនេះ មានអ្វីមួយខុសប្លែក។ នៅពេលនាងដើរឆ្លងកាត់ទីធ្លាក្រោយសាលា ក៏ស្រាប់តែសំឡេងមួយដូចជាគេគាស់ឈើបុកជញ្ជាំង…
“ក្រឺ..ក…ក…”
នាងបញ្ឈប់ដំណើរភ្លាមៗ។ បេះដូងរបស់នាងបុកលឿនជាងធម្មតា។
“ប្រហែលជាសត្វអីមួយហើយ…” នាងលួងអារម្មណ៍ខ្លួនឯង ។
តែសំឡេងនោះក៏ឭម្តងទៀត ហើយលើកនេះច្បាស់ជាងមុន។ មិនមែនសំឡេងសត្វទេ…វាដូចជាការគាស់ពីខាងក្នុងមក។
ភ្លាមនោះ មានសំឡេងជើងដើរខាងក្រោយ។
“កំពុងធ្វើអីនៅទីនេះ?”
លីណាងាកខ្លួនភ្លាមទាំងភិតភ័យស្ទើរបាត់ជំហរ។ តែក៏ស្រាលអារម្មណ៍មកវិញ ក្រោយបានឃើញមុខម្ចាស់សំណួរ។ រិទ្ធ ឈរនៅពីក្រោយនាង មុខមាត់ស្ងប់ស្ងាត់ តែភ្នែករបស់គេដូចជាកំពុងសង្កេតអ្វីមួយ។
“ U ឯងអត់ឮសំឡេងអីទេ?” នាងសួរ។
រិទ្ធមើលទៅអគារចាស់បន្តិច មុននឹងឆ្លើយយ៉ាងខ្លី។
“អគារនេះគេបិទយូរហើយ។ មិនមានអ្វីនៅក្នុងទេ។ យើងគួរត្រឡប់ទៅផ្ទះ។”
សំឡេងនោះបាត់ទៅហើយ។ តែអារម្មណ៍មិនស្រួលនៅក្នុងចិត្តលីណាមិនបាត់ទេ។ ពេលនាងងាកមុខចេញ ក៏ស្រាប់តែមើលឃើញអ្វីមួយនៅជាប់ជញ្ជាំង—ក្រដាសតូចមួយដាក់ជាប់ក្នុងប្រហោងជញ្ជាំង។ នាងសន្សឹមទៅជិត ហើយយកវាចេញ។ លើក្រដាសនោះ មានអក្សរសរសេរដោយដៃថា៖ កុំជឿអ្វីដែលអ្នកឃើញ។ សេចក្តីពិតនៅក្រោយជញ្ជាំង…
នាងបុកពោះភ័យ សឹងបាត់ស្មារតីជាថ្មី។ បេះដូងដូចធ្លាក់ដល់ដី។ រិទ្ធមកឈរជិតនាង។ ភ្នែកគេសម្លឹងអក្សរនោះយ៉ាងយូរ មុនសួរ ៖
“យកវាមកពីណា?”
លីណាសំឡឹងគេវិញ រួចចង្អុល។
“វាដាក់នៅទីនេះ។ U ឯងដឹងអ្វីមួយមែនទេ?”
រិទ្ធមិនឆ្លើយភ្លាមៗទេ។ គេចាប់ដៃនាងស្រាលៗ ហើយបន្ទន់សំឡេងជាងមុន៖
“លីណា…បើអ្នកចង់សុវត្ថិភាព កុំបន្តស៊ើបអង្កេតរឿងនេះ”
នាងឈរគាំងមួយសន្ទុះមុននឹងទាញដៃគេចេញ។ ឯចិត្តក៏កាន់តែឆ្ងល់។
“ហេតុអ្វី?”
រិទ្ធ មិនឆ្លើយអ្វី រួចបង្វែរខ្លួនដើរចេញទុកឱ្យនាងឆ្ងល់ម្នាក់ឯង។
លីណាឈរនៅទីនោះ មើលទៅអគារចាស់ដែលស្ងៀមស្ងាត់ដូចជាមិនមានអ្វីកើតឡើង។ ប៉ុន្តែនាងប្រាកដក្នុងចិត្តថា—អគារនោះ ប្រាកដជាមានអាថ៌កំបាំងនៅពីក្រោយ។ ហើយជឿថា អាថ៌កំបាំងដែលលាក់នៅក្រោយជញ្ជាំង កំពុងរង់ចាំនាង…។
—ក្រោយទ្វារដែលបិទជាប់—
ព្រឹកថ្ងៃបន្ទាប់ លីណាមិនអាចផ្តោតលើមេរៀនបានទេ។ អក្សរនៅលើក្តារខៀនដូចជារលាយចូលគ្នា ខណៈដែលគំនិតរបស់នាងនៅតែត្រឡប់ទៅក្រដាសតូចម្សិលមិញនោះ។ “សេចក្តីពិតនៅក្រោយជញ្ជាំង…សេចក្តីពិត..ក្រោយជញ្ជាំង..ក្រោយជញ្ជាំង” តើនរណាសរសេរ? ហើយហេតុអ្វីបានជា រិទ្ធ មើលទៅដូចជាដឹងអ្វីមួយ?
ដោយទ្រាំនឹងភាពចង់ដឹងចង់ឭមិនបាន។ នៅពេលសិស្សចេញលេងម៉ោងថ្ងៃត្រង់ លីណា ក៏សម្រេចចិត្តដើរទៅរក រិទ្ធ ដែលកំពុងអង្គុយក្រោមដើមឈើចាស់ជាប់ទីលានកីឡា។ លីណា ដើរសំដៅទៅ រិទ្ធ ។
“ខ្ញុំចង់ចូលទៅក្នុងអគារនោះ” នាងនិយាយត្រង់ៗ។
រិទ្ធ ងើយមុខមើលនាង តែខ្សែភ្នែកដូចមិនសូវភ្ញាក់ផ្អើលដូចដែលនាងគិតឡើយ។
“ខ្ញុំដឹងថាយើងនឹងនិយាយបែបនេះ” គេឆ្លើយដោយសំឡេងស្មើរៗ ខណៈ លីណា កំពុងស្រេកឃ្លានចង់ដឹងយ៉ាងអន្ទះសារ។
“U ដឹងរឿងអីមែន?”
រិទ្ធស្ទាក់ស្ទើរ។ បន្ទាប់មកគេដកដង្ហើមធំមួយ ទើបស្រដីប្រាប់៖
“ប៉ារបស់ខ្ញុំ… គាត់ធ្លាប់រៀននៅទីនេះ។ នៅឆ្នាំដែលសិស្សម្នាក់បាត់ខ្លួន។”
បេះដូងលីណាបុកខ្លាំង។ តែក៏មិនភ្លេចនូវការចង់ដឹង។
“ហើយយ៉ាងម៉េចទៀត?”
“គាត់មិនដែលនិយាយលម្អិតទេ។ តែគាត់តែងតែប្រាប់ខ្ញុំថា មានរឿងមួយដែលគាត់មិនអាចនិយាយបាន។”
ភាពស្ងប់ស្ងាត់ស្រាប់តែកើតមានរវាងពួកគេ។ ពួកគេសម្លឹងមុខគ្នាទៅវិញទៅមកលាក់គំនិតរៀងខ្លួន។ តែព្រោះអារម្មណ៍ចង់ដឹងការពិត អ្នកទាំងពីរក៏សម្រេចនឹងទៅទីនោះម្តងទៀត…។
—ស្វែងរកការពិត—
ល្ងាចថ្ងៃមួយ ពេលសាលាបិទទ្វារ លីណា និង រិទ្ធ បានជួបគ្នាមុខអគារចាស់នោះ។ ពួកគេឈរដូចរូបសំណាកសំឡឺងទៅទ្វារដែកខាងមុខដែលមានច្រវ៉ាក់សោចាស់ព័ទ្ធជុំវិញ អមនឹងភាពស្ងប់ស្ងាត់ យល់តែសំឡេងខ្យល់ស្រាលៗបក់ប៉ះចុងស្មៅវែងខ្លីដុះព័ទ្ធទីនោះ។
“យើងមិនអាចចូលតាមមុខទេ។ ខាងក្រោយមានបង្អួចបែកមួយ។” រិទ្ធនិយាយ។
ពួកគេដើរជុំវិញអគារ។ ស្មៅដុះខ្ពស់ស្មើរជង្គង់។ លីណា ក៏ក្រឡេកឃើញបង្អួចកញ្ចក់បែកពាក់កណ្តាល។ មិនបង្អង់យូរ រិទ្ធ ជួយលីណាឡើងចូលមុន រួចគេចូលតាមក្រោយ។ សភាពខាងក្នុងងងឹត និងមានក្លិនធូលីខ្លាំងដល់ធ្វើឱ្យពួកកណ្តាស់។ ថ្ងៃចូលតាមរន្ធបង្អួច បង្កើតជាខ្សែពន្លឺលើជញ្ជាំងដែលបាក់បែក។ ឯខ្យល់ដែលបក់ចូលចេញតាមច្រកបង្អួចបាក់នោះ បង្កើតជាសំឡេងហួចស្រាលៗ។
ក្នុងសភាពងងឹតមានពន្លឺតិចតួចបែបនេះ អ្នកទាំងពីរក៏រហ័សទាញទូរស័ព្ទបើក Flash មើលទិដ្ឋភាពខាងក្នុងដែលហ៊ុំព័ទ្ធដោយធូលី និងសំបុកពីងពាង។ ងាកពិលចុះឡើង លីណា ក៏ប្រទះឃើញជញ្ជាំងមួយមានស្នាមដូចជាការបិទបាំងអ្វីមួយ។ ស្ថានភាពជញ្ជាំង—ស៊ីម៉ង់នៅថ្មីដូចបូកក្រោយកន្លែងផ្សេងៗ។ លីណា ដើរទៅជិត និងប្រាប់ រិទ្ធ ៖ “មកមើលនៀក”
មុនពេលរិទ្ធឆ្លើយ សំឡេងមួយក៏ឭពីជាន់លើមក។ ពួកគេសំឡឹងមុខគ្នា។
“យើងមិនមែនម្នាក់ឯងទេ” លីណានិយាយខ្សឹបៗម្នាក់ឯង។ ខណៈជំហានជើងស្រាលៗ តែឭកាន់តែប្រាកដឡើង… ដូចជាមនុស្សម្នាក់កំពុងដើរយឺតៗលើឈើចាស់។ ភ្លាមៗ រិទ្ធ ចាប់ដៃលីណា មុននឹងខ្សឹបប្រាប់នាង។
“បើមានអ្វីមិនប្រក្រតី យើងរត់ចេញភ្លាមៗណា៎។”
នាងងក់ក្បាលយល់ស្របទាំងរន្ធត់ចិត្តរកថាមិនត្រូវ។ តែសំរឹបជើងឭពីជាន់លើនោះស្រាប់ឈប់ភ្លាមៗ
លីណា និង រិទ្ធ ឈរនៅកណ្ដាលបន្ទប់ ដកដង្ហើមធ្ងន់ៗទាំងតក់ស្លុត។ តើនោះជាមនុស្ស ឬជាអរូប? រិទ្ធកាត់ផ្តាច់ការគិត រួចខ្សឹបប្រាប់យុវតីក្បែរខ្លួនសឹងមិនឭសំឡេង “ប្រហែលគេគ្រាន់តែចង់បំភ័យយើង” ។
ទោះស្ថិតក្នុងកាលៈទេសៈបែបនេះក៏ដោយ អក្សរនៅលើក្រដាសពីម្សិលមិញ ក៏លេចឡើងក្នុងគំនិតលីណាជាថ្មី—“សេចក្តីពិតនៅក្រោយជញ្ជាំង…” ។ លីណា សំឡឹងទៅជញ្ជាំងបូកស៊ីម៉ង់ថ្មីនោះ។
“យើងមិនមានពេលច្រើនទេ” នាងនិយាយ។
រិទ្ធ ងក់ក្បាលឯកភាព និងស្រវេស្រវារករបស់រឹងក្បែរៗវាយជញ្ជាំងបៀកសុីម៉ង់នោះ។ ផ្ទៃជញ្ជាំងដែលគេបូកថ្មីនេះ ក៏មិនក្រាស់អីដែរ រិទ្ធ យកឈើជ្រុងគោះកម្លាំងដៃល្មម ក៏របើកមក…។
ស៊ីម៉ង់មួយផ្នែកបែកចេញ បង្ហាញរន្ធតូចមួយខាងក្រោយ។ លីណា ពន្លឺភ្លើងពីទូរស័ព្ទចូលទៅមើល។ ឃើញថា នៅខាងក្នុងមានប្រអប់ដែកតូចមួយ។
“យើងរកឃើញអ្វីមួយហើយ…”
រិទ្ធយកប្រអប់នោះចេញ។ វាធ្ងន់ជាងដែលគេគិត។ ច្រវ៉ាក់សោចាស់ព័ទ្ធជុំវិញ តែរលុងរួចទៅហើយ។ ពេលបើកវា ខ្យល់ធូលីចាស់បក់ឡើង។ ខាងក្នុងមានសៀវភៅកំណត់ហេតុចាស់មួយ, រូបថតសិស្សក្រុមមួយ និងខ្សែដៃប្រាក់ដែលមានអក្សរឆ្លាក់ថា “ស.ដ” ។
លីណាចាប់យករូបថតមកមើល។ នៅខាងក្រោយសរសេរថា ៖ ថ្នាក់ទី១២ – ឆ្នាំ២០០៥
នាងសង្កេតមើលមុខសិស្សក្នុងរូប។ មុខមួយត្រូវបានគូសខ្មៅលើភ្នែក។
“នរណាម្នាក់ចង់លាក់អត្តសញ្ញាណគេ…” នាងនិយាយ។
រិទ្ធកាន់សៀវភៅកំណត់ហេតុ។ ដៃគេចាប់ក្រដាសទំព័រដំបូងយ៉ាងយឺតៗ។ អក្សរដោយដៃសរសេរថា៖
“បើនរណាម្នាក់កំពុងអានវា មានន័យថាខ្ញុំមិនអាចនិយាយសេចក្តីពិតបានទៀតទេ…”
អានចប់ សំឡេងជើងពីជាន់លើឭជាថ្មី និងកាន់តែច្បាស់ — លើកនេះលឿនជាងមុន។
លីណាមើលរិទ្ធ។
“យើងត្រូវយកវាចេញពីទីនេះ!”
ពួកគេដាក់របស់ទាំងអស់ចូលក្នុងកាបូបលីណា។ ឯជំហានជើងនៅលើជណ្តើរចាប់ផ្តើមចុះមក…។ រិទ្ធចាប់ដៃលីណា ហើយនាំនាងរត់ទៅកាន់បង្អួចបែកជាច្រកដែលពួកគេចូលមកនោះ… ។ ពួកគេប្រឹងរត់មិនឈប់រហូតឆ្ងាយពីអគារ និងដល់កន្លែងដែលពួកគេគិតថាសុវត្ថិភាព។
ពេលនេះ អាថ៌កំបាំងមិនមែននៅក្នុងអគារចាស់នោះទៀតទេ។ វាកំពុងស្ថិតក្នុងដៃពួកគេ។ ហើយមនុស្សដែលនៅក្នុងអគារ…ក៏ប្រហែលជាកំពុងដឹងថាពួកគេបានរកឃើញវា…។
—ស្រមោលអ្នកណា?—
ចាប់តាំងពីថ្ងៃនោះ លីណាមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលនាង។
នៅពេលនាងដើរចេញពីថ្នាក់… មានស្រមោលឆ្លងកាត់ពីក្រោយខ្នងនាងមួយរំពេច។ នាងក្រឡេកភ្លាមទាំងភិតភ័យ តែក្នុងចិត្តក៏ភ្នកដល់សំឡេងក្នុងអគារនោះភ្លាមដែរ…ឬមួយ…?
ជំនួសឱ្យការគិតផ្តេសផ្តាស។ លីណា ដើរសំដៅទៅតូបកាហ្វេមួយក្បែរសាលា តាមការសន្យាជាមួយ រិទ្ធ ថានឹងជួបគ្នាទីនោះ។
មុនចូលអង្គុយរួមតុជាមួយរិទ្ធ។ លីណា ឆ្លៀតកុម្ម៉ង់សូកូឡាក្តៅមួយ។ ចៃដន្យពេលទាញទូរស័ព្ទពីកាតាបមកទូរទាត់លុយ ស្រាប់តែមានសន្លឹកក្រដាសមួយសន្លឹកធ្លាក់ចេញពីកាតាបនាង។ នាងស្រវារើសឡើង។ លើនោះ មានសរសេរតែប្រយោគ ២ប៉ុណ្ណោះ៖
“សងវិញ! ឥឡូវនេះ!”
នាងឈរគាំងដូចម៉ានីកាំង។ រាងកាយហាក់បាត់កំដៅភ្លាមៗ។ កែវភ្នែកក្រឡាប់ចុះឡើង រហូតសំឡេងមួយកាត់ផ្តាច់ការគិត “អត់ទោសអូន! ត្រូវការអីបន្ថែមទេ?”
នាងគ្រវីក្បាលតាតាត់ រួចលើកទូរស័ព្ទស្កេនទូទាត់ជាស្រេច ទើបដើរទាំងមិនសូវមានស្មារតីទៅរករិទ្ធ។ ឃើញសភាពលីណាបែបនេះ រិទ្ធសួរភ្លាម “មានបញ្ហាអីមែនទេ?”
លីណាមិនអែរអង់ ហុចកូនក្រដាសអម្បិញមិញទៅរិទ្ធភ្លាម។ ហើយប្រាប់ថា ជ្រុះពីក្នុងកាតាបខ្លួន។
រិទ្ធអានហើយ ជ្រួញចិញ្ចើមបន្តិច មុននឹងស្រដីទៅយុវតីនៅចំពោះមុខខ្លួន។
“គេដឹងហើយ…” គេនិយាយខ្សឹបៗ។
“ដឹងអ្វី?”
“ថាយើងយកប្រអប់នោះចេញពីជញ្ជាំង”
មុនលីណាបន្តសំណួរ បុរសម្នាក់ពាក់មួកខ្មៅ និងម៉ាស់ ឈរសំឡឹងអ្នកទាំងពីពីចម្ងាយ។
ទោះបេះដូងលីណាលោតខ្លាំង តែក៏មិនភ្លេចហាមគ្នា។
“រិទ្ធ… កុំមើលទៅគេ។”
ប៉ុន្តែពេលរិទ្ធចោលភ្នែកទៅ បុរសនោះក៏ដើរចេញ។ ព្រោះតែអារម្មណ៍មិនល្អរៀងខ្លួន ពួកគេមិនបានពិភាក្សាសុីជម្រៅឡើយ។
យប់នោះ លីណាត្រឡប់ទៅផ្ទះជាមួយអារម្មណ៍មិនស្រួល។ ពេលដល់ផ្ទះ នាងរហ័សបើកកាបូបយកសៀវភៅកំណត់ហេតុចេញ។
មុននាងបើកវា ទូរស័ព្ទនាងភ្លឺឡើង។
សារមួយពីលេខមិនស្គាល់៖
“អ្នកគួរតែបញ្ឈប់ មុនពេលវាយឺតពេល។”
នាងដកដង្ហើមញាប់។ ភ័យ។ អស់ពីចម្ងល់មួយចូលចម្ងល់មួយ។ នាងកំពុងពិចារណាម្នាក់ឯង សួរខ្លួនឯង ឆ្លើយខ្លួនឯង។ នាងប្រាកដថា
មិនមាននរណាដឹងរឿងនេះក្រៅពីនាង និងរិទ្ធទេ តែហេតុអី? ឬ…មាននរណាម្នាក់ដែលបានឃើញពួកខ្លួននៅអគារនោះ?
ខ្យល់ក្រៅបង្អួចស្រាប់បក់ខ្លាំង នាំយកសំឡេងជើងមនុស្សដើរចុះឡើងក្រៅផ្ទះ។ លីណាដើរយឺតៗទៅជិតបង្អួច ហើយលើកវាំងននឡើងបន្តិច។ ក្រោមពន្លឺចង្កៀងបំភ្លឺផ្លូវស្ទំៗមុខផ្ទះ នាងឃើញស្រមោលមនុស្សឈរស្ងៀមពីចម្ងាយ… តែមិនមានចលនា… ដូចជាកំពុងសំឡឹងមកបង្អួចបន្ទប់នាង។
ភ្លាមៗ ទូរស័ព្ទនាងភ្លឺឡើងម្តងទៀត។
“ខ្ញុំកំពុងមើលអ្នក…”
លីណាចាប់ផ្តើមដកដង្ហើមញាប់ជាងមុន ឯដៃនាងក៏កំពុងញ័រ។ នាងក៏ស្រូតបិទវាំងននវិញ មុនស្ទុះទៅសំងំលើគ្រែដេក ហើយក៏មិនភ្លេចបិទទូរស័ព្ទដែរ ព្រោះមិនចង់ឃើញសារអនាមិកបន្តទៀត។
(អាថ៌កំបាំងមិនមែនត្រឹមតែអតីតកាលទៀតទេ។ វាបានចាប់ផ្តើមដេញតាមពួកគេ… ក្នុងបច្ចុប្បន្ន។)
—ការសម្រេចចិត្តដែលគ្មានផ្លូវត្រឡប់ក្រោយ—
ព្រឹកថ្ងៃបន្ទាប់ រង្វង់ភ្នែកលីណារៀងស្លក់ មានស្នាមខ្មៅ។ ព្រោះនាងស្ទើរតែមិនបានគេងទេយប់មិញ។ ខណៈសារខ្លីដែលថា “ខ្ញុំកំពុងមើលអ្នក…” នៅតែដក់ក្នុងចិត្តនាងនៅឡើយ។
ព្រឹកនេះ ព្រោះតែគ្រូៗបន្ទុកថ្នាក់មានការប្រជុំបន្ទាន់ភ្លាមៗ។ អ្នកទាំងពីរក៏ឆ្លៀតណាត់ជួបគ្នានៅក្រោមដើមឈើចាស់ក្បែរទីលានកីឡា។ ឃើញសភាព លីណា កាន់តែយ៉ាប់ រិទ្ធ ក៏លើកគំនិតមួយឡើង។
“យើងគួរតែប្រាប់គ្រូ ឬប៉ូលីស” រិទ្ធនិយាយពាក្យនេះចេញមក ដោយការព្រួយបារម្ភពីសុវត្ថិភាព លីណា ។
លីណាស្ងៀមសិនបន្តិច។
“ហើយយើងនឹងនិយាយអ្វី? ថាយើងចូលអគារសាលាហាមឃាត់ ហើយយករបស់ពីក្នុងជញ្ជាំងនោះ?”
រិទ្ធមិនឆ្លើយ។ លីណាបន្ត៖
“បើមាននរណាម្នាក់ចង់បិទបាំងរឿងនេះ។ ការរាយការណ៍ អាចធ្វើឱ្យបាត់ភស្តុតាងក៏ថាបាន។ យើងត្រូវតែដឹងរឿងពិត មុនគេដឹងថាយើងដឹងអ្វីខ្លះ។”
រិទ្ធសំឡឹងនាងមួយសន្ទុះ។ ក្នុងកែវភ្នែកគេបង្កប់ក្តីបារម្ភ ព្រមនិងភាពភ័យខ្លាចផងដែរ… ប៉ុន្តែយ៉ាងណា រិទ្ធនៅតែសម្រេចចិត្តតាមលីណា។
“អីចឹង យើងធ្វើវាជាមួយគ្នា។ តែយើងត្រូវប្រុងប្រយ័ត្នជាងមុន”
លីណា ញញឹមពេញចិត្ត។
លុះរសៀលជ្រាលជ្រេចូលមកដល់ ពួកគេក៏ទៅកាន់បណ្ណាល័យសាលាម្តងទៀត។ លីណា រំពឹងថានឹងរកបានតម្រុយថ្មីពីសៀវភៅកំណត់ហេតុចាស់ក្នុងដៃ។
ទំព័រដំបូងសរសេរថា៖
“មាននរណាម្នាក់កំពុងគំរាមខ្ញុំ។ ប្រសិនបើខ្ញុំបាត់ខ្លួន សូមកុំជឿថាវាជាគ្រោះថ្នាក់…”
លីណា និង រិទ្ធ មើលគ្នា។
ពេលនាងបើកទៅទំព័របន្ទាប់ ក៏ប្រាកដឈ្មោះមនុស្សម្នាក់ច្បាស់ៗ—“លោកគ្រូ វិរៈ”
រិទ្ធបើកភ្នែកធំៗ។
“លោកគ្រូវិរៈ? គាត់នៅតែបង្រៀននៅទីនេះ!”
បេះដូងលីណាបុកខ្លាំង។ ប្រសិនបើឈ្មោះនេះពាក់ព័ន្ធនឹងការបាត់ខ្លួនឆ្នាំ២០០៥… នោះអ្វីៗកាន់តែគ្រោះថ្នាក់ជាងដែលពួកគេគិត។
ភ្លាមៗ សំឡេងសៀវភៅបិទខ្លាំងមួយឭពីធ្នើទូរខាងក្រោយ។ ពួកគេបង្វែរមុខយឺតៗ។ នាងឃើញមានស្រមោលមនុស្សឈរនៅក្បែរនោះ។ មិនមានចលនា ហើយក៏មិននិយាយអ្វី។ តែពួកគេហ៊ានប្រាកដចិត្តថា ស្រមោលនោះកំពុងមើលមកពួកគេ។
រិទ្ធស្ទាក់ស្ទើរនឹងនិយាយ៖
“យើងមិនមានពេលច្រើនទេ…”
លីណាបិទសៀវភៅភ្លាមៗ ដាក់វាចូលកាបូប។ ទោះភ័យខ្លាច តែពួកគេបានសម្រេចចិត្តហើយ—មិនថាគ្រោះថ្នាក់ប៉ុណ្ណា ក៏នឹងបន្តស៊ើបអង្កេត។ ប៉ុន្តែឥឡូវនេះ វាមិនមែនត្រឹមតែអាថ៌កំបាំងអតីតកាលទេ។ វាអាចពាក់ព័ន្ធនឹងមនុស្សដែលកំពុងដើរនៅច្រកផ្លូវសាលាជាមួយពួកគេរាល់ថ្ងៃ។
ក្រោយស្រមោលនៅជិតទូរធ្នើរដាក់សៀវភៅផ្លាស់ទីបាត់ លីណា និង រិទ្ធ មិនរង់ចាំយូរឡើយ ពួកគេក៏ចាកចេញពីបណ្ណាល័យ ធ្វើដូចមិនមានអ្វីកើតឡើង។ ប៉ុន្តែបេះដូងទាំងពីរនាក់កំពុងលោតលឿនដូចគ្នា។
“យើងមិនអាចសួរគាត់ត្រង់ៗបានទេ” រិទ្ធ ដើរបណ្តើរនិយាយបណ្តើរ។
“ប៉ុន្តែយើងអាចរកព័ត៌មានអំពីអតីតកាលគាត់បាន” លីណាឆ្លើយភ្លាមៗ។
—ឈ្មោះដែលមិនគួររំឭក—
ថ្ងៃបន្ទាប់ ពួកគេចាប់ផ្តើមពីបណ្ណាល័យសាធារណៈក្នុងខេត្ត។ លីណាស្វែងរកកាសែតចាស់ៗឆ្នាំ២០០៥ ខណៈ រិទ្ធ ពិនិត្យសៀវភៅកំណត់ត្រាបុគ្គលិកសាលា។ ក្រោយពេលស្វែងរកជាច្រើនម៉ោង លីណា រកឃើញអត្ថបទខ្លីមួយនៅចុងទំព័រ៖
“សិស្សថ្នាក់ទី១២ បាត់ខ្លួនដោយមិនដឹងមូលហេតុ។ សាលាបញ្ជាក់ថាជាការចាកចេញដោយស្ម័គ្រចិត្ត។”
ក្រោមអត្ថបទមានរូបថតតូចមួយ—រូបដូចនឹងរូបក្នុងប្រអប់ដែក។ តែមុខម្នាក់ត្រូវបានគូសបិទភ្នែក មើលមិនស្គាល់ថាជាអ្នកណា។
រិទ្ធយកកាសែតមកមើល។
“ឈ្មោះសិស្សគឺ… សុដារ៉ា” គេអាន។
លីណា ក៏ភ្នកដល់ខ្សែដៃប្រាក់ក្នុងប្រអប់ដែលយកពីអគារចាស់នៅះភ្លាម ដែលមានអក្សរ “ស.ដ”។
“ស.ដ… សុដារ៉ា?”
ពួកគេមើលគ្នា។ ភាពសុីចង្វាក់នៃភស្តុតាងកាន់តែប្រាកដឡើង។ មិនចាំយូរ ពួកគេក៏បបួលគ្នាទៅបន្ទប់កុំព្យូទ័រសាលា។ រិទ្ធប្រើលេខសម្គាល់សិស្សចាស់របស់ប៉ាគេដើម្បីចូលទៅកាន់ប្រព័ន្ធឯកសារ។
ឈ្មោះ “វិរៈ” លេចឡើងនៅក្នុងបញ្ជីគ្រូបង្រៀនឆ្នាំ២០០៥—តួនាទី គ្រូប្រឹក្សាថ្នាក់ទី១២។
ភ្លាមៗ សំឡេងទ្វារបន្ទប់បើកយឺតៗ កាត់ចង្វាក់សកម្មភាពពួកគេ។ លីណា និង រិទ្ធ បិទអេក្រង់ភ្លាមៗ តែក៏គាំងដង្ហើម ២-៣វិនាទី ព្រោះវត្តមានអ្នកឈរនៅមាត់ទ្វារ—គឺលោកគ្រូវិរៈ។
“អ្នកទាំងពីរកំពុងធ្វើអ្វីនៅទីនេះក្រោយម៉ោងរៀន?” គាត់សួរយ៉ាងធម្មតា ប៉ុន្តែសំឡេងគាត់ធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ដូចជាថ្ងៃបញ្ចប់របស់ខ្លួន។ តែយ៉ាងណា ក្នុងនាមជាកូនប្រុសដើមទ្រូង៥ហស្ថ រិទ្ធ ពង្រឹងភាពក្លាហានចេញមុខជួសយុវតីម្នាក់ទៀត ដែលគាំងបាត់មាត់បាត់.ក។ រិទ្ធ ប្រឹងញញឹម។
“យើងកំពុងធ្វើការស្រាវជ្រាវសម្រាប់គម្រោងប្រវត្តិសាស្ត្រ…”
លោកគ្រូវិរៈ លើកចិញ្ចើមបន្តិចរួចសន្សឹមដើរមកជិតតុពួកគេ។ តែកែវភ្នែកគាត់រេសំឡឹងសម្លក់កាតាបលីណាជាប់ជានិច្ច មុននឹងវាចាដោយសម្តីត្រជាក់ល្ហឹម។
“ប្រវត្តិសាស្ត្រខ្លះៗ… មិនគួររំលឹកឡើងវិញទេ”
គាត់រេភ្នែកសំឡឹងមុខលីណាវិញ។
“ល្មមទៅផ្ទះហើយ! ជាក្មេងស្រីផង! ក្រែងលោដល់ផ្ទះយប់ព្រលប់ មិនសុវត្ថិភាព” និយាយចប់គាត់ដើរចេញ។
បន្ទប់ស្ងប់ស្ងាត់ដល់ថ្នាក់អាចស្តាប់សំឡេងបេះដូងខ្លួនឯងបាន។ លីណា មិនប្រាកដថាគាត់គ្រាន់តែនិយាយទូទៅ… ឬកំពុងព្រមានគេនោះទេ តែសារព្រមានទាំងនោះចាប់ផ្តើមលេចក្នុងគំនិតនាងជាថ្មី។
ពេលគាត់ដើរចេញពីបន្ទប់ ទ្វារបិទដោយសំឡេងធ្ងន់ៗ។
រិទ្ធ ដកដង្ហើមធំ។ “គាត់ប្រហែលដឹងអ្វីមួយហើយ។”
លីណាស្រវាកាតាបមកឱបក្នុងដៃ។ និយាយទាំងសំឡេងញ័រៗ។
“ឥឡូវនេះ គាត់ប្រហែលជាដឹងថាយើងកំពុងស៊ើបអង្កេតគាត់ហើយ…”
ពេលនេះពួកគេកាន់ប្រកៀកប្រកិតនឹងអាថ៌កំបាំងហើយ។ ហើយមនុស្សដែលពួកគេកំពុងស៊ើបអង្កេត… ក៏ជាមនុស្សតែម្នាក់ឈរនៅមុខពួកគេរាល់ថ្ងៃក្នុងថ្នាក់រៀនដែរ។
—ភស្តុតាងដែលបម្លែងទិសដៅ—
(សូមរង់ចាំភាគបញ្ចប់ថ្ងៃស្អែក)



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ