រឿង​៖ នាងនិងគេ (ភាគ៣)

នាងតបដោយកែវភ្នែកមូលក្លំ អន់ចិត្តដែលខ្ញុំបង្អាប់តុក្កតារបស់នាង ។ ភ្នែកនិងភ្នែកប៉ះគ្នា ។ ឌឺទៅវិញទៅមក ព្រោះខ្ញុំពិតជាចង់បញ្ជាឱ្យនាងគ្រវែងរបស់នេះចោល ទាំងដឹងថា ជំងឺសតិកំពុងរើ តែមិនចង់ឈប់ហួងហែង ឯខាងគេ ទំនងជាអន់ចិត្ត ដែលខាងរោងចក្រមកហ៊ានបង្អាប់ការឌីហ្សាញរបស់នាង ទាំងដែលនាងជាអតិថិជន ។

«ដៃជើងតូចៗ ស្គមៗចឹង ទៅកសាងអាណាចក្របុរាណខ្មែរបានដែរ ?»

នេះជាប្រយោគវែងបំផុតហើយក្នុងចំណោមសន្ទនាដែលខ្ញុំធ្លាប់និយាយទៅកាន់ស្រីៗក្នុងរវាង ២០ ឆ្នាំ ដែលខ្ញុំក្លាយជាទេវបុត្រឯកោបាត់បង់ម្តាយ ។

នាងក្រោកមកបន្តិចហាក់មិនសុខចិត្ត ។ ភ្នែកពួកយើងថ្ពក់គ្នា ខ្ញុំចូលចិត្តខ្លាំង ដែលប្រស្រីភ្នែកនាងសម្លឹងផ្ដោតមកខ្ញុំឱ្យសញ្ញាមកថាមិនខុសចិត្ត

«ជំនាន់ហ្នឹង គេច្បាំងដោយយុទ្ធសាស្ត្រ ! បងឯងស្មានថា… គ្រប់មនុស្សមាឌមាំធំសុទ្ធតែខ្លាំង ?»

ខ្ញុំមិនដឹងថា ខ្លួនឯងចំហមាត់ញញឹមតាំងពីពេលណាទេ ពេលដែលឃើញនាងនិយាយញាប់ៗដង្ហើមខឹងៗហត់ៗ ហើយកល្យាណីខំខ្សឹបសង្កត់ឫកពា បែរជាចេញជាកម្ដៅដល់ក្រហមមុខផែនថ្ពាល់ ។ ពេលនិយាយដល់ «មាឌមាំធំសុទ្ធតែខ្លាំង ?» នាងលបសម្លឹងស្មា ទ្រូង និងកំភួនដៃខ្ញុំទៀត ។

រ៉ឺងៗ…

សំឡេងទូរសព្ទរោទ៍ខ្សោយនេះ លាន់ឡើងបំបែកភាពស្ងៀមស្ងាត់ជុំវិញវិវាទពួកយើង ។ ខ្ញុំដៀងសម្លឹងទៅអេក្រង់នោះមួយឆ្វាច់ប៉ុណ្ណោះ ព្រោះនាងទុកចោលលើតុ… ក៏ឈានចេញមកឆ្ងាយបន្តិច ទុកគម្លាតឱ្យគេទទួល        ខល ។

មកនៅទីនេះ… ខ្ញុំធ្វើជាបែរខ្នង ចុចទូរសព្ទដែរ តែតាមពិត ខ្ញុំលបមើលគេតាមកាមេរ៉ារោងពុម្ព ។ ទីនេះមានឧបករណ៍តាមដានគ្រប់ជ្រុង ។ ខ្ញុំចង់មើលជិតប៉ុនណា ក៏បានដែរ ។

ពិតហើយ នាងមិនបានក្រេបទឹកដូចដែលខ្ញុំរង់ចាំមើលទេ… តែនាងដាក់ដបខ្ញុំចុះ ហើយលើកអេក្រង់មកមើល ។ នាងចុចទទួលក្រោយពេលលបមើលមកខ្ញុំបន្តិច ។

«អូនមកយកអីវ៉ាន់ ! បងឯងចាំនៅក្រៅហ្មែន ? នៅហ្នា៎ ? មកដល់ហើយ ? អូខេ…  អូនចេញទៅហើយ ។»

សំឡេងស្រទន់គេនិយាយថ្នមៗសោះ ម្តេចអាចក្លាយមកជាថ្មសណ្ដូនបេះដូងខ្ញុំ ? សាច់ដុំថ្គាមខ្ញុំកន្ត្រាក់ឡើងរឹងដោយមិនដឹងខ្លួន ។ ឈ្មោះ «បងវេហា» ដែលខ្ញុំបានលបឃើញលើអេក្រង់នាងមុននេះ កំពុងដោតយ៉ាងមុតក្នុងទីជម្រៅចិត្តនេះ ។

ស្របពេលនោះ បុគ្គលិកផ្នែកឃ្លាំងម្នាក់ បានបកមកវិញប្រញាប់ប្រញាល់យកកញ្ចប់អីវ៉ាន់ផ្សេងទៀតរបស់នាងមកប្រគល់ ។

ម្នាក់ៗមិនហ៊ានសូម្បីតែងើបមុខសម្លឹងមកខ្ញុំដែលឈរបែរខ្នងនៅក្បែរ នេះទេ គ្រាន់តែប្រញាប់ហុចប្រអប់ Art Toy នោះទៅឱ្យនាងដោយការគោរព

«អូនដាហ្ស៊ី ! នេះអូន ! ម៉េចៗចាំផ្ញើព័ត៌មានពណ៌ដែលអូនរើស និងចំនួនមកណា បងរង់ចាំ !»

ពីក្រោយខ្នងខ្ញុំ គេទទួលយកប្រអប់នោះទាំងញញឹមសប្បាយចិត្ត ហាក់មុននេះ យើងមិនបានប៉ះគ្នាមួយប្រាវសោះ ។

ពេលចាកចេញ គេឆ្លៀតងាកមកសម្លឹងខ្ញុំជាលើកចុងក្រោយដោយគ្មានវាចាទៀត ។

ពីក្រៅរបាំងកញ្ចក់ភ្លៀងរិចៗ… នាងរត់ចេញទៅ… ពីលើស្បែកជើងកែងចោតក្នុងជំហានញាប់ៗ សំដៅទៅរកឡានពណ៌សមួយគ្រឿងដែលកំពុងចតចាំ ។ តាមរយៈកាមេរ៉ាមុខរោងពុម្ព ដែលស្រវាំងដោយតំណក់ភ្លៀង ខ្ញុំមើលឃើញទិដ្ឋភាពប្រុសម្នាក់ លូកដៃមករុញទ្វារឡានបើកទទួលនាង ។

គេមិនចុះមកទេ តែនាងមិនប្រកាន់ បែរញញឹមដាក់គ្នាដូចមានក្តីសុខខ្លាំង ។

Ok… ផ្អែមល្ហែម!!!

អារម្មណ៍ស្ងប់ស្ងាត់របស់ខ្ញុំ ដែលសង្កត់បានមួយខណៈអម្បាញ់មិញក្នុងនាមជាសុភាពបុរស ស្រាប់តែផ្ទុះឆេះឡើងមកពេញទ្រូងក្តៅគគុក !

ភាពហួងហែងយ៉ាងកាចសាហាវមួយនេះ ខ្ញុំខានទទួលអារម្មណ៍យូរណាស់មកហើយ ។

អរគុណ ! ដែលមកធ្វើឱ្យថាមពលនេះរស់រានមានអានុភាពឡើងមកវិញណ៎ាអូន !  អ្វីមួយប្រាប់មកខ្ញុំថា ស្នាមញញឹមដ៏បរិសុទ្ធមួយនោះ… គួរតែជារបស់ខ្ញុំ ។ ម៉េចក៏នាងហ៊ានយកវាទៅប្រើ… ឱ្យអ្នកផ្សេង ?

ខ្ញុំឈរស្ងៀមធ្មឹង ក្នុងភាពងងឹតនៃអំពូលដែលរលត់ទៅបន្តបន្ទាប់គ្នា ។ បិទទ្វារហើយ… ចប់ម៉ោងធ្វើការហើយ… ទម្លាប់បុគ្គលិកខ្ញុំគឺ… បិទភ្លើងបន្ទប់ខាងមុខ ឯទីណាមានខ្ញុំ… ពួកគេ… ត្រូវវាង ! ព្រោះខ្ញុំជាប្រភេទមនុស្ស Leave me alone !

ខ្ញុំលូកដៃរាវរកទាញក្រដាសជូតដែលនាងបានទុកឱ្យនោះ មកកាន់ក្តាប់ជាប់ក្នុងបាតដៃសាជាថ្មី ។

សភាវៈនៃការចង់គ្រប់គ្រង បក់បោកក្នុងទ្រូងមួយនេះដូចជាព្យុះសង្ឃរាមិនងាយទប់…

«អូនប្រាប់បងថា ទឹកថ្នាំប្រឡាក់ លាងទឹកជ្រះ… ចុះបើបងប្រឡាក់អូន… ឱ្យជ្រាបចូលដល់ខាងក្នុង… ជ្រៅ… រាងកាយ ជីវិត និងបេះដូងអូន… ឱ្យអូនភ្លេចឈ្មោះអាមួយនោះ ហើយចាំតែឈ្មោះបង… តើអូនលាងជ្រះដែរទេ ដាហ្ស៊ី ?»

យប់នេះ… ខ្ញុំបានរកឃើញចម្បាំងថ្មីដែលខ្ញុំត្រូវចេញធ្វើសឹកហើយ ។

សំណាញ់ហួងហែងនៃចិត្តបិសាច (តំណាលបព្វតា)

… ដាក់កែវស្រាចុះ ម្រាមខ្ញុំប៉ះលើគំរូ Art Toy ជារូបតុក្កតាដែលនាងបញ្ជាឱ្យរោងពុម្ពរបស់ខ្ញុំផលិត ។

រាជបុត្ររបស់នាង មកនៅកណ្តាលតុនេះក្រោមការសម្លក់របស់ខ្ញុំ ។ ទីនេះជាវិមានឯកជន ផ្ទះបុរាណតែទំនើប ធំតែចង្អៀត ស្តុកស្តម្ភតែខ្វះ… ខ្ញុំត្រូវការមានគេម្នាក់មកបំពេញកន្លែងនេះ ឱ្យខ្ញុំស្កប់ស្កល់… លែងចង់ចេញទៅរើរុះម៉ាស៊ីនប្រេងថ្នាំអ្វីទៀត ។

លើលោកនេះ… មានមនុស្សសំខាន់ម្នាក់នោះដែរទេ ?

ម៉ោង ២ រំលងអធ្រាត្រហើយ មនុស្សមួយប្រទេសកំពុងលង់លក់ក្នុងក្តីសុបិន តែខ្ញុំមិនទាន់បិទភ្នែកទេ ។ ក្នុងបន្ទប់ធ្វើការដ៏ធំល្វឹងល្វើយ ដែលហ៊ុមព័ទ្ធដោយភាពងងឹត មានតែពន្លឺភ្លើងពណ៌លឿងស្រាលចាំងប៉ះកែវស្រា Whiskey ក្នុងដៃខ្ញុំ ។

ម្រាមដៃដែលធ្លាប់តែប្រឡាក់ប្រេងម៉ាស៊ីនកាលពីប៉ុន្មានម៉ោងមុន ពេលនេះស្អាតបាត កាត់ក្រចកយ៉ាងមានរបៀប ។

ខ្ញុំអូសចុងម្រាមដៃយឺតៗ… ថ្នមៗ… តាមទម្រង់ចង្កេះរបស់តុក្កតាជ័រ… ចិត្តហោះហើរទៅរកម្ចាស់វា ។ សាច់ជ័រត្រជាក់ស្រេប តែខួរក្បាលខ្ញុំបែរជាកំពុងដាស់ចងចាំនូវកម្តៅ និងភាពទន់ល្មើយ នៃស្បែកដៃរបស់នាងដែលខ្ញុំបានលបប៉ះកាលពីល្ងាចមិញ ។

«ដាហ្ស៊ី…»

គ្រាន់តែបន្លឺឈ្មោះនេះតិចៗក្នុងបំពង់ក សាច់ដុំពោះខ្ញុំក៏កន្ត្រាក់ឡើង តែកម្តៅម្យ៉ាងបែរជាភាយចុះទៅក្រោម…ជារសជាតិផ្លូវកាយដែលខ្ញុំគ្មានចិត្ត ត្រេកត្រអាលមួយរយៈវែងមកហើយ… ។

ខ្ញុំបិទភ្នែកដកដង្ហើមចូលជ្រៅៗ ។  មានះចងចាំក្លិនទឹកអប់ ផ្កាដ៏បរិសុទ្ធរបស់គេ ដែលខ្ញុំបានស្រូបចេញពីក្រដាសប៉ះបាតដៃនាងពេលនោះ ។ គ្រប់យ៉ាងអំពីនាង បានជ្រាបចូលដល់កោសិកាខួរក្បាល… ធ្វើឱ្យខ្ញុំញៀន… ឆាប់ម៉្លេះ ?

ញៀនទាំងដែលទើបតែបានយល់សម្រស់ផ្កាតែមួយភ្លែតសោះ… ហ្នឹង ?

តុក តុក !

សូរគោះទ្វារបំបែកភាពស្ងាត់ជ្រងំ ហើយទាញខ្ញុំវិលមកផ្ចង់លើបច្ចុប្បន្នភាពវិញ ។

«ចូល !» ខ្ញុំបន្លឺក្នុងសព្ទសំឡេងរាបស្មើ ទាញខ្លួនផ្អែកនឹងកៅអីស្បែក ដាក់ដៃខ្វែងគ្នាទៅលើក្បាលដោយនឿយណាយធុញថប់ ។

«អ៊ីសាន !» ជំនួយការជំនិតជនជាតិឥណ្ឌា ក៏ជាដៃស្តាំដែលរៀបចំគ្រប់កិច្ចការសម្ងាត់ៗឱ្យខ្ញុំ បង្ហាញខ្លួន ។

គេឈរឱនក្បាលគោរពពីចម្ងាយដោយមិនហ៊ានសម្លឹងមុខខ្ញុំចំដូចតែរាល់ដង ។

«ព័ត៌មានមកដល់ហើយទាន !»

គេនិយាយហើយសំកាំងរង់ចាំដល់ខ្ញុំរេម្រាមដៃអនុញ្ញាត ទើបឱនចុចបញ្ជូនឯកសារមកលោតលើអេក្រង់ខ្ញុំ ។

ខ្ញុំមិនប្រញាប់បើកមើលឯកសារនៅលើអេក្រង់ទេ តែភ្នែកខ្ញុំកំពុងឆេះសន្ធោសន្ធៅ…  ក្តៅគគុក ព្រោះរូបភាពកាលពីប៉ុន្មានម៉ោងមុន ដែលនាង  ញញឹមស្រស់បំព្រង ពេលនិយាយទូរសព្ទជាមួយអាត្បាញអាយណាមិនដឹង… នៅតែតាមលងបន្លាចសតិខ្ញុំ ។

ខ្ញុំគ្រាន់តែសម្លឹងមើលកែវស្រាខ្លួនឯង ឯមាត់បញ្ជាទាំងតឹងសាច់ដុំថ្គាម

«និយាយមក… »

«បាទ ចៅហ្វាយ ! នាងឈ្មោះ ដាហ្ស៊ី អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទីបួននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ប្រវត្តិគ្រួសារ… មិន… មិន… សូវល្អទេទាន ។»

ទំនងជាឃើញខ្ញុំលើកចិញ្ចើមរង់ចាំ  អ៊ីសានស្ទាក់ស្ទើរ ហើយរលាស់សំឡេងបន្តិច មុននឹងបន្ត ៖

«ដាហ្ស៊ី មានប៉ាជាអតីតវិចិត្រករល្បីឈ្មោះមួយរូប ប្រើឈ្មោះលើគំនូរថា ធន្នក្រៃ ។ នៅខែកក្កដា ឆ្នាំ២០២០ ក្រោយពីក្ស័យធនហាងគំនូរមក គាត់… ត្រូវបញ្ជូនទៅនៅមណ្ឌលសមុទ្ទចិត្ត ៥ ឆ្នាំហើយ ។ ចំណែកម្តាយដាហ្ស៊ី… ចេញទៅធ្វើជាមេផ្ទះ… បម្រើការឱ្យគ្រួសារលោកវណ្ណឆ័យ ដែលជាអគ្គនាយកធនាគារ ATANAU ។»

«សមុទ្ទចិត្ត ?» ខ្ញុំរអ៊ូឈ្មោះនេះតិចៗក្នុងបំពង់ក មិនតាមទៅស្តាប់រឿងផ្សេងទៀតសោះ វាទាក់ៗចិត្តជាខ្លាំងព្រោះដូចធ្លាប់ឮ ។

«បាទ ! ជា… ជាកន្លែងព្យាបាលផ្លូវចិត្តទាន !»

«មណ្ឌលវិកលចរិត ?»

ខ្ញុំគិតឃើញ តែក៏មិនបានសួរចេញទៅជាសំឡេងអ្វីទៀតទេ គ្រាន់តែយល់ម្នាក់ឯង ហើយលើកម្រាមដៃទាំងដប់មកប្រទាក់គ្នាទប់បបូរមាត់ ។

ពាក្យថា «វិកលចរិត» ឬ «ភាពឆ្កួតលីលា» នេះ បានកន្ត្រាក់ទាញសតិខ្ញុំឱ្យធ្លាក់ចូលទៅក្នុងអន្លង់នៃភាពហួសចិត្តមួយរំពេច ។ ជម្រៅចិត្តរបស់ខ្ញុំកំពុងសើចចំអកឱ្យពិភពលោកដ៏លាក់ពុតនេះ ។

សម្រាប់អ្នកក្រតោកយ៉ាក ការបាត់បង់សតិ ឬមានជំងឺផ្លូវចិត្ត គឺជាការគំរាមកំហែងដល់សង្គម ពួកគេត្រូវតែចាប់បំបែកចេញ យកទៅឃុំឃាំងនៅកន្លែងដាច់ដោយឡែក ទុកឱ្យដោះស្រាយឯកោ ខ្លះក្នុងបន្ទប់ចាក់សោ ខ្លះដាក់ច្រវ៉ាក់ ខ្លះចងជាប់គ្រែ ។

ប៉ុន្តែ… សម្រាប់មនុស្សដូចជាខ្ញុំវិញ ? ខ្ញុំដឹងច្បាស់ថាខ្លួនឯងក៏ «វិកល» ដែរ គ្រាន់តែភាពវិកលរបស់ខ្ញុំ វាត្រូវបានរុំព័ទ្ធដោយអំណាច ។

ទោះខ្ញុំឆ្កួត ផ្តាច់ការ លោភលន់ ឬឃោរឃៅប៉ុនណា ក៏វិមានដ៏ស្កឹមស្កៃ និងគំនរដុល្លាររាប់លាន អាចជួយបិទបាំងទង្វើរបស់ខ្ញុំបានជិតឈឹងក្រោមរូបភាពផ្សេងៗមិនខ្វះស្នៀត ។

សង្គមនេះ មិនហ៊ានហៅខ្ញុំថាជនវិកលចរិតទេ សូម្បីអ្នកកាសែត ! ពួកគេមើលឃើញខ្ញុំជាមនុស្សអស្ចារ្យ ហៅអ្វីបានហ្នឹង ដូចយ៉ាង ពេលនេះជីវិតឯកជនរបស់គេ… ដាហ្ស៊ី ស្ថិតក្នុងដៃខ្ញុំ !

នេះមិនទាន់និយាយដល់មនុស្សរាប់រយពាន់នាក់ នៅតែតាមយកការចាប់អារម្មណ៍ពីខ្ញុំ ចង់មកពាក់ព័ន្ធក្នុងជីវិតខ្ញុំ !

«ចុះអាប្រុសម្នាក់នោះ ?» ខ្ញុំសួរកាត់គំនិតខ្លួនឯង ។

សូមរង់ចាំទស្សនាភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*