«បាទចៅហ្វាយ ឈ្មោះ វេហា ជាសង្សារដែលទាក់ទងនាងបាន ២ ឆ្នាំ ។ តែថ្មីៗនេះ… លបទៅញ៉ែប៉ប្រែជាមួយ មាណាកា កូនស្រីមេម៉ាយក្មេងខ្ចីរបស់លោក វណ្ណឆ័យ !»
វណ្ណឆ័យ ដែលជាចៅហ្វាយនាយម្តាយដាហ្ស៊ី ហើយកូនតាហ្នឹងកំពុងមានស្អីៗជាមួយសង្សារដាហ្ស៊ី ? សង្គមនៅក្រៅដែលខ្ញុំថាស្អាតជាងចិត្តរបស់ខ្ញុំ ម៉េចក៏ពេលនេះ ចេញក្រឡាមករញ៉េញ៉ៃខ្លាំង ?
«ដើម្បីសុំទុនកម្ចីទៅបើកក្រុមហ៊ុនទាន !»
អ៊ីសានបន្ថែមមកនេះ ធ្វើឱ្យខ្ញុំយល់ល្មម ។ តាមពិត អាគាត់វេហា សម្លឹងឃើញអនាគត និងភាពហ៊ឺហាស្រី ជាជាងស្រីតូចដែលមានម្តាយជាអ្នកបម្រើ ? ឱ!… ស្រីល្ងង់…ដា… ហ្ស៊ី…
អូខេ… ឥឡូវនេះរូបភាពរឹតតែច្បាស់ ។
ដាហ្ស៊ី… តើអូនកំពុងលាក់ភាពទន់ខ្សោយ និងសម្ពាធប៉ុនណា ក្រោមស្នាមញញឹមដ៏បរិសុទ្ធមួយនោះ ? ត្រូវរែកពុនថ្លៃពេទ្យឪពុកឆ្កួត ត្រូវរស់ក្នុងនាមជាកូនអ្នកបម្រើគេ ហើយថែមទាំងត្រូវ សង្សារដែលតស៊ូជាមួយគ្នា ២ ឆ្នាំ កំពុងរៀបចំផែនការក្បត់ ទៅឱបជើងថៅកែម្តាយខ្លួនឯងទៀត ?
ខ្ញុំញញឹម… ជាស្នាមញញឹមដែលត្រជាក់ដល់ឆ្អឹងខ្នង ។ ខ្ញុំប្រៀបដូចជាព្រះរាជអាជ្ញានៃនរកហៅថាយមរាជ ដែលមិនចង់ធ្វើអាក្រក់ប៉ុន្មានទេ តែអាគាត់នោះ ជាអ្នកអាក្រក់គួរឱ្យចង់ប្រដៅមុន !
អរគុណជំនួយការពិសេសម្នាក់នេះ ធ្វើការលឿន រកឃើញអន្ទាក់ដ៏ល្អឥតខ្ចោះបំផុត ដើម្បីទាញព្រលឹងដ៏បរិសុទ្ធមួយនេះ ឱ្យធ្លាក់ចូលមកក្នុង កណ្តាប់ដៃ… មនុស្សសមនឹងនាងវិញ ។
«ស្រីមោឃហ្នឹងដឹងរឿងអស់នៅ ?»
«នៅទេទាន ! គ្មានសង្ស័យបានទេ ! ខាងប្រុសមានបទពិសោធព្រានមួយសំណុំចៅហ្វាយ ! ស្រីណាក៏លង់ !»
ពាក្យនេះធ្វើឱ្យខ្ញុំលែងស្តាប់ឮរឿងផ្សេងបានទៀតហើយ ព្រោះក្តៅស្លឹកត្រចៀក ! ទម្រង់មុខខ្ញុំប្រែជាតឹងតែងមួយរំពេច ចេញចំហាយ…មានះ ។
២ ឆ្នាំដែលអាត្លុកនោះបាននៅក្បែរគេ បានឃើញស្នាមញញឹមគេរាល់ថ្ងៃ បានស្រូបក្លិនគេ…
«ស្រឡាញ់វាងប់ខ្លាំង ?»
ខ្ញុំសួរ ខណៈម្រាមដៃចាប់ផ្តើមអុកគោះរូបតុក្កតានោះ ក្ដុកៗតិចៗ ជាចង្វាក់ ។
«តាមមើលទៅ.… ធម្មតាៗទេចៅហ្វាយ ។ អាប្រុសជាមនុស្សហាយសូដែរ ! មើលទៅរបៀបបុគ្គលជោគជ័យ ដែលសង្គមកំពុងចំអក និងប្រឹងយកមុខមាត់ខ្លាំងហើយ… ខាងស្រី មិនដឹង ! គ្មានពិសោធន៍ !»
ប្រូស !
ខ្ញុំបោះគ្រវែងរូបតុក្កតាចោលទៅម្ខាង ។ អ៊ីសានថយទៅធ្មឹងវិញដូចរូប ចម្លាក់ ។ ក្នុងភាពស្ងប់ស្ងាត់ ដែលគ្របសង្កត់ពីរនាក់យើង… ខ្ញុំមានតែស្ដារមកវិញដោយសំណើចមួយ… គឺសើចចេញមកអួលពីបំពង់ក ។
ប្រុសល្មោភមុខមាត់ដែលបាននៅក្បែរគ្រាប់ពេជ្រដ៏ស្អាតបរិសុទ្ធមួយគ្រាប់ហើយបែរជាខ្វាក់មិនស្គាល់តម្លៃ ប្រឹងងាកទៅតោងរោមជើងស្រីអ្នកមានផ្សេងដើម្បីលុយ ?
ល្អ… ល្អណាស់ មានមហិច្ឆតា តែលោភលន់ប្រភេទវានេះ ជាសំរាមដែលងាយនឹងដុតចោលបំផុត ។
អ៊ីសាន មិនហ៊ានមាត់កអ្វី ខ្ញុំក៏ក្រោកឈរដើរយឺតៗទៅមាត់បង្អួចកញ្ចក់ដែលអាចមើលឃើញទិដ្ឋភាពព្រៃអ័ព្ទក្រាស់ត្រជាក់ដល់បេះដូង ។
ពីនេះទៅភ្នំពេញប្រមាណជា ១៥ នាទី… ខ្ញុំចង់ត្រដាងស្លាបតាមបក្សីយន្តទៅឈរមើលគេគេង… ចង់ដឹងគេប្រើឈុតអ្វី ? ថ្លើមធំ ហ៊ានឱ្យអាប្រុសនោះទៅគេងបានដែរទេ ? ខ្ញុំសង្ក្រៀតធ្មេញ…
ក្រោមតំណក់ភ្លៀងថ្លាដូចពេជ្ររោយតិចៗមកដាមលើផ្ទាំងកញ្ចក់…
ខ្ញុំមិនចង់មានរាត្រីថ្ងៃស្អែក… ស្អែក… និងស្អែក… ដែលមិនមានវត្តមានគេមកឈរពីមុខខ្ញុំនោះទេ !
«អ៊ីសាន… »
ខ្ញុំហៅឈ្មោះនេះគ្រលរៗ ។ គេគួរដឹងហើយថាចិត្តខ្ញុំកំពុងតែ…
សំឡេងត្រជាក់ស្រេបកាត់ឆ្អឹងថ្គាមរបស់ខ្ញុំចេញទៅជាបទបញ្ជា៖
«ទាក់ទងទៅអាម្នាក់នោះ!… វេហា ! ក្រុមហ៊ុនយើងទិញផ្តាច់មុខនូវ Project ថ្មីរបស់វា… ក្នុងតម្លៃ ១ លានដុល្លារ !»
ជំនួយការងើបមុខឡើងបន្តិចដោយការភ្ញាក់ផ្អើលខ្លាំងតែមិនហ៊ានសួរ ។
«តែ… មានលក្ខខណ្ឌមួយ !»
ខ្ញុំបន្តដៃលូកចូលហោប៉ៅខោ ស្ទាបរកក្រដាសដែលនាងបានឱ្យមកខ្ញុំ ។ ស្នាមញញឹមនាងផុសមកពន្លត់ភ្លើងខែងរ៉ែងនេះ សូម្បីជាស្នាមញញឹមត្រឹមក្នុងការចងចាំ ។
«យើងជាអ្នកនៅពីលើការងារវាទាំងអស់ហើយបន្ទាន់ស៊ីញេរួចកាលណាត្រូវបញ្ជូនវាឱ្យទៅគ្រប់គ្រងការិយាល័យគម្រោងនៅបរទេស២ឆ្នាំ ហើយ រៀបចំផ្លូវឱ្យវា… ចួបទាក់ទងរៀបការជាមួយកូនស្រីខាងធនាគារនោះទៅ ។»
«ចុះ… ចុះ បើ !»
«ខ្លាចមនុស្សលោភប្រភេទនេះចេះបដិសេធ ?»
ខ្ញុំសើចខឹកក្នុងបំពង់ក ហើយនិយាយបញ្ចប់ ៖
«វាព្រម ឱ្យលុយវា ។ បើមិនព្រម… បញ្ចប់ឈ្មោះនេះ… ពីទីផ្សារ ឱ្យរកតែបាយស៊ីគ្មាន ។»
«បាទទាន !» អ៊ីសានឱនក្បាលទទួលបញ្ជា ។
«នៅមានទៀត…»
ខ្ញុំងាកមកវិញ ធ្វើឱ្យអ៊ីសានស្លេកស្លាំង ។ គេខ្លាចខ្ញុំធ្វើបាបនាង ? … ឬខ្លាចខ្ញុំលះបង់ច្រើនហួស… ដើម្បីល្បែងចាប់ក្រពើមួយនេះ ?
ខ្ញុំញាក់ស្មាសើច… ខឹក… ខឹក… ខឹក
«ខ្លាចស្អី ?» ខ្ញុំនិយាយឌឺដងឱ្យអ៊ីសាន ។
«អត់… អត់ឯណា… ខ្ញុំត្រៀមស្តាប់បញ្ជា !»
«អ៊ីចឹងចូលមក !»
ខ្ញុំខ្សឹបហៅធ្វើលឱ្យជំនួយការនេះថ្លោះទឹកមុខ ! ពេលគេចូលមក ខ្ញុំប្រាប់គ្រប់យ៉ាងដែលជាគម្រោងការកខ្វក់ៗរបស់ខ្ញុំ ! មានតែយើងទាំងពីរទេដែលដឹងថា អ្វីទៅជាវាសនាពិតរបស់ម្ចាស់តុក្កតារាជបុត្រ នៅឈុតបន្ទាប់ ។
មានភាគបន្ត…



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ