ម្ចាស់តុក្កតារាជបុត្រ (តំណាលដាហ្ស៊ី)
មេឃរៀបនឹងងងឹតពពកខ្មៅប្រមូលផ្តុំគ្នាគ្រហឹមគ្រាំគ្រេងយ៉ាងចម្លែក… ខ្ញុំឈ្មោះ ដាហ្ស៊ី ជាមនុស្សចូលចិត្តស្ទាបស្ទង់អារម្មណ៍ខ្លួនឯង… ព្រោះខ្ញុំជាអ្នកសិល្បៈ… ហើយអារម្មណ៍ពេលខ្លះ បានព្យាយាមមកប្រាប់យើងជាមុននូវអ្វីមួយដែលបម្រុងតែនឹងកើតមានឡើង… ដូចជាយប់នេះ ធម្មជាតិដូចកំពុងប្រាប់ខ្ញុំឱ្យដឹងជាមុន ពីអ្វីមួយ… ស្អីទៅ ? ពិភាល់ម៉្លេះ… ?
… ជាព្យុះភ្លៀងដែលបម្រុងនឹងវាយលុកក្នុងជីវិតខ្ញុំ ។
ខ្ញុំកំពុងរៀបចំខ្លួនប្រញាប់ប្រញាល់ ស្របពេលដែលម៉ាក់គាត់រុញទ្វារចូលមកដល់ផ្ទះ ។ ផ្ទៃមុខគាត់ស្លេកស្លាំង សម្លៀកបំពាក់ទទឹកខ្លះ ម៉ាក់ហត់ដូចតែរាល់ដង ! បម្រើការងារជាមេផ្ទះនៅគេហដ្ឋានអភិជន ទោះមិនប្រលូកការងារកម្លាំងពេញលេញ តែការផ្គាប់ផ្គុនគេ មើលទឹកមុខពួកគេ និងគ្រប់គ្រងអ្នកបម្រើឱ្យគេ គឺហត់នឿយចិត្តជាងពលកម្មទៅទៀត ។
ថ្ងៃណាមួយទេ ខ្ញុំនឹងអាចសុំឱ្យម៉ាក់សម្រាក !
ឃើញខ្ញុំរៀបចំខ្លួនចេញក្រៅ ម៉ាក់ឈប់ង៉ក់ រួចសួរទាំងទឹកមុខបារម្ភ ៖
«កូនឯងទៅណាថ្មើរណេះ ? ម៉េចក៏ចេញក្រៅទាំងមេឃងងឹតរកកល់ចង់ភ្លៀងអ៊ីចឹង ?»
គាត់ឈ្លេចសួរព្រោះធម្មតាខ្ញុំបិទហាងហើយ គឺមិនដែលចេញទៅណាវេលានេះទេ !
ខ្ញុំប្រញាប់ទាញកន្សែងស្អាតមួយមកជូតញើសលើមុខឱ្យគាត់ថ្នមៗ ទាំងសម្លឹងគាត់ដោយក្តីអាណិតហើយខ្សឹបខ្សៀវ ៖
«បងវេហាខលមកអម្បាញ់មិញ សំឡេងដូចតឹងតែងណាស់អ៊ីចឹង !»
ម្តាយខ្ញុំថ្លោះទឹកមុខ ។ គាត់ស្គាល់បងវេហា ឬគាត់ដឹងថាមានរឿងអីកើតឡើង ? ខ្ញុំតាមសម្លឹងគាត់ ខណៈភ្នែកគាត់គេច ។
«មិនបាច់ទៅទេ !» គាត់ថាហើយដើរហួសទៅក្នុង ខណៈទ្រូងខ្ញុំរឹតតែទទួលប្រផ្នូលមួយបន្ថែមធ្ងន់ ។
«គេ… គេថាមានការបន្ទាន់ចង់ចួបកូន !
ង៉ឺត !
ឡានរបស់គេឈប់ង៉ក់នៅទីតាំងរាល់ដងដែលមិនធ្លាប់មកវេលានេះសោះឡើយ ព្រោះម្តាយខ្ញុំទទួលទម្លាប់របៀបរបបខ្មែរតឹងរ៉ឹង តាមក្រមជាគ្រួសារអ្នកសិល្បៈបុរាណ ។
«គេ… គេមកដល់ហើយហ្នឹងម៉ាក់ !»
គាត់បែរខ្នងធ្វើជាចាក់ទឹក ឯខ្ញុំវិញព្យាយាមទទូច ៖
«កូនចេញទៅតែមួយភ្លែត ហើយប្រញាប់មកវិញណា៎ !»
គាត់មិនមាត់ តែចម្លែក ។
រហូតដល់ពេលដែលខ្ញុំឡើងឡាននិយាយគ្នា ទើបខ្ញុំយល់គ្រប់យ៉ាងថាហេតុអីម្តាយខ្ញុំចង់ឃាត់ផង មិនឃាត់ផង ?
មកពីគាត់ដឹងគ្រប់យ៉ាង !
គាត់ឃើញមនុស្សដែលកូនគាត់ទុកចិត្តផ្ញើបេះដូង បានទៅពាក់ព័ន្ធនឹងមនុស្សស្រីផ្ទះគហបតីដែលគាត់មានឋានៈត្រឹមជាអ្នកបម្រើគេ ។
បរិយាកាសក្នុងឡានពេលនេះ ត្រជាក់ស្រេប និងហប់ស្អុះស្អាប់ខុសពីធម្មតា ។ ពេលដែលយើងគ្រាន់តែចេញឡានមកក្បែរកូនហាងរបស់យើង ហើយឃើញថាស្ងាត់ល្អ… គេបានចាប់ផ្តើម…
«គិតថា មីងប្រាប់អូនឯងហើយ !»
ភាពស្ងៀមស្ងាត់ដ៏គួរឱ្យខ្លាចចូលមកគ្របដណ្តប់មកលើខ្ញុំ ។ វាជាអារម្មណ៍អាក្រក់ សង្ស័យ និងអស់សង្ឃឹម មុនពេលដែលបបូរមាត់គេសារភាពទៅទៀត ៖
«ដាហ្ស៊ី… បង… បងត្រូវរៀបការ !»
ប្រយោគខ្លីៗដែលន័យដូចជារន្ទះបាញ់កណ្តាលទ្រូងខ្ញុំ បានញ៉ាំងឱ្យខ្ញុំគាំងព្រោះមិនដែលត្រៀមថា រវាងពួកយើងនឹងបញ្ចប់ទៅដោយរបៀបនេះ ។
ជាមួយគតិដែលវិលយ៉ាងស្ពឹកស្រពន់ ខ្ញ្ញុំឮគេនិយាយទៀតថា ៖
«អូនឯងដឹងហើយ យើងខំណាស់ ! ខំមែនទែន ! តែមិនចេះគ្រប់ទេ ! …ដាហ្ស៊ី ! បងជាកូនប្រុស ហើយជាកូនច្បង ! បងមិនអាចរស់សម្រាប់តែបេះដូងខ្លួនឯងទេ ! បងត្រូវរៀបការដើម្បីអនាគតគ្រួសារ ហើយវា… ក៏ទាន់ពេលល្អសម្រាប់ពួកយើងទាំងសងខាងដូចគ្នា ! ហាងហ្នឹងបងមិនយកហ៊ុនវិញទេ ! ហើយយើងក៏មិនដែលជ្រុលជ្រួសអីដែរ ! យើងអត់… អត់ជំពាក់គ្នាអីទេ !»
ទាន់សម័យណាស់ ការបែកគ្នាយ៉ាងសុភាពមួយនេះ តែចិត្តខ្ញុំមិនដឹងកំពុងស្ពឹកឬឈឺឡើយ ។
ម្រាមដៃទាំងសងខាងញ័រចំប្រប់ពេលព្យាយាមរក្សាសំឡេងមិនឱ្យឃ្លាតពីទ្រង់ទ្រាយដើម តែប្រហែលជាគេឮច្បាស់ថាខ្ញុំតក់ស្លុតកម្រិតណា ៖
«បង… បងឯងនិយាយលេងមែនទេ ? មានរឿងអី…»
«ក្រុមហ៊ុនធំមួយបានទិញផ្តាច់គម្រោងបង ១ លានដុល្លារ ហើយគេបញ្ជូនបងឱ្យទៅគ្រប់គ្រងការិយាល័យនៅបរទេស ២ ឆ្នាំ ។ មុននិងក្រោយ យើងគង់បែកគ្នា ! ចឹង… បងរៀបការជាមួយកូនស្រីលោក វណ្ណឆៃ ដែលជាដៃគូគាំទ្រ Business !»
«តែ… !»
«អូនឯងដឹងហើយថាអាជីពគឺសំខាន់ស្មើជីវិតបង !»
គេនិយាយកាត់ពីលើសម្ដីខ្ញុំព្រួសៗ ទឹកមុខគ្មានសល់ក្តីស្រណោះស្រណោកអ្វីទាំងអស់ ។ ផ្ទុយទៅវិញ មានអារម្មណ៍ថា ខ្ញុំនេះជារបស់ចុងក្រោយនៅលើផ្លូវជីវិតរបស់គេដែលត្រូវ Format ភ្លាមៗ បានជាគេត្រូវហៅខ្ញុំចេញមកនិយាយគ្នាថ្មើរណេះតែម្តង ?
«មាណាកា កូនស្រីលោក វណ្ណឆ័យ ?»
ខ្ញុំរអ៊ូតិចៗទាំងវិលវល់ ។ បែបនេះហើយ បានជាម៉ាក់នៅខាងក្នុងអម្បាញ់មិញស្លាក់ហាមិនបាន ប្រាប់មិនកើត ?
រកហាជជីកបន្តក្នុងនាមមនុស្សដែលស្និទ្ធនឹងគ្នាយូរមកហើយ តែក្រឡេកភ្លាម ក៏ឃើញទូរសព្ទគេដែលចុចចោលដូចជាកំពុងថតឬ Live ក៏មិនដឹង ។
ចប់ហើយ !
មានភាគបន្ត…


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ