រឿង៖ នាងនិងគេ (ភាគ៦)

ខ្ញុំសម្លឹងរូបខ្ញុំក្នុងនោះ !

យើងលែងតទល់គ្នាតែ ២ នាក់ទៀតហើយគឺ… មានអ្នកផ្សេងណាទៀត… ដែលកំពុងមើលស្ថានភាពខ្ញុំ… ស្ថានភាព… សង្សារមកសុំបែក ។

ខ្ញុំចង្អុលអេក្រង់ទាំងទឹកភ្នែក ហើយសម្លឹងមុខគេទាមទារការបក     ស្រាយ ។ ប្រុសចង្រៃម្នាក់នេះ ក្លាយមកជាគួរឱ្យស្អប់ពេកណាស់ក្នុងវិនាទីនេះ ។

«ថតឱ្យអ្នកណាមើល ?»

ខ្ញុំស្រែកយំទ្រហោផង ខឹងផង តូចចិត្តផង ទាំងមានចម្លើយស្រេចហើយថា អនាគតភរិយាអ្នកមានរបស់គេ កំពុងទស្សនាឈុតឆាកអន់ថយបំផុតមួយកំពុងកើតឡើងក្នុងជីវិតខ្ញុំ ។

ខ្ញុំងាកមកអេក្រង់វិញ… ចងហាស្តី… តែ… ណ្ហើយ… អស់ចិត្ត ! មិនថាគេនេះ ធ្វើពុតដើម្បីបានឱកាសក្លាយជាហង្ស ឬគេ ពិតជាស្រលាញ់ស្រីមេម៉ាយស្តុកស្ដម្ភ… វាលែងជារឿងរបស់ខ្ញុំទៀតហើយ ! ការពិតនៃជីវិតខ្ញុំពេលនេះ គឺ… ខ្ញុំមិនមែនមានតម្លៃអ្វីសូម្បីបន្តិចណាក្នុងជីវិតរបស់គេ !

ទាំងញ័រទទ្រើក ម្រាមដៃខ្ញុំរេមកចង្អុលមុខគេ…។

វេហា ម្នាក់នេះ បញ្ញវន្តដែលខ្ញុំតែងតែស្ងើចសរសើររហូតដល់ក្លាយជារឿងបេះដូងជ្រាលជ្រៅ ។

ទោះណាគេមិនបានប្រើពាក្យសម្ដីមើលងាយដែលចាក់ចំចំណុចខ្សោយក្រីក្រ បែកបាក់នៃប្រវត្តិគ្រួសារធ្លាក់ខ្លួនរបស់ខ្ញុំ តែវាដូចតែគ្នាទេ ការដែលគេជ្រើសរើសពួក Elite ហើយថតសភាពតោកយ៉ាករបស់ខ្ញុំឱ្យពួកហ្នឹងមើលទៀតជាភស្តុតាងមែនទេ ?

«តោងស្រីស៊ី !»

ខ្ញុំនិយាយខ្លីៗទៅកាន់មនុស្សដែលខ្ញុំកំពុងចង្អុល ហើយ ខាំមាត់ស្ទើរដាច់កុំឱ្យខ្លួនឯងនេះយំកម្សត់នៅនឹងមុខពួកគេ ។

វេហាធ្វើមុខងើយ ខ្ញុំឃើញតែទងច្រមុះខ្ពស់ស្រួចដែលខ្ញុំរមែងតែងលង់ចិត្ត ។ កិរិយាគេនេះ គ្មានការអាណិត គ្មានការស្តាយក្រោយ ដូច្នេះហើយ គេសល់ត្រឹមស្រមោលល្មោភមុខមាត់ក្នុងចិត្តខ្ញុំ… ក្រៅពីនេះ រលាយអស់ហើយ ! សូន្យគ្រប់យ៉ាង !

ខ្ញុំខាំមាត់ខំនិយាយបញ្ចប់ ព្រោះទ្រូងខ្ញុំកំពុងថប់ខ្លាំង ៖

«កុំដើរឱ្យចួបគ្នាទៀតឱ្យសោះ !»

បានមួយម៉ាត់នេះហើយ ទើបទឹកភ្នែកដែលខំទប់ បានរមៀលធ្លាក់ចុះមកបាក់ទំនប់ ។

ខ្ញុំមិនបានយំស្រែកឡូឡា ឬអង្វរករមនុស្សប្រុសលោភលន់ម្នាក់នេះទេ គ្រាន់តែខាំមាត់ ទាញទ្វារឡានឈានជើងចុះមកក្រៅទាំងព្រលឹងអណ្ដែត  ត្រសែត ។

ទ្វារឡានទាញបិទខ្លាំងៗ ហើយបោលចេញ ទំនងជាពាក្យប្រមាថរបស់ខ្ញុំអាចឱ្យពួកមនុស្សប្រឡាំងកាសចេះឈឺដែរយ៉ាង !

តំណក់ភ្លៀងចាប់ផ្តើមធ្លាក់ចុះមកឥតប្រណី វាយសន្ធប់លើរាងកាយដ៏កម្សោយរបស់ខ្ញុំ ។ ខ្ញុំឈរស្ងៀមធ្មឹងពីមុខហាងតូច ជាមួយអនុស្សាវរីយ      ចាស់ៗជាច្រើនធ្លាប់មានមកជាមួយគ្នា ។

ថ្ងៃនេះ ខ្ញុំបានបិទទ្វាររាងឆាប់បន្តិចព្រោះមានគេមកប្រមូលទិញតុក្កតារបស់ខ្ញុំទៅអស់សឹងតែគ្មានសល់សម្រាប់តាំងផង ។ ពេលនេះទើបគិតយល់ថា តាមពិតអាចជាស្នាដៃស្រីអ្នកមានម្នាក់នោះ គេចង់មកបញ្ចប់គ្រប់យ៉ាងសេសសល់រវាងបងវេហា ហើយនិងខ្ញុំ ។

អត់ដឹងទេ ! លែងចង់គិតលែងចង់ដឹង ចង់ត្រឹមនៅស្ងៀមបែបនេះ ទទេស្អាតបែបនេះ ហើយយំខ្លាំងៗបែបនេះ បន្លំជាមួយគ្រាប់ភ្លៀង !

មេឃ ! ខ្ញុំសួរអ្នក ! មួយសំណួរប៉ុណ្ណោះ ! ខ្ញុំខុសអី ?

ឮសំណួរខ្លួនឯងកាលណា ខ្ញុំទម្លាក់ខ្លួនអង្គុយផ្ទាល់លើរឹមចិញ្ចើមផ្លូវ ! អស់កម្លាំងសូម្បីតែនឹងឈរ ។ សម្ពាធគ្រួសារ ភាពហត់នឿយរបស់ម៉ាក់ ថ្លៃពេទ្យរបស់ប៉ា និងក្តីស្រមៃដែលខំសាង…  ទីបំផុត មនុស្សដែលខ្ញុំផ្ញើក្តីសង្ឃឹម ក៏… មករុញខ្ញុំទម្លាក់ជ្រោះយ៉ាងព្រៃផ្សៃបំផុត ។

ហេតុអីទៅ ????????????

ខ្ញុំសួរខ្លួនឯងដោយសំឡេងខ្សាវៗ កប់បាត់ទៅក្នុងសម្រែកទ្រហឹងនៃផ្គររន្ទះ ។ ភាពត្រជាក់ថ្នាក់រងាញាក់រាងកាយ បានជ្រៀតចូលដល់ឆ្អឹង ប៉ុន្តែនៅមិនអាចប្រៀបបាននឹងភាពសូន្យឈឹងក្នុងសភាវគតិខ្ញុំពេលនេះនៅឡើយ ។

ឥទ្ធិពលអ្វីទៅ ដែលញ៉ាំងឱ្យរាល់តំណក់ភ្លៀងកំពុងវាយសន្ធប់លើរាងកាយខ្ញុំត្រូវឈប់ង៉ក់ ?

…មិនមែនមេឃរាំងទេ តែពន្លឺភ្លើងហ្វាឡានពណ៌លឿងទុំបានជះមកពីមុខខ្ញុំ បង្កើតបានជាស្រមោលខ្មៅធំមួយ គ្របដណ្តប់ពីលើរាងកាយដ៏តូចនេះ ។

ក្លិនទឹកអប់បុរសដ៏ក្រអូបប្រហើរ និងមានអំណាច លាយឡំជាមួយលម្អងព្រះពិរុណ បានវាយលុកចូលច្រមុះខ្ញុំ រាងកាយដ៏ខ្សោយរបស់ខ្ញុំ ក៏ជាក្លិនម្យ៉ាង ដែលសតិខ្ញុំនៅចងចាំមិនទាន់ភ្លេចនៅឡើយកាលពីថ្ងៃមុន… ក្លិនរបស់អ្នកជួសជុលនៅរោងពុម្ព… ម្នាក់ចម្លែកៗនោះ…។

ខ្ញុំងើបមុខឡើងយឺតៗ ទាំងកែវភ្នែកស្រវាំង… បងវេហាមែនទេ ? ខ្ញុំនៅខឹងទេ បើគេដឹងកំហុស ហើយសុំវិលថយក្រោយវិញជាមួយគ្នា ?

អត់ទេ !

ព្រោះ… មិនមែនគេ !

បេះដូងនេះដឹងច្បាស់ ! សភាពដោះដៃរបស់គេ បានធ្វើឱ្យអនុស្សាវរីយយើងទាំងប៉ុន្មានរម្លឹកត្រលប់មកវិញ ។

មិនមែនមកលងអារម្មណ៍ឱ្យស្រណោះនឹកគ្នាឡើយ តែមកឆ្លុះបញ្ចាំងថា ខ្ញុំល្ងង់កម្រិតណា ដែលមិនដឹងថាបានលង់ស្រលាញ់មនុស្សពោរពេញទៅដោយមហិច្ឆតាកខ្វក់ម្នាក់ !

ឆត្រពណ៌ខ្មៅដ៏ធំមួយកំពុងបាំងពីលើក្បាលខ្ញុំសោះបានជាតំណក់ទឹកត្រូវបានរារាំង ។ ម្ចាស់ឆត្រឈរស្ងៀមធ្មឹង ជាមួយកម្ពស់ដ៏សង្ហារបស់គេប្រៀបដូចជាភ្នំដ៏រឹងមាំមកឈររាំងបាំងខ្យល់ព្យុះឱ្យខ្ញុំ ។

ដៃម្ខាងគេកាន់ឆត្រ ឯដៃម្ខាងទៀតលូកក្នុងហោប៉ៅខោ ។ កែវភ្នែកដ៏មុតស្រួច និងជ្រៅដូចបាតសមុទ្ទរបស់គេ សម្លឹងចុះមកចំៗខ្ញុំ… ភ្នែកពួកយើង… សាជាថ្មី បានពាក់ព័ន្ធគ្នាដោយគ្មានពាក្យស្តីវាចា ។

…មិនមែនជាកែវភ្នែកអាណិតអាសូរទេតែវាជាកែវភ្នែកនៃភាពហួងហែង និងកំហឹងដែលកំពុងឆាបឆេះតាំងពីណាមកមិនដឹង ។

«យំឆ្អែតឬនៅ ?»

សំឡេងគ្រលរធ្ងន់របស់គេបន្លឺឡើងរាបស្មើ តែមានអំណាចកាត់ផ្តាច់លើសូរសំឡេងទឹកភ្លៀង ។

ខ្ញុំគាំង… បបូរមាត់ញ័រទទ្រើក រកនឹកពាក្យនិយាយមិនឃើញ ។ ហេតុអីជាគេ ម្តេចគេមកនៅនេះ ? គេមានការអីជាមួយខ្ញុំ ?

តែខាងគេ មិនរង់ចាំចម្លើយខ្ញុំទេ ម្នាក់នេះទម្លាក់ឆត្រនៅក្នុងដៃចោលទៅម្ខាង បណ្តោយឱ្យគ្រាប់ភ្លៀងធ្លាក់ជញ្ជ្រំមកសើមស្មាដ៏ធំទូលាយរបស់គេ

ភ្នែកខ្ញុំក្រឡង់សម្លឹងសភាពដែលគេអង្គុយលុតជង្គង់ម្ខាងចុះមកកម្រិតស្មើនឹងខ្ញុំ ។ មិនខ្វល់ពីទឹកភ្លៀង និងភាពកខ្វក់នៅលើចិញ្ចើមផ្លូវ គេបែរជា  មកនិយាយឌឺដងខ្ញុំ ៖

«ណាគេស្លាប់ ?…»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*