ទេវបុត្រទេពនិម្មិត
ខ្ញុំហៅគេដូច្នេះស្ងាត់ៗក្នុងបេះដូង … ព្រោះគ្រប់គ្នាចាត់ទុកគេជាទេវបុត្រ ហើយខ្ញុំ ថែមពាក្យទេពនិម្មិត ព្រោះនៅសុខៗ គេមិនព្រមមើលស្រីណាបែរជាចូលមករកមនុស្សស្រីធម្មតាម្នាក់ ដែលគ្មានអ្វីទាំងអស់ ដូចខ្ញុំ។
គេឈ្មោះរ៉ូណាល់ ជាកូនប្រុសទោលរបស់គ្រួសារចៅហ្វាយនាយខ្ញុំ។ គេទើបមកពីអាមេរិក មកចូលរួមខួបកំណើតក្មួយគេ ហើយចាប់ពីពេលដែលបងស្រីគេប្រើខ្ញុំឱ្យពរកូនតូចគាត់ ទៅឱ្យចួបពូគេ ក៏ជាពេលដែលខ្ញុំមានឱកាសបានឃើញទេវបុត្រដែលអ្នកផងល្បីច្រើនខែមកហើយ មុនដំណឹងថាគេមកភ្នំពេញ។ គេពិតជាទេវបុត្រ ហើយក៏ជាទេវបុត្រដែលស្ថានសួគ៌ប្រទានមកឱ្យខ្ញុំ?
«ឈ្មោះអានីហ្មែន?»
គេសួរខ្ញុំដោយសំឡេងឌឺៗ ញ៉ែៗ តែនិយាយខ្មែរច្បាស់ណាស់សឹងថាមិនមែនអ្នកមកពីស្រុកគេសោះ។ ទាំងដែលបេះដូងខ្ញុំកំពុងស្ទុះក្តៅដូចទឹកត្រូវដាំជិតពុះ កាយវិការខ្ញុំខាងក្រៅនៅតែធ្វើដូចជាឯងហ្នឹងអស្ចារ្យ មិនឮសំឡេងគេសួរឌឺ មិនខ្វល់អំពីគេដែលយកចិត្តទុកដាក់ចំពោះខ្ញុំអ្វីទេ។
«តស់សក្តិៗ! ទៅផ្ទះជាមួយអ្នកម៉ាក់!»
ខ្ញុំនិយាយទៅក្មេងទាំងលូកដៃទទួលយកក្មេងមកវិញ។ សក្ដិៗជាកូនប្រុសវ័យ១ខួបរបស់អ្នកបងណាវី មេដឹកនាំស្រីក្នុងតួនាទីជា CEO នៅទីនេះ តែចាប់តាំងពីពេលដែលប្អូនប្រុសរបស់គាត់វិលមកលេងភ្នំពេញ គាត់មិនសូវបានមកក្រុមហ៊ុនទេ ព្រោះអាងបានគេនោះជួយមើលការអ្វីៗជំនួស ធ្វើឱ្យគាត់ហាក់បានធូរស្រាល មានពេលសម្រាប់គ្រួសារច្រើនជាងមុន។
«ស្រីៗណាឫកៗ កុំបាច់ឱ្យប៉ះហ្ន៎សក្ដិហ្ន៎!»
គេនិយាយដាក់ក្មួយគេ តែភ្នែកគេដៀងមកឌឺខ្ញុំ ហើយដៃគេមិនព្រមប្រគល់សក្តិៗមកឱ្យខ្ញុំដាច់ខាត។ ខ្ញុំឃើញភ្នែកគេ ព្រោះតែដៀងលួចមើលប្រុសម្នាក់នេះតាមកន្ទុយភ្នែក។ ចោរលួចមើលដូចខ្ញុំនេះ ក៏ត្រូវគេចាប់បានភ្លាមៗនៅនឹងកន្លែងតែម្តង ព្រោះវាត់កន្ទុយភ្នែកទៅលើកណាក៏ប៉ះគេសើចស្រស់មកដាក់ខ្ញុំ។ ជម្រើសរបស់ខ្ញុំមានតែសើចតបទៅគេវិញតែប៉ុណ្ណឹង។ គេស្រាប់តែប្រែទឹកមុខហាក់ភាំងៗ។
យូរណាស់ហើយ…..ខ្ញុំសឹងភ្លេចថា ខ្លួនឯងនេះសើចស្រស់យ៉ាងណា ដល់ថ្នាក់ធ្លាប់មានងារជាផ្កាស្រស់គ្រប់វិនាទីប្រចាំសាលា។ យូរមកហើយដែលជីវិតនេះខ្សោះខ្សោយ និងលំបាកពេក ខ្ញុំបានខាខាំងខ្លួនឯងក្នុងគំនាបនៃការសិក្សាមិនឈប់ ព្រមទាំងឈ្មុសជាមួយការងារសឹងទាំងស្រុងរហូតដល់ភ្លេចថាធ្មេញសក្បុសដូចម្លិះរបស់ខ្លួនឯង ជាធ្មេញដែលមនុស្សស្រីជាច្រើនបានចំណាយរាប់ពាន់ដុល្លារក៏មិនអាចទទួលបានវាមកពាក់ពេលញញឹមម្តងៗ។
គេកំពុងភាំងនឹងស្នាមញញឹមរបស់ខ្ញុំ? មោទនភាពមួយលេចចេញមកសម្រាប់មនុស្សស្រីដូចខ្ញុំ។ ខ្ញុំឈប់សើច តែក៏ញញឹមថែមមួយគន្លាក់ទៀតបង្អួតថ្ពាល់ខួចខាងឆ្វេង។ ចិត្តខ្ញុំចាប់ផ្តើមខិលហើយរាយមាយ។ ខ្ញុំប្រាប់ខ្លួនឯងដោយជឿជាក់….បើចង់ឌឺខ្ញុំ ស្មានខ្ញុំមិនចេះញ៉ែវិញហ្មែន?
កូនកំលោះអ្នកមាននៅទ្រឹង ព្រោះបាក់ចំពោះស្នាមខួចជ្រៅដែលសូម្បីអ្នកបងណាវីក៏និយាយថា រាជិនីនៃថ្ពាល់ខួចជាស្រីស្អាតជាងគេរបស់ក្រុមហ៊ុន ចុះពេលនេះតើប្អូនគាត់គេចពីដំណាក់ស្រីស្អាតកើតដែរ? ពេលគេកំពុងផុងខ្សែភ្នែក ខ្ញុំលេងស្នៀតបន្ថែមដោយនិយាយខាំមាត់តិចៗបញ្ចេញសំឡេងសិចស៊ី៖
«ហាមខូចណា៎សក្ដិៗ! អត់ឱ្យខូចទេ! ប្រយ័ត្នឈប់ស្រលាញ់!»
តែបីស្នៀតសោះ គឺលែងតឹងដៃ ហើយបណ្តោយឱ្យក្មេងឱនមករកខ្ញុំដោយខ្លួនឯង ព្រោះគេអាល័យតែចំហមាត់សម្លឹងខ្ញុំ បានកម្លាំងអីទៅឱបក្រសោបក្មួយទុកទៀត? បានមនុស្សមកដល់ទ្រូងខ្ញុំឱបក្មេងបែរក្រោយ ដោយដើរចេញមកបង្អួតដំណើរអ៊ែនយ៉ាងសង្ហាបន្ថែមកំដរភ្នែកពូគេ។
នៅមុខខ្ញុំជាផ្ទាំងកញ្ចក់ធំពណ៌ទឹកតែ។ បើខ្ញុំសម្លឹងតាមកញ្ចក់នេះ ខ្ញុំច្បាស់ក្នុងចិត្តថានឹងឃើញរូបរាងរបស់គេដែលកំពុងបាក់ក្នុងសម្រស់ដែលខ្ញុំទើបនឹងបានរាយរង្គ តែខ្ញុំធ្វើហីមិនខ្ចីទាំងមើលផង ទុកឱ្យគេនៅអាល័យម្នាក់ចំបែងសិនចុះមិនល្អ?
វគ្គ៖ អន្ទាក់ស្នេហ៍យុវវ័យ
ល្បែងស្នេហាមិនថាយុវវ័យម្នាក់ណាក៏ដូចម្នាក់ណា ខ្លាចអីត្រឹមតែដេកនឹក ហើយលួចសប្បាយចិត្តម្នាក់ឯង មានអ្នកណាគិតលុយ? ខ្ញុំវិលមកផ្ទះយប់ហ្នឹងក៏ចំណាយពេលដល់ម៉ោង១១ កន្លះ Search រកអ្វីៗទាំងអស់ទាក់ទងនឹងគេក្នុង Internet មិនថាលើFB, IG ឬ Twitter ។ គេឈ្មោះអូណា តែពួកម៉ាកគ្រប់គ្នាហៅគេថារ៉ូណាល់ ព្រោះតែរូបរាងកម្ពស់កំពរបស់គេប្រហាក់ប្រហែលនឹងកីឡាករដ៏ល្បីនោះមែន។ ទោះយ៉ាងណា គេក៏ជាខ្សែប្រយុទ្ធជួរមុខក្នុងបេះដូងស្រីៗស្រាប់ទៅហើយ។
ប៉ាគេជាឧត្ដមសេនីយ៍ផ្កាយមាស ហើយគេរៀនចប់ខាងច្បាប់មកពីអាមេរិក។ បងស្រីគេជាភាគហ៊ុនធំនៅក្រុមហ៊ុនខ្ញុំធ្វើការ ម៉ាក់គេជាធុរជនជួរមុខលំដាប់ប្រទេស។ មនុស្សដូចគេ ពេលមកខ្មែរម្តងៗ មិនបាច់សួរទេ គឺមានស្រីៗជាច្រើនដែលចូលចិត្តគេ តែលើកនេះ គេហាក់មានបំណងចង់ឱ្យខ្ញុំដឹងថា ក្នុងចំណោមអ្នកដែលគេចូលចិត្តក៏មានខ្ញុំម្នាក់ដែរ។ គេមិនសូវមានរូបថតទេ តែរូបថតមួយដែលខ្ញុំមើលច្រើនសាគឺ សភាពកំពុងលេងកីឡាបាល់ទាត់របស់គេ។ ប្រហែលនេះដឹងជាមូលហេតុដែលមិត្តភ័ក្ដិគេដាក់ឈ្មោះថ្មីឱ្យ?
ព្រឹកស្អែកឡើង ខ្ញុំមកធ្វើការទាំងភ្នែកស្លក់។ លទ្ធផលនៃការគេងមិនបានគ្រប់ និងយល់សប្តិរញ៉េរញ៉ៃធ្វើឱ្យអារម្មណ៍អត់មានល្អអីបន្តិចទេ។ មិនតែប៉ុណ្ណឹង ចេញមកពីផ្ទះមិនរួចសោះ ទោះខំធាក់ម៉ូតូឡើងបែកញើសទទឹកសក់ជោកហើយក៏ដោយវ៉ី! ហៅកង់បីឥណ្ឌាមកជិះទាំងខឹងទាំងជាបានល្ហើយប្រាណប៉ុន្មាននាទី ស្រាប់តែ…..
ហ្សឹប…..
ឡានទំនើបមួយមកឈប់ស្តុបក្បែរគ្នា ហាក់បីដូចជាមានចេតនា។ តាមថាគេឡានទំនើបយើងកាលីបកង់បីឥណ្ឌា ខ្ញុំខ្ជិលយកចិត្តទុកដាក់ងាកទៅណាស់ ប៉ុន្តែ….ទេសកាលអី មានអារម្មណ៍ថាម្នាក់ស្រីអង្គុយក្នុងឡាន កៅអីខាងស្តាំមើលមកខ្ញុំមិនព្រមលែងសោះ មើលហើយមើលទៀតតែម្តង រហូតទាល់តែខ្ញុំសម្លឹងត្រឡប់ទៅវិញទើបនាងម្នាក់ហ្នឹងព្រមបែរមុខចេញទាំងធ្វើដូចជាសត្រូវស្គាល់គ្នាតាំងពីជាតិណាមក?
ថ្ងៃស្អីរបស់ខ្ញុំ? សម្លឹងហួសពីនាងទៅ ក៏ប៉ះនឹងមនុស្សប្រុសច្រមុះស្រួចរលែម។ គេមិនងាកមកទេ។ បេះដូងខ្ញុំធ្លាក់ខ្ពាក។ កុំឆ្ងល់!!! វាមិនមែនធ្វើលាក់ចេញមកមែនទែនទេ តែវាធ្លាក់របៀបអ្នកក្អួតឈាមទើបនឹងជា ឥឡូវត្រូវគេដំមកមួយព្រនង់ថែម។
Ex Boyfriend ស្មានតែ៨ខែមកនេះ គេរលាយបាត់ពីលោកយើងទៅហើយ ក៏មកបង្ហាញមុខអីចំពេលនេះ? មានឡានទំនើបជិះ ហើយដឹកស្រីមកឈប់ក្បែរទៀត? គ្រាន់ណាស់ ក៏មិនហ៊ានងាកមកមើលខ្ញុំឱ្យចំទៅប៉ិ? ទុកឱ្យនាងស្រីក្រោយនេះ វាមកអើតកវែងៗ សម្លឹងខ្ញុំអីសម្លឹងយ៉ាងនេះ។ ស្គាល់ខ្ញុំហ្មែន? យក Ex ខ្ញុំទៅហើយក៏យកសុខសប្បាយទៅចាំអីមកតាមមើលអ្នកជិះកង់បីសឹងបាក់ក? ចិត្តមួម៉ៅមិនទាន់បានស្រន់មកស៊យស៊ុនឃើញពីរនាក់ហ្នឹងទៀត ខ្ញុំបានហេតុផលស្តីឱ្យអ្នករ៉ឺម៉កភ្លាម៖
«ហើយ……ផ្លូវឡើងទូលាយ! ឈប់ស្តុបក៏ឈប់ផ្លូវឡានដែរ? អត់ខ្លាចកូតឡានពួកអ្នកមាន អាងអីលើកម្រាមដប់ទេស?»
ពូហ្នឹងមើលមុខខ្ញុំថ្មែ តែគាត់មិនត ព្រោះទំនងខ្ញុំចេញមុខយក្ខមកក៏មិនដឹង បានជាឡានក៏បោលវឹងលែងហ៊ានក្បែរ ឯកង់បីក៏បរស្ងាត់ដូចចោរលួចសេះ។ មកដល់កន្លែងធ្វើការកាលណា ចិន្តាមហាស្មុគនឹកឃើញតែរងើកភ្លើងចាស់យូរណាស់ហើយលត់មិនចេះសូន្យសោះ លែងឃ្លានបាយស្រូប បបរសាមចូក កាហ្វេកាល់តិចអីទាំងអស់តែម្តង។
«Morning អានី!»
គឺបងRoda ឆាតមក។ បងប្រុសជីដូនមួយរបស់ខ្ញុំនៅស្រុកបារាំង។ ខ្យល់អីបក់គាត់មកឆាតថ្មើរហ្នឹង ពេលហ្នឹង? មនុស្សកំពុងអត់សប្បាយចិត្តអីបន្តិចណាសោះ បានអីនឹងតគាត់។ ខ្ជិលឆ្លើយ ខ្ជិលអាន ខ្ជិលSeen ខ្ញុំជូតតុខ្លួនឯង ជូតកុំព្យូទ័រ និងប្រមូលក្រដាសបោះចោលចេញទាំងមុខក្រញូវ។ ក្នុងភ្នែកនឹកឃើញតែច្រមុះស្រួចដែលមុននេះប្រហែលមួយឆ្នាំតាមញ៉ែខ្ញុំឆាតព្រឹកយប់ថ្ងៃ មកចាំសឹងថាសឹកថ្មនៅនឹងមុខក្រុមហ៊ុនបាន ឥឡូវគ្រាន់បើណាស់ បានបែកគ្នាមិនទាន់អីផងដឹកស្រីទាំងព្រឹកមកឈប់ទន្ទឹមឯង ហើយមិនទាំងងាកមកទៀត។ គ្រាន់បើ!
«បងយល់សប្តិល្អ! ឃើញពស់នាគរាជដេញរុំខ្លួនឯង រាជិនី!»
ខ្ញុំសើចស្ញាញវិញ ទាំងចិត្តកំពុងស្មុគ។ គាត់ធ្វើឱ្យខ្ញុំនេះមិនតបមិនត ក៏មិនកើតពិតមែន បងRoda?
«ស្អីគេបងឯង? ស្រុកបារាំងទើបតែម៉ោង២ភ្លឺ ក្រោកមកកាត់សប្តិទៀត? បានសម្រាកបងល្អ! គ្មាននាគ គ្មានពស់ មានតែអាគាត់ Ex វាដឹកស្រីកាត់ពីមុខក្តៅឡាតែតទាំងព្រឹក! តិចរលាកទាំងអ្នកឆាតឆ្លងទ្វីបមកផងមិនដឹងទេនៀក! សុំនៅស្ងាត់ធ្វើចិត្តសិនហើយ!»
តុៗៗ…ខ្ញុំងើបមុខចោលកុំព្យូទ័រ។ ស្នាមញញឹមមួយអំណោយបន្ថែមពីលើម្រាមដៃគេដែលគោះឌឺមួយៗលើកញ្ចក់ជញ្ជាំងបន្ទប់។ ទីនេះមិនមែនកន្លែងផ្តាច់មុខរបស់ខ្ញុំទេ ក៏មានតុធ្វើការស្រីៗច្រើននាក់ទៀត នៅអង្គុយរួមចូលជាមួយគ្នា តែដែលគេញញឹម ហើយមកគោះជញ្ជាំងទាំងព្រឹកនេះ មកគោះរកអ្នកណាឱ្យប្រាកដ?
អុះ! តាមពិត តុច្រើនតែអត់ទាន់អ្នកណាមកផង បើមិនគោះស៊ីញ៉ូឯង គោះរកស្រីណាវិញអ្ហះ អារាជិនី? ខ្ញុំដាក់ខ្នងផ្អែកអង្គុយឱ្យស្រួលបួល រួចសឹមថយទឹកមុខយក្ខិនីចេញខ្លះ មុនពេលសម្លឹងតបទៅមនុស្សឌឺ។ ម្រាមដៃគេនៅតែមិនឈប់គោះ….
គេនេះមិនដេកពួនក្រោកមកទាំងព្រឹកមកក្នុងបំណងអី? បុគ្គលិកផ្សេងៗមិនទាន់មានអ្នកណាមកដល់ផង គេកើត Depression អីបានជាមកគោះជញ្ជាំងមិនឈប់ធុននៀក?
«មិញនេះឃើញសើចស្រស់ដាក់អ្នកណា?»
សំណួរគេបោះមកកាត់ផ្តាច់ការគិតរបស់ខ្ញុំ។ គេឃើញខ្ញុំសើចដាក់បងRoda? ហើយក៏ពិនិត្យបានដិតដល់ម្ល៉េះ មកដល់តាំងពីថ្មើរណាប៉ិ? ហើយខ្ញុំ … យី? … ខ្ញុំក្លាយជាកម្មសិទ្ធិគេត្រូវចុះកុងត្រាត្រៀមឆ្លើយសូម្បីតែរឿងញញឹមស្រស់មិនស្រស់ ញញឹមដាក់ពីណាមក?
គេលែងគោះ ព្រោះខ្ញុំមិនឆ្លើយក៏មិនព្រមញញឹម មិនព្រមសម្លឹងទទួលគេអីទំាំងអស់ដែរ។ ម្នាក់ប្រុសនេះមានសកម្មភាពមិនសមជាចៅហ្វាយ តែមកញ៉ែប៉ប្រែឱ្យច្បាស់ក្រឡែត បើខ្ញុំញ៉ែតបវិញមានខ្លួនឯងហ្នឹងជាប្រភេទមនុស្សអត់ស្គាល់កន្លែងធ្វើការធ្វើងារ មិនស្គាល់ក្រមទម្លាប់អ្វីដូចគេដែរ?
និស្សិតបរទេសចរិតចម្លែកមិនត្រឹមតែមិនថយ ក៏ដើរចូលមកដល់តែម្តង។ នៅកន្ទុយភ្នែក ធ្លុះផុតរបាំងកញ្ចក់ ខ្ញុំឃើញចិន្តាមិត្តខ្ញុំឈរឆ្កឹងពីមុខជណ្តើរ។ ក្រោយពេលឡើងមកដល់ឃើញវត្តមានប្រុសស្អាត ចិន្តាទំនងជាឈប់ជើង ព្រោះទីទើរមិនដឹងចូលមកធ្វើការដូចប្រក្រតី ឬមួយត្រូវរឺយ៉ែរថយ ទុកវេនឱ្យ២នាក់ខ្ញុំផ្សារភ្ជាប់និស្ស័យ។ បានដូចគិត ខ្ញុំលេងប៉ិនេះឱ្យស្គាល់ស្រីស្រុកខ្មែរម្តងថាហំហានកម្រិតណា៎។ ខ្ញុំធ្វើមើលគេមិនឃើញ គឺមើលរំលងដល់ចិនា្ត ហើយនិយាយដាក់មិត្តឮៗតែម្តង៖
«ទិញកាហ្វេមកហើយ ? មានដាក់ស្ករអត់? កំពុងស្រេក! »
តាមពិតខ្ញុំអត់បានផ្ញើចិន្តាទិញកាហ្វេទេ ប៉ុន្តែនេះជាស្ទីលគេចចេញពីវត្តមានព្រានអាមេរិកមានតែធ្វើអ៊ីចឹង។ ចិន្តានៅឈរធ្មាំងៗ ពេលឃើញរ៉ូណាល់បែរក្រោយយឺតៗសម្លឹងគេ។ មិត្តខ្ញុំម្នាក់នេះកំពុងតែស្លន់ ម្ខាងប្រុសស្អាត ម្ខាងពួកម៉ាកកំពុងរងអាសន្នអន់ក្រ។
គេរៀបឫកបែបណាក៏មិនទំនងជាត្រូវម៉ូជាមួយខ្ញុំដែរ ម៉្លោះហើយខ្ញុំក្រោកទៅរកគេដល់ជណ្តើរ ហើយទទួលកាហ្វេមកលេបក្អឹកៗតែម្តងឱ្យវាជាក់ស្តែង។
«នែ៎នាងៗ … »
និយាយបានប៉ុណ្ណឹងម៉ាត់ ចិន្តារកហាបន្ថែមមិនបានទៀតទេ ព្រោះចាញ់ច្រាបអំណាចប្រុសស្អាត។ ខ្ញុំវិញដឹងតែពីសម្ដែងបន្តឱ្យវាកាន់តែទំនងឡើង។ ខ្ញុំខ្សឹបៗដាក់មិត្ត៖
«ឆាប់ឡើង! កុហកយើងមកថា ចៅហ្វាយប្រើឱ្យចុះក្រោមនឹងអាលយើងបានលេខចេញឱ្យបាត់ពីមុខប៉ិនេះ!»
ចិន្តានៅរុញរា ខ្ញុំក្តិចដៃវា ហើយតឿនមុនពេលប្រុសមាឌធំនោះដើរមកដល់៖
«ឮ? ប្រាប់ថាឱ្យកុហក ឱ្យលឿនមក!»
ចិន្តាខ្សឹបមកវិញទាំងច្រាស់ច្រាល់៖
«ចៅហ្វាយស្អីឯង? គេហ្នឹងហើយចៅហ្វាយរបស់ឯង! គេឱ្យធ្វើអីធ្វើហ្នឹងទៅ! អ្នកបងណាវីបានប្អូនប្រុសមកមើលការទាំងព្រលឹមឆ្មាក្អកអ៊ីចឹងហើយ ស្មានថាក្រោកមកធ្វើការទៀត?»
ចិន្តាខ្សឹបៗហើយក៏លែងនិយាយ។ ភ្នែកវាសម្លឹងផុតទៅក្រោយខ្នងខ្ញុំ បញ្ជាក់ថា ខ្ញុំនេះវរហើយ ព្រោះគេកំពុងដើរមក។
«រកវិធីទៅនាង! ឱ្យយើងគេចពីមេព្រានរបស់ឯង!»
«ឯងហៅគេអីអ៊ីចឹង ប្រយ័ត្នគេឮ!»
«មិនខ្វល់! គេនេះមករងកម្មខ្លួនឯង!»
«ហើយកាហ្វេយើងទេ!»
«ប៉ុន្មានទៅចាំឱ្យលុយវិញ!»
«សំខាន់យើងផឹករួចហើយ! ដែលមាត់ដឹងអត់?!»
ខ្ញុំរកក្អួតក៏មិនចេញ រកខឹងក៏មិនបាន។ នេះហើយស្ថានភាពថ្ងៃទីពីរដែលខ្ញុំចួបគេ។ មនុស្សប្រុសម្នាក់នេះសង្ហាដូចទេពនិម្មិត ចិត្តរហ័សដូចព្រានសម័យទំនើប ហើយមានស្រីៗចោមរោមពីមុខដល់ក្រោយ Office បើខ្ញុំហ៊ានយកកទៅលអន្ទាក់ ខ្ញុំរបួសស្នេហ៍លើកនេះ មិនដេកសន្លប់ដូចកាលជាមួយ Ex ទេ ប្រាកដជាក្ស័យដល់ជីវ៉ាមិនខាន។ យប់មិញខ្ញុំតាមរកគេក្នុងអ៊ីនធឺណិត។
គេជានិស្សិតផ្នែកនយោបាយមកពីអាមេរិក ហើយជាកូនទោលរបស់លោកជំទាវ មុន្នី មនុស្សស្រីមកពីត្រកូលអភិជនតាំងពីកំណើត។ ក្រៅពីមានកូនស្រីច្បងជា CEO ក្រុមហ៊ុនសណ្ឋាគារផ្កាយ៥នេះ ជំទាវមុន្នីមានហ៊ុនធំលើឧស្សាហកម្មទេសចរណ៍ លើផ្នែកជាច្រើនទៀតដែលធ្វើឱ្យគ្រួសារនេះជាប់ងារជាអ្នកមានមួយក្នុងចំណោមមហាសេដ្ឋីកំពូលទាំង៥របស់ប្រទេសកម្ពុជា។ ជំទាវមិនដែលមកលេងកន្លែងខ្ញុំទេ តែកេរ្តិ៍ឈ្មោះលោកល្បីល្បាញក្នុងចំណោមបុគ្គលិកទាំង២យ៉ាងគឺទាំងទ្រពមហាសាល ពូកែជំនួញ និងក៏ប្រកាន់របៀបរបរជាគហបតីអភិជនស្ត្រី មិនងាយផ្គាប់ឡើយ។
រ៉ូណាល់! កុំលេងសើចជាមួយខ្ញុំ នេះបើលោកពិតជាមិនចង់ឱ្យខ្ញុំស្រក់ទឹកភ្នែកបន្តពីមនុស្សមុន! ខ្ញុំគិតហើយ ធ្វើមុខស្ងួត ហុចកាហ្វេឱ្យទៅចិន្តាវិញ រួចចុះជណ្តើរមួយៗលែងខ្វល់នឹងឆាកស្នេហាដែលខាងប្រុសកំពុងបង្កាត់ឡើង។ បើសិនស្នាមសើចរបស់ខ្ញុំកាលពីម្សិលបានធ្វើឱ្យលោកនឹកខ្ញុំគេងមិនលក់បក់មិនល្ហើយ ខ្ញុំរាប់ថាវាជាកំហុសនៃក្មេងស្រីម្នាក់ដែលលេងសើចមិនបានគិត តែបើសិនស្នាមញញឹមរបស់លោកវិញ ត្រូវបានចូលជ្រៅមកក្នុងបេះដូងខ្ញុំពិតមែន អ្នកដែលឈឺយូរ ហើយឈឺធ្ងន់ប្រាកដណាស់គឺពួកអ្នកក្រដូចខ្ញុំ មិនថាត្រឹមបាត់បង់ការងារ យើងអាចនឹងទទួលពាក្យនិន្ទាថាជាសត្វមមាច ឃើញភ្លើងស្មានត្រជាក់ ឃើញអន្ទាក់ស្មានចំណី រហូតក្ស័យខ្លួនទើបស្រណោះស្តាយក៏យឺតពេលទៅហើយ។
វគ្គ៖ បុព្វេ ឬអ្វី
មួយព្រឹកកន្លងផុតទៅ។ ខ្ញុំបង្ខាំងខ្លួនឯងជាមួយនឹងការងារក្រពុលមុខ។ វាក៏ល្អដែលមិនឱ្យយកចិត្តទៅទុកដាក់លើ Ex ដែលបញ្ឈឺកាលពីម្សិល និងប្រុសអ្នកមានដែលមកលេងសើចក្នុងពេលតែមួយ។
«ឯងធ្វើឫកណាស់ នាងឫក!» ចិន្តាឆាតមក។
ខ្ញុំមិនងើបមុខសម្លឹងវាទេ កុំឱ្យអ្នកផ្សេងក្នុងបន្ទប់នេះគិតថាពួកយើងយកពេលធ្វើការជជែករឿងស្នេហា រឿងចៅហ្វាយនាយ ព្រោះខ្ញុំដឹងហើយថា ចិន្តាគ្មាននិយាយអ្វីក្រៅពីរឿងប្រុសម្នាក់ហ្នឹងទេ។
«យើងឃើញគេចេញពីឯងទៅ មុខកម្សត់គួរឱ្យអាណិតមែនទែន!»
ខ្ញុំរឹតតែលែងរវល់ឆ្លើយតប។ រឿងខ្ញុំគេចពីចំណោទផ្លូវចិត្ត មិនចាំបាច់អីទៅពន្យល់ចិន្តា គឺខ្ញុំច្បាស់ខ្លួនឯងថាកំពុងធ្វើត្រូវ។ ខ្ញុំអាយុក្បែរ២៥ឆ្នាំហើយ បើកាលពីមុន គេរាប់ថាក្រមុំចាស់ តែសម័យនេះ គេចាស់ចិត្តចាស់គំនិត មិនគួរណាយកជីវិតទៅលនឹងអន្ទាក់មហិច្ឆតានាំឈឺកាយអសារទៀតនោះទេ។
«ក្បាលកញ្ចាស់ហើយ ចេះរកស្នេហា រកសុខដាក់ខ្លួនខ្លះក៏ល្អនាង!»
ចិន្តាថាឱ្យមកទៀត ធ្វើឱ្យខ្ញុំកាន់តែស្រពោន។ ខ្ញុំស្រាប់តែនឹកឃើញរឿងចាស់។ គឺសម្តីចិន្តាដែលនិយាយបន្ទោសខ្ញុំ «សិដ្ឋមកចាំមុខកន្លែងធ្វើការទៀតហើយ! ឯងស្រលាញ់គេមិនស្រលាញ់មិននិយាយគ្នាឱ្យច្បាស់ទៅ!» គឺបែបហ្នឹងហើយ។ ចិន្តាយល់ថា មនុស្សប្រុសណាក្តីដែលបង្ហាញខ្លួនមុខជណ្តើរផ្ទះយើងគឺស្រលាញ់យើង ព្រោះបែបហ្នឹងឯងបានជាបេះដូងខ្ញុំសល់ស្នាមកាំបិតធំឈ្មោះថាស្នេហាគ្រាដំបូង។ របួសនេះជ្រៅណាស់។ សឹងថារំលឹកតែបន្តិចក៏ពើត នឹកឃើញតែបន្តិចក៏គ្រុន។ ខ្ញុំលើកម្រាមសរសេរបញ្ឈឺទៅមិត្តទាំងខាំមាត់តិចៗផង៖
«ព្រឹកមិញយើងបានចួបបងសិដ្ឋមនុស្សល្អផុនឯង! ដឹកស្រីមកឈប់ក្បែរកង់បីយើង! ហ្នឹងហើយ រឿងដំបូងដែលយើងចង់និយាយឱ្យឯងដឹង ហើយបានមកសប្បាយចិត្តទាំងអស់គ្នានាងចិន្តា!»
ចិន្តាងើបមុខសម្លឹងខ្ញុំ។ ភ្នែកមិត្តម្នាក់នេះបញ្ចេញភាពសោកស្តាយ និងអាណិតអាសូរចិត្តខ្ញុំ ទោះបីមិនចាំបាច់និយាយស្តី ព្រោះនាងដឹងច្បាស់ថា ខ្ញុំនេះស្រលាញ់សិដ្ឋថ្នាក់ណា ហើយពេលខាងប្រុសជាអ្នកសុំបែក ខ្ញុំឆ្លងកាត់ពេលវេលានោះក្នុងរបៀបនរកជាន់ទីប៉ុន្មាន?
«ឯងឈប់យករឿងមនុស្សប្រុសមកលេងសើចនឹងជីវិតយើង នេះបើឯងចង់ឃើញយើងនៅត្រដាបត្រដួសរស់បន្តបានតទៅមុខទៀត!»
ខ្ញុំសរសេរបែបនេះទៅកាន់មិត្ត ស្រាប់តែចិន្តាតបមកវិញផូង៖
«កុំយកចៅហ្វាយទៅប្រៀបជាមួយអាប៉ិសិដ្ឋ! ខុសគ្នាមេឃនិងដី! មនុស្សនោះចង្រៃ មនុស្សលោករ៉ូណាល់មិនមែនជំពូកគេទេ! ប្រៀបធៀបគ្នាម៉េចបាន?»
ខ្ញុំឈប់ឆាត ព្រោះដល់ម៉ោងប្រជុំ។ ចិត្តខ្ញុំ មនុស្សប្រុសគឺដូចតែគ្នា មិនថាវិធីញ៉ែស្រី ការឆាប់ទាក់ចិត្ត ការឆាប់អស់ចិត្ត ហើយនឹងដាច់ចិត្ត។ ខ្ញុំមិនមែនឆ្មាដែលត្រូវទឹកក្តៅម្តង សូម្បីទឹកធម្មតាក៏ខ្លាចទេ តែខ្ញុំដឹងខ្លួនឯង។ ប្រសិនបើទទួលយកស្នេហាម្តងទៀត ខ្ញុំត្រូវរកអ្នកណាដែលមិនមែន «តួ» មិនមែន «ប្រុសស្អាត» ព្រោះខ្ញុំមិនចង់ធ្វើតួឯកធំដែលរងទឹកភ្នែក ហើយថែមទាំងមិនមែនជាតួ «ដណ្តើម»ផង។
ពីក្រៅបន្ទប់ប្រជុំដែលព័ទ្ធជុំវិញទៅដោយផ្ទាំងកញ្ចក់សថ្លា ខ្ញុំត្រូវទច់ជើង ព្រោះភ្ញាក់ផ្អើល។ ត្រូវហើយ! យ៉ាប់ហើយ! ចប់មែន! អ្នកបងណាវីមិនមកធ្វើការទេ ចំណែកអ្នកចំកណ្តាលតុប្រជុំគឺគេដែលមានមុខនាទីចូលមកជំនួសបងស្រីគេ។ គេឈ្ងោកស៊ីញ៉េឯកសារជាច្រើនដែលពូ Prime លេខជំនិតរបស់អ្នកបងណាវីកំពុងឈរក្បែររង់ចាំទទួលយក។ ក្រឡេកទៅភ្លែត ខ្ញុំឃើញតែច្រមុះរបស់គេនិងចិញ្ចើមដែលមិនរញ៉េរញ៉ៃលេបខាយដូចកាលពីព្រឹកឡើយ។
គេនេះមិនមានទម្រង់ច្រមុះខ្ពស់ស្អាតដូចប៉ិសិដ្ឋដែលខ្ញុំធ្លាប់លង់ខ្លាំង តែគេនេះមានប្រអប់ដៃ និងដើមស្មាសង្ហាធំ ដូចជាពួកកីឡាករហាត់មិនចេះឈប់ឈរ។ សក់គេពេលឱនពេលក្រោក មើលពីណាទៅក៏ក្រាស់ ហើយរលកទន់រាស់ដូចតារាបាល់ទាត់ដែលស្រីៗចោមរោមលួចលង់ Cristino Ronaldo។ ស្ថានភាពជាក់ស្តែងពេលនេះ គឺខ្ញុំគ្មានជម្រើសណាផ្សេង ក្រៅតែពីដើរចូលទៅយឺតៗ កាត់ជំនុំចំណោមព្រោះអ្នកផ្សេងមកដល់ជុំវិញតុអស់ហើយ … ប៉ុន្តែសន្សឹមៗ ខ្ញុំមិនទាន់ចូលដល់កន្លែងអង្គុយផង គេងើបមុខឡើងមក …
សាជាថ្មីម្ដងទៀត ខ្ញុំគេចពីខ្សែភ្នែកគេ។ ខ្ញុំមិនដឹងទេថា គេគិតរបៀបណា ប៉ុន្តែខ្ញុំច្បាស់ខ្លួនឯងថា មិនត្រូវប្រើបេះដូងអារាត់អារាយនៅទីនេះឡើយ ទោះក្នុងហេតុផលអ្វីក៏ដោយ។ ប្រុសម្នាក់នេះមិនសមនឹងខ្ញុំ រឹតតែមិនទំនងដែលខ្ញុំត្រូវយកជីវិតនៅសល់ទៅបណ្តាក់ទុនបន្ថែមជាមួយស្នេហាប្រកបដោយហានិភ័យបែបនេះ។ តែគេមិនបានគិតដូចយើង ហើយយើងក៏មិនដឹងគេមានចរិតងងើលនឹងស្នេហាដល់ថ្នាក់នេះដែរ! គិតសភាពមើលចុះ! ពេលនេះគ្រប់ផ្នែកកំពុងធ្វើសេចក្តីរាយការណ៍អំពីចំណូល ស្រាប់តែគេថ្លើមពាសអាកាសឆាតមកខ្ញុំទាំងមុខស្មើ….
«សុំប៉ាវកាហ្វេម្តងណ៎ា! ម៉ោងសម្រាកថ្ងៃត្រង់នេះ! អ្នកណាប្រកែក អ្នកហ្នឹងមនុស្សចិត្តអាក្រក់!»
គេសរសេរខ្មែរបានល្អ ហើយសរសេរលឿនយ៉ាងនេះ ថែមទាំងធ្វើមុខស្មើបានល្អកម្រិតនេះក្នុងបរិយាកាសបែបនេះ? ខ្ញុំថ្លើមធំប៉ុណ្ណាក៏មិនហ៊ានសរសេរតបទៅគេវិញកណ្តាលចំណោមអ៊ីចឹងនោះដែរ។ ដៃខ្ញុំលែងទូរសព្ទចោល តែចិត្តខ្ញុំមិនបានលែងរបូតចេញងាយទេពីប្រុសម្នាក់នេះ ព្រោះគេកំពុងចងខ្ញុំ។ ខ្ញុំក្រឡេកសន្សឹមៗទៅរកគេទាំងមិនដឹងខ្លួន។
រ៉ូណាល់មិនបានមើលមកខ្ញុំទេ។ គេនៅធ្វើទឹកមុខស្មើធម្មតា តែជាសម្ងាត់ខ្ញុំហាក់រកឃើញស្នាមញញឹមបង្កប់ក្នុងកែវភ្នែកល្ហល្ហេវរបស់គេ។ ទើបនឹងចាប់អារម្មណ៍ថាឫកពារគេបែបនេះបង្កើនភាពស្រស់សង្ហាកើនទ្វេពិតមែន។ អ៊ីចឹងសោះបានជាគេល្បីថាទៅដល់ណាស្រីចោមដល់ហ្នឹង?
មានភាគបន្ត…



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ