រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ២)

វគ្គ៖សំឡេង​បេះដូង​

វា​មិនមែន​សំឡេង​ទម្លាក់​ផ្លែ​ដូង​ធ្លាក់​មក​ពីលើ​មែកធាង​ទេ​ តែ​នេះ​សំឡេង​បេះដូង​ដែល​លាន់​ចេញ​មក​ពី​ក្នុង​លង្វែក​ទ្រូង​ ពេល​យើង​ជា​ស្រី​វ័យ​ប៉ុណ្ណឹង​ មក​ពើប​នឹង​ Cr​ush​ ជា​ប្រុស​ស្អាត​ហើយ​មាន​ទៀត​ ថែមទាំង​ញ៉ែ​ស្អិត​មិន​ដកដៃ​។ គឺ​រាជិនី​ពិបាក​ខ្លាំង​មែនទែន​សម្រាប់​កាលដែល​ត្រូវ​ធ្វើពើ​ដូច​មិនឮ​ ដូច​ព្រងើយកន្តើយ​ ដូច​មិន​រវល់​ ដូច​គ្មាន​បេះដូង​ព្រលឹងព្រលះ​នឹង​ការ​ទាមទារ​របស់​ចិត្ត​យើង​ខ្លួនឯង​។ នៅ​ចំ​កណ្តាល​កង​ទីន​អាហារ​ដែល​កា​លី​បសម្រាប់​បុគ្គលិក​ចាយប្រាក់​ខែ​មិនដល់​ជុំ​ដូច​យើង​ ខ្ញុំ​មិន​ជឿ​ថា​ កូនទោល​លោកជំទាវ​មុ​ន្នី​នឹង​មក​ជាន់ទី​នេះ​ទេ​ ណាមួយ​ខ្ញុំ​កំពុង​ឈរ​ដួស​បាយ​ជិត​ចិន្តា​ ជិត​បង​ឧស្សាហ៍​ ក្រោយ​ខ្ញុំ​គឺ​មីង​ភក្ត្រា​ ….និយាយរួម​ ឈរ​ដួស​ម្ហូប​នេះ​ក៏​មាន​អង្គរក្ស​ចោម​ឱ្យ​ជិតទៅ​ហើយ​ តើ​គេ​មិនទៅ​រក​បាយ​ប្រេនៗ​សម​លំដាប់​ឋានៈ​ គេ​មក​កន្លែង​នេះ​ធ្វើ​អី​? ធ្វើ​អ៊ីចឹង​ដើម្បី​អី​?

តែ ​… អូយ​ … គេ​ដើរមក​មែន​! តាមពិត​ស្អី​ក៏​គេ​ធ្វើ​បាន​ដែរ​! ឱរ៉ូ​ណាល​អើយ​! ខ្ញុំ​ងើបមុខ​សម្លឹង​គេ​ ព្រោះ​ចិន្តា​ប្រើ​កែងដៃ​មក​កេះ​ញឹក​ពេក​។ ម្តងណេះ​ ពេល​ឃើញ​គេ​កាលណា​ ទោះបីជា​អា​ពួកម៉ាក​ឈ្មោះ​ចិន្តា​ឈប់​កេះ​ ក៏​ខ្ញុំ​មិន​ដក​ភ្នែក​ចេញ​វិញ​ដែរ​ ព្រោះ​គេ​គឺ​មាន​ចេតនា​សម្លឹង​មក​ចំៗ​ មិន​ឱ្យ​ខ្ញុំ​រកហេតុផល​ណា​គេច​ចេញ​បានទេ​។

ពន្លឺ​ភ្នែក​គេ​គឺ​ក្រៀមក្រំ ​… ព្រោះថា​មនុស្ស​ស្រី​ដែលគេ​កំពុង​តាម​ស្រលាញ់​ដោយចំហ​តែងតែ​បែរខ្នង​ធ្វើ​មិន​រវល់​ចំពោះ​ស្នេហា​របស់​គេ​។ ពីណា​ទប់ចិត្ត​បាន​? ម្ដង​ៗ ភ្នែក​គេ​ដូច​ហៀប​តែ​នឹង​ក្រសោប​ខ្លួនខ្ញុំ​កណ្ដាលចំណោម​មនុស្សម្នា​ទៅ​ហើយ​។ ចួបគ្នា​ប៉ុន្មាន​ថ្ងៃ​សោះ​ គេ​បញ្ជា​ក់​អ្វី​ៗនៅ​ចំ​ភ្នែក​គ្រប់គ្នា​ មិនបាន​លឹបល​ មិនបាន​ខ្លាចរអា​ ក៏​មិនបាន​ប្រុងប្រយ័ត្ន​អ្វី​ទាំងអស់​ដែរ​។

បើ​គេ​នេះ​មាន​សង្សារ​ មាន​គូ​ដណ្តឹង​ មាន​អ្នកគ្រប់គ្រង​បេះដូង​ គេ​ម៉េច​នឹង​ហ៊ាន​មក​ធ្វើបែប​នេះ​ចោល​តំណែង​ខ្លួនឯង​ ហើយ​ងងើល​ឡើង​ខ្ញុំ​ជា​ជើងឆើត​ខាង​គេច​ដែរ​គេច​ទៅណា​ក៏​គេច​មិន​ផុត​? នៅពេល​ដែល​ជំហាន​គេ​ចាប់​បោះ​មក ​… ខ្ញុំ​ងាក​រក​ឆ្វេង​ស្តាំ​ នឹងអាល​បាន​ដើរ​គេច​ចេញចោល​គេ​ដូច​រាល់ដង​ ហើយ​បេះដូង​ខ្ញុំ​ស្រែក​ជា​សម្ងាត់​ថា​ ចេញ​ទៅ​រ៉ូ​ណាល់​ កុំមក​ជិត​ខ្ញុំ​!! គេ​នេះ​អ្ហី​ស្តាប់​បញ្ជា​សំឡេង​បេះ​ដូង​ផុន​ខ្ញុំ​អ្ហុះ​?

គេ​ដើរមក​ហើយ​ គឺ​មក​កៀក​ខ្លាំង​!!! ដូច​បណ្តេញ​មីង​ភក្ត្រា​ឱ្យ​ថយក្រោយ​ ហើយ​បង​ឧស្សាហ៍​ក៏​មិនដឹង​ដក​ក្បួន​យុទ្ធសាស្ត្រ​ទៅដល់​ណា​បាត់​ មិន​គិត​ដួស​បាយ​ហូប​ទេ​? ចំណែក​ចិន្តា​ វា​ហួស​ទៅមុខ​ចោល​ខ្ញុំ​ឱ្យ​ឈរ​ង៉េមង៉ាម​ម្នាក់ឯង​ទទួល​ដំណើរ​ចៅហ្វាយ​កំលោះ​ទៅរួច​ នាង​នេះ​?

«ញ៉ាំ​អី​?»

គេ​សួរ​ខ្ញុំ​តិច​ៗ ប៉ុន្តែ​បេះដូង​ខ្ញុំ​លោត​ខ្លាំង​។ ខ្ញុំ​យល់ចិត្ត​គេ​ថា​គេ​កំពុង​ប្រឹង​ញញឹម​ ហើយ​មិន​ខ្វល់​ចំពោះ​ក្រសែភ្នែក​សង្ស័យ​របស់​អ្នកផង​ជុំវិញ​នេះ​ទេ​។ ចំណែកខ្ញុំ​ គឺ​វាយ​ស្លាប់​ក៏​អត់​ហ៊ាន​សម្លឹងមុខ​គេ​ដែរ​។ ខ្ញុំ​ឈាន​ចេញ​ថែម​មួយ​ជំហាន​ទៀត​បន្លំ​ធ្វើជា​មិនឮ​សំណួរ​គ្មាន​ឈ្មោះ​របស់​គេ​ ប៉ុន្តែ​គេ​នៅតែ​ចចេស​ដើរមក​ដោយ​ឈាន​វែង​ជាង​ខ្ញុំ​ពីរ​ដង​ល្មម​ឱ្យ​ខ្ញុំគេ​ចចេញ​អស់កើត​។

«សុំ​ញ៉ាំបាយ​ជាមួយ​ម្តង​បាន​អត់​ រាជិនី​?»

មនុស្ស​កើតមក​ជា​ចៅហ្វាយ​តាំងពី​កំណើត​ជំពូក​ពួកគេ​នេះ​ ក៏​ធម្មតា​គឺ​មាន​ចរិត​មានះ​អ៊ីចឹង​ហើយ​។ យើង​កាន់តែ​គេច​ គេ​កាន់តែ​ចូល​។

«ខ្ញុំ​មាន​រវល់​! តិច​ទៀត​ត្រូវ​ទៅ​ចួប​គេ​ ខ្ញុំ​ប្រញាប់​បន្តិច​!!» ខ្ញុំ​និយាយ​សង្ឃឹមថា​ គេ​គេច​ចេញ​ពី​ផ្លូវ​ ដឹង​អី​គេ​និយាយ​មក​រ៉ាវ​៖

«ខ្ញុំ​ជូន​ទៅ​!!! ចាំ​ជូន​ទៅ​!»

ខ្ញុំ​ងើបមុខ​មើលទៅ​គេ​ខ្វាំង​ ព្រោះតែ​កើត​ហួសចិត្ត​!!!! គេ​នេះ​ត្រូវជា​ស្អី​នឹង​ខ្ញុំ​ពី​ពេលណា​មក​? ហើយ​ជូន​ទៅ​ហ្នឹង​ គេ​ដឹង​អត់​ថាទៅ​ណា​? ចេះតែ​មាន​ហ្មង​! ស្រាប់តែ​ភ្លាម​នោះ​ ខ្ញុំ​មើល​ប៉ះ​ខ្សែ​ភ្នែក​មិនសុខចិត្ត​របស់​គេ​ដែល​សម្លឹង​មក​ខ្ញុំ​ដូច​ចង់​មើល​ខ្ញុំ​ឱ្យ​ធ្លុះ​ដល់​រាងកាយ​ចិត្តគំនិត​ថា​ខ្ញុំ​មាន​លេស​អី​ខ្លាំង​ជាង​ហ្នឹង​គេច​ចេញពី​គេ​ទៀត​អត់​?

ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​មាន​ទេ​! ដំណាក់កាល​នេះ​ហើយ​ មានតែ​អូស​ទូក​បណ្តោយ​ទឹកតែ​ម្តង​ ឬ​អា​ម៉េច​នៀក​រាជិនី​? បាន​ណ៎ា​! ចង់បាន​អ៊ីចឹង​ក៏បាន​! លែង​ទុក​ឋានៈ​ចៅហ្វាយ​ឱ្យ​ទៀតហើយ​! តាម​ញ៉ែ​ឱ្យ​ដឹង​ញ៉ែ​ណា៎​! ខ្ញុំ​ហុច​ចានបាយ​ដែល​ទើបនឹង​ដួស​បាន​បន្តិច​ទៅលើ​បាតដៃ​គេ​ ទាំង​មាត់​និយាយ​បញ្ជោះបន្សោក​៖

«ធ្វើ​ម៉េច​ធ្វើ​ទៅ​អ៊ីចឹង​! នេះ​បាយ​!»

គេ​ហាក់​សប្បាយចិត្ត​។ ទទួលយក​ចាន​មិន​រួញរា​អ្វី​ ធ្វើ​ឱ្យ​ខ្ញុំ​ជ្រួញ​ចិញ្ចើម​ម្នាក់ឯង​ដៃ​រាវរក​ចាន​ថ្មី​មក​ដួស​សម្រាប់​ខ្លួនឯង​។ នៅ​ខាង​ណោះ​ ចិន្តា​កំពុង​មិច​ភ្នែក​ស៊ី​ញូ​ខ្ញុំ​។ នាង​និង​មីង​ភក្ត្រា​ បង​ឧស្សាហ៍​ទៅ​អង្គុយ​ឡើង​ឆ្ងាយ​។ ចំណែក​អ្នក​ដែល​ប្តូរ​វេន​មក​អង្គុយ​ក្បែរ​ខ្ញុំ​ញ៉ាំបាយ​ទល់មុខគ្នា​គឺ​ប្រុស​ស្អាត​ដែល​គ្រប់គ្នា​ទុកជា​ចំណុច​ផ្ទាំង​ស៊ីប​ក្នុង​បរិយាកាស​បាយ​មួយពេលនេះ​។

«អ្នកណា​ឆាត​មក​ព្រឹកមិញ​?»

គេ​សួរ​មក​ខ្ញុំ​ ទាំង​លើកបាយ​មួយម៉ាត់​ដំបូង​ដាក់​ក្បែរ​មាត់​។ ស្អី​គេ​នៀ​ក? សូម្បីតែ​សើច​ស្រស់​ដាក់​ឆាត​របស់​បង​ Roda​ សោះ​ហ្នឹង​ក៏​ត្រូវ​ជម្រាប​គេ​ដឹង​ដែរ​? ខ្ញុំ​មើលទៅ​ចានបាយ​របស់​គេ​! ហួសចិត្ត​ដល់ហើយ​! ផ្អក​ត្រសក់​មួយដុំ​ប៉ុណ្ណឹង​គេ​ញ៉ាំ​កើត​ដែរ​ កូនទោល​សេដ្ឋី​ដូច​គេ​?

«សង្សារ​ហ្មែ​ន??!»

គេ​សួរ​មក​ទៀត​ហាក់​ខូចចិត្ត​។ ខ្ញុំ​ដៀង​សម្លឹង​ភ្នែក​គេ​ដែល​ជះ​មក​ពន្លឺ​ក្រៀមក្រំ​ម្យ៉ាង​ បង្ខំ​ឱ្យ​ចិត្ត​ខ្ញុំ​ស្រពោន​អាណិត​គេ​ភ្លាម​ដោយ​មិន​ចាំបាច់​មានហេតុ​ផល​គ្រប់គ្រាន់​អ្វី​។ ខ្ញុំ​គ្រវី​ក្បាល​យឺត​ៗតបនឹង​ភ្នែក​ស្រទន់​របស់​គេ​។ វា​ជាច​ម្លើយ​ថា​ ខ្ញុំ​មិនបាន​ឆាត​រក​សង្សារ​ណា​ ហើយក៏​មិន​មាន​សង្សារ​ទេ​ គេ​មិន​ចាំបាច់​អី​បារម្ភ​ដូចគ្នា​។ ដោយ​ចាប់ផ្តើម​ដួស​ម្ហូប​ពី​ចាន​ខ្ញុំ​ហុច​ទៅ​ចែក​គេ​ខ្លះ​ ព្រោះ​ចាន​ដែលគេ​កាន់​មកនេះ​មានតែ​បាយ​ស​ និង​ត្រសក់​មួយដុំ​ គេ​ញ៉ាំ​ម៉េច​កើត​។ គេ​ហាក់​សប្បាយចិត្ត​ ហើយ​ចាប់ផ្តើម​ញ៉ាំ​ជាមួយគ្នា​។

ខ្ញុំ​ហូប​យឺត​ៗក្រោម​កែវភ្នែក​ពោរពេញ​ដោយ​សេចក្តី​ស្នេហា​របស់​គេ​ដែល​សម្លឹង​ខ្ញុំ​ដូច​ខ្លាច​ខាន​សម្លឹង​ ដូច​ខ្ញុំ​នេះ​កំពុង​ស្ថិត​ក្នុង​ពិភពលោក​មួយ​ដែល​មានតែ​ពីរ​នាក់​គេ​ ហើយក៏​ដូចជា​មិន​ខ្វល់​ថា​អ្នកណា​គិត​អ្វី​ ថា​អ្វី​ឡើយ​។ ខ្ញុំ​ទំពារ​បាយ​យឺត​សែន​យឺត​ ទប់ស្កាត់​អារម្មណ៍​ខ្លួនឯង​។ គេ​នេះ​ពិតជា​នាំមក​ឱ្យ​ខ្ញុំ​វិញ​នូវ​អារម្មណ៍​ «ត្រូវ​បាន​គេ​ស្រលាញ់​» បន្ទាប់ពី​មនុស្ស​ដូច​ខ្ញុំ​នេះ​ត្រូវ​បាន​មនុស្ស​ប្រុស​បោះបង់ចោល​ច្រើន​ខែ​មក​ហើយ​។

«ម៉ាក់​បង​គាត់​ចង់បាន​កូនប្រសា​អ្នករក​ស៊ី​! គាត់​មិន​ចង់បាន​អ្នកធ្វើការ​ទេ​!»

សម្តី​សង្សារ​ត្បាញអាយ​របស់ខ្ញុំ​នៅតែ​លាន់​មក​ក្នុង​ការ​ចងចាំ​ដ៏​គួរ​ឱ្យ​ឆ្អែតចិត្ត​មួយ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​លេបបាយ​លែង​ចូល​ទំពា​លែង​ម៉ត់​ អណ្តាត​ក៏​លែង​ដឹង​រស​អ្វី​ដែរ​។ មនុស្ស​ប្រុស​ចំពោះមុខ​ខ្ញុំ​នេះ​ទៀតសោត​ គេ​ជា​ព្រះចន្ទ​ ខ្ញុំ​ជា​សត្វ​ម្រឹគ​។ បើ​ខ្ញុំ​ចង់​លលេង​នឹង​ការឈឺចាប់​ ខ្ញុំ​លេងល្បែង​ឌឺដង​គ្នា​នឹងគេ​បាន​គ្រប់ពេល​ ព្រោះ​ភ្លើង​ខៀវ​មានតែ​អ្នក​ដែល​បាន​លទ្ធផល​យ៉ាប់​ប្រាកដជា​ខ្ញុំ​មិនមែន​ភាគី​គេ​។

ទម្រាំ​ញ៉ាំបាយ​បាន​កន្លះ​ចាន​ក៏​ទ្រាំ​សម្បើម​ណាស់​ទៅ​ហើយ​ ចំណែក​គេ​ដូច​ឆ្ងាញ់​ណាស់​ ម្ហូប​ដែល​ខ្ញុំ​បាន​រំលែក​ទៅ​ឱ្យ​។ គេ​ញ៉ាំ​អស់​ស្អាត​រលីង​ធ្វើ​ឱ្យ​ខ្ញុំ​រីកថ្លើម​ សប្បាយចិត្ត​ចម្លែក​ចំពោះ​ចរិត​បើកចំហ​សាមញ្ញ​នៃ​កូន​អ្នកមាន​ម្នាក់​នេះ​។ ទោះ​យ៉ាងណា​ ខ្ញុំ​មិនដែល​គិតថា​អូស​ក្រឡា​ឱ្យ​ដំណើររឿង​រវាង​យើង​ឈាន​ដល់​ចំណុច​ពិបាក​រើខ្លួន​ទេ​។ បើ​ខ្ញុំ​ទីទើរ​បន្តិច​មុន​ពេល​ដាច់ចិត្ត​និយាយ​បញ្ចប់​គ្រប់យ៉ាង​ កុំឱ្យ​គេ​មក​ធ្វើ​ដូច​ស្រមោល​អន្ទោល​នា​ពេល​ក្រោយ​ៗទៀត​៖

«អ្នកបង​ណា​វី​ហៅ​ខ្ញុំ​ទៅ​ពិនិត្យ​លិខិត​អញ្ជើញ​ពិធី​របស់​ប្រុស​សក្តិ​! ខ្ញុំ​ប្រញាប់​ទៅ​ខ្លាច​ស្ទះផ្លូវ​! ហើយក៏​ត្រូវ​ទៅ​មើល​កន្លែង​ពិធី​ ទៅ​យកមុខ​ម្ហូប​…»

ខ្ញុំ​និយាយ​ជាមួយ​គេ​ដោយ​គ្មាន​ឈ្មោះ​ទេ​ ក៏​កុហក​គេ​តាមតែ​នឹក​ឃើញ​ភ្លាម​ៗឱ្យ​រួច​តែ​មួយ​ពេល​ៗដែរ​។ ស្រាប់តែ​គេ​នោះ​ធ្វើ​មកវិញ​មិន​ឱ្យ​ខុសគ្នា​ទេ​ គឺ​និយាយ​ជាមួយ​ខ្ញុំ​ក៏​គ្មាន​ឈ្មោះ​ ធ្វើ​ដូច​គេ​នឹង​ខ្ញុំ​នេះ​ស្គាល់គ្នា​តាំងពី​រាជវង្ស​ណាម​ក?

«ប្រាប់​ហើយ​ថាទៅ​ជាមួយគ្នា​!!»

គេ​ឆ្លើយ​មក​ខ្ញុំ​លឿន​ជាង​ការគិតទុក​។ ប្រតិកម្ម​ និង​ភាព​រហ័សរហួន​ប្រកបដោយ​ទឹកមុខ​ស្រស់ប៉ប្រិម​គឺជា​ចំណុច​វិជ្ជមាន​ដាច់ដោយឡែក​ និង​ដ៏​លេចធ្លោ​របស់​រ៉ូ​ណា​ល់​ដែល​ធ្វើ​ឱ្យ​មនុស្សម្នា​ចាប់អារម្មណ៍​គេ​បំផុត​។ គេ​ហុច​កែវ​ទឹក​មក​ឱ្យ​ដូច​ពូកែ​ដឹង​ណាស់​ថា​ ខ្ញុំ​កំពុង​រកតែ​អួលបាយ​។

«អរគុណ​!»

ខ្ញុំ​និយាយ​ខ្លី​ៗ រួច​ត្រៀម​ទទួល​ដប​ពី​ដៃគេ​នឹងអាល​ចាក​ចេញ​វឹង​ ប៉ុន្តែ​គេ​នៅតែ​ឆ្លាត​ជាង​ខ្ញុំ​ព្រោះថា​ ប្រហែលជា​សកម្មភាព​ខ្ញុំ​ដដែល​ៗឱ្យ​គេ​ដឹង​អស់​ពេក​ ម្តងនេះ​គេ​ក្ដាប់​ដប​ជាប់​មិន​ឱ្យមក​ខ្ញុំ​ងាយ​ៗទេ​ ហើយ​ញាក់ចិញ្ចើម​ឌឺ​ខ្ញុំ​ទៀត​។ ពេល​ខ្ញុំ​ភាន់ភាំង​ រ៉ូ​ណា​ល់​និយាយ​៖

«កុំ​ចង់​រត់​!»

«មាន​ណា៎​!»

ខ្ញុំ​បែរខ្នង​ដើ​រយឺត​ៗចេញទៅ​ក្រៅ​ ដោយមាន​ស្នូរ​ដង្ហើម​នៃ​បុរស​សង្ហា​ជាទី​នឹករឭក​ទាំងថ្ងៃទាំងយប់​នៃ​មនុស្ស​ស្រី​ជាច្រើន​មក​ចំប្រប់​តាម​ពីក្រោយ​ផង​។ ហេតុអ្វី​គេ​ឡប់​ៗអ៊ីចឹង​? ខ្ញុំ​សួរ​ខ្លួនឯង​ក្នុងចិត្ត​។ គេ​ទើប​ឃើញ​ខ្ញុំ​ប៉ុន្មាន​ដង​ក៏​មក​ធ្វើ​ដូច​គេ​ស្រលាញ់​ខ្ញុំ​ណាស់​អ៊ីចឹង​ គឺ​គេ​ញ៉ែ​ខ្ញុំ​កណ្ដាលចំណោម​ គេ​បោះបង់ចោល​ក្រសែភ្នែក​អ្នក​ផ្សេង​ៗ ហើយ​មករ​វល់​ជាមួយ​តែ​ខ្ញុំ​ម្នាក់​ តើ​គេ​ពិតជា​យល់ថា​នេះ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ឬ​យ៉ាងណា​។

ខ្ញុំ​ដឹង​ហើយ​ថា​ ទោះបីជា​ខ្ញុំ​ខំធ្វើ​យ៉ាងណា​ ខ្ញុំ​គេច​គេ​យ៉ាងណា​ បេះដូង​ខ្ញុំ​ដែល​ចុះចាញ់​បេះដូង​ គេ​មិន​អាច​លាក់​ពី​គេ​ជិត​ឡើយ​ ព្រោះ​គេ​ឆ្លាត​ហើយ​តែងតែ​ដើរមុន​ខ្ញុំ​មួយ​ជំហាន​ជានិច្ច​។ កាន់តែ​គិត​ខ្ញុំ​ដើរ​កាន់តែ​ញាប់​។ មកដល់​ជាន់ទីពីរ​គ្មាន​មនុស្ស​សូម្បីតែ​ម្នាក់​ ខ្ញុំ​ចាប់ផ្ដើម​រត់​តែម្ដង​ តែ​គេ​រត់​មក​តាម​ ហើយ​លូកដៃ​ចាប់​កដៃ​ខ្ញុំ​ជាប់​។ ខ្ញុំ​បេះ​យ៉ាងណា​ក៏​មិន​ចេញ​ គេ​កាន់តែ​ចាប់​ណែន​រហូតដល់​ខ្ញុំ​ឈឺ​។ ដៃគេ​រឹង​ដូច​បង្កាប់​ជា​សញ្ញា​ថា​គេ​ក៏​អន្ទះសា​ដែរ​។

«ពូកែ​ប្រែ​សម្តី​ម្ល៉េះ​យើង​??»

ខ្ញុំ​ងាក​ក្រោយ​ឃើញ​មុខ​គេ​គឺ​អន់ចិត្ត​ចំពោះ​ខ្ញុំ​ច្បាស់​ណាស់​។ ខ្ញុំ​មិនទាន់​និយាយ​ថាម៉េច​ផង​ គេ​និយាយ​មក​រ៉ាវ​ទៀត​៖

«ពេលខ្លះ​ឱ្យ​តម្លៃ​គេ​ខាង​ប្រុស​បន្តិច​ខ្លះ​ក៏​អត់​? នៅ​ក្បែរ​យើង​ ខ្ញុំ​អន់​មហា​អន់​អស់​លំដាប់​ហើយ​! ពេលខ្លះ​ក៏​មិន​ចង់​ប្រកាន់​ដែរ​ តែ​មិន​បើ​មិន​ប្រកាន់​ យើង​កាន់តែ​ធ្វើ​អ៊ីចឹង​!»

ខ្ញុំ​រលាស់ដៃ​ចេញ​ គឺ​រលាស់​យក​មួយ​ទំហឹង​កូនស្រី​។ មុខ​គេ​ទំនង​ខឹង​ខ្ញុំ​មែន​ បាន​ជា​គេ​ព្រម​លែង​ ហើយ​សម្លឹង​ខ្ញុំ​ស្មើ​ៗ។ អម្បាញ់មិញ​ទើប​លួច​សរសើរ​ថា​ចិត្តទូលាយ​ ដឹង​អី​មិនទាន់​ប៉ុន្មាន​ដង្ហើមចេញ​ចរិត​បែងចែក​។ បើ​ថា​ឡូយ​ណាស់​ មក​តាម​គេ​តត្រុក​ធ្វើ​អី​? អ្នកណា​ប្រើ​? គិត​! តែ​ខ្ញុំ​ខ្ជិល​និយាយ​! មនុស្ស​ខ្ញុំ​ចេះ​ទុក​មុខ​អ្នកដទៃ​ណាស់​ មិន​ងាយប្រើ​សម្តី​ធ្វើ​ឱ្យ​អ្នកណា​ម្នាក់​ត្រូវ​ឈឺចាប់​ទេ​ តែ​ពេលនេះ​គេ​ជា​អ្នក​បង្ខំ​ខ្ញុំ​ ផ្តល់​មក​នូវ​សម្ពាធ​នេះ​ឱ្យ​ខ្ញុំ​។

«ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ ត្រូវ​ទេ​!? ខ្លួន​ជា​ចៅហ្វាយ​ នៅ​ដោយ​ចៅហ្វាយ​ ល្អ​ជាង​មករ​វល់​វ៉ល់​ៗក្បែរ​ពួក​បុគ្គលិក​ថ្នា​ក់​ទាប​ៗដូច​ខ្ញុំ​!»

ថា​ហើយ​ខ្ញុំ​ក្រពាត់ដៃ​បង្ហាញ​ភាព​ខែងរ៉ែង​មិនខ្ចី​ទ្រ​ដូចគ្នា​។ គេ​ដើរចូល​មក​ពី​ចំហៀង​ ហើយ​ប្រើ​សំឡេង​ថ្នម​ជាង​មុន​៖ «គិតដល់​មុខមាត់​គេ​ផង​! គេ​ជា​មនុស្ស​ប្រុស​ដែរ​ណា៎​ ដាក់ខ្លួន​អស់​ប៉ុណ្ណឹង​ហើយ​! មិនដឹង​ធ្វើ​ម៉េច​ទៀត​ទេ​ ឱ្យ​យើង​សប្បាយចិត្ត​ រាជិនី​? យើង​ចង់​ឡូយ​បាន​ឡូយ​ហើយ​ យើង​ចង់​ខ្លាំង​ គេ​ឱ្យ​ខ្លាំង​ហើយ​ ឥឡូវ​នៅតែ​ពីរ​នាក់​ទេ​! ប្រាប់​មក​ចង់​យ៉ាងម៉េច​ទៀត​?»

ខ្ញុំ​ធ្លាក់​ថ្លើម​ក្ឌុក​ នៅពេល​ដឹង​ថា​គេ​គិត​ច្រលំ​ ស្មាន​ខ្ញុំ​មើលងាយ​គេ​ ចង់​យកមុខ​ យក​ស្នេហា​របស់​គេ​មកលេង​សើច​ធ្វើ​ឡូយ​បង្អួត​អ្នកផង​? ស្អី​គេ​ទេ​នៀ​ក? ខ្ញុំ​ស្ទើរ​ស្រក់​ទឹកភ្នែក​ តែ​ប្រឹង​លេប​មកវិញ​ធ្វើ​រឹងប៉ឹង​ ដោយ​និ​យា​យតិ​ចៗ​ទាំង​ឱនលំទោន​៖

«កុំឱ្យ​អ្នកបង​ណា​វី​ គាត់ .​.. »

ខ្ញុំ​ចង់និយាយ​ថា​ប្រយ័ត្ន​បងស្រី​ធំ​របស់​គេ​រក​ខ្ញុំ​ តែ​ខ្ញុំ​និយាយ​មិនទាន់​ចប់​ផង​ គេ​ស្រាប់តែ​និយាយកាត់​វិញ​សង្កត់​ទឹកមុខ​ទំនង​លេង​មែនទែន​៖

«ខ្លាច​អ្នក​បង​អ្ហេ​ស៎​? តស់​នាំគ្នា​ទៅ​ចួប​គាត់​ឥឡូវ​ហ្មង​ទៅ​!»

សាជាថ្មី​ គេ​លូកដៃ​មករ​កចាប់​អូស​ខ្ញុំ​ម្តង​ទៀត​។ ខ្ញុំ​មិនដឹង​ថា​បងស្រី​គេ​នៅឯណា​នោះ​ទេ​ សង្ឃឹមថា​ គាត់​គ្មាន​ថ្ងៃ​បានឃើញ​រឿង​រញ៉េរញ៉ៃ​អស់នេះ​ទៅចុះ​។ ក៏​សង្ឃឹមថា​ ខ្ញុំ​នឹង​រក្សា​ទីតាំង​ការងារ​បាន​ ហើយ​និយាយ​គ្នា​ដឹងរឿង​ជាមួយ​មនុស្ស​ចរិត​ផ្លាស់​ប្តូរ១០០នេះ​។

«នេះ​ជា​កន្លែង​ធ្វើការ​!» ខ្ញុំ​និយាយ​ទាំង​ការពារ​ដៃ​ខ្លួនឯង​មិន​ឱ្យ​គេ​ចាប់​បាន​ងាយ​ៗ។

«ហើយ​ម៉េច​?» គេ​ឆ្លើយ​បក​សួរ​វិញ​ទទឹងទិស​ ប្រហែល​ក្តៅ​ត្រចៀក​នឹង​ភាព​ម៉ឺងម៉ាត់​របស់ខ្ញុំ​។

«គ្រប់គ្នា​ត្រូវ​ធ្វើការ​!» ខ្ញុំ​បញ្ជាក់​អត់មាន​ប៉ប្រិចភ្នែក​ខ្លាច​អំណាច​គេ​អី​បន្តិច​ណា​ទេ​។

«នេះ​ម៉ោង​សម្រាក​! កុំ​ចេះ​ចេញ​បញ្ជា​!» គេ​និយាយ​ទាំង​សម្លឹង​ភ្នែក​ខ្ញុំ​ចំៗ​មិន​ខ្លាច​នឹង​ប្រឈម​ចំពោះ​ខ្ញុំ​ទេ​ ចំណែកខ្ញុំ​ឃើញ​ចរិត​គេ​កាន់តែ​គ្រឺត​ឡើង​ៗ។

«អត់​ចង់ឱ្យ​គេ​ដេញចោល​ ព្រោះ​រឿង​គ្មាន​បានការ​អ៊ីចឹង​ទេ​!»

គេ​ធ្វើ​ឱ្យ​ខ្ញុំ​ទាល់​ និង​មិនដឹង​ធ្វើ​ម៉េច​បាន​ជា​ខ្ញុំ​លះ​គេ​វិញ​បន្តកន្ទុយ​គ្នា​អ៊ីចឹង​តែម្ដង​។ និយាយ​ផង​ភ្នែក​ខ្ញុំ​បញ្ចេញ​ភាព​រលីងរលោង​ផង​។ ទាល់តែ​ខ្ញុំ​មក​និយាយ​ពី​រឿង​ការងារ​អ៊ីចឹង​ចំៗ​ទេ​ដឹង​ ទើប​គេ​ព្រម​ឈប់​លូក​រក​មក​ចាប់​ដៃ​ខ្ញុំ​ទៀត​? គេ​ធ្វើមុខ​ខូចចិត្ត​ សម្លឹង​ដំណក់ទឹក​ថ្លាឆ្វង់​ដែល​ដក់​ក្នុង​ភ្នែក​ខ្ញុំ​ រួច​ទើប​ព្រម​មក​ដាក់​ដប​ទឹក​លើ​បាតដៃ​ឱ្យ​ខ្ញុំ​ ហើយ​ចាកចេញ​ទៅបាត់​។ ឈរ​ជូត​ទឹកភ្នែក​ម្នាក់ឯង​បេះដូង​ខ្ញុំ​ចាប់ផ្តើម​រង្គោះរង្គើ​ចំពោះ​ទង្វើ​ខ្លួនឯង​ដែល​ធ្វើ​មាំ​ៗដាក់​គេ​។ គេ​មក​ពីណា​ មាន​ចេតនា​អី​ខ្ញុំ​ម៉េច​ដឹង​?

មិនបាន​ប៉ុន្មាន​ផង​គេ​មក​ហួងហែង​ធ្វើ​ដូច​ខ្ញុំ​ជា​អ្វី​នឹងគេ​ ហើយ​ធ្វើ​ដូច​ចង់ឱ្យ​មនុស្ស​មួយ​ផែនដី​នេះ​និយាយដើម​ខ្ញុំ​ពីក្រោយខ្នង​? ខ្ញុំ​មិន​គួរណា​ស្តាយក្រោយ​ទេ​ដែល​ត្រ​មុត​ត្រ​ម៉ុយ​ដាក់​គេ​។ ខ្ញុំ​ជូត​ទឹកភ្នែក​ឱ្យ​ជ្រះ​ ហើយ​ដើរ​ត្រឹក​ៗ​ចុះទៅ​ធ្វើការ​វិញ​ទាំង​អាណិត​ខ្លួន​។ តែ​ចិត្ត​អើយ​! គ្រាន់តែ​គេ​ចេញ​បាត់​ភ្លាម​ ខ្ញុំ​ក៏​នឹក​គេ​ភ្លាម​ទៅ​ហើយ​ ចុះ​ហេតុអ្វី​ពេល​គេ​ចូល​មក​ជិ​តម្ដង​ៗខ្ញុំ​ចេះតែ​រត់គេច​?

«អ្ហើយ​នាង​ល្អ​! ឯង​មិនទៅ​ជាមួយ​គេ​សិន​ទៅ​ កាហ្វេ​មួយ​ពែង​សោះ​ វា​ប៉ុន្មាន​ម៉ោង​អ្ហះ​? វា​ធ្វើ​ឱ្យ​ឯង​សក់ស្កូវ​មែន​នាង​រាជិនី​!»

ចិន្តា​ឆាត​មក​បែបនេះ​ ក្រោយពេល​ដែល​ខ្ញុំ​សារភាព​រាយការណ៍​ប្រាប់​វា​រឿង​ដែល​កើតមានឡើង​ មុន​ពេល​រ៉ូ​ណា​ល់​ចាកចេញ​ពី​ខ្ញុំ​នៅ​សួនច្បារ​។ ខ្ញុំ​មិន​ឆ្លើយឆ្លង​អ្វី​នឹង​ពាក្យ​បន្ទោស​របស់​មិត្ត​ តែ​ខ្ញុំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ​។

«ឯង​ឈប់​ចូលដៃ​ខាងគេ​ ចិន្តា​!»

ខ្ញុំ​បន្ទោស​ខ្លី​ៗ។ អ្វី​ៗដែល​ខ្ញុំ​រាយការណ៍​ទៅ​ចិន្តា​ ព្រោះ​ខ្ញុំ​ចង់ឱ្យ​មាន​មនុស្ស​ធ្វើជា​សាក្សី​ឱ្យ​ខ្ញុំ​ពី​រឿង​ស្អាតស្អំ​របស់ខ្ញុំ​ជាមួយ​កូនប្រុស​ ប្អូនប្រុស​នាយក​ក្រុមហ៊ុន​ បង្ការ​ពាក្យពេចន៍​មិនល្អ​ណាមួយ​ដែល​អាច​នឹង​កើតមានឡើង​មក​ប្រឆាំង​នឹង​កិត្តិយស​ខ្ញុំ​ ឬភាគី​ខាងគេ​។

«មើល​យ៉ាងណា​ក៏​ដឹង​ថា​ គេ​នោះ​លង់​ឯង​ដល់​ថ្នាក់​លែង​ខ្វល់​ពី​អ្នកណា​គេ​គិត​ម៉េច​ទាំងអស់​! ល្មម​ចាប់​ឱកាស​ឱ្យ​បាន​ធ្វើ​កណ្តុរ​ធ្លាក់​ជង្រុកស្រូវ​ទៅ​នាង​!»

ខ្ញុំ​សម្លឹង​ឆាត​ចិន្តា​ រួច​សម្លឹងមុខ​ខ្លួនឯង​ដែល​ស្រងូត​ឆ្លុះ​ក្នុង​ Screen​ កុំព្យូទ័រ​។ រាជិនី​ ខ្ញុំ​មិនបាន​បិទ​ឱកាស​ឯង​ទេ​ តែឯង​គ្មាន​ឱកាស​ស្រាប់ហើយ​! ខ្ញុំ​និយាយ​ឃ្លា​ទាំងនេះ​ប្រាប់​ខ្លួន​ឯង​ស្ងាត់​ៗក្នុងចិត្ត​។ ….ព្រោះ​ខ្ញុំ​ដឹង​ថា​ស្នេហា​របស់​គេ​ ខ្ញុំ​គ្មាន​សិទ្ធិ​ទទួលយក​ទេ​….គេ​ជា​មនុស្ស​ប្រុស​ គេ​អាច​រំភើប​ជា​មួយ​ស្រីៗ​ជា​រឿង​ធម្មតា​ ជួនកាល​គេ​អាច​នឹង​រំភើប​ចំពោះ​យើង​ច្រើនជាង​អ្នកដទៃ​ដោយសារ​យើង​មិន​សម​តាមបំណង​គេ​។ ចំណែកយើង​ គ្រាន់តែ​គេ​មក​បង្ហាញខ្លួន​ក្នុង​ជីវិត​ យើង​មាន​គេ​ក្នុងចិត្ត​គ្រប់​ដង្ហើមចេញ​ចូល​បាត់​ទៅ​ហើយ​ បើ​យើង​ទទួល​យក​អ្វី​ៗច្រើនជាង​នេះ​ ថ្ងៃណាមួយ​ដែលគេ​ចាកចេញ​ទៅ​ យើង​នឹង​រស់នៅ​ដូច​ធ្លាក់​នរក​មិនខាន​។

«នែ៎​ រាជិនី​? អត់​ទៅក្រៅ​មើល​ធៀប​ជាមួយ​លោ​ករ៉ូ​ណា​ល់​ទេ​?!»

មីង​ភក្ត្រា​មក​ឈរ​ញញឹមញញែម​និយាយ​ជីកឫសគល់​សួរនាំ​ខ្ញុំ​ក្បែរ​តុ​តែម្តង​ ធ្វើ​ឱ្យ​ខ្ញុំ​ភាន់ភាំង​ សម្លឹង​គាត់​មិន​និយាយ​អ្វី​រួច​ បន្ទាប់មក​ក៏​ដៀង​ទៅ​រក​ចិន្តា​។ ចិន្តា​សម្លឹង​ខ្ញុំ​ពី​តុ​ធ្វើការ​មក​។ គេ​យល់ចិត្ត​ខ្ញុំ​ហើយ​យ៉ាង​បាន​ជា​និយាយកាត់​មក​ស្ដារ​បរិយាកាស​ឡើងវិញ​៖

«មិន​ងាយ​ទេ​ រាជិនី​របស់ខ្ញុំ​!»

មីង​ភក្ត្រា​បែរក្រោយ​សម្លឹង​ចិន្តា​។ ទោះ​យ៉ាងណា​ ខ្ញុំ​ឃើញ​គាត់​លប​លួច​ងាក​ទៅ​ញាក់មុខ​ដាក់​បង​ឧស្សាហ៍​ផង​។ មនុស្ស​ស្រី​ពីរ​នាក់​នេះ​ហាក់​ចង់​មាក់ងាយ​ថា​ខ្ញុំ​លេងឫក​? ឬក៏​ចង់ថា​ខ្ញុំ​និង​ចិន្តា​កំពុង​ស្រមៃ​ខ្ពស់​ក៏​មិនដឹង​? ចាស់​ៗទាំងអស់​នៅ​ក្រុមហ៊ុន​នេះ​ពូកែ​ខាង​ស៊ើបការណ៍​ និង​លូកលាន់​និយាយ​ដេញដោល​សួរនាំ​វាយតម្លៃ​រឿង​ផ្ទាល់ខ្លួន​អ្នកដទៃ​ស្រាប់​ទៅ​ហើយ​ ពិសេស​រឿង​ស្នេហា​ក្មេង​ៗ។ ម្តងណេះ​ទៀត​ ទេវបុត្រ​ចុះ​មកលេង​ដល់​ក្រុមហ៊ុន​ រឿង​អី​គាត់​នៅ​សុខ​? ឃើញ​ខ្ញុំ​មិន​មាត់​និង​លូកដៃ​វាយ​កុំព្យូទ័រ​ជា​សញ្ញា​ដេញ​គាត់​ មីង​ភក្រ្តា​ទំនង​ខឹង​ ក៏​និយាយស៊កសៀត​៖

«អឺ​អា​នី​អ្ហើយ​! គេច​ៗក៏​វា​ល្អ​! … ខ្ញុំ​ស្គាល់​គ្រួសារ​លោកជំទាវ​មុ​ន្នី​ ស្គាល់ចិត្ត​លោកជំទាវ​ច្បាស់​! ពិបាក​បន្ទោស​ដែរ​ មានកំណើត​ជា​អភិជន​តាំងពីដើមមក​ ណាមួយ​ស្វាមី​ក៏​ជា​មេទាហាន​ធំ​ កូនទាហាន​ស្អេកស្កះ​ឱ្យ​ប្រើ​ លោកជំទាវ​មិនមែន​ចិត្តល្អ​ ចរិត​ស្រួល​ប៉ុន្មាន​ដូច​ CEO​ ណា​វី​ទេ​។ ពីមុន​ កាល​មីង​នៅ​ក្មេង​ៗ ធ្លាប់​មានធុរៈ​ទៅ​បម្រើ​លោកជំទាវ​ដល់​ផ្ទះ​ម្តង​ៗ ខំ​ញញឹម​សំពះ​លោក​ លោក​ក៏​មិនដែល​ឱន​ក្រោម​មើល​មនុស្ស​តូចតាច​ដូចជា​ពួក​យើង​ឡើយ​ យើង​ជា​ក្អែក​ទៅ​ស្រមៃ​ក្លាយ​ខ្លួន​ចូល​បន្លំ​នឹង​ហ្វូង​ហង្ស​ក៏​នាំ​តែរ​បូត​ដៃ​ ចង្រៃ​អាត្មា​មក​អន្តរធាន​ឥតប្រយោជន៍​មែន​ហ្នឹង​!»

មីង​ម្នាក់​នេះ​រឿង​និយាយស៊កសៀត​មាក់ងាយ​គេ​គឺ​គ្មាន​អ្នកណា​ពូកែ​ជាង​គាត់​ទៀត​ទេ​។ ទោះ​យ៉ាងណា​ ខ្ញុំ​គ្មាន​ពេល​ខឹង​ ចិត្ត​អាល័យតែ​នឹកឃើញ​ដល់​លោកជំទាវ​ថ្លៃថ្នូរ​កប់​សារី​ដ៏​ឆ្មើង​ល្បី​ខាង​កាច​ និង​មិន​ចេះ​ឱន​មក​សន្តោស​អ្នកទាប​រាប​ណា​ឡើយ​។ ធ្លាប់​ឃើញ​ក្នុង​ទូរទស្សន៍​ ស្ត្រី​នោះ​មាន​ភ្នែក​តូច​ៗ ទឹកមុខ​មាំ​តាមរបៀប​មនុស្ស​កាត់​ខ្មែរ​ចិន​ ហើយ​មាន​សម្បុរ​ស​ស្មើនឹង​សម្ដី​ត្រ​មុត​ត្រ​ម៉ុយ​របស់​គាត់​។ បង​ឧស្សាហ៍​ដែល​មិន​មាត់​យូរហើយ​ក៏​ដើរ​មួយៗ​ មក​ពួយ​បន្ថែម​បន្ត​ពី​ដៃគូ​គាត់​ក្នុង​សព្ទ​សំឡេង​អេចអូច​ខ្សឹបខ្សៀវ​ដៀមដាម​៖

«ដែល​ដឹងរឿង​កូនប្រុស​ធំ​របស់​គ្រួសារ​នេះ​គឺ​ឧត្ដម​សេនីយ៍​ដេ​ណា​ដែល​មានះ​រៀបការ​យក​ស្រី​អ្នក​សិល្បៈ​ម្នាក់​ធ្វើជា​កូនប្រសា​ស្រី​ដំបូង​នៅផ្ទះ​នោះ​។ ទីបំផុត​ពួកគេ​បាន​បែកគ្នា​បន្ទាប់ពី​រៀបការ​បាន​ពីរ​ឆ្នាំ​ គឺ​លោកជំទាវ​ម្ដាយ​មិន​ពេញចិត្ត​តាំងពី​នៅ​ក្រមុំ​កំលោះ​ ដូច្នេះ​ទោះ​មាន​ចៅ​អាយុ​មួយ​ខួប​ហើយក៏​គង់តែ​បែកគ្នា​ឱ្យ​ខាង​តែ​បាន​ ឥឡូវ​ខាង​ប្រុស​ខឹង​ពេក​ចេញទៅ​នៅ​ស្រុកក្រៅ​មិនដែល​ត្រឡប់​មក​ផ្ទះ​ម្តង​ទេ​!»

អូ​ព្រះ​! ខ្ញុំ​ស្មានថា​គេ​ជា​កូនទោល​ ដឹង​អី​ បងប្រុស​គេ​មាន​ប្រវត្តិ​ចុកឈាម​នឹង​ម្តាយ​គេ​ជាមុន​ទៅ​ហើយ​?

«ចិន្តា​ទៅ​មើល​ធៀប​អត់​?!»

ខ្ញុំ​និយាយ​ ហើយ​ក្រោក​ចេញចោល​មនុស្ស​ស្រី​ទាំងពីរ​ឱ្យ​ស្រមៃ​ដើរតួ​ជា​អ្នកបម្រើ​ចរិត​អន់​ៗដូច​ក្នុង​កុន​ថៃ​បន្ត​ទៀត​ចុះ​។ ចរិត​គោរព​ខ្លួនឯង​ដូច​ពួក​បារាំង​ និង​មិន​លូកលាន់​រឿង​អ្នកដទៃ​ ដូច​ពួក​លោកខាងលិច​មិនដឹង​ថ្មើរ​ណា​ពួកគាត់​រៀន​ចេះ​នឹងគេ​ទេ​ ប្រហែល​មក​ពី​ស្រុក​យើង​ចូលចិត្ត​ចាក់​រឿង​ថៃ​ ឬ​រឿង​មួយ​ជុំ​សំពត់​ច្រើនពេក​ហើយ​ បាន​ជា​មនុស្ស​ច្រើន​នាក់​នៅតែ​ចូលចិត្ត​ដើរតួ​មាត់​គ្មាន​គម្រប​ និង​ទំនេរ​សូម្បីតែ​រំលឹក​ដើម​ចៅហ្វាយ​ដែល​ជួល​ខ្លួន​ឱ្យមក​ធ្វើការ​សោះ​?

មានភាគបន្ត …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*