គេខ្សឹបតិចៗ ជាមួយល្បឿនមេដៃដ៏ធំគ្រើមរបស់គេ លូកមកជូតទឹកភ្នែក និងតំណក់ភ្លៀងលើថ្ពាល់ខ្ញុំ រកតែគេចមិនទាន់ ។
កម្លាំងសង្កត់បន្តិចៗរបស់គេ បង្កប់ទៅដោយភាពថ្នាក់ថ្នមម្យ៉ាងដែលខ្ញុំមិននឹកស្មានដល់ ។ កម្តៅចេញពីបាតដៃគេ ធ្វើឱ្យរាងកាយដែលកំពុងកកស្ពឹករបស់ខ្ញុំ ចេញកម្តៅនិងញាប់ញ័រឡើងដោយស្វ័យប្រវត្តិ ។
ខ្ញុំរេគេចចេញវិញ ដោយរុញដៃគេ ហើយនិយាយឮៗ ៖
«ធ្វើអីនេះ … ?»
ខ្ញុំចង់សួរទៀតថា «ហ៊ានម៉្លេះ ?» តែបានត្រឹមរុញដៃគេចេញរាល់ពេលគេចចេញ ហើយនិយាយអីលែងចេញព្រោះហួសចិត្តពេក ។
មនុស្សនេះសើចតិចៗបំផុតមិនស្មើ១០ភាគរយនៃបបូរមាត់ធ្មាំងៗរបស់គេផង តែខ្ញុំមើលយល់ពីសភាពសប្បាយអរក្នុងពន្លឺភ្នែកគេ ។
«ឡើងឡាន !»
ខ្ញុំឮពាក្យបញ្ជាខ្លីៗនេះទាំងរឹតហួសចិត្តទ្វេ ។
គេកំពុងនិយាយស្អី ? ខ្ញុំស្តាប់ច្រឡំ ?
មិនរង់ចាំឱ្យខ្ញុំតវ៉ា ជននេះដោះអាវធំពណ៌ខ្មៅរបស់គេ មកគ្របជុំជិតរាងកាយដែលកំពុងញ័រទទ្រើករបស់ខ្ញុំ រួចលូកដៃទាំងសងខាង ត្រកងបីរាងកាយខ្ញុំឡើងផុតពីដីយ៉ាងងាយស្រួលដូចបីកូនក្មេង ។
«លែង… ខ្ញុំ… !» ខ្ញុំប្រឹងរើបម្រះទាំងគ្មានកម្លាំង ។
«លែង…ខ្ញុំ… !»
ខ្ញុំប្រមូលកម្លាំងចុងក្រោយទះតប់រុញទ្រូងដ៏រឹងមាំរបស់គេ… តែនៅរឹងដូចដែក ម្ល៉ោះហើយ ជាជាងឱ្យគេធ្វើមកលើខ្ញុំតាមចិត្តដូចដែលមេឃនិងគ្រប់គ្នាកំពុងដាក់ទោសខ្ញុំ… ខ្ញុំលែងចង់ទ្រាំទៀតហើយ ក៏ងាកខាំគេក្រឹប ។
ការឈឺចាប់បានបណ្តាលឱ្យរង្វង់កម្លាំងគេខ្សោយ ខ្ញុំក៏រើខ្លួនទម្លាក់ជើងបាន ទម្រាំចុះមកដីវិញទាំងត្រដាបត្រដួសភ្លាមៗ ។
ខ្ញុំមិនដែលស្គាល់ម្នាក់នេះទេ !
ទេ ! តាមការពិតទៅ… ខ្ញុំមានដែលស្គាល់អ្នកណា ? ខ្ញុំមិនស្គាល់អ្នកណាទាំងអស់ ! សូម្បីវេហាចង្រៃនោះ… ប្រុសដែលខ្ញុំបានស្រលាញ់ ! ម៉ោងនេះពេលនេះ គេបានចាកចេញចោលខ្ញុំដោយមិនងាកក្រោយ ? តើខ្ញុំនៅត្រដរគិតថា ខ្លួនឯងស្គាល់អ្នកណាបានទៀត ?
«លែង… ខ្ញុំ… !»
ខ្ញុំប្រមូលកម្លាំងចុងក្រោយរុញទ្រូងដ៏រឹងមាំរបស់គេចេញ រួចរើខ្លួនទម្លាក់ជើងចុះមកដីវិញទាំងត្រដាបត្រដួស ។
ខ្ញុំមិនខ្វល់ថា គេមកកន្លែងនេះបានដោយរបៀបណា មានចេតនាអ្វី ? ក៏រឹតមិនខ្វល់ថាគេជាអ្នកណា… វិនាទីនេះខ្ញុំត្រូវការតែលាក់ខ្លួនពីភាពអាម៉ាស់ និងការឈឺចាប់ប៉ុណ្ណោះ ។
ខ្ញុំបែរខ្នងរត់កាត់តំណក់ភ្លៀង សំដៅទៅកូនហាងតូចរបស់ខ្ញុំដែលនៅក្បែរនោះបំផុត ។ ដៃញ័រៗ ទាញរុញទ្វារកញ្ចក់ចូលទៅខាងក្នុងទាំងដង្ហើម ថប់ៗ រួចទម្លាក់ខ្លួនអង្គុយផ្ទាល់លើឥដ្ឋត្រជាក់ស្រេប ក្បែរទូកញ្ចក់ដាក់តុក្កតា ។ ខ្ញុំមិនទាំងបានបើកភ្លើងផង បណ្តោយឱ្យភាពងងឹតលេបត្របាក់រាងកាយដែលសើមជោក និងញ័រទទ្រើកនេះតែម្នាក់ឯង ។
ទីបំផុត ទំនប់ទឹកភ្នែកដែលខំទប់កាលពីនៅមុខគេ បានបាក់ស្រុតទាំងស្រុង ។ ខ្ញុំយំយែកចេញមកយ៉ាងឈឺចាប់ កណ្តាលភាពស្ងាត់ជ្រងំនៃហាងដែលគ្មានអ្នកណា ។
«ហេតុអី ? ហេតុអីទើបត្រូវធ្វើបាបខ្ញុំដល់ថ្នាក់នេះ ?»
សំឡេងខ្សឹកខ្សួលរបស់ខ្ញុំបន្លឺឡើង លាយឡំនឹងសូរសំឡេងភ្លៀងដែលកំពុងវាយសន្ធប់លើដំបូលខាងក្រៅ ។ ដៃទាំងពីរឱបជង្គង់ខ្លួនឯងជាប់
«ខ្ញុំខំប្រឹងដល់ម្ល៉ឹងហើយ… ខំប្រឹងដើម្បីគ្រួសារ ខំប្រឹងដើម្បីក្តីស្រមៃពួកយើង… តែចុងក្រោយ ខ្ញុំត្រឹមជាសំរាមដែលគេបោះចោលដើម្បីមុខមាត់ជាន់ខ្ពស់ ? ត្រឹមជាកូនអ្នកបម្រើ… ត្រឹមជាកូនជនវិកលចរិត តើខ្ញុំអន់ដល់ថ្នាក់ហ្នឹងមែនទេ ?»
ខ្ញុំសួរទៅកាន់ទីងងឹត សួរទៅកាន់ព្រហ្មលិខិតដែលអយុត្តិធម៌មកលើជីវិតខ្ញុំ ។
«ប៉ា… កូនហត់ណាស់កូនលែងមានកម្លាំងដើរទៅមុខទៀតហើយ…»
ស្រាប់តែ… ក្រាក !
ខ្ញុំងើបមុខឡើងទាំងទឹកភ្នែកស្រវាំង ។
ទ្វារកញ្ចក់ហាងត្រូវរុញបើកចំហពាក់កណ្តាល ។
ក្លិនទឹកអប់បុរសលាយឡំនឹងអាកាសធាតុត្រជាក់ បានសាយភាយចូលមកពេញទំហឹង ។ ស្រមោលខ្មៅធំខ្ពស់ធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញថា គេនេះ… តាមមក !
ខ្ញុំស្រវាក្រោក… ដោយក្តីរន្ធត់… សំឡេងយំបែរជាប់គាំងក្នុងបំពង់ក ខណៈរាងកាយ និងខ្សែភ្នែកព្រានរបស់គេ កំពុងសម្លឹងមកខ្ញុំក្នុងរបៀបដែលស្តេចសត្វយ៉ាងកំណាចសម្លក់ម្រឹគកំពុងរងរបួសទុកថាជាចំណី ។
«មកកន្លែងនេះធ្វើអី ? ចេញ… ទៅ !»
ភាពស្ងប់ស្ងាត់របស់គេ បានទប់ស្កាត់ចរន្តខ្យល់ដង្ហើមខ្ញុំឱ្យដកមិនបានរលូនទៀតឡើយ ។ ទោះបីជាគេមិនទាន់ហាមាត់និយាយសូម្បីមួយម៉ាត់ តែវត្តមានរបស់គេនៅក្នុងហាងដ៏តូចចង្អៀតនេះ បានលេបយកខ្យល់អុកស៊ីហ្សែននៅសេសសល់តិចតួចរបស់ខ្ញុំអស់ទៅតែម្តង ។
«ខ្ញុំប្រាប់ឱ្យថយចេញ !»
ខ្ញុំលើកដៃស្រវាអ្វីក៏ដោយ តុក្កតាសេសសល់ដែលបិតឆ្លាក់មិនទាន់រួច ខ្ញុំគប់គេ ។
«ជួយផង !»
ខ្ញុំហត់ណាស់ ពោលបានតែខ្សាវៗប៉ុណ្ណោះ ។
គេបន្តឈានមកមិនដាច់… រីឯអំណាចនៃថាមពលត្រួតត្រា ដែលកំពុងតែបញ្ចេញមកពីរាងកាយគេ លបប្រាប់ខ្ញុំយ៉ាងច្បាស់ថា ទោះជាខ្ញុំគប់អស់ អីវ៉ាន់ ពីក្នុងហាង ក៏រារាំងគេលែងបាន…
ស្នាមថើបដំបូង (តំណាលបព្វតា)
ស្រីល្ងង់ម្នាក់ហ្នឹងគប់អស់ចិត្ត ស្រែកអស់កម្លាំង ក៏បានត្រឹមឈរយំសស្រាក់នៅនឹងមុខខ្ញុំ ។
ចេញ !… (ខ្សឹកខ្សួលខ្លាំងសឹងស្តាប់មិនយល់ន័យផង ។)
…គិតឬអីថា ខ្ញុំទុកនាងនៅទីនេះ… បែបនេះ ?
«ក្រឹប…» ខ្ញុំឈោងដៃទៅក្រោយខ្នងចាក់សោទ្វារកញ្ចក់ បិទផ្លូវតវ៉ា បិទទាំងខ្យល់អាកាសដែលនាងកំពុងដកដង្ហើម ។
ស្រីច្រមក់នេះត្រូវស្រឡាំងកាំងបានត្រឹមដកថយ… ។
«ឱ្យឡើងឡាន ម៉េចមិនទៅ ?»
ខ្ញុំសួរនាង នាងមិនតបនឹងសំណួរ បន្តដកថយទៀតទាំងស្រែកតវ៉ា… ជាមួយពាក្យដដែលៗឱ្យខ្ញុំចេញពីនាង ចេញហាងនាង… ក្រឡេកជុំវិញបន្តិច ចិត្តខ្ញុំនឹកឃើញដល់អាបញ្ញើក្អែកម្នាក់នោះភ្លាម !
«នេះហី្អ ? រន្ធក្តាមសិល្បៈដែលវាទុកឱ្យ ?»
«ទាក់ទងអីជាមួយខ្លួនឯង ?»
នាងយំផង តបឆ្លើយផង ។ វិនាទីនេះហើយ នៅស្រណោះអាឡោះអាល័យគ្នា តវ៉ាឱ្យគ្នាបានទៀត ។
ខ្ញុំលែងមាត់ឈានរុលទៅរហ័សជាងមុន ដែលទីបំផុត ស្រីងប់ស្នេហ៍ក៏ត្រូវដកថយ ដល់ជ្រុងជញ្ជាំងអស់ទីណាទៅបាន ទើបគេបង្រួញខ្លួនអង្គុយចុះយឺតៗ ឱបជង្គង់ដូចកូនឆ្មាត្រូវទឹក រងាញ័រចំប្រប់នៅក្រោមច្រមុះខ្ញុំ ។
ស្រមោលដ៏ធំរបស់ខ្ញុំ គ្របដណ្តប់ពីលើរាងកាយវិចិត្រករដែលកំពុងខូចចិត្តអង្គុយយំអស់សង្ឃឹមផ្ទាល់លើឥដ្ឋ ។
ខ្ញុំដកដង្ហើម… ធ្ងន់ៗ… ទម្លាក់ជង្គង់ចុះមកកម្រិតស្មើនឹងគេ ធ្វើឱ្យគេងើបមុខសម្លឹងមកគ្រលួងៗដោយការភ័យខ្លាច ។
ដង្ហើមយើងប៉ះគ្នាហើយ… ព្រោះទីនេះ… គ្មានអ្វីទាំងអស់ ក្រៅពីសំឡេងរំជួលនៃបេះដូងពីរ ។ មួយ… កំពុងចង់លេបគេទុកឱ្យដូចរាហូលេបចន្ទ ឯមួយទៀត ញាប់ញ័រចំប្រប់ដូចមនុស្សគ្មានព្រលឹងកំដររាងកាយ ។
ក្នុងភាពងងឹតស្រអាប់ មានតែពន្លឺផ្លេកបន្ទោរម្តងម្កាល បង្អើលមកពីខាងក្រៅ សង្ឃឹមថា គេមើលឃើញកែវភ្នែកត្រួតត្រារបស់ខ្ញុំ ។ គេគ្មានសិទ្ធិ សូម្បីតែនឹកឬចងចាំអាម្នាក់ហ្នឹងផង កុំថាឡើយមានសិទ្ធិយំស្រណោះវានៅនឹងមុខខ្ញុំ ។
…មួយដង្ហក់ៗនៃដង្ហើមគេ… ខ្ញុំដឹងថា ថ្គាមខ្លួនឯងកំពុងកន្ត្រាក់ឡើងរឹងទប់ចិត្តប្រចណ្ឌ ។ កំហឹងរឹតកើនអង្សាឡើងពីអាណិតមកពុះកញ្ជ្រោលពេលឃើញនាងព្រមឱ្យខ្លួនឯងខ្ទេចខ្ទាំដោយសារតែប្រុសផ្សេង ។
ដង្ហើមក្តៅៗរបស់ខ្ញុំ លាយឡំនឹងក្លិនទឹកអប់ និងក្លិនថ្នាំជក់ស្តើងៗ ហុយទៅប៉ះស្បែកមុខដ៏ត្រជាក់ស្រេបរបស់នាង ហើយនាងប្រឹងងាកចេញ តែខ្ញុំលូកដៃទាញចង្កានាងមកវិញ ។ ស្រីល្ងង់ៗម្នាក់នេះស្រែកយ៉ៃ…
«ស្ងៀម… ដាហ្ស៊ី !»
នាងស្ងាត់មួយរំពេច… គាំងសម្លឹងខ្ញុំទាំងរន្ធត់ ។ បបូរមាត់ពណ៌ស៊ីជម្ពូញ័រទទ្រើកចង់ប្រកែក តែគ្មានសំឡេង គ្មានពាក្យចរចា ។
ចួបគ្នាភាគក្រោយ នៅសប្តាហ៍ក្រោយ …


2 Comments
ចាំមិនបានទេ 1 អាទិត្យទៀត យូរខ្លាំងណាស់ 😭
so sad hasha
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ