រឿង៖ នាងនិងគេ (ភាគ៨)

ខ្ញុំមកឆាប់ពេកពិតមែន… នាងអាចមានសំណួរច្រើន… តែខ្ញុំគ្មានពេលអូសក្រឡាពន្យល់ស្អីទេ… តាំងពីល្ងាចនោះ… នៅរោងពុម្ព… ខ្ញុំបានទុកនាងរួចហើយថា «ជារបស់ខ្ញុំ» ។

«យំដោយសារអាវេហាម្តងទៀត បងទៅសម្លាប់វា !»

«អ្ហះ ?» នេះជាសញ្ញាលើមុខនាង … ភ្នែកនាង …។ ខ្ញុំញញឹមឆ្វាចពេលនាងកំពុងត្រូវភាំង … ម្រាមពីរ … ខ្ញុំផាត់សក់នាងដែលគ្របក្រាលថ្ពាល់លើម្ខាង ។ អូនតូចរលាស់ដៃខ្ញុំចេញហើយស្រែករអាក់រអួល ៖

«ទៅ ! ទៅ ! ទៅសម្លាប់ទៅ !»

ខ្ញុំអាក់ដៃ ពេលត្រូវនាងផ្គើន…

«ឮនៅ ? មកហ្នឹងធ្វើអី ? បើខ្ញុំដឹងបងឯងចឹង… ខ្ញុំ… មិនខ្ចី…!»

ខ្ញុំខ្ជិលឱ្យនាងបញ្ចប់ពាក្យដែល «សូម្បីតែអតីតកាលរវាងយើង» ក៏នាងមិនត្រូវមកលុបចោលដោយសារអាម្នាក់ហ្នឹងដែរ ដាហ្សុី ។

បាតដៃធំគ្រើមរបស់ខ្ញុំទាំងសងខាង លូកលទៅចាប់យកថ្ពាល់គេមកបញ្ជាមិនឱ្យបន្តវាចាកើតទៀត… កម្តៅពីបាតដៃខ្ញុំក្តៅគគុក ខ្ញុំចង់ប្រើវាដុតរលាយទឹកកកក្នុងបេះដូងគេ ដែលកំពុងឱ្យពិន្ទុសូន្យចំពោះវត្តមានខ្ញុំ ។

ម្រាមដៃមេរបស់ខ្ញុំផ្ដិតជូតទឹកភ្នែកគេចេញដោយកម្លាំងសង្កត់តិចៗ មុននឹងទាញទម្រង់មុខដ៏ទន់ភ្លន់នោះឱ្យងើបឡើងទទួលយកខ្សែភ្នែករបស់ខ្ញុំ ។

«មើលឱ្យច្បាស់ ដាហ្ស៊ី ! តទៅ អូនចួបបង… បេះដូងអូនលែងធ្វើមិនស្គាល់ដូចមិញនេះទៀតហើយ !»

ខ្ញុំខ្សឹបក្បែរចុងច្រមុះនាងចប់កាលណា មិនរង់ចាំឱ្យនាងមានពេលគិត ឬគេចវេះទេ… បបូរមាត់ក្តៅគគុករបស់ខ្ញុំបានឱនទៅគ្របសង្កត់លើបបូរមាត់ដែលកំពុងញ័រញាក់របស់គេយ៉ាងតក់ក្រហល់ ។

រាងកាយតូចមួយនេះត្រូវគាំងធ្មឹងក្នុងភាពត្រួតត្រារបស់ខ្ញុំ បានត្រឹមភ្នែកបើកធំៗដោយភាពភ្ញាក់ផ្អើលទទួលយកខ្ញុំ ។

ខ្ញុំគឺបព្វតា !!!

ខ្ញុំមិនចូលចិត្តសុំការអនុញ្ញាតមុនពេលថើបស្រីៗទេ ហើយក៏មិនចូលចិត្តថើបលួងលោមបែបព្រះរាជបុត្រក្នុងរឿងនិទានរបស់នាងដែរ… តែជាការត្របាក់យកសិទ្ធិគ្រប់គ្រងតាមធាតុសត្វបាក្នុងបេះដូងខ្ញុំ ដែលស្រេកឃ្លានឯកោជាយូរមកហើយ ។

បបូរមាត់គេត្រូវបង្ខំឱ្យបើកទទួលយកការឈ្លានពានរបស់ខ្ញុំយ៉ាងជ្រាលជ្រៅ ។ ខ្ញុំដឹងថា គេមានលាក់ទុកនូវស្រទាប់បេះដូងមួយដែលស៊ីជម្រៅសែនផ្អែមល្ហែម ហើយខ្ញុំកំពុងរុករក ។

ខ្ញុំលេបត្របាក់រសជាតិទឹកភ្នែកដ៏ជូរចត់របស់ស្រីម្នាក់នេះ មិនខ្វល់ដែលនាងកំពុងរុញខ្ញុំ ក្តិចខ្ញុំ មួលស្មានិងដៃខ្ញុំ ឱ្យប្រគល់សេរីភាពឱ្យនាងវិញ ប៉ុន្តែចុងក្រោយ ដៃនាងលែងធ្វើចលនា ព្រោះរាងកាយនាងបានរលាយចូលមកសន្សឹមៗក្នុងកម្តៅស្នេហា ដែលខ្ញុំបានដុតបង្កាត់ដោយមិនស្តាយទុន ។

ខ្ញុំដកថយបន្តិចសិន ជាមួយកែវភ្នែកអួតអាង ដើម្បីបានឃើញគេ ឃើញប្រតិកម្មគេនៅក្រោមទ្រូងខ្ញុំ ហើយចង់ឱ្យគេបានដកដង្ហើមខ្លះ តែសាជាថ្មី ស្រីល្ងង់នេះច្រឡំថាខ្ញុំដោះលែងនាង បានជាហ៊ានលើកដៃទាំងពីរមករុញទ្រូងដ៏មានះរបស់ខ្ញុំចេញ ។

ម្រាមដៃតូចៗនោះ មើលទៅគ្មានកម្លាំងសូម្បីតែប៉ះខ្ញុំឱ្យលះបន្តិចផង កុំថាបញ្ឈប់ចិត្តហួងហែងរបស់ខ្ញុំ ។  ខ្ញុំចូលទៅទៀត ធ្វើឱ្យនាងត្រដាបត្រដួសរ៉ាប់រងបបូរមាត់ខ្ញុំជាលើកទីពីរជាមួយទឹកភ្នែករាប់សិបតំណក់ ហូរមកសើមអស់ផ្ទៃមុខយើងទាំងពីរ ។

ទទួលដឹងថា រាងកាយនាងកំពុងតែប្រែជាទន់ជ្រាយ លែងចង់រើបម្រះក្រោមអំណាចផ្តាច់ការនេះបន្តិចម្តងៗហើយ ។

ពេលដឹងថានាងចាញ់រាបការថើបដ៏កាចសាហាវរបស់ខ្ញុំលើកនេះ ប្រែជាបន្ថយកម្សួលចុះយឺតៗ… និងដូរមកជាថ្នាក់ថ្នមគេយ៉ាងស៊ីជម្រៅ ។

«អាវប្រឡាក់ ខ្ញុំអាចបោកថ្មីបាន… ក្រោកឡើងបង… តស់ មួយ ពីរ !»

នេះ… សំឡេងស្រទន់របស់គេ ដែលជ្រៀតឈឹបចាក់ដោតរំញ័រដល់បាតបេះដូងដែលកកស្ទះពាន់ឆ្នាំរបស់ខ្ញុំ នៅថ្ងៃពួកយើងចួបគ្នាដំបូង ។

ហេតុអ្វីថ្ងៃនេះខ្ញុំកាចដាក់នាងម្ល៉េះ ?

គិតពិតមែន តែមិនអាចដកថយព្រោះនៅចង់បន្តស្រូបយកឱជារស… ដៃម្ខាងរបស់ខ្ញុំរំកិលពីថ្ពាល់ទៅទ្រនាប់កញ្ចឹងកនាង អង្អែលសក់ដែលសើមជោករបស់នាងថ្នមៗ ខណៈបបូរមាត់នៅតែបន្តសេចក្តីប្រាថ្នាដែលមិនចេះឆ្អែតឆ្អន់ណាយ ។

មិនមែនជាទណ្ឌកម្មទេ ខ្ញុំចង់បោកគក់ខួរក្បាលស្រីម្នាក់នេះដើម្បីលុបឈ្មោះ លុបការចងចាំ និងលុបរាល់អតីតកាលរបស់អាសំរាមនោះ ឱ្យរលាយបាត់ចេញពីសតិរបស់នាង ។

«អ្ហឹម…»

សំឡេងគេថ្ងូរតិចៗ ហត់ៗ របូតចេញពីបំពង់ក ដោយការថប់ដង្ហើម ។

ដៃទាំងពីរដែលបម្រុងនឹងរុញខ្ញុំចេញ បែរជាប្តូរទៅជាទាញចាប់ជាយអាវខ្ញុំយ៉ាងណែន ដើម្បីទប់ជំហរខ្លួនឯង ។

ខ្ញុំបង្ខំចិត្តដកបបូរមាត់ចេញយឺតៗទាំងនៅស្តាយស្រណោះ តែចុងច្រមុះ និងថ្ងាសរបស់ពួកយើងនៅតែចង្អុលប៉ះគ្នា ។

សំឡេងដង្ហើមធ្ងន់ៗរបស់ខ្ញុំបន្លឺឡើងហត់ៗក្បែរត្រចៀកនាង ៖

«រសជាតិរបស់អូន…»

ខ្ញុំខ្សឹបទាំងសម្លឹងបបូរមាត់ដាហ្ស៊ីដែលកំពុងឡើងក្រហមទាក់ទាញលើសមុនដោយសារស្នាមថើបរបស់ខ្ញុំ

«រាងកាយអូន… បេះដូងអូន… ជារបស់បង ។»

ខ្ញុំងើបខ្លួនទាញយកគម្លាតបន្តិច ខណៈកែវភ្នែកនាងនៅតែព្រិចៗទទឹករោមភ្នែកជោកហើយឈ្ងោក ។

ដើមទ្រូងខ្ញុំខ្លួនឯងកំពុងភើតឡើងចុះៗ ដោយសារការទប់អារម្មណ៍យ៉ាងលំបាកមួយកុំឱ្យខ្លួនឯងអាចជ្រុលជ្រួសជាមួយគេនៅល្ងាចដំបូងនេះ

ខ្ញុំនិងគេ… នៅមានពេលច្រើនទៀតណាស់ជាមួយគ្នា…

ភ្នែកខ្ញុំថ្ពក់ជាប់ចុងច្រមុះនាង តែដៃខ្ញុំលូកទៅទាញយកទូរសព្ទដៃរបស់គេដែលជ្រុះនៅលើឥដ្ឋក្បែរៗនោះ ។ គេខំលូកដៃមករករារាំង… ពេលខ្ញុំឈប់ដំអក់សម្លក់ភ្នែកគេ… គេមិនដឹងគិត យ៉ាងម៉េច ប្រែជាលែងរារាំងខ្ញុំហើយ… ឱបជង្គង់ ។

«ដាហ្ស៊ី !»

ខ្ញុំហៅបញ្ជា ហើយគេងើបមុខមកសម្លឹងខ្ញុំទាំងភ័យ ។ ខ្ញុំចុចទូរសព្ទឡើងមក បញ្ចាំងកាមេរ៉ាស្កែនផ្ទៃមុខនាងដែលកំពុងភាំងស្មារតី ហើយអាចដោះសោបានយ៉ាងងាយ ។

«ធ្វើអី ?»

គេសួរខ្ញុំញ័រៗ ភ្នែកក៏សម្លឹងមកខ្ញុំ ។ រួចពេលខ្ញុំនៅធ្មឹងមិនឆ្លើយ គេលបទម្លាក់មកមើលស្នាមញញឹមរបស់ខ្ញុំមុនពេលគេងាកចេញ ។ ម្រាមដៃខ្ញុំចុចវាយបញ្ចូលលេខទូរសព្ទខ្លួនឯងទៅក្នុងម៉ាស៊ីននាងយ៉ាងរហ័ស រួចសរសេរឈ្មោះរក្សាទុកថា “បព្វតា/ទីន – ម្ចាស់ជីវិតអូន” ។

ខ្ញុំចុច Save រួចទម្លាក់ទូរសព្ទនោះចូលទៅក្នុងបាតដៃដ៏ទន់ល្មើយរបស់គេដែលកំពុងញាប់ញ័រ ។ គេងើបមុខមើលខ្ញុំយឺតៗ ហើយងាកចេញវិញទៀត…

«ហាមលុបលេខបង !»

ខ្ញុំក្រោកឈរឡើងវិញ… ពេញកម្ពស់ សម្លឹងចុះមករកស្រីល្អិតដោយពន្លឺភ្នែកនិងអារម្មណ៍នៃភាពជាម្ចាស់ ៖ «តែត្រូវលុបលេខពួកសំរាមចេញ !»

ថាចប់… ដៃខ្ញុំលូកទៅរកគេប្រុងយោងគេក្រោកមកដែរ…

បិសាចមកលុបការចងចាំ (តំណាលដាហ្ស៊ី)

ខ្ញុំនៅអង្គុយគាំងធ្មឹងលើឥដ្ឋ ដៃឱបទូរសព្ទដែលគេទើបនឹងប្រគល់មក មិនបាច់អានទេ … ខ្ញុំមិនចង់ស្គាល់ឈ្មោះជននេះដាច់ខាត ។

កម្តៅពីបបូរមាត់របស់គេនៅតែដុតរោលនៅលើរាងកាយខ្ញុំពីក្រៅដល់ក្នុងមិនងាយរលុបញាណ ។ ក្លិនទឹកអប់ឈើក្រអូបប្រហើរស្តើងៗរបស់គេ កំពុងជ្រៀតជ្រែកចូលដល់រាល់សរសៃឈាម និងដង្ហើមរបស់ខ្ញុំ ។

ខ្ញុំគិត… គិតយ៉ាងជ្រៅក្នុងភាពភ័យខ្លាច ដែលលាយឡំនឹងអារម្មណ៍ម្យ៉ាង… ខ្ញុំមិនធ្លាប់ស្គាល់ ។ កម្មកររោងពុម្ពម្នាក់នេះ… តាមពិតទៅ តើគេជាអ្នកណា ? ហេតុអីគ្រាន់តែការថើបមួយនេះ អាចធ្វើឱ្យបេះដូងដែលទើបតែត្រូវវេហាក្បត់ និងវាយដំខ្ទេចខ្ទាំត្រូវមក លោតញាប់រហូតស្ទើរតែភ្លេចការឈឺចាប់នៃការបែកបាក់ ហើយមកផ្ចង់លើរឿងថ្មី ?

ខ្ញុំអាចចាំបានពីអារម្មណ៍មួយដែលសែនគ្រោះថ្នាក់បញ្ចេញពីរាងកាយគេ… មកគ្របសង្កត់លើការតវ៉ារបស់ខ្ញុំ ។ ខ្ញុំដឹងថាគេជាភ្លើង… តែបេះដូងនិងរាងកាយនេះបែរមិនខ្លាចរលាកហើយចង់ចុះចាញ់ក្រោមកម្តៅរបស់គេទៅវិញ ? ម្តេចខ្ញុំមិនរើខ្លាំងជាងនេះ ? ម្តេចខ្ញុំនៅអង្គុយបែបនេះហើយមិនស្រែកប្រទេចគេ ?

ទេ ! ខ្ញុំមិនអាចបណ្តោយខ្លួនឱ្យលិចលង់ក្នុងកណ្តាប់ដៃមនុស្សចម្លែកបែបនេះទេ !

ក្នុងវិនាទីដែលគេងើបឈរពេញកម្ពស់ ដោយហៀបថានឹងលូកដៃដ៏ធំគ្រើមនោះមកចាប់ទាញខ្ញុំក្រោក សភាវៈការពារខ្លួនបានបញ្ជាឱ្យខ្ញុំប្រមូលកម្លាំងដែលនៅសេសសល់ទាំងអស់ ស្ទុះក្រោកឈរឡើងយ៉ាងលឿន ។

ខ្ញុំនឹងចាកចេញពីជននេះ… មិននិយាយពាក្យលា ឬសូម្បីតែងាកក្រោយសម្លឹងគេ ម្តងទៀតទេ… បើខ្ញុំបានចេញដល់មុខហាងមែន… តែអ្វីៗមិនបានសម្រេចដូចការគិតឡើយ ។

ទើបតែរេខ្លួនប្រុងឈានជើង ដៃដ៏រឹងមាំដូចដង្កៀបដែករបស់គេ បានលូកមកក្រសោបចង្កេះខ្ញុំកៀងជាប់… ។

ព្រហើនពេកហើយ ខ្ញុំឡើងរន្ធត់ !!!

គេជាប្តី ? ជាសង្សារ ? ជាអ្វី ? ជានរណានឹងខ្ញុំតាំងពីពេលណាបានជា… គេហ៊ាន… ?

ចួបគ្នាភាគបន្ត …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*