រឿង៖ ១ម៉ឺនស្នេហ៍ផ្ញើទៅកោះកុង (ភាគ៤)

វគ្គ៖ ថ្ងៃនេះ​ អូន​ទៅ​! ចិត្ត​អូន​នៅ​ផ្ញើ​នឹង​អ្នក​!

ដោយសារ​ខ្ញុំ​អត់មាន​ខោអាវ​មក​សោះ​ រ៉ូ​ណា​ល់​បាន​សុំ​ឱ្យ​មនុស្ស​សណ្ឋាគារ​រក​ទិញ​មក​ឱ្យ​យើង​ដែល​ភាគច្រើន​ជា​ឈុត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​។ ព្រឹក​នោះ​យើង​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​តាម​បែប​អឺរ៉ុប​ជាមួយគ្នា​ បន្ទាប់មក​មាន​មគ្គុទ្ទេសក៍​មក​នាំទៅ​ដើរលេង​ទស្សនា​បក្សា​បក្សី​គួរ​ឱ្យ​ជ្រះថ្លា​ចិត្ត​ និង​ដើរ​កាន់​ដៃ​គ្នា​លើ​ឆ្នេរ​ដែល​មាន​ដុំ​សិលា​តម្រៀប​ដូច​ធម្មជាតិ​និង​ដ៏​ស្ងប់ស្ងាត់​រ៉ូមែ​នទិ​ក។

គេ​មិនសូវ​និយាយ​ទេ​ តែ​គេ​ថ្នាក់ថ្នម​យកចិត្ត​ខ្ញុំ​ណាស់ ​ទាំង​ពេល​ញ៉ាំ​​អាហារ​ ពេល​បណ្ដើរគ្នា​លើ​ឆ្នេរ​ និង​អង្គុយ​ឱ្យ​ចំណីសត្វ​។ គេ​បបួល​ខ្ញុំ​ថា​យប់​នេះ​នឹង​ទៅ​មើល​កុន​រ៉ូមែ​នទិ​កជា​មួយ​គ្នា​។ ជា​កន្លែង​បញ្ចាំងកុន​ដែលគេ​សន្យា​ថា​ខ្ញុំ​មិនធ្លាប់​ឃើញ ​និង​ប្រាកដជា​រំភើបចិត្ត​។ គេ​មិន​ដឹង​​ទេ​ថា​ ពេល​ដែល​គេ​ជាប់​ហាត់​​ប្រាណ​ព្រឹក​មិញ ​ខ្ញុំ​បាន​លប​សួរ​បុគ្គលិក​ទេសចរ​ម្នាក់​ពី​ដំណើរ​កាណូត​លឿន​ដែល​អាច​បក​ទៅ​កាន់​ក្រុង​ព្រះសីហនុ​វិញ​។

បុគ្គលិក​នោះ​ប្រាប់​ខ្ញុំ​ថា​កាណូត​លឿន​អាច​ជិះ​រួម​ជាមួយ​ភ្ញៀវ​ផ្សេង​ដែល​ចំណាយ​២៥​ដុល្លារ​ក្នុង​ម្នាក់​ ហើយ​ចេញ​នៅ​ម៉ោង​២​រសៀល​។ តែ​ប្រសិន​បើ​ប្រញាប់​ យើង​អាច​ម៉ៅ​ចេញ​តែឯង​ក៏​បាន​។ ក្នុង​ខ្លួន​ខ្ញុំ​មាន​ប្រាក់​តែ​៥០​ដុល្លារ​គត់​។ ទោះ​យ៉ាងណា ​ខ្ញុំ​សម្រេច​ចិត្ត​រួច​ហើយ​ថា​ ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​ ចាក​ចេញ​ពី​បុរស​ម្នាក់​នេះ​ មុន​ពេល​គេ​ចាក​ចេញ​ពី​ខ្ញុំ​ ទើប​ខ្ញុំ​មិនសូវ​ឈឺចាប់​។

ថ្ងៃត្រង់​នោះ​ បន្ទាប់ពី​បាយ​រួច​គេ​មាន​ចេតនា​ចង់​រួមរស់​ជាមួយ​ខ្ញុំ​ទៀត​ ប៉ុន្តែ​ដោយសារ​កាល​ពី​ព្រឹក​ដើរ​លេង​អស់​កម្លាំង​ពេក​ គេ​ទំនង​មិន​ចង់​បង្ខំ​ខ្ញុំ​ទេ ​ពេល​ឃើញ​ខ្ញុំ​គេច​ៗ ហើយ​គេ​ក៏​ប្រហែលជា​មិន​ដឹង​ដែរ​ថា​ យប់​នេះ​គេ​នឹង​នៅ​ទី​នេះ​តែ​ម្នាក់​ឯង​ដោយ​គ្មាន​ខ្ញុំ​។ គេ​លង់លក់​ក្នុង​ដំណេក​។ ខ្ញុំ​សម្លឹង​គេ​ដោយ​ស្ងប់ស្ងាត់​ទាំង​បេះដូង​ឈឺផ្សា​។ គេ​សង្ហា​ហើយ​ពិតជា​សង្ហា​ជានិច្ច​ក្នុង​បេះដូង​ខ្ញុំ​។ ស្នាម​សើច​លើ​បបូរមាត់​គេ​នៅតែ​ប៉ប្រិម​ តែ​គេ​មាន​ដឹង​ទេ​ ថា​ចិត្ត​ស្រី​ម្នាក់​ដែល​នៅ​ក្បែរ​គេ​នេះ​កំពុង​យំសោក​?

«អូន​ទៅ​មិនបាន​លា​ ព្រោះ​អូន​មិន​ចង់និយាយ​លា​ រឹតតែ​មិន​ចង់​ស្គាល់​ពាក្យ​ថា​បែកគ្នា​នោះ​ទេ​! អូន​យក​បង​ រក្សា​បង​ ទៅតាម​អូន​ជានិច្ច​ គឺ​នៅ​ទីនេះ​ នៅ​ក្នុង​បេះដូង​ដែល​គ្មាន​លទ្ធភាព​និង​រស់នៅ​ក្បែរ​ទ្រូង​បង​! ថ្ងៃនេះ​អូន​ទៅ​ ព្រោះ​អូន​ភ័យ​ ថា​ថ្ងៃ​ណាមួយ​ អ្នក​ចេញទៅ​មិនមែន​ជា​អូន​តែ​ គឺជា​បង​ថ្ងៃ​ នោះ​អូន​មុខតែ​មិន​​អាច​ទទួលយក​បាន​ឡើយ​! អូន​សុខចិត្ត​លែង​ឃើញ​បង​នៅពេល​នេះ​ គឺ​ត្រឹម​ពេល​ដែល​បង​នៅ​ស្រលាញ់​អូន​នៅឡើយ​ជាជាង​បញ្ចប់​នៅពេល​បង​ឈប់​ស្រលាញ់​អូន​! បើ​ស្នេហា​និង​ការ​ថ្នាក់ថ្នម​របស់​បង​កាល​ពី​យប់​មិញ​ជា​ការ​ពិត​ អូន​សុំ​ផ្ដិត​វា​ទុក​ក្នុង​ចិត្ត​ជា​រៀង​រហូត​ ហើយ​អូន​និង​ចងចាំ​បង​ ចងចាំ​រាត្រី​មួយ​ដ៏​ផ្អែមល្ហែម​ដែល​យើង​មាន​ជាមួយគ្នា​។ បង​រក​អូន​មិន​ឃើញ​ទេ​ ព្រោះ​អូន​មិន​ចង់​ចួប​បង​! អូន​មិន​ចង់ឱ្យ​បង​ឈ្លោះ​នឹង​​ម្ដាយ​ ក៏​មិន​ចង់ឱ្យ​បង​ក្លាយ​ជា​មនុស្ស​ប្រុស​ក្បត់​ចិត្ត​ក្នុង​ក្រសែ​ភ្នែក​អូន​ឡើយ​ បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ អូន​អាច​ដោះ​ស្រាយ​វា​ដើម្បី​បង​ គឺ​សម្រាប់​មនុស្ស​ដែល​អូន​ស្រលាញ់​!»

ខ្ញុំ​សរសេរ​ពាក្យ​ទាំងនេះ​ក្នុង​បេះដូង​ខ្លួនឯង​ជាមួយ​តំណក់​ទឹក​ភ្នែក​រាប់ពាន់​តំណក់​តាំងពី​លើ​កោះ​សង្សារ​រហូតដល់​ភ្នំពេញ​។ ខ្ញុំ​ជម្រាប​ម្ដាយ​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​មនុស្ស​មាន​អំណាច​មាន​ប្រពន្ធ​កូន​តាម​ស្រលាញ់​ ហើយ​អាច​នឹង​មាន​គ្រោះថ្នាក់​ ដូច្នេះ​ខ្ញុំ​សុំ​លោក​ចាកចេញ​ពី​ភ្នំពេញ​ទៅ​រស់នៅ​ស្រុក​ស្រែ​ រក​ការងារ​ផ្សេង​ធ្វើ​ដើម្បី​ឱ្យ​ពេលវេលា​បញ្ចប់​ស្នេហា​ខុស​វណ្ណៈ​របស់ខ្ញុំ​នឹងគេ​។ ខ្ញុំ​​ចោល​លេខ​ទូរសព្ទ​ចាស់​ មិនដែល​ចូល​ Face​book​ ហើយ​និង​មិន​ដែល​អាន​ព័ត៌មាន​នានា​ទាក់ទង​នឹង​គ្រួសារ​គេ​ឡើយ​។

៤ខែ​ក្រោយមក​ បង ​Roda​ ​ជោគជ័យ​ក្នុង​ការ​ធានា​ខ្ញុំ​ចាក​ចេញ​ក្នុង​នាម​ជា​ភរិយា​។ ខ្ញុំ​មិន​ដឹង​ថា​ រ៉ូ​ណា​ល់​ទៅ​ជា​យ៉ាង​ណា​ នៅ​​ពេល​ដែល​គេ​ភ្ញាក់​ឡើង ​ហើយ​លែង​បាន​ឃើញ​ខ្ញុំ​ជា​រៀង​រហូត​នោះ​ទេ​ តែ​ខ្ញុំ​សង្ឃឹម​ថា​គេ​នៅតែ​អាច​រស់នៅ​ដោយ​រីករាយ​ពេល​គ្មាន​ខ្ញុំ​។ ស្រី​ៗជាច្រើន​នៅ​រង់ចាំ​គេ​ គេ​មិន​មែន​ជា​តួ​ប្រុស​ដែល​កម្សត់​ដូច​គ្រប់គ្នា​កាត់ស្មាន​ឡើយ​។

នៅ​មុន​ថ្ងៃ​ដែល​ឈាន​ជើង​ដល់​ស្រុក​បារាំង​ ខ្ញុំ​បាន​ចូល​ Facebook​ ​កម្សត់​ជា​ចុង​ក្រោយ​បន្ទាប់​ពី​ចោល​វា​ជាង​បី​រយ​ថ្ងៃ​។ អ្វី​ដែល​គ្រប់គ្នា​បាន​ឃើញ​ គឺ ​Caption​ ដ៏​វែង​មួយ​ដែល​ខ្ញុំ​បាន​សរសេរ​ថា​ «សូម​ផ្ដាំ​ទៅ​ម្ដាយ​និង​បង​ស្រី​អ្នក​មាន​ទាំង​ឡាយ​ថា​ មិន​មែន​ថា​នារី​ទាំងអស់​ដែល​អ្នក​បាន​ចួប​សុទ្ធ​តែ​ស្រលាញ់​ប្អូន​ប្រុស​អ្នក​ ឬ​កូន​ប្រុស​អ្នក​ដោយ​សារ​តែ​មាស​ប្រាក់​នោះ​ឡើយ​។ សូម​អ្នក​​​បើក​ចិត្ត​ជាង​នេះ​ ហើយ​ទទួល​ស្គាល់​ផង​ថា​ ខ្ញុំ​ក៏​មាន​ឪពុក​ម្ដាយ​ថា​ប្រដៅ​ឱ្យ​ស្គាល់​ល្អ​ស្គាល់​ឬ​អាក្រក់​បាន​ ស្គាល់​អ្វី​ជា​តម្លៃ​របស់​មនុស្ស​ដូចគ្នា​ ពេលខ្លះ​ខ្ញុំ​ក៏​ប្រហែលជា​អាច​ស្គាល់​វត្ថុ​ទាំងនេះ​ច្បាស់​ជាង​ពួក​អ្នកផង​ក៏​ថា​បាន​។ គឺ​ប្អូនប្រុស​របស់​អ្នក​ កូនប្រុស​របស់​អ្នកជា​អ្នក​ជំពាក់​ខ្ញុំ​ គឺ​គេ​ជំពាក់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មនុស្ស​ប្រុស​។ តែ​ខ្ញុំ​បាន​អត់ទោស​ឱ្យ​គេ​ហើយ​ ព្រោះ​ខ្ញុំ​ស្រលាញ់​គេ​ គឺ​ខ្ញុំ​ស្រលាញ់​គេ​ដោយ​ស្មោះ​។ ​អុះ​ ភ្លេច​! ពួក​អ្នក​មាន​ដូច​អ្នក​ ជួន​កាល​មួយ​​ជីវិត​រហូតដល់​ស្លាប់​ទៅ​ផង​ អត់​ដែល​ យល់​អត់​ដែល​ស្គាល់​ផង​ទេ​ថា​ ម៉េច​ទៅ​ស្រលាញ់​ស្មោះ​នោះ​? មិន​អ៊ីចឹង​?»

ចាប់ពី​ពេលនោះ​មក​ ខ្ញុំ​មិនដែល​ចូល​ Facebook​ ហើយ​ខ្ញុំ​មិនដែល​គិត​ផង​ថា​តើ​ពួកគេ​នឹង​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​ការ​សរសេរ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ដែល​នឹក​ឃើញ​ចង់​ចូល​ជាមួយ​ក្រុម​ហង្ស​ពួកគេ​ទេ​។ ជីវិត​មនុស្សយើង​តាមពិត​មិនមែន​ល្អ​ ឬ​មិន​ល្អ​ អាស្រ័យ​លើ​តម្លៃ​នៃ​វត្ថុ​ដែល​ពួកគេ​មាន​ ឬ​ទំហំ​មង្គលការ​ដែល​ពួក​គែ​បង្អួត​ឡើយ​។ ពួកគេ​គ្មានអ្វី​អស្ចារ្យ​ទេ​សម្រាប់​ខ្ញុំ​។ រ៉ូ​ណា​ល់​យក​បេះដូង​ខ្ញុំ​បាន​ ព្រោះ​ចិត្ត​ស្នេហា​ស្មោះ​របស់​គេ​ តែ​គេ​បាន​ត្រូវ​ខ្ញុំ​មាក់ងាយ​និង​មិន​ព្រម​ជឿ​ទុក​ចិត្ត​ឱ្យ​គេ​មើលថែ ​ព្រោះ​គេ​កើតមក​មាន​ម្តាយ​និង​បងស្រី​ជា​មនុស្ស​ដែល​មើលងាយ​មនុស្ស​ស្រី​ដូចគ្នា​មិន​​ប៉ប្រិច​ភ្នែក​ទេ​។ ឱ្យ​គេ​រស់នៅ​ជាមួយ​អម្បូរ​ហង្ស​របស់​ពួកគេ​ចុះ​ ហើយ​រស់​ឱ្យ​បាន​សប្បាយចិត្ត​ផង​។

ការ​ខកខាន​មិនបាន​ឃើញ​មនុស្ស​ដែល​មានតម្លៃ​ពន់ពេក​ក្នុង​បេះដូង​យើង​ អាច​ធ្វើ​ឱ្យ​ភាព​ឯកោ​និង​សោកសៅ​ចូល​មក​បង្កើត​ឱ្យ​យើង​នូវ​សេចក្តី​ឈឺចាប់​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។

តែ​ប្រសិនបើ​ខ្ញុំ​ជា​អ្នក​រើស​យក​ជម្រើស​នេះ​ទៅ​ហើយ​ ខ្ញុំ​មិន​ចេះ​ស្តាយក្រោយ​ទេ​។

វគ្គ៖ ៦ឆ្នាំក្រោយ​មក​

រាត្រី​នៅ​ប៉ារីស​​ហាក់​រងា​ចម្លែក​។ រដូវ​ចុងឆ្នាំ​មួយ​នេះ​ ជា​ជុំ​ទី​៦​ហើយ​ដែល​ខ្ញុំ​រស់នៅ​ជាមួយ​បង​ Roda​ ក្នុងនាម​ភរិយា ​ប៉ុន្តែ​តាមពិត​គាត់​នាំ​មិត្ត​ប្រុស​មក​គេង​ផ្ទះ​សឹង​រាល់ថ្ងៃ​។

«មិត្ត​ប្រុស​ដូរ​មុខ​រហូត​!!»

ខ្ញុំ​បង្អាប់​គាត់​ ព្រោះ​មើលទៅ​គាត់​ហាក់ដូចជា​ក្រៀម​ស្រពោន​អង្គុយ​កាន់​ពែងតែ​ក្តៅ​សម្លឹង​ទៅ​ផ្លូវ​រថភ្លើង​។ បើ​មិន​សង្សារ​បែកចិត្ត​ ក៏​ត្រូវ​ប្រុស​ស្អាត​ណា​បដិសេធ​មិន​ព្រម ​Dating​ មិនខាន​ទេ​បង​ខ្ញុំ​។

«អ៊ំ ​Roda​ សន្យា​ថា​នាំ​ហាណា​ទៅ​លេង​Disney​!»

ហាណា​សំណព្វចិត្ត​របស់​អ៊ំ​គេ​។ នាង​សឹង​មាន​តម្លៃ​ជាង​ប្រុស​ៗ​ទាំងនោះ​ផង​សម្រាប់​បង​Roda​។ នាង​តូច​ច្រមក់​និយាយ​មក​តែ​ពីរបី​ម៉ាត់​អាច​បង្ខំ​ឱ្យ​អ៊ំ​គេ​សើច​មកវិញ​បាន​ ក្រោយពី​សញ្ជប់សញ្ជឹង​អស់​មួយ​ល្ងាច​។ គេ​ស្រវា​ឱប​ក្រសោប​ក្មួយ​កំព្រា​ឪពុក​របស់​គេ​ ព្រមទាំង​លួង​លោម​ផង​៖

«Disney​ មាន​អី​សប្បាយ​! ហាណា​ទៅ​ច្រើន​ដង​ហើយ​ហ្នឹង​?!»

«អ៊ីចឹង​ទៅ​ណា​បាន​សប្បាយ​?!»

«ស្រុកខ្មែរ​!»

សម្តី​បង​ Roda​ ខ្លី​ៗ តែ​បេះដូង​ខ្ញុំ​ហាក់​ចាក់ដោត​។ ខ្ញុំ​នៅ​ធ្មាំង​ពេល​កំពុង​រៀបចំ​សាច់​រ៉ូ​ទី​ដាក់​លើ​តុ​ត្រៀម​ទទួល​យប់ ​Xmas​ នេះ​បី​នាក់​ដូច​រាល់​ឆ្នាំ​ ដឹង​អី​ពាក្យ​ស្រុកខ្មែរ​របស់​បង​ខ្ញុំ​​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​មាន​អារម្មណ៍​ថា​ គ្នា​យើង​បី​នាក់​នេះ​ឆ្លង​ឆ្នាំ​យ៉ាង​កម្សត់​ច្រើន​ដង​ពេក​ហើយ​។

«ស្រុកខ្មែរ​នៅ​ដល់ណា​? ម៉ាក់​ហាណា​ធ្លាប់​ប្រាប់​ថា​ឆ្ងាយ​ណាស់​ មិន​ចង់ឱ្យ​ហាណា​ទៅ​ទេ​!»

«ស្រុកខ្មែរ​ជា​ផ្ទះ​! ជា​ផ្ទះ​របស់​ហាណា​និង​ម៉ាក់​នី​! គ្មាន​ផ្ទះ​ឯណា​ឆ្ងាយ​ទៅ​មិនដល់​ទេ​ ព្រោះ​គ្រប់គ្នា​ដើរ​​យូរ​ប៉ុនណា​ ឆ្ងាយ​ដល់​ណា​ ក៏​ត្រូវតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​!»

ខ្ញុំ​ឃើញ​គាត់​លួច​សម្លឹងមុខ​ខ្ញុំ​។ ​​បង​Roda ​ហាក់​ពេញ​ដោយ​អាថ៌កំបាំង​អ្វី​មួយ​ចម្លែក​ៗ។

កុំ​ប្រាប់​ថា​ដែល​បង ​Roda​ មក​អង្គុយ​ស្រងូត​ពេញមួយថ្ងៃ​នេះ​ ដោយ​សារ​រឿង​គាត់​ចង់​បណ្តេញ​ម៉ែ​កូន​យើង​ឱ្យ​ចេញ​ពី​ជីវិត​គាត់​ឱ្យ​សោះ​ណ៎ា​។ ខ្ញុំ​គិត​បណ្តើរ​ រៀប​ចាន​អាហារ​បណ្តើរ​។ មាត់​ខ្ញុំ​និយាយ​ដៀមដាម​បញ្ឆិតបញ្ឆៀង​៖

«ព្រោះ​អ៊ំ​ Roda​ ចង់​រៀបការ​ជាមួយ​ពូ​ Patrik​ ហើយ​គាត់​ចង់ឱ្យ​ពីរ​នាក់​យើង​ទៅ​ស្រុកខ្មែរ​វិញ​ឈប់​រំខាន​គាត់​!»

បង​ Roda ​និយាយ​តប​វិញ​មក​កាន់​ខ្ញុំ​វិញ​ទាំង​ពរ​ហាណា​មក​រក​តុ​បាយ​ដែរ​។

«រឿង​ឯង​នៅ​ណេះ​ឬ​ទៅ​ស្រុកខ្មែរ​ វា​មិន​ទាក់ទង​អី​នឹង​បង​ទេ​ រាជិនី​! បង​ក៏​មិនដែល​គិតថា​ចង់​នាំ​អា​ប្រុស​ណា​មក​នៅ​លើ​ផ្ទះ​នេះ​ដែរ​ ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​របស់​ហាណា​ក្មួយ​បង​តែម្នាក់​! តែ​ស្រុក​ខ្មែរ​ឯង​ត្រូវ​ទៅ​ ពូ​មីង​ចាស់​ៗហើយ​! ល្មម​ឯង​ទៅលេង​គាត់​ដែរ​ រាជិនី​!!»

បេះដូង​ខ្ញុំ​លោត​ញាប់​ពេលរំឭក​ពី​ម៉ែ​និង​ពុក​ តែ​វា​លោត​ញាប់​នឹង​រឿង​មួយ​ផ្សេង​ទៀត​ គឺ​រឿង​ប្រុស​ម្នាក់​ដែល​ខ្ញុំ​ខំ​បំភ្លេច​ច្រើន​ឆ្នាំ​មក​ហើយ​ នៅតែ​មិន​ដែល​បាន​សម្រេច​ម្តង​ណា​។ រដូវ​បុណ្យ​ទាន​ណាមួយ​ទៅ​ដែល​ខ្ញុំ​មិន​នឹក​គេ​? ហាណា​នៅ​ក្បែរ​ខ្ញុំ​ នាង​តូច​នេះ​តែងតែ​នាំមក​នូវ​ស្នាម​ញញឹម​របស់​ប៉ា​គេ​ជា​សម្ងាត់​ ធ្វើ​ម៉េច​ជាតិ​នេះ​ ខ្ញុំ​ដក​ចិត្ត​ចេញ​ពី​គេ​រួច​?

Ronal​ លោក​សុខ​សប្បាយ​ទេ​? ៦ឆ្នាំ​ហើយ​! កូន​អ្នក​មាន​ដូច​លោក​​ ម៉េច​នឹង​នៅ​រង​ទុក្ខ​ជាមួយ​ស្នេហា​ភ្លើង​ចំបើង​មួយ​ឆាប​នោះ​ទៅ​? លោក​មាន​សង្សារ​ប៉ុន្មាន​នាក់​ទៀតហើយ​? លោក​ដែល​ស្រមៃ​ទេ​ថា​ មនុស្ស​ស្រី​ដែល​ក្រោក​ចេញ​មក​ចោល​លោក​ បាន​យក​មក​ជាមួយ​នូវ​តំណក់​ឈាម​របស់​លោក​តាម​ដង្ហែ​​ជីវិត​ឥតន័យ​របស់​នាង​?

«អ៊ំ ​Roda​ នៅ​ស្រុកខ្មែរ​មានអី​សប្បាយ​ខ្លះ​?!»

«គឺ​អត់មាន​ព្រិល​ធ្លាក់​រអិល​ទេ​! ហាណា​អាច​ស្លៀកពាក់​ស្រណុ​កៗ​ ស្អាត​ៗ​ហើយ​អាច​ចុះ​ហែល​ទឹក​យូរប៉ុណ្ណា​ក៏​បាន​! មេឃ​ពណ៌ខៀវ​ល្អ​ណាស់​ គ្រប់​យ៉ាង​បៃតង​ស្រស់ ​ហើយ​ផ្លែឈើ​មាន​លឿង​ និង​ក្រហម​ ផ្អែម​ឆ្ងាញ់​ ពិសេស​ផ្លែ​ម្នាស់​ទឹកឃ្មុំ​និង​ចេក​ពង​មាន់​!»

«អូយ​! ហាណា​ត្រូវ​ទៅ​ស្រុក​ខ្មែរ​ឱ្យ​បាន​! ត្រូវ​ទៅ​រក​រៀបចំ​ប៊ី​គី​នី​ហែលទឹក​សិន​!»

ខ្ញុំ​សម្លឹង​កូន​ដែល​រាង​ខ្ទែត ​ហើយ​មិនសូវ​មានឱកាស​ស្លៀក​ប៊ីគីនី​ទេ​ ទោះ​អ៊ំ​​គេ​តែង​ទំយើ​​ទិញ​ម៉ាក​ល្អ​ៗមក​គរ​ទុក​ឱ្យ​ក្មួយស្រី​​ក៏​ដោយ។ ខ្ញុំ​នឹកឃើញ​ដល់​ឆ្នេរ​រស​មុទ្រ​កំពង់សោម​ ហើយក៏​ឈ្ងោក​មុខ​ស្រពោន​ចិត្ត​ នឹក​ដល់​កោះកុង​….យុវវ័យ​របស់ខ្ញុំ​រលប់​បាត់​យូរ​ហើយ​នៅ​ឡើយ​តែ​ស្នាម​របួស​ឈឺ​។

វគ្គ៖ ស្រុកខ្មែរ​ស្នេហ៍​ចាស់​អូន​អើយ​

វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការដែល​ត្រូវ​ធ្វើជា​មិន​អើពើ​នឹង​អារម្មណ៍​នៃ​ការ​នឹករឭក​ ចង់​ឃើញ​មុខ​ ចង់​ឮ​សំឡេង​ ចង់​ប៉ះ​ដៃ​ ចង់​ឃើញ​កែវភ្នែក​….

អូន​នឹក​បង​ពេក​ហើយ​សង្សារ​ចាស់​អើយ​ បង​មាន​ក្តី​សុខ​ដែរ​ទេ​? ៦ឆ្នាំ​មកនេះ​ អូន​បាន​សម្លាប់​ចិត្ត​ខ្លួនឯង​ ធ្វើ​ដូច​ជា​មនុស្ស​ដែល​រស់​តែ​សម្បក​ខ្លួន​ ប៉ុន្តែ​អូន​នៅតែ​មិន​អាច​ឈប់​គិត​ពី​បង​បាន​។ ចម្ងាយផ្លូវ​ត្រឹមនេះ​ មិន​ថា​មាន​ហេតុ​ផល​អ្វី​ក៏​ដោយ​ទំនាក់ទំនង​ដ៏​រឹងមាំ​ក្នុង​បេះដូង​អូន​វា​ក្លាយ​ជា​អតីតកាល​សម្រាប់​បង​ តែ​វា​នៅ​រស់រវើក​នៅ​ទីនេះ​នៅឡើយ​។ ឱ្យ​តែ​ប្រហែស​បន្តិច ​វា​ឆាប​ក្តៅ​មកវិញ​បាន​ ហើយ​ចាប់​ចម្អិន​ឱ្យ​ខ្លោច​ចិត្ត​អូន​ តើ​អូន​មានអី​ទៅ​ស្រលាញ់​អ្នក​ផ្សេង​កើត​?

បន្ទាប់​ពី​ពេល​ដែល​ការ​ឈឺ​ផ្សារ​កន្លង​ផុត​ទៅ​ អូន​ក៏​នៅតែ​នឹកឃើញ​ឡើងវិញ​ថា​កាល​ណោះ​បង​ស្រលាញ់​អូនប៉ុនណា​។ ទង្វើ​​ល្អ​ទាំងនោះ​បាន​បង្ខំ​ឱ្យ​ស្រី​ម្នាក់​ដែល​មាន​កម្ម​នឹក​អ្នក​រាល់​នាទី​ រាល់​ម៉ោង​ រាល់ថ្ងៃ​ រាល់​សប្តាហ៍​ រាល់​ខែ​ និង​ជាង​១​ពាន់​ថ្ងៃ​មក​ហើយ​។

បេះដូង​បង​មាន​កន្លែង​ទំនេរ​សម្រាប់​អូន​ទៀត​ដែរ​ទេ​? បង​ភ្លេច​ស្រី​ក្រីក្រ​ម្នាក់​នេះ​ហើយ​ អូន​ដឹង​! រ៉ូ​ណាល់​ !!! ហេតុអ្វី​បេះដូង​ខ្ញុំ​នៅតែ​ឈឺ​នៅ​រាល់ពេល​ដែល​ឮ​អ្នកណា​មាន​ឈ្មោះ​នេះ​ដែរ​?

ខែមករា​ ឆ្នាំ​២០២០ ​អាកាសធាតុ​មិន​ក្តៅ​ ក៏​មិន​ត្រជាក់​ ទី​នេះ​ហើយ​ដែល​ផ្តល់​មក​ឱ្យ​ខ្ញុំ​វិញ​នូវ​អារម្មណ៍​កក់ក្តៅ​សម្ងាត់​មួយ​ដែល​ខ្ញុំ​បាន​បាត់បង់​វា​ជា​យូរណាស់​មក​ហើយ​ …វា​ជា​រយៈពេល​ប្រមាណ​ជាង​៦ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ចាកចេញ​ពី​កម្ពុជា​។ ការ​វិល​មក​ជាន់ទឹក​ដី​សុវណ្ណភូមិ​លើក​នេះ​ជា​លើក​ដំបូង​ តែ​ក៏​ជា​ការ​​ជម្នះ​ចិត្ត​ចុង​ក្រោយ​របស់ខ្ញុំ​ បន្ទាប់ពី​ខ្ញុំ​បាន​បោះបង់​ចោល​ផែនការ​វិល​មក​វិញ​នេះ​ជាច្រើន​ដង​មក​ហើយ​។

ស្រមោល​អតីតកាល​នៅតែ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លាច​រអា​ ហើយ​មិន​ចង់ឱ្យ​ការ​ឈឺចាប់​ពី​៦​ឆ្នាំ​មុន​បោះពុម្ព​ម្ដង​ជា​ពីរ​ដង​ក្នុង​បេះដូង​ដ៏​កម្សត់​របស់ខ្ញុំ​ឡើយ​។

«ហើយ​អា​នី​ឯង​ ម៉ោង​បាន​ប៉ុន្មាន​ខែ​?»

«២៨ថ្ងៃ​!»

ខ្ញុំ​ឆ្លើយ​ដោយ​ញញឹម ​ហើយ​ញាក់ស្មា​តាម​ស្ទីល​អ្នក​នៅ​ស្រុកបារាំង​បង្អួត​​ដើមទ្រូង​ដែល​ស្អាត​ផូរផង់​តាម​ប្រលោះ​អាវ​សឺមី​ពុះ​វែង​ដល់​គល់​ទ្រូង​។ នេះ​ជា​លើក​ដំបូង​ក្នុង​ពេល​៦​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចួប​ចិន្តា​ មិត្ត​រួមការ​ងារ​របស់ខ្ញុំ​វិញ​។ គឺ​មក​ដល់​ភ្លាម ​ខ្ញុំ​ណាត់​គេ​ចេញ​មក​និយាយ​គ្នា ​និង​ថត​រូប​ថត​វីដេអូ​យក​ទៅ​ទុក​មើល​។ ខ្ញុំ​យល់ថា​គេ​មិនដឹង​រឿង​រវាង​ខ្ញុំ​និង​រ៉ូ​ណា​ល់ ​ប្អូនប្រុស​នាយក្រុម​ហ៊ុន​ទេ​ ប៉ុន្តែ​អ្វី​ៗគឺ​ផ្ទុយពី​ការ​គិត​របស់ខ្ញុំ​។ ចិន្តា​សួរ​ ខ្ញុំ​វិញ​ភ្លាម​៖

«ម៉េច​មិន​នៅ​ឱ្យ​បាន​យូរ​បន្តិច​? ហើយ​ នែ៎​ រ៉ូ​ណាល់​ ធ្លាប់​ទៅ​ចួប​ឯង​នៅ​បារាំង​ទេ​?»

ខ្ញុំ​ប្តូរ​ទឹកមុខ​។ ប្រហែល​ប្រតិកម្ម​របស់ខ្ញុំ​ធ្វើ​ឱ្យ​ចិន្តា​ភ្ញាក់ខ្លួន​មកវិញ​ដឹង​ថា​ខ្លួនឯង​ជ្រុលមាត់​ដែរ​ ដូច្នេះហើយ​វា​បង្ហាញ​ការ​សុំទោស​តាម​រយៈ​ពន្លឺ​​ភ្នែក​ដែល​មើល​។ ខ្ញុំ​សម្រួល​បរិយាកាស​វិញ​ ហើយ​និយាយ​បន្លប់​៖

«ខ្ញុំ​ត្រូវ​ធ្វើការ​! នៅ​បារាំង​ ខ្ញុំ​មាន​ហាងអ៊ុតសក់​មួយ​ចូលគ្នា​ជាមួយ​មិត្តភ័ក្ដិ​! បើ​ខ្ញុំ​នៅ​ឯណេះ​យូរ​ ស្អី​ៗ​មុខ​តែ​រញ៉េរញ៉ៃ​ហើយ​! ហើយ​បើ​គេ​ខឹង​លែង​ឱ្យ​រកស៊ី​ជាមួយ ​ខ្ញុំ​និង​កូន​ច្បាស់ជា​ដាច់​ បាយ!!​»

ចិន្តា​ទំនង​ដឹង​កំហុស​ ដូច្នេះ​នាង​ក៏​និយាយ​បន្លប់​ដែរ​៖

«អឺ​កូន​ឯងប៉ុនណា​ហើយ ​រាជិនី​?»

«៥ឆ្នាំ​!»

«ត្រូវហើយ​! ហើយ​ប្រុង​ទៅលេង​កន្លែងណា​ខ្លះ​នៅ​ស្រុកខ្មែរ​នេះ​? ហើយ​ចុះ​ឯណា​ប្តី​ឯង​? »

«គាត់​នឹង​ខ្ញុំ​ចែកផ្លូវ​គ្នា​ហើយ​!»

តាម​ថា​ខ្ញុំ​មិន​ចង់រំឭក​រឿង​នេះ​ដាក់​អ្នកណា​ទេ ​ប៉ុន្តែ​ចិន្តា​ក៏​អាច​ចាត់​ទុក​ថា​ជា​មិត្ត​ម្នាក់​ដែល​ខ្ញុំ​ស្រលាញ់​រាប់អាន​ជាង​គេ ​ហើយ​ខ្ញុំ​ក៏​មិន​ចង់​កុហក​វា​។ ទីបំផុត​ខ្ញុំ​បាន​វិល​មក​វិញ​ ជាមួយ​ការ​តាំង​ចិត្ត​សា​ជាថ្មី​ថា​អតីតកាល​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​បច្ចុប្បន្ន​កាល​ និង​​អនាគត​របស់ខ្ញុំ​ឡើយ​។ ត្រូ​ណាស់​….មនុស្ស​យើង​រមែង​តែ​មាន​ការ​តាំងចិត្ត​អ៊ីចឹង​ហើយ​ ប៉ុន្តែ​ធ្វើ​បាន​កម្រិត​ណា ​យើង​ម៉េច​នឹង​ដឹង​?

ខ្ញុំ​និង​ចិន្តា​ព្រមទាំង​ម្តាយ​ឪពុក​ខ្ញុំ​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ចុងក្រោយ​ កន្លែង​ដែល​យើង​ត្រូវ​ទៅ​គឺ​ខេត្ត​កោះកុង​។ រម្លឹក​ដល់ទី​នោះ ​ខ្ញុំ​នឹកឃើញ​ដល់​រឿង​ចាស់​​របស់ខ្ញុំ​និង​គេ​ រ៉ូ​ណាល់​។ ខ្ញុំ​រម្លឹក​ឡើងវិញ​ដល់​សម្តី​របស់​បង​គេ​ដែល​និយាយ​ដៀម​ដាម​បញ្ឈឺ​ខ្ញុំ​ ហើយ​ចុងក្រោយ​គឺ​រាត្រី​ទីមួយ​ដែល​ខ្ញុំ​បូជា​ឱ្យទៅ​គេ​​នៅ​លើ​កោះ​សង្សារ​។

«ខ្ញុំ​មិន​ចង់​ធ្វើជា​ស្រី​ចិញ្ចឹម​របស់​អ្នកណា​ទេ​ ហើយក៏​ខ្ញុំ​អត់​ហ៊ាន​ប្រាថ្នា​ធ្វើជា​កូន​ប្រសា​នាយ​ឧត្ដមសេនីយ៍​ដែរ​!»

ចួបគ្នាថ្ងៃស្អែក …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*