គេឃាត់ខ្ញុំបានកាលណា ចាប់ទាញកន្ត្រាក់រាងកាយខ្ញុំ ឱ្យទៅបំបុកនឹងរាងកាយដែកថែបរបស់គេ ។
ដើមទ្រូងដ៏រឹងមាំរបស់គេនៅពីលើភ្នែកខ្ញុំទៅទៀត ខ្ញុំរត់ឯណារួច ?
«ដើរតាមសម្រួលមក ។»
សំឡេងគ្រលរខ្សឹបក្បែរត្រចៀកខ្ញុំ ធ្វើឱ្យរោមញាក់ព្រឺព្រួច ។
ខ្ញុំប្រឹងរើបម្រះ តែគេមិនខ្ចីខ្វល់ ហើយឈានជើងដើរអូសទាញយកខ្ញុំចេញពីហាងឆ្ពោះទៅរកឡានទំនើបពណ៌ខ្មៅដែលចតរង់ចាំនៅកណ្តាល ភ្លៀង ។ គេរុញខ្ញុំចូលទៅក្នុងឡានបានយ៉ាងងាយស្រួល មុននឹងចុចសោបិទទ្វារ «គ្រឹប» បញ្ចប់រាល់ផ្លូវរត់គេចរបស់ខ្ញុំ ។
គេដើរវាងទៅឡើងកៅអីចង្កូត រួចថយឡានហើយបរចេញសន្សឹមៗនាំចិត្តខ្ញុំនេះឱ្យកាន់តែជ្រួលច្រាល ។
ខ្ញុំស្អប់ធាតុអន់ខ្សោយមួយរបស់ខ្លួនឯង ! នាងកំសាកនេះ ឆាប់ស្លុតដល់ចាញ់ច្រាបគេ ដល់ថ្នាក់សូម្បីចង់សួរថា «គេយកយើងទៅណា» ក៏ហាមិនរួច ។ គេថើបប៉ុន្មានភ្លើងសោះ ក៏គាំងទាំងសំឡេងដូចគ ?
តាមផ្លូវធ្វើដំណើរ បរិយាកាសក្នុងឡានស្ងាត់ជ្រងំគួរឱ្យខ្លាច ។
ខ្ញុំអង្គុយឱបដៃខ្លួនឯងជាប់នឹងកៅអី មិនហ៊ានសូម្បីតែដកដង្ហើមខ្លាំង កែវភ្នែកខ្ញុំលួចសម្លឹងទៅក្រៅបង្អួច… ហើយស្រងេះស្រងោចចិត្ត ព្រោះផ្លូវនេះ… នេះជាផ្លូវទៅផ្ទះខ្ញុំ !
«ខ្ញុំទៅផ្ទះ !»
សំឡេងនេះញ័រៗ គឺមិនបាច់ប្រយុទ្ធ ក៏គេដឹងថាយើងចាញ់ដែរ ។ គេបត់ឡានមែនចូលផ្លូវតូចផ្ទះខ្ញុំ ។
រំពេចនោះ ភាពភ័យខ្លាចដ៏ធំមួយបានវាយលុកក្ដុកក្នុងពោះ… ព្រោះថា… ខ្ញុំមិនទាន់បានប្រាប់គេមួយម៉ាត់សោះថា ផ្ទះខ្ញុំនៅឯណា… ចុះហេតុអីគេដឹង ? គេគ្រាន់តែជាជាងជួសជុលម៉ាស៊ីននៅរោងពុម្ពមែនទេ ? ចុះម៉េចក៏គេស្គាល់ផ្លូវទៅផ្ទះខ្ញុំច្បាស់ម៉្លេះ ?
ខណៈដែលខ្ញុំកំពុងតែភ័យរន្ធត់មួយស្រទាប់ហើយមួយស្រទាប់ទៀត សំឡេងរាបស្មើ តែមានអំណាចរបស់គេក៏បន្លឺឡើងកាត់ផ្តាច់ពីលើភាពស្ងាត់ជ្រងំ ៖
«ប្រាប់ម៉ាក់អូន ឱ្យឈប់ទៅធ្វើការនៅផ្ទះអាគាត់វណ្ណឆ័យនោះទៀត ទៅ ។»
ខ្ញុំងាកខ្វាច់ទៅសម្លឹងមុខគេទាំងបើកភ្នែកធំៗ ។
ស្អី ?… គេ… ដឹង… គេដឹងសូម្បីតែរឿងម៉ាក់ខ្ញុំធ្វើការនៅផ្ទះនាយកធនាគារនោះ ?
ជននេះមិនបានងាកមកមើលមុខខ្ញុំទេ កែវភ្នែកដ៏មុតស្រួចរបស់គេនៅតែសម្លឹងទៅផ្លូវខាងមុខ ខណៈដៃម្ខាងបញ្ជាចង្កូតឡាន ឯមាត់នៅតែបន្តបញ្ចេញបទបញ្ជាផ្តាច់ការ ៖
«ចាប់ពីថ្ងៃស្អែកទៅ បងជាអ្នករ៉ាប់រងការរស់នៅរបស់គាត់… រួមទាំងអូន និងថ្លៃពេទ្យប៉ាអូន ។ កុំឱ្យបងដឹងថា ម៉ាក់អូននៅតែទៅបម្រើគ្រួសារដែលអាមួយនោះរៀបនឹងឡើងធ្វើជាកូនប្រសា !»
ខ្ញុំគាំង… ស្ពឹកមុខ រកនិយាយអ្វីលែងចេញ ។ មិនមែនជាការសន្យា តែជាការគាបសង្កត់ផ្លូវចិត្តយ៉ាងច្បាស់ក្រឡែត ។ គេម្នាក់នេះ… ដឹងសូម្បីរឿងថា… សង្សារខ្ញុំបានលាខ្ញុំទៅចាប់ស្រីអ្នកមាន ? សំរាមៗ ដែលគេនិយាយ ញយៗមក ហើយខ្ញុំគ្មានពេលខ្វល់សួរនាំជីកឫសគល់ តាមការពិត… បងវេហា ?
តែ… ឈប់ ! គេនេះទើបជាប្រធានបទសំខាន់ មិនមែនប្រុសបញ្ញើក្អែកម្នាក់នោះទៀតទេ ។ គេនេះ… ដែលនៅចំពោះមុខយើងនេះ… កំពុងតែក្រសោបយកជីវិតគ្រួសារខ្ញុំទាំងមូលមកដាក់ក្នុងបាតដៃគេ ដោយមិនសុំការយល់ព្រមសូម្បីមួយម៉ាត់ ?
តើគេជាបិសាចមកពីណា ? ហេតុអីគេដឹងរឿងខ្ញុំគ្រប់យ៉ាងបែបនេះ ?
ឡានបានបើកមកឈប់ង៉ក់នៅចំមុខផ្ទះរបស់ខ្ញុំយ៉ាងច្បាស់… ឯខ្ញុំនៅតែរក្សាសភាពជាមនុស្សគ ។
«តក់ !»
ស្នូរដោះសោទ្វារបន្លឺឡើងពីខាងគេ ។
វិនាទីដែលទ្វារឡានអាចបើកបាន ខ្ញុំប្រញាប់ទាញទ្វារស្ទុះចេញទៅក្រៅដូចសត្វបក្សីរួចពីទ្រុង ។ ខ្ញុំរត់កាត់ភ្លៀងចូលទៅក្នុងផ្ទះយ៉ាងលឿន ដោយមិនហ៊ានងាកក្រោយ ហើយក៏មិនបានបន្សល់ទុកសូម្បីតែពាក្យលា ឬពាក្យអរគុណ ។
ខ្ញុំគ្រាន់តែចង់គេច… គេចឱ្យផុតពីកែវភ្នែក និងស្រមោលនៃអំណាចដ៏គ្រោះថ្នាក់របស់គេ ។
ពេលដែលខ្ញុំទាញទ្វារផ្ទះបិទ ហើយផ្អែកខ្នងដកដង្ហើមហត់ខ្មួលៗ… ខ្ញុំដឹងច្បាស់ក្នុងចិត្តថាហោចណាស់… អន្ទាក់របស់គេបានរឹតជុំវិញខ្លួនខ្ញុំជិតឈឹងទៅហើយនោះ… មិនឈានហួសគំនូសចូលមកដល់ទីឯកជននៃគ្រួសារខ្ញុំបានទេ ។
ទឹកភ្លៀងស្រក់តក់ៗពីចុងសក់ ។ ខ្ញុំឱនដោះស្បែកជើង ក៏វាក់នឹងស្នាមម្រាមដៃគេដែលនៅចាប់ក្រហមលើកំភួនដៃនេះ ។ ខ្ញុំច្បូតចេញ… ពង្រាបដានដោយភ័យតក្កមា ។ គ្រាន់តែងើបមុខឡើង ខ្ញុំស្រាប់តែគាំងធ្មឹង ពេលឃើញម៉ាក់ និង នីកូល កំពុងអង្គុយរង់ចាំនៅលើសាឡុងចាស់ទាំងទឹកមុខក្រៀមក្រំ ។
«ដាហ្ស៊ី !»
នីកូលស្ទុះមកឱបខ្ញុំទាំងទឹកភ្នែក ។ យប់ថ្មើរណេះហើយ គេមកផ្ទះខ្ញុំពិតណាស់ គេដឹងរឿងវេហាបងជីដូនមួយគេអស់ហើយ ។ នីកូលជាខ្សែរយៈដែលពួកយើងចួបគ្នា ហើយពេលបងវេហាដោះដៃចោលខ្ញុំ ហោចណាស់ នីកូលនៅតែជាមិត្តខ្ញុំ នាងឈរខាងខ្ញុំ ។
ម៉ាក់ខ្ញុំនៅធ្មាំងលើសាឡុង ។ ពិតណាស់ ! ម៉ាក់ដឹងមុន តែគាត់មិនហ៊ានប្រាប់កូនត្រង់ៗព្រោះខ្លាចកូនឈឺចាប់ ។
«ម៉ាក់ !»
គាត់ងាកមកទាំងទឹកមុខខូចចិត្ត ។
«ម៉ាក់ឈប់ទៅធ្វើការផ្ទះនោះទៀត ។»
ខ្ញុំមិនមែនហាមគាត់តាមគំនាបប្រុសម្នាក់អម្បាញ់មិញទេតែ… ម៉ាក់ខ្ញុំមិនអាចទៅនៅបម្រើមនុស្សដែលក្បត់កូនស្រីគាត់ឡើយ មានតែគេមាន ឱកាសចំអកឡកឡឺយគាត់ ។
«ម៉ាក់នឹងឈប់មុនគេដេញយើង ព្រោះមុននិងក្រោយទេ កូន ! តែថ្នាំនិងថ្លៃព្យាបាលប៉ាឯង ! ម៉ាក់កំពុងរកកន្លែងធ្វើការ ! កន្លែងអន់យ៉ាងណាក៏ម្តាយនឹងទៅឱ្យតែមិនមែនផ្ទះនោះ !»
នីកូល ដែលកំពុងឱបខ្ញុំពីម្ខាង នាងវាចាទាំងក្តុកក្តួល ៖
«មនុស្សប្រុសចោលម្សៀតដូចបងវេហាហ្នឹង មិនសមនឹងទឹកភ្នែកឯងទេ ដាហ្ស៊ី ! ចាប់ពីថ្ងៃនេះទៅ ឯងនៅមានយើង យើងនឹងជួយចេញថ្លៃពេទ្យប៉ាឯងសិន ហើយយើងនឹងជួយមីងរកការងារថ្មី !»
ខ្ញុំងាកមកនីកូល ។ មិត្តខ្ញុំម្នាក់នេះមិនមែនថាអត់រឿងទេ។ ប៉ាគេទើបនឹងស្លាប់ ។ ម្តាយគេក៏មានបំណុល តែពេលយើងលំបាក គេនៅតែមកអង្គុយចាំយើងដល់ថ្មើរណេះ ។ ទោះណាបងវេហាជាជីដូនមួយគេ គេនៅតែឈរខាងយើង ។
មេឃទុកថាមានមេត្តាដែរ ដែលធ្វើបាបយើងថ្នាក់នេះហើយ ទុកមនុស្សល្អពីរនាក់មកក្បែរយើង គឺម៉ាក់និងនីកូល ។
«យប់ហើយ ! យើងដឹងឯងបារម្ភ តែឯងកុំទុកមីងចោលនៅផ្ទះ ! ទៅវិញសិនទៅណា៎ !»
«តែ… ឯង… !»
«ឃើញហើយ ! យើងមិនអីឯណា ? ឃើញទេ ! តែឥឡូវយើងបារម្ភពីឯង ថាទៅផ្ទះម្នាក់ឯងកើតដែរ ?»
គេឱបខ្ញុំ ។
ការឱបលួងលោមរបស់មនុស្សជាទីស្រឡាញ់ គួរតែផ្តល់ភាពកក់ក្តៅ… ប៉ុន្តែពេលដែលនីកូលជ្រួញចិញ្ចើមសម្លឹងមកកាន់ «អាវធំពណ៌ខ្មៅ» ដ៏ធំដែលកំពុងគ្របជុំជិតរាងកាយខ្ញុំដោយក្តីសង្ស័យ ខ្ញុំដឹងភ្លាមថា សូម្បីគេនោះគ្របអាវឱ្យខ្ញុំ ក៏មិនបានចាប់អារម្មណ៍ភាំងៗ ដូចមនុស្សងើបពីសន្លប់ ?
ខ្ញុំប្រញាប់ដោះវាបោះទៅលាក់ក្នុងបន្ទប់ ហើយដាក់ទូរសព្ទចោលលើគ្រែជាមួយចិត្តបាចហាច ដៃញ័រចំប្រប់ នឹកឃើញពីគេម្នាក់នោះ ។
មិនអស់ចិត្តទេ ខ្ញុំលបវែកវាំងននមើលទៅក្រៅ ក្រែងមានឃើញដានរថយន្តរបស់គេ… តែបានស្រណុកចិត្តវិញបន្តិចពេលឃើញតែដងផ្លូវស្ងាត់សូន្យក្រោយសំណល់ភ្លៀងសើមនិងត្រជាក់ ។
ខ្ញុំខាំមាត់ទាំងភ័យខ្លាច… ព្រោះខ្ញុំដឹងច្បាស់ថា ខ្ញុំមិនបានត្រឹមតែរត់គេចពីភ្លៀងទេ តែខ្ញុំទើបតែបានទាញយកស្រមោលនៃ «បិសាច» ដ៏គ្រោះថ្នាក់ម្នាក់ចូលមកក្នុងផ្ទះដ៏តូចតាចនេះបាត់ទៅហើយ ។
ចេញមកក្រៅវិញ ក្រោយពីអង្គុយស្តាប់នីកូលបានបញ្ចេញកំហឹងជេរប្រមាថបងប្រុសជីដូនមួយរបស់ខ្លួនយ៉ាងចាស់ដៃជំនួសខ្ញុំ រួចនាងក៏លាត្រលប់ទៅផ្ទះវិញទាំងយប់ ដោយបន្សល់ទុកត្រឹមការសន្យាថានឹងជួយរ៉ាប់រងរាល់បញ្ហាគ្រួសាររបស់ខ្ញុំបន្ត ។
ពេលនៅសល់តែពីរនាក់ម្តាយនិងកូន ផ្ទះដ៏តូចចង្អៀតនេះប្រែជាស្ងាត់ជ្រងំ ។ ខ្ញុំដើរទៅអង្គុយទម្លាក់ខ្លួនជិតម៉ាក់ ទាញកន្សែងមកជូតទឹកភ្នែកឱ្យគាត់ថ្នមៗ ។ គាត់សម្លឹងមកខ្ញុំទាំងក្តុកក្តួល និងមានវិប្បដិសារៈ ។ ប្រហែលជាគាត់គិតថា មកពីយើងធ្លាក់ខ្លួន ប៉ាឈឺ ខូចមុខរបរ បានជាសង្គមនេះមានតែមនុស្សទ្រុស្ត និងចាកចោលយើង ។
ហោចណាស់ម្តាយខ្ញុំមិនដែលលំបាកទេ ។ គាត់ជាថៅកែស្រីចេះតែលក់គំនូរវិចិត្រកម្មប៉ុណ្ណោះ ។ ក្រោយមក គាត់សុខចិត្តទទួលការងារពិធីការ… ជាមេផ្ទះឱ្យគេដែលមិនធ្លាប់ស្មានដល់ឡើយថា កូនស្រីថៅកែគាត់ នឹងមកយកអនាគតកូនប្រសាគាត់ទៅ ។
«ម៉ាក់កុំយំអី… គ្រប់យ៉ាងចប់ហើយ !»
ខ្ញុំខ្សឹបលួងលោមទាំងញញឹមបង្ខំ រួចទាញរាងកាយដ៏ហត់នឿយរបស់គាត់ឱ្យផ្តេកខ្លួនចុះលើគ្រែ «សម្រាន្តទៅណា៎.… ហើយចាប់ពីថ្ងៃស្អែកទៅ កុំទៅធ្វើការនៅផ្ទះនោះទៀតអី ។»
ម៉ាក់បើកភ្នែកសម្លឹងខ្ញុំទាំងភ័យព្រួយដូចចង់រម្លឹកពាក្យដដែលដែលគាត់បានលើកឡើងម្តងមកហើយនៅនឹងមុខនីកូល ។
«ចុះយើងបានលុយឯណាទិញថ្នាំបង់ថ្លៃឱ្យប៉ាឯង ?»
«កូន… កូនរកការងារថែមទៀតម៉ាក់ ! គង់តែមានផ្លូវដើរទេ !»
ពេលនិយាយប្រយោគនេះ ខួរក្បាលខ្ញុំស្រាប់តែឆក់នឹកឃើញដល់បុរសរឹងរូស និងកែវភ្នែកដ៏គ្រោះថ្នាក់របស់គេដែលសម្លឹងមកខ្ញុំនៅក្នុងឡាន…
មានភាគបន្ត …



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ