«ប្រាប់ម៉ាក់អូន ឱ្យឈប់ទៅធ្វើការនៅផ្ទះនោះទៅ… បងជាអ្នករ៉ាប់រង»
អំណាចរបស់គេហាក់ដូចជាកំពុងតែជ្រាបចូលមកគ្រប់គ្រងការសម្រេចចិត្តរបស់ខ្ញុំដោយមិនដឹងខ្លួន ។
«បើម៉ាក់ពិបាកចិត្តដល់ឈឺម្នាក់ទៀត ហ្នឹងបានលំបាក ! កូនទៅធ្វើអីមិនបានតែហ្មង !»
ម៉ាក់ងក់ក្បាលយឺតៗទាំងមិនអស់ចិត្ត មុននឹងបិទភ្នែកសំងំ ។ ខ្ញុំបិទ ភ្លើងហើយដើរអូសជើងចូលមកក្នុងបន្ទប់គេងរបស់ខ្លួនឯង ទម្លាក់ខ្លួនអង្គុយលើពូកកណ្តាលភាពងងឹត ។
ភ្នែកខ្ញុំសម្លឹងទៅមើលទូរសព្ទដែលនៅក្បែរៗ ។ សារ ?
ខ្ញុំលូកដៃចុចមើលក្នុងភាពងងឹត ។ ខ្ញុំខ្លាច… ខ្លាចសូម្បីតែទូរសព្ទដែលនៅក្នុងបន្ទប់ខ្លួនឯង វាហាក់ដូចជាគ្រាប់បែកពេលវេលាមួយដែលមនុស្សម្នាក់នោះដាក់បញ្ចាំជីវិតខ្ញុំ ។
“ទីង !”
សំឡេងសារលោតចូលថែមរដឹក ធ្វើឱ្យខ្ញុំញាក់ខ្លួនព្រើត ។
អេក្រង់បង្ហាញរូបភាពពីរសន្លឹកដែលផ្ញើមកពីឈ្មោះ
“បុព្វតា/ទីន-ម្ចាស់ជីវិតអូន”
បេះដូងខ្ញុំដូចធ្លាក់ក្ដុកដល់បាតជើង ខ្ញុំខាំមាត់ចង់លុបឈ្មោះនេះចោលចេញ តែបែរជាច្រឡំចុចអានសារ ។
រូបថត ?
គេបានថតកាលដែលគេថើបខ្ញុំ ? កុំប្រាប់ថាចួបរឿងគ្រប់យ៉ាងហើយ… ពេលនេះមកប៉ះអ្នកជំរិតយកលុយទៀត ។ លេងសើចពេកហើយ…
ស្បែកខ្ញុំមួយតួខ្លួនឡើងព្រឺសម្បុរព្រោះភ័យ ។
ខ្ញុំរលះរលាំងចុចអាន តែ… តាមពិតជារូបភាពរបស់នីកូល ! សន្លឹកទីមួយគឺជារូបនីកូលទើបតែដើរចេញពីមុខផ្ទះខ្ញុំអម្បាញ់មិញ ហើយសន្លឹកទីពីរ គឺជារូបនីកូលកំពុងចុះទៅទិញអីវ៉ាន់នៅម៉ាតតាមផ្លូវ ។ រូបភាពទាំងនេះថតពីចម្ងាយយ៉ាងច្បាស់កណ្តាលភ្លៀង… មានន័យថា គេបានតាមដានគ្រប់សកម្មភាពជុំវិញផ្ទះខ្ញុំតាំងពីពេលណាមកក៏មិនដឹង ។
ខ្ញុំងើបមុខសម្លឹងទៅបង្អួចដែលនៅខាងស្តាំគ្រែគេងទាំងទូរសព្ទនៅញ័រក្នុងដៃ ។
មិនទុកឱ្យការភ័យខ្លាចត្រូវពន្យារពេលយូរ ខ្ញុំចុច Call ទៅលេខនោះទាំងភ័យស្លន់ស្លោ និងខឹងសម្បារញ័រពេញខ្លួន ។
ទូរសព្ទរោទ៍មិនទាន់បានមួយដង្ហើមផង សំឡេងដ៏រាបស្មើ និងមានអំណាចរបស់គេក៏បន្លឺឡើងត្រជាក់ស្រេប ៖
«អូននឹកបង ?»
«នឹកឆ្កួតស្អី !» ខ្ញុំស្រែកកាត់ទាំងដង្ហើមថប់ៗ
«ចង់បានអីពីពួកម៉ាកខ្ញុំ ?»
សំឡេងចុងខ្សែស្ងាត់មួយភ្លែត មុននឹងមានសំឡេងសើចខឹកៗចេញពីបំពង់ករបស់បិសាចដែលកំពុងនិម្មិតគួរឱ្យស្អប់ក្នុងការចងចាំរបស់ខ្ញុំ ៖
«ប្អូនស្រីអាសំរាមហ្នឹងមែនទេ ?»
«នែ !» ខ្ញុំបន្តបោះសម្ដីការពារមិត្ត «គេមិនដូចគ្នាទេ… កុំម៉ៅរួមឱ្យសោះ ! កុំប៉ះពាល់នីកូល ! កុំមករញ៉េរញ៉ៃក្បែរៗខ្ញុំ !»
«និយាយឱ្យពីរោះដាហ្ស៊ី ?»
សំឡេងគេប្រែជាធ្ងន់ និងត្រជាក់កាត់ឆ្អឹងថ្គាម បញ្ជាក់ពីអំណាចផ្ដាច់ការដែលមិនឱ្យអ្នកណាហ៊ានហៅគេរបៀបនេះ
«…ហៅបង !»
គេពោលបន្ថែមពីរម៉ាត់ចុងក្រោយញ៉ាំងឱ្យខ្ញុំគាំង… ខ្ញុំគាំងរង្វើលចង្វាក់បេះដូងដោយសារកំហឹងនិងភាពរន្ធត់ ។
សំឡេងខ្ញុំខ្លួនឯងនៅពេលចួបគេដំបូងខ្ញុំចងចាំបាន ៖
«ក្រោកឡើងបង… តស់ មួយ ពីរ !»
ខ្ញុំចុចបិទផ្តាច់ទូរសព្ទចោលភ្លាមៗទាំងដៃកំពុងញ័រចំប្រប់ ។ បេះដូងលោតញាប់ដូចស្គរ ព្រោះនេះជាលើកទីមួយហើយដែលខ្ញុំហ៊ានគំហក និងបិទទូរសព្ទដាក់នរណាម្នាក់…
វគ្គ៖ ឯកសិទ្ធិស្នេហ៍ (តំណាលបព្វតា)
ភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រពខ្លះៗមកលើកញ្ចក់ឡានទំនើបរបស់ខ្ញុំ ខណៈដែលខ្ញុំកំពុងបើកបរត្រលប់ទៅវីឡាវិញយឺតៗ ។ ក្នុងឡានស្ងាត់ជ្រងំ មានតែសូរសំឡេងម៉ាស៊ីនត្រជាក់ និងស្នូរតំណក់ភ្លៀងដែលវាយប្រេះប្រោះមកពីខាងក្រៅ ។
ប៉ុន្តែ… នៅក្នុងជម្រៅចិត្តរបស់ខ្ញុំនៅបន្តពុះកញ្ជ្រោលដូចទឹកក្តៅពុះ ។
ក្លិនផ្កាដ៏សុភាពស្អាតស្អំរបស់នាងនៅតែសាយភាយពេញទីនេះ មិនដឹងថាបានមកពីអារម្មណ៍ចងចាំ ការទាមទារនៃបេះដូង ឬនាងពិតជាបន្សល់លើពូកលើកៅអីនេះពិតៗ បានជាអាចវាយលុកចូលមករំខានខ្យល់ដង្ហើមរបស់ខ្ញុំជានិច្ច ?
ស្នាមថើបកាចៗដែលខ្ញុំទើបតែបានបន្សល់ទុកនៅលើបបូរមាត់របស់នាងអម្បាញ់មិញ កំពុងតែដុតរោលសតិខ្ញុំឱ្យវិលវល់ លែងចង់គិតពីរឿងការងារ ឬគម្រោងការអ្វីទាំងអស់ ។
«ដាហ្ស៊ី… »
ខ្ញុំរអ៊ូឈ្មោះនេះតិចៗក្នុងបបូរមាត់ ។ ស្រីម្នាក់នេះមានមន្តអាគមអ្វី ? ហេតុអីបានជាគ្រាន់តែចួបគ្នាលើកដំបូង និងការថើបនាងម្តង អាចធ្វើឱ្យបេះដូងដែលខ្ញុំ គិតថាស្លាប់ទៅយូរហើយត្រូវរលាយដូចភ្នំទឹកកកពាន់ឆ្នាំនៃដំណាក់កាលពិភពលោកផ្លាស់ប្តូរ ។
ដូចជាខ្ញុំ… ពេលនេះ… បេះដូងក្រៀមក្រោះចេះមកលោតញាប់ដូចស្គរទះបែបនេះ ?
ខ្ញុំញញឹមចុងមាត់ ពេលនឹកឃើញដល់សភាពរបស់នាងពេលដែលខ្ញុំបីដាក់ចូលឡាន ។ នាងញ័រដូចកូនបក្សីត្រូវទឹកភ្លៀង មុខស្លេកស្លាំងដោយភាពភ័យខ្លាច តែខ្សែភ្នែកដែលសម្លឹងមកបែរជាបង្កប់ទៅដោយភាពរឹងរូសម្យ៉ាងដែល… ញ៉ាំងឱ្យខ្ញុំចង់តែគ្រប់គ្រង ។
សភាពដែលនាងចុះរត់ចូលផ្ទះ… នាងគិតថាអាចរត់គេចពីខ្ញុំបាន ?
ល្ងង់ណាស់ ! អន្ទាក់ដែលខ្ញុំបានរៀបចំ… គ្រប់គ្រាន់នឹងត្របាក់យកនាងមកជាកម្មសិទ្ឋិទាំងស្រុងរួចទៅហើយ គ្រាន់តែបងត្រូវអត់ធ្មត់ធ្វើតាមដំណាក់កាលៗរបស់វាប៉ុណ្ណោះអូន ។
ខ្ញុំមិនចាំបាច់ដេញតាម ព្រោះខ្ញុំដឹងច្បាស់ពីអាសយដ្ឋានផ្ទះរបស់នាង ដឹងពីកន្លែងធ្វើការរបស់ម្តាយនាង ដឹងពីទីតាំងមន្ទីរពេទ្យរបស់ឪពុកនាង ។
ខ្ញុំកាន់កាប់គ្រប់យ៉ាងពីជីវិតនាងនៅក្នុងបាតដៃ តាំងពីមុនពេលដែលបបូរមាត់ពួកយើងប៉ះគ្នាទៅទៀត ។
អាសំរាមល្មោភលុយនោះ ត្រូវបានខ្ញុំទាត់ចេញពីផ្លូវយ៉ាងងាយដូចផ្ទាត់ម្រាមដៃ ។ លុយ… ត្រឹមមួយលានដុល្លារ… សេចក្តីស្រឡាញ់របស់វាមានតម្លៃថោកពេកណាស់ចំពោះអូន ហើយនៅស្រក់ទឹកភ្នែកស្តាយវា ? បើហៅល្ងង់ ហៅស្អី ?
ខ្ញុំទាញទូរសព្ទមកចុចវាយសារផ្ញើទៅអ៊ីសាន ៖
«រៀបចំអ្វីដែលខ្ញុំឱ្យធ្វើទាក់ទងនឹង… ដាហ្ស៊ី !»
«បាទទាន ! គ្រប់យ៉ាងរួចរាល់ !»
ខ្ញុំញញឹមខ្លីហើយ បោះទូរសព្ទទៅលើកៅអីក្បែរខ្លួន ។
វិនាទីនេះ ខ្ញុំមិនមែនគ្រាន់តែចង់បានគម្រោងការងារ ឬរូបចម្លាក់តុក្កតារបស់នាងទេ… តែខ្ញុំចង់បាននាង ! ចង់បានស្នាមញញឹមដ៏បរិសុទ្ធដែលនាងធ្លាប់ផ្តល់ឱ្យអ្នកដទៃគ្រប់គ្នាមកជារបស់ខ្ញុំម្នាក់គត់ ។
អ្វីក្តីដែលបព្វតាចង់បាន ត្រូវតែជាលីមីតអែឌីស្សិន (Limited edition) ។
វគ្គ៖ សុបិនអាក្រក់ក្នុងជីវិតពិត (តំណាលដាហ្ស៊ី)
មេឃភ្លឺហើយ ភ្លៀងក៏រាំង តែមេឃនេះ… ក្នុងចិត្តខ្ញុំនៅតែងងឹតស្លុប ។
ខ្ញុំអូសជើងដ៏ធ្ងន់ចុះពីលើរ៉ឺម៉ក Grab ដើរសំដៅទៅកូនហាងសិល្បៈតូចរបស់ខ្ញុំទាំងដែលរាល់ដងបងវេហាជូនមក ។
នេះជាថ្ងៃដំបូងដែលយើងត្រូវរៀនរស់ដោយលែងមានគេ ។ បើជាអ្នកផ្សេងអាចថា គេគេងសិនក្រោមភាពខូចចិត្តធ្ងន់… តែខ្ញុំវិញ… ម៉ាក់មិនអាចបកទៅផ្ទះនោះទេ ប៉ាក៏នៅចាំការចំណាយព្យាបាលពីការងារយើង ខ្ញុំពិតជាមិនមានពេលសូម្បីគេងកើតទុក្ខ ។
ដាហ្ស៊ី !!! សង្ឃឹមថាឯងនឹងយកការងារមកបន្លប់ការឈឺចាប់ដែលទើបតែត្រូវគេក្បត់ អុះច្រឡំ ! ប៉ុន្តែ គឺ… គេឱ្យឯងភ្ញាក់ខ្លួន ។ ភ្ញាក់ខ្លួនឡើង ស្រីល្ងង់ ! ល្ងង់ ! ល្ងង់ដែលគិតថា មនុស្សប្រុសមានទេពកោសល្យដូចគេ មិនរើសយកស្រីអ្នកមាន ដើម្បីតោងឡើងធំជាឯកឧត្តមជាឧកញ៉ា ?
តែ… ពិតជាភ្ញាក់មែន ព្រោះ… គ្រាន់តែទៅដល់មុខហាងភ្លាម ជំហានជើងរបស់ខ្ញុំត្រូវគាំងស្ងៀម ។
បុរសមាឌធំពីរនាក់ស្លៀកឈុតខ្មៅ ពាក់វ៉ែនតាខ្មៅ ឈរយាមកាមរេរាយ៉ាងស្ងៀមស្ងាត់នៅសងខាងទ្វារកញ្ចក់នៃ… ហាងខ្ញុំ ។
ខ្ញុំលេបទឹកមាត់បោះជំហានចូលទៅ ខាងក្នុងខ្លួនញាប់ញ័រ ខ្ញុំហាសួរ ៖
«មានការអីពូ ?»
ពួកគេងើយសម្លឹងមេឃ ធ្វើស្តាប់មិនឮសំណួរ ។
«ពូ ! ពូរកអ្នកណាមែនទេ ? ខាងក្នុង… ខាងក្នុងជាហាងរបស់ខ្ញុំទេ !»
ពួកគេនៅតែងាកទៅណាណីដូចមិនបានឃើញខ្ញុំ ។
«សុំអង្វរ ឱ្យខ្ញុំរកស៊ីផង កុំនៅឈរនៅហ្នឹងពីណាហ៊ានមកទិញអី ?»
ទៀត !
ធ្វើមិនឮ ឯមួយជំហានក៏មិនថយ ។
ខ្ញុំមិនអាចទេ… មិនអាចខ្លាចពួកគេហើយបកក្រោយចេញចោលហាង ? ដូច្នេះ មានតែឈានចូលក្នុងឱ្យបានសិន សឹមគិតទៀត ។ ចិត្តនេះសង្ស័យណាស់ ! ស្រីអ្នកមាននោះដឹង ? វេហាមកយកចំណែកហាងពាក់កណ្តាល វិញទេដឹង ? ត្រូវហើយ ! ហាងយើងបើកចូលគ្នា ខ្ញុំគួរតែ…
ចួបគ្នាជាថ្មីនៅសប្តាហ៍ក្រោយ …



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ