រឿង៖ នាងនិងគេ (ភាគ១១)

ក្រាក…

ហាងដែលធ្លាប់តែមានក្លិនថ្នាំពណ៌ និងឈើ បែរជាឈ្លក់ទៅដោយក្លិនផ្កាកុលាបក្រហម និងខ្មៅរាប់ពាន់ទងទាញអារម្មណ៍ខ្ញុំឱ្យត្រូវតែងាកមកផ្ចង់ !

ផ្កា ????

ខ្ញុំជាមនុស្សស្រលាញ់ផ្កាណាស់… តែ… ដែលនៅសុខៗ កុលាបរាប់ពាន់ គិតតម្លៃរាប់រយដុល្លារត្រូវបានគេយកមករៀបចំពេញជញ្ជាំង… តើនេះជាសុបិនអាក្រក់ ឬជីវិតពិតដ៏វិលវល់ជិតវិកលចរិត ?

ខ្ញុំខូចចិត្តនឹងជីវិតខ្លួនឯងសឹងតែមមើមមាយថ្នាក់នេះ ? សូម្បីតែកៅអីឈើចាស់ដែលខ្ញុំធ្លាប់អង្គុយឆ្លាក់រូប ក៏ត្រូវគេលើកចេញ ជំនួសមកវិញនូវសាឡុងស្បែកស៊េរីទំនើប និងតុធ្វើការតម្លៃរាប់ពាន់ដុល្លារ ។ នេះលែងដូចជាកូនហាងសិល្បៈទៀតហើយ តែប្រៀបបានទៅនឹងបន្ទប់តាំង Showroom Art Toy របស់ “ក្រុមអភិជន” ។

«ក្រាក !»

ខ្ញុំបែរក្រោយទាំងភ្ញាក់សឹងលស់ព្រលឹង ។

ម្នាក់ក្នុងចំណោមអង្គរក្សទាំងពីរនោះបានរុញទ្វារចូលមកតាមក្រោយ រួចឱនក្បាលគោរពខ្ញុំ មុននឹងនិយាយដោយសំឡេងរាបស្មើ ៖

«ចៅហ្វាយបព្វតា បញ្ជាឱ្យរៀបចំកន្លែងនេះឡើងវិញ ដើម្បីកុំឱ្យអ្នកនាងហត់នឿយ…  ហើយចាប់ពីថ្ងៃនេះទៅ ភ្ញៀវណាដែលចៅហ្វាយមិនពេញចិត្ត មិនអនុញ្ញាតឱ្យចូលដាច់ខាត កុំភ័យឱ្យសោះ ពួកខ្ញុំនៅជិតៗនេះចាំបម្រើ !»

ខ្ញុំគាំងធ្មឹង ។

នេះ… ជាហាងរបស់ខ្ញុំ ! តែពេលនេះកំពុងមានអារម្មណ៍ដូចជាខ្លួនឯងក្លាយជាសត្វបក្សីដែលត្រូវគេបិទសិទ្ធិ គ្មានសេរីភាព…  សូម្បីតែភ្ញៀវចូលទិញអីវ៉ាន់ក៏ត្រូវឆ្លងកាត់ការអនុញ្ញាតពីគេដែរ ?

«អ្នក… ណា… បព្វតា ?»

«ចៅហ្វាយខ្ញុំបានចួបអ្នកនាងយប់មិញ… នៅទីនេះ… ក្នុងហាងនេះ !»

ខ្ញុំថយទាំងទន់ជើង ទៅអង្គុយលើកៅអីស្បែកថ្មីនោះទាំងដង្ហើមថប់ៗ កម្មកររោងពុម្ពម្នាក់… នោះ ? …ហើយ… ហើយសូម្បីរឿងយើងថើបគ្នា… ក៏អង្គរក្សគេដឹងដែរ ?

ព្រះ ?

«ក្រែងគេ… គេជាអ្នកជួសជុលម៉ាស៊ីនលាយថ្នាំ ?»

សំឡេងខ្ញុំឃ្លាមួយនេះ មិនមែនត្រឹមគិតទេ ប្រហែលបានសួរខ្លួនឯងចេញជាសំឡេង បានជាមានចម្លើយតបមកវិញភ្លាម ៖

«ទេ រោងចក្រ Resin Casting ទាំងអស់នៅយើង និងវៀតណាម ឡាវ និងភូមា សុទ្ធគាត់ គ្រប់គ្រង និងហោចណាស់ជាភាគហ៊ុនធំរបស់គាត់ !»

ខ្ញុំត្រូវងើបមុខឡើងមកយ៉ាងរហ័សសម្លឹងម្ចាស់ចម្លើយ ប៉ុន្តែភ្នែកទាំងសងខាងនឹកឃើញតែសភាពជននោះដែលចូលមកបំពាននៅទីនេះកាលពីយប់ ។  គេ និងខ្ញុំនៅតែពីរនាក់តទល់ ។

សភាពគេក្នុងការចងចាំនេះ… គឺគេមិនត្រឹមតែមានវិបត្តិវិកលផ្លូវចិត្ត ថែមទាំងមានអ្វីម្យ៉ាងផ្សេងគួរឱ្យខ្លាច… ប៉ុន្តែពិបាកឱ្យនិយមន័យ ។

តែ… ហេតុអីមានលុយ និងអំណាចបញ្ជាអង្គរក្សបែបនេះ ?

«តើគេ… ជាអ្នកណាឱ្យប្រាកដ ?»

ខ្ញុំរអ៊ូម្នាក់ឯងតែក៏នឹកឃើញមកវិញហើយនិយាយតិចៗ ៖

«សូមមេត្តា… ចេញពីហាងខ្ញុំ !»

ជននោះឱនលំទោនហើយថយយ៉ាងរហ័ស តែមិនទៅណាចោលមាត់ទ្វារឡើយ ។ ចុះបើគេ… ទៅធ្វើបែបនេះនៅនឹងមុខផ្ទះខ្ញុំទៀត ? អត់ទេ !

សាជាថ្មីខ្ញុំបើកកាបូប រួចប្រញាប់ទាញកុំព្យូទ័រយួរដៃមកបើកទាំងញ័រ   ទទ្រើក ។ ខ្ញុំវាយបញ្ចូលឈ្មោះ “ទីន” និងពាក្យ “រោងពុម្ព” ទៅក្នុងផ្ទាំងស្វែងរកអ៊ីនធឺណិត (Internet) ។

គ្រាន់តែចុចEnter… លទ្ធផលរាប់ពាន់បានលោតឡើងមកពេញអេក្រង់ ធ្វើឱ្យបេះដូងខ្ញុំធ្លាក់ក្ដុកដល់បាតជើង ។ អត្ថបទព័ត៌មាន ទស្សនាវដី្តសេដ្ឋកិច្ច និងរូបភាពរបស់គេ លេចឡើងព្រោងព្រាត ។

“បព្វតា ស្ថាបនិកវ័យក្មេងនៃអាណាចក្របោះពុម្ព និងប្រព័ន្ធផ្សព្វផ្សាយខ្នាតយក្ស…” “មហាសេដ្ឋីលាក់មុខដែលល្បីខាងផ្តាច់ការ និងគ្មានក្តីមេត្តាក្នុងការកម្ទេចគូប្រជែង… ក្នុងន័យពាណិជ្ជកម្ម ! មនុស្សទាំងអស់ខ្លាចគេ ហើយនិយមហៅរហស្សនាមគេខ្លីថា ទីន ជាពាក្យកាត់ពី ពាក្យថាភ្នំក្នុងអក្សរអង់គ្លេស “

ខ្ញុំបើកភ្នែកធំៗ សម្លឹងមើលរូបភាពមួយសន្លឹកនៅលើអេក្រង់ ។ គេឈរពាក់អាវធំពណ៌ខ្មៅ ទឹកមុខត្រជាក់ស្រេប សម្លឹងមកកាមេរ៉ាដោយអំណាច…

គឺកែវភ្នែកបិសាចមួយគូហ្នឹងហើយដែលបានសម្លឹង និងថើបផ្តាច់ព្រលឹងខ្ញុំកាលពីយប់មិញ ។ គេមិនមែនជាជាងជួសជុលម៉ាស៊ីនទេ…  គេជាម្ចាស់រោងពុម្ព ! ជាមហាសេដ្ឋីផ្តាច់ការ ! ជាបិសាចដែលមានអំណាចអាចកម្ទេចអ្នកណាក៏បានត្រឹមចុងម្រាមដៃ !

ពាក្យពេចន៍ចាស់ៗរម្លឹកមកវិញទៀត…

«កុំចូល ! ប្រយ័ត្នប្រឡាក់ !»

«អាវប្រឡាក់ ខ្ញុំអាចបោកថ្មីបាន… ក្រោកឡើងបង…តស់ មួយ ពីរ !»

ផ្ទៃមុខត្រជាក់ស្រេងរបស់គេលេចឡើងម្តងហើយម្តងទៀតក្នុងខួរក្បាលខ្ញុំ បណ្តាលឱ្យនឹកឃើញដល់ពាក្យដែលគេទើបនឹងខ្សឹបដាក់ត្រចៀកខ្ញុំនៅក្នុងឡាន ៖

«ចាប់ពីថ្ងៃស្អែកទៅ បងជាអ្នករ៉ាប់រងការរស់នៅរបស់គាត់… រួមទាំងអូន និងថ្លៃពេទ្យប៉ាអូន ។»

ខ្ញុំយកដៃខ្ទប់មាត់ខ្លួនឯងខំរៀបចំទឹកមុខទាំងដែលកំពុងរន្ធត់សំណាញ់មួយ កំពុងតែត្រៀមគ្របមកក្រសោបជីវិតគ្រួសារខ្ញុំទាំងមូល ។  គេជាមនុស្សដែលសូម្បីតែបន្តិចក៏ខ្ញុំមិនស្គាល់ កុំថាឡើយឱ្យមានសន្តិភាពចិត្តជាមួយបាន ។ មនុស្សខ្ញុំស្គាល់ និងទុកចិត្តដល់ទៅជិត ៣ ឆ្នាំ នៅតែមកក្បត់គ្នាបានភ្នែកស្រស់… ចុះទម្រាំ… ?

«ពូៗ ចូលមក !»

ខ្ញុំបើកទ្វារហៅពួកគេដោយធ្វើកាចមួយទំហឹងខុសពីចរិតធម្មតារបស់ខ្ញុំ

——————–

ពេលអូនខឹង អូនល្អលើសមួយកម្រិត​ (តំណាលបព្វតា)

«យកចេញឱ្យអស់ ! ខ្ញុំមិនចង់ឃើញរបស់ឆ្កួតលីលាអស់នេះនៅក្នុងហាងខ្ញុំទេ !»

សំឡេងស្រែកយ៉ាងខឹងសម្បារបស់គេដាក់បញ្ជាទៅកាន់អង្គរក្សពីរនាក់ដែលខ្ញុំបានប្រាប់ឱ្យទៅនៅពីមុខហាង ។ កំហឹងគេ គឺលាន់មកពេញៗក្នុង    វីដេអូដែលគ្នាខ្ញុំកំពុងថតបញ្ជូនមក ។

ពួកគេឈរធ្មឹងមុខហាងមើលនាងបញ្ចេញភាពខឹងសម្បានឹងផ្កាកុលាបក្រហមរាប់ពាន់ទង ដែលរៀបចំពេញហាងប្រៀបដូចជាសមុទ្ទផ្កា  ខ្ញុំញញឹម ពេលឃើញនាងចាប់ទាញញាត់ចូលថង់សំរាមម្តងមួយសំណុំៗ… ធ្វើកាលណាអស់ ម្ចាស់តុក្កតារបស់បង ? រឹងរូសណាស់ ម្ចាស់ស្នេហ៍…

ទីនេះបន្ទប់ពាណិជ្ជកម្មជាន់ទី ៤៥ នៃអគារកណ្តាលក្រុងភ្នំពេញ ដែលមានផ្សែងស៊ីហ្គាហុយតិចៗលាយឡំនឹងក្លិនស្រាស្រាលៗ ។

បើខ្ញុំមិនកំពុងមានជំនួបជាមួយថៅកែធំជនជាតិសិង្ហបុរី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃរាប់សិបលានដុល្លារ ម៉្លេះសមខ្ញុំចេញទៅជួយរៀបចំផ្កាជាមួយស្រីឆ្នាសគួរឱ្យស្រលាញ់ម្នាក់នេះមិនខាន ។

នេះជាគម្រោងដ៏ធំមួយដែលខ្ញុំចំណាយពេលតាមដានអស់ប្រមាណជាកន្លះឆ្នាំមកហើយ មុនមានវត្តមានរបស់គេមកក្នុងជីវិតនេះ ។

«Mr. Tin, it’s a pleasure doing business with you…»

តាថៅកែសិង្ហបុរីហុចដៃមកប្រុងចាប់អបអរ តែខ្ញុំធុញណាស់ទៅហើយនឹងការគួរសមអីអស់នេះ ។ ខ្ញុំគ្រាន់តែញញឹមចុងមាត់ លើកដៃតបស្នងប្រញិបប្រញាប់ ។ គ្រាន់តែមើលក៏គាត់គួរតែយល់ថា ខ្ញុំនេះមានឆាកធំទីពីរត្រូវរូតទៅនោះដែរ ។

នៅតាមផ្លូវចេញទៅរកគេ ជំនួយការខ្ញុំឆ្លៀតខ្សឹបបន្ថែមថា «នាងស្រែកឡូឡាមិនសុភាពដូចរាល់ដងទេទាន ប្រយ័ត្នស្រីម្នាក់នេះ !»

ជំនួសឱ្យការបារម្ភ ឬខឹងសម្បា បបូរមាត់ខ្ញុំបែរជាកោងឡើងលើជាមួយស្នាមញញឹម ។ ខានញញឹមកក់ក្តៅបែបនេះរយឆ្នាំមកហើយ ។  ជាស្នាម    ញញឹមពិតៗ មានកម្ដៅក្តៅៗ ដែលជាអារម្មណ៍ជ្រាបចូលដល់បេះដូង ដែលសូម្បីតែ អ៊ីសាន ដែលអង្គុយក្បែរៗនេះក៏ត្រូវស្ងាត់មាត់ដូចចុក បើកភ្នែកធំៗ ហើយងាកគេចចេញ ។

កុំថាពួកគេភ្ញាក់ផ្អើល សូម្បីខ្ញុំក៏ភ្ញាក់នឹងសន្ធឹកបេះដូងខ្លួនឯងដូចគ្នា… ស្រីម្នាក់នេះ គួឱ្យចង់ផ្តួលពេកហើយ !

«កូនឆ្មាតូច… !»

ខ្ញុំនឹកក្នុងចិត្តហើយចង់ឮនាងគ្រហឹម !

នាងពិតជាមិនដឹងមែនទេថា គ្រប់ផ្កាកុលាបទាំងទងៗនោះ បើខ្ញុំមិនបានបញ្ជាឱ្យគេហោះទៅកាត់ពីចម្ការនៅបរទេសមកទាំងយប់ ដើម្បីយកមកផ្គាប់ចិត្តនាង តើវាជប់មកបាន ? នៅតែស្រមៃថា បើនាងញញឹមហើយទទួលយកផ្កាដោយតណ្ហា តើនាងជាមនុស្សប្រភេទណាវិញក្នុងបេះដូងត្រជាក់មួយនេះ ?

«ទុកគេធ្វើអីធ្វើទៅ… មិនបាច់ឃាត់ទេ !» ខ្ញុំបញ្ជា រួចដកកាសចេញ ។

ឡានឈប់ង៉ក់… ពីមុខទីតាំងដែលសែនមានអានុភាពក្នុងបេះដូងខ្ញុំ ។

ដោយបោះជំហានវែងៗចាកចេញពីរថយន្ត អ្វីដែលនៅមានក្នុងខួរក្បាលខ្ញុំពេលនេះ គឺចង់ឃើញមុខពេលនាងខឹង ចង់ឃើញរាងកាយតូចច្រឡឹងនោះបញ្ចេញឫទ្ធិ ។

ការប្រជុំរាប់លានដុល្លារ ត្រូវបានភ្លេចចោលឈឹង គ្មានន័យស្មើនឹងការបានទៅសម្លឹងមើលកែវភ្នែករឹងរូសរបស់នាងនោះទេ ។

«ដា…ហ្សុី… !»

បេះដូងនេះដង្ហោយហៅគេ ។

មានភាគបន្ត …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*