រឿង៖ នាងនិងគេ (ភាគ១២)

គ្រាន់តែឈានជើងចូលដល់មាត់ទ្វារ ខ្ញុំឃើញគេទៅហើយ ។ ស្រីស្អាតកំពុងឱនរើសត្របកផ្កាដែលជ្រុះនៅលើព្រំ តែនាងផ្អាកបន្តិចសម្លឹងម្រាមខ្លួនឯង !ទាយអីខុស… ស្នាមបន្លាមុត !

ល្ងង់មែន !

«ចេញទៅ ! ខ្ញុំប្រាប់ថាយកសំរាមរបស់ចៅហ្វាយពូចេញ…»

នាងស្រែកទាំងមិនងើបមុខ ដោយគិតថាខ្ញុំជាក្រុមអង្គរក្ស ។

«សំរាម ?»

ខ្ញុំបន្លឺសំឡេងគ្រលរធ្ងន់ទម្លុះភាពញាប់ញ័រក្នុងទ្រូងខ្លួនឯង… ហើយខាងគេក៏ញាក់ខ្លួនព្រើត ងាកមកសម្លឹងខ្ញុំភ្លាម ។

កែវភ្នែកដ៏បរិសុទ្ធដែលធ្លាប់តែទន់ភ្លន់ ពេលនេះពោរពេញទៅដោយគំនុំ និងការតវ៉ា ។ នាងទ្រឹង ព្រោះប្រហែលជាពីជាងជួសជុលមកជាឈុត CEO លើរាងកាយនេះបណ្តាលឱ្យនាងស្រឡាំងកាំងស្ងាត់មាត់បន្តិច តែស្រីស្អាតរបស់ខ្ញុំបន្តក្រោកឈរឡើងមកយឺតៗប្រឈមនឹងខ្ញុំ ។

ខ្ញុំមានទំនុកចិត្តពេញលេញតាំងពីដើមមក តាំងពីមិនទាន់ស្គាល់គេ មិនថាក្នុងឈុតអ្វី… ខ្ញុំនៅតែជាខ្ញុំ… តែពេលនេះ នៅចំពោះមុខនាងល្អិតនេះ… ខ្ញុំចង់ធ្វើទឹកមុខឱ្យស្អាត ឡូយសង្ហាជាងរាល់ដង ។

ធាតុប្រុសស្អាតបានសណ្ឋិតចូលមកដល់ហើយ ខ្ញុំគ្រវីស្មា មមីភ្នែករង់ចាំនាងដែលធ្វើស្លុយទាញថង់សំរាមផ្កាធំនោះទាំងដែលមានផ្កាស្រស់ពេញលេញដើរសំដៅមករកខ្ញុំ ។

«យករបស់ខ្លួន… ទៅវិញឱ្យអស់ !»

ថាចប់ម៉ាហ្វៀស្រីម្នាក់នេះរុញថង់ផ្កានោះមកបុកទ្រូងខ្ញុំ ។ បានជាខ្ញុំហៅគេថាម៉ាហ្វៀ គឺគេជាឧក្រិដ្ឋជន ដែលហ៊ានមកលេងសើចកេងចំណេញលើបេះដូងខ្ញុំដោយគ្មានមេត្តា បណ្តាលឱ្យខ្ញុំរត់ចោលតុប្រជុំនៅអាគារវឌ្ឍនៈមករកគេទាំងកណ្តាលថ្ងៃ ។

ខ្ញុំមិនថយក្រោយ សូម្បីមួយជំហាន បណ្តោយឱ្យថង់នោះធ្លាក់ចុះមកឥដ្ឋ ។ ខ្ញុំលើកដៃជាសញ្ញាឱ្យអង្គរក្សទាំងពីរកុំរវល់ ដូច្នេះពួកគេក៏ដើរចេញដោយទាញកញ្ចក់បិទ «គ្រឹប» ចាក់សោពីខាងក្នុងនិងបង្វិលស្លាកដាក់ថា    «បិទហាង» ។

ពេលនេះ នៅក្នុងហាង មានតែខ្ញុំ និងគេ ។

«អត់ចូលចិត្តផ្កាទេ ?»

ខ្ញុំឈានជើងទៅមុខថែមមួយជំហាន ខណៈគេព្យាយាមសម្លាប់ចិត្តខ្ញុំ ៖

«ខ្ញុំស្អប់គ្រប់យ៉ាងដែលជារបស់ខ្លួន !»

គេថាហើយថែមទាំងបើកភ្នែកក្រឡង់បង្ហាញសញ្ញាថាមិនចុះញ៉ម តែជើងតូចរាវទាំងទ្វេដើរថយក្រោយទាំងមិនដឹងខ្លួន ឯ… មាត់នៅតែរឹង ។

«ស្អប់ដោយទាំងបងផង ?»

ខ្ញុំញញឹមឌឺដង ឈានទៅមុខរហូតដល់ត្រូវនាងថយទៅទើរខ្នងជាប់នឹងជញ្ជាំងក្បែរទូកញ្ចក់តាំងតុក្កតា… អនុសាចាស់ៗរបស់ពួកយើង ។

«ចេញមើល !»

នាងលើកដៃទាំងពីរមកទប់ទ្រូងខ្ញុំ ។ ដៃតូចៗរបស់នាងកំពុងញាប់ញ័រ  ខ្ញុំទម្លាក់ភ្នែក សម្លឹងមើលបបូរមាត់ពណ៌ស៊ីជម្ពូដែលកំពុងញ័រទទ្រើកនោះដែរ… កំហឹងប្រចណ្ឌរឿងសង្សារចាស់គេ និងភាពស្រេកឃ្លានដែលខានចួបនាងពេញមួយព្រឹកបានប្រមូលផ្តុំគ្នាពុះកញ្ជ្រោលក្នុងទ្រូងខ្ញុំ ។

«ចុះអាវេហា ? ស្រលាញ់គ្រប់យ៉ាងដែលវាឱ្យ ?»

មិនដឹងខ្លួនឯងដែរថាកំពុងត្រូវមានក្តីសុខសោះម្តេចបានជាមកនិយាយ ឈ្មោះសំរាមនោះមកបាន ?

នេះហើយ… វិនាទីងងឹតងងុលតូចចិត្តរបស់ខ្ញុំ ។ ខ្ញុំកើតមកជាមនុស្សតូចចិត្ត… ពូកែតូចចិត្តណាស់… ហើយពេលស្រលាញ់ស្រី… ក៏ប្រហែលជាត្រូវការឱ្យគេយកចិត្តបន្តិចទើបបាន ។

ខ្ញុំរៀបនឹងសម្លុតគេថែម តែក្រឡេកចុះឃើញកែវភ្នែកឈឺចាប់របស់គេ  ខ្ញុំអើយ ! នៅមិននៅ… ធ្វើឱ្យគេរលោងភ្នែកយំបានទៀតហើយ… បើយំដោយសារខ្ញុំ មានអី ? បែរជាត្រូវយំដោយសារសត្វប្រឡាំងកាស ?

ខ្ញុំសម្រាលសំឡេងខ្សឹបក្ងួរៗក្បែរគុម្ពត្រចៀកគេ ៖

«បងឱ្យផ្កា… អូនបោះចោល ? ចុះបើបងឱ្យបេះដូង… អូនហ៊ានបោះចោលទេ… ដាហ្ស៊ី ?»

គេទម្លាក់ភ្នែក លេបទឹកមាត់ភ័យ ព្រោះទាំងនិយាយបណ្តើរដៃម្ខាងខ្ញុំលូកទៅក្រសោបចង្កេះរាងរាវរបស់គេទាញគេមកផ្អឹបជាប់នឹងរាងកាយខ្ញុំ ។

«ឆ្កួត !!! លែង !»

នាងប្រឹងរើបម្រះ និយាយរអ៊ុះៗព្រោះថប់បារម្ភ… នាងខំងាកមុខចេញតែខ្ញុំដេញតាមសម្លឹងសម្លក់គ្នា ។

«និយាយគ្នាស្រួលៗដូចកាលនៅរោងពុម្ពបានអត់ ?»

ឮខ្ញុំខ្សឹបបែបនេះហើយ ខាងគេរឹតតែប្រញាយខឹងហើយបម្រះរកតែឡើងជង្គង់ រកតែជាន់ជើងខ្ញុំ តែខ្ញុំគេចរួចទាំងអស់ ។ ឯខាងនាងរឹតតែត្បៀតជាប់ក្នុងក្លេ ព្រោះខ្ញុំចង់ឱ្យនាងដឹងថា បើនាងចង់បានសេរីភាព នាងត្រូវនៅស្ងៀម កាន់តែរើ កាន់តែមិនអាចដកដង្ហើមរួច ។

«ឈប់រើ… ឮអត់ ?»

ដោយសេចក្តីហួងហែង ខ្ញុំបង្ខំនាងមួយទំហឹងមិនឱ្យកម្រើកបាន ។

ខាងគេទប់នឹងខ្ញុំលែងជាប់ ក៏ព្រមឱ្យភ្នែកពួកយើងប្រទាក់គ្នា…នាងមានតំណក់ទឹកភ្នែករលីងរលោងដោយការភិតភ័យលាយឡំនឹងការស្អប់ក្នាញ់  ប៉ុន្តែសម្រាប់ខ្ញុំ គ្រប់យ៉ាងពីកាយវិការគេគឺជាប្រេងសាំងដែលចាក់ស្រោចលើរងើកភ្លើងតណ្ហា ។

ដៃម្ខាងទៀតរបស់ខ្ញុំលូកទៅចាប់ទាញចង្កានាងឱ្យមកកៀកបបូរមាត់សល់តែសន្លឹកក្រដាសនឹងប៉ះគ្នាភ្លាម ។

«ម៉េចថ្ងៃមុនចិត្តល្អ ថ្ងៃនេះ… ស្អប់ ?»

គេមិននិយាយ តែភ្នែកគេរេចុះឡើងដូចចង់មើលចិត្តខ្ញុំ ។ គេខ្លាច ? ឬ… គេគិត ? ខ្ញុំគ្មានពេលគិតច្រើនទេ ។ គេត្រូវតែរស់នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ…  ព្រោះខ្ញុំចង់អ៊ីចឹង… ហើយខ្ញុំក៏គ្មានពេលញ៉ែស្រីដែរ… ខ្ញុំមិន        រ៉ូមែនទិកទេ… ខ្ញុំក្តៅរោលរាល… ។

មិនទុកពេលឱ្យនាងនិយាយប្រយោគតវ៉ាណាមួយទៀតឡើយ បបូរមាត់ខ្ញុំឱនចុះទៅគ្របសង្កត់លើភាពទន់ល្មើយរបស់គេយ៉ាងត្រេកត្រអាល អត្តនោម័តិ និងតក់ក្រហល់បំផុត ។

លើកនេះ មិនមែនគ្រាន់តែជាការគំរាមដូចយប់មិញទេ តែជាការដាក់ទណ្ឌកម្មដែលនាងហ៊ានភ្លេចរឿងរវាងពួកយើង ក៏ជាការបង្ហាញអំណាចនៃភាពជាម្ចាស់កម្មសិទ្ធិផងដែរ ។

ស្រីម្នាក់នេះ ដំណាក់កាលនេះទៅហើយ នៅមានះប្រឹងបិទមាត់ភ្ជិតមិនពាក់ព័ន្ធគ្នា ហើយត្រដរដៃតូចៗវាយតប់លើស្មាខ្ញុំ ។ តែបិសាចដូចជាខ្ញុំ កាន់តែប្រឆាំង កាន់តែនាំខ្ញុំឱ្យទម្លាក់ចោលការគិតនានាទុកតែពាក្យថា

«នាងជារបស់ខ្ញុំ !»

ខ្ញុំខាំបបូរមាត់ក្រោមរបស់នាងតិចៗ ធ្វើឱ្យនាងរបូតមាត់ថ្ងូរ ក៏ជាឱកាសមាសមកដល់ ធ្វើឱ្យខ្ញុំអាចបញ្ជូនបេះដូងនេះចូលទៅបញ្ចេញភាសាស្នេហ៍រុករកភាពផ្អែមល្ហែមនៃបេះដូងខាងគេវិញយ៉ាងអធិកអធមគ្មានអ្នកហាមឃាត់បាន ។

ស្នាមថើបលើកទីពីរនេះ នឹងលេបត្របាក់រាល់ខ្យល់ដង្ហើមរបស់នាងរហូតដល់នាងអស់អុកស៊ីហ្សែន ហើយនាងត្រូវតែទទួលយកពីខាងខ្ញុំ…

នាងនឹងប្រើជីវិតវិនាទីនេះចែកគ្នាជាមួយខ្ញុំ… ហើយគេ… នឹងចងចាំខ្ញុំ… ខ្ញុំតែម្នាក់ប៉ុណ្ណោះទាំងក្នុងជីវិត និងបេះដូងគេ ។

នាងពិតជាស៊ូមិនបានយូរពិតមែន… ពីការតវ៉ាដ៏ខ្លាំងក្លា រាងកាយតូចច្រឡឹង ចាប់ផ្តើម ទន់ជ្រាយបន្តិចម្តងៗ ។ កណ្តាប់ដៃដែលវាយតប់លើទ្រូងខ្ញុំ បានប្រែមកជាលូកចាប់ក្តាប់ជាយអាវ ខ្ញុំយ៉ាងណែន ។

ពេលដឹងថានាងឈប់រើបម្រះ ចង្វាក់នៃការថើបរបស់ខ្ញុំក៏ប្រែប្រួលពីការបង្ខំកាចៗប្តូរមក មកជារសជាតិថ្នាក់ថ្នម ត្រកងបីបាច់យ៉ាងស្រទន់វិញ…

ខ្ញុំបន្តការក្រេបជញ្ជក់រសទងបុប្ផារហូតដល់នាងភ្លេចសូម្បីតែរបៀបដកដង្ហើមពិតៗរបស់ខ្លួននាង ។

ស្នាមថើប

និងពាក្យសន្យា (តំណាលដាហ្ស៊ី)

ក្រោមអំណាចនៃការត្របាក់យកយ៉ាងកាចសាហាវនិងក្តៅគគុករបស់គេ មនុស្សនេះ មានមានះដូចព្រាយបិសាចអសុរកាយក្នុងកុន ។ គេមានកម្លាំងរឹតដ្បិត និងមានអំណាចមួយគ្មានរូបដែលធ្វើឱ្យខ្ញុំចុះចាញ់ ។

រាងកាយដែលធ្លាប់តែរើបម្រះទះតប់របស់ខ្ញុំ ក៏ប្រែជាទន់ជ្រាយបន្តិច    ម្តងៗរហូតដល់សឹងតែគ្មានកម្លាំងទប់ជំហរជើងខ្លួនឯងផង ។ មិនយូរទេ… កម្លាំងប្រឆាំង ក៏ដូចជាកំហឹងបានរលាយបាត់សូន្យ បន្សល់ទុកត្រឹមម្រាមដៃតូចៗដែលក្តាប់ជាយអាវគេយ៉ាងណែន ដើម្បីតោងទាមកុំឱ្យដួលស្រុតចុះទៅលើឥដ្ឋ ។

ខ្ញុំបិទភ្នែក ឈប់តវ៉ា… បណ្តោយឱ្យគេជញ្ជក់យកខ្យល់ដង្ហើម និងរសជាតិទឹកភ្នែកដ៏ជូរចត់របស់ខ្ញុំតាមចិត្តប្រាថ្នារបស់គេ… ខ្ញុំឮសន្ធឹកបេះដូងដែលគ្រហឹមស្រេកឃ្លានដូចសត្វព្រៃក្នុងទ្រូងគេ ។

«… ឈប់ … សុំ … សុំណា៎ ឈប់ធ្វើចឹងទៅ … »

សំឡេងខ្សាវៗ ញ័រៗ លាយឡំនឹងដង្ហើមថប់ៗរបស់ខ្ញុំ របូតចេញពីបំពង់កទាំងត្រដាបត្រដួស នៅពេលដែលគេព្រមដកឃ្លាទុកចន្លោះឱ្យខ្ញុំដកដង្ហើមត្រឹមមួយប្រភាគនៃវិនាទី ។

រាងកាយដ៏ធំមាំរបស់គេកន្ត្រាក់បន្តិចមុនពេលគេព្រមបញ្ឈប់ការឈ្លានពាន ។ ទោះគេបង្អង់តាមការស្នើសុំមែន តែបបូរមាត់យើងទាំងពីរនៅតែប៉ះគ្នាស្ទើរមិនដាច់ ខណៈចុងច្រមុះគេនៅផ្ដិតទាញយកក្លិនពីថ្ពាល់ដែលកំពុងសើមជោកដោយទឹកភ្នែករបស់ខ្ញុំ ។ ដង្ហើមធ្ងន់ៗ និងក្តៅភាយរបស់គេ បង្ហាញពីការខិតខំទប់ស្កាត់តណ្ហានិងតទល់ជាមួយសភាវៈនៃការចង់សង្កត់ សង្កិនមួយធំ ហើយយ៉ាងលំបាកលំបិន ។

គេងើបមុខឡើងមកស្អិតៗ ស្ទក់ៗបានបន្តិច ក៏សម្លឹងចុះមកបបូរមាត់ខ្ញុំដែលអាចស្មានបានថា កំពុងឡើងក្រហម និងហើមពោរកម្រិតណាដោយ សារតែ… ការបំពានរបស់គេ ។

ម្រាមដៃមេដ៏គ្រើមអូសអង្អែលលើថ្ពាល់ខ្ញុំថ្នមៗ តែបង្កប់ភាពគ្រោះថ្នាក់ មុននឹងប្តូរមក ចាប់ចង្កាខ្ញុំបញ្ឈរឡើង បង្ខំឱ្យសម្លឹងចំកែវភ្នែកដ៏ជ្រៅដូចបាតសមុទ្ទរបស់គេ ។

«ចាំទុក ដាហ្ស៊ី … » សំឡេងគ្រលរៗត្រជាក់របស់គេបន្លឺឡើងយឺតៗ តែចាក់ដោតដល់ជម្រៅបេះដូង «កុំឱ្យសោះ ! …កុំហ៊ានបោះបោក ឬបដិសេធរាល់របស់ដែលបងប្រគល់ឱ្យអូនឱ្យសោះ … មិនអ៊ីចឹងទេ … បងនឹង … កុំឱ្យបងធ្វើរឿងដែលបងមិនចង់សូម្បីនិយាយវា !»

«គេនេះចង់ធ្វើអីខ្ញុំ ?»

ខ្ញុំញ័រខ្លួនភ្ញាក់ព្រើតចាកចោលកាមារម្មណ៍ដែលមានមកជាមួយគ្នា ។

មួយជីវិតនេះ ខ្ញុំស្អប់ពាក្យគំរាមណាស់… ជាពិសេសចរិតបំពានចិត្តរបស់គេម្នាក់នេះ ។ ទឹកភ្នែកមួយតំណក់ទៀតរមៀលធ្លាក់ចុះមក … វាមកមិនត្រូវពេលសោះ … ។ សម្រាប់មនុស្សដូចគេ យើងអន់ពេកណាស់ពេលបណ្តោយឱ្យគេឃើញយើងយំ ។

ខ្ញុំច្រានគេវឹប…

លើកនេះ គេរបូតគម្លាតបន្តិចមែន ប្រហែលគេមិននឹកស្មានថាខ្ញុំអាចរឹងមាំមកវិញក្រោមការសម្លុតរបស់គេ ។ ខ្ញុំវាចាទាំងអួលណែន ៖

«ស្អីទៅ ?? និយាយមក ! សម្លាប់ខ្ញុំ ? ខ្លួនជាអ្នកណា ? ខ្ញុំមិនដែលស្គាល់ផង កុំថាឡើយខ្ញុំបានទៅធ្វើស្អីខ្លួន ? ខ្លួនមានសិទ្ធិស្អី មកនិយាយគំរាមខ្ញុំសាហាវៗម៉្លេះ ?»

សម្រាប់ខ្ញុំ ការបំពានរាងកាយ និងការនិយាយសម្លុតទាំងប៉ុន្មាននេះ … ការដាក់មនុស្សមកពីមុខហាងរបស់ខ្ញុំ មិនមែនត្រឹមជាការព្រមានទេ តែជាការគំរាមសន្តិសុខចិត្តនិង កម្ទេចសេរីភាពខ្ញុំទាំងស្រុង ។

«បងសម្លាប់អូនធ្វើអី ?»

«អ៊ីចឹងចេញទៅ !»

ខ្ញុំលើកដៃវាយគេផាច់ៗព្រោះគេនេះខ្ពស់ជាងកម្ពស់ខ្ញុំ ដូច្នេះគេមិនងាយរលំទេ គឺខ្ញុំវាយពេញទំហឹងកូនស្រី ។ មិនដឹងយ៉ាងម៉េច គេបែរជាមិនតដៃ ហើយចាប់កដៃខ្ញុំតែម្ខាង ប៉ុន្តែអាចមានអានុភាពឱ្យខ្ញុំបញ្ឈប់ដៃម្ខាងទៀតទន្ទឹមគ្នា ។

បុរសនេះមិនមាត់អ្វី … គេរុញទ្វារហាងចេញទៅក្រៅទាំងអូសទាញកដៃខ្ញុំឱ្យដើរតាមកាត់តំណក់ភ្លៀងរិចៗ សំដៅទៅឡានទំនើបពណ៌ខ្មៅដែលចតរង់ចាំដូចជាមាត់រណ្ដៅនរក ។

គេរុញខ្ញុំចូលទៅក្នុងឡានយ៉ាងងាយស្រួលដូចកាលពីយប់ ដូចខ្ញុំនេះជាកម្មសិទ្ធិគេតាំងពីរាជវង្សណាមកមិនដឹង ។

គេគោះដៃឱ្យតៃកុងចាកចេញពីឡាន … មុននឹងឡើងមកបញ្ជាចង្កូតដោយខ្លួនគេ ។

ខ្ញុំអង្គុយក្តាប់ម្រាមចូលគ្នានៅជ្រុងកៅអីសម្លឹងទៅក្រៅបង្អួចឡាន ខណៈភ្លៀងនៅតែធ្លាក់ខ្លាំងឡើងៗតាមសណ្ឋានផ្លូវចិត្តខ្ញុំដែលនៅច្របូកច្របល់ខ្លាំង ។ តែអ្វីដែលធ្វើឱ្យខ្ញុំរឹតតែថប់ដង្ហើមស្ទើរឆ្កួតនោះ គឺបរិយាកាសក្នុងឡាននេះ ។ អំណាចរបស់គេ ក្លិនទឹកអប់នៃខ្លឹមឈើក្រអូបប្រហើររបស់គេ និងក្រសែភ្នែកដែលលបសម្លឹងមកខ្ញុំម្តងម្កាលពីកញ្ចក់មើលក្រោយ… មាន អារម្មណ៍ថា … ខ្លួនឯងកំពុងជាប់គុកជាមួយអ្វីមួយ… ចម្លែក ។

ជីវិតមួយនេះតាំងពីយប់មិញ និងព្រឹកនេះ កំពុងត្រូវបានឡោមព័ទ្ធជិតឈឹងដោយកំផែងដែកថែបរបស់ការផ្លាស់ប្តូរពីបងវេហាមកជាមេបិសាចត្រជាក់ម្នាក់នេះ ។

មើលទៅ … ជាមួយគេនេះ ខ្ញុំហាក់គ្មានច្រកចេញ គ្មានផ្លូវរត់ សូម្បីតែខ្យល់ដកដង្ហើម … ។

«ខ្ញុំ … ខ្ញុំត្រូវ … មើលហាង … ខ្ញុំត្រូវរកស៊ី … ឮអត់ ?»

គេមិនមាត់ … ឯខ្ញុំនិយាយទៀតព្រោះមានឱកាសនិយាយ ៖

«កាបូបខ្ញុំ ទូរសព្ទខ្ញុំ ហាងមិនទាន់ចាក់សោ ឮអត់ ?»

ប្រុសកំណាចនេះមិនតបនឹងខ្ញុំដដែល គេបែរជាទៅឱននិយាយជាមួយគ្នាគេតាមកាស ។

«យករបស់របរគេមក !»

គេបញ្ជាអ្នកណា ? ពីរបីនាក់ដែលនៅឈរមុខហាងហ្នឹងហ្មែន ? ខ្ញុំស្ងាត់មាត់ឱបជង្គង់លែងនិយាយអ្វីចេញ ។

ឡានមកឈប់ង៉ក់នៅមុខផ្ទះតូចរបស់ខ្ញុំ ។ ខ្ញុំភាំង … ហេតុអ្វី ? មិនបាច់ធ្វើការរកស៊ីអីទេ ? គេទៅដឹកខ្ញុំមកផ្ទះ មានន័យអ្វី ?

លាហើយ ចាំចួបគ្នាសប្តាហ៍ក្រោយ …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*