ទោះយ៉ាងណា ខ្ញុំប្រញាប់លូកដៃទៅទាញទ្វារ ចុះដីវឹប ឈានជើងទៅមុខញាប់ៗបម្រុងនឹងរត់គេចឱ្យផុតពីភាពតានតឹងនេះ ។ តែ…
“តក់ !”
សំឡេងពន្លត់ម៉ាស៊ីនឡាន និងសូរបើកទ្វារពីខាងគេ ធ្វើឱ្យជើងខ្ញុំគាំង ។
គេមិនបានត្រលប់ទៅវិញទេ ។
បុរសមាឌធំសង្ហាក្នុងឈុតអាវខ្មៅសើមភ្លៀងតិចៗ ឈានជើងចុះពីឡាន រួចដើរមកឈរក្បែរខ្ញុំដែលបែរមើលមុខគេភាំងៗ ។ មុនពេលខ្ញុំហាមាត់សួរ គេក៏ចាប់ទាញកដៃខ្ញុំ រួចបោះជំហានដើរតម្រង់ចូលទៅក្នុងផ្ទះរបស់ខ្ញុំដោយចិត្តឯង ។
លើកនេះ … លែងជាការជូនមកផ្ទះទៀតហើយ ? តែជាការឈ្លានពាន … ចូលមកដល់ ទីជម្រកចុងក្រោយរបស់ខ្ញុំ !
«នែ ! លែងខ្ញុំ… មកចូលផ្ទះខ្ញុំធ្វើអី ! លែងទៅ… »
ខ្ញុំខ្សឹបស្រែកទាំងភ័យស្លន់ស្លោ ខំប្រឹងទាញដៃចេញ ទឹកភ្នែកហៀបនឹងស្រក់ម្តងទៀត តែគេមិនខ្វល់គេក្តាប់កដៃខ្ញុំជាប់មិនឱ្យឈឺតែមិនអាចរើរួច ។
ទ្វារផ្ទះត្រូវរុញបើកដោយគ្មានការអនុញ្ញាតក្រោមម្រាមដៃធំៗដែលមុននេះបានចាប់ចង្កាខ្ញុំ បង្ខំឱ្យខ្ញុំតទល់ភ្នែកជាមួយគេ ។
ពន្លឺភ្លើងនីអុងចាស់ៗ និងរាងកាយដ៏តូចទាបនៃពិតានផ្ទះរបស់ខ្ញុំ ហាក់ត្រូវគ្របដណ្ដប់ដោយស្រមោលដ៏ធំហ៊ឺហារបស់គេភ្លាមៗ ។ ក្លិនទឹកអប់អភិជនរបស់គេ បានវាយលុកបំបាត់ក្លិនសើមផ្អួរនៃផ្ទះចាស់នេះគ្មានសល់ ។
«ដាហ្ស៊ី ! កូន … »
ម៉ាក់ដែលដើរមកពីផ្ទះបាយជាមួយថាសធញ្ញជាតិ សម្លឹងមកពួកយើងដោយទឹកមុខឆ្ងល់ហើយក្រៀមក្រំ សល់ពីរឿងម្សិលមិញ ។
ភ្នែកគាត់បើកធំៗ ពេលឃើញបុរសប្លែកជាមួយការតុបតែងនិងផ្ទៃមុខដ៏មានអំណាចម្នាក់នេះ កំពុងកាន់កដៃកូនស្រីគាត់តឹងណែនព្រហើនៗ ។
«ម៉ាក់ … »
ខ្ញុំរលះរលាំងហៅគាត់ ទាំងទឹកមុខស្លេកស្លាំងចង់យំ សម្លឹងគាត់ក្នុងន័យសុំការសង្គ្រោះ ។ ប៉ុន្តែ ជននេះមិនបានបង្ហាញភាពរអាក់រអួល ឬខ្លាចញញើតសូម្បីបន្តិច ។ គេលែងដៃខ្ញុំយឺតៗ រួចបោះជំហានទៅមុខបន្តិច ឈរត្រង់ខ្លួនពេញកម្ពស់ សម្លឹងមើលម្តាយខ្ញុំ ។ តែហោចណាស់ ជាការសម្លឹងដោយភាពគោរព… តែបង្កប់នូវអំណាចគាបសង្កត់ ដែលគ្មាននរណាម្នាក់ហ៊ានប្រកែក ។ គេឱនកាយលើកដៃផ្គុំក្រោមភាពស្រឡាំងកាំងរបស់ខ្ញុំ ៖
«បាទជម្រាបសួរ អ្នកមីង… » សំឡេងគ្រលរធ្ងន់ និងត្រជាក់ស្រេបរបស់គេបន្លឺឡើងបំបែកភាពស្ងាត់ជ្រងំនៃផ្ទះចាស់សែនកម្សត់នេះ ។ គេដូចមិនចាប់អារម្មណ៍អ្វីនៃស្ថានភាពលំនៅឋានពួកយើងទេ បែរជាណែនាំខ្លួនគេ ៖
«ខ្ញុំឈ្មោះ ទីន ! ខ្លះហៅខ្ញុំតាមផ្លូវការថា បព្វតា !»
ម្តាយខ្ញុំដាក់ថាសសណ្តែកចុះលើតុហើយសំពះតបទៅជននេះឆ្ងក់ៗ សភាពម៉ាក់ គឺគាត់មិនដែលសូម្បីតែនឹកស្មានដល់ថា ខ្ញុំអាចមានកង់សាគួរណាម្នាក់ ឬមានសង្សាររហ័សយ៉ាងនេះ ក្រោយមួយរាត្រីនៃការបែកជាមួយអ្នកចាស់ ។
«នេះ អង្គុយសិនមកលោកក្មួយ !»
គេអង្គុយ… ?
ម៉េច… ម៉េចបានមកអង្គុយនៅផ្ទះខ្ញុំ ?
ខ្ញុំលើកដៃម្ខាងមកទប់កែងដៃម្ខាងទៀតដែលតវល់ខ្ទប់មាត់រកមធ្យោបាយ ។ អ្នកណាបញ្ជូនមនុស្សនេះមកក្នុងជីវិតរបស់ខ្ញុំ ឬមួយ… អូ ! នឹកឃើញហើយ ! មាណាកាម្នាក់នោះ ? តិចស្រីអ្នកមាននោះ ? អូ ! កុំម៉ៃគេ ! គេមិនដឹងអីទេ ។ ម្នាក់នេះ… ខ្ញុំទៅរាវយកគេមកប្រឡាក់ប្រឡូសដោយខ្លួនឯងពីក្នុងរោងចក្របោះពុម្ពតុក្កតាមួយនោះ ។
ហឹម …
«អ្ហេ៎ ឈរធ្វើអីកូន ទៅយកទឹកមក !» ម៉ាក់ខ្សឹបបញ្ជា តែខាងគេក៏ឮ ។
«អូ ចាស !»
ខ្ញុំបែរខ្លួនប្រុងថាទៅចង្ក្រាន តែគ្រលៀសទៅមួយឆ្វាច់ក៏ឃើញគេនេះចាប់យកស៊ុមរូបថតមួយរបស់ខ្ញុំនៅលើកូនទូតាំងក្បែរសាឡុង ។ ជារូបកាលខ្ញុំទទួលបានរង្វាន់ខាងគំនូរនៅវ័យ ៨ ឆ្នាំ ។ ដោយផឺតពោះ ខ្ញុំមិនត្រូវការឱ្យគេឃើញកុមារភាពខ្ញុំទេ ។
ខ្ញុំលូកដៃទៅដណ្តើមយក តែគេរហ័សណាស់ គេយកបានមុន ហើយខ្ញុំវិញជ្រុលជំហរទៅទ្រោបលើគេបានទៀត ?
ក្តៅចិត្ត !
ម្តាយខ្ញុំឈរមិងមាំង… ខណៈកូនស្រីនៅត្រដាបត្រដួសប្រឹងក្រោកមកទាំងខឹងទាំងជា ។ ប្រុសម្នាក់នេះបានចិត្តណាស់ ដែលគេបានឱបទប់ខ្លួនខ្ញុំពេញមួយទំហឹងកណ្តាលចំណោម ។ និយាយទៅពេលឃើញបែបនេះ ម៉ាក់ក៏សឹងស្ទុះមកទាញខ្ញុំចេញភ្លាមៗដែរ ព្រោះស្និទ្ធគ្នាពេកជាមួយប្រុសម្នាក់ដែលគាត់មិនដែលសូម្បីធ្លាប់ឮឈ្មោះ តែនេះប្រហែលមកពីគាត់ភាំងៗពេកបានជាគាត់យឺតយ៉ាវ…
«សុំកាហ្វេបានទេ ? អាមេរិកខាណូ !»
ខ្ញុំឮហើយ សម្លក់គេឆ្វាច់ ព្រោះក្នាញ់ខ្លាំង ។ ពីក្រោយខ្នងខ្ញុំ… ដែលឈររៀបចំកាហ្វេ ខ្ញុំឮសំឡេងគេ ៖
«ដាហ្ស៊ី… ជាអនាគតភរិយារបស់ខ្ញុំ ! ខ្ញុំតទៅ ជាអ្នកទទួលខុសត្រូវ179C រ៉ាប់រងគ្រប់យ៉ាងលើជីវិតគេ គ្រួសារអ្នកមីង និងលោកពូ… »
ខ្ញុំគាំងធ្មឹង របូតភ្លាត់ពែងកាហ្វេ ហើយស្រែកយ៉ៃដោយការរលាក ។
ម្តាយខ្ញុំដែលនៅស្លេកមុខលោកនៅធ្មាំងម្នាក់ឯងលើសាឡុង ឯអ្នកដែលរត់ចូលមកគឺមនុស្សដែលខ្ញុំកំពុងគេច ។
ខ្ញុំសម្លឹងមើលមុខគេ ភ្លេចដៃដែលកំពុងរលាកពើត ។
«រលាកដៃហើយ !»
គេនិយាយ ហើយទាញខ្ញុំយកមកបើកទឹកម៉ាស៊ីនលាងកន្លែងរលាក ភ្លាមៗ ។ ក្លិនយើងប៉ះគ្នាជាថ្មី ។ ភាពជាបុរសរបស់គេ ដែលកាលពីនៅហាងជង់មកលើរាងកាយខ្ញុំ ពេលនេះត្រូវគ្របដណ្តប់មកវិញ នូវចង្វាក់បេះដូងព្រួយបារម្ភពិត ។
គេខ្សឹបៗ… «មានបង់រុំរបួស និងថ្នាំទេ ? »
ខ្ញុំជាប់ធ្នាក់ជាមួយភ្នែកបារម្ភហួសហេតុរបស់គេ រហូតដល់មិនដឹងគេកំពុងសួរអ្វីមិនដឹងថាត្រូវឆ្លើយអ្វី ?
រាល់ពាក្យពេចន៍របស់គេស្តាប់ទៅដូចជាការជួយសង្គ្រោះ… ដូចជាភ្ញាក់ផ្អើលនឹងរបួសដ៏តូចនេះខ្លាំង ប៉ុន្តែសម្រាប់ខ្ញុំ ដែលទើបតែឆ្លងកាត់ការថើបដ៏ព្រៃផ្សៃ និងខ្សែភ្នែកត្រួតត្រារបស់គេ ខ្ញុំដឹងច្បាស់ណាស់ថា… គេនេះអាចជាប្រស្នាដ៏លំបាកនៃជីវិតរបស់ខ្ញុំ ។
ការដែលគេរត់មកមើលខ្ញុំទាំងភិតភ័យ ធ្វើឱ្យបេះដូងដែលធ្លាប់តែលោតដោយភាពរន្ធត់ បែរជាមានចង្វាក់ចម្លែកមួយលាយឡំចូលមក ។
ភាពកក់ក្តៅពីបាតដៃធំៗរបស់គេ ដែលកំពុងត្រកងដៃដែលរលាករបស់ខ្ញុំនៅក្រោមទឹកម៉ាស៊ីនហាក់ផ្ទុយស្រឡះពីភាពផ្ដាច់ការនៅឯហាងកាលពីប៉ុន្មាននាទីមុន ។
«មានបង់រុំរបួស និងថ្នាំទេ ?» គេសួរបញ្ជាក់ម្តងទៀត ពេលឃើញខ្ញុំនៅឈរគាំងសម្លឹងមុខគេ ។
ខ្ញុំស្ទាក់ស្ទើរ ទើបតែប្រមូលស្មារតីបានរៀបនឹងឆ្លើយ ស្រាប់តែសំឡេងស្រែកអង្រួនរបស់ម៉ាក់បន្លឺឡើងពីក្រោយខ្នង ធ្វើឱ្យខ្ញុំ និងគេងាកទៅព្រមគ្នា
«ឈប់មកលេងសើចនឹងកូនខ្ញុំទៅ !»
គេភ្លឹក ។ ថ្គាមគេដែលនៅក្បែរខ្ញុំ ឡើងប៉ោងរឹងជាសញ្ញានៃការ «មិនសប្បាយចិត្ត !» ។ ស្គាល់គេត្រឹមប៉ុន្មានម៉ោង ខ្ញុំដឹងថាគេនេះកាចណាស់ ។
«លោកអញ្ជើញចេញទៅវិញចុះ យើងក្រណាស់ ! ផ្ទះនេះមិនស្វាគមន៍អភិជនទេ !»
ម្តាយខ្ញុំដល់ថ្នាក់បណ្តេញគេចេញហើយ តើគេនឹងដាក់មានះចុះទេ គេធ្លាប់ថើបខ្ញុំសឹងដាច់ដង្ហើមដោយគ្រាន់តែខ្ញុំបដិសេធមិនយកផ្ការបស់គេ ។ ទឹកមុខម៉ាក់ដែលធ្លាប់តែស្លូតបូត ពេលនេះពោរពេញដោយភាពក្រហាយ និងការឈឺចាប់ដែលលាក់ទុកមកជាយូរ ។
វិបត្តិក្នុងជីវិតម្តាយកម្សត់ម្នាក់នេះ មានមកច្រើនត្រួតពេកហើយ សូម្បីតែកូនស្រីល្អបរិសុទ្ធជាក្តីសង្ឃឹមចុងក្រោយនៃជីវិតលោកក៏ត្រូវក្បត់និងជាន់ពន្លិចដោយដៃពួកអភិជនដែរ ។
ខ្ញុំមិនបានមើលម៉ាក់ទេ ព្រោះបារម្ភនឹងប្រតិកម្មគេម្នាក់នេះ ។ បព្វតាម្នាក់នេះនៅធ្វើមុខត្រជាក់ៗ ខណៈខ្ញុំផ្ចង់មើលមុខគេទាំងភ័យៗ ខ្លាចថាគេនិយាយអ្វីមួយ មកប្រមាថលើអ្នកម្តាយរបស់យើង ។
ម៉ាក់ដើរចូលមកទាញផ្តាច់កដៃខ្ញុំចេញពីការកាន់កាប់របស់គេ រួចយកតួខ្លួនគាត់មករាំងពីមុខខ្ញុំ ។ ពីក្រោយខ្នងម៉ាក់ ខ្ញុំគេចភ្នែកចេញពីក្រសែភ្នែកគេដែលស្ងប់ហើយសម្លឹងមើលមកខ្ញុំជានិច្ច ។
«អ្នកមីង… »
បព្វតាបញ្ចេញសំឡេងគ្រលររាបស្មើ សម្លឹងមកម៉ាក់ដោយភាពស្ងប់ស្ងាត់ តែចិញ្ចើមរបស់គេជ្រួញចូលគ្នា ។
«លោកជាអ្នកមាន… មើលតែការស្លៀកពាក់ និងឫកពាក៏ដឹងថាជាអភិជនជាន់ខ្ពស់ !»
ម៉ាក់ចង្អុលមុខគេទាំងទឹកភ្នែករលីងរលោងសំឡេងរអាក់រអួល ៖
«គ្រួសារយើងតោកយ៉ាក ! កូនខ្ញុំត្រឹមជាកូនអ្នកបម្រើគេ មិនសមនឹងលោកទេ ! អ្នកមានដូចជាលោក មិនដែលមានអ្វីមួយប្រាកដប្រជាជាមួយអ្នកក្រដូចពួកយើងទេ ! ពួកលោក គ្រាន់តែចាត់ទុកកូនខ្ញុំជារបស់លេងយកមកជាន់ឈ្លីដើម្បីអំណាច និងមុខមាត់ !»
មានភាគបន្ត …



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ