រឿង៖ នាងនិងគេ (ភាគ១៤)

ម៉ាក់ដកដង្ហើមញាប់ៗដៃគាត់កំពុងកាន់កដៃខ្ញុំជាប់សឹងតែចេញឈាម ខ្ញុំដឹងថាគាត់កំពុងនឹកឃើញដល់ទង្វើរបស់វេហា ដែលទើបតែធ្វើឱ្យខ្ញុំខូចចិត្តស្ទើរស្លាប់ ។

«សូមលោកចាកចេញពីទីនេះ ហើយកុំមកលេងសើច ទម្លាក់ទម្ងន់លើជីវិតកូនខ្ញុំទៀត !»

បរិយាកាសក្នុងផ្ទះបាយតូចចង្អៀតនេះ ស្រាប់តែប្រែជាត្រជាក់ស្រេប ស្ងាត់ជ្រងំ ។ ខ្ញុំមិនហ៊ានសូម្បីតែដកដង្ហើមឮ ។ ដែលខ្ញុំនៅតាមសម្លឹងមុខប្រុសអ្នកមានដែលនៅឈរធ្មឹងស្រស់សង្ហាឡើងៗក្រោមភាពនឹងនរបស់គេ ព្រោះតែខ្ញុំបារម្ភថា មនុស្សមានចរិតផ្ដាច់ការដូចជាគេ នឹងបញ្ចេញកំហឹង ឬគ្រហឹមតវ៉ាដោយអំនួត… តែខ្ញុំគិតខុស ។

គេមិនបានខឹងទេ ។

ផ្ទុយទៅវិញ កែវភ្នែកដែលធ្លាប់តែកាចសាហាវនោះ បែរជាមានពន្លឺនៃការអត់ធ្មត់យ៉ាងចម្លែក ។ គេដកដង្ហើមធំនិយាយមួយៗ ៖

«អ្នកមីងមានសិទ្ធិស្អប់ ឬមិនទុកចិត្តអ្នកមានផ្សេង… តែសូមកុំប្រៀបធៀបខ្ញុំទៅនឹងអាសំរាមវេហានោះ ។»

សំឡេងរបស់គេលែងជាការព្រមាន តែជាការប្រកាសមួយមានអត្ថន័យយ៉ាងច្បាស់លាស់ ។

«នេះមិនមែនជាការលេងសើចទេ ខ្ញុំមកទីនេះ ក្នុងនាមជាមនុស្សប្រុសម្នាក់ដែលចង់យកជីវិតខ្លួនឯងមកចងភ្ជាប់ជាមួយកូនស្រីអ្នកមីង ។»

កែវភ្នែកគេងាកមកសម្លឹងខ្ញុំ ព្រោះខ្ញុំក៏ភាំងសម្លឹងគេ ។ ភ្នែកពួកយើងចាក់ដោតជ្រៅដល់ព្រលឹងទាំងសងខាងព្រោះលែងស្គាល់អ្វីៗជុំវិញកំពុងកើតឡើងទៀតហើយ ។

«ខ្ញុំនឹងរៀបចំពិធីភ្ជាប់ពាក្យផ្លូវការមួយឱ្យបានត្រឹមត្រូវបំផុត ! ប្រសិនថ្ងៃនេះ អ្នកមីងងក់ក្បាលអនុញ្ញាត !»

ខ្ញុំថប់ដង្ហើម រាងកាយទន់ញាក់ ស្ទើរតែមិនជឿត្រចៀកខ្លួនឯង ។

ភ្ជាប់ពាក្យ ? ជាមួយមនុស្សដែលខ្ញុំទើបតែបានដឹងឈ្មោះពិតប្រាកដមុននេះបន្តិច ? គេឆ្កួតបាត់ទៅហើយមែនទេ ?

«ទេ… ខ្ញុំមិន… មានទំនាក់ទំនងអីជាមួយ… គេ… ទេ… »

ខ្ញុំរុញខ្លួនចេញពីក្រោយខ្នងម៉ាក់ និយាយដោយសំឡេងញ័រៗ និងតក់ស្លុត ទឹកភ្នែកដែលខំទប់បានរមៀលធ្លាក់ចុះមក ហើយប្រឹងនិយាយបន្ត

«នែ ខ្ញុំអង្វរណ៎ា… សូមចេញទៅសិនទៅ… ចេញពីផ្ទះខ្ញុំទៅណ៎ា ! កុំមកធ្វើឱ្យម៉ាក់ខ្ញុំភ័យជាងនេះទៀត !»

ខ្ញុំចង្អុលទៅមាត់ទ្វារទាំងអួលដើមក ។ បព្វតាសម្លឹងមកខ្ញុំ ចិញ្ចើមគេកន្ត្រាក់បន្តិចហាក់មិនពេញចិត្តដែលខ្ញុំបដិសេធគេនៅចំពោះមុខម្តាយបែបនេះ តែនៅទីបំផុត កែវភ្នែកនោះក៏ប្រែជាទន់ភ្លន់ ។

«បាន… តែបងនឹងមកទៀត !»

មុនពេលបែរខ្នង គេងាកមកបន្ថែម ៖

«បងទុកពេលឱ្យអូនគិត តែមិនឱ្យបដិសេធទេ ដាហ្ស៊ី !»

គេឱនក្បាលគោរពម៉ាក់ម្តងទៀត រួចបោះជំហានវែងៗចាកចេញពីផ្ទះបាយទៅក្រៅបាត់ស្រមោល បន្សល់ទុកតែភាពស្ងៀមស្ងាត់ និងក្លិនទឹកអប់ដែលនៅតែអណ្ដែតក្នុងខ្យល់ ។

ពេលឮស្នូរម៉ាស៊ីនឡានបរចេញទៅបាត់ម៉ាក់ក៏ស្រុតខ្លួនអង្គុយលើកៅអីយកដៃខ្ទប់មុខ… គាត់យំ… ខ្ញុំដឹងហើយស្ទុះទៅឱបគាត់ពីក្រោយ ទឹកភ្នែកស្រក់ចុះមកជោកស្មាគាត់ ។

«ម៉ាក់កុំយំ មានអីឯណា !»

មនុស្សម្នាក់គោះទ្វារ ធ្វើឱ្យពីរនាក់ម្តាយនិងកូនខ្ញុំភ័យជាថ្មី តែតាមពិតជាកូនចៅបព្វតាដែលយកកាបូបធ្វើការពីហាងមកប្រគល់ឱ្យខ្ញុំ ។ ពួកគេប្រគល់កាបូបមកឱ្យខ្ញុំដោយអាការៈកោតគោរពហើយចាកចេញ ។

ម៉ាក់តាមដេញសួរខ្ញុំខ្សឹបៗដោយទឹកមុខបារម្ភខ្វល់ខ្វាយ ៖

«ក្មេងប្រុសម្នាក់ហ្នឹង កូនចៅអ្នកណាគេ ម៉េចម៉ាក់នៅផ្ទះឧកញ៉ាវណ្ណឆៃ បានឃើញអភិជនមកជាច្រើន ហើយមិនដែលឃើញក្មេងនេះ ?»

ទ្វារផ្ទះត្រូវខ្ញុំទាញបិទមកយ៉ាងជិត ។ ខ្ញុំលបពិនិត្យតាមប្រលោះវាំងនន និងកញ្ចក់បង្អួច ទម្រាំដឹងថាគ្មានពួកគេនៅក្រៅ ទើបអាចស្រណុកចិត្តបានមកវិញខ្លះ  ក៏ទម្លាក់ខ្លួនអង្គុយជាមួយចុងម្រាមដៃដ៏ញាប់ញ័ររបស់ខ្ញុំ ។

«កូនឯងគួរតែដឹងហើយ ពួកអ្នកមានអស់នេះនឹងនាំបញ្ហាមកឱ្យ មិនមែនក្តីសុខទេ !»

ម៉ាក់បន្តវាចាពីផ្ទះបាយមក ឯខ្ញុំលូកប៉ះបបូរមាត់ខ្លួនឯងដែលនៅតែមានអារម្មណ៍ថាហើមពោរ និងដក់ជាប់កម្តៅដ៏កាចសាហាវរបស់គេមិនទាន់សាបរលាប ។ ក្លិនគេ… សម្ដីគេ…  ដង្ហើមគេ កែវភ្នែកគេ ដិតដាមមកក្នុងអារម្មណ៍នេះជាងមនុស្សដែលខ្ញុំបានស្គាល់ជាងពីរឆ្នាំមកនោះទៅទៀត ។

“បព្វតា…” ឈ្មោះនេះបន្លឺឡើងក្នុងខួរក្បាលខ្ញុំប្រៀបដូចជាបណ្តាសា ។

ខ្ញុំទាញទូរសព្ទមកចុចទៀត រកមើលមនុស្សនេះលើអ៊ីនធឺណិត ។ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងសោះ រូបភាពរបស់វេហាដែលធ្លាប់ជាចំណែកដ៏ធំក្នុងបេះដូងខ្ញុំ បែរជាត្រូវបានលុបបាត់យ៉ាងស្អាត… ជំនួសមកវិញនូវស្រមោលដ៏ខ្មៅងងឹត និងគ្រោះថ្នាក់របស់បុរសម្នាក់ទៀតដែលខ្ញុំរកឃើញគេលើបណ្ដាញសង្គម… បព្វតា ហៅ ទីន ។

ខ្ញុំខំប្រាប់ខ្លួនឯងថាខ្ញុំខ្លាចគេ ខ្ញុំស្អប់ភាពផ្ដាច់ការសាហាវយង់ឃ្នងរបស់គេ តែរាងកាយដ៏អន់ខ្សោយនេះ បែរជាក្បត់ប្រាជ្ញាទាំងស្រុង ។ ក្លិនទឹកអប់ឈើក្រអូបប្រហើរ ស្តើងៗរបស់គេ នៅតែបន្តវាយលុកសរសៃប្រសាទខ្ញុំឱ្យច្របូកច្របល់ តែចងចាំ… ខ្លាំង ។

ពេលនេះទើបខ្ញុំអាចប្រៀបធៀបបាន… ស្នេហាសោះអង្គើយរបស់បងវេហាកាលពីអតីតកាល ប្រៀបបានត្រឹមជាទឹកសាបរាក់ៗដែលគ្មានរសជាតិ និងងាយហួតហែង ។

តែព័ត៌មាននានាអំពីគេ… កូនមហាសេដ្ឋីពោះម៉ាយ… ជាកូនទោល… អំណាចលើឧស្សាហកម្មសិល្បៈខ្លាំងក្លា តែគ្មានមនោសញ្ចេតនាល្បីថា       បេះដូងត្រជាក់ លេបត្របាក់គូប្រជែងមានលុយច្រើនហួស បាតដៃធំអនេកសូម្បីតែចង្អុលអ្នកណាឱ្យដួល ក៏ក្ស័យធនបានងាយភ្លាម ។  កុំថាឡើយបិទការងារមនុស្សម្នាក់សូម្បីបិទទីផ្សារបញ្ឈប់កុងត្រាធ្វើបានត្រឹមប្រយោគបញ្ជាមួយឃ្លា… ?

គេ ?

មនុស្សប្រុសដែលបែកញើសជោកប្រឡាក់ស្រមក… ធ្វើការងារនៅរោងម៉ាស៊ីនបោះពុម្ពកាលពីយប់នោះ ជាមហាសេដ្ឋីជំនួញផ្ដាច់ការ ?

រសជាតិគេ… បបូរមាត់ផ្ដាច់ការរបស់គេ… សំឡេងគេ…

«កុំឱ្យសោះ … កុំហ៊ានបោះបោក ឬបដិសេធរាល់របស់ដែលបងប្រគល់ឱ្យអូនឱ្យសោះ… មិនអ៊ីចឹងទេ… បងនឹង… កុំឱ្យបងធ្វើរឿងដែលបងមិនចង់សូម្បីនិយាយវា !»

…នឹកឃើញឡើងវិញប្រាណខ្ញុំព្រឺរងា ។ អ៊ីចឹងទេតើ បានជា… ឫកពា  សម្ដីយកមេឃទ្រាប់អង្គុយ ?

ស្រមោលនៃភាពកំរោលលេបត្របាក់ត្រួតត្រារបស់ទីន… ប្រៀបដូចជាជាតិសុរាប្រភេទខ្លាំងបំផុតមួយដែលឆេះដុតរោលបំពង់កធ្វើឱ្យខ្ញុំឈ្លក់វង្វេង និងញៀនដោយមិនដឹងខ្លួន ។

តែ… ហេតុអីពេលវេលាងងឹតបំផុតនៃជីវិតនេះ ខ្ញុំត្រូវបានបុព្វេទាញឱ្យពាក់ព័ន្ធក្នុងសំណាញ់អំណាចរបស់បុរសម្នាក់នេះ… ចង់សួរគេណាស់… ចង់ដឹងពិតមែន ។

ម្រាមខ្ញុំអូសលើផ្នែក Contact ក្នុងទូរសព្ទដែលគេបាន Save ដាក់ទីនេះដោយចិត្តឯង ។  ខ្ញុំសើចបន្តិចទាំងហួសចិត្តនិម្មិតនឹងឃើញពាក្យ

«ទីន/បព្វតា ម្ចាស់ជីវិតអូន»

សភាវៈជាអ្នកត្រួតត្រាច្បាស់ឱ្យទែង !!!

ខ្លួនជាស្អី ? ខ្ញុំជារបស់ខ្លួនពីអង្កាល់ ? ប្រហែលមានអំណាចពេក ក្រអឺតយូរមកហើយ គិតថា… គ្រប់គ្នាជាសម្បត្តិជាទ្រព្យសកម្មរបស់ខ្លួន ?

ខ្ញុំទម្លាក់ទូរសព្ទទៅមួយចំហៀង… បូញមាត់មិនសុខចិត្តហើយទាញភួយមកដណ្តប់ជិតឈឹងដូចខំបង្វឹកខ្លួនឯងឱ្យចេះប្រុងប្រៀបជាងមុន ការពារខ្លួនពីអ្វីម្យ៉ាងថ្មី ហៀបនឹងចូលមកក្នុងជីវិតមួយនេះ ។

តុក !

គ្មានអ្នកណាគោះទ្វារទេ ។ គឺសារលើទូរសព្ទខ្ញុំ ។ បើកភ្នែកខ្វាក ខ្ញុំគិត… អ្នកណា ? ពិតណាស់ ខ្ញុំគិតពីគេ…

ខំប្រឹងបិទភ្នែកវិញធ្វើមិនដឹងមិនឮ ព្រោះមនុស្សសំខាន់របស់ខ្ញុំនៅផ្ទះជាមួយខ្ញុំគាត់មិនផ្ញើសារមកទេ ។ ប៉ាខ្ញុំ… គាត់លែងកាន់ទូរសព្ទច្រើនឆ្នាំហើយ… ប្រុសក្បត់ចិត្ត ខ្ញុំប្លក់បាត់ហើយ តាំងពីម្សិល…

ខ្ញុំហត់ណាស់… ចង់គេងបន្តិច ចង់សម្រាក… តែ… ចុះបើជានីកូល ? មិត្តភ័ក្ដិតែមួយគត់ដែលតែងតែនៅក្បែរខ្ញុំគ្រប់កាលៈទេសៈ ?

ខ្ញុំដកដង្ហើមធំលូកដៃទាញទូរសព្ទពីលើពូកមកបើកមើលក្នុងភាពងងឹត ។ ពន្លឺអេក្រង់ជះមកប៉ះភ្នែកធ្វើឱ្យខ្ញុំត្រូវព្រិចភ្នែកសម្លឹងមើលសារក្នុង Telegram ។ ពិតមែន… ជានីកូល !

នីកូល ៖ “ដាហ្ស៊ី ! ធ្វើអី ? នៅណា ? យើងមានរឿងបន្ទាន់ចង់ប្រាប់ !”

ខ្ញុំប្រញាប់វាយសារតបទៅវិញទាំងឆ្ងល់ ។

ដាហ្ស៊ី ៖ “នៅផ្ទះ ! មានរឿងអី នីកូល ???”

សារខាងនោះលោតអក្សរ “Typing…” យ៉ាងយូរ ហាក់ដូចជាម្ចាស់វាកំពុងរំភើប ឬតក់ស្លុតខ្លាំង ស្មើសន្ទុះបេះដូងពិភាល់របស់ខ្ញុំ ។ មិនចម្លែកទេដែលខ្ញុំចេះថប់បារម្ភ ហើយក្រោកអង្គុយ… មួយរយៈនេះ ចួបរឿងច្រើនពេកហើយ ។ ក្រោមការរង់ចាំរបស់ខ្ញុំ មួយសន្ទុះក្រោយមក សារមួយវែងក៏លោតឡើងមក ៖

“ដាហ្ស៊ី ! ឯងចាំបានទេ រឿងបំណុលធនាគារដែលម៉ាក់យើងជំពាក់គេ រហូតដល់ជិតត្រូវគេរឹបអូសផ្ទះនោះ ? មិញនេះ… ស្រាប់តែមានមេធាវីតំណាងក្រុមហ៊ុនធំមួយទូរសព្ទមកម៉ាក់យើងទាំងយប់ ! គេប្រាប់ថា មានអ្នកមាន… អ្នកណាមិនដឹងទេ…  បានជួយទិញបំណុលនោះផ្តាច់ពីធនាគារតាវណ្ណឆ័យរួចហើយ ! ម៉ាក់យើងលែងជំពាក់គេទៀតហើយ ដាហ្ស៊ី ! ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀត គេថែមទាំងឱ្យមនុស្សខលមកថា ចង់ផ្តល់ឱកាសសាកល្បងការងារដល់យើង ! នៅក្រុមហ៊ុន Art Toy Industry ធំមួយ ហា ! យើងសឹងតែមិនជឿទេ ! ដូចយល់សប្តិអ៊ីចឹង ! ស្អែកនេះយើងត្រូវទៅបង្ហាញខ្លួន ! ឯងគិតមើល ត្រូវអរ ឬភ័យ ? ស្នាដៃអ្នកណា ?”

បេះដូងខ្ញុំដូចត្រូវគេឆក់ដោយចរន្តអគ្គិសនី ។ ទូរសព្ទសឹងតែជ្រុះពីដៃ ហើយចង្រៃអីចិត្តនេះម៉ៃភ្លាមៗលើបព្វតា ។

គេទើបតែយប់មិញនេះតាមដាននីកូលចេញពីផ្ទះខ្ញុំសោះហ្នឹង បើគេអាចដឹងសូម្បីរឿងបំណុលម្តាយនីកូល និងរឿងថាមិត្តកម្សត់ខ្ញុំបានដើររកការងារសឹងម្ភៃកន្លែងធ្លាក់ឬព្យួរឱ្យរង់ចាំទាំងអស់ តើគេ… ជាមនុស្សដៃទិព្វត្រចៀកទិព្វ ?

មិនមែនគេទេ ។ ខ្ញុំបន្លប់ខ្លួនឯងហើយលេបទឹកមាត់ល្វីង… និយាយ Voice ទៅរកមិត្ត ។

«អ្នកណាគេ ? ម៉េចឯងមិនសួរឱ្យច្បាស់ ? ទិញបំណុលផ្តាច់ពីធនាគារបានទាំងយប់អធ្រាត្របែបហ្នឹង ខ្មោចឬទេវតា ?»

សំឡេងនាងញ័រៗ ៖

«គឺ… !» នាងដូចមានរឿងអ្វីមួយលាក់ៗ ?

«ឯង… ឯងមានស្អីចង់និយាយ ម៉េចលឹបល ?»

ខ្ញុំសួរដោយខ្សាវៗ តែបុកពោះ ។ នីកូលគ្រហែមហើយតបវិញយឺតៗ ៖

«យើងសម្លុតសួរអ្នកនាំពាក្យមកនោះដែរ គេជាមេធាវីម្នាក់ គេថា… ចៅហ្វាយគេ… ជា… មិត្តរបស់ឯង… នាងដាហ្ស៊ី !»

«ស្អីគេ ?» ខ្ញុំខ្សឹបបានតែពីរម៉ាត់ទេ ខ្ញុំគាំងវិញ ។ បេះដូងនេះដឹង !

សំណាញ់នេះរឹតខ្ញុំ និងមនុស្សដែលពាក់ព័ន្ធខ្ញុំគ្រប់គ្នា ។ ខ្ញុំនិងគ្រប់យ៉ាងដែលនៅជុំវិញ គេស៊ើបដឹងអស់ហើយ ?

អូយ ! ថប់ដង្ហើម !

ស្អីគេនេះ ?

ខ្ញុំគិតផង ចុចមើលរូបថតនីកូលដើរទិញអីវ៉ាន់កណ្តាលភ្លៀងកាលពីយប់មិញ ។ មនុស្សដែលដាក់ឈ្មោះខ្លួនឯងថា “ទីន/បព្វតា ម្ចាស់ជីវិតអូន” នៅក្នុងទូរសព្ទខ្ញុំ គឺកំពុងញញឹមនៅទីណាមួយមិនដឹង ខណៈគេកំពុងបឺតយកអុកស៊ីហ្សែនចេញអស់បន្តិចម្តងៗពីក្នុងពិភពលោករបស់ខ្ញុំ ។

ខ្ញុំបើកភ្នែកធំៗសម្លឹងទៅពិដានផ្ទះក្នុងភាពងងឹតស្លុប ។

មានភាគបន្ត …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*