រឿង៖ នាងនិងគេ (ភាគ១៦)

ខ្ញុំចាប់ផ្តើមវាសវង់ចុងខ្មៅដៃលើក្រដាសទទេ… គូសចេញជាទម្រង់ផ្ទៃមុខដ៏ទន់ភ្លន់ កែវភ្នែករឹងរូស និងបបូរមាត់ដែលខ្ញុំទើបតែបានត្របាក់យកកាលពីប៉ុន្មានម៉ោងមុន ។

«គេងឱ្យលក់ទៅ កូនបក្សីតូចរបស់បង…»

ខ្ញុំខ្សឹបតិចៗកណ្តាលភាពងងឹតខណៈចុងខ្មៅដៃនៅតែបន្តផ្ដិតស្រមោលលើក្រដាស «ព្រឹកស្អែក ពេលអូនបើកភ្នែកឡើង… ទ្រុងមាសមួយនេះ សង់រួចរាល់ជាស្ថាពរ រង់ចាំទទួលអូន ។»

ភាពវក់វង្វេងមួយនេះ គ្មានថ្នាំណាអាចព្យាបាលបានទេ ក្រៅពីបានអូនមកគ្រងជាកម្មសិទ្ធិផ្តាច់មុខ… ទោះជាត្រូវប្រែក្លាយខ្លួនជាបិសាចកំណាចជាងនេះដប់ដងទៀតក៏ដោយ ដាហ្ស៊ី !

ប៉ានិងគំនូរជីវិត​ (តំណាលដាហ្ស៊ី)

ពន្លឺព្រះអាទិត្យជះកាត់ស្រមោលអ័ព្ទនិងសំណើមភ្លៀងកាលពីយប់មិញ ប៉ុន្តែមិនបានជួយជម្រះភាពស្មុគស្មាញ និងការភ័យខ្លាចនៅក្នុងខួរក្បាលរបស់ខ្ញុំសូម្បីបន្តិចណា ។

ពេញមួយយប់ ខ្ញុំបិទភ្នែកគេងមិនស៊ប់១០០ភាគរយទេ ។ រូបភាពដែលគេឈរប្រកាសនៅក្នុងផ្ទះបាយ និងក្លិនទឹកអប់របស់គេ នៅតែតាមលងបន្លាចខ្ញុំ ។ អ្វីដែលធ្វើឱ្យខ្ញុំរឹតតែភ័យស្លន់ស្លោបំផុតនោះ គឺពាក្យសម្ដីរបស់គេទាក់ទងនឹងគ្រួសារខ្ញុំ និង «ថ្លៃពេទ្យរបស់ប៉ា» ។

ម៉ោងទើបតែ ៦ និង ៣០ នាទីព្រឹក ខ្ញុំប្រញាប់អូសជើងដ៏ធ្ងន់ និងនឿយហត់មកដល់មន្ទីរពេទ្យ «សមុទ្ទចិត្ត» ។ ខ្ញុំដើរសំដៅទៅអគារអ្នកជំងឺទូទៅដែលពោរពេញដោយក្លិនថ្នាំសម្លាប់មេរោគ និងសភាពអាប់អួ ។

ប៉ុន្តែ… ពេលទៅដល់គ្រែរបស់ប៉ា ខ្ញុំស្រាប់តែគាំងធ្មឹង ។ គ្រែទទេស្អាត ! កម្រាលពូកត្រូវគេរៀបចំទុកយ៉ាងមានរបៀប ។ គ្មានប៉ា គ្មានសម្លៀកបំពាក់ ឬអីវ៉ាន់របស់គាត់ ។

«បងពេទ្យ !» ខ្ញុំរលះរលាំងស្ទុះទៅសួរគិលានុបដ្ឋាយិកាដែលកំពុងដើរកាត់ ទាំងសំឡេងញ័រទទ្រើក «ប៉ាខ្ញុំ… លោកធន្នក្រៃ គាត់ទៅណាហើយ ?»

គិលានុបដ្ឋាកនាយិកាងាកមកញញឹមបិទមាត់មិនជិតដូចគោរពកោតក្រែងប្លែកហើយស្រដីតបដោយសំឡេងស្រទន់ ៖

«អូ ! អូន ! កុំបារម្ភ លោកពូធន្នក្រៃ ផ្លាស់ទៅបន្ទប់ VIP តាំងពីព្រលឹមស្រាងៗហើយ !»

ខ្ញុំបើកភ្នែកធំៗ បំពង់ករអាក់ ។ ហោចណាស់ អូខេ មិនមែនផ្លាស់ចេញពីទីនេះ… តែសំឡេងខ្ញុំស្រាប់តែញ័រ ៖

«តែ… បង… ខ្ញុំ… គ្រួសារខ្ញុំមិនបានស្នើសុំឯណាបង ?  យើងមានលុយឯណាទៅបង់ថ្លៃ បន្ទប់ VIP បែបនោះទេ… »

«អូ ! គឺ… ហ្នឹងទាល់តែអូនទៅសួរខាងការិយាល័យគណនេយ្យ ! បងមិនដឹងដែរ ឃើញមានគេមកច្រើនគ្នា ចាត់ចែងយ៉ាងរហ័ស ហើយ… ជូនលុយធីបពួកយើងគ្រប់គ្នានៅអគារចាស់នេះទៀត មុនចេញទៅ !»

បេះដូងខ្ញុំ បើវាចេះជ្រុះ ប្រហែលជាធ្លាក់ក្ដុកដល់បាតជើងដូចអ្នកនិពន្ធរឿងរន្ធត់គេចំណាំសរសេរ ។

«អូនឯងសំណាងណាស់ !»

ថែមប៉ុនណឹងទៀត បានគាត់ចាកចេញ ទុកឱ្យខ្ញុំនៅថ្លឹងពាក្យគាត់ទាំងឈានមិនរួច ។

សំណាង ? នេះមិនមែនជាសំណាងទេ តែជាសំណាញ់ !

បព្វតា ???? ប៉ិទីន ?

កិរិយារបស់គេ… ពាក្យសម្ដីរបស់គេកាលពីយប់មិញ គេកំពុងតែអនុវត្តវាពិតមែន ។ គេចងដៃចងជើងខ្ញុំ ?

ឥឡូវនេះ  គេលេងដល់យកសុវត្ថិភាពប៉ាខ្ញុំមកធ្វើជាចំណាប់ខ្មាំងផ្លូវចិត្តរបស់ខ្ញុំបាត់ទៅហើយ ។

ខ្ញុំលែងមាត់… ប្រញាប់រត់សំដៅទៅបញ្ជរព័ត៌មាន ។ សភាពដែលបងអ្នកទទួលភ្ញៀវនិយាយប្រាប់គឺ ប៉ាខ្ញុំត្រូវបានមនុស្សហំហានមួយក្រុមមកនាំទៅស្នាក់នៅបន្ទប់ VIP មានទាំងវិក្កយបត្របង់ប្រាក់ដល់ទៅ៣ឆ្នាំ ។

ទាំងកំហឹង និងការភ័យខ្លាចពុះកញ្ជ្រោលពេញទ្រូង ខ្ញុំនិយាយអួលៗ ៖

«ពួកបងឯងធ្វើការម៉េចហ្នឹង ? ខ្ញុំជាអ្នកផ្ទះអត់នៅផង រើប៉ាខ្ញុំអត់ខលសួរមួយម៉ាត់ ?»

ពួកគេធ្វើភ្នែកឡិងឡង់ដែលខ្ញុំខឹងខ្លាំង តាមពិតគេគិតថា មិនបានយកអ្នកជំងឺទៅណា ហើយថែមទាំងផ្តល់ទីតាំងថ្មីមានផាសុកភាព ជាមួយលុយបង់ច្រើនសន្ធឹកបានជាមិនមានអ្វីត្រូវសង្ស័យ ។ ខ្ជិលនិយាយច្រើនទៀត ខ្ញុំទាររកសោនិងលេខបន្ទប់ ហើយរលះរលាំង  ដើរផង ខ្ញុំផ្ញើសារទៅម៉ាក់នៅផ្ទះផងថា ៖

«ម៉ាក់ កុំបើកទ្វារឱ្យអ្នកណាចម្លែកចូលផ្ទះឱ្យសោះណា៎ !»

«ថីកូន ?»

គាត់បារម្ភហើយ… ហឹម មិនអាចឱ្យគាត់ដឹងឮគ្រប់យ៉ាងនៅទីនេះទេ ។ ខ្ញុំគិតហើយ ទើបប្រញាប់សម្រួលសំឡេងតបវិញ ៖

«ចាំកូនដល់ផ្ទះសិន ចាំនិយាយ !»

ពេលជណ្តើរយន្តបិទ ខ្ញុំដាច់ការទាក់ទង ។ ប្រអប់ដែកនេះ ថ្ងៃនេះម្តេចយឺតម្ល៉េះ ? វាដំអក់ ជាមួយនឹងសម្ពាធមួយធ្ងន់សែនធ្ងន់ក្នុងទ្រូងខ្ញុំ ។ សម្ពាធថ្មីនេះ បានបញ្ចប់ទៅគ្រប់យ៉ាងនូវសភាពខូចចិត្តបាត់បង់ស្នេហារបស់ខ្ញុំ ។

ដំបូងៗខ្ញុំទាយទុកថា ឱ្យតែមានព័ត៌មានលើបណ្ដាញសង្គមអំពីគម្រោងរៀបការកម្រិតអភិជនរបស់កូនស្រីលោកវណ្ណឆៃ ខ្ញុំនឹងមិនអាចធ្វើការងារអ្វីកើតនោះទេ… គ្រប់យ៉ាងដែលបានកើតឡើងមកហាក់ឃោរឃៅពេក ខ្ញុំនឹងទទួលយកមិនបានពិតមែន… ប៉ុន្តែហេតុអ្វីពេលនេះ… គ្រប់យ៉ាងជាមួយឈ្មោះវេហាបានសាបឈឹង ?

ទ្វារជណ្តើរបើកនៅជាន់ទី៥ បរិយាកាសខុសស្រឡះពីជាន់ក្រោមដាច់ ។ ទីនេះមាន ក្លិនទៀនស្លឹកគ្រៃក្រអូបប្រហើរ ស្ងាត់ជ្រងំ និងមានកម្រាលព្រំក្រាស់ទន់ល្មៃដែរ ។

ខ្ញុំឈានជើងយឺតជាងមុន… ទៅឈរនៅមុខបន្ទប់ V-01 តាមដែលគេប្រាប់ ដោយកម្លាំងដៃដែលញាប់ញ័រ បម្រុងនឹងរុញទ្វារចូលទៅតក់ក្រហល់ តែខ្ញុំត្រូវភាំងវិញដោយទ្វារមិនបានបិទ ។

…ទិដ្ឋភាពនៅចំពោះមុខ ធ្វើឱ្យដង្ហើមដែលកំពុងហត់ខ្មួលរបស់ខ្ញុំ ត្រូវគាំងស្តូក ។ នេះមិនមែនជាបន្ទប់ពេទ្យទេ តែប្រណីតដូចជាសណ្ឋាគារលំ   ដាប់ ។ ពន្លឺព្រះអាទិត្យពេលព្រឹកជះចូលតាមផ្ទាំងកញ្ចក់ថ្លា ប៉ះរានហាលដែលមានសួនច្បារឯកជនខ្នាតតូច ។

ប៉ារបស់ខ្ញុំដែលតែងតែភ័យខ្លាចមនុស្សប្លែកមុខរហូតដល់ស្រែកប្រកាច់ និងលាក់ខ្លួននៅជ្រុងគ្រែនោះ បែរជាកំពុងអង្គុយលើកៅអីញញឹមស្ងប់ស្ងាត់ ។

ហើយអ្នកដែលអង្គុយក្បែរគាត់… គឺគេ… បព្វតា ។

គេមិនបានពាក់អាវធំពណ៌ខ្មៅដ៏មានអំណាចគាបសង្កត់ដូចពីយប់មិញ ទេ ហើយក៏មិនមានអង្គរក្សឈរយាមរេរាជុំវិញគួរឱ្យខ្លាចដែរ ។ ថ្ងៃនេះ គេមានត្រឹមអាវសឺមីពណ៌ទាហានបត់ដៃអាវឡើងត្រឹមកែងដៃបញ្ចេញកំភួនដៃដ៏រឹងមាំ ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលស្ទើរតែមិនជឿភ្នែកខ្លួនឯងនោះ ផ្ទាំងក្រដាសគំនូរបីបួនសន្លឹកកំពុងបញ្ឈរលើទម្រក្បែរប៉ា ។

ខ្លួនគេ គេកំពុងកាន់ជក់មួយដើមនៅចន្លោះម្រាមដៃដ៏ធំគ្រើមរបស់គេ ។

«កូនដា !» ប៉ាងាកមកឃើញខ្ញុំ គាត់ស្រែកហៅដោយក្តីរំភើប «មកនេះកូន… មើលនែ ទីន… គេកំពុងគូររូបសមុទ្ទ ! …គូរស្អាតណាស់ !»

អភិជនមុខរឹងញញឹមតិចតួចនឹងវត្តមានខ្ញុំ តែគេមិនងាកមកឡើយ ។ គេធ្វើដូចវត្តមានខ្ញុំមិនមែនរឿងអ្វីគួរភ្ញាក់ផ្អើល ថែមគ្មានអ្វីសំខាន់ស្មើគំនូររបស់គេផង ។

បាន ! ស្មានថាគិតមិនយល់ ? តាមពិតប៉ិឯងមានកងហែហមនៅចាំតាំងពីទ្វារក្រៅពេទ្យហើយឱ្យដំណឹងមកជាមុន ?

មនុស្សល្បិចខ្លាំង !

ខ្ញុំឈានដោយមុខស្មើ… បោះជំហានចូលទៅជិតគេម្នាក់នេះមួយៗដូចមនុស្សត្រូវមន្តអាគម ។ ជើងខ្ញុំធ្ងន់ស្ពឹក ។ នេះជាប៉ាខ្ញុំមែនទេ ? បុរសដែលកំពុងសើចសប្បាយនេះ ជាប៉ាដែលកន្លងមកតែងតែយំរវើរវាយមែនទេ ?

តើបិសាចម្នាក់នេះប្រើមន្តអាគមអ្វី មកទម្លុះរបាំងការពាររបស់មនុស្សវិកលចរិតបានលឿនបែបនេះ ?

ពេលខ្ញុំដើរចូលទៅដល់ក្បែរតុ ខ្ញុំទម្លាក់ភ្នែកសម្លឹងមើលផ្ទាំងគំនូរនៅចុងជក់គេ ។ វាជារូបទេសភាពសមុទ្ទខៀវស្រងាត់ ប៉ុន្តែ… អ្វីដែលលេចធ្លោជាងគេ គឺរូបខ្ញុំ ?  កំពុងញញឹមជាមួយប៉ាញ៉ាំកាហ្វេក្បែរកូនតុមួយនាផ្នែកម្ខាងនៃដងដែនឆ្នេរខ្សាច់ ។

ស្នាមវាសនីមួយៗរបស់គេកំពុងធ្វើបន្ត គឺច្បាស់ៗ ចំៗ ថ្នឹក ហើយមានព្រលឹងព្រលះនិងសិល្បៈនៃភាពទន់ភ្លន់ដែលផ្ទុយស្រឡះពីចរិតរម៉ាំង រម៉ោករបស់គេ ។ ម្រាមដៃដែលខ្ញុំគិតថាចេះតែក្ដោបក្ដាប់ចង្កាខ្ញុំ  និងចង្អុលច្រមុះខ្ញុំបញ្ជានេះនោះតាមអារម្មណ៍ ពេលនេះកំពុងតែផ្ដិតយកពន្លឺ និងស្រមោលគំនូរយ៉ាងថ្នមៗផ្ចិតផ្ចង់ ។

បព្វតាងើបមុខឡើងបន្តិចមកមើលខ្ញុំដែលនៅធ្មឹង ។ ពន្លឺភ្នែកឌឺដងជ្រៅ សន្លឹមរាប់លានអត្ថន័យរបស់គេប្រទាក់នឹងកែវភ្នែកខ្ញុំ ។ មិនមានពន្លឺនៃការគាបសង្កត់ ឬកំហឹងដូចមុនៗទេ តែជាខ្សែភ្នែកដែលស្ងប់ស្ងាត់ដូចអណ្តាតភ្លើងខៀវកំពុងទម្លុះវិញ្ញាណខ្ញុំ ។

«ក៏ចេះគូររូបដែរ ?»

ស្អែកចួបគ្នាជាថ្មី …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*