ខ្ញុំរបូតមាត់សួរដោយភ្លេចខ្លួនជាមួយដង្ហើមដែលពោរពេញដោយការភ្ញាក់ផ្អើល សឹងថាភ្លេចអស់នូវកំហឹងដែលត្រៀមមកតវ៉ាជាមួយគេ ។
ប្រុសម្នាក់នេះ ឈប់ចលនាដៃសន្សឹមៗ ។ គេបំបែរគំនូរនោះ រួចប្រគល់ជក់ទៅឱ្យប៉ាខ្ញុំកាន់ ។ ខ្ញុំរេទៅទាំងលេបទឹកមាត់បារម្ភ ។
ប៉ាខ្ញុំមានជំងឺញ័រដៃ និងទ្រូង ។ លោកខានបានគូររូបជាយូរមកហើយ ។ ប៉ាតែងតែបោកកម្ទេចផ្ទាំងគំនូរ និងឧបករណ៍វិចិត្រកម្មទាំងអស់ណាដែលនៅក្បែរដៃចោល ព្រោះវិបត្តិផ្លូវចិត្តយ៉ាងជ្រាលជ្រៅ ។
ចម្លែកដែលពេលនេះគាត់ញញឹមទទួលជក់ពីមនុស្សចម្លែករួចផ្តើមគូសវាសយ៉ាងជក់ចិត្ត ។ ខ្ញុំឈរភ្លឹក… ហើយប្រហែលជាកំពុងតែញញឹម សន្សឹមៗឡើងមកទាំងមិនដឹងខ្លួនទេ ព្រោះស្រមោលជាវិចិត្រករដ៏អស្ចារ្យរបស់ប៉ា បានវិលត្រលប់មកវិញទាំងគ្មានអ្នកណាម្នាក់ធ្លាប់សង្ឃឹមទុក ។
ខាងគេដើរចេញទៅរានហាលខាងក្រៅ ធ្វើឱ្យខ្ញុំទាញអារម្មណ៍មកវិញ ។ ខ្ញុំដើរទៅតាមគេតត្រុកព្រោះត្រូវការសួរនាំ តែពេលមកក្បែរគេ ខ្ញុំគ្មានពាក្យនិយាយទាល់តែសោះ… ។
បរិយាកាសប្រែជាស្ងាត់ជ្រងំ ។ បព្វតាងាកមក ហើយសម្លឹងមើលកែវភ្នែកខ្ញុំដោយភាពស្ងៀមស្ងាត់ ។
ខ្ញុំទម្លាក់ភ្នែកវិញព្រោះមានអារម្មណ៍មួយថ្មី… គេនេះ… សង្ហា… ?
ភ្នែកដែលទម្លាក់ នៅឆ្លៀតលបគ្រលៀសមើលចង្កេះគេ ពោះរាបស្មើ និងដៃអាវលាត់បង្អួតដើមដៃរឹងមាំ មុននឹងបន្លឺសំឡេងសួរ ៖
«កំពុងធ្វើអី ?»
«កំពុងធ្វើរឿងច្រើនណាស់ ! សួររឿងមួយណា ?»
គេនិយាយទាំងងើបមុខមើលមេឃហើយស្ងាបហមៗ ។
«បងមិនទាន់បានចូលគេងផង មេឃភ្លឺបាត់ហើយ ! បងធ្វើរឿងច្រើនណាស់ សួររករឿងមួយណា ? សួរមក បងប្រាប់ !»
ប្រយោគមួយនេះ បានចាក់ទម្លុះរបាំងការពារដ៏រឹងមាំរបស់ខ្ញុំទម្លាយដល់បាតបេះដូង ។ ហេតុអ្វីជីវិតគេអណ្ដែតមកជាចម្ងល់ក្នុងចិត្តខ្ញុំ ? ហេតុអីពេលខ្ញុំឮហើយ ក៏រឹតចង់ដឹងអំពីគេច្រើនឡើងៗ លើសពីអ្វីដែលគេប្រាប់ ? គេមិនដេកទេយប់មិញ ? …បើអ៊ីចឹង គេមកទីនេះធ្វើអី ? គេមានកប់ពពក គេហៅភ្លៀងខ្យល់បាន… អាចជះលុយធ្វើអ្វីៗត្រឹមមួយប៉ប្រិចភ្នែក ហេតុអីកាលណោះគេទៅរោងពុម្ពធម្មតាៗមួយ ហើយជួសជុលម៉ាស៊ីន ?
គេងាកមកហើយ… ថែមខិតចូលមកផងព្រោះខ្ញុំស្ងាត់យូរពេក… បានត្រឹមក្រឡង់ៗមើលមុខគេដោយគ្មានវាចា ។
«អ្ហះ ? រឿងអី រឿងណាមួយ ?»
«រឿងជាមួយខ្ញុំ ?»
គេសើច… ម្តេចក៏សំណើចនេះអាចបញ្ជាឱ្យបេះដូងខ្ញុំរំជួល ?
«យើងមានរឿងអីជាមួយគ្នា ?»
«ឈប់ធ្វើពើទៅ ? លេងសើចអីគេជាមួយគ្រួសារខ្ញុំ ? យកប៉ាខ្ញុំឡើងមកជាន់នេះ មានល្បិចអី ? អ្នកណាយល់ព្រម ?»
ប្រុសម្នាក់នេះមិនតបខ្ញុំភ្លាមៗទេ ។ គេងាកទៅមើលប៉ាខ្ញុំដែលកំពុងតែផ្ចិតផ្ចង់គូររូបសមុទ្ទយ៉ាងមានក្តីសុខ ទើបគេលើកចង្អុលដៃមកដាក់កាត់បបូរមាត់ខ្លួនឯង ជាសញ្ញាឱ្យខ្ញុំបន្ថយសំឡេង ។
«កុំឡូឡា… ដាហ្ស៊ី ! ប៉ាអូនទើបតែរកឃើញភាពស្ងប់ស្ងាត់ទេ !»
គេខ្សឹបតែជាការខ្សឹបដែលស្តាប់ទៅដូចជាការប្រៀនប្រដៅដ៏ទន់ភ្លន់លាយឡំនឹងការព្រមាន ។
ខ្ញុំខាំមាត់ ព្រោះដឹងថាគេនិយាយត្រូវ ។ ខ្ញុំមិនចង់ឱ្យប៉ាភ្ញាក់ផ្អើល ឬភ័យខ្លាចដោយសារការឈ្លោះប្រកែកគ្នារបស់ពួកយើងឡើយ ។
បព្វតាងាកមកសម្លឹងខ្ញុំវិញ ។ កែវភ្នែកគេបង្ហាញពីភាពនឿយហត់ពិតមែន ។ គេដកដង្ហើមធំ រួចនិយាយដោយសំឡេងស្អកៗ តែសិចស៊ីប្លែកត្រចៀក ៖
«សុំកាហ្វេមួយកែវសិនបានទេ ? កុំដាច់ចិត្តពេក !»
ប្រុសស្អាតម្នាក់នេះ គេស្នើមកក្នុងន័យរំអួយៗ តែសំឡេងស្មើស្រាលៗដដែលដោយសម្លឹងចំៗកែវភ្នែកខ្ញុំ ។
ក្រឡេកមកស្នាមញញឹមចុងមាត់តិចៗរបស់គេខ្ញុំស្ទើរតែភ្លេចថាខ្ញុំកំពុងខឹងនឹងគេដែលមកជ្រៀតជ្រែកជីវិតឯកជនរបស់ខ្ញុំ ។
ពួកយើងបានចុះមករកហាងកាហ្វេមួយនៅកែងមន្ទីរពេទ្យ ព្រោះខ្ញុំក៏យល់ថាគួរតែអង្គុយចុះហើយនិយាយគ្នាឱ្យបានច្បាស់ៗ ឱ្យដឹងរឿងម្តង ។
ខ្ញុំអង្គុយរង់ចាំពេលគេទៅបញ្ជាទិញ ។ មនុស្សខ្លះសម្លឹងមកពួកយើង… ប្រហែលជា គេមានលក្ខណៈសម្បត្តិម្យ៉ាង មិនដូចអ្នកដទៃដែលមកជាវ កាហ្វេទីនេះ ។
ខ្ញុំវិញដោយស្ទាក់ស្ទើរ ខ្ញុំលបសម្លឹងគេពីឆ្ងាយ ។
ខ្ពស់… ស្តើង… សង្ហា… ឡូយ… សូម្បីតែក្នុងឈុតធម្មតាយ៉ាងណា ។
ហេតុអីគេដើរចូលមកក្នុងជីវិតខ្ញុំ ?
ជាលើកដំបូង… ដែលខ្ញុំផ្តើមចង់រម្លឹកឡើងមកវិញអំពីល្ងាចមួយដែលយើងបានចួបគ្នានៅរោងពុម្ព ។
«ដៃជើងតូចៗ ស្គមៗចឹង ទៅកសាងអាណាចក្របុរាណខ្មែរបានដែរ ?»
កាលណោះគេថាឱ្យតុក្កតារបស់ខ្ញុំ ។ ខ្ញុំខំរកនឹកមើលពាក្យឆ្លើយឆ្លងខ្ញុំខ្លួនឯងនៅល្ងាចនោះ ៖
«ជំនាន់ហ្នឹងគេច្បាំងដោយយុទ្ធសាស្ត្រ ! បងឯងស្មានថា… គ្រប់មនុស្សមាឌមាំធំសុទ្ធតែខ្លាំង ?»
គេវិលមកវិញហើយ… ភ្នែកខ្ញុំនេះមិនស្តាប់បញ្ជាខ្ញុំសោះ វាឆ្ងក់សម្លឹងមុខគេក្រឡង់ៗដូចមិនដែលបានឃើញប្រុសស្អាតកាន់កាហ្វេមកពីរពែងដោយខ្លួនឯង ។
គេអង្គុយចុះមកបង្អួតកាយខ្ពស់លលៃពីមុខខ្ញុំ ។
សម្លឹងមើលទម្រង់មុខដែលពោរពេញដោយអំណាចរបស់គេ… មិនគួរឱ្យជឿថា ពួកសេដ្ឋីចរិតផ្ដាច់ការកប់ពពកដូចគេ មកទិញកាហ្វេលើកមកឱ្យខ្ញុំដល់តុ ?
«ទិញធំម៉្លេះ ? និយាយគ្នាឱ្យដាច់ស្រេចតែបន្តិចទេ ខ្ញុំឡើងទៅមើលប៉ាវិញហើយ ។»
«ភ័យម៉្លេះ ? បងជួលគិលានុបដ្ឋាកពីរវេនចេញចូលរហូត មិនបាច់ខ្វល់ព្រួយអីទាំងអស់ !»
ខ្ញុំដង្ហក់ខឹងនឹងការចាត់ចែងនេះ ។ យើងគួរតែឆាប់គូសបន្ទាត់ព្រំដែនជាមួយបិសាចរូបស្អាតម្នាក់នេះឱ្យច្បាស់លាស់ មុននឹងយើងត្រូវវង្វេងក្នុងល្ខោនរបស់គេ ។
មិនទាន់អីផង… ស្រាប់តែមានសំឡេងមួយបន្លឺឡើងហៅឈ្មោះខ្ញុំ ៖
«ដាហ្ស៊ី !»
ខ្ញុំងាកទៅរកប្រភពសំឡេងហើយញញឹមគួរសមភ្លាម ព្រោះនោះគឺលោកគ្រូពេទ្យ ផាណង្គ គាត់ធ្លាប់ជាពេទ្យចិត្តសាស្ត្រដែលមកជួយមើលប៉ាកាលមកទីនេះដំបូងៗ ។
វេជ្ជបណ្ឌិតវ័យក្មេងស្រស់សង្ហា និងរួសរាយរាក់ទាក់ដើរមករកខ្ញុំ ហើយគេត្រូវអាក់បន្តិចពេលឃើញខ្នងបព្វតា ។
ខ្ញុំរេភ្នែកមកវិញឃើញកែវភ្នែកប្រុសអ្នកមានលែងស្រទន់បែរជាមើលមកខ្ញុំមុតៗ ។ ពេទ្យកំលោះនៅពីក្រោយខ្នងគេ គេមិនខ្ចីបែរទេ… គេនេះឆ្មើងកន្ទ្រើងហើយកាចខុសរបៀប ។ មើលចុះ … មុននេះញញឹមសោះ… ពេលនេះដូរមកធ្វើក្រញូវ ច្រងាងដៃ គងជើងអង្គុយសម្លឹងខ្ញុំ ដូចស្តេចតោសម្លក់បម្រុងឆីម្រឹគ ។
ខ្ញុំនេះជាម្រឹគរបស់គេ ?
«ក្រែងបងពេទ្យដូរទៅខេត្ត ?» ខ្ញុំកាត់ចិត្តពីខ្សែភ្នែកគំរាមនេះ ដោយខំ ញញឹមនិងនិយាយសាសងដោយការគោរព ។
លោកគ្រូពេទ្យផាណង្គដើរចូលមកជិត ដោយទឹកមុខញញឹម ៖
«ខ្ញុំមកសិក្ខាសាលា ! ថាល្ងាចបន្តិច ឡើងទៅលេងពូ !»
ពេទ្យនេះមានកិរិយាបង្ហាញការបារម្ភច្បាស់ៗ ឯជននៅនឹងមុខខ្ញុំនេះវិញ ក៏មានកិរិយាប្រចណ្ឌហួងហែងទទឹងទិសច្បាស់ៗដូចគ្នា ។
«មិនបាច់ទេ ! គាត់ត្រូវការភាពស្ងៀមស្ងាត់ !»
ខ្ញុំគាំងធ្មឹង ភ្នែកក្រឡង់ៗសម្លឹងបងពេទ្យដែលថ្លោះទឹកមុខ ហើយរេមកមើលម្ចាស់សម្ដីអសុរសទាំងបេះដូងខ្ញុំលោតញាប់រន្ថើនដូចស្គរ ។ សម័យនេះហើយ បើមិនឃើញផ្ទាល់ភ្នែក មិនជឿថាមានអ្នកខ្សោយសម្ដី ឬហៅថាឈ្លើយកម្រិតនេះទៅកាន់អ្នកដែលទើបចួបគ្នាជាលើកដំបូងទេ ណាមួយគេជាគ្រូពេទ្យផង ។
ភ្លើងប្រចណ្ឌនៃបិសាចខ្វះស្នេហ៍ (តំណាលបព្វតា)
សម្រាប់ខ្ញុំ… ស្រីច្រមក់នេះល្ងង់ពិតមែន… ល្ងង់គួរឱ្យ… !
ដាហ្ស៊ី មានបេះដូងសិល្បៈដ៏បរិសុទ្ធ ពេលដឹងបានជាមើលមិនដឹងសោះថា អាពេទ្យមុខសមួយនេះកំពុងតែប្រើលេសសួរសុខទុក្ខអ្នកជំងឺ ដើម្បីចូលមកញ៉ែនាង ។
គ្មានអ្នកណាហុតទឹកមិនសម្លឹងកាកទេសម្រាប់ខ្ញុំ ! ក្នុងនាមជាមនុស្សប្រុសដូចគ្នា គ្រាន់តែឃើញកែវភ្នែកអាមុខសមើលមកមនុស្សស្រីរបស់ខ្ញុំ ខ្ញុំក៏ដឹងដល់ផ្នត់ជ្រុងថា វានេះកំពុងគិតអីបាត់ទៅហើយ !
ខ្ញុំចង់តែខ្វេះភ្នែកវាចោលទេ តែជ្រើសក្រោកមកប្រទាក់ម្រាមជាមួយព្រះនាងតូចដែលកំពុងឈរភាំង នាំនាងចាកចេញ ។
គេដូចនៅភ្លឹកនឹងឫកពាស្មើមេឃរបស់ខ្ញុំ ម្រាមគេត្រជាក់ក្នុងបាតដៃខ្ញុំ គេខំរលាស់តែខ្ញុំលើកចិញ្ចើមប្រើពន្លឺភ្នែកសម្លឹងមុខគេព្រមាន ។ ស្រីស្អាតក៏ត្រូវនៅស្ងៀមវិញព្រោះថាមុខខ្ញុំប្រហែលប៉ាតភ្លើង១០០អង្សាមករួចហើយ បានជាស្រីស្រស់លែងហ៊ានសូម្បីក្អក ។ មិនទាន់បានអស់ចិត្តក្តៅខ្ញុំបង្ហើរសំឡេងឱ្យអាភូមរាអាវសបានឮច្បាស់ៗ ៖
«ចាប់ពីថ្ងៃនេះទៅ ប៉ាអូនត្រូវការការការពារកម្រិតខ្ពស់ ។ បងនឹងដាក់មនុស្សឱ្យយាមនៅមាត់ទ្វារបន្ទប់ មិនឱ្យអ្នកណាចេញចូលផ្តេសផ្តាស ឬមកសួរសុខទុក្ខតាមចិត្តទៀតទេ… ជាពិសេស គឺពួកពេទ្យដែលគ្មានតួនាទី មិនពាក់ព័ន្ធ !»
បញ្ចប់ប្រយោគចុងក្រោយ ខ្ញុំដៀងភ្នែកសម្លឹងទៅពួកបន្លាបេះដូងមួយឆ្វាច់ទៀតទុកជាការព្រមានទើបងាកមកប្រទាក់ភ្នែកជាមួយតួស្រីដែលបើកភ្នែកធំៗហើយ បែរយ៉ាងរហ័សមកប្រឈមមុខនឹងខ្ញុំ ភ្លេចអស់ការកោតញញើតកាលពីប៉ុន្មាននាទីមុន ។
«ស្អីគេ ? ចង់ធ្វើអីឱ្យប្រាកដ ? ប៉ាខ្ញុំជាអ្នកជំងឺ មិនមែនជាប់ឃុំទេ !»
នាងខាំមាត់តវ៉ាតិចៗដាក់ខ្ញុំទាំងខឹងសម្បា ថ្ពាល់សងខាងក្រពុំក្រហមទែង ។ នាងខឹងគួរឱ្យស្រលាញ់… !!!
បេះដូងនេះកំពុងរាយមាយគិតថានឹងស្រង់កម្ដៅថ្ពាល់នៅជ្រុងណាមួយឱ្យទាន់ចិត្ត ស្រាប់តែស្រីស្រស់លើកដៃម្ខាងដែលនៅសល់មកប្រុងបោចទម្លាក់បាតដៃខ្ញុំចេញ តែត្រូវខ្ញុំចាប់បានជាប់ទាំងពីរសងខាងតែម្តង ។
វឹប !
លើកនេះ… គ្រាន់តែស្បែកយើងប៉ះគ្នា… ចរន្តអគ្គិសនីម្យ៉ាងបានឆក់រត់កាត់សរសៃឈាមរបស់ខ្ញុំត្រង់ចូលទៅដល់បាតបេះដូងយ៉ាងកក្រើករំពើក ។ បាតដៃខ្ញុំដែលធំគ្រើម និងក្តៅភាយ បានក្រសោបបាតដៃទន់ល្មើយត្រជាក់ស្រេបរបស់នាងយ៉ាងជិតឈឹង ។
ខ្ញុំមិនលែងទេ… អារម្មណ៍ដ៏ជ្រាលជ្រៅ និងចម្លែកមួយដែលប្រាប់ខ្ញុំថាស្រីក្បាលរឹងម្នាក់នេះ គឺជាចំណែកដែលធ្លាប់ខ្វះក្នុងជីវិតខ្ញុំកន្លងមក ។ ពេលយើងប៉ះគ្នា… អារម្មណ៍ថាខ្លួនឯង កំពុងសោយរាជ្យហើយក្ដោបក្ដាប់ពិភពលោកទាំងមូល… គឺជាអារម្មណ៍ពិតៗស្តែងៗ ។
ហើយ… ខាងនាងក៏ហាក់ដូចជាគាំងស្ពឹកៗដោយសារការប៉ះទង្គិចនេះដូចគ្នាដោយសារថា កម្លាំងរើបម្រះរបស់នាងស្រាប់តែទន់ជ្រាយទៅវិញម្តងបន្តិចៗពេលភ្នែកយើងចោលរកគ្នា ។
ខ្ញុំក្តាប់មាត់អូសនាងឱ្យដើរតាមស្រាប់តែ… មិនទាន់បានប៉ុន្មានជំហានផង សំឡេងគួរឱ្យរំខានក៏បន្លឺឡើងពីក្រោយខ្នង ៖
«ដាហ្ស៊ី ! ត្រូវការហៅសន្តិសុខទេ ?»
ចួបគ្នាថ្ងៃស្អែក …


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ