រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៧)

កាំភ្លើង​សំយុងចុះក្រោម​ ដូចចិត្ត​ បុរស២រូបទៀត ដែលទទួលដឹងហើយថា ចំណងទាក់ទង ចិត្ត​ជំពាក់រវាងអតីតអធិការ​និងនារីម្នាក់នេះជ្រាលជ្រៅកម្រិតណា បានជាច្រើនឆ្នាំមកនេះហ្សឺឌី មិនដែលទទួលបាន «Yes» ​ឯ Roy ក៏មិនដែលទទួលបានភ្លើងខៀវ

គ្មានអ្នកណាដឹងទេថា៥ឆ្នាំមុន … មុនពេលពេទ្យសាន​លើកកាំភ្លើងបាញ់បងប្រុសខ្លួននៅក្នុងលេណដ្ឋាននោះ តើមកពីជនវិកល​ ​ខឹងភារម្យដែលបានសម្រេចរើសយកអាយុសង្ខារបស់នាង ​ចោលប្អូនប្រុសខ្លួន ?

ការយំខ្សឹកខ្សួល​របស់ធីតា និងការទម្លាក់កាំភ្លើងរបស់ Roy មិនបានបញ្ឈប់ចង្វាក់នៃសេចក្តីស្លាប់ ដែលកំពុងរំកិលចុះមកពីលេណដ្ឋាននោះទេ ។

ស្នូរ គ្រឺត … គ្រឺត … នៃចលនាដែកថែប កាន់តែលាន់ ជាតិថ្នាំរឹតសាយភាយ … តម្រង់គំហុកចុះមករកពួកគេដោយផ្សែងពណ៌សនៃឧស្ម័នពុលចាប់ផ្តើមហុយចេញមកតាមរន្ធខ្យល់ … ។

ហ្សឺឌីនៅភាំងសម្លឹងមនុស្ស​ពីរនាក់ដែលកំពុងបញ្ចេញមនោសញ្ចេតនាដ៏ជ្រាលជ្រៅដាក់គ្នា រហូតដល់គេខ្លួនឯងភ្លេចថា ត្រូវធ្វើអ្វី … ។ មិនដឹងថាវត្តមានភារម្យពេលនេះ ជាចំណែកបង្កើតការឈឺចាប់ដល់Hackerក្មេងឬ មួយធ្វើឱ្យគេស្គាល់ច្បាស់ពីចិត្តរបស់ធីតានោះឡើយ ។

Royដកភ្នែកចេញពីពួកគេ​មកសម្លឹង​ស្រទាប់ផ្សែងដែលហូរមករឹងរឹតតែ … ក្រាស់ទៅៗ ។

«គ្មានពេលមើលរឿងសង់ទីម៉ង់ទេ !» Roy ខាំមាត់គ្រហឹមនាំឱ្យភារម្យ

ដែលឈរស្ងៀមអស់រាប់នាទីពីមុខមនុស្ស​ស្រី ស្រាប់តែប្រែទឹកមុខជាម៉ឺងម៉ាត់ក្រឡាស់មួយវឹបមក​ដណ្តើមយកកាំភ្លើងចេញពីដៃធីតាភ្លាមៗ ។ អ្នកកាសែតដូចនាង​ ធ្វើម៉េចអាចទប់ជាប់និងការឆ្មក់របស់ប៉ូលិសចំណាន ? ប្រុសទាញប្រាណនួនល្អងមកឈរនៅខាងក្រោយខ្នងខ្លួនខណៈ Roy លើកអាវុធតម្រង់បាញ់ផ្តាច់កាមេរ៉ាទាំងអស់នៅតាមជ្រុងបន្ទប់ ។

ផាំង ! ផាំង ! ផាំង !

ភារម្យ គេជួយបាញ់បន្ថែមបំផ្ទុះបំផ្លាញកាមេរ៉ាទាំង ៤ជ្រុងបានជាមួយ Royយ៉ាងជាក់លាក់ សូម្បីតែ​កាមេរ៉ាបង្កប់មួយក្បែរអំពូលភ្លើងលើទ្វារ ក៏ត្រូវគេចាប់បាន ។

ទោះសំឡេងគ្រាប់កាំភ្លើងលាន់ឮជុំវិញក៏ដោយ ក៏ទឹកមុខរបស់ភារម្យនៅតែស្ងប់ស្ងាត់ ក្នុងក្រសែភ្នែកធីតា  ឯដៃនារីនេះនៅប្រតោងអាវគេពីក្រោយដោយក្តីតក្កមា ។

«កុំភ័យ !»

សំឡេងគេខ្លីពីរម៉ាត់ រត់រសឹបក្នុងបេះដូង​មួយដែលរងា កំព្រាយូរណាស់មកហើយ ។ សូម្បីមនុស្ស​យន្តក្នុងឡាន​ក៏ដឹងថា ធីតានឹកអ្នកណានោះដែរ ។ នាងសម្លឹងគេជានិច្ច​ ខណៈអតីតអធិការ វាចា​នឹងនរប្រាប់ទៅហ្សឺឌី ៖

«ពួកវាកំពុងតាមដានហើយអាចកំណត់ល្បឿននៃជាតិថ្នាំទម្លាក់មកតាម​លេណដ្ឋាននេះ … តាមរយៈរំញ័រដង្ហើមរបស់យើង !»

Roy ងាកងក់ក្បាល … លែងមានការសង្ស័យ … រវាងពួកគេ ​… មានតែការរួមដៃគ្នាជាធ្លុងមួយ ។

«ហ្សឺឌី !» ភារម្យងាកទៅរក Hacker វ័យក្មេង ខណៈដៃរបស់គេកំពុងប្រមែប្រមូលយកឧបករណ៍ ។

«ពួកវាទុកLaptop ឱ្យឯងHack ប្រព័ន្ធទ្វារ បានន័យថា វាចង់ឈរមើលយើងលេង !!! ចោល !»

ដៃHacker ចង់លែងចេញពីDevice តែRoy និយាយបង្វែររហ័ស ៖

«Hack Cooling System (ប្រព័ន្ធបញ្ចុះកម្ដៅ) វិញ ! បង្ខំឱ្យវា Overload !»

ហ្សឺឌី បើកភ្នែកធំៗ គេយល់ភ្លាមពីគំនិតរបស់អតីតស្នងការ​ម្នាក់នេះ ឯភារម្យក៏ងាកមកដោយស្ងើចសរសើរ ពួកគេទាំងបួនយល់ព្រមគ្នាថា Roy ចង់ប្រើកម្លាំងផ្ទុះម៉ាស៊ីន ដើម្បីទម្លាយទ្វារដែក !

«ធ្វើទៅ !» ភារម្យគំហក ។

ហ្សឺឌី មិនបង្អង់យូរ ម្រាមដៃទាំងដប់រត់លើTablet លឿនដូចផ្លេកបន្ទោរ អេក្រង់កុំព្យូទ័រលោតកូដរាប់ពាន់ជួរ ។

«ហ្សឺឌី ! យើងធ្វើទាន់ទេ ?» ធីតាសួរគេ ទាំងមុខក្រហម ។

«ត្រូវការពេល ៣០ វិនាទី !»

Roy និង ភារម្យ ដែលកំពុងជ្រែងខ្នងទល់គ្នាត្រៀមរកកាមេរ៉ាបង្កប់ផ្សេងទៀតជាមួយកាំភ្លើងណែនក្នុងដៃ ។ ទឹកមុខRoyពេញដោយអំនួត ព្រោះពាក្យថា ៣០វិនាទី ដើម្បីបញ្ជូនកូដវាយប្រហារ បានន័យថា មនុស្ស​ដូចហ្សឺឌីកុំថាឡើយស្រុកខ្មែរ សូម្បីតែពេញអាស៊ី ឈានដល់ស្រុកចិន សឹងពិបាករកដៃគូមកផ្គង ។

«ធីតា !» ហ្សឺឌីហៅនាង ។ ធីតារត់ចូលទៅរកគេ ។

«ឈរនេះហើយ !»

ហ្សឺឌីបង្គាប់នាង​ឱ្យឈរទីដែលមានសុវត្ថិភាពសិន ការពារកម្លាំងផ្ទុះ មុនពេលគេបញ្ជូនកូដចុងក្រោយ ។ ឯភារម្យនិងRoy ផ្តើមញាក់មុខដាក់គ្នា ងាកមករួមកម្លាំង គាស់រម្លើងផ្ទាំងដែកក្រោមបំពង់ខ្យល់ចេញ យ៉ាងថ្នឹកជំនាញ ។ ធីតាឈរមើលពួកគេ ។ ការងារនាយប៉ូលិសម្នាក់ៗ មិនមែន​ដូចសាមញ្ញជនយល់ឃើញទេ ។

វឹប … ប្រាវ …

គ្មានហត់អ្វីខ្លាំងការរម្លើងបាន​បង្ហាញឱ្យឃើញកូនប្រឡាយតូចមួយ… ។

«ចូលទៅក្នុងនេះទាំងអស់គ្នា !»

ធីតាសម្លឹងប្រឡាយបង្ហូរទឹករំអិលពីម៉ាស៊ីនដែលនៅចំពោះមុខ ។ តាមពិតពួកគេអស់ពេលហើយ … បើចាំដល់ម៉ាស៊ីនផ្ទុះបំផ្លាញទ្វារ … កម្លាំងខ្យល់នឹងបោកទ្វារឱ្យរបើកមែន ប៉ុន្តែ ក៏អាចដុតរាងកាយមនុស្ស​ក្នុងផ្ទៃបន្ទប់នេះឱ្យខ្លោចបានដូចគ្នា ។

ភារម្យប្រាប់ហើយ ដៃគេឈោងមកដល់ក្បែរស្រី ចាប់ស្មានាងយ៉ាងណែន ខណៈRoyក៏ ស្ទុះមកដល់ ។​ ពួកគេរុញធីតាចូលទៅក្នុងប្រឡាយមុនគេ បន្ទាប់មកគឺ ហ្សឺឌី ដែលកាន់ Tablet ជាប់នឹងទ្រូង ។

«១០ វិនាទីទៀត !» ហ្សឺឌីស្រែកប្រកាស កម្ដៅក្នុងបន្ទប់ចាប់ផ្តើមហក់ឡើងខុសធម្មតា ។

Roy និង ភារម្យ សម្លឹងមុខគ្នា ។ អតីតប៉ូលិសពីររូប ដែលទើបតែភ្ជង់

កាំភ្លើងដាក់គ្នាមុននេះ បានងក់ក្បាលឱ្យសញ្ញាគ្នាក្នុងនាមជាអ្នកប្រយុទ្ធ ។ ពួកគេលោតចូលទៅក្នុងប្រឡាយទឹករំអិលព្រមគ្នា ហើយភារម្យបានទាញផ្ទាំងដែកមកបាំងពីលើមាត់ប្រឡាយ ។

ប៊ីប … ប៊ីប … ប៊ីប … ទឹត !!!

សំឡេងប្រព័ន្ធកុំព្យូទ័រគាំង លាន់ឡើងកងរំពង ។

ប៊ូម !!!!!

កម្លាំងផ្ទុះដ៏មហិមាចេញពីម៉ាស៊ីនត្រជាក់កណ្តាល បានបោកបក់ពេញបន្ទប់ពិសោធន៍ ។ អណ្តាតភ្លើង និងសន្ធឹកខ្យល់ បានបោកទម្លាយទ្វារដែកក្រាស់ឃ្មឹកនោះឱ្យរបើកខ្ចាយទៅម្ខាង ។ ផ្ទាំងដែកដែលភារម្យទាញមកបាំង ឡើងកម្ដៅក្រហមងៅ ដូចកម្អួតកម្អែលភ្នំភ្លើង  ប៉ុន្តែ បានជួយសង្គ្រោះជីវិតពួកគេទាំងបួនបានសម្រេច ។

ភាពងងឹត និងផ្សែងខ្មៅ គ្របដណ្តប់មកពាសពេញ ។ ម្នាក់ៗក្អកខេះៗ អមជាមួយសូរសំឡេងដង្ហក់ខ្យល់រំពងវឹកវរ ។

មិនយូរទេ … ភារម្យផ្តើមយារជើងទាត់បំប៉ើងផ្ទាំងដែកនោះចេញ ។

គេលូនចេញមកមុនគេ រួច Roy ដែលទាញហ្សឺឌី ហើយហ្សឺឌីទាញធីតាចេញមកក្រៅ ។ ពួកគេ ឈានចោលបន្ទប់ពិឃាត មកឈរនៅមាត់ទ្វារដែលចំហបាក់បែក សម្លឹងទៅកាន់ច្រករបៀងងងឹតចំពោះមុខ ។

… ទីនេះ លែងឃើញមានពន្លឺភ្លើងក្រហម ឬសំឡេងប្រព័ន្ធអាសន្នទៀតហើយ ។

«ទ្វារ … បើកបានមែន !» ហ្សឺឌី និយាយអំណរ​និងហត់ដង្ហក់ … តែនឹក

ឃើញរឿងមួយគេទម្លាក់សោមនស្សចោលវិញ … ពួកគេនៅតែជាកណ្តុរក្នុងរូង … កាមេរ៉ាគ្រប់ជ្រុងលើពិតានកំពុងសម្លឹងមក ។ តើពួកនោះចង់បានអី ?

មានភាគបន្ត!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*