បើវាចាប់ពួកយើងហើយមិនសម្លាប់ ?????? … ចម្លើយជាអ្វីទៅ ?
ធីតា ក៏ងាកមកមើលភារម្យ ។ មុខគេប្រឡាក់ទៅដោយធូលី និងស្នាមរលាកតិចតួច តែក្រសែភ្នែកនៅតែមុតស្រួច ។
នាងដូចចង់សួរថា កាំភ្លើងទាំងពីរដើមនេះ តើជនដែលចាប់ពួកគេដាក់ទុកឱ្យមកតាំងពីពេលណា ? ដើម្បីអ្វី ? ដើម្បីទុកឱ្យអតីតនាយប៉ូលិសទាំងទ្វេបាញ់កាមេរ៉ា ?
ប៉ុន្តែ … គ្រប់គ្នាមិនទាន់បានប្រើការវិភាគត្រឹមត្រូវហ្មត់ចត់ផង ស្រាប់តែសំឡេង “ឃ្លីក” មួយយ៉ាងធ្ងន់លាន់ចេញមកពីលើលេណដ្ឋាន ។
មនុស្សទាំងបួន … ងើបមុខឡើងព្រមគ្នា ។
អេក្រង់ធំមួយរអិលចុះមកពីជញ្ជាំងងងឹតនៅពីមុខចម្ងាយប្រមាណជា៥ម៉ែត្រប៉ុណ្ណោះពីទីនេះ … ហើយអក្សរពណ៌សលេចឡើងលើផ្ទៃអេក្រង់ខ្មៅ ។
«សូមអបអរសាទរ ។ អ្នកទាំងបួន បានឆ្លងកាត់ដំណាក់កាលទីមួយ !»
ចង្រៃយក៍ ! ភារម្យក្តាប់ដៃ បង្កើនចរន្តសរសៃសសូងនៅពីមុខកែវភ្នែកធីតាដែលនៅពីក្រោយគេ ។
«អ្ហែងលេង Squid Game ស្អីអាថោក ?»
ទោះហ្សឺឌីខាំមាត់រអ៊ូបែបនេះ … តែនៅមិនអាចបញ្ឈប់ជួរអក្សរថ្មីលេចឡើងមកបន្តិចម្តងៗបន្ថែម … គួរឱ្យក្តៅចិត្តនោះទេ ។
«ការសាកល្បងពិតប្រាកដ ទើបតែចាប់ផ្តើមប៉ុណ្ណោះ Hacker ! »
Royពង្រឹងជំហរឈានថយក្រោយវឹប … ខណៈស្នូរដែកធ្ងន់មួយលាន់កក្រើកពីចុងច្រករបៀង ។
ហើយនៅក្នុងភាពងងឹតនោះ … ទ្វារមួយទៀតកំពុងបើកមកចំហយឺតៗ ។
ជំពូកទី២ ឋាននរកពណ៌ខៀវ
ក្រាក …
សំឡេងដែកកកិតនឹងគ្នាបន្លឺឡើងយ៉ាងអំណួតគងពីលើភាពស្ងប់ស្ងាត់ដ៏គួរឱ្យព្រឺខ្លាច ។ ទ្វារធ្ងន់កណ្ដុកដ៏ធំមួយ … បានរបើកចំហយ៉ាងប្រឹងប្រែង … បង្ហាញឱ្យឃើញបណ្តើរៗនូវអ្វីៗដែលនៅពីក្រោយវា … ។
មិនមែនជាបន្ទប់លេងល្បែងពិឃាតដូចការរំពឹងទុករបស់ហ្សឺឌីឡើយ … ប៉ុន្តែ … មានសភាពជារោងចក្រជីវសាស្ត្រ ?
បើមែន … វាពិតជាបន្ទប់ជីវសាស្ត្រខ្នាតយក្សមួយ ដែល … មហាទំនើប !
Roy រេភ្នែក … ចំហមាត់ ។
ជិតកន្លះជីវិតមនុស្ស … អតីតឧត្តមសេនីយ៍ធ្លាប់តែឃើញមន្ទីរពិសោធន៍ខ្នាតនេះ មាននៅក្នុងកុនបស្ចិមប្រទេសតែប៉ុណ្ណោះ ។
នេះជាការពិតឬសុបិនមិនសំខាន់ … សំខាន់ … គេមិនដឹងថា អាចយក មនុស្សបីនាក់នេះចេញវិញ ប្រកបដោយសុវត្ថិភាពក្នុងកម្រិតសង្ឃឹមមិនដល់១០ភាគរយដាច់ខាត !
… អាងកញ្ចក់រាប់សិបតម្រៀបជួរគ្នា ផ្ទុកទឹកពណ៌ខៀវស្រងាត់ដែលកំពុងពុះកញ្ជ្រោលរិចៗ ហាក់ដូចជា មានដង្ហើម … មានជីវិត ។
ក្លិនសារធាតុគីមីដ៏សាហាវបុកចូលច្រមុះម្នាក់ៗ … ធីតាទប់មាត់ស្ទើរមិនជាប់ ។ អាងកញ្ចក់ដ៏ធំជាងគេនៅចំកណ្តាល … អ្វីមួយកំពុងអណ្តែត … ដូចសភាវៈមានជីវិត ? តែ … មិនមែនជាមនុស្ស … ក៏មិនមែនជាសត្វ ។
«នេះមិនមែនជាហ្គេមកូរ៉េ-អាគាំងទេ … » ភារម្យនិយាយក្នុងសព្ទសំឡេងទាប ល្មមឮបួននាក់ … ស្អកៗ … ខូចចិត្ត … តែភ្នែករបស់គេរវៀសរកតម្រុយដោយពោលបន្តរដឹក «នេះគឺជាមន្ទីរពិសោធន៍សម្លាប់មនុស្ស !»
ភ្លាមៗនោះអេក្រង់ Hologram ដ៏ធំមួយក៏លេចឡើងនៅពីមុខពួកគេបន្ថែម ។
រូបភាពរបស់ វ៉ាលី វ៉ុលកូវ មហាសេដ្ឋីដែលធ្លាប់តែឃើញក្នុង Forbes ពេលនេះបង្ហាញខ្លួនរស់រវើកដូចកំពុង Live ។
ជាមួយនឹងកែវស្រា Vodka ក្នុងដៃយ៉ាងអំណួត ជនចំណាស់វ័យ៦០ប្លាយសើចតិចៗ ជាមួយទឹកមុខស្លេកស្លាំង … ឯស្បែកតួខ្លួនជននេះ សស្គុស សឹងប្រៀបបាននឹងសម្លីគ ។
សូរសំណើចនោះលាន់ឮមកក្ងួរ ស្រាលៗ តាមប្រព័ន្ធ Speaker ជាភាសាខ្មែរស្ទាត់ជំនាញ ៖
«សូមស្វាគមន៍មកកាន់ពិភពពិត … ចក្រភព វ៉ុលកូវ មហារុងរឿង !»
មនុស្សនេះមានអាការមិនត្រឹមជាបិសាចស្រេកឈាម តែជាបិសាចដែលមានវិកលមួយត្រួតពីលើទៀត ។
ជននេះឈប់បន្តិច រួចសម្លឹងមើលមកអ្នកទាំងបួនម្តងម្នាក់ៗ ដូចកំពុងនៅពីមុខកាមេរ៉ាដ៏អស្ចារ្យជាច្រើនជ្រុង ។
«គិតថា ខ្ញុំឆ្កួត ? ទេ ! បើយើងចង់ឃើញពួកឯងកាប់សម្លាប់គ្នាដូចហ្គេមក្នុងកុន បានខ្ញុំសមឆ្កួត ! តែ … យើងចិត្តល្អណាស់ … ហើយមានហេតុផល ! យើងត្រូវការ “សេនាធិការ” ! ហើយកុំគិតថាយើងយកម្នាក់ ! យកទាំងបួននាក់ ! ឱ្យតែគ្រប់លក្ខណៈសម្បត្តិ ! យើងចង់បានបរិវារដែលមានសមត្ថភាពខ្ពស់ ហើយគួរឱ្យស្រលាញ់ ដូចជាពួកឯង !»
តាចាស់បង្វិលកែវស្រា សំឡេងលាន់មកបន្តខ្ទរដូចសំឡេងមនុស្សយន្ត៖
«នៅខាងមុខពួកឯង … ក្នុងទូទាំងនេះ … មានវ៉ាក់សាំង៤ដប ។ … កុំឱ្យខាតពេល រកឱ្យឃើញហើយចាក់វាទៅ ពួកឯងនឹងរស់ ! … ហើយមានអំណាច ! ផ្ទុយទៅវិញ … បើរកមិនឃើញ … មិនចាក់ … ឧស្ម័នមេរោគនឹងត្រូវបញ្ចេញមកក្នុងពេលកំណត់យ៉ាងទៀង … ១៥នាទីទៀត ។»
ស៊ីស … ស៊ីស … សំឡេងក្បាលម៉ាស៊ីនបាញ់ឧស្ម័នចាប់ផ្តើមបន្លឺឡើងខ្សោយៗ ។ ធីតា សម្លឹងមើលដបវ៉ាក់សាំងទាំង៤នោះ ។
ពួកគេឃើញដូចគ្នាបន្តបន្ទាប់ បណ្តាដបដែលបង្កប់ក្នុងអាងទឹក ។ គ្មាន
អ្នកណាស្ទុះទៅចាប់យកទេ ! មនុស្សទាំងបួន សុទ្ធជាកំពូលមនុស្សដែលធ្លាប់ឆ្លងកាត់គ្រោះថ្នាក់ បន្ទាត់ស្តើងរវាងរស់និងស្លាប់រួចមកហើយ … តែពួកគេកំពុងពិចារណា ។
ស្រីងាកមកសម្លឹងភារម្យ រួច Roy ហ្សឺឌី … រួចងាកត្រលប់មកភារម្យ វិញ ។ ភារម្យដឹងភ្លាមថា ធីតាកំពុងគិតអ្វី ។ នារីនេះមិនមែនកំពុងសុំការយល់ព្រមទេ តែនាងកំពុងបញ្ជាក់ពីអ្វីមួយសំខាន់ ។
«មាត់រឹងលំដាប់ ISO អធិការភារម្យ …» ធីតាខ្សឹបហើយបន្តទៅកាន់កែវភ្នែកស្រទន់របស់នាយ «បងគិតថាយើងគួរធ្វើម៉េច ?»
ភារម្យញញឹមស្រាលៗជាស្នាមញញឹមដែលនរណាម្នាក់ក៏មើលទៅនាយ យល់ថាអតីតអធិការដូចគ្មានការបារម្ភឬភ័យខ្លាចអ្វី ។ នាយដើរទៅកាន់តែកៀកគ្នាជាមួយស្រីស្រស់ ហើយម្រាមចង្អុលទៅអាងទឹកពណ៌ខៀវចំនួន៤នៅទិសផ្សេងគ្នា ដែលមានផ្ទុកដបវ៉ាក់សាំងទាំង ៤ នោះ ។
Royនិងហ្សឺឌី ហាក់ដឹងពីរឿងដែលភារម្យដឹងដែរ បានជាពួកគេស្ងាត់ …
«វ៉ុលកូវ !» ភារម្យហៅជនជាតិរុស្ស៊ី ហើយងើបមុខប្រឈមកាមេរ៉ា
«តាឯងខំរៀនណាស់ … ម៉េចបានដូចជាភ្លេចមេរៀនមួយដ៏សំខាន់ !»
ឮហើយកាលណា Roy គ្រវីស្មាសម្លឹងជុំវិញ ទាំងដែលត្រចៀកគេនៅត្រងត្រាប់ស្តាប់ តែរាងកាយធ្វើសកម្មភាពទៅកាន់អាងទាំងនោះយ៉ាងរហ័ស ។
សំឡេងអតីតអធិការពោលបន្ថែម ៖
«គ្មានអ្នកណាអាចបញ្ជាមនុស្សដែលមិនខ្លាចស្លាប់ នោះទេ ! … »
ផាំង !
ផាំង ! ខ្ចាយ !
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ