Roy បោកដបវ៉ាក់សាំងទីមួយ ដែលគេរកឃើញទៅលើឥដ្ឋបេតុងបែកខ្ចាត់ខ្ចាយ ធ្វើឱ្យតាវ៉ុលកូវនៅលើអេក្រង់ ញាក់ចិញ្ចើមសម្តែងធ្វើហាក់ភ្ញាក់ផ្អើលកំប្លែងៗ ។
«អូ ! ចឹង ពួកឯងមានម្នាក់នឹងត្រូវស្លាប់ !»
ទោះខំលាក់ពុត មនុស្សទាំងបួននៅតែមើលឃើញកំហឹងបុរសនេះ ដែលមិនមែនខឹង បាត់បង់វ៉ាក់សាំងដបដំបូងទេ តែខឹងនឹង «ភាពមានះ» របស់ក្រុមចំពោះមុខនេះ ។
«កំពូលសេនាធិការទាំងបួននាក់ ពួកឯងមកធ្វើជាមនុស្សរបស់ខ្ញុំដោយសុទ្ធចិត្ត … ប្រសើរជាង មានះល្ងង់ខ្លៅ» វ៉ុលកូវ ខ្សឹបដោយស្នាមញញឹមបិសាចកំពុងអមមកជាមួយ ។ សំឡេងជននេះ ស្អកស្អា លាន់ចេញមកចរចាតាមប្រព័ន្ធ Speaker ដែលព័ទ្ធតាមគ្រប់ប្រភព រកនឹងបាញ់កម្ទេចក៏ពិបាកកំណត់ដានទិសដៅ ។
ធីតាខាំមាត់ចង្អុលកាំភ្លើងទៅរកអេក្រង់ជននោះជាមួយកំហឹងពុះកញ្ជ្រោល តែបុរសនោះនៅតែនិយាយមកមិនដាច់ ៖
«ពួកឯងជ្រើសរើសផ្លូវស្លាប់ ? មនុស្សគឺល្ងង់បែបនេះឯង ! ធ្វើជាសេនា-ធិការព្រះ ទើបឆ្លាត !»
ផាំងៗ !
Roy បោកកម្ចាយដបទីពីរ ឯភារម្យទម្លាក់ដបទីបីធ្វើធម្មតា មិនចាំបាច់ប្រើកម្លាំងខ្លាំងអ្វីទាំងអស់ ។ នៅពេលដែល Roy បែរខ្លួនទៅរកគោលដៅ ដបទីបួន អតីតស្នងការនិយាយចំអកស្រាលៗព្រោះដឹងថាម៉ាស៊ីនទីនេះស្រូបបានសូម្បីសន្ធឹកដង្ហើមមនុស្ស ។
«វ៉ាក់សាំងរបស់ឯង នឹងធ្វើឱ្យពួកអញ ក្លាយជាខ្មោចឆៅយាមផ្នូរឯង ?»
ហ្សឺឌីឮហើយខាំមាត់រអ៊ូជេរប្រទេច ៖
«អាមេធ្មប់ !»
ស្រឹប !
សន្ធឹកទ្វារដែកមួយទៀត នៅខាងឆ្វេងដៃរបស់ពួកគេបានកម្រើករបើកឡើងភ្លាមៗ ទច់ដំណើរRoy ។
មនុស្សទាំងបួនបែរទិសសម្លឹងទៅ ។
នេះមិនមែនជាស្នូរវត្តមានកងកម្លាំងទាហានជីវសាស្ត្រ ឬកងទ័ពរបស់មេខ្លោងរុស្ស៊ីអ្វីទាំងអស់ប៉ុន្តែ … បន្ទាប់ស្នូរទ្វារ គឺសំឡេងច្រវាក់ ។
ភារម្យដែលនៅក្បែរទ្វារជាងគេ ស្រាប់តែប្រែទឹកមុខមួយរំពេច ។ ខណៈធីតា ផ្តើមដង្ហក់ ដកថយមកក្បែរRoy …
ទាំងពីរកាយស្គាល់មនុស្សជាប់ច្រវាក់ម្នាក់នេះយ៉ាងច្បាស់ …
សំឡេងកកិតនៃច្រវាក់ដែក ប៉ះនឹងឥដ្ឋបេតុងបានលាន់ឮរងំ ហាក់ដូចជាសំឡេងនៃកូនសោដែលចាក់សោបេះដូងមនុស្សទាំងបួននៅក្នុងបន្ទប់នេះធ្ងន់ស្រាលដោយឡែកពីគ្នា ។
ពីក្នុងភាពងងឹតនៃច្រករបៀង ពេទ្យសាន ត្រូវបានទាញអូសចេញមកដោយកម្លាំងមនុស្សយន្តទាបកន្តឿ តែមាឌមាំពីររូប ។ រាងកាយពេទ្យសានលែងជាមនុស្សដែលពោរពេញដោយថាមពល ដូចមុនទៀតហើយ តែហាក់បីដូចជាដុំសាច់មួយ ដែលគ្របដណ្តប់ដោយស្នាមជាំខ្មៅស្រអាប់និងស្នាមរលាកសរសៃឈាមដែលប៉ោងពោរ សឹងគ្របដណ្តប់ពេញលើផ្ទៃស្បែក ។
គេមិនបានដើរដោយខ្លួនឯងទេ តែត្រូវបាន «អូស» ដូចជាសាកសព ។
ក្បាលរបស់គេដួលដេកទៅលើស្មារបស់អ្នកអូស រួចទម្លាក់ចុះមកវិញតាមចង្វាក់នៃការដើរដូចជាតុក្កតា ដែលបានដាច់បង់សរសៃប្រសាទបាត់ទៅហើយ ។
ធីតាសម្លឹងមកភារម្យដែលនៅធ្មឹង ។ នាងទម្លាក់ភ្នែកមកមើលកំភួន និងម្រាមដៃបុរសទ្រូង៥ហត្ថដែលផ្តើមញ័រទទ្រើក ។
ខ្សែច្រវាក់ដែកក្រាស់ព័ទ្ធចងកពេទ្យសាន មិនត្រឹមតែរឹតបន្តឹងស្បែកកនោះទេ តែបានកកិតរហូតដល់ចេញកំណកឈាម ។
«អាសាន !»
សំឡេងដង្ហោយហៅប្អូនប្រុសញ័រៗរបស់ភារម្យកំពុងក្លាយជាមុខកាំបិត បុកបេះដូងមនុស្សគ្រប់គ្នានៅក្នុងបន្ទប់នេះ … តែពេទ្យសាន ហាក់គ្មានប្រតិកម្មអ្វីទាំងអស់ ។ សភាពស្ងប់ស្ងាត់ហួសប្រមាណ … សមតែជាសភាពនៃរាងកាយដែល «លែងដឹងក្តី» ព្រោះតែការធ្វើទារុណកម្មផ្នែកអគ្គិសនីឬអាចអ្វីផ្សេងទៀត ដែលបិសាចវ៉ុលកូវ បានបង្ខំឱ្យគេផឹក ។
«អាសាន !»
ភារម្យស្រែកហើយស្ទុះទៅរកប្អូន ចំពេលRoyឈានជើងទៅទាញអធិការមកវិញនៅនឹងកន្លែងដើម ។ ធីតាខ្ទប់មុខសម្លឹងភ្នែករបស់ជនរងគ្រោះដែលបើកមកបានពាក់កណ្តាល ឬមួយ … គេអាចឮសំឡេងបងប្រុសគេ ?
ភារម្យកញ្ជ្រោលក្នុងក្លេជាមួយRoyខណៈហ្សឺឌីស្ទុះមករារាំងម្នាក់ទៀត។
មាត់របស់ប្អូនប្រុសគេប្រឡាក់ដោយស្នាមលោហិតស្ងួតក្រៀម ដែលទំនងជាបានខាំអណ្តាតខ្លួនឯងរាប់រយដង ដើម្បីទប់ទល់នឹងការឈឺចាប់ក្នុងពេលដែលត្រូវពួកមនុសុ្សបិសាចព្យាយាម «ដកហូត» សតិសម្បជញ្ញៈពីខួរក្បាលរបស់គេ ។
ភារម្យមិនខ្វល់ពីអ្វីទាំងអស់គេលូកដៃដាល់Roy បំណងស្ទុះទៅមុខដូចជាមនុស្សបាត់បង់ស្មារតី ទៅរកប្អូនប្រុសដែលកំពុងដេកកន្ត្រាក់ ។
ហ្សឺឌី លើកបង្ហាញអេក្រង់កុំព្យូទ័រដែលស្គែនបង្ហាញបន្ទាត់ក្រាហ្វិកពណ៌ក្រហមច្បាស់ៗ ដល់អធិការហើយខ្សឹបបន្ទាន់ៗ ៖
«ជុំវិញនោះគឺ របាំងឧស្ម័ន Aerosolized Pathogen Curtain ជាមេរោគកម្រិតកាចសាហាវ អាចបំផ្លាញជាលិកាសួតរបស់មនុស្ស ត្រឹមពេលមិនដល់ ១០ វិនាទីផង !»
ភារម្យឈរទ្រឹង … ថ្គាមនិងមុខ កន្ត្រាក់សាច់ដុំញាប់ញ័រដោយក្តីរន្ធត់ ។
ប្អូនប្រុសម្នាក់នេះឯង ជាហេតុផលដែលគេត្រូវចាញ់ល្បិចចូលមកដល់បន្ទប់ក្រោមដីនេះ ខុសពីRoyដែលត្រូវល្បួងថា មន្ត្រីធំម្នាក់មានឯកសារសំណៅជាព័ស្តុតាង នៃការចូលរួមជាមួយឧក្រិដ្ឋជនម៉ាហ្វៀរុស្ស៊ី ហើយធីតានិងហ្សឺឌីត្រូវគេល្បួងបោកដោយរឿងបាត់ខ្លួនសិស្ស ។
អធិការនៅតែប្រឆាំងជម្នះអ្នកចាប់ទាំងពីរ ជាមួយកែវភ្នែកក្រហមពីរដៃអ្នកទាំងពីរ ខណៈហ្សឺឌីបន្ថែម ៖
«បើទៅ … មិនមែនស្លាប់តែម្នាក់ទេ ! យើងគ្រប់គ្នា … ស្លាប់ !»
គេនៅតែរើហ្សឺឌីនៅតែនិយាយ «ធីតាក៏ស្លាប់ដែរ !»
ភារម្យឈប់ចលនា … Roy ដកដង្ហើមធំឆ្លៀតខ្សឹប ៖
«ប្អូនប្រុសរបស់ឯង … ធ្ងន់ណាស់ហើយ !»
ធីតារត់មកឈរពីមុខភារម្យ ដោយភ្នែករលីងរលោង ។ នាងព្រមានគេ រអាក់រអួល ៖
«ស្តាប់ហ្សឺឌីទៅ … ដកថយសិន ? ok ?»
ភារម្យខាំមាត់ ភ្នែកក្រហមតែតរបស់គេ ផ្តោតសម្លឹងប្អូនប្រុសម្នាក់ដែលបានលើកកាំភ្លើងបាញ់គេចំកណ្តាលទ្រូងកាលពី៥ឆ្នាំមុន ព្រោះតែភាពឆ្កួតលីលា … ក៏ជាប្អូនម្នាក់ដែលគេទម្លាក់ចោលគ្រប់យ៉ាង មិនថាបុណ្យស័ក្តិ កេរ្តិ៍ឈ្មោះក៏នៅតែមិនអាច … ការពារឱ្យរស់នៅល្អបាន ។
ពេលនេះ មនុស្សដែលគេតាមរកអស់៥ឆ្នាំ ត្រូវមកឃើញគ្នាក្នុងសភាពមរណៈដ៏ឈឺចាប់ហួសថ្លែងមួយ … គេឮតែសំណោកដ៏ឈឺផ្សា នៃបេះដូងខ្លួនឯង … ហើយគេបានប្រាប់មកថា របាំងជីវសាស្ត្រដ៏កំណាចនេះ បង្កើតឡើងដើម្បីតេស្តមើលថា តើគេនៅមានភាពឆ្លាតវៃគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ឬក៏គ្រាន់តែជាមនុស្សមានះល្ងង់ខ្លៅ ដែលហ៊ានត្រឹមយកជីវិតទៅប្រថុយ ?
ភារម្យឈរទ្រឹង ជាមួយរាងកាយញាប់ញ័រចំប្រប់ … ភ្នែកសម្លឹងមើលសានដែលមានរយៈដង្ហើមខ្សោះខ្សោយទាំងដែលដៃនេះចង់លូកទៅជូតញើសនៅលើថ្ងាសប្អូនប្រុសជាខ្លាំង ប៉ុន្តែគេកំពុងតស៊ូជាមួយមនោសសញ្ចេតនា សោកសង្រេងនេះយ៉ាងសាហាវឃោរឃៅជាទីបំផុត ។
ប្អូនដែលគេតាមរក ពេលនេះឃើញហើយ តែត្រឹមជាបំណែកនៃមនុស្សម្នាក់ដែលត្រូវបានពួកបិសាចបំផ្លាញចោល ។
ប៊ីប … ប៊ីប …
មានភាគបន្ត …


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ