សំឡេងព្រមាននៃប្រព័ន្ធអាសន្ន ស្រាប់តែលាន់ឮមកកងរំពង … ។ ទាំងបួនកាយ មើលមុខគ្នា … គ្រប់យ៉ាង បញ្ជាក់ថាឧស្ម័នមេរោគ កំពុងតែត្រូវបានបញ្ចេញមកតាមរន្ធខ្យល់តូចៗជុំវិញខ្លួនពេទ្យសាន ទោះណាជាភារម្យមិនបានចចេសសម្រុកចូលក៏ដោយ ។
ធីតារអ៊ូសឹងតែមិនចេញសំឡេងព្រោះភាពរន្ធត់ ៖ «មានរឿងអី ?»
«អាចង្រៃអើយ …» ហ្សឺឌីស្រែកជេរពួកម៉ាហ្វៀ ព្រោះគេឃើញរលកសញ្ញាលើScreen ។ ប្រុសHacker ម្នាក់នេះ ត្រូវបង្ខំចិត្តលែងដៃដែលប្រទាញប្រាណអតីតអធិការ ហើយរេម្រាមដៃមកប្រឹងរត់លើ Tablet យ៉ាងស្វិតស្វាញដល់រឹងសឹងក្រញង់ដៃ ។
គេងាកទៅRoyយ៉ាងរហ័សហើយរាយការណ៍បន្ថែម ៖
«តាមពិត … វាភ្ជាប់មេរោគ … ជាមួយរាងកាយរបស់សាន ! កាលណា សានដឹងខ្លួន ហើយមានរំញោច … មេរោគសាយចេញ !»
Roy ចងចិញ្ចើម ។
«បង !»
សំឡេងរបស់សានហៅមក ប្រៀបដូចថាមពលមេឃដី ដែលពញ្ញាក់គ្រប់គ្នាឱ្យសម្លឹងទៅ ។ ពេលនោះRoy ក៏ផ្តើមយល់ដែរថា ឱកាសទប់ភារម្យមិនឱ្យប៉ះពាល់ប្អូន ទំនងជាលែងអាចទៅរួចហើយ ។ អតីតអធិការដ៏រឹងមាំ មិន
ខ្លាចស្លាប់ពិតមែន តែគេនឹងខ្សោយ … ចំពោះមុខប្អូនប្រុសគេ។
នេះជាអាវុធ … ដែលមិនមែនទើបតែនឹកឃើញធ្វើនោះទេ Royសួរខ្លួនឯងទាំងភ្នែកសម្លឹងមើលទៅហ្សឺឌី ដែលប្រើម្រាមទាំងដប់តស៊ូបង្ខាំងមេរោគពីក្នុងខ្លួនពេទ្យសានមិនឱ្យសាយភាយតាមរយៈមនោសញ្ចេតនាដែលហៀបតែនឹងផ្ទុះឡើង ពេលបងប្អូនទាំងពីរជួបគ្នា ។
សានមិនបានស្លាប់ទេ គេគ្រាន់តែហត់ខ្លាំង ។ នៅពេលដែលគេឃើញបងប្រុសភារម្យឈរនៅពីមុខរបាំងមេរោគ សានក៏ចាប់ផ្តើមទទួលញាណដឹង ហើយបើកភ្នែកថែមទាំងអាចស្រែកហៅ … នេះបានន័យថា គ្រប់យ៉ាងជាការរៀបចំមួយ ?
«ភារម្យ ! មកវិញ !»
Roy ស្រែកបង្អាក់ខ្ទរផ្ទៃបន្ទប់ ខណៈសរសៃកគេសឹងផ្ទុះប៉ោង តែភារម្យមិនបានឮទេ … គេនិងសានសម្លឹងមុខគ្នា ហើយឈានទៅមុខមិនបានបង្អង់ សូម្បីបន្តិចណា ។
Roy ខ្សឹបដោយឱបធីតាជាប់ក្នុងដៃខ្លាចនាងដើរទៅតាមភារម្យ ៖
«ពួកវា … ចង់បានអារម្មណ៍ពីពេទ្យសាន។ វាដាក់ជីវសាស្ត្រក្នុងខ្លួនពេទ្យសាន ហើយទំនងមិនបានប្រយោជន៍បានជាវាបញ្ឆោតយកមនុស្សដែលអាចធ្វើឱ្យពេទ្យសានរំញោចមកតទល់គ្នា នេះឯងជាឆាកចុងក្រោយរបស់វា !»
ធីតារេភ្នែកគិតដោយញើសស្រក់ស្អិត ។ នៅក្រោយពីការបាត់ខ្លួនរបស់បងប្អូនពីរនាក់នេះ ក្នុងសំណុំរឿងផ្ទះក្រអូបកាលពី៥ឆ្នាំមុន ធ្លាប់មានរបាយការណ៍មួយ ដែលនាងបានអានជុំវិញពេទ្យសាន មនុស្សនេះ ក្រៅពីអាចលាក់នូវភាពវិកលរបស់ខ្លួនយ៉ាងវៃឆ្លាតច្រើនឆ្នាំ ថែមទាំងមានកម្រិត IQ ដ៏ពិសេសដែលអាចបង្កើតនូវសារធាតុគីមីសំយោគដោយខ្លួនឯងតាមរូបមន្តឯកជនគួរឱ្យស្ញប់ស្ញែងផង ។
ប៉ុន្មានឆ្នាំមកនេះ ករណីពេទ្យសាន និងជំងឺវិកលដែលមិនអាចកាត់ស្មានរបស់គេ ត្រូវបានអ្នកស្រាវជ្រាវជាច្រើន យកមកពិចារណា ហើយនាងបាន ស្តាប់របាយការណ៍អំពីមនុស្សនេះ ក៏ដោយសារនាងជាសាក្សីសំខាន់ម្នាក់នៃរឿងរ៉ាវនៅផ្ទះក្រអូប បានជាចម្លើយរបស់នាងមានពាក់ព័ន្ធ ហើយពួកគេបានបង្ហើបប្រាប់នាងអំពីលក្ខណៈពិសេសក្នុងរាងកាយពេទ្យសាន ។
មកដល់នាទីនេះ នាងនៅតែយល់មិនអស់អ្វីដែលហ្សឺឌីនិង Roy កំពុងតែប្រាប់មកនៅឡើយ តែនាងអាចកាត់យល់បានខ្លះៗហើយ ។
គាប់ចួនពេលនោះឯង ជនជាតិរុស្ស៊ីដែលអង្គុយទស្សនាកម្សាន្តយ៉ាងឃោរឃៅបាននិយាយមកតាមSpeaker គួរឱ្យសង្កៀរត្រចៀកថា ៖
«អស់រយៈពេលជាច្រើនឆ្នាំ វេជ្ជបណ្ឌិតខ្មែរម្នាក់ឈ្មោះសំភិន ដែលស្ទាត់ជំនាញខាងគីមីសាស្ត្រ បានចាក់ថ្នាំ និងធ្វើពិសោធលើមនុស្សនេះ(ពេទ្យសាន)តាំងពីនៅជាកុមារ ។ មើលពីក្រៅដូចចង់ព្យាបាលជើងឱ្យ តែតាមការពិត គឺគេចង់សាកល្បងថ្នាំសណ្តំ «ស្តាប់បញ្ជា» ពីចម្ងាយដោយប្រើកូដជីវសាស្ត្រ (ក្លិន ពន្លឺ និងសំឡេង) ។ ស្តាយដែលអ្នកវិទ្យាសាស្ត្រគួរឱ្យស្រលាញ់ម្នាក់នោះ ធ្លាក់ទឹកស្លាប់បាត់ បន្សល់នូវមនុស្សមានតម្លៃម្នាក់លើផែនដី គឺពេទ្យសានដែលមានរាងកាយអច្ឆរិយ ! រាងកាយគេនេះ មានបណ្តុំនូវអ័រម៉ូនបរិសុទ្ធដែលគ្មានមនោសញ្ចេតនា គ្មានការឈឺចាប់ !»
ហ្សឺឌី និងធីតា ស្ងាត់មាត់ឈឹង ដៃហ្សឺឌីក៏គាំង លែងមានកម្លាំងកាយនិងចិត្តក្នុងការបន្តប្រយុទ្ធលើSystem Override ដើម្បីបញ្ឈប់សន្ទុះឧស្ម័ននេះ ។ គេអស់កម្លាំងក្នុងការប្រឹងមួយដែលដឹងស្រេចថា គង់តែបរាជ័យ ព្រោះគ្មានអ្នកណាហាមឃាត់ភារម្យបានទេ ។
Royស្រែកឡូឡា ៖
«អាបិសាច ! វាជាមេរោគគ្រប់គ្រងខួរក្បាល Neural-Control Virus ជាហ្សែនបិសាច ! អ្ហែងប្រឹងមកនិយាយល្អស្អី ?»
ជាអ្នកសរសេរអត្ថបទឧក្រិដ្ឋកម្មស៊ីជម្រៅ ធីតាធ្លាប់តែឮពាក្យគ្រប់គ្រងខួរក្បាល (Neural-Control Virus) តែមិនដែលគិតថា មានពិតមែន ឬកំពុងកើតឡើងចំពោះមុខនោះទេ ។
ធ្លាប់ដឹងថា ក្នុងសង្គ្រាមលោកលើកទី២ ពួកបិសាចស្រេកសង្គ្រាមបានព្យាយាមបង្ខាំងអ្នកវិទ្យាសាស្ត្រជាច្រើន ដើម្បីបង្កើតនូវថ្នាំគ្រប់គ្រងខួរក្បាលដើម្បីឈានទៅបង្កើតកងកម្លាំងទ័ពដែលគ្មានអារម្មណ៍ ។
ឥឡូវនេះ វ៉ាលី វ៉ូលកូវ ចង់និយាយថា មេរោគនោះ នៅក្នុងខ្លួនពេទ្យសានដែលជាស្នាដៃរាប់ឆ្នាំក្រោមការពិសោធន៍របស់អ៊ំសំភិន ?
នាងមិនទាន់និយាយអ្វីផង នៅក្រោមសម្ទុះទ្រូងតក់ស្លុត សំឡេងហ្សឺឌីស្រែកមកបង្អាក់ភារម្យ ៖
«អធិការភារម្យ ! យើងចាញ់បោកវាហើយ !!! ក្នុងខ្លួនសាន មានឈីប មួយ ឱ្យតែគេមានអារម្មណ៍ខ្លាំងៗ មានមនោសញ្ចេតនាពីមុនមកវិញ ឈីបនោះនឹងដាស់មេរោគឱ្យភ្ញាក់ហើយបញ្ចេញមកក្នុងបន្ទប់នេះ»
ភារម្យឈប់ជើង … នៅចំកណ្តាលផ្លូវ … ខណៈសានសម្លឹងមុខពួកគេម្តងម្នាក់ៗ សំឡេងដែលធីតាខានឮ៥ឆ្នាំមកហើយនោះ បានលាន់ឡើងមក មួយៗ ។
«បង … ភា … រម្យ … »
ហ្សឺឌីដកថយថែមបន្តិចទៀត ដោយស្រែកហៅធីតា និងRoy ឱ្យដកថយដែរ ៖
«មេរោគត្រូវភ្ញោចហើយ !»
ភារម្យស្តាប់ឮគ្រប់យ៉ាង ថែមទាំងដឹងខ្លួនភ្លាមដែរថា នេះគឺជាអន្ទាក់ចិត្តសាស្ត្រដ៏សាហាវបំផុត ដែលជនកំណាចវ៉ុលកូវបានប្រមូលផ្តុំ “កម្លាំងចិត្ត” ទាំងអស់របស់សានមកកន្លែងនេះដើម្បីឱ្យសានផ្ទុះកំហឹង ឬក្តីស្រលាញ់ អារម្មណ៍ជ្រាលជ្រៅអ្វីក្តីធ្លាប់មានពីមុនមក ជាហេតុធ្វើឱ្យមេរោគក្នុងខ្លួនគេសាយភាយចេញ ។
នេះបានន័យថា … បិសាចរកឃើញមេរោគនេះក្នុងរាងកាយសាន ឬអាចថា វាបណ្តុះបន្ថែមលើរាងកាយប្អូនកម្សត់របស់ខ្លួន តែ … វាយកចេញមកមិនបាន ព្រោះ … សានគ្មានអារម្មណ៍ ?
ប្រុសរេភ្នែកសម្លឹងមួយជុំខ្លួន … ធីតា … ស្រីដែលសានក៏ស្រលាញ់ …ហ្សឺឌី … មនុស្សដែលសានប្រចណ្ឌ … Roy ស្នងការសម្អប់ម្នាក់ ដែលបានបកអាក្រាតបងប្រុសរបស់សានឱ្យធ្លាក់ចេញពីតួនាទីអធិការ … ហើយខ្លួនឯងនេះជាបងប្រុសម្នាក់ ដែលសានបានគោរពនិងទុកចិត្តតែម្នាក់គត់ក្នុងលោក ។
គោរព ស្អប់ ស្រលាញ់និងប្រចណ្ឌ ! បួននេះ គ្រប់ហើយសម្រាប់ការបំបែកកូដជីវសាស្ត្ររបស់ពួកម៉ាហ្វៀលក់ថ្នាំប្រល័យលោក ។ អ៊ីចឹងសោះ បាន ជា … ពួកយើងទាំងបួនត្រូវគេបញ្ឆោតមក !!!
ប្រុសឈានជើងស្តាំថយ … គ្រឹប !
«មកវិញមក ភារម្យ !»
Roy ខ្សឹប … ថែមទាំងបោះបាតដៃទៅ …
តែអតីតពេទ្យសានហានិយាយជាមួយបបូរមាត់ដែលប្រេះបែកក្រៀមក្រោះ … ទឹកភ្នែកគេហូររហាម ៖
«បងភារម្យ … ចាំដែរ ? ថ្ងៃដែលខ្ញុំបាញ់បង … នោះមិនមែនជាគ្រាប់កាំភ្លើងពិតទេបង ! … ជាគ្រាប់ Non-lethal ទេបង ! ខ្ញុំគ្រាន់តែចង់ នាំបងចេញពីកន្លែងនេះ … ខ្ញុំចង់ជួយបង … តែបងបែរជាយល់ថា ខ្ញុំ … !»
មានភាគបន្ត …


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ