មនុស្សក្នុងរូបរាងសាកសព មិនបានបញ្ចប់ប្រយោគទេ គេសម្រេចឈប់ត្រឹមនេះ … ទុកឱ្យភារម្យឈរទ្រឹង ។ អាថ៌កំបាំងដែលគេរងទុក្ខអស់៥ឆ្នាំ ស្រាប់តែត្រូវបានបកស្រាយដោយប្អូនប្រុសក្នុងសភាពដ៏សែនវេទនា ។
«បងយកឯងចេញពីកន្លែងឧត្បាតនេះ!» ភារម្យនិយាយដោយងក់ក្បាលទាំងរំជួលចិត្ត ធ្វើឱ្យRoyលេបទឹកមាត់អស់សង្ឃឹមក្តុក ។
«ពេទ្យសាន !» ធីតានិយាយទាំងរអាក់រអួល ។ សំឡេងរបស់នាង យ៉ាងហោចណាស់ អាចញ៉ាំងឱ្យភារម្យរំខានចិត្តត្រូវតែងាកមក … ហើយនាងក៏រលាស់ដៃពីRoyឈានទៅប្រតោងគេ តែនាងមិនបាននិយាយជាមួយភារម្យ ទេ ធីតាបន្តនិយាយទៅកាន់ប្អូនប្រុសរបស់គេ … ៖
«បងប្រុសខ្លួនជាមនុស្សល្អ ! ទោះជាគាត់ … ឈប់ធ្វើប៉ូលិស … តែខ្លួន … ក៏មិនឱ្យគាត់មានឈ្មោះ … ជាអ្នក … បង្កើតមេរោគពិភពលោកដែរ មែនអត់ ?»
ភារម្យឱនមកសម្លឹងនាង ខណៈស្រីម្នាក់នេះ ងើបមុខសម្លឹងនាយវិញ ។
បុរសនេះមិនមែនជាយុវវ័យទៀតទេ … តាំងពីយូរមកហើយ … គេមិនដែលមានយុវវ័យម្តងណាផងក៏ថាបាន ។
ស្នេហានិងការអត់ធន់ដែលគេមានមក នៅដដែល … មិនថាពេលវេលាកន្លងទៅយូរប៉ុនណាសម្រាប់មនុស្សស្រីម្នាក់នេះ ។ តំណក់ទឹកភ្នែកដក់ក្នុងរង្វង់កែវភ្នែកមនុស្សម្នាក់ ដែលមិនខ្លាចសូម្បីសេចក្តីស្លាប់ … ការឈឺចាប់នេះ នាងយល់ តែនាងនៅចចេសសួរទាំងយំគគ្រូក ៖
«ខ្លួនដឹងហើយ ថាវាជាអន្ទាក់ ហេតុអី … នៅចង់ទៅ ?»
«ខ្ញុំមានតែប្អូនម្នាក់ប៉ុណ្ណោះ !»
គេតបមករហ័សណាស់ រហ័សដល់នាងមិនអាចធ្វើអ្វីបាន ខណៈដៃគេម្ខាងទៀត ច្បូតការប្រតោងរបស់ស្រីចេញ រួចបោះជំហានបន្តទៅមុខ ។
ហ្សឺឌីក្តាប់ដៃ … Royលូនមកទាញធីតាថយក្រោយវិញជាថ្មីទៀត ខណៈ ដែលគ្រែដែកនិងមនុស្សយន្តដែលផ្ទុករាងកាយសាន ត្រូវបញ្ចេញសំឡេង វីស… គ្រីក្រាកៗ ដូចចង់គាំងមេកានិច … ហើយ មនុស្សយន្តទាំងទ្វេបែរជាបញ្ចេញចលនាញ័រខ្លួនទទ្រើកដូចត្រូវបានចរន្តខាងក្នុងឆ្លាស់ប្តូរបញ្ច្រាស ។
ភារម្យត្រូវឈប់ងក់ព្រោះសានដកថយរអិលព្រាល់ក្នុងល្បឿនដ៏រហ័ស មួយ ។
«កុំចូលមកបង !» សាននិយាយខ្លី តែហ្សឺឌីញញឹមចិញ្ចាចឡើងមកភ្លាម ដោយសារតែនាយ Hacker បានមើលឃើញប្រតិកម្មឈីបក្នុងរាងកាយពេទ្យសាន ។
វ៉ាលីវ៉ូលកូវបានគិតថា ការប្រមូលផ្តុំមនុស្សដែលសានស្រលាញ់ ស្អប់ ប្រចណ្ឌ និងគោរព នឹងធ្វើឱ្យ “ផ្កាដ៏វិចិត្រ” ដែលជាមេរោគបញ្ចេញជា Nano-ភាគល្អិត ឬ (Biological Code) ក្នុងខ្លួនសានឱ្យផ្ទុះ និងសាយភាយចេញមកក្រៅបានរាប់លាន … ប៉ុន្តែជនកំណាចបានគណនាខុស !
ជំនួសឱ្យការធ្វើឱ្យមេរោគសកម្មក្នុងរាងកាយគេ … ការផ្ទុកនៃអារម្មណ៍ស្រទន់ និងជ្រាលជ្រៅទាំងបួននោះ បានបង្កើតជា “System Error” យ៉ាងខ្លាំងមួយទៅវិញ នៅក្នុងឈីបផ្ដាច់ព្រលឹងដែលបង្កប់ក្នុងកញ្ចឹងកសាន ។
ហាក់ដូចជាការ Reset ប្រព័ន្ធទាំងមូល !
ភ្នែករបស់សានមិនបានប្រែជាពណ៌ក្រហមនៃសេចក្តីមរណៈទេ តែបែរជាភ្លឺចិញ្ចែងពណ៌ខៀវស្រងាត់ ។
ឈីបផ្ដាច់ព្រលឹងត្រូវបានបិទដំណើរការជាបណ្តោះអាសន្នការពារមនុស្សដែលគេ … ចង់ការពារបានសម្រេច ។
ក្នុងមួយប៉ប្រិចភ្នែក ខួរក្បាលរបស់សាន ដែលត្រូវបានគេពិសោធរាប់ឆ្នាំ ស្រាប់តែភ្ញាក់ឡើងដោយមាន IQ ខ្ពស់លើសមនុស្សធម្មតារាប់សិបដង រហូតអាចយល់ពីអ្វីក្នុងអត្ថន័យដែលធីតាព្យាយាមរំឭកគេ ។
គេឃើញអ្វីៗទាំងអស់នៅចំពោះមុខ ។
គេឃើញអន្ទាក់ វ៉ាលីវ៉ូលកូវ … គេឃើញផែនការដែលបិសាចរុស្ស៊ីម្នាក់
នេះចង់ប្រើពួកគេទាំងបួន ដើម្បីដោះកូដមន្ទីរពិសោធន៍ ដ៏អសិរពិសក្នុងខ្លួនសាន ។
សានដកថយខ្លួនឯង ហើយបញ្ចេញរលកមេដែកអគ្គិសនីតិចៗដែលធ្វើឱ្យមនុស្សយន្តទាំងពីរដួលគាំងស្តូក ។
សំឡេងគេលាន់មកពីចម្ងាយ តែគ្រប់គ្នាអាចឮដូចនៅជិតបង្កើយ ៖
« … គេ … និយាយត្រូវ !!! បងប្រុសខ្ញុំ … ជាប៉ូលិសល្អ ! ខ្ញុំស្រលាញ់បងខ្ញុំ … យើងមានគ្នាពីរនាក់ … យើងអានសៀវភៅក្បែរទឹកជ្រោះធ្លាក់ …»
ភារម្យអួលដើមក មិននឹកស្មានថា ប្អូនប្រុសកម្សត់ក្នុងរាងកាយខ្ទេចខ្ទាំនេះ នៅមានសភាវៈ គិតរហ័សលើសការរំពឹងទុក ។
«ស្តាប់បងឱ្យច្បាស់អាសាន … បងយកឯងចេញ !»
«យកបាន !» ហ្សឺឌីស្រែកធ្វើឱ្យគ្រប់គ្នាសម្លឹងទៅHacker ។ ប្រុសក្មេងម្នាក់នេះនិយាយបញ្ជាក់ទៅកាន់គ្រប់គ្នា ៖
«សានបានបិទដំណើរការឈីបហើយ មេរោគមិនបញ្ចេញមកបានទេ !»
រនាំងដែកត្រូវបានទម្លាក់មកគ្រឹបៗ រារាំងពីមុខបងប្អូនទាំងពីរ …
គ្រប់គ្នាកំពុងព្យាយាមងាកទៅមើលហ្សឺឌីក្រែងគេអាចដោះអ្វីបាន … តែហ្សឺឌីសម្លឹងTabletថ្មែ ជាមួយទឹកមុខភ្ញាក់ផ្អើលខ្លាំង ។
អ្វីមួយធ្លាក់មកពីពិតានខាងលើពេលភារម្យស្ទុះជិតដល់រនាំងជាចម្រឹងមួយនោះ ។ គឺរនាំងដែកក្រាស់មួយផ្សេងទៀត កំពុងត្រូវបានទម្លាក់មកបន្ថែម មុនពេលដែលគេលែងបានឃើញប្អូនគេ … ភារម្យឃើញសានញញឹមមករក បងប្រុស ។
បេះដូងបុរសនេះខ្ទេចខ្ទាំរាប់រយចម្រៀក …
គេប្រមៀលខ្លួនទៅរកចន្លោះដែលមិនទាន់បិទជិតទាំងស្រុង នៅហើបប្រមាណជាមួយម៉ែត្រពីដីតែត្រូវRoyក្រឡាស់មករារាំងមួយទំហឹងដូចជាអតីតស្នងការ អាចស្មានដឹងបានពីកាយវិការរបស់ភារម្យជាមុនស្រេចហើយ ។
«ភារម្យ ! ឈប់ !!!»
សំឡេងរបស់ Roy លាន់ឮដូចផ្គរលាន់ ក្នុងការប្រតាយកម្លាំងជាមួយគ្នារួចសង្ខុញប្រាប់ ៖
«ដឹងទេថា ហេតុអីបានជាពួកវា ទុកឱ្យប្អូនឯងនៅរស់ដល់ពេលនេះ ? ព្រោះប្អូនឯងមានរោងចក្រមានអ័រម៉ូនជីវសាស្ត្រ ! រាងកាយគេ អាចផលិតមេរោគឱ្យពួកវា ! វាមិនអាចបញ្ចប់ប្អូនឯងទេ !»
ភារម្យឈប់ដៃបន្ធូរកម្លាំង តែគេនិយាយទាំងដង្ហក់ ៖
«តែ … ពួកអាបិសាចនឹងធ្វើទារុណកម្មវា ឱ្យក្លាយជាមនុស្សមិនមនុស្ស ខ្មោចមិនខ្មោច !»
Roy គ្រវីក្បាលនិយាយខ្សឹប ដាក់ភ្នែកមុតថ្លាទាំងគូរបស់ភារម្យ ៖
«មើលឱ្យច្បាស់សិនទៅ ភារម្យ !» Roy បន្តសំឡេងដាច់ៗហត់ខ្លាំង
«ពេទ្យសានមិនមែនដូចមនុស្សធម្មតាទេ ! មេរោគដែលនៅក្នុងខ្លួនគេ បានសម្លាប់ប្រព័ន្ធទទួលអារម្មណ៍របស់គេចោលអស់ហើយ ។ គេមិនឈឺ គេគ្មានអារម្មណ៍ទេ !»
«ចុះម៉េចគេស្គាល់យើង ! គេស្គាល់គ្រប់គ្នា ?»
Royទាញកអាវអតីតអធិការហើយពន្យល់គេ ៖
«បែងចែកឱ្យដាច់ !!!! រវាង ‘ការចងចាំ‘ និង ‘អារម្មណ៍‘ ពួកណានូ-ភាគល្អិតក្នុងខ្លួនគេមិនមែនលុបបំបាត់ការចងចាំ(Data) របស់គេចោលទេ … គ្រាន់តែបិទផ្លូវ ‘មនោសញ្ចេតនា’ គេប៉ុណ្ណោះភារម្យ! »
បងប្រុសងាកទៅរកជញ្ជាំងដែកដែលមុននេះគេទើបតែបានឃើញប្អូនគេវិញ ខណៈប្រាណនេះទន់លលៃពេលលែងឃើញប្អូន ។
Royខាំមាត់យោងខ្លួនគេក្រោកឡើងត្រដាបត្រដួស ហើយងាកទៅសម្លឹងមើលកន្លែងនោះជាមួយគ្នាមុននឹងបកស្រាយបន្ត ៖
«ករណីនេះដូចជាកុំព្យូទ័រដែរ ភារម្យ ! វាស្គែនមុខមាត់ និងសំឡេងមនុស្សយើងទុកក្នុង Database ! យើងនៅក្នុងខួរក្បាលសានតាំងពីយូរមកហើយ ។ ពេលដែលគេឃើញមុខឯង ប្រព័ន្ធប្រសាទរបស់គេគ្រាន់តែទាញយកទិន្នន័យមកវិញថាឯងគឺជា ‘បងប្រុស’ គេ !! នេះជាប្រតិកម្មស្វ័យប្រវត្តិ មិនមែនជាការអាណិតស្រលាញ់ចេញពីបេះដូងឡើយ ។ គេស្គាល់ពួកយើង … ព្រោះគេត្រូវបានគេកំណត់ឱ្យស្គាល់ ដើម្បីប្រើប្រាស់ពួកយើងជា ‘ចំណុចចាប់ផ្តើម’ នៃមេរោគ !»
ភារម្យទម្លាក់ដៃចុះ រួចនិយាយទៀត ៖
«គេមិនបានស្គាល់ឯងដោយសារគេស្រលាញ់ឯងទេ … គេស្គាល់ឯង ព្រោះគេត្រូវបានពួកវា ‘រៀបចំ’ មកឱ្យស្គាល់ឯង ដើម្បីប្រើឯងធ្វើជារំញោចថ្នាលមេរោគ ។ គេគ្រាន់តែជាសាកសពដែលមានការចងចាំ តែការចងចាំរបស់គេប្រាប់ថា ឯងជាមនុស្សសំខាន់ម្នាក់ … ដែលគេចង់ឱ្យឯងធ្វើជាប៉ូលិសល្អ ! ប្រហែលជាពីមុន … គេធ្លាប់មានវិប្បដិសារីនេះ … មិនអាចរលុប !»
ភារម្យចង់តវ៉ាបន្ត តែសំឡេងហ្សឺឌីស្រែកមករកពួកគេ ៖
«សានបានផ្ញើវិធីដោះកូដលេណដ្ឋាននេះ ! … ទាំងមូល !»
ចួបគ្នាថ្ងៃសៅរ៍ …


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ