រឿង៖ អ្នកបន្តវេន

           ភ្ញាក់ពីដំណេកខ្ញុំមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃឈឺក្បាលខ្ទោកៗដូចជាទើបស្វាងពីស្រវឹងស្រាយប់មិញ​។ ខ្ញុំងើបចេញពីគ្រែក្នុងអាការៈធីងធោងស្ពឹកស្រពន់ដៃជើងដើរមិនចង់រួច។ ទម្លាប់របស់ខ្ញុំបន្ទាប់ពីភ្ញាក់ពីគេងខ្ញុំតែងតែទៅអង្គុយមុខកញ្ចក់ដើម្បីមើលមុខខ្លួនឯងរួចទើបចូលទៅបន្ទប់ទឹកលាងសម្អាតខ្លួនប្រាណ ហើយថ្ងៃនេះក៏មិនខុសពីថ្ងៃមុនៗដែរ។

           ខ្ញុំបានដើរទៅអង្គុយមុខកញ្ជក់ដូចធម្មតាប៉ុន្តែមុខរបស់ខ្ញុំមានឈាមជាប់ពេញថ្ពាល់និងក្នុងមាត់។ ឈាមនេះស្ងួត តាមសភាពរបស់វាប្រហែលជាកើតឡើងកំឡុងពេលខ្ញុំគេងលក់។ ខ្ញុំស្លន់ស្លោនឹងទិដ្ឋភាពដែលនៅចំពោះមុខពេលនេះខ្លាំងណាស់។ តើមានរឿងអ្វីកើតឡើងចំពោះខ្ញុំទៅ? បេះដូងខ្ញុំលោកញាប់ឡើងៗ ដង្ហើមដកដាច់ៗដូចចង់ស្ទះ។ ទ្រាំលែងបានខ្ញុំក៏ប្រឹងស្រែកដើម្បីរកជំនួយ។

           “ជួយខ្ញុំផង…” ខ្ញុំស្រែកព្រមទាំងបិទភ្នែកហើយយកដៃបិទត្រចៀកខ្លួនឯងឈ្ងោកមុខនៅមុខកញ្ចក់។

           ក្រុមគ្រួសាររបស់ខ្ញុំមានម្ដាយនិងឪពុករបស់ខ្ញុំបានស្ទុះស្ទារពីជាន់ក្រោមតម្រង់មកបន្ទប់របស់ខ្ញុំ។ ពួកគាត់ចូលមករកខ្ញុំជាមួយនឹងឈុតគេងយប់។ ជាធម្មតាពេលគេងខ្ញុំមិនដែលដាក់គន្លឹះទ្វារទេទើបបានជាពួកគាត់ចូលមកបានដោយស្រួលបែបនេះ។ ម្ដាយរបស់ខ្ញុំឃើញអាការៈបែបនេះគាត់រត់មកឱបខ្លួនប្រាណដែលញ័រដូចជាកូនសត្វរបស់ខ្ញុំថ្នមៗរួចបង្ហាញនៅអារម្មណ៍ព្រួយបារម្ភជាខ្លាំង។

           “មានរឿងអ្វីទៅកូនសី?” ម៉ាក់ព្យាយាមផ្ងើយមុខខ្ញុំឱ្យនិយាយជាមួយគាត់។

           ខ្ញុំងើយមើលមុខរបស់ម៉ាក់និយាយជាមួយគាត់វិញទាំងអាម្មណ៍នៅខ្លាចនៅឡើង។ គាត់ទាំងពីរនាក់បើកភ្នែកធំៗមើលមុខខ្ញុំដូចជាបារម្ភខ្លាំងណាស់។

           “ម៉ាក់…” សំឡេងដាច់ៗចេញពីមាត់នៅមិនទាន់បាត់ញ័ររបស់ខ្ញុំហាមិនទាន់បានប៉ុន្មានផងប៉ាក៏និយាយកាត់ភ្លាម។

           “ឈាម!!! តើកូនដួលមែនទេទើបបានជាមានឈាមច្រើនបែបនេះ?” មុខប៉ាប្រែជាភ្ញាក់ផ្អើលខ្លាំងជាងមុនទៀតបន្ទាប់ពីឃើញឈាមជាប់នៅមុខរបស់ខ្ញុំ។

           “ខ្ញុំមិនបានដួលទេ ភ្ញាក់ពីដំណេកមកខ្ញុំក៏ឃើញបែបនេះតែម្ដង” ឮខ្ញុំនិយាយហើយទឹកមុខរបស់ម៉ាក់សញ្ជឹងគិតដូចជានឹកឃើញដល់រឿងអ្វីម្យ៉ាងរួចគាត់ក៏និយាយភ្លេចខ្លួន៖

           “ត្រូវហើយថ្ងៃនេះកូនអាយុ១៨ឆ្នាំហើយ”

           “អូននិយាយអីនឹង? វាគ្មានទាក់ទងជាមួយឈាមនៅជាប់មុខកូនស្រីយើងទេ។” ប៉ាមើលមុខម៉ាក់មិនចង់ឱ្យម៉ាក់និយាយពីរឿងនេះដូចជាមានអ្វីមួយលាក់បាំងមិនចង់ឱ្យខ្ញុំដឹង។

           “ខ្ញុំអាយុ១៨ឆ្នាំ តើមានអ្វីទាក់ទងជាមួយឈាមនៅជាប់មុខរបស់ខ្ញុំម៉ាក់?” ខ្ញុំតក់ក្រហល់ចង់ដឹងខ្លាំងឡើង។

           “គ្មានរឿងអ្វីទេ ម៉ាក់…ម៉ាក់គ្រាន់តែច្រឡំមាត់ទេ” សំឡេងដាច់ៗរបស់ម៉ាក់ធ្វើឱ្យខ្ញុំសង្ស័យរឹតតែខ្លាំង។ “ប្រហែលជាយប់មិញក្ដៅខ្លាំងពេកទើបបណ្ដាលឱ្យឈាមច្រាលចេញមកពីខាងក្នុងក៏មិនដឹង។ កាលពីម៉ាក់នៅក្មេងក៏ធ្លាប់ជួបរឿងដូចឯងដែរ។ ឆាប់ចូលទៅលុបមុខទៅគ្មានរឿងអ្វីទេ។”

           “តែ…” ខ្ញុំមាននៅមិនទាន់អស់ចិត្តចង់សួរគាត់បញ្ជាក់ឱ្យកាន់តែច្បាស់ប៉ុន្តែត្រូវគាត់និយាយកាត់វិញភ្លាម។

           “គ្មានតែអីទេ ជឿម៉ាក់ទៅ” ម៉ាក់ប្រឹងញញិមក្នុងទឹកមុខលាក់បាំងអ្វីម្យ៉ាងជាមួយខ្ញុំ។

           ខ្ញុំបានចូលទៅបន្ទប់ទឹកសម្អាតមុខនិងខ្លួនប្រាណទាំងនៅមានមន្ទិលសង្ស័យមិនទាន់ដាច់ស្រឡះសោះ។ ប៉ានិងម៉ាក់ក៏បានចេញពីបន្ទប់ខ្ញុំត្រឡប់ទៅកាន់បន្ទប់គាត់វិញ។ ពេលមកដល់បន្ទប់គាត់ទាំងពីរក៏បាននិយាយរឿងរបស់ខ្ញុំភ្លាមៗដោយមិនឱ្យខ្ញុំដឹង។

           “តើកូនស្រីយើងជាអ្នកបន្តវេនមែនទេ?” ប៉ាយកដៃទាំងពីររបស់គាត់កាន់ស្មាម៉ាក់រួចសួរមួយៗ។

           “ត្រូវហើយ…” ម៉ាក់ទម្លាក់ទឹកមុខចុះមិនហ៊ានតតាំងជាមួយប៉ា។

           “ហេតុអ្វីបានជាអូនមិនព្រមប្រាប់បង?” ប៉ាយកដៃទាំងគូអង្រួនខ្លួនប្រាណម៉ាក់តិចៗព្រោះគាត់ហួសចិត្ត ហេតុអ្វីរឿងធំប៉ុណ្ណឹងហើយប្រពន្ធមិនប្រាប់គាត់។

           “អូនក៏ចង់ប្រាប់បងដែរតែអូនខ្លាចបងយកកូនស្រីរបស់យើងចេញពីអូន” ទឹកភ្នែកចាប់ផ្ដើមហូរម្ដងមួយតក់ៗចេញពីកែវភ្នែករបស់ម៉ាក់។

           “នៅមិនទាន់ហួសពេលទេ អូនគួរតែបញ្ឃប់ទៅ” ប៉ានិយាយឮៗរហូតឮដល់ខ្ញុំដែលនៅបន្ទប់ទទួលភ្ញៀវ។ នៅជាន់ក្រោមមានបីបន្ទប់ មួយជាបន្ទប់ម៉ាក់និងប៉ា បន្ទប់មួយទៀតដែលនៅចំកណ្ដាលគេមិនដឹងជាបន្ទប់អ្វីទេព្រោះម៉ាក់ហាមខ្ញុំតាំងពីតូចមិនឱ្យចូលបន្ទប់នេះជាដាច់ខាតប៉ុន្តែម្ដងម្កាលខ្ញុំតែងធុំក្លិនផ្សែងធូបចេញពីបន្ទប់នេះ និងបន្ទប់ចុងក្រោយគឺបន្ទប់ទទួលភ្ញៀវនេះឯង។

           “បើគ្មានអ្នកបន្តវេនទេអូននឹងត្រូវ…” សំឡេងម៉ាក់ត្រូវបានគាំងត្រឹមនេះបន្ទប់ពីឮសំឡេងខ្ញុំគោះទ្វារពីខាងក្រៅបន្ទប់របស់គាត់។

          “ប៉ាមានរឿងអ្វីកើតឡើងនឹងទើបបានជានិយាយដាក់ម៉ាក់ឮៗម្ល៉េះ?” ខ្ញុំដើរមកគោះទ្វារបន្ទប់គាត់បន្ទាប់ពីឮប៉ានិយាយជាមួយម៉ាក់ឮៗ។ ខ្ញុំបារម្ភពីម៉ាក់ខ្លាំងណាស់ព្រោះនេះជាលើកទីមួយហើយដែលប៉ាប្រើសំឡេងខ្លាំងៗជាមួយម៉ាក់។ អារម្មណ៍ខ្ញុំគិតពីម៉ាក់រហូតភ្លេចរឿងដែលបានកើតឡើងលើខ្ញុំមុននេះ។

          “គ្មានរឿងអ្វីទេ គ្រាន់តែរឿងយល់ច្រឡំទេពេលនេះដោះស្រាយរួចហើយ” សំឡេងម៉ាក់ស្អកៗដូចទើបតែយំហើយ។

          “ពិតមែនទេប៉ា?” ខ្ញុំសួរប៉ាបញ្ជាក់ព្រោះខ្លាចម៉ាក់កុហក។

          “បាទកូនស្រី គ្រាន់តែការយល់ច្រឡំទេ” ស្ដាប់សម្ដីប៉ាចប់ខ្ញុំដូចជាធូរអារម្មណ៍បន្ដិច។​

          ពេលវេលាចេះតែដើរទៅមុខលឿនខ្លាំងណាស់ មួយប៉ព្រិចភ្នែកសោះរឿងដែលបានកើតឡើងលើខ្ញុំនៅព្រឹកនោះបានកន្លងផុតទៅអស់រយៈពេលកន្លះឆ្នាំបាត់ទៅហើយ។ ព្រះខែពេលបូណ៌មីបានបង្ហាញខ្លួនតាមបង្អួចបញ្ជាក់ថាថ្ងៃនេះជាថ្ងៃ១៥កើត។

          ខ្ញុំ ម៉ាក់និងប៉ាអង្គុយញ៉ាំបាយដូចធម្មតា។ បន្ទាប់ពីញ៉ាំបាយរួចម៉ាក់តែងតែឆុងទឹកដោះគោឱ្យខ្ញុំជាមួយប៉ាម្នាក់មួយកែវរាល់ថ្ងៃ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថារៀងរាល់ថ្ងៃ១៥កើតឱ្យតែញ៉ាំទឹកគោម៉ាក់រួចខ្ញុំងងុយគេងខុសពីធម្មតាតែបើថ្ងៃផ្សេងៗក្រៅពីថ្ងៃ១៥កើតដូចជាមិនងងុយគេងសោះ។ ថ្ងៃនេះពេលម៉ាក់កាន់កែវទឹកដោះគោមកឱ្យខ្ញុំនិងប៉ា ខ្ញុំមិនទាន់ផឹកទេប៉ុន្តែប៉ាលេបក្អិកៗអស់គ្មានសល់។

          ហ៊ើយ… (សំឡេងស្ងាបរបស់ប៉ា)

          “បងចូលទៅគេងមុនហើយ ថ្ងៃនេះដូចជាងងុយណាស់” និយាយរួចប៉ាក៏ចាប់ផ្ដើមដើរទៅបន្ទប់គេងរបស់គាត់​។ តាមពិតមិនមែនតែខ្ញុំទេប៉ាក៏អ៊ីចឹងដែរ ឱ្យតែថ្ងៃ១៥កើតផឹកទឹកដោះគោម៉ាក់រួចដឹងតែងងុយគេងហើយ។

          “ឆាប់ញ៉ាំទឹកដោះគោរបស់កូនទៅ នឹងអាលម៉ាក់យកកែវទៅលាង” ម៉ាក់ដូចជាចង់ឱ្យខ្ញុំផឹកទឹកដោះគោនេះខ្លាំងណាស់។

          ខ្ញុំក៏ចាប់អកទឹកដោះគោអស់ពីកែវ មួយសន្ទុះខ្ញុំក៏ចាប់ផ្ដើមងងុយគេងដូចប៉ាដែរ។ ខ្ញុំក៏បានលាម៉ាក់ទៅគេងប៉ុន្តែតាមពិតខ្ញុំនៅទ្រាំប្រឹងបើកភ្នែកលួចតាមដានមើលសកម្មភាពម៉ាក់មិនឱ្យគាត់ដឹងខ្លួន។ ម៉ាក់បានប្រមូលចាននិងកែវទុករួចហើយគាត់ក៏ដើរចូលទៅក្នុងបន្ទប់គេងរបស់គាត់បន្ទាប់មកខ្ញុំឃើញគាត់ឈរនៅមុខបន្ទប់កណ្ដាលមួយភ្លែតទើបគាត់ដើរចូលទៅក្នុង។

          ដោយសារតែចង់ដឹងខ្លាំងពេលខ្ញុំក៏ដើរលបៗទៅមុខបន្ទប់បម្រុងនឹងលួចមើលសកម្មភាពគាត់ស្រាប់តែភ្នែកខ្ញុំទ្រាំទ្រលែងកើតក៏បិទដោយមិនស្ដាប់បញ្ជា។ ខ្លួនប្រាណខ្ញុំដេកដួលស្ដូកស្ដឹងនៅមុខបន្ទប់។ ព្រឹកឡើងខ្ញុំបានឃើញខ្លួនឯងនៅក្នុងបន្ទប់គេងទៅវិញ។ ពិតជាចម្លែកណាស់យប់មិញខ្ញុំចាំបានថាខ្ញុំបានបាត់បង់ស្មារតីនៅមុខបន្ទប់កណ្ដាល ហេតុអ្វីព្រឹកឡើងខ្ញុំមកគេងក្នុងបន្ទប់ទៅវិញ?

          ឆ្លៀតឱកាសម៉ាក់ទៅផ្សារ ប៉ាទៅធ្វើការបាត់ខ្ញុំក៏បានលួចចូលទៅក្នុងបន្ទប់កណ្ដាលប៉ុន្តែបន្ទប់ជាប់សោ។

          សោ!!!

          តើខ្ញុំបានសោមកពីណាចាក់ចូលទៅខាងក្នុង?

          គិតមួយសន្ទុះខ្ញុំក៏នឹកឃើញថាចប់មិញនេះមុននឹងម៉ាក់ចូលបន្ទប់នេះគាត់បានដើរចូលទៅក្នុងបន្ទប់គេង។ អ៊ីចឹងប្រហែលជាសោនៅក្នុងបន្ទប់គាត់ហើយ។ គិតរួចខ្ញុំក៏ដើរសំដៅទៅបន្ទប់ម៉ាក់ភ្លាម។ ជាធម្មតាបន្ទប់គាត់បិទទ្វារតែមិនចាក់សោទេ។ ចូលមកដល់ក្នុងក្រឡេកមើលចុះឡើងៗខ្ញុំប្រទះឃើញកូនសោមួយចង្កោមមានប្រហែលបីបួននៅក្បាលដំណេក។

          ខ្ញុំស្ទុះវឹងយកមកចាក់បន្ទប់កណ្ដាល។ ចាក់សោទីមួយទីពីរមិនត្រូវខ្ញុំក៏បន្តចាក់សោទីបី មេសោក៏របើកគន្លឹះចេញ ទ្វារក៏អាចបើកបាន។ ចូលមកដល់ក្នុងខ្ញុំឃើញមានបាយសី៧ថ្នាក់រៀបចំតាមជាន់យ៉ាងស្អាត នៅមុខបាយសីមានរូបថតរបស់ខ្ញុំនិងមានឈ្មោះ ឈុន ចាន់ពិសី និងថ្ងៃខែឆ្នាំកំណើតនៅពីក្រោមរូបថត និងឃើញមានកំប៉ុងជើងធូបទៀននៅខាងមុខរូបថត។

          ត្រូវហើយនេះជាឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ។

          តើនេះជាពិធីអ្វីទៅ? ហើយម៉ាក់ធ្វើវាដើម្បីអ្វី? ម៉េចបានជាគាត់មិនព្រមប្រាប់ខ្ញុំ?

          ទឺង…ទឺង… សំឡេងទូរសព្ទរបស់ខ្ញុំរោទ៍

          ខ្ញុំបានដកទូរសព្ទចេញពីហោប៉ៅឃើញម៉ាក់តេមកខ្ញុំ។ ខ្ញុំក៏លើកទទួលក្នុងអារម្មណ៍ភ័យព្រោះខ្លាចគាត់ដឹងថាខ្ញុំលួចចូលមកក្នុងបន្ទប់នេះ។

          -អាឡូម៉ាក់

          -អាឡូកូនសី! ជួយបើកសោរបងផ្ទះឱ្យម៉ាក់ផងព្រោះព្រឹកមិញម៉ាក់ភ្លេចយកកូនសោទៅ។

          -ចាស៎ម៉ាក់ ចាំកូនបើកទ្វារឱ្យ។

          ខ្ញុំបានចេញពីបន្ទប់យ៉ាងលឿងរៀបចំចាក់សោវិញ និងយកកូនសោទៅដាក់ទីតាំងដូចដើមរួចទើបដើរទៅបើកទ្វារឱ្យម៉ាក់។ ខ្ញុំជួយយួរអីវ៉ាន់ម៉ាក់រួចក៏ឆ្លៀតសួរគាត់អំពីបន្ទប់កណ្ដាលនោះ។

          “ម៉ាក់ ខ្ញុំឆ្ងល់ណាស់តើបន្ទប់កណ្ដាលជាបន្ទប់អ្វីទៅ ទើបបានជាឃើញចាក់សោចោលរហូតអ៊ីចឹង?” ខ្ញុំសួរដូចខ្លួនឯងមិនដឹងរឿង។

          “អ្ហ៎! បន្ទប់នឹងម៉ាក់ដាក់អីវ៉ាន់ចាស់ៗទុកចោលយូរហើយ” ម៉ាក់មើលមុខខ្ញុំរកនឹងបន្តិចទើបនិយាយ។

          “ដាក់អ្វីខ្លះទៅម៉ាក់?”

          “កុំទាន់សួររឿងនឹងប្រញាប់មកជួយធ្វើម្ហូបម៉ាក់ ខ្លាចប៉ាឯងមកពីធ្វើការវិញម្ហូបនៅមិនទាន់ឆ្អិន” ម៉ាក់និយាយបង្វែរប្រធានបទព្រោះមិនចង់ឱ្យខ្ញុំសួរដេញដោលទៀត។

          ម៉ាក់ក៏ដើរសំដៅទៅផ្ទះបាយដែលមានខ្ញុំដើរយួរអីវ៉ាន់តាមពីក្រោយខ្នងរបស់គាត់។ នៅផ្ទះបាយខ្ញុំនិងម៉ាក់ធ្វើម្ហូបផងនិយាយគ្នាលេងផងប៉ុន្តែឱ្យតែនិយាយដល់រឿងបន្ទប់កណ្ដាលម៉ាក់មិនឆ្លើយនឹងខ្ញុំទេហើយគាត់បែរជានិយាយរឿងអីផ្សេងទៅវិញ។

……………………………

          ផ្ទៃមេឃស្រឡះល្អព្រះខែមូលក្រឡង់ស្អាតខ្លាំងណាស់ ក្រឡេកមកមើលប្រតិទិននៅលើតុក្នុងបន្ទប់របស់ខ្ញុំឃើញថាជាថ្ងៃ១៥កើត។ ខ្ញុំមានអារម្មណ៍ឱ្យតែថ្ងៃ១៥កើតបន្ទប់កណ្ដាលតែងតែធុំក្លិនផ្សែងធូបហើយខ្ញុំចង់ដឹងណាស់ថាថ្ងៃ១៥កើតមានអ្វីកើតឡើងនៅក្នុងបន្ទប់នោះ? ព្រោះតែចង់ដឹងឱ្យកាន់តែច្បាស់ទើបបានជាថ្ងៃមិញនេះពេលម៉ាក់សម្រាន្ដលក់ខ្ញុំក៏បានលួចកូនសោពីបន្ទប់គាត់ចូលទៅបង្កប់កាមេរ៉ានៅក្នុងបន្ទប់កណ្ដាល និងនៅខាងមុខបន្ទប់ខ្ញុំដោយមិនឱ្យគាត់ដឹង។

          ពេលបរិភោគអាហារពេលយប់រួចប៉ាក៏យកទូរសព្ទមកអូសពត៌មានតាមបណ្ដាញអ៊ីនធឺណិតចំណែកឯម៉ាក់ក៏បានចូលទៅផ្ទះបាយឆុងទឹកដោះគោដូចធម្មតា។ ពេលម៉ាក់ចូលទៅក្នុងផ្ទះបាយខ្ញុំបានលួចតាមដានមិនឱ្យគាត់ដឹងព្រោះចង់ដឹងថាតើគាត់មានដាក់អ្វីក្នុងទឹកដោះគោដែរឬទេ? ខ្ញុំបានឃើញម៉ាក់ឆុងធម្មតាប៉ុន្តែគាត់បានទាញកញ្ចប់អ្វីមិនដឹងហែកចាក់ចូលក្នុងទឹកដោះគោទាំងពីរកែវរួចកូរចូលគ្នា។

          ឬមួយជាថ្នាំងងុយដេក?

          តើគាត់ធ្វើបែបនេះដើម្បីអ្វី?

          ឃើញរាល់សកម្មភាពរបស់ម៉ាក់ហើយខ្ញុំក៏ដើរមកកន្លែងញ៉ាំបាយវិញធ្វើដូចជាមិនដឹងរឿងអ្វីសោះ។ ម៉ាក់យកកែវទឹកដោះគោមក ខ្ញុំនៅតែផឹកដូចធម្មតាព្រោះខ្ញុំចង់ដឹងថាពេលដែលខ្ញុំមិនដឹងខ្លួនតើរាងកាយរបស់ខ្ញុំបានធ្វើអ្វីខ្លះទើបបានជាបន្ទប់ពីថ្ងៃ១៥កើតព្រឹកឡើងខ្ញុំមានអារម្មណ៍អស់កម្លាំងស្ពឹកស្រពន់ដៃជើងខ្លាំងម៉្លេះ? ពេលនេះខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីដឹងការពិតមួយនេះ។

          មកដល់បន្ទប់ដេកខ្ញុំប្រះខ្លួននៅលើគ្រែ ខ្ញុំមើលឃើញពន្លឺនៅក្នុងបន្ទប់ខ្ញុំតូចទៅៗរហូតងងឹតសូន្យឈឹងបន្ទាប់មកខ្ញុំលែងដឹងខ្លួនអ្វីទាំងអស់។ ថ្ងៃបន្ទាប់ភ្ញាក់ពីដំណេកខ្ញុំមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃឈឺក្បាលខ្ទោកៗ ស្ពឹកស្រពន់ដៃជើងដើរមិនចង់រួចប៉ុន្តែខ្ញុំនៅតែព្យាយាមដើរទៅអង្គុយមុខកញ្ចក់ដើម្បីមើលមុខខ្លួនឯងដូចទម្លាប់។ ខ្ញុំប្រទះឃើញមានឈាមកកតូចៗនៅជាប់មាត់របស់ខ្ញុំដូចជាគេលាងចេញដែរតែលាងមិនបានស្អាត។​

          ខ្ញុំក៏នឹកដល់ព្រឹកមួយដែលខ្ញុំក្រោកមកឃើញឈាមពេញមុខនិងមាត់របស់ខ្ញុំ។ ពេលនេះខ្ញុំលែងមានអារម្មណ៍ភ័យខ្លាចទៀតហើយព្រោះខ្ញុំដឹងថាប្រាកដជាមានរឿងអ្វីមួយដែលនៅពីក្រោយរឿងនេះ។ ហើយម៉ាក់គឺជាមនុស្សម្នាក់គត់ដែលនៅពីក្រោយខ្នងរឿងនេះ។ ខ្ញុំរៀបចំខ្លួនរួចជាស្រេចដើម្បីដឹងពីការពិតមួយនេះ។ ម៉ាក់ចេញទៅផ្សារដូចទម្លាប់ ប៉ាក៏ចេញទៅធ្វើការទៀត។ វាជាឱកាសល្អសម្រាប់ខ្ញុំហើយ។ ខ្ញុំបានឡើងទៅបន្ទប់គេងខ្ញុំដែលនៅជាន់លើយកកូនសោដែលខ្ញុំបានលួចចម្លងកាលពីថ្ងៃមុនដើម្បីយកកាំមេរ៉ានៅក្នុងបន្ទប់កណ្ដាល និងនៅខាងមុខបន្ទប់ខ្ញុំដែលខ្ញុំបានបង្កប់មកមើល។

          នៅក្នុងវីដេអូខ្ញុំឃើញរាងកាយខ្ញុំដើរមួយៗចេញពីបន្ទប់ចុះជណ្ដើរដោយខ្លួនឯងដូចមនុស្សគ្មានវិញ្ញាណ។ បន្ទប់មកខ្ញុំក៏ដើរចូលទៅក្នុងបន្ទប់កណ្ដាលដែលទ្វារបើរួចជាស្រេច។ នៅខាងក្នុងឃើញមានបាយសី៧ថ្នាក់ រូបថតខ្ញុំ ទៀន ធូប និងឈាមមួយចាននៅខាងមុខរូបថត។ នៅខាងមុខបាយសីឃើញមានម៉ាក់អង្គុយរងចាំរួចជាស្រេច។ រាងកាយខ្ញុំបានលត់ជង្គង់នៅពីខាងមុខរូបថតខ្លួនឯង ហើយម្ដាយខ្ញុំសូត្រមន្ដអាគមអ្វីខ្ញុំមិនស្គាល់ទេ។ បន្ទាប់ពីគាត់សូត្រចប់រាងកាយរបស់ខ្ញុំងើបឈររេរាំចុះឡើងៗ ដូចជានារីរបាំសម័យបុរាណ។ រាងកាយខ្ញុំរាំរហូតដល់អស់ធូបទើបលត់ជង្គង់ចុះនិងលើកយកឈាមនៅខាងមុខរូបថតហុតស្រស់ៗ។ រួចមកម៉ាក់បានយកទឹកនិងកំណាត់លាងសម្អាតមុខមាត់ប្រលាក់ឈាមដែលខ្ញុំបានហុតមុននេះហើយគាត់ក៏និយាយជាមួយរាងកាយខ្ញុំ៖

          -ម៉ាក់សុំទោសផងកូនស្រី ធ្វើម៉េចគ្រួសាររបស់ម៉ាក់មានគ្រូកាន់ អ៊ីចឹងហើយតមកពីមួយជំនាន់ទៅមួយជំនាន់ត្រូវមានអ្នកបន្តវេន។ បើគ្មានអ្នកបន្តវេនទេម៉ាក់ប្រាកដជាត្រូវស្លាប់ចោលកូនហើយ។ (ទឹកភ្នែករបស់ម៉ាក់ស្រក់ចុះមក)

          -គ្រួសារយើងមានតែកូនម្នាក់គត់ដូច្នេះបន្ទុកនេះត្រូវធ្លាក់ទៅលើកូនហើយ។ ម៉ាក់ក៏មិនចង់ដែរតែដើម្បីគ្រួសារយើងម៉ាក់ត្រូវតែធ្វើ។ (គាត់យកដៃជូតទឹកភ្នែកចេញបន្តិចរួចបន្ដ)        

-កាលពីម៉ាក់មានអាយុ១៨ឆ្នាំម៉ាក់ក៏ដូចជាកូនដែរគឺម៉ាក់មិនដឹងថាខ្លួនឯងត្រូវជាអ្នកបន្តវេនទេ។ ម៉ាក់ត្រូវយាយរបស់កូនលាក់បាំងរឿងនេះរហូតដល់ម៉ាក់មានអាយុ១៩ឆ្នាំទើបគាត់ព្រមប្រាប់ម៉ាក់។ (សំឡេងម៉ាក់និយាយអួលៗ)

          -អ្នកបន្តវេនមិនអាចដឹងពីអាថ៌កំបាំងនេះបានទេ ត្រូវចាំរហូតដល់រយៈពេលមួយឆ្នាំទើបគេក្លាយជាអ្នកបន្តវេនពេញលេញហើយអាចដឹងពីរឿងនេះបាន។ បើមិនដូច្នោះទេគេប្រាកដជាត្រូវស្លាប់ដោយមិនដឹងខ្លួន។ សុំទោសផងដែលម៉ាក់លាក់បាំងកូនព្រោះម៉ាក់មិនចង់បាត់បង់កូនទេ។ កូនទ្រាំលំបាកមួយឆ្នាំសិនទៅ។

          ពេលម៉ាក់និយាយចប់រាងកាយរបស់ខ្ញុំបានចាកចេញពីបន្ទប់ធ្វើពិធីត្រលប់មកបន្ទប់គេងវិញដោយខ្លួនឯង។ ពេលនេះខ្ញុំលែងឆ្ងល់ហើយហេតុអ្វីបានជាម៉ាក់ដាក់ថ្នាំងងុយគេងឱ្យខ្ញុំផឹក។ តាមពិតមកពីខ្ញុំជាអ្នកបន្តវេន ហើយត្រូវធ្វើពិធីរហូតដល់មួយឆ្នាំទើបក្លាយជាអ្នកបន្តវេនពេលលេញ តែពេលនេះខ្ញុំបានដឹងអាថ៌កំបាំងនេះមុនពេលទៅហើយ តើខ្ញុំនឹងត្រូវស្លាប់ដូចម៉ាក់និយាយមែនទេ? គិតដល់ចំនុចនេះខ្ញុំចាប់ផ្ដើមខ្លាចថាខ្ញុំនឹងត្រូវស្លាប់ដោយមិនដឹងខ្លួន។ ប្រសិនបើខ្ញុំមិនចង់ដឹងរឿងនេះទេប្រហែលជាល្អសម្រាប់ខ្ញុំ។ រឿងគ្រប់យ៉ាងម៉ាក់ធ្វើដើម្បីគ្រួសារយើងប៉ុណ្ណោះប៉ុន្តែខ្ញុំបែរជាសង្ស័យគាត់ទៅវិញ។

          ពេលរាត្រីក៏ឈានចូលមកដល់ ខ្ញុំគេងមិនលក់ក៏ព្រោះតែនៅគិតពីរឿងរ៉ាវដែលខ្ញុំបានស្ដាប់ឮពីវីដេអូកាលពីព្រឹកមិញ។ ទ្រនិចនាឡិកាលោតតឹកៗប្រណាំងជាមួយចង្វាក់បេះដូងខ្ញុំដែលកំពុងលោតញាប់ឡើងៗ។ ខ្ញុំសម្លឹងមើលទៅនាឡិកានៅជាប់ជញ្ជាំងកំពុងចង្អុលបង្ហាញថាម៉ោង១២យប់ ភ្លាមនោះបេះដូងខ្ញុំលែងដំណើរការ ភ្នែកខ្ញុំបិទទាំងមិនដឹងខ្លួន ដង្ហើមក៏ឈប់ដក ឬមួយខ្ញុំ…?

ចប់