រឿង៖ ៤៨ម៉ោងបំបែកក្តីឃាតកម្ម ភាគទី២

វគ្គ «មីងអនាម័យ»

ក្រោយពីទទួលបានព័ត៌មានបន្ថែម ព្រឹកឡើងអ្នកទាំងបីក៏បានបំបែកគ្នាធ្វើការតាមគោលដៅរៀងខ្លួន ដោយសុភ័ក្រត្រូវទៅរកទិន្នន័យពីរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោកប្រណិត និងស្ថានភាពសេដ្ឋកិច្ចរបស់រោងចក្រ ចំណែកឯឡង់ឌីត្រូវទៅស៊ើបពីប្រវត្តិរូបបន្ថែមរបស់ លោក ម៉េង ឈឹងគិន។

ឆាយលីបានត្រលប់មករោងចក្រម្ដងទៀត ជាមួយកងកម្លាំងដែលត្រូវមកប្ដូរវេនយាម។ នាយបានចូលទៅពិនិត្យក្នុងបន្ទប់ការិយាល័យរបស់លោកប្រណិត ក្រែងលោមានភស្តុតាងណាមួយដែលបានបន្សល់ទុក ហើយពុំត្រូវបានរកឃើញកាលពីល្ងាចមិញ។ នាយទើបតែចាប់អារម្មណ៍ថាក្រៅពីជំនឿលើទេវ បដិមា គាត់នៅជឿលើហុងស៊ុយចិនសែទៀត ព្រោះនៅជាប់នឹងទ្វារចូល មានរូបសញ្ញាយ័ន្តហុងស៊ុយមួយធំមូលប៉ុនកូនថាសត្រូវបានផ្សារភ្ជាប់នឹងជើងទម្រ បញ្ឈរនៅលើធ្នើរនៅចំពីមុខតុធ្វើការរបស់គាត់។

នាយអធិការកំលោះនឹកឃើញដល់កំណត់ហេតុដែលប៉ូលិសបានសរសេរទុក និងរូបភាពដែលពួកគេថតបាន។ ក្នុងនោះក៏មានសរសេរពីក្រដាសយ័ន្តដែលពួកគេបានរកឃើញនៅក្នុងកាបូបលុយរបស់អ្នកស្លាប់ ដែលមានរូបរាងដូចគ្នានឹងយ័ន្តនៅលើធ្នើរនេះដែរ។

“តើមនុស្សម្នាក់នេះកាន់សាសនាអ្វីឱ្យប្រាកដហ្ន៎?”

ឆាយលីគិតក្នុងចិត្តតែម្នាក់ឯង តែគេមិនបានយកវាដាក់ធ្វើជាបន្ទុកទេ ព្រោះខ្លួនជាប៉ូលិស ជឿតែលើភស្តុតាងតែម៉្យាងគត់។ រឿងជំនឿបន់ស្រន់ ហុងស៊ុយនេះមិនអាចយកមកធ្វើជាមូលដ្ឋានបំបែករឿងក្ដីរបស់នាយបានទេ។ នរៈសង្ហាគ្រវីក្បាលតិចៗបន្សាត់គំនិតនេះចេញវិញ។

“នៅលើសពរបស់លោក សួង ប្រណិត មានស្នាមរបួសពីរកន្លែង! របួសទីមួយគឺនៅត្រង់ក្បាលផ្នែកខាងក្រោយដែលមានសភាពជាំខ្លាំង យើងសន្និដ្ឋានថាស្នាមនេះអាចនឹងបង្កឡើងដោយសារដួលបោកនឹងការ៉ូឬជញ្ជាំង…ឬប៉ះនឹងរបស់អ្វីមួយ ថ្វីបើវាបណ្ដាលឱ្យបែកចេញឈាមតិចតួច តែមិនអាចបង្កគ្រោះថ្នាក់ដល់ស្លាប់ទេ! ចំណែករបួសមួយទៀតគឺនៅចំកណ្ដាលក្បាលដែលយើងទើបតែប្រទះឃើញក្រោយពេលកោរសក់របស់ជនរងគ្រោះ… របួសនេះហើយដែលប៉ះពាល់ធ្ងន់ធ្ងរដល់សរសៃប្រសាទខួរក្បាលផ្នែកខាងក្នុង និងបណ្ដាលឱ្យជនរងគ្រោះបាត់បង់ជីវិត!”

តួអក្សរតូចៗដែលនាយទទួលបានពីខាងពេទ្យកោសល្យវិច័យ នៅតែលេចឡើងវិលវល់ក្នុងខួរក្បាលរបស់នាយ។ ឆាយលីដាក់ខ្លួនអង្គុយចុះបន្តិចទៅពិនិត្យកន្លែងដែលលោកប្រណិតដេកស្លាប់។

“បើមនុស្សម្នាក់ដែលរអិលដួលបែកក្បាលស្លាប់ ម៉េចនឹងអាចមានស្នាមរបួសដល់ទៅពីរ មួយនៅមុខ មួយនៅក្រោយបែបនេះទៅ? តែថាតើឃាតកធ្វើយ៉ាងម៉េចអាចសម្លាប់គាត់បាន?” ឆាយលីរអ៊ូតិចៗតែម្នាក់ឯង។

ស្រិប!

ត្រចៀកដ៏វៃរបស់គេស្រាប់តែបានទទួលសូរសំឡេងស្រាលៗពីមាត់ទ្វារ។ គេរេភ្នែកសម្លឹងវឹប ឃើញដូចជាស្រមោលមនុស្សមួយភ្លែតនៅទីនោះហើយក៏បាត់ទៅវិញ។ នាយប៉ូលិសវ័យក្មេងស្ទុះក្រោករត់ចេញទៅតាមដានស្រមោលអម្បាញ់មិញ។

“ឈប់ភ្លាម!” ឆាយលីស្រែកគំរាមពីចម្ងាយ ក្រោយពេលដែលឃើញខ្នងមនុស្សស្រីម្នាក់កំពុងរត់ចេញទៅតាមទ្វារក្រោយរបស់រោងចក្រ។

បើមើលតាមការតុបតែងខ្លួន និងដំណើររត់របស់ស្រីម្នាក់នោះ គេអាចស្មានដឹងថាគាត់មានវ័យមិនតិចទេ ហោចណាស់ក៏ខ្ទង់សែសិបហើយដែរ។

“ខ្ញុំប្រាប់ថាឱ្យឈប់!” ឆាយលីតាមទាន់ ហើយក៏ចាប់ដៃស្ត្រីនោះជាប់។

ស្ត្រីចំណាស់បែរមកលើកដៃសំពះទាំងញ័រខ្លួនតតះ៖

“អូយ! លោកប៉ូលិសអើយ ខ្ញុំឈប់ហើយ! ដោះលែងខ្ញុំទៅ កុំធ្វើបាបខ្ញុំអី!”

“មីងជាអ្នកណា? មានការអី? ហេតុអីក៏អាចចូលមកទីនេះបាន?”

“ខ្ញុំ…ខ្ញុំ…!”

ឆាយលីធ្វើមុខមាំ សម្លឹងគាត់ជាប់មិនលែង។

“ខ្ញុំឈ្មោះស៊ីណាត ជាអ្នកអនាម័យនៅទីនេះ!”

“ហើយម៉េចក៏មីងចូលមកបាន ប៉ូលិសនៅខាងក្រៅមិនបានប្រាប់មីងទេថាទីនេះត្រូវបានហាមឃាត់មិនឱ្យចេញចូល?”

មីងស៊ីណាតធ្វើអេះអុញៗ រួចក៏តប៖

“ខ្ញុំ…ចូលតាមទ្វារក្រោយ!”

“ទ្វារក្រោយ? ហើយមីងចូលមកធ្វើអី? មីងមិនដឹងទេថាចៅហ្វាយរបស់មីងបានស្លាប់កាលពីល្ងាចមិញ?”

“ថាម៉េច? លោកប្រណិតស្លាប់? គុណព្រះជួយ!” មីងស៊ីណាតថាហើយយកដៃរឹតទ្រូង។

ទោះបីគេមិនតបថាយ៉ាងណា តែភ្នែករបស់នាយប៉ូលិសបង្ហាញយ៉ាងច្បាស់ថាគាត់ពិតជាមិនបានជឿនូវអ្វីដែលស្ត្រីចំណាស់នេះបានសម្ដែងនោះទេ។ រឿងល្បីចង់មួយចំហៀងប្រទេស សូម្បីតែក្មេងរៀនបឋមក៏សឹងថាស្គាល់ឈ្មោះលោកប្រណិតដែរ រឿងអីដែលថាគាត់ជាបុគ្គលិក អាចចូលមកដល់ក្រុមហ៊ុនប៉ុណ្ណេះហើយថាមិនដឹងរឿងនោះ។

“បើមីងនៅមិនព្រមឆ្លើយការពិតទៀត ខ្ញុំប្រហែលជាត្រូវអញ្ជើញមីងទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសហើយទើបបាន!” ឆាយលីនិយាយគំរាម។

មីងស៊ីណាតញ័រមាត់ចំប្រប់ លើកដៃគ្រវាសទៅមកៗ៖

“កុំអីៗ! ខ្ញុំឆ្លើយការពិតក៏បាន! គឺនែ… ខ្ញុំ… ខ្ញុំ…!”

មើលទៅប្រហែលជាមិនអាចលាក់ទៅទៀតបាន មីងស៊ីណាតក៏ដាច់ចិត្តឆ្លើយប្រាប់ឆាយលី៖

“លោកប៉ូលិសកុំសើចខ្ញុំអី! ខ្ញុំក៏ទើបតែដឹងថាចៅហ្វាយស្លាប់ពេលដែលខ្ញុំមកដល់មុខរោងចក្រនេះដែរ! តែដោយសារខ្ញុំចង់ដឹងផ្ទាល់ភ្នែកថាមានរឿងអ្វីកើតឡើងនៅខាងក្នុង ដើម្បីទុកយកទៅនិយាយប្រាប់នាងមុំម៉ែអាម៉ីដែលត្រូវជាប្រពន្ធរបស់អាមៀច បានជាខ្ញុំហ៊ានចូលមកដល់ទីនេះតែម្ដងទៅ!”

ឆាយលីអស់ពីសង្ស័យ ទៅជាហួសចិត្តនឹងភាពកា្លហានរបស់ស្ត្រីចំណាស់ម្នាក់នេះ។ ហេតុតែចង់បានរឿងយកទៅទុកគ្រាន់ដើរហូបត្រាវ បែរជាហ៊ានចូលមកក្នុងកន្លែងហាមឃាត់។ ភ្លាមនោះគេស្រាប់តែនឹកដល់រឿងទ្វារក្រោយដែលមីងស៊ីណាតទើបតែបាននិយាយមុននេះ។

“មីងថាមីងចូលតាមទ្វាររបងក្រោយមែនទេ?”

“ចាសមែនហើយ! ក្មួយប៉ូលិសចង់ដឹងអីមែនទេ?”

“អ្នកណាខ្លះដែលមានសោទ្វាររបងខាងក្រោយ?”

មីងស៊ីណាតធ្វើជាគិតបន្តិចរួចទើបតបទៅវិញ៖

“អឺ… គ្មានទេ! ទ្វាររបងខាងក្រោយគ្មានបានចាក់សោរទេ គឺគ្រាន់តែខ្ទាស់កន្លាស់ឈើប៉ុណ្ណោះ! បើលោកក្មួយប៉ូលិសមិនជឿខ្ញុំអាចនាំទៅមើលបាន!”

“បាន! មីងនាំខ្ញុំទៅ!”

មីងស៊ីណាតដើរនាំមុខឆាយលីទៅទ្វារខាងក្រោយ។ បានបន្តិចនរៈយើងក៏សួរនាំគាត់បន្ថែម៖

“មាននរណាខ្លះដឹងថានៅទីនេះមានទ្វារក្រោយ?”

“អ្នកចូលមកធ្វើការនៅទីនេះសុទ្ធតែដឹងគ្រប់គ្នា លើកលែងតែមានអ្នកទើបចូលធ្វើការថ្មី! គ្រាន់តែ…គ្មាននរណាម្នាក់ដើរតាមផ្លូវក្រោយនេះទេ ព្រោះក្រៅពីបែកភក់វ៉ល់ និងធុំក្លិនស្អុយកាកសំណល់ពីរោងចក្រហើយ នៅថែមទាំងស្ងាត់គួរឱ្យខ្លាចទៀត! ផ្លូវនេះជាទូទៅមានតែខ្ញុំ និងពួកកម្មករដែលដឹកកាកសំណល់មកចោលប៉ុណ្ណោះដែលឧស្សាហ៍ចេញចូលទៅមក!”

“ចុះហេតុអ្វីក៏មីងមិនចេញចូលតាមទ្វារមុខដូចគេដូចឯងទៅ?”

ស្ត្រីដែលមានវ័យចាស់ជាងនេះនិយាយទាំងរបៀបដូចជានឹកខឹងបន្តិច អន់ចិត្តបន្តិច៖

“ហ៊ើយ! ក្មួយប៉ូលិសមិនដឹងទេ លោកប្រណិតគឺជាមនុស្សដែលជឿលើជំនឿចំណាំង ហុងស៊ុយហុងអីសម្បើមណាស់… គាត់បានដាក់បញ្ជាថាអ្នកអនាម័យដូចជាមីងមិនអាចចេញចូលតាមទ្វារមុខបានទេ ព្រោះវាធ្វើឱ្យអាប់រាសី នាំឱ្យហុងស៊ុយរោងចក្ររបស់គាត់ស្រុតចុះ! មីងក៏មិនហ៊ានតវ៉ាអីដែរ ជាអ្នកធ្វើការស៊ីប្រាក់ខែគេ សុំត្រឹមតែដល់ខែបើកប្រាក់និងកុំឱ្យគេកេងចំណេញលើកម្លាំងពលកម្មមីងទៅបានហើយ! មីងនឹកឡើងណា៎ ខឹងដល់គ្រូហុងស៊ុយហ្នឹងទៅទៀត!”

ឆាយលីទ្រឹងគិតបន្តិច ទើបបន្តសួរទៅទៀត៖

“រួចចុះម្សិលមិញមីងមានបានមកធ្វើការដែរទេ?”

“មាន! ម្សិលមិញមីងមកធ្វើការ តែដោយសារជាថ្ងៃខួបកំណើតកូនប្រុសរបស់មីង ទើបមីងសុំលោកប្រធានចេញមុនដើម្បីទិញនំខេកទៅសែនឱ្យវា!”

“កូនមីងស្លាប់ហើយ?”

មីងស៊ីណាតឈប់ជើង តែមិនបានតបថាយ៉ាងណាទេ។ ឆាយលីដឹងថាសំណួររបស់នាយធ្វើឱ្យប៉ះពាល់អារម្មណ៍របស់គាត់ទើបមិនបានបង្ខំសួរអ្វីបន្តទៀត។ អ្នកទាំងពីរដើរទៅដល់ទ្វាររបងខាងក្រោយរបស់រោងចក្រ តែឆាយលីហាក់មិនបានប្រទះឃើញអ្វីគួរឱ្យសង្ស័យទេ ក្រៅពីមានដើមឈើធំៗដុះបែកមេឃសាខាចោលម្លប់ត្រឈឹងត្រឈៃ គួរឱ្យព្រឺខ្នងបើសិនជាមកតែម្នាក់ឯង។

គេក៏សម្រេចអនុញ្ញាតឱ្យមីងស៊ីណាតត្រលប់ទៅផ្ទះវិញ តែមុននឹងចាកចេញទៅមីងស៊ីណាតស្រាប់តែបែរមកផ្ដាំផ្ញើនឹងឆាយលី៖

“មុននេះបន្តិចមីងឮក្មួយប៉ូលិសនិយាយថាលោកប្រណិតស្លាប់ដោយសារគេសម្លាប់មែនទេ?”

ឆាយលីស្រឡាំងកាំងនឹងអ្វីដែលគាត់បានសួរត្រង់ៗ។ មីងស៊ីណាតដើរមកជិតគេហើយនិយាយខ្សឹបៗ៖

“មីងមិនយករឿងធំបែបនេះទៅនិយាយប្រាប់នរណាគេទេ! តែមីងមានរឿងមួយចង់ប្រាប់ក្មួយ…”

“មីងដឹងអ្វីទាក់ទងនឹងលោកប្រណិតមែនទេ?”

គាត់ក្រលេកមើលឆ្វេងស្ដាំពីរបីត្រលប់ទម្រាំដាច់ចិត្តនិយាយ៖

“មីងធ្លាប់ឃើញលោកប្រណិត និងនាងលេខាថ្មីលួចចួបនិយាយគ្នាស្ងាត់ៗនៅម្ដុំៗនេះម្ដងដែរ!”

“លេខាថ្មី?” ឆាយលីភ្លាត់មាត់ដោយភ្ញាក់ផ្អើល។

“ចាស! មិនដឹងជាមានការអីសំខាន់ទេទើបបានជាមិនអាចនិយាយគ្នានៅក្នុងការិយាល័យបាន សុខចិត្តមកធ្វើឫកពាលឹបលៗនៅទីនេះទៅវិញ! ដោយសារខ្ញុំនៅឆ្ងាយពេកស្ដាប់មិនឮ តែបន្តិចមកពេលដែលខ្ញុំឃើញលោកប្រណិតប្រុងដើរចេញ ស្រាប់តែនាងនោះបែរមកឱបគាត់!”

វគ្គ      «លីកា ឆារ៉ានន់»

ម៉ោង១០ព្រឹក នៅអធិការដ្ឋាននគរបាល…

ឆាយលីកំពុងតែផ្ដោតអារម្មណ៍លើអេក្រង់កុំព្យូទ័រនៅក្នុងបន្ទប់ រហូតភ្លេចខ្លួនមិនដឹងថាមានមនុស្សដើរលបៗចូលមក។

“ជុ៎ៗ!!!!”

គេភ្ញាក់ព្រើតដោយសារសំឡេងជញ្ជក់មាត់របស់សុភ័ក្រ។

“អីយ៉ា លោកអធិការរងឥឡូវចេះយកភ្នែកមើលមនុស្សស្រីនឹងគេហើយតើនេះ! ស្អាតផន់គេ… ឈ្មោះអី? ស្គាល់គ្នាយូរនៅ?”

ឆាយលីគ្រវីក្បាលហួសចិត្តនឹងសម្ដីមិត្ត៖

“យើងមិនមែនព្រាននារីដូចឯងទេ! យ៉ាងម៉េចហើយទៅស៊ើបបានអីខ្លះ?”

សុភ័ក្រដើរទៅអង្គុយទល់មុខឆាយលីវិញ ហើយបោះនំសាំងវ៉ិចមួយដុំមកឱ្យគេ។ ចំណែកខ្លួនចាត់ការហែកថង់ រួចយកមកចុកបានមួយម៉ាត់ទើបតប៖

“យើងពិនិត្យរួចហើយ គណនីធនាគាររបស់រោងចក្រគ្មានអ្វីគួរឱ្យសង្ស័យទេ! បញ្ជីចំណូលចំណាយសុទ្ធតែប្រក្រតីទាំងអស់! ម៉្យាងទៀតដោយសាររោងចក្ររបស់គាត់នៅជាប់សំណុំរឿងដែលអាឌីនិយាយពីយប់មិញផង ដូច្នេះគាត់មិនអាចដកចំណាយផ្ដេសផ្ដាសបានទេ!”

តុកៗ! សំឡេងគោះទ្វារបន្ទប់របស់ឆាយលីបន្លឺឡើង…

“ចូលមក!” អធិការរងកំលោះកូកប្រាប់ពីក្នុង។

ឡង់ឌីបើកទ្វារចូលមកទាំងទឹកមុខស្រស់ស្រាយ។ សុភ័ក្រងាកខ្លួនបន្តិចទៅញាក់ចិញ្ចើមដាក់នាងព្រើត តែនាងមិនខ្ចីខ្វល់ធ្វើជាឃើញ។

“បងលី! នេះជាឯកសារដែលបងឱ្យខ្ញុំទៅរក!”

ប៉ូលិសស្រីដាក់សឺមីក្រដាសមួយទៅលើតុ រួចថយមកអង្គុយលើកៅអីមួយទៀតក្បែរសុភ័ក្រវិញ។

“មើលទៅនាងដូចជាមិនទាន់បានញ៉ាំអីទេ! នេះញ៉ាំទ្រាប់ពោះសិនទៅ!”

ឆាយលីហុចនំដែលសុភ័ក្រទើបតែបោះមកឱ្យខ្លួនមុននេះទៅឱ្យឡង់ឌីវិញ។ នាងធ្វើរុញរាដូចជាមិនចង់ទទួល ទើបសុភ័ក្រតឿន៖

“មនុស្សចាស់ឱ្យរបស់ហើយ យកទៅ!”

ឡង់ឌីញញឹមបន្តិចរួចទើបឈោងដៃទៅយកមកហែកញ៉ាំ។ ឆាយលីយកឯកសារទៅកាន់អានបន្តិចស្រាប់តែជ្រួញចិញ្ចើមស្ទើរជាប់គ្នា។

“យ៉ាងម៉េចហើយ?” សុភ័ក្រសួរទៅឆាយលី។

ឆាយលីមិនតប តែគេហុចឯកសារនោះមកឱ្យសុភ័ក្រ។ សុភ័ក្រទទួលឯកសារហើយហុចនំដែលគេទើបចុកបានពីរម៉ាត់ទៅឱ្យឆាយលីវិញ។

“ឈ្មោះម៉េង ឈឹងគិន អាយុ ៣០ឆ្នាំ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគីមីចំណីអាហារ នៅឆ្នាំ២០១៣…? អេ៎! ឃ្លាត្រង់នេះខ្ញុំដូចជាធ្លាប់អាននៅឯណាម្ដង?”

ឆាយលីដែលទើបតែបង្ហើយសាំងវ៉ិចរបស់សុភ័ក្រតប៖

“គឺក្នុងរបាយការណ៍របស់លោក ប្រណិត!”

“បានន័យថាអ្នកទាំងពីរធ្លាប់រៀនជាមួយគ្នា?”

“ត្រឹមត្រូវ!” ឡង់ឌីពោលកាត់ទាំងមាត់នៅពមអាហារ។

ប៉ូលិសកម្លោះទាំងពីរបែរមកមើលមុខឡង់ឌីព្រមគ្នា ធ្វើឱ្យនាងចង់ឈ្លក់នំ។ សម្រួលបំពង់កបន្តិចហើយ នាងក៏រៀបរាប់បន្ថែមនូវអ្វីដែលពុំបានសរសេរនៅក្នុងរបាយការណ៍។

“ខ្ញុំបានស៊ើបដឹងខ្លះបន្ថែមទៀតថាអ្នកទាំងពីរធ្លាប់ជាមិត្តល្អជាមួយគ្នាកាលពីនៅរៀនសាកលវិទ្យាល័យ ហើយក្រោយពីបញ្ចប់ការសិក្សាពួកគាត់ធ្លាប់បានសហការគ្នាផលិតបានរូបមន្តធ្វើមីធម្មជាតិ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកទៀតផង!”

“ឡូយម៉េះ? ហើយក្រោយមកយ៉ាងម៉េចទៀត?” សុភ័ក្ររន្ថាន់សួរចង់ដឹង។

“ក្រោយមកពួកគាត់ក៏ចែកផ្លូវគ្នារកស៊ី ដោយលោកប្រណិតបានចេញមករកស៊ីបណ្ដាក់ទុនជាមួយអ្នកក្រៅទៀត បើកជារោងចក្រផលិតមី ចំណែកឯលោកឈឹងគិនក៏បាត់មុខមាត់ពីខាងផ្នែករកស៊ី! ទើបតែប៉ុន្មានឆ្នាំមុន មានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតពីស្ថាបនិកមីផលិតឡើងពីបន្លែធម្មជាតិ ដែលបានជួយសម្រួលដល់កសិករដាំដំណាំហើយគ្មានទីផ្សារនាំចេញ ហើយគេនោះគឺជាលោកឈឹងគិន នេះឯង!”

“អ៊ីចឹងបានជាខ្ញុំប្រហែលៗឈ្មោះនេះ!” ឆាយលីឱបដៃងក់ក្បាលតិចៗ។

“មានអ្វីដែលគួរឱ្យយើងដាក់ការសង្ស័យទៅលើគេទេ?” សុភ័ក្រសួរ។

“មនុស្សគាត់ដូចជាត្រឹមត្រូវណាស់ ពុំដែលធ្លាប់មានពិរុទ្ធភាពទេ! ហើយម៉្យាងទៀតពេលដែលខ្ញុំចុះធ្វើកំណត់ហេតុរឿងបណ្ដឹងពីមុនក៏មិនដែរឮនរណានិយាយមិនល្អពីគាត់ដែរ! ប៉ុន្តែខ្ញុំបែរជាបានឮថាលោកប្រណិតនិងលោកឈឹងគិនចែកផ្លូវគ្នារកស៊ី ដោយសារតែលោកឈឹងគិនមិនព្រមវិនិយោគលើរូបមន្តដែលអ្នកទាំងពីរខិតខំបង្កើតឡើង ចុងក្រោយគាត់សុខចិត្តប្រគល់កម្មសិទ្ធិបញ្ញាទៅឱ្យលោកប្រណិតផ្ដាច់មុខ ហើយគាត់ក៏ត្រលប់ទៅរស់នៅស្រុកកំណើតវិញទៅ!”

“ម៉េចក៏ល្ងង់ម៉្លេះ មានគេមកវិនិយោគប៉ុណ្ណឹងហើយនៅមិនព្រមទទួលយក សុខចិត្តដើរចេញដៃទទេ? ហើយម៉េចក៏សុខៗស្រាប់តែត្រលប់មកវិញជាមួយពាក្យបណ្ដឹងទៅវិញ?” សុភ័ក្ររអ៊ូតិចៗម្នាក់ឯង។

“ឯងចង់ដឹងមូលហេតុមែនទេ?” ឆាយលីបែរទៅមើលមុខគេហើយលើកចិញ្ចើមសួរ។

“ចង់!”

“បើអ៊ីចឹងយើងទុកការងារនេះឱ្យឯងហើយ!”

“បាន! ទុកចិត្តលើអាភ័ក្រចុះ!” សុភ័ក្រនិយាយទាំងពើងទ្រូងហើយយកដៃមកគោះឮសូរឌឹបៗ។

“និយាយចឹងបងលីទៅរោងចក្រព្រឹកមិញមានប្រទះអ្វីថ្មីដែរអត់?” ឡង់ឌីសួរទៅកាន់ឆាយលី។

នរៈសង្ហាចុចបើកកុំព្យូទ័រដែលរលត់Screenមុននេះ រួចបំបែរអេក្រង់មកបង្ហាញអ្នកទាំងពីរដែលនៅអង្គុយទល់មុខខ្លួន។

“លីកា ឆារ៉ានន់!” ឡង់ឌីអានឈ្មោះជាភាសាខ្មែរដែលបង្ហាញនៅលើអេក្រង់កុំព្យូទ័រ។

“ពេលដែលខ្ញុំទៅពិនិត្យកន្លែងកើតហេតុម្ដងទៀតព្រឹកមិញបានចួបមីងអនាម័យម្នាក់ គាត់ប្រាប់ថាលោកប្រណិតប្រហែលជាមានទំនាក់ទំនងជាមួយលេខាថ្មីម្នាក់ដែលទើបចូលធ្វើកានបានមួយខែ! នាងឈ្មោះ ឆារ៉ានន់ ហើយគាត់ធ្លាប់បានឃើញអ្នកទាំងពីរនៅតែពីរនាក់ស្ងាត់ៗ!”

សុភ័ក្រយកដៃទ្រចង្ការិះគិតសម្ដីរបស់ឆាយលី៖

“អ៊ីចឹងតើអាចជាករណីគំនុំស្នេហាត្រីកោណដែរឬអត់ទេ?”

“រឿងនេះទាល់តែសាកល្បងសមត្ថភាពរបស់នាងហើយសិស្សប្អូន!” ឆាយលីបែរមុខទៅមើលឡង់ឌី។ ដឹងថាឆាយលីចង់ឱ្យឡង់ឌីទៅស៊ើបពីឆារ៉ានន់ សុភ័ក្រស្រាប់តែងើបផូងនិយាយកាត់៖

“ឈប់ៗ! មិនកើតទេៗ រឿងស្នេហាត្រីកោណបែបនេះទុកឱ្យខ្ញុំវិញ!” សុភ័ក្រញាក់ចិញ្ចើម។

“មិនកើតទេ! ក្រែងមុននេះឯងថាឱ្យយើងទុកចិត្តឯងឱ្យទៅស៊ើបរឿងលោក ឈឹងគិនអ្ហី?”

“នរណាឱ្យឯងមិនទាន់និយាយភស្តុតាងអស់ក៏បែងចែកការងារធ្វើអី?”

“មិនអីទេបង! ទុកឱ្យខ្ញុំទៅស៊ើបបន្តពីរឿងលោកឈឹងគិនក៏បាន ព្រោះខ្ញុំធ្លាប់ស្គាល់គាត់ហើយ! ម៉្យាងការងារជាមួយស្រីស្អាតអ៊ីចឹងខ្ញុំមិនហ៊ានកាត់មុខកាត់មាត់បងភ័ក្រទេ!” ដោយមិនចង់ឱ្យពួកគេប្រកែកគ្នាតទៀត ឡង់ឌីក៏ស្ម័គ្រចិត្តទទួលភារកិច្ចបន្តពីសុភ័ក្រ។

“នៅតែសិស្សប្អូនដែលចូលថ្មីស្គាល់ចិត្តខ្ញុំជាងឯង!” សុភ័ក្របែរទៅសើចឌឺដាក់នាង ព្រមទាំងគោះស្មានាងតិចៗផង។

“បាន! បើពីរនាក់ឯងសម្រេចអ៊ីចឹងហើយ ខ្ញុំក៏គ្មានអីតវ៉ាដែរ! ចាំខ្ញុំទៅជាមួយអាឌីចុះគ្រាន់បានជាគ្នា!”

លោកវរៈសេនីយ៍ត្រីសែម​ សុភ័ក្រ មកដល់កន្លែងស្នាក់នៅរបស់កញ្ញាលីកា ឆារ៉ានន់ ដែលជាលេខាថ្មីក្នុងរោងចក្រផលិតមីរបស់លោក សួង ប្រណិត…

នាយគោះទ្វារបន្ទប់ដែលនាងជួលគេស្នាក់នៅ។ បន្តិចមកនាងក៏ចេញមកបើកទ្វារឱ្យ។ ឃើញនៅខាងក្រៅ ឆារ៉ានន់ពិតជាស្អាតជាងក្នុងរូបថតដែលបង្ហោះនៅតាមបណ្ដាញសង្គមទៅទៀត។ សុភ័ក្រគិតតែក្នុងចិត្តតែមិនបាននិយាយចេញមកក្រៅទេ។

ឆារ៉ានន់ភ្ញាក់ផ្អើល ពេលដែលសុខៗស្រាប់តែឃើញប៉ូលិសមកគោះទ្វារដល់មុខបន្ទប់។

“សួស្ដី! អ្នកនាងលីកា ឆារ៉ានន់ មែនទេ?” សុភ័ក្រសួរទៅស្រីស្អាតដែលឈរនៅចំពោះមុខខ្លួន។

“ចាស! លោកប៉ូលិសមានការអ្វីដែរ?”

“ខ្ញុំឈ្មោះ សុភ័ក្រ ទទួលបន្ទុករឿងក្ដីឃាតកម្មរបស់លោកសួង ប្រណិត ដែលត្រូវជាប្រធានរបស់អ្នកនាង! ខ្ញុំមកនេះមានសំណួរខ្លះចង់សួរអ្នកនាង!”

ឆារ៉ានន់ស្ទាក់ស្ទើរ ហាក់ដូចជាចង់ហៅសុភ័ក្រចូលក្នុងបន្តិច មិនចង់បន្តិច តែដោយមិនអាចប្រកែកបានទើបនាងសម្រេចចិត្តបើកទ្វារឱ្យគេចូល។ សុភ័ក្រដើរតាមនាងទៅក្នុង នាយសង្កេតមើលជុំវិញបន្ទប់។ ធ្លាប់តែឮគេនិយាយថាមនុស្សស្រីដែលស្អាត ច្រើនតែមិនសូវចេះរៀបចំតុបតែងក្នុងបន្ទប់ទេ តែសម្រាប់ឆារ៉ានុនវិញមិនត្រឹមតែស្អាតទេ ថែមទាំងរៀបរយទៀតផង។

នាងលាដៃបង្ហាញកៅអីឱ្យសុភ័ក្រអង្គុយ រួចហើយនាងទៅចាក់ទឹកមួយកែវមកទទួលភ្ញៀវ។

“អរគុណ!” សុភ័ក្រទទួលទឹកពីនាង រួចដាក់ទៅលើតុ។

នាងក្រមុំដាក់ខ្លួនអង្គុយទល់មុខនាយប៉ូលិសរូបសង្ហា រួចផ្ដើមសំណួរទៅគេមុន៖

“លោកប៉ូលិសចង់សួរខ្ញុំពីអ្វីដែរ?”

“អ្នកនាងមានដឹងថាលោកប្រណិតស្លាប់ដែរទេកាលពីល្ងាចមិញ?”

មាណវីយកដៃវែកសក់ដែលធ្លាក់លើមុខទៅសៀតនឹងត្រចៀកមុននឹងតបសំណួររបស់សុភ័ក្រ៖

“ចាសដឹង!”

“បើអ៊ីចឹង តើល្ងាចម្សិលមិញម៉ោងប្រហែលជាង៦អ្នកនៅឯណាដែរ?”

“ម្សិលមិញក្រោយពេលចេញពីធ្វើការនៅម៉ោង៥​ ខ្ញុំក៏មកផ្ទះវិញ ហើយនៅក្នុងបន្ទប់រហូត មិនបានចេញទៅណាទេ! នេះលោកប៉ូលិសសង្ស័យខ្ញុំអ្ហេស?”

សុភ័ក្រញញឹម ហើយគ្រវីក្បាលតិចៗ៖

“អ្នកនាងកុំយល់ច្រឡំ! ខ្ញុំគ្រាន់តែសួរចង់ដឹងជាព័ត៌មានប៉ុណ្ណោះទេ!”

ឆារ៉ានន់ស្រាយទឹកមុខបន្ធូរមកវិញ។ សុភ័ក្រមិនចង់ពន្យារពេលតទៅទៀត ទើបចាប់ផ្ដើមចូលសាច់ការតែម្ដង៖

“អ្នកនាងចូលធ្វើការនៅទីនោះយូរហើយ?”

“ទើបតែជាងមួយខែនេះទេ!”

“ចុះតើអ្នកទាំងពីរស្គាល់គ្នាពីមុនមកដែរទេ? ខ្ញុំចង់សំដៅលើអ្នកនាងនិងលោកប្រណិត!”

រ៉ាឆានុនរាងទម្លាក់ទឹកមុខបន្តិច តែប្រញាប់តបវិញ៖

“អត់ទេ! ខ្ញុំទើបតែបានស្គាល់គាត់ពេលចូលធ្វើការនេះឯង!”

សុភ័ក្រសង្កេតឃើញថាទឹកមុខរបស់នាងហាក់ប្រែប្រួលឡើងចុះមិនទៀង ហើយឧស្សាហ៍យកដៃមកវែកសក់ទៅខ្ទាស់នឹងត្រចៀក។ អាចស្មានបានថាពេលនេះនាងហាក់ដូចជាកំពុងតែភ័យ ឬបារម្ភរឿងអ្វីមួយ តែមិនដឹងថាមកពីនាងមានពិរុទ្ធអ្វី ឬមួយក៏ភ័យខ្លាចដែលក្នុងបន្ទប់នេះមានតែគេជាមួយនឹងនាង?

“ចុះទំនាក់ទំនងរវាងនាងនិងលោកប្រណិតយ៉ាងម៉េចដែរ?” សុភ័ក្រសង្ខើញសួរ។

ឆារ៉ានន់ផ្អែកខ្នងទៅនឹងបង្អែកកៅអី ហើយងើយមុខសម្លឹងពិតានបន្ទប់ គេចពីការតាមដានក្រសែភ្នែករបស់សុភ័ក្រ៖

“ទំនាក់ទំនងរបស់ពួកយើងគឺល្អដូចជាបុគ្គលិកនិងមេទូទៅដែរ! ដោយសារខ្ញុំជាបុគ្គលិកថ្មី ដូច្នេះការងារភាគច្រើនគឺសុទ្ធតែត្រូវរៀនសូត្របន្ថែមពីគាត់និងបុគ្គលិកចាស់ៗផ្សេងទៀត ហើយពួកគាត់ក៏មិនដែលស្ដីបន្ទោសឱ្យខ្ញុំដែរ មានតែណែនាំដាស់តឿន និងលើកសរសើរពេលដែលខ្ញុំធ្វើការងារបានល្អ!”

ទឹកមុខនាងប្រែជាស្រងូត ម្ដងនេះភ្នែកនាងស្រាប់តែសម្លឹងចំមកសុភ័ក្រ ហើយបបូរមាត់ដ៏ស៊ិចស៊ីរបស់នាងបន្លឺវាចាមួយម៉ាត់ៗស្រាលៗ គួរឱ្យអាណិតអាសូរ៖

“ល្ងាចមិញអ្នកធ្វើការជាមួយគ្នាតេបានតេទូរសព្ទមកប្រាប់! ពេលដឹងថាគាត់ស្លាប់ភ្លាមខ្ញុំស្រាប់តែធ្វើអីលែងត្រូវ! មិនគួរណាគាត់បែរជាអាយុខ្លីយ៉ាងនេះសោះ!”

ឈ្មោះថាព្រាននារីយ៉ាងក៏ដោយ ពេលដែលប្រទះជាមួយទឹកមុខស្លូតបូត កែវភ្នែករលីងរលោងរកកលចង់យំរបស់ស្ត្រី ក៏គង់តែមានដួងចិត្តរំភើបពុះកញ្ជ្រោល ទោរទន់ទៅតាមសភាវធម្មជាតិរបស់មនុស្សប្រុស។ ចំណែកឯសុភ័ក្រក៏មិនខុសពីនេះដែរ គេគិតអ្វីលែងចេញ នឹកថាចង់សួរសំណួរនាងទៀតក៏មិនដឹងថាត្រូវសួរអ្វីបន្តទៀត។

នាយប៉ូលិសមុខស្រស់ញញឹមស្រាលៗដើម្បីលើកទឹកចិត្តនាង។ ឆារ៉ានន់ញញឹមស្ងួតមកវិញ ហើយលើកដៃមើលនាឡិកា។ គេឃើញដូច្នេះទើបគិតថានាងប្រហែលជាអាចមានការរវល់អ្វីហើយ ក៏លានាងចេញមកវិញ។ ចៃដន់ភ្នែករបស់គេស្រាប់តែប្រទះឃើញរូបថតមនុស្សប្រុសមួយសន្លឹកនិងមនុស្សស្រីមួយសន្លឹកដាក់តាំងទន្ទឹមគ្នានៅលើទូសម្អាងក្បែរគ្រែគេងរបស់នាង។

ដោយសារចរិតរប៉ិលរប៉ូចរបស់គេ សុភ័ក្រក៏ធ្លោយមាត់សួរទៅកាន់នាង៖

“មនុស្សប្រុសម្នាក់នោះជាអ្នកណាដែរ?”

ឆារ៉ានន់បែរមើលទៅតាមទិសដៅចង្អុលរបស់សុភ័ក្រ ហើយសួរបកមកវិញ៖

“ពាក់ព័ន្ធនឹងរឿងក្ដីរបស់លោកដែរទេ?”

សុភ័ក្រស្រាប់តែគាំងនឹងសំណួរ តែដើម្បីកុំឱ្យខូចឈ្មោះព្រានគេក៏ងក់ក្បាលតិចៗតបវិញ។

“ជារូបបងប្រុសរបស់ខ្ញុំ!”

“ភ្លោះ?”

ឆារ៉ានុនលើកចិញ្ចើមដូចចង់សួរថា «នាងដាច់ខាតត្រូវតែឆ្លើយមែនទេ?» តែសុភ័ក្រដឹងថាអ្វីដែលអ្នកសួរដូចជាលើសពីការងាររបស់ខ្លួន ដូច្នេះក៏មិនបានបង្ខំខ្លួនឱ្យនៅរង់ចាំចម្លើយពីនាងទេ ទើបបន្តជំហានចាកចេញទៅ។

គ្រាំង!

គ្រាន់តែដើរផុតពីទ្វារភ្លាម អ្នកនៅខាងក្នុងបិទទ្វារបន្ទប់គ្រាំង ហាក់ដូចជាចង់ប្រាប់នាយថានាងមិនបានស្វាគមន៍វត្តមានរបស់នាយមកទីនេះប៉ុន្មានទេ។ នាយយកដៃទះមាត់តិចៗ ហើយគិតតែម្នាក់ឯងក្នុងចិត្ត៖

“អាភ័ក្រអើយអាភ័ក្រ ប៊ិះតែត្រូវបាក់មុខហើយឯង!”

វគ្គ      «អតីតកាល»

ឆាយលីនិងឡង់ឌីបានមកដល់កន្លែងសិប្បកម្មផលិតមីរបស់លោក ឈឹងគិន។ មើលពីក្រៅទៅគឺដូចជាផ្ទះធម្មតាមួយខ្នងប៉ុណ្ណោះ សឹងថាបើមិនមានស្លាកយីហោមួយតូចទំហំប្រហែលមួយម៉ែត្របួនជ្រុង សរសេរថា «សិប្បកម្មផលិតមី ខ្ទះតូច» ប្រហែលជាគ្មាននរណាចាប់អារម្មណ៍ទេថាទីនេះជាកន្លែងធ្វើមី។

ទាំងពីរនាក់ដើរចូលទៅតាមច្រកទ្វារដែលបើកចំហចោល គ្មានសន្តិសុខនៅយាមកាម គ្មានអ្នកណាសួរនាំ រង់ចាំទទួលស្វាគមន៍ទេ មានតែម៉ូតូពីរគ្រឿងចតទុកចោលនៅជ្រុងខាងស្ដាំជាប់នឹងរបងតែប៉ុណ្ណោះ។ ពេលដែលចូលទៅជិតដល់ក្នុងផ្ទះនោះ ទើបពួកគេឮសូរសន្ធឹកម៉ាស៊ីន ធឹកៗ…! លាន់រងំៗមកប៉ះត្រចៀក។

ចូលទៅដល់ក្នុងផ្ទះ ឆាយលីនិងឡង់ឌីបានចួបនឹងកម្មករបីនាក់កំពុងរៀបចំបញ្ចូលគ្រឿងផ្សំក្នុងម៉ាស៊ីន។ ឃើញអ្នកទាំងពីរចូលទៅដល់ កម្មករម្នាក់ចេញមកទទួលសួរនាំ ហើយបានប្រាប់ថាលោកឈឹងគិន កំពុងធ្វើការនៅក្នុងបន្ទប់។ ឆាយលីប្រាប់ថាខ្លួនមានការងារមួយចំនួនចង់ចួបចៅហ្វាយរបស់គេ ទើបឱ្យគេជួយនាំពាក្យទៅប្រាប់ផង។ កម្មករនោះរត់ចូលទៅក្នុងបន្ទប់ មួយសន្ទុះទើបចេញមកវិញ ប្រាប់ថាចៅហ្វាយរបស់គេឱ្យអញ្ជើញអ្នកទាំងពីរទៅចួបនៅក្នុងបន្ទប់តែម្ដង។

ខ្វាក!

ទ្វាររបើកចូលទៅក្នុង នាំរាងកាយកំលោះក្រមុំទាំងពីរឱ្យចូលទៅចួបស្ថាបនិកសិប្បកម្មមីបន្លែធម្មជាតិ។ លោកម៉េង ឈឹងគិន ក្នុងសម្លៀកបំពាក់អាវសឺមីពណ៌ប្រផេះដៃខ្លី និងខោខូវប៊យពណ៌ទឹកប៊ិក ក្រោកឈរទទួលអ្នកទាំងពីរ។

“អញ្ជើញចូល!” សំឡេងមនុស្សប្រុសលាន់គ្រលរបង្ហាញអធ្យាស្រ័យ។

“អរគុណ!” ឆាយលីតបទៅកាន់គេវិញ។

កែវភ្នែកខ្មៅស្លក់របស់ម្ចាស់សិប្បកម្ម ផ្អៀងផ្អងមើលទៅឡង់ឌីដោយងឿងឆ្ងល់។

“ខ្ញុំដូចជាធ្លាប់ឃើញប្អូនស្រី?”

ឡង់ឌីសើចស្រស់ដាក់ឈឹងគិន ទើបពោលទៅគាត់វិញ៖

“អូ៎! ខ្ញុំឈ្មោះ ឡង់ឌី! គឺខ្ញុំធ្លាប់ទទួលរឿងក្ដីមីក្លែងបន្លំគុណភាពរបស់រោងចក្រ “មីដូនតា” ដែលបងជាអ្នកដាក់ពាក្យបណ្ដឹងលើកមុននោះ!”

ឈឹងគិនងក់ក្បាលតិចៗ ហាក់ដូចជានឹកឃើញនាង រួចទើបបែរមកនិយាយជាមួយឆាយលីវិញ៖

“មិនដឹងថាតើអ្នកទាំងពីរអញ្ជើញមកថ្ងៃនេះ មានអ្វីឱ្យខ្ញុំជួយបាន?”

“ខ្ញុំឈ្មោះ ឆាយលី ជាអធិការរងនៃអធិការដ្ឋាន! ពួកយើងមកថ្ងៃនេះ គឺមានរឿងខ្លះចង់សុំព័ត៌មានពីខាងលោក!”

ឆាយលីបង្អង់បន្តិចរង់ចាំសង្កេតអាកប្បកិរិយារបស់គូសន្ទនា។ លោកឈឹងគិន ហាក់ដូចជារាងភ្ញាក់ផ្អើលបន្តិច តែពុំបានស្ដីតបទៅវិញទេ ទើបធ្វើឱ្យឆាយលីត្រូវបន្តប្រាប់ពីគោលបំណងរបស់ខ្លួន។

“ពួកយើងបានទទួលដំណឹងមកថាលោក និងលោកសួង ប្រណិត ធ្លាប់ជាមិត្តជិតដិតជាមួយគ្នាមែនទេ?”

ឈឹងគិនបន្ធូរភាពតានតឹងបន្តិចនៅលើមុខ។ គេផ្អែកខ្លួនទៅនឹងបង្អែកកៅអីដោយតបចម្លើយមួយម៉ាត់ទៅឆាយលីវិញ៖

“បាទ!”

“លោកមានដឹងទេថា លោកសួង ប្រណិត បានទទួលមរណភាពកាលពីល្ងាចមិញ?”

“បាទដឹង!” ឈឹងគិនដាក់មុខចុះស្រងូត។

“ខ្ញុំដឹងថាពួកលោកទាំងពីរធ្លាប់បានសហការគ្នាផលិតបានរូបមន្តធ្វើមីកាលពីប៉ុន្មានឆ្នាំមុន ហើយក្រោយមកក៏ស្រាប់តែមានទំនាស់រហូតដល់ចែកផ្លូវគ្នារកស៊ី ហើយក៏បាត់វត្តមានរបស់លោកពីក្នុងរបរនេះ ទើបតែមួយរយៈក្រោយនេះលោកត្រលប់មកវិញ ហើយក៏មានរឿងក្ដីក្ដាំជាមួយគ្នារហូតត្រូវធ្វើឱ្យរោងចក្ររបស់លោកប្រណិត ត្រូវបង់ប្រាក់ផាកពិន័យក្នុងចំនួនច្រើនគួរសម! ខ្ញុំចង់ដឹងថាតើក្រោយពីមានទំនាស់ជាមួយគ្នា ទំនាក់ទំនងរបស់លោកទាំងពីរប្រែទៅជាយ៉ាងណាដែរ?”

លោកឈឹងគិន បិទភ្នែកទាំងគូហាក់ដូចជាកំពុងស្រមៃហេតុការណ៍ដែលធ្លាប់បានកើតឡើងកាលពី ៧ឆ្នាំមុនមកវិញ។ គាត់ដកដង្ហើមធំមួយឃូរ ធ្វើឱ្យនាងប៉ូលិសដែលនៅចាំកត់ត្រាចម្លើយប្រឹងខ្លួនសឹងមិនហ៊ានកម្រើក។

“នៅដើមឆ្នាំ២០១៤ ពេលដែលពួកយើងទើបបញ្ចប់ការសិក្សា ក្រុមរបស់ខ្ញុំមានគ្នា៣នាក់ បានចាប់ផ្ដើមសិក្សាពីការកែច្នៃម្ហូបអាហារបែបសរីរាង្គ ដោយប្រើប្រាស់តែរបស់ណាដែលជារបស់ធម្មជាតិ! ក្រោយមកយើងក៏សម្រេចបាននូវការផលិតមីដូចដែលពួកលោកបានដឹងហើយ! ពេលនោះមានមិត្តភក្តិម្នាក់របស់ខ្ញុំសម្រេចចិត្តចេញទៅបន្តការសិក្សានៅក្រៅប្រទេស!”

និយាយដល់ត្រឹមណេះ ឈឹងគិនក៏បើកថតតុរបស់ខ្លួន ហើយលើករូបថតមួយសន្លឹកចេញមកបង្ហាញប៉ូលិសទាំងពីរនាក់។ ឆាយលីទទួលយករូបថតមកកាន់​មើលជាមួយឡង់ឌី។ រូបមនុស្សប្រុសបីនាក់មុខប្រឡាក់ទៅដោយម្សៅមី តែពេញទៅដោយស្នាមញញិម ឈរកាន់ថង់មីដែលទំនងជាទើបតែចេញពីម៉ាស៊ីន។

“កាលនោះពួកយើងទាំងបីនាក់ធ្លាប់បានសន្យាជាមួយគ្នាថា ទៅថ្ងៃមុខពេលដែលឆានុនរៀនចប់គេនឹងវិលមកវិញ ពួកយើងនឹងសហការគ្នាបើករោងចក្រធំរកស៊ីជាមួយគ្នា ហើយសន្យាថានឹងជួយគ្នាទៅវិញទៅមក មិនក្បត់គ្នា ទោះបីជាមានរឿងអ្វីឬនរណាម្នាក់ធ្វើខុសក៏ដោយ ក៏ត្រូវលើកលែងទោសឱ្យគ្នាដែរ! តែមិននឹកស្មានថាតាំងពីពេលដែលឆានុនទៅបាត់ ប្រណិតស្រាប់តែមានមហិច្ឆតាចង់ឆាប់រកស៊ីធំ រហូតពួកយើងទាស់ពាក្យសម្ដីជាមួយគ្នា ព្រោះតែគេចង់លក់រូបមន្តផលិតមីនេះទៅឱ្យឧកញ៉ាម្នាក់! ពេលនោះបើសិនជាមានឆានុននៅក៏ប្រហែលជាគ្មានបញ្ហានេះកើតឡើងដែរ ព្រោះប្រណិតវាស្ដាប់សម្ដីឆានុនជាងខ្ញុំ! តែខ្ញុំព្យាយាមទាក់ទងទៅរកគេជាច្រើនដងដែរ នៅតែគ្មានដំណឹងសោះ!”

ឆាយលីព្យាយាមសង្កេតមើលមុខមនុស្សប្រុសម្នាក់នៅក្នុងរូបថតនោះ។

“មនុស្សប្រុសម្នាក់នេះមែនទេឈ្មោះថា ឆានុន?” ឆាយលីសួរកាត់។

លោកឈឹងគិនងក់ក្បាលតិចៗជំនួសចម្លើយតប។ ឆាយលីងាកមកមើលមុខឡង់ឌីចង់ដឹងពីប្រតិកម្មរបស់នាងក្រោយពេលបានឃើញរូបថតមួយសន្លឹកនេះ។ មើលទៅនាងក៏មិនខុសពីគេដែរ ហាក់ដូចជាកំពុងមានពិភាល់រឿងអ្វីមួយ។

“ក្រោយមក ដោយសារមិនចង់មានរឿងរ៉ាវឈ្លោះគ្នាវែងឆ្ងាយ ខ្ញុំក៏ដាច់ចិត្តយល់ព្រមប្រគល់សិទ្ធិទៅលើរូបមន្តនេះទៅឱ្យប្រណិតផ្ដាច់មុខ ព្រោះខ្ញុំគ្មានជំនឿចិត្តថានឹងអាចរកឆានុនឃើញ រឹតតែមិនអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រណិតបាន! ហើយខ្ញុំក៏ត្រលប់ទៅរស់នៅស្រុកកំណើតវិញ!”

“ចុះហេតុអ្វីបានជាក្រោយមកលោកសម្រេចចិត្តត្រលប់មកបើករបរនេះសាជាថ្មី?” ឡង់ឌីដែលមានចម្ងល់យូរហើយសួរឡើង។

សហគ្រិនវ័យកណ្ដាលម្នាក់នេះសម្លឹងមុខនាងបន្តិច ព្រោះមិននឹកស្មានថានាងហ៊ានសួរគេបែបនេះ តែគាត់ក៏ព្រមឆ្លើយសំណួររបស់នាងទាំងកែវភ្នែកសោកសៅ។

“នៅថ្ងៃដែលខ្ញុំប្រគល់សិទ្ធិឱ្យទៅគេ គេធ្លាប់បានសន្យាជាមួយខ្ញុំថា គេនឹងព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យរូបមន្តនេះនៅរក្សាដូចដើម មិនអាចក្លែងបន្លំ មិនអាចបោកប្រាស់អតិថិជនបានឡើយ លើកលែងតែក្នុងករណីគេរកឃើញរូបមន្តថ្មី ហើយដាក់ឈ្មោះថ្មីឱ្យផលិតផលរបស់គេ! ៥ឆ្នាំមកហើយដែលខ្ញុំរស់នៅក្នុងជីវភាពសាមញ្ញ ធ្វើស្រែ ចិញ្ចឹមសត្វនៅស្រុក តែក្រោយមកខ្ញុំប្រទះឃើញថាមីដែលចេញពីរោងចក្ររបស់ប្រណិតប្ដូរគុណភាព​និងរសជាតិដើមដែលយើងធ្លាប់បានធ្វើឡើងជាមួយគ្នា! ខ្ញុំធ្លាប់បានទាក់ទងមកសួរនាំគេពីរឿងនេះ តែពេលនោះគេប្រាប់ថាស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ រោងចក្រត្រូវការកាត់បន្ថយ និងផ្លាស់ប្ដូរវត្ថុធាតុដើមមួយចំនួនដើម្បីអាចបន្តដំណើរការបានដោយមិនចាំបាច់កាត់បន្ថយបុគ្គលិក! គេសុំឱ្យខ្ញុំយោគយល់និងសុំពេលខ្ញុំកន្លះឆ្នាំដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ខ្ញុំសុខចិត្តបិទភ្នែកបិទត្រចៀកធ្វើមិនដឹងមិនឮ!”

ឈឹងគិនយកដៃច្រូងសក់កាត់បន្ថយសម្ពាធដែលមាននៅក្នុងខ្លួន ហើយពោលបន្ត៖

“តែមិននឹកស្មានថាក្រោយដល់ថ្ងៃសន្យា គេនៅតែបន្តរឿងបែបនេះទៀត! ខ្ញុំមានបំណងឡើងមកចួបនិយាយនឹងគេដោយផ្ទាល់ តែចៃដន់ខ្ញុំបានដឹងថាអ្វីដែលគេប្រាប់ខ្ញុំមុននេះសុទ្ធតែជាការកុហកបោកប្រាស់! រោងចក្ររបស់គេពុំដែលមានបញ្ហាសេដ្ឋកិច្ច រឹតតែពុំត្រូវការបញ្ឈប់កម្មករទាល់តែសោះ មានតែត្រូវរកមកថែម! ពេលនោះខ្ញុំរារែកក្នុងចិត្តជាខ្លាំង តែចុងក្រោយខ្ញុំក៏សម្រេចចិត្តថាត្រូវតែធ្វើតាមឆន្ទៈមនសិការរបស់ខ្ញុំ មិនអាចឱ្យគេចេះតែយកលេសមកប្រើជាសន្យាបោកប្រាស់ម្ដងហើយម្ដងទៀតបាននោះទេ! ខ្ញុំជឿថាបើឆានុនដឹងរឿងនេះ គេក៏យល់ស្របដូចជាខ្ញុំដែរ!”

“ហើយចុះពេលនេះលោកមានដែលទទួលបានដំណឹងពីលោកឆានុន ទេ?” ឆាយលីសួរ។

“អត់ទេ!” ឈឹងគិនគ្រវីក្បាលបដិសេធ។

“ចុះលោកមានដឹងទេថា លោក ឆានុន មានសាច់ញាតិណាដែលអាចទាក់ទងបាន? ឧទាហរណ៍ដូចជាឪពុកម្ដាយ ឬបងប្អូន?”

ឈឹងគិនបិទភ្នែករកនឹក។ ចិញ្ចើមគាត់ឡើងជ្រួញចូលគ្នា ក្រែងលោមានសាច់ញាតិណាម្នាក់ដែលគាត់គិតរំលង នឹកមិនដល់។ បានបន្តិចគាត់ក៏បើកមកវិញដូចជានឹកឃើញអ្វីមួយ…