អ្នកនិពន្ធ៖«វិធីធ្វើឲ្យប្រលោមលោកយើងមានលក្ខណៈផ្ទាល់ខ្លួន!»

លក្ខណៈផ្ទាល់ខ្លួនពិតជាសំខាន់ណាស់ សឹងនៅគ្រប់ទិដ្ឋភាពអាជីព។ រឹតតែសំខាន់ទៅទៀត ពេលយើងក្លាយជាអ្នកនិពន្ធ។ ដើម្បីសរសេររឿងប្រឌិតបានល្អ រឿងនីមួយៗ គួរ​តែ​មាន​លក្ខណៈ​សម្បត្តិ​ធានាភាព​មិន​ច្រំដែល មិន​មាន​អារម្មណ៍​ថា ធ្លាប់​បាន​អាន​រួច និង​មិន​ប្រើ​ការ​ស្រាវជ្រាវ​ដដែល ឬ​ហួស​សម័យកាល​មក​ចងក្រង។

អ្នក​និពន្ធ​ ម៉ីសន សុធារី តែង​យកចិត្តទុកដាក់​លើ​រចនា​សម្ព័ន្ធ​រឿង ហើយគាត់​ទម្លាប់​ដំឡើង​ប្រលោមលោក​ថ្មី​នីមួយៗ ដោយ​យកចិត្ត​ទុកដាក់ លើ​ភាព​ខុស​ប្លែក និង​សួរ​យោបល់​មនុស្ស​ច្រើន​គ្នា។ ពិសេស​គាត់​តែង​កែប្រែ​ការ​និយាយ និង​សកម្មភាព​ថ្មីៗ​ជានិច្ច​ពី​ខ្សែ​រឿង​មួយ​ទៅ​កាន់​រឿង​មួយ​ទៀត។

«យើង​អាច​បង្កើត​ការ​ភ្ជាប់​អារម្មណ៍ ជក់ចិត្ត ពី​វគ្គ​មួយ​ទៅ​ផ្នែក​មួយ​ទៀត​ធ្វើ​ឲ្យ​យើង​អាន​មាន​អារម្មណ៍​ថា នៅ​ក្នុង​សាច់រឿង​ជាមួយ​តួអង្គ មិន​ថា​ពេល​ពួកគេ​លំបាក​ឬ​ជោគជ័យ! អ្នក​និពន្ធ​ជា​ច្រើន​អនុវត្តិ​តាម​វិធី​ទុក​ឲ្យ​ចំណុចកំពូល​ខ្លាំង​បំផុត​នៅ​មាតិកា​ជំពូក​ក្រោយ​គេ គេ​ហៅ​ថា​ឆាក​ធំ កៀក​​នឹង​ទី​បញ្ចប់​តែ​នៅ​ក្នុង​បេះដូង​មេគង្គ ខ្ញុំ​អត់​បញ្ចប់​ដោយ​ឆាក​ធំ​ទេ នេះ​ជា​វិធីសាស្ត្រ​របស់​ខ្ញុំ​ហើយ​វា​មិន​ដែល​ខុស​ច្បាប់​ឡើយ(សើច)!» អ្នកស្រី​ពន្យល់​ក្រុម។

អ្នកនិពន្ធរូបនេះ​ក៏​បាននិយាយផងដែរថា ការសរសេរ​ប្រលោមលោក​មិន​មែន​ទៅ​ប្រណាំង​ជាមួយ​អ្នកអាន​មិន​ឲ្យ​គេស្មានត្រូវ ហើយ​គិត​ថា​ជោគជ័យ​នោះ​ទេ អ្នកអាន​មិនមែន​ល្ងឹតល្ងង់​ឡើយ។ គេ​អាន​កាន់​តែ​ច្រើន​ចំណេះ​កាន់​តែ​កើន​។

«មាន​បញ្ហា​អី​បើ​គាត់​ទាយ​ត្រូវ? កាន់​តែ​សប្បាយ​ចិត្ត​ជាមួយ​គ្នា!​ សំខាន់​មិនមែន​គាត់​មក​អាន​រឿង​ព្រោះ​ទាយ​មិន​ដែល​ត្រូវ​នោះ​ទេ ភាគច្រើន​​ពួកគាត់​ចូលចិត្ត​ភាព​ភ្ញាក់ផ្អើល និង​សមចិត្ត! សមចិត្ត​នៅ​ទីនេះ មិនមែន​មានន័យថា តួ​ជួប​គ្នា ឬ HappyEnding ជា​និច្ច​ទេ​ តែ​ត្រូវ​មាន​ហេតុផល​សំអាង​ត្រឹមត្រូវ!».

និពន្ធ​ល្អ មិន​ប្រជែង​ជាមួយ​អ្នក​អាន​ខ្លួន​ទេ គាត់​ត្រូវ​ការ​យល់​ចិត្ត​ពួកគេ​ឲ្យ​បាន​ច្បាស់លាស់ ​តាម​រយៈ​របៀប​ដែល​ពួកគេ​អាន​សៀវភៅ។

«ខ្ញុំ​គិត​ថា ហ្វេន​របស់​ខ្ញុំ មាន​ចំណេះដឹង​និង​គតិ​លោក​ខ្ពស់ៗ! ពួកគាត់​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​បាន​ច្រើន!» អ្នក​និពន្ធ ម៉ីសន សុធារី៕

អត្ថបទ៖លីណា