គោលការណ៍ធំៗ៣ ពេលចាប់តែងនិពន្ធដំបូងៗ

សិល្បៈនៃការតែងនិពន្ធ​អាចមើលទៅ នៅតែជាអាថ៌កំបាំង សម្រាប់អ្នកដែលមិនធ្លាប់ព្យាយាមបានសម្រេច​ឬបញ្ចប់សៀវភៅដំបូងរបស់ខ្លួន។ ក៏មាន​មនុស្ស​មួយចំនួន អាចសរសេរសៀវភៅរបៀប វិទ្យាសាស្ត្រ ទ្រឹស្តី របកគំហើញ ទស្សនវិជ្ជា ប្រវត្តិបុគ្គល។ល។ ប៉ុន្តែ មិនអាចបញ្ចប់សាច់រឿងប្រលោមលោកមួយបាន ។

អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរថា «ខ្ញុំទទួលបានឆាតរបស់អ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធប្រលោមលោកវ័យក្មេងៗជាច្រើន ចង់បានវិធីសាស្ត្រ​អំពីការតែងនិពន្ធតាមបែបស្រមើស្រមៃ​តែស៊ីសង្វាក់នឹងនិន្នការ​-កាលអាកាស ​ដែលអានកាលណា អ្នកអាន​ទទួលយកបាន។ មិនមានអ្វីជាការសម្ងាត់អំពីដំណើរការសរសេរសៀវភៅប្រឌិតនោះទេ។»

« គោលការណ៍ធំៗ ដែលយើងត្រូវការ មានតែបីប៉ុណ្ណោះគឺ វិន័យ (តាំងចិត្ត) ការច្នៃប្រឌិត (ស្រាវជ្រាវមានព័ត៌មាន​ទូទៅច្រើន) និងទីបី បេះដូង (មិនសរសេរដើម្បីស្អប់ តែសរសេរព្រោះស្រលាញ់)។»

លោកស្រីបញ្ជាក់ថា មិនថា អ្នកនោះជាអ្នកនិពន្ធដែលមានសៀវភៅលក់ដាច់ជាងគេ លក់ថ្លៃជាងគេ ឬល្អអាន​ជាងគេ ឬមិនដែលជោគជ័យ គ្មានចំណងជើងណាមួយ​ត្រូវបានគេយកទៅនិយាយ សរសេរយូរហើយមិនត្រូវបានគេស្គាល់ឬទទួលស្គាល់ ក៏អ្នកទាំងនោះបានឆ្លងកាត់ការ​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។ «មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែជាគណៈកម្មការវាយតម្លៃស្នាដៃយើងបានត្រឹមត្រូវជានិច្ច​នោះទេ! ពេលចាប់ប្រលូកការងារតែងនិពន្ធ សូមប្អូនៗកុំរំពឹងអំពីថា រឿងយើងនឹងល្បីជាងគេ នឹង​មានគេស្គាល់ច្រើនជាងគេ នឹងមាន​គេស្វែងរកយើងលបណ្តាញសង្គមមក Add ឬមក Like សូមទាត់ចោលរឿងទាំងនេះចេញពីគំនិត!»។

អ្នកនិពន្ធ ​ម៉ីសន សុធារី ដែលបានចាប់ផ្តើមការសរសេរប្រលោមលោកនៅឆ្នាំ១៩៩៤ បានលើកឡើងថា «ខ្ញុំសរសេរសៀវភៅដំបូង សរសេរចេញពីបេះដូង សរសេរទាំងមិនដឹងថា​ មានគេចង់អានឬអត់ នឹង​បានផ្សាយចេញឬអត់?​ គឺសរសេរព្រោះខ្ញុំស្រេកឃ្លានក្នុងការសរសេរ! ខ្ញុំក្រោក​ឡើងរាល់ម៉ោង៣ភ្លឺ​ដើម្បីសរសេរសៀវភៅរបស់ខ្ញុំព្រោះផ្ទះខ្ញុំតូចណាស់ ពេលថ្ងៃ មនុស្សច្រើនឡូឡា​ហើយយើងមាន​តុតែមួយទៀត​ប្អូនខ្ញុំត្រូវប្រើវាដើម្បីរៀន (ស្ញុំសរសេរក្នុងសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ)