ប្រលោមលោកអភិនីហារ អរូបិយ
ដោយ ពេជ្រ បណ្ឌិត
តើអ្នកជឿលើរឿងអប្បិយជំនឿ មន្តអាគម ខ្មោចព្រាយបិសាចដែរឬទេ? បើជឿ តើជឿកម្រិតណាដែរ? ចុះអ្នកធ្លាប់ឮអ្វីខ្លះទាក់ទងនឹងរឿងអស់នេះ? អូខេ! ថ្ងៃនេះសូមនាំអ្នកអានឱ្យពិចារណាលើរឿងពិតមួយរបស់សុំាង គីមស្រួ។
«««««««««««
……វាជាពេលព្រលប់ដែលគ្នាយើងបីនាក់ បានធ្វើដំណើរទៅក្បែរភូមិអង្គាបុស្ប។ រយៈពេល១៣ខែ ចាប់តាំងពីប៉ាខូចទៅ ពួកយើងមិនដែលបានមកលេងទីនេះសោះ ប៉ុន្តែការទាក់ទងលោកតាលោកយាយតាមទូរស័ព្ទ ជារឿង ដែលខ្ញុំធ្វើជាទម្លាប់ទៅហើយ។ ជារឿយៗ ខ្ញុំចង់បានលោកទាំងទ្វេឱ្យមករស់នៅខេត្តជាមួយគ្នា តែលោកយាយ និងលោកតាថា លោកមានចាស់ៗជជែកគ្នា និងជួយមើលសុខទុក្ខគ្នា ងាយស្រួលជាងនៅទីរួមខេត្ត។
«អាស្រួ! ហើយឯងដែលផ្ញើលុយកាក់មកជូនគាត់ទេ ដែលឱ្យគាត់រស់នៅម៉ង់ៗពីរនាក់អ៊ីចឹង?»
ខ្ញុំបើកឡានផង ដៃម្ខាងលូកទទួលកូកាពីអូននីមកផឹកក្អឿក ហើយបានឆ្លើយជាមួយអាសេង៖
«ផ្ញើអីមានតែយកពីគាត់ថែម!»
ឃើញវាជក់មើលទេសភាព ខ្ញុំនិយាយបន្ថែម៖
«លោកយាយ និងលោកតាមានចម្ការស្វាយចន្ទីធំណាស់! មួយឆ្នាំៗប្រមូលផល បានប្រាក់អាចឱ្យលោករស់ស្រួលជាងយើងនៅខេត្តផង!»
អានីនិយាយកាត់ ដោយដៃចុចទូរស័ព្ទថតទេសភាពតាមផ្លូវជាប់៖
«ទោះអ៊ីចឹងក៏ដោយ បងឯងក៏គួរគិតគូរទិញរបស់ចាំបាច់ៗពីខេត្ត ទៅជូនគាត់ដែរ! មើលចុះ ភូមិនេះដាច់ស្រយាលពីគេ!»
ខ្ញុំដាក់កំប៉ុងទឹកក្រូចចុះ ហើយងាកក្បាលមើលមុខនាងដោយក្នាញ់។ អាវនាងពណ៌លឿងស្រស់ តែស្ដើងធ្លុះដល់សាច់ទ្រូង ធ្វើឱ្យខ្ញុំគ្រឺតណាស់ទៅហើយ ទម្រាំអូននីងើបគូទ ឱនទៅថតទេសភាពបង្ហាញចង្កេះសដូចសំឡីនៅពីលើខោJeanពណ៌ខៀវស្លេករបស់នាង ខ្ញុំចាប់ផ្ដើមនឹកថា បន់ឱ្យឆាប់ដល់ផ្ទះលោកតា នឹងអាលចូលបន្ទប់ពីរនាក់ ដើម្បីប្រដៅស្ទីលកាលីបរបស់អូននីចេញ។ ខ្ញុំនិយាយដោយភ្នែកក្រហម ព្រោះកំហឹងខឹងសម្រស់អូននី រួចលូកដៃស្ដាំទៅក្រសោបស្ទាបចង្កេះនាងយ៉ាងស្រើបស្រាល៖
«ទិញរបស់ពិសេសអីខ្លះទៅHoney? គ្រែ ពូក ម៉ាស៊ីនត្រជាក់ មានគ្រប់ប្រដាប់អស់ហើយ!»
នាងភ្ញាក់ព្រើត ងាកមករលាស់ដៃរពឹសរបស់ខ្ញុំចេញ ហើយសម្លក់ថ្មែ ព្រមទាំងដៀងភ្នែកទៅរកអាសេង ដែលអង្គុយពីក្រោយ ជាសញ្ញាប្រាប់ខ្ញុំថា ក្នុងឡានមិនមែនមានតែយើងពីរនាក់ទេ។ តាមកញ្ចក់ឡានខ្ញុំមើលទៅមុខអាសេងដែលប្រែទៅជាក្រៀមក្រំ។ ខ្ញុំស្ដាយក្រោយដែរ ដែលលេងសើចជាមួយHoneyភ្លេចគិតថាដែលនាំគ្នាមកនេះលេងព្រោះតែអាសេងកំពុងយ៉ុងចិត្ត វាទើបតែបែកសង្សារហើយថ្មីៗ។
ខ្ញុំខ្មាសទង្វើខ្លួនឯងបន្តិចដែរ បានងាកចេញទៅមើលទិដ្ឋភាពខាងក្រៅបន្លប់វិញ។ ក្រោមពន្លឺស្រពិចស្រពិលដែលរាត្រីកាលហៀបឈានចូលមកដល់ ខ្ញុំឃើញផ្សែងហើរក្រាស់ឃ្មឹកដូចមានអ្នកដុត ប៉ុន្តែតាមពិតម្ដុំនេះដូចគ្មានផ្ទះអ្នកស្រុកផងទេ តើពីណាគេមកដុតធ្វើអីទៅ?
«បងស្រួ ស្គាល់ផ្លូវច្បាស់អត់?»
ខ្ញុំឆ្លើយវិញ មិនខ្ចីងាកមើលអូននី ព្រោះខ្លាចក្ដៅខ្លួននឹងបបូរមាត់សិចស៊ីរបស់នាង៖
«ភ័យធ្វើអី! គិតតែពីរឿងហ្វេសប៊ុកផុនអូនឯងទៅ!»
នាងងាកទៅចុចទូរស័ព្ទមើលបន្តលែងរវល់នឹងខ្ញុំ ចំណែកខ្ញុំគិតពីបន្ថែមល្បឿនបោលឡានទៅមុខព្រោះថាមេឃចាប់ងងឹតហើយ។
«ស្អីគេអ្ហា៎ៗ ស្ងាត់ម៉េះអានេះ? អត់មានផ្ទះអ្នកស្រុកអីមួយ?» (អាសេងវានិយាយដោយមុខជូរ)
ខ្ញុំដឹងថាវាកំពុងខូចចិត្ត ខ្ជិលស្រែកឱ្យវាក៏ធ្វើមិនដឹងវិញ។ ប៉ុន្តែដល់វេនអូននីរអ៊ូម្ដង៖
«អត់សេវារលីង!»
ខ្ញុំដឹងថាអូននីរអ៊ូរឿងទូរស័ព្ទ តែសំឡេងញែកៗសិចស៊ីរបស់នាង ចេះតែដុតចិត្តខ្ញុំឱ្យចង់ឌឺដល់រឿងក្នុងខោ។ ខ្ញុំខាំមាត់រអ៊ូតិចៗវិញ៖
«អត់ឯណា? សេវាឱ្យពេញប៊ឹបនៀក!»
ស្រីស្អាតរបស់ខ្ញុំដែលចាញ់ក្រោមក្រញាំដៃខ្ញុំយូរហើយ នៅតែមិនយល់សម្ដីខ្ញុំ នាងនិយាយដោយបូញមាត់មិនសប្បាយចិត្ត៖
«មួយកាំក៏អត់ផង! ធុញណាស់!»
ខ្ញុំដៀងភ្នែកទៅរកទូរស័ព្ទលើដៃនាង ហើយនិយាយឌឺទៀត៖
«ឈប់លេងហ្វេសប៊ុកទៅ! ចង់ឱ្យអាណាញ៉ែទៀត បើមានអ្នកញ៉ែហើយហ្នឹង?»
ស្រីសិចស៊ីរបស់ខ្ញុំដាក់ iPhoneនាងចុះ ហើយចុចម៉ាញ៉េស្ដាប់ ស្រាប់តែឮអាសេងស្រែកឡើង៖
«អាស្រួ នោះផ្ទះគេនុះ! មានផ្ទះគេវ៉ី!»
ខ្ញុំបន្ថយល្បឿន ហើយរឺយ៉ែថយហុយសំពោងទាន់ចិត្តអាសេង។ ខ្ញុំឈប់ងឺតនៅមុខកូនខ្ទមតូចមួយ ដែលមានដាក់ស្លាកតូចថា ប៉ះកង់។ ក្រោមពន្លឺចន្លុះក្រហមខ្មៅៗ ស្ត្រីម្នាក់មាឌតូចស្ដើង អង្គុយបែរខ្នងមករកពួកយើង។ ខ្ញុំរវៃកញ្ចក់ រកស្រែកសួរទៅហើយ ស្រាប់តែឮសំឡេងស្អកស្អារបស់គាត់ឮមកមុន៖
«អត់មានជាងប៉ះកង់ទេ!»
វ៉ាវ! បះសក់! គ្រាន់តែសំឡេងគាត់គួរខ្លាចបាត់ទៅហើយ ទម្រាំមុខគាត់ទៀត? ខ្ញុំងាកមករកអូននី ឃើញនាងបើកភ្នែកគ្រលួងរេគ្រាប់ភ្នែកចុះឡើងរបៀបភ័យ។ អត់ទាន់និយាយអីផង ឮអាសេងនៅពីក្រោយវាហូតកញ្ចក់ឡានស្រែកសួរបន្ថែម៖
«អត់ទោសមីង! ផ្លូវនេះទៅភូមិអង្គាបុស្បត្រូវអត់មីង?»
ខ្ញុំងាកទៅរកស្ត្រីនោះវិញសាជាថ្មី ទន្ទឹមនឹងពេលគាត់បែរមកយឺតៗ។ ស្ត្រីនោះមានវ័យប្រហែលជា៤០ផ្លាយ មុខគាត់មិនអាក្រក់ដូចសំឡេងទេ ប៉ុន្តែម្ដេចក៏សោះអង្គើយអីយ៉ាងនេះ? គាត់មិនឆ្លើយនឹងសំណួរអាសេង តែបែរជាងាកភ្នែកមកមើលបីនាក់យើងម្ដងម្នាក់ៗដោយទឹកមុខចម្លែក។ គាត់មើលយូរណាស់ រហូតដល់អូននីខ្លាចពន្លឺភ្នែកកាចគ្មានមនោសញ្ចេតនារបស់គាត់។ នាងងាកមុខចេញទៅកន្លែងផ្សេង ហាក់ភិតភ័យ។ ចំណែកខ្ញុំក៏លែងចង់ស្ដាប់ចម្លើយគាត់ទៀតហើយ ដោយជ្រួញចិញ្ចើមសម្ដែងថាមិនពេញចិត្តអាកប្បកិរិយាយ៉ាប់ៗរបស់គាត់។ ខ្ញុំរវៃកញ្ចក់បិទមកវិញ ហើយត្រៀមចេញឡាន ប៉ុន្តែស្ត្រីនោះស្ទុះមកក្បែរឡានដូចផ្លេកបន្ទោរធ្វើឱ្យអូននីស្រែកយ៉ៃ។
ខ្ញុំងាកមើលមុខស្ត្រីចំណាស់ចម្លែកនោះភ្លាមព្រោះឆ្ងល់ ប៉ុន្តែគាត់ស្រាប់តែលើកដៃចង្អុលទៅទិសខាងជើងយឺតៗ។ ដល់វេនខ្ញុំរងីរងើ ព្រោះមិនដឹងថាគាត់ចង់មានន័យថាម៉េចទេ? តែសំឡេងអាសេងលាន់មកវិញក៏មិនដឹងថាវាបានរវៃកញ្ចក់ចុះពីអង្កាល់ទៀតដែរ បើខ្ញុំទើបតែបិទអម្បាញ់មិញសោះហ្នឹង?
«ទៅតាមនោះវិញអ្ហីមីង?»
«ទៅៗ! ទៅតាមនោះទៅ! (សំឡេងគាត់លាន់មកដូចសំឡេងបិសាចបុរាណក្នុងរឿងចិន)»
ខ្ញុំងាកវឹងទៅរកអាសេងជាសញ្ញាថា ឱ្យវាឈប់រវល់នឹងមីងនោះទៅ ព្រោះខ្ញុំឮសំឡេងគាត់កាលណា មានអារម្មណ៍ចម្លែកកាលណោះ។ អាសេងឱនក្បាលគោរពគាត់ មុននិយាយថាអរគុណ ហើយទើបវាចុចបិទកញ្ចក់មកវិញ។ ខ្ញុំចេញឡានវឹងហ៊ុយទ្រលោមតែធូរចិត្តខ្សាកដែលមុននេះដូចចង់ថប់ដង្ហើម ពេលឃើញឫកពាមីងនោះ។ តែអូននីងាកមកបន្ទោសតិចៗ៖
«គ្មានគួរសមសោះបងស្រួ! ហុយដីលើគាត់ហើយ! ជិះអីជិះម៉េះ?»
ខ្ញុំធ្វើមិនដឹងនឹងសម្ដីនាង ហើយលើកកូកាកូឡាមកក្អឹកមួយទៀត ត្រចៀកឮអាសេងនិយាយម្ដង៖
«បើកបត់ទៅជើងទៅអាស្រួ!»
ខ្ញុំក្ដៅចិត្តឆេវ ព្រោះមើលទៅអាសេងមិនត្រឹមតែខូចចិត្តឡើងឡឺកឺទេ វាថែមទាំងលែងជឿជាក់ខ្ញុំ ហើយទៅជឿសម្ដីយាយចាស់វិកលនោះទៅវិញ។ ខ្ញុំគំហក៖
«ស្រុកអ្ហែងអ្ហីក៏ស្រុកអញអ្ហា៎? នៅឱ្យស្ងៀមទៅអាចោរ!»
វាមិនអន់ទេ គំហកមកខ្ញុំវិញ៖
«ម៉ោង៧យប់ហើយណ៎ា! អ្ហែងចង់ដេកព្រៃអ្ហី? ថា១០គីឡូៗអាឡូវជិះជាងមួយម៉ាងហើយ!»
ខ្ញុំស្រែកតប៖
«អញមិនឱ្យអ្ហែងងាប់ទេអាសេង!»
អាសេងប្រុងហាមាត់ត្របាក់ខ្ញុំទៀត ស្រាប់តែសំឡេងសិចស៊ីរបស់អូននីឮមកញ័រៗ៖
«បងស្រួ! ខ្ញុំគិតថាបងឯងខានមកយូរ វង្វេងផ្លូវហើយ! មិនដែលឆ្ងាយអីឆ្ងាយយ៉ាងហ្នឹងទេ! បត់ទៅជើងតាមមីងនោះប្រាប់ទៅ!»
អូននីភ័យយកតែមែនទែនហើយ។ ខ្ញុំមិនចង់ឱ្យនាងខឹងទេ ក៏បត់វឹងតាមនាងប្រាប់ ដើម្បីបកក្រោយកាច់ទៅជើង។ម្ដងនេះដោយសារក្ដៅចិត្តនឹងចរិតឆ្លេឆ្លារបស់អូននី និងអាសេង ខ្ញុំលែងខ្ចីមាត់អីមួយអឹះតែម្ដង។ ស្រមោលព្រៃពណ៌ខ្មៅខ្ពស់រត់ថយក្រោយៗ លឿនស្លេវតាមកម្លាំងឡានរបស់ខ្ញុំម្ដងៗ ហាក់បីដូចជាស្រមោលព្រាយបិសាចឈរជាជួរក្នុងរឿងកុនអ៊ីចឹងដែរ។ ខ្ញុំខំប្រឹងសង្កេតចប់តាមផ្លូវ ក្រែងឃើញសញ្ញាណាមួយ ដែលអាចចំណាំបាន ប៉ុន្តែមេឃចេះតែងងឹតទៅៗ រកតែផ្កាយមួយដួងកំដរចិត្តក៏គ្មាន ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាសម្ដីអូននី និងអាសេងអាចថាក្លាយជាការពិតពេលនេះហើយ ព្រោះខ្ញុំចាប់ផ្ដើមបាត់ទំនុកចិត្ត និងទិសដៅរបស់ខ្ញុំមែន។
«អញលែងដឹងទិសតំបន់ហើយវើយ! ហើយចុះម៉េចក៏អត់ឃើញផ្ទះអីមួយអ៊ីចឹង? មុនមិនមែនអ៊ីចឹងទេ! យើងមកខុសផ្លូវច្បាស់ណាស់!»
អាសេងងាកមើលសងខាងផ្លូវ ហើយលើកដៃមើលម៉ោង។ មេឃចាប់ផ្ដើមគ្រហឹមដោយឥតព្រាងទុក ហើយភ្លៀងធ្លាក់មករ៉ាវដូចគេចាក់ទឹក។ ខ្ញុំបន្ថយល្បឿន ដោយសារថាមើលមុខលែងច្បាស់ហើយ។ ខ្ញុំនិយាយដោយធុញទ្រាន់៖
«ចេះតែមានហើយអ្ហា៎ នៅសុខៗភ្លៀងរ៉ាវ! អត់ទំនង!»
អាសេងវានិយាយផង ដកកមើលទៅក្រៅដោយទឹកមុខបារម្ភផង៖
«ស្រុកព្រៃវាអ៊ីចឹងហើយ! តែគ្រហឹមភ្លៀងៗហើយ! អញថាយើងថយក្រោយទៅអាស្រួ ទាន់មិនទាន់ទៅឆ្ងាយជាងហ្នឹង!»
ខ្ញុំងាកមើលមុខអូននី ឃើញនាងងាកមករកខ្ញុំដោយពន្លឺភ្នែកភ័យបារម្ភ។ ចំណែកអាសេងអង្គុយខិតមករកពួកយើង ហើយវានិយាយតិចៗមកកាន់ខ្ញុំ៖
«យើងប្រហែលវង្វេងផ្លូវហើយ! យើងបកទៅរកផ្ទះមីងនោះវិញទៅ ទាន់ទៅណាមិនទាន់ឆ្ងាយ!»
ខ្ញុំតបផូង៖
«ឱ្យអញត្រឡប់ទៅផ្ទះយាយឆ្កួតហ្នឹង អញសុខចិត្តដេកព្រៃអ្ហា៎!»
តែអូននីនិយាយឡើងភ្លាម៖
«មែនហើយបងស្រួ! ទៅផ្ទះនោះវិញគ្រាន់បើជាង! នៅទីនេះស្ងាត់ណាស់! គ្មានផ្ទះអ្នកស្រុកមួយទេ! ជួនកាលផ្ទះមីងនោះនៅជិតភូមិគេគ្រាន់តែយើងមិនដឹងចាំសួរគាត់មើលទៅ!»
មើលទៅពីរនាក់ហ្នឹងនិយាយត្រូវគ្នាដល់ហើយ ខ្ញុំជាភាគីសំឡេងតិចមានតែធ្វើតាមពួកគេទាំងធុញទ្រាន់។ តាមពិតបើអាសេងអត់ម៉ោទេ ខ្ញុំយកឱកាសនេះប្រដៅចិត្តអូននីកណ្ដាលព្រៃ ឱ្យរ៉ូមែនទិកភ្លេចមិនបានម្ដង ប៉ុន្តែពេលនេះមានអាអ្នកបាត់បង់ស្នេហ៍មកជាឆ្អឹងទទឹងក វាធ្វើឱ្យខូចបរិយាកាសអស់។ ខ្ញុំបត់ឡានវឹង ទាំងមិនមាត់មិនក ប៉ុន្តែភ្នែកដៀងសម្លឹងម្ជុលសាំង។ សាំងប៉ុណ្ណេះគ្មានអីត្រូវព្រួយទេ ខ្ញុំអាចទៅដល់ខេត្តវិញបានដោយសុវត្ថិភាព ហើយចាំរកកន្លែងមួយក្នាញ់អូននីក៏មិនយឺតពេលដែរ។
ខ្ញុំងើបមុខសម្លឹងនាង ឃើញនាងសម្លឹងមកខ្ញុំដោយទឹកមុខព្រួយបារម្ភ។ ខ្ញុំលើកដៃស្ដាំញីសក់ក្បាលអូននី ហើយធ្វើភ្នែកស្រឹមដាក់នាង។ ខ្ញុំចង់ប្រាប់នាងថាកុំឱ្យភ័យអី ចាំយប់នេះខ្ញុំឱបនាងទល់ភ្លឺ ប៉ុន្តែនាងហាក់មិនរវល់នឹងភាពលន្លង់លន្លោចរបស់ខ្ញុំសោះ គិតពីភិតភ័យងាកមើលផ្លូវចុះឡើងៗ។ ខ្ញុំស្រវាចាប់ម្រាមដៃនាងមកក្ដាប់ហើយច្របាច់ថ្នមៗ៖
«ធើកុំភ័យមើល៍!»»
អូននីកាន់តែបូញមាត់ភ័យ មុខនាងកាន់តែសិចស៊ី។ ខ្ញុំឃើញអាសេងអង្គុយកៀកមកមុខពេក មិនខ្វល់ថាវាកំពុងខ្លាចមែន ឬលេងទេ ប៉ុន្តែយល់ថាវាកំពុងតែនៅកៀកនឹងគល់ទ្រូងសខ្ចីរបស់សង្សារខ្ញុំទៅវិញ។ ខ្ញុំគំហកដាក់វាដោយលូកដៃទៅទាញអាវធំខ្ញុំដែលក្រាលគ្របលើកៅអីខាងអូននី ហើយដៃអាសេងកំពុងសង្កត់ជាប់៖
«មើល៎ងាក!»
អាសេងងាកថយក្រោយចេញបន្តិច ខ្ញុំទាញអាវនោះមកគ្របលើអូននី ហើយនិយាយ៖
«ពាក់អាវបងសិនទៅកុំឱ្យរងា!»
អូននីលើកអាវមកពាក់ពីក្រៅតាមខ្ញុំប្រាប់ អត់ប្រកែកអីមួយម៉ាត់ ធ្វើឱ្យខ្ញុំរឹតតែស្រលាញ់នាងស្ទើរឆ្កួត ចិត្តចង់តែឈប់ឡានសង្កត់នាងគ្រឹបភ្លាមៗទេ។ ប៉ុន្តែសំឡេងអាសេងលាន់មកកាត់ផ្ដាច់ភាពរ៉ូមែនទិករបស់ខ្ញុំ៖
«អាស្រួ! អ្ហែងមើលនុះ!»
ខ្ញុំងាកទៅរកវាឃើញវាកំពុងសម្លឹងទៅខាងស្ដាំដៃ។ ខ្ញុំមើលតាមចង្អុលដៃវាភ្លាមដែរ។ ផ្ទះឈើមួយលេចឡើងចំពោះមុខខ្ញុំ។ ទោះបីវានៅជ្រៅសន្លឹមពីផ្លូវជាតិ ប៉ុន្តែខ្ញុំអាចមើលឃើញពន្លឺភ្លើងក្រហមផ្លុងៗជះចេញមកពីខាងក្នុងផ្ទះមក។
«អើ! យប់នេះនៅទីនេះហើយ! គ្រាន់បើជាងត្រឡប់ទៅខ្ទមយាយនោះដែរអ្ហា៎!»
ខ្ញុំនិយាយដោយបត់ឡានវឹងទៅរកប្រភពពន្លឺនោះ មិនចាំបាច់សួរយោបល់អ្នកណាទេ។
រថយន្តកាន់តែលឿនទៅមុខ ពួកយើងកាន់តែមើលឃើញផ្ទះនោះច្បាស់ឡើង ប៉ុន្តែកំពុងតែសប្បាយចិត្តស្រាប់តែឡានឈប់ងឺត។ ចង្រៃវាយក៍ អាល័យតែមើលលើភ្លេចមើលក្រោម។ សញ្ញានេះបើមិនជាប់ផុង ទើបចម្លែក។ ខ្ញុំរោទ៍ម៉ាស៊ីនដោយមួហ្មង តែវាលែងទៅមុខកើតមែន។
«ជាប់ផុងហើយ អ្ហែងប្រឹងអីទៀត! ចុះមើលសិនទៅ!» (អាសេងរអ៊ូ)
វាមានតែអ៊ីចឹងមែនហើយ។ ខ្ញុំ និងវាចុះមើលជាមួយគ្នា។ អាសេងចុចអិនចុចពិលរបស់វា ដែលជាប្រភពពន្លឺតែមួយគត់របស់ពួកយើងក្នុងពេលនេះ។ ភក់កប់ជ្រៅ ទាំងកង់មុខទាំងកង់ក្រោយ ហើយសំខាន់គឺនេះមិនមែនភក់ថ្មីៗដោយសារភ្លៀងស្រោចអម្បាញ់មិញទេ តាមមើលនេះគឺរណ្ដៅភក់តែម្ដង។ ខ្ញុំលើកដៃជូតទឹកភ្លៀងចេញពីមុខដោយក្ដៅចិត្ត។
«ស្អីគេអ្ហា៎! ភក់ពេញមុខផ្ទះ ធ្វើដូចចង់ឱ្យគេផុងឡាន ហើយចូលទៅសុំជ្រកណាស់អ៊ីចឹង!»
ខ្ញុំនិយាយលេងៗ ប៉ុន្តែធ្វើឱ្យអាសេងកើតសង្ស័យ។ វាកេះខ្ញុំ រួចនិយាយហាម៖
«បិទមាត់សិនទៅអាស្រួ! កណ្ដាលព្រៃវ៉ី! ចេះខ្លាចចិត្តម្ចាស់ទឹក ម្ចាស់ដីអីខ្លះផង!»
ខ្ញុំដឹងខ្លួនមកវិញក៏និយាយបន្លប់៖
«អើ! ហើយចុះអាឡូវគិតអាម៉េច?»
អាសេងឈរច្រត់ចង្កេះហាលភ្លៀង វាធ្វើមុខជ្រួញ៖
«ផុងម្ល៉ឹងៗ ទាល់តែរកមនុស្សមកជួយ! តោះ ទៅជាមួយគ្នាវ៉ី!»
ខ្ញុំសម្លឹងទៅផ្ទះដែលនៅឆ្ងាយប្រមាណ២០ម៉ែត្រទៀតពីទីនេះ តាមពីក្រោយអាសម្លាញ់ខ្ញុំ ហើយនិយាយ៖
«អ្ហែងគិតទុកឱ្យអានីចាំម្នាក់ឯងនៅហ្នឹង?»
អាសេងងាកមើលអានីដែលអង្គុយជ្រប់មុខក្នុងឡាន។ វានិយាយទាំងមិនដកភ្នែកពីនាង៖
«ឱ្យអានីនៅចាំសិនល្អជាង! យើងត្រូវទៅមើលសិនមើល៍ ក្នុងផ្ទះនោះប្រុសឬក៏ស្រី?»
ខ្ញុំយល់ហើយពីសម្ដីអាសេង។ តាមពិតវាគិតគូរបានម៉ត់ចត់ជាងខ្ញុំ។ អូននីសិចស៊ីយ៉ាងនេះ ប្រុសណាតែបានឃើញហើយមិនក្នាញ់នោះ។ លោតែក្នុងផ្ទះសុទ្ធតែប្រុសៗពេញកម្លាំងបីបួននាក់ អូននីមិនចប់ទៅហើយកណ្ដាលយប់ស្ងាត់ហើយ ភ្លៀងរហែកមេឃទៀត ថាមិនបានលើកនេះស្រីស្នេហ៍ខ្ញុំមិនជួបអាសន្នធំ?
ខ្ញុំឈានដើរទៅតាមពីក្រោយអាសេង ជាន់ភក់កប់ជ្រិចៗគួរឱ្យក្ដៅក្រហាយស្ដាយស្បែកជើង ចំណែកអូននីស្រាប់តែចុចបើកកញ្ចក់ហើយកញ្ជ្រោលមករកខ្ញុំ។
«បងស្រួទៅណ៎ា?»
ខ្ញុំស៊ីញ៉ូដៃឱ្យនាងបិទកញ្ចក់វិញ ព្រោះភ្លៀងសាច ហើយចង្អុលទៅផ្ទះនោះជាសញ្ញាថា ខ្ញុំទៅមើលផ្ទះនោះ មកវិញអាឡូវហើយ។ អូននីបិទកញ្ចក់មែន តែនាងបើកទ្វារស្ទុះវឹងមកតាមខ្ញុំ។
«បងឯងឆ្កួតអត់ ទុកខ្ញុំនៅហ្នឹងម្នាក់ឯង?»
ខ្ញុំអស់តម្រិះក៏ក្រោកចង្កេះអូននី ហើយជួយទាញអាវខ្ញុំដែលនាងកំពុងដណ្ដប់ពីលើនោះ បិទបាំងរាល់ចំណុចសិចស៊ីរបស់នាង តែជួយមិនបានទេព្រោះអាវខ្ញុំខ្លី ត្រគាកសាយក្លំ និងចង្កេះសស្ងាចរបស់នាងនៅព្រហើនកណ្ដាលវាលបណ្ដាលឱ្យគ្រាប់ភ្លៀងបបោសអង្អែលតាមចិត្តគួរឱ្យព្រឺព្រួច។
ពួកយើងខំគេចពីគ្រាប់ភ្លៀង ដោយរត់ផង ដើរផងរហូតដល់របងផ្ទះដែលមើលទៅស្ងាត់ជ្រងំ។ របងនោះឈើ តែផ្ទះខាងក្នុងមានគ្រឹះជាថ្ម ឯដំបូលប្រក់ក្បឿង។ ស្ថានភាពបាក់បែកដោយអន្លើរបស់វា គឺមិនខុសអ្វីពីផ្ទះអ្នកមានណាម្នាក់ ត្រូវគេបោះបង់ចោលបន្ទាប់ពីសម័យសង្គ្រាមទេ តែចៃដន្យអីខាងក្នុងពិតជាមានពន្លឺភ្លើងលឿងទុំជះចេញមកច្បាស់ឡើងៗ។
«ម្ចាស់ផ្ទះ? អឺម្ចាស់ផ្ទះ?» (អាសេងស្រែកកាត់ភ្លៀង)
ជាទម្លាប់គឺខ្មែរយើង មិនងាយចូលរបងផ្ទះអ្នកណា ដោយមិនសុំការអនុញ្ញាតសិននោះទេ។ ប៉ុន្តែគ្រាប់ភ្លៀងហាក់មិនប្រណីដល់ការគួរសមរបស់ពួកយើងសោះ។ សក់អូននីទទឹក៨០ភាគរយ ហើយមុខនាងចាប់ផ្ដើមរងា ថ្គាមនាងហាក់ប្រុងរណ្ដំមួយសាៗទៅហើយ។
«ម្ចាស់ផ្ទះ?…មាន…មានអ្នកណានៅខាងក្នុងទេ?»
ស្ងាត់ច្រៀប គ្មានឮសំឡេងឆ្លើយតបអីបន្តិចសោះ។ ខ្ញុំចាប់ផ្ដើមញ័រទ្រូង ប៉ុន្តែភ្នែកមិនដកពីខាងក្នុងផ្ទះសោះ។
«ប្រហែលម្ចាស់គេទៅខាងក្រោយបាត់ហើយដឹង! យកល្អចូលទៅមើលតែម្ដងទៅអ្ហា៎!» (ខ្ញុំសួរអាសេង)
អត់មានអ្នកឆ្លើយតបគាំទ្រ ឬមួយជំទាស់ទេ ខ្ញុំក៏ឈានជើងចូលទៅក្នុងបរិវេណផ្ទះយឺតៗ ដោយលើកដៃម្ខាងដែលនៅសល់ពីចង្កេះអូននីមកច្បូតទឹកភ្លៀងចេញពីមុខផង។ ពីក្រោយខ្នងខ្ញុំ ឮតែសម្រិបជើងអាសេងជាន់ស្មៅផុងៗ និងថ្នក់ទឹកភ្លៀងដែលដក់ជាច្រើនអន្លង់។ ខ្ញុំដឹងថាវាកំពុងតែដើរចូលមកដែរហើយ ព្រោះទាល់គំនិត។
យើងដើរបណ្ដើរ ដៀងភ្នែកមើលមុខក្រោយឆ្វេងស្ដាំបណ្ដើរ ក្រែងឃើញម្ចាស់ផ្ទះកំពុងត្រងទឹកភ្លៀង ប៉ុន្តែពន្លឺអិនចុចពិលរបស់អាសេង មិនអាចឱ្យយើងឃើញអ្វីស្មើនឹងចិត្តចង់ទេ។ ទីបំផុតយើងត្រូវមកដល់ជញ្ជាំងផ្ទះដែលប្រមូលផ្ដុំទឹកភ្លៀងសោចមកខ្ជោកៗ។
ការរត់ចូលទៅជ្រកខាងក្នុងផ្ទះ ជាជម្រើសចំពោះមុខក្នុងពេលនេះ។
ត្រូវហើយ! ឥឡូវនេះយើងបីនាក់ បានគេចផុតទាំងស្រុងពីព្រះភិរុណ ប៉ុន្តែសភាពត្រជាក់ស្រៀវឆ្អឹងខ្នង បានធ្វើឱ្យយើងរេភ្នែកសម្លឹងបរិវេណផ្ទះ ដែលយើងកំពុងមានវត្តមាន ដោយមានអារម្មណ៍មិនសូវល្អប៉ុន្មានទេ។
«ម្ចាស់ផ្ទះ?» (អូននីស្រែកសួរតិចៗ)
ខ្ញុំងើបមុខសម្លឹងទៅរកចង្កៀងប្រេងកាតធំមួយ ដែលត្រូវបានព្យួរលើកន្លោងផ្ទះ។ កាលដែលអូននីស្រែកហៅគឺត្រូវណាស់ ព្រោះខ្ញុំក៏គិតដូចនាងដែរថា ម្ចាស់ផ្ទះពិតជានៅម្ដុំៗនេះ។ ខ្ញុំទម្លាក់ភ្នែកមកវិញ ហើយសម្លឹងទៅរកវាំងនននៅជ្រុងខាងត្បូងដែលងងឹតខ្លះ ភ្លឺខ្លះ ទាំងមានអារម្មណ៍ថាអ្នកណាម្នាក់ កំពុងសំងំនៅពីក្រោយនោះហើយតាមដានមកគ្រប់សកម្មភាពរបស់បីនាក់ខ្ញុំ។ កាលដែលគ្មានចម្លើយតបមកវិញ កាន់តែធ្វើឱ្យចិត្តខ្ញុំទៅជាអន្ទះសា។ខ្ញុំឈានទៅរកទីនោះ ដោយមិនដឹងខ្លួន តែត្រូវអាសេងទាញដៃមកវិញ។ ពេលខ្ញុំងាកមើលវា អាសេងនិយាយតិចៗក្បែរត្រចៀកខ្ញុំ៖
«កុំរុករើផ្ទះគេអាស្រួ! ឈរហ្នឹងសិនទៅ ម៉េចក៏គ្រាន់បានជ្រកភ្លៀងដែរ!»
តាមពិតបំណងរបស់ពួកយើងមិនមែនជ្រកភ្លៀងទេ គឺរកមនុស្សជួយរុញឡាន ដើម្បីបើកតទៅទៀត។ បើចង់ជ្រកយើងមិនចាំបាច់រត់កាត់ភ្លៀងឡើងមកធ្វើអី?។ ខ្ញុំរលាស់ដៃវាចេញ ហើយបន្តដើរទៅរកវាំងនននោះជាមួយសំឡេងពោលសួរ៖
«មានអ្នកណានៅទេ?»
ដៃអូននីត្រជាក់ដូចទឹកកក ទាញដៃខ្ញុំជាប់។ បើធម្មតាយើងគ្មានអ្វីត្រូវខ្លាចសោះទេ ប៉ុន្តែប្រហែលយើងនៅមានអារម្មណ៍អាក្រក់ ដោយសារល្ងាចនេះបានជួបស្ត្រីចរិតចម្លែកសំឡេងដូចខ្មោច ហើយទទេៗមកវង្វេងផ្លូវដល់យប់ងងឹតម្ល៉ឹងៗទៀត។ បើជាថ្ងៃមើលគ្នាឃើញច្បាស់វិញ គឺវាគ្មានអីអស្ចារ្យសម្រាប់ខ្ញុំឡើយ គ្រាន់តែស្រុកព្រៃប៉ុណ្ណឹងៗ។
ភាពស្ងប់ស្ងាត់តែហាក់ញ័ររវិចៗរបស់ជាយម្ខាងនៃវាំងនននោះបានធ្វើឱ្យចិត្តខ្ញុំទៅជាស្រាល ប៉ុន្តែជើងកាន់តែចង់ចូលឱ្យកៀកដើម្បីឱ្យដឹងថាមានអ្នកណានៅពីក្រោយនោះ។
អូននីទាញខ្ញុំមកវិញ ហើយគ្រវីក្បាលដាក់ខ្ញុំតតាត់។ ប៉ុន្តែនាងហួសពេលនឹងឃាត់ខ្ញុំ ព្រោះមកដល់ត្រឹមនេះ ដៃខ្ញុំដែលវែងជាងនាង គឺអាចលូកប៉ះដល់វាំងននល្មម។
ខ្ញុំលូកដៃទៅកាន់លើផ្ទាំងក្រណាត់ដែលគ្រើមដោយធូលី ប៉ុន្តែសំឡេងគំហកមួយលាន់មកបង្អាក់ខ្ញុំ៖
«ឈប់!»
ខ្ញុំក្រឡឹងគ្រាប់ភ្នែកវិលមួយជុំ ព្រោះភ្ញាក់ហើយដៃបានដកមកវិញយ៉ាងរហ័ស។ សំឡេងនោះលាន់មកពីក្រោយខ្នងខ្ញុំ…សោះកក្រោះផង…កំបុតផង។ វាពិតណាស់ គឺមិនមែនសំឡេងរបស់អាសេងទេ។ ខ្ញុំងាកក្រោយវឹង សម្លឹងទៅរាងកាយខ្ពស់ស្គមដែលឈរជ្រោងនៅមាត់ទ្វារផ្ទះ។ រាងកាយមនុស្សប្រុស តែមើលមុខមិនឃើញទេ ព្រោះគេឈរឆ្ងាយពីចង្កៀង។ ខ្ញុំស្រវាឱបអូននីជាប់ ហើយឮអាសេងនិយាយ៖
«បងម្ចាស់ផ្ទះ! ពួកខ្ញុំ សុំទោស! ខ្ញុំចូលមកស្រែកហៅបងដែរ…តែ…»
វាបញ្ឈប់កណ្ដាលទី ព្រោះជននោះស្រាប់តែដើរមួយៗសំដៅមក។ ដំណើរគេប៉ាំងពៀច ហាក់ដូចរបួសជើងស្ដាំ ប៉ុន្តែកាយវិការរហ័សណាស់។ គេមកដល់ក្បែរយើង ហើយសម្លឹងយើង ដោយផ្ទៃមុខស្មើគ្មានស្នាមញញឹម។ វ័យគេដូចជាមិនច្រើនជាងពួកយើងផងទេ ប៉ុន្តែទឹកមុខគេជ្រីវជ្រួញរបៀបអ្នកហត់នឿយ។ អាវគេវែងហើយស៊ុងឃុង តាមរបៀបអ្នកចុងកាត់មាត់ញក ដែលប្រកបរបរស្រែចម្ការក្រោមថ្ងៃ និងភ្លៀង។ គេនោះដៀងភ្នែកមើលអូននី ហើយសម្លឹងដៃនាងដែលឱបលើទ្រូងខ្ញុំមិនដកភ្នែកចេញសោះ។
«បងជាម្ចាស់ផ្ទះនេះមែនអត់?» (ខ្ញុំសួរគេកាត់ផ្ដាច់ខ្សែភ្នែកដែលផ្ដោតលើអូននី)
បុរសចម្លែករេភ្នែក មកមើលមុខខ្ញុំ ដោយក្រសែភ្នែកមុតគ្មានមនោសញ្ចេតនា។ ”ដឹងអ៊ីចឹងអញសុខចិត្តអង្គុយក្នុងឡានល្អជាងអ្ហា៎” ខ្ញុំគិតស្ងាត់ៗក្នុងចិត្ត ព្រោះពន្លឺភ្នែកជននោះ អត់ខុសអីពីភាពកាចសាហាវរបស់ឈ្លបប៉ុលពតដែលខ្ញុំធ្លាប់ឃើញក្នុងភាពយន្តវាលពិឃាដរបស់ហូលីវូតនោះទេ។ បុរសនោះមិនត្រឹមតែមិនឆ្លើយ តែចាប់ផ្ដើមសម្លឹងពួកខ្ញុំពីរនាក់ ពីលើដល់ក្រោម ពីក្រោមឡើងលើ។ តែភ្លាមនោះ អាសេងខំបន្លប់បរិយាកាស៖
«បង! ឡានពួកខ្ញុំផុងហើយ! ខ្ញុំចង់រកមនុស្សឱ្យជួយ! ចាំខ្ញុំជូនសគុណបានអត់បង!»
ខ្ញុំធុញទ្រាន់ដោយសារមនុស្សអស់នេះចម្លែកៗ មិននិយាយមិនស្ដី ហើយប្រើភ្នែកកាចសាហាវអាម៉េចមិនដឹងទេ។ ខ្ញុំរកតែលាន់មាត់ហៅអាសេងឱ្យចេញពីកន្លែងនេះតែម្ដងទៅ ស្រាប់តែសំឡេងជននោះលាន់មកស្មើធេង៖
«ឯណាឡាន?»
អាសេងដូចអរភើត។ វាស្ទុះស្ទាចង្អុលទៅក្រៅ ហើយទីបំផុតវានាំជននោះចេញទៅមែន។ រូបរាងគេមិនទំនងថាអាចជួយយើង ក្នុងការរុញឡានបានសម្រេច ឬយ៉ាងណាទេ ប៉ុន្តែមានតែសាកមើលប៉ុណ្ណោះ។ ខ្ញុំទាញនាំអូននីចេញពីផ្ទះនោះ ដោយមានអារម្មណ៍ថា មានអ្នកណាផ្សេងទៀត កំពុងសំងំក្នុងផ្ទះនេះដែរ ប៉ុន្តែគេមិនចង់ចេញមកឱ្យយើងឃើញប៉ុណ្ណោះ។ ទោះយ៉ាងណាខ្ញុំមិនខ្ចីខ្វល់ទេ ប៉ុន្មានដង្ហើមទៀតប៉ុណ្ណោះ ខ្ញុំបានចេញពីកន្លែងយ៉ាប់នេះហើយ គឺចេញគ្មានខ្ចីបកក្រោយឡើយ។
អ្វីដែលគួរហួសចិត្តនោះ គឺចេញមកដល់ក្រៅដើរបានប្រមាណ៤ម៉ែត្រទៀតដល់ឡាន ខ្ញុំឃើញអាសេងឈប់ង៉ក់សម្លឹងទៅឡានចំហមាត់ធ្លុង។ ខ្ញុំបើកភ្នែកធំៗសម្លឹងទៅទីនោះដែរ ហើយចាប់ផ្ដើមព្រឺក្បាលបែកអំពិលអំពែក។ នុ៎ះហ្ន៎ តាមរយៈពិលខ្សោយស្រាលរបស់វា ឡានខ្ញុំស្រុញចុះស្ទើរដល់ដី ព្រោះកង់ទាំងបួនធូរខ្សាក ដូចមានគេចាក់ឱ្យធ្លាយ។
ស្អីគេនេះ? ឆ្កួតឬក៏ជា? នៅសុខៗកង់ធ្លាយអស់ទាំងមុខទាំងក្រោយ? អាសេងដែលមិនអស់ចិត្តនឹងរឿងអកុសលនេះ ស្ទុះរត់វឹងទៅក្បែរឡានហើយឱនមើលកង់ទាំងបួនដោយរន្ធត់។
ចំណែកខ្ញុំដើរទៅមួយៗសំដៅឡានកម្សត់របស់ខ្ញុំ ដែលនៅមិននៅមកទុរន់ទុរាហួសនឹងស្មាន។ ខ្ញុំស្រែកផងដើរផងទាំងកំហឹងពេញក្នុងទ្រូង៖
«អាឆ្កួតណាចាក់កង់ឡានអញ?»
តាមពិតខ្ញុំសំដៅអាមនុស្សចម្លែក ដែលកំពុងឈរពីរានហាលផ្ទះ សម្លឹងមកពួកយើង។ វាយងាប់ក៏ជាវាដែរ ដែលធ្វើរឿងថោកទាបនេះ។ កង់ឡានខ្ញុំមួយគ្រាប់ជិតពីររយដុល្លារ មានរឿងអីធូរស្ពែតអស់តែត្រឹមប៉ុន្មាននាទីអ៊ីចឹងកើត?អាសេងងើបមុខមើលមុខខ្ញុំ ដោយទឹកមុខបារម្ភ និងអស់សង្ឃឹម។
«គិតម៉េចទៅ?» (អូននីចាប់ផ្ដើមរអាក់រអួល)
ពេលកំហឹងផ្ទុះពេញទ្រូង ខ្ញុំមិនដឹងថាត្រូវនិយាយថាម៉េចផង ស្រាប់តែឃើញអាសេងបើកភ្នែកធំៗ ហើយស្ទុះទាញខ្ញុំនិងអូននីទៅខាងវា។ ខ្ញុំងាកក្រោយភ្លែត ឃើញអាមនុស្សចម្លែក ស្ទុះពីផ្ទះដើរប៉ាំងពៀចសំដៅមក។ ទោះបីជើងគេនោះហាក់មានបញ្ហា ប៉ុន្តែគេដើរលឿននោះលឿន ធ្វើឱ្យខ្ញុំចំហមាត់ធ្លុង។ កាលដែលអាសេងវាទាញពួកខ្ញុំឱ្យគេចមកក្បែរវា គឺបង្ហាញស្រេចហើយថា ចិត្តវាក៏ដូចខ្ញុំ ដែលគិតថាអាម្នាក់នោះជាអ្នកចាក់កង់ឡានពួកយើង។ ខ្ញុំសម្លឹងទៅជននោះ ដែលដើរកាត់ភ្លៀងមិនខ្ចីបាំង មិនខ្ចីរវល់នឹងភាពទទឹក។
«ឡានខូចហើយ! ចូលផ្ទះវិញមក!»
“ម៉េចឯងដឹងថាឡានអញខូចអាចង្រៃ?” ខ្ញុំគិតទាំងសង្កៀតក្នុងចិត្ត តែភ្នែកមើលទៅវានោះមិនដាក់ទេ។ សាជាថ្មី វាសម្លឹងមករកអូននីទៀត ធ្វើឱ្យនាងតោងខ្ញុំជាប់លែងរបេះ។
«បងស្រួ! ចូលជ្រកក្នុងឡានយើងវិញ!» (នាងនិយាយញ័រៗ)
ខ្ញុំក៏គិតអ៊ីចឹងដែរ។ វាចង្រៃណាស់ដែលបត់មកផ្ទះនេះធ្វើឱ្យជាប់ឡាន ហើយចុងក្រោយក៏បែកកង់អស់ម្ដងបួន។
ខ្ញុំបើកសោ ហើយរុញអូននីកៅអីខាងក្រោយ។ មុនពេលចូលទៅជិតនាង ខ្ញុំស្រែកទៅអាសេង៖
«អាណាទៅណាទៅៗ! អញដេកក្នុងឡាននេះដល់ព្រឹកចាំគិត!»
ខ្ញុំបិទទ្វារគ្រឹប ហើយឱបអូននីជាប់ក្នុងទ្រូង។ អាសេងស្ទុះចូលទៅអង្គុយកន្លែងបើក ហើយទាញទ្វាបិទគ្រឹបមុនពេលអាមនុស្សចម្លែកមកដល់។ ភាពកក់ក្ដៅវិលមកវិញ ប៉ុន្តែភាពភ័យខ្លាចនៅមាននៅឡើយ។ ខ្ញុំបើកភ្នែកក្រឡោតតាមសម្លឹងសកម្មភាពមនុស្សចម្លែកនោះ ពេលវាដើរមកដល់ឡាន។ វាក្រឡឹងជុំវិញពួកយើងចុះឡើងៗ ធ្វើឱ្យយើងបីនាក់ចំហមាត់ធ្លុង។
«វាចាក់កង់ឡានយើងធ្វើអី?» (ខ្ញុំនិយាយតិចៗ)
អាសេងឱនចុចទូរស័ព្ទមិនខ្ចីឆ្លើយជាមួយខ្ញុំ៖
«មានសេវាម៉ាកាំដែរទេតើវ៉ី!»
ខ្ញុំអរភើត លូករាវរកទូរស័ព្ទខ្ញុំ នៅជិតចង្កឹះលេខមកចុចភ្លាម តែត្រូវស្រងាកចិត្តវិញ ព្រោះ iPhoneខ្ញុំត្រូវខ្មាសNចុចពិលវា។
«ផស់អញអត់មានសេវាអាលីង!»
អាសេងនិយាយតបដោយមួហ្មង៖
«អស់ថ្មហើយ! ចង្រៃវាយក៍!»
ខ្ញុំមិនសូវរវល់ជាមួយសម្ដីអាសេង ដោយសាររវល់តែតាមដានសកម្មភាពអាមនុស្សចម្លែកនៅខាងក្រៅ។ ទីបំផុតវានោះក្រឡឹងពួកយើងអស់ចិត្តគិតថាធ្វើអីយើងមិនបាន ហើយមើលទៅ បានជាវាបកដើរទៅផ្ទះបាក់បែកនោះវិញ។
វាទៅបាត់ហើយបានអាសេងវានិយាយទាំងខាំមាត់៖
«អាឆ្កួតអើយ! អញធ្វើអីវា បានវាមកធ្វើអ៊ីចឹង?»
ខ្ញុំដកដង្ហើមហឹះដោយក្ដៅចិត្ត៖
«អាណាហៅអញបត់ឡានមកកន្លែងនេះ?»
អាសេងអត់ឆ្លើយតែវាលើកដៃវាយចង្កូតឡានខ្ញុំភឹងធ្វើឱ្យខ្ញុំស្រែកគំហក៖
«ខ្ទេចខ្ទីអស់ហើយឡានអញ!»
ពួកយើងម្នាក់ៗនៅស្ងៀមលែងមាត់។ ដោយសារចាប់ផ្ដើមខ្វះអុកស៊ីសែន ខ្ញុំហុចសោឱ្យអាសេងដើម្បីចុចបើកកញ្ចក់តិចៗ។ ពេលហ្វារឡានជះទៅ ខ្ញុំសម្លឹងទៅផ្ទះនោះពីចម្ងាយសាជាថ្មី មិនឃើញមានស្រមោលមនុស្សប្រុសចម្លែកនោះទៀតទេ។ ខ្ញុំឱនសម្លឹងអូននីដែលត្របោមខ្លួនក្បែរទ្រូងខ្ញុំ។
«ចាំស្អែកហៅប៉ូលិសមកមកប្រដៅអាឆ្កួតហ្នឹងម្ដង!» (ខ្ញុំនិយាយទាំងស្ដាយកង់ឡានដែលទើបដូរ មិនទាន់បានមួយអាទិត្យត្រឹមត្រូវ)
ភ្លៀងចាប់ផ្ដើមបង្អង់ហើយ ទីបំផុតក៏ដាច់គ្រាប់សល់តែសូរចង្រិតយំច្រេចៗ ពីគុម្ពស្មៅសើម។ ឈឺនោមក៏ខ្ញុំអត់រវល់ដែរ រហូតដល់ម្នាក់ៗចាប់ផ្ដើមលង់លក់ស្ងាត់បាត់ឈឹង ទោះបីមុននេះសច្ចាថាមិនដេកក៏ដោយ។
មិនដឹងពេលយូរប៉ុណ្ណាផង ខ្ញុំភ្ញាក់មកវិញទាំងសើងម៉ើង។ គឺស្នូរគោះកញ្ចក់ផ្ទួនៗធ្វើឱ្យខ្ញុំភ្ញាក់ឡើងដោយមានអូននីនិងអាសេងដឹងខ្លួនមកតាមក្រោយ។ ប៉ុន្តែស្នូរគោះកញ្ចក់គឺនៅខាងអូននី។ នាងស្រែកឡើង ព្រោះពេលនោះមនុស្សចម្លែកបង្ហាញមុខក្បែរកញ្ចក់នោះ ជាមួយភ្នែកមួយគូដែលសម្លឹងនាងក្នុងន័យពេញចិត្ត។ អូននីគេចមកទ្រោបក្នុងទ្រូងខ្ញុំ ចំណែកខ្ញុំសម្លឹងទៅម្រាមដៃគម្រាំងរបស់ជនចម្លែក ដែលប្រឹងលូកមកសង្កត់កញ្ចក់ឡានខ្ញុំចុះតាមប្រលោះដែលអាសេងបង្ហើបតិចៗ ឱ្យខ្យល់ចេញចូល។ ខ្ញុំបើកភ្នែកគ្រលួងដោយតក់ស្លុត ដៃប្រុងលូករុញបិទកញ្ចក់បង្ហើយ ប៉ុន្តែជននោះស្រាប់តែលើកកូនកញ្ច្រែងមួយបង្ហាញយើង។ មេឃរាំងយូរណាស់ហើយ។ ក្រោមពន្លឺខៀវស្រងាត់របស់រាត្រីកាលក្រោមពន្លឺខែ ខ្ញុំឃើញជននោះកាន់កញ្ច្រែងដែលមានដំឡូងស្ងោរពីរបីដុំ ហើយញញឹមមកកាន់ពួកយើង។ ខ្ញុំមើលមុខអាសេង។ ខ្ញុំមិនមែនចង់សួរវាពីររឿងដំឡូងទេ ព្រោះក្នុងឡានយើងមានរបស់ហូបខ្លះដែរ សំខាន់គឺយើងគ្មានចិត្តហូប។ ចំណែកពេលនេះ ខ្ញុំបែរជាចង់សួរអាសម្លាញ់អាប់របស់ខ្ញុំ ថាតើយើងស្មានខុសចំពោះមនុស្សចម្លែកនោះទេដឹង? គ្នាខំទៅរកដំឡូងមកស្ងោរអោយយើងផង តើគេចាក់ទម្លាយកង់ឡានយើងធ្វើអី? ឬមួយកង់នេះមុតបន្លាព្រៃតាំងពីពេលណាមកក៏មិនដឹង? តែមិនទំនងទេ ឡានស៊េរីនេះមិនខ្លាចទេ សព្វបើព្រៃត្រូពិក។
ខ្ញុំងាកមកឃើញជននោះខំគួរសមមកយើង ទោះបីទឹកមុខគាត់មិនសូវទំនង តែខ្ញុំមិនដាច់ចិត្តរាដៃថាមិនយកទេ។ ខ្ញុំបើកកញ្ចក់ហើយសួរគាត់តិចៗ៖
«បងឯងស្គាល់ជាងឡានឯណាអត់? នៅជិតៗនេះមានទេ!»
មនុស្សចម្លែកស្រាប់តែឆ្លើយវិញផូង៖
«វានៅត្បូងនេះ៥០០ម៉ែត្រទេ! តែវាដេកលក់ហើយ! អ្នកណាម៉ោម្ដុំនេះ ភាគច្រើនត្រូវវាដាក់មេដែកគោលឱ្យធ្លាយអ៊ីចឹងគ្រប់តែគ្នាហ្នឹង! អានេះវាចង់បានលុយ! ស្អែកចាំទៅហៅវាមកប៉ះទៅ!»
“តិចគេនិយាយពីខ្ទមមីងអី ដែលសំឡេងដូចខ្មោចនោះទេ? ”ខ្ញុំគិតផង សម្លឹងមុខអាសេងផង។ អាសេងវានិយាយវិញ៖
«បងឯងទុកហូបទៅ! ពួកខ្ញុំអត់ឃ្លានទេ! ហើយណេះទឹកក្រូចយកទៅ!»
ជនចម្លែកទទួលយកទឹកក្រូចកូកាពីរកំប៉ុងពីដៃអាសេង ធ្វើឱ្យអារម្មណ៍ពួកយើងធូរស្រាលវិញទាំងអស់គ្នា។ បើឡានយើងពិតជាខូចដោយសារស្នាដៃអាជាងប៉ះកង់ហេងស៊យណាម្នាក់មែន វាគ្រាន់បើជាងការគិតរបស់យើងមុននេះដែរ។ ក្នុងពេលដែលខ្ញុំកំពុងតែលួចគិតពីករណីនេះ ស្រាប់តែជននោះនិយាយបន្ថែម៖
«ម៉េចមិន ចូលផ្ទះសម្រាន្តវិញ?»
ខ្ញុំនៅទីទើរ រកពាក្យគួរសមបដិសេធ ស្រាប់តែអូននីងើបមុខនិយាយខ្សឹបៗ៖
«បងស្រួ! ឈឺបត់ជើងដល់ហើយ!»
ខ្ញុំរេភ្នែកមើលអាសេង ព្រោះមិនដឹងសម្រេចចិត្តថាម៉េចត្រូវ ស្រាប់តែឮជនខាងក្រៅឡាននិយាយមកតិចៗ៖
«នៅនេះ ឱ្យតែជិតភ្លឺមានខ្លាចេញតែញឹក! ត្រឹមឡានប៉ុណ្ណឹងទប់វាមិនជាប់ទេ! កញ្ចក់ប៉ុណ្ណឹងៗ វាទះបែកខ្ទេចហ្នឹង!»
ទីបំផុតយើងនៅតែស្ដាប់ភាសាមនុស្សបាន ហើយជឿលើមនុស្សជាងជឿលើខ្លា ដូច្នោះហើយបុរសក្មេងនោះបានសម្រេចជោគជ័យក្នុងការនាំពួកយើងត្រឡប់ទៅផ្ទះរបស់គាត់វិញ។ ម៉ោង១២យប់ហើយ។ ខ្ញុំបន់ឱ្យតែភ្លឺឆាប់ទេ នឹងអាលដោះស្រាយបញ្ហា។
ឈានចូលមកដល់ក្នុងផ្ទះសំឡេងជននោះបន្លឺមកភ្លាម៖
«ចូលផ្ទះដោះស្បែកជើងផង»
ពួកយើងហាក់មានអារម្មណ៍ខ្មាសដែរ ដែលខ្វះការគួរសមរហូតដល់ម្ចាស់ផ្ទះគេរំលឹក ទើបប្រញាប់ដោះទ្រនាប់ជើង។ ឃើញពួកខ្ញុំធ្វើតាមគេប្រាប់ហើយ ជននោះងាកទៅទាញទ្វារបិទវិញ ហើយស៊កគន្លឹះច្រេះចាប់តូចមួយ។
«ទ្វារប៉ុណ្ណឹងការពារខ្លាបានដែរ?» (អាសេងសួរឡើងក្នុងពេលខ្ញុំក៏កំពុងឆ្ងល់ដូចគ្នា)
ជនចម្លែកនោះដើរទៅលើកចង្កៀងប្រេងមកបណ្ដើរ មាត់ឆ្លើយនឹងសំណួរអាសេងបណ្ដើរ៖
«ពួកវាមិនហ៊ានបៀតផ្ទះនេះទេ!»
ជននោះនិយាយម៉ឺងម៉ាត់ណាស់ តែខ្ញុំនៅតែទ្រាំមិនសួរមិនបាន៖
«ហេតុអ្វីទៅ?»
«មួយជុំផ្ទះនេះដាំប្រទាលការពារសត្វទាំងអស់! សត្វអស់ហ្នឹងមិនឈ្នះអាគមម៉ែខ្ញុំទេ!»
«អាគម?»
ខ្ញុំសួរផ្ទាន់តែអត់មានចម្លើយតបទេ។ ជននោះអាល័យតែរវល់ក្រាលកន្ទេលលើគ្រែខាងលិចមួយ ដែលដោយសារភាពងងឹត និងពន្លឺចង្កៀងជះមិនដល់ពីមុននេះយើងមើលវាអត់ឃើញសោះ។ សំឡេងអាសេងលាន់មកតិចៗ៖
«អ្នកនៅក្នុងព្រៃ គេជឿរឿងអាគមហ្នឹងណាស់ហ្ន៎ អ៊ីចឹងបានគេនៅហ្នឹងបាន!»
ម្ចាស់ផ្ទះចេញពីទីណាមកវិញជាមួយភួយមួយហើយហុចវាឱ្យអាសេង។
«បងឯងសម្រាន្តខាងនេះទៅ! ប្ដីប្រពន្ធនេះសម្រាន្តខាងក្រោយ!»
បុរសក្មេងនោះនិយាយហាក់សំដៅ ថាខ្ញុំ និងអូននីជាប្ដីប្រពន្ធ វាមិនចម្លែកអីទេ ព្រោះយើងស្និទ្ធគ្នាជាងប្ដីប្រពន្ធស្រុកស្រែល្មមៗទៅទៀត តាមរបៀបសង្សារឡើងគ្រែញឹកញាប់ឡើងស៊ាំទៅហើយ។
គេនាំខ្ញុំ និងអូននីទៅបន្ទប់មួយផ្សេងនៅខាងក្រោយជញ្ជាំងនោះ។
ខ្ញុំបោលសួរភ្លាមមិនបង្អង់៖
«បងឯងនៅទីនេះតែឯងទេបង?»
ជនចម្លែកនិយាយផង ទាញតម្រង់កន្ទេលលើគ្រែតូចមួយផង៖
«នេះបន្ទប់ម៉ែខ្ញុំ! គាត់មានរវល់ទៅភូមិបាត់ហើយ! ស្អែកបានត្រឡប់មកវិញ!»
គេចេញទៅបាត់ ដោយទុកកូនចង្កៀងតូចផ្លុងមួយៗឱ្យពួកយើង។ ទោះក្នុងកាលៈទេសៈនេះហើយ ខ្ញុំនៅតែនឹកឃើញថា តើយប់នេះបានឆីអូននីដែរអត់ហ្ន៎ បើគេទុកយើងថាជាប្ដីប្រពន្ធទៅហើយ។ មិនដឹងនាងមានអារម្មណ៍ដូចខ្ញុំដែរអត់ទេ ព្រោះពេលនេះឃើញអូននី កំពុងដោះអាវខ្ញុំដែលគ្របពីលើនោះចេញ បង្ហាញអាវស្ដើងពណ៌លឿងរបស់នាងដែលស្ងួតទឹកភ្លៀងធេង ប៉ុន្តែនៅតែរឹបបង្អួតដើមទ្រូងសក្បុសរបស់នាង ធ្វើខ្ញុំភ្លេចនឹកនាដល់ស្ថានការណ៍អាក្រក់ៗមុន នេះអស់ភ្លាមមួយរំពេច។
ខ្ញុំចាប់ផ្ដើមស្ទាបស្ទង់រកកន្លែងគួរសម គឺរាវស្ទាបកន្ទេលនោះ ឃើញថាមិនជាអីទេអាចបណ្ដោះអាសន្នបាន ប៉ុន្តែទាស់ត្រង់ថាបន្ទប់នេះធំក្លិនឆ្អាបឃ្មឹះៗបន្តិច។ ខ្ញុំឡើងអង្គុយផ្អែកខ្នងមុនហើយយកដៃរាវរកទាញចង្កេះអូននីធ្វើឱ្យនាងភ្ញាក់ក្រញាង ស្រែកយ៉ៃ។ ពុទ្ធោអើយ អាម្នាក់ម្ចាស់ផ្ទះនោះឮសម្រែកអូននី វាដើរមកលឿនជាងអេមិចទៅទៀត។
«កើតអីអត់?»
អូននីគ្រវីក្បាល ហើយថយមកអង្គុយជិតខ្ញុំ៖
«អត់…អត់…អត់អីទេពូ!
ខ្ញុំមិនទាន់និយាយថាម៉េចផង ស្រាប់តែម្ចាស់ផ្ទះហុចកញ្ចប់មួយតូចប៉ុនបាតដៃមកឱ្យនាង។
«ទុកទៅ! គ្រាន់ការពារខ្លួន!»
អូននីបើកភ្នែកធំៗសម្លឹង តែនាងអត់ទាន់លូកដៃទៅយកទេ។ គ្រាន់តែនាងនិយាយសួរតិចៗ៖
«អីគេហ្នឹងពូ?»
ម្ចាស់ផ្ទះនិយាយរកអូននីដោយភ្នែកស្រទន់៖
«ប្រទាលការពារអំពើ! ការពារផ្លូវងងឹត!»
ទឹកមុខបុរសនោះដូចមែនទែនណាស់ រហូតដល់អូននីមិនដាច់ចិត្តថាមិនយកទេ នាងលូកដៃញ័រៗទៅទទួលរួច ទើបបុរសនោះដើរចេញទៅវិញបាត់ភ្លាម ដោយនាងរកនិយាយអរគុណក៏មិនទាន់។ នោះជាកញ្ចប់ក្រណាត់ទេសឯកពណ៌ត្នោតមួយដេរផ្ចិតប៉ុនពីរថ្នាំងដៃ។ នាងលើកមកបង្ហាញខ្ញុំជាមួយទឹកមុខថា យល់យ៉ាងណា។ ខ្ញុំឯណេះកំពុងរសាប់រសល់ទ្រូង រឿងសម្រស់អូននី ក៏ឆ្លើយវិញខ្លីៗ៖
«គេឱ្យទុកទៅ! ដេកម៉ោយកកម្លាំងសិន! ស្អែកចាំគិតទៀត! បន្ទប់នេះគួរសមជាងដេកឱ្យខ្លាទះដែរ!»
មនុស្សស្រីមិនងាយមានតណ្ហា មិនរើសពេលវេលាដូចប្រុស តែអ៊ីចឹងហើយបានជាអូននីដូចជាមិនយល់ចិត្តខ្ញុំសោះ។ នាងស្ទាបកន្ទេល និងភួយដូចខ្ពើមៗ ធ្វើឱ្យខ្ញុំខ្ជិលចាំយូរក៏ឱបចង្កេះទាញនាងផ្ដួលមកលើគ្រែតែម្ដងទៅ។
ពេលខ្ញុំចាប់ផ្ដើមបន្លប់បរិយាកាសដោយឱនថើប ទ្រូងអូននីបើកឆាក អូននីស្រាប់តែយកដៃមកពាំងហើយចោលភ្នែកសម្លឹងទៅទ្វារបន្ទប់។ ខ្ញុំដឹងថានាងនៅមានអារម្មណ៍មិនល្អ ចំពោះបុរសម្ចាស់ផ្ទះ ក៏និយាយខ្សឹបៗដាក់ត្រចៀកនាង៖
«គេទៅដេកហើយ!»
នាងហាក់បន្ទន់កាយធូរទ្រូង។ ខ្ញុំចាប់ទាញដៃនាងចេញពីចំណុចពិសេស ហើយថ្ពក់ម្រាមជាមួយនាងដើម្បីបានឱកាស ប៉ុន្តែកញ្ចប់ក្រណាត់នោះស្ថិតក្នុងដៃនាងនៅឡើយ ម្ល៉ោះហើយកុំឱ្យរំខានស្ថានការណ៍ ខ្ញុំក៏ទាញវាពីដៃនាងមកស៊កទុកក្នុងហោប៉ៅខោវិញ ហើយចាប់ផ្ដើមសសុលទៅរកកូនភ្នំព្រហើនទាំងពីរជាបន្ទាន់។ ដឹងអីអូននីស្រាប់តែច្រានខ្ញុំចេញមួយទំហឹងបង្ហាញថានាងមិនពេញចិត្តទង្វើដ៏ល្មោភរបស់ខ្ញុំក្នុងស្ថានភាពនេះទេ។
កម្លាំងដៃនាង និងទឹកមុខអូននីបញ្ជាក់ស្រេចហើយថា ខ្ញុំ១០០% គឺអត់ក្នុងយប់នេះ។ ខ្ញុំផ្ងារទៅម្ខាងលែងហ៊ានបង្ខំនាង ហើយនៅសំងំស្ងៀមរហូតដល់ទន់ភ្នែកមមីរកលក់។
សំឡេងអូននីលាន់តិចៗក្បែរត្រចៀកខ្ញុំ៖
«បងស្រួ! បងស្រួៗៗ»
ខ្ញុំបើកភ្នែកតិចៗ នឹកថាក្រែងរាត្រីត្រជាក់ស្រីទន់ចិត្តអាណិតបេះដូងបង ដឹងអីនាងកំពុងធ្វើភ្នែកគ្រលួងៗដោយក្ដីងឿងឆ្ងល់ ហើយដៃអង្រួនដាស់ខ្លួនខ្ញុំ។
«បងឯងមើលនោះ!»
ខ្ញុំបើកភ្នែកមិងមាំងមើលទៅតាមពន្លឺទូរស័ព្ទ ដែលនាងចុចបង្ហាញខ្ញុំ។ នោះគឺជញ្ជាំងបន្ទប់នៅលើក្បាលដំណេកដែលចាំបាច់ត្រូវងើយត្រឡប់ទើបមើលកើត។ ខ្ញុំមើលអត់ឃើញច្បាស់ទេ តែដោយនេះជាកន្លែងដែលយើងមិនដែលស្គាល់ ហើយឃើញនាងដូចជាមានអារម្មណ៍ច្របូកច្របល់ពេក ខ្ញុំក៏ក្រោកទៅមើលតាមនាង។
ចម្លែកមែននៅលើជញ្ជាំង គឺមានរូបគំនូសខ្លីបីជួរ ដូចមនុស្សរពឹសដៃគូសលេង ប៉ុន្តែគំនូសនីមួយៗស្មើគ្នាត្រឹម។ដែលរឹតតែពិសេសនោះគឺមានគំនូសបីនៅក្រោយគេ មិនទាន់មានសញ្ញាខ្វែង ចំណែកគំនូសមុនៗខ្វែងជាសញ្ញាលេខបូកអស់រលីង។
ខ្ញុំសម្លឹងស្ងាត់ស្ងៀម តាមពិតក៏កំពុងនឹកចម្លែកចិត្ត ប៉ុន្តែអូននីនិយាយមកតិចៗហាក់ញ័រៗ៖
«អាបីឆ្នូតចុងក្រោយហ្នឹង! បងឯង… ខ្ញុំ…និងបងសេងមិនមែន?»
ខ្ញុំធ្លាក់ថ្លើមក្ដុក ព្រោះម៉េចក៏សុខៗអូននីទៅមើលគំនូសនោះចេញថាជាចំនួនមនុស្សទៅវិញ? ស្រីៗពិតជារវើរវាយបានឆ្ងាយមែន។ តែទោះយ៉ាងណា សម្ដីនាងបែរជាធ្វើឱ្យខ្ញុំនឹកឃើញដល់រឿងកុនផ្ដេសផ្ដាស ដែលទាក់ទងនឹងផ្លូវងងឹត។ សំខាន់គឺពេលនេះកណ្ដាលយប់ជ្រៅហើយ នៅឆ្ងាយពីអ្នកផងទៀត។ ខ្ញុំបន្លប់ខ្លួនឯងដោយលើកដៃទៅញីសក់ក្បាលនាង ហើយធ្វើជាបញ្ចេញទឹកមុខគគ្រឺតទៅរកនាង៖
«មើលកុនហូលីវូដច្រើនពេកទេអ្ហី? គេរពឹសដៃគូសលេងសោះហ្នឹងណា៎!»
អូននីមិនមានស្រាយភាពភ័យបារម្ភពីផ្ទៃមុខអីបន្តិចសោះទេ។ នាងថែមទាំងលើកដៃទៅរាប់គំនូសនោះពីមួយរហូតដល់ចប់ត្រឹមគំនូសចុងក្រោយគឺ៤៩។ នាងរអ៊ូតិចៗដោយភ្នែកនៅតែបង្អួតរោមភ្នែកខ្ទើតសម្លឹងផ្ដោតទៅជញ្ជាំង។ ខ្ញុំលូកដៃទៅអង្អែលចង្កេះនាងថ្នម ហើយនិយាយលួង៖
«តោះគេង! ស្អែកភ្លឺចាំគិតទៀត!»
នាងថយមកអង្គុយវិញ ប៉ុន្តែនៅតែរេភ្លើងទូរស័ព្ទបំភ្លឺជុំវិញខ្លួនដោយមិនសប្បាយចិត្តសោះ។ ខ្ញុំឱបចង្កេះនាងជាប់បង្កើនភាពកក់ក្ដៅឱ្យនាង ប៉ុន្តែសន្សឹមៗខ្ញុំដេកលក់សាជាថ្មី។ នៅក្រោមធាតុអាកាសត្រជាក់ ខ្ញុំដេកលក់
យ៉ាងស៊ុប ប៉ុន្តែចាប់ផ្ដើមសុបិនប្លែកៗ ដែលមិនយល់ថាអ្វីជាអ្វី រួមមានទីកន្លែងគួរឱ្យព្រឺខ្លាច មនុស្សចម្លែកៗ ទឹកមុខឈឺចាប់មិននិយាយស្ដី ហើយចុងក្រោយខ្ញុំសុបិនឃើញអាសេងអូសដៃអូននីចេញពីគ្រែនេះទៅ។ អូននីស្រែកយំយ៉ាងខ្លាំង តែវាមិនព្រមលែងដៃសោះ វាគិតពីអូសបន្តទៅមុខ ធ្វើឱ្យខ្ញុំស្ទុះទៅប្រតាយប្រតប់ទាញផ្ដាច់អូននីពីវាមកវិញ ស្រាប់តែវាងាកមុខមកគ្រហឹមដាក់ខ្ញុំ ប៉ុន្តែវាមិនមែនអាសេងមិត្តខ្ញុំទៀតទេ គឺមុខវាក្លាយជាអសុរកាយគួរឱ្យតក់ស្លុត។ ខ្ញុំស្រែកវ៉ាសហើយភ្ញាក់ដឹងខ្លួនទាំងបែកញើសរហាម។
ខ្ញុំប្រឹងទប់ស្កាត់ចរាចរណ៍ដ៏មហស្ចារ្យនៃបេះដូង ហើយរេភ្នែកសម្លឹងថាខ្លួនឯងកំពុងនៅកន្លែងណា បីវិនាទីក្រោយទើបខ្ញុំចងចាំវិញបានថា ខ្លួនកំពុងសំណាក់ជាមួយអូននី នៅឯផ្ទះធំចាស់កណ្ដាលផ្លូវ ទៅផ្ទះលោកយាយលោកតា។ ខ្ញុំងាកភ្លាមរកមើលស្រីសិចស៊ីរបស់ខ្ញុំ តែមិនឃើញនាងទេ ឃើញតែស្រមោលទ្វារបន្ទប់ដែលធ្វើពីឈើនៅរអិលតិចៗ ហាក់បីដូចជាមានអ្នកណាទើបតែចាកចេញពីបន្ទប់នេះទៅ។
«អូននីទៅបត់ជើងដឹង? ម៉េចក៏មិនហៅហ្ន៎!»
ខ្ញុំក្រោកក្រេសចេញពីគ្រែទាំងក្បាលនៅសើងម៉ើង។ មកដល់ខាងក្រៅ ខ្ញុំអត់ឃើញមានស្រមោលអ្នកណាម្នាក់សោះ បើនាងទើបនឹងចេញទៅក្រៅសោះ ម៉េចក៏ដើរលឿនម្ល៉េះ?។
ខ្ញុំដៀងទៅរកគ្រែរបស់អាសេង… ពេលនេះរឹតតែចម្លែក ចិត្តព្រោះគ្មានអ្នកណាម្នាក់នៅទីនោះទេ មានន័យថាអាសេងក៏ចេញក្រៅ?។ ខ្ញុំនឹកមិនស្រួលក្នុងចិត្ត ហើយគិតដល់រឿងយល់សប្ដិដែលទើបតែធាក់ខ្ញុំឱ្យភ្ញាក់អម្បាញ់មិញ។ ម៉េចក៏ជួនគ្នាម្ល៉េះ?
ខ្ញុំដើរទឹបៗសំដៅទ្វារផ្ទះ ហើយឃើញថាទ្វារនោះគ្មានដាក់គន្លឹះច្រេះចាប់នោះទៀតទេ មានន័យថាអ្នកចេញទៅក្រៅនៅមិនទាន់ត្រឡប់មកវិញ ហើយក្នុងផ្ទះគ្មានអ្នកណាម្នាក់នៅបិទទ្វារការពារខ្លាដែរ។
ខ្ញុំកាន់តែអន្ទះសា ហើយទាញទ្វារនោះចាកចេញ។ កណ្ដាលយប់ស្ងាត់ឈឹង តើស្រីម្នាក់ប្រុសម្នាក់ចេញទៅក្រៅធ្វើអីតំណាលគ្នាម្ល៉េះ?។ ខ្ញុំនឹកដល់កាយវិការអូននីដែលប្រកែកជាមួយបំណងខ្ញុំមុននេះ ឬមួយនាង និងអាសេងមានអីលាក់កំបាំងខ្ញុំ? អាចថាតាមផ្លូវមកពួកគេលួចចេញភ្លើងស៊ីញ៉ូត្រូវដង ត្រូវផ្លែគ្នាទៅហើយ ហើយឥឡូវឆ្លៀតពេលខ្ញុំល្មោភដេក នាំគ្នារកកន្លែងដោះស្រាយស្នេហា? រឹតតែគិត រឹតតែសង្ស័យ ចិត្តរឹតតែច្របូកច្របល់ទៅជាហ្មងសៅ។ ប្រហែលដោយសារខ្ញុំអានរឿងប្រលោមលោកសិចច្រើន ខ្ញុំចេះតែយល់ថាពីរនាក់ហ្នឹងប្រហែលកំពុងរកគុម្ពោតព្រៃណាមួយ លេងល្បែងប្លែកមាត់នេះមែនហើយ ព្រោះអូននីសិចស៊ីម្ល៉ឹងៗ រឿងអីអាសេងវាអត់ទ្រាំកើត?
មកដល់ខាងក្រៅ ខ្ញុំឈររេភ្នែកសម្លឹងជុំវិញផ្ទះយ៉ាងរហ័ស ភ្លាមនោះខ្ញុំឃើញអូននីដើរហួសពីកន្លែងរថយន្តរបស់ខ្ញុំដោយឆ្លងផ្លូវទៅព្រៃម្ខាងទៀតជាស្រេចទៅហើយ។
ទោះបីមេឃងងឹត តែភ្នែកខ្ញុំអាចជម្នះមើលឃើញដំណើរ និងចំណាំនាងបានប្រាកដប្រជាណាស់។ អូននីដើរត្រង់ភ្លឹង ប៉ុន្តែលឿនស្លេវបើមិនអ៊ីចឹងទេ មិនសមថាគ្រាន់តែប៉ុន្មានវិនាទី នាងដើរហួសខ្ញុំដល់ទៅជិត៣០មឡើយ។ ខ្ញុំស្រែកហៅតិចៗ៖
«អូននីៗៗ!
នាងប្រហែលមិនបានឮខ្ញុំទេ ព្រោះនាងបានដើរហួសឆ្ងាយខ្ញុំ សឹងផុតពីកន្ទុយភ្នែកម្ដងៗទៅហើយ ធ្វើឱ្យខ្ញុំកាន់តែកើតចិត្តឆ្ងល់ថា ”នាងទៅណា? ក្រែងមុននេះនាងខ្លាចណាស់អ្ហី?”។
ចុះបាត់អាសេងទៅណា? ចំណែកអាគាត់មួយម្ចាស់ផ្ទះឫកពាប្លែកៗនោះម៉េចក៏បាត់សូន្យដែរ? ខ្ញុំញីភ្នែកព្រោះនាងកាន់តែកប់ព្រិលទៅៗក្រោមពន្លឺព្រាលស្រពិចស្រពិលនៃដួងព្រះខែ។
ខ្ញុំលែងបង្អង់ហើយ ចាប់ផ្ដើមរត់ទៅតាមអូននី។ ទីបំផុតខ្ញុំបានឆ្លងផ្លូវ ហើយបង្ខិតចម្ងាយទៅរកនាងកាន់តែជិត ឯនាងក៏ចេះតែបន្តដើរចូលទៅក្នុងព្រៃធ្វើឱ្យខ្ញុំចាប់ផ្ដើមស្លន់ស្លោ។
“មិនដែលអាណាទៅបត់ជើងអីឆ្ងាយម្ល៉ឹងទេ?”
ខ្ញុំហើបមាត់ប្រុងថាស្រែកហៅនាងឱ្យឈប់ ស្រាប់តែនាងឈប់ទ្រឹងមុនពេលខ្ញុំស្រែកទៅទៀត។ ខ្ញុំស្រែកសួរហាក់មិនអស់ចិត្ត៖
«ហើយទៅណាហ្នឹង?! ឆ្កួតទេដឹងដើរម៉ោម្នាក់ឯងអត់ដាស់ម៉ាម៉ាត់? ហើយឃើញអាសេងអត់?»
ខ្ញុំបញ្ឈប់ជើងង៉ក់ព្រោះភ្ញាក់។ ខ្ញុំបើកភ្នែកគ្រលួងមុនពេលចង់ឈានបន្តចូលទៅជិតអូននី ព្រោះថាកាយវិការនាងហាក់ដូចជាធ្មឹងៗម៉េចមិនដឹង ហើយសន្សឹមៗនាងងាកមុខមករកខ្ញុំ។ ពុទ្ធោ! អូននីបិទភ្នែក?????
ខ្ញុំភ្ញាក់ហើយព្រឺសម្បុរ ព្រោះថាអូននីដែលនៅចំពោះមុខខ្ញុំ គឺបិទភ្នែកដើរពីបន្ទប់មកដល់ព្រៃនេះ។
”នាងជាមនុស្សមមើដើរ? ស្គាល់គ្នាយូរហើយ ដេកជាមួយគ្នាក៏មិនចេះតិចដង ម៉េចខ្ញុំមិនដែលដឹងរឿងឆ្កួតយក៍នេះ?”
ខ្ញុំស្ទុះចូលទៅបម្រុងទាញនាងឱ្យដឹងខ្លួន ស្រាប់តែដូចផ្លេកបន្ទោរ នាងស្រាប់តែបើកភ្នែកក្រឡោតមកវិញ ធ្វើឱ្យខ្ញុំស្រែកយ៉ៃ ភ្ញាក់ថយក្រោយជាន់លើអ្វីមួយទន់ៗដួលព្រូសទាំងជំហរ។ ខ្ញុំប្រឹងស្ទុះក្រោកមកវិញ ក្នុងពេលដែលភ្នែកមិនចោលសម្លឹងអូននី។ នាងលែងខ្វល់នឹងខ្ញុំ ប៉ុន្តែក្នុងដៃកំពុងបញ្ចេញវត្ថុអ្វីមួយវែងស្រួចដូចកាំបិតពុះឪឡឹក។
ក្នុងពេលខ្ញុំកំពុងភាំងស្មារតីសម្លឹង កាយវិការឆ្កួតៗរបស់នាង នាងស្រាប់តែលើកកាំបិតនោះខ្ពស់ឡើងទៅលើបណ្ដោយឱ្យចុងវាតម្រង់មកទ្រូងនាងគួរឱ្យរន្ធត់។ ខ្ញុំហាមាត់រកនិយាយហៅនាង ក៏ហាលែងចេញ ចេញតែខ្យល់ខ្សាវៗម្ហបៗ ព្រោះហេតុការណ៍ចំពោះមុខខ្ញុំនេះ ជារឿងដែលខ្ញុំមិនដែលជួបប្រទះក្នុងជីវិត។
នៅពេលសេចក្ដីតក់ស្លុតបានបង្អាក់បំពង់សំឡេងខ្ញុំ ខ្ញុំប្រឹងច្រត់ដៃក្រោក តែក្រោកមិនកើតព្រោះមែកឈើតូចៗក្បែរទីដែលខ្ញុំដួលប៉ះ បានប្រទាក់អាវ និងខោខ្ញុំជាប់។ ខ្ញុំងាកមកវិញដោយញ័រដៃជើងប្រឹងបេះវាចេញ ដោយតក់ក្រហល់ ពុំនោះទេ អូននីមុខតែបុកកាំបិតនោះទម្លាយទ្រូងនាងឥឡូវហើយ។ ដោយសារប្រញាប់ពេក ខ្ញុំភ្លាត់ដៃដួលជាថ្មី តែម្ដងនេះខ្ញុំច្រត់ទៅប៉ះនឹងខ្លួនប្រាណមនុស្សណាម្នាក់ដេកស្ដូកនៅផ្ទាល់ដីក្បែរខ្ញុំបង្កើយ។
ខ្ញុំភ័យស្ទើរបាត់ព្រលឹង បោះបង់ចោលខ្សែភ្នែកពីអូននី មកសម្លឹងរកអ្វីដែលកំពុងធ្វើឱ្យបេះដូងខ្ញុំរកកលឈប់ដើរ។ក្នុងពេលញ័រចំប្រប់ ដៃខ្ញុំស្រវាប៉ះវត្ថុរឹងបួនជ្រុងមួយពេញណែនក្នុងប្រអប់ដៃ។
“Nចុចពិលផុនអាសេង?”
មិនចាំអ្នកណាប្រាប់ទេ ខ្ញុំចាប់របស់នោះបញ្ចាំងទៅរកមនុស្សដែលដេកស្ប៉ាបក្បែរខ្ញុំមួយរំពេច។ គេដេកផ្កាប់មុខតែអាវនោះគឺអាសេងបានពាក់កាលពីល្ងាច។ ពេលខ្ញុំឃើញអាវប្រឡាក់ឈាមក្រហមក្រមៅជោក បានខ្ញុំដឹងថា ខ្ញុំកំពុងឆ្អាបឈាមយ៉ាងចាស់ដៃ។
ខ្ញុំមិនអាចនិយាយអ្វីចេញទេ ក្រៅពីតក់ស្លុតហើយគាំងចលនាស្ញេញ។ ទោះបីយ៉ាងណា សំណួរជាច្រើនវិលខ្ញាល់ក្នុងអារម្មណ៍ខ្ញុំ៖
“ហេតុអី? ហេតុអីរឿងឆ្កួតៗអស់នេះកើតឡើងចំពោះបីនាក់ខ្ញុំ?”
ស្នូរគ្រហឹមលាន់ចេញពីមាត់អូននី ទាញអារម្មណ៍ខ្ញុំឱ្យប្រមូលមកវិញងាកទៅរកនាងវិញ។ តាមពិតនាងគ្រហឹមដោយសារស្រមោលមនុស្សម្នាក់ កំពុងប្រតាយប្រតប់ដណ្ដើមកាំបិតពីនាង។ ទោះបីមេឃមិនភ្លឺច្បាស់ដូចថ្ងៃ តែមើលតែពីឆ្ងាយក៏ស្គាល់ជារាងបុរសម្ចាស់ផ្ទះថ្មបាក់បែកនោះដែរ។
ខ្ញុំអរភើតក្នុងវិនាទីដែលកំពុងស្លុតស្មារតី ព្រោះមានអារម្មណ៍ថាហោចណាស់ មានមនុស្សម្នាក់កំពុងតែជួយពួកយើង។ ខ្ញុំស្ទុះចេញទៅទាំងមាត់ស្រែក៖
«ជួយ! ជួយ! ជួយ!»
ជននោះបញ្ឈប់ចលនា តែដៃនៅក្ដាប់ដងកាំបិតជាប់ម៉ឺង រារាំងសកម្មភាពអូននី។ គេនោះសម្លឹងមកខ្ញុំត្លែដោយទឹកមុខងឿងឆ្ងល់ ប្រហែលគេនឹកថានៅទីនេះក្រៅពីគេ និងអូននីគ្មានអ្នកណាទៀតនោះទេ។ ខ្ញុំឃើញគេធ្មឹងក៏ចាំងពិលចំមុខគេជាមួយវាចាបន្តញ័រចំប្រប់៖
«បង! បង! ជួយផង! ជួយផងបង! អានីឆ្កួតចូលហើយ! ជួយផង!»
ពេលពន្លឺពិលចាំងឆ្វាចលើមុខជននោះ ដំបូងខ្ញុំភ្ញាក់ស្ទើររបូតពិលពីដៃ ដោយសារឃើញមុខគេបើកភ្នែកក្រឡោតមើលមុខខ្ញុំ ហាក់ចង់ស៊ីសាច់ទាំងរស់ គឺខុសប្លែកពីទឹកមុខគេដែលបបួលខ្ញុំចូលស្នាក់ក្នុងផ្ទះរបស់គេ កាលពីកាលពីមុននេះទាំងស្រុង។
នៅពេលខ្ញុំនៅគាំងធ្មឹង គេនោះឱនមុខគេចចេញពីពន្លឺពិលខ្ញុំ ហើយស្រែកសន្ធាប់រំពងព្រៃ៖
«ដាក់ពិលចុះ!»
សម្រែកគេធ្វើឱ្យខ្ញុំរន្ធត់ រហូតដល់ទម្លាក់ពិលចុះ ព្រមពេលដែលអូននីចាប់កញ្ជ្រោល ទាមទារចង់ដកកាំបិតចេញពីដៃដ៏មាំរបស់បុរសនោះ ដើម្បីចាក់ខ្លួនឯងសាជាថ្មី។ ទោះបីយ៉ាងណា កាយវិការហាមឃាត់របស់បុរសនោះ ធ្វើឱ្យខ្ញុំគិតថាគាត់មកនេះគឺមកជួយ មិនមែនមានចេតនាអាក្រក់ទេ ម៉្លោះហើយខ្ញុំរត់ចូលទៅក្បែរគាត់ជួយបង្ក្រាបសកម្មភាពខ្មោចចូលរបស់នាង។
អូននីពិតជាមានកម្លាំងខ្លាំងដូចអសុរកាយ ព្រោះថាពេលនេះពីរនាក់ខ្ញុំហើយ នៅតែចាប់នាងមិនចង់ជាប់ទៀត។ ខ្ញុំនិយាយដោយញ័រទទ្រើក៖
«ម៉េចអ៊ីចឹង? មានរឿងអី? ម៉េចក៏សុខៗទៅជាឆ្កួតៗអ៊ីចឹង?»
ជននោះឈប់ស្ងៀម ហើយសួរខ្ញុំម៉ាត់ៗ៖
«ប្រទាលនៅឯណា?»
«ប្រទាល?»
«ប្រទាលការពារផ្លូវងងឹតឱ្យទុកនោះ?»
ខ្ញុំនឹកភ្លែតដល់កញ្ចប់ក្រណាត់ទេសឯក ដែលមុននេះជនចម្លែកបានឱ្យមកអូននី។ ខ្ញុំឆ្លើយភ្លាម៖
«ក្នុងហោប៉ៅខោខ្ញុំ!»
«យកចេញមកឱ្យលឿន អាឆ្កួតអើយ!»
ជននោះនិយាយយ៉ាងអសុរ ហាក់ខឹងខ្ញុំយ៉ាងខ្លាំង ដែលយករបស់នោះដាក់ហោប៉ៅខោ ខ្ញុំក្ដៅឆេវដែលវាហ៊ានជេរខ្ញុំ ប៉ុន្តែមិនដឹងយ៉ាងម៉េចទេ បានជាខ្ញុំធ្វើតាមបញ្ជាវាដោយឥតប្រកែក។ បានកញ្ចប់នោះដល់ដៃ វាលើកឡើងលើធ្វើមាត់ជីពអូចៗ ហើយយកទៅបបោសលើអូននីពីក្បាលដល់ស្មាបួនប្រាំដង ទាំងសងខាង ពីមុខពីក្រោយ ហាក់ស្ទាត់ជំនាញណាស់។
ខ្ញុំងឿងឆ្ងល់ ប៉ុន្តែនៅពេលដែលអាគាត់នោះ កាន់តែសូត្រញាប់ឡើងៗ អូននីចាប់ផ្ដើមទន់ដៃទម្លាក់កាំបិតចោលរបូតខ្ពាកទៅលើដី ហើយទន់ខ្លួនទ្រោបមកលើពីរនាក់ខ្ញុំ។
ខ្ញុំបើកភ្នែកសព្រាតដោយភ្ញាក់ផ្អើល សម្លឹងហេតុការណ៍ដ៏ចម្លែកគ្មានពីរនេះ។ អូននីបិទភ្នែកដូចកំពុងសន្លប់ឈឹង បណ្ដោយឱ្យអាគាត់ឆ្កួតៗនោះ រុញទុកកញ្ចប់ប្រទាលទៅក្នុងអាវក្នុងរបស់នាង។ ខ្ញុំភ្ញាក់ព្រើតច្រានអាមនុស្សចម្លែកនោះចេញមួយទំហឹង ហើយទាញអូននីមកវិញ ព្រោះមិនចង់ឱ្យនាងទ្រោបលើដៃប្រុសផ្សេង ហើយក្ដៅចិត្តណាស់ដែលវាហ៊ានធ្វើដូច្នេះទៅលើនាង។
ពេលនេះខ្ញុំលែងខ្វល់ គិតអីច្រើន គិតពីអង្រួននាងឱ្យដឹងខ្លួន៖
«នែ៎!ៗៗៗ! ដឹងខ្លួនឡើង! ឮអត់!? អូននី? អូននី?»
អូននីចាប់កម្រើកខ្លួនសន្សឹមៗ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តហៅនាងញាប់ឡើងៗ រហូតដល់នាងបើកភ្នែកព្រឹមៗ។ ខ្ញុំអរណាស់ស្រែកហៅនាងខ្លាំង៖
«ដឹងខ្លួនឡើង! កើតអីហ្នឹង?»
អូននីមិនទាន់ឆ្លើយផងនាង ស្រាប់តែបើកភ្នែកធំៗដោយរន្ធត់ ហើយច្រានផ្ដួលខ្ញុំចេញទៅម្ខាង ធ្វើឱ្យយើងទាំងពីរនាក់ដួលត្មោលទៅលើដីជាមួយគ្នា។
ខ្ញុំភ្ញាក់ក្រញាងព្រោះដែលអូននីច្រានខ្ញុំដោយសារថា នាងដឹងខ្លួនមកភ្លាមក៏បានឃើញអាគាត់ម្ចាស់ផ្ទះ កំពុងលើកកាំបិតវែងនោះ ចាក់តម្រង់មកខ្ញុំពីក្រោយពេញមួយទំហឹង។ ដោយសារពួកខ្ញុំគេចទាន់ ធ្វើឱ្យកាំបិតចិតឪឡឹកនោះជ្រុលជំហរភ្លាត់ទៅបុកចំទ្រូងវាខ្លួនឯងឆឹប ធ្វើឱ្យវានៅគាំងស្ញេញ ក្រោមសម្រែកតក់ស្លុតរបស់អូននី។
ពីរនាក់ខ្ញុំដេកផ្ទាល់នៅនឹងដី ព្រោះទន់ជើងភ័យ តែភ្នែកសម្លឹងទៅអាគាត់ម្ចាស់ផ្ទះ ដែលទ្រេតទ្រោតដោយសារឈាមបាញ់ឆ្វាចៗចេញពីទ្រូង។ ប្រហែលរបួសនោះចំកន្លែងសំខាន់ បានជាវារឹងមាំយ៉ាងណាក៏ទប់ជំហរមិនជាប់ដួលផ្កាប់មុខបុកកាំបិតចូលកាន់តែជ្រៅលើសដើមហើយប្រកាច់នៅលើដី។
ខ្ញុំទាញអូននីក្រោក ហើយនិយាយឮៗ៖
«រត់!»
ខ្ញុំទាញនាងរត់ចេញមករកផ្លូវថ្នល់វិញ ហើយរត់បកក្រោយ ទាំងមិនដឹងទិសតំបន់ និងត្រដាបត្រដួស។ ក្នុងចិត្តដ៏រន្ធត់របស់ពួកយើង គឺនៅតែមានសង្ឃឹមថា យើងអាចរត់ចាកចេញពីកន្លែងនេះ ទៅរកទីកន្លែងមានមនុស្ស ពិសេសមុនគេ គឺខ្ញុំនឹកទៅដល់កន្លែងប៉ះកង់ដែលមានស្ត្រីចំណាស់ម្នាក់កាលពីព្រលប់។
អូននីគ្មានស្បែកជើងទេ ព្រោះនាងដើរចេញពីបន្ទប់មកទាំងជើងទទេ ម៉្លោះហើយនាងរត់បណ្ដើរស្រែកឈឺចាប់បណ្ដើរ តែនាងនៅតែខិតខំជាខ្លាំង ដើម្បីគេចចេញពីរឿងដ៏អកុសលទាំងឡាយនោះ។ នៅតាមផ្លូវខ្ញុំនិយាយសួរផុតៗព្រោះហត់៖
«ម៉េចបាននៅសុខៗក្រោកដើរមកក្នុងព្រៃ? ហើយអាគាត់នោះម៉េចក៏ចង់ចាក់បង?»
ស្រីស្អាតរបស់ខ្ញុំ បានត្រឹមហូរទឹកភ្នែករហាមហើយគ្រវីក្បាលតតាត់ មិនមានចម្លើយតបនឹងសំណួរខ្ញុំមួយម៉ាត់ឡើយ។ ខ្ញុំនិយាយបន្តទាំងហត់គឃូស៖
«អាសេងដេកស្ងៀមក្នុងព្រៃនោះ វាយ៉ាងម៉េចហើយមិនដឹង? នៅសុខៗម៉េចក៏ជួបរឿងឆ្កួតៗអ៊ីចឹង? វាចូលព្រៃតាំងពីពេលណាទៅ?»
នាងក៏នៅតែមិននិយាយ គិតពីយំដោយតក់ស្លុត យំរហូតដល់អស់សំឡេងឮចេញមកក្រៅ មានតែទឹកភ្នែកហូររហាម។
«ចង្រៃណាស់! នៅមិននៅមករកកន្លែងឆ្កួតៗនេះដោយខ្លួនឯង! បើកុំបកឡានទៅវាចប់បាត់ហើយ! អាមួយហ្នឹងច្បាស់ណាស់អ្នកចាក់ទម្លាយកង់ឡានយើង!»
និយាយដល់ត្រង់នេះ ខ្ញុំនឹកឃើញភ្លាមដល់សកម្មភាពឆ្កួតៗរបស់អាម្នាក់ម្ចាស់ផ្ទះ ដែលឱ្យកញ្ចប់ដេរពីក្រណាត់ទេសឯកទៅអូននី ហើយក្រោយមកវាយករបស់នោះត្រដុសក្បាលនាង និងសូត្រអ្វីជីពអូចៗរហូតដល់នាងដឹងខ្លួនលែងខ្មោចចូលទើបវាយកញ្ចប់នោះទៅញាត់អាវក្នុងរបស់នាង។
“បើវាចង់សម្លាប់អញ ម៉េចវាដូចជាចង់ជួយអូននី? អាម្នាក់ហ្នឹងវាស្រលាញ់អូននីចង់សំឡេះអញយកអូននីដឹង?”
ខ្ញុំកំពុងលួចគិតម្នាក់ឯង ស្រាប់តែអូននីដែលនៅស្ងៀមយូរហើយ និយាយឡើងតិចៗរបៀបរន្ធត់ថា៖
«បងស្រួ! មើលនោះ!»
ខ្ញុំសម្លឹងតាមចង្អុលដៃអូននី ក៏អរភើត ព្រោះស្គាល់ថាជាផ្ទះប៉ះកង់ ដែលកាលពីល្ងាចយើងទាំងបីបានជួបស្ត្រីចម្លែកម្នាក់ មានសំឡេងអាក្រក់អាក្រី ហើយបានប្រាប់ផ្លូវពួកយើង។ ដែលរឹតតែគួរឱ្យមានសង្ឃឹមទៅទៀតនោះ គឺនៅមុខខ្ទមស្ត្រីនោះមានមនុស្សចោមរោមកុះករ។
ខ្ញុំបង្កើនកម្លាំងយោងនាំអូននីដែលទន់ខ្សោយ រត់សំដៅទៅកាន់ទីនោះជាមួយការដង្ហោយហៅរកជំនួយដូចមនុស្សជិតស្លាប់បានរស់រានសាជាថ្មី៖
«ជួយផង! ជួយខ្ញុំផងៗ!»
មនុស្សម្នាងាកមកសម្លឹងពីរនាក់ខ្ញុំ ដោយលើកចន្លុះ និងពិលលើដៃ ពួកគេចាំងស្រមករកពួកយើង។ ខ្ញុំបន្តស្រែកក្នុងពេលអូននីញញឹមលាយទឹកភ្នែក៖
«ជួយផង! ជួយខ្ញុំផង»!
មនុស្សមិនថាស្រីប្រុសក្មេងចាស់ ព្រោះខ្ញុំមិនខ្វល់ ដឹងតែពីអរភើត ពេលឃើញគេស្ទុះស្រមករកពួកខ្ញុំ។ ខ្ញុំចាប់ផ្ដើមទន់ជើង ប៉ុន្តែនៅតែប្រឹងរត់ទៅប្រសប់នឹងក្រុមអ្នកភូមិដែលពោរពេញដោយទឹកមុខភ័យខ្លាច។ ពេលមកដល់ក្បែរពួកគេ ខ្ញុំនិងអូននីឈប់ជើងទាំងហត់ស្ទើរដាច់ដង្ហើម។ ខ្ញុំចង់រៀបរាប់ហេតុការណ៍អាក្រក់ដែលកើតឡើងចំពោះមុខពួកយើង ពិសេសចង់ឱ្យអាសេងត្រូវបានគេសង្គ្រោះដែរ តែនិយាយអ្វីក៏មិនចេញបានត្រឹមតែធ្វើមាត់ម្ហបៗហើយចង្អុលទៅក្រោយខ្នងចង់ប្រាប់ថា មិត្តខ្ញុំម្នាក់ទៀតនៅក្នុងព្រៃ។
អ៊ំប្រុសម្នាក់វែកហ្វូងមនុស្សដើរសំដៅពួកខ្ញុំ ដោយមានកាន់ពូថៅនៅនឹងដៃ។ ប៉ុន្តែទឹកមុខអាណិតអាសូររបស់គាត់បានបញ្ជាក់ស្រាប់ហើយថា ពូថៅនោះមិនមែនដើម្បីកាប់ពួកខ្ញុំទេ។ សំឡេងគាត់លាន់ឡើងកណ្ដាលភាពងឿងឆ្ងល់របស់គ្រប់គ្នា៖
«មានរឿងអី?»
ខ្ញុំខំប្រមូលកម្លាំង និងស្មារតីដើម្បីឆ្លើយតប ប៉ុន្តែនៅតែនិយាយមិនចេញ ចេញត្រឹមតែពាក្យថា៖
«ជួយ! ជួយផង…»
បុរសផ្សេងម្នាក់ទៀតក្នុងចំណោមពួកគេនិយាយកាត់សម្ដីខ្ញុំ៖
«មកអង្គុយឱ្យស្រួលសិន ចាំនិយាយក៏បាន!»
ពីរនាក់ខ្ញុំត្រូវបានពួកគេគ្រា មកអង្គុយលើគ្រែឫស្សី ដែលមិនឃើញសូម្បីតែស្រមោលស្ត្រីម្ចាស់ខ្ទមសោះ។ ខ្ញុំឱបអូននីជាប់ ហើយនិយាយរៀបរាប់ហេតុការណ៍ទាំងអស់ដែលពួកយើងបានជួបប្រទះដល់ក្រុមអ្នកភូមិ។ ទើបតែនិយាយត្រួសៗដល់មិនទាន់រួចពីមាត់ស្រួលបួល ពូម្នាក់ទៀតប្រកបដោយទឹកមុខបារម្ភលាយខឹងសម្បារ ស្រែកឡើង ៖
«ច្បាស់ហើយ! ច្បាស់មែន! គឺម៉ែកូនវាហ្នឹងហើយ!»
អ្នកផ្សេងទៀតរួមទាំងអ៊ំចំណាស់ផង មើលមុខគ្នាហើយងក់ក្បាលផ្ងក់ៗ យល់ស្របក្នុងពេលអ្នកផ្សេងស្រែកឡើងជាបន្តបន្ទាប់ថា៖
«មែនហើយៗ»
ខ្ញុំ និងសង្សារង៉េមង៉ាម ចំពោះភាពចម្លែកៗរបស់មនុស្សទាំងនេះ។ ក្នុងទ្រូងនៅតែលោតមិនទាន់បាត់នៅឡើយ។មិនទាន់ហាមាត់សួរថាពួកគេនាំគ្នានិយាយពីអ្វីផង ស្រាប់តែសំឡេងមួយលាន់មកពីចម្ងាយ។
«ពួកយើង! មកណេះ! លឿន! លឿនឡើងវ៉ី!»
មនុស្សប្រុសមាឌដំបងបីនាក់ រត់ស្រមកពីចម្ងាយឱ្យអ្នកភូមិនៅទីនេះ ក្រោកឈរបន្តបន្ទាប់គ្នា ដោយទឹកមុខភ្ញាក់ផ្អើល។ ពួកគេកេះគ្នារត់ទៅតាមការហៅរបស់ជនមកក្រោយទាំងបី ដោយមានខ្លះមកសង្ខើញទាញខ្ញុំ និងអូននីឱ្យទៅជាមួយដែរ។
«ម៉ោណេះមកក្មួយបើចង់ដឹងរឿង!»
ខ្ញុំគ្មានជម្រើសអីក្រៅពីទៅតាមពួកគេទេ។ ក្រុមយើងបាននាំគ្នាដើរមកដល់ម្ដុំព្រៃល្បះមួយ ចម្ងាយប្រហែល១០០មពីខ្ទមនោះ។ ពីក្រោយក្រុមមនុស្សដែលដើរញាប់ជើងស្មេរ ស្រុះគ្នា ខ្ញុំមើលឃើញផ្សែងហុយទ្រលោមឡើងលើពីមុខពួកគេ។ តាមរយៈពន្លឺភ្លើងបំភ្លឺដែលពួកគេមានសឹងគ្រប់ដៃ ជួយឱ្យខ្ញុំមិនមានការលំបាកក្នុងការមើលឃើញរូបរាងមនុស្សម្នាក់ កំពុងអង្គុយនៅពីមុខភ្នក់ភ្លើង និងមានពំនូកធំវែងមួយនៅពីខាងស្ដាំដៃជននោះទេ។
ដោយទ្រូងលោតព្រោះតែចម្លែកចិត្ត ចូលកាន់តែកៀកខ្ញុំកាន់តែសង្ស័យថា ម្នាក់អង្គុយនោះជាមីងសំឡេងខ្មោចដែលខ្ញុំបានជួបកាលពីល្ងាចនោះហើយ។
អូននីតោងខ្ញុំជាប់ ព្រោះនាងតក់ស្លុត។ ខ្ញុំកាន់តែខ្លាច ក៏កាន់តែចង់ដឹង ប៉ុន្តែខ្ញុំអាងអ្នកភូមិច្រើនគ្នា ដែលមកជាមួយទើបកាន់តែឈានទៅមុខមិនឈប់តាមពួកគេ។
ស្ត្រីនោះជ្រប់មុខបិទភ្នែក តែមាត់អានអ្វីមួយជីពអូចៗ ដូចគ្នាបេះបិទនឹងបុរសចម្លែកនៅផ្ទះបាក់បែក។ គាត់ហាក់មិនខ្វល់នឹងអ្នកណាចោមរោម ឬនិយាយអ្វីឡើយ។ ខ្ញុំរេភ្នែកសម្លឹងទៅបុរសជរាមួយរូបដែលស្គមស្គាំងដេកស្ដូកស្ដឹងក្បែរស្ត្រីនោះ។ បើកុំតែគាត់ដកដង្ហើមវែងៗរបៀបអ្នកមានជំងឺធ្ងន់ទេ កុំអីខ្ញុំយល់ថាបុរសនោះស្លាប់បាត់បង់ជីវិតទៅហើយ។
ពួកយើងសម្លឹងមើលគាត់ពីរបីវិនាទីហើយ ស្នូរជើងមនុស្សក៏មកដល់កាន់តែច្រើនឡើងៗ ស្ត្រីនោះក៏នៅតែរក្សាសកម្មភាពរបស់គាត់។ គាត់សូត្រកាន់តែញាប់ បុរសជរានោះដកដង្ហើមកាន់តែញាប់ទៅតាមហ្នឹង រហូតដល់ចាប់ផ្ដើមញ័រទទ្រើកទាំងរាងកាយ ដែលមុននេះដេកស្ដូកស្ដឹង។ អូននីចាប់ផ្ដើមបិទភ្នែក លែងហ៊ានមើល ដោយសារនាងតក់ស្លុតនឹងសកម្មភាពឆ្កួតយក៍អស់នេះ។
ខ្ញុំទ្រាំមិនបាន ដោយឃើញអ្នកភូមិនាំគ្នាស្លុងចិត្ត អត់មាត់អត់ក ខ្ញុំក៏ស្រែកសួរឡើង ៖
«ស្អីគេនេះ?»
រំពេចនោះសំឡេងខ្ញុំ ស្រាប់តែធ្វើឱ្យស្ត្រីចម្លែកបោះបង់ចោលការសមាធិ និងការសូត្របាលីរបស់គាត់ ហើយងើបមុខសម្លឹងមកខ្ញុំយ៉ាងរហ័ស។ ពន្លឺភ្នែកដ៏កាចឃោរឃៅរបស់គាត់ បានធ្វើឱ្យខ្ញុំព្រឺសម្បុរខ្ញាក ហើយថយក្រោយក្រាកជាមួយប្រាណអូននីមកជាមួយផង។ ខ្ញុំបែកញើសជោក ផ្ដោតសម្លឹងទៅស្ត្រីឆ្កួតៗ ដែលនៅសុខៗសម្លក់មកខ្ញុំសឹងជ្រុះគ្រាប់ភ្នែក។
“ខ្ញុំមានរឿងអីជាមួយយាយឯង? មនុស្សមួយគំនរ ម៉េចមិនសម្លក់ មកសម្លក់អីខ្ញុំ? ” ខ្ញុំសួរក្នុងចិត្តស្ងាត់ផង ភ័យក្ដុកផង។ មួយប៉ប្រិចភ្នែកនោះ ស្ត្រីចម្លែកលូកដៃស្រវាយកដុំថ្មមួយពីមុខភ្នក់ភ្លើង ចោលវឹងសំដៅខ្ញុំ ធ្វើឱ្យខ្ញុំស្រឡាំងកាំងគេចទៅណាមិនទាន់ទាំងអស់។ ថ្មមិនធំក៏មិនតូចប៉ុនកដៃមនុស្សចាស់ បុកថ្ងាសខ្ញុំប៉ឹង ខ្ញុំងងឹតមុខវិលខ្ញាល់ ហើយរបូតជំហរដួលត្មោលទៅលើស្មៅ។ ក្នុងមួយវិនាទីដែលរាងកាយខ្ញុំគាំងចលនាដោយការឈឺចាប់និងរន្ធត់ សតិខ្ញុំមិនទាន់ទៅណាភ្លាមទេ ខ្ញុំដឹងថាត្រូវប្រឹងយោងខ្លួនក្រោកដែរ ព្រោះស្ថានភាពពេលនេះ ខ្ញុំដេកមិនបានឡើយ ប៉ុន្តែខ្ញុំបានត្រឹមគិត ព្រោះកាយសម្បទាខ្ញុំ ហាក់លែងស្ដាប់បញ្ជាខ្ញុំហើយ។ ខ្ញុំលែងបើកត្របកភ្នែករួច លែងគិតអ្វីឃើញ ហើយលែងដឹងអ្វីទាំងអស់ចាប់ពីពេលនោះមក។
…..សូរសំឡេងមនុស្សនិយាយគ្នារអុះៗ និងញាប់ឡើងៗ បានធ្វើឱ្យខ្ញុំប្រមូលអារម្មណ៍បានមកវិញបន្តិចម្ដងៗហើយបន្ទាប់ពីនោះ ខ្ញុំក៏ប្រឹងបើកភ្នែកសន្សឹមៗ ដើម្បីចំណាំថាខ្លួនឯងកំពុងនៅកន្លែងណា?
មុនដំបូងបង្អស់ ខ្ញុំឃើញរូបថតពុកដែលព្យួរលើជញ្ជាំង បន្ទាប់មកគឺរូបពួកខ្ញុំកាលពីក្មេង។ ខ្ញុំបិទភ្នែកដែលមមីមកវិញ សម្រាកបន្តិចព្រោះច្បាស់ណាស់ថា នេះជាផ្ទះជីតាខ្ញុំ ហើយគ្មានអីគួរឱ្យព្រួយទៀតទេ។ ក្លិនខ្លួនអ្នកណាម្នាក់ជះកាត់ច្រមុះខ្ញុំ ធ្វើឱ្យខ្ញុំបើកភ្នែកវិញភ្លាម ដោយសារនោះជាក្លិនអូននីដែលខ្ញុំចំណាំបានយ៉ាងច្បាស់។ នាងដើរកាត់គ្រែនេះទៅ ធ្វើឱ្យខ្ញុំងាកតាមអើតមើល។ តាមពិតនាងកំពុងរៀបចំនំនែក និងទឹកតែជូនអាចារ្យដែលមករៀបចំអ្វីនៅផ្ទះលោកតាខ្ញុំ ដូចជារង់ចាំពិធីសូត្រមុនអីមួយ។ ពេលនាងដើរមកវិញ ខ្ញុំលូកទាញដៃនាង។
«ម៉េចបានយើងមកដល់ទីនេះ?»
អូននីងាកមកដោយភ្ញាក់ ព្រោះឃើញខ្ញុំបើកភ្នែកដឹងខ្លួន។ នាងមានទឹកមុខអរតែនៅស្រងូតខ្លះ ហើយអង្គុយចុះមកក្បែរខ្ញុំ។ នាងមិននិយាយអីទេ តែលើកម្រាមដៃស្ទាបអង្អែលថ្ងាសខ្ញុំហើយចាប់អារម្មណ៍ថាឈឺ បន្ទាប់មកក៏នឹកឃើញដល់ថ្មមួយដុំជាជំនូនជួបមុខរបស់ស្ត្រីសំឡេងខ្មោចនោះ។
ខ្ញុំសួរបន្ថែមភ្លាម៖
«យាយចាស់នោះគាត់ឆ្កួតអីគាត់ បានជាមកគប់បង? ហើយពីណានាំបងមកទីនេះ? ពីណាស្គាល់ផ្ទះលោកតា?
ភាពព្រួយបារម្ភ នៅតែមិនទាន់រសាត់ឆ្ងាយពីក្រសែភ្នែកអូននីទេ នាងនិយាយតិចៗ៖
«ប៉ូលិសចាប់យាយនោះហើយ! អ្នកភូមិហៅប៉ូលិសមកចាប់គាត់! ពេលមកដល់ភូមិអ្នកស្រុក ទូរស័ព្ទបងឯងមានសេវាវិញ អូនរកលេខលោកតា ហើយទាក់ទងសួរគាត់! អ្នកភូមិក៏ជួយបញ្ជូនយើងមកទីនេះ!»
ខ្ញុំមិនខ្វល់ពីសម្ដីចុងក្រោយរបស់នាងទេ ប៉ុន្តែនៅតែឆ្ងល់រឿងស្ត្រីឆ្កួតយក៍នោះ៖
«ហើយប៉ូលិសចាប់រឿងអី? ហើយនៅសុខៗថីបានមកគប់ក្បាលបង?»
អូននីនិយាយតិចៗ ដោយបូញមាត់របៀបខឹងស្ត្រីនោះ៖
«អ្នកស្រុកថាគាត់ជាមេមត់! ឱ្យគេចាប់ឱ្យស្រឡះទៅ!»
ខ្ញុំកាន់តែងីងើ ច្រត់ដៃក្រោកហើយទទួលអារម្មណ៍ថាក្បាលធ្ងន់ពាប់។ ទោះយ៉ាងណានៅតែនិយាយបន្ថែម៖
«អត់យល់!! ហើយមានអាចារ្យម៉ោអីច្រើនម្ល៉េះ បងមានទាន់ស្លាប់ឯណា?»
អូននីងើបទៅចាក់ទឹកតែមកឱ្យខ្ញុំមួយកែវហើយនិយាយតបខ្ញុំ៖
«លោកតា លោកយាយធ្វើពិធីរំដោះគ្រោះឱ្យពួកយើង!»
ខ្ញុំនឹកឃើញឡើងវិញជាបណ្ដើរៗ នូវស្ថានភាពវង្វេងផ្លូវរបស់ពួកយើង កាលពីល្ងាចម្សិល ភ្លាមនោះខ្ញុំក៏នឹកឃើញដល់អាសេង ខ្ញុំខ្សឹបសួរអូននីតិចៗភ្លាម៖
«ចុះអាសេង?»
នាងដកដង្ហើមធំ មុនពេលឆ្លើយ៖
«គាត់អស់ឈាមច្រើនពេក គ្រួសារគាត់បញ្ជូនទៅភ្នំពេញតាំងពីភ្លាមៗ!»
ទោះយ៉ាងណា ខ្ញុំធូរទ្រូងដឹងថាវាមិនទាន់ស្លាប់ តែខ្ញុំនៅតែឆ្ងល់៖
«វាកើតអី បានទៅដេកដួលផ្កាប់មុខក្នុងព្រៃ?»
«គេថាគាត់ខ្មោចចូល ហើយគាត់យកកាំបិតចាក់ខ្លួនឯងដល់សន្លប់!»
ខ្ញុំនៅត្រឹងព្រោះភាពភ័យខ្លាចចាប់គ្របដណ្ដប់មកវិញ។ ខ្ញុំនឹកឃើញដល់ពេលដែលខ្ញុំភ្ញាក់មកវិញរំលងអាធ្រាត្រហើយឃើញអ្នកណាម្នាក់ ទើបតែបើកទ្វារបន្ទប់ខ្ញុំ។ ខ្ញុំចេញទៅតាមអូននីតែនាងដើរលឿនណាស់។ នាងមានស្ថានភាពមិនដឹងខ្លួន ហើយទីបំផុតកាន់កាំបិតចាក់ខ្លួនឯងទៀត។
«អ៊ីចឹងវាដូចតែអូនឯងដែរហ្នឹង! ដើរដូចគ្មានព្រលឹងក្នុងខ្លួន ហៅក៏មិនឈប់ ហើយលើកកាំបិតពីណាមកទេ ចាក់ទ្រូងខ្លួនឯង!»
អូននីមុខស្លេកស្លាំងដោយការភ័យខ្លាច។ នាងខំនិយាយសួរខ្ញុំខ្សឹប៖
«បងឯងនឹកឃើញកញ្ចប់ក្រណាត់នោះទេ! ដែលប្រុសម្នាក់នៅផ្ទះបាក់បែក ឱ្យមកអូនទុកហើយ អូនទុកក្នុងហោប៉ៅបងនោះ? អ្នកស្រុកនាំគ្នាថា ដោយសារកញ្ចប់នោះជួយ បានជាបងឯងអត់ត្រូវអាថាន់គេ! តែអូន និងបងសេងសុទ្ធតែត្រូវ បានជាធ្វើឆ្កួតអ៊ីចឹង!»
ខ្ញុំនឹកឃើញភ្លែតដល់កាយវិការចម្លែករបស់អាគាត់នោះ ដែលវាឃើញអូននីរកចាក់សម្លាប់ខ្លួន វាស្រែករកកញ្ចប់នោះ ហើយយកទៅត្រដុសលើក្បាល និងស្មានាង។ បន្ទាប់មកវាយកទៅញ៉ុកក្នុងអាវក្នុងនាង ព្រោះនាងគ្មានហោប៉ៅទេ។ ពេលបានគេធ្វើអ៊ីចឹងអូននីដែលកំពុងឆ្កួតៗ ស្រាប់តែដឹងខ្លួនវិញទន់ល្អៀក។ ហេតុអ្វីក៏ទៅជាអ៊ីចឹង?ខ្ញុំសួរបន្តទាំងងីងើ៖
«អាថាន់ស្អីទៅ! អត់យល់! អត់យល់សោះ! ម៉េចសុខៗពួកយើងត្រូវជួបរឿងអស់ហ្នឹង!»
អូននីព្រិចភ្នែកដោយក្រៀមក្រំ នាងនិយាយខ្សាវៗញ័រ៖
«បងឯងនៅចាំស្នាមខ្វែងលើជញ្ជាំងទាំង៤៩ឆ្នូតហ្នឹងអត់?»
នាងមិនទាន់និយាយតផង អាចារ្យម្នាក់ហៅនាងចេញទៅ ទំនងចង់ឱ្យរៀបចំរណ្ដាប់បន្ថែម។ បន្សល់ខ្ញុំនៅដេកគិតភ្លឹះៗម្នាក់ឯង រហូតដល់លោកយាយមកពីផ្សារ ហើយអង្គុយធ្វើមុខស្រងូតជិតខ្ញុំ។
ខ្ញុំទើបតែកាត់យល់រឿងរ៉ាវពិស្ដារនៅយប់បន្ទាប់ ក្រោយពីពិធីរំដោះគ្រោះរំលងផុតហើយ ចាស់ៗក្នុងភូមិមកអង្គុយដំកង់ជជែកគ្នាពន្យល់ខ្ញុំ។
មិត្តអ្នកអានយល់យ៉ាងណាចំពោះការតំណាលរបស់សុំាង គីមស្រួ បើគេប្រាប់ថាគំនូស៤៩នោះមានទាក់ទងរឿងដ៏គួរឱ្យរន្ធត់ទាំងឡាយរបស់គេកាលពីយប់នោះ?
តាមពិតពេលចាស់ៗបកស្រាយប្រាប់ទើបសុំាង គីមស្រួ យល់ថាតាមពិតស្ត្រីដែលគប់ក្បាលគេ និងបុរសក្មេងនៅផ្ទះបាក់បែក ជាម្ដាយ និងកូន ចំណែកជនជរាដែលដេកឈឺផ្តឺតៗ ក្បែរភ្នក់ភ្លើងគឺជាឪពុករបស់គេ។ គ្រួសារចម្លែកនេះ រស់នៅក្នុងព្រៃឆ្ងាយពីអ្នកផង ប៉ុន្តែគេឧស្សាហ៍ចេញចូលភូមិលក់ទឹកឃ្មុំ ឧស និងសាច់សត្វព្រៃ។ ស្ត្រីនោះត្រូវបានគេសង្ស័យថា គាត់ជាអ្នកចេះអូមអាម ហើយកំពុងប្រព្រឹត្តិអាគមមួយ មានឈ្មោះថាអន្ទងព្រលឹង ដើម្បីជួយជីវិតប្ដីដ៏ទុរន់ទុរារបស់គាត់។
អាគម”អន្ទងព្រលឹង” គឺជាមន្តទុច្ចរិតដែលកប់បាត់តាំងពីសម័យកាលដ៏យូរលង់ ឮតែតាមការតំណាលរបស់ចាស់ៗតែប៉ុណ្ណោះ។ អាគមនេះអាចជួយអន្ទងព្រលឹង សម្រាប់អ្នកដែលហៀបនឹងស្លាប់ឱ្យរស់ឡើងវិញបាន ដោយវិធីសម្លាប់អ្នកដទៃគម្រប់៤៩នាក់ជំនួស។ ចំណែកវិធីសម្លាប់នោះ ក៏ធ្វើឡើងតាមផ្លូវងងឹតដែរ គឺធ្វើឱ្យបុគ្គលដែលគេចង់ឱ្យស្លាប់នោះវង្វេងស្មារតី ហើយធ្វើឃាតដោយខ្លួនឯង។ អាគមនេះ ត្រូវបានគេនិយាយតៗគ្នា ថាមានប្រភពចេញមកពីប្រទេសឥណ្ឌា ដែលកាលពីយូរលង់ណាស់មកហើយ មានរាជវង្សានុវង្សខ្លះ និយមប្រើវិធីនេះទៅក្នុងចំណោមពួកសេនាអាមាត្យ និងស្រីស្នំដើម្បីការពារព្រះជន្មក្សត្រអាពាធ។
គំនូសទំាង៤៩ ដែលពួកគេបានឃើញក្នុងបន្ទប់ថ្ម បង្ហាញថាស្ត្រី និងកូនប្រុសបានដំណើរការសកម្មភាពនេះ លើមនុស្ស៤៦នាក់រួចទៅហើយ មុនពេលបីនាក់គេចូលមករកអន្ទាក់ដោយខ្លួនឯង។ គំនូសចំនួន៤៦ត្រូវបានខ្វែងរួចរាល់ ឯគំនូសបីទៀតនៅសល់មិនទាន់ខ្វែងទេ គឺគំនូសបីនោះ គេយកស្រួ សង្សារគេ និងមិត្តគេទៅបង្គ្រប់។
កាលពីល្ងាចដែលពួកគេបង្ហាញខ្លួននៅឯខ្ទមប៉ះកង់របស់ស្ត្រីនោះ គេត្រូវបានប្រាប់ផ្លូវបង្វែង ដើម្បីឱ្យទៅដល់ផ្ទះបាក់បែកនោះតែម្ដង។ បុរសជាកូនដែលនៅទីនោះស្រាប់ បានទម្លាយកង់ឡានពួកគេ ហើយរោយផេះអាគមគាថាទៅលើស្នាមជើងទទឹករបស់ពួកគេ ”ចូលផ្ទះដោះស្បែកជើងផង”។
ដល់ពេលមិនដាច់ចិត្តពីនាងសិចស៊ី បុរសនោះ បានវិលមកវិញជាមួយកញ្ចប់ប្រទាលតតាំងអាគម ហើយឱ្យនាងរក្សាទុកដើម្បីការពារជីវិតពីអាគម ដែលគេជ្រុលជារោយទៅលើស្នាមជើងទាំងបីនាក់ ព្រោះងងឹតមិនដឹងថាមួយណាជាមួយណាទេ។
នារីនោះមិនយល់ថាកញ្ចប់នោះ មានសារៈសំខាន់ដែលអាចការពារខ្លួនពីរឿងឧបទ្រព ទើបនាងស៊កវាទៅទុកក្នុងហោប៉ៅគឹមស្រួវិញ ធ្វើឱ្យគឹមស្រួក្លាយជាមនុស្សតែម្នាក់គត់ ដែលអាចគេចចេញពីការធ្វើឃាតខ្លួនឯង។ អ្នកភូមិដែលដឹងរឿងអន្ទងព្រលឹងតៗគ្នា មកពីការដំណាលរបស់បុព្វបុរសខ្លួន ក្រោយពីឃើញមានមនុស្សសម្លាប់ខ្លួនដោយមិនដឹងរឿងជាបន្តបន្ទាប់ រហូតដល់៤៦នាក់ ពួកគេបានតាមរករហូតដល់សង្ស័យពីស្ត្រីមានប្ដី មានជំងឺនោះ។ យប់នោះក៏ជាយប់ដែលពួកគេត្រូវមករកឱ្យឃើញការពិត អ៊ីចឹងទើបបានជាគឹមស្រួ និងនីបានទៅដល់ខ្ទមនោះទាន់ ក្រុមអ្នកស្រុកដែលប្រដាប់ដោយពូថៅ និងភ្លើងគប់។ ពេលពួកគេនាំគ្នារកឃើញស្ត្រីដែលកំពុងប្រារព្ធពិធីអន្ទងព្រលឹង ស្ត្រីនោះអត់មានខ្វល់នឹងអ្នកភូមិទេ ព្រោះយល់ថាគេគ្មានភស្តុតាងចាប់គាត់ឡើយ ដូច្នេះគាត់នៅតែបន្តពិធីដោយសង្ឃឹមថាមានអ្នកជំនួសគ្រប់៤៩ ហើយប្ដីគាត់នឹងជាវិញមិនខាន ដឹងអីគាត់សូត្រហើយសូត្រទៀតបុរសនោះមិនត្រឹមមិនដឹងខ្លួនទេ ប៉ុន្តែថែមទាំងប្រែប្រួលទៅជាញាក់ញ័ររកកលដាច់ដង្ហើម។
គាត់នឹកចម្លែកចំពោះលទ្ធផលនេះតែនៅប្រឹងព្យាយាម ដឹងអីគឹមស្រួស្រាប់តែហើបមាត់ចេញពីក្នុងចំណោមអ្នកស្រុក ដូចធ្វើឱ្យស្ត្រីនោះភ្ញាក់ក្រញាង ដឹងថាពួកគេមិនទាន់ស្លាប់ទេ ជាហេតុធ្វើឱ្យប្ដីគាត់មិនបានសម្រេចក្នុងការអន្ទងព្រលឹងឡើយ។
ជាមួយកំហឹងគាត់លើកដុំថ្មមួយចោលសំដៅគឹមស្រួ ធ្វើឱ្យគេដួលត្មោលសន្លប់ឈឹង។ ចំណែកអ្នកស្រុកក៏ រាយការណ៍សមត្ថកិច្ចបញ្ជូនស្ត្រីនោះទៅដោះស្រាយតាមច្បាប់។
មតិអ្នកនិពន្ធ៖
ករណីផ្លូវងងឹតនៅតែត្រូវបានគេនិយាយ ជាទូទៅក្នុងសង្គមខ្មែរតាមរូបភាពផ្សេងៗ ហើយចាស់ទុំរមែងតែងតែអប់រំថា ទោះវិទ្យាសាស្ត្របានដើរប្រឆាំងគ្នា ទៅនឹងជំនឿទាំងអស់នេះក្ដី ប៉ុន្តែគប្បីកុំប្រមាថឡើយ។ ករណី ”អន្ទងព្រលឹង” គ្រាន់តែជាការតំណាលតៗគ្នា ក្នុងសហគមន៍ចុងកាត់មាត់ញកមួយចំនួន ហើយក៏គ្មានអ្នកណាដឹងថាវាមានការពិតកម្រិតណានោះទេ។ ផ្អែកលើការជជែកជាមួយចាស់ទុំមួយចំនួន ដែលលោកមានការជឿជាក់លើករណីអស់នេះ លោកទូន្មានថា ដោយសារការសម្លាប់មនុស្សត្រូវទទួលទោស ដូច្នេះផ្លូវងងឹតទាំងនោះភាគច្រើនធ្វើឡើង ដើម្បីឱ្យមនុស្សស្លាប់ដោយខ្លួនឯង ដូចជាមានជំងឺ ឬធ្វើអត្តឃាត។ ចាស់ៗដែលអ្នកនិពន្ធបានជួបបានទូន្មានថា ប្រសិនក្នុងករណីរំលងអាធ្រាត្រ មានអ្នកណាដែលអ្នកប្រហាក់ប្រហែលសំឡេង តែមិនស្គាល់ឈ្មោះ បានស្រែកហៅឈ្មោះអ្នកល្វើយៗ មិនដឹងប្រភព ចូរកុំឆ្លើយតប ឬយកចិត្តទុកដាក់។ ប្រសិនបើឃើញញាតិណាម្នាក់មមើដើរហៅមិនឈប់ សួរមិនឆ្លើយ ហាមដាស់ ឬតតាំង វិធីមានតែម្យ៉ាង គឺនាំគ្នាចងឃាត់ និងបញ្ជូនទៅព្រះសង្ឃ។ គ្រូហ្មដែលប្រើហិង្សាចម្លែកៗ លើរាងកាយអ្នករងគ្រោះ មិនត្រូវបានចាស់ទុំទាំងនោះឱ្យយោបល់ឱ្យទៅរកជំនួយពីពួកគេទាំងនោះឡើយ។
ព្រឺសម្បុរគីង្គក់? ចុះអ្នកយល់យ៉ាងណាចំពោះជំនឿ និងការតំណាលនេះ?
ចប់