អធិរាជបេះដូង ភាគទី១

វគ្គ«​តូច​នារី​»

​ខែ​កក្កដា នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល គឺ​ស្ថិត​នៅ​ចំ​ពាក់​កណ្ដាល​រដូវ​ក្ដៅ​ ក៏​ជា​រដូវ​កាល​កំពូល​សម្រាប់ វិស័យ​ទេសចរណ៍។
​ពន្លឺ​ថ្ងៃ​អាច​អូស​បន្លាយ​បាន​រយៈពេល​យូរ​ដល់​ទៅ​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​បរិយាកាស​អាច​រក្សា​សភាព​ក្ដៅ​និង​ស្ងួត​ ព្រោះ​តែ​សីតុណ្ហភាព​អាច​ឈាន​ដល់​កម្រិត​២៨​អង្សា​សេ។
​ប៉ុន្តែ​យប់​នេះ សីតុណ្ហភាព​បែរ​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ​នៃ​រដូវ​ក្ដៅ។
«១៧​អង្សា​សេ?»
​គេ​លាន់​មាត់​តិចៗ ​ហើយ​បែរ​ចេញ​ចោល​ឧបករណ៍​ហ្វារិនហៃ។

​អ៊ីស្តង់ប៊ុល​យប់​នេះ​មិន​ត្រជាក់​ពេក​នោះ​ទេ​សម្រាប់​ប្រធាន​និស្សិត​ម្នាក់​នេះ តែ​អារម្មណ៍​មួយ​បាន​កើត​ឡើង​ចម្លែក។
គេ​ដើរ​មួយៗ​ទៅ​ក្បែរ​បង្អួច ហើយ​វែក​វាំងនន​សម្លឹង​ទៅ​ក្រៅ។
​រដ្ឋធានី​នេះ​ដូច​ជា​ស្ងាត់​កប់​បាត់​សកម្មភាព​នានា ​ទៅ​ក្នុង​រាត្រី​ដ៏​ត្រជាក់​មិន​ស័ក្ដិសម​នេះ ឬមួយ​អ្វី​មួយ​ពិត​ជា​បម្រុង​នឹង​កើត​មាន​ឡើង?
​ទ្រនិច​នាឡិកា​វាយ​តឿន…. សញ្ញា​នៅ​ឯ​ទូរ​សព្ទ​ដៃ​ក៏​បន្លឺ​មក។
​គេ​លូក​ប្រអប់​ដៃ​ធំ​នោះ​ទៅ​លើក​មក​មើល….

​ចិញ្ចើម​គេ​ចង​ចូល​គ្នា​ ​ពេល​ឃើញ​អក្សរ​ច្រើន​លើស​ធម្មតា​…
«​ក្រុង​អ៊ី​ស្តង់​ប៊ុល​និង​រដ្ឋធានី​អង់ការ៉ា​ត្រូវ​វឹកវរ​ហើយ! Facebook​ Twitter និង ​YouTube ​ត្រូវ​ពួក​រដ្ឋប្រហារ​ផ្ដាច់​បាន​ទាំង​ស្រុង​! Whatsapp ​នេះ​មិន​ដឹង​នៅ​បាន​ដល់​ពេល​ណា​ទៀត​ទេ​!​ ស្ថានទូត​អាមេរិក​បាន​ព្រមាន​ពី​ការ​គំរាមកំហែង​របស់​ក្រុម​ភេរវជន​នៅ​ទូទាំង​ប្រទេស​នេះ​ ហើយ​ហាម​ពលរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទួរគី​! សូម​ជួយ​រឿង​មួយ! ជួយ​នាំ​គ្នា​យើង​ស្វែងរក​ទី​សុវត្ថិភាព បញ្ឈប់​ការ​ជប់លៀង​ពេល​នេះ ​ហើយ​រក​វិធី​ទៅ​កាន់​ស្ថានទូត​ដែល​នៅ​ជិត​ៗ​បំផុត! អូ​ខេ!?»

​គេ​ចុច​បិទ ​ហើយ​លើក​ទូរ​សព្ទ​មក​ចុច​។​
​ចុច​មិន​ចូល​ទេ មិន​ត្រឹមតែ​អនឡាញ ​ប៉ុន្តែ​ទូរសព្ទ​ប្រើ​ខ្សែ​ក៏​ដូចគ្នា។ ស្នូរ​ក្ឌុង​ក្ឌាំង ​និង​បាញ់​រប៉េះរប៉ោះ​លាន់​មកពី​ចម្ងាយ។
​ស្បៃ​រាត្រី​ដែល​ស្ងាត់​សូន្យ​នាំ​មក​នូវ​ការ​តឹងតែង​ចិត្ត។
​គេ​ចាប់ផ្ដើម​វិល​មក​អ្នក​ផ្ដល់​ដំណឹង​តាម​មធ្យោបាយ​ដដែល​គឺ​ WhatsApp ។​

គេ​ផ្អឹប​ទូរសព្ទ​ក្បែរ​មាត់​ ហើយ​និយាយ​មួយៗ​នឹងន៖
«​លោក​សាស្ត្រាចារ្យ! ​ខ្ញុំ​ត្រូវ​សុំ​ទោស​!​ ខ្ញុំ​មក​ដល់​អ៊ី​ស្តង់​ប៊ុល​ពីរ​ថ្ងៃ​ហើយ គឺ​មកលេង​មិត្តភ័ក្ដិ!​ គ្នា​យើង​៧​នាក់​ទៀត​នៅ​អង់ការ៉ា! ​តែ​ខ្ញុំ​សន្យា​!​ ខ្ញុំ​កំពុង​រក​វិធី​ទាក់ទង​ពួកគេ​ឱ្យ​ទៅ​រក​ស្ថានទូត​អាមេរិក ​ឬ​ការិយាល័យ​UN!»
​សាស្ត្រាចារ្យ​ហាក់​ស្លុត​នឹង​សម្ដី​នេះ គាត់​វាចា​តប​មក​វិញ​ដាច់​ៗ៖
«វិច្ឆិកា! ចង់​ប្រាប់​ថា​ពេល​នេះ លោក​កំពុង​នៅ​អ៊ីស្តង់ប៊ុល? តែ​ស្ថានទូត​នៅ​អង់ការ៉ា​ឯ​ណោះ!?​ អូ​ខេ! ខ្ញុំ​នឹង​ទាក់ទង​ទៅ​អង់ការ៉ា​សម្រាប់​និស្សិត​ផ្សេង​ទៀត! លោក​ខ្លួន​ឯង​ត្រូវ​ប្រាកដ​ថា​អាច​រំដោះ​ខ្លួន​ឯង រក​កន្លែង​សុវត្ថិភាព​សិន ​អូ​ខេ? ​បើ​ពេល​នេះ​លោក​នៅ​សណ្ឋាគារ ឆាប់​ចាកចេញ​មុន​ពេល​ពួក​ទាហាន​មក​ដល់!»

វិច្ឆិកា​បុរស​ខ្មែរ​វ័យ​២៨​ឆ្នាំ​ ជា​ប្រធាន​និស្សិត​អាស៊ាន​មក​ពី​ឈីកាហ្គោ។ ​គេ​បាន​ដឹកនាំ​កម្មសិក្សា​រយៈពេល​២​សប្ដាហ៍​មក​កាន់​ទួរគី ​ដោយ​មាន​សមាជិក​សរុប​៨​នាក់​មក​ជាមួយ។ ពួក​គេ​៧​នាក់​ទៀត​កំពុង​ប្រារព្ធ​ពី​ធី​ជប់លៀង​រាត្រី​ចុង​ក្រោយ​នៅ​រដ្ឋធានី​អង់ការ៉ា មជ្ឈមណ្ឌល​នយោបាយ​និង​ពាណិជ្ជ​កម្ម​ធំ​បង្អស់​របស់​ប្រទេស​នេះ។

​គេ​លូក​ទៅ​រាវ​រក​មើល​លិខិត​ឆ្លងដែន​ក្នុង​ថត​តុ ហើយ​យក​វា​មក​បោះ​ទុក​ក្បែរ​ដៃ។
​គេ​ដឹង​ថា ទិដ្ឋាការ​អាមេរិក​របស់​គេ គឺ​ជា​បញ្ហា​ដ៏​ធំ​ក្នុង​ពេល​នេះ។
​មុន​ពេល​គេ​ទាក់ទង​ទៅ​រក​មិត្តភ័ក្ដិ សំឡេង​សារ​លាន់​មក​ទៀត…. គឺ​សាស្ត្រាចារ្យ​ដដែល៖
«ទីស្នាក់ការ​កណ្ដាល​របស់​ CNN ​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​!​ លោក​គួរតែ​ទៅ​កាន់​ទីនោះ ឱ្យ​បាន​កាន់តែ​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន!»
«​ខ្ញុំ​អត់​អី​ទេ​! កុំ​បារម្ភ​!»
​គេ​ឆ្លើយ​ខ្លី​ពេល​ដៃ​រុញ​លិខិត​ឆ្លងដែន​ចូល​ក្នុង​ហោប៉ៅ​ ហើយ​ឈោង​ទៅ​ទាញ Laptop ​មក​បើក​រាវរក​ព័ត៌មាន…
​គ្រប់​យ៉ាង​នៅ​ Screen ធ្វើ​ឱ្យ​គេ​ទ្រឹង ​លែង​មាន​ចលនា​អ្វី​សកម្ម​តទៅ​ទៀត​បាន។

នៅ​លើ​កញ្ចក់​កុំព្យូទ័រ…..
«​រដ្ឋប្រហារ​បាន​ចាប់ផ្ដើម បង្កើត​ជា​ការ​ប្រទូសរ៉ាយ​រវាង​រដ្ឋាភិបាល​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​រាលដាល​ពី​ក្រុង​ធំ​អង់ការ៉ា រហូត​ដល់​អ៊ី​ស្តង់​ប៊ុល ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់! ស្ថានទូត​អាមេរិក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ទួរគី បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​គ្រប់​គោលដៅ ដូច​ជា​រោងភាពយន្ត ទីផ្សារ​បើក​ចំហ សេវា​អាកាសចរណ៍ ប្រព័ន្ធ​ដឹកជញ្ជូន​និង​ទីកន្លែង​សាធារណៈ​នានា​ ដែល​មាន​មនុស្ស​ប្រមូលផ្ដុំ​កកកុញ ដោយហេតុ​ថា ក្រុម​ភេរវជន​អាច​រើស​យក​ទី​ទាំងនោះ​ជា​កន្លែង​ដាក់​បំផ្ទុះ​ ហើយ​រួសរាន់​ទៅ​កាន់​ការិយាល័យ​ណាមួយ​ក៏​ដោយ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ខ្លួន​ដើម្បី​សុវត្ថិភាព!»

មាត់​គេ​ចាប់ផ្ដើម​និយាយ ​ទោះបី​ភ្នែក​នៅ​បន្ត​អាន ព្រោះ​ថា​គេ​ទាក់ទង​ទៅ​គោលដៅ​បាន​ហើយ​…..
«​អា​ឡូ! Isa ! ​ល្អ​ណាស់​!​ ទីបំផុត​​ទាក់ទង​នាង​បាន​ហើយ! ​ស្ដាប់​ខ្ញុំ! នាង​ត្រូវ​ប្រមូល​គ្នា​យើង​ទាំង​៧​នាក់​មក​ជុំ​គ្នា! ស្ថានការណ៍​មិន​សូវ​ល្អ​ទេ! ​តែ​ពួក​យើង​ត្រូវ​រឹងមាំ!»
​សំឡេង​ស្រី​វ័យក្មេង​សន្ទនា​មក​វិញ​ជា​ភាសា​អង់គ្លេស​ស្ទាត់​ជំនាញ៖
​«​ពួក​យើង​មក​ដល់​ស្ថានទូត​អាមេរិក​ហើយ​! ​ចុះ​លោក​នៅ​ឯ​ណា ​វិច្ឆិកា​? លោក​នៅ​ឯ​ណា​? ​តើ​លោក​គិត​ម៉េច​ដែល​នៅ​ម្នាក់ឯង​ក្នុង​កាលៈទេសៈ​បែប​នេះ​?!»

​ស្នូរ​កណ្ដឹង​ទ្វារ​បន្ទប់​លាន់​ច្រេក​ កាត់​ផ្ដាច់​ចម្លើយ​ដែល​នាយ​ប្រុង​ឆ្លើយតប។ គេ​និយាយ​ប្រាប់ ​Isa៖
«​ខ្ញុំ​អត់​អី​ទេ​! មាន​គេ​ហៅ​ទ្វារ ​ខ្ញុំ​ត្រូវ​ទៅ​ហើយ! ​មើល​គ្នា​យើង​ផង ​Isa ត្រូវ​ជួយ​គ្នា​ឱ្យ​បាន​ទៅ​ដល់​ប្រលាន​យន្តហោះ​កុំ​ឱ្យ​ខក​សំបុត្រ​ណា៎​!»
«​អត់​ទេ! លោក​កុំ​បិទ​ណា៎ ​វិច្ឆិកា! ​ទៅ​បើកទ្វារ​ទៅ! មើល​អ្នក​ណា​មក​រក​អី​? ពួក​យើង​ចង់​ដឹង ពួក​យើង​សុទ្ធតែ​បារម្ភ​ពី​លោក​!»

​គេ​អាក់​បន្តិច​ ហើយ​សម្លឹង​មក​ទូរ​សព្ទ​ទាំង​ស្រងូត​មុន​ពេល​ឆ្លើយ៖
«​អូ​ខេ!»
​គេ​ដើរ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ ហើយ​អោន​មើល​តាម​ប្រលោះ។
​គេ​និយាយ​ប្រាប់​មិត្ត​រួម​ក្រុម​តិចៗ​វិញ៖
«​បុគ្គលិក​សណ្ឋាគារ! ​គេ​ប្រហែល​ជា​ឡើង​មក​ជូន​ដំណឹង​រឿង​រដ្ឋប្រហារ!»
«​និយាយ​ជាមួយ​គេ​ទៅ ខ្ញុំ​ចាំ​ស្ដាប់!»

​វិច្ឆិកា​មួល​បើក​គន្លឹះទ្វារ។
​បុគ្គលិក​សណ្ឋាគារ​មាន​ទឹកមុខ​សស្លើត​ ហើយ​ចាប់​ផ្ដើម​និយាយ៖
«​សុំ​ជូន​ដំណឹង​ដល់​ភ្ញៀវ​ពី​បម្រាម​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​នេះ! ដូច្នេះ​ដើម្បី​សុវត្ថិភាព សូម​ភ្ញៀវ​ស្នាក់​នៅ​ក្នុង​បន្ទប់ ​រហូត​ដល់​សភាព​ការណ៍​ស្ងប់​ជាង​នេះ​សិន!»
​កំលោះ​ជា​ភ្ញៀវ​នៅ​រក្សា​ការ​ស្ងាត់​ស្ងៀម​ពិចារណា ចំណែក​អ្នក​ជូន​ដំណឹង​រៀប​នឹង​ចាកចេញ​ទៅ​វិញ ប៉ុន្តែ​នាយ​យើង​កាត់​គាត់​ ហើយ​សួរ​វិញ៖
«​ក្បែរៗ​នេះ​មាន​ភ្ញៀវ​ស្នាក់​នៅ​ដែរ​ទេ​?!»
«​អូ​! ជាន់​នេះ​គ្មាន​ទេ​! ពួកគេ​ចាកចេញ​ពី​ព្រលប់​អស់​ហើយ​!»

​គេ​ជ្រួញ​ចិញ្ចើម ​ហើយ​បន្លឺ​សួរ​រហ័ស​ស្មើ​ចម្ងល់៖
«​មាន​ន័យ​ថា ពួក​គេ​ដឹង​រឿង​មុន?»
​បុគ្គលិក​សណ្ឋាគារ​នៅ​ស្ងៀម​ញាក់​ស្មា​មិន​និយាយ​អ្វី ប្រធាន​និស្សិត​សួរនាំ​បន្ថែម​ ហេតុតែ​មិន​អស់​ចិត្ត៖
«​ចុះ​ពេល​នេះ ​ខ្ញុំ​ចង់​ចាក​ចេញ​ក៏​ពួក​លោក​គ្មាន​សិទ្ធិ​ឃាត់​ខ្ញុំ​ដែរ​មែន​ទេ?»
​បុគ្គលិក​ដកដង្ហើម​ធំ នៅ​ស្ងាត់​បន្តិច​ទើប​ឆ្លើយ៖
«​ពួក​យើង​គិត​ពី​សុវត្ថិភាព​លោក! បុគ្គលភាព​លោក​មក​ពី​សហរដ្ឋអាមេរិក វា​មិន​អំណោយផល​សម្រាប់​លោក​បង្ហាញ​ខ្លួន​ក្នុង​សភាពការណ៍​វឹកវរ​ខាង​ក្រៅ​ទេ​!»
«​តែ​ខ្ញុំ​ជា​ពលរដ្ឋ​កម្ពុជា​!​ ខ្ញុំ​គ្រាន់តែ​រៀនសូត្រ​នៅ​អាមេរិក​ប៉ុណ្ណោះ!!»

​បុគ្គលិក​ទួរគី​សម្លឹង​នាយ​ពី​លើ​ដល់​ក្រោម ​ទំនង​ជា​ស្ងើច​នឹង​ភាសា​អង់គ្លេស​បែប​អាម៉េរិកាំង​ដ៏​ល្អ​នេះ​ហើយ​ទើប​និយាយ​ទាំង​តឹង​ចិត្ត​៖
«​អ្វី​ក៏​ដោយ​! ក្នុង​ភាព​ព​ប្រទូសរ៉ាយ​ គ្មាន​អ្នកណា​ដឹង​ថា​ លោក​ជា​ពលរដ្ឋ​មក​ពី​ណា​ទេ​!​ គេ​គ្មាន​ពេល​ពិចារណា​ឡើយ​!​ យក​ល្អ​រក​កន្លែង​មាន​សុវត្ថិភាព! អឺ​នែ៎! តាម​ថា​លោក​គួរតែ​បារម្ភ​ថា​ សណ្ឋាគារ​នេះ​លែង​ទទួល​ឱ្យ​លោក​ស្នាក់នៅ​ដើម្បី​ជៀស​ពី​ការ​ចាប់​កំហុស​!​ តែ​នេះ​យើង​មាន​វិន័យ​រក្សា​សុវត្ថិភាព​ភ្ញៀវ​!​ សូម​លោក​ស្ដាប់​យោបល់​ពួក​យើង​!»

​សំឡេង​ហៅ​តាម​ទូរ​សព្ទ​លាន់​មក​ល្វើយៗ គឺ ​Isa​ ហៅ​នាយ​។​ បុគ្គលិក​ទួរគី​ដៀង​ភ្នែក​ទៅ​រក​ទូរ​សព្ទ​ក្នុង​ប្រអប់ដៃ​នាយ ហើយ​ចាប់ផ្ដើម​ទូន្មាន៖
«​យក​ល្អ បើ​លោក​និយាយ​អង់គ្លេស​តាម​ទូរ​សព្ទ កុំ​និយាយ​អ្វី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ពេល​នេះ ពុំ​នោះ​ទេ លោក​នឹង​ត្រូវ​គេ​មក​រក​ចាប់​ខ្លួន​ដល់​ទី​នេះ ​ត្រឹម​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ​! ហើយ​មួយ​ទៀត ទុក​អត្តសញ្ញាណ​គ្រប់​យ៉ាង​ណា​ដែល​បញ្ជាក់​ថា​ លោក​ជា​ជន​ស៊ីវិល​ មិន​មាន​ពាក់ព័ន្ធ​អ្វី​នឹង​សេអ៊ីអា!​លិខិត​ឆ្លង​ដែន​កុំ​ឱ្យ​ឃ្លាត​ពី​ខ្លួន ​ព្រោះ​ទាហាន​អាច​នឹង​ឡើង​មក​ឆែកឆេរ​ទីនេះ​គ្រប់​ពេល! គ្មាន​អត្តសញ្ញាណប័ណ្ណ​នឹង​ធ្វើ​ឱ្យ​លោក​ទទួល​ទោស​ឥត​ប្រកែក​បាន!»

​មុន​ពេល​បុគ្គលិក​បែរ​ខ្លួន​ដើរ​ទៅ ប្រធាន​និស្សិត​ប្រញាប់​សំណូមពរ​៖
«​ជើង​យន្តហោះ​ខ្ញុំ​គឺ​រសៀល​ស្អែក រយៈពេល​នេះ​ជួយ​រក​តាក់ស៊ី​មួយ​ឱ្យ​ខ្ញុំ​បាន​ចេញ​ទៅ​ ចាំ​នៅ​ប្រលាន​ឱ្យ​ហើយ​ក៏​បាន​! ​ជួយ​ខ្ញុំ​ទៅ​! ​ខ្ញុំ​មិន​ចង់​ខក​ជើង​ទេ​!»
«​ខ្ញុំ​នឹង​ប្រឹង​អស់​ពី​លទ្ធភាព​! តែ​ប្រាប់​តាម​ត្រង់​កុំ​ថា​តាក់ស៊ី ជុំវិញ​នេះ​១០​គីឡូ​តែ​កង់​មួយ​ក៏​លោក​រក​មិន​បាន​ដែរ​!»
​នរៈ​ឈរ​ភាំង​ ពេល​ដែល​គិត​ទៅ​ដល់​រឿង​ខក​យន្តហោះ​។​ បុគ្គលិក​ចាក​ចេញ​ទៅ​បាត់​យូរ​បន្តិច​ ទើប​គេ​នឹក​ឃើញ​លើក​ទូរ​សព្ទ​មក​ស្ដាប់។ ប៉ុន្តែ ​Isa ​មិន​នៅ​ទីនោះ​ទៀត​ទេ​។

​គេ​ទាក់ទង​ទៅ​វិញ​ច្រើន​ដង គ្មាន​សញ្ញា​អាច​ទំនាក់ទំនង​បាន​ឡើយ​។​
​គេ​ដក​ថយ​មក​រក​កុំព្យូទ័រ ទាំង​សញ្ជឹងគិត​អន្ទះសា​ថា ឬមួយ​សូម្បី​ទូរ​សព្ទ​ដៃ​ក៏​លែង​ទាក់ទង​គ្នា​បាន​?
​ដៃ​ម្ខាង​គេ​ស្រាត​ខោ​ដំណេក​វែង​នោះ​ចេញ ហើយ​ឈោង​ទៅ​ទាញ​ខោ​ខោវប៊យ​នៅ​លើ​ទំ​ពក់​ឈើ។ គេ​ស្លៀក​បណ្ដើរ​ ផ្ទៀង​រង់ចាំ​ព័ត៌មាន​នៅ​លើ​កុំព្យូទ័រ…..

«​នៅ​ម៉ោង​១១​ព្រឹក​មិញ​នេះ​ ឧទ្ធម្ភាគចក្រ​កងកម្លាំង​រដ្ឋប្រហារ​បាន​ទម្លាក់​គ្រាប់បែក​នៅ​ចំ​ទីស្នាក់ការ​កណ្ដាល​កងទ័ពអាកាស​ទីក្រុង​អង់កា​រ៉ា!​ ការវាយប្រហារ​នេះ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​៤២​នាក់​ និង​៤៣​នាក់​ផ្សេង​ទៀត​រង​របួស! ពួកគេ​បាន​លុកលុយ​ចូល​ដល់​អគារ​ទូរទស្សន៍​និង​វិទ្យុ​រដ្ឋ​របស់​សាជីវកម្ម​ទួរគី (TRT) ក្នុង​ទីក្រុង​អង់ការ៉ា​ ហើយ​បាន​កាន់កាប់​ទីនោះ!​»
«CNN​ នៅ​អ៊ី​ស្តង់​ប៊ុល​នេះ​!»
វិច្ឆិកា​រអ៊ូ​តិចៗ ហើយ​ទាញ​ខ្សែ​ក្រវាត់​មក​ស៊ក​ ព្រមទាំង​ដោះអាវ​រាត្រី​ចេញ​ បង្ហាញ​រាងកាយ​ណែន​សង្ហា​របស់​គេ។

​គេ​ដើរ​ទៅ​ក្បែរ​ទូរ​រក​អាវ​យឺត​ក្រាស់​ដៃ​វែង​ ដែល​សមស្រប​សម្រាប់​ការ​ធ្វើ​ដំណើរ ព្រម​ទាំង​ចាប់ផ្ដើម​ទាញ​វត្ថុ​ចាំបាច់​ខ្លះ​មក​ញាត់​ក្នុង​សាក់​កាដូ។
​គេ​ប្រមូល​លុយ​កាក់ ​និង​កាបូប​តូច​ ស្រប​ពេល​ដែល​ទ្វារ​ត្រូវ​បាន​គោះ​ញាប់​រន្ថើន។
​ប្រធាន​និស្សិត​ជ្រួញ​ចិញ្ចើម ព្រោះ​ការ​ប្ដូរ​ពី​ចុច​កណ្ដឹង​មក​ជា​គោះទ្វារ ហាក់​មិន​សមស្រប​នឹង​ស្ថានការណ៍។
​គេ​នៅ​ស្ងៀម​ដំអក់​រក​មធ្យោបាយ​ទាំង​ដឹង​ហើយ​ថា បន្លាយ​ពេល​មិន​បាន​យូរ​ប៉ុន្មាន​ទេ នេះ​បើ​តាម សន្ធឹក​កម្លាំង​ដៃ​អ្នក​គោះ។
«Wait!»

​នាយ​យើង​បញ្ចេញ​ភាព​មិន​សប្បាយចិត្ត​តាម​សព្ទ​សំឡេង​ឆ្លើយ​ ហើយ​ដើរ​មួយៗ​ទៅ​រក​ទ្វារ​តាម​ចរិត​អ្នក​ដែល​មិនបាន​ធ្វើ​អ្វី​ខុស។
​គេ​មួល​សោ​របើក ហើយ​សម្លឹង​ទៅ​រក​បុរស​មាឌ​ធំ​បី​នាក់​នៅ​ពីក្រោយ​ទ្វារ។
​ពួកគេ​ជា​ទាហាន​……
​ប្រធាន​និស្សិត​សម្លឹង​ទៅ​ឯកសណ្ឋាន​លើ​ខ្លួន​ពួក​គេ ហើយ​បញ្ចប់​ភ្នែក​លើ​កាំភ្លើង​វែង​លើ​ដៃ​ទាហាន​ពីរ​នាក់​ដែល​នៅ​ឈរ​ក្រោយខ្នង​អ្នក​គោះទ្វារ​។​
«​ប៉ុន្មាន​នាក់​?»
​អ្នក​គោះទ្វារ​ជា​បុរស​វ័យ​កណ្ដាល ដែល​មិន​ត្រឹមតែ​មាន​ទឹកមុខ​អាក្រក់ ​ថែម​ទាំង​សម្ដី​ទ្រ​គោះ ប៉ុន្តែ​ភាសា​អង់គ្លេស​ច្បាស់​ល្អ​ណាស់​។​
«Alone!»

វិច្ឆិកា​តប​វិញ​វា​ហី ហើយ​ងើយ​សម្លឹងមុខ​ជន​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ខ្លួន​នេះ។
​ប្រធាន​និស្សិត​ទំនង​ជា​មិន​ទាន​ទទួលយក​ស្ថានការណ៍​ពិត​បាន​ទេ​ ហើយ​នៅតែ​មាន​ចិត្ត​ប្រកាន់​ថា បី​នាក់​នេះ​មាន​ចរិត​ព្រហើន​ ហើយ​លុកលុយ​រុករាន​ទី​ឯកជន​របស់​ខ្លួន​ដែល​ជា​សញ្ញា​ខុស​ពេញទី ​ដូច្នេះ​ហើយ​បាន​ជា​នាយ​យើង​ធ្វើ​ចរិត​មិន​ចុះ​ញ៉ម​ដាក់​វិញ​។​
«​អត់​ទេ​!»
​អ្នក​សួរ​នោះ ប្រកែក​មិន​ព្រម​ទទួលយក​ចម្លើយ​របស់​នាយ ធ្វើ​ឱ្យ​វិច្ឆិកា​ជ្រួញ​ចិញ្ចើម។

​រហូត​ដល់​បុរស​នោះ​បូញ​មាត់​ទៅ​ក្នុង​បន្ទប់ ​ទើប​គេ​សង្ស័យ ​ហើយ​បែរ​ក្រោយ។
​នៅ​ក្រោម​វាំងនន​បាំង​បង្អួច​ គេ​ឃើញ​ស្បែកជើង​ប៉ា​តា​មួយ​គូ​ពណ៌​ផ្កាឈូក ហើយ​បន្ទាប់​មក​កំភួន​ជើង​តូច​ស​ហ្មត់។
​វិច្ឆិកា​ចំហ​មាត់ សម្លឹង​ទៅ​ទី​នោះ​ព្រោះ​ស្លុត។
​អ្នក​ណា​នៅ​ពី​ក្រោយ​នោះ ហើយ​ទំនង​ជា​មនុស្ស​ស្រី​។
«​អ្នក​ណា​ពួន​ក្រោយ​វាំងនន?!»

​ទាហាន​សម្លុត ពេល​ដែល​វិច្ឆិកា​គ្មាន​ពាក្យ​និយាយ​ ព្រោះ​នាយ​កំពុង​ស្រឡាំងកាំង​នឹង​ចំណោទ​ជា​ច្រើន​ថា ហេតុ​អ្វី​ទីនេះ​មាន​មនុស្ស​ស្រី? នាង​ចូល​មក​ធ្វើ​អ្វី? ​ហើយ​ចូល​មក​តាម​វិធី​ណា? ហើយ​មិញ​នេះ​ មិញ​នេះ​យើង​បាន​ស្រាត​ខោ​ទៀត នាង​បាន​ឃើញ​អ្វីខ្លះ​?
​ស្រមោល​មួយៗ​បង្ហាញ​សន្សឹម​ៗ​ក្រោយខ្នង ធ្វើ​ឱ្យ​វិច្ឆិកា​ងាក​ទៅ​មើល​ទាំង​មុខ​ក្រហម។

​ស្រី​តូច​ច្រមក់​ជនជាតិ​អាស៊ី​ម្នាក់​ពិតជា​បាន​ពួន​ក្រោយ​នោះ ហើយ​នាង​ជា​ម្ចាស់​ស្បែកជើង​ពណ៌​ផ្កាឈូក​ និង​កំភួនជើង​តូច​រាវ​នេះ​ឯង។
«​ម៉េច​ផ្ដល់​ចម្លើយ​ក្លែងក្លាយ?»
​វិច្ឆិកា​មិន​រវល់​នឹង​អ្នក​សួរ តែ​គេ​ដើរ​ចូល​មក​រក​នារី​តូច​ ហើយ​សួរ​ស្រាល​ៗ៖
«​នាង​ជា​អ្នក​ណា?»
​នាង​មាន​ផ្ទៃមុខ​ស​ស្លេក​ ហើយ​សម្លឹង​នាយ​តប​។ ជាមួយ​ភ្នែក​ម៉ក់ៗ ​នាង​មិន​និយាយ​អ្វី​ទាំងអស់​ក្រៅតែ​ពី​មើល​មុខ​នាយ។

​នាយ​ប្ដូរ​ពី​អង់គ្លេស​ទៅ​បារាំង​ ហើយ​សួរ​ទៀត៖
«​ជនជាតិ​អី​?​ នាង​ចេះ​អង់គ្លេស​ទេ? ​ខ្ញុំ​សួរ​ថា នាង​ចូល​មក​ទីនេះ​របៀប​ម៉េច? ​នាង​កំពុង​នាំ​ទុក្ខ​ដល់​ខ្ញុំ​ណា៎!»
​នារី​នោះ​ថ្លោះ​ទឹកមុខ​ហាក់​ភ័យ​ជាង​មុន​ តែ​នៅ​សម្លឹង​មក​ប្រុស​ស្អាត​ឡិងឡង់​ចុះ​ឡើង មាត់​មិន​និយាយ​អ្វី​ចេញ ធ្វើ​ឱ្យ​ប្រធាន​និស្សិត​តឹងទ្រូង​ស្ទើរ​ប្រេះ។
​ទាហាន​ឈាន​ចូល​មក​មួយ​ជំហាន​ក្នុង​បន្ទប់ ​ហើយ​ស្រែក​គំហក​ទាំង​ខឹង​៖
«​ខ្ញុំ​មាន​សិទ្ធិ​នាំ​អ្នក​ទាំង​ពីរ​ទៅ ពី​ការ​លាក់កំបាំង​ព័ត៌មាន​!​»
​វិច្ឆិកា​បែរ​ក្រោយ​តប​យ៉ាង​រហ័ស​៖
«​ខ្ញុំ​មិន​ដែល​ស្គាល់​គេ​ទេ! ​គេ​លួច​ចូល​បន្ទប់​ខ្ញុំ​!»
«​មក​ពី​ខ្ញុំ​ត្រូវ​គេ​តាម​ចាប់​!»

​នាង​ឆ្លើយ​ខ្សាវៗ កាត់​សង្វាក់​ភាព​អន្ទះសា​របស់​នាយ​ ហើយ​ឆ្លើយ​ជា​ភាសា​ខ្មែរ​ទៀត ធ្វើ​ឱ្យ​ប្រុស​ស្អាត​បើកភ្នែក​ធំៗ ​ហើយ​ងាក​មក​រក​ស្រី​តូច​វិញ​ខ្វាច់។
​គេ​ប្រហែល​ជា​តក់ក្រហល់​ពេក ឬមួយ​នាង​ស​ពេក បាន​ជា​គេ​មិន​គិត​ថា​ នាង​ជា​ជន​រួម​ជាតិ​របស់​ខ្លួន។ ​គេ​បើក​ភ្នែក​ធំៗ​ពីលើ​ដល់​ក្រោម​។​
​ស្ថានភាព​នាង​ដែល​កំពុង​បញ្ចេញ​ភាព​ព្រួយបារម្ភ​ខ្វល់ខ្វាយ​ ហើយ​កែវភ្នែក​ស្រី​តូច​ផ្ដោត​មក​ក្នុង​ប្រស្រី​ភ្នែក​គេ បាន​ទាញ​បេះដូង​គេ​ឱ្យ​អាណោច​អនេក។
«​សុំ​លិខិតឆ្លងដែន​!»
​ពួកគេ​នៅ​ភាំង​ បាន​ជា​ទាហាន​នោះ​គំហក​ម្ដង​ទៀត៖
«​សុំ​ឆែក​លិខិតឆ្លងដែន​!»

​បុរស​រេ​ភ្នែក​ទៅ​រក​លិខិតឆ្លងដែន​របស់​ខ្លួន​ ហើយ​លូក​យក​មក​ហុច​ឱ្យ​ទាហាន​។​ ពេល​ដែល​ទាហាន​នោះ​ឱន​ពិនិត្យ​មើល​ឯកសារ​នោះ ​វិច្ឆិកា​ងាក​មក​រក​ស្រី​តូច​ ហើយ​ខ្សឹប​តឿ​ន​៖
«​ឱ្យ​ប៉ាសស្ព័រ​មក​!»
​នាង​នៅ​ស្ពឹក​ស្ទក់​ មុន​ពេល​គ្រវីក្បាល​យឺតៗ។

​បេះដូង​ប្រធាន​និស្សិត​ហាក់​ដូច​កំពុង​របូត​ជ្រុះ​ធ្លាក់​ដល់​ដី។
​គេ​មិច​ភ្នែក​ជា​សញ្ញា​ហួស​ចិត្ត ក៏​ជា​សំណួរ​គ្មាន​សំឡេង​ថា «​កុំ​ប្រាប់​ថា អត់​មាន​លិខិតឆ្លងដែន​ណា៎! នាង​កំពុង​សម្លាប់​ខ្ញុំ!»
​នាង​ងក់​ក្បាល​ផ្ងក់ៗ​​​បញ្ជាក់​ថា​ នាង​ពិត​ជា «គ្មាន​លិខិត​ឆ្លងដែន​មែន!»។
«Give me your passport !!»

​បុរស​ទាហាន​និយាយ ​ហើយ​បែរ​ទិស​ដើរ​តម្រង់​ទៅ​រក​នាង។
​នៅ​ទីនេះ ការ​ស្នាក់​នៅ​ដោយ​គ្មាន​លិខិតស្នាម​ជា​បទល្មើស​ធំ​មួយ។ ​ចំណែក​ឯ​ស្ថានភាព​នយោបាយ​ក្រឡាប់​ចាក់​ចលាចល​នេះ​ទៀត ការ​ក្លាយ​ជា​អ្នកទោស​ត្រូវ​ចាប់ខ្លួន ពុំ​មែន​ជា​រឿង​ពិបាក​កើតឡើង​នោះ​ទេ​។​

គេ​មើល​ទៅ​នាង​ជា​ស្រី​ខ្មែរ​ម្នាក់​តូច​ច្រមក់​ថ្នាក់​នេះ ​គឺ​ដូចជា​កម្ទេច​ល្អង​ធូលី​ក្នុង​លំហ​ភ្លើង​សង្គ្រាម​។​
«​ប្រាប់​គេ​ទៅ លិខិតឆ្លងដែន​នាង​នៅ​ឯ​ណា​!»​
គេ​តឿន​ខ្សឹបៗ ​តែ​ចិត្ត​អន្ទះសា​សែន​អន្ទះសា។
​នាង​វិញ​នៅ​បន្ត​យឺតយ៉ាវ​ ហើយ​ឆ្លើយតប​ខ្សាវៗ​៖
«​ជ្រុះ​ជាមួយ​អាវ​ក្រៅ​របស់​ខ្ញុំ​! ​គង់តែ​រក​ឃើញ​វិញ​ទេ!»

​ហួសចិត្ត គេ​ច្រត់​ដៃ​និយាយ តប​ទាំង​សើច​មិន​ចេញ​៖
«​គង់តែ​រក​ឃើញ​វិញ​អ្ហី​? ទៅ​រក​ក្នុង​គុក​មែន​អត់​!?»
​ទាហាន​ស្រែក​សម្លុត៖
«​គ្មាន​ពេល​ស្ដាប់​ពួក​ឯង​និយាយ​ភាសា​ស្អី​ឯង​នោះ​ទេ! ​ថយ​ចេញ!»
​គេ​វាស​វិច្ឆិកា​ចេញ​ ហើយ​ដើរ​កម្រោល​ទៅ​រក​នាង​តូច ​ធ្វើ​ឱ្យ​បុរស​ខ្មែរ​មិន​អាច​ទ្រាំ​មិន​ធ្វើ​អ្វី​ម្យ៉ាង​នោះ​ទេ។

«​ឈប់​សិន! នាង​គេច​ពី​ចលាចល នាង​ជ្រុះ​អាវ​ក្រៅ​តាម​ផ្លូវ ប៉ាសស្ព័រ​នាង​នៅ​ទីនោះ​!»
​ទាហាន​វាស​គេ​ចេញ​សាជាថ្មី តែ​ត្រូវ​គេ​ចាប់​កដៃ​ជាប់។
​វិច្ឆិកា​មិន​ដឹង​ដែរ​ថា ហេតុ​អី​ក្នុង​ស្ថានភាព​នេះ គេ​ចេញ​កាយវិការ​តបត​បែប​នេះ​មក​បាន តើ​គេ​បារម្ភ​សុវត្ថិភាព​ក្មេង​ស្រី​នេះ​ ព្រោះ​នាង​គួរ​ឱ្យ​អាណិត ឬមួយ​ដោយសារតែ​នាង​មាន​ជាតិ​សាសន៍​ដូច​ខ្លួន​។​

​ទាហាន​ពីរ​នាក់​ទៀត​ស្ទុះ​ចូល​មក​ជាមួយ​នឹង​កាណុង​កាំភ្លើង​ភ្ជង់​នាយ។
​នៅ​ពី​ចំហៀង​ភ្នែក​ប្រធាន​និស្សិត គេ​ឃើញ​ស្រី​តូច នោះ​ចូល​មក​យឺតៗ ហើយ​និយាយ​មួយៗ​៖
«​ចាប់​ខ្ញុំ​ម្នាក់​បាន​ហើយ​!​ គេ​នេះ​មិន​ដឹង​រឿង​ទេ គេ​នេះ​ត្រូវ​ខ្ញុំ​លួច​ចូល​មក​ទេ!​»
​ទាហាន​ដែល​ចូល​មក​មុនគេ​នោះ​ កន្ត្រាក់​ដៃ​ដែល​ត្រូវ​បុរស​ខ្មែរ​ចាប់​នោះ​ទាំង​កម្រោល ​ហើយ​ស្រែក​បញ្ជា៖
«​នាំ​ទៅ​ទាំង​ពីរ​នាក់​!»
​ក្រោម​កាណុង​កាំភ្លើង ប្រធាន​និស្សិត​និង​នារី​តូច​ច្រមក់​ត្រូវ​នាំ​ចេញ​ទៅ​ ទាំង​គ្មាន​ពេល​សូម្បី​តែ​យក​អ្វី​បាន​មក​ជាប់​ខ្លួន​ ក្រៅតែ​ពី​សម្លៀក​បំពាក់​មួយ​ចង្កេះ។

​រថយន្ត​តូច​ដែល​នាំ​ខ្លួន​យុវវ័យ​កម្ពុជា​ទាំង​ទ្វេ​បោល​លឿន​ស្លេវ​លើ​ស្ពាន​ប៊ី​រី​ន​ស៊ី (Birinci) ដែល​បិទ​បម្រាម​គោចរ មួយ​ចំហៀង​ដោយ​ឡាន​ធំៗ​របស់​ទាហាន​ជា​របាំង​ ចំណែក​មួយ​ចំហៀង​ទៀត​ស្ទះ​ណែន​ដោយសារ​ភាព​ចលាចល​របស់​ពលរដ្ឋ​ ដែល​ធ្វើដំណើរ​ចល័ត​គេចខ្លួន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។​
​ស្រី​តូច​នៅ​អង្គុយ​ខាងក្រោយ​ជាមួយ​ប្រធាន​និស្សិត ​និង​មាន​ទាហាន​ម្នាក់​នៅ​អម​ខាង​ស្ដាំ។ ​នាង​ខំ​មើល​នាយ ឯ​នាយ​ផ្ដោត​អារម្មណ៍​តែ​នៅ​លើ​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​ ដែល​ត្រូវ​ទាហាន​មេ​គេ​នោះ​បោះ​ទុក​នៅ​ក្បែរ​កញ្ចក់​ខាង​មុខ។

«​បំណង​វា​មិនមែន​ចង់​ឆែក​ថា​ យើង​ជា​អ្នក​ណា​មក​ពី​ណា​ទេ គឺ​ចង់​ចាប់​យើង​តែ​ម្ដង!»
​នាយ​រអ៊ូ​តិចៗ នាង​កាន់​តែ​ដកដង្ហើម​តឹង​ណែន។ ពេលវេលា​ចេះ​តែ​កន្លង​ទៅ​…រថយន្ត​បាន​ចាកចេញ​ឆ្ងាយ​ណាស់​ហើយ​ពី​អ៊ី​ស្តង់​ប៊ុល​ ឯ​សេចក្ដី​សង្ឃឹម​ថា​អាច​ទាន់​ជើង​យន្តហោះ​ ឬ​ទៅ​ជ្រក​កោន​នៅ​បណ្ដាញ​ទូរទស្សន៍ ​CNN​ បាន​រលាយ​ទៅ​តាម​ស្រទាប់​សន្សើម​ព្រហាម​នៃ​ថ្ងៃ​ថ្មី​។​
​នារី​តូច​ដឹងខ្លួន​ឡើង​វិញ​សន្សឹម​ៗ​ទាំង​ពោះ​កូរ​ហេវ​ហត់។

​នាង​មិន​បាន​ដឹង​ទេ​ថា នាង​ដេក​លក់​ពី​ថ្មើរ​ណា​ ហើយ​កើយ​ស្មា​បុរស​ខ្មែរ​ដ៏​ស្រស់​សង្ហា​នេះ។
​នាង​ឃើញ​ទាហាន​ពីរ​នាក់​ដែល​អង្គុយ​ខាង​មុខ​ចែក​នំ​គ្នា​ទំពា ​ហើយ​ម្ដងម្កាល​ងាក​មក​សម្លឹង​ចំអក​ពួក​នាង។

​គេ​បោះ​នំ​និង​ទឹក​មក​ឱ្យ​គ្នា​គេ ​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ក្រោយ​ក្បែរ​វិច្ឆិកា​ ដោយ​មិន​រវល់​ពី​ការ​ស្រេក​ឃ្លាន​របស់​អ្នក​ទាំង​ពីរ​ឡើយ។
​សំឡេង​បុរស​លាន់​មក​ដោយ​ទោមនស្ស៖
«​វា​មិន​ទុក​ពួក​យើង​ជា​មនុស្ស​ដែរ​ទេ​?»
​នាង​អាណិត​បុរស​នេះ​ដែល​សុខៗ​មក​រងកម្ម​ព្រោះ​នាង។ ស្រី​តូច​រអ៊ូ​ខ្សឹបៗ៖
«​មក​ពី​ខ្ញុំ​បាន​ជា​បង​ឯង​ត្រូវ​គេ​ចាប់​មក​ដែរ!»
«​ដឹងខ្លួន​ល្អ​ហើយ! ​បន្ទប់​ច្រើន​ណាស់​គ្មាន​មនុស្ស​នៅ ​មិន​ទៅ​ពួន មក​ចូល​អី​បន្ទប់​ខ្ញុំ?»
«​មក​ពី​ខ្ញុំ​សួរ​គេ​រក​ភ្ញៀវ​ខ្មែរ!»
«​អ្ហើយ​កោត​ណាស់! ចេះ​យក​អត្តសញ្ញាណ​ភ្ញៀវ​ឱ្យ​មនុស្ស​ចម្លែក​កើត​!»
«​ដូច​ខ្ញុំ​នេះ​ បង​ឯង​ទុក​ថា​មនុស្ស​ចម្លែក??​!»

​វិច្ឆិកា​ដកដង្ហើម​ធំ ​លែង​តបត​និយាយ​ស្គី​។ ឃើញ​គេ​​មិន​មាត់​ នាង​ក៏​បន្ត​ប្រាប់៖
«​គេ​ក៏​មិន​បាន​ប្រាប់​អ្វី​ ហើយ​ថា​ចាំ​គេ​សួរ​បង​ឯង​សិន​ថា ​ស្គាល់​ខ្ញុំ​អត់​!»
«​មិន​ឃើញ​មាន​អ្នកណា​សួរ​ទាំង​អស់​!​ ក្មេង​កុហក!»
​គេ​រអ៊ូ​ធ្វើ​មុខ​មិន​សប្បាយ​ចិត្ត។ ​ស្រី​តូច​យល់​ថា មិន​អាច​លាក់​បាន ​ក៏​ព្រម​សារភាព​ដោយ​និយាយ​ខ្សាវៗ៖
«​ពេល​គេ​ចុច​លេខ​ទូរ​សព្ទ​ទៅ​បន្ទប់​បង​ឯង ​ខ្ញុំ​លប​ឃើញ​លេខ​បន្ទប់​តាម​ម្រាមដៃ​គេ​នោះ ហើយ​រត់​ឡើង​មក​តែ​ម្ដង!»
​គេ​ហួស​ចិត្ត​បើកភ្នែក​ធំៗ​ ពេល​ស្ដាប់​ឮ​ និង​នឹក​ស្រមៃ​ទៅ​ដល់​កាយវិការ​ដ៏​រលាម​របស់​នាង។
«​អ្ហូ​​ ចោរ​ចំណាប់​តើ​នៀក?»
«​អ្នក​ណា​ចោរ?»​ នាង​បូញ​មាត់​ធ្វើ​ភ្នែក​ម៉ក់ៗ។

«​គ្រាន់​តែ​មើល​ម្រាមដៃ ​ដឹង​លេខ​បន្ទប់​អស់ បើ​មិន​ចោរ​ស្អី​វិញ​ទៅ​!​ ឱ្យ​ហៅ​អ្នកនាង​តូច​?»
«​ត្រូវ​ហើយ! ខ្ញុំ​ជា​អ្នក​នាង​តូច​!​ និយាយ​ស្ដី​ឱ្យ​ចេះ​ក្រែង​ចិត្ត ក្រែង​កិត្តិយស​!»

​បុរស​ពេបមាត់​ ព្រោះ​ហួសចិត្ត​នឹង​នាង ​ដែល​មិន​ដឹង​បន្តិច​ទៀត​បាន​រស់​ឃើញ​ពិភពលោក​ឬ​អត់​ បែរ​ជា​មាន​ពេល​មក​តម្កើង​ឫកពា​ដាក់​នាយ​ទៀត។
«​អូ​! អ្នក​នាង​តូច ឡូយ​ដល់​ហើយ​!​ ឯណា​បរិវារ​!​ កុំ​ប្រាប់​ថា​យក​ម្នាក់​នេះ​ធ្វើ​ជា​បរិវារ​ណា​?​ អត់​ធ្វើ​ទេ​!​ស៊យ​គ្រប់​ហើយ​!!»

​គេ​ដូច​ចង់​និយាយ​ថា នាង​ជា​អ្នក​នាំ​ស៊យ​អ៊ីចឹង។ នាង​ក្ដាប់​មាត់​អន់ចិត្ត​ជា​ខ្លាំង៖
«​ស្អី​គេ​បង​ឯង?»
​ប្រុស​ស្អាត​មិន​ទាន់​បាន​ហា​មាត់​តបត​ផង ទាហាន​នៅ​ខាង​មុខ​ងាក​មក​គំហក​កាត់​ជា​ភាសា​អង់គ្លេស៖
«Shut up!!»
​វា​សម​មុខ​ហើយ ដែល​កំពុង​ត្រដរ​ជីវិត​នៅ​ឆ្លៀត​ឈ្លោះ​គ្នា​បាន​។ នេះ​ជា​អ្វី​ដែល​ប្រុស​ស្រី​កម្ពុជា​ទាំង​ពីរ​គិត​ ហើយ​ពួកគេ​បែរ​មក​នៅ​ស្ងៀមស្ងាត់​វិញ​ សម្លឹង​ដង​ផ្លូវ​ដែល​ប្រែ​សន្សឹម​ៗ​ពី​ព្រហាម​មក​ថ្ងៃត្រង់។
​ការ​ពិត​ពេល​នេះ គឺ​បាយ​សូម្បីតែ​មួយ​គ្រាប់​ក៏​គ្មាន​ក្នុង​ពោះ​ទាំង​ពីរ​នាក់។

​សាជាថ្មី​ ពួក​ទាហាន​ចាប់ផ្ដើម​បោះ​នំ​ឱ្យ​គ្នា​វា មុន​ពេល​បោះ​ទឹក​សុទ្ធ​មួយ​ដប​មក​ឱ្យ​វិច្ឆិកា។
​គេ​ទទួល​ដោយ​អំណរ​ ស្រាប់តែ​ឃើញ​នាង​តាម​សម្លឹង​ដោយ​ស្រេកឃ្លាន។
​គេ​មួល​បើក​គម្រប ​ហើយ​ពោល​ប្រាប់៖
«​ជិប​​​តិចៗ​បាន​ហើយ​!​ ស្រេក​ខ្លាំង លេប​ក្អឹកៗ​នឹង​គ្រោះថ្នាក់​!»
​នាង​ងក់ក្បាល ​ហើយ​ទទួលយក​មក​កាន់។
​ទីបំផុត​នាង​លេប​ក្អឹកៗ​នៅ​នឹង​មុខ​គេ​ ដូច​មិន​មាន​ជាតិ​ទឹក​ឆ្លង​កាត់​បំពង់ក​ជា​យូរ​ណាស់​មក​ហើយ​។​
​បុរស​បើកភ្នែក​ធំៗ​ធ្វើ​ឱ្យ​នាង​ដឹង​ខ្លួន​ថា​ បើ​​​នៅ​តែ​បណ្ដោយ​ទៅ​តាម​ការ​ស្រេក​ឃ្លាន គេ​មុខ​តែ​គ្មាន​មួយ​តំណក់​ផ្សើម​ក​ទេ។

​ទម្រាំ​នាង​ដាច់​ចិត្ត​ហុច​ទឹក​មក​ឱ្យ​គេ​វិញ ​សល់​មិន​ដល់​១​ភាគ​៤​ក្នុង​ដប​ផង។
​នាង​រអ៊ូ​តិចៗ​ស្ដាយ​ក្រោយ​នឹង​ទង្វើ​ខ្លួន៖
«​សុំទោស!»
បុរស​បង្ហាញ​ទឹក​មុខ​ព្រងើយ​នឹង​នាង​ តែ​ដៃ​គេ​ទទួល​ដប​ទឹក​មក​ក្រេប​។ ​អាយកូម​របស់​ពួក​ទាហាន​ស្រាប់តែ​បញ្ចេញ​សំឡេង​លាន់​រំពង។ ​សម្រែក​ខ្ញៀវខ្ញារ​នៅ​ក្នុង​នោះ​ និង​បទបញ្ជា​ភាសា​ទួរគី​ដែល​មិន​អាច​ស្ដាប់​យល់​ន័យ​បាន​ ធ្វើ​ឱ្យ​ស្ថានការណ៍​ដូរ​ទៅជា​ពុះកញ្ជ្រោល។

​វិច្ឆិកា​សង្កេត​តាមដាន​ជាប់​ពី​ពួក​ទាហាន​ទាំង​បី​នាក់ ​ដែល​ប្ដូរ​មក​បញ្ចេញ​ភាព​តក់ក្រហល់ ​ហើយ​ម្នាក់​ដែល​អង្គុយ​ក្បែរ​យុវជន​ទាំង​ពីរ ​ខំ​ឱន​ទៅមុខ​ដើម្បី​ពិភាក្សា​គ្នា​រអ៊ុះ​ៗ​ជា​មួយ​គូ​កន​ពីរ​នាក់​ដែល​នៅ​បាំង​ខាង​មុខ។

​ទីបំផុត ពេល​ដែល​ដង្ហើម​យុវជន​យុវនារី​ខំ​អត់ធ្មត់​សង្កត់​ចិត្ត​តឹងតែង​ ទាហាន​ម្នាក់​ដែល​កំពុង​ដើរ​តួនាទី​ជា​អ្នក​បើកបរ​បង្វែរ​ចង្កូត​បត់​ឡាន​ង៉ោង​មួយ​ទំហឹង​ផ្លូវ​បក​ក្រោយ។
​រថយន្ត​បោល​ស្លេវ​លឿន​សឹង​ហើប​ជើង​ឡើង​លើ ធ្វើ​ឱ្យ​ស្រី​តូច​ស្រែក​វ៉ាស​ ហើយ​បាត់​ជំហរ​ដួល​ដេក​មក​លើ​ទ្រូង​នាយ​ប្រធាន​និស្សិត ឯ​ទាហាន​ដែល​អង្គុយ​ក្បែរ​ពួកគេ​ផ្ទុះ​សំណើច​សើច​ចំអក​ ព្រោះ​ខ្លួន​បាន​ដឹង​រឿង​នេះ​មុន​ ហើយ​បាន​តោង​ឡាន​យោងខ្លួន​ជាប់​មិន​បោក​រេល។

​តែ​ម្នាក់​នោះ​សើច​មិន​បាន​យូរ​ទេ ​ព្រោះ​គេ​ស្រាប់តែ​គាំង​ធ្មឹង​ ហើយ​របូតដៃ​ដួល​គ្រេង​ ស្រប​ពេល​សព្ទ​សំឡេង​ផ្ទុះ​លាន់​មក​កក្រើក​ស្បៃ​រាត្រីកាល។

​វិច្ឆិកា​ដឹង​ថា​ ពួក​បី​នាក់​នេះ​ទំនងជា​បាន​ទទួល​បទបញ្ជា​ដ៏​សំខាន់​ណា​មួយ​ឱ្យ​បក​ក្រោយ​ពេល​មក​ទី​នេះ ​ប៉ុន្តែ​ទំនងជា​ពួកគេ​បាន​ជួប​ចំពើប​នឹង​ក្រុម​បដិបក្ខ ហើយ​គ្រាប់​មួយ​ប្រាវ​ដំបូង​បាន​សម្លាប់​ទាហាន​ដែល​អង្គុយ​ខាង​ក្រោយ​នេះ ព្រោះ​គេ​មិន​បាន​ក្រាប​ដូច​អ្នក​នឹង​នាង​តូច​ដែល​ដួលរេល​នោះ​ឡើយ។

​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ដែល​នរៈ​សំងំ​មិន​ងើប ​ហើយ​មិន​ឮ​សូម្បី​តែ​សម្រែក​រន្ធត់​របស់​នាង​តូច​នៅ​ជាប់​ទ្រូង គ្រាប់​ស្រោច​ប្រសាច​មក​បន្ថែម នាំ​មក​នូវ​ស្នូរ​កៀក​នឹង​បេះដូង ហើយ​កន្ទុយភ្នែក​គេ​ឃើញ​ទាហាន​នៅ​ខាង​មុខ​ម្នាក់​ទៀត​ក៏​ទន់​ក​ក្ងៀក​ទំនង​ត្រូវ​គ្រាប់​ដែរ។

​រថយន្ត​របូត​ជំហរ ចាប់​ហ្វ្រាំង​ង៉ឺត​យ៉ាង​វែង ហើយ​រេ​ចូល​ទៅ​ចំហៀង​ផ្លូវ​មួយ​ទំហឹង។
«​គ្មាន​ផ្លូវ​រស់​ទេ!»
​គេ​ស្រែក​ឡើង​ទាំង​ដៃ​សង​ខាង​ឱប​ប្រាណ​តូច​នារី​តឹង​ណែន​ ហើយ​បិទ​ភ្នែក​លែង​រាងកាយ​ឱ្យ​របូត​រេ​ទៅ​តាម​យថាកម្ម។

​ភាគ​ទី​២

​ឡាន​ទាហាន​ពិត​តែ​តូច ប៉ុន្តែ​គុណ​ភាព​មិន​ធម្មតា។
​វា​បោក​នឹង​របង​អ្វី​មិន​ដឹង ដែល​រឹង​ល្មម​ឱ្យ​វា​បញ្ចេញ​សំឡេង​គ្រាំ​ ហើយ​ឈប់​ង៉ក់ ​តែ​ក៏​មិន​បាន​ក្រឡាប់។
​មនុស្ស​ដែល​យល់​ថា​​នឹង​អស់​ដង្ហើម​ លែង​ដឹង​ខ្លួន​ពិត​ជា​នៅ​ដឹង​គ្រប់​យ៉ាង​ដូច​ធម្មតា ពិសេស​ពេល​ដែល​អ្នក​បើកបរ​ធាក់​ទ្វារ​របើក​ខ្វាក​ ហើយ​ឱន​វា​ចេញ​រក​គេចខ្លួន។
​វិច្ឆិកា​ចាប់ផ្ដើម​ឮ​សំឡេង​យំ។
​គេ​ដឹង​ថា​នាង​ក៏​មិន​អី​ដែរ ដូច្នេះ​គេ​ចាប់ផ្ដើម​ប្រមូល​ស្មារតី​និយាយ​ខ្សឹបៗ៖
«​ក្រោក​រួច​ទេ? រុញ​អា​មួយ​នោះ​រួច​ទេ?»

​នាង​មិន​មាត់​ តែ​នាង​ប្រឹង​រុញ។
​គេ​លូក​ដៃ​ម្ខាង​មក​ជួយ​ទៀត​ ព្រោះ​ដៃ​ម្ខាង​នៅ​សល់​ត្រូវ​នាង​សង្កត់​ជាប់​នៅ​ឡើយ។
«​បង​ឯង​ប្រុង​ចេញ​ទៅ​អ្ហី​?»
«​ស្ងៀម!!​»
​គេ​ព្រមាន​ខ្លី តែ​នាង​ដឹង​ថា​គេ​កំពុង​ចង់​ធ្វើ​អ្វី។
​នាង​ឃាត់​វិញ​បន្ទាន់​ជាមួយ​ពាក្យ​ពីរ​ម៉ាត់៖
«​អត់​ទេ​!»
​តែ​គេ​មិន​បាន​ស្ដាប់​នាង​ឡើយ មុន​ពេល​គេ​លូន​ចេញ​ទៅ ​គេ​និយាយ​ផ្ដាំ​ខ្សឹបៗ៖
«​បើ​ខ្ញុំ​ទៅ​មិន​ដល់​ចង្កូត​ឡាន​ខាង​មុខ​ យើង​នេះ​សំងំ​ក្រោម​ខ្មោច​ទាហាន​នេះ​សិន​ទៅ ឮ​អត់​?!»

​នាង​ស្រវា​តោង​ដៃ​គេ ហើយ​អង្វរ៖
«​បង​ឯង​កុំ​ទៅ!»
​ស្គាល់​គ្នា​ត្រឹម​ប៉ុន្មាន​នាទី នាង​ដូរ​ពី​ស្ទក់​មក​ជា​យំយែក​បាន​រហ័ស​ ហើយ​មើល​ទៅ​បារម្ភ​ពី​នាយ​ជាង​ខ្លាច​ការ​បាត់បង់​ជីវិត។
​នាង​ដឹង​ថា គេ​ឈាន​ទៅ​រក​ចង្កូត​ប្រថុយ​គ្រោះថ្នាក់ ​ក្រែង​អាច​បើកឡាន​ចេញពី​ទី​សមរភូមិ​កាំភ្លើង​គ្មាន​ភ្នែក តែ​នាង​យល់​ខុស​ពី​គេ ទើប​នាង​ស្រែក​បន្ថែម​ទាំង​អណ្ដឺតអណ្ដក៖
«​បើ​បើកឡាន​នេះ​ទៅ​បាន ទាហាន​មិញ​មិន​វា​ចុះ​ទេ​!»
«​មិន​អាច​ដេកចាំ​ស្លាប់​ទេ​!»

​គេ​ឆ្លើយ​ខ្លី​ ហើយ​យក​ដៃ​ម្ខាង​ច្បូត​ដៃ​នាង​ចេញ។
​ស្រី​តូច​អត់​ដង្ហើម​ ពេល​ដែល​គេ​លូន​ចេញ​ទៅ។
​គេ​បង្អោន​ខ្លួន​ឱ្យ​មាន​កម្ពស់​ទាប​សែន​ទាប​ ហើយ​សន្សឹម​ៗ​ឆ្ពោះ​ទៅ​រក​ទ្វារ​រថយន្ត​ខាង​មុខ​ដែល​នៅ​​​ចំហ​ស្រាប់ ក្រោយ​ពេល​ទាហាន​ដែល​នៅ​សល់​រត់​យក​ប្រាស​អាយូស។
​ស្រី​តូច​បិទ​ភ្នែក​លើកដៃ​ផ្គុំ​ចូលគ្នា​ ចិត្ត​នឹក​បែរបន់​បួងសួង រហូត​ដល់​ស្នូរ​គ្រាប់​លាន់​ប្រសាច​មក​សា​​ជា​ថ្មី​ ទើប​នាង​បើក​ភ្នែក​ ហើយ​ស្រែក​រន្ធត់​ភ្លាត់​សំឡេង។

«​ឈប់​ស្រែក!»
​គេ​ខ្សឹប​មក​តិចៗ ទន្ទឹម​នឹង​ពេល​ដែល​នាង​ឃើញ​គេ​អង្គុយ​នៅ​ក្បែរ​ចង្កូត​រួច​ទៅ​ហើយ។
​ឡាន​រឺយ៉ែ​ថយ​ក្រោយ​វឹប​ៗ​ មុន​ពេល​​​បោល​កាត់​គ្រាប់​សម្រុក​ទៅ​មុខ។
​នាង​ងើប​មុខ​យឺតៗ​ដោយ​អំណរ​ ហើយ​ឃើញ​បុរស​ប្រធាន​និស្សិត​ ដៃ​ម្ខាង​បើក​ឡាន​យ៉ាង​ជំនាញ ហើយ​ដៃ​ម្ខាង​ទៀត​លូក​យក​លិខិត​ឆ្លងដែន​មក​ទុក​ក្នុង​អាវ​យ៉ាង​រហ័ស។
​នាង​រៀប​នឹង​ពោល​បង្អាប់​គេ​ ស្រាប់តែ​គេ​ខ្សឹប​មក​បន្ថែម៖
«​ក្រាប! ​កុំ​ងើប​ឡើង​ឱ្យ​សោះ!»
​រថយន្ត​ហាក់​បោល​លឿន​ទៅ​មុខ​ទង្គិច​នឹង​វត្ថុ​រឹង​ជា​ច្រើន​ មិន​ដឹង​ថា​ជា​មនុស្ស ​ឬ​យាន​ជំនិះ​ទេ​ ធ្វើ​ឱ្យ​នាង​កាន់តែ​ភិតភ័យ​ ហើយ​ខ្ទប់​ត្រចៀក​បិទ​ទាំង​ភ្នែក។

«​តើ​មានរឿង​អី​កើតឡើង​ទៅ​? ​ខ្ញុំ​មិន​យល់​ទេ​!»
​នាង​មិន​ឮ​ចម្លើយ​តប​ តាម​មើល​ប្រហែល​ជា​មក​ពី​នាង​បិទ​ត្រចៀក ​ឬ​មក​ពី​វិច្ឆិកា​ផ្ចង់​អារម្មណ៍​លើ​កា​រ​បើក​បរ​ បាន​ជា​មិន​បាន​ឆ្លើយតប។
​រហូត​ដល់​ឡាន​ឈប់​ង៉ក់​ទើប​នាង​បើកភ្នែក​សន្សឹមៗ។
​បុរស​នេះ​នៅ​ទី​នេះ​នៅ​ឡើយ គេ​មិន​ទាន់​ទៅ​ណា​ទេ។ ​គេ​ជា​មនុស្ស​ឬ​អត់​បាន​ជា​មិន​ដេក​ពួន​មួយ​យប់​ហើយ ​បើក​ឡាន​បាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​យ៉ាង​នេះ​ទៀត​?
​ចំណែក​សាកសព​ទាហាន​ គឺ​នៅ​ក្បែរ​នាង​ច្រងាប់ច្រងិល។
​ស្រី​តូច​ច្រត់​ដៃ​ក្រោក​ឡើង​ភ្លែត។

​នាង​ឃើញ​វិច្ឆិកា​នៅ​ស្ងៀម​ លែង​បើក​ឡាន​បន្ត​ទៅ​មុខ​ ហើយ​ផ្ដោត​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន។
​នាង​ក៏​ងាក​សម្លឹង​រក​ទិស​តំបន់​ដែរ….
​មាន​សញ្ញា​ថា​ព្រះអាទិត្យ​នៃ​ថ្ងៃ​ថ្មី​នេះ ​ដល់​វេលា​យាង​ចូល​ដំណេក​ចោល​ផែន​ដី​ទៀត​ហើយ។
….ចំណែក​ជុំវិញ​ទីនេះ​ គឺ​ជា​ព្រៃ​ដ៏​ក្រាស់ ដែល​ពន្លឺ​ថ្ងៃ​ចាប់ផ្ដើម​ព្រាល​ទៅ​ៗ​ហើយ​…. នាង​របូត​មាត់​ខ្សាវៗ៖
«​អត់​ទេ​! ​ចេញពី​កន្លែង​នេះ​ទៅ ឱ្យ​ទាន់​មុន​មេឃ​ងងឹត!»
«​អស់​សាំង​ហើយ​!»
​ពាក្យ​តប​បី​ម៉ាត់​របស់​គេ ដូច​ជា​អាជ្ញាសឹក​សន្ធាប់​ឱ្យ​នាង​ទន់​ដៃ​ហៀប​នឹង​ទ្រោប​ត្រឡប់​ទៅ​លើ​ពូក​ឡាន​វិញ។

​ទីបំផុត​អ្វី​ដែល​នាង​ភ័យ​ខ្លាច​បាន​កើត​ឡើង​ពិត​មែន។ ​អ្នក​ទាំង​ពីរ​ត្រូវ​ដើរ​ចុះ​ពី​ជំនិះ​ ព្រោះ​វា​លែង​អាច​ទៅ​មុខ​បាន​ទៀត​ហើយ។
​នាង​ឃើញ​បុរស​នេះ​រាវ​យក​ដប​ទឹក​ កញ្ចប់​នំ​ក្រៀម និង​អាវ​ធំ​ក្រាស់​មួយ​ដែល​ទាហាន​បាន​ពាក់​ចោល​លើ​បង្អែក​កៅអី។
​នាង​ដឹង​ថា យប់​នេះ​មេឃ​រងា​ដល់​ឆ្អឹង​មិន​ខាន។ ​អាហារ​ក៏​គ្មាន​ បើ​មិន​ដាច់​ពោះ​ស្លាប់​ក៏​នឹង​ក្លាយ​ជា​ចំណី​សត្វ​ដែរ ប្រសិន​បើ​នៅ​តែ​គ្មាន​អ្នក​ណា​ឆ្លង​កាត់​ទី​នេះ​ទេ។

​ទោះ​យ៉ាង​ណា​បុរស​នេះ​មិន​ចេញ​ស្ដី​មួយ​ម៉ាត់ ​គិត​តែ​ពី​ដើរ​ឆ្ពោះ​ទៅ​មុខ ​ធ្វើ​ឱ្យ​នាង​ដើរ​តត្រុក​តាម​គេ​ពី​ក្រោយ។
​ទ្រាំ​អស់​ចិត្ត​អស់​ចង់ នាង​តូច​ចាប់ផ្ដើម​គ្រហែម​សួរ​ស្រាល​ៗ៖
«យើង​មិន​សម្រាក​នៅ​ក្បែរ​ៗ​ឡាន​ក្បែរ​ផ្លូវ​នោះ​ទៅ ក្រែង​មាន​អ្នក​ដំណើរ​ឆ្លង​កាត់ ​សុំ​គេ​ទៅ​ជាមួយ!»
​គេ​តប​ដោយ​មិន​ឈប់​ជើង និង​មិន​បែរ​ខ្នង៖
«​យប់​ឥឡូវ​ហើយ មាន​អ្នក​ណា​មក​ឆ្លង​កាត់​ទៅ? ​ទាន់​មេឃ​មិន​ទាន់​ងងឹត​ខ្លាំង យើង​ត្រូវ​រក​កន្លែង​សម្រាក​មាន​សុវត្ថិភាព​សម្រាប់​យប់​នេះ!»
​នាង​លែង​មាត់​ ហើយ​បន្ត​ដើរ​ទៅ​តាម​គេ​ ព្រោះ​នាង​កំពុង​ព្រួយបារម្ភ​ច្រើន​ជាង​យល់​ស្រប​នឹង​គំនិត​របស់​គេ។

​ព្រះ​អាទិត្យ​កាន់តែ​ឱ្យ​ពន្លឺ​ខ្សោយ​ទៅ​ៗ។
«​ខ្ញុំ​សូម​អង្វរ! បង​ឯង​ឈប់​ដើរ​ទៅ! ជ្រៅ​ទៅ​ៗ​ហើយ​នៀក! នាំ​តែ​វង្វេង​ស្លាប់​ចោល​ឆ្អឹង​នៅ​ហ្នឹង​ទេ​!»
​គេ​តប​មក​វិញ​ហាក់​មិន​បាន​ហត់នឿយ​ ឬ​អស់​សង្ឃឹម​អ្វី​ឡើយ៖
«​ឃើញ​ប៉ម​យាម​នោះ​អត់​? ប្រហែល​ជា​មាន​មនុស្ស!»
​នាង​ងើប​មុខ​សម្លឹង​ទៅ​តាម​ចង្អុល​ដៃ​គេ។

​ប៉ម​យាម​នៅ​ឆ្ងាយ​សន្លឹម ឃើញ​ផុត​កន្ទុយភ្នែក​ កោត​ណាស់​តែ​គេ​មើល​ឃើញ​ ហើយ​ក៏​កោត​ណាស់​ដែល​គេ​ចិញ្ចឹម​ចិត្ត​ចង់​ដើរ​ទៅ​ជ្រក​រងា​ទៅ​ទីនោះ។​ ប៉ុន្តែ​ពេល​គេ​ងាក​មក​ញញឹម​ដាក់​នាង នាង​ហាក់​ដូច​ជា​បាន​ធូរស្រាល​ចិត្ត​មក​វិញ​ខ្លះ ព្រោះ​បុរស​នេះ​មើល​ទៅ​ចម្លែក​ៗ ​ពេល​ខ្លះ​កាច ​ពេល​ខ្លះ​ក៏​មើល​ទៅ​ឈឺឆ្អាល ពេល​ខ្លះ​សម្ដី​ដូច​មនុស្ស​ស្រី ឯ​ចិត្ត​បែរ​ជា​ក្លាហាន​និង​ផ្សងព្រេង។

«​បង​ឯង​គិត​ចង់​ទៅ​ដល់​នោះ​អ៊ីចឹង​អ្ហី​?»
​គេ​ដឹង​ថា ​នាង​មិន​ចង់​ទៅ​ហើយ ​តែ​នាយ​នៅតែ​តប​វិញ​ធ្វើ​ហី៖
«​អត់​ជម្រើស​!!»
«​មាន​តើ! ថយ​ទៅ​រក​ផ្លូវ​វិញ​ទៅ?»
«​ទៅ​ហិត​ខ្មោច​ទាហាន​អត់​?​ កញ្ចក់​បែក​អស់ អំបែង​ខ្ចាយ​ពេញ ឈាម​ហូរ​ពេញ​ពូក​ឡាន​នោះ​ ដេក​កើត​អត់​?»​ គេ​សួរ​ទាំង​ដើរ​ទៅ​មុខ​ឥត​ឈប់​។

​នាង​ក៏​ទាល់​មិន​ដឹង​ឆ្លើយ​បែប​ណា​ឱ្យ​សម​ តែ​នៅ​ប្រឹង​មានះ៖
«​មាន​ណា​ថា គេង​ក្នុង​ឡាន​?»
«​គេង​នៅ​ក្រៅ​ឱ្យ​កក​ស្លាប់​ទៅ?»
«​មេឃ​ប៉ុណ្ណឹង​កក​ដែរ​? បង​ឯង​ស្រមៃ​ថា អា​នេះ​រុស្សី​មែន ​ហី​ក៏​ប៉ូល​ខាងជើង​!?»

​គេ​ហាក់​ហួស​ចិត្ត​ដែល​នាង​មាន​សំឡេង​ខ្សាវៗ ទឹកមុខ​ស្រ​ទោ​ស្រទន់ សុភាពរាបសារ ដឹង​អី​ត​មាត់​ប៉ប៉ែះ និយាយ​មិន​ចេះ​ចប់​​ មិន​ចេះ​អស់ ​​មិន​ចេះ​ហើយ។
​ដល់​ទៅ​មិន​ចេះ​ឆ្លើយ​នឹង​សំណួរ​ហូរ​ដូច​ទឹក ​ប្រធាន​និស្សិត​ទប់​ជើង ​ហើយ​ងាក​មក​សម្លឹង​នាង​លែង​និយាយ​អ្វី។
​ឃើញ​គេ​សម្លឹង​មក​ខ្លួន​តាម​របៀប​ឌឺ ស្រី​តូច​ក៏​ឈប់​ជើង ​ធ្វើ​ភ្នែក​គ្រលួង​ៗ​សម្លឹង​នាយ​តប។
​ឃើញ​មុខ​គេ​យល់​ថា គេ​កំពុង​ខឹង នាង​ក៏​បូញ​មាត់​ តែ​មិន​ដក​ភ្នែក​ពី​អ្នក​ប្រុស​ឡើយ។

​គេ​និយាយ​មួយៗ​ទៅ​កាន់​ទឹក​មុខ​ច្រមក់​ៗ​របស់​នាង៖
«​ខ្ជិល​ឆ្លើយ​ ខ្ជិល​ឈ្លោះ ខ្ជិល​ប្រកែក​ណាស់! ចែក​ផ្លូវ​គ្នា​ទៅ​ណា​ទៅ​ហ្នឹង តាម​ចិត្ត​ទៅ! ឮ​អត់​?»
​ស្រី​ស្អាត​ស្រឡាំងកាំង ព្រោះ​មិន​នឹក​ស្មាន​ថា នាង​និយាយ​ធម្មតា​ៗ​តាម​ចិត្ត​ឆ្ងល់ ​តែ​អាច​ធ្វើ​ឱ្យ​គេ​ក្លាយ​ទៅ​ជា​បុរស​អសុរោះ​កម្រិត​នេះ។
​នាង​នៅ​ទ្រឹង ​ពេល​ដែល​គេ​កំពុង​បន្ត​ដើរ​ទៅ​មុខ។

​ស្រី​តូច​ឈាន​ជើង​ទៅ​តាម​គេ​ទៀត​លែង​រួច​ជា​មួយ​សំណួរ​ថា៖
«​គេ​ដេញ​យើង​មែន​អត់​? ​ពិត​មែន​ហើយ គេ​និយាយ​ដេញ​យើង​ច្បាស់​ណាស់!»
​នាង​មិន​ដឹង​ទេ​ថា ក្នុង​ចិត្ត​បុរស​ឯ​ណេះ​វិញ​ គេ​ថា​ឱ្យ​នាង​ហើយ​គេ​ចប់​ហើយ​។​ គេ​មិន​បាន​នៅ​មាន​ចិត្ត​ប្រកាន់​ខឹង​ ឬ​យ៉ាង​ណា​ទៀត​ទេ ​ក្រៅ​តែ​ពី​​ព្យាយាម​ធ្វើ​ម៉េច​ឱ្យ​អាច​ទៅ​ដល់​គោលដៅ​ មុន​ពេល​មេឃ​ងងឹត​ទាំងស្រុង។

​ប៉ុន្តែ​ដើរ​យូរ​ទៅ​ហាក់​ដូច​ចាប់អារម្មណ៍​ថា ​គ្មាន​ស្នូរ​ជើង​នាង​ច្រមក់​ទៀត​ ទើប​គេ​នៅ​ស្ងៀម​ ហើយ​ងាក​មើល។
​នៅ​ក្រោម​ពន្លឺ​ព្រឹល​ស្រអាប់ នាង​ពិត​ជា​បាត់​ស្រមោល​មែន។
​បេះដូង​ប្រធាន​និស្សិត​លោត​ភឹប។
​គេ​ចាប់ផ្ដើម​ច្រាស់ច្រាល់​សួរ​ខ្លួន​ឯង តើ​នាង​ត្រូវ​ខ្លា​អូស​បាត់ ​ឬមួយ​ក៏​ខ្លាឃ្មុំ​ទាញ​ទៅ​ហែក​បាត់​ទៅ​ហើយ?

​គេ​ចាប់ផ្ដើម​រេ​ភ្នែក​រលះរលាំង​រក​មើល ស្រប​ពេល​ជើង​រត់​បក​ក្រោយ។
​ឈ្មោះ​ក៏​អត់​ស្គាល់ ទោះ​ជា​នឹក​ចង់​ស្រែក​ហៅ ក៏​មិន​ដឹង​ត្រូវ​ហៅ​ថា​ម៉េច​ដែរ។
​នៅ​ក្រោម​ចំហាយ​ត្រជាក់​ហ៊ឹង​ត្រចៀក ​អ្នក​ឮ​សំឡេង​យំ​ខ្សឹកខ្សួល​ហើរ​មក​តាម​​​សន្សើម។
​ទីបំផុត​បុរស​ក្រឡេក​ឃើញ​ខ្នង​នាង​ពី​ចម្ងាយ។
​នាង​អង្គុយ​សំកុក​បែរ​ខ្នង​មក​ ហើយ​ជូត​ទឹកភ្នែក​យំ​ខ្សឹកខ្សួល។

​គេ​ហួស​ចិត្ត ហើយ​ប្រាប់​ខ្លួនឯង​ស្ងាត់​ៗ «​នេះ​ហើយ​មនុស្ស​ស្រី​»។
​វិច្ឆិកា​ដើរ​ទៅ​អង្គុយ​ក្បែរ​នាង គឺ​អង្គុយ​ពី​ក្រោយ​នាង​ តែ​មិន​និយាយ​អ្វី​ រហូត​ដល់​នាង​ដឹង​ខ្លួន​ងាក​មក។ ​ឃើញ​គេ​សម្លឹង​នាង នាង​បែរ​មុខ​គេច​ចេញ​ទៅ​វិញ​ តែ​ក៏​មិន​ក្រោក​ទៅ​ណា​ដែរ។
«​ពូកែ​យំ​ម៉េះ​?​ យំ​បាន​ស្អី​មក​វិញ​ទៅ?»
​នាង​នៅ​ស្ងៀម​បន្ត​ជូត​ទឹកភ្នែក។ កំលោះ​រេ​តាម​សម្លឹង​មើល​ទៅ​ម្រាម​ដៃ​នាង​ដែល​ត្រជាក់​ឡើង​ស​ស្លេក តែ​មាន​រាង​រាវ​ស្ដួច ​សម​ណាស់​ជា​នារី​ខ្មែរ​តូច​ច្រឡឹង។

​ខ្នង​នាង​ស្ដើង អម​ចង្កេះ​តូច​មួយ​ក្ដាប់ ភ្ជាប់​នឹង​ត្រគាក​សាយ​សង្ហា ចំណែក​សក់​ខ្មៅ​ក៏​វែង​រលាស់​ហើយ​ក្រាល​គ្រប​លុប​កំបាំង​ពី​លើ​រូប​សម្រស់​ដែល​ត្រូវ​បង្ហាញ​ចេញ​មក​ម្ដង​បន្តិចៗ។
«​គូ​ព្រេង​យើង​ទេ​ដឹង​?»
គេ​គិត​ក្នុង​ចិត្ត​ទាំង​អស់​សំណើច ហើយ​ឆ្លើយ​ក្នុង​ចិត្ត​វិញ​តែ​ម្នាក់​ឯង​ដូច​គ្នា ​«​ក្មេង​ពេក​ហើយ​! ​យក​មក​ម្ង៉ៃ​យំ​ម្ភៃ​ដង អង្គុយ​តែ​លួង​ហ្នឹង មិន​បាច់​ធ្វើ​ការ​រកស៊ី​អី​ទេ​!»។
​គេ​លប​មើល​ថ្ពាល់​នាង​ពី​ចំហៀង ថ្ពាល់​ស្លេក​ស​ហ្មត់​ មាន​រោម​ឆ្មារ​ៗ​អម​ក្បែរ​ជើង​សក់ មើល​ទៅ​សឹង​ទប់​ចិត្ត​មិន​ចង់​បាន។

​នាង​អត់​បាយ​ក្រហាយ​ទឹក​ជិត​ម្ភៃ​បួន​ម៉ោង​ហើយ កោត​តែ​យើង​ដាច់​ចិត្ត​សម្ដី​ខ្លាំង​ៗ​ដាក់​នាង​?​ មើល​ទៅ​នាង​ពិត​ជា​ទេព​កញ្ញា​កំពុង​ធ្លាក់​ទឹក​ពិត​មែន​ហើយ…
«យើង​ឈ្មោះ​អី​? ​ឮ​សួរ​អត់​? ឈ្មោះ​អី​?»
​គេ​សួរ​តិចៗ​ តែ​សម្រាប់​នាង​នៅ​តែ​មើល​ទៅ​ដូច​ជា​សំឡេង​សម្លុត​មួយ។
«​ជោគជតា​!»
​នាង​ឆ្លើយ​ខ្សឹបៗ​….
«​និយាយ​ខ្សឹប​ម៉េះ​? អត់​ឮ​ទេ​!»
​គេ​លលេង តែ​នាង​មិន​ដឹង​ទេ នាង​គិត​ថា​គេ​និយាយ​មែន ​គឺ​គេ​ទ្រគោះ​។​ នាង​រអ៊ូ​ខ្សាវៗ​តប​៖
«​ជោគ…ជតា! ​បង​ឯង​ប៉ិន​សម្លុត​គេ​ម៉េះ​?»
«​ហា​សហា​!»

​បុរស​សើច​ក្អាកក្អាយ​និម្មិត​ឮ​សម្ដី​នាង ធ្វើ​ឱ្យ​នាង​ងាក​មក​មើល​គេ​ព្រោះ​ឆ្ងល់​។​ បុរស​នេះ​មើល​ទៅ​ងាយ​ខឹង​ ងាយ​សើច ម្ដង​កាច​ ម្ដង​កំប្លែង​ចម្លែក​ៗ ធ្វើ​ឱ្យ​នាង​ផ្ដោត​ភ្នែក​សម្លឹង​គេ​ ហើយ​អត់​ទ្រាំ​រង់ចាំ​គេ​សើច​ឱ្យ​ចប់។ ​តែ​គេ​វិញ​ឃើញ​ភ្នែក​នាង​ភ្លឹះៗ​នោះ ផ្ទុះ​សំណើច​ម្ដង​ហើយ​ម្ដង​ទៀត ​មិន​ចេះ​ឈប់​ឈរ​ ធ្វើ​ឱ្យ​នាង​ខ្ទប់​ត្រចៀក​និយាយ៖
«​សើច​យូរ​ម៉េះ? សើច​ធ្វើ​អី​?​ ធុញ​ណាស់!»
«​ជោគជតា! ​ប្រែ​មក​ថា​នាំ​សំណាង​? សំណាង​ម៉េះ? មើល​ចុះ​ត្រូវ​មក​ដេក​នៅ​នេះ បាយ​មួយ​គ្រាប់​ក៏​អត់? ​មិន​ដឹង​មាន​ជីវិត​នៅ​ដល់​ព្រឹកស្អែក​ឬ​អត់​ផង​!​ តែ​ពួក​ទាហាន​មក​រក​ឃើញ….»

​នាង​បូញ​មាត់​ថា​ឱ្យ​គេ​ភ្លាម ​ព្រោះ​ខឹង​ដែល​គេ​រិះគន់​ឈ្មោះ​នាង៖
«​បង​ឯង​កំសាក​ម៉េះ?!»
​គេ​ឈប់​សើច​ ហើយ​អង្គុយ​ចំ​ពី​មុខ​នាង សម្លឹង​នាង​ថ្មែ​ជាមួយ​សំណួរ៖
«​មិញ​និយាយ​ថា​ម៉េច​?»
​គេ​នេះ​សម្លឹង​នាង​ដូច​ចង់​សម្លុត ដូច្នេះ​ហើយ​នាង​ពង្រឹង​ចិត្ត​ ធ្វើ​ហាក់​មិន​ខ្ចី​ចុះ​ញ៉ម ​ហើយ​តបត​និយាយ​ញាប់​ស្មេ​តែ​ម្ដង៖
«​បង​ឯង​ឈ្មោះ​ដូច​ស្រី​! វិច្ឆិកា! កា​កា​​ហ្នឹង​ឈ្មោះ​ស្រី​តើ​! ​អ៊ីចឹង​បាន​ចរិត​បង​ឯង​អ៊ីចឹង!​ ពូកែ​ខឹង​ពូកែ​សម្លុត​គេ ហើយ​ខ្លាច​ស្លាប់!»

​គេ​ដៀង​ភ្នែក​គិត ម៉េច​ក៏​នាង​ច្រមក់​នេះ​ស្គាល់​ឈ្មោះ​គេ?
«​អត់​ខ្លាច​ស្លាប់​មែន​អ្ហេះ! មក! មក​ណេះ!»
​គេ​ចាប់​ក​ដៃ​នាង ហើយ​អូស​នាង​ឡើង​មក​តាម​ខ្លួន។
​នាង​នៅ​ក្រាញ តែ​គេ​នៅ​តែ​មានះ​អូស។
«ប្រយ័ត្ន​ខ្ញុំ​ស្រែក​ណា៎!»
«​ស្រែក​ទៅ! ស្រែក​ឱ្យ​ឮ​ៗ​ទៅ កុំ​និយាយ​ខ្សាវៗ​អ៊ីចឹង ​ធុញ​ណាស់!»
​ជើង​នាង​រំកិល​ទៅ​តាម​គេ​ តែ​ចិត្ត​នាង​នៅ​តែ​មានះ​ខំ​ប្រវាយ​ដៃ​គេ​ម្ខាង​ឱ្យ​​លែង​ តែ​ប្រុស​កំលោះ​មិន​លែង។
​គោលដៅ​គេ​គឺ​នាំ​នាង​ទៅ​កាន់​ប៉ម​យាម​នោះ​ឱ្យ​បាន​មុន​មេឃ​ងងឹត ព្រោះ​ពេល​នេះ​មេឃ​សល់​ពន្លឺ​តិចតួច​តែ​ប៉ុណ្ណោះ។

​ប៉ុន្តែ​ចរិត​មិន​ព្រម​ចុះ​ញ៉ម​ ព្រោះ​ស្អប់​ការ​បង្ខិតបង្ខំ​កាន់តែ​ឆេះឆួល​ឡើង។ ​នាង​ក្ដិច​ដៃ​គេ ធ្វើ​ឱ្យ​គេ​ឈឺ។
​គេ​ងាក​មក​ចង្អុល​មុខ​នាង តែ​ដៃ​នៅ​តែ​មិន​លែង​ពី​នាង។
«​តិច​ទុក​ឱ្យ​ខ្លា​ឃ្មុំ​ហែក!»
​នាង​នៅ​ស្ងៀម ​ព្រោះ​តក់ស្លុត​នឹង​ពាក្យ​ខ្លា​ឃ្មុំ ភ្នែក​នាង​កាន់​តែ​គ្រលួង​ តែ​ដៃ​នៅ​តែ​ក្ដិច​គេ​ជាប់។
«​ឈឺ​ណា៎! ឮ​អត់? ឈឺ!»
​គេ​សម្លុត​មក​ទៀត​ ទើប​នាង​ភ្ញាក់ខ្លួន​លែង​ដៃ តែ​មាត់​ស្រី​តូច​នៅ​តែ​តវ៉ា​៖
«​បង្ខំ​មនុស្ស​ស្រី​ទន់​ខ្សោយ​!»

​គេ​រលាស់​ដៃ​លែង​នាង ​ហើយ​សើច​ក្អាកក្អាយ។
​នាង​ដឹង​គេ​សើច​រឿង​អី​ហើយ​ តែ​នាង​ធ្វើ​មិន​ដឹង​ងាក​មុខ​ចេញ​ ប៉ុន្តែ​ក៏​មិន​ចេញ​ទៅ​ណា ​នៅ​ទ្រាំ​ឱ្យ​គេ​សើច​ចំអក​អស់​ចិត្ត មុន​ពេល​គេ​និយាយ​ឌឺ៖
«​មើល​ខ្លួន​យើង​ទៅ? នេះ​អ្ហី​ទន់​ខ្សោយ!?»
​នាង​ក្រញូវ​មិន​សម្លឹង​មុខ​គេ​ តែ​គេ​ដឹង​ថា នាង​មិន​ហ៊ាន​ចេញ​ពី​គេ​ទៀត​ទេ​ ព្រោះ​នាង​ដៀង​ភ្នែក​សម្លឹង​ព្រៃ​ចុះ​ឡើង​ៗ។
​គេ​ដឹង​ថា ​នាង​ខ្លាច​ពាក្យ​ដែល​គេ​និយាយ​មិញ គឺ​ពាក្យ​ថា ​«​ខ្លាឃ្មុំ​ហែក​!»។

​គេ​លើក​ដៃ​ទាំង​ពីរ​ឡើង​លើ ​ហើយ​បង្ហាញ​ក្រញាំ​ដូច​ខ្លា​ឃ្មុំ។
​នាង​ងាក​មក​ទាំង​ភ័យ ហើយ​ចាប់ផ្ដើម​វាយ​គេ​ដឿក​ៗ!!
​បុរស​សើច​សប្បាយ​ពេល​នាង​ខឹង។
«​កំពុង​ប្រាប់​វិធី​ការពារ​ខ្លួន​ពី​ខ្លា​ឃ្មុំ​!»
​គេ​និយាយ​តិចៗ​ខ្សោយ​ៗ​លួងលោម​នាង​ដែល​កំពុង​ខឹង។

​នាង​ឈប់​វាយ​ទ្រូង​គេ ហើយ​រេ​សម្លឹង​រាងកាយ​ធំ​មាំ​របស់​គេ​នៅ​ជិត​កែវភ្នែក។ ​ប្រុស​ម្នាក់​នេះ​មើល​ទៅ​ពិត​ជា​ខ្ពស់​សង្ហា​ ល្មម​ឱ្យ​ស្រីៗ​ទទួល​អារម្មណ៍​ថា​ត្រូវ​បាន​ការពារ។
​នាង​អៀន​ជំនួស​ខឹង។
​មក​ដល់​ពេល​នេះ ទើប​នឹង​ទទួល​ស្គាល់​ថា ខ្លួន​ឯង​នៅ​កណ្ដាល​ព្រៃ​ជាមួយ​បុរស​សង្ហា​ម្នាក់។
​នាង​លួច​គិត​ភ្លាមៗ «​គេ​នេះ​ខ្ពស់​ដល់​ហើយ​!​ ឡូយ​ណាស់​ មើល​ប្រអប់​ដៃ​គេ​ចុះ​!»
​ស្រី​តូច​នៅ​ភាំង​ៗ​នឹង​ភាព​ជា​បុរស​របស់​គេ។
​ទោះបី​នាង​មិន​បាន​ដឹង​ពី​មុន​មក​ថា ម្នាក់​នៅ​ពី​មុខ​ខ្លួន​នេះ​ជា ​«​អធិរាជ​» ​ក្នុង​បេះដូង​និស្សិត​ស្រីៗ​នៅ​ឈីកាហ្គោ តែ​ពេល​នេះ​នាង​ដឹង​ថា គេ​ជា​ទេវ​បុត្រ​សេះ​ស​ក្នុង​ដងព្រៃ។

​បបូរមាត់​គេ​នេះ​នៅ​តែ​ក្រហម​ប្រឿងៗ​ ទោះ​បី​ថា​មេឃ​ប្រែ​មក​ជា​រងា​ថែម​ឡើងៗ។
គេ​នេះ​ពិត​ជា​មាន​សុខភាព​ល្អ មើល​ទៅ​មិន​ចេះ​នឿយ​ហត់ មិន​ចេះ​បាក់ស្បាត។
​សុភាព​បុរស​កម្ពុជា​ទម្លាក់​ដៃ​ចុះ​សន្សឹម​ៗ ហើយ​ស្មា​គេ​ញាក់​តិចៗ​កំដរ​កែវភ្នែក​នាង​ក៏​ជា​សញ្ញា​ថា គេ​បាន​ដឹង​ពី​អ្វី​កំពុង​កើត​មាន​ក្នុង​ចិត្ត​តូច​នារី​នេះ។
​សណ្ឋាន​របស់​គេ ​​ក៏​កំពុង​តែ​គិត​មិន​ខុស​ពី​នាង​តាម​បែប​យុវវ័យ ហើយ​ភ្នែក​គេ​ស្រទន់​មមី​ឡើង​ៗ។

​ជោគជតា​ងាក​មុខ​ចេញ​ បេះដូង​ចេញ​កម្ដៅ ​ព្រោះ​ចាញ់​អានុភាព​សម្រស់​បុរស​សង្ហា។
«​ការពារ​ខ្លួន​របៀប​អី​បង​ឯង​?»
​នាង​និយាយ​បន្លប់​ក្រសែភ្នែក​ស្រទន់​របស់​គេ។
​អារម្មណ៍​ស្នេហា​រវាង​ប្រុស​កំលោះ​និង​ស្រី​ក្រមុំ​កំពុង​អណ្ដែត​ឡើង​មក ហើយ​ម្នាក់ៗ​សុទ្ធតែ​ដឹង​ពី​​វា គ្រាន់​តែ​ខាង​ស្រី​មិន​ព្រម​ឱ្យ​វា​កើត​មាន​ឡើង​បាន។
​ខាង​បុរស​វិញ គេ​ដឹង​ណាស់ បាន​ជា​គេ​មិន​តប​សំណួរ​នាង​ ហើយ​ក៏​មិន​ដក​ភ្នែក​ចេញ​ពី​សាច់​ថ្ពាល់​ប្រឿងៗ​របស់​នាង។

​នាង​ឱប​ដៃ​ព្រោះ​ត្រជាក់ ធ្វើ​ឱ្យ​ចិត្ត​គេ​នឹក​ដល់​អាវ​ក្រាស់​របស់​ពួក​ទាហាន​ ដែល​មុន​នេះ​បាន​ទម្លាក់​ចោល​ចុះ​នៅ​ផ្លូវ​ខាង​មុខ​ក្បែរ​ប៉ម​យាម។
​ខណៈ​ពេល​នេះ បើ​នាង​ព្រម​ឱ្យ​គេ​ឱប​ តើ​ល្អ​ប៉ុណ្ណា​ទៅ?
​គេ​លួច​គិត តែ​គេ​មិន​ដែល​សង្ឃឹម​ថា វា​កើត​ឡើង​នោះ​ទេ។
​នារី​នេះ​ជា​អ្នក​ណា​ក៏​​​មិន​ដឹង កូន​ស្រី​អ្នក​ណា​មក​ខ្ចាត់​ព្រាត់​ដល់​ទី​នេះ ហើយ​មើល​ទៅ​ជា​នារី​ដែល​មាន​ពូជ​ត្រកូល តើ​គេ​ឯ​ណា​ដាច់​ចិត្ត​ទៅ​បំពាន​នាង។

«​បង​ឯង​ឮ​សួរ​អត់​?​ នៅ​មិន​នៅ ​ក្លាយ​ជា​គ​!»
​នាង​បន្ទោស​តិចៗ​ទាំង​បែរ​ខ្នង តែ​បុរស​កាន់​តែ​លង់​ក្នាញ់។
​គេ​ញញឹម ​ហើយ​ទាញ​បំបែរ​នាង​មក។
​គេ​ដឹង​ថា​រាងកាយ​គេ​ពិតជា​កំពុង​ទាក់ទាញ​ចិត្ត​នាង​ ហើយ​ទំនុក​ចិត្ត​ដ៏​ខ្ពស់​នេះ​កាន់តែ​ឱ្យ​ខ្លួន​គេ​ស្រស់​សង្ហា​ថែម​ឡើង។

«​មើល​នៀក​ ធ្វើ​ឱ្យ​មើល​ម្ដង​ទៀត!»
​នាង​ពិតជា​អៀន​ណាស់ តែ​នាង​ងើប​មុខ​មើល​គេ​ ហើយ​ឈ្លក់​នឹង​ស្នាមញញឹម​ស្រស់​របស់​គេ។
«​ស្អី​គេ​បង​ឯង!?​ លើក​ដៃ​ឡើង​លើ​ធ្វើ​អី?»
​នាង​សួរ​ខ្សាវៗ​។​ គេ​ក៏​តប​វិញ​ខ្សាវៗ​ដែរ៖
«​ធ្វើ​ជា​ខ្លាឃ្មុំ ​ក្មេង​ល្ងង់​?»
«​បន្លាច​គេ​សប្បាយ​ណាស់​ទៅ?»
«​បន្លាច​ស្អី! គេ​បង្រៀន​យើង​ឱ្យ​ការពារ​ខ្លួន! ​ពេល​ខ្លា​ឃ្មុំ​ចេញ​មក​ត្រូវ​លើក​ដៃ​របៀប​នេះ ធ្វើ​ក្រញាំ​របៀប​នេះ គឺ​ធ្វើ​ឱ្យ​វា​យល់ថា យើង​ក៏​ជា​ពពួក​ដូច​វា ដូច្នេះ​វា​ក៏​រត់​ទៅ​បាត់!»
«​បាន​ផល​អត់​ហ្នឹង​?»
«​មិន​ដឹង​ទេ​!​ មិន​ដែល​សាក!»
​នាង​ឮ​ហើយ​ បូញ​មាត់​ពេបជ្រាយ​នាយ​លេង​ៗ៖
«​បាន​ន័យ​ថា​មិន​បាន​ការ​! ​ស្នៀត​ប៉ាហ៊ី​សុទ្ធ!»

​ដៃ​គេ​លូក​មក​អូស​ដៃ​នាង​ទៅ នាង​ដើរ​ត្រុកៗ​ទៅ​តាម​ដូច​គ្មាន​អ្វី​កើត​ឡើង។
«​មក​ពី​ណា​ស្គាល់​សុទ្ធតែ​ប៉ា​ហ៊ី​ទៀត? រៀន​មុខវិជ្ជា​អី​នៅ​ទួរគី​?​ ប្រាប់​មើល៍!​»
«​គេ​មក​ពី ​Amsterdam!»
«​គេ​​ណា​?​ ហើយ​ជើងវែង​ដើរ​បាន​ឆ្ងាយ​ម៉េះ​?»
«​គឺ​ជតា! ជតា​ជា​និស្សិត​នៅ​Amsterdam!»

ទើប​តែ​ចាប់អារម្មណ៍​ថា​ ឈ្មោះ​នាង​ពីរោះ ​ព្រោះ​នាង​ហៅ​ខ្លួនឯង «​គួរ​ឱ្យ​ស្រលាញ់!»។
​គេ​ញញឹម​ខ្ជឹប ​ហើយ​បណ្ដើរ​ស្រី​តូច​ដើរ​បន្ត​ទៅ​មុខ។
«​មក​អ៊ី​ស្តង់ប៊ុល​ពី​ពេល​ណា​?​ មក​ធ្វើ​អី អ្នក​ផ្ទះ​ដឹង​អត់​? ​គេ​បារម្ភ​ស្លាប់​ហើយ!​»
​នាង​នៅ​ស្ងៀម តែ​គេ​ដឹង​ថា​ នាង​ប្រហែល​ជា​កំពុង​នឹក​ទៅ​ដល់​អ្នក​ផ្ទះ។
​គេ​ក៏​ឆាប់​និយាយ​បន្ថែម​លោម​ចិត្ត​នាង៖
«​តែ​មិន​បាច់​ភ័យ​ទេ! បង​ជូន​យើង​ទៅ​ផ្ទះ​បង​!​ យើង​នឹង​មាន​សុវត្ថិភាព​!»

​នាង​មិន​ដឹង​ថា​គេ​អាង​អី​យក​មក​និយាយ​ទេ​ តែ​ចំពោះ​មនុស្ស​ស្រី​ម្នាក់ ពាក្យ​អះអាង​មួយ​ឃ្លា​នេះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​នាង​ក្នុង​កាលៈទេសៈ​បែបនេះ។
​គេ​ដើរ​មក​ដល់​ទី​ដែល​មុន​នេះ​ បាន​ទម្លាក់​ចោល​ដប​ទឹក​និង​អាវ​ទាហាន​។​ បុរស​លែង​​​ដៃ​ពី​នាង។​
​ស្រី​តូច​នៅ​សំងំ​ស្ងៀម ពេល​បុរស​លើក​អាវ​មក​គ្រប​ឱ្យ។
​នាង​ឃើញ​ផ្ទៃ​មុខ​គេ​និង​ដង្ហើម​ពណ៌​សក្បុស​របស់​គេ ​ដែល​ចេញ​មក​តាម​ចំហាយ​អាកាស​ដ៏​ត្រជាក់​។​
​នាង​សួរ​តិចៗ​ព្រោះ​ថា បបូរ​មាត់​មាន​ស្នេហ៍​របស់​គេ​នៅ​ក្បែរ​នាង ហើយ​ពេល​នេះ​វា​ចាប់ផ្ដើម​ប្រែ​ទៅ​ជា​ស្លេក ព្រោះ​មេឃ​ត្រជាក់​ខ្លាំង​ណាស់។

«​បង​ឯង​អត់​រងា​ទេ​? មិន​ពាក់​ខ្លួន​ឯង​ទៅ?»
«​បាន​តើ​!​ តែ​ចាំ​ពេល​បង​ពាក់​រួច​ហើយ​ បង​ឱប​យើង កុំ​ឱ្យ​យើង​កក​ឈាម​ស្លាប់​!»
​នាង​អៀន​ណាស់​នឹង​ភាព​ចែចង់​របស់​គេ​ ដែល​បាន​បង្ហាញ​មក​ជា​បន្តបន្ទាប់​តាម​ភាសា​កាយវិការ និង​ភាព​ថ្នាក់ថ្នម​យក​ចិត្ត​ទុក​ដាក់​ថែទាំ​នាង។
​ស្រី​តូច​ងាក​មុខ​ចេញ​ ហើយ​ប្រឹង​បន្លប់​ចិត្ត​ទោរទន់​របស់​ខ្លួនឯង​ដោយ​និយាយ​បញ្ជោះ៖
«​គេ​សុខ​ចិត្ត​កក​ឈាម​ស្លាប់!»

​ស្រាប់តែ​បុរស​មិន​រវល់​ខឹង​ បែរ​ជា​តប​ត​មក​វិញ​ធ្វើ​វា​ហី៖
«​ពួក​ស្រីៗ​និយាយ​ស្អី​ក៏​និយាយ​ផ្ទុយ​ពី​ចិត្ត​ដែរ!»
«​បង​ឯង​ជា​ចិត្តវិទូ​មក​ពី​ស្រុក​ណា​ ចេះ​មើល​ដល់​ក្នុង​ចិត្ត​គេ​?»
«ទទួល​ស្គាល់​ថា គេ​មើល​ធ្លុះ​មែន​អត់​?!»
«​អត់​!»

គេ​ហុច​ទឹក​មក​ឱ្យ​នាង ទាំង​និយាយ​ផ្ទាន់៖
«​ប្រយ័ត្ន​អត់​មែន​!»
«​អត់​ស្អី​បង​ឯង​!»
«​តិច​រក​ប្ដី​មិន​បាន​!​ ដោយសារ​ពូកែ​ធ្វើ​ឫក!»
«​អ្នក​ណា​ធ្វើ​ឫក?»
«ឫក​អ៊ីចឹង​ អួត​ខ្លួនឯង​សុទ្ធតែ​អ្នក​នាង​តូច! មើល​ចុះ!»

​នាង​គ្រឺត​ភ្នែក​គេ​ដែល​សម្លឹង​នាង​ពី​លើ​ដល់​ក្រោម​ ទោះ​ដឹង​ថា គេ​កំប្លុកកំប្លែង​លេង​ពិត​មែន ​តែ​ចិត្ត​នាង​នៅ​តែ​ងរង៉ក់​ ហើយ​រុញ​គេ​ចេញ​ពី​ផ្លូវ​ ដើរ​តម្រង់​ទៅ​កាន់​ប៉ម​ដោយ​ខ្លួនឯង។
​មេឃ​ងងឹត​ស្លុប ​ពេល​នាង​ឈាន​មក​ដល់​ជណ្ដើរ។
​ទោះ​បី​មាន​អាវ​ក្រាស់ មាន​ភាព​យក​ចិត្ត​ទុក​ដាក់​គួរ​ឱ្យ​កក់ក្ដៅ​របស់​បុរស​នេះ ហើយ​ក្រពាត់​ដៃ​ជួយ​ខ្លួន​ឯង​យ៉ាង​ណា​ក៏​នៅ​តែ​រងា។
​ដង្ហើម​នាង​ចេញ​តែ​ផ្សែង។

​ស្នូរ​ស្បែក​ជើង​នាយ​លាន់​មក​ដល់​ពី​ក្រោយ​ខ្នង នាង​ក៏​និយាយ​នូវ​ពាក្យ​ដែល​គិត​ជា​យូរ​មក​ហើយ។
«​អត់​ដែល​នឹក​ស្មាន​ទេ​ថា ទួរគី​រងា​យ៉ាង​នេះ!»
«​នេះ​ក្នុង​ព្រៃ​ អ្នក​នាង​!»
​នាង​ញញឹម​ស្រស់​ ហើយ​ងាក​មក​រក​នាយ។ នាង​មើល​មុខ​នាយ​ឃើញ​ព្រាលៗ ឃើញ​តែ​កែវភ្នែក​ដែល​មុត តែ​នាង​នៅតែ​និយាយ​រក​គេ​ដោយ​អំណរ៖
«​ហៅ​អ៊ីចឹង​ពីរោះ​ណាស់​! ​ស្អប់​ណាស់​អ្នក​ណា​ហៅ​គេ កូន​ក្មេង!»

ដៃ​គេ​ចុច​ទូរ​សព្ទ​បើក​យក​ពន្លឺ​ ធ្វើ​ឱ្យ​នារី​តូច​ភ្ញាក់​ក្រញាង ហើយ​សួរ​ភ្លាម៖
«​មាន​ទូរ​សព្ទ​មក​យូរ​ហើយ​ មិន​តេ​ទេ​?»
«​របស់​ពួក​ទាហាន​!​»
​នាង​រលះរលាំង​សួរ​ដោយ​អំណរ៖
«​មាន​សេវា​អត់? ខ្ញុំ​ត្រូវ​កា​រខ​ល!»

ភាគ​ទី​៣

​ជោគជតា​លូកដៃ​ទៅ​ប្រុង​ដណ្ដើម​យក​ពី​គេ​មក​វិញ តែ​គេ​មិន​ឱ្យ ហើយ​ព្រមាន​តិចៗ៖
«​បើ​មាន​សេវា​ គេ​ខ​ល​មុន​យើង​ទៅ​ទៀត!»
«​ឱ្យ​មក​មើល៍ មើល​បន្តិច!»
​គេ​មិន​ព្រម​ឱ្យ​នាង​ដាច់ខាត៖
«​អត់​មាន​ថ្ម​ច្រើន​ទេ ​អ្នក​នាង! ​ទុក​គ្រាន់​ប្រើ​ពេល​អាសន្ន​!»
​គេ​ឡើង​ជណ្ដើរ​ទៅ​រក​ប៉ម​ខាងលើ​ដោយ​ងាក​មក​ផ្ដាំ៖
«​នៅ​ហ្នឹង​!​ កុំ​ទៅ​ណា​!»

«​ម៉េច​បង​ឯង​មិន​ឱ្យ​ខ្ញុំ​ឡើង​ទៅ​ដែរ?!»
​គេ​ងាក​មក​ខ្សឹប៖
«​ខ្លាច​មាន​មនុស្ស មាន​សត្វ​!​ ចាំ​សិន​!»
«​ល្ងង់​ណាស់ បើ​មាន​មនុស្ស​ មិន​ដែល​ងងឹត​ម្ល៉ឹង​ៗ​ទេ​!»
​គេ​ឈប់​ជើង​ទៀត ​ហើយ​ដោយ​ចុះ​មក​វិញ​វឹង​ក្បែរ​នាង លូក​ដៃ​ក្រៀក​ចង្កេះ​ស្រប​ជាមួយ​សំណួរ៖
«​អ្នក​ណា​ល្ងង់?»

​នាង​នៅ​ស្ងៀម​លែង​ហ៊ាន​ ព្រោះ​ដង្ហើម​គេ​នៅ​កៀក​ពេក​។​ ប្រុស​ម្នាក់​នេះ​ពេល​ខ្លះ​ក៏​មើល​ទៅ​មាន​ចិត្ត​មានះ​ណាស់​ដែរ។ ​នាង​លូកដៃ​ប្រលេះ​ម្រាម​គេ ​កុំ​ឱ្យ​កៀក​នាង ហើយ​រអ៊ូ​៖
«​បើ​ប៉ា​ខ្ញុំ​ដឹង​!…..»
«​បើ​ប៉ា​នាង​ពូកែ​មែន ទុក​កូនស្រី​ឱ្យ​ធ្លាក់​ខ្លួន​ដល់​ទី​នេះ​ដែរ​?»

​គេ​ថា​ហើយ ឡើង​ជណ្ដើរ​គ្រាំៗ ​ទុក​ឱ្យ​នាង​ស្រែក​សួរ​ពី​ក្រោយ​ ក្រោម​ស្បៃ​ងងឹត​នៃ​រាត្រី​កាល​៖
«​ថា​ឱ្យ​ប៉ា​ខ្ញុំ​មិនមែន​!?»
​គេ​ស្រែក​តប​មក​វិញ​៖
«​បើ​មែន​វា​ម៉េច​?!»
«​ប្រយ័ត្ន​ខ្ញុំ​ឈប់​និយាយរក​!»
«​ធ្វើ​កាយវិការ​ក៏​បាន​ដែរ​! ខាង​ណេះ​មិន​ចេះ​ប្រកាន់​ទេ​!»
«​ឈប់​និយាយ​រក​ខ្ញុំ​ ឮ​អត់​?»
«​មុន​ហាម​មាត់​គេ ហាម​មាត់​ខ្លួនឯង​ឱ្យ​បាន​សិន​ទៅ ​កូនក្មេង​!»

​សំឡេង​គេ​លាន់​មក​កាន់​តែ​ខ្សោយ​ជាង​មុន ហើយ​បាត់​ឈឹង​។ ​នាង​អស់​អារម្មណ៍​ឈ្លោះ​ បែរ​ជា​គិត​បារម្ភ។
​តើ​គេ​ឃើញ​អ្វី​នៅ​លើ​នោះ​ បាន​ជា​ស្ងាត់​មាត់​ដូច​គេ​ចុក?
​នៅ​ក្រោម​ចំហាយ​សន្សើម​ត្រជាក់​នាទី​ព្រៃ​ព្រឹក្សា ធីតា​កម្ពុជា​ឱប​ដៃ​ដែល​រងា​ចំប្រប់ ​ហើយ​អត់ធ្មត់​រង់ចាំ​នាយ។
​ដៃ​នាង​ប៉ះ​អាវ​ទាហាន​គ្រើម​ៗ​នៅ​លើ​ខ្លួន​ ក៏​នឹកគិត​ទៅ​ដល់​ទឹកចិត្ត​ដ៏​ល្អ ​និង​ឈឺឆ្អាល​របស់​នាយ​។

«​ត្រូវ​ហើយ! យើង​មិន​ដែល​ឃើញ​គេ​ពីមុន​មក​ទេ គេ​ក៏​មិន​ដែល​ស្គាល់​យើង​! ​យើង​នេះ មិន​ត្រឹមតែ​នាំ​ទុក្ខ​ឱ្យ​គេ ​ថែម​ទាំង​ជជែក​តវ៉ា​ឈ្លោះ​គេ​ម្ដង​ជា​ពីរ​ដង! ​មើល​ចុះ​ គេ​ឡើង​ទៅ​លើ​ ហើយ​បាត់​ស្ងាត់​សូន្យ?​ នៅ​កណ្ដាល​ព្រៃ​មិន​ស្គាល់​ទិស​តំបន់​នេះ បើ​គេ​មាន​រឿង​អី​កើត​ឡើង ឱ្យ​យើង​ធ្វើ​យ៉ាង​ណា​?!»
​នាង​ស្រែក​ហៅ​គេ​ឮ​ៗ​៖
«​វិច្ឆិកា​! ​បង​វិច្ឆិកា​!»
​ស្ងាត់​ច្រៀប អត់​មាន​ចម្លើយ​។​
​នាង​ឈាន​ឡើង​ជណ្ដើរ​កាំ​ទី​មួយ​ហើយ​ទី​ពីរ ជាមួយ​ការ​ស្រែក​ហៅ​ទៀត៖
«​បង​វិច្ឆិកា​?»
​នាង​ឡើង​មិន​ឈប់ ​រហូត​ដល់​កៀក​ប៉ម​ ទើប​ឃើញ​គេ​បង្ហាញ​ខ្លួន​យឺតៗ ជាមួយ​សំណួរ​តិចៗ​៖
«​ហៅ​អី​ហៅ​ម៉េះ​?»

​នាង​អរ​ណាស់​ពេល​ឃើញ​គេ ទើប​ស្រី​តូច​ឆ្លើយតប​ភ្លាមៗ​៖
«ចុះ​មិញ​នេះ​បាត់​ទៅ​ណា​?»
«​បត់​ជើង​!»
«​ហើយ​បង​ឯង​គគ្រិច​ម៉េះ​? »
​នាង​ស្រមៃ​ឃើញ​ថា​ គេ​បត់ជើង​ពាសពេញ​លើ​ប៉ម​នោះ ទើប​នាង​នៅ​ស្ងៀម​ដំអក់​មិន​ឡើង​ រហូត​ដល់​គេ​បញ្ចាំង​ពិល​មក​។​
«​ឡើង​មក​! ​ខាង​លើ​មាន​បន្ទប់​ទឹក​!»
​នាង​ធូរទ្រូង​ណាស់ ពេល​ឮ​ពី​រឿង​បន្ទប់​ទឹក មាន​ន័យ​ថា ខាង​លើ​មាន​បរិយាកាស​ល្មម​អាច​ជ្រកកោន​បាន។

​បរិវេណ​នៅ​ខាង​លើ​នេះ ​ប្រមាណ​ជា​២​ម៉ែត្រ​៤​ជ្រុង​ប៉ុណ្ណោះ​ ប៉ុន្តែ​បែរ​ជា​មាន​កូន​បន្ទប់​ទឹក​តូច​មួយ។ តាមរយៈ​ពន្លឺ​ពិល​ទូរសព្ទ នាង​មើល​មិន​ឃើញ​អ្វី​ ក្រៅពី​កូន​គ្រែ​តូច​មួយ ​ទំនង​ជា​មិន​មាន​អ្នកណា​បាន​រៀបចំ​សម្អាត​ត្រឹមត្រូវ។

«​កន្លែង​នេះ​មាន​ម្ចាស់​ច្បាស់​ណាស់ មិន​អ៊ីចឹង​គ្រប់​យ៉ាង​ក៏​មិន​រៀបរយ​ម្ល៉ឹង​ដែរ!»
​នាង​និយាយ​តិចៗ ធ្វើ​ឱ្យ​បុរស​ងាក​ទៅ​ចុច​ពិល​បង្ហាញ​ប្រលោះ​ធំ​មួយ​ដែល​របើក​លើ​ជញ្ជាំង​ខាង​ឆ្វេង។
​នាង​ភ្ញាក់​ក្រញាង ព្រោះ​ទីនេះ​ងងឹត នាង​មិន​ដឹង​ថា​មាន​បន្សល់​ទុក​នូវ​ដាន​វាយ​ប្រហារ​ធ្លាយ​ជញ្ជាំង​ទេ បើ​កុំ​តែ​គេ​ប្រាប់​ នាង​អាច​នឹង​ដើរ​ធ្លាក់​បាន។

​គេ​បន្ត​ចុច​ពិនិត្យ​គ្រប់​យ៉ាង​ ហើយ​ងាក​មក​វិញ​ហើយ​ផ្ដាំ៖
«​បន្ទប់​ទឹក​នោះ​ប្រើ​បាន តែ​ទឹក​ម៉ាស៊ីន​កុំ​ទុក​ចិត្ត! ​កុំ​ញ៉ាំ​វា នៅ​នេះ​មាន​ទឹក​មួយ​ដប​ ចែក​គ្នា​ញ៉ាំ​ទៅ!»
​នាង​នៅ​ស្ងៀម ប្រហែល​នឹក​ភ័យ​នឹង​ស្នាម​របើក​ជញ្ជាំង​លើ​ប៉ម​ដ៏​ខ្ពស់​នេះ ហើយ​ក៏​ប្រហែល​កំពុង​នឹក​បារម្ភ​ពី​សុវត្ថិភាព​យប់​នេះ បាន​ជា​មិន​ឮ​ឆ្លើយ។
​ដូច្នេះ​ហើយ ប្រធាន​និស្សិត​ដើរ​មួយៗ​មក​ក្បែរ​ហើយ​សួរ៖
«​ម៉េច​ហើយ? ​មិញ​ឮ​និយាយ​អត់!? ទឹក​រ៉ូប៊ីនេ​ក្នុង​នុះ ហាម​ញ៉ាំ!»
​នាង​នៅ​ស្ងាត់​មាត់​ តែ​សម្លឹង​គេ​ត្លែ​ ធ្វើ​ឱ្យ​បុរស​បន្ថយ​ភ្លើង​ពិល​ ហើយ​ចាំង​ពិនិត្យ​ទឹក​មុខ​នាង។

​គេ​ដឹង​ថា​នាង​បារម្ភ ដូច្នេះ​ហើយ​ក៏​និយាយ​ខ្សឹបៗ​លួង៖
«​ចាំ​មេឃ​ភ្លឺ​សិន គង់​តែ​រក​វិធី​ឃើញ​ទេ!»
​គេ​ចុច​បិទ​ពិល​ទូរ​សព្ទ​ ហើយ​បន្ត៖
«​ទុក​អា​នេះ​ទៅ ក្រែង​ត្រូវ​ប្រើ តែ​ត្រូវ​សន្សំសំចៃ! មួយ​យប់​នេះ​វែង​ណាស់​!»
«​ត្រូវ​ហើយ វែង​ណាស់​!» ​នាង​ភ្លាត់មាត់​ខ្សាវៗ​ទាំង​បារម្ភ​។​
​ពេល​នេះ​ទើប​នាយ​យល់​ពី​កង្វល់​ក្នុង​ចិត្ត​នារី​តូច និង​ហេតុផល​ដែល​ធ្វើ​ឱ្យ​នាង​ស្ងាត់​មាត់​ លែង​រួសរាយ​ដូច​កាលពី​នៅ​ក្រោម។

​វិច្ឆិកា​ដាក់​ទូរ​សព្ទ​ទៅ​ក្នុង​បាតដៃ​នាង ហើយ​និយាយ​ប្រាប់​បន្ថែម៖
«​គេង​លើ​គ្រែ​ទៅ​ អត់​អី​ទេ! ខាង​ណេះ​អត់​គេង​មួយ​យប់​ក៏​អត់​អី​ដែរ​!»
​នាង​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ដែល​ងងឹត​ស្លុប។
​ចិត្ត​មួយ​អាណិត​នាយ​ ចិត្ត​មួយ​បារម្ភ​ពី​ខ្លួនឯង​ដែល​ជា​មនុស្ស​ស្រី។
​ចៃដន្យ​គេ​នេះ​ជា​បុរស​ខ្មែរ បើ​ជា​ជាតិ​សាសន៍​ផ្សេង​មិន​ដឹង​ជា​នាង​ត្រូវ​ពិបាក ទើសទាល់​និង​បារម្ភ​កម្រិត​ណា​ទេ។

​នាង​ចេញ​មក​វិញ​ទាំង​បើក​ពិល​រក​មើល​គេ។
​បុរស​នេះ​អង្គុយ​ចំខែង​នៅ​មាត់ទ្វារ ដាក់​ជើង​ទាំង​ពីរ​ចុះ​ជណ្ដើរ ​ហើយ​បែរ​មុខ​ទៅ​រក​ខាង​ក្រោម​ប៉ម នាង​រេ​ពិល​ជុំវិញ​ខ្លួន ​ហើយ​និយាយ​តិចៗ៖
«មិន​ដែល​ថា​អ្នក​រស់នៅ​កន្លែង​នេះ គេ​ទ្រាំ​ងងឹត​អ៊ីចឹង​កើត?»

​មាត់​នាយ​ទំពា​ញ៉ាច់​ៗ ​មុន​ពេល​ឆ្លើយ​៖
«​មាន​កុងតាក់​ភ្លើង​ តែ​ដាច់​អស់​ហើយ​!»
​គេ​នេះ​ពិតជា​ម៉ត់ចត់​ ហើយ​មើល​ទៅ​មាន​អត្តចរិត​ងាយ​ស្រួល​ បើក​ទូលាយ ​អាច​សម្រប​បាន​នឹង​ស្ថានការណ៍​នានា​ មិន​ដូច​ពាក្យ​ដែល​នាង​បាន​ថា​ឱ្យ​គេ​មុន​នេះ​ «ចរិត​បង​ឯង​អ៊ីចឹង! ​ពូកែ​ខឹង​ ពូកែ​សម្លុត​គេ ហើយ​ខ្លាច​ស្លាប់!»។
«​គិត​អង្គុយ​នៅ​នឹង​ទល់​ភ្លឺ មិន​ខ្លាច​កក​ទេ​?»​ នាង​សួរ​ខ្សាវៗ​។

«​មិនមែន​ប៉ូល​ខាង​ជើង​ទេ​!» គេ​ឆ្លើយ​ហី តែ​នាង​ដឹង​ថា​ គេ​ប្រើ​សម្ដី​នាង​ឌឺដង​នាង​វិញ។
​នាង​លូកដៃ​ស្ទាប​អាវ​ទាហាន​ដ៏​ក្រាស់​ដែល​មាន​លើ​រាងកាយ​ ព្រោះ​ការ​បរិច្ចាគ​របស់​គេ​ ពេល​នេះ​ទៀត គេ​ទុក​គ្រែ​តូច​នោះ​ឱ្យ​នាង ហើយ​ខ្លួន​ឯង​អង្គុយ​កំដរ​ទ្វារ​?
​នាង​មិន​ប្រកាន់ ​ទោះ​ដឹង​ថា​គេ​ឌឺ។ ទ្រូង​វិញ កើត​ចិត្តទន់​អាណិត​ទឹកចិត្ត​ដ៏​ល្អ​នៃ​បុរស​នេះ ក៏​និយាយ​បន្ថែម៖
«​បង​ឯង​មិន​យក​ភួយ​ដណ្ដប់?»
«​ចាំ​ពេល​អ្នក​ខ្លះ​ដេក​ស្រមុក​បាត់ ​ចាំ​ទៅ​លួច​យក​មក​!»
«​ខ្ញុំ​មិន​គេង​ទេ​យប់​នេះ​!»
​ពាក្យ​តបត​រហ័ស​ៗ​របស់​ស្រី​តូច ​ហាក់​ចង់​និយាយ​ថា​ គេ​អាច​ឡើង​មក​ជ្រក​ក្នុង​ភួយ​លើ​គ្រែ​ដ៏​តូច​នោះ ​ទប់​នឹង​អាកាសធាតុ​ជាមួយ​គ្នា​បាន ធ្វើ​ឱ្យ​បុរស​ងាក​មក​សម្លឹង​មុខ។
​នាង​ខ្លាច​គេ​មើល​នាង​មិន​ឃើញ​ នាង​ក៏​បញ្ចាំង​ពិល​មក​មុខ​ខ្លួនឯង ហើយ​ផ្ទួន​ពាក្យ៖
«​និយាយ​មែន​!»

​បុរស​សើច​ក្អាកក្អាយ​រំពង​ព្រៃ។
​គេ​ពុំ​មែន​សប្បាយ​ចិត្ត​ដែល​ត្រូវ​បាន​នាង​អនុញ្ញាត​ឱ្យ​ដណ្ដប់​ភួយ​ជាមួយ​គ្នា​ទេ ប៉ុន្តែ​គេ​ហួសចិត្ត​ចំពោះ​មុខ​នាង​ពី​ពន្លឺ​ពិល។
«​ចង់​ឃើញ​មុខ​ខ្លួន​ឯង​ពេល​នេះ​អត់​??»
​នាង​សម្លឹង​ពន្លឺ​ពិល​ទូរ​សព្ទ​ ហើយ​បិទ​វា​វិញ តែ​និយាយ​បន្ត​៖
«​ភួយ​មាន​តែ​មួយ មេឃ​រងា​ទៅ​ៗ គួរ​តែ​បិទ​ទ្វារ!»
​នាង​និយាយ​ទាំង​អៀន​ ចំពោះ​ប្រុស​កំលោះ​ដែល​បន្ត​សំណើច​មក​រដឹក​មិន​ឈប់។
​ថា​ចប់​ស្រី​ស្អាត​ដើរ​យឺត​ៗ​ កាត់​ភាព​ងងឹត​មក​អង្គុយ​លើ​គ្រែ។

​អង្គុយ​យូរ​ត្រជាក់​ទៅ​ៗ​ ក៏​ត្របោម​ជង្គង់ ​ហើយ​ដណ្ដប់​ភួយ​ជិតជុំ។
​ទី​បំផុត​បុរស​នោះ​បិទ​ទ្វារ ហើយ​ដើរ​តម្រង់​មក។
​នាង​មិន​ឃើញ​គេ​ច្បាស់ ​តែ​ទទួល​ដឹង​ថា​រាងកាយ​ខ្ពស់​ស្រលះ​របស់​គេ​កំពុង​អង្គុយ​ចុះ​មក​ក្បែរ​នាង។នាង​សប្បាយ​ចិត្ត​ដែល​សីតុណ្ហភាព​ទី​នេះ​ហាក់​មាន​កម្ដៅ​ល្អ​ជាង​មុន។ ទាំង​ពីរ​នាក់​គ្មាន​អ្នក​ណា​ចេញ​ស្ដី​អ្វី ​បណ្ដោយ​ឱ្យ​ភាព​ងោកងុយ​ចូល​មក​ល​លេង​បន្លែង។ នាង​ស្ងាប…. ឯ​គេ​ក៏​សើច​កក្អឹក​សាជាថ្មី។

​នាង​មិន​មាត់​ ហើយ​តាំង​ចិត្ត​បើក​ភ្នែក​ធ្វើ​ធម្មតា តែ​យូរៗ​ទៅ​ក៏​លែង​ដឹង​ខ្លួន…. ​សំឡេង​នាង​លាន់​រង៉ូវៗ​មក​ក្បែរ​ត្រចៀក​គេ​៖
«​លួច​គេង​បន្តិច​ទៅ​….​ ងងឹត​ណាស់ គ្មាន​ពី​ណា​ដឹង​ទេ​! ​តិច​ទៀត​បើក​ភ្នែក​វិញ​ហើយ​!»
​ប្រុស​ស្អាត​ដៀង​ភ្នែក​ទៅ​មើល​នាង​។​
​នៅ​ក្នុង​ភាព​ងងឹត​យូរ ​គេ​ទម្លាប់​ភ្នែក​បាន ​ហើយ​មើល​ឃើញ​នាង​។​
​នាង​ទន់​ក​ក្ងៀក ​ហើយ​ទោរ​ទៅ​ម្ខាង​បន្តិច​ម្ដង​ៗ។
​គេ​ដឹង​ថា​នាង​ហត់នឿយ​ពេក លាយ​សភាព​ផ្លូវចិត្ត​ច្របូកច្របល់​ បាន​ជា​កើត​សម្ដី​រវើរវាយ​បាន​។​

​ពេល​នេះ​ខ្យល់​មិន​ត្រឹមតែ​ត្រជាក់ ថែម​ទាំង​បោក​កួច​ព្រៃ។
​សូរ​សព្ទ​ប្រាវ​ៗ​លាន់​រង្គើ​ទ្វារ​ប៉ម​ដែក តែ​ពេល​បុរស​ងាក​ទៅ​ស្រី​តូច នាង​នៅ​តែ​សំងំ​ស្ងាត់ឈឹង។
​ចិត្ត​គេ​បារម្ភ​ច្រើន​ជំពូក ទោះបី​មាត់​គេ​ហា​ស្គី​ផុយៗ គ្រាន់តែ​គេ​មិន​និយាយ​វា​ចេញ​មក​តែ​ប៉ុណ្ណោះ។
​គេ​គិត​ថា​ គេ​នឹង​នៅ​ការពារ​ទ្វារ​បោក​រង្គើ​មួយ​នោះ ប៉ុន្តែ​ទីបំផុត​…..​ សន្ធឹក​វាយោ​មិន​អាច​ឃាត់​ត្របក​ភ្នែក​នាយ​បាន​ឡើយ គឺ​មាន​តែ​សំនៀង​បក្សី​ទើប​ដាស់​នាយ​ឱ្យ​ដឹង​ខ្លួន​វិញ​បន្តិច​ម្ដងៗ…..

​ប្រធាន​និស្សិត​ប្រឹង​រក​នឹក​មើល​ថា ​តើ​ពេល​នេះ​គេ​កំពុង​នៅ​ឯ​ណា ហើយ​ពន្លឺ​ថ្ងៃ​បាន​ចាំង​ជះ​ពាស​ពេញ​រហូត​ដល់​នាយ​ប្រឹង​បើក​ភ្នែក​ដោយ​លំបាក។
​មេឃ​កក់ក្ដៅ​ខុស​ដាច់​ពី​យប់​មិញ មាន​ន័យ​ថា​ព្រះអាទិត្យ​រះ​ពេញ​បន្ទុក?
​គេ​ប្រែ​ខ្លួន​ប្រុង​កម្រើក តែ​ច្រមុះ​ទទួល​ដឹង​ក្លិន​ដ៏​ក្រអូប​របស់​មនុស្ស​ស្រី​ដែល​នៅ​ជាប់​ប្រាណ។ ហត្ថ​ទាំង​សង​ឱប​នាង​ជាប់​ទ្រូង ហើយ​សក់​នាង​នៅ​ជាប់​ច្រមុះ​មិន​ដឹង​តាំងពី​ពេល​ណា។ ​ចំណែក​នាង​គេង​លក់​ ដូច​មិន​ដែល​បាន​គេង ​ហើយ​បែរ​ខ្នង​ជាប់​ទ្រូង​នាយ។

​សឹង​ស្ទុះ​ក្រោក​វឹង ប្រឹង​ធ្វើ​ដូច​មិន​ដឹង​អី តែ​ទៅ​មិន​រួច​ទេ បើ​ឱប​គ្នា​ជាប់​ថ្នាក់​នេះ។ កម្រើក​តែ​បន្តិច​ទៀត​ នាង​ដឹង​ខ្លួន​មិន​ខាន។
​ប្រធាន​និស្សិត​បើក​ភ្នែក​ក្រឡោត ខំ​រក​នឹក​អ្វីៗ​គ្រប់​យ៉ាង ​តែ​នាយ​បាន​ត្រឹម​ឈឺ​ក្បាល ព្រោះ​គ្រប់​យ៉ាង​ទទេ​ស្អាត គ្មាន​សូម្បី​​តែ​ដាន​យល់សប្ដិ ដឹង​តែ​ថា ដេក​លក់​ភ្លឹង​ដល់​ភ្លឺ​ទាំង​ពីរ​ប្រាណ។
​ធ្វើ​ម៉េច​ពេល​នេះ?
​ស្នូរ​ទូរសព្ទ​ស្រាប់តែ​រោទ៍។
​ប្រធាន​និស្សិត​ស្ទុះ​សឹង​បាក់​ក​​ទៅ​លើ​ ក្រោក​រំពៃ​រកមើល​ទូរ​សព្ទ ​ធ្វើ​ឱ្យ​ស្រី​តូច​ដឹង​ខ្លួន​ក្រោក​ញី​ភ្នែក​។​
​គេ​ឈប់​រុករក​ ហើយ​គាំង​ឆ្កុប​ក្បែរ​គ្រែ​ ពេល​ឃើញ​នាង​ច្រត់​ដៃ​មមី។
«​នៅ​ហ្នា៎​ហ្នឹង​?!»

​នាង​បើក​ភ្នែក​សន្សឹមៗ​ ឃើញ​មុខ​គេ​ដែល​នៅ​ធ្មឹង​មើល​នាង​ភ្លឹះៗ។
​ស្រី​ស្អាត​ឱន​មើល​ខ្លួនឯង​ឱ្យ​អង្គុយ​នឹងន​​ សួរ​គេ​ទាំង​ភ្នែក​ក្រឡង់៖
«​ហើយ​បង​ឯង​អត់​គេង​ទល់​ភ្លឺ?»
«​ទូរ​សព្ទ​រោទ៍​នៅ​ឯ​ណា​ ណេះ​មក!»
​គេ​ឆ្លើយ​តតាក់តតុប​ ព្រោះ​នៅ​ភាំង​ៗ​រវល់​នឹក​សង្ស័យ​មិន​ដឹង​ថា ​នាង​ដឹង​ពី​រឿង​ដេក​ឱប​គ្នា​ដល់​ភ្លឺ​ដែរ​ទេ?
​នាង​បើក​ភ្នែក​ធំ​រេរក​ទូរ​សព្ទ ទាំង​ត្រចៀក​ទើប​នឹង​ចាប់​អារម្មណ៍​សំឡេង​រោទ៍​ញាប់​ស្អេក។
«​កុំ​ទទួល!»

នាង​លូក​ដល់​វា ហើយ​លើក​មក​មើល។
​នរៈ​ប្រញាប់​លូកដៃ​សុំ៖
«​ម៉ោះ! ​ទាក់ទង​រក​គេ​ជួយ!»
​នាង​ភាំង​ៗ​ហុច​ឱ្យ​គេ គេ​លូក​មក​ចុច​រក Online​ ប៉ុន្តែ​បែរ​ជា​ទ្រឹង​វិញ។
«​អត់​ចាំ​លេខ​ទេ! ​លេខ​អាមេរិក​វែង​ណាស់ ​ចូល​ Viber​ ម៉េច​កើត​?!»
«​បង​ឯង​មក​ពី​អាមេរិក​?»
​គេ​មិន​ឆ្លើយ​ ហុច​វា​ទៅ​ឱ្យ​នាង ហើយ​តឿន៖
«​មាន​ស្គាល់​លេខ​អ្នកណា​ទេ​?​ ហៅ​ទៅ​គេ​ភ្លាម​ទៅ ថ្ម​សល់​មិន​ដល់​១៥%​ទេ​!»
​នាង​មិន​មាត់​ក៏​លូក​ដៃ​ទទួល​មក​ចុច​។ គេ​តាមដាន​នាង​ជាប់ ​ព្រោះ​សេចក្ដី​សង្ឃឹម​ចេញ​ពី​ទីនេះ​ចាប់ផ្ដើម​លេច​រូបរាង។

​នារី​តូច​ក៏​បង្ហាញ​ភាព​តឹងតែង។ ​នាង​ចាប់ផ្ដើម​ញាប់​ស្មេ ​ចុច​លេខ​មួយ​ហើយ​មួយ​ទៀត​ ​ទីបំផុត​នាង​គ្រវីក្បាល​ដាក់​គេ​ដោយ​ទឹក​មុខ​អស់​សង្ឃឹម។
«​អត់​សេវា​ទេ! ឃើញ​សញ្ញា​មែន តែ​ទាក់ទង​ចេញ​អត់​បាន​ដដែល​ហ្នឹង!»
​គេ​​ឱន​ពិនិត្យ​អេក្រង់​ទូរ​សព្ទ​ដែល​ស្រី​តូច​ហុច​បង្ហាញ​មក។
«​ឡើង​ទៅ​ផ្លូវ​វិញ​ទៅ ​ក្រែង​មាន​សេវា! ​ជិត​ៗ​ប្រហែល​ជា​មាន បាន​ជា​វា​ឱ្យ​សញ្ញា! តោះ​ទៅ​មុន​ពេល​អស់​ថ្ម!»
​នាង​ងក់​ក្បាល​ធ្វើ​តាម។
«​បង​ឯង​ចុះ​មុន​ទៅ! ​ខ្ញុំ​លុប​មុខ!»
​គេ​មិន​មាត់ ​តែ​ដៀង​កន្ទុយ​ភ្នែក​លប​មើល​ស្រី​ស្អាត។

​នាង​ទំនង​ជា​មិន​ដឹង​ទេ​ថា ពេញ​មួយ​យប់​កន្លង​មក​នេះ បាន​ដេក​ក្នុង​រង្វង់​ដៃ​នាយ​កក់ក្ដៅ​ជាមួយគ្នា​ឆ្លង​កាត់​អាកាស​ធាតុ​រងា​ញាក់​នេះ​បាន​?​ ឱ្យ​អ៊ីចឹង​ទៅ​ចុះ។
​គេ​ឆ្លើយ​ចាក់​បណ្ដោយ​ភ្លាម៖
«​កុំ​យូរ​ពេក!»
​គេ​ចុះ​ជណ្ដើរ​គ្រាំៗ​មុន​នាង​ ទាំង​ហួច​ធ្វើ​មិន​ដឹង​រឿង​។​
​សេចក្ដី​សោមនស្ស​នៅ​ក្នុង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ បាន​ធ្វើ​ឱ្យ​ចិត្តថ្លើម​នាយ​រលាយ​បង់​នូវ​សេចក្ដី​បារម្ភ​ខ្វល់ខ្វាយ។ គេ​ហួច​ហើយ​ច្រៀង​រងំ។

​មិន​យូរ​ប៉ុន្មាន​ គេ​បញ្ឈប់​អារម្មណ៍​កម្សាន្ត​ ហើយ​រអ៊ូ​មួយៗ​តែ​ម្នាក់​ឯង៖
«​ស្ដាយ​ណាស់!»
«​ស្ដាយ​អី​គេ?»
​ស្រី​ស្អាត​សួរ​មួយៗ​មក​ពី​ក្រោយ​ខ្នង។ ​គេ​បែរ​ទៅ​មើល​នាង ​ឃើញ​នាង​ចុះ​មក​មួយៗ​ ដៃ​កាន់​បង្កាន់​ដៃ។
​គេ​ក្រឡេក​មើល​ទៅ​ស្បែក​ជើង​នាង ​ដែល​មិន​បាន​ដោះ​ពេញ​មួយ​យប់​មក​ហើយ។
«​តើ​នាង​ដឹង​ឬ​នៅ​ថា​ បាន​គេង​ឱប​គ្នា​ពេញ​មួយ​យប់​!?»

​គេ​គិត​ស្ងាត់​ៗ​ម្នាក់​ឯង ​ហើយ​ខំ​ទប់​មិន​ញញឹម​ទេ ប៉ុន្តែ​ពន្លឺ​ភ្នែក​គេ​ដែល​សម្លឹង​នាង​ស្រទន់​ពេញ​ដោយ​មនោសញ្ចេតនា។
«​ស្ដាយ​អត់​មាន​ទូរ​សព្ទ​ថត​ទេសភាព​ដូច​ស្ថានសួគ៌ ​ឃើញ​អត់!?»
​គេ​ឆ្លើយ​ដោយ​ផ្ដោត​ភ្នែក​សម្លឹង​នាង។
​នាង​ក៏​ងាក​មើល​ធម្មជាតិ​ទៅ​តាម​ពាក្យ​នាយ​ប្រាប់។
«អ្ហូយ!» នាង​ភ្លាត់​មាត់​ដោយ​រំភើប។

​មើល​យល់​ថា​ នាង​កំពុង​តែ​មាន​អារម្មណ៍​ដូច​ខ្លួន​ដែរ​នោះ បុរស​ក៏​ពោល​បន្ថែម៖
«​កន្លែង​បែប​នេះ បើ​ថ្ងៃ​ក្រោយ​ចង់​ធ្វើ​ទេសចរ​មក​ ក៏​មិន​ប្រាកដ​ថា​អាច​បាន​មក​ដែរ​!!»
​នាង​ឆ្លើយ​តប​ភ្លាម​ ហាក់​មិន​បាន​ខ្វល់ខ្វាយ​អ្វី​ទាំង​អស់៖
«​មែន​ហើយ​!​ ថត​ទៅ​តោះ ​កុំ​ឱ្យ​ស្ដាយ!»
​នាង​លើក​ទូរ​សព្ទ​មក​ ហើយ​រត់​មក​ឈរ​ពីមុខ​នាយ ព្រម​ទាំង​ Selfie នឹង​នាយ​ភ្លាមៗ​តែ​ម្ដង។
​ប្រធាន​និស្សិត​ស្រលាំងកាំង ​ភាំង​នឹង​សម្រស់​ធម្មជាតិ​នៃ​អាកប្បកិរិយា​ដ៏​ក្មេង​សេចក្ដី​របស់​នាង។

​នាង​នៅ​តែ​ប្ដូរ​ទិស​ដៅ​ ហើយ​ថត​មិន​ចេះ​ចប់​ រហូត​ដល់​គេ​ទ្រាំ​បាន​បន្ទោស​តិចៗ​៖
«​អស់​ថ្ម​អា​ឡូវ​ហើយ​ អ៊ំ​ស្រី​!»
​នាង​ញញឹម​ ហើយ​បែរ​អេក្រង់​បង្ហាញ​គេ។
​ទូរ​សព្ទ​ទាហាន​នៅ​សល់​តែ​ភ្លើង​៧%​តែ​ប៉ុណ្ណោះ។
​គេ​ច្រត់​ដៃ​បន្ទោស​តិចៗ​៖
«​ថា​ហើយ​ថា​! ​រឹង​ណាស់​!»
​គេ​លែង​និយាយ​ស្ដី​ក៏​ដើរ​ចេញ​ត្រឡប់​ទៅ​រក​ផ្លូវ​វិញ​ ទុក​ឱ្យ​នាង​ដើរ​ត្រុកៗ​តាម​ពី​ក្រោយ។
«​យប់មិញ​បង​ឯង​មាន​គេង​អត់​?»
​គេ​នៅ​ស្ងៀម​លួច​មើល​នាង​ដោយ​កន្ទុយ​ភ្នែក ចង់​ដឹង​ថា​នាង​ធ្វើ​មិន​ដឹង​ខ្លួន​ ឬ​នាង​ពិតជា​ដេក​ដូច​ជ្រូក​មិន​ដឹង​អ្វី​ទាំងអស់​មែន​?

«​ខ្ញុំ​យល់សប្ដ​ឃើញ​ប៉ា​ខ្ញុំ​! ឃើញ​កំពុង​នៅ​ផ្ទះ​ប៉ា​នៅ​អាំស្តឺដាម ហើយ​គេង​មាន​ឡ​កម្ដៅ!»
​«តើ​យើង​ក្លាយ​ជា​ឡ​កម្ដៅ​តាំង​ពី​ពេល​ណា​មក?» នាយ​សួរ​ខ្លួនឯង​ទាំង​អស់សំណើច​ក្នុង​ចិត្ត។
​នាង​និយាយ​បន្ថែម​មក​ទៀត​៖
«​មិន​ស្មាន​ថា តាម​ពិត​ទៅ​កន្លែង​បែប​នេះ​ក៏​គេង​លក់ ហើយ​សុបិន​ល្អ​ទៀត​?»
​នាង​មើល​ទៅ​ជា​ក្មេង​ស្រី​ដែល​ស៊ូ​ និង​មាន​អារម្មណ៍ល្អ​គួរ​ឱ្យ​ងឿងឆ្ងល់​ ហើយ​គួរ​ឱ្យ​ចូល​ចិត្ត​។​

នាង​អត់​បាយ​ក្រហាយ​ទឹក ដេក​ព្រៃ នៅតែ​និយាយ​ស្ដី​សុទិដ្ឋិ​គួរ​ឱ្យ​ចង់​ស្ដាប់។ ​ប្រធាន​និស្សិត​សួរ​វិញ​ម្ដង​ ទាំង​មិន​ងាក​ក្រោយ​ទេ៖
«​ប៉ា​យើង​នៅ​ហូ​ឡង់​ដែរ​!?»
«​បើ​គាត់​មិន​នៅ​ហ្នឹង ខ្ញុំ​ម៉ោ​រៀន​នៅ​ហ្នឹង​ធ្វើ​អី​?»
​នាង​សួរ​បក​វិញ ធ្វើ​ឱ្យ​ខាង​ប្រុស​ញញឹម​សួរ​បន្ថែម​៖
«​គាត់​មក​ធ្វើការ​?»
«​ចា៎!»
«​មន្ត្រី​ការ​ទូត?»

​គេ​សួរ​ដោយ​ជ្រួញ​ចិញ្ចើម​ងាក​មក​មើល​នាង ឯ​ជោគជតា​ក៏​ងក់​ក្បាល​តប​ដើម្បី​បញ្ជាក់​ថា​ ការ​គិត​របស់​គេ​ត្រឹមត្រូវ។
«​អ៊ីចឹង​យើង​ជា​កូន​អ្នក​ធំ ជា​អ្នក​នាង?»
​នាង​បាន​ចិត្ត​ក្រពាត់ដៃ​ឆ្លើយ៖
«​ខ្ញុំ​ប្រាប់​តាំង​ពី​ដំបូង​ មែន​អត់​?»
​ប្រុស​ស្អាត​ឈប់​ដើរ ហើយ​បែរ​មក​សម្លឹង​នាង​ពី​លើ​ចុះ​ក្រោម។ ​ចិត្ត​គេ​អាណិត​អ្នក​នាង​តូច​ដែល​ពេល​នេះ​ខោអាវ​ប្រឡាក់ប្រឡូស​ អត់​បាយ​អត់​ទឹក ប៉ុន្តែ​ក៏​មិន​បាន​ទម្រន់​ដំអក់។

​ទោះ​អ៊ីចឹង​ក៏​ដោយ តែ​សម្ដី​របស់​គេ​ដែល​ពោល​ទៅ​កាន់​នាង នៅ​តែ​មាន​សណ្ឋាន​ផ្ទុយ​គ្នា​ស្រលះ​ពី​ចិត្ត​ពិត។ គេ​បង្អាប់​នាង​ភ្លាម៖
«​អ៊ីចឹង​មាន​តែ​យើង​ជា​ហង្ស​ធ្លាក់​ទឹក!»
​នាង​ធ្វើ​មុខ​ក្រញូវ​ក្នាញ់​ខឹង ហើយ​តបត៖
«​បង​ឯង​រៀន​ចេះ​ភាសា​ខ្មែរ​ជ្រៅជ្រះ​យ៉ាង​នេះ សម្រាប់​យក​មក​ដាក់​ឈ្មោះ​អសុរោះ​ឱ្យ​អ្នកដទៃ​មែន​អត់!?»
​ថា​ហើយ​អ្នក​នាង​រលាក់រលើ ​ធ្វើ​ខឹង​ងរ​ដើរ​ហួស​ពី​មុខ​គេ​ទៅ។
​នាង​ដើរ​តម្រង់​ទៅ​រក​ផ្លូវ​ថ្នល់​ ធ្វើ​ដូច​ជា​ខ្លួន​ឯង​នេះ​ស្គាល់ផ្លូវ​ច្បាស់ ​ហើយ​ក្លាហាន​ណាស់​អ៊ីចឹង។ តែ​ពេល​ទៅ​ដល់​មុខ​ នាង​ស្រាប់តែ​នៅ​គាំង​បន្តិច ហើយ​រត់​បក​ក្រោយ​វិញ​ត្រហេបត្រហប​ប្រាប់​នរៈ​យើង៖
«​បាត់​ឡាន​ហើយ​!»
​វិច្ឆិកា​ប្រែ​ទឹកមុខ។

​គេ​រត់​ទៅ​ទី​កន្លែង​ចាស់ ពិត​ជា​អ្វីៗ​សល់​តែ​ដាន​កង់​រថយន្ត​មែន​។ គេ​ងាក​មក​រក​នាង ​ឃើញ​នាង​ធ្វើ​មុខ​ស្លាំង​ ប្រៀប​បី​ដូចជា​កំពុង​គិត​យល់​ពី​អ្វី​ដែល​គេ​កំពុង​សង្ស័យ​ដូចគ្នា ​គឺ​ថា​ពួក​ទាហាន​បាន​មក​ដល់​ទី​នេះ ហើយ​រុករក​ពួក​គេ ​តែ​រក​មិន​ឃើញ​ក៏​អូស​ឡាន​ និង​សព​ទាហាន​ចេញ​ទៅ​បាត់​ទៅ​។​
«​ម៉ោ​តាម​ផ្លូវ​នេះ​វិញ​!»
​គេ​បំបែរ​ទិស​ទៅ​រក​ផ្លូវ​ផ្សេង ដោយ​មាន​នាង​តូច​រត់​ត្រុកៗ​តាម​ពី​ក្រោយ។
«​ពួក​ទាហាន​អាច​នៅ​ក្បែរៗ​នេះ​អត់​?»

​នាង​សួរ​ផង​ រត់​តាម​គេ​ហត់​គឃូស​ផង​ ព្រោះ​ជំហាន​គេ​វែងៗ ​នាង​រត់​ផង​នៅ​តែ​តាម​មិន​ចង់​ទាន់​។​
​គេ​លើក​ចង្អុលដៃ​ដាក់​ត្រឹម​មាត់​ ឃាត់​នាង​មិន​ឱ្យ​និយាយ​ឮ​ៗ។
​ហើយ​លូក​ដៃ​មក​ចាប់​កដៃ​នាង។
​ក្នុង​ដំណើរ​ស្ងៀមស្ងាត់ ​ពួកគេ​បន្ត​ដំណើរ​លុកលុយ​ចេញ​ពី​ទី​មួយ​ឆ្ពោះ​ទៅ​កាន់​ទី​មួយ​ទៀត ​ដោយ​គ្មាន​គោលដៅ មិន​បាន​ហើប​មាត់​រក​គ្នា​សូម្បី​តែ​មួយ​ពាក្យ​ ហើយ​ភាព​បារម្ភ​ខ្វល់ខ្វាយ​បាន​បណ្ដោយ​ឱ្យ​ពេលវេលា​អូស​បន្លាយ ​រហូត​ដល់​ថ្ងៃ​ឡើង​ខ្ពស់​ចំ​ពី​លើ​ចុង​ព្រឹក្សា​ ទើប​នាង​ដាច់​ចិត្ត​និយាយ​ទៅ​កាន់​គេ​តិចៗ​៖
«​ទៅ​លែង​រួច​ហើយ​!»

​ប្រុស​កំលោះ​ឱន​មក​សម្លឹង​នាង ​ហើយ​គេ​ឈប់​ស្ងៀម។
​នាង​មើល​ទៅ​អត់ធ្មត់​ហួស​ពេក​ហើយ ជា​ពិសេស​ពេល​នាង​រលាស់​ជើង​ចុះ​ឡើង​ គេ​ឃើញ​ឆ្នូត​ឈាម​មួយ​ចំនួន​ស្ងួត​ក្រៀម​លើ​កំភួនជើង​ស្រី​ស្រស់។
​នាង​មុត​ជើង​ច្រើន​យ៉ាង​នេះ​ មិន​ដឹង​គេ​អូស​នាង​ទីណាត់ទីណែង ​កាត់​ព្រៃ​បន្លា​មក​ប៉ុន្មាន​គីឡូ​ហើយ​នោះ​ទេ។ គេ​បន្ទោស​ខ្លួនឯង​ក្នុង​ចិត្ត ​តែ​មិន​ចេញ​វាចា​អ្វី​ រហូត​ដល់​នាង​និយាយ​មក​ទៀត៖
«​ហត់​ណាស់! ឈប់​បន្តិច​សិន​បាន​ទេ​!? អត់​មាន​អ្នក​ណា​តាម​មក​ទេ​!»

​គេ​ងក់​ក្បាល​តិចៗ អាណិត​នាង ហើយ​ទ្រាំ​អត់​ណាស់​ ទម្រាំ​ដាច់​ចិត្ត​និយាយ​តិចៗ៖
«​ជើង​មុត​ពី​អង្កាល់?»
​នាង​ឱន​សម្លឹង​របួស​តូច​ៗ​លើ​ជើង ហើយ​ថយ​ទៅ​អង្គុយ​លើ​កំណាត់​ឈើ​ដែល​ដួល​រលំ​ទទឹងទទែង។ សូម្បី​តែ​កំណាត់​ស្អាត​សម្រាប់​ជូត​ឈាម​មួយ​ផ្ទាំង​ក៏​គ្មាន​ដែរ កុំ​ថា​ឡើយ​អី​ផ្សេង​ពី​នេះ ដូច្នេះ​ហើយ​បាន​ជា​នាង​មិន​រវល់​អ្វី​នឹង​វា​ ហើយ​រេ​ភ្នែក​សម្លឹង​ជុំវិញ​ខ្លួន។

​ដៃ​នាង​ឱប​ពោះ ទោះ​នាង​មិន​និយាយ​វា ​តែ​នេះ​ជា​សញ្ញា​នៃ​ក្រពះ​ធ្វើ​ទុក្ខ។ ​អ្នក​នាង​តូច​មើល​ទៅ​មិន​បាន​រវល់​នឹង​ស្ថានភាព​ទ្រុឌទ្រោម​នៃ​រាងកាយ​ខ្លួន​ឯង​ទេ នាង​គិត​អំពល់​ជាមួយ​បរិយាកាស​ជុំវិញ​ខ្លួន​ឯង​ច្រើន​ជាង។

អត់​បាយ​ក្រហាយ​ទឹក​ជិត​៤០​ម៉ោង​ហើយ បើ​មិន​អាច​ចាក​ចេញ​មុន​មេឃ​ងងឹត​មក​ដល់ ​ការ​ដាច់​ពោះ​ស្លាប់​ ដូចជា​មិនមែន​ជា​រឿង​ពិបាក​កើត​ឡើង​ទេ។
​ទោះបី​ដឹង​ថា​ នាង​ជា​នារី​ដែល​មាន​ស្មារតី​រឹងមាំ​យ៉ាង​ពិសេស​ពី​ធម្មជាតិ​មក​ហើយ ​ក៏​ដោយ​ប្រធាន​និស្សិត​នៅ​តែ​បន្ត​និយាយ​ពង្រឹង​ស្មារតី​នាង៖
«​យើង​នឹង​ចាក​ចេញពី​ទីនេះ​មុន​ថ្ងៃ​លិច​!»
​នាង​មើល​មុខ​គេ។

​ជំនឿ​ចិត្ត​និង​ភាព​អំណរ​រីករាយ លេច​ចេញ​ក្រោម​កែវភ្នែក​ស្មោះត្រង់​របស់​នាង​។​ ដៃ​នាង​លើក​មក​ជូត​ញើស បង្ហាញ​កូន​ម្រាម​នីមួយៗ​ដែល​ទន់​ល្វក់ រាវ​ស្ដួច​ស្អាត​ប្រផូរ។
​កូន​ស្រី​អ្នក​ណា​គេ មាន​ចិត្ត​រឹងមាំ មាន​គំនិត​បើកទូលាយ​ ហើយ​ស៊ូ​មហា​ស៊ូ មិន​រអ៊ូ​សូម្បី​មួយ​ម៉ាត់ ប្រុស​ណា​មិន​ទន់​ចិត្ត​កើត​ទៅ?
«​នៅ​ចាំ​ហ្នឹង​ហើយ​! ទៅ​រក​មើល​ក្រែង​មានអី​ញ៉ាំ​បាន!»
​គេ​ហៀប​នឹង​ចាក​ចេញ​ទៅ តែ​នាង​ហៅ​មក​វិញ​ខ្សាវៗ៖
«​ទៅ​ជាមួយ​គ្នា!»

​គេ​ដឹង​ច្បាស់​ពេល​នេះ​ហើយ​ថា​ ស្រី​តូច​នេះ​ខ្លាច​….​ តែ​នាង​ចង់​នៅ​ក្បែរ​គេ​? ហេតុ​អី​នាង​មិន​ខ្លាច​យើង​? នៅ​ក្នុង​ព្រៃ​ស្ងាត់​យ៉ាង​នេះ ម៉េច​ក៏​នាង​មើល​ទៅ​ទុកចិត្ត​យើង​ដែល​ទើបតែ​ស្គាល់​គ្នា​តក់ក្រហល់។
​នាង​ក្រោក​មក​វិញ តែ​គេ​លូក​ដៃ​រុញ​នាង​ឃាត់៖
«​សម្រាក​បន្តិច​សិន​ទៅ​!»
​នាង​ញញឹម​ចិញ្ចាច​ ហើយ​ក្រោក​ឡើង​ជាមួយ​ពាក្យ​ខ្លីៗ ​«​បាន​ហើយ! លែង​ហត់​ហើយ»។
​ស្ថានភាព​របស់​នាង​មើល​ទៅ​លែង​ហត់​ហើយ។


បុរស​ហុច​ប្រអប់​ដៃ​ទៅ​ឱ្យ​នាង។
​ស្រី​តូច​មើល​ទៅ​ទីទើរ​នឹង​បាតដៃ​មាំទាំ​របស់​នាយ​បន្តិច​ដែរ តែ​ក្រោយ​មក​នាង​ញញឹម បោះដៃ​ត្រឡប់​ទៅ​រក​នាយ​វិញ។
​ពីរ​ប្រាណ​ដើរ​បណ្ដើរ ព្យាយាម​ងើយ​មើល​លើ​ក្រោម​រក​អាហារ​ធម្មជាតិ។ តែ​ទីនេះ​ពុំ​មាន​ស្ថានភាព​ដូចជា​ទី​ព្រឹក្សា​តំបន់​ត្រូពិក​ដែល​ពួកគេ​ធ្លាប់​ស្គាល់​ឡើយ​។ ​សត្វ​ស្លាប​មួយ​ក៏​មិន​ឃើញ​ហើរ ម្រឹគ​មួយ​ក៏​គ្មាន​។

​អ្វីៗ​ទំនង​ថា ជុំវិញ​នេះ​គ្មាន​អ្វី​សម្រាប់​ចម្អែត​ក្រពះ​បាន​ទេ បាន​ជា​គ្មាន​សត្វ​នៅ​បាន​។​
«​នៅ​សុខ​ៗ​ម៉េច​ក៏​មិន​នៅ​ហូឡង់ មក​ទួរគី​ធ្វើ​អី​?»
«​ខ្ញុំ​មក​យក​ព័ត៌មាន​!»
​គេ​ងាក​មក​ ហើយ​មើល​នាង​ពី​លើ​ដល់​ក្រោម​ មុន​ពេល​សួរ​ទាំង​អស់​សំណើច​៖
«​អី​គេ​? យក​ព័ត៌មាន​!?»
​នាង​ដឹង​ថា​គេ​កំពុងតែ​នឹក​ឆ្ងល់​នឹង​សមាសភាព​របស់​នាង ដូច្នេះ​ហើយ​នាង​ចាក់​បណ្ដោយ​៖
«​បង​ឯង​មិន​ដែល​ឃើញ​អ្នកកាសែត​ស្អាត​យ៉ាង​នេះ​ទេ​អ្ហី​?»

​សា​ជា​ថ្មី​គេ​សម្លឹង​នាង​ ហើយ​អាកប្បកិរិយា​នាង​ធ្វើ​ឱ្យ​គេ​ទប់​សំណើច​មិន​ជាប់។
​នាង​រលាស់​ដៃ​នាយ​ចេញ​ ហើយ​និយាយ​បន្ថែម៖
«​មើល​ងាយ​គេ​ណាស់!»
​គេ​ប្រកែក​ភ្លាម៖
«​មិន​ទាន់​បាន​ថា​អី​ទេ​ណា៎​!»
«​មិន​ទាន់​បាន​ថា​អី​ មាន​ន័យ​ថា​ប្រុង​នឹង​ថា​?»
​ឃើញ​នាង​រអ៊ូ​តវ៉ា​ គេ​វាចា​បន្ថែម​មក​ទៀត​៖
«​អី​ក៏​ប្រកាន់​ច្រើន​ម៉េះ ​បាន​រស់​ប៉ុន្មាន​ទៀត​មិន​ទាន់​ដឹង​ផង កុំ​ពូកែ​ចាប់​ថ្នាក់​ពេក​មើល៍!»
«​ចុះ​អ្នក​ណា​ពូកែ​សើច​ចំអក​គេ?»

​គេ​យល់​ចិត្ត​នាង ​ក៏​ចង្អុល​សំដៅ​ចុង​ច្រមុះ​នាង​ ហើយ​ផ្គើន៖
«​មុខ​នេះ លួច​មក​ទួរគី គ្មាន​ឱ្យ​ប៉ា​ៗ​ដឹង​ទេ​នៀក​!»
​ស្រី​តូច​ធ្វើ​ភ្នែក​ក្រឡឹបក្រឡាប់​ងាក​មុខ​ចេញ​ ហើយ​និយាយ​ខ្សោយ​ៗ៖
«​គ្រូ​ទាយ​មែន! ​ពី​ណា​ជួល​?»
«​ត្រូវ​ពេក​មែន​? ​កូន​ស្វា គ្រាន់តែ​ឃើញ​ដឹង​ហើយ​ថា របូត​ចេញ​មក​ពី​ទ្រុង!»

ភាគ​ទី​៤

​នាង​មិន​ត្រឹមតែ​មិន​ខឹង​ ថែមទាំង​គេច​ៗ​មុខ​ ធ្វើ​ឱ្យ​ប្រធាន​និស្សិត​កាន់​តែ​ស្មាន​ដឹង​ការ​ពិត​របស់​នាង។ គេ​កេះ​សួរ​បង្អាប់៖
«មែន​អត់? ចេញ​ពី​ហូឡង់​មក ​មិន​បាន​ឱ្យ​អ្នក​ផ្ទះ​ដឹង​ឯ​ណា​អ្ហី​? ពេល​នេះ​ប៉ា​ម៉ាក់​កំពុងតែ​បញ្ឈរ​ភ្នែក​សម្រាន្ត​មិន​បាន​ដោយសារ​កូន​ស្វា​យើង​នេះ​ មែន​អត់​?!»
​នាង​មិន​ឆ្លើយ​ ហើយ​បែរ​ខ្នង​រហូត​ដល់​ស្មា​នាង​រង្គើ ហើយ​សំឡេង​ខ្សឹកខ្សួល​លាន់​មក​ប៉ះ​ត្រចៀក​នាយ។ គេ​ដឹង​ថា​នាង​នឹក​ផ្ទះ ហើយ​កម្សត់​ខ្លួន គេ​បន្លប់​និយាយ៖
«​ថ្ងៃ​ទាប​ហើយ! ​ត្រូវ​ប្រញាប់​ចេញ​ទៅ​រក​ផ្លូវ!»

​គេ​ក្រៀក​ស្មា​បណ្ដើរ​នាង​តិចៗ ហើយ​និយាយ​លួង​បន្ថែម៖
«​ឧបមា​ថា យើង​ឃើញ​ឡាន​អ្នក​ចិត្ត​ល្អ​មួយ​មក​ដល់ ហើយ​ឧបមា​ថា​ យើង​បាន​ឡើង​ជិះ​ហើយ​ចេញ​ទៅ​ដល់​ទីប្រជុំជន ឬ​ទៅ​ដល់​អ៊ី​ស្តង់​ប៊ុល! យើង​គិត​ធ្វើ​ម៉េច​ បើ​ប៉ាសស្ព័រ​ក៏​អត់? អ្នក​ផ្ទះ​ក៏​មិន​ដឹង​ថា ​យើង​នៅ​ណា?»
«​ខ្ញុំ​នឹង Call​ ទៅ​រក​ប៉ា​!​ ទូរ​សព្ទ​ប៉ា​នឹង​បើក​២៤​ម៉ោង​ចាំ​ដំណឹង​ខ្ញុំ​​!»
«​បើ​យើង​លួច​ចេញ​មក​មែន ប៉ា​យើង​ម៉េច​នឹង​ដឹង​ថា​ ពេលនេះ​យើង​នៅ​ឯ​ណា​? ​ហើយ​បើ​យើង​ខ​ល​ទៅ​ភ្លាមៗ លោក​ចេញ​មក​រក​យើង​របៀប​ម៉េច​បាន? ជា​ធម្មតា​ស្រុក​អឺរ៉ុប​ដែល​មាន​វិបត្តិ​នយោបាយ​ម្ដង​ៗ ចរាចរណ៍​ផ្លូវ​អាកាស​ងាយ​នឹង​ត្រូវ​ផ្អាក​ណាស់!»

«​តែ​ផ្លូវ​រថភ្លើង​អាច​មក​បាន​ ពី​អាំ​ស្តឺដាម​មក​អ៊ី​ស្តង់​ប៊ុល​!»
​គេ​សម្លឹង​នាង​ដោយ​សង្ស័យ​ ហើយ​សួរ​វិញ៖
«​ធ្លាប់​ធ្វើ​អ៊ីចឹង​ប៉ុន្មាន​ដង​ហើយ?! លួច​មក​ដើរ​លេង​អ៊ីចឹង​ប៉ុន្មាន​ដង​ហើយ​?»
​នាង​គេច​មុខ​ជា​ថ្មី​ ហើយ​ឆ្លើយ​ខ្សាវៗ៖
«​រាប់​ដង​មិន​អស់​ទេ!»
​គេ​ភ្លាត់​មាត់​បន្ទោស៖
«​អ្ហូយ! សម្បូរ​លុយ​ម៉េះ​អ្នក​នាង​តូច! ដើរ​បាន​ណាស់​ហ្ន៎​? អាឡូវ​មក​មាន​រឿង​ទាល់​តែ​បាន​ហើយ​នៀក? ​មាន​អី​អាង​ទៀត?»

«​ចុះ​ម្សិលមិញ​អ្នក​ណា​ថា ជូន​ជតា​ទៅ​ផ្ទះ?»
​វាចា​នាង​តូច​ ធ្វើ​ឱ្យ​បុរស​នឹក​ឃើញ​ឡើង​វិញ ​ដល់​សម្ដី​សន្យា​ជាមួយ​នាង​កាល​ពី​ម្សិល​ តែ​គេ​នៅ​បន្ត​រក​លេស​បន្លាច​នាង៖
«​អត់​ដឹង​យោងអាត្មា​ខ្លួន​រួច​អត់​ផង​ទេ ​កូនស្រី​លោក​ទូត! មិនមែន​អ្នក​ណាៗ​ក៏​សុទ្ធតែ​មាន​លទ្ធភាព​មាន​លុយ​ទិញ​សំបុត្រ​យន្តហោះ រត់​ចុះ​ឡើងៗ​ដូច​អ្នក​នាង​ដែរ​នោះ​ទេ សូមជ្រាប​ទាន​!​ បង​វិច្ឆិកា​នេះ​មួយ​ឆ្នាំ​ៗ​មិន​ទាន់​ប្រាកដ​ថា​ មាន​លុយ​ទិញ​សំបុត្រ​យន្តហោះ​ទៅ​លេង​ផ្ទះ​ម្ដង​ផង​ មានអី​កំដរ​អ្នកនាង​តូច​បាន​ទៅ?!»
«​ចុះ​បង​ឯង​បាន​អី​ទិញ​សំបុត្រ​ជិះ​មក​ពី​អាមេរិក​?»