រឿង៖ ទាយាទចុងក្រោយ

ឆមាសដំបូងនៃឆ្នាំ២០២០ គេគ្រប់គ្នាផ្តើមចាប់អារម្មណ៍ទៅលើការស្លាប់ដោយសារតែជំងឺ Covid19 ឬ Corona Virus!!! ប៉ុន្តែចម្លែកតែខ្ញុំ ព្រោះបងប្អូនខ្ញុំគ្រប់ៗគ្នា ដែលមានឈាមជ័រ ជាប្រជាជនកម្ពុជាក្រោម ត្រូវបានស្លាប់យ៉ាងបន្តកន្ទុយគ្នាដោយអាថ៍កំបាំងបំផុត នៅលើទឹកដីកំណើតរបស់ជីដូន-ជីតាជំនាន់ដើម ដោយមិនមានមូលហេតុ…!!! 

…ទីក្រុងព្រៃនគរ កម្ពុជាក្រោម…

– ម៉ាក់យាយ! កុំទាន់បង្ខំអីនេះពួកខ្ញុំទើបតែមកដល់ ហូជីមិញ បានបួនថ្ងៃទេ ណាមួយចៅត្រូវមានការងារនៅទីនេះផង ទើបបានជានាំប្អូនៗមកជាមួយដែរនោះ អស់លុយវេលាណា ចៅៗរបស់ម៉ាក់យាយទៅភ្នំពេញវិញដោយខ្លួនឯងហើយណា៎។

– ម៉ាក់យាយមិនគិតពីរឿងលុយទេ! តែម៉ាក់យាយបារម្ភពីសុវត្ថិភាពពួកឯងទាំងអស់គ្នាជំងឺ covid19 ផ្ទុះពេញហ្នឹងហើយ ឯងនៅហ៑ានបបួលប្អូនៗទៅលេង ព្រៃនគរ ដោយមិនប្រាប់ម៉ាក់យាយទៀត? បើតែឯងមិនថ្វីទេ នេះនាំប្អូនទៅដល់តែបួននាក់ណា ពិសេសគឺ អាដាមតែម្តង។

   សំឡេងម៉ាក់យាយ និងបងខេវីន កំពុងតែតវ៉ាជាមួយគ្នាទៅវិញទៅមកតាមរយៈ Video Call ដោយមិនព្រមមានអ្នកណាចុះចាញ់ឡើយ។ ការមកដើរលេងលើកនេះ អាចថាជាកំហុសរបស់ពួកខ្ញុំក៏បានដែរ ដោយមកមិនបានប្រាប់ម៉ាក់យាយជាមុន ព្រោះសាលាបិទភ្លាម ម្នាក់ៗក៏ប្រញាប់មកភ្លាម តាមការហៅរបស់បងខេវីនតែម្តង រីឯម៉ាក់យាយគាត់ពិតជាបារម្ភអំពីខ្ញុំខ្លាំងណាស់ ដោយសារតែខ្ញុំមានសុខភាពមិនសូវល្អដូចជាបងៗទាំងអស់គ្នានោះទេ។

– ហៃ! ព្រៃនគរហ្នឹងអីគេ?

   បងអាលីសបានសួរ ព្រមទាំងសម្លឹងមកកាន់ខ្ញុំ គាត់កំពុងតែអង្គុយនៅលើសាឡុងក្នុង បន្ទប់សណ្ធាគារ ប្រៀបដូចជាព្រះអង្គម្ចាស់។ 

– ព្រៃនគរ គឺជាឈ្មោះដើមរបស់ទីក្រុងមួយនេះ ដែលបច្ចុប្បន្នគេហៅថា ក្រុងហូជីមិញ។ ឯងភ្លេចហើយមែនទេថាម៉ាក់យាយមានដើមកំណើតនៅទីនេះ?

   ម៉ារីនដែរជាបងប្រុសបង្កើតរបស់ខ្ញុំបានឆ្លើយជំនួសខ្ញុំ ដែរខ្ញុំបានត្រឹមតែនៅស្ងៀមៗ ហើយញញឹមទៅកាន់គាត់វិញតាមចរឹតស្ងៀមស្ងាត់របស់ខ្ញុំ ណាមួយខ្ញុំនិយាយស្តីមិនសូវឈ្នះពួកគាត់នោះទេ ដោយសារតែខ្ញុំក្មេងជាងគេ ក្នុងចំណោមបងប្អូនទាំងប្រាំ ឬអាចនិយាយបានថា ខ្ញុំគឺជាចៅពៅរបស់ម៉ាក់យាយ។

– មកពីម៉ាក់យាយមានដើមកំណើតនៅទឹកដីមួយនេះហើយទើបគាត់ជាប់មាត់ហៅឈ្មោះបែបនេះរហូតមក។ 

   អុីឡាដែលជាប្អូនបង្កើតបងខេវីន និងបងអាលីស បានបកស្រាយបន្ថែមព្រមទាំងសម្លក់ទៅកាន់បងអាលីស ទាំងគាត់ធ្វើមុខបែបហួសចិត្តបំផុត ព្រោះក្មេងៗមិនទាន់ ១០ឆ្នាំក៏គេអាចស្គាល់ឈ្មោះ ក្រុងព្រៃនគរ ដែរ។

   អូ! ភ្លេចប្រាប់អ្នកទាំងអស់គ្នា ខ្ញុំមានបងប្អូនទាំងអស់គ្នាចំនួនប្រាំនាក់។ ខ្ញុំគឺជា អាដាម ដែរខ្ញុំជាមួយបងម៉ារីនជាបងប្អូនបង្កើត ចំណែក បងខេវីន បងអាលីស បងអុីឡា ជាបងប្អូនជីដូនមួយរបស់ខ្ញុំ។ ពួកយើងទាំងប្រាំនាក់បានស្ថិតក្រោមការគ្រប់គ្រង​របស់ ម៉ាក់យាយ ទោះបីជាពួកយើងនៅអឺរ៉ុបមែនពិត តែលោកយាយចិញ្ចឹមពួកយើង តាមបែបអាស៊ី។ ការដើរប៉ុន្មានថ្ងៃកន្លងមកនេះរបស់យើង អាចថាមិនសូវជាសប្បាយនោះទេ ដោយសារតែការខ្លាចនៃជំងឺរាតត្បាត។ តែវាបានក្លាយជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំផងដែរ ព្រោះអាចមកលេងបានយូរ និងបានចួបនៅអ្វីៗប្លែកៗជាច្រើន ដែលមានលក្ខណៈ ខុសប្លែកពីស្រុករបស់ខ្ញុំ អ្វីដែរពិសេសនោះគឺខ្ញុំនិងបងៗឧស្សាហ៍ចួបអ្នកដែលចេះនិយាយភាសាខ្មែរខ្លាំងណាស់ ពិសេសនោះគឺ ពួកគាត់និយាយច្បាស់ជាងពួកខ្ញុំផង។

– បង! ខ្ញុំគិតថា យើងគួររកផ្ទះជួលនៅវិញហើយ។

   បងអុីឡានិយាយទាំងទះស្មាបងខេវីនតិចៗ ហើយដាក់ខ្លួនអង្គុយក្បែរខ្ញុំ

– ម៉េចចឹង? ខានស្អែកយើងត្រូវឡើងតាមនាវាកំសាន្ត ទៅក្រុងភ្នំពេញវិញហើយតើ។

   បងខេវីនតប ទាំងភ្នែកគាត់កំពុងជាប់ជាមួយកុំព្យូទ័ររបស់គាត់។

– វៀតណាមគេប្រកាសបិទប្រទេសហើយ និយាយរួមគឺទាំងជើងហោះហើរទាំងអស់តែម្ដង!!!

– អ៊ីចឹងមានន័យថា យើងត្រូវជាប់នៅទីនេះមែនបង?

   ខ្ញុំសួរទៅកាន់អុីឡា

– ប្រាកដជាបែបហ្នឹងហើយ

– អ៊ីចឹងយើងច្បាស់ជារកផ្ទះជួលនៅមែនហើយ។ ព្រោះទប់ទល់ថ្លៃសណ្ធាគារមិនរួចនោះ ឡើយ។

   បងខេវីន តបទាំងសើចមិនសូវសមប៉ុន្មានឡើយ

– បង! ខ្ញុំគិតថាបើរក យើងគួរសាកទៅរកមើលនៅជាយៗក្រុងដែរនៅជាន់មាត់ទន្លេបាន អត់? ព្រោះខ្ញុំចូលចិត្តមាត់ទឹកនៅពេលល្ងាច។

   ខ្ញុំ និងបងអុីឡា ពោលព្រមគ្នាទៅកាន់បងខេវីន

 អាដាម ខេវីន និងអុីឡា ក៏បានហៅ Taxi ចេញទៅក្រៅដើម្បីរកផ្ទះជួលសម្រាប់ស្នាក់នៅ រហូតដល់ស្ថានភាព Covid19 បានធូរស្រាលវិញ។ នៅតាមផ្លូវធ្លាប់តែមានមនុស្សអ៊ូអរ បែរមកជាស្ងប់ស្ងាត់យ៉ាងចម្លែក។

   បន្ទាប់ពីជិះឆ្លងទន្លេដែលខណ្ឌគ្នារវាងក្រុងហូជីមិញជាមួយ ដូនណៃ រួចហើយ។ ពួកគេ មកដល់ម្ខាងទៀតនៃក្រុងគឺពិតជាស្ងប់ស្ងាត់ពិតមែន។ ហើយពួកគេក៏បានចុះពីលើ Taxi ដើរតាមមាត់ទន្លេដែរត្រូវបានគេរៀបចំយ៉ាងស្រស់ស្អាត ដោយមានខេវីនជាអ្នករុញអាដាម កំពុងតែអង្គុយនៅលើរទេះរុញ អ្នកទាំងអស់គ្នាប្រហែលជាមិនបានដឹងនោះទេថា អាដាម មិនអាចដើររួចទេ។

– អាដាម! ឯងថានេះជាដៃទន្លេឬដៃសមុទ្រ?

   បងអុីឡាបានសួរទៅកាន់អាដាម

– ខ្ញុំថាជាដៃទន្លេ! ចុះបង?

– យើងថាជាដៃសមុទ្រ។

– ម៉េចបានជាដៃសមុទ្រ? ក្រែងនេះជាដៃទន្លេមេគង្គដែលហូរពីខ្មែរយើងមកកាន់កម្ពុជាក្រោម?

   ខេវីនក្រោយឮប្អូនជីដូនមួយខ្លួននិយាយដូច្នេះ ក៏បានយកដៃទៅក្រញិចស្លឹកត្រចៀក អាដាមតិចៗរួចហើយគេក៏តបមកថា:

– ហាហា ខុសហើយអាដាម! ទន្លេមេគង្គគឺហូរទៅខាងខេត្តឃ្លាំងឬ ខេត្តសុកតាងដែរហៅ តាមវៀតណាម។ ចែរបស់ឯងនិយាយត្រូវហើយណាវាអាចជាដៃសមុទ្រជាង! ប៉ុន្តែ បងមិន ច្បាស់ទេ បើចង់…

– លុះត្រាតែបងសាកលិឍទឹកនឹងមើលបានដឹង។

   អាដាមក៏បាននិយាយកាត់គាត់ ព្រមទាំងសើចឡើងរលាក់ខ្លួន។

   ពួកគេបានបន្តដើរតាមមាត់ទន្លេ ជាមួយខ្យល់អាកាសដ៏ត្រជាក់ដែរធ្វើឱ្យអារម្មណ៍ពិតជា ស្រស់ស្រាយខ្លាំងណាស់ឬអាចនិយាយបានថាទឹកដីនៅទីនេះជាដីមាសដីពេជ្រ ព្រោះមិនត្រឹមតែមានខ្យល់អាកាសល្អនោះទេ ក៏នៅសម្បូរផ្លូវទឹកខ្វាត់ខ្វែង ដែលជាចរន្ត​ឈាម​នៃវិស័យសេដ្ឋកិច្ច។ 

   ធ្វើដំណើរសុខៗ អ្វីដែលធ្វើឱ្យកង់រទេះរបស់ខ្ញុំលែងទៅមុខនោះ គឺដោយសារតែបងខេវីន កំពុងតែអានស្លាកមួយដែលគេសរសរថា “House for rent”។

– ពីរនាក់! ឯងគិតថាផ្ទះនោះយ៉ាងម៉េចដែរ?

   ខេវីនកំពុងតែនិយាយទៅកាន់អាដាមនិងអុីឡា តែអាដាមមិនអាចតបតនឹងខេវីនបាននោះទេ ដោយសារអារម្មណ៍គេបានផ្តោតទៅលើផ្ទះនោះអស់ទៅហើយ វាគឺជាឈើដែលមានកម្ពស់ពីរជាន់ មានរបងថ្មព័ទ្ធជុំវិញ និងពោលពេញទៅដោយដើមឈើបែកមែកធំៗពាសពេញទីធ្លាផ្ទះ ហើយផ្ទះនេះ គឺបានរចនាម៉ូតតាមសម័យបារាំង ឬនិយាយឱ្យខ្លីតាមម៉ូតនាសម័យអាណានិគមបារាំងលើទឹកដីកូកាំងស៊ិន ទោះវាមានសភាពរៀងចាស់បន្តិចពិតមែន តែវានៅស្អាតខ្លាំងណាស់។

– យើងសាកទៅសួរគេមើលបង។ “អុីឡាបាននិយាយ”

– តែយើងអត់ចេះភាសាវៀតណាមទេបង!  “ខេវីនតប”

– ប្រហែលជាគេចេះអង់គ្លេសហើយ ទើបបានជាគេមានដាក់អង់គ្លេសដែរនោះ។ 

   ខេវីនក៏បានសម្រេចចិត្តទៅចុចកណ្តឹងផ្ទះ តែគ្មានអ្នកណាមកបើកទ្វាសោះ ដោយរង់ចាំអស់មួយសំទុះធំហើយ នៅតែគ្មានអ្នកមកបើកទ្វាទៀត នាយកម្លោះរូបសង្ហាគ្មានទាស់ក៏បានចុចម្តងទៀត ស្រាប់ទ្វារបងបើកដោយខ្លួនដោយបញ្ចេញសំឡេងកកឹតដែកច្រេះ ធ្វើឱ្យអាដាមស្រកៀរត្រចៀកជាខ្លាំង។ 

   ពេលនោះស្រាប់តែលេចវត្តមានបុរសម្នាក់ចេញមកពីកៀនរបង ជាមួយទឹកមុខសស្លេក ស្លៀកពាក់តាមបែបសម័យបារាំងពិតជាស៊ីគ្នាជាមួយផ្ទះមួយនេះពិតមែន ហើយគេក៏បាន ពោលទៅកាន់ខេវីន។

– សួស្តី! តើអ្នកមានការអ្វីដែរ?

– ហាស៎?

   អាដាមបានស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញគេអាចនិយាយខ្មែរបានយ៉ាងច្បាស់ តែគ្រាន់តែគេនិយាយមួយម៉ាត់ៗមិនសូវជាលឿនប៉ុន្មាន

– សូមអធ្យាស្រ័យលោកពូ ម៉េចក៏លោកដឹងថាខ្ញុំជាខ្មែរ? “ខេវីនសួរ”

– ខ្ញុំមើលតាមកាមេរ៉ាសុវត្ថិភាព ក៏សាកស្មានថាក្មួយគឺជាកូនខ្មែរ ព្រោះខ្ញុំក៏ជាខ្មែរដែរ គ្រាន់ជាខ្មែរនៅកម្ពុជាក្រោម ដែលត្រូវបានខ្មែរកណ្ដាលគ្រប់គ្នាស្ទើរបំភ្លេចចោលបាត់ទៅហើយ។

   ចំណែកអាដាមវិញ មិនចាប់អារម្មណ៍ថាគេជាអ្នកណានោះទេ ព្រោះភ្នែករបស់គេកំពុងរវល់ក្រលែកមើលឆ្វេងមើលស្តាំ នៅរកកាមេរ៉ាសុវត្ថិភាពដែលគេបាននិយាយ ទោះព្យាយាមរកមើលយ៉ាងណាក៏រកមិនឃើញសោះ។

– តើផ្ទះមួយនេះចង់ជួលមែនទេ លោកពូ? “ខេវីនសួរទៅកាន់ម្ចាស់ផ្ទះ ដែលឈររុយទុំមិនកម្រើក”

– បាទពិតមែនហើយ

– តើអាចឱ្យខ្ញុំសុំមើលផ្ទះរបស់លោកសិនបានទេ?

វសុំអញ្ចើញចូលខាងក្នុងមក។

   គេបានដើរនាំមុខទៅ ហើយខេវីនក៏បានរុញរទេះអាដាមតាមពីក្រោយតិចៗទៅពីក្រោយខ្នងគេ។ សំឡេងកង់រទេះបានកកិតជាមួយស្លឹកឈើដែលក្រៀមងាប់លាន់ឮសូរ ក្រូកក្រាកៗ តិចៗ ប្រៀបដូចជាភ្លេងមរណៈដែលគេតែងតែប្រគុំនៅកម្មវិធីបុណ្យសព ដើម្បីលេងជាការស្វាគមន៍ពួកគេចូលទៅក្នុងផ្ទះដ៏ស្រស់ស្អាតមួយនេះអ៊ីចឹង។

   ចូលទៅដល់ក្នុងផ្ទះភ្លាម  អាដាមស្រាប់តែមានអារម្មណ៍ថាត្រជាក់ស្រេប រហូតព្រឺដល់​ឆ្អឹងខ្នងរបស់គេ។ ផ្ទះមួយនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ពិសេសនៅក្នុងផ្ទះត្រូវបាន គេតុបតែងទៅដោយឈើប្រណិតពាសពេញពេញផ្ទះ ពិសេសសាឡុងឈើដែលខេវីនជាមួយបងអុីឡាកំពុងតែអង្គុយ គឺមានពណ៌ខ្មៅងងឹតទោះមិនប្រាប់ក៏គ្រប់គ្នាអាចដឹងថាជា ឈើក្រញូងដែរ គឺវាមានតម្លៃមិនក្រោមម៉ឺនដុល្លានោះទេ នៅពេលបច្ចុប្បន្ននេះ។ អាដាម បានក្រឡេកទៅឃើញរូបគំនូរសត្វក្តាមដ៏ធំមួយនៅលើជញ្ចាំង ដែលវាធ្វើឱ្យគេភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះវាជាសត្វដែរតំណាងឱ្យខែកំណើតរបស់ខ្លួន តែរូបមួយនេះពិតជាភាពរស់រវើក ខ្លាំងណាស់ប្រៀបដូចជារូបមែនទែនអ៊ីចឹង តែទាស់ត្រង់ភ្នែករបស់វាមានពណ៌ក្រហមឡើងច្រាលដូចឈាមមនុស្ស ហើយដូចកំពុងតែសម្លក់ទៅកាន់ពួកគេទាំងបីនាក់ប្រៀបបាននឹង ការចងគំនុំជាមួយគ្នាតាំងពីពេលណាមកអ៊ីចឹង។

– សុំអញ្ចើញពិសាទឹកសិនទៅ!

   ម្ចាស់ផ្ទះបានលើកទឹកមកឱ្យពួកគេជាមួយស្នាមញញឹមដ៏ចម្លែក បែបលាក់ត្បុតអ្វីម៉្យាង មិនឱ្យពួកគេដឹង។ ទោះយ៉ាងណាក៏ស្នាមញញឹមមួយនេះ វាមិនបានធ្វើឱ្យអាដាមខ្លាចដូច​ជាខ្លាចរូបក្ដាមមិញនោះទេ តែវាបែរជាធ្វើឱ្យអាដាមព្រឺសម្បុរតាំងពីចុងជើងរហូតមកដល់ចុងក្បាលរបស់គេ ពិសេសនោះគឺទ្រូងរបស់គេ ចាប់ផ្តើមភាយកម្តៅក្តៅចេញមកក្រៅតិចៗ នៅកន្លែងបន្តោងព្រះរបស់ខ្លួន ហើយក៏ផ្តើមញ័រៗខុសពីប្រក្រតីដូចបន្តោងមួយនេះ កំពុងតែប្រឆាំងជាមួយសភាវៈអ្វីម៉្យាង។

– បើចង់ជួល គឺខ្ញុំជួលឱ្យតែជាន់ក្រោមប៉ុណ្ណោះ រីឯជាន់លើខ្ញុំទុកឱ្យបងប្រុសរបស់ខ្ញុំដែរ គាត់មានជំងឺស្នាក់នៅ។

– ជួលតែមួយជាន់? “ខេវីនសួរទៅវិញទាំងភ្ញាក់ផ្អើល និងបែបហួសចិត្ត”

– បាទ តែមួយជាន់ទេ ប៉ុន្តែក្មួយៗ មិនបាច់បារម្ភនោះទេ គឺបងប្រុសខ្ញុំមិនរំខានពួកក្មួយ នោះទេគឺគាត់មានអ្នកចាំបម្រើគាត់ហើយ គឺក្មួយអាចធ្វើអ្វីគ្រប់យ៉ាងបានដោយសេរី គ្រាន់សុំកុំឱ្យតែមានសំឡេងខ្លាំងពេក រំខានគាត់ទៅបានហើយ។ 

   ម្ចាស់ផ្ទះឈប់វាចាបានបន្តិច រួចក៏បន្ត

– តម្លៃផ្ទះគឺប្រាំលានដុងតែប៉ុណ្ណោះក្នុងមួយខែ ហើយថ្លៃទឹកភ្លើងទាំងប៉ុន្មានទុកឱ្យខ្ញុំជាអ្នករ៉ាប់រ៉ង។ ខ្ញុំជួលក្នុងតម្លៃថោកនេះ គឺដោយសារ​ចង់​បានមនុស្សនៅផ្ទះគ្រាន់ជាគ្នា កុំឱ្យស្ងាត់ផ្ទះ ដោយសារខ្ញុំតែងចុះទៅខេត្តជាប្រចាំ។

– ប្រាំលានដុង ប្រហែលប៉ុន្មានដុល្លាទៅបងខេវីន?

   “អាដាមបានសួរទៅកាន់ខេវីន”

– ប្រហែលជា២០០ដុល្លារជាង…

– ខ្ញុំសុំគិតមើលសិនបានទេ? ​​​ហើយតើខ្ញុំអាចថតផ្ទះនេះបន្តិចសិនបានទេ? “ខេវីនសំណូមពរទៅកាន់ម្ចាស់ផ្ទះ” 

– បាទ គឺពិតជាបាន

  “ម្ចាស់ផ្ទះតបទៅវិញជាមួយសំឡេងយ៉ាងត្រជាក់ស្រេប ដែលអាចធ្វើឱ្យអ្នកព្រឺរោមដោយ មិនដឹងខ្លួន”

ខេវីនក៏បានទាញកាមេរ៉ាយកមកថតផ្ទះនេះ ដោយនាយផ្តើមពីកន្លែងដែលយើងកំពុងតែអង្គុយមុនគេ។ នៅពេលអុីឡារុញអាដាមចេញពីទីនោះ គេក៏ផ្តើមមានអារម្មណ៍ថា ភ្នែកសត្វក្តាមនោះកំពុងតែតាមសម្លឹងមើលទៅកាន់គេ ដោយមិនដាក់ភ្នែក ប្រៀបបានកំពុងតែគំរាមកំហែងគេកុំឱ្យនិយាយស្តីអ្វីម៉្យាងចេញក្រៅអំពីផ្ទះមួយនេះ។

នៅពេលថតចប់អស់ ខេវីនក៏ផ្តើមជម្រាបលាទៅកាន់ម្ចាស់ផ្ទះព្រមទាំងសុំលេខម្ចាស់ផ្ទះផង ស្រួលឱ្យនាយទំនាក់ទំនងមកវិញបើសិនជាយើងចង់ជួល។

– សុំឱ្យបានសុខសប្បាយណា៎  ខេវីន អុីឡា និងអាដាម!!!

ម្ចាស់ផ្ទះនេះបាននិយាយព្រមទាំងសម្លឹងមើលមកកាន់មុខអាដាមជាមួយកែវភ្នែកខ្មៅល្អក់ តែកែវភ្នែករបស់គេមិនបានធ្វើឱ្យអាដាមតក់ស្លុតស្មើនឹងគេស្គាល់ឈ្មោះរបស់ខ្លួននោះឡើយ ព្រោះតាំងឈានជើងមកទីនេះ បងៗខ្លួនមិនទាន់បាននិយាយឈ្មោះរបស់អាដាមបាន សូម្បីតែម្តងនោះទេ!!! តើគេអាចស្គាល់ឈ្មោះអាដាមមកពីណាបាន?…

នៅពេលដែលមកដល់មុខផ្ទះវិញ ព្រមទាំងកំពុងតែរង់ចាំ Taxi មកទទួល អាដាមស្រាប់ តែមានអារម្មណ៍ថា មិនដឹងមានអ្វីម៉្យាង កំពុងតែជំរុញចិត្តឱ្យគេក្រឡេកមើលទៅម្ចាស់ផ្ទះ នោះម្តងទៀត គឺវាធ្វើឱ្យអាដាមពិបាកណាស់ក្នុងការអត់ធ្មត់មិនក្រឡេកមើលក្រោយម្ដងទៀត។ 

នៅទីបំផុតអាដាមក៏បានក្រឡេកទៅក្រោយពិតមែន។ អ្វីដែលធ្វើឱ្យគេគាំងមួយកន្លែង នោះគឺម្ចាស់ផ្ទះម្នាក់នេះ កំពុងតែឈរនៅមុខផ្ទះហើយសម្លក់មកកាន់ខ្លួនជាមួយកែវភ្នែកខ្មៅល្អក់ ពិសេសរូបរាងគេលែងស្អាតបាតដូចមុនទៀតហើយ គឺគេបែរទៅជាស្លៀកពាក់ខោអាវដាច់រហែក និងប្រឡេកប្រឡាក់សុទ្ធតែដីទៅវិញ ហើយថែមទាំងមានបុរសចំណាស់ម្នាក់ទៀត។ បុរសចំណាស់ម្នាក់គឺកំពុងអង្គុយនៅនឹងករបស់គេថែមទាំងសំយ៉ុងជើងចុះមកមុខ ជាមួយកែវភ្នែកសម្លក់ទៅកាន់អាដាមក្រហមងាំងដូចជាឈាម គឺដូចជាភ្នែករូប គំនូរសត្វក្តាមនៅក្នុងផ្ទះនោះខ្លាំងណាស់ រីឯមាត់របស់គេបានដុះចេញចង្កូមវែងៗមកខាង ក្រៅប្រៀបដូចជាខ្មោចនៅក្នុងភពយន្តចិន។ ម្នាក់ភ្នែកកពណ៌ខ្មៅ ម្នាក់ភ្នែកក្រហម! បុរសចំណាស់អង្គុយលើកបានលើកដៃបក់ហៅអាដាមយ៉ាងល្វើយៗ ហាក់ដូចគ្មានកម្លាំងអ្វីឡើយ! ពួកគេម្នាក់ភ្នែកពណ៌ខ្មៅ ម្នាក់ពណ៌ក្រហម តើពួកគេគឺជាអ្វីឱ្យប្រាកដទៅ? ឬក៏ជា…

– អាដាមមើលអ្វីនឹងប្រុសពៅ? អីក៏ភ្លឹកម៉េះអូន?

ខេវីនបានសួរទៅកាន់ប្អូនពៅរបស់ខ្លួន ដែលធ្វើឱ្យគេភ្ញាក់កន្ត្រាក់អារម្មណ៍មកវិញ ប្រៀបដូចជាខេវីនបានទាញអាដាមចេញពីពិភពមួយផ្សេង មកកាន់ពិភពដើមវិញ។

– អ៎រ! អត់អីទេបង។

អាដាមបានតបទៅកាន់បងប្រុស ហើយក៏ក្រឡេកមើលម្តងទៀត ក៏មិនបានឃើញគេ ទៀតនោះទេគឺអ្វីៗបានស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់យ៉ាងចម្លែក ដោយរកសូម្បីតែចាបមួយក្បាលមកទុំដើមឈើនៅក្នុងផ្ទះមួយនេះគ្មានផង!

*មកដល់សណ្ធាគារវិញ: 

(ពោលដោយអាដាម)

នៅពេលមកដល់បន្ទប់ដេកវិញ បងខេវីន ក៏បានបង្ហាញរូបផ្ទះនោះឱ្យបងអាលីស និងបងម៉ារីន មើលដោយសារតែគាត់ទាំងពីរនាក់មិនបានទៅ។ រូបភាពផ្ទះបានបង្ហាញនៅក្នុង iPad ម្តងមួយសន្លឹកៗយ៉ាងត្រជាក់ភ្នែក រហូតមកដល់រូបថតចុងក្រោយនៃផ្ទះនេះ ដែលបងខេវីន បានថតពីមុខ គឺវាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាចរន្តឈាមនៅក្នុងខ្លួនរបស់គេផ្តើមដើរលឿនខុសប្រក្រតី បេះដូងផ្តើមលោតដុកដាក់ៗស្ទើរតែលោតចេញមកក្រៅ ព្រោះដើមឈើ នៅក្នុងរូបថតនោះដូចជាកំពុងតែមានចលនាដោយស្លឹករបស់វាបក់ទៅបក់មក រួចក៏បានបង្ហាញវត្តមានរបស់បុរសចំណាស់ម្នាក់នោះចេញមកនៅមុខផ្ទះម្តងទៀត ដោយលើកនេះមាត់គាត់កំពុងតែមានជក់ខ្សៀទៀតផង។ គាត់ស្រាប់តែបានហាមាត់យ៉ាងធំរហូតធ្វើឱ្យខ្សៀនោះធ្លាក់ចូលក្នុងពោះរបស់គាត់បាត់ ហើយក៏បង្ហាញអណ្តាតដ៏ខ្មៅងងឹតរបស់គាត់ ចេញមក គាត់បានសម្លក់មកអាដាមយ៉ាងចំៗជាមួយកែវភ្នែកដ៏ក្រហមឆ្អិនឆ្អៅ ហើយក៏បានហាមាត់និយាយឡើងមក ប៉ុន្តែគេមិនអាចស្តាប់បានថាគាត់កំពុងនិយាយពីអ្វីទេ តែដៃគាត់ស្រាប់តែពន្លូតយ៉ាងវែងហើយចាប់ទាញខ្ញុំដែរឈរពីចម្ងាយចូលទៅជិតជាមួយស្នាមញញឹមដ៏ពិសពុលមួយ ដែលមិនអាចនឹងបរិយាយចេញមកបាន ខ្លួនខ្ញុំជិតទៅដល់គាត់ ហើយ ស្រាប់តែលេចចេញវត្តមានរបស់មនុស្សប្រុសម្នាក់ ស្លៀកពាក់បែបទាហានសម័យ អាណានិគម បានបាញ់គាត់មួយគ្រាប់ចំកណ្តាលក្បាលដែលធ្វើឱ្យគាត់ដេកដួលស្តូកស្តឹង ហើយគេក៏បានទាញដាវមួយយ៉ាងវែងចេញមក គេម្នាក់នោះក៏បានក្រវាសដាវនោះទៅលើខ្លួនបុរសចំណាស់នោះ រហូតដល់ដាច់ខ្លួនជាពីរកំណាត់ ហើយបានបាញ់ឈាមពណ៌ខ្មៅ ពាសពេញមុខរបស់អាដាម! គេបានស្រែកយ៉ាងខ្លាំងទៅតាមលទ្ធភាពដែលអាដាមអាចធ្វើទៅបាន ប៉ុន្តែសំឡេងនៃសម្រែករបស់គេ ហាក់ដូចជាមិនបានបន្លឺចេញក្រៅនោះទេ ទាហាននោះក៏បានបង្វែរចុងដាវ មករកអាដាម ព្រមទាំងរំកិលខ្លួនម្ដងបន្តិចៗមកកាន់គេ ស្រាប់តែ…

– អាដាម! អាដាម កើតអីប្រុសពៅ?

ខ្ញុំស្រាប់តែភ្ញាក់ព្រើត ដូចជាគេកំពុងតែដាស់ឱ្យភ្ញាក់ពីសុបិន។  រូបភាពទាំងប៉ុន្មាននៅក្នុង iPad ក៏បានប្រែទៅជាសភាពធម្មតាវិញទាំងអស់។ បុរសចំណាស់ក្នុងរូបថតនេះបាន រលាយបាត់វិញទៅហើយ…អាដាមក៏បានងាកទៅរកសំឡេង ខេវីន ដែលគាត់កំពុងតែហៅមកកាន់គេជាមួយសំឡេងយ៉ាងព្រួយបារម្ភ រួចគេក៏តបទៅកាន់គាត់វិញថា:

– បាទ អត់អីទេបង! ខ្ញុំគ្រាន់តែភ្លឹកបន្តិចបន្តួចទេបង

– បើអត់ស្រួលខ្លួនអីប្រាប់បងណា

– បាទ!

អាដាមក៏បាននិយាយ រួមទាំងងក់ក្បាលទៅកាន់គាត់ទាំងអារម្មណ៍របស់គេ បានប្រាប់មកកាន់អាដាមថា អ្វីៗទាំងអស់ត្រូវបានគេកំណត់រួចមកអស់ទៅហើយ រីឯយើងរាល់គ្នាចាំតែដោះស្រាយវាទៅបានហើយ។

…វាត្រូវបានគេកំណត់រួចមកហើយ..

   អ្វីៗគ្រប់យ៉ាងហាក់បីជាមានទំនាញស្រូបទាញពីចក្រវាល ដែលបណ្តាលឱ្យខេវីនគេ ឱ្យទៅជួលផ្ទះនោះដើម្បីស្នាក់ជាបណ្តោះអាសន្នយ៉ាងលឿន ទោះបីជាអាដាម ដែលជាប្អូនប្រុសពៅជីដូនមួយរបស់ខ្លួន បានព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ ប៉ុន្តែហេតុតែអាដាម នៅក្មេងខ្ចីខ្លាំង ទោះបីគេព្យាយាមនិយាយយ៉ាងណាក៏ ខេវីន មិនសូវស្តាប់ហេតុផលរបស់គេដែរ ដោយលើក​អំណះអំណាង​ទៅវិញ​ថាអាដាមគេគឺជាមនុស្សអបិយជំនឿខ្លាំងពេក។

ថ្ងៃដែលពួកគេត្រូវចូលទៅនៅ ក៏បានមកដល់ ដោយពួកគេគ្មានសម្ភារៈអ្វីច្រើនដែលត្រូវជញ្ចូនទៅនោះទេក្រៅពីវ៉ាលីម្នាក់ ២-៣ តែប៉ុណ្ណោះ។ ក្រៅពីអាដាមជាប្រុសពៅវ័យក្មេងជាងគេ បងៗរបស់ពួកគេសុទ្ធតែគិតថាការដែលមកស្នាក់នៅទីនេះបណ្តោះអាសន្នសិន វាពិតជាមានការចំណេញច្រើនខ្លាំងណាស់ដែរ អាចនៅផ្ទះដែលមានបរិយាកាសល្អ មានសម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាង រួមជាមួយតម្លៃជួលដ៏សមរម្យថែមទៀតផង។

– បងម៉ារីន ម៉េចក៏ខ្ញុំមិនទាន់ឃើញបងប្រុសម្ចាស់ផ្ទះ ចុះមកទទួលស្វាគមន៍យើងសូម្បីតែបន្តិចអ៊ីចឹងបង?

   អាដាមបានសួរទៅកាន់បងប្រុសគេ

– បងមិនដឹងដែរនឹង! តែវាហាក់ចម្លែកណាស់ ដែរគេមិនចេញមកទទួលស្វាគមន៍យើង។ តែក្រែងអូនថាគេមានជំងឺ?

– ប្រហែលជាអ៊ីចឹងហើយបង។

បន្ទាប់ពីបាននិយាយជាមួយបងប្រុសរបស់ខ្លួនចប់ហើយ អាដាមក៏បានបញ្ជារទេះរុញ ខ្លួនតិចៗចេញក្រៅផ្ទះដើម្បីស្រូបយកខ្យល់អាកាស។ នៅពេលចេញមកដល់ខាងក្រៅគេ បែរជាមានអារម្មណ៍ថានឹកស្រងេះស្រងោចចិត្តមិនគួរណាធ្វើដំណើរមកក្រៅប្រទេសនៅពេលនេះសោះ រួមទាំងខ្លួនឯងព្យាយាមហាមឃាត់បងៗរបស់ខ្លួន កុំឱ្យមកជួលផ្ទះនេះ តែមិនត្រូវបានគេស្តាប់ហេតុផលរបស់ខ្លួនសោះ។ ពេលនោះ អាដាម ក៏បានក្រឡេកភ្នែកទៅមើលបន្ទប់ នៅជាន់ទី២ ដែលជាបន្ទប់របស់បងប្រុសម្ចាស់ផ្ទះត្រូវស្នាក់នៅ…

គេស្រាប់តែបានឃើញវត្តមានបុរសចំណាស់ ភ្នែកក្រហមច្រាលដូចជាឈាមនោះម្តងទៀត ដែលកំពុងតែឈរសម្លក់មកកាន់អាដាមថែមទាំងយកដៃចង្អុលមកកាន់មុខអាដាមជាមួយមាត់ម្ហបៗ តែពេលនោះមិនដឹងថាមានសំឡេងមកពីណាទេ ស្រាប់តែរសាត់ចូលត្រចៀក អាដាមយ៉ាងថ្នមៗថា “ចៅលួតរបស់តា នៅឱ្យស្ងៀមៗទៅណា៎ តាយកតែជីវិតរបស់បងៗឯងតែប៉ុណ្ណោះ” ដែលបានធ្វើឱ្យអាដាមព្រឺសម្បុរពាសពេញរាងកាយសឹងតែស្រក់ទឹកភ្នែក រួចគេក៏ប្រញាប់បញ្ជារទេះចូលផ្ទះ ទៅរកបងៗរបស់គេភ្លាមដោយសារតែការភិតភ័យ។

វេលាយប់ក៏បានមកដល់ ក៏ប៉ុន្តែអាដាមគេនៅតែឆ្ងល់ថាហេតុអ្វីបានជាមានសំឡេងហៅគេថាជាចៅទួត!!! នៅពេលនោះគេស្រាប់តែនឹកឃើញមនុស្សតែម្នាក់គត់ដែរអាចបកស្រាយ​ឱ្យគេបាននោះគឺ…

   “លោកយាយរបស់គេ”

អាដាមគេក៏បានព្យាយាមទាក់ទងទៅយាយរបស់គេ ស្របពេលដែលបងៗរបស់គេកំពុងតែជប់លៀងនៅខាងក្រៅផ្ទះ។ ទោះជាគេព្យាយាម Call ទៅយ៉ាងណាក៏គេ Call មិនចូលនោះដែរ តំណក់ញើសតក់ៗសឹងស្មើតំណក់ទឹក ចាប់ផ្តើមស្រក់ចេញពីថ្ងាសរបស់អាដាម ឥតដាច់ ដោយសារតែគេភិតភ័យខ្លាំង។ ទីបំផុតម៉ាក់យាយរបស់គេក៏បាន Video Call មកកាន់គេវិញ អាដាមក៏បានទទួលយ៉ាងប្រញាប់រួចក៏ផ្តើមនិយាយ។

– ម៉ាក់យាយ! ម៉ាក់យាយល្ងាចមិញចៅ…

– កើតអីចៅ? ម៉េចបានម៉ាក់យាយមើលទៅញីញ័រខ្លាំងម៉េះ? ហើយចៅកើតអីបានខ្លួនសុទ្ធ តែញើសចឹង?

   ម៉ាក់យាយរបស់អាដាមបានតបទៅវិញដោយសំឡេងស្រាលៗមួយៗ តែអាការៈរបស់ អាដាមវិញគឺខុសឆ្ងាយពីម៉ាក់យាយគេឆ្ងាយណាស់។

– ម៉ាក់យាយ ស្តាប់ខ្ញុំនិយាយឱ្យទាន់ណា។ ល្ងាចមិញពេលដែរចៅអង្គុយពីមុខផ្ទះដែរបង ខេវីនទើបតែជួលនេះ គឺចៅ… ចៅបានលឺសំឡេងមួយរសាត់ចេញមកពីមាត់បុរស ចំណាស់ដែរមានរូបរាងដូចជាបិសាច តែគេបានហៅចៅថាជាចៅលួតណាម៉ាក់យាយ។

– ថាម៉េច…?

  ម៉ាក់យាយរបស់អាដាមឆ្លើយទាំងភិតភ័យជាខ្លាំងរហូតបានធ្វើឱ្យទូរស័ព្ទបានធ្លាក់ពីលើដៃ រួចគាត់ក៏បានស្រវ៉េស្រវាទូរស័ព្ទមកវិញហើយក៏បានតបទៅអាដាមម្តងទៀត។

– អាដាម ម៉ាក់យាយច្បាស់ណាស់ថាគាត់គឺជា…

   ភ្លឹប! ភ្លើងនៅក្នុងនិងនៅខាងក្រៅផ្ទះត្រូវបានកាត់ផ្តាច់នៅក្នុងរយៈពេលមួយប៉ប្រិចភ្នែក រីឯសេវាទូរស័ព្ទក៏ត្រូវបានកាត់ផ្តាច់ទោះអាដាមព្យាយាមហៅទៅកាន់ម៉ាក់យាយគេយ៉ាងណាក៏ដោយក៏មិនមានការតបតមកវិញដែរ។

   ក្ឌាំង…!!! សំឡេងដូចជាធ្លាក់អ្វីម៉្យាងនៅលើផ្ទះជាន់ទីពីរមួយទំហឹង ស្ទើរតែបាក់ផ្ទះ ដែលធ្វើឱ្យបងៗរបស់អាដាមភិតភ័យចំពោះគេជាខ្លាំង រហូតដល់ម្នាក់ៗត្រូវរត់មករកគេជាបន្ទាន់ដោយអការៈព្រួយបារម្ភ។

– អាដាម! អាដាម អូននៅឯណា?

សំឡេងពីខាងក្រៅ បានស្រែកហៅមកកាន់អាដាម រួមទាំងម្នាក់ព្យាយាមរត់ពីខាងក្រៅចូលមករកគេនៅក្នុងផ្ទះ។ គ្រាន់តែពួកគេចូលមកដល់ភ្លាម សំឡេង “តឹប តឹប” ប្រៀបបានវត្ថុមានទម្ងន់អ្វីមួយកំពុងតែធ្លាក់ពីលើកាំជណ្តើរម្តងមួយកាំៗ។ សំឡេងទ្វារផ្ទះត្រូវបានបិទ លាន់សូរ “គ្រាំង” អាដាមបានព្យាយាមបញ្ចាំងពិលទូរសព្ទទៅកាន់កាំជណ្តើរផ្ទះ ជាមួយកែវភ្នែកមនុស្ស ៥នាក់ បានសម្លឹងមើលទៅជាមួយគ្នាដោយមិនដាក់ភ្នែក ពិលទូរសព្ទបានបញ្ចាំងទៅចំកង់រទេះមួយដែលកំពុងតែ…

………វាសនាត្រូវរស់គឺនៅតែរស់………

   អាដាមបានត្រឹមតែបញ្ចាំងពិលទូរសព្ទមើលទៅកាន់កាំជណ្តើរ សំឡេង តឹប តឹប ដូច មានអ្វីមួយកំពុងតែធ្លាក់ចុះមកម្តងមួយកាំៗ ភ្លើងពិលនោះបានបញ្ចាំងទៅចំកែវភ្នែកពណ៌ក្រហមច្រាលមួយគូរ ដែលបានចាំងបកមកវិញដូចគ្រាប់ភ្នែកសត្វឆ្មាត្រូវភ្លើងនៅពេលយប់ កង់រទេះដែលមានបុរសចំណាស់ម្នាក់នោះ អង្គុយពីលើបានចុះមកដោយឯកឯង បុរសចំណាស់ម្នាក់នោះបានញញឹមទាំងបញ្ចេញធ្មេញដែលមានចង្កូមមកក្រៅវែងៗ។ ម៉ារីន គេបានត្រឹមតែចាប់ទាញរទេះអាដាមដែលជាប្អូនប្រុសបង្កើតរបស់គេ ឱ្យថយក្រោយម្ដងបន្តិចៗ ស្របពេលបុរសចំណាស់ម្នាក់នោះ ចុះពីលើកាំជណ្តើរកាន់តែជិតទៅៗ។ អាលីស គេក៏បានស្រែកឡើងមួយទំហឹងរបស់មនុស្សស្រី ជាមួយទឹកភ្នែកហូរស្រក់ចុះដោយការភិតភ័យ គេបានរត់ទៅបើកទ្វារ ប៉ុន្តែមិនដឹងទ្វារនោះមានជាប់អ្វីនោះទេ ទោះជាគេប្រឹងបើកយ៉ាងណាក៏មិនចេញដែរ ប៉ុន្តែបែរជាចេញមកនៅដៃដែលមានសម្បុរខ្មៅងងឹតរាប់រយគូ បានចាប់ទាញអាលីសមួយទំហឹងទៅបុកនឹងទ្វាដែលធ្វើឱ្យគេស្រែកឡើងជាមួយសេចក្តីឈឺចាប់ អុីឡាក៏បានចូលទៅជួយទាញអាលីសចេញមកវិញតែក៏ត្រូវបានដៃដ៏វែងមួយគូផុសចេញមកពីលើពិតានចាប់ទាញសក់ក្បាលរបស់អុីឡាឡើងទៅលើ រហូតជើងរបស់គេផុតពីដី តំណក់ឈាមរាប់រយតំណក់បានស្រក់ចេញពីលើក្បាលអុីឡា ធ្វើឱ្យគេស្រែកឡើងជាមួយក្តីឈឺ​ចាប់ឥតក្រៃលែង ប៉ុន្តែស្រាប់តែមានដៃខ្មៅងងឹតមួយជំហៀងមកពីណាមិនដឹង បាន​ហោះបុកចូលទៅក្នុងមាត់របស់អុីឡាដែលធ្វើឱ្យគេស្រែកលែងចេញ បានត្រឹមតែបើកភ្នែកម៉ង់ៗជាមួយទឹកភ្នែកស្រក់ចុះ ដែលត្រូវការជំនួយបំផុត។

អាលីសរវល់តែចាប់អារម្មណ៍ជាមួយ អុីឡាក៏ត្រូវបានម្រាមដៃទាំងនោះចាប់ទាញគេមួយទំហឹងទៀតរហូតដល់ក្នុងធ្លុះចូលក្នងទ្វា មួយទំហឹង រកតែស្រែកឱ្យគេផ្សេងជួយសឹងមិនបាន រីឯរូបរាងនាងស្រាប់តែបាត់ទៅមួយប៉ប្រិចភ្នែក។ អាដាម បានស្រក់ទឹកភ្នែកចុះដោយសារតែភាពភ័យខ្លាចរបស់គេ ព្រោះបើគេចង់រត់ក៏មិនអាចរត់រួច ដូចបងប្រុសរបស់គេដែរ ព្រោះសភាពរបស់គេគឺដូចជាបុរសចំណាស់ម្នាក់នោះណាស់ ដោយម្នាក់ៗសុទ្ធតែអង្គុយនៅលើរទេះរុញដូចគ្នា។

– បងម៉ារីន បងខេវីន! ជួយខ្ញុំផង ខ្ញុំខ្លាចណាស់បង។

អាដាម គេបានពោលទៅកាន់បងប្រុសទាំងពីររបស់គេ ព្រមទាំងបានងើយមុខទៅមើលជាមួយទឹកភ្នែកស្រក់ចុះមកឥតដាច់ ប្រៀបដូចជាការសុំជំនួយពីបងប្រុសដើម្បីសង្គ្រោះជីវិតរបស់ខ្លួនឯង

– បង! បងមិនទៅណាចោលឯងទេណាអាដាម។

   ខេវីនបានពោលទាំងរដាក់រដុប ព្រមទាំងសម្លឹងមើលមុខប្អូនប្រុសរបស់ខ្លួន ដែលពោរពេញទៅដោយការអាណិតរកអ្វីមកថ្លែងជំនួសមិនបាន។

   គ្រាន់តែរទេះរុញរបស់បុរសចំណាស់ម្នាក់នោះចុះមកដល់ក្រោមភ្លាម ក្លិនឆ្អាប ភាពងងឹត ភាពចាស់ ភាពកខ្វក់ នៃផ្ទះនេះចាប់ផ្តើមចេញរូបរាងពិតដែលវាមានលក្ខណៈផ្ទុយស្រឡះ ពីផ្ទះដែរពួកគេបានឃើញកាលពីដំបូង ពន្លឺចង្កៀងរាប់រយក៏ផ្តើមបំភ្លឺចេញមកពាសពេញ ផ្ទះ ដែរបានបង្ហាញមុខរបស់បុរសម្នាក់នោះយ៉ាងច្បាស់ជាមួយសម្តីវាចាធ្ងន់ៗ ម្តងមួយម៉ាត់ៗ ដែលពោលពេញទៅដោយ ភាពខឹងសម្បារ ភាពឯកា ភាពស្អប់-គំនុំគំគួន ដែរមាន ពាសពេញក្នុងរាងកាយរបស់គេ។

– ឈាមជ័រយើងមកហើយ? ពួកឯងមកបានហើយ? ម្តេចមិនទុកយើងចោល បន្តទៅទៀតទៅ? ព្រមមកនៅជាមួយយើងហើយ?

គ្រាន់តែបុរសចំណាស់ម្នាក់នោះនិយាយចប់ភ្លាម ខ្លួនគេស្រាប់តែធ្លាក់ចុះពីលើរទេះរុញអស់មួយកំណាត់ខាងលើចុះមកក្រោម រីឯភ្នែកគេវិញស្រាប់តែហូរចេញឈាមពណ៌ខ្មៅឥត​ឈប់ ប្រៀបដូចជាមនុស្សកំពុងតែយំទួយសោក។

– ឈាមជ័រអ្វី? មកនៅជាមួយ? ខ្ញុំមិនដែលស្គាល់លោកនោះទេ!

   ខេវីនគេបាននិយាយបកវិញពោលពេញទៅដោយសេចក្តីក្លាហាន ព្រមទាំងកាន់ដៃប្អូនៗ របស់គេយ៉ាងជាប់។

   គ្រាន់តែខេវីននិយាយចប់ភ្លាមបុរសចំណាស់ម្នាក់នោះ ក៏បានសម្លុតបកទៅវិញ ព្រមទាំងរំកិលខ្លួនរបស់គេមួយកំណាត់នោះ​មក​រក​ខេវីនបន្តិចម្តងៗ។

– ស្អី! ពួកឯងមិនស្គាល់យើង? តែយើងស្គាល់ពួកឯងច្បាស់ណាស់ ឯងត្រូវតែមកនៅជា មួយយើងនៅទីនេះ។ 

គ្រាន់តែបិសាចចំណាស់នោះ និយាយរួចភ្លាម គេស្រាប់តែហក់សង្គ្រប់ទៅពីលើខេវីនមួយរំពេច ដែលបណ្តាលឱ្យខេវីនគេដួលមួយទំហឹងទៅលើរនាបផ្ទះ មិនតែប៉ុណ្ណោះសូម្បីតែអាដាម ក៏ត្រូវធ្លាក់ពីលើរទេះរុញមកលើរនាបដូចជាខេវីនផងដែរ។

ឈាមពណ៌ខ្មៅស្រក់ម្តងមួយតំណក់ៗមកលើមុខរបស់ខេវីន ទោះបីជាខេវីនគេព្យាយាម​រុញបិសាចមួយនោះចេញពីគេយ៉ាងណាក៏កម្លាំងដៃគេមិនអាចឈ្នះកំលាំងបិសាចម្នាក់នោះដែរ កំពុងតែសង្គ្រប់ពីលើគេយ៉ាងកំរោល ព្រមទាំងហារមាត់យ៉ាងធំ ដែលបង្ហាញ អណ្តាតពណ៌ខ្មៅរបស់គេយ៉ាងច្បាស់ ប្រៀបដូចកំពុងតែចង់ខាំលេបយកក្បាលរបស់ខេវីន ប៉ុន្តែ…

– អូយ…

   បិសាចមួយនោះស្រាប់តែស្រែកឡើងមួយទំហឹងស្ទើរតែបាក់រលំផ្ទះ គេក៏បានហក់ទៅ ភ្ជាប់ខ្លួនគេទាំងពីរកំណាត់គេវិញ រីឯអ៊ីឡាក៏បានធ្លាក់ចុះមកលើរនាបវិញមួយទំហឹង​រហូតធ្វើ​ឱ្យនាងសន្លប់បាត់ស្មារតីទៅ។

– ពួកឯងគិតថា ព្រះប៉ុណ្ណឹង អាចធ្វើអ្វីយើងបាន?

   បិសាចនោះបាននិយាយឡើងស្របពេលដែរគេកំពុងតែអង្គុយលើរទេះរុញគេវិញ។ មែនហើយ គឺពេលនោះអាដាមគេបានចាប់ទាញបន្តោងព្រះពីខ្សែករបស់គេបោះទៅលើខ្លួនបិសាចនោះ ធ្វើឱ្យបន្តោងរូបព្រះបានធ្លាក់ទៅលើរនាប។

   ខេវីនគេបានប្រញាប់ទៅចាប់យកបន្តោងព្រះនោះ ក៏ប៉ុន្តែមិនដឹងមានដៃពណ៌ខ្មៅ​ដូចធ្យូងមួយគូរមកពីណាមិនដឹងបានផុសចេញពីរនាបផ្ទះចាប់ទាញជើងរបស់ខេវីនមួយទំហឹង បណ្តាលឱ្យគេដួលបោកក្បាលទៅរនាបមួយទំហឹងរហូតដល់មានឈាមស្រក់ចេញមកតក់ៗពីលើថ្ងាស។

រីឯម៉ារីនវិញ បានត្រឹមតែឱបអាដាមប្អូនរបស់គេជាប់ជាមួយខ្លួន ហើយចេះតែរំកិលទៅក្រោយបន្តិចម្តងៗ ដោយឥតលើកលែង​ដៃពណ៌ខ្មៅដែលធុំក្លិនឈ្ងៀមផ្សែងនោះ បានចាប់ទាញជើងអាដាមមួយទំហឹងទៅ ប៉ុន្តែទាញមិនទៅនោះទេ ព្រោះត្រូវបានម៉ារីនឱបគេយ៉ាងជាប់ ដៃមួយគូរទៀតក៏បានផុសចេញមកពីរនាប ហើយក៏បានចាប់ទាញម៉ារីនចេញពីខ្លួនប្អូនរបស់គេ ហើយចាប់ទាញទម្រុះចុះក្រោមមួយទំហឹងរហូតដល់ម៉ារីនផុងចូលក្នុងរនាបឈើ ដែលពុកផុយអស់នោះបាត់ទៅ។ អាដាមត្រូវបានដៃឥតមេត្តានោះចាប់ទាញជើងគេទៅលើ ដោយគ្មានភាពអាណិតអាសូរសូម្បីតែបន្តិច។ ក្បាលគេត្រូវបានបោកជាមួយ​កាំជណ្តើរ ម្តងមួយកាំៗលឺសូរតែ “ដឹប ដឹប ដឹប” ជើងរបស់អាដាមត្រូវបានដៃនោះចាប់ទាញបញ្រ្ចាស់ ឡើងទៅលើ រហូតទៅដោយជាន់ទីពីរ…

    “ដឹប”…”ដឹប”…

សំឡេងយំរបស់អាដាម ក៏បានបន្លឺឡើងពាសពេញផ្ទះនោះ រហូតឮដល់ ខេវីន នៅឯជាន់ក្រោម។

ខេវីនគេប្រឹងបម្រះខ្លួន ដើម្បីទៅដណ្តើមបន្តោងព្រះនោះ ទៅជួយអាដាមខ្លាំងណាស់ តែគេធ្វើអ្វីមិនបាននោះទេ។ សំឡេងយំរបស់អាដាមបន្លឺឡើងកាន់តែខ្លាំង ចិត្តរបស់ខេវីន កាន់តែខ្លោចផ្សារអាណិតដល់ប្អូនជីដូនមួយរបស់ខ្លួន មិនដឹងថាគេទៅជាយ៉ាងណានោះទេ បើគេព្រមស្តាប់ប្អូនគេតែបន្តិច ម្នាក់ៗប្រហែលជាមិនថ្វីនោះទេ ទឹកភ្នែកខេវីនរាប់រយតំណក់ បានស្រក់ចុះមកដើម្បីបន្ទោសដល់ខ្លួនឯង ព្រោះប្អូនស្រីមួយសន្លប់សូន្យឈឹង មួយទៀតវិញមិនដឹងដៃបិសាចនោះចាប់ទាញទៅដល់ទីណានោះទេ រីឯប្អូនប្រុសម្នាក់ត្រូវផុងចូលក្នុងរនាប ម្នាក់ទៀតដែលទន់ខ្សោយជាងគេ ក៏ត្រូវបានជាប់នៅឯខាងលើផ្ទះ ដោយមិនដឹងទៅជាយ៉ាងណា បានត្រឹមតែបញ្ចេញសំឡេងយំខ្សាវៗចេញមក។

   ដោយក្តីអាណិតស្រលាញ់ មានពាសពេញខ្លួនខេវីន នៅទីបំផុតក៏គេអាចចាប់បន្តោងព្រះ​នោះមកបាន ហើយគេក៏ចាប់លើកបន្តោងព្រះនោះឡើងទៅលើ ប៉ុន្តែកែវភ្នែកពណ៌ក្រហមមួយគូរដែលបាញ់ពន្លឺចេញពីភ្នែករបស់បិសាចម្នាក់នោះ ទៅចំបន្តោងព្រះនៅក្នុងដៃរបស់ខេវីន ដែលធ្វើឱ្យដៃគេក្តៅរហូតដល់ប្រលែងបន្តោងនោះឱ្យជ្រុះទៅលើរនាប។ សំណើច ក្អាកក្អាយរបស់បិសាចចំណាស់បានបន្លឺឡើងពាសពេញផ្ទះ ហើយគេក៏បានពោលឡើង។

– ឯងចង់បានបន្តោងព្រះនេះខ្លាំងណាស់មែនទេ?

គ្រាន់តែបានពោលចប់ភ្លាម បិសាចនោះក៏បានលូកដៃទៅចាប់ក្តោបបន្តោងព្រះនោះយ៉ាងជាប់ រហូតដល់បន្តោងនោះបានរលាយក្លាយ​ទៅជាផេះក្នុងដៃរបស់គេមួយរំពេច និងបាននិយាយទៅកាន់ខេវីនបន្តទៀត ខណៈខេវីនឯណេះវិញ កំពុងនៅថ្មឹងចំពោះហេតុការណ៍មួយនេះ ព្រោះសូម្បីតែបន្តោងព្រះ ក៏មិនអាចធ្វើអ្វីបិសាចមួយនេះបាន?

– ឯងគិតថាព្រះដែលធ្វើឡើងមកនេះ អាចធ្វើអ្វីយើងបានមែនទេ?

_ធ្វើ! ធ្វើឯងមិនបាន?

   ខេវីនគេបានតបតទៅវិញដោយសំដីយ៉ាងរដាក់រដុបជាទីបំផុត ព្រោះបើតាមគេដឹង គឺបន្តោងនេះលោកយាយរបស់គេប្រគល់ទៅឱ្យអាដាមពាក់ គឺមានប្រភពមកពី…

– បន្តោងព្រះមិនអាចធ្វើអ្វីលោកតាបានពិតមែន ប៉ុន្តែសទ្ធារបស់ព្រះពុទ្ធជាម្ចាស់ គឺច្បាស់ជាអាចកម្ចាត់លោកតាបាន។

សំឡេងមនុស្សម្នាក់បាននិយាយឃ្លានេះចេញមក ព្រមជាមួយទ្វារផ្ទះបានរបើកឡើង បង្ហាញវត្តមានរបស់ដូនជីម្នាក់ ស្លៀកពាក់សម្លៀកបំពាក់ពណ៌ស រួមទាំងមនុស្សស្រីម្នាក់ដែលរាងកាយនាងបានប្រឡូកប្រឡាក់សុទ្ធតែដីពាសពេញខ្លួន តាំងពីចុងជើងរហូតដល់ចុងក្បាល និង មនុស្សប្រុសម្នាក់ទៀតដែលខ្លួនគេបានទទឹកជោគ កំពុងតែឈរពីក្រោយដូនជីចំណាស់ ដែលមានស្បែកជ្រីវជ្រួញអស់ទៅហើយ។

– ម៉ារីតា នាងចៅថោកទាប! នាងឯងហ៑ានបង្ហាញមុខមកទៀត?

បិសាចនោះក៏បានបង្វែរអារម្មណ៍របស់ខ្លួនទៅចាប់អារម្មណ៍ជាមួយដូនជីម្នាក់នោះវិញ ជាមួយកែវភ្នែកភ្លឺពណ៌ក្រហមតែត សម្តីរបស់បិសាចនេះនិយាយទៅកាន់ដូនជីនោះប្រៀប មានការចងគំនុំគំគួនលើសពីអ្នកផ្សេងឯទៀតខ្លាំងណាស់ ដូនជីមិនបានខ្វាយខ្វល់ជាមួយ ពាក្យសម្តីបិសាចម្នាក់នោះឡើយ ហើយថែមទាំងតបទៅវិញថា:

– កាលនៅរស់លោកតាគឺជាមនុស្សល្អខ្លាំងណាស់ លោកតាពោរពេញទៅដោយ ព្រហ្មវិហារធម៌ខ្លាំងណាស់ ហេតុអ្វីគ្រាន់តែកំហុសរបស់កូនចៅតែមួយគ្រា លោកមានគំនុំចងកម្មចងពារកូនចៅរបស់លោកអស់ជាង ៧០ឆ្នាំប្លាយ ហើយណាមួយ…

ដូនជីនិយាយមិនទាន់អស់សេចក្តីផង ក៏ត្រូវបានបិសាចចំណាស់ម្នាក់នោះនិយាយកាត់យ៉ាងលឿន រួមជាមួយសេចក្តីខឹងសម្បារទៅ​វិញ រហូតដល់ធ្វើឱ្យផ្ទះដ៏ចំណាស់មួយនេះ ផ្តើមរង្គើដោយសារតែសេចក្តីខឹងសម្បារជាអតិបរិមា។

– ព្រោះតែពួកអស់ឯងនឹងទៅរត់ចោលយើង ចោលស្រុក ចោលទីកន្លែងកំណើត ទើបយើងខឹង ខឹងខ្លាំងណាស់! ម៉ារីតា ក្រែងនាងមានជីតាគឺជាមនុស្ស ស្រលាញ់ទីកំណើតរបស់ខ្លួនណាស់ ទោះបីជាត្រូវស្លាប់ក៏មិនរត់ទៅណាដែរ ទាំងនាងទាំងម្តាយនាង ដឹងដែរ តែនៅតែព្រមទៅតាមយាយរបស់នាងទៀត?

– ព្រោះតែខ្ញុំដឹងខ្លួនថាខុសហើយ ទើបបានជាជីវិតនេះខ្ញុំបួសជាដូនជី ដើម្បីឧទ្ទិសកុសលជូនលោកតាវិញ! លោកយាយ ម៉ាក់ និងបងៗសុទ្ធតែត្រូវស្លាប់វិញអស់ទៅហើយនៅក្នុងឆ្នាំ១៩៧៧ លើកលែងតែ ដានីតា ដែលជាចៅស្រីពៅរបស់លោកតាប៉ុណ្ណោះ! នេះតាប្រុងចង់សម្លាប់ចៅៗរបស់នីតាចោលទាំងអស់ ដើម្បីផ្តាច់ពូជវង្សត្រកូលរបស់យើងតែម្តង? ពួកគេគ្មានកំហុសអីទេ គេក្មេងៗណាស់លើកលែងទៅ ព្រោះពួកគេមិនដឹងរឿងរបស់ពួកយើង ថាមានអ្វីកើតឡើងនោះទេ។ សមហេតុផលទេ ដែលលោកតាមិនព្រមទៅចាប់ជាតិហើយនៅចងកម្មចងពារបែបនេះ? 

ដូនជីម្នាក់នោះបាននិយាយបណ្តើរទឹកភ្នែកក៏បានហូរស្រក់ចុះមកបណ្តើរចំពោះកំហុសកន្លងមកផងដែរ។

– តើគាត់មានរឿងអ្វីទាក់ទងជាមួយម៉ាក់យាយយើងទៅ?

   ខេវីនបានសួរទៅកាន់ ម៉ារីននិងអាលីស

– ពួកគាត់គឺជា…

– អញគឺជាជីតាលួតរបស់ពួកឯង រីឯយាយរបស់ពួកឯងនាងដានីតាគឺជាចៅស្រីបង្កើត របស់យើង!

   ម៉ារីនជាមួយអាលីសមិនទាន់បានតបក៏ត្រូវបានបិសាចចំណាស់ម្នាក់នេះតបជំនោះវិញ។

ខេវីនគេមានសេចក្តីភ្ញាក់ផ្អើលខ្លាំងណាស់ដែរបានដឹងថាខ្លួនមានជីតាលួតគឺជាបិសាចដែរចង់សម្លាប់ចៅៗរបស់ខ្លួនឯងបែបនេះ រួចគេក៏បានពោលឡើងថា:

– វាមិនសមហេតុសោះ! ដែលលោកតា… ខ្ញុំមិនគួរហៅលោកថាតានោះទេ ព្រោះខ្ញុំគ្មានជីតាលួត ដែលមានគំនិតចង់សម្លាប់ចៅៗរបស់ខ្លួននោះទេ! លោកគឺជាជីតាលួត បើរាប់ទៅយើងស្ទើរដាច់ខ្សែរគ្នាអស់ហើយ ឈប់ចងកម្មចងពារជាមួយគ្នាទៅ ពួកខ្ញុំមិនដឹងអីនោះទេ ហើយរឿងរ៉ាវដែលកើតឡើងកន្លងមកនេះ ខ្ញុំនឹងឧហោសកម្មឱ្យទៅចុះ!

គ្រាន់តែខេវីនបាននិយាយចប់ភ្លាម ស្រាប់តែបិសាចម្នាក់នោះបានស្រែកឡើងមួយទំហឹង រីឯតួផ្ទះក៏ចាប់ផ្តើមកើនឡើងកម្តៅរហូតដដល់ផ្តើមមានអណ្តាតភ្លើងចេញមក ធ្វើឱ្យផ្ទះមួយនេះផ្តើមឆាបឆេះទៅដោយព្រះអគ្គី។ ខេវីនគេក៏ចាប់បីប្អូនស្រីគេដែលកំពុងតែសន្លប់ ស្តូកស្តឹងនោះចេញពីផ្ទះមួយនេះជាបន្ទាន់ រីឯម៉ារីនជាមួយអាលីស ក៏ផ្តើមជួយគ្រាដូនជីម្នាក់នោះមកក្រៅផ្ទះផងដែរ គ្រាន់តែពួកគេមកដល់ក្រៅផ្ទះភ្លាមភ្លើងក៏កាន់តែឆាប់ឆេះ ខ្លាំងឡើងៗនៅចំពោះមុខពួកគេ។

– ខ្ញុំសង្ឃឹមថាអ្វីៗនឹងបញ្ចប់នៅយប់នេះឱ្យអស់ទៅចុះ។

   ដូនជីបានពោលឡើងទាំងដកដង្ហើមធំជាមួយទឹកភ្នែកហូរស្រក់ចុះមកអត់ដាច់ ព្រោះ រាល់អនុសាវរីយ៍ដែលខ្លួនមានកាលនៅក្មេងនៅទីនេះផ្ដើមរលត់រលាយម្តងបន្តិចៗតាមព្រះអគ្គី។

– តើនេះគឺជាអ្វីទៅ? សុំលោកយាយជួយបកស្រាយឱ្យខ្ញុំយល់ផងបានទេ?

   ខេវីនបានសួរទៅកាន់ដូនជីន

– ដានីតា ដែលជាម៉ាក់យាយរបស់ពួកឯង ជាជនជាតិខ្មែរមានកំណើតនៅកម្ពុជាក្រោម! នាងត្រូវជាប្អូនជីដូនមួយរបស់យើង កាលនៅកុមារភាព ពួកយើងទាំងអស់គ្នាគឺបានរស់នៅក្នុងផ្ទះមួយនេះ ដែលគ្រប់គ្រងដោយលោកតារបស់យើង ដែលគឺជាបិសាចអម្បាញ់មិញនោះ។ គ្រួសារដ៏ធំរបស់យើងរស់នៅមានក្តីសុខណាស់ រហូតដល់…

ដូនជីបានលេបទឹកមាត់មួយក្អឹកចូលទៅក្នុងបំពង់ក រួចក៏បានពោលបន្ត:

– ចន្លោះឆ្នាំ១៩៤៩ លោកយាយក៏បាននាំកូនៗ ចៅៗរត់ទៅនៅកម្ពុជាកណ្តាល ដោយចោលលោកតាព្រោះគាត់មិនព្រមទៅជាមួយ! ប៉ុន្តែលោកយាយ និងកូនៗរបស់គាត់ ក៏ត្រូវបានស្លាប់វិញក្នុងឆ្នាំ១៩៧៧ ដែលនៅសល់តែយើង ជាមួយម៉ាក់យាយពួកឯងតែប៉ុណ្ណោះ ដានីតា បានរត់ដល់អឺរ៉ុប តែយើងក៏បានរត់មកនៅកម្ពុជាក្រោមវិញ ដែលបានធ្វើឱ្យបងប្អូនយើងទាំងពីរ បែកគ្នាអស់ជាង ៤០ឆ្នាំមកហើយ ដោយមិនដែលបានចួបគ្នាសូម្បីតែម្តងណាឡើយ។ ចំណែកកូនៗរបស់ដានីតា ក៏ត្រូវបានស្លាប់នៅទីនេះដូចគ្នា កាលនោះស្ដាយណាស់ដែរ យើងមកជួយពួកគេមិនទាន់។

– ក្រែងឪពុកម្ដាយរបស់ពួកខ្ញុំ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ កាលពីជាង ១០ឆ្នាំមុនហុី? “ខេវីនបានពោលឡើង”

– ឯងមានបានឃើញសាកសពរបស់ពួកគេទេ?

– ភាពឯកា ព្រោះតែភាពឯកា គឺបានផ្លាស់ប្តូរលោក ពីមនុស្សល្អទៅជាម្នាក់ដែលពោពេញទៅដោយគំនុំគំគួន! រហូតដល់ថ្ងៃមួយគាត់ត្រូវស្លាប់ដោយសារតែត្រូវបាវបម្រើក្នុងផ្ទះប្លន់ នឹងបានកាត់ខ្លួនគាត់ជាពីរចំណែក ដូចដែលប្រុសពៅគេឃើញ…!

   ដូនជីនិយាយដល់ត្រឹមនេះស្រាប់តែខេវីនក៏ភ្លាត់មាត់និយាយកាត់

– ប្រុសពៅ… អាដាម? អាដាមនៅទីណា?

   ខេវីនគេគេក៏ផ្តើមឆោឡោលដោយបាត់អាដាម ព្រោះគេបានភ្លេចទៅយកអាដាមជាប់ នៅលើ…

– បង! បងខេវីន បងម៉ារីនជួយខ្ញុំផង ខ្ញុំក្តៅណាស់ ខ្ញុំទ្រាំលែងបានហើយ ជួយខ្ញុំផង ខ្ញុំក្តៅណាស់!!!

   សំឡេងក្មេងប្រុសដែលពិការជើងម្នាក់ ស្រាប់តែស្រែកល្ហៀងៗមកពីលើផ្ទះ ដែលធ្វើឱ្យអ្នកនៅខាងក្រោមមានភាពតក់ស្លុតជាខ្លាំងព្រោះប្អូនប្រុសពៅរបស់ពួកគេកំពុងតែជាប់នៅក្នុងព្រះអគ្គីយ៉ាងសន្ធោសន្ធៅ ដែលមិនអាចមានអ្វីមកជួយបានឡើយ រហូតដល់ផ្ទះនោះ…

…ក្ឌាំង… រលំទៅលើដីក្នុងរយៈពេលមួយប៉ប្រិចភ្នែក……

– អាដាម ក្រោក! ល្ងាចហើយពៅងើបមកញុំាបាយនឹងគេ។

– ប្រុងគេងដល់ណាទៀត? ងើបមកញុំាបាយមក ប្រយ័ត្នអត់បាយណាពៅ!

   សំឡេងខេវីននិងម៉ារីនបានហៅអាដាម ព្រមទាំងអង្រួនគេ។ គេស្រាប់តែស្ទុះក្រោកឡើង ដោយមិនដឹងខ្លួនរួចក៏បានឱបគាត់មួយទំហឹងទាំងទឹកភ្នែកកំពុងតែហូរស្រក់ឥតដាច់

– សុបិនអាក្រក់ទាំងថ្ងៃមែន?

– …

   អាដាមមិនបានតបជាមួយបងខេវីននោះទេ គឺបានត្រឹមតែមើលមុខគាត់ជាមួយការភិតភ័យជាខ្លាំង ហើយបងខេវីនក៏បានពោលបន្ត

– យើងមិនអាចចេញក្រៅបានទៀតទេណាពៅ គម្រោងដែលឯងចង់ហៅបងទៅមើលផ្ទះនៅ មាត់ទឹកនោះក៏មិនបានដែរដោយមានការរិតត្បិតការធ្វើដំណើរ! យើងត្រូវនៅនឹងហើយ រហូតអាចបានទៅភ្នំពេញវិញ! មកៗ មកញុំាបាយមក គេយកមកឱ្យហើយ។

   អាដាមក៏បានងក់ក្បាលទៅកាន់គាត់! ហើយពួកគាត់ក៏បានបីគេដាក់លើរទេះរុញ រួចរុញទៅកាន់តុអាហារ។ ទោះជាសុបិន តែអាដាមក៏នៅមានអារម្មណ៍ភិតភ័យខ្លាចវាក្លាយជាការ ពិត…

ចប់!