សិល្បៈគឺជាសង្វៀនប្រកួតប្រជែងដ៏គ្រោះថ្នាក់…..។ សត្រូវរបស់យើងភាគច្រើនជាមនុស្សក្បែរខ្លួនយើង ជិតស្និទ្ធនឹងយើង ញញឹមដាក់យើងនិយាយល្អៗប៉ុន្តែធាតុពិតនោះគ្រាន់តែជាការសម្ដែងទេ។ ម្នាក់ៗសៀតផ្កាក្រអូបស្អាតលើបបូរមាត់ តែក្នុងបេះដូងបង្កប់នូវកាំបិតចាំកាប់ប្រល័យគ្នាយ៉ាងសាហាវ។ …គ្មានអ្នកណាពូកែច្រណែនគ្នាជាងអ្នកសិល្បៈទេ ហើយក៏គ្មានរឿងអាស្រូវអ្វីស្អុយគគ្រុកជាងរឿងរ៉ាវក្រៅឆាករបស់អ្នកសិល្បៈខ្លះដែរ។ រឿងដូរខ្លួនប្រាណដើម្បីលុយឡានវីឡា និងកេរ្តិ៍ឈ្មោះ សឹងក្លាយជារឿងធម្មតាទៅហើយក្នុងវិស័យនេះ។
ប្រការនេះហើយដែលធ្វើឱ្យវិជ្ជតានិងខ្ញុំឈឺក្បាលចង់ចាកចោលការងារនេះម្តងៗ តែបំណាច់នឹងចង់ឈ្នះមនុស្សអាក្រក់សែនអាក្រក់ខ្លះ យើងនៅតែកាន់ដៃគ្នាដើរទៅមុខ។ ដូចថ្ងៃនេះអ៊ីចឹង ខ្ញុំបានបើកឡានជូនវិជ្ជុតាតាំងពីភ្នំពេញរហូតមកដល់ខេត្តពោធិ៍សាត់ដើម្បីស្វែងរកឱ្យជួបគ្រូខ្មែរម្នាក់ដែលល្បីថាចេះអាគមដ៏ពូកែ អាចជួយយើងទាំងពីរក្នុងការប្រឈមនឹងពួកមនុស្សអាក្រក់បានដោយរឹងមាំ។
«លោកគ្រូ! គេធ្វើបាបពីរនាក់ខ្ញុំណាស់! ដំបូងថាថ្ងៃសុក្រក្រោយនេះអ្នកដែលដើរកណ្ដាលជាខ្ញុំ តែយប់មិញតារាម្នាក់ឈ្មោះអាមុំ គេព្រមទៅបាយល្ងាចជាមួយខាង Sponsorបាត់មួយយប់ ព្រឹកឡើង មេក្រុមមកប្រកាសដកឱ្យពួកខ្ញុំដើរអមវិញ។ គេដូរឱ្យអាមុំដែលដើរអត់ល្អផង កម្ពស់ក៏មិនត្រូវនឹងឈុតក្ងោកត្បូងនិលសោះ ឥឡូវត្រូវគេប្រកាសឱ្យដើរកណ្ដាល សម្រេចសម្រួលខ្ញុំលែងបានពាក់អាវក្ងោកត្បូងនិលហើយ! ខំហាត់សមមករាប់ខែ ដល់ជិតដល់ពេល ស្រាប់តែមកដកពួកខ្ញុំចេញសមដែរទេ? វាអយុត្តិធម៌នោះអយុត្តិធម៌ពេកហើយលោកគ្រូ»
វិជ្ជតានិយាយទាំងយំអណ្តឺតអណ្តកធ្វើឱ្យខ្ញុំក៏ក្ដុកក្ដួលចិត្តតាមវាដែរ។ រាត្រីក្ងោកត្បូងនិលគឺជារាត្រីបង្ហាញម៉ូដធំបង្អស់នៅភ្នំពេញ ហើយដែលឈុតក្ងោកត្បូងនិលបានរចនាដោយស្នាព្រះហស្ថទ្រង់ទិព្វមន្តា ព្រះរាជវង្សានុវង្សខ្មែរដ៏មានព្រះនាមល្បីរន្ទឺខាងច្នៃម៉ូដកម្រិតពិភពលោក។ ទ្រង់ទើបយាងត្រឡប់មកមាតុប្រទេស និងបើកការបង្ហាញម៉ូដកម្រិតអន្តរជាតិដែលធ្វើឱ្យក្លឹបពួកយើងប្រឹងសឹងបាក់កម្លាំងទម្រាំប្រជែងបានដើរបង្ហាញម៉ូដលើគម្រោងនេះ។ វិជ្ជតាពួកម៉ាកកម្សត់របស់ខ្ញុំប្រឹងណាស់ ទម្រាំនាងត្រូវបានជ្រើសរើសជាតួឯកនារីដែលត្រូវដើរចំកណ្ដាល និងមានវាសនាបានគ្រងឈុតក្ងោកត្បូងនិលដែលជាឈុតឯក មានតម្លៃជាសរុបប្រមាណ៨សែនយូរ៉ូឯណោះ។ តែការស៊ីស៊ូសលើគ្រែដ៏អាស្រូវបានធ្វើឱ្យនាងត្រូវរបូតឱកាសនេះវិញ ហើយធ្លាក់ទៅលើកណ្ដាប់ដៃអ្នកបង្ហាញម៉ូដជើងថ្មីឈ្មោះផណ្ណមុំ។
«សាក់រូបមយូរាលើស្មាម្នាក់មួយប្រើពេលជិតបីម៉ោង ហើយឈឺចាប់គួរសម! នាងៗទ្រាំបានទេ?»
ពេលដែលវិជ្ជតា មិត្តខ្ញុំក្រឡាប់វិលគ្រាប់ភ្នែកព្រោះភិតភ័យ ខ្ញុំសួរវិញភ្លាម៖
«លោក…លោកតា….ស្អី….ស្អីទៅ….សាក់….មយូរា?»
«មយូរាញីឈ្មោលជាមន្តអាគមដ៏ចំណាស់របស់ខ្មែរតាំងពីមុនមហានគរ! គ្មានអ្នកស្គាល់វាច្រើនទេ លើកលែងតែគេធ្លាប់មានពូជអម្បូរជាអ្នកវាំង ហើយទាល់តែពួករាំហ្លួងដែលមានឋានៈជាគ្រូទៀតទើបធ្លាប់ដឹងពីអាគមនេះ! វាជាអាគមសាក់ដែលជួយឱ្យនាងៗក្លាយជាទីត្រេកត្រអាលនៃពួកបុរស! នាងនឹងក្លាយជាតារាស្រីដែលល្បីបំផុត មានគេចង់បានបំផុត ហើយរកកម្រៃបានច្រើនបំផុត! មិនចង់បានទេ?»
ខ្ញុំងាកមើលមុខវិជ្ជតា។ ពីរនាក់យើងដកដកដង្ហើមធំដោយភ័យលាយអរ។ ប្រសិនបើដូចពាក្យគាត់និយាយ ពួកយើងកំពុងរបូតជើងក្នុងអណ្ដូងមាស មិនអ៊ីចឹង? អ្នកចូលសិល្បៈណាម្នាក់ដែលមិនចង់មានគ្រូកាន់ មិនចង់មានមន្តស្នេហ៍ ហើយមិនចង់នៅលំដាប់កំពូល?
«តែ….ស្មាពួកខ្ញុំភាគច្រើនចំហមកក្រៅ គឺដើរម៉ូដកម្រពាក់អាវបិទស្មានិងកណាស់ អ្នកផងមិនឃើញវាទៅហើយលោកតា?»
«អាគមសាក់នេះគឺសម្រាប់ឱ្យគេឃើញហ្នឹងហើយមីនាង! ទាល់តែគេឃើញបានវាមានប្រសិទ្ធភាព» គ្រូអូមអាមវ័យប្រមាណសែក្រាស់ឆ្លើយមកវិញធ្វើហី។
«មានប្រសិទ្ធភាពមែនហ្អីលោកតា?»
ខ្ញុំខ្សឹបសួរវិញតិចៗ។ សំខាន់គឺខ្ញុំខ្លាចឈឺ ព្រោះគាត់បានព្រមានតាំងពីចាប់ផ្ដើម តែខ្ញុំក៏ចាប់អារម្មណ៍ខ្លាំងចំពោះលទ្ធផលនិងមហិទ្ធិឫទ្ធិដែលគាត់អួតដែរ។ បច្ចុប្បន្ននេះរូបសាក់លើដងខ្លួនអាចធ្វើបាននិងផ្លាស់ប្ដូរដោយសេរី មិនចាំបាច់ប្រើកាំបិតកន្ត្រៃឱ្យហូរ ឈាមទេ គឺគេអាច Scan បិទលើស្បែកតែម្តង ហើយលឿនជាទីបំផុត។ ចំណែកពេលបីម៉ោងដែលលោកតានិយាយគឺប្រាកដណាស់ ច្បាស់ជាប្រើរបស់មុតស្រួចធ្វើឱ្យឈាមហូរហើយ។
«គ្មានអ្វីដែលបានមកទទេៗគ្មានការលះបង់នោះទេមីនាង! បើគេធ្វើបាបឱ្យយើងឈឺចិត្ត យើងគួររើសវិធីឈឺខ្លួន តែស្រួលចិត្តវិញ!»
តានោះនិយាយតបខ្ញុំដោយទឹកមុខពេញដោយអំនួត។ ខ្ញុំត្រូវវិជ្ជតាលូកដៃមកចាប់កដៃខ្ញុំ។ ដៃនាងឡើងត្រជាក់ព្រោះភ័យ។ នាងចាប់លែងៗជាសញ្ញាសួរខ្ញុំថាគិតយ៉ាងណា? ខ្ញុំសួរទៅអ្នកធ្វើអាគមនោះបន្ថែមភ្លាម៖
«លោកតា! បើពួកខ្ញុំព្រមធ្វើត្រូវការអ្វីខ្លះទៅ?»
មេមត់រូបនោះសើចក្អាកក្អាយ ហើយទើបនិយាយ៖
«ស្នូកអណ្ដើកសមុទ្រសំលៀងជាម្ជុល ឈាមនាងៗដាក់ចូលគ្នាជាថ្នាំ ឈ្មោះខែឆ្នាំកើតជាយានផ្សារភ្ជាប់ទៅរកផ្លូវងងឹត ហើយទទួលយកព្រះនាងភីរៈឌីតា្តជាព្រះគ្រូបាអាចារ្យ»
ខ្ញុំង៉េមង៉ាម ព្រោះស្តាប់មិនយល់។ វិជ្ជតាវិញនាងនិយាយសួរដាច់ៗ៖
«ស្នូកអណ្តើកសំលៀងជាម្ជុល? ឱ្យខ្ញុំទៅរកទិញឯណាបានទៅ? ហើយ….ហើយ….អ្នកណាជា…ជា….ជា….ព្រះនាងភីរៈឌីត្តាអីគេនោះទៅ?»
តានោះស្រាប់តែផ្លាស់ទឹកមុខ ស្រែកគំហកឱ្យវិជ្ជតាមួយរំពេច៖
«ព្រហើន! ព្រះនាងជាក្សត្រិយ៍១០០០ឆ្នាំមកហើយ! សោយរាជ្យសម្បត្តិប្រកបដោយបារមីផុតគេ! ព្រះនាងជាកុលស្ត្រីដែលខ្ពង់ខ្ពស់បំផុតត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យលើសបណ្ដាស្រី្តក្នុង លោក! ព្រះនាងមានទាំងមហាមន្តសណ្ដំស្នេហ៍ ទាំងមហិទ្ធានុភាព! អាគមមយូរាត្រូវបានព្រះនាងបង្កើតឡើងដើម្បីជួយស្ត្រីទាំងអស់ណាដែលចង់មានមន្តស្នេហ៍! នាងៗត្រូវដឹងបដិការគុណទ្រង់ ហើយក្រាបសំពះព្រះបាទា សុំទ្រង់ជាគ្រូគ្រូបាអាចារ្យពីពេលនេះតទៅ!»
ខ្ញុំកាន់តែស្ដាប់រឹតតែមិនយល់។ តើព្រះនាងនោះនៅឯណា ជាមនុស្សរស់ឬជាបង់បត់? ចុះរស់មួយពាន់ឆ្នាំមានន័យដូចម្ដេចដែរ? បុរសនេះជាមេមត់ភ្ជាប់ជាមួយផ្លូវងងឹតដល់ឆ្កួតទៅហើយដឹង? ខ្ញុំងាកសម្លឹងទៅក្រៅផ្ទះឈើដែលប្រែទៅជាងងឹត ព្រោះយើងមកដល់ពេលបាក់រសៀលទៅហើយ។ ខ្ញុំមិនចង់ចំណាយពេលរាត្រីនៅទីនេះទេ ទោះជាយ៉ាងណាក៏ដោយ។ ហៀបនឹងទាញវិជ្ជតាឱ្យលាឡើងរថយន្តទៅវិញរកលេសពន្យារពេលដើម្បីគិតទៅហើយ ស្រាប់តែឮនាងងើបមុខនិយាយដោយម៉ឺងម៉ាត់៖
«អ្នកណាក៏ដោយលោកតា! ឱ្យតែអាចជួយបងប្អូនខ្ញុំលែងឱ្យគេធ្វើបាប ខ្ញុំសុខចិត្តសំពះបាតជើងយកគេធ្វើគ្រូ!»
មេមត់សើចក្អាកក្អាយគួរឱ្យព្រឺព្រួច។ គាត់លើកកញ្ចប់ក្រហមមួយចេញមកបង្ហាញពួក យើងក្រោមពន្លឺចង្កៀងម៉ាំងសុងក្រហមទុំ។ ពេលគាត់លាកញ្ចប់នោះ ពួកយើងអត់បានប៉ប្រិចភ្នែកទេ ព្រោះតែចង់ដឹងថាតើនោះជាវត្ថុអ្វីខ្លះ? របស់មួយវែងស្ដួចមានសណ្ឋានដូចភ្លុកដំរី ប៉ុន្តែពណ៌លឿងក្រមៅ។ចុងវាស្រួចដូចដែកគោលវែងបណ្ដោយប្រមាណជិតពីរម្រាមដៃ។
«ឃើញទេ!? គ្រាន់តែមីនាងព្រមទទួលយកព្រះនាងជាព្រះគ្រូ ពេលនេះទ្រង់និមិត្តឱ្យបានជាម្ជុលស្នូកអណ្ដើកមកហើយ! ការសាក់អាគមមយូរាញីឈ្មោលត្រូវការគ្រឿងរណ្ដាប់ឧបកិច្ចច្រើនទៀត! តែយើងត្រូវធ្វើឱ្យហើយមុនយប់នេះ គឺមុនថ្ងៃរះឡើង!!»
ខ្ញុំបើកភ្នែកធំៗបន្ទាប់មកជ្រួញចិញ្ចើម។ មានន័យថាត្រូវធ្វើឥឡូវ? គ្រាន់តែឃើញមុខដ៏ស្រួចនៃវត្ថុនោះក៏ភ័យសឹងបះសក់ទៅហើយ ទម្រាំត្រូវនៅទីនេះ ហើយបណ្ដោយឱ្យម្ជុលដ៏ធំនោះចាក់សាក់រូបលើស្មា តើឈឺយ៉ាងណាហើយទ្រាំបានប៉ុណ្ណាទៅ?។ ខ្ញុំទាញដៃវិជ្ជតា ប៉ុន្តែនាងដូចជាលង់ទៅនឹងរបស់ទាំងនោះ ហើយអង្គុយញញឹមទៅរកកញ្ចប់ក្រហម។ ខ្ញុំនិយាយតិចៗដាស់តឿនវិជ្ជតាក្នុងបំណងវិលទៅវិញពេលនេះតែម្តង៖
«វិជ្ជតា! វិជ្ជតា? ឯងគិតសាក់មែនហ្នឹងហ្អី?»
នាងនៅធ្មឹងមិនឆ្លើយ ខ្ញុំចូលទៅខ្សឹបតិចៗបន្ថែម៖
«មិនដឹងបានផលឬក៏អត់ផង ប្រយ័ត្នតែហើមសាច់ ឈឺខ្លួនឡើងឆាកថ្ងៃសុក្រនេះអត់កើតណ៎ា? គេជេរយើងមិនខាន!»
វិជ្ជតានិយាយដោយមិនងាកមករកខ្ញុំ៖
«យើងមិនឱ្យអ្នកណាឈ្នះយើងបានទេ! យើងត្រូវការនៅលើគេទាំងអស់! យើងជាស្ដេចស្រីនៃភពផែនដីនេះ! នាងចំាមើលចុះ!»។
សំឡេងនាងប្រែទៅជាស្មើដូចមិនមែននាង។ ខ្ញុំធ្លាក់ថ្លើមក្ដុក និមិត្តតែឮសូរសំឡេងដ៏ប្លែកគួរឱ្យព្រឺព្រួចរបស់នាង។ ភ្លាមៗនោះខ្ញុំយល់ថា នាងដូចជាត្រូវអ្វីមួយចូលសណ្ឋិតបញ្ជាឱ្យនាងនិយាយពាក្យគ្មានបានការអស់នេះ។ ដូច្នោះខ្ញុំខំព្យាយាមលូកដៃទៅអង្រួននាង ប៉ុន្តែវិជ្ជតាត្រជាក់ដូចទឹកកកហើយរក្សាជំហរខ្លួនរេកំព្រឹស។ ខ្ញុំអង្រួននាង។
«វិជ្ជតា! វិជ្ជតា!»
នាងស្រាប់តែបែរមកខ្ញុំយឺតៗដែលធ្វើឱ្យខ្ញុំភ្លាត់ចំហសឹងផ្ងារក្រោយ បើកុំតែខ្ញុំច្រតដៃទប់ខ្លួនឯងទាន់។ ទឹកមុខវិជ្ជតាមិនមែនជានាង តែជាស្រីម្នាក់ផ្សេងដែលមានផ្ទៃមុខស្វាយល្អូក ហើយមានដៅស្នាមគ្រាប់ៗស្មើត្រឹមជាជួរតាមជើងសក់លើថ្ងាស។ ស្នាមនីមួយៗបង្កប់ដោយត្បូងពេញទាំងគ្រាប់ៗភ្លឺចិញ្ចាច។ ខ្ញុំស្រែកវ៉ាសដោយភ្លាត់សំឡេង៖
«ខ្មោច!….»
បន្ទាប់មកខ្ញុំទន់ខ្លួនសន្លប់ស្ដូកលែងដឹងអ្វី។ ខ្ញុំភ្ញាក់ដឹងខ្លួនវិញ នៅពេលពន្លឺថ្ងៃជះមកចំលើមុខខ្ញុំ ធ្វើឱ្យចាំងភ្នែក និងចេញចំហាយក្ដៅភាយ។ ខ្ញុំប្រមូលអារម្មណ៍បានមកវិញសន្សឹមៗទើបនឹកឃើញដល់រឿងរ៉ាវគួរឱ្យខ្លាចនៅខេត្តពោធិ៍សាត់ ហើយបើកភ្នែកព្រឹស។ ខ្ញុំសម្លឹងពិតានពណ៌សដែលខ្ញុំធ្លាប់ស្គាល់។ ទីនេះជាបន្ទប់ខ្ញុំទេតើ? អ្នកណាជាអ្នកនាំខ្ញុំមកវិញ? ខ្ញុំងាកទៅរកគ្រែរបស់វិជ្ជតា ហើយស្ទុះក្រោកវឹងទាំងវិលមុខគ្រឹប សឹងថាអាចបាក់ជំហរដួលត្មោលបាន បើខ្ញុំមិនប្រឹងធ្មេចភ្នែក ហើយតោងក្បាលគ្រែជាប់នោះទេ។
វិជ្ជតាមិនឃើញនៅផ្ទះទេ ខ្ញុំដើររកពេញ Apartment ហើយ។ នាងទៅណា? យប់មិញពេលខ្ញុំសន្លប់នៅពោធិ៍សាត់ នាងដឹកខ្ញុំមកផ្ទះវិញទាំងយប់? ម៉េចខ្ញុំមិនដឹងអីសោះ? នាងសាក់តាមតាមេមត់នោះហើយដឹង? ចុះខ្មោចដែលចូលនាងរហូតដល់ប្រែមុខមាត់នោះ តើជាអ្នកណា? ខ្ញុំដើរទ្រេតទ្រោតចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបលាងមុខ ព្រោះយឺតម៉ោងទៅហាត់សមបាត់ទៅហើយ។ ក្លិនផ្កាក្រអូបឆួលជះចេញមក ពេលខ្ញុំបើកទ្វារបន្ទប់ទឹក ធ្វើឱ្យខ្ញុំសឹងវិលមុខក្អួត។
«ចុះវិជ្ជតាវាទៅបានក្លិនទឹកអប់ពីណាមកមុតម្លឹងៗ?
ខ្ញុំសម្លឹងទៅកាន់ក្រឡបុរាណមួយចំនួននៅពីមុខកញ្ចក់ក្នុងបន្ទប់ទឹកនោះ។ ពិសេសមានកូនក្រឡតូចមួយមានរាងដូចជីឡាវ ប៉ុន្តែមិនដឹងធ្វើពីអ្វីទេ គ្រាន់តែដឹងថាធ្ងន់ដូចថ្មកែវមកពីខេត្តពោធិ៍សាត់ដែលមានក្រមួនក្រហមច្រាលដូចផ្លែម្ទេស។
«ក្រែម?»
ខ្ញុំសួរខ្លួនឯងទាំងជ្រួញចិញ្ចើម។ វិជ្ជតាដែលចូលចិត្តក្រែមស្រស់យ៉ាងនេះតាំងពីពេលណាមក? ខ្ញុំនៅធ្មឹងរិះគិត ហើយជ្រលក់ទឹកមកបាចដាក់មុខដើម្បីដាស់ខ្លួនឯងពីភាពងោកងុយនិងវិលវល់។ ស្នូរទូរសព្ទលាន់មកកាត់ផ្ដាច់សង្វាក់បេះដូងរបស់ខ្ញុំស្ទើរគាំងចលនា។ ខ្ញុំងាកទៅរកមើលទូរសព្ទ ហើយស្ទុះទៅលើកមកស្ដាប់៖
«អាឡូ! ស្រីតែន!»
គឺសូរសំឡេងបងនួនភា ប្រធានក្លឹបបង្ហាញម៉ូដ។ ខ្ញុំរួសរាន់តបនឹងគាត់៖
«បង! សូមទោស! ខ្ញុំគេងជ្រុលបង! ខ្ញុំទៅដល់ភ្លាម! សុំពេល១៥នាទីបង!»
សំឡេងគាត់ប្រែជាស្ងួត៖
«អ្ហែងមកពេទ្យមក! អាមុំវាមានរឿងហើយ!»
«ពេទ្យ?» ខ្ញុំសួរផ្ទួន ស្របពេលបេះដូងភ័យភឹប។
«ហ៊ឹម! អាមុំធ្លាក់ពីលើដំបូល! ពេទ្យថាជើងវាបាក់ហើយ! មិនដឹងតឆ្អឹងបានអត់ទេ បើបានក៏រាប់ឆ្នាំដែរ!»
គាត់ដាក់ទូរសព្ទចុះ។ ឯខ្ញុំទន់ប្រអប់ដៃសឹងរបូតទូរសព្ទ។ ជាអ្នកបង្ហាញម៉ូដម្នាក់ បើបាត់បង់ជើងមានអីខុសពីបាត់បង់ជីវិតទៅ?
«ផណ្ណមុំ? អ៊ីចឹងឯងមិនរបូតឱកាសពាក់ឈុតក្ងោកត្បូងនិលទៅហើយ?»
នឹកដល់ត្រង់នេះ ខ្ញុំបើកភ្នែកធំៗ។ ចិត្តមួយអន្ទះសា ចិត្តមួយត្រេកអរថា វិជ្ជតាប្រាកដជាត្រឡប់មកកាន់ដំណែងនេះសាជាថ្មី។ ដូច្នេះខ្ញុំបានចេញពីផ្ទះទៅរកពួកយើងនៅមន្ទីរពេទ្យ។ ស្ថានភាពផណ្ណមុំគឺពិបាកភ្នែកណាស់ មិនត្រឹមតែបាក់ជើងទេ ធ្មេញក៏បាក់ មុខមាត់របួសដេរច្រើនថ្នេរណាស់។ ស្ថានភាពវា ប្រាកដណាស់គឺបង្ហាញថាអាជីពសិល្បៈមិនមែនសម្រាប់វាទៀតឡើយ។
«បងនួនភា! រឿងវាយ៉ាងម៉េចខ្លះ? អាមុំឡើងទៅលើនោះធ្វើអ្វី?»
ខ្ញុំសួរទាំងរន្ធត់ ព្រោះកន្លងមកទីធ្លាដំបូលអគារហាត់សមរបស់ក្លឹបយើង មិនងាយមានពីណាឡើងទៅទេ ទាល់តែមានពិធីជប់លៀងអីម្តងៗ។ ចំណែកផណ្ណមុំរឹតតែមិនដែលឡើងទៅទៀត ព្រោះនាងប្រើឡេលាបស្បែកប្ដូរសម្បុរកំណើត និងមិនឱ្យត្រូវថ្ងៃផ្តាសទេ។
«វាទៅនិយាយទូរសព្ទ! កន្លែងណាមិននិយាយ ទៅនិយាយលើដំបូលសមអី! ពេទ្យថាជើងនេះមិនងាយទេ ទាល់តែដាក់ដែក! ហើយអបរាប់ខែឯណោះ!»
ខ្ញុំលែងចេញស្ដី ព្រោះអាណិតវាដែរដែលវាខំលះបង់ច្រើនសន្ធឹកដើម្បីតែបានពាក់អាវក្ងោកត្បូងនិល។ ដឹងអីទីបំផុតត្រូវដេកលើគ្រែរាប់ខែអ៊ីចឹងទៅវិញ។ វានៅសន្លប់នៅឡើយ ព្រោះការវះកាត់ច្រើនដងពេក។ ចំណែកពួកយើងបានវិលមកកាន់ក្លឹបវិញ ព្រោះបងនួនភាត្រូវប្រជុំគ្នាដើម្បីរើសរកអ្នកជំនួសផណ្ណមុំ។
«ឯងមានឃើញវិជ្ជតាអត់?»
ខ្ញុំងាកសួរមិត្តរួមក្លឹបនៅពេលដែលអង្គប្រជុំជិតចាប់ផ្ដើម។ អ្នកនៅជិតខ្ញុំមិនទាន់មានអ្នកណាឆ្លើយផង ស្រាប់តែឮបងនួនភាសួរមកខ្ញុំផូង៖
«តែន!? ឯណាវិជ្ជតា?»
ខ្ញុំកំពុងមិនដឹងដូចគ្នាដល់ឮប្រធានក្លឹបសួរបែបនេះ ខ្ញុំទៅជាស្លាក់និយាយមិនចេញមែន ព្រោះកន្លងមកយើងទាំងពីរមិនដែលដើរបែកគ្នាទេ។ ខ្ញុំខំព្យាយាមរកពាក្យនិយាយបន្លប់៖
«យប់មិញគ្នាផឹករាងយប់ជ្រៅបន្តិចបង!»
តាមពិតវាអត់នៅផ្ទះទេព្រឹកនេះ តែខ្ញុំព្យាយាមនិយាយកុហកបងនួនភា ព្រោះខ្ញុំក៏មិនដឹងថាវាបាត់ទៅណាដែរ។ ទូរសព្ទចុចរកក៏មិនចូល។ បងនួនភាសម្រួលទឹកមុខ។ តាមពិតគាត់ប្រហែលត្រូវខឹង ប៉ុន្តែលើកនេះគាត់មិនហ៊ានទេ ព្រោះអត់ពីផណ្ណមុំ គាត់មានតែវិជ្ជតាប៉ុណ្ណោះ។ គាត់និយាយមកកាន់ខ្ញុំ៖
«រកវាឱ្យឃើញ ហើយឱ្យវាមកហាត់ទាំងយប់ទាំងថ្ងៃ ព្រោះវាត្រូវដើរម៉ូដអាវក្ងោកត្បូងនិលជំនួសផណ្ណមុំ!»
ពេលអង្គប្រជុំរំសាយ ខ្ញុំ Call រកវិជ្ជតាទៀត តែនៅតែទាក់ទងមិនបាន។ ខ្ញុំដើរត្រឡប់មករកឡានដើម្បីបើកមកផ្ទះ ទេសកាលអីកាត់តាមបន្ទប់ទឹកក៏នឹកឃើញចង់ចូលទៅលាងដៃ។ មិនទាន់បើករ៉ូមីណេទឹកផង ស្រាប់តែឮសមាជិកក្លឹបពីរនាក់និយាយឆ្លើយឆ្លងគ្នាពីក្នុងបង្គន់តិចៗថា៖
«នែ៎! អញសង្ស័យតែផណ្ណមុំមានរឿងដោយសារតែវិជ្ជតាទេ!»
«ស្អីដែលធ្វើឱ្យអ្ហែងគិតអ៊ីចឹង?»
«អើ! បើមុនពេលមានរឿង អញឃើញផណ្ណមុំទទួលទូរសព្ទ ហើយធ្វើមុខឌឺ! វាដើរហួសអញឡើងទៅជាន់លើឡៅ! អញសួរវាថាទៅណា? វាមិនឆ្លើយ តែនិយាយថា ចាំមើលនាងនោះមានអីនិយាយជាមួយអញទៅ! អញចាំពាក្យវាប៉ុណ្ណឹង តែអញគិតថាពាក្យ (នាងនោះ) គឺវាសំដៅលើវិជ្ជតា!!»
ខ្ញុំនៅទច់ស្ងៀមដកដៃពីរ៉ូមីណេទឹកមកវិញ លែងគិតចង់បើកទឹកលាងដៃហើយ ព្រោះមិនចង់ឱ្យមាននរណាដឹងថាខ្ញុំឮវាចាដ៏យ៉ាប់របស់ពួកគេវាយប្រហារវិជ្ជតា។ សំឡេងពួកគេលាន់មកបន្ត ប្រហែលមកពីគេនឹកស្មានថាគ្មានអ្នកណានៅទីនេះទៀត៖
«អ្ហេ៎? ចុះអ្ហែងគិតថា អ្នកដែល Call ហៅផណ្ណមុំទៅលើឡៅនោះជា វិជ្ជតាមែន?»
«មិនដឹងទេ! តែពីរនាក់នេះមិនដែលត្រូវគ្នាផង! គឺត្រូវគ្នាតែនៅនឹងមុខ ក្រោយខ្នងមហាកុងគ្នា! កាលពីថ្ងៃច័ន្ទ បងនួនភាត្រូវថៅកែ Sponsor កៀបឱ្យដកវិជ្ជតាចេញពីឈុតក្ងោកត្បូងនិល ដាក់ផណ្ណមុំជំនួស អញទាយថាប្រាកដជាមានរឿងហើយ! ឥឡូវនេះមែន! ដេកម្នាក់ បាត់មែន!»
«អ្ហែងគិតថា វិជ្ជតាហៅផណ្ណមុំ ហើយច្រានវាឱ្យធ្លាក់ពីលើដំបូលមក?»
«មិនដឹងដែរ ព្រោះមិនបានឃើញផ្ទាល់ភ្នែក ប៉ុន្តែអារឿងច្រណែនខឹងនេះ វាសាហាវណាស់ណា!ស្អីក៏ហ៊ានធ្វើដែរបំណាច់នឹងគុំទុកហើយនោះវ៉ី!»
ខ្ញុំដកថយចេញមកវិញយឺតៗទាំងធ្ងន់កណ្ដុកក្នុងទ្រូង។ សំខាន់ខ្ញុំអត់ជឿពួកពីរនាក់នោះនិយាយចចេចចចូចទេ ប៉ុន្តែម៉េចក៏មិនបានឃើញវិជ្ជតាសោះ? មកដល់ផ្ទះ ខ្ញុំចូលចង្ក្រានរកធ្វើអីហូបបន្តិច ព្រោះតាំងពីល្ងាចមកគ្មានអ្វីដាក់ក្រពះទេ។ កំពុងឱនរករើបន្លែនិងមីកញ្ចប់ សម្រិបជើងស្រាលៗខាងក្រៅបន្ទប់បាយធ្វើឱ្យខ្ញុំភ្ញាក់អារម្មណ៍មកវិញដោយរបូតមាត់បន្ទាន់៖
«វិជ្ជតា!!»
គឺវិជ្ជតាមកវិញពីអង្កាល់? ខ្ញុំអត់ដឹងទេ តែវាកំពុងឈរបែរខ្នងនៅរានហាល។ ខ្ញុំដើរទៅរកវាពីក្រោយរ៉ូបខើចខ្លីពណ៌ក្រហមដែលវាទិញមកកាលពីទៅដើរម៉ូដនៅសិង្ហបុរី តែវាមិនដែលពាក់ទេ ព្រោះទុកចាំពេលណាមួយមានពិធីកាលីបបន្តិច ព្រោះរ៉ូបនោះរោលរាលពេក ប៉ះចំរាងខ្ទែតស្គមស្តើងខ្ពស់ដូចវាទៀតគឺអស្ចារ្យតែម្តង។
ខ្ញុំមិនទាន់សួរវាផងថាហេតុអ្វីពាក់ខោអាវឡូយយ៉ាងនេះ ស្រាប់តែផ្កាចំប៉ានៅលើសរសៃសក់ខ្មៅរបស់វាដែលទម្លាក់ចុះមកវែងអន្លាយធ្វើឱ្យខ្ញុំភ្លាត់មាត់៖
«ឯងមកពីណា? ហើយទៅលាបដូរពណ៌សក់ទៅជាខ្មៅតាំងពីអង្កាល់?»
វិជ្ជតាបែរក្រោយជាមួយស្នាមញញឹមលើបបូរមាត់ក្រហមដូចម្ទេសទុំ។ កែវស្រាក្រហមលើដៃវាម្ដេចក៏មានសណ្ឋានដូចជាឈាមពណ៌ក្រហមក្រមៅ? ពន្លឺភ្នែកវាមុតថ្លា ហើយមាត់និយាយស្រាលៗយឺតៗមកកាន់ខ្ញុំ៖
«ទីបំផុតគឺយើងជាអ្នកគ្រងឈុតក្ងោកត្បូងនិល!»
ខ្ញុំនៅតែងឿងឆ្ងល់នឹងសំឡេងរបស់វិជ្ជតាដែលកន្លងមកជាមនុស្សនិយាយញាប់ប៉ប៉ាច់ប៉ប៉ោច ម៉េចក៏ពេលនេះបែរជានិយាយស្តីបង្អូសៗ និងស្រាលៗប្លែក? ខ្ញុំសួរវាវិញតិចៗ៖
«ឯងដឹងរឿងនាងផណ្ណមុំហើយ?»
វាមិននិយាយ តែក្រពាត់ដៃញញឹមចត់។ ខ្ញុំដកដង្ហើមធំ ព្រោះនឹកឃើញដល់សម្ដីគេនិយាយដើមវាក្នុងបន្ទប់ទឹក តាមពិតខ្ញុំចង់សួរវាដែរ តែខ្លាចប៉ះពាល់ទឹកចិត្តវារឿងដែលថា តើវាបានហៅផណ្ណមុំឡើងដំបូលក្លឹបអត់នោះ។ ម្យ៉ាងផណ្ណមុំធ្លាក់មកជារឿងគ្រោះថ្នាក់ចៃដន្យ គ្មានរឿងអីវិជ្ជតាមិត្តខ្ញុំទៅធ្វើរឿងអស់នេះទេ បើវាមិនទាន់ទៅក្លឹបម្ដងផងតាំងពីព្រឹកមក។ ដូច្នេះខ្ញុំបំភ្លេចពាក្យអេចអូចនោះ ហើយចាប់ផ្ដើមនិយាយរឿងបានការវិញ៖
«នែ៎! បើដឹងរឿងអស់ហើយ ម៉េចមិនទៅប្រជុំ? ទុកឱ្យបងនួនភារកឯងឡើងល្វីងមុខហើយ!»
វិជ្ជតានិយាយមកវិញធ្វើវាហី៖
«ឱ្យគាត់ស្គាល់ប្រឹងម្តង! នៅមិននៅមកដកយើងចេញកណ្ដាលទី ឥឡូវទ័លខ្យល់ចង់មកពឹងយើងវិញ មិនចេះមករកយើងដល់ផ្ទះទេ? បើមកមិនបានយើងក៏មិនទៅ!»
ម៉េចក៏វិជ្ជតាថ្ងៃនេះគ្រោតគ្រាតដល់ម្ល៉ឹង? ខ្ញុំនឹកម្នាក់ឯងក្នុងចិត្ត។ ឬមួយថ្ងៃនោះផណ្ណមុំឆក់បានដំណែងវា ពិតជាបងនួនភាធ្វើឱ្យវិជ្ជតាឈឺចាប់ ហើយគុំគួនគាត់មិនងាយភ្លេចមែន? ខ្ញុំដកដង្ហើមធំនឹកឃើញដល់នាងផណ្ណមុំដែលដេកស្តឹកក្នុងពេទ្យ៖
«ផណ្ណមុំក៏អ៊ីចឹងដែរ ប្រឹងនោះប្រឹង ជែងគេជែងឯងទទឹងទិស ទីបំផុតមកស៊យកប់ដី! ជិតដល់ថ្ងៃបានឡើងឆាកធំហើយ បែរជាដេកសន្លប់ក្នុង ICU?»
វិជ្ជតាញាក់មាត់សើច។ គឺជាសំណើចដ៏មានពិស ហើយកាចសាហាវ៖
«វាហ្នឹងហ្អី? ដែលចង់មកប្រជែងភ័ព្វបារមីជាមួយយើង?»
ខ្ញុំធុញនឹងចរិតបញ្ចេញភាពច្រណែនជែងរបស់គ្នាជាចំហនៅពេលនេះ។ ខ្ញុំចងចិញ្ចើមស្ដីឱ្យវាផូង៖
«ទោះបីយ៉ាងណា យើងមិនត្រូវសប្បាយលើគំនរទុក្ខអ្នកដទៃទេ! មកផឹកស្រាអួទីនួសប្បាយអបអរឱ្យខ្លួនឯងទាំងថ្ងៃទៅកើត?»
ខ្ញុំនិយាយរួចក៏បែរខ្នងដើរចោលវា មិនខ្ចីទាំងសម្លឹងមុខវា ព្រោះទោះយ៉ាងណា ប្រសិនបើវាគ្មានចិត្តអាណិតមិត្តរួមអាជីពសូម្បីតែបន្តិចក៏មិនត្រូវបង្ហាញអារម្មណ៍ត្រេកអរអីដល់ថ្នាក់នេះដែរ។ ខ្ញុំដើរបានពីរជំហាន ស្នូរកែវធ្លាក់ខ្ចាយបានធ្វើឱ្យខ្ញុំបើកភ្នែកធំៗបែរក្រោយសម្លឹងវិជ្ជតាទាំងស្លុតចិត្ត ព្រោះវាហ៊ានហួសពីការគិតរបស់ខ្ញុំ គឺបោកកម្ទេចចោលកែវក្នុង Apartment ដែលយើងជួលនៅជាមួយគ្នា។
ខ្ញុំបើកភ្នែកធំៗសម្លឹងកម្លាំងខ្ចាយនៃគ្រាប់អំបែងតូចធំដែលរត់រមេញលើកម្រាលឥដ្ឋ ហើយងើបមុខមកមើលមិត្តដ៏ល្អរបស់ខ្ញុំដែលហែលឆ្លងមកពីស្រែជាមួយគ្នា ទម្រាំក្លាយជាតារាជួរមុខដូចសព្វថ្ងៃ។ ក្រៅពីនិយាយស្ដីច្រើនឥតប្រយោជន៍ វិជ្ជតាគឺខ្លាចគេណាស់ វាមិនដែលហ៊ានក្អកទេ ពេលផណ្ណមុំនិយាយឌឺធ្វើបាបចិត្តវាម្តងៗ ដោយសារវាស្អាតលើសគេឯងក្នុងចំណោមសមាជិកក្លឹប គេឧស្សាហ៍នាំគ្នារួមគំនិតគ្នាច្រណែនធ្វើបាបវាណាស់ មានតែខ្ញុំដែលតែងតែចេញមុខការពារវារហូតដល់មានគេថាពីរនាក់យើងជាស្រីស្រលាញ់ស្រីផង។ ម្ដងនេះវាបោកកែវចោលក៏ព្រោះទាស់ចិត្តសម្ដីខ្ញុំប៉ុន្មានម៉ាត់? ខ្ញុំមិនទាន់និយាយចេញមួយម៉ាត់ផងវាជះសម្ដីកំបុតកំបុយមុតដូចដែកមកកាន់ខ្ញុំ៖
«ឯងយកវា ឬយកខ្ញុំ ច័ន្ទតែន?»
ឈ្មោះច័ន្ទតែន និងវិជ្ជតាជាមិត្តនឹងគ្នា ល្អនឹងគ្នា ត្រង់នឹងគ្នា គ្មានអ្នកណាម្នាក់មិនដឹងនោះទេក្នុងពិភពសិល្បៈនេះ។ លើកនេះសំណួរវាធ្វើឱ្យខ្ញុំច្រងាប់ច្រងិលក្នុងចិត្ត ព្រោះវាមិនដូចវិជ្ជតារបស់ខ្ញុំពីមុនទៀតសោះ។ ក្រោមក្រសែភ្នែកឆ្មើងឆ្មៃក្តៅគគុករបស់វា ខ្ញុំសម្លឹងមិនខ្ចីឆ្លើយតប តែខំសម្លឹងវាពីលើដល់ក្រោមរិះគិតគ្រប់សព្វបែបយ៉ាង មុនពេលស្ទុះចូលទៅកៀកវា ផាត់សក់វាចេញសម្លឹងមើលស្មាទាំងទ្វេរបស់វា។ ខ្ញុំបើកភ្នែកធំៗ ព្រោះស្មាស្ដាំរបស់វិជ្ជតាអណ្ដែតនូវរូបមយូរាពណ៌ខ្មៅច្បាស់នឹងភ្នែក។ ខ្ញុំទម្លាក់ដៃពីសក់ខ្មៅក្រឹបរបស់វា ហើយថយក្រោយក្រាកៗ។
«មានន័យថាយប់មិញនេះ វាព្រមឱ្យមេមត់នោះសាក់អាគមលើស្មាវាមែន?»
ខ្ញុំនៅស្ងៀមដូចគេចុក ល្មមពេលវិជ្ជតាបែរមកប្រឈមចំពោះមុខខ្ញុំ។ ស្នូរកណ្ដឹងទ្វារបានរារាំងបរិយាកាសអាប់អួរនេះ។ វិជ្ជតាងាកទៅសម្លក់ទ្វារ ឯខ្ញុំដើរទៅបើកទ្វារ។
«កើបអំបែងឡើងឱ្យអស់ បើមិនចង់ខ្មាសគេ!»
ខ្ញុំថាឱ្យវាមុនពេលដើរហួសពីវាទៅ។ ខ្ញុំដើរយឺតៗមានចេតនាចង់ពន្យារពេលដើម្បីឱ្យវាបានរៀបចំអ្វីៗឱ្យរៀបរយ។ ពេលបើកទ្វារឃើញមេក្លឹបមកដល់ជាមួយកូនចៅពីរនាក់ទៀត ខ្ញុំហៅឈ្មោះគាត់របៀបភ្ញាក់៖
«បងនួនភា?»
តាមពិតគឺខ្ញុំចង់ឱ្យវិជ្ជតាឮដើម្បីកែទឹកមុខ និងចរិតឆ្កួតៗរបស់វាចេញឱ្យបានកាន់តែឆាប់កាន់តែល្អ មុនពេលអ្នកក្រៅគេបានឃើញ។ ខ្ញុំអញ្ជើញភ្ញៀវចូលទាំងលួចដៀងភ្នែកមើលទៅរានហាល។ នាងវិជ្ជតាបាត់ទៅណាបាត់ហើយ។ ខ្ញុំរេភ្នែកទៅរកកម្រាលព្រំ អំបែងមួយគ្រាប់ក៏អត់ឃើញដែរ។ ធូរទ្រូងណាស់។
«ទីបំផុតហេតុតែទ័លច្រក បងនួនភាសុខចិត្តមកតាមរកវិជ្ជតាដល់ផ្ទះ? ពីមុនគាត់ដាច់ចិត្តបោះបង់វាចោលឱ្យរងអាម៉ាស់ ដោយសារខ្លាចបុណ្យថៅកែក្រុមហ៊ុននោះ! គិតទៅមនុស្សយើងប្រែប្រួលលឿនមែន រកតែគិតមិនទាន់! ពិសេសពួកអ្នកដែលបានប្រយោជន៍ពីសិល្បករដូចជាពួកយើង ឱ្យតែយើងមានប្រយោជន៍ឱ្យគេ មុខក្រាស់យ៉ាងណាក៏គេធ្វើបានដែរ!»
គិតហើយ ខ្ញុំនិយាយគួរសមទៅរកគាត់៖
«អញ្ជើញអង្គុយអ្នកបង! ខ្ញុំទៅហៅវាចេញមក!»
ខ្ញុំហៀបនឹងដើរទៅ តែគាត់និយាយកាត់ស្មើធេង៖
«ខ្ញុំមករកឯងហ្នឹងហើយច័ន្ទតែន!»
ខ្ញុំងាកសម្លឹងគាត់និងអាពីរនាក់ដែលមកអមគាត់។ ហេតុអ្វីបានជាពួកគេមករកខ្ញុំ? ក្រែងមុននេះគាត់ចង់ឱ្យវិជ្ជតាដើរម៉ូដឯកក្ងោកត្បូងនិលហី្អ? ខ្ញុំអង្គុយចុះសន្សឹមៗទៅលើសាឡុង ក្នុងចិត្តក្តៅឆេវ នឹកថានាងវិជ្ជតានេះចំជាខ្វះការគួរសមមែនសូម្បីតែប្រធានមករកដល់ផ្ទះហើយក៏មិនចេញមកទទួលគាត់ទៀត?។
«រកខ្ញុំ? រកខ្ញុំមានការ…អី…?!»
«ឯងត្រូវដូរឱ្យទៅដើរម៉ូដឯក! គឺស្លៀកឈុតក្ងោកត្បូងនិល!»
ខ្ញុំភ្ញាក់ព្រើតបើកភ្នែកធំៗ។ មិនទាន់ហើបមាត់សួរគាត់ពីការផ្លាស់ប្ដូរចិត្តលឿនដូចផ្លេកបន្ទោររបស់គាត់នេះផង ស្រាប់តែឃើញភ្ញៀវទាំងពីរសម្លឹងមកក្រោយខ្នងខ្ញុំ។ ខ្ញុំដឹងថាប្រាកដជាវិជ្ជតា វាបង្ហាញខ្លួន។ ខ្ញុំបែរក្រោយទៅរកវាភ្លាមដែរ។ លើដៃវិជ្ជតាមានថាសទឹកជាមួយកែវភេសជ្ជបី ប៉ុន្តែទឹកមុខពោរពេញដោយកំហឹង។ វាខឹងត្រូវហើយ ព្រោះពីដំបូងដកវាចេញដាក់នាងផណ្ណមុំ ពេលនេះផណ្ណមុំចូលពេទ្យ គាត់ទើបតែប្រកាសថ្មីៗថាដាក់វាវិញ ស្រាប់តែពេលនេះមកប្ដូរដាក់ខ្ញុំវិញទៀត។
ខ្ញុំគាំងអណ្ដាតរកនិយាយអីមិនចេញតែម្ដង។ ចំណែកវិជ្ជតា វាដើរមកយឺតៗ ហើយដាក់បង្គុយប៉ុកក្បែរខ្ញុំ ដោយទម្លាក់ថាសទឹកគ្រឹបទៅលើតុមិនខ្ចីអញ្ជើញភ្ញៀវ។ ទឹកមុខវាបានបង្ហាញឱ្យពួកគេដឹងស្រេចហើយថាវាកំពុងខឹងណាស់ ចំណែកខ្ញុំដែលត្រូវគេយកមករង ក៏មិនស្រួលចិត្តដែរ។ ខ្ញុំនិយាយបន្ធូរបរិយាកាស៖
«អ្នកបងនួនភា! ព្រឹកមិញក្នុងអង្គប្រជុំ អ្នកបងថាដាក់វិជ្ជតាជំនួសផណ្ណមុំមែនអត់?»
ប្រធានខ្ញុំបង្ហាញភាពមិនសប្បាយចិត្តតាមពន្លឺភ្នែក គាត់និយាយដោយមិនមើលមុខវិជ្ជតាដែលភ្នែកក្រហមដោយកំហឹង៖
«ខ្ញុំអត់ចូលចិត្តឱ្យមនុស្សច្រណែនគ្នាចងអាឃាតគ្នាបានមកដើរម៉ូដឯកតំណាងក្លឹបខ្ញុំទេ! មនុស្សដែលធ្វើបាបគ្នាឯងដោយមធ្យោបាយថោកទាបទៅគ្រងឈុតក្ងោកត្បូងនិលនាំតែអាប់ឈ្មោះដល់ក្រុម និងកម្មវិធីទាំងមូលទៀត!»
ខ្ញុំស្ទើរលោះព្រលឹង និម្មិតតែឮសម្តីរបស់អសុរោះរបស់បងនួនភា។ ជាទូទៅគាត់មិនដែលនិយាយជូរចត់អីយ៉ាងនេះទេ។ ចំណែកវិជ្ជតាកំពុងប្រែចរិតស្រាប់ ខ្ញុំខ្លាចតែវាមានប្រតិកម្មវិញទេ។ ខ្ញុំសម្លឹងមើលវាឃើញវាធ្វើមុខក្រហមមិននិយាយអ្វីទាំងអស់។ ខ្ញុំគិតថា វាមិនចេញស្ដីល្អជាង ព្រោះសម្តីវាទើបតែធ្វើឱ្យខ្ញុំបះសក់ដែរកាលពីមុននេះ។ ខ្ញុំនិយាយតិចៗ៖
«អ្នកបងចង់មានប្រសាសន៍ថាម៉េចហ្នឹង ខ្ញុំអត់យល់អីទេ!»
ពួកគេមិនទាន់ឆ្លើយមកវិញយ៉ាងណាផង វិជ្ជតានិយាយរបៀបសង្កៀតធ្មេញ៖
«អត់យល់អីទៀត? គឺពួកគេកំពុងជេរយើង!»
ខ្ញុំជ្រួញចិញ្ចើមងាកមកសម្លឹងមុខវាដែលវាមិនសមថាមិនចេះអត់ធ្មត់ដល់ថ្នាក់នេះសោះ។ គាប់ជួនបងនួនភាជះមកវិញប្រាវ៖
«សុំទោសវិជ្ជតា! ខ្ញុំមិនបានជេរនាងទេ តែខ្ញុំនិយាយពីមនុស្សដែលធ្វើឱ្យផណ្ណមុំធ្លាក់ពីលើឡៅព្រឹកមិញ! នាងបានធ្វើអីខ្លះ នាងគួរតែដឹងខ្លួនហើយ! មុនផណ្ណមុំឡើងទៅនោះ គឺនាងបានទូរសព្ទទៅហៅផណ្ណមុំឱ្យឡើងទៅជួបនៅខាងលើ ខាងក្រុមហ៊ុនទូរសព្ទគេមានកំណត់ហេតុទុកទៀត បើនាងចង់ប្រកែក! ចាប់ពីនេះ ខ្ញុំនឹងរាយការណ៍ទៅប៉ូលិសឱ្យគេមកជួបនាងដើម្បីរកខុសត្រូវឆាប់ៗនេះហើយ!»
គាត់ក្រោកចាកចេញ តែមុនពេលឈានចេញ គាត់ងាកមកផ្លែផ្កាបន្ថែម ព្រោះមិនទាន់បាត់ក្រោធ៖
«បើនាងគិតថាធ្វើបាបផណ្ណមុំហើយ នាងបានគ្រងក្ងោកត្បូងនិល នាងគិតខុសហើយវិជ្ជតា! ល្បិចគម្រក់អ៊ីចឹង មិនអាចជួយឱ្យនាងបានសម្រេចទេ! បើខ្ញុំបិទភ្នែកសមបំណងនាង មានតែខ្ញុំសុខចិត្តមិនគប្បីជាមួយអាមុំដែលកំពុងតែដេកសន្លប់ធំនោះ?! គ្នាបាក់ជើងហើយ ទោះថ្ងៃក្រោយជាក៏គ្នាដើរម៉ូដលែងកើតទៀតដែរ! បើថាច័ន្ទតែននៅតែដើរម៉ូដឯកនេះមិនបាន ខ្ញុំសុខចិត្តទៅជួលតួពីក្លឹបផ្សេង! ចំណែកឯងត្រៀមជាប់គុកទៅ! តោះយើង!!»
បងនួនភានាំកូនចៅគាត់ដើរតម្រង់ទ្វារ ក្នុងពេលទឹកមុខវិជ្ជតាកាន់តែក្រហមស្មើនឹងអាវ ព្រមទាំងក្រែមលាបមាត់របស់នាង។ ខ្ញុំភិតភ័យខំរត់ត្រុកៗតាមបងនួនភា ហើយនិយាយអង្វរគាត់៖
«អ្នកបង! អ្នកបង! ស្ដាប់សិនអ្នកបង!»
ប្រហែលជាគាត់នៅយោគយល់ខ្ញុំ បានជាគាត់នៅឈប់ទ្រឹងមុខទ្វារបន្ទប់។ ខ្ញុំបានឱកាសនិយាយភ្លាម៖
«អ្នកបង! ប្រហែលរឿងច្រឡំទេ! វិជ្ជតាអត់បានធ្វើអ៊ីចឹងទេ អ្នកបង! ស្ដាប់វាបកស្រាយសិនទៅ!»
ខ្ញុំងាកមករកវិជ្ជតាដែលក្រោកឈរមកយឺតៗពីក្រោយខ្នងខ្ញុំ ខ្ញុំនិយាយតឿនវាទាំងភ័យពេញក្នុងចិត្ត៖
«ជម្រាបអ្នកបងភ្លាមទៅ ថាឯងអត់ពាក់ព័ន្ធទេ! វិជ្ជតា និយាយភ្លាមទៅ!»
វិជ្ជតាមិនសង្រួមចិត្តដោះស្រាយរឿងធំចំពោះមុខដែលមិនត្រឹមប្រឈមនឹងការបាត់បង់ការងារ វាអាចជាប់គុក ហើយត្រូវអ្នកផងស្អប់ខ្ពើមទៀត។ វាបែរជាសើចសង្កៀតធ្មេញ៖
«មានអីត្រូវបកស្រាយ! នាងផណ្ណមុំ វាប្រឆាំងនឹងយើង! ធ្លាក់ពីលើដំបូលមិនស្លាប់ រាប់ថាជាគុណបុណ្យហើយ! ចង្រៃប្រហែលវា ចង់ធ្វើអ្នកបង្ហាញម៉ូដជែងជាមួយយើងផង?»
ខ្ញុំឮហើយវិលមុខចងដួលដេកដីភ្លាមៗ។ មិនទាន់បានបង្អាក់វិជ្ជតាផង ស្រាប់តែឃើញវាលើកដៃស្ដាំចង្អុលទៅប្រធានក្លឹប ហើយជះភ្លើងពណ៌ក្រហមតាមភ្នែកទាំងសង។ ខ្ញុំរន្ធត់ស្រែកវ៉ាស ក្នុងពេលដែលរាងកាយបងនួនភាអណ្ដែតទៅទល់នឹងជញ្ជាំងបន្ទប់តាមកម្លាំងចង្អុលរបស់វិជ្ជតា។ គាត់ខ្វើកៗម្នាក់ឯងក្នុងលំហធ្វើឱ្យពួកកូនចៅចំហមាត់ធ្លុង ព្រោះភាំងស្មារតីដោយការភ័យភិត។
«យើងមិនត្រឹមតែធ្វើឱ្យផណ្ណមុំបាក់ជើងទេ សូម្បីតែនាងក៏ដោយនួនភា ដែលនាងមិនគោរពយើង នាងនឹងទទួលលទ្ធផលដូចគ្នា គឺចាកចេញពីសិល្បៈទៅនៅលើរទេះរហូតដល់ថ្ងៃស្លាប់ទៅ!!!»
វិជ្ជតាថាហើយលើកដៃបម្រុងនឹងគ្រវែងបងនួនភាចុះដីតាមប្រលោះរានហាល តែខ្ញុំប្រមូលស្មារតីស្រែកឃាត់ភ្លាត់សូរសំឡេង៖
«ឈប់!»
នាងវិជ្ជតាងាកមកសម្លឹងខ្ញុំ រួចទើបវាខាំធ្មេញទម្លាក់ដៃចុះ ធ្វើឱ្យបងនួនភាធ្លាក់ដីខ្ពាកសន្លប់បាត់មាត់បាត់ក។ ហើយវាយារដៃទះខ្យល់ពីចម្ងាយពីរផាច់ធ្វើឱ្យកូនចៅទាំងពីររបស់ប្រធានក្លឹបវិលខ្ញាល់ដួលសន្លប់ដែរ។ នាងងាកមករកខ្ញុំ ហើយឈានសំដៅខ្ញុំ។ វិជ្ជតាចូលមកកាន់តែកៀក ខ្ញុំចេះតែថយគេចចេញរហូតមកទ័លត្រឹមបង្កាន់ដៃរានហាលខាងក្រៅផ្ទះ។
«នាងផណ្ណមុំជាមារធ្វើបាបយើង! វាធ្វើបាបយើងរហូតមក ឯងមានឃើញដែរ? ឥឡូវនេះដល់វេនយើងសងវាម្ដងហើយ វាត្រឹមត្រូវហើយ គ្មានអីខុសទេ!! ហេតុអ្វីគ្រប់គ្នាអាណិតវា ហើយមិនគិតពីយើង?»
ខ្ញុំនៅញ័រទទ្រើកនិយាយអីអស់ចេញ បានត្រឹមសម្លឹងទឹកមុខកាចសាហាវរបស់វា។ វាស្រែកសន្ធាប់មកកាន់ខ្ញុំជាមួយពាក្យប៉ុន្មានម៉ាត់ចុងក្រោយ៖
«ពួកអស់នេះប្រឆាំងនឹងយើង ឯងអាណិតវាធ្វើអីអ្ហះ?»
ហេតុការណ៍នេះធ្វើឱ្យខ្ញុំវិលស្មារតីលែងគ្រប់គ្រងខ្លួនឯងបាន។ ខ្ញុំរបូតមាត់ញ័រៗ ហើយខ្សាវៗ៖
«ឯងជាអ្នកណា? ឯង….ឯង…មិនមែនវិជ្ជតាទេ! ចេញទៅ….»
វិជ្ជតាងើបមុខសើចក្អាកក្អាយ។ ខ្ញុំរំលៀកខ្លួនរករត់ទៅមាត់ទ្វារ ប៉ុន្តែនាងស្ទុះមកពាំងខ្ញុំជាប់៖
«កុំខ្វល់ថាយើងជាអ្នកណា! ឱ្យតែឯងនៅខាងយើង ឯងធ្វើតាមយើង ឯងនឹងបានអ្វីគ្រប់យ៉ាងនាងច័ន្ទតែន!»
ខ្ញុំក្ដាប់មាត់។ ខ្ញុំខឹងផង ភ័យផង។ មេមត់នោះប្រាកដជាមានទាក់ទងចំពោះការប្រែប្រួលរបស់វិជ្ជតាច្បាស់ណាស់។ ពិសេសស្នាមមយូរាលើស្មាវា។ ខ្ញុំមិនទាន់ហើបមាត់បានមួយម៉ាត់ណាទេ។ សូរសំឡេងវាលាន់មកបន្ថែមយ៉ាងគ្រោតគ្រាត៖
«បើពុំនោះទេ ឯងនឹងមានវាសនាដូចនាងផណ្ណមុំដែរ!!»
ខ្ញុំញ័រដៃទទ្រើកច្រានវាចេញមួយទំហឹងទាំងមាត់ស្រែក៖
«ឯងខ្មោចចូលហើយ!!!»
ខ្ញុំស្ទុះវឹងចេញពីបន្ទប់នោះរត់តាមជណ្ដើរថ្មើរជើងតម្រង់មកជាន់ខាងក្រោម ដោយគ្មានទិសតំបន់មកបុកវាក់អើនឹងបុរសម្នាក់ ធ្វើឱ្យគេឱបខ្ញុំជាប់ពេញរង្វង់ដៃ កុំឱ្យធ្លាក់រមៀលចុះក្រោមទាំងអស់គ្នា។ ខ្ញុំអស់ពីស្រែកយ៉ៃដោយរន្ធត់ ក៏នៅសំងំស្ងៀមក្នុងដៃបុរសនោះរហូតដល់គេនោះឃើញថាខ្ញុំទប់ស្មារតីវិញបានគ្រាន់បើហើយ ទើបគេលែងខ្ញុំយឺតៗ ហើយនិយាយតិចៗថា៖
«ឈប់ភ័យទៅ!»
ខ្ញុំងើបមុខឡើងទើបដឹងថាគាត់នោះគឺទ្រង់ទិព្វមន្តា អ្នកច្នៃម៉ូដនិងជាម្ចាស់កម្មវិធីរាត្រីក្ងោកត្បូងនិលដែលពួកយើងនឹងសម្ពោធនៅថ្ងៃសុក្រនោះ។ ខ្ញុំលើកដៃសំពះធ្វើគារវកិច្ចឆ្គងៗ ព្រោះមិនចេះនិយាយពាក្យស្ដេច ហើយនិងពិធីការអ្វីច្រើន។ ពេលនោះទៀតសោតក៏និយាយមិនចេញ បានត្រឹមតែប៉ុន្មានម៉ាត់ថា៖
«គឺ….ទ្រង់…..ទ្រង់….?»
រាជវង្សានុវង្សដ៏ល្បីព្រះកិត្តិនាមក្នុងចំណោមអ្នកច្នៃម៉ូដ ព្រះអង្គថែមទាំងមានព្រះកាយពលខ្ពស់សង្ហាមាំមួន និងទឹកព្រះទ័យរាបសា ទ្រង់បន្ទូលកាត់ភាពទាក់ទើរក្នុងការប្រើភាសាស្ដេចរបស់ខ្ញុំដែលនៅក្រោមកម្រិតមធ្យម៖
«ចូរហៅខ្ញុំថា Lerian ក៏បាន ព្រោះប្រើភាសាអង់គ្លេសកាន់តែស្រួលជាងនេះ មិនលំបាកស្មុគស្មាញ!»
ទ្រង់ទិព្វមន្តាដែលអ្នកស្គាល់ជិតដិតនិយមហៅទ្រង់ថាឡេរ៉ាន Lerian នោះបានអញ្ជើញខ្ញុំចូលទៅកាន់ Apartment ទ្រង់ ហើយទទួលកាហ្វេ ព្រមទាំងសួរនាំហេតុភេទដែលនាំឱ្យខ្ញុំរត់ចុះមកតាមជណ្ដើរជើង។ ដោយសារមិនសូវចេះលាក់លៀម ណាមួយទ្រង់ជាបុគ្គលខ្ពង់ខ្ពស់បង្ហាញសមានចិត្តរាប់អានយើងស្មោះផង ខ្ញុំក៏ប្រាប់ទាំងអស់ដោយឥតមានលាក់លៀមអ្វីទេ។ ទ្រង់ Lerian បានទូរសព្ទមកហៅសន្តិសុខនៅជាន់ខាងក្រោមឡើងមក។ ពួកយើងនាំគ្នាឡើងត្រឡប់ទៅកាន់បន្ទប់ Apartment របស់ខ្ញុំ ហើយបើកសោចូល។ យើងឃើញបងនួនភានិងកូនចៅគាត់ពីរនាក់ដេកសន្លប់ស្ដូកស្ដឹងនៅលើឥដ្ឋ ចំណែកឯវិជ្ជតាបាត់ស្រមោលឈឹងសូន្យ។ មុនពេលពួកគេដឹងខ្លួនពីសន្លប់ ប៉ូលិសមិនជឿពាក្យដែលខ្ញុំនិយាយទេ ដោយពួកគេគិតថាខ្ញុំនេះហើយជាអ្នកធ្វើឱ្យពួកគេបីនាក់នោះសន្លប់។ កុំតែបានបងនួនភាដឹងខ្លួនឡើងនៅថ្ងៃបន្ទាប់ ម្ល៉េះសមខ្ញុំត្រូវចាប់នៅប៉ុស្តិ៍ដល់៤៨ម៉ោងដើម្បីសួរនាំទៀតទៅហើយ។
ពេលចេញពីប៉ុស្តិ៍មកវិញគឺម៉ោង៨យប់ទៅហើយ។ ខ្ញុំមិនហ៊ានទៅ Apartment នោះវិញទេ គឺមានបំណងចង់សុំផ្ទះបងនួនភាស្នាក់ ប៉ុន្តែទ្រង់ទិព្វមន្តានៅរង់ចាំនៅខាងក្រៅជាស្រេច។ បើមិនមែនស្ថិតក្នុងហេតុការណ៍អាក្រក់ម្ល៉ឹងទេ ខ្ញុំច្បាស់ជាច្រឡំថាទ្រង់គឺតាមស្រលាញ់ខ្ញុំ ប៉ុន្តែធាតុពិតគឺផ្សេង។
«តែន! ខ្ញុំមានវិធីដើម្បីជួយដល់មិត្តរបស់នាងហើយ!»
ខ្ញុំបើកភ្នែកធំៗដោយរីករាយវិញបន្តិចភ្លាម ព្រោះថាទោះបីពេលនេះមិនដឹងវិជ្ជតាទៅដល់ទីណា ប៉ុន្តែខ្ញុំនៅតែបារម្ភពីវា។
«ត្រូវធ្វើយ៉ាងណាទៅ?»
«ខ្ញុំនាំនាងទៅរកមនុស្សម្នាក់!»
«ឥឡូវនេះ?»
ត្រូវហើយ គឺទ្រង់បាននាំខ្ញុំទៅទាំងយប់ដើម្បីជួបមនុស្សពិសេសម្នាក់។ ទ្រង់ Lerian មានស្គាល់ដូនជីម្នាក់ដែលកាលពីនៅក្មេងធ្លាប់ជាក្រុមល្ខោនហ្លួង។ លោកយាយឈ្មោះក្លឹង មានព្រះជន្មជាង៨០ហើយ ប៉ុន្តែភ្នែកនៅសម្គាល់បានច្បាស់ និយាយបានស្មើមិនហត់មិនញ័រ។ លោកយាយស្នាក់នៅក្នុងគេហដ្ឋានរបស់ចៅប្រុសដែលបច្ចុប្បន្នជាមន្ត្រីព្រះបរមរាជវាំង និងមានគេហដ្ឋាននៅចំពីក្រោយព្រះបរមរាជវាំងតែម្ដង។ គ្រាន់តែប្រទាននាមទ្រង់ Lerian លោកយាយអនុញ្ញាតឱ្យពួកយើងចូលជួបនៅទីសំណាក់របស់លោកយាយដែលនៅឆ្ងាយដាច់គេនៅឯសួនខាងក្រោយគេហដ្ឋាននោះ។
ពេលសមគួររួចកាលណា ទ្រង់ Lerian បានអធិប្បាយដោយសង្ខេបនូវហេតុភេទដែលខ្ញុំនិងវិជ្ជតាបានជួប រាប់ចាប់តាំងពីកាលដែលចេញទៅរកមេមត់នៅខេត្តពោធិ៍សាត់ រហូតដល់អ្នកបងនួនភាត្រូវវិជ្ជតាចង្អុលរហូតដល់អណ្ដែតឡើងលើលំហ ហើយធ្លាក់ចុះទង្គិចនឹងឥដ្ឋដល់សន្លប់។ លោកយាយក្លឹងយល់ការណ៍អស់កាលណា សួរមកខ្ញុំវិញបន្ទាន់៖
«តើនាងនៅចាំពាក្យពេចន៍ទាំងឡាយដែលមេមត់នោះបាននិយាយ មុនពេលមិត្តនាងប្រែប្រួលចរិតទេ?»
ខ្ញុំរកនឹកបន្តិចក៏ឆ្លើយប្រាប់តាមដំណើរថា៖
«គាត់ថានឹងរកស្នូកអណ្ដើកសំលៀងជាម្ជុល..ហើយឱ្យសំពះ..ព្រះនាង…ឌី…ឌីត្តាព្រះនាងគ្រូ!!»
ដូនចាស់បើកភ្នែកធំៗ គាត់សួរខ្ញុំវិញភ្លាមថា៖
«រួចចុះយ៉ាងម៉េចទៀត!? វិជ្ជតាព្រមសំពះទេ?»
ខ្ញុំងក់ក្បាលទាំងភ័យបន្តិចអីបន្តិច៖
«ចាស! គឺវាថាអ្នកណាក៏ដោយឱ្យតែអាចជួយសម្រេចបំណងវាបាន វានឹងសំពះបាតជើងទុកជាគ្រូ!»
លោកយាយដកដង្ហើមធំបែបតឹងទ្រូង។ ហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនាយប់ម្សិលបានវិលត្រឡប់មកវិញ ហាក់បីដូចជានៅថ្មីៗធ្វើឱ្យខ្ញុំរបូតមាត់និយាយបន្តដោយឥតចាំគេសួរ៖
«គ្រាន់តែវានិយាយចប់ភ្លាម! វាដូចជាក្លាយជាមនុស្សផ្សេងទៅហើយ! ពេលវាងាកមក មុខវាទៅជាអ្នកណាគេមិនដឹង ភ្នែកធំៗ ថ្ពាល់សស្លេក លើជើងសក់ក្បែរថ្ងាសដាំពេជ្រជាជួរគួរឱ្យខ្លាច!!»
ខ្ញុំទើបតែនិយាយដល់ត្រង់ណេះ លោកយាយភ្លាត់មាត់៖
«អ្នកម្នាងភីរៈឌីត្តា?»
ខ្ញុំត្រេកអរ៖
«ត្រូវហើយ! គឺឈ្មោះ…អុះអត់ទេ គឺព្រះនាមនេះហើយ!»
លោកយាយក្រោករញីរញ័ររើក្នុងទូឈើខ្មៅក្រឹប បើកយកសៀវភៅចាស់ពណ៌ខ្លឹមច័ន្ទមួយក្បាលចេញមក ហើយផ្ទាត់បើកសន្លឹកនីមួយៗដោយយកចិត្តទុកដាក់ ក្រោមក្រសែភ្នែកអន្ទះសារបស់ខ្ញុំនិងទ្រង់ទិព្វមន្តា។
«មើលមើល៍ចៅ? រូបនេះមែនទេ?»
ខ្ញុំឱនទៅសម្លឹងពិនិត្យរូបគំនូរដោយដៃក្នុងសៀវភៅនោះភ្លែត។ ទោះបីជាសន្លឹកសៀវភៅហាក់ចាស់បន្តិច ប៉ុន្តែគ្រាប់ពេជ្រចាំងជាជួរលើថ្ងាសក្បែរជើងសក់ និងចង្កេះកាច់បត់ដូចអប្សរា ព្រមទាំងកែវភ្នែកទាំងគូរធំៗមានរង្វង់ខ្មៅក្រាស់ដូចត្បូងនិលច្នៃនោះធ្វើឱ្យខ្ញុំទទួលថា នារីក្នុងសន្លឹកគំនូរនោះជានារីដែលខ្ញុំឃើញនៅខេត្តពោធិ៍សាត់។ ខ្ញុំងក់ក្បាលដោយមិនដឹងខ្លួន។
«នេះជាគំនូររបស់អ្នកម្នាងភីរៈឌីត្តា ជាអ្នករាំហ្លួងដ៏ល្បីជាងមួយពាន់ឆ្នាំមកហើយ! ក្រុមរបាំហ្លួងក្រោយៗ អ្នកណាក៏រម្លឹកពីកិត្តិនាមអ្នកម្នាងថា ស្អាតបណ្ដាច់ និងរាំបានល្អឥតទាស់!»
«ចុះអាគមសាក់មយូរាមានទាក់ទងអីទេ?» ព្រះសូរសៀងទ្រង់ទិព្វមន្តាដែលទប់នឹងសួរទៅកាន់ដូនចាស់។ ដូនចាស់និយាយដោយដង្ហើមធំ៖
«ធ្លាប់ឮពាក្យមាត់ចាបមាត់ព្រាបថា អ្នកម្នាងនេះមានចិត្តសាហាវហួស! ហេតុតែចង់ផ្គាប់ព្រះទ័យព្រះរាជាសម័យនោះសុខចិត្តទទួលព្រាយមយូរាទុកជាបាអាចារ្យ ហាត់រៀនមន្តអាគមខ្មៅងងឹត បានធ្វើឱ្យផ្ទៃវាំងទាំងមូលរងចលាចល សម្លាប់ព្រះមហេសី និងពពួកស្រីស្នំដទៃឱ្យខ្ចាត់ខ្ចាយ! អ្នកម្នាងបានឡើងគ្រងរាជជាគូនឹងក្សត្រាដែលងប់ងល់តែនឹងសម្រស់អាគមខ្មៅនោះ! ព្រះអង្គទុកឱ្យរាស្ត្ររងលំបាកលំបិន! ចំណេរក្រោយមក ឮថាមានអ្នកសច្ចំម្នាក់បានបង្ក្រាបអំពើបាបរបស់អ្នកម្នាងនោះបាន ហើយខាបយកព្រលឹងរបស់នាងទៅដាក់ក្នុងផ្ទាំងសិលាមួយដោយមានការបិទអក្សរបាលីជាគ្រឿងសង្កត់! សិលានោះបានរសាត់អណ្ដែតដោយសារក្រោយមកឮថាមានសេដ្ឋីបុរាណវត្ថុថៃម្នាក់ទិញយកទៅទុក ហើយក៏បាត់ដំណឹងសូន្យមក! បើអ្នកម្នាងពិតជាចូលទន្ទ្រានរងកាយវិជ្ជតា មុខតែមានអ្នកណាម្នាក់បានធ្វើឱ្យរបូតអក្សរបាលីលើសិលានោះមិនខាន!»
«ធ្វើម៉េចទៅ?»
ខ្ញុំភ្លាត់មាត់ទាំងភិតភ័យ។
«លោកយាយពិតជាដឹងវិធីដោះស្រាយមែនទេ? តើលោកយាយស្គាល់ព្រះចៅអធិការណាពូកែដែរទេ!»
លោកយាយគ្រវីក្បាលហើយឆ្លើយ៖
«ប្រសិនបើនាងជាប់ឃុំក្នុងថ្មដល់ទៅពាន់ឆ្នាំ ព្រលឹងចងអាឃាតមារយាទសាមាន្យនៅមានមិនសាបសូន្យ ទម្រាំពេលនេះរបូតចេញមកបានគឺប្រាកដជាមានមហិទ្ធិឫទ្ធិខ្លាំងណាស់ មិនងាយរកអ្នកបង្ក្រាបបានទេ!»
លោកយាយនិយាយធ្វើឱ្យខ្ញុំកាន់តែបុកពោះនិងអស់សង្ឃឹម ប៉ុន្តែទ្រង់ទិព្វមន្តានៅតែប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយមថាអ្វីៗមុខតែមានដំណោះស្រាយ។
ទ្រង់លាលោកយាយចេញដោយអរគុណគាត់ដែលបានរកឃើញព័ត៌មានខ្លះ។ នៅតាមផ្លូវបើកឡានចេញពីទីនោះ ទ្រង់បបួលខ្ញុំទៅកាន់ខេត្តពោធិ៍សាត់ដើម្បីស៊ើបសួររកមើលប្រវត្តិមេមត់នោះម្ដង។ សូហ្វ័រឡានទ្រង់ទិព្វមន្តាបានជូនយើងទៅដល់ខេត្តពោធិ៍សាត់នៅម៉ោង១អធ្រាត្រ។ នៅសណ្ឋាគារខ្ញុំបានសាកសួរអ្នកបម្រើរកប្រវត្តិមេមត់នោះ ទីបំផុតស្ត្រីអ្នកបោសសម្អាតម្នាក់បានបង្ហាញយើងពីពន្លឺខ្លះ។
ម៉ោងបួនទៀបភ្លឺ សូហ្វ័របន្តចេញឡានទៅកាន់ស្រុកវាលវែង ដោយមានស្រីនោះជាអ្នកនាំផ្លូវ។ ទៅដល់សិប្បកម្មចម្លាក់ថ្មកែវធំមួយនៅម៉ោង៨ព្រឹក ស្ត្រីអ្នកបោសសម្អាតបាននាំយើងឱ្យជួបជាមួយអ៊ំប្រុសម្នាក់ងងឹតភ្នែកទាំងសង។ គាត់គឺជាឪពុករបស់ម្ចាស់សិប្បកម្មដ៏ធំនោះ។ ខ្ញុំនៅស្ងៀមរង់ចាំឱ្យស្ត្រីនោះជួយនាំសាច់រឿងនិយាយពន្យល់អ៊ំប្រុសនោះរហូតដល់គាត់យល់ការណ៍ទើបឃើញទ្រង់ទិព្វមន្តាមានបន្ទូលសុំឱ្យអ៊ំប្រុសនោះជួយបញ្ជាក់ការពិតពាក់ព័ន្ធនឹងមេមត់ម្នាក់ដែលនាំវិជ្ជតាឱ្យគោរពអ្នកម្នាងភិរៈឌីត្តា។
អ៊ំប្រុសពិការភ្នែកស្ដាប់ចប់កាលណា លុះដឹងថារាជវង្សានុវង្សដែលនៅមុខខ្លួននេះសុខចិត្តមករកដល់ទីឋាន ដើម្បីតែជួយដោះទុក្ខក្មេងស្រីស្លូតត្រង់ម្នាក់ លោកក៏សុខចិត្តក្រេបទឹកតែក្ដៅបន្តិច ហើយនិយាយរំលឹកឡើងវិញនូវអតីតកាលដែលគាត់ខំបំភ្លេចជាយូរមកហើយថា៖
«កាលពី៤០ឆ្នាំមុន ខ្ញុំនៅកំលោះ ហើយជាកូនជាងជាមួយតានោះដែរនៅក្នុងរោងសិប្បកម្មរបស់ថៅកែថៃម្នាក់ឈ្មោះថា ឈ្លើម! ភ្នែកខ្ញុំភ្លឺមិនទាន់ងងឹត ស្នាដៃក៏ស្មើល្អរហូតដល់ពីរនាក់ខ្ញុំក្លាយជាជាងជំនិតថៃនោះ។ ពួកខ្ញុំសុទ្ធតែនៅកំលោះ ម្ង៉ៃៗស្រមៃថានឹងអាចការប្រពន្ធម្នាក់មានសិប្បកម្មខ្លួនឯង ទោះតូចតាចក៏ដោយ ដើម្បីរកស៊ីធ្វើចម្លាក់ដូរចិញ្ចឹមប្រពន្ធ តកូនតចៅពឹងលើមុខរបរនេះ។ ពីរ នាក់ខ្ញុំធ្វើការបានច្រើនឆ្នាំក៏កាន់តែស្ទាត់ជំនាញខាងមើលថ្មកែវទាំងឡាយ ទាំងទឹកល្អ ទឹកមធ្យម នឹងទឹករយ! ថៅកែទុកចិត្តណាស់ ថ្ងៃមួយគាត់បានទិញផ្ទាំងសិលាធំមួយពីអ្នកដំណើរម្នាក់ ហើយយកមកទុកក្នុងរោងជាង! ឃើញរបស់នោះភ្លាម ពីរនាក់ខ្ញុំដឹងហើយថាវាជាវត្ថុមានតម្លៃ ជាថ្មកែវមានអាយុកាលចំណាស់ពាន់ឆ្នាំ មានជាតិថ្លានៅខ្លឹមខាងក្នុងដូចកែវមរកត គ្រាន់តែមិនយល់ថាហេតុអ្វីមិនមានពណ៌លឿងឬបៃតង សដូចថ្មកែវដទៃ តែបែរជាមានពណ៌ក្រហមដូចឈាមជាំ! យប់នោះ ពេលពួកជាងដទៃដេកលក់ស្ងាត់អស់ ខ្ញុំនិងអាពួកម៉ាកនោះបានបបួលគ្មានងើបមើលផ្ទាំងថ្មនោះផ្ចិតផ្ចង់ម្ដងទៀត ព្រោះថាមិនអស់ចិត្តសោះ! ពួកម៉ាកខ្ញុំបបួលខ្ញុំថាគួរដាប់យកបន្តិចមកទុកធ្វើបន្តោង ព្រោះខ្លឹមថ្មនោះធ្ងន់ណែននិងមាំដូចពេជ្រថាមិនបានជំនាន់តក្រោយក្លាយជាវត្ថុបុរាណមានតម្លៃអាចឱ្យកូនចៅបានបន្តោងនោះរស់នៅសុខស្រួលតជំនាន់! ឮហើយហេតុតែលង់នឹងអំណាចវត្ថុបុរាណ ខ្ញុំក៏ព្រមព្រៀងគ្មានដាប់ម្នាក់មួយដុំមកធ្វើរូបព្រះពាក់ ប៉ុន្តែសំខាន់នៅលើនោះបែរជាមានចារអក្សរជាច្រើនរកតែមើលក៏មិនយល់ ប៉ុន្តែអក្សរនីមួយៗស្មើស្អាត ហើយឆ្លាក់បានល្មួតហួសពីជាងសម័យនេះអាចធ្វើបាន។ ចុងក្រោយពួកខ្ញុំមិនដាច់ចិត្តដាប់ចោលឱ្យខូចអក្សរនោះក៏គិតថាឈប់ឆ្លាក់ធ្វើបន្តោង ហើយតែនឹងដាប់អក្សរមួយតួពីរតួទុកជាប់ប្រាណជាសេរីវិញ! គិតហើយ ក៏ផ្ចិតផ្ចង់រកប្លង់ដាប់អក្សរដែលយើងស្រលាញ់រៀងខ្លួន ដោយគេនោះមិនទាន់ដាប់ទេ នៅរើសមិនទាន់អស់ចិត្ត ចំណែកខ្ញុំដាប់តួអក្សរជួរកណ្ដាលគេនៅចំហៀងខាងស្ដាំ ព្រោះជាគំនូសស្អាតវិចិត្រ!»
ខ្ញុំនៅស្ដាប់ចំហមាត់ធ្លុង ឯទ្រង់ទិព្វមន្តាឈ្ងោកកត់សម្ដីអ៊ំនោះញាប់ដៃមិនឱ្យចន្លោះមួយម៉ាត់ឡើយ។ អ៊ំងងឹតភ្នែកបានរៀបរាប់បន្តថា៖
«នៅពេលទើបតែដាប់តួអក្សរទីមួយចេញផុតពីផ្ទាំងថ្ម ស្រាប់តែលេច រូបនារីស្លៀកសារបាប់ ប្រដាប់ដោយគ្រឿងទ្រង់ដូចស្ដេចស្រី ភ្នែកទាំងគូរធំៗខ្មៅក្រឹបផុសធ្លោមកនៅចំពោះមុខចាំងកំលោះទាំងពីរ។ ស្រ្តីមកពីសម័យបុរាណនោះតាមពិតគឺអ្នកម្នាងមន្តអាគមខ្មៅដែលត្រូវបានបង្ក្រាបបង្ខាំងក្នុងសិលានោះអស់កាលពាន់ឆ្នាំដោយអក្សរបាលី លុះត្រសែតអណ្ដែតដល់ដៃសាមញ្ញជន ក៏ត្រូវបានគេគាស់យកចេញនូវពាក្យបាលីមួយតួធ្វើឱ្យអ្នកម្នាងបានរួចផុតពីចំណងសិល្ប៍ដោយអច្ឆរិយៈ។ ព្រលឹងដ៏មានរឹទ្ធានុភាពបានសួរទៅជាងដែលញ័រទទ្រើកដោយក្ដីភ័យភិតទាំងទ្វេចំពោះភ័ក្ត្រនាងថាតើគេចង់បានអ្វីជាគុណតបស្នងការរំដោះព្រលឹងនេះ? ជាងទីមួយឆ្លើយថា ខ្ញុំចង់បានបារមីអាចធ្វើអ្វីបានតាមចិត្ត។ ដូច្នេះនាងសួរទៀតថា ចុះតើឯងព្រមសំពះបាទាយើងធ្វើជាបរិវារដែរ? ជាងនោះហេតុតែលោភៈក៏ងក់ក្បាលយល់ព្រម។ ចាប់ពីពេលនោះជាងនោះបានក្លាយជាមេមត់ល្បីឈ្មោះនៅតំបន់ជួរភ្នំក្រវាញ ហើយចាកចោលមុខរបរជាជាងដាប់ចម្លាក់ពីពេលនោះទៅ។ ខ្ញុំទើបតែដឹងថា ជាងនោះគឺតាមេមត់ដែលនាំវិជ្ជតាឱ្យគោរពព្រលឹងអ្នកម្នាងភីរៈឌីត្តានោះហើយ។ ចំណែកលោកតាងងឹតភ្នែក ហេតុតែឪពុកគាត់ធ្លាប់ផ្ដាំផ្ដាច់ថា កុំឱ្យកូនៗគោរពពួកព្រលឹងវិញ្ញាណជាគ្រូបាអាចារ្យ ក៏បានបដិសេធនឹងអ្នកម្នាងនោះថា សុំតែសុខសប្បាយមិនចង់បានអ្វីទាំងអស់ ហើយមិនព្រមសំពះទទួលស្ត្រីពាន់ឆ្នាំនោះជាគ្រូអាចារ្យដាច់ខាត។ ព្រាយស្រីដែលកប់ក្នុងថ្មពាន់ឆ្នាំកើតក្រោធខឹងក៏និយាយនឹងគាត់ថា «អាជាងស្មោកគ្រោកជាន់ទាបឯងនេះ! កុំតែយើងបានស្បថថានឹងដឹងគុណអ្នកដែលអាចរំដោះ យើងពីអំពើបាលីនេះបាន ម្ល៉េះសមយើងមិនទុកជីវិតឯងដាច់ខាត! ពេលនេះយើងដោះលែងឯង តែអំណើះតទៅ យើងត្រូវឱ្យឯងងងឹតភ្នែកមិនអាចមើលឃើញពិភពលោកនេះឡើយ!»
អ៊ំនោះនិយាយចប់កាលណា ខ្ញុំយល់សាច់រឿងអស់ហើយអាណោចអាធ៌មអាណិតគាត់។ ទ្រង់ទិព្វមន្តាបានសួរគាត់ថា តើពេលនេះមានអ្វីអាចជួយរំដោះវិជ្ជតាពីអរូបនោះបាន? លោកអ៊ំជាងចម្លាក់ឆ្លើយតបវិញមួយៗថា៖
«ខ្មោចឪពុកខ្ញុំធ្លាប់ប្រាប់ថា ព្រលឹងអសុរកាយមានរិទ្ធិខ្លាំង អ៊ីចឹងបើរបូតពីបាលីហើយកម្រអាចបង្ក្រាបវិញបានណាស់ ពិសេសបើមានអ្នកណាម្នាក់ព្រមទទួលគេជាគ្រូ គេអាចប្រើរូបអ្នកនោះអុកឡុកមនុស្សម្នាទាំងថ្ងៃទាំងយប់បាន! តែកាលពីជាង១០ឆ្នាំមុន ពេលអាពួកម៉ាកចាស់ម្នាក់ដែលទៅធ្វើបរិវារឱ្យព្រលឹងនោះវាមកលេងស្រុក ខ្ញុំបានជួបវាម្ដង វាធ្លាប់និយាយប្រាប់ថា ព្រលឹងនោះជៀសវាងនៅជិតរបស់សំខាន់ៗដែលមានរិទ្ធិបារមី ដូចជាប្រទាលឈ្នះមារ កុយពុក សុកឆ្មា និងឈាមសត្វសុនក!!!»
ទ្រង់ទិព្វមន្តាឱង្ការបន្ទាប់៖
«យើងគប្បីប្រើវត្ថុទាំងនោះមកសាកលើខ្លួនវិជ្ជតាមើល ដើម្បីបណ្ដេញព្រលឹងអ្នកម្នាងភិរៈឌីត្តានោះ!»
«ក្រែងតែមិនងាយស្រួលឱ្យយើងប៉ះនាងបាន!» ខ្ញុំតទាំងពិបាកចិត្ត។
និយាយមិនទាន់ផុតពីមាត់ផង ភ្លាមនោះខ្ញុំនឹកឃើញដល់រឿងមួយផ្សេងដូចមានគេបង្ហាញផ្លូវ។ ខ្ញុំងាកទៅរកទ្រង់វិញជាបន្ទាន់ ហើយកែពាក្យនិយាយសាជាថ្មី៖
«ក៏មិនមែនថាអត់មធ្យោបាយដែរ!»
«ធ្វើយ៉ាងណាទៅ តែន?»
ខ្ញុំសម្លឹងទ្រង់ ព្រោះមិនជឿថា ទ្រង់អាចធ្វើបានទាន់ពេលទេ តែខ្ញុំត្រូវឆ្លើយ៖
«ប្រើឈុតក្ងោកត្បូងនិល!»
គំនិតខ្ញុំពេលឱ្យយោបល់នោះគឺថា ចង់ប្រើក្ងោកត្បូងនិលដែលវិជ្ជតាចង់ពាក់បំផុតបង្កប់វត្ថុមានបារមីទាំងនោះដើម្បីរំលាយវិញ្ញាណអ្នកម្នាងពាន់ឆ្នាំ។ ប៉ុន្តែសំខាន់ខ្ញុំយល់ថាក្ងោកត្បូងនិលដែលចំណាយពេលរាប់ខែក្នុងការរចនា ធ្វើម៉េចនឹងអាចច្នៃថ្មីមួយទៀតបានដើម្បីបង្កប់វត្ថុទាំងនោះ? ទ្រង់ទិព្វមន្តាមិនទាន់បានបន្ទូលយ៉ាងណាវិញផង ស្ត្រីអ្នកបោសសំអាតដែលស្ងាត់មាត់យូរហើយនោះបានបញ្ចេញយោបល់ម្តង៖
«យើងគួរទៅជួបលោកយាយនាងសិន ក្រែងលោកយាយអាចមានវិធីល្អជាងនេះ! មិនគួរធ្វើអ្វីព្រាវៗទេនាងតូច!»
«អ្នកណាជាលោកយាយនាង?» នេះជាបន្ទូលសួររបស់ទ្រង់ទិព្វមន្តា។
តាមពិតលោកយាយនាងជាស្ត្រីអ្នកបួសរៀនតាំងពីវ័យក្មេង ហើយត្រូវបានមនុស្សជាច្រើននៅខេត្តនេះកោតគោរព ទាស់ត្រង់លោកយាយមិនព្រមបញ្ចេញមហិទ្ធិឫទ្ធិជួយសត្វលោកគ្រប់តែរឿងនោះទេ។ លោកយាយមានទស្សនៈថា ប្រើមន្តវិជ្ជាការជួយបំពេញបំណងសត្វលោកដូចជាជួយសត្វលោកឱ្យមានមហិច្ឆតាកាន់តែច្រើន ហើយប្រឆាំងនឹងព្រហ្មលិខិតដូច្នោះដែរ។ អ៊ីចឹងហើយមិនសូវមានគេទៅរកលោកយាយឡើយ ព្រោះលោកយាយមិនទទួលជួយ លើកលែងតែករណីគ្រោះថ្នាក់ ឬជំងឺបៀតបៀន។ លោកយាយនាងស្ថិតនៅស្រុកបាកាន។ ដូច្នេះពួកយើងទាំងអស់ រួមទាំងអ៊ំងងឹតភ្នែកផងបានស្រូតទៅរកលោកយាយភ្លាម។ គ្រាន់តែចូលដល់បង្គំសំពះរួចភ្លាម លោកយាយបានបញ្ជាទៅកាន់ស្រីៗអ្នកបួសពីរឬបីនាក់ដែលឈរត្រៀបត្រាថា៖
«នាំគ្នាលើកកៅអីថ្វាយរាជវង្សានុវង្ស!»
គឺលោកយាយសំដៅដល់ទ្រង់ទិព្វមន្តា។ ពិបាកឱ្យជឿណាស់ដែលថា មនុស្សចាស់ម្នាក់អាចមើលធ្លុះព្រះរាជបុគ្គលភាពនៃរាជវង្សក្នុងចំណោមក្រុមភ្ញៀវដោយមិនចន្លោះ។ ស្ត្រីចំណាស់នៅចំពោះមុខពួកយើងប្រាកដជាមានរិទ្ធិបារមីសមដូចពាក្យចាស់ចំណាំលើកឡើងថា នៅកម្ពុជាមិនខ្វះទេអ្នកខ្លាំងពូកែ គ្រាន់តែលោកអ្នកទាំងនោះមិនព្រមចេញមុខ ដោយសារស្អប់ខ្ពើមសង្គមដែលសម្បូរមនុស្សទ្រុស្តនិងទុរយស។ មិនចង់ឱ្យខាតពេល លោកអ៊ំងងឹតភ្នែកប្រុងថានិយាយរឿងហេតុជម្រាបលោកយាយនាងទៅហើយ តែត្រូវលោកយាយរាដៃកាត់ ហើយខ្ជាក់ស្លាចោល មុនពេលស្រដីមួយៗសម្លឹងមកទ្រង់ទិព្វមន្តា៖
«ប្រើស្នាដៃទ្រង់ជាការប្រពៃហើយ ព្រោះទ្រង់មានបារមីឈ្នះស្រីបុរាណនោះច្បាស់ណាស់! ចូររើសពេលា១៥កើត ខែពេញបារមីពឹងលើធាតុទឹកដីភ្លើងខ្យល់ និងភាពបរិសុទ្ធនៃអំពើល្អដើម្បីយកឈ្នះមហិទ្ធិឫទ្ធិអាគមខ្មៅ១០០០ឆ្នាំនោះ!!»
ថាចប់គាត់ហុចកូនថង់ពណ៌សមួយទៅទ្រង់។ ថង់នោះតូចប៉ុនបាតដៃ តែប៉ោងពេញ ក្នុងនោះទំនងជាគ្រាប់ធញ្ញជាតិ។
«លោកយាយនាងប្រាកជាអ្នកបួសរៀនសិល្ប៍សាស្ត្រដល់កំពូល ដឹងអ្វីៗមុនមែន! គាត់ត្រៀមបានល្អណាស់!!»
ខ្ញុំនិយាយនៅក្នុងឡាន ពេលពួកយើងលាគាត់ចេញមកវិញ។ តាមពិតក្នុងស្បោងក្រណាត់ទេសឯកនោះ គឺអង្ករដំណើរខ្មៅដែលគេបុកល្អិតយង់ជាស្រេច។ លោកយាយនាងប្រាកដជាភាវនាដឹងហេតុការណ៍ពិតទើបបានត្រៀមថង់នេះទទួលពួកយើង។ តែសម្ដីរបស់គាត់មានខ្លះខ្ញុំស្ដាប់មិនយល់ទេ។ ខ្ញុំខ្សឹបទូលសួរទ្រង់ទិព្វមន្តា ពេលដែលធ្វើដំណើរមកភ្នំពេញ៖
«តើសម្ដីទាំងអស់របស់លោកយាយមានន័យថាម៉េច?»
ទ្រង់ទិព្វមន្តាញញឹមបង្ហាញភាពស្រស់សង្ហាធ្វើឱ្យខ្ញុំចាប់អារម្មណ៍អៀនអន់ម្ដង។ ព្រះបន្ទូលទ្រង់លើកមកយ៉ាងក្បោះក្បាយ៖
«ប្រើស្នាដៃខ្ញុំគឺសំដៅលើក្ងោកត្បូងនិល! ឯពេលា១៥កើតគឺយប់ស្អែកនេះហើយ ចំណែកភាពបរិសុទ្ធនៃអំពើល្អដើម្បីយកឈ្នះមហិទ្ធិឫទ្ធិអាគមខ្មៅ១០០០ឆ្នាំនោះគឺសំដៅលើនាងផ្ទាល់ច័ន្ទតែន!!»
ខ្ញុំនៅតែមិនយល់ទេ ប៉ុន្តែទ្រង់បានពន្យល់ថា អំពើល្អដែលលោកយាយចង់សំដៅគឺប្រស្នាថាតើខ្ញុំហ៊ានជួយមិត្តគឺវិជ្ជតាដែរឬយ៉ាងណា? ទីបំផុតគឺគ្មានអ្នកណាក្រៅពីខ្ញុំទេដែលត្រូវកាន់ក្ងោកត្បូងនិលថ្មីមួយជារបស់ក្លែងក្លាយបង្កប់ដោយវត្ថុស័ក្ដិសិទ្ធិសព្វយ៉ាងឡើងទៅ Apartment វិញដើម្បីស្វែងរកវិជ្ជតាដែលមានស្រីព្រាយពាន់ឆ្នាំនៅសណ្ឋិត។
ពេលនោះគឺយប់ថ្ងៃព្រហស្បតិ៍ មុនពិធីបង្ហាញម៉ូដក្ងោកត្បូងនិលមួយថ្ងៃ តែនេះជាយប់ខែពេញបូរមី១៥កើតដូចពាក្យលោកយាយនាងថា។ ដៃទាំងពីររបស់ខ្ញុំទ្រប្រអប់ដែលដាក់អាវសូត្រពណ៌ខ្មៅស្រិលដាំលំអដោយត្បូងនិលជាអន្លើចាំងភ្នែក ប៉ុន្តែបានបង្កប់នូវវត្ថុទិព្វនានាដែលអាចបង្ក្រាបអ្នកម្នាងភីរៈឌីត្តាបាន។ ពេលទ្វាររបើកខ្វាកទាំងគ្មានអ្នកបើក ខ្ញុំចាប់បុកពោះភឹប តែខ្ញុំខំតាំងស្មារតីធ្វើដូចមិនដឹងរឿង ហើយដើរទៅអង្គុយប៉ុកលើសាឡុង ដោយទម្លាក់ចោលឈុតក្លែងក្លាយទៅម្ខាង ហើយធ្វើជាបិទភ្នែកហត់នឿយ។
គ្មានអ្វីកើតឡើងទាំងអស់នៅជុំវិញខ្លួនខ្ញុំ។ គ្រប់យ៉ាងស្ងាត់ច្រៀប មានតែសរសៃខ្យល់ត្រជាក់តិចតួចប៉ើងមកពីរានហាលគឺគ្មានបើកម៉ាស៊ីនត្រជាក់ទេ។ ធ្វើឱ្យខ្ញុំនៅតែសំងំបន្ត។ តាមពិតកាន់តែបិទ ភ្នែកខ្ញុំកាន់តែទន់ ព្រោះថាខានគេងពីរយប់ហើយ។ ទីបំផុតខ្ញុំក៏លក់ភ្លឹងស្លុងទៅក្នុងភាពល្វើយ។
ភ្លាមនោះខ្ញុំសុបិនឃើញវិជ្ជតាកំពុងឈរយំ ហើយស្មាខាងស្តាំរបស់វាហូរឈាមសស្រាក់ត្រង់កន្លែងមយូរាសាក់។ សំឡេងស្រែកយំរបស់វាគួរឱ្យអាណោចអាធ័មណាស់ វានិយាយផងយំផងថា៖
«នាងតែន! ជួយផង! ជួយផង នាងតែនអើយ!»
ខ្ញុំភ័យភ្ញាក់ព្រើតពីដំណេក ហើយស្ទុះក្រោកឈរពីសាឡុង មុនពេលដឹងថាតាមពិតគឺខ្លួនឯងកំពុងយល់សប្ដិសោះ។ ឯឈុតក្ងោកត្បូងនិលក៏បានបាត់ពីកន្លែងដែលខ្ញុំទម្លាក់ចោលទៅហើយ។ ខ្ញុំរេភ្នែករិះគិតត្បិតត្រីកំពុងស៊ីសន្ទូចធ្វើឱ្យខ្ញុំអរតិចជាងភ័យ។ ប៉ុន្តែសំឡេងស្រែកស្រាប់តែលាន់ចេញពីបន្ទប់វិជ្ជតា ធ្វើឱ្យខ្ញុំរត់វឹងទៅទីនោះ។ នៅទីនោះវិជ្ជតាគ្រងឈុតក្ងោកខ្មៅវែងហៀរ៥ម៉ែត្រពីខ្លួន។ នាងខ្ពស់លលៃ ហើយស្អាតយ៉ាងនេះ ឈុតនេះបាននិម្មិតនាងឱ្យទៅជាម្ចាស់ក្សត្រិយ៍នៃបុរាណសម័យប្រាកដណាស់។ ប៉ុន្តែទាស់ត្រង់ថា ក្នុងឈុតមានបង្កប់ជាតិម្សៅដែលកិ្លនផ្សំពីប្រទាលនិងកុយពុក សុកឆ្មាគ្រប់កន្លែង។ វិជ្ជតាមិនអាចទ្រាំនឹងការឈឺចាប់បានវាដេកដួលទៅលើដី ហើយរមួលខ្លួនស្រែករោទ៍ជាសំឡេងអ្នកផ្សេង៖
«អូយ! អូយ! អូយ!»
ព្រលឹងព្រាយរាំហ្លួងមួយពាន់ឆ្នាំបានប្រមូលទៅជាដុំពពកខ្មៅហ៊ុយជាផ្សែងចាកចេញចោលរាងកាយមិត្តខ្ញុំទៅរលាយបាត់ក្នុងបរិយាកាស ដូចពាក្យលោកតាភ្នែកងងឹតដែលសម្លាញ់គាត់ធ្លាប់ប្រាប់ថា របស់ទាំងនោះមិនត្រឹមអាចបង្ក្រាបម្នាងអាគមខ្មៅទេ តែថែមទាំងអាចរំលាយព្រលឹងនោះចោលតែម្តង។ ខ្ញុំបើកភ្នែកធំៗសម្លឹងទៅកាន់រាងកាយវិជ្ជតាដែលហ៊ុយទ្រលោមដូចត្រូវភ្លើងឆេះ ហើយបន្ទាប់មកស្ងប់ស្ងាត់វិញ ឯវាក៏សន្លប់បាត់ស្មារតី។ ស្នាមសាក់មយូរាលើស្មាស្ដាំវារលប់ទៅណាបាត់ តែនៅសេសសល់ស្នាមឈាមកកក្រហមក្រមៅមួយផ្ទាំងធំ។ ខ្ញុំរត់ទៅឱ្យសញ្ញាទ្រង់ទិព្វមន្តាដែលសំងំជាមួយលោកតាភ្នែកងងឹតនៅឯ Apartment ជាប់នោះឱ្យផ្លោះតាមរានហាលមកជួយអន្តរាគមន៍។ ទ្រង់បានលើកថង់ក្រណាត់ទេសឯក ចាក់កម្ទេចដំណើបខ្មៅលើព្រះហស្ត ហើយបាចរោយទៅលើស្នាមមយូរាលើស្មាស្ដាំរបស់វិជ្ជតា។ ជាបណ្ដើរៗ ស្នាមនោះរលុបបាត់អស់ ដូចមិនដែលមានអ្វីកើតឡើង។
វិជ្ជតាត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ច្រើនថ្ងៃក្រោយមក នាងក៏បានជាសះរាងកាយ តែផ្លូវចិត្តនៅទ្រុឌទ្រោមយ៉ាងខ្លាំង។ នាងមិនទាន់ចំណាំអ្នកណាបានទាំងអស់ ហើយចេះតែហៅខ្លួនឯងថាម្ចាស់ក្សត្រិយ៍។ វេជ្ជបណ្ឌិតប្រាប់ថា នាងត្រូវការពេលយូរដើម្បីស្ដារសុខភាពផ្លូវចិត្តមកវិញ ពិសេសគឺប្រព័ន្ធចងចាំរបស់នាងនៅរងការគំរាមកំហែង។ យើងបានព្យាយាមនាំនាងទៅពោធិ៍សាត់រកគ្រូពូកែៗ ពិសេសលោកយាយនាងឱ្យជួយសង្គ្រោះ ប៉ុន្តែលោកយាយបដិសេធហើយនិយាយថា៖
«លោកនេះមានកម្មមានផល! អ្វីៗជាផល្លានៃការប្រព្រឹត្តរបស់ខ្លួនឯង!»
ចំណែកតាមអតីត ជាងឆ្លាក់ដែលស្ម័គ្រយកអ្នកម្នាងភីរះឌីត្តាជាព្រះគ្រូបានគេងស្លាប់ឯកោគ្មានអ្នកណាដឹងពីមូលហេតុឡើយ។ ខ្ញុំក៏ក្លាយជាអ្នកដើរម៉ូដឯកនៃក្ងោកត្បូងនិលនៅទីបំផុត។ ឈុតក្ងោកត្បូងនិលរបស់ខ្មែរបានចេញទៅបង្ហាញខ្លួននៅប្រទេសអភិវឌ្ឍន៍ជាច្រើនជាបន្តបន្ទាប់ ជាពេលដែលខ្ញុំនិងទ្រង់ទិព្វមន្តាបានកសាងសម្ព័ន្ធស្នេហាដ៏ជ្រាលជ្រៅមិនអាចកាត់ផ្ដាច់បាន។ ពីរខែក្រោយមក ទ្រង់ទិព្វមន្តាបានយាងមកសំណេះសំណាលសួរសុខទុក្ខអ្នកម្ដាយខ្ញុំនៅស្រុកកំណើត ហើយទ្រង់បានស្ដីដណ្ដឹងខ្ញុំជាភរិយាពេញច្បាប់បង្កើតបានជាក្រុមគ្រួសារតូចនៃអ្នក Design កំពូលនិងភរិយាជា Super Model។
ខ្ញុំបានរៀបការ ហើយក្លាយជារាជវង្សានុវង្សពិតៗ ក្នុងពេលដែលវិជ្ជតានៅតែអណ្ដែតអណ្ដូងភ្លេចខ្លួនឯង ហើយបែរជាចងចាំពីអ្នកម្នាងភីរៈឌីត្តា។ ស្រីព្រាយរលាយបាត់ទៅហើយ អាគមសាក់ក៏រលុបបាត់ វិជ្ជតាមិនអាចយាយីអ្នកណាបានទៀតទេ តែនាងបានយាយីខ្លួននាងដោយអាគមដ៏ខ្មៅងងឹតដែលនាងស្ម័គ្រចិត្តទទួលយក ព្រោះតែចិត្តចង់ឈ្នះចាញ់ហួស។
មតិអ្នកនិពន្ធ៖
សិល្បករជាច្រើនក្នុងសម័យនេះមានការពេញនិយមលើសម្ភារៈទំនើបៗ និងដើរទាន់សម័យកាលបច្ចេកវិទ្យាឌីជីថល ប៉ុន្តែពួកគេនៅតែផ្ដេកផ្ដួលខ្លាំងលើជំនឿពីផ្លូវងងឹតជានិច្ច។ ការស្វែងរកអាគមគ្រូអូមអាមបន្ថែមមន្តស្នេហ៍រួមមានការបញ្ចុះសីមា សារិកាលិនថោង ស្នេហ៍ដំរី និងរកអថ័ន កូនក្រក ឬមេមត់ពូកែៗមកតាមថែរក្សាអាជីពនៅតែមានជាហូរហែក្នុងសង្គមកម្ពុជា។
ចាស់ទុំដែលអ្នកនិពន្ធបានជួបបាននិយាយថា សម្រាប់ការភ្ជាប់ខ្លួនទៅនឹងមន្តអាគមងងឹតដែលជាមន្តអាគមអាក្រក់ៗភាគច្រើននាំទុក្ខទោសមកឱ្យខ្លួនអ្នកប្រព្រឹត្តនៅទីបំផុត។ ពិសេសចាស់ៗនៅខេត្តពោធិ៍សាត់ភាគច្រើនមានជំនឿថា ប្រសិនបើវិញ្ញាណខ្មោចអសុរកាយណាដែលមានរឹទ្ធានុភាពអាចយាយីមនុស្សលោកបាន ហើយមានបំណងចង់ធ្វើអ្វីមួយ វិញ្ញាណនោះចាំបាច់ត្រូវស្វែងរករូបមួយដែលអនុញ្ញាតឱ្យគេអាចចូលសណ្ឋិតបាន។
ដូចនេះបើឃើញមនុស្សាមានរាសីទាបងាយស្រួលក្នុងការប្រើរូបនោះ វិញ្ញាណព្រលឹងមិនស្អាតទាំងនោះតែងតែពន្យល់សប្ដិ ឬមកសួរស្រស់ៗថាតើព្រមឱ្យគេឡើងផ្ទះទេ? ព្រមឱ្យគេធ្វើជាពួកម៉ាកដែរ? ព្រមយកគេធ្វើគ្រូទេ? ឱ្យតែយើងភ្លាត់មាត់ឆ្លើយថាបាទ ចាសឬព្រម វាអាចឆ្លៀតឱកាសមកប្រើរាងកាយយើងបានពេញទំហឹង។ ប្រសិនបើម្ដាយឪពុកឬអ្នកស្រុកដឹងមិនទាន់ ឬរកគ្រូដោះមិនបាន រូបនោះអាចមានគ្រោះថ្នាក់ដល់ជីវិត។ អំពើខ្មៅដែលមនុស្សប្រព្រឹត្តរមែងបន្សល់នូវផលប៉ះពាល់ដល់ស្មារតីរាងកាយដូចករណីវិជ្ជតាជាឧទាហរណ៍។
ចុះអ្នកយល់យ៉ាងណាដែរចំពោះការតំណាលក្នុងរឿងនេះ?


