រឿង៖ ទូរសព្ទចាស់

នៅក្នុងបន្ទប់ស្នាក់នៅក្នុងសាលា (អន្ដេវាសិកដ្ឋាន)
“ណ្ហើយ…ថ្ងៃនេះជាថ្ងៃសុក្រទៀតហើយ” ខ្ញុំដកដង្ហើមធំ ព្រោះតែអារម្មណ៍នឿយហត់ និងចុករោយភ្នែកដែលខំប្រឹងសម្លឹងមើលមុខអេក្រង់កុំព្យូទ័រអស់រយៈពេលយូរ គុម្ពត្រចៀកខ្លួនក៏ឡើងក្ដៅ ល្មមដល់ពេលទម្លាក់កាសក្ដោបត្រចៀកខ្លួនឯងដាក់នៅលើតុហើយ។

ខ្ញុំសម្លឹងមើលម៉ោងនៅលើកញ្ចក់អេក្រង់កុំព្យូទ័រនៅមុខរបស់ខ្លួន ពេលនេះម៉ោង ៤រសៀលល្ងាចហើយ ម៉ោងចុងក្រោយនៃថ្នាក់រៀន​អនឡាញ​របស់ខ្លួនក៏បានរៀបនឹងចប់ដែរ តែអារម្មណ៍របស់ខ្ញុំហេលហាល ខូចចិត្តខ្លួនឯង ព្រោះមិនខុសពីរាល់ថ្ងៃ មិនដឹងថារៀនថ្ងៃនេះលោកគ្រូ គាត់កំពុងរៀនពីអ្វី..នេះជាសប្ដាហ៍ទី៥ហើយ ប៉ុន្ដែមុខវិជ្ជានេះ ខ្ញុំពិតជាមិនយល់អ្វីបន្ដិចសោះ…ហេតុអ្វីបានជាខ្ញុំត្រូវរៀនអនឡាញទៅវិញ ប្រសិនបើអង្គុយក្នុងថ្នាក់រៀនសូត្រនោះ ប្រហែលមិនដឹងល្អយ៉ាងណាទេ? កូវីដចំជាចង្រៃយក៍មែន!
កំពុងតែក្ដៅចិត្តពីរឿងរៀនមិនចេះ ស្រាប់តែខ្ញុំឮសូរសំឡេងសារចូលក្នុងទូរសព្ទដៃខ្លួន…

“ទឺត! ទឺត! ទឺត!” សំឡេងសារក្នុងទូរសព្ទដៃរបស់ខ្ញុំបន្លឺឡើង
ខ្ញុំលើកទូរសព្ទមកមើលសារ មិនខុសពីរាល់ដង…សារតឿនពីការចូលរៀនឱ្យទាន់ម៉ោងពីថ្នាក់រៀនអនឡាញ…ខ្ញុំឃើញសារហើយ ខ្ញុំដកដង្ហើមធំជាថ្មីម្ដងទៀត…ខ្ញុំពិតជាចាប់ផ្ដើមធុញទ្រាន់នឹងជីវិតរៀនអនឡាញមួយនេះ ហើយខ្ញុំពិតជាមិនដឹងថាខ្ញុំអាចឆ្លងផុតបញ្ចប់យកសញ្ញាបត្ររបស់ខ្លួនឯងបានដោយរបៀបណាទេ បើរៀនចេះតែបែបនេះនោះ? ខ្ញុំពិតជាហត់ណាស់ ចិត្តមួយប្រាប់ថា ខ្ញុំគួរបោះបង់វា ហើយចាប់ផ្ដើមអ្វីថ្មីវិញ តែចិត្តមួយទៀតប្រាប់ថា គួរតែព្យាយាមប្រឹងបន្ដដំណើរទៅមុខទៀត ព្រោះនេះជាការជ្រើសរើសរបស់ខ្លួនឯង…ពេលនេះខ្ញុំពិតជាមិនដឹងថាត្រូវធ្វើយ៉ាងណាទេ?
កំពុងតែពិបាកចិត្ត ស្រាប់តែសំឡេងទូរសព្ទរបស់ខ្ញុំបានឮសំឡេងរោទិ៍ឡើង…

ខ្ញុំចម្លែកក្នុងចិត្តព្រោះនេះនិយាយតាមត្រង់ លេខទូរសព្ទខ្ញុំ កម្រមានអ្នកហៅចូលណាស់…មិត្តរបស់ខ្ញុំម្នាក់ៗគេរវល់តែម្ដង។
ខ្ញុំសម្លឹងមើលលេខនៅលើអេក្រង់ទូរសព្ទ រួចចងចិញ្ចើមឡើង លេខបង្ហាញលើនោះ មិនមានក្នុងបញ្ជីសៀវភៅទូរសព្ទរបស់ខ្លួនទេ…សង្ស័យលេខអ្នកប្រូម៉ូសិនលក់ធានារ៉ាប់រងទេឬ?

“អាឡូ”
“អាឡូ ជម្រាបសួរខ្ញុំខលមកពីខាងដឹកជញ្ជូនទំនិញ…”
គ្រាន់តែឮឃ្លាដំបូងបែបនេះ ខ្ញុំដឹងច្បាស់ថាមកពីណាហើយ តែនេះខ្ញុំមានទំនិញមកពីក្រៅទៀតដែរឬ?

“អាឡូបង? នេះបងឈ្មោះ តាស៊ីងមែន?”
តាស៊ីង ជាឈ្មោះដែលខ្ញុំដាក់សម្រាប់ទទួលអីវ៉ាន់ពីចិនមកខ្មែរ

“បាទ…តែនេះខ្ញុំមានសល់អីវ៉ាន់ទៀតឬ? ខ្ញុំគិតថាខ្ញុំបានទទួលអីវ៉ាន់ដែលខ្ញុំកុម្ម៉ង់ទិញរួចអស់ហើយតើ…បងច្រឡំទេដឹង?” ខ្ញុំឆ្លើយតប និងសួរបញ្ជាក់ទៅម្ខាងទៀត…ខ្ញុំច្បាស់ខ្លួនឯងណាស់ថាអីវ៉ាន់ដែលខ្លួនបានទិញនោះ បានទទួលគ្រប់អស់ហើយ ហេតុអ្វីបានជាមានទំនិញសល់ឱ្យទៅទទួលទៀត?

ឮសំណួរខ្ញុំសួរបែបនេះ ម្ខាងទៀតក៏សង្ស័យក៏គេចាប់ផ្ដើមឆែកក្នុងប្រព័ន្ធរបស់ខ្លួន។ មួយសន្ទុះ ខ្សែម្ខាងទៀត គេក៏សួរទីតាំងនិងលេខទូរសព្ទរបស់អ្នកទទួលដែលបានដាក់នៅលើកញ្ចប់មួយនោះ ផ្ទៀងផ្ទាត់ជាមួយខ្ញុំ…គ្រប់យ៉ាងទាំងអស់គឺត្រឹមត្រូវដូចជារបស់ខ្ញុំទាំងអស់…

«ឬមួយមានគេផ្ញើអីវ៉ាន់ស៊ុបប្រាយឱ្យខ្ញុំ?»
ខ្ញុំគិតក្នុងចិត្តបែបនេះ ព្រោះឃើញប៉ុន្មានថ្ងៃនេះ មានគេទិញសៀវភៅផ្ញើឱ្យមិត្តខ្លួនឯង ស៊ុបប្រាយលើហ្វេសប៊ុកច្រើនណាស់…ក្នុងចិត្តខ្ញុំចាប់ផ្ដើមភ័យអរ រំភើបបុកពោះដុកដាក់…

«នរណាគេល្អ ចង់ដឹងដល់ហើយថាជាអ្វីនោះ? នេះខ្ញុំមានមិត្តស៊េរីអ៊ីចឹងដែរឬ?»
“អ៊ីចឹងបងចាំជួយទទួលកញ្ចប់អីវ៉ាន់មួយនេះផង ខាងប្អូននឹងដាក់តាមជើងដឹកជញ្ជូន ទៅដល់ទីតាំងផ្ទះរបស់បងប្រហែលជាមួយម៉ោងក្រោយបន្ដិចទៀត”

“បាទ អរគុណ” និយាយរួចម្ខាងទៀត ក៏បិទទូរសព្ទ ខ្ញុំអង្គុយគិតម្នាក់ឯង យល់ថា កញ្ចប់មួយនោះ វាជាអ្វីទៅ? នរណាគេទិញស៊ុបប្រាយដល់ខ្ញុំបែបហ្នឹងនោះ? ពិតជាចម្លែកណាស់…

២ម៉ោងកន្លងផុតទៅ…
សំឡេងម៉ូតូអ្នកដឹកជញ្ជូនទំនិញក៏មក គេហុចកញ្ចប់មកដល់ខ្ញុំ យកប្រាក់ថ្លៃសេវាដឹករួចក៏ចាកចេញទៅវិញ។
ខ្ញុំបានទទួលកញ្ចប់អីវ៉ាន់មួយនោះ ក្នុងចិត្តពោរពេញដោយភាពមន្ទិលសង្ស័យ…កញ្ចប់ស្រោបស្បោងផ្លាស្ទិក មានផ្ទៃខាងក្នុងរុំដោយប្រអប់ជ្រុងរឹង៤ជ្រុង ប៉ុនប្រអប់ដៃ ទម្ងន់វិញមិនធ្ងន់ទេ នេះជាអ្វីហ្នឹង? ខ្ញុំសង្ស័យក៏លើកកញ្ចប់មួយនោះមកក្រឡុកមើល ស្រាប់តែឮសូរក្លិកក្លាក់ដូចសំឡេងគ្រប់ឃ្លីដាក់ក្នុងកែវ…មិនបង្អង់យូរ ខ្ញុំក៏យកកូនកាំបិតខ្លួនឯងមកហែកកញ្ចប់មួយនេះឡើង…

“ពុទ្ធោអើយ…នេះនរណាគេហ្នឹងផ្ញើរបស់បែបនេះមកឱ្យខ្ញុំនេះ?” ខ្ញុំឧទានឡើងដោយភ្ញាក់ផ្អើល ព្រោះអ្វីដែលនៅក្នុងប្រអប់នោះគឺទូរសព្ទដៃបត់បិតបើកមួយគ្រឿងពណ៌ក្រហម…

“នេះទូរសព្ទដៃចាស់ប្រភេទបែបនេះ នៅសល់មានអ្នកប្រើទៀតឬ?”
ខ្ញុំលើកយកទូរសព្ទមួយគ្រឿងនោះមកពិនិត្យមើល ហើយបើកមើលទៅលើអេក្រង់របស់វា អេក្រង់នៅតែងងឹត គ្មានឃើញអ្វីទាំងអស់ គិតថាប្រហែលនេះអស់ថាមពលថ្ម ហើយមើលទៅ ទើបខំប្រឹងបើកយ៉ាងណា មិនបង្ហាញឱ្យឃើញអ្វីសោះ។ បើនិយាយពីសភាពទូរសព្ទដៃមួយគ្រឿងនេះវិញ គឺ មើលទៅមិនថ្មីទេ…សភាពវាដូចជាចាស់ទ្រុឌទ្រោមខ្លាំងតែម្ដង សម្បកនៅពីខាងក្រៅក៏ចាប់ផ្ដើមមានសឹកស្នាម ហើយកូតខ្លាំងណាស់ដូចត្រូវកូនកាំបិតកូតប៉ះ ប៉ូតុងវិញក៏មានរលុបលេខខ្លះៗទៅទៀត នេះនិយាយតាមត្រង់ បើខ្ញុំបោះចោលទូរសព្ទដៃមួយគ្រឿងនេះនៅនិងដី អ្នកផ្សេងក៏គ្មាននរណាចាប់អារម្មណ៍រើសវាយកមកកាន់ប្រើនោះឡើយ…តែចេះតែនឹកស្ដាយព្រោះទូរសព្ទដៃប្រភេទស៊េរីហ្នឹង កាលពីមុនគេនិយមណាស់កាលជំនាន់ឆ្នាំ២០១០…

“អូហ៍! ខ្ញុំនឹកឃើញស៊េរីទូរសព្ទដៃមួយនេះហើយ ឡូលីប៉ុប(LG GD580) ជំនាន់2ne1ចេញចម្រៀងអាល់ប៊ុមដំបូង…ល្បីខ្លាំងណាស់…ទៅណាមកណាឮតែគេស្រែកច្រៀង ឡូលីប៉ុប…ឡូលីប៉ុប” ខ្ញុំរំលឹករឿងចាស់ពីមុន ព្រោះកាលហ្នឹងខ្ញុំក៏ចង់បានវាមួយយកមកប្រើបង្អួតនឹងគេដែរ គ្រាន់តែបានតែស្រមៃគិត គ្មានលុយនឹងទិញតែប៉ុណ្ណោះ…

“ពុទ្ធោអើយ…”
ខ្ញុំឧទានឡើងបន្ដទៀត សម្លឹងមើលទៅកាន់ទូរសព្ទដៃមួយគ្រឿងដែលជាប់នឹងដៃ រួចនិយាយទៅកាន់វា

“នេះម្ចាស់ទូរសព្ទហ្នឹងជានរណាហ្នឹង ប្រើរបស់មិនចេះថែ ខ្លាំងដៃជាងខ្ញុំទៅទៀត…សំខាន់ហើយនេះ នរណាគេហ្នឹងផ្ញើរបស់នេះឱ្យខ្ញុំនោះ?”
ខ្ញុំសម្លឹងមើលម៉ោងនាឡិកាដាក់ព្យួរលើជញ្ជាំង ម៉ោងទ្រនិចចង្អុលប្រាប់ជិតមើល៧យប់ហើយ ពោះខ្លួនឯងក៏មានអារម្មណ៍ថាឃ្លាន ខ្ញុំក៏រៀបចំសម្អាតបន្ទប់របស់ខ្លួន និងយកទូរសព្ទដៃដាក់ប្រអប់នោះវិញ រួចយកវាដាក់នៅលើតុធ្នើរសៀវភៅ គិតថាស្អែកចាំទៅសួរទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន រកឈ្មោះអ្នកផ្ញើ នឹងប្រគល់ទៅកាន់ម្ចាស់ដើមគេវិញ…សង្ស័យថា នេះទំនិញច្រឡំម្ចាស់ហើយ។

នៅក្នុងបន្ទប់ លើគ្រែដ៏ស្ងប់សុខ
ម៉ោង៩យប់

“អាឡូម៉ាក់ នេះប៉ុណ្ណឹងបានហើយ ខ្ញុំត្រូវធ្វើកិច្ចការសាលាឱ្យគ្រូទៀត” ខ្ញុំយកលេសបិទទូរសព្ទប្រាប់ម៉ាក់ខ្ញុំ ព្រោះនេះម៉ោងយប់ណាស់ដែរហើយ ម៉ាក់គួរតែដល់ម៉ោងសម្រាកផងដែរ…ធម្មតាគាត់តែងតែខលទូរសព្ទមកលេងសួរសុខទុក្ខខ្ញុំខ្ទង់ប្រហែលម៉ោង៨យប់ ព្រោះពេលវេលាថ្មល់នឹង ខ្ញុំបានហូបល្ងាច និងងូតទឹករួចហើយ ចាំតែទទួលទូរសព្ទគាត់រួចនឹងបានសម្រាកបន្ដ..
ឮខ្ញុំនិយាយបែបនេះ គាត់ក៏បិទទូរសព្ទ ដោយប្រាប់ខ្ញុំឱ្យថែរក្សាសុខភាពខ្លួនឯងផង កុំខំប្រឹងរៀនខ្លាំងពេក…ខ្ញុំអឺអើជាមួយគាត់ចុងក្រោយ រួចក៏ជម្រាបលា បិទទូរសព្ទគាត់ទៅ។

ខ្ញុំអង្គុយមុខកុំព្យូទ័រខ្លួនឯង គិតថាបម្រុងនឹងបើកកុំព្យូទ័រខ្លួនឯង រករឿងអ្វីមើល ព្រោះជារៀងរាល់ល្ងាចថ្ងៃសុក្រ ខ្ញុំទម្លាប់តែងតែមើលរឿងដាច់យប់ ពេលខ្លះមើលជ្រុលដល់ម៉ោង១ ឬ ២ព្រឹកក៏មាន ហើយរឿងភាគច្រើនដែលខ្ញុំចូលចិត្តមើលនោះ សុទ្ធតែជារឿងខ្មោច ឬរឿងរន្ធត់ មិនសូវចូលចិត្តមើលរឿងមនោសញ្ចេតនា ស្នេហាអូនបងទេ… ស្រាប់តែ…

អូហ៍ នេះខ្ញុំភ្លេចណែនាំប្រាប់ ក្នុងបន្ទប់ខ្ញុំនេះ (អន្ដេវាសិកដ្ឋានរបស់សាលា) ខ្ញុំរស់នៅជាមួយមិត្តរួមបន្ទប់ ពីរនាក់ផ្សេងទៀត ម្នាក់ឈ្មោះ គៀង និងម្នាក់ទៀតឈ្មោះ ហុង។

គៀង គាត់ចូលចិត្តដើរលេងក្រៅ រាល់យប់ចុងសប្ដាហ៍ ពេលខ្លះ គាត់មកបន្ទប់វិញម៉ោង៣ភ្លឺអីក៏មាន។ ចំណែក ហុង គាត់ចូលចិត្តទៅហាងកាហ្វេ មើលស្រីៗ ល្ងាចយប់អីទើបគាត់ចូលបន្ទប់វិញ។ តែថ្ងៃនេះ ប្លែកណាស់ ម្នាក់ៗហាក់បីជាណាត់គ្នា ចេញក្រៅ ម៉ានេះហើយមិនទាន់ឃើញមាននរណាមកបន្ទប់ចូលដេកវិញសោះ។

…ស្រាប់តែឮសូរមានសំឡេងសម្រិបជើងមនុស្សដើរនៅមុខបន្ទប់ សំឡេងជើងបោះជំហានមួយៗកកិតជាមួយក្រាលឥដ្ឋការ៉ូថ្ម ឮសូរតុក…តាក់…តុក…តាក់ ដូចជាមនុស្សស្រីពាក់ស្បែកជើងកែងចោតដើរនៅលើម៉ាបថ្ម…
មួយស្របក់ សំឡេងសូរស្បែកជើងនោះ បានឈប់នៅមុខទ្វារបន្ទប់ខ្ញុំ មួយសន្ទុះសំឡេងទ្វារបន្ទប់ក៏ចាប់ផ្ដើមរបើកឡើងជាមួយខ្យល់ត្រជាក់ចូលក្នុងបន្ទប់ ចំហាយត្រជាក់ធ្វើឱ្យរាងកាយខ្ញុំមួយនេះ ព្រឺសម្បុរគីង្គក់ឡើង…
ខ្វា…ខា្វក!

“អា្ហ មកវិញហើយឬ?” ខ្ញុំបែរខ្លួនងាកភ្នែកទៅនិងមាត់ទ្វារ ព្រោះយល់ថា ហុងប្រហែលជាគេមកបន្ទប់វិញហើយ ប៉ុន្ដែអ្វីដែលខ្ញុំឃើញគឺភាពទទេរស្អាត គ្មានស្រមោលមនុស្សអ្វីសោះ ខ្ញុំយកដៃញីភ្នែកខ្លួនឯង ហើយដោះវ៉ែនតារបស់ខ្លួន យកក្រណាត់មកជូតកញ្ចក់វ៉ែនតា ចួនណាវាស្រអាប់ព្រិល មើលច្រឡំនោះ…ខ្ញុំស្រាប់តែទទួលអារម្មណ៍ភ័យខ្លាច ព្រឺសម្បុរ រោមបះជ្រោង ស្រៀវរងាត្រជាក់ពេញខ្លួនឡើង…

«នេះអាចកើតបែបនេះបានដោយរបៀបណា? ខ្ញុំលួងប្រាប់និយាយខ្លួនឯងថា ប្រហែលជាខ្ញុំស្ដាប់ច្រឡំ ហើយខ្យល់បក់របើកទ្វារហើយ…មិនអីទេ មិនអីទេ…»
មិនបង្អង់យូរ ខ្ញុំប្រញាប់ស្ទុះឡើងទៅលើគ្រែ ស្រវាយកទូរសព្ទខ្លួនយកមកចុចលេងបំបាត់អារម្មណ៍មួយនោះ ហើយគ្រប់ដណ្ដប់ភួយរុំបិទជិត និងបានបិទម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ផងដែរ។

មួយស្របក់ក្រោយមក អារម្មណ៍ខ្លួនឯងគិតថាអស់អីហើយ ស្រាប់តែសំឡេងទូរសព្ទលាន់ឮសូរបន្លឺឡើង….
រ៉ឺង! រ៉ឺង! រ៉ឺង! (សំឡេងទូរសព្ទរោទិ៍មិនឈប់)
ខ្ញុំក្រោកចេញពីភួយរបស់ខ្លួនឯង ប៉ុន្មាននាទីសោះ ញើសហូរជោកពេញអាវព្រោះតែថប់ពេកនៅក្នុងភួយ ខ្ញុំងាកសម្លឹងមើលជុំវិញ ក្នុងបន្ទប់នៅតែទទេរស្អាត គ្មានអ្នកណាមកបន្ទប់វិញសោះ ខ្ញុំនៅតែឯង គ្រាន់តែពេលនេះវាមិនស្ងាត់ទៀតទេ គឺលាន់ឮពេញដោយសូររោទិ៍សំឡេងទូរសព្ទ…

“ចង្រៃយ៍អើយ ហើយនេះពីរនាក់ហ្នឹង ម្នាក់ណាភ្លេចយកទូរសព្ទទៅហ្នឹង? ហើយអាអ្នកខលនេះ ហៅៗទូរសព្ទអីក៏សាហាវបែបហ្នឹង មិនដឹងថាម៉ាននេះគេគេងឬយ៉ាងណាទេឬ?”
ខ្ញុំរអ៊ូខឹងព្រោះតែសំឡេងទូរសព្ទមិនឈប់សោះ ទ្រាំមិនបានខ្ញុំក្រោកពីគ្រែខ្លួនឯង ដើរទៅរកប្រភពសំឡេងរោទិ៍ទូរសព្ទមួយគ្រឿង…គិតថាទោះបីជាមិនលើកទទួលវាទេ គ្រាន់តែបិទដាក់សំឡេងញ័រវិញ ប៉ុន្ដែ….

“មិនអាចទេ? ពិតជាមិនអាចទេ…”
ខ្ញុំបើកភ្នែកធំ សម្លឹងមើលធ្នើរសៀវភៅខ្លួនឯង ប្រអប់ដែលខ្ញុំបានដាក់ទូរសព្ទនៅក្នុងនោះ ទូរសព្ទមួយគ្រឿងដែលគេផ្ញើឱ្យកាលពីល្ងាចមិញ មានចលនាកក្រើក រង្គើញ័រឡើង…កាន់តែចូលជិត កាន់តែដឹងថាប្រភពសំឡេងមួយនោះគឺចេញមកពីវា…
“មិនអាចទៅរួចនោះ ទូរសព្ទមួយគ្រឿងនោះ ខ្ញុំប្រាកដណាស់គឺអស់ថ្មហើយ ហេតុអ្វីពេលនេះស្រាប់តែមានគេខលមក ហើយដំណើរការបានយ៉ាងម៉េចរួច?” ខ្ញុំនិយាយសួរខ្លួនឯង ក្នុងចិត្តពេលនេះពេញដោយសញ្ញាសួរ..នេះមិនមែនជាខ្ម…ខ្មោចលងទេឬ?

ខ្ញុំមិនអស់ចិត្ត តាំងខ្លួនឯងជាមនុស្សក្លាហាន មិនជឿថាមានខ្មោចព្រាយអ្វីទាំងនោះ គិតថាប្រហែលជាមានអ្នកណាចង់លលេង កំប្លែងដាក់ខ្ញុំហើយ ទើបមានរឿងទាំងនេះនោះ ព្រោះចៃដន្យពេកហើយដែលម្នាក់ៗមិននៅក្នុងបន្ទប់ព្រមគ្នា ស្របពេលមានរឿងបែបនេះកើតឡើងចំពោះខ្ញុំទៀតនោះ…

ខ្ញុំក៏យកប្រអប់នោះបើកមើល…
“ពិតជាចេញពីទូរសព្ទមួយនេះមែន។ តែនេះម៉េចអាចនឹងទៅរួចនោះ ទូរសព្ទនេះមានថាមពលថ្មសល់បានយ៉ាងម៉េច? ហើយនេះនរណាគេជាអ្នកខលមកនោះ?”
ខ្ញុំលើកទូរសព្ទនោះមកមើល ស្រាប់តែអ្វីដែលខ្ញុំកាន់តែភ្ញាក់ផ្អើល ឆ្ងល់បន្ថែមទៀតនោះគឺលើសន្ទះកញ្ចក់អេក្រង់នៅពីមុខមិនបានបង្ហាញលេខអ្នកហៅទូរសព្ទចូលទេ…

“អ្ហាហ៍…នេះប្រើ Private Number ទៀត”
រឹតតែឆ្ងល់មែនទែនហើយ អារម្មណ៍ភ័យខ្លាចប្ដូរមកជាការងឿងឆ្ងល់ ចង់ដឹងឡើងថានរណាគេហៅមកទូរសព្ទមួយនេះ?
រ៉ឺង! រ៉ឺង! រ៉ឺងងងង… សំឡេងទូរសព្ទរោទិ៍នៅតែបន្លឺសូរបន្ដទៀត បន្ទាប់ពីបានបាត់មួយសន្ទុះ…
អ្នកហៅទូរសព្ទចូលមួយនេះ នៅតែជាអ្នកពីមុន…អ្នកប្រើPrivate Number

“លើក ឬមិនលើកទូរសព្ទទេ ខ្ញុំ” ខ្ញុំសួរខ្លួនឯង

ខ្ញុំយកដៃចុចប៉ុតុងក្រហម ប៉ុន្ដែមិនដឹងហេតុអ្វីបានជាទៅជាប់ប៉ុតុងបៃតង សម្រាប់ទទួលទៅវិញ…សំឡេងខ្សែខាងនោះបានលាន់ឮសូរឡើង…
សំឡេងដែលខ្ញុំស្ទើរតែមិនជឿនិងត្រចៀកខ្លួនឯង…
សំឡេងគូសង្សារមួយគូកំពុងធ្វើប្រតិបត្ដិនៅលើគ្រែ…

“បង…បង…ស្រលាញ់អូនតែម្នាក់មែនឬ? ច..ចុះស្រីម្នាក់នោះវិញ?”
សំឡេងគ្រលួចស្រែកថ្ងូរសួរប្រាប់ទៅកំលោះជាគូស្នេហ៍

“ម្ចាស់ស្នេហ៍…អូនជាវិមានសួគ៌របស់បង…បង…ប..”
សំឡេងស្រែកប្រាប់ពីខាងប្រុសទៅដល់ខាងស្រី ជាមួយចង្វាក់ដកដង្ហើមចេញចូលខ្សឺតខ្សត លាយឡំជាមួយសូរសំឡេងទង្គិចពីរាងកាយអ្នកទាំងពីរនាក់ដុតរោលភ្លើងស្នេហ៍អ្នកទាំងពីរឱ្យឆេះកាន់តែខ្លាំងឡើង….

ក្រឹប! បិទទូរសព្ទ
ខ្ញុំប្រញាប់បិទទូរសព្ទ មុខឡើងឡើងក្រហម
“យី…អីក៏ម្ល៉េះៗ ចង់ធ្វើអីក៏ធ្វើទៅ ចាំបាច់អីខលហៅទូរសព្ទឱ្យគេដឹងទៀត”
ខ្ញុំរអ៊ូហួសចិត្តម្នាក់ឯង គិតទៅសម័យនេះ សម្បូរមនុស្សប្លែកៗ ធ្វើអ្វីមិនយល់អារម្មណ៍អ្នកដទៃសោះ…ហួសចិត្ត

រ៉ឺង! រ៉ឺងងងងង…សំឡេងទូរសព្ទរោទិ៍ជាថ្មី…
ខ្ញុំក៏លើកវាមកស្ដាប់ម្ដងទៀត (រោគជំងឺចង់ដឹងរឿងគេរើឡើង) លើកនេះជាមិនមែនជារឿងដូចមុនទេ តែហាក់បីជាហេតុការណ៍បន្ទាប់នៅក្នុងរឿងអំបាញ់មិញអ៊ីចឹង…

“បង នេះបងធ្វើបែបនេះបានយ៉ាងម៉េចកើត? នេះជាគ្រែរបស់ខ្ញុំ ជាបន្ទប់របស់ខ្ញុំ….បង…បងឯងហ៊ានណាស់ នាំស្រីមកដេកបែបនេះនោះ?”
“អូន…”
“អាប្រុសហេងស៊យ…”
“អូនបងសូមទោស គេ…គេពង្វក់បង”
“…”
“អូនអភ័យទោសឱ្យបងណា ក្នុងចិត្តរបស់បង បងស្រលាញ់តែអូនម្នាក់តែប៉ុណ្ណោះ គ្មានស្រីផ្សេងឡើយ…អ្នកទាំងនោះបងគ្រាន់តែយកគ្នាលេងៗទេ”
“យកគ្នាលេងៗអ៊ីចឹងឬ? ហើយនេះខ្ញុំសួរបងតាមត្រង់ទៅចុះថានេះជាលើកទីប៉ុន្មានហើយដែលខ្ញុំទាន់បង យកស្រីដេកនៅបន្ទប់នេះនោះ? បងដឹងទេថាខ្ញុំត្រូវគ្រូវិន័យ ស្ដីចង់បណ្ដេញខ្ញុំពីអន្ដេវាសិកដ្ឋានមួយនេះច្រើនដងហើយ ព្រោះតែនាំសង្សារមកលេងនោះ….តែបងវិញធ្វើបែបណាដាក់ខ្ញុំនោះ? បងឯងជ្រុលហេតុពេកហើយ…”
“អូន បង…”
“យើងបែកគ្នាទៅ”
“ទេ បងមិនអាចបែកពីអូនទេ…បងស្រលាញ់តែអូនម្នាក់ប៉ុណ្ណោះ…ប…បងសូមទោស…បងសន្យា…បងសន្យា”
“ខ្ញុំលែងជឿងសម្ដីបងទៀតហើយ បងឆាប់ចេញពីបន្ទប់ខ្ញុំទៅ ខ្ញុំលែងចង់ឃើញមុខបងឯងហើយ”
“អូន បងស្រលាញ់អូនពិតមែន! បងពិតជាមិនអាចរស់នៅខ្វះអូនបានឡើយ…បងស៊ូស្លាប់ដើម្បីអូន”
“ហាហា…ខ្ញុំកោតណាស់ បងហ៊ានប្រើសម្ដីបែបនេះដាក់ខ្ញុំនោះ? ស៊ូស្លាប់ដើម្បីខ្ញុំ ប៉ុន្ដែបងបែរជានាំស្រីមកដេកនៅលើគ្រែរបស់ខ្ញុំ ក្នុងបន្ទប់ខ្ញុំទៀត…បងឆ្កួតហើយមែនទេ?”
“អូន បងនិយាយពិតមែន…បងស្រលាញ់អូនខ្លាំងពិតមែន…បើអូនមិនជឿ បងស្លាប់ឱ្យអូនមើល?”
“បើគិតថាខ្ញុំជឿពាក្យពេចន៍ទាំងអស់នោះទៀតឬ? បងចង់ស្លាប់ឬធ្វើអីជាសិទ្ធិរបស់បង តែពេលនេះបងឆាប់ចេញពីបន្ទប់មួយនេះទៅ…ខ្ញុំខ្ពើមស្អប់មុខបងណាស់…ហើយនេះជាទូរសព្ទដៃដែលបងទិញឱ្យខ្ញុំយកវិញទៅ…បែកគ្នាឱ្យដាច់ស្រេចតែម្ដង កុំឱ្យនៅជំពាក់ជំពិនគ្នាទៀត!”
“អូន? យើងទាំងពីរពិតជាត្រូវបែកគ្នាមែនទេ? ទេ មិនអាចទេ បងមិនអាចបែកពីអូនឡើយ…ទោះជាបងស្លាប់ ក៏ត្រូវតែស្លាប់ជាអូនដែរ…”
“បងឯងឆ្កួតហើយ…”

ផាំង…ប្រាវ…សំឡេងខ្ចាត់ខា្ចយលាន់ឮនៅក្នុងបន្ទប់
“ជួ…ជួយខ្ញុំផង…នរណាក៏បានជួយខ្ញុំផង! គេ…គេឆ្កួតហើយ គេចង់សម្លាប់ខ្ញុំ…បងកុំចូល…កុំចូលមកជិតខ្ញុំ…អ្ហា!!!”
“…”
មួយសន្ទុះក្រោយមក សំឡេងទូរសព្ទហាក់ភ្ជាប់សេវាទៅអ្នកម្ខាងទៀតបានសារជាថ្មី ស្រាប់តែឮសំឡេងមនុស្សប្រុសនិយាយចេញពីទីនោះថា…
“យើងទាំងពីរនាក់ត្រូវនៅជាមួយគ្នារហូត បងមិនឱ្យអូនទៅណា បែកពីបងឡើយ…បងស្រលាញ់អូន”

តឺត! តឺត! តឺត! សំឡេងទូរសព្ទត្រូវបានដាច់

ដៃដែលកំពុងកាន់ទូរសព្ទមួយគ្រឿងនេះញ័រទទ្រើត ចង់គ្រវែងទូរសព្ទនេះចោល តែធ្វើមិនបាន ហាក់បីខ្ញុំត្រូវគេសណ្ដំ ឱ្យនៅភាំងស្រឡាំងកាំងមួយកន្លែង ដូចត្រូវគេចាប់ជីពចរដូចកុនភាគបុរាណចិន ស្រាប់តែពេលនោះ អំពូលភ្លើងនៅក្នុងបន្ទប់របស់ខ្ញុំស្រាប់តែញាក់ពភ្លឹបភ្លែត ក្នុងបន្ទប់ម្ដងភ្លឺម្ដងងងឹត ហើយសីតុណ្ហភាពស្រាប់តែចុះត្រជាក់ព្រឺស្រៀវដល់ឆ្អឹងខ្នង ចង្វាក់បេះដូងលោតលឿនញាប់ស្ទើរតែស្ទុះចេញមកក្រៅ អារម្មណ៍របស់ខ្ញុំហាក់ទទួលបានថាមានវត្តមានអ្នកផ្សេងនៅពីក្រោយខ្ញុំ…ខ្ញុំឈរមិនហ៊ានងាកមើលទៅណាទាំងអស់ ប៉ុន្ដែខ្ញុំឃើញមានស្រមោលដៃខ្មៅរបស់មនុស្សស្រី កំពុងឈោងមកលូកមកចាប់ដៃខ្ញុំឱ្យកាន់ទូរសព្ទដៃមួយនេះ ហើយឮសូរសំឡេងខ្សាវៗតិចៗ ក្បែរគុម្ពត្រចៀកខ្ញុំ ពោលដង្ហោយប្រាប់ថា…

“ជួយ…ជួយខ្ញុំ…ជួយខ្ញុំផង…ខ្ញុំមិ…មិនចង់ស្លាប់ទេ” សំឡេងមនុស្សស្រី…មនុស្សស្រីដែលនៅក្នុងទូរសព្ទនោះ…
ច្បាស់ណាស់…ខ្មោចលងខ្ញុំហើយ!!!

អាវវវ!!! ខ្ញុំស្រែកខ្លាំងៗ លាន់ស្ទើរបែកពេញបន្ទប់!

គ្រប់យ៉ាងងងឹត…ជុំវិញខ្លួនងងឹត ខ្ញុំមើលអ្វីមិនឃើញទាំងអស់…ព្រោះខ្ញុំបានសន្លប់ដេកលើក្រាលឥដ្ឋការ៉ូបន្ទប់នេះហើយ!
មិនដឹងពេលវេលារំកិលទៅមុខយូរប៉ុនណា ខ្ញុំបើកភ្នែកសន្សឹមៗឡើង ព្រោះតែឮសំឡេងមិត្តរួមបន្ទប់ខ្ញុំដាស់ឱ្យខ្ញុំក្រោកឡើង…

“ស៊ីង ភ្ញាក់ឡើង! ចេះមកដេកអ៊ីចឹងទៅកើត? នេះឯងកើតថី បានជាមកដេកអីនៅលើឥដ្ឋបែបនេះនោះ?”
“ហុងគឺជាឯងមែនឬ? គ្នាមិនមែនយល់សប្ដិទេឬ?” ខ្ញុំសួរបញ្ជាក់ទៅគេ
“ឯងមិនអីទេឬ?” ហុង មើលមកខ្ញុំដោយទឹកមុខព្រួយបារម្ភ រួចគេពោលសួរបន្ដទៀត “មានរឿងអ្វីឬ? ប្រាប់ម៉ោគ្នាចាំស្ដាប់”
“គឺ…គឺគ្នាខ្មោចលង”

“ខ្មោចលង? គ្នាប្រាប់ហើយថាកុំឱ្យមើលរឿងខ្មោចច្រើនពេក ទើបយប់ឡើងដេកស្រមៃឃើញបែបនេះនោះ…បានហើយឯងកុំមកចង់បោកគ្នានោះ។ បើអាម៉ាស់ព្រោះរឿងដេកធ្លាក់ពីលើគ្រែទៅ គ្នាយល់អារម្មណ៍ហ្នឹង”

“គ្នានិយាយមែន? នេះបើឯងមិនជឿ នេះទូរសព្ទ…”
ខ្ញុំរកទូរសព្ទលើកបង្ហាញទៅកាន់ហុង បញ្ជាក់ប្រាប់វាថាសម្ដីខ្ញុំជាការពិត ព្រោះមានទូរសព្ទមួយគ្រឿងនោះជាភស្ដុតាង ប៉ុន្ដែពេលនេះទើបខ្ញុំដឹងថា ទូរសព្ទមួយគ្រឿងនោះមិនដឹងបាត់ទៅណា? សូម្បីខ្ញុំព្យាយាមរកប្រអប់ដែលដាក់នោះក៏មិនឃើញដែរ? នេះវាបាត់ដោយរបៀបណា?

“ថាម៉េច? ទូរសព្ទអី? ឯងចង់សំដៅលើអី ស៊ីង?” ហុង ងាកមកសួរខ្ញុំបញ្ជាក់ខ្ញុំម្ដងទៀត
“គឺ…គឺខ្ញុំ…” ខ្ញុំអល់អែក ស្ទះស្ទើរមិនដឹងនិយាយបែបណាប្រាប់គេបន្ដ
ហុង ឃើញខ្ញុំបែបនេះ គេគ្រវីក្បាល រួចយកកន្សែងពោះគោខ្លួនដើរតម្រង់ចូលក្នុងបន្ទប់ទឹកទៅ។

ខ្ញុំងើបក្រោកឡើងវិញ ទាំងទ្រមីងទ្រមើង ដាក់ខ្លួនដេកលើគ្រែខ្លួនឯង គិតក្នុងចិត្តទាំងឆ្ងល់ខ្លួនឯងថា…
“នេះខ្ញុំមិនមែនដេករវើរវាយ ធ្លាក់ពីលើគ្រែដូចវានិយាយមែនទេឬ?”