រឿង៖ ស្នេហ៍គ្រាដំបូង

ជីវិតផ្លាស់ប្ដូរ…
តាំងតែពីតូចមក រហូតដល់ខ្ញុំមានវ័យ ២២ឆ្នាំ ខ្ញុំមិនដែលស្គាល់ទេថាអ្វីទៅជាផ្ទៃមេឃពណ៌ស៊ីជម្ពូ អ្វីទៅជាភាពផ្អែម ល្ហែម អ្វីទៅជាក្ដីស្រឡាញ់រវាងភេទផ្ទុយគ្នា ហើយខ្ញុំរឹតតែមិនដឹងទៀតថាអ្វីទៅជាគូស្នេហ៍។ រស់នៅក្នុងសភាពមិនដឹងពិតជាចង់ ដឹងខ្លាំងណាស់នៅក្នុងវ័យនេះ ប៉ុន្ដែសម្រាប់ក្មេងស្រីជនបទដូចខ្ញុំពិតជាមិនទាន់ត្រូវការរឿងនេះដូចក្មេងស្រីដែលមានវ័យស្រ បាលនឹងខ្ញុំនោះទេ។
ខ្ញុំគ្រាន់តែដឹងថាខ្ញុំកើតចេញពីត្រកូលគ្រួសារក្រីក្រមួយក្នុងទឹកដីខេត្តបាត់ដំបង ខ្ញុំរស់នៅជាមួយឪពុក នឹងប្អូនស្រីម្នាក់ ម្ដាយរបស់ខ្ញុំបានលែងលះជាមួយឪពុករបស់ខ្ញុំតាំងតែពីប្អូនស្រីរបស់ខ្ញុំមិនទាន់ផ្ដាច់ទឹកដោះមកម្ល៉េះ។ ទោះបីជាខ្ញុំរស់នៅជាមួយឪពុកមិនមានភាពកក់ក្ដៅ គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានម្ដាយនៅមើលថែយកចិត្តទុកដាក់ ប៉ុន្ដែ ខ្ញុំនឹងប្អូនស្រីនៅតែបន្ដការសិក្សាជាប្រចាំ លោកគ្រូអ្នកគ្រូនៅសាលាស្រឡាញ់ពួកយើងខ្លាំងណាស់។ ជារៀងរាល់ថ្ងៃនៅពេល ខ្ញុំទៅសាលា ខ្ញុំតែងតែខិតខំប្រឹងប្រែងរៀនសូត្រ ដោយយកចិត្តទុកដាក់ នៅពេលចេញលេងខ្ញុំតែងតែចូលបណ្ណាល័យអាន សៀវភៅរហូត ហេតុនេះគ្រប់សៀវភៅទាំងអស់មិនមានសៀវភៅណាដែលខ្ញុំមិនធ្លាប់អាននោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃការប្រឹងប្រែងរបស់ខ្ញុំក៏បានហុចផល ខ្ញុំតែងតែយកប័ណ្ណសរសើរពីសាលាមកឱ្យពុកមើលជារៀងរាល់ខែ ចំណាត់ថ្នាក់លេខពីរគឺជាលទ្ធផលរបស់ខ្ញុំ វាបានជម្រុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងបន្ដទៀត កម្លាំងចិត្តមួយនេះបានអប់រំខ្ញុំថាមានតែការតស៊ូ អត់ធ្មត់ នឹងព្យាយាមទេ ទើបខ្ញុំអាចមានអនាគតល្អនាពេលខាងមុខ។
ពេលវេលាចេះតែរំកិលទៅមុខ រហូតដល់ខ្ញុំបានបញ្ចប់ ថ្នាក់បាក់ឌុប ក្ដីស្រមៃក៏បានជោគជ័យ ខ្ញុំក៏បានចាកចេញពីស្រុកកំណើតមកបន្ដការសិក្សានៅសកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញ។ ពិតជាមិនងាយស្រួលមែនជីវិតជានិស្សិតដែលខ្ញុំធ្លាប់គិត នឹងស្រមើស្រមៃ ហើយអ្វីដែលលំបាកសម្រាប់ខ្ញុំគឺការរស់នៅក្នុងទីក្រុង ខ្ញុំធ្លាប់តែងូតទឹកនៅក្នុងស្រះ អូ ឬអណ្ដូងស្នប់ ខ្ញុំធ្លាប់តែចេញពីរៀនមកដើរតាមផ្លូវអមដោយទេសភាព ដើមឈើធំៗមានម្លប់ត្រជាក់ ខ្ញុំធ្លាប់ហូបម្ហូបត្រកួន ខ្យង ត្រី វាអាចរកបាននៅតាមអូ ឬបឹង ដោយមិនចាំបាច់ចំណាយលុយ ខ្ញុំធ្លាប់រស់នៅកន្លែងមិនសូវមានមនុស្សអ៊ូអរ តែទីក្រុងគ្មានរូបភាពទាំងនេះទៀតទេ ខ្ញុំពិតជានឹកពុក នឹកផ្ទះ នឹកកន្លែងធ្លាប់លេង នឹងនឹកអ្វីៗជាច្រើនទៀត។ តែទោះជាយ៉ាងណាភាពក្រីក្រ បទពិសោធន៍នៃការអត់ធ្មត់បានជួយលើកទឹកចិត្តខ្ញុំ ឱ្យសម្របខ្លួនជាមួយស្ថានភាពថ្មីបានមួយកម្រិតដែរ ខ្ញុំចាប់ផ្ដើមចូលរៀននៅសកលវិទ្យាល័យបណ្ដើរ នឹងផ្ដើមស្វែងរកការងារធ្វើបណ្ដើរ។
បីខែក្រោយមកខ្ញុំរៀងសុំាជាមួយបរិយាកាសនៅទីក្រុងបានបន្ដិច ហើយក៏បានស្គាល់មិត្តភក្ដិខ្លះដែរនៅឯសកលវិទ្យាល័យ ពួកគេក៏មិនខុសពីខ្ញុំប៉ុន្មានដែរ មានអ្នកខ្លះមកពីខេត្តឆ្ងាយៗ ហើយឡើងមករៀននៅទីក្រុង ពួកយើងឆាប់ចុះសម្រុងជាមួយគ្នាណាស់ ដោយសារតែចំណង់ចំណូលចិត្ត នឹងបទពិសោធន៍របស់ពួកយើងមានភាពស្រដៀងគ្នាច្រើន។ មែនហើយខ្ញុំរួសរាយដូច្នោះមានមិត្តភក្ដិច្រើននៅក្នុងថ្នាក់ តែមិត្តភក្ដិជិតស្និតរបស់ខ្ញុំមានតែម្នាក់ប៉ុណ្ណោះ កញ្ញាគឺជាមិត្តដ៏ល្អរបស់ខ្ញុំ នាងមកពីខេត្តព្រះវិហា នៅពេលទៅណាមកណាពួកយើងទាំងពីរនាក់ទៅជាមួយគ្នារហូត នេះសមដូចពាក្យចាស់ពោលថា« មិត្តល្អតែងតែត្រូវដងត្រូវផ្លែគ្នា»។
ថ្ងៃមួយនៅពេលលោកគ្រូជាប់រវល់មិនបានមកបង្រៀនខ្ញុំក៏បបួលកញ្ញាដើររកការងារធ្វើ ព្រោះពួកយើងមិនទាន់មានការងារធ្វើ កញ្ញាមិនសូវពិបាកទេព្រោះគ្រួសារនាងធូរធាជាងខ្ញុំ តែនាងក៏ចង់ធ្វើដែរ ចំណែកខ្ញុំវិញពិតជាខ្វះខាតហើយពុកត្រូវខ្ចីលុយគេផ្ញើឱ្យចាយ ប្រាក់បីខែរបស់ពុកធ្វើឱ្យខ្ញុំស្រណោះណាស់ ខ្ញុំមិនចង់ឱ្យគាត់លំបាកច្រើនជាងនេះទេ។ តាមផ្លូវនៅទីក្រុងភ្នំពេញមានអគារខ្ពស់ៗណាស់ ខ្ញុំសម្លឹងមើលចង់បាក់កទៅហើយ តាំងពីដើមមកមិនដែលឃើញទេ ឡានម៉ូតូនៅតាមផ្លូវច្រើន ខ្ញុំមិនហ៊ានជិះម៉ូតូទេ កញ្ញាជាអ្នកឌុបខ្ញុំ បើនិយាយឱ្យត្រង់ទៅកុំថាឡើងឌុប សូម្បីតែដើរឆ្លងផ្លូវខ្ញុំមិនហ៊ានផង ខ្ញុំមិនដឹងថាគេឆ្លងរបៀបម៉េចទេ បើនៅភូមិខ្ញុំគ្មានឡាន គ្មានម៉ូតូផង បើមានៗតែសត្វគោ។ កំពុងតែគិត កញ្ញាក៏សួរខ្ញុំ
« អេនារី! តើយើងទៅណាផ្លូវបត់ច្រើនណាស់?»
នារីជាឈ្មោះរបស់ខ្ញុំ ស្ដាប់ទៅពិរោះណាស់សក្តិសមជាមួយរូបរាងខ្ពស់ សម្បុរស្រអែម សក់ពណ៌ទង់ដែង ពេលញញឹមម្ដងៗស្រស់ណាស់ ខ្ញុំចូលចិត្តញញឹម ហើយមិនចូលចិត្តនិយាយច្រើនទេ ប្រសិនបើខ្ញុំធ្វើអ្វីមួយខ្ញុំផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចការរបស់ខ្ញុំ
« ទៅណាក៏បានដែរយាយចេះតែជិះទៅ ខ្ញុំក៏មិនសូវស្គាល់ដែរ!» បន្ទាប់មកកញ្ញាចេះតែជិះបន្ដទៅមុខទៀត ជាចរិតធម្មតារបស់ ខ្ញុំទេ នៅពេលយើងរាប់អានគ្នាស្និទ្ធិស្នាលពួកយើងបង្កើតពាក្យនេះជំនួស ដោយហៅគ្នាថាយាយ។ នៅលើផ្លូវមួយដែលមាន ដាក់ផ្លាកថាផ្លូវមុនីវង្ស ទៅដល់ស្ដុបខាងមុខមានអគារខ្ពស់ គេចំណាំហៅថាស្ដុបពេទ្យចិន ឬស្ដុបអគារ ៤២ជាន់ ខ្ញុំមិនដឹងទេ តែពេលកំពុងឈប់ក៏ឆ្លៀតសួរគេ (មាត់ជាផ្លូវពុកខ្ញុំតែងប្រដៅ) បន្ទាប់មកយើងក៏បានបត់ឆ្វេង តម្រង់ទៅសង្កាត់បឹងកេងកង ព្រោះឮថានៅម្ដុំនោះសម្បូរកន្លែងការងារ ស្រាប់តែពេលកំពុងជិះនៅលើផ្លូវត្រសក់ផ្អែកក៏ឃើញផ្លាកមួយដាក់ថារើសបុគ្គលិក ទទួលភ្ញៀវ ខ្ញុំត្រេកអរណាស់ក៏ប្រាប់កញ្ញាឱ្យឈប់ ដើម្បីចុះទៅសួរព័ត៌មាន។ អូហូ! កន្លែងគេពិតជាស្រស់ស្អាតមែន ខ្ញុំនឹងកញ្ញា រកតែឈប់ដាក់ជន្ទុលម៉ូតូមិនទាន់ ភ្នែកវិញសម្លឹងមិនដាក់ តើជាកន្លែងអ្វីទៅ? ហេតុអីបានជាមានការរៀបចំស្អាតបាតបែបនេះ? កំពុងតែភ្លឹកបងស្រីម្នាក់ក៏ចេញមក គាត់ពិតជាស្រស់ស្អាតណាស់ ពួកយើងក៏បានជម្រាបសួ នឹងសាកសួរគាត់ អំពីព័ត៌មានរើសបុគ្គលិក គាត់រួសរាយណាស់ ហើយគាត់ក៏បានប្រាប់ខ្ញុំ នឹងមិត្តភក្ដិថាបើចាប់អារម្មណ៍ សូមផ្ញើប្រវត្ដិរូបមក ពួកគាត់នឹងធ្វើការសម្ភាសន៍ ខ្ញុំមិនដឹងអ្វីជាប្រវត្ដិរូបនោះទេ គាត់ក៏បានបកស្រាយប្រាប់នឹងពន្យល់ពីរបៀបធ្វើ។ បន្ទាប់ពីបានទទួលព័ត៌មានច្បាស់លាស់ហើយ ពួកយើងក៏មិនរងចាំយូរដែរ ត្រឡប់មកវិញភ្លាម ហើយរៀបចំប្រវត្ដិរូបសម្រាប់យកទៅដាក់។
រៀបចំរួចរាល់ថ្ងៃស្អែកពួកយើងទៅម្ដងទៀត ដើម្បីយកប្រវត្ដិរូបទៅឱ្យបងស្រី គាត់ក៏ឱ្យពួកយើងត្រឡប់មកវិញ ប្រសិនបើមានព័ត៌មានអ្វីត្រូវប្រាប់គាត់នឹងទាក់ទងមកតាមក្រោយ ខ្ញុំសប្បាយចិត្តណាស់ ភ័យផងអរផងអំឡុងពេលរង់ចាំ នេះជាលើកទីមួយហើយ អ្វីៗចេះប្រែប្រួលទៅមុខម្ដងបន្ដិចៗ។
កន្លែងធ្វើការ…
ខ្ញុំរង់ចាំមួយអាទិត្យហើយ មិនឃើញបងស្រីតេមកសោះ ឬមួយខ្ញុំមិនជាប់ទេ កុំអីសូមឱ្យខ្ញុំជាប់ផងទៅចុះណា ខ្ញុំពិតជាចង់បានការងារធ្វើណាស់ កំពុងតែបន់ស្រន់ស្រាប់តែសំឡេងទូរសព្ទបន្លឺឡើង ទ្រឺតៗៗៗៗ។ ខ្ញុំក្រឡេកទៅមើលសំឡេងនោះ ទាំងអរផងភ័យផង រួចហើយក៏ស្ទុះទៅយកទូរសព្ទនៅលើក្បាលដំណេក មិនដឹងថាជាលេខអ្នកណាតេមកទេ បន្ទាប់មកក៏ចុចទទួលយ៉ាងអន្ទះសា
«អាឡូជម្រាបសួ»
ខ្សែម្ខាងទៀតក៏និយាយតប
«អាឡូជម្រាបសួរ តើប្អូនឈ្មោះនារី មែនទេ?»
ពេលឮសំឡេងមនុស្សស្រីខ្ញុំ មានអារម្មណ៍ថារំភើបណាស់ ខ្លួនរបស់ខ្ញុំឡើងស្រាល ចង់ហោះឡើងទៅលើបុកដំបូលផ្ទះទៅ ហើយ មិនបង្អង់យូរខ្ញុំក៏ឆ្លើយតបទៅគាត់វិញ
«ចាសបង! ខ្ញុំគឺនារី»
«នារីបងតេពីកន្លែងហាត់ប្រាណទៅ ចាំបងបានទេ ប្អូនបានយកប្រវត្ដិរូបមកដាក់ជាមួយមិត្តភក្ដិ»
«ចាស ចាំបានបង តើខ្ញុំជាប់ក្នុងការសម្ភាសន៍ទេបង?»
«ចាស បងក៏ចង់ផ្ដល់ដំណឹងពាក់ព័ន្ធនឹងរឿងនេះដែរ តើប្អូន នឹងមិត្តភក្ដិអាចមកសម្ភាសន៍នៅថ្ងៃស្អែកបានទេ?»
គ្រាន់តែឮបែបនេះទូរសព្ទរៀបនឹងធ្លាក់ពីដៃរបស់ខ្ញុំទៅហើយ លោកអើយខ្ញុំចង់តែស្រែកថាជ័យយោៗទេ ទេៗត្រូវសម្រួល អារម្មណ៍សិន ខ្ញុំក៏ប្រញាប់ឆ្លើយតបវិញយ៉ាងលឿន ដោយមិនសួរយោបល់មិត្តភក្ដិនោះទេ
«ចាស ចាសបានបង ពួកយើងទំនេរ»
បន្ទាប់ពីណាត់ម៉ោងរួចរាល់ខ្ញុំបានផ្ដល់ដំណឹងនេះទៅកាន់កញ្ញា នាងត្រេកអរដូចខ្ញុំដែរ ហើយពួកយើងត្រៀមខ្លួនសម្រាប់ថ្ងៃ ស្អែក។ ថ្ងៃសម្ភាសន៍មកដល់ បេះដូងខ្ញុំលោតខុសចង្វាក់ វាលោតឌឹបៗសឹងតែហក់ចេញមកក្រៅទៅហើយ តែទោះបីជាយ៉ាង ណាខ្ញុំនៅតែរក្សាផ្ទៃមុខញញឹមជានិច្ច។ កញ្ញាចូលសម្ភាសន៍មុន បន្ទាប់មកខ្ញុំ ពេលសម្ភាសន៍ចប់បងស្រីដែល សម្ភាសន៍បានចេញមកប្រាប់ពួកយើងភ្លាមៗថាពួកយើងជាប់ហើយ ខ្ញុំមើលមុខកញ្ញា សប្បាយចិត្តពេកប្រុងតែលោត ឬស្រែកបញ្ចេញនូវអារម្មណ៍ហើយ តែទប់ទាន់ព្រោះបងស្រីនៅទីនោះ គាត់ឃើញបែបនេះក៏មិនថាអីដែរ ហើយគាត់ប្រាប់ពួកយើងឱ្យមកធ្វើការចាប់ពីថ្ងៃស្អែកទៅ ខ្ញុំធ្វើពេលព្រឹក ហើយកញ្ញាធ្វើពេលរសៀល។
ថ្ងៃដំបូងមិនដឹងថាត្រូវរៀបចំខ្លួនបែបណានោះទេ ខ្ញុំស្លៀកខៅប៊យ ទីនុយជាមួយអាវយឺត ប្លែកបន្ដិចដែរតើ តែងខ្លួន បែបនេះសមរម្យសម្រាប់ខ្ញុំណាស់ វាមិនលេចលើលេចក្រោមនោះទេ ណាមួយខ្ញុំអ្នកទទួលភ្ញៀវត្រូវតុបតែងឱ្យស្អាត អ៊ីចឹងហើយ ទើបមានភ្ញៀវចូលហាត់ប្រាណបានច្រើន។ ការគិតរបស់ខ្ញុំត្រូវមែន ថ្ងៃនេះមានភ្ញៀវជាច្រើនចូលមក ពួកគេសរសើរខ្ញុំថាមើលរាងអ្នកទទួលភ្ញៀវស្អាតណាស់ ខ្ពស់ស្រឡះ អ៊ីចឹងពួកគាត់ស្រីៗត្រូវខំហាត់ប្រាណឱ្យច្រើនទើបបានទាំងរាងស្អាត ហើយបានទាំងសុខភាពល្អទៀត។ អ្នកខ្លះទៀតចូលមកក៏សរសើរខ្ញុំថាញញឹមស្រស់ ខ្ញុំទទួលស្គាល់ថាពាក្យសរសើរ ទាំងអស់នេះសុទ្ធតែត្រូវ ខ្ញុំទទួលយក តែខ្ញុំមិនសប្បាយចិត្តដល់ថ្នាក់ថាខ្ញុំស្អាតលើសគេ ហើយមានអំណួតលើខ្លួនឯងពេកនោះទេ។
ការងារ នឹងការសិក្សារលូនល្អណាស់ ខ្ញុំបានធ្វើការទីនេះមួយសប្ដាហ៍មកហើយ មិនទាន់ស្គាល់បុគ្គលិកនៅទីនេះ អស់នៅឡើយទេ ទោះបីជាបុគ្គលិកមានត្រឹមតែ ១២នាក់ក៏ដោយ ខ្ញុំគ្រាន់តែដឹងថាក្នុងនោះមានប្រុស ៥នាក់ ហើយអ្នកគ្រប់គ្រងគឺជាបុរស។ ល្បីថាគាត់កាច ហ្មត់ចត់ និងចិត្តដាច់ខ្លាំងណាស់ ជាពិសេសក្នុងម៉ោងការងារគាត់មិនយោគយល់នោះទេ ប្រសិនបើធ្វើខុសត្រូវតែស្ដីឱ្យ ម្នាក់ៗខ្លាចគាត់គ្រប់គ្នា ហើយក្នុងចំណោមពួកគេមានអ្នកខ្លះមិនចូលចិត្តគាត់ទេ ពួកគេថែមទាំងស្អប់គាត់ទៀតផង។
ចំណែកអ៊ំស្រីអនាម័យវិញបានប្រាប់ខ្ញុំថាអ្នកគ្រប់គ្រងយើងអាក្រក់ណាស់ គាត់អាងខ្លួន គាត់ជាអ្នកមាន ហើយមានអំណួតចំពោះខ្លួនឯងជ្រុល មិនចេះយោគយល់អ្នកដទៃ មិនចេះនិយាយលេងសើចច្រើន ចូលចិត្តធ្វើមុខមាំ គាត់ថាគាត់មិនចូលចិត្តទេ។ តែក៏មានបុគ្គលិកស្រីៗខ្លះលួចស្រឡាញ់ និងក្រាស់គាត់ដែរ ខ្ញុំចូលមិនបាន ប៉ុន្មានថ្ងៃផងមានបុគ្គលិកស្រីពីរនាក់បាននិយាយពីអារម្មណ៍របស់ពួកគេមកកាន់ខ្ញុំថាគាត់សង្ហា មាឌធំល្មម ខ្ពស់ សម្បុរ គាត់ខ្មៅស្រអែម មុខមានមុនស្នេហ៍ ពិសេសគាត់យកចិត្តទុកដាក់ នឹងបារម្ភខ្វល់ខ្វាយពីពួកគេ ហើយមិនមែនតែពួកគេទេ ដែលស្រឡាញ់ សូម្បីតែអ្នកមកហាត់ប្រាណផ្សេងៗក៏លង់នឹងសម្រក់ទាក់ទាញរបស់គាត់ដែរ បើនិយាយពីសង្សាវិញឮថាគាត់ ធ្លាប់មានច្រើន តែបច្ចុប្បន្នគ្មានទេ បានជាម្នាក់ៗខំប្រឹងណាស់។ និយាយយ៉ាងណាក៏ខួរក្បាលរបស់ខ្ញុំមិនបានលង់ជាមួយនឹងអ្វី ដែលពួកគេបានអួតសរសើរពីគាត់ដែរ សូម្បីតែអារម្មណ៍រំជើបរំជួលបន្ដិចក៏គ្មានផង កុំស្មានថាខ្ញុំក្មេងត្រេកត្រអាលនឹងភាពសង្ហា សាច់ដុំរបស់គេនោះគ្មានទេ មនុស្សសម្បូរភាពទាក់ទាញបែបនេះ ជាមនុស្សមុខព្រាន ពូកែរាយមុនស្នេហ៍ ប្រសិនបើគេទាក់ទាញបានក៏គេមិនយកជាគូអនាគតដែរ គេគ្រាន់តែទាក់មនុស្សស្រីដែលលង់នឹងគេ ហើយយកមកកំដរអារម្មណ៍តែប៉ុណ្ណោះ ខ្ញុំមិនខ្វល់ បេះដូងខ្ញុំជាថ្ម មិនមែនជាដើមស្រល់ទេ។
មាត់ក្បត់ចិត្ត…
បន្ទាប់ពីប្រឡងចប់ ខ្ញុំ នឹងកញ្ញាប្រញាប់ចេញពីសាលា ដើម្បីមកប្រជុំនៅកន្លែងធ្វើការ ថ្ងៃនេះជាលើកដំបូងក្នុងការប្រជុំ រវាងខ្ញុំ នឹងក្រុមការងារទាំងអស់។ ពេលមកដល់កន្លែងធ្វើការខ្ញុំក៏បានចូលបន្ទប់ទឹកប្ដូរសម្លៀកបំពាក់សាលា រួចហើយឡើងទៅបន្ទប់ប្រជុំ បន្ទប់ត្រជាក់ណាស់ តែខ្ញុំបែកញើសឡើងជោក បុគ្គលិកទាំងអស់ឆ្លាតៗគាត់រកកន្លែងអង្គុយឆ្ងាយពីអ្នកគ្រប់គ្រងគ្រប់គ្នា ឯកន្លែងទល់មុនអ្នកគ្រប់គ្រងគ្មានអ្នកអង្គុយទេ ខ្ញុំក៏គ្មានជម្រើសដែរ កៅអីសល់តែមួយ បើមិនអង្គុយត្រង់នោះគ្មានកន្លែងផ្សេងទៀតទេ។ ដាក់គូទអង្គុយចុះភ្លាមក្រសែភ្នែកមួយបានបាញ់មករកខ្ញុំ មុតដូចបន្លាអ៊ីចឹង ប្រហែលជាចង់រាយមុនស្នេហ៍ដាក់ខ្ញុំដែរហើយ តែកុំយល់ច្រឡំអីខ្ញុំមិនមែនដូចបុគ្គលិកស្រីពីរនាក់នោះទេ។
ការប្រជុំបានចាប់ផ្ដើម ម្នាក់ៗណែនាំខ្លួន ពួកយើងក៏បានស្គាល់គ្នាទៅវិញទៅមក ក្រោយពីប្រជុំពួកយើងក៏បានជជែកគ្នាលេង ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែស្និទ្ធស្នាលរវាងក្រុមការងារ។ វីរ:បុត្រគឺជាឈ្មោះរបស់អ្នកគ្រប់គ្រង ពេលស្គាល់ឈ្មោះហើយ ទើបដឹងថាឈ្មោះនេះសមនឹងឬកពាររបស់គេខ្លាំងណាស់ អ្វីដែលបុគ្គលិកផ្សេងៗបាននិយាយប្រាប់ខ្ញុំពីមុនក៏មិនខុសដែរ។ តុធ្វើការរបស់ខ្ញុំ នឹងតុធ្វើការរបស់គេនៅជិតគ្នា តែខ្ញុំអង្គុយបែរខ្នងដាក់គេ ភាគច្រើនបុត្រមកធ្វើការតែពេលព្រឹកប៉ុណ្ណោះ គ្រប់ពេលដែលគេមកខ្ញុំក៏មិនដែលនៅក្នុងការិយាល័យដែរ។ ចៃដន្យថ្ងៃមួយពេលខ្ញុំកំពុងនៅក្នុងការិយាល័យគេក៏បានមកដល់ ហើយប្រើខ្ញុំឱ្យធ្វើការងារមួយ រយ:ពេលមួយថ្ងៃពេញខ្ញុំមិនទាន់បានបាយចូលពោះនោះទេ គេនៅតែប្រើខ្ញុំរហូត។ ពេលកំពុងធ្វើការនៅក្នុងបន្ទប់ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោត មិនលង់នឹងភាពសង្ហា ហើយក៏មិនមែនភ័យដែរ តែខ្ញុំអៀន ខ្ញុំធ្លាប់រស់នៅជាមួយឪពុក ធ្លាប់រៀនក្នុងថ្នាក់មានមនុស្សប្រុសជាច្រើន ខ្ញុំមិនដែលអៀនទេ ហេតុអីបានជាខ្ញុំនៅជាមួយអ្នកគ្រប់គ្រង បែរជាមានអារម្មណ៍បែបនេះ កាន់តែគិតបេះដូងកាន់តែលោតមិនឈប់សោះ រហូតមានបុរសម្នាក់ដើរចូលមក គាត់ជាគ្រូបង្រៀនហាត់ប្រាណនៅក្នុងក្លឹបរបស់យើង ទើបបេះដូងរបស់ខ្ញុំឈប់លោត។ ពួកគេទាំងពីរអ្នកបាននិយាយពិភាក្សាគ្នាទៅវិញទៅមក ចំណែកបុត្រវិញ និយាយបណ្ដើរសរសេរនៅលើក្ដាខៀនបណ្ដើរ នៅពេលសរសេរបានបន្ដិចគេបានឈប់ ហើយងាកមករកខ្ញុំដោយទឹកមុខមាំ
«នារី តើថ្ងៃនេះជាថ្ងៃទីប៉ុន្មាន?»
គ្រាន់តែឮសំណួរនេះភ្លាមខ្ញុំចាប់ផ្ដើមឆ្ងល់ ហើយងាកទៅរកគេវិញទាំងមិនសប្បាយចិត្ត ចេតនារបស់គេពេលនេះដូចជាចង់ ធ្វើបាបខ្ញុំហើយ ប្រើខ្ញុំមិនឱ្យសម្រាក មិនឱ្យបាយ ហើយមិនឱ្យទឹក បែរជាមកសួរខ្ញុំ ទាំងដែលសំណួរនេះសួរខ្ញុំ តាំងពីព្រឹកបីដងរួចមកហើយ។ ខ្ញុំសម្លក់មុខគេ ហើយឆ្លើយបែបឌឺទៅវិញ
«លោកសួរខ្ញុំប៉ុន្មានដងមកហើយ?» ពេលខ្ញុំសួរបែបនេះគេធ្វើមុខធម្មតា គ្មានប្រែប្រួលបន្តិចសោះ គេនៅតែមើលមុខខ្ញុំដដែល រួចសួរបញ្ជាក់ម្ដងទៀត
«ថ្ងៃទីប៉ុន្មាន?»
ខ្ញុំឆ្ងល់ណាស់តើគេកើតអ្វីទៅ ហើយសួរសំណួរដដែលៗមកកាន់ខ្ញុំ ក្រោយពីប្រាប់គេជាលើកចុងក្រោយខ្ញុំក៏បន្ដកិច្ចការ។ មិនដឹងជាយ៉ាងម៉េចទេសុខៗគេដើរមកជិតខ្ញុំ ហើយបេះដូងថ្មនេះក៏លោតកាន់តែញាប់តាមសម្រឹបជើងដែលដើរតម្រង់មក គេមកកាន់តែកៀក ជិតហើយ សំឡេងបេះដូងលោតចាប់ផ្ដើមកាន់តែខ្លាំងដែរ ធ្វើយ៉ាងម៉េចទៅ តើគេចង់ធ្វើអី? ចំហាយ ក្ដៅៗចាប់ផ្ដើមភាយចេញពីមុខរបស់ខ្ញុំ វាហាក់ដឹងមុខថានឹងមានរឿងអ្វីកើតឡើង ស្រាប់តែមានដៃមួយបានទាញសក់ធ្លាក់ នៅខាងមុខរបស់ខ្ញុំទៅក្រោយ ទោះបីជាដៃតូចមួយខំរុញដៃនោះចេញក៏មិនអាចទៅរួចដែរ កម្លាំងដៃធ្ងន់មិនស្មើនឹងចិត្តចង់ឈ្នះ ថាត្រូវធ្វើឱ្យបាន។ មុខកាន់តែក្ដៅ តែគេបែរជាញញឹមដូចមានក្ដីសុខ ព្រោះបានសម្រេចនូវអ្វីដែលខ្លួនធ្វើ ឃើញបែបនេះខ្ញុំសម្រេចចិត្តចេញមកធ្វើការនៅតុទទួលភ្ញៀវខាងមុខ ហើយគេក៏ដើរមកតាមពីក្រោយ តើចង់យ៉ាងម៉េចឱ្យប្រាកដ ឃើញបែបនេះខ្ញុំបម្រុងដើរត្រឡប់មកក្រោយវិញ ក៏ត្រូវឈប់ង៉ង់ មិនអាចដើរទៅបានដៃដ៏ធំមាំបានចាប់កដៃខ្ញុំជាប់ គេទាញដៃខ្ញុំឱ្យអង្គុយកៅអីនៅខាងមុខនឹង ហើយប្រាប់ថាមិនបាច់ទៅក្រោយទេ។ មិនយល់សោះថ្ងៃនេះយ៉ាងម៉េចចេះតែប្លែកៗ ហ៊ើយកុំឆ្ងល់ ច្រើនពេកប្រហែលជាចេញកន្ទុយហើយ មនុស្សចូលចិត្តធ្វើបាបគេ អ៊ីចឹងហើយនៅមិនសុខទេ បើមិនឈ្នះ។ ពេលចេញពីធ្វើការ ខ្ញុំបានប្រាប់រឿងនេះទៅកាន់កញ្ញា នាងមិនជឿខ្ញុំនោះទេ ព្រោះគាត់ធ្វើជាមេ តែងតែប្រើកូនចៅជារឿងធម្មតា ហើយរឿងទាញសក់ ចាប់ដៃអីនោះ កញ្ញាមិនជឿថាបុត្របានធ្វើបែបនឹងចំពោះខ្ញុំទេ ណ្ហើយចុះកុំគិតរង់ចាំមើលបន្ដទៀតសិនថាមានរឿងអីកើតឡើង។
ភ្ញាក់ពីដេក ងើបហាត់ប្រាណបន្ដិច រួចចូលមុជទឹក មុនមកធ្វើការ ថ្ងៃនេះចម្លែកណាស់អ្នកខ្លះមកធ្វើការដែរ ធម្មតាមិន ឃើញមកទេ។ ពេលចូលមកដល់គេសម្លឹងមុខខ្ញុំ ហើយប្រាប់ថាមានគេផ្ញើទឹកការ៉ុតឱ្យ ខ្ញុំប្រែទឹកមុខហើយងាកមើលដបទឹកការរ៉ុតនោះរួចក៏សួរទៅគេវិញថា
«អ្នកណាឱ្យខ្ញុំ?»
«គេឈ្មោះវីរ:បុត្រ»
«អរគុណ ហើយ»
ពីមួយថ្ងៃទៅមុខថ្ងៃ សម្មភាពចេះតែប្លែកៗ ខ្លួនចាស់ហើយ តែមិនធ្វើឱ្យសមនឹងអាយុសោះ មិនមែនកូនក្មេង ២០ឆ្នាំជាងទេ។ ពិតជាមិនយល់ថាទង្វើរបស់បុរសវ័យ ៣២ឆ្នាំម្នាក់នេះគិតអី? ចង់បានអីសោះ? សម្ដែងធ្វើជាបារម្ភ ជួយ ទិញអាហារឱ្យ ប្រើនេះ ប្រើនោះ ប្រហែលជាគិតថាខ្ញុំលង់នឹងភាពចេះព្រួយបារម្ភរបស់គេហើយមើលទៅ នេះឬដែលគេចំណាំនិយាយថាបុរសចំណាស់មានបទពិសោធន៍ធ្លាប់មានសង្សាច្រើន គេមិនមែនញ៉ែស្ទាយបែបក្មេងស្ទាវទេ គឺគេញ៉ែបែបរ៉ូមែនទិច ឬធ្វើសកម្មភាពជំនួសឱ្យពាក្យលួងលោមនោះ។ អង្គុយធ្វើការបណ្ដើរគិតបណ្ដើរ ស្រាប់តែត្រូវបញ្ឈប់ការគិតង៉ក់ នៅពេលសំឡេងមួយបានបន្លឺក្នុងបន្ទប់ការិយាល័យដែលមានមនុស្សតែពីរនាក់។
«នារី!»
ខ្ញុំក៏ងាកមុខទៅរកម្ចាស់សំឡេងទាំងដែលដងខ្លួនរបស់ខ្ញុំកំពុងតែបែរទៅរកកុំព្យូទ័រ នៅចំពោះមុខ
«ចាស» សំឡេងមាំ បែបញញឹមបង្កប់អ្វីម្យ៉ាងបានបន្ដ
«ងាកខ្លួនមកផង?» ខ្ញុំចាប់ផ្ដើមម៉ូវហើយ មិនយល់ទេថាប្រសិនបើមិនបានធ្វើបាបមួយថ្ងៃប្រហែលជាដាច់ខ្យល់ស្លាប់ទេដឹង តើមនុស្សដែលចង់ឈ្នះប្រភេទដូចគេនេះ អាចមានសង្សាដែរឬទេ ហើយបើមានតើសង្សាគេមុខយ៉ាងម៉េចទៅ បើចរិកចង់តែគ្រប់គ្រងគេ ចង់ឱ្យគេធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញភាពសុខស្រួលរបស់ខ្លួនឯង។ ខ្ញុំដកង្ហើមធំ ហើយងាកមុខ និងខ្លួនទៅទៅរកគេ ចាំមើលថាគេនឹងធ្វើយ៉ាងម៉េច?
«ខ្ញុំមកងាកហើយ តើលោកមានការអី? ឆាប់និយាយមក? ខ្ញុំមានការងារច្រើនត្រូវធ្វើ ព្រោះបើធ្វើមិនហើយ ប្រហែលមិនបានទៅផ្ទះទេ មើលទៅ?» ញញឹមស្រស់ណាស់ណ+ លោកបុត្រ ចិត្តលោកធ្វើពីអីទៅ!
«មានអីញុំាទេ?»
«អូហូ! ព្រះជាម្ចាស់ គ្រាន់តែប៉ុននឹងសោះក៏ចាំបាច់ឱ្យខ្ញុំងាកទាំងមុខ នឹងខ្លួនទៅដែរ ទើបលោកនិយាយចេញ?»
«មែនហើយ មានឬមិនមាន?»
«ចាស…មាន» ខ្ញុំឆ្លើយទាំងមិនចង់ ហើយងើបទៅយកផ្លែកឈើនៅលើតុជិតនោះឱ្យគេ ពេលឃើញហើយគេបែរជាមិនចង់ទៅវិញ រួចក៏ដើរចេញទៅក្រៅបាត់ ហ៊ឺយពេលណាទើបផុតកម្ម ផុតពារជាមួយមនុស្សបែបនេះទៅ កាន់តែគេចកាន់តែជួប។ មិនទាន់ដាក់គូទអង្គុយបានស្រួលបួលផង សំឡេងស្រែកហៅបានបន្លឺចេញពីខាងក្រៅ
«នារី មកមុខបន្ដិចជួយការងារខ្ញុំមួយ!»
ព្រះជាម្ចាស់អើយ បើអាចជួយផ្ដល់ដៃឱ្យខ្ញុំមួយរយមក ការងារមួយមិនទាន់ចប់ មកមួយទៀតហើយ មើលទៅមិនរស់ទេជាតិនេះ ខ្ញុំញីសក់ខ្លួនឯងចង់ខ្ទិចទៅហើយមុនចេញទៅ
«ឱ្យលឿនឡើង នោះកាម៉េរ៉ានៅលើតុ យកមកថតវីឌីអូខ្លីពីការបង្រៀនរបស់គ្រូៗ ដើម្បីផ្សាយពាណិជ្ជកម្មពីកន្លែងយើងនៅលើគេហទំព័រ»
មិនបង្អង់យូរខ្ញុំស្ទុះទៅយកាម៉េរ៉ា ហើយចេញទៅមុខក្លឹប ដោយមិនចាំគេ ពេលកំពុងថតសកម្មភាពគ្រូ ស្រាប់តែសំឡេងហួច សំឡេងស្រែសរសើររពីសម្រស់ខ្ញុំនៅតាមដងផ្លូវបានបន្លឺឡើង គ្មានអ្នកណាក្រៅពីជាងសំណង់នៅជិតនោះទេ ពួកគេចូលចិត្តធ្វើបែបនេះ ខ្ញុំមិនប្រកាន់ពួកគេទេ ហើយក៏មិនជេរអីដែរ វាជាធម្មជាតិរបស់មនុស្សប្រុស ពេលពួកគេបញ្ចេញបែបនេះ ឆ្លុះបង្ហាញឱ្យឃើញថាពួកគេមិនលាក់លៀមដូចអ្នកខ្លះនោះទេ មិនបញ្ចេញ តែមិនដឹងថាពិសកម្រិតណា មើលទៅប្រហែលអាចលើសមីហិលគីមមូកម្រិតប្រាំពីរបូកទៀត។ ការថតរូបពិតជាត្រូវការបច្ចេកទេសមែន ប្រសិនបើចង់ស្អាតត្រូវតែរត់ទៅឆ្វេង រត់ទៅស្ដាំ ដូចជារាំអ៊ីចឹង មើលតែខ្ញុំទៅដឹងហើយទៅមុខទៅក្រោយ ទៅឆ្វេង ស្ដាំ ឡើងលើចុះក្រោម កំពុងតែរ៉េចុះរ៉េឡើង ស្រាប់តែចំហាយខ្លួនភាយមកនៅពីក្រោយខ្ញុំ ហើយដៃពីរទៀតបង្គ្រប់មកលើដៃរបស់ខ្ញុំដែលកំពុងកាន់កាម៉េរ៉ា ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងលែងញ័រ លែងអៀន ឬភ័យដូចកូនសត្វទៀតហើយ ប៉ុន្ដែខ្ញុំបែរជាមានអារម្មណ៍ផ្សេងខុសពីនឹងចំពោះម្ចាស់ខ្លួន ដែលឱបពីក្រោយ ខ្ញុំមិនបានសួរខ្លួនឯងទេ ថាហេតុអីត្រឹមតែមួយពព្រិចភ្នែកសោះ អារម្មណ៍របស់ខ្ញុំប្រែប្រួល ៣៦០ដឺក្រេ ហើយសុខចិត្តឱ្យដៃមួយនេះមកគ្របដណ្ដប់ ដោយគ្មានរើបំរះ ហើយបើសួរចិត្តខ្លួនឯងវិញថាគិតអី ក៏មិនដឹងដែរ ដឹងតែថានៅស្ងៀម។
ផ្ទៃមេឃស៊ីជម្ពូ…
ដើមឈើប្រែពណ៌មកជាបៃតងស្រស់ ខ្យល់បក់នាំយកក្លិនក្រអូបឈ្ងុញឈ្ងប់ ពពកពណ៌សរសាត់ពេញផ្ទៃលម្ហ ព្រឹកនេះពិតជាស្រស់ស្រាយខ្លាំងណាស់។ ទោះបីជាក្លឹបហាត់ប្រាណបានផ្ដល់ឱ្យភ្ញៀវចូលមកហាត់ប្រាណទទួលបានសុខភាពរាងកាយល្អ តែបរិយាសកាសនៅជុំវិញក្លឹបបាននាំយកភាពស្រស់បំព្រងមកជាមួយ ដូចជាខ្យល់អាកាសបរិសុទ្ធ ដល់ពួកគេឱ្យទទួលបានសុខភាពផ្លូវចិត្តធូរស្រាល បំបាត់ទុក ភាពនឿយហត់ និងមានក្ដីសុខប្រកបដោយសន្ដិភាព បន្ទាប់ពីហាត់ប្រាណពួកគេអាច មុជទឹក និងផឹកតែនៅទីនោះមុនចាកចេញត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួន។ ជាការពិតណាស់ការបើកជំនួញរកស៊ីមិនមែនត្រឹមតែបំពេញចិត្តអតិថិជន ដែលជាក្រុមគោលដៅរបស់យើងតែមួយមុខនោះទេ សូម្បីតែសេវា គុណភាព បរិស្ថាន ការរៀបចំ ត្រូវតែមានបច្ចេកទេស និងភាពច្នៃប្រឌិតផ្គួបផ្សំគ្នា តម្លៃអាចជាបញ្ហា តែវាក៏អាចប្រែប្រួលបានប្រសិនបើការផ្ដល់សេវាកម្មមួយមានភាពល្អឥតខ្ចោះ។ សំឡេងឆុងតែ និងក្លិន បានហោះហើរពេញក្លឹប ម៉ោងប្រហែលជា ៩ បុត្របានមកដល់ហើយចតឡាននៅខាងមុខរួចក៏ដើរចូលក្នុង តាមក្លិនតែ បានឃើញមនុស្សម្នាក់កំពុងលើទឹកតែចេញទៅតុទទួលភ្ញៀវខាងមុខ គេក៏ដើរតម្រង់ទៅបន្ទាប់ការរិយាល័យ ហើយយកទូរសព្ទចេញមក រួចចុចផ្ញើសារ «មកក្រោយបន្ដិចខ្ញុំមានរឿងនិយាយ?»
«មានការអីមែនទេ លោកបុត្រ»
«សម្រាប់ការទៅរតនគីរីថ្ងៃស្អែកនាងត្រូវតែរកអ្នកជំនួសឱ្យបាន» គេជាមេខ្ញុំ ហើយហេតុអីបានជាខ្ញុំជាអ្នកសម្របសម្រួលទៅវិញ ហ៊ឹមការងារពេលខ្លះក៏ស្រួល ពេលខ្លះក៏ពិបាកនៅពេលដែលបុគ្គលិកផ្សេងរវល់ខ្ញុំតែងតែមកធ្វើការជំនួសពួកគេរហូត ចំណែកពួកគេវិញ នៅពេលខ្ញុំពឹងគ្មានអ្នកណាជួយបានសោះ ព្យាយាមហើយគ្មានអ្នកអាចជួយខ្ញុំបានខ្ញុំក៏សម្រេចចិត្តប្រាប់គេវិញថាខ្ញុំមិនបាច់ទៅរតនគីរីជាមួយគេទេ ព្រោះវាមិនមែនជាកិច្ចការចាំបាច់ផង គ្រាន់តែទៅជួយកិច្ចការហាត់ប្រាណនៅតាមខេត្តតែប៉ុណ្ណោះ។ សម្រេចចិត្តហើយខ្ញុំក៏ដើរចូលទៅខាងក្នុងដើម្បីប្រាប់គេ
«លោកបុត្រខ្ញុំព្យាមយាមអស់ហើយ គ្មានអ្នកណាអាចជួយខ្ញុំបានទេ អ៊ីចឹងខ្ញុំសម្រេចចិត្តថាមិនចាំបាច់ទៅទេ?»
«ខ្ញុំមិនដឹងទេ នាងដោះស្រាយខ្លួនឯង»
«អ៊ីចឹងខ្ញុំសម្រេចចិត្តថាមិនទៅទេ លោកអាចប្រាប់ខាងអ្នករៀបចំកន្លែងស្នាក់នៅឱ្យដកបន្ទប់ចេញវិញបាន»
«បាន»
ខ្ញុំមិនចង់ធ្វើជាមនុស្សបាតដៃខ្នងដៃនោះទេ ថាទៅហើយ បែរជាមិនទៅ តែធ្វើម៉េចបើពួកគេមិនទំនេរ។ មួយសន្ទុះក្រោយមក សំឡេងឆាតមួយបានលោតឡើងក្នុងទូរសព្ទខ្ញុំថា បងអាចជំនួសបាន ខ្ញុំសម្លឹងទូរសព្ទ ទាំងទឹកមុខឆ្ងល់ថាមុននឹងមិនអាចជួយបានទេ ព្រោះរវល់ តែពេលនេះបែរជាជួយបានទៅវិញ ឱ្យខ្ញុំនិយាយជាមួយលោកបុត្រថាម៉េចទៅ ព្រោះខ្ញុំបានប្រាប់គាត់ហើយ ថាមិនអាចទៅបានទេ? ហ៊ឺយដកដង្ហើមធំ ហើយខ្ញុំក៏សម្រេចចិត្តចុចផ្ញើសារទៅលោកបុត្រវិញថាខ្ញុំអាចទៅបាន។
«ខ្ញុំបានប្រាប់គេរួចហើយ ថាបន្ទប់ត្រូវដកមួយចេញ» ខ្ញុំក៏តបទៅវិញ
«មិនអីទេ អ៊ីចឹងខ្ញុំមិនទៅក៏បានដែរ» ឃើញលោកបុត្រមើលរួចមិនតបមកវិញ ខ្ញុំក៏ចេញពីធ្វើការ ហើយត្រឡប់ទៅផ្ទះរើខោអាវចេញវិញ ព្រោះមិនបានទៅ ស្រាប់តែទៅដល់ផ្ទះបើកទូរសព្ទមកឃើញសារលោតមកថា
«អាចមកបានបន្ទប់ខ្ញុំមិនទាន់ប្រាប់គេឱ្យដកចេញទេ» ពេលនេះមិនមែនខ្ញុំជាអ្នកបាតដៃខ្នងដៃទេ គឺជាគេ ធ្វើបាបខ្ញុំតាំងពីដើមទី ហើយឱ្យតែធ្វើអ្វីជាមួយគេម្ដងៗមិនដែលថាមិនកុងគ្នានោះទេ ជីវិត ពិតជាអ៊ីចឹងមែនទេ? កុំគិតច្រើនឆាប់រៀបចំឥវ៉ាន់ មុជទឹកចូលគេ កុំឱ្យអត់មានកម្លាំងជិះឡានស្អែក។ ព្រឹកឡើងមិនទាន់ខ្ញុំប្រញាប់ងើបលុបមុខ រៀបចំខ្លួន ខ្លាចឡាន ចេញចោល ពេលទៅដល់បេនឡានត្រូវញុំាអាហារពេលព្រឹកសិនមុនចេញទៅ មើលមីនុយរួចខ្ញុំបានកម្មង់បាយសាច់ជ្រូកពងទាក្រឡុក ដោយសារខានញុំាយូរមកហើយ។ បន្ទាប់ពីកម្មង់អ្នកលក់លើកមកម្ដងមួយចានៗ រហូតគ្រប់គ្នាលើកលែងតែខ្ញុំមិនទាន់ឃើញមក ចាំៗៗយូរទៅកូនសិស្ស និងគ្រូផ្សេងៗញុំារួច នៅតែខ្ញុំមិនទាន់បាន យ៉ាងម៉េចចេះអ្នកលក់ ហាងមិនសូវជាមានភ្ញៀវតែម៉េចបានជាយូរម្លោះ។ ខ្ញុំអង្គុយឈ្ងោកមុខចុះ មនុស្សដែលជាគូប្រជែង បានលើកបាយមកឱ្យខ្ញុំ ហើយនិយាយពាក្យថាសូមទោសដែលឱ្យចាំយូរ ឃើញបែបនេះលែងខឹង លែងសម្លក់ បែរជាចង់សើចវិញ តែមិនហ៊ានសើចគ្រាន់តែញញឹមក្នុងចិត្ត លោកបុត្រទម្លាក់បាយចុះ ហើយដើរទៅកន្លែងគេអង្គុយវិញ ទឹកមុខគេហាក់ដូចជាយ៉ាងម៉េចមិនដឹងទេ ចេះតែញញឹម តែមិនដឹងមានន័យថាម៉េច ខ្ញុំមើលមិនធ្លុះ ហើយក៏ស្មានចិត្តមនុស្សចាស់ម្នាក់នាក់មិនត្រូវដែរ។ រួចរាល់ពួកយើងក៏រៀបចំឡើងឡាន ពេលកំពុងឡើងឡានជីតា ជាគ្រូស្រីម្នាក់ដែលប្រាប់ខ្ញុំអំពីការចាប់ចិត្តរបស់នាងចំពោះលោកបុត្រកាលពីលើកមុននោះបានរត់ឡើងយ៉ាងលឿនមុនខ្ញុំ សកម្មភាពរបស់នាងរត់ឡើងបន្ទាប់ពីឃើញលោកបុត្រឡើងទៅមុន ពេលដល់លើឡាននាងមិនបានទៅអង្គុយកៅអីនៅជួខាងក្រោយទេ គឺអង្គុយនៅកៅបន្ទាប់ខាងក្រោយត្រង់ផ្លូវដើរ នាងជ្រើសរើសកន្លែងនេះព្រោះជិតលោកបុត្រ ខ្ញុំក្រវីក្បាលហាក់មិនយល់ពីសកម្មភាពរបស់នាង បង្ហាញស្រស់ៗពេក។ បន្ទាប់មកខ្ញុំក៏ឡើងទៅកៅអីក្រោយ ហើយអង្គុយក្រោយលោកបុត្រ ចំណែកអ្នកគ្រូម្នាក់ទៀតមកអង្គុយជិតខ្ញុំ
«លោកបុត្រអា ញុំាចេកឆាបទេ ខ្ញុំទិញមក ស្រួយឆ្ងាញ់ខ្លាំងណាស់ សាកបន្ដិចទៅ?» ជីតាមិនហៅអ្នកណាក្រៅពីលោកបុត្រ ម្ចាស់ចិត្តរបស់គេ ហើយលោកបុត្រក៏មិនណយដែរ គ្រាន់តែឮភ្លាមងាកទៅញញឹមដាក់គេ
«បញ្ចុកខ្ញុំមក» សំឡេងនិយាយបែបព្រាន បង្កប់ស្នាមញញឹមនៅលើបបូមាត់របស់គេ សម្ដីលែបឃាយ តែភ្នែកដៀងមកខ្ញុំ កុំដៀងមកអីខ្ញុំមិនបានហៅទេ ងាកទៅរកម្ចាស់សំឡេងហៅលោកទៅ
«មិនកើតទេលោកបុត្រ ខ្ញុំគិតថាមិនសមទេ» ជីតានិយាយបណ្ដើរអៀនបណ្ដើរ ប្រហែលជានាងមិនដឹងថាគេកំពុងតែល្បួងនាងទេ ហ៊ឺយ ខ្ញុំងាកមុខចេញមិនមើលពួកគេផ្អែមល្ហែមដាក់គ្នាទេ។ តាមដងផ្លូវព្រឹកព្រលឹមនៅទីក្រុងភ្នំពេញមានមនុស្សច្រើនណាស់កំពុងជិះម៉ូតូ ឡាន កង់ទៅធ្វើការ តាមផ្លូវខ្លះសម្បូរដើមឈើ ធំៗ ផ្ដល់ជាម្លប់ត្រជាក់ ព្រមទាំងខ្យល់អាកាសបរិសុទ្ធថែមទៀតផង កំពុងគយគន់ទេសភាពតាមដងផ្លូវ ខ្ញុំក៏លូកយកគ្រាប់ស្វាយចន្ទីពីក្នុងកាបូបមកញុំា ហើយក៏ហៅអ្នកគ្រប់គ្នានៅក្នុងឡានញុំាដែរ អ្នកផ្សេងលូកយកគ្រប់គ្នាលើកលែងតែលោកបុត្រ
«លោកបុត្រញុំាគ្រាប់ស្វាយចន្ទីទេ?» ខ្ញុំសួរ ព្រោះគេមិនឆ្លើយ កុំឱ្យថាខ្ញុំអត់សុជីវធម៌
«បញ្ចុកខ្ញុំមក» គេឆ្លើយទាំងមិនងាកមុខមក
«បើញុំាយកខ្លួនឯងទៅ ដៃលោកមាន ហើយលោកក៏មិនឈឺ ដល់ថ្នាក់ប្រើដៃមិនកើតឯណាមែនទេ?» គេមិនតបតជាមួយខ្ញុំទេ គ្រាន់តែងាកមកហើយលូកដៃយកគ្រាប់ស្វាយចន្ទីពីខ្ញុំ ប្រសិនបើធ្វើបែបនេះរហូតប្រាកដជាល្អហើយកុំគុំអីណា ហើយក៏កុំសងសឹងខ្ញុំអី ព្រោះលោកជាអ្នកចាប់ផ្ដើមមុនទេ។ ឡានចេះតែបន្ដដំណើរទៅមុខ លោកគ្រូអ្នកគ្រូនៅក្នុងឡានទាំងអស់សម្ងំដេកលក់យ៉ាងស្កប់ស្កាល់ បូករួមទាំងខ្ញុំផងដែរ។
ពេលភ្ញាក់ឡើងពួកយើងក៏មកដល់ទឹកដីខេត្តរតនគីរី វ៉ោធម្មជាតិ ព្រៃព្រឹក្សាពិតជាស្រស់ស្អាតមែន ពួកយើងមិនត្រឹមតែបានឃើញសម្រស់ព្រៃទេ នៅមានសំឡេងបក្សាបក្សីច្រៀងបំពេរទៀត សំឡេងទាំងនេះពិរោះសណ្ដំដួងចិត្តរបស់ខ្ញុំ និងអ្នកដំណើរផ្សេងទៀតណាស់។ ក្រោយពីចុះពីឡានសម្រាកលម្ហែឱ្យបាត់ហត់បន្ដិចពួកយើងក៏បែកគ្នាទៅបន្ទប់រៀងៗខ្លួន ហើយបន្ទប់ពួកយើងត្រូវស្នាក់នៅនោះមិនមែនជាបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់នៅជិតគ្នានោះទេ គឺជាផ្ទះរបស់ជនជាតិទំពូន ក្នុងនោះមានបួនផ្ទះ ដាច់ៗពីគ្នា ចំងាយពីភូមិមួយទៅភូមិមួយ។ យប់ឡើងពួកយើងក៏មកជួបជុំគ្នានៅផ្ទះសហគមន៍ ជិតបឹងយក្សឡោម នារាត្រីនោះ ព្រះចន្ទបានបញ្ចេញសម្រស់បំភ្លឺលោកល្អជាទីគាប់នេត្រា ខ្ញុំមិនចង់ដកភ្នែកចេញនោះទេ ពេលកំពុងមើលកញ្ញាក៏ចុះមកដែរ ខ្ញុំស្ទុះរត់ទៅទាញដៃមិត្តមកឱ្យមើលជាមួយគ្នាថាស្អាតប៉ុនណា កញ្ញាមើលបានមួយភ្លាត រួចក៏ថតរូប ហើយឡើងទៅលើវិញ ខ្ញុំបន្ដនៅមើលម្នាក់ឯងមួយសន្ទុះទៀត ហើយចាំឡើងទៅវិញបន្ទាប់ពីមើលហើយ បម្រុងបែរខ្លួនឈានជើងត្រឡប់ទៅវិញ ក៏ប៉ះខ្លួនមនុស្សម្នាក់ទៀតឈរនៅពីក្រោយខ្នង ខ្ញុំឈប់ទ្រឹងហើយងើបមុខឡើងសម្លឹងមុខគេ ទាំងភ្នែកទល់ភ្នែក ច្រមុះទល់ច្រមុះ ថ្ងាសទល់ថ្ងាស ខ្ញុំសឹងតែវង្វេងស្មារតីអស់ទៅហើយ ហើយក៏ឈានជើងថយក្រោយវិញមួយជំហាន
«អូសដៃខ្ញុំទៅមើលព្រះចន្ទផង» បុត្រហុចដៃរបស់គេមករកខ្ញុំ ឱ្យខ្ញុំធ្វើកាយវិការដូចទាញដៃកញ្ញាមុននឹង ខ្ញុំសម្រួលទឹកមុខមកវិញ
«លោកឈរត្រង់នឹងហើយ មើលខ្លួនឯងទៅ មិនចាំបាច់ខ្ញុំទាញដៃទេ» និយាយចប់ខ្ញុំដើរចេញ ពេលចេញផុតពីមុខគេខ្ញុំលួចញញឹមក្នុងចិត្តម្នាក់ឯង
យប់នេះដេកមិនលក់សោះខ្ញុំចេះតែគិតដល់រូបភាពដែលគេផាត់សក់ខ្ញុំ ទាញដៃខ្ញុំ ឱប កាយវិការទាំងអស់នេះជាអ្វីទៅ? គ្រាន់តែជាកាយវិការធម្មតា ឬយ៉ាងម៉េច ខ្ញុំមិនដឹងទេ ហេតុអីខ្ញុំលែងភ័យ លែងអៀនពេលនៅជាមួយគេ ហើយបែរជាហ៊ាននិយាយឌឺដង ផ្លែផ្កា ភាសាស្ដាប់មើលទៅដូចជាមិនត្រូវគ្នា តែខ្ញុំនឹងគេពេលនៅជិតគ្នា បែរជាមានអារម្មណ៍មួយស្មានមិនត្រូវ ធម្មជាតិ និងពិភពលោកនៅជុំវិញខ្លួនខ្ញុំពេលនេះ ត្រូវបានអ្នកគ្រប់គ្នាមើលឃើញនិងនិយាយថាវាមានពណ៌បៃតង តែខ្ញុំបែរជាមិនឃើញពណ៌បៃតងដូចគេនិយាយទេ វាទៅជាពណ៌ផ្សេង ហើយពណ៌នោះស្រស់ស្អាត និងស្រស់ថ្លាខ្លាំងណាស់ អ្វីដែលខ្ញុំប្រាប់ខ្លួនឯងគឺខ្ញុំមិនមានចិត្តស្រឡាញ់ ឬស្អប់គេទេ ខ្ញុំគ្រាន់តែដឹងថានៅលើភពផែនដីនេះដូចជាមានតែគេ ហើយនឹងខ្ញុំអ៊ីចឹង ខ្ញុំអស់សំណើចចំពោះខ្លួនឯងណាស់ តើឯងកំពុងគិតអីនារី ហេតុអីពេលឯងនៅក្បែរគេឯងបែរជាមានអារម្មណ៍ថាមានកម្ដៅអុនៗ ហើយកក់ក្ដៅយ៉ាងនេះ អេបានហើយៗឆាប់ដេកទៅ កុំញាប់ញ័រខ្លាំងពេក។ ព្រឹកនេះ ផ្ទៃមេឃមិនមែនពណ៌ទឹកសមុទ្រទេ បែរជាជំនួសឱ្យពណ៌ស៊ីជម្ពូទៅវិញ ខ្ញុំងើបរៀបចំខ្លួនទាំងទឹកមុខញញឹមហាក់មានក្ដីសុខទាំងផ្លូវចិត្ត នឹងផ្លូវកាយវាប្រៀបដូចជាមានឱសថទិព្វម្យ៉ាងហោះចូលមកធ្វើឱ្យខ្ញុំស្រើបស្រាលពេញខ្លួនប្រាណ ពេលរៀបចំខ្លួនរួចខ្ញុំប្រញាប់បរិភោគអារហារពេលព្រឹក ហើយចេញទៅជួយសម្របសម្រួលកម្មវិធីហាត់ប្រាណដល់យុវជនខេត្តរតនគីរីជាមួយលោកគ្រូអ្នកគ្រូផ្សេងទៀត។ បេសកម្មថ្ងៃនេះដំណើរការរលូនបានល្អណាស់ នៅពេលកម្មវិធីចប់ពួកយើងបានណាត់ជួបជុំគ្នាយប់នេះនៅកន្លែងផ្ទះជួបជុំរបស់សហគមន៍ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ទាក់ទងនឹងផ្នែកសុខភាព ចំណេះដឹង និងដុតភ្នក់ភ្លើង បោះតង់សម្រាកជុំគ្នាផងដែរ។ ពេលយប់មកដល់កម្មវិធីចាប់ផ្ដើមទាំងយុវជន លោកគ្រូអ្នកគ្រូបានមកជួបជុំគ្នា អ្នកខ្លះនាំគ្នាលេងល្បែងកម្សាន្ដ អ្នកខ្លះដុតដំឡូវ ពោត អ្នកខ្លះអង្គុយជជែកគ្នា។ ខ្យល់បក់មកល្ហៀកៗ បាននាំយកភាពត្រជាក់មកជាមួយ រាងកាយរបស់ខ្ញុំញ័រទទ្រើកទៅហើយ ហេតុនេះទើបខ្ញុំអង្គុយនៅជិតភ្នក់ភ្លើងអាំងភ្លើងបណ្ដើរអោបដៃបណ្ដើរបំបាត់រងា
«នេះអាវ!» បុត្រដើរមកជិត ហើយហុចអាវឱ្យខ្ញុំ
«អរគុណហើយខ្ញុំមិនត្រូវការទេ!»
«ញ័រដូចកូនសត្វហើយថាមិនអីទៀត ហឹហឹ ខ្ញុំបារម្ភខ្លាចកូនចៅខ្ញុំរងាស្លាប់ ខ្ញុំគ្មានកូនសងគ្រួសារគេវិញទេ?»
«សុខភាពខ្ញុំមិនខ្សោយដល់ថ្នាក់នឹងទេ លោកក៏មិនបាច់បារម្ភដែរ បើខ្ញុំស្លាប់ក៏គ្មានអីពាក់ព័ន្ធជាមួយលោកដែរ!»
«មកនេះ!!!»
«អេធ្វើអីនឹង?» គេទាញខ្ញុំយកទៅអោប ជិតនឹងដើមទ្រូងរបស់គេ វ៉ោកក់ក្ដៅជាងភ្នក់ភ្លើងទៅទៀត ទេៗកុំគិតបែបនេះអី ប្រហែលជាគេមិនទាន់បន្ទោបង់ទេ បានជាខ្លួនក្ដៅ ខ្ញុំស្រមើស្រមៃតែម្នាក់ឯង ហើយក៏រើចេញពីដៃរបស់គេវិញ ណាមួយបារម្ភខ្លាចមានគេឃើញផង
«នៅឱ្យស្ងៀម ក្រែងរងាអេ ខ្ញុំនិយាយហើយថាខ្ញុំមិនអាចផលិតកូនបានមុខដូចនាងទេ បើនាងយ៉ាងម៉េចៗនោះ»
«នែក! និយាយល្មមៗបានហើយ លែង! អូយ….»
«ខ្ញុំប្រាប់ហើយថាឱ្យនៅឱ្យស្ងៀមបើមិនអ៊ីចឹងទេ នាងនឹងឈើខ្លាំងជាងនេះ កាន់តែរើ ខ្ញុំនឹងកាន់តែអោបនាងដូចពោះថ្លាន់រឹតមនុស្សឱ្យខ្ទិចឆ្អឹងអ៊ីចឹងណា»
ឮបែបនេះ ខ្ញុំមិនអាចរើឈ្នះទេ ហើយក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ក្រៅពីសំងំនៅក្នុងរង្វង់ដៃដ៏មាំរបស់គេ វាជាលើកដំបូងហើយដែលធ្វើឱ្យខ្ញុំទទួលបានភាពកក់ក្ដៅ ពេលនៅឆ្ងាយពីគ្រួសារ តែភាពកក់ក្ដៅនេះវាខុសគ្នាឆ្ងាយ។ នៅជុំវិញទីនោះខ្ញុំមិនអាចមើលឃើញ ឬឮអ្វីក្រៅពីសំឡេងបេះដូងរបស់គេ ហើយនឹងខ្ញុំទេ វាដូចជាមានតែយើងពីរនឹងអ៊ីចឹង សូម្បីតែខ្យល់ត្រជាក់ក៏គ្មាន ដែរ។ គេឱបបណ្ដើរនិយាយពីក្ដីស្រមៃរបស់គេបណ្ដើរ ស្ដាប់ពីភាពជោគជ័យរបស់គេមកដល់ថ្ងៃនេះខ្ញុំយល់ថាពិតជាអស្ចារ្យ ខ្លាំងណាស់គេសក្តិសមនឹងទទួលតំណែងមួយនេះ តាមពិតទៅភាពហ្មត់ចត់របស់គេសក្តិសមជាបុរស និងជាកូនប្រុសមែនទាំងរូបរាង ទាំងអត្ដរិក ទាំងបទពិសោធន៍ជីវិត។ ខ្ញុំពេញចិត្តនឹងភាពតស៊ូ ព្រមទាំងឆន្ទះទាំងអស់របស់គេ ម្យ៉ាងទៀតតួអង្គគេគឺដូចទៅនឹងបុរសក្នុងក្ដីស្រមៃរបស់ខ្ញុំអ៊ីចឹង
«អេលោក ខ្ញុំឈប់រងាហើយ តើលោកឈប់ឱបបានហើយនៅ?» ខ្ញុំមិនចង់ឱ្យអ្នកផ្សេងមើលមកមិនសមរវាងពួកយើងទាំងពីរនោះទេ
«មិនបាច់អៀនទេ ពួកគេឃើញហើយ» ខ្ញុំស្ទុះចេញពីទ្រូងគេ ហើយក្រឡេកមើលជុំវិញខ្លួន រួចសម្លឹងមើលមុខគេ
«អេ មិនបានទេ ឈប់ឱបទៅ លោកប្រើកម្លាំងចំណេញខ្ញុំពេកហើយ? នេះកុំតែជាមេទេ បើមិនអ៊ីចឹងខ្ញុំនឹងស្រែកឱ្យខ្មាសគេមិនខានទេ» គេសើច
«ហឹហឹៗ ពិតមែនអេ!»
«មែនហើយ! ហឹម លែងដៃលោកប្រ…ធាន» គេក៏លែងខ្ញុំ ហើយអង្អែលក្បាលខ្ញុំ រួចដើរចេញទៅបាត់ទៅ ពេលគេទៅបាត់ខ្ញុំរត់ចូលក្នុងតង់សម្ងំដេកភ្លាម។
គ្មានអ្វីឋិតថេរ…
ព្រឹកនេះងើបចេញពីតង់មកខ្ញុំសប្បាយចិត្ត រំភើបអរ ដោយគ្មានមូលហេតុតាំងព្រលឹម ហើយដើរតម្រង់ទៅតង់របស់កញ្ញា ដើម្បីបបួលទៅមុជទឹករៀបចំខ្លួន ពេលកំពុងមុជទឹកខ្ញុំបានចែករំលែករឿងយប់មិញទៅកាន់នាង
«ពីរនាក់ឯងនៅមាត់រឹងដល់ណាទេ បើមានលើចិត្តគ្នាហើយ ហេតុអីមិននិយាយទៅ?ចាំបាច់លាក់ទុកក្នុងចិត្តធ្វើអីឆ្ងល់ដល់ហើយ?» កញ្ញាស្ដាប់ហើយ និយាយមកកាន់ខ្ញុំ
«រឿងនេះយើងគិតតែម្នាក់ឯងនឹង សកម្មភាពប៉ុណ្ណឹងមិនអាចវិនិច្ឆ័យបានទេយាយ!» កញ្ញាញញឹម គេដុសធ្មេញបណ្ដើរ ហើយដើរមកជិតកៀកស្មារបស់ខ្ញុំ ដៃគេម្ខាងទៀតទាញចង្កាខ្ញុំឱ្យងើយមុខឡើងលើមើលមុខគេ
«នែ ឯងសាកនិយាយទៅមើលក្នុងចំណោមបុគ្គលិក ១២នាក់នេះណា មានអ្នកណាធ្លាប់ជួបរឿងដូចឯង ហើយសកម្មភាពវែកសក់ អោបអីបែបនឹង បើមនុស្សគ្មានចិត្តនឹងគ្នាគេធ្វើបែបនឹងទេហា?» ខ្ញុំក្រវីក្បាល
«យើងមិនដឹងទ? កុំសួរយើងអី អេ ឈប់និយាយទៅ ប្រញាប់ឡើងទៅភ្នំពេញវិញ»
ពួកយើងបានចាកចេញពីខេត្តរតនគីរី ហើយបន្ដដំណើរមកកាន់ទីក្រុមភ្នំពេញ នៅតាមផ្លូវខ្ញុំចូលចិត្តគយគន់ទេសភាពណាស់ កាន់តែមើលកាន់តែដក់ជាប់រូបភាពទាំងអស់នេះនៅក្នុងភ្នែករបស់ខ្ញុំរហូត។ សម្លឹងយូរៗភ្នែកចាប់ផ្ដើមទន់ ខ្ញុំក៏បានលង់លក់យ៉ាងស្រួលនៅលើឡាន។ សម្រាកនៅលើឡានស្រួលណាស់ មិនចង់ងើបសោះ ព្រោះដឹងថាតែបើកភ្នែកមក ប្រាកដជាដល់ភ្នំពេញល្មម ម្នាក់ៗរួសរាន់ចុះពីលើឡាន ព្រោះយប់ហើយប្រញាប់ទៅផ្ទះ នឹងអាលបានសម្រាកត យកកម្លាំងមកធ្វើការនៅថ្ងៃស្អែក។
ថ្ងៃនេះនៅកន្លែងធ្វើការស្វាគមន៍ដល់សមាជិកថ្មីទើបតែចូល នាងមានវ័យប្រហាក់ប្រហែលនឹងខ្ញុំដែរ កងជាក្មេងស្រីរួសរាយគួរឱ្យស្រឡាញ់ណាស់ ហើយនាងជាមនុស្សហ្មត់ចត់ដូចជាលោកបុត្រដែរ ទើបមានអ្នកខ្លះមិនសូវជាពេញចិត្តនាង ចំណែកកញ្ញាក៏ដូចគ្នានាងមិនចូលចិត្តកងទេ នាងថាគ្រាន់តែចូលថ្ងៃដំបូងនាងឃើញកងក្រញិកក្រញុកដាក់លោកបុត្រ ដូច្នោះនាងមានអារម្មណ៍ថាកងជាមនុស្សម៉េចមិនដឹងទេ។ ក្រោយពីស្វាគមន៍រួចខ្ញុំបានចូលទៅជួបជាមួយលោកបុត្រ មិនដឹងថាគាត់មានកិច្ចការអ្វីទេ?
«អង្គុយមក»
«អរ ចាស លោកបុត្រមានការអីដែរ បានជារកខ្ញុំ»
«ខ្ញុំមានរឿងចង់ជជែកជាមួយ ដោយសារតែរាល់ថ្ងៃខ្ញុំគ្រប់គ្រងការងារពីរកន្លែង ដូចនេះខ្ញុំចង់ឱ្យនាងជួយធ្វើជាជំនួយការផ្នែកទំនាក់ទំនងអង្គការ ហើយខ្ញុំនឹងតំឡើងប្រាក់ខែឱ្យនាងដែរ ចំណែកស្រីកងគឺជាជំនួយការក្លឹបរបស់ខ្ញុំ នាងយល់យ៉ាងម៉េចដែរ?»
«ចាស ល្អប្រសើរណាស់លោក ខ្ញុំអាចធ្វើបាន»
«ល្អហើយ អ៊ីចឹងមានជាសំណួរអីទេ?»
«គ្មានទេ អរគុណលោកច្រើន»
«អ៊ីចឹងត្រៀមខ្លួនទៅ បន្ដិចទៀតខ្ញុំទៅជួបគេ នាងត្រូវទៅជាមួយខ្ញុំដែរ»
«ចាស»
ចេញពីជួបលោកបុត្រខ្ញុំក៏ទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួន ហើយជួបជាមួយស្រីកង
«អេ កងធ្វើអីនឹង ថ្ងៃដំបូងសោះលើកតុ លើកឥវ៉ាន់ច្រើនម្លេះ? នេះបន្ទប់ដាក់លក់សម្លៀកបំពាក់តើ កងរើឥវ៉ាន់មកធ្វើការនៅបន្ទប់នេះមែនទេ?»
«ចាស លោកបុត្រ ឱ្យពួកយើងរៀបចំបន្ទប់ការិយាល័យថ្មី គាត់ថាគាត់ត្រូវការបន្ទប់ការរិយាល័យមួយទៀត»
«អរ យល់ហើយ ខ្ញុំមានការចេញទៅក្រៅជាមួយលោកបុត្រ អ៊ីចឹងខ្ញុំមិនបានជួយរៀបចំទេណា បើសិនមកវិញ កងរៀបចំមិនទាន់ហើយចាំខ្ញុំជួយ»
«មិនអីទេ ខ្ញុំអាចធ្វើបាន ណាមួយលោកបុត្រ នឹងខ្ញុំត្រូវរៀបចំបន្ទប់នេះជាមួយគ្នា អរខ្ញុំចង់មានន័យគាត់ជាអ្នកច្នៃប្រឌិតត្រូវដាក់របស់របរកន្លែងណា ហើយខ្ញុំជួយគាត់»
«ចាស ខ្ញុំអត់បានគិតអីទេ ok អ៊ីចឹងខ្ញុំទៅសិនហើយណា»
លោកបុត្រមិនទាន់ចុះមកខ្ញុំអង្គុយជជែកលេងជាមួយលោកគ្រូលី នៅតុទទួលភ្ញៀវខាងមុខព្រោះកូនសិស្សរបស់គាត់មិនទាន់មកដល់ ពួកយើងជជែកគ្នាយ៉ាងសប្បាយ លោកលីរួសរាយ ថែមទាំងប្រសប់កំប្លែងទើបមានសិស្សជាច្រើនចូលចិត្តហាត់ជាមួយគាត់។ កំពុងតែអស់សំណើចនឹងរឿងលោកគ្រូ លោកបុត្រចុះមកដល់ល្មម
«យើងទៅឥឡូវនេះមែនទេលោកបុត្រ? ខ្ញុំចាំលោកមួយសន្ទុះហើយ?» គេមិននិយាយស្ដីអីទេ សូម្បីមុខខ្ញុំមិនមើលផង កើតអីចេះ មុននឹងនិយាយគ្នាធម្មតាតើ ខ្ញុំក៏លាលោកគ្រូលីចេញទៅ។ លោកបុត្រចាំនៅក្នុងឡានខ្ញុំទៅដល់ប្រញាប់បើកទ្វារក្រោយចូលអង្គុយ គេបើកកញ្ចក់ទ្វារឡាន សម្លឹងមកខ្ញុំទាំងមុខមាំ ហើយនិយាយយ៉ាងសោះកក្រោះ
«មកអង្គុយខាងមុខមក ខ្ញុំមិនមែនអ្នកបើកឡានឱ្យនាងទេ»
«ចាស» ខ្ញុំឆ្លើយហើយ ក៏ដើរទៅបើកទ្វារឡានខាងមុខ
«ដាក់ខ្សែក្រវ៉ាត់ផង!»
«ចាស អូយយសស..»ខ្ញុំមិនទាន់ដាក់ខ្សែក្រវ៉ាត់ហើយផង លោកបុត្របើកឡានចេញទៅយ៉ាងលឿនខ្ញុំសឹងតែបែកក្បាលហើយ
«លោកបុត្រ យ៉ាងម៉េចនឹង ខ្ញុំមិនទាន់ពាក់ខ្សែក្រវ៉ាត់ហើយទេណា លោកមួម៉ៅមកពីណាបានជាមកបញ្ចេញកំហឹងដាក់ខ្ញុំ? ដើរកាន់មិញសួរក៏មិនឆ្លើយ ខ្ញុំឡើងមកដល់ឡាននិយាយកំបុតៗ នៅមកបើកឡានអ៊ីចឹងទៀត ខ្មោចចូលទេដឹង?»
«ក្រែងនិយាយជាមួយគេសប្បាយណាស់អេមិញ ខ្ញុំមកកាន់ចង្វាក់អេបានជាមិនសប្បាយចិត្ត? ឃើញសើច កាយវិការស្និទ្ធស្នាលណាស់ ចង់ឱ្យគេអោបហើយមើលទៅ នេះនៅទីក្រុងមិនមែននៅរតនគីរីទេ» គេនិយាយទាំងមិនមើលមុខខ្ញុំ ខ្ញុំជ្រួញ ចិញ្ចើមរួចងាកទៅរកគេ
«លោកយ៉ាងម៉េចនឹងលោកបុត្រ ខ្ញុំនឹងអេចង់ឱ្យគេអោបមានតែលោកទេ ដែលអោបគេទាំងដែលគេមិនព្រម» ផ្ទៃមុខគេចាប់ផ្ដើមក្រហម ហើយលែងតបជាមួយខ្ញុំ គេបើកឡានកាន់តែលឿនទាំងដែលដឹងថាខ្ញុំ ខ្លាចលឿន ខ្ញុំលែងនិយាយ។ កើតអីចេះថ្ងៃនេះមានជំនួយការថ្មីគួរតែសប្បាយចិត្ត បែរជាមកជះកំហឹងដាក់ខ្ញុំទៅវិញ។ ជួបអតិថិជនរួច គេបើកឡានមកវិញ ហើយមិននិយាយជាមួយខ្ញុំសូម្បីមួយម៉ាត់ខ្ញុំក៏មិននិយាយដែរ ពេលដល់កន្លែងធ្វើការវិញ ខ្ញុំក៏មិនរំខានពួកគេរៀបចំបន្ទប់ដែរ។ ចប់ម៉ោងធ្វើការខ្ញុំរៀបចំសម្ភារ:ទៅផ្ទះ គេចូលមកក្នុងបន្ទប់ការិយាល័យ ព្រមទាំងកាន់ទឹកផ្លែឈើមកមួយកែវចូលមក តម្រង់មករកខ្ញុំកាន់តែជិត ជិតពេករហូតដល់ខ្ញុំថយទៅក្រោយខ្ញុំកាន់តែថយគេកាន់តែចូល រហូតដល់ខ្ញុំប៉ះទៅនឹងជញ្ជាំងមិនអាចថយក្រោយទៀតបាន ពេលនោះគេឈប់ដូចគ្នា ដោយនៅរក្សាភ្នែកសម្លឹងមកខ្ញុំដដែល សំឡេងបេះដូងចាប់ផ្ដើមលោតទៀតហើយ មិនមែនភ័យ ឬអៀនទេ តែញាប់ញ័រ
«អឹម អើ លោក លោក …លោកមានការអី?»
«គ្មានទេ យកភេសជ្ជមកឱ្យ» គេនិយាយទាំងញញឹមរួចទុកទឹកផ្លែឈើនៅលើតុ ហើយចុះទៅបាត់ទៅ។ ខ្ញុំសម្លឹងទាល់តែគេចុះទៅបាត់ ហើយឡើងឡានចេញទៅ ទើបយកមកញុំាហើយចេញមកផ្ទះ។
កងមកធ្វើការបានបីខែហើយ នាងតែងតែនិយាយរឿងនាងនឹងលោកបុត្រប្រាប់ខ្ញុំ ខ្ញុំមិនដឹងទេថានាងនិយាយក្នុងគោលបំណងចែករំលែកធម្មតា ឬក្នុងន័យអ្វី។ ថ្ងៃនេះពួកគេនៅកែច្នៃទ្វារបន្ទប់ក្លឹបហាត់ប្រាណខាងមុខជាមួយគ្នា ចំណែកខ្ញុំត្រូវនៅទទួលភ្ញៀវខាងមុខនោះដែរ ខ្ញុំចង់ដើរចេញពីទីនោះតែមិនអាច ពួកគេធ្វើសកម្មភាពស្និទ្ធស្នាលនៅចំពោះមុខខ្ញុំទោះបីខ្ញុំនឹងលោកបុត្រមិនត្រូវជាអ្វីនឹងគ្នា មិនមែនសង្សា មិនបានប្រើពាក្យស្រឡាញ់ តែខ្ញុំទទួលស្គាល់ថាបេះដូងថ្មរបស់ខ្ញុំត្រូវបានគេចាក់សោរចូលទៅខាងក្នុងបានហើយ គេជាមនុស្សមុនគេបង្អស់ដែលអាចចូលមកបាន អ្វីៗសុទ្ធតែថ្មី និងលើកទីមួយក្នុងជីវិតរបស់ខ្ញុំ។ សកម្មភាពដែលកងបានរៀបរាប់ប្រាប់ខ្ញុំកន្លងមក ខ្ញុំក៏យល់ដូចកញ្ញា និងអ្នកផ្សេងដែរថានាងមានចិត្តលើលោកបុត្រ តែលោកបុត្រមានចិត្តឬមិនមានចិត្តទៅលើនាងគ្មានអ្នកណាដឹងទេ ចំណែកឯអ្នកដែលដឹងរឿងខ្ញុំមានតែកញ្ញា សកម្មភាពគេធ្លាប់ធ្វើដាក់ខ្ញុំត្រូវបានធ្វើដាក់កង ៤០ភាគរយទៅហើយ។ ខ្ញុំត្រូវបានភ្ញាក់ព្រឺតនៅពេលឮសំឡេងស្រីកងស្រែក
«អូយៗៗ ឈាមហើយៗ» នាងដំដែកគោលហើយមុតត្រូវដៃ ព្រមទាំងស្រែកឮៗឱ្យលោកបុត្រមកមើល លោកបុត្រមើលហើយ ប្រាប់ឱ្យទៅរកថ្នាំ គ្រាន់តែឮពាក្យនេះនាងរត់ទៅរកថ្នាំភ្លាម ពេលមុតភ្លាមមិនមកទេ ចាំលោកបុត្រមកមើលសិន។ នាងដើរមករកខ្ញុំសួរនាំរឿងថ្នាំ ពេលខ្ញុំយកឱ្យរួចហើយ នាងមិនឱ្យខ្ញុំជួយលាប និងរុំឱ្យនាងទេ នាងសុខចិត្តធ្វើខ្លួនឯង ហើយរត់ទៅធ្វើបន្ដជាមួយលោកបុត្រទៀត។ ខ្ញុំមានអារម្មណ៍ចម្លែកណាស់នៅពេលឃើញគេប្រែប្រួលបែបនេះ ចុះសកម្មភាពពីមុនលោកគិតយ៉ាងម៉េចលោកបុត្រ តើលោកសាងឡើងធ្វើអ្វី? ឬមួយលោកមានបញ្ហាអី? ហេតុអីបានជាព្រងើយ កន្ដើយបែបនេះ? ខួរក្បាលរបស់ខ្ញុំពោរពេញទៅដោយសំណួរ ប៉ុន្ដែគ្មានចម្លើយ។ ពេលខ្ញុំមានអារម្មណ៍ក្រៀមក្រំចំពោះភាពមិនខ្វល់ខ្វាយរបស់លោក ខ្ញុំក៏បានចែករំលែករឿងនេះទៅកាន់មិត្តភក្ដិរបស់ខ្ញុំ កញ្ញាបានលើកទឹកចិត្តខ្ញុំ ហើយនាងប្រាប់ថា នាងយល់ថារវាងខ្ញុំនឹងលោកបុត្រមិនមែនជាបុគ្គលិក និងអ្នកគ្រប់គ្រងទេ សកម្មភាព ទង្វើ និងអារម្មណ៍សុទ្ធតែពេញចិត្តគ្នាទៅវិញទៅមក តែពួកយើងមិនដឹងថាលោកបុត្រកើតអីនោះទេបានជាគេក្លាយទៅជាមនុស្សបែបនឹង គ្មានអ្នកណាដឹងពីជម្រៅចិត្តរបស់គាត់? ម្នាក់ៗអាចដឹងពីទឹកមុខ ថាគាត់មិនសូវជារីករាយទេ ប៉ុន្ដែពេលដែលគាត់នៅចំពោះមុខបុគ្គលិកទាំងអស់គាត់ព្យាយាមសម្ដែងថាគាត់គ្មានបញ្ហាអី ដល់ពេលមកជួបជាមួយខ្ញុំវិញមិននិយាយស្ដី ថែមទាំងមិនសូវមកកន្លែងញឹកញាប់ដូចមុនទៀត។
ហ៊ឺយមិនអីទេ ជាពាក្យខ្ញុំប្រាប់ខ្លួនឯង ខ្ញុំអាចមានចិត្តលើគាត់តែម្ខាងយើងមិនសក្តិសមជាមួយគាត់ទេ ពាក្យលួងលោមទាំងនេះគ្រាន់តែនិយាយបង្ហើតាមខ្យល់តែប៉ុណ្ណោះ ធាតុពិតជាក់ស្ដែងខ្ញុំមិនអាចលាក់ទុកនូវអារម្មណ៍ទាំងអស់នេះតែម្នាក់ឯងនោះទេ។ ខ្ញុំបានចែករំលែករឿងនេះទៅកាន់កញ្ញាតែម្នាក់គត់ ដើម្បីរំសាយភាពតានតឹងរបស់ខ្ញុំឱ្យបានធូរ បន្ទាប់មកក៏រៀនរស់តាមទម្លាប់នៃជីវិត។
ចុងសប្ដាហ៍នេះពួកយើងត្រូវទៅចូលរួមពិធីមង្គលការអ្នកគ្រូស្រីម្នាក់ គាត់ជាបុគ្គលិករបស់យើងដែរ ខ្ញុំចេញទៅមុនកញ្ញា ពេលទៅដល់រោងការ បុគ្គលិក និងលោកគ្រូអ្នកគ្រូផ្សេងៗទៀតមកតាមក្រោយ។ ស្រីកងបានយកម៉ាក់របស់នាងទៅជាមួយដែរ ហើយនាងអង្គុយញុំាអាហាររួមតុជាមួយពួកយើង ញុំាបានបន្ដិចនាងក៏ទៅជួបមិត្តភក្ដិចាស់ៗរបស់នាង ដោយទុកម៉ាក់របស់នាងឱ្យនៅជាមួយពួកយើង។ នាងទៅជួបមិនទាន់បានប៉ុន្មានផង ស្រាប់តែឃើញលោកបុត្រមកដល់នាងរត់យ៉ាងលឿនមករកលោកបុត្រ ពួកគេនិយាយគ្នាបណ្ដើរ មើលទូរសព្ទលោកបុត្របណ្ដើរ នាងអង្គុយជាប់ជាមួយលោកបុត្រជាប់ ហើយម៉ាក់របស់នាងក៏នៅជិតនោះដែរ។ ខ្ញុំឃើញបែបនេះ ក៏បបួលកញ្ញាមកឡើងរាំជាមួយលោកគ្រូផ្សេងទៀត ខ្ញុំមិនចង់ធ្វើជាឆ្អឹងទទឺងកនរណាម្នាក់នោះទេ បើគេពេញចិត្ត និងសប្បាយចិត្តក្នុងការនៅជជែកជាមួយគ្នា យើងចាំបាច់នៅចាំស្ដាប់ធ្វើអី។ រាំមិនទាន់ឆ្អែតផងដល់ម៉ោងបាត់ បាស់ត្រូវបានបិទ ហើយបុគ្គលិកទាំងអស់នាំគ្នាទៅលាម្ចាស់ដើរការ ខ្ញុំចង់ទៅដែរ តែក្រោយពីឃើញស្រីកងដើរតាមលោកបុត្រទៅលាខ្ញុំផ្លាស់ប្ដូរចិត្តភ្លាម ហើយដើរចេញមកកន្លែងផ្ញើម៉ូតូមុន ពេលកំពុងដើរមិនទាន់ដល់ផងលោកបុត្រក៏ដើរមកពីក្រោយខ្នងរបស់ខ្ញុំ ហេតុអីលឿនម្លេះ ឃើញតែគេម្នាក់ឯងអ្នកផ្សេងមិនទាន់មកវិញ
«នាងជិះអីមក» ខ្ញុំនិយាយឆ្លើយទៅវិញទាំងមិនងាកមុខមើលគេ
«ជិះម៉ូតូជាមួយលោកគ្រូលី»
«ល្អហើយអ៊ីចឹង ខ្ញុំទៅមុនហើយ» ផ្លាស់ប្ដូរលឿនបែបនេះខ្ញុំបត់បែនមិនទាន់ទេ ពីមិនស្គាល់គ្នា មកជាស្គាល់គ្នា ពីស្គាល់គ្នាមកជាស្និទ្ធស្នាលគ្នា ទង្វើរបស់លោកនៅពេញខួរក្បាលខ្ញុំទាំងអស់ ខ្ញុំចាំមិនភ្លេចទេ ខ្ញុំព្យាយាមទប់ទឹកភ្នែករបស់ខ្ញុំមិនឱ្យស្រក់ចុះមកជាដាច់ខាត ហើយដកដង្ហើមបញ្ចេញនូវភាពតានតឹងតែម្នាក់ឯង។ ពាក្យចាស់លោកពោលមិនខុសទេ ថាស្នេហ៍គ្រាដំបូងមិនដែលជោគជ័យ ពេលត្រឡប់ទៅដល់ផ្ទះវិញខ្ញុំបានយកទូរសព្ទចេញមកខាងក្រៅចុចមើលរូបថតដែលមានជាមួយគេ ខ្ញុំពិតជាពិបាកទប់ទល់ជាមួយអារម្មណ៍មួយនេះណា ក្រោយពីមើលរូបភាពទាំងអស់នេះហើយខ្ញុំបានសម្រេចចិត្តលុបរូបដែលខ្ញុំមានជាមួយគេចោលឱ្យអស់ពីក្នុងទូរសព្ទរបស់ខ្ញុំ។ ចុងក្រោយរឿងរ៉ាវគ្រប់យ៉ាងត្រឹមតែជាមេរៀនសម្រាប់ខ្ញុំ បើលោកចូលមកហើយ ជ្រុលជាបង្កើតទង្វើល្អៗហើយចាំបាច់ចាកចេញពីខ្ញុំធ្វើអ្វីទៅ ហេតុអីយើងមិនជំនះពាក្យថាស្នេហ៍គ្រាដំបូងមិនដែលជោគជ័យនោះជាមួយគ្នាទៅ។ លោកអាត្មានិយមណាស់ទង្វើកន្លងមកលោកគ្រាន់តែសម្ដែងឱ្យខ្ញុំមើលតែប៉ុណ្ណោះ តើអ្វីទៅជាគោលបំណងនៅពីក្រោយការសម្ដែងរបស់លោក តើលោកមានចិត្តទេ ឬមួយលោកឯងជាមនុស្សគ្មានបេះដូង? ខ្ញុំស្អប់លោកឯងខ្លាំងណាស់ លោកគិតថាខ្ញុំនៅក្មេងមិនសក្តិសមជាមួយលោកមែនទេ បើអ៊ីចឹងមែនហេតុអីលោកមិនប្រាប់ខ្ញុំ ហ៊ឺៗ អរឬមួយលោកប្រកាន់វណ្ណ:ដែលខ្ញុំជាអ្នកក្រធ្វើការក្រោមបង្គាប់លោក ទើបលោកចង់ធ្វើយ៉ាងម៉េចក៏បាន?។ ហ៊ឺៗៗ តើលោកដាច់ចិត្តទេ ខ្ញុំកាន់ទូរសព្ទបណ្ដើរ យំបណ្ដើរ ដៃខ្ញុំចុចសារនៅលើទូរសព្ទទាំងញ័រទទ្រើក ទៅកាន់លោកបុត្រ គេមិនត្រឹមតែមិនឆ្លើយតបសាររបស់ខ្ញុំទេ ថែមទាំងមិនចូលមើលសាររបស់ខ្ញុំទៀត ទាំងដែលរាល់ដងខ្ញុំផ្ញើភ្លាមគឺគេចូលមើលភ្លាម។ អារម្មណ៍ខ្ញុំពេលនេះខុសពីរាល់ដង បេះដូងខ្ញុំលែងលោត ញាប់ញ័រអីទៀតហើយ វាកំពុងសម្ងំយំជាមួយខ្ញុំ ទោះជាវាមិនអាចបញ្ចេញទឹកភ្នែកតែវាកំពុងតែឈឺពឺតៗនៅក្នុងទ្រូងរបស់ខ្ញុំឆៀបៗ ខ្ញុំនៅតែមិនអាចភ្លេចគេបាន ទោះបីខ្ញុំព្យាយាមប្រាប់ខ្លួនឯងថានេះគឺជាមេរៀនជីវិតស្នេហគ្រាដំបូងមិនអាចក្លាយជាការពិតនោះទេ គេគ្រាន់តែមកបង្រៀនយើងឱ្យចេះស្គាល់ពីអារម្មណ៍កក់ក្ដៅ រំភើប សប្បាយចិត្ត ផ្ទៃមេឃពណ៌ស៊ីជម្ពូ និងភពផែនដីនេះមានតែយើងពីរនាក់ប៉ុណ្ណោះ។ អារម្មណ៍នេះអាចមកពីខ្ញុំតែម្ខាង សម្រាប់យើងគេជាមនុស្សដំបូង តែខ្ញុំសម្រាប់គេមិនមែនជាមនុស្សដំបូងទេ មួយយប់នេះខ្ញុំមិនដេកទេ ខ្ញុំសូមយំឱ្យអស់ចិត្ត ឱ្យអស់អារម្មណ៍ កុំឱ្យនឹកគេទៀតចាប់ពីពេលនេះទៅ ខ្ញុំត្រូវតែកាត់ចិត្ត។
មេរៀនជីវិត
ព្រឹកឡើងខ្ញុំបានដាក់ច្បាប់បីថ្ងៃទៅលេងស្រុកកំណើតនៅខេត្តបាត់ដំបង ខ្ញុំសង្ឃឹមថាបរិយាកាសនៅស្រុកស្រែអាចជួយកាត់បន្ថយការកើតទុក្ខរបស់ខ្ញុំបានខ្លះ។ ពេលទៅដល់ផ្ទះខ្ញុំបានចំណាយពេលនៅជាមួយយាយដាំបាយ ដាំទឹកជូនគាត់ពិសារ ហើយក៏ឆ្លៀតពេលទៅចម្កាលម្ហែអារម្មណ៍ ស្រូបយកខ្យល់បរិសុទ្ធឱ្យបានច្រើនចូលទៅក្នុងខ្លួន បង្កើតថាមពល សាកថ្មជីវិតឱ្យខ្លួនឯង។ នៅពីតូចខ្ញុំធ្លាប់ឱ្យពុកនិទានរឿងឱ្យស្ដាប់ តែនៅយប់នេះខ្ញុំសូមឱ្យយាយជាអ្នកនិទានបទពិសោធ៍ជីវិតឱ្យស្ដាប់វិញម្ដង ខ្ញុំគេងកើយភ្លៅរបស់យាយ ចំណែកយាយវិញដៃគាត់កាន់ក្រមាមួយបក់ទៅកប់មក គាត់ខ្លាចមុសមកខាំចៅ នៅទីជនបទមិនថាយប់ ឬថ្ងៃទេតែងតែត្រជាក់ ខ្ញុំគេងកើយភ្លៅយាយ ខ្លួនដណ្ដប់ភួយកុំឱ្យរងារខ្លាំង
«យាយ! តើយាយធ្លាប់ស្រឡាញ់នរណាគេម្នាក់ទេ ហើយម្នាក់នោះបានបង្រៀនឱ្យយាយស្គាល់អារម្មណ៍ថាស្រឡាញ់ ព្រមទាំងមានក្ដីសុខពេលនៅជាមួយគេ តើយាយធ្លាប់មានទេ?» ខ្ញុំសួរគាត់ចប់ គាត់សើចមុននឹងឆ្លើយតបមកកាន់ខ្ញុំ
«ហាសសស! នេះមកលេងយាយ ដោយសារតែខូចចិត្តមែនទេ? ចៅក្បាលខូចឯងនេះ» គាត់អង្អែលក្បាលខ្ញុំ
«ខ្ញុំសួរមែនណាយាយ តើយាយមានទេ?»
«ចុះយាយមានថាឯងនិយាយលេងឯណា! វាពិតជាមានហើយ គ្មានអ្នកណាអត់នោះទេសូម្បីតែតាឯង ម៉ាក់ឯង ពុកឯងក៏អញ្ចឹងដែរ»
«ចុះហេតុអីបានជាពួកគាត់មិនបានជួបគ្នាអ៊ីចឹងយាយ?»
«មកពីពួកគេមិនមែនគូ»
«មិនមែនគូ មានន័យថាម៉េចយាយ?»
«មានន័យថាគេជាគ្រូរបស់យើង តែគេមិនមែនជាអ្នកដែលត្រូវរស់នៅជាមួយយើងទេ ព្រោះមនុស្សយើងម្នាក់ៗសុទ្ធតែបានឆ្លងកាត់ការរៀនសូត្រ បើគ្មានការឈឺចាប់ក៏គ្មានភាពល្អប្រសើរ និងការស្គាល់ខ្លួនដែរណាចៅ»
«តើគ្រប់ការបង្រៀនទាំងអស់សុទ្ធតែធ្វើឱ្យឈឺចាប់គ្រប់មេរៀនមែនទេយាយ?»
«មិនមែនទេចៅស្រី គ្រប់មេរៀនទាំងអស់មិនមែនសុទ្ធតែជាមេរៀនឈឺចាប់ទេ ក្នុងចំណោមមេរៀនទាំងអស់មានតែមេរៀនមួយគត់ដែលអាចធ្វើឱ្យយើងចាំ ហើយបំភ្លេចមិនបាន នោះគឺមេរៀនជីវិត។ នៅក្នុងមេរៀនជីវិតនៅមានមេរៀនតូចៗជាច្រើនទៀត ហើយក្នុងនោះណាក៏មានមេរៀនស្នេហ៍គ្រាដំបូងនេះដែរ មេរៀនស្នេហ៍គ្រាដំបូងគ្មានអ្នកណាអាចគេចផុតបានទេ»
«ប្រសិនបើមិនអាចរំលងបាន តើយើងត្រូវធ្វើយ៉ាងម៉េចទៅយាយ ដើម្បីកុំឱ្យភាពឈឺចាប់មកបំផ្លាញអនាគតរបស់យើង?»
«បញ្ហាអ្វីក៏អាចដោះស្រាយបានដែរ សំខាន់តើយើងមានពេលវេលាឆ្លុះបញ្ចាំងទៅលើហេតុការណ៍ដែលយើងបានជួបប្រទះឬអត់ ដូចជាបញ្ហាស្នេហ៍គ្រាដំបូងនេះអ៊ីចឹង នៅពេលដែលយើងមិនអាចសមបំណង តើយើងអាចធ្វើយ៉ាងម៉េចដើម្បីដោះលែងភាពឈឺចាប់នោះចេញពីបេះដូង ខួរក្បាល នឹងអារម្មណ៍របស់យើងបាន។ យើងត្រូវចេះរៀនទទួលស្គាល់ការពិត ពេលដែលទទួលស្គាល់ការពិតហើយ ត្រូវចេះទទួលយកពេលវេលាថែទាំខ្លួនឯង ស្រឡាញ់ខ្លួនឯង ពេលដែលយើងអាចធ្វើវាបានហើយ យើងត្រូវចេះបើកចិត្តទទួលយកមេរៀនទាំងនោះ ទើបចៅនឹងលែងមានភាពឈឺចាប់ទៀត ហើយយើងប្រាកដជាចាប់ផ្ដើមមានអារម្មណ៍ល្អឡើងវិញជាក់ជាមិនខានណាចៅ។ ដូចនេះចៅស្រីយាយត្រូវចាំថាជីវិតគឺជាការភ្លក់គ្រប់រសជាតិមិនថាល្វីង ផ្អែម ជូរ សាប ប្រៃទេ ប្រសិនបើមិនបានភ្លក់គេមិនហៅថាជីវិតមានន័យទេណាចៅ?»
«ចាស អ៊ីចឹងន័យរបស់យាយចង់មានន័យប្រសិនបើភ្លក់ចំផ្អែមក៏រីករាយទទួលយក ល្វីងក៏រីករាយទទួលយក សំខាន់ត្រូវចេះទទួលស្គាល់ការពិត និងស្វែងរកដំណោះស្រាយ ទើបបញ្ហាជីវិតអាចដោះស្រាយបានដោយសន្ដិវិធី មែនទេយាយ?»
«ហឹម ត្រូវហើយ ឆ្លាតណាស់ ចៅស្រីយាយ»
ខ្ញុំសប្បាយចិត្តណាស់ ក្រោយពីស្ដាប់យាយហើយភាពឈឺចាប់នៅក្នុងខ្លួនរបស់ខ្ញុំបានចាកចេញអស់រលីង ខ្ញុំស្ទុះទៅអោបយាយយ៉ាងកក់ក្ដៅ និងពោរពេញដោយសុភមង្គល។ បន្ទាប់មកខ្ញុំក៏រៀបចំចូលដេក យប់ស្ងាត់ខ្យល់បក់ទៅប៉ះស្លឹកឈើឮ សំឡេងពិរោះរណ្ដំ ប្រៀបបីដូចជាភ្លេងអបអរសាទរនឹងភាពធូរស្រាលរបស់ខ្ញុំដែរ ខ្ញុំទាញភួយមកដណ្ដប់ទាំងអារម្មណ៍រំភើបក្នុងការចាប់ផ្ដើមជាថ្មី ហើយញញឹមផ្ដល់កម្លាំងចិត្តឱ្យខ្លួន ខ្ញុំត្រូវប្ដេជ្ញាចិត្តធ្វើឱ្យពិភពលោកនេះឃើញថាខ្ញុំមិនចុះចាញ់នឹងមេរៀនជីវិតនោះទេ និយាយចប់ខ្ញុំបិទភ្នែកសំងំដេកយ៉ាងស្កប់ស្កល់ក្នុងរាត្រីដ៏មនោរម្យ៕