រឿង៖ ស្រមោលអតីតកាល

យប់ប្រហែលម៉ោងជិត៨ទៅហើយ តាមដងផ្លូវនៅតែមានចរាចរណ៍មមាញឹក ឡានម៉ូតូបើកបរខ្វាត់ខ្វែង ក្នុងនោះក៏មានម៉ូតូមួយគ្រឿងដែលមានឪពុកនិងកូនស្រីម្នាក់កំពុងជិះឆ្លងផ្លូវ រំពេចនោះស្រាប់តែមានពឺន្លភ្លឺឆ្វាចបានចាំងមករកពួកគេ ចាំងមកសឹងតែខ្វាក់គ្រាប់ភ្នែក។
សំឡេងផាំងលាន់យ៉ាងឮ ម៉ូតូបានខ្ទាតទៅជាយម្ខាងនៃដងផ្លូវជាមួយនឹងបុរសជាឪពុកដោយសារតែមានឡានធំបុកពេញមួយទំហឹង ឯឡានក៏ទប់ហ្វ្រាំងមិនជាប់បានទៅបុកនឹងបង្គោលថ្មមួយ បង្គោលនោះដួលទៅសង្កត់ជើងក្មេងស្រីដែលដេកសន្លប់ស្ដូកស្ដឹង ព្រោះតែមិនអាចទ្រាំទ្រនឹងកម្លាំងដែលបោកផ្ទប់ទៅដីពេញមួយទំហឹង។
ហឺកៗ! ហឺកៗ! សំឡេងដកដង្ហើមបែបដង្ហក់ ភ័យក៏ឮឡើង ទាំងនេះគឺជាការយល់សប្តិ របស់ក្មេងស្រីដែលកំពុងគេងប៉ុណ្ណោះ ព្រោះតែនាងធ្លាប់ចួបគ្រោះថ្នាក់ចរាចរណ៍រហូតធ្វើឱ្យឱពុកត្រូវស្លាប់បាត់បង់ជីវិត ចំណែកខ្លួនឯងក៏ត្រូវមកពិការជើងជិះរទេះរុញ ហេតុការណ៍នោះធ្វើឱ្យនាងរងការតក់ស្លុត និងភ័យខ្លាចជាខ្លាំងរហូតនាងត្រូវយល់សប្តិឃើញសឹងតែរាល់យប់។
“បងប្រុស! បងប្រុស!” ព្រោះតែភ័យខ្លាចនឹងការយល់សប្តិពេក ទើបនាងដាច់ចិត្តហៅបងប្រុសដែលកំពុងគេងក្បែរគ្រែឱ្យភ្ញាក់ពីដំណេក។
“ឯងកើតអីយល់សប្តិអាក្រក់ទៀតហើយមែនទេ?”
កាលបើឮប្អូនស្រែកហៅបែបនេះគាត់ក៏ប្រញាប់ក្រោកភ្លាមហើយស្ទុះងើបមើលប្អូន ព្រោះគាត់ស្ដាប់តែសំទ្បេងក៏ដឹងភ្លាមហើយថាប្អូនស្រីគាត់កើតអី ជារឿយៗនាងតែងមមើនិងយល់សប្តិអាក្រក់រហូត ហេតុនេះទើបគាត់ត្រូវមកគេងជាមួយនាងរាល់យប់។
“ខ្ញុំ…! ខ្ញុំឃើញប៉ាត្រូវឡានបុកហើយខ្ញុំក៏ត្រូវបង្គោលថ្មសង្កត់ចំជើង គឺវាដូចជាពេលនោះណាស់”
នាងរៀបរាប់ទាំងរដាក់រដុបភ័យខ្លាចមិនចង់ឱ្យវាកើតឡើង ដែលហេតុការណ៏នោះធ្វើឱ្យក្មេងស្រីតូចផ្លាស់ប្ដូរសឹងតែគ្រប់យ៉ាងពីមនុស្សម្នាក់រួសរាយ ក្លាហាន និយាយច្រើនមិនចេះអស់ពាក្យ ទៅជាស្ងៀមស្ងាត់ និយាយស្ដីមួយម៉ាត់ៗ សំងំតែក្នុងបន្ទប់មិនចេញក្រៅ មិនហ៊ានប្រឈមមុខនឹងការពិត ហើយក៏មិនសូវស្និទ្ធស្នាលនឹងម្ដាយដូចពីមុន មានតែបងប្រុសនិងលោកយាយទេដែលយល់ចិត្តនាង។
“មិនអីទេ វាគ្រាន់តែជាការយល់សប្តិរឿងវាបានកន្លងហួសទៅយូរហើយ”
គាត់និយាយលើកទឹកចិត្តប្អូនកុំឱ្យនាងគិតច្រើនពេក ព្រោះថារឿងគ្រប់យ៉ាងវាបានហួសទៅហើយទោះបីជានៅខូចចិត្ត គិតត្រាំត្រែងនឹងវាក៏មិនអាចទៅកែប្រែស្ថានការណ៍កន្លងផុតបានដែរ។
“តែ…តែខ្ញុំខ្លាច” វត្តីនៅតែនិយាយដោយភ័យញ័រមាត់ទឹកភ្នែករលីងរលោង ទោះបងប្រុសឱ្យបំភ្លេចហើយឈប់គិតទៀតក៏នាងនៅធ្វើមិនបាន។
រឿងរ៉ាវទាំងអស់ដក់ជាប់ក្នុងចិត្ត រូបភាពលេចឡើងពេញខួរក្បាល មនោសញ្ចេតនាអារម្មណ៍នៅវិលវល់ក្នុងពិភពស្រមោលឈឺចាប់ ខំបំភ្លេចយ៉ាងណាក៏មិនរលុបដែរ ទោះវាកន្លងហួសទៅច្រើនឆ្នាំ។
“បងនៅទីនេះហើយកុំខ្លាចអី គេងវិញទៅ” សីហាចូលទៅឱបប្អូនជាប់នឹងទ្រូងផ្ដល់ភាពកក់ក្ដៅដើម្បីកុំឱ្យនាងខ្លាចហើយអង្អែលក្បាលថ្នមៗជាលក្ខណៈលួងលោម។
ក្នុងចិត្តសីហាក៏ខ្លោចផ្សាណាស់ដែរ អាណិតប្អូនស្រីដែលត្រូវមកពិការដើរមិនកើត ហើយថែមទាំងត្រូវរស់ក្នុងស្រមោលនៃភាពភ័យខ្លាច និងឈឺចាប់អស់រយៈពេលយ៉ាងយូរ ចំណែកខ្លួនឯងមិនអាចជួយអ្វីបានក្រៅពីនៅក្បែរមើលថែនិងផ្ដល់កម្លាំងចិត្តតែប៉ុណ្ណោះ។
ពួកគេទាំងពីរក៏គេងវិញដែលមានសីហានៅគេងក្បែរវត្តី ដោយសារតែមានបងប្រុសនៅក្បែរនិងចាំជួយលួងលោមបែបនេះ វត្តីក៏ស្ងប់អារម្មណ៍ខ្លះៗហើយប្រឹងបិទភ្នែកគេងតាមសម្តីបង ព្រោះនាងមិនចង់ឱ្យបងប្រុសត្រូវមកមើលថែនាងដោយអត់ងងុយគេងមិនគ្រប់គ្រាន់ដោយសារនាង។
ព្រលឹមស្រាងៗ វត្តីជិះរទេះរុញចេញពីក្នុងបន្ទប់សភាពនាងមើលទៅដូចមនុស្សត្រូវខ្មោចលងមិនបានគេងជាច្រើនយប់អ៊ីចឹង ខ្សោះៗគ្មានកម្លាំងក្នុងខ្លួន ផ្ទៃមុខនាងលេចឡើងនូវស្នាមជាំខ្មៅៗក្រោមភ្នែកបញ្ជាក់ឱ្យឃើញថាសុខភាពផ្លូវកាយនាងមិនរឹងមាំឡើយ វាបណ្ដាលមកពីសុខភាពខាងក្នុងចិត្តរបស់នាងមិនល្អ ទទួលរងនៅសម្ពាធច្រើន។ រទេះមិនទាន់ចេញផុតពីមុខបន្ទប់ស្រួលបួលផង សីហាក៏ដើរមកចំពីមុខ រួចបន្ទាបខ្លួនទាបស្មើរទេះទើបចាប់ផ្ដើមនិយាយ…
“ម៉េចងើបពីព្រលឹមម្ល៉េះ?”
សំណួរសួរដោយសម្ដីថ្នមៗជាមួយស្នាមញញឹមចុងមាត់តាមអត្តចរិតពីកំណើតដែលមិនចេះនិយាយសម្ដីធ្ងន់ គំរោះគំរើយ ជាពិសេសជាមួយប្អូនស្រីដ៏គួរឱ្យអាណិតនេះទៀតរឹតតែមិនអាច អមដោយចម្ងល់ចម្លែកក្នុងចិត្ត ព្រោះធម្មតាពេលយល់សប្តិឃើញហេតុការណ៍អាក្រក់ដែលធ្លាប់កើតឡើងមកលើនាង វត្តីតែងតែសំងំក្នុងបន្ទប់មិនចេញក្រៅ មិននិយាយជាមួយនរណា ពេលខ្លះសូម្បីតែសីហាក៏មិនចង់មើលមុខដែរ។
“ខ្ញុំចង់ទៅផ្ទះតូច” ទឹកមុខស្មើជាមួយចម្លើយខ្លីសោះកក្រោះមិនបានធ្វើឱ្យមនុស្សដែលអង្គុយចាំស្ដាប់ចម្លើយនៅចំពីមុខអាក់អន់ចិត្តឡើយ មានតែត្រេកអរទៅវិញពេលឮថាប្អូនស្រីចង់ចេញទៅក្រៅ មិនបង្អង់យូរសីហាក៏ស្នើខ្លួនជាអ្នករុញរទេះជូនប្អូនទៅ តែមិនទាន់បានហាមាត់និយាយចប់ស្រួលបួលផងស្រាប់តែ…
“ចង់ទៅណាហា៎?” សូរសំឡេងមិនដឹងប្រភពក៏បន្លឺឡើង ធ្វើឱ្យក្រសែភ្នែកទាំងគូរបស់ពួកគេទាំងពីរដែលកំពុងតែមើលមុខសន្ទនាគ្នាអម្បាញ់មិញត្រូវងាកតាមរកម្ចាស់សំឡេង។
“បើចង់ទៅឱ្យវាជិះរទេះរុញហ្នឹងទៅម្នាក់ឯងទៅ មិនបាច់ទៅបារម្ភខ្វល់ខ្វាយពីវាច្រើនពេកទេ នាំតែបានចិត្ត បើគ្មានវាគ្រួសារយើងប្រហែលជារស់នៅល្អជាងនេះ”
សម្ដីគាត់ហាក់ដូចមនុស្សដែលធ្លាប់ខឹងស្អប់គ្នាតាំងពីពេលណាអ៊ីចឹងអមនឹងកែវភ្នែកសម្លឹងមិនដាក់រួមជាមួយដំណើរដើរជិតមកដល់។
ពេលឃើញបែបនេះ សីហាក៏ប្រញាប់ងើបចេញពីមុខរទេះរួចដើរទៅរុញរទេះបំណងទៅឱ្យផុតពីក្នុងផ្ទះព្រោះមិនចង់នៅនិយាយនាំទាស់សម្ដីគ្នា ។
“មិនឮយើងនិយាយឬយ៉ាងម៉េច?” គាត់ងាកមកក្រោយទើបផ្ដើមសំណួរព្រោះថារទេះបានទៅផុតពីមុខគាត់ទៅហើយ សំឡេងគាត់រាងធ្ងន់ជាងមុនទឹកមុខក៏ប្រែជាក្រញូវដែរ កាលបើខ្លួនឯងជាម្ដាយនិយាយជាមួយកូនហើយ តែកូនបែរជាដើរចេញមិនចង់ឆ្លើយបែបនេះ។
សីហាដែលរុញរទេះទៅផុតអម្បាញ់មិញពេលឮសម្ដីម្ដាយបែបនេះក៏ទ្រាំមិនបាន ទើបសម្រេចចិត្តងាកក្រោយប្រកែកថារឿងគ្រប់យ៉ាងមិនមែនមកពីវត្តីទេ តែត្រូវនាងចាប់ដៃជាប់ដោយប្រើទឹកមុខអង្វរករមិនចង់ឱ្យនិយាយ ព្រោះនាងមិនចង់មានរឿង ទើបសីហាខំសម្រួលឥរិយាបថមកធម្មតា ហើយឆ្លើយដោយសំឡេងពីរោះស្ដាប់ ទោះបីកាយវិការហាក់ដឹងថាគេមិនចង់និយាយអ៊ីចឹង។
“ខ្ញុំនាំវត្តីទៅក្រៅមួយភ្លែត” ថារួចក៏ចេញទៅធ្វើព្រងើយមិនខ្វល់ពីកែវភ្នែកទាំងគូរបស់ម្ដាយកំពុងតែសម្លឹងបង្កប់ភាពក្នាញ់នឹងឫកពាកូនដែលមិនគោរពគាត់សោះ។
តាមពិតទៅសីហាក៏មិនចង់ធ្វើអ៊ីចឹងដែរ តែមើលទៅទឹកមុខនិងកែវភ្នែកវត្តីបានបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍ថានាងចង់គេចឱ្យឆ្ងាយពីគាត់ មិនចង់ចួបគាត់ មិនចង់ស្ដាប់ពាក្យសម្ដីគាត់ ព្រោះពេលនិយាយម្ដងៗគាត់មិនដែលប្រើពាក្យល្អៗ ឬលើកទឹកចិត្តនាងទេ មានតែពាក្យបន្ទោសស្ដីថាខ្លួនជាដើមហេតុធ្វើឱ្យឱពុកត្រូវស្លាប់ បើនៅស្ដាប់យូរទៀតវត្តីអាចនឹងខូចចិត្តកាន់តែខ្លាំង ទើបសីហាសម្រេចចិត្តចេញឱ្យផុតពីមុខម្ដាយ។ ទោះពាក្យសម្ដីគាត់ស្ដាប់មើលទៅដូចជាម្ដាយមិនដែលស្រលាញ់កូនសោះ ប៉ុន្តែគាត់ក៏មើលថែនិងរកលុយដើម្បីព្យាបាលវត្តីរហូតមក។
ពេលរទេះទៅផុតពីក្នុងផ្ទះ ម្ដាយវត្តីគាត់ដើរទៅរៀបចំអីវ៉ាន់បើកតូបលក់ដូរដូចសព្វថ្ងៃ ចំណែកវត្តីនិងសីហា ពួកគេបានមកដល់ផ្ទះតូចនៅខាងក្រោយផ្ទះដែលពួកគេកំពុងរស់នៅ។
ផ្ទះនេះហ៊ុមព័ទ្ធទៅដោយដើមឈើធំៗជុំវិញអមនឹងស្មៅខៀវខ្ចីកំពុងតែរេរាំទៅតាមការបោកបក់នៃកម្លាំងវាយោ ព្រោះតែពេលនេះជារដូវរំហើយនៃខែកត្ដិក។ អ្នកដែលមាន សុខភាពខ្សោយល្មមៗអាចនឹងផ្ដាសាយប្រសិនបើត្រូវខ្យល់យូរ និងមិនបានពាក់អាវរងាការពារត្រឹមត្រូវ។
រទេះបានទៅឈប់ក្រោមដើមឈើនៅខាងមុខផ្ទះតូចនោះ។ ខ្យល់ត្រជាក់យ៉ាងណាក៏មិនធ្វើឱ្យមានអារម្មណ៍រងាដែរ រឿងឈឺចាប់ រឿងសោកសៅ សេចក្ដីនឹករឭកបានកប់លុបអារម្មណ៍ដែលទទួលដឹងពីមជ្ឈដ្ឋានខាងក្រៅអស់ទៅហើយ វត្តីបានត្រឹមតែអង្គុយសម្លឹងមើលទៅជុំទីកន្លែងដោយភាពសោកសៅប៉ុណ្ណោះ នាងនឹកឃើញដល់អនុស្សាវរីយ៍ល្អៗធ្លាប់មានជាមួយប៉ាគឺគាត់ឧស្សាហ៍មកស្រូបយកខ្យល់អាកាសនៅទីនេះពេលគាត់ធុញថប់ឬឈ្លោះគ្នាជាមួយម៉ាក់នាង ហើយបើសិនជានៅខែនេះវិញគាត់ប្រហែលកំពុងតែបង្ហោះខ្លែងជាមួយវត្តីយ៉ាងសប្បាយរីករាយ ស្របពេលកំពុងនឹកស្រមៃដល់រូបភាពល្អៗទឹកភ្នែកក៏ស្រក់ចុះមករឹមៗដំណាលគ្នាទៅនឹងរូបភាពដែលលេចឡើងក្នុងអារម្មណ៍។
សីហាក៏ឱ្យវត្តីមើលព្រះអាទិត្យរះ មើលទេសភាពដើមឈើជុំវិញខ្លួនហើយក៏សរសើរថាស្អាតរួចធ្វើជាញញឹមដូចជាមានសេចក្ដីសុខតែការពិតគឺគ្រាន់តែចង់បន្លប់បរិយាកាសដើម្បីកុំឱ្យវត្តីនាងក្រៀមក្រំពេក ស្រីតូចអង្គុយលើរទេះបានតែសម្លឹងតាមអ្វីដែលបងចង្អុលមិនហាស្ដី ទឹកមុខនៅស្រពោនដូចបុប្ផាខ្វះសំណើម។ ដោយឃើញគ្រប់យ៉ាងកាន់តែអាប់អួរទើបសីហាសម្រេចចិត្តបញ្ចេញប្រយោគ។
“បងដឹងថាឯងនៅខូចចិត្តរឿងប៉ា បើប៉ានៅ គាត់ក៏មិនចង់ឃើញឯងក្នុងសភាពបែបនេះដែរ” មួយប្រយោគនេះធ្វើឱ្យវត្តីដែលកំពុងអង្គុយឈ្ងោកមុខស្រក់ទឹកភ្នែកបែរមកមើលចំមុខសីហាដែលអង្គុយពីមុខ ព្រមហាមាត់និយាយទាំងខ្សឹបខ្សួលខ្លោចផ្សាក្នុងចិត្តទឹកភ្នែកហូររហាមលើសដើម។
“រឿងគ្រប់យ៉ាងវាមកពីខ្ញុំមែនទេ ខ្ញុំមែនទេជាអ្នកធ្វើឱ្យប៉ាស្លាប់?”
“មិនមែនមកពីឯងទេ វាជាឧបទ្ទវហេតុដែលគ្មានអ្នកណាស្មានដល់ប៉ុណ្ណោះ”
គាត់ក្ដោបដៃប្អូនជាប់និយាយយ៉ាងប្រាកដថាមិនមែនមកពីនាង។
“ឡាន…គឺមកពីឡាននោះ បើអ្នកបើកបរមិនស្រវឹងហើយមិនគោរពភ្លើងសញ្ញាចរាចរណ៍ទេក៏មិនអ៊ីចឹងដែរ” គ្រោះថ្នាក់ដែលវត្តីធ្លាប់ចួបគឺបណ្ដាលមកពីអ្នកបើកបរស្រវឹងធ្វេសប្រហែសក្នុងការគោរពច្បាប់ចរាចរណ៍។
ការពិសាគ្រឿងស្រវឹងហើយបើកបរគឺល្មើសនឹងច្បាប់ ហើយបង្កឱ្យមានហានីភ័យដល់ខ្លួនឯង គ្រួសារ អ្នកដទៃ និងសង្គមជាតិថែមទៀតផង។ សុវត្តិភាពក្នុងការធ្វើដំណើរជាចម្បងគឺត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការបើកបរ កាលណាធ្វេសប្រហែសអាចបណ្ដាលឱ្យខ្លួនឯង គ្រួសារ និងអ្នកដទៃមានវិប្បដិសារីទៅថ្ងៃមុខ។
“តែម៉ាក់នៅតែបន្ទោសថាមកពីខ្ញុំ គាត់ប្រហែលជាស្អប់ខ្ញុំខ្លាំងណាស់ហើយ” ការឈឺចាប់ទទួលបានពីការស្លាប់របស់ឪពុកវាធ្ងន់ណាស់ទៅហើយសម្រាប់នាង តែពេលនេះត្រូវមកទទួលនូវពាក្យសម្ដីបន្ទោសរាល់ថ្ងៃពីម្ដាយទៀត។
វត្តីគ្មានកម្លាំងចិត្តក្នុងការក្រោកឈរ ដោយសារកម្លាំងជំរុញចិត្តមួយភាគធំដែលត្រូវទទួលពីម្ដាយត្រូវបានបាត់បង់។ ពាក្យលើកទឹកចិត្តរបស់ម្ដាយចំពោះកូនគឺជាកម្លាំងដ៏ធំធេងដែលអាចជំរុញឱ្យកូនក្លាហាន ហ៊ានក្រោកឈរ តស៊ូជម្នះគ្រប់រឿងទាំងអស់។
“មិនអីទេយ៉ាងណានៅមានបង បងនឹងនៅលើកទឹកចិត្តនៅក្បែរឯងរហូត”
សីហាចូលទៅ ឱបប្អូននិយាយលួងលួមទៅកាន់វត្តីដែលកំពុងតែអង្គុយហូរទឹកភ្នែកលើរទេះ។ ក្រោយពីបានទទួលការឱបផ្ដល់កម្លាំងចិត្តពីបងប្រុស ទើបវត្តីនាងចាប់ផ្ដើមនិយាយទាំងទឹកភ្នែកនៅជោកជាំពេញផ្ទៃមុខ។
“ខ្ញុំខំព្យាយាមបំភ្លេចណាស់ ខំប្រាប់ខ្លួនឯងរាល់ថ្ងៃថាឱ្យឈប់គិត ឈប់នឹកនា ឈប់ឱ្យស្រមោលអតីតកាលដ៏សែនឈឺចាប់នេះមកលងបន្លាចខ្ញុំតទៅទៀត ប៉ុន្តែខ្ញុំធ្វើមិនបាន បងដឹងទេពេលខ្ញុំនឹកឃើញហេតុការណ៍នោះម្ដងៗ រូបភាពមិនដឹងមកពីណាទេ លេចឡើងពេញខួរក្បាលរបស់ខ្ញុំ ខ្ញុំខ្លាចណាស់ ខ្លាចរហូតលែងចង់ចួបមុខអ្នកណា លែងចង់និយាយរកអ្នកណា គ្រប់យ៉ាងទាំងអស់វាមកពីខ្ញុំ ខ្ញុំស្អប់ខ្លួនឯងណាស់ដែលមិនអាចធ្វើអ្វីបានគ្រាន់តែបំភ្លេចរឿងដែលតែងតែធ្វើឱ្យខ្ញុំយំរហូតក៏ធ្វើមិនបាន”
នាងរៀបរាប់ទាំងយំខ្សឹបខ្សូលនៅលើស្មាបងប្រុស។ សីហាបានត្រឹមតែអង្គុយស្ដាប់ពាក្យពេចន៍រៀបរាប់របស់ប្អូនទាំងក្រៀមក្រំ មិនហ៊ានហាមាត់និយាយអ្វីសំងំស្ងៀមឱ្យវត្តីបញ្ចេញរឿងដែលនាងលាក់ទុកក្នុងចិត្តទាំងប៉ុន្មានមកឱ្យអស់ក្រែងបានធូរស្បើយពីភាពឈឺចាប់ខ្លះ។
ក្រោយពីបានរៀបរាប់រឿងក្នុងចិត្តចប់សព្វគ្រប់ ពួកគេក៏ព្យាយាមសម្រួលអារម្មណ៍ជូតទឹកភ្នែកមកធម្មតាទាំងពីរនាក់ ហើយក៏ត្រឡប់មកផ្ទះវិញ ព្រោះសីហាត្រូវដល់ម៉ោងធ្វើការចំណែកវត្តីក៏មិនអាចនៅត្រូវខ្យល់យូរបានដែរសុខភាពនាងខ្សោយស្រាប់ផងអាចបណ្ដាលឱ្យឈឺ។
នៅក្នុងផ្ទះ….
ក្រោយពេលសីហាបានចេញទៅធ្វើការបាត់ វត្តីនាងនៅសំងំតែក្នុងបន្ទប់មិនចេញក្រៅ មិននិយាយជាមួយនរណាសូម្បីតែលោកយាយនាង។
ជារៀងរាល់ថ្ងៃនាងតែងតែបែបនេះមិនចេញពីបន្ទប់សោះ បើគ្មានសីហានៅជាមួយនាង ដល់ពេលញ៉ាំបាយទាល់តែមានអ្នកមកហៅទើបនាងព្រមចេញទៅ ពេលអង្គុយញ៉ាំបាយនាងក៏ស្ងៀមស្ងាត់មិននិយាយ ញ៉ាំរួចក៏ចូលបន្ទប់វិញ។ សភាពនាងគឺចង់ឃុំខ្លួនឯងនៅក្នុងតែភាពងងឹតមិនព្រមមកទទួលយកអ្វីដែលមាននៅក្នុងបរិយាកាសខាងក្រៅ។ រហូតដល់ពេលមួយគឺជាពេលដែលត្រូវហូបបាយថ្ងៃត្រង់ លោកយាយនាងបានដើរទៅគោះទ្វារហៅ វត្តីឱ្យមកញ៉ាំបាយជុំគ្នា។
“វត្តី! ដល់ម៉ោងញ៉ាំបាយហើយចៅ” លោកយាយនៅឈរចាំរាងយូរបន្តិចទើបឃើញវត្តីបើកទ្វារមក។
“ចា៎ លោកយាយតោះយើងទៅញ៉ាំបាយ” នាងព្យាយាមញញឹមទាំងទឹកមុខមិនសូវស្រស់ទៅកាន់លោកយាយ គាត់មិនសួរនាំអ្វីទេក៏រុញរទេះវត្តីទៅតុបាយ។
ពេលទៅដល់កន្លែងញ៉ាំបាយម៉ាក់វត្តីកំពុងអង្គុយរង់ចាំនៅទីនោះស្រាប់ វត្តីបានទៅអង្គុយញ៉ាំបាយដោយមិនហ៊ានប្រើក្រសែភ្នែកមើលមុខម៉ាក់នាងចំឡើយ។
“នេះចៅញ៉ាំឱ្យច្រើនៗទៅណា យាយឃើញឯងដូចជាមិនសូវមានកម្លាំងសោះ” និយាយបណ្ដើរដួសម្ហូបបណ្ដើរ វត្តីបង្ហាញស្នាមញញឹមសោះកក្រោះទទួលយកម្ហូបដែលលោកយាយដាក់ឱ្យ។
តុអាហារជុំគ្រួសាររបស់ពួកគេទាំងបីដែលមានសភាពស្ងៀមស្ងាត់ ឥឡូវបានក្លាយជាតុជម្លោះពាក្យសម្ដីឈឺចាប់ ក្រោយម្ដាយវត្តីបញ្ចេញប្រយោគប៉ុន្មានឃ្លាទៅកាន់វត្តី។
“ឯងចង់បែបហ្នឹងដល់ពេលណាទៀត រស់នៅពួនសំងំមិនហ៊ានសូម្បីប្រឈមមុខនឹងការពិត អ្នកនៅក្នុងផ្ទះនេះគ្រប់គ្នាគេខំប្រឹងណាស់ ខំប្រឹងធ្វើការរកលុយដើម្បីតែព្យាបាលឯង ចង់ឱ្យឯងវិលមកជាមនុស្សធម្មតាដូចពីមុនវិញ តែមើលចរិតឯងរាល់ថ្ងៃទៅធ្វើខ្លួនផ្ដេកផ្ដួលទៅតាមភាពឈឺចាប់”
ពាក្យសម្ដីគ្រប់ម៉ាត់ដែលបានធ្លាយចេញពីមាត់ស្ត្រីកំពុងអង្គុយទល់មុខវត្តីពោរពេញដោយភាពឈឺផ្សាលាយឡំជាមួយកំហឹងនោះ គឺធ្វើឱ្យវត្តីនាងទប់អារម្មណ៍ទប់ទឹកភ្នែកលែងជាប់ទោះចង់ហាមាត់និយាយតក៏ធ្វើមិនបាន។ បានត្រឹមតែអង្គុយស្ដាប់ទាំងទឹកភ្នែកស្រក់តក់ៗ ចំណែកលោកយាយវិញគាត់ក៏នៅស្ងៀមទុកឱ្យម្ដាយកូនគេជជែកគ្នា ព្រោះគាត់ដឹងថាម្ដាយវត្តីនិយាយចង់ឱ្យវត្តីរស់នៅក្នុងជីវិតល្អជាងនេះ។
“មានរឿងអីបន្តិចអាងទឹកភ្នែក អាងយំស្រែក រាល់ថ្ងៃនេះឯងគិតថាមានតែជីវិតឯងមែនទេដែលលំបាក គេគ្រប់គ្នាសុទ្ធតែមានភាពលំបាករៀងៗខ្លួនតែគេក៏ស៊ូជម្នះមិនមែនទន់ជ្រាយដូចជាឯងអ៊ីចឹងទេ បើរស់នៅហើយវេទនាបែបនេះទៅស្លាប់ជាមួយប៉ាឯងតែម្ដងទៅកុំឱ្យអំពុលទុក្ខយើង”
សម្ដីគាត់ហាក់ចង់ឱ្យវត្តីទៅឱ្យបាត់ពីមុខគាត់អ៊ីចឹង ប៉ុន្តែគាត់ជេរស្ដីថាវត្តីខ្លាំងៗបែបនេះគ្រាន់តែចង់ឱ្យនាងរឹងមាំ ឈប់រស់នៅក្នុងភាពឈឺចាប់ ឈប់រស់នៅក្នុងស្រមោលអតីតកាលតទៅទៀត ហើយចង់ឱ្យនាងឈប់ធ្វើខ្លួនដូចជាគ្មាននរណាយល់ចិត្តទាំងដែលរាល់ថ្ងៃនាងមានសីហានិងលោកយាយនៅចាំជួយលើកទឹកចិត្ត និងលួងលោម រួមទាំងគាត់ផងដែរ។ កាយវិការនិងពាក្យសម្ដីគាត់បង្ហាញឱ្យឃើញថាគាត់ខឹងស្អប់វត្តីខ្លាំងណាស់ ប៉ុន្តែទោះជេរស្ដីអាក្រក់ប៉ុនណាក៏នៅតែជាកូនគាត់ គាត់ស្ដីថាចង់ឱ្យកូនល្អ។
បេះដូងវត្តីស្ទើរស្ទះទៅហើយពេលឮម្ដាយបង្កើតចង់ឱ្យនាងទៅស្លាប់ នាងគិតថាម្ដាយមិនស្រលាញ់នាងទេ គាត់មិនយល់ពីនាង នាងប្រហែលជាបន្ទុកដ៏ធំសម្រាប់អ្នកគ្រប់គ្នា វត្តមាននាងគ្មានតម្លៃក្នុងកែវភ្នែកម្ដាយនាងសោះ ទើបនាងខំងើបមុខមើលទៅម៉ាក់ដោយកែវភ្នែកដក់នូវទឹកថ្លាៗរាប់រយដំណក់ ព្យាយាមហាមាត់និយាយទាំងសំឡេងខ្សាវៗដង្ហក់ តិចៗ។
“បើម៉ាក់ជាខ្ញុំទើបម៉ាក់យល់ ថាវាមានអារម្មណ៍យ៉ាងណា អារម្មណ៍ដែលត្រូវរស់នៅក្នុងភាពឈឺចាប់ដោយមិនបានទទួលក្ដីស្រលាញ់ភាពកក់ក្ដៅពីម្ដាយដែលកន្លងមក គាត់តែងតែផ្ដល់ឱ្យ សុំទោសផងកន្លងមកខ្ញុំធ្វើខ្លួនជាបន្ទុករបស់ម៉ាក់ ពីពេលនេះទៅម៉ាក់ប្រហែលជាលែងបានឃើញមុខកូនដូចជាខ្ញុំទៀតហើយ”
វត្តីអស់ពាក្យនិយាយ ហើយនាងក៏គ្មានអារម្មណ៍នៅញ៉ាំបាយតទៀតដែរ នាងបង្វែររទេះចេញពីតុបាយរុញចូលទៅក្នុងបន្ទប់នាងទាំងគ្មានកម្លាំង ទឹកមុខក៏ស្លេកស្លាំង។
ពេលវត្តីទៅបន្ទប់បាត់ ទឹកភ្នែកដែលម៉ាក់នាងខំទប់មិនឱ្យស្រក់មុខកូនស្រាប់តែធ្លាក់ចុះមកដូចទឹកភ្លៀងសើមជោកពេញតុ។ ខាងក្រៅគាត់ដូចជារឹងមាំ គ្មានបញ្ហាអ្វីទេពេលឃើញកូនស្រីតែម្នាក់របស់គាត់ត្រូវមកយំខូចចិត្តដោយសារពាក្យសម្ដីខ្លាំងៗរបស់គាត់ ដើមទ្រូងគាត់ស្ទើរប្រេះជាពីរទៅហើយអាណិតកូនស្រី តែមិនអាចសូម្បីប្រើក្រសែភ្នែកលួងលោម។ លោកយាយវត្តីឃើញសភាពកូនស្រីគាត់បែបនេះ គាត់ក៏ងើបចេញពីកៅអីទៅឈរក្បែរម៉ាក់វត្តីហើយទះស្មាថ្មមៗផ្ដល់កម្លាំងចិត្ត រួចនិយាយ…
“ជាម្ដាយគេ ត្រូវតែរឹងមាំមិនមែនថាឱ្យកូនហើយមកយំខ្លួនឯងទេ”
“ម៉ាក់ ខ្ញុំពិបាកទ្រាំណាស់”
គាត់និយាយទាំងទឹកភ្នែក ទើបលូកដៃទៅឱបចង្កេះម៉ាក់គាត់ដែលនៅឈរចំហៀង។ លោកយាយអង្អែលក្បាលកូនទើបនិយាយបន្ត…
“បើពិបាកទ្រាំឈប់ទៅ ពាក្យជេរស្ដីរបស់ឯងគ្មានប្រសិទ្ធភាពទេ វត្តីត្រូវការលើកទឹកចិត្តពីឯងច្រើនជាង” ម៉ាក់វត្តីគាត់មិននិយាយអ្វីហើយបន្តយំដដែល។
វត្តីនៅក្នុងបន្ទប់វិញក៏នៅយំកាន់តែខ្លាំងទៅៗ ដង្ហក់ស្ទើរដាច់ដង្ហើមរកកលចង់ខ្យល់ចាប់ ម្ដងៗ។ នាងខំប្រឹងសម្រួលអារម្មណ៍ទៅអង្គុយខាងមុខបង្អួចក្រែងខ្យល់បក់មកបានធូរចិត្តខ្លះ នាងសម្លឹងមើលទៅមេឃតាមបង្អួច គិតរាល់ពាក្យសម្ដីគ្រប់ម៉ាត់របស់ម៉ាក់នាងទាំងឈឺចាប់ ហើយនាងក៏នឹកស្រមៃទៅមុនពេលប៉ានិងនាងចួបគ្រោះថ្នាក់ចរាចរណ៍…
“លោកប៉ាមកវិញហើយថ្ងៃនេះជាថ្ងៃកំណើតកូន ប៉ាមានទិញនំខេកមកទេ” ប៉ាវត្តីបានដើរមកក្បែរកូនរួចនិយាយ…
“ប៉ាសុំទោសណាកូន ប៉ារវល់តែជញ្ជូនអីវ៉ាន់ឱ្យភ្ញៀវភ្លេចរឿងនំខេកកូន”
“មិនអីទេកូន ស្អែកចាំម៉ាក់ទៅទិញនំខេកស្អាតហើយធំឱ្យកូន”
“អត់ទេថ្ងៃកំណើតកូនថ្ងៃនេះកូនចង់បានថ្ងៃនេះ ចាំទំរាំដល់ស្អែកផុតបាត់ហើយ” និយាយបណ្ដើរទន្ទ្រាំជើងរកយំបណ្ដើរ ឪពុកឱបកូនរួចនិយាយលួងលោម។
“អូ! កូនប៉ាកុំយំ កូនឆ្លាត យើងទៅទិញឥឡូវនេះទៅ” ព្រោះតែនាងរំអុកពេកហើយក៏អាណិតកូនទើបសម្រេចចិត្តទៅទាំងយប់ម៉ោងជិត៨ តែត្រូវម៉ាក់វត្តីឃាត់។
“កុំទៅអីបងយប់ហើយហាងនំស្មើហ្នឹងគេបិទបាត់ហើយ ជិះទៅពេលយប់មានគ្រោះថ្នាក់ណាស់ ម្ដុំយើងនេះឡានម៉ូតូច្រើនផង”
“មិនអីទេអូន បងនឹងប្រយ័ត្នប្រយែង” និយាយរួចក៏បានសំដៅទៅម៉ូតូដោយដឹកដៃវត្តីទៅជាមួយដែរ។
“បងទៅហើយ” វត្តីក៏បាននិយាយទាំងសប្បាយចិត្តដែរ។
“ខ្ញុំទៅសិនហើយអ្នកម៉ាក់” ពួកគេទាំងពីរឡើងម៉ូតូទៅបាត់ទៅ ទោះបីជាម៉ាក់គេខំឃាត់យ៉ាងណាក៏ដោយ។
មកពីមានរឿងបែបនេះហើយទើបវត្តីបន្ទោសខ្លួនឯងមិនឈប់ ហើយនាងគិតថាម៉ាក់ស្អប់និងបន្ទោសនាងរាល់ថ្ងៃដោយសារនាងជាកូនចង្រៃ ធ្វើឱ្យប៉ាខ្លួនឯងស្លាប់ ព្រោះតែទៅទិញនំខេកនៅថ្ងៃកំណើតខ្លួនឯង។
“ជិតដល់ថ្ងៃកំណើតកូនហើយ វាក៏ជាថ្ងៃដែលប៉ាចាកចេញពីកូនដែរ”
និយាយក្នុងចិត្តបណ្ដើរទឹកភ្នែកស្រក់បណ្ដើរ ភ្នែកសម្លឹងទៅខាងក្រៅមើលមេឃស្រឡះទាំងក្នុងចិត្តកំពុង អួអាប់មិនស្រឡះតាមផ្ទៃមេឃ នឹករលឹកដល់លោកប៉ាដែលបានចែកឋាន។ នាងទម្លាក់ទឹកមុខឈប់សម្លឹងមេឃឱនមកសម្លឹងជើងខ្លួនឯងដែលនៅលើរទេះ រួចនាងចាប់ផ្ដើមយកដៃវាយជើងខ្លួនឯងយ៉ាងខ្លាំងហើយបន្តនិយាយបន្ទោសទៅជើងរបស់នាង។
“ហេតុអី! ហេតុអីទៅ! ក៏ខ្ញុំមិនអាចដើរបាន”
នាងប្រឹងច្រត់ដៃងើបឈរតោងរទេះទាំងគ្មានកម្លាំង រហូតអាចងើបពីរទេះឈរដោយទប់លំនឹងខ្លួនមិនចង់ជាប់ ព្យាយាមឈានជើងយឺតៗមួយៗតែដើរក៏មិនកើត ហើយនាងទន់ជើងដួលចំហៀងផ្ទប់ទៅនឹងការ៉ូទាំងទឹកភ្នែកតូចចិត្ត។ នាងព្យាយាមយកដៃសង្កត់ការ៉ូដើម្បីងើបរំកិលទៅរកតុដែលនៅជិតគ្រែដេករបស់នាងទាំងឈឺចាប់ពេញរាងកាយព្រោះតែដួលអម្បាញ់មិញ។
“ប្រាវ” សំឡេងកែវទឹកធ្លាក់ពីលើតុដោយសារវត្តីបានគ្រវាសទៅត្រូវនឹងវាបន្ទាប់ពីប្រឹងតោងតុងើប។ អំបែងកែវថ្លាបែកខ្ចាយពេញបន្ទប់រួមជាមួយកំប៉ុងថ្នាំក្បែរនោះក៏ត្រូវធ្លាក់របើកគម្របខ្ចាត់ខ្ចាយពេញបន្ទប់ដូចគ្នា មិនបានប្រយ័ត្នវត្តីក៏ច្រឡំច្រត់ដៃទៅលើកម្ទេចអំបែងបណ្ដាលឱ្យបាតដៃមានរបួសសុះចេញឈាមយ៉ាងច្រើន នាងខំប្រឹងលើកដៃខ្លួនឯងមកមើលទាំងញ័រទទ្រើកឃើញឈាមហូរពាសពេញបាតដៃ ទឹកមុខនាងចាប់ផ្ដើមស្លេកបន្តិចម្ដងៗ រួចនាងក៏ដួលសន្លប់បាត់ស្មារតីនៅក្នុងបន្ទប់តែម្នាក់ឯងបាត់ទៅ។
លោកយាយនិងម៉ាក់វត្តីនៅខាងក្រៅបានឮសំឡេងអ្វីមិនដឹងចេញពីបន្ទប់ ពួកគាត់ក៏នាំគ្នាស្ទុះមកគោះទ្វារស្រែកហៅវត្តីតែក៏មិនឮនាងឆ្លើយតប ចំណែកឯទ្វារក៏ជាប់សោពីខាងក្នុងបើកចូលមិនកើតទៀត ពួកគេទាំងពីរបារម្ភណាស់មិនដឹងថាវត្តីនាងកើតអី។
“វត្តីចៅ បើកទ្វារឱ្យយាយបន្តិចមក” ដៃគាត់នៅគោះទ្វារបន្ត បន្ទាប់ពីបានស្រែកហៅតែនៅតែមិនឮសំឡេងនាងឆ្លើយ ពេលនោះទើបម៉ាក់វត្តីគាត់ចាប់ផ្ដើមស្រែកម្ដង។
“ម៉ាក់សុំទោសកូន ម៉ាក់មិនគួរនិយាយខ្លាំងៗដាក់កូនទេកូនមិនបាច់បើកទ្វារក៏បានដែរគ្រាន់តែឆ្លើយឱ្យម៉ាក់ឮសំឡេងថាកូនមិនអីទៅបានហើយ”
គាត់វាចាភ្ជាប់ជាមួយទឹកមុខស្លន់ស្លោបារម្ភពីកូន ពួកគាត់មិនដឹងទេថាវត្តីនាងបានសន្លប់នៅក្នុងបន្ទប់បាត់ទៅហើយ។
ចៃដន្យថ្ងៃនេះសីហាបានចេញពីធ្វើការមុនម៉ោងទើបគេប្រញាប់មកផ្ទះ ឃើញលោកយាយនិងម៉ាក់នៅឈរគោះទ្វារមុខបន្ទប់វត្តីគេក៏រត់តម្រង់មកដែរ មិនទាន់ទាំងបានសួរនាំអ្វីផងម៉ាក់គេក៏សួររកសោបន្ទប់វត្តី។
“មានរឿងអីម៉ាក់ មិចបានជាស្លន់ស្លោម្ល៉េះ?” មាត់គេនិយាយតែដៃកំពុងលូករកកូនសោក្នុងកាបូបទាំងប្រញាប់ រួចហុចទៅឱ្យម៉ាក់ទាំងគាត់នៅមិនទាន់បានតបសំណួរ។ ម៉ាក់វត្តីចាក់សោទាំងញ័រដៃប្រញាប់ប្រញាល់រុញទ្វារចូលក្នុងបន្ទប់មើលថាមានរឿងអី ពេលបើកទ្វារចូលទៅឃើញវត្តីសន្លប់រួមជាមួយឈាមដាបពេញការ៉ូ កែវទឹកបែកខ្ចាត់ខ្ចាយ ថ្នាំកំពប់ពេញហ្នឹង ពួកគាត់ក៏គិតថាវត្តីនាងលេបថ្នាំហើយអារដៃសម្លាប់ខ្លួន។ ម្ដាយវត្តីពេលឃើញបែបនេះគាត់ស្ទុះទៅត្រកងខ្លួនកូនក្នុងដៃហើយស្រែកហៅឈ្មោះវត្តីខ្លាំងៗ គាត់ព្យាយាមអង្រួនខ្លួនប្រាណដែលសន្លប់ឱ្យភ្ញាក់ដឹងខ្លួន គាត់យំឡើងខ្សោះទឹកភ្នែកទៅហើយ ព្រោះតែស្លុតចិត្តពេកគាត់រកខ្យល់ចាប់ម្ដងៗ។
នៅមន្ទីរពេទ្យ….
វត្តីត្រូវបាននៅសម្រាកព្យបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់កម្រិតស្រាល ចំណែកឯសាច់ញាតិអ្នកជំងឺត្រូវអង្គុយរង់ចាំនៅខាងក្រៅ។ ម្នាក់ៗសុទ្ធតែបារម្ភពីវត្តីគ្រប់ៗគ្នាពិសេសគឺម៉ាក់នាង បើគាត់មិនស្ដីឱ្យនាងខ្លាំងៗ វត្តីក៏មិនដល់ថ្នាក់ត្រូវគិតខ្លីសម្លាប់ខ្លួនអ៊ីចឹងដែរ គាត់ដើរទៅវិញទៅមកមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងចិត្តរសាប់រសល់ កម្រិតនៃការព្រួយបារម្ភគឺធំធេងខ្លាំងណាស់ដែលធ្វើឱ្យគាត់មិននៅអង្គុយជាប់មួយកន្លែងបាន ភ្លាមនោះលោកគ្រូពេទ្យក៏ចេញមកល្មម។
“លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចទៅហើយ?” គាត់ស្រវាចាប់ដៃពេទ្យសួរដោយអាការៈអន្ទះសាចង់ដឹងជាខ្លាំង សីហានិងលោកយាយក៏ងើបមកចាំស្ដាប់ចម្លើយគ្រូពេទ្យដូចគ្នា។
“កូនអ្នកស្រីមិនបានកើតអីធ្ងន់ធ្ងរទេ នាងគ្រាន់តែសន្លប់ដោយសារផ្លូវចិត្តទទួលរងនូវការប៉ះទង្គិចពីហេតុការណ៍ដែលនាងចួបប្រទះ រន្ធត់ញាប់ញ័រពេកឬរំភើបរំជើបរំជួលអារម្មណ៍ខ្លាំងពេក ម៉្យាងទៀតនាងព្យាយាមធ្វើអ្វីប្រឆាំងទៅនឹងតម្រូវការរបស់សារពាង្គកាយដូចជាប្រឹងក្រោកដើរទាំងចលនាសាច់ដុំជើងនៅស្ពឹក ហើយសុខភាពនាងក៏ខ្សោយ សម្រាកមិនគ្រប់គ្រាន់ ទទួលទានអាហារខ្វះអាហាររូបត្ថម្ភសម្រាប់សុខភាព ទទួលរងសម្ពាធផ្លូវចិត្តច្រើនឬអាចនិយាយបានថាគិតច្រើននូវរឿងដែលធ្វើឱ្យអារម្មណ៍មិនល្អ”
ចម្លើយនេះធ្វើឱ្យអ្នកទាំងអស់គ្នាបានធូរទ្រូងខ្លះព្រមទាំងលែងសូវបារម្ភខ្លាំង តែពួកគាត់នៅមានចម្ងល់មួយទៀតដែលគ្រូពេទ្យមិនទាន់បានបកស្រាយ ពេលនោះទើបលោកយាយចាប់ផ្ដើមសួរម្ដង
“លោកគ្រូពេទ្យ ចៅស្រីខ្ញុំពិតជាសន្លប់ដោយសារបញ្ហាផ្លូវចិត្តពិតមែន មិនមែនមកពីនាងលេបថ្នាំហួសកំណត់ហើយអារដៃរហូតឈាមហូរខ្សោះអស់ពីខ្លួនទេមែនទេ?”
លោកគ្រូពេទ្យហាក់អស់សំណើចបន្តិចដែរក្រោយពីបានឮសម្ដីលោកយាយវត្តី។
“នាងពិតជាសន្លប់ដោយសារបញ្ហាផ្លូវចិត្តមែន ចំណែកឯឈាមនៅលើដៃនាងគឺគ្រាន់តែមុតអំបែងកែវប៉ុណ្ណោះហើយខ្ញុំក៏មិនបានពិនិត្យឃើញសារធាតុថ្នាំនៅក្នុងខ្លួននាងដែរ អ្នកទាំងអស់គ្នាអាចសប្បាយចិត្តបាន ខ្ញុំបានព្យួរសេរ៉ូមកម្លាំង និងចាក់ថ្នាំឱ្យនាងសម្រាកហើយ ព្រឹកស្អែកទើបនាងដឹងខ្លួន បន្ទាប់ពីនាងដឹងខ្លួនសូមឱ្យអ្នកទាំងអស់គ្នាកុំនិយាយអ្វីដែលធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកជំងឺ អាការៈនាងអាចថាមិនសូវធ្ងន់ធ្ងរ ប៉ុន្តែបើនៅតែបន្តធ្វើឱ្យផ្លូវចិត្តនាងរងសម្ពាធ នាងអាចនឹងមានជំងឺបាក់ទឹកចិត្តគិតខ្លីក៏ថាបាន”
ពួកគេទាំងបីក៏យល់ស្របទៅតាមសម្ដីលោកគ្រូពេទ្យព្រមទាំងសំពះអរគុណ និងសូមចូលទៅមើលវត្តីក្នុងបន្ទប់។ លុះបើកទ្វារចូលទៅឃើញវត្តីកំពុងតែគេងលើគ្រែពេទ្យ ហើយដៃម្ខាងជាប់នឹងបង់រុំរបួស។
“វត្តីកូន ម៉ាក់សុំទោស បើម៉ាក់ព្យាយាមនិយាយលើកទឹកចិត្តឱ្យច្រើនជាងពាក្យស្ដីបន្ទោសកូនក៏មិនត្រូវមកឈឺបែបនេះដែរ”
ទឹកភ្នែកគាត់ចាប់ផ្ដើមហូរចេញមកម្ដងទៀតបន្ទាប់ពីឃើញសភាពកូនគេងនៅលើគ្រែ គាត់អង្គុយចុះលើកៅអីក្បែរគ្រែអ្នកជំងឺរួចអង្អែលដៃវត្តី ថ្នមៗដោយទឹកមុខសោកសង្រែក។
“ម៉ាក់ឈប់បន្ទោសខ្លួនឯងទៅ វត្តីគេលែងអីហើយ ម៉ាក់និងលោកយាយទៅផ្ទះសម្រាកចុះទុកឱ្យខ្ញុំនៅគេងកំដរវត្តីយប់នេះ”
“មែនហើយ សភាពឯងពេលនេះទៅផ្ទះសម្រាកសិនក៏ល្អដែរ”
“ខ្ញុំសុំនៅបំពេញតួនាទីជាម្ដាយល្អម្ដងចុះ កន្លងមកខ្ញុំមិនដែលបាននៅក្បែរមើលថែកូនទេ ពេលនេះនាងឈឺខ្ញុំសុំនៅកំដរនាង”
គាត់នៅតែមើលទៅវត្តីដោយក្រសែភ្នែកសោកសៅ។ លោកយាយនិងសីហា គាត់មិនដឹងត្រូវហាមយ៉ាងម៉េចក៏ព្រមតាមហ្នឹងទៅ។ ពួកគេក៏ត្រឡប់មកផ្ទះវិញដោយទុកឱ្យម្ដាយវត្តីនៅមន្ទីរពេទ្យ។ ម្ដាយវត្តីបាននៅជូតខ្លួនឱ្យនាងនិងអង្គុយរង់ចាំទាល់តែអស់សេរ៉ូមរហូតភ្លេចខ្លួនគេងលក់លើគ្រែក្បែរវត្តីបាត់ទៅ….
ព្រះអាទិត្យបញ្ចេញពន្លឺបំភ្លឺផែនដីសារជាថ្មី បន្ទាប់ពីបានបាត់រស្មីអស់រយៈពេល១២ម៉ោងមក។ រស្មីនៃពន្លឺព្រះអាទិត្យបានចាំងចូលបន្ទប់ប៉ះត្របកភ្នែកស្ដើងឱ្យបើកប្រិមៗ ដៃលើកបាំងពន្លឺព្រះអាទិត្យដែលជះមកដោយភ្នែកព្រិចបើកៗ។
“កូនដឹងខ្លួនហើយមែនទេ?” សំឡេងបន្លឺឡើងបន្ទាប់ពីគាត់ឈរបើកវាំងននហើយងាកក្រោយឃើញអ្នកជំងឺនៅលើគ្រែបើកភ្នែក។
“កូនយ៉ាងម៉េចទៅហើយមានអារម្មណ៍ឈឺក្បាលអស់កម្លាំងអីអត់ ញ៉ាំទឹកទេ ម៉ាក់ទៅយកឱ្យ!”
គាត់ដើរទៅចាក់ទឹករួចដើរទៅជិតវត្តីគ្រាហ៍នាងឱ្យងើបពីគ្រែហើយលើកទឹកបញ្ចុកកូន។ វត្តីងើបមើលមុខម៉ាក់នាងដោយក្រសែភ្នែកភ្លឹះៗមិននិយាយអ្វី ទើបឱនបឺតទឹកបន្សើមបំពង់កបន្តិច។
“កូនឃ្លានទេ? ញ៉ាំបបរសិនទៅ ម៉ាក់ទើបទិញមកក្ដៅៗ”
និយាយបណ្ដើរគាត់លើកចានបបរមកកូរផ្លុំបញ្ចុកវត្តីបណ្ដើរ វត្តីហាមាត់ញ៉ាំបបរទាំងមានមន្ទិលក្នុងចិត្ត ម៉េចក៏ម៉ាក់គាត់មើលថែយកចិត្តទុកដាក់នឹងនាងម៉្លេះទាំងដែលម្សិលមិញគាត់នៅស្ដីបន្ទោសថាឱ្យនាង តែមិនថ្វីទេ ព្រោះវត្តីនាងខានទទួលអាម្មណ៍កក់ក្ដៅ និងការយកចិត្តទុកដាក់ពីម្ដាយបែបនេះយូរហើយ នាងក៏នៅសំងំស្ងៀមមិននិយាយអ្វីព្រមញ៉ាំបបរតាមសម្តីម្ដាយ។ លុះញ៉ាំរួចរាល់អស់ហើយគាត់ក៏យកថ្នាំមកឱ្យនាងលេប។
“ហូបប៉ោមតិចទៅ កុំឱ្យថ្នានៅល្វីងជាប់មាត់” គាត់បានត្រៀមផ្លែឈើទុកជាស្រេចដើម្បីឱ្យ វត្តីញ៉ាំបន្ទាប់ពីលេបថ្នាំហើយ ព្រោះគាត់ដឹងថាវត្តីនាងនឹងក្អួតបើលេបថ្នាំហើយមិនបានញ៉ាំប៉ោម។
“គាត់នៅចាំគ្រប់យ៉ាងទាក់ទងនឹងខ្ញុំ ម៉ាក់ពីមុនរបស់ខ្ញុំត្រឡប់មកវិញហើយ”
នាងនិយាយក្នុងចិត្តក្រសែភ្នែកនាងមើលទៅម៉ាក់ចំៗ រួចលូកយកចំណិតប៉ោមដាក់ចូលមាត់ ចំណែកម៉ាក់វត្តីគាត់ក៏ញញឹមទៅកូនយ៉ាងស្រស់បំព្រង ពេលឃើញនាងមិនប្រកែកជាមួយគាត់។
“ម៉ាក់ឈប់ខឹងកូនហើយមែនទេ?” សំឡេងស្រាលនិយាយទៅកាន់ម៉ាក់នាងដោយសម្លឹងមើលមុខគាត់។
“កូនឆ្កួត…ម៉ាក់មិនដែលខឹងឯងទេ កន្លងមកម៉ាក់តែងព្រងើយមិនខ្វល់ ហើយជេរស្ដីឱ្យឯងខ្លាំងៗ ព្រោះម៉ាក់ចង់ឱ្យឯងចេះយកពាក្យសម្ដីម៉ាក់ទៅគិតខ្លះ រៀនក្រោកឈរខំប្រឹងដោយខ្លួនឯង ម៉ាក់ដឹងថាពាក្យសម្ដីម្សិលមិញរាងជ្រុលទៅលើកូន ដែលធ្វើឱ្យកូនមិនអាចទទួលយកបានហើយម៉ាក់ក៏ដឹងទៀតថា ពាក្យលើកទឹកចិត្តវាសំខាន់ណាស់តែបើកូនមិនខំខ្លួនឯងក៏គ្មាននរណានៅចាំជួយកូនរហូតដែរ ពេលដែលម៉ាក់ជេរស្ដីឱ្យឯងក្នុងចិត្តម៉ាក់ក៏ ឈឺចាប់មិនចាញ់ឯងដែរ ពីពេលនេះទៅម៉ាក់ឈប់ថាឱ្យឯងទៀតហើយ ព្រោះម៉ាក់ដឹងថាភាពឈឺចាប់នៅក្នុងចិត្តដែលបានមកពីការស្ដីបន្ទោសរបស់ម៉ាក់ មិនបានធ្វើឱ្យឯងរឹងមាំហ៊ានតស៊ូជម្នះភាពឈឺចាប់នោះទេ”
គាត់ញញឹមស្រាលទៅកាន់វត្តី រួចគាត់ក៏ទាញនាងមកឱបពោរពេញដោយក្ដីស្រលាញ់។
កម្លាំងចិត្តពីមនុស្សជុំវិញខ្លួនជាកត្តាសំខាន់សម្រាប់ឱ្យយើងក្រោកឈរ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺកម្លាំងចិត្តពីស្ដ្រីម្នាក់ដែលគាត់ជាអ្នកផ្ដល់កំណើតនិងចិញ្ចឹមបីបាច់យើងពីតូចរហូតដល់ធំនោះគឺអ្នកម្ដាយ។ គ្មានអ្វីធំជាងក្ដីស្រលាញ់ដែលម្ដាយមានឱ្យកូនទេ ក្ដីស្រលាញ់ ភាពកក់ក្ដៅ កម្លាំងចិត្តរបស់គាត់អាចឱ្យយើងជម្នះរាល់គ្រប់ឧបសគ្គ។ ទោះបីពេលខ្លះគាត់បន្ទោសជេរស្ដីនិយាយដាក់យើងខ្លាំងៗពិតមែន តែគាត់មិនដែលនិយាយថាដើម្បីឱ្យយើងអាក្រក់ទេ ចិត្តជាម្ដាយទោះកូនធ្វើខុសយ៉ាងណាក៏គាត់នៅតែអាចអភ័យទោសឱ្យកូនមិនថាធ្ងន់ ឬស្រាលយ៉ាងណាក៏ដោយ។
វត្តីនិងម៉ាក់នាងក៏បានយល់ចិត្តគ្នាទៅវិញទៅមក ហើយនាងកាន់តែមានភាពស្និទ្ធស្នាលជាមួយម្ដាយកាន់តែខ្លាំងជាងមុន។ វត្តីបានជាសះស្បើយយ៉ាងឆាប់រហ័សពីជំងឺ ព្រោះតែមានអ្នកម្ដាយមើលថែផ្ដល់កម្លាំងចិត្តឱ្យនាងជារៀងរាល់ថ្ងៃ ហើយនាងក៏មានឱកាសអាចដើរបានសារជាថ្មីផងដែរ។
លោកគ្រូពេទ្យដែលតែងតែព្យាបាលវត្តីមានប្រសាសន៍ថា
“ឱ្យនាងឧស្សាហ៍ធ្វើលំហាត់ប្រាណកាយសម្បទាឱ្យបានញឹកញាប់ដូចជា រៀនក្រោកឈរពីរទេះដោយខ្លួនឯង បន្ទាប់ពីអាចក្រោកឈរដោយខ្លួនឯងបានហើយ ត្រូវរក្សាលំនឹងនៃការឈរឱ្យនឹងកុំឱ្យដួល បន្ទាប់មកទៀត ត្រូវឈានជើងដើរមួយៗជាមួយនឹងឧបករណ៍សម្រាប់តោងដើរដែលមន្ទីរពេទ្យបានផ្ដល់ឱ្យធ្វើបែបនេះជារៀងរាល់ថ្ងៃចលនាសាច់ដុំជើងអាចនឹងរស់ឡើងវិញ”
ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពវត្តីកាន់តែល្អប្រសើរ ហើយការធ្វើចលនាកាយសម្បទារបស់នាងក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។ វត្តីនាងកំពុងឈានជើងដើរ មួយៗម្នាក់ឯងយ៉ាងលំបាក ចៃដន្យពេលនោះនាងបានជំពប់ជើងដួលទៅលើការ៉ូ។ នាងតូចខំប្រឹងតោងរទេះក្រោកឡើងដោយខ្លួនឯង ទោះបីជាត្រូវដួលម្ដងហើយម្ដងទៀតក៏ ដោយ។
“ខ្ញុំមិនត្រូវចុះចាញ់ក្នុងការក្រោកឈរម្ដងហើយម្ដងទៀតទេ ខ្ញុំត្រូវតែហ៊ានជម្នះភាពលំបាកដោយខ្លួនឯងឱ្យបាន ដើម្បីលោកប៉ាដែលបានចែកឋានទៅសប្បាយចិត្ត ហើយក៏ដើម្បីខ្លួនឯង បងប្រុស លោកយាយ និងម៉ាក់រីករាយផងដែរ ព្រោះថាជីវិតមនុស្សម្នាក់ៗ យើងមិនដឹងថាសល់ពេលប៉ុន្មានសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួនទេ ដរាបណានៅមានជីវិតត្រូវតែរស់នៅឱ្យល្អនិងត្រូវចេះឱ្យតម្លៃលើកទឹកចិត្តខ្លួនឯង”
នាងតូចនិយាយប្រាប់ខ្លួនឯងដោយភាពជឿជាក់ និងប្រាកដក្នុងចិត្តថានាងពិតជាអាចធ្វើគ្រប់យ៉ាងបានដោយខ្លួនឯង។
អ្វីៗគ្រប់យ៉ាងចាប់ផ្ដើមពីខ្លួនយើង បើខ្លួនឯងមិនប្រឹងហើយផ្ដេកផ្ដួលទៅតាមភាពឈឺចាប់ទោះមានមនុស្សនៅចាំលួងលោមលើកទឹកចិត្តរាល់ថ្ងៃក៏ជីវិតយើងនៅតែមិនអាចចេញផុតពីស្រមោលនៃភាពឈឺចាប់បានដែរ។ ផ្ដល់កម្លាំងចិត្តផ្ដល់ស្នាមញញឹមដល់ខ្លួនឯងឱ្យច្រើនជាជាងស្ដីបន្ទោសនិងមិនយល់ពីតម្លៃខ្លួនឯង។ ដរាបណាព្រះអាទិត្យនៅតែមានពន្លឺ ដួងចន្ទនៅតែបំភ្លឺផែនដីពេលរាត្រី ជីវិតយើងម្នាក់ៗគឺសុទ្ធតែមានតម្លៃរៀងខ្លួន។ អ្នកណាក៏ធ្លាប់ដួល អ្នកណាក៏ធ្លាប់ខុស តែអ្វីដែលសំខាន់នោះគឺយើងស្គាល់ខ្លួនឯង យើងមិនចាញ់ឡើយបើសិនយើងប្រឹងប្រែង។
ព្រះអាទិត្យចាប់ផ្ដើមថយពន្លឺបន្តិចម្ដងៗ ផ្ទៃមេឃប្រែជាងងឹត ព្រះច័ន្ទក៏បានចូលមកជំនួសកន្លែងព្រះអាទិត្យ ពេលនេះវត្តីមិនបាច់ត្រូវមានអ្នកគោះទ្វារហៅទៅញ៉ាំបាយទៀតទេ នាងងូតទឹករៀបចំខ្លួនរួចរាល់នាងក៏ចេញទៅតុអាហារដោយខ្លួនឯង។ ពេលទៅដល់តុបាយឃើញមានម្ហូបអាហារនៅលើតុរៀបចំយ៉ាងស្អាត ប៉ុន្តែបែរជាមិនឃើញមាននរណាសោះ រំពេចនោះភ្លើងក៏ដាច់ វត្តីភ័យខ្លាំងណាស់ព្រោះនាងនៅក្នុងផ្ទះតែម្នាក់ឯង ពន្លឺភ្លើងដូចជាភ្លើងទៀនបានសំដៅមក ម៉ាក់នាងកាន់នំខេកមករកនាងហើយសំឡេងច្រៀងអបអរថ្ងៃកំណើតក៏បានបន្លឺឡើង…
“រីករាយថ្ងៃកំណើតប្អូនស្រីបង ជូនពរឱ្យឯងមានសុខភាពល្អឆាប់ដើរបាននឹងចួបតែរឿងល្អ”
“យាយក៏ដូចគ្នាជូនពរឱ្យចៅមានសុខភាពល្អ ចេះស្រលាញ់ខ្លួនឯងឱ្យច្រើនៗហើយប្រើជីវិតរស់នៅឱ្យមានសេចក្ដីសុខ”
វត្តីពេលឃើញនំខេកនិងឮពាក្យជូនពរបែបនេះនាងរំភើបឡើងស្រក់ទឹកភ្នែកនិយាយមិនចង់ចេញ នាងបានត្រឹមតែនិយាយអរគុណហើយញញឹមលាយទឹកភ្នែក ចំណែកម៉ាក់របស់វត្តីវិញក៏បានជូនពរឱ្យគេមានសុខភាពល្អដូចគ្នា គាត់បាននិយាយបន្តទៀតថា
“កូនត្រូវតែរឹងមាំឡើង ម៉ាក់នឹងនៅលើកទឹកចិត្តកូនជានិច្ច ទោះបីជាកន្លងមកម៉ាក់មិនសូវយកចិត្តទុកដាក់ មិនសូវបានមើលថែកូន ប៉ុន្តែម៉ាក់ស្រឡាញ់កូនខ្លាំង ម៉ាក់ក៏ចង់ឃើញកូនរស់នៅជាមួយបច្ចុប្បន្ន បំភ្លេចអតីតកាលជូរចត់ចោល ត្រឡប់មកសាងជីវិតថ្មីជាមួយបច្ចុប្បន្នឱ្យរីករាយកុំក្រៀមក្រំតាមរឿងអតីតកាលដែលវាកន្លងផុត”
“កូនយល់ហើយ កន្លងមកម៉ាក់តែងតែខ្វល់ខ្វាយនិងយកចិត្តទុកដាក់ពីកូនជានិច្ច ព្រមទាំងលោកយាយនិងបងប្រុសផងដែរគ្រប់គ្នាតែងតែបារម្ភពីខ្ញុំ មានតែខ្ញុំទេដែលមិនយល់ តែងតែរស់នៅនិងឃុំខ្លួនឯងនៅក្នុងស្រមោលអតីតកាលនៃភាពឈឺចាប់ ពីពេលនេះតទៅខ្ញុំនឹងត្រឡប់មករស់នៅក្នុងបច្ចុប្បន្នវិញ ហើយកសាងវាឱ្យល្អដើម្បីសេចក្ដីសុខសម្រាប់គ្រួសារយើងព្រមទាំងលោកប៉ាដែលបានចែកឋាន កូនសន្យាថានឹងឈប់ធ្វើខ្លួនជាមនុស្សទន់ជ្រាយទៀតហើយ”
និយាយទាំងរំភើបលាយឡំនិងទឹកភ្នែក។ ការផ្ដល់កម្លាំងចិត្ត លើកទឹកចិត្តខ្លួនឯងវាជារឿងចាំបាច់ដែលយើងត្រូវធ្វើដើម្បីខ្លួនឯង គ្មាននរណាមកធ្វើជំនួសយើងបានទេ កម្លាំងចិត្តពីខ្លួនឯងគឺជាក្ដីសង្ឃឹមដែលធ្វើឱ្យយើងញញឹមនិងក្រោកឈរទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏យើងអាចជម្នះបាន។ វាជារឿងធម្មតាដែលមនុស្សតែងចួបរឿងឈឺចាប់ ភាពទន់ខ្សោយ ការបាក់ទឹកចិត្ត ការអស់សង្ឃឹមចំពោះខ្លួនឯង តែកុំបណ្ដែតបណ្ដោយឱ្យជីវិតយើងធ្លាក់ក្នុងសភាពបែបហ្នឹងយូរពេក ពេលវេលាចេះតែដើរទៅមុខ រឿងទាំងអស់នឹងក្លាយជាអតីតកាល ដូច្នេះយើងត្រូវដើរទៅមុខតាមពេលវេលាកុំឃុំខ្លួនឯងក្នុងអតីតកាល។
“ម៏! កុំនៅនិយាយយូរពេកទៀនឆេះអស់ហើយឆាប់ផ្លុំឱ្យលឿនទៅយើងចង់ភ្លក្សនំខេក”
ឮបែបនេះពួកគេក៏ផ្ទុះសំណើចមកព្រមគ្នាតែម្ដង។
“វត្តីអូនបួងសួងរួចសឹមផ្លុំទៀនពន្លត់”
វត្តីនាងលើកដៃប្រណម្យរួចបួងសួងហើយផ្លុំទាន។
ឈីតៗៗៗ surprise បានបាញ់ឡើង ពួកគេញញឹមយ៉ាងមានក្ដីសុខគ្រប់ៗគ្នា ហើយក៏កាត់នំបញ្ចុកគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ។
ចាប់ពីពេលនោះមក គ្រួសារវត្តីក៏រស់នៅយ៉ាងមានសុភមង្គល ម៉ាក់វត្តីក៏ស្រឡាញ់និងមើលថែនាងយ៉ាងល្អ វត្តីវិញនាងក៏បានបំភ្លេចអតីតកាលចោលហើយរស់នៅជាមួយបច្ចុប្បន្នដោយរីករាយ។
ជីវិតយើងម្នាក់ៗសុទ្ធតែមានអតីតកាលរៀងៗខ្លួនទាំងល្អ និងអាក្រក់ រឿងល្អយើងក៏ចង់ចាំវាទុកជាអនុស្សាវរីយ ចំណែករឿងមិនល្អក៏បោះវាចោលទៅកុំឱ្យវាមកបំផ្លាញសេចក្ដីសុខទៅថ្ងៃខាងមុខបាន អតីតកាលជាស្រមោលចាប់ផ្ដើមជីវិតសារជាថ្មីជាមួយបច្ចុប្បន្ន ទើបជីវិតយើងរស់នៅកាន់តែមានន័យនិងមានសេចក្ដីសុខ៕