រឿង៖ ម៉ែយាយ

វាគឺជារឿងខ្លី ដែលដកស្រង់ពីផ្នែកមួយនៃជីវិតពិតរបស់ស្រ្តីម្នាក់……..
គាត់មិនមានចំណេះដឹងអ្វីជ្រៅជ្រះនោះទេ គាត់មិនមានទ្រព្យសម្បត្តិច្រើនហូរហៀរដូចជាគេឯទៀតទេប៉ុន្តែគាត់មានសន្តានចិត្តពោរពេញដោយក្ដីមេត្តាករុណា។ គាត់មានដៃទាំងទ្វេដែលគ្រិនរឹងព្រោះប្រឹងប្រែងធ្វើការមកតាំងពីនៅក្មេងធ្វើឱ្យមានសភាពគគ្រាតមិនស្អាត តែបាតដៃទាំងទ្វេរបស់គាត់នោះហើយដែលរ៉ាប់រងលើជីវិតកូនប្រុសស្រី បីបាច់ថែរក្សាកូនប្រុសស្រីរហូតឆ្លងដល់ចៅៗរបស់គាត់ទៀត។
គាត់មិនតូចចិត្តទេទោះបីជាគាត់មិនបានទទួលនូវភាពស្រណុកដែលគាត់គួរតែត្រូវបានទទួលនៅក្នុងពេលនេះ ដើម្បីប៉ះប៉ូវនូវអ្វីដែលគាត់បានលះបង់ក្នុងរយៈពេលលើសពីពាក់កណ្ដាលជីវិតរបស់គាត់ក៏ដោយ ព្រោះថាគាត់មិនចង់បានអ្វី មិនចង់ទាមទារអ្វីសុំត្រឹមតែកូនចៅប្រុសស្រីរបស់គាត់រស់នៅសុខសាន្ត។
ភាពជាស្ត្រីមេម៉ាយ ភាពជាមនុស្សចាស់ រាងកាយទ្រុឌទ្រោម ការតស៊ូលំបាកក្នុងឆាកជីវិតរបស់ម្ដាយ ម្ដាយមិនត្អូញត្អែរនោះទេ….ម្ដាយរីករាយលះបង់គ្រប់យ៉ាងដើម្បីកូន។ ម្ដាយបានឱបជាប់នៅពាក្យថាតស៊ូចាប់តាំងពីកូនមកចាប់កំណើតក្នុងផ្ទៃរបស់ម្ដាយម្ល៉េះ។ ម្ដាយរីករាយនឹងពលីគ្រប់យ៉ាងសម្រាប់កូនសូម្បីតែជីវិតរបស់ម្ដាយក៏ម្ដាយមិនរួញរាដែរ។
“ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង!” ក្ដីស្រឡាញ់របស់ឪពុកម្ដាយមិនប្រួលប្រែទេបន្តពីរូបកូនរហូតដល់ចៅរបស់ឪពុកម្ដាយ។ ឃើញកូនបានរៀបការមានគូស្រករ ចេះស្រឡាញ់រួមរស់ជាមួយគ្នា ខិតខំប្រឹងប្រែងប្រកបរបររកស៊ី ម្ដាយពិតជាត្រេកអររកពាក្យអ្វីថ្លែងមិនបានឡើយ។ ម្ដាយគ្មានឡើយ…គ្មានសូម្បីតែកូនចិត្តគិតថាចង់បានរបស់របរពីកូនចៅឬការតបស្នងសងគុណរបស់កូនចៅ……!!
អរុណោទ័យ…
ខ្យល់អាកាសធាតុល្អបរិសុទ្ធធ្លាក់មករសៀកៗ បក់ផាត់ចុងស្រូវខៀវខ្ចីឱ្យទន់ទោររេរាំបីដូចជាចង្វាក់ភ្លេងប្រគំលួងលោមបបោសអង្អែលដួងចិត្តរបស់ប្រជាកសិករ។ ទេសភាពនៅតាមវាលស្រែនារដូវស្សាបានរំលេចឱ្យឃើញវាលស្រែពណ៌ខៀវស្រងាត់ក្រោមពន្លឺនៃកាំរស្មីដ៏ស្រទន់របស់ព្រះទិនករ។
ឱវាលស្រែ! ឱវាលស្រូវ! អ្នកនេះហើយជាអ្នកចិញ្ចឹមបីបាច់មនុស្សរាប់លាននាក់! អ្នកបែកគុម្ពត្រសុំត្រសាយលែងខ្លួនឆើតឆាយហាក់រីករាយនឹងជីវិតដែលកើតមកជាប្រយោជន៍ដល់ជនានុជនប្រុសស្រី។
នៅក្នុងប្រឡាយដែលមានទឹកពេញព្រៀប ឃើញមានក្មេងប្រុសៗវ័យប្រហែលប្រាំពីរ ប្រាំបីឆ្នាំ បួនប្រាំនាក់ប្រជែងគ្នាមុជទឹករញ៉ៃ។ នៅសល់តែក្មេងម្នាក់ដែលឈរអេះអុញនៅមាត់ប្រឡាយហាក់ចង់ចុះលេងជាមួយគូកនបន្តិចអត់បន្តិច។
«អាយ៉ុត! អ្ហែងចុះម៏! សប្បាយណាស់អ្ហែង!» ក្មេងម្នាក់នៅក្នុងទឹក ដែលកំពុងហែលទឹកខ្វៃៗស្រែកទៅកាន់គូកនដែលឈររេរានៅមាត់ប្រឡាយ។
«តែអញ..អត់ចេះហែលទឹកផងហ្នឹងអាផៃ…» កុមារនាមយ៉ុតតបទៅមិត្តទាំងសូញសាញ ព្រោះចិត្តវាចង់លេងទឹកខ្លាំងណាស់តែចិត្តមួយទៀតនៅមិនដាច់ស្រេច។
«អ្ហែងលេងកៀនៗទៅអានេះ…ម៏…គេឡើងវិញឥឡូវហើយ!» អាយ៉ុតអង្គុយចុះធ្វើមុខជូរ៖
«អញខ្លាចយាយអញដឹង គាត់វាយអញ! គាត់មិនឱ្យអញលេងទឹកទេ!»
«មុជគ្នាយើងតើមានណាដឹង!…ម៏អាយ៉ុត! អញសួរអ្ហែង! អ្ហែងស៊ាំម្ល៉េះ? ចុះម៏…!»
អាយ៉ុតយកដៃកេះដីគប់ទៅក្នុងទឹកលេង។ វានៅតែមិនហ៊ានចុះលេងទឹកព្រោះពេលនឹកដល់ទឹកមុខកាចរបស់យាយវាម្ដងៗធ្វើឱ្យវាចេះតែខ្លាច។ កន្លងមកយាយវាក៏វាយវារាប់មិនអស់ដងទៅហើយរឿងលួចមកមុជទឹកប្រឡាយនៅស្រែ ហើយចុះចាប់ត្រីក្នុងស្រែជាន់ស្រូវគេឯងហ្នឹង។ វារអ៊ូង៉ូវៗ៖
«តែយាយអញកាចណាស់អាផៃ…គាត់ហាមអញមិនឱ្យមុជទឹកប្រឡាយទេ!»
«អានេះតាប៉ែច្រើនណាស់…អត់មុជអត់ទៅ….តស់អាចក់លេងខ្លាដេញចាប់អ្ហី?» អាផៃស្រែកឮៗទៅកាន់ភឿនរបស់វាម្នាក់ទៀតដែលនៅជិតវានោះកំពុងហែលទឹកលេងយ៉ាងសប្បាយដូចគ្នា។ អាចក់មាឌតូចល្អិតក្បាលត្រងោលក៏ស្រែកហៅភឿនវាផ្សេងៗទៀតដែលកំពុងហែលទឹកនៅឆ្ងាយពីកន្លែងវាបន្តិច៖
«អាវី អាជ័យ…លេងខ្លាដេញចាប់អត់វ៉ើយ?»
អាពីរនាក់ដែលកំពុងហែលទឹកខ្វៃៗនោះប្រញាប់តប៖
«អឺតុះ!!» អាចក់ងាកមកអាយ៉ុត៖
«អ្ហេ! អាយ៉ុតមកលេងអត់?» អាផៃតបជំនួស៖
«មិនបាច់ហៅវាទេ…វាមិនលេងទេ វាខ្លាចយាយវា!! តុះ! ម៏ប៉ាវ…!»
ស្រុះស្រួលគ្នារួច ពួកវានាំគ្នាប៉ាវស៊ីងសុង ហើយលេងដេញចាប់ក្នុងទឹកបន្លឺសំឡេងកក្អិច។ ក្មេងប្រុសនាមយ៉ុតនៅខាងលើមើលគេលេងយូរៗ ទ្រាំមិនបានក៏ដាច់ចិត្តដោះខោអាវហក់ទឹកលេងជាមួយគេដែរ តែវាលេងនៅតែកៀនៗព្រោះមិនចេះហែលទឹកដូចក្មេងៗជាគូកនឯទៀត។ កំពុងលេងទឹកសុខៗ ស្ត្រីវ័យចំណាស់ប្រហែលជាអាយុហុកក្រាស់ ដៃកាន់រំពាត់មកផងដើរដូចហោះមកដល់។ អាយ៉ុតគ្រាន់តែឃើញប្រាកដថាជាយាយរបស់ខ្លួន វាខំស្ទុះឡើងគោកយកខោអាវស្លៀកពាក់ តែយាយវាមកទាន់ស្រែកគំហក៖
«អានេះចចេសមែនតើ! អញប្រាប់ថាកុំឱ្យលេងទឹក! អញប្រាប់ហើយអត់ចេះស្ដាប់ទេ..អត់ចេះស្ដាប់ទេ!…ក្បាលរឹងណាស់!» ស្របជាមួយពាក្យនេះស្រ្តីវ័យចំណាស់វាយវ័ធទៅលើអាយ៉ុតពីរបីរំពាត់។ អាយ៉ុតស្រែកយំមួយរំពេច។ ក្មេងៗក្នុងទឹករត់ឡើងទៅម្ខាង។ យាយចំណាស់បណ្ដើរចៅមកផ្ទះវិញ ទាំងដៃក្ដាប់រំពាត់យ៉ាងជាប់។ អាយ៉ុតវិញយំគឃូសយកដៃជូតទឹកភ្នែករហេមរហាមព្រោះត្រូវថ្នាំ ខ្លាំងរបស់យាយវា។
«បងមឿតអឺយ..ហើយទៅណាមកណីហើយម៉េចចៅយំរហាមអ៊ីចឹង?» អ្នកភូមិអាយុប្រហែលសែជាងមកមើលស្រែចាប់សួរយាយមឿត។ យាយមឿតងាកទៅតបជាមួយពូម្នាក់នោះ៖
«នេះអ៊ិនអើយ! មកតាមអានេះ…ឯងខំដើររកវាមួយព្រឹកហើយ…ដឹងអីលួចមកលេងទឹកប្រឡាយ!»
«ក្មេងៗស្ងៃយ៉ាប់ណាស់ ហាមមិនចេះស្ដាប់ទេបងអឺយ…កូនខ្ញុំក៏មិនណយដែរ!»
«យ៉ាប់ណាស់អ៊ិនអឺយ!! អ៊ីចឹងខ្ញុំទៅផ្ទះមុនហើយអ៊ិន! រកទៅធ្វើម្ហូបឱ្យចៅចេញមកពីរៀនសិនមិញទើបដាក់ដាំបាយចោល រវល់តែដើរមករកអានេះ!»
«បាទបង!!»
ផ្ទះឈើពីរជាន់………………..
សំឡេងគម្របឆ្នាំងបើកចុះឡើងលាន់ឮមកព្រមគ្នានិងសំឡេងរបស់ក្មេងជំទង់ម្នាក់ផង៖
«ងាប់ហើយ! ម៉ោងជិតមួយដណ្ដប់ហើយ…អត់ទាន់ធ្វើម្ហូបផងយាយ!» ក្មេងប្រុសជំទង់វ័យប្រហែលដប់បួន ដប់ប្រាំឆ្នាំធ្វើមុខក្រមូវនិយាយឡើងទាំងក្នុងដៃម្ខាងកាន់ទូរសព្ទ smart phone មួយគ្រឿងជាប់ខណៈដៃម្ខាងទៀតកាន់គម្របឆ្នាំងគ្របឆ្នាំងវិញខ្លាំងៗ។
ក្មេងប្រុសជំទង់ដើរឡើងទៅលើផ្ទះភ្លែតដោយកម្លាំងជើងធ្ងន់ៗទំនងជាខឹងខ្លាំង។ មួយសន្ទុះយាយមឿតបណ្ដើរចៅមកដល់ផ្ទះ។ គាត់ដេញអាយ៉ុតឱ្យទៅងូតទឹកស្របពេលដែលគាត់រៀបចំបង្កាត់ភ្លើងអាំងត្រីងៀតទាំងដុតដៃដុតជើង ព្រោះខ្លាចចៅគាត់ចេញមកពីរៀនហេវបាយ។ គាត់មិនដឹងថាអាយ៉ាន់ចៅរបស់គាត់ដែលត្រូវជាបងបង្កើតរបស់អាយ៉ុតនោះចេញមកពីរៀនមុនម៉ោង ហើយខឹងគាត់ឡើងសំងំនៅលើផ្ទះនោះទេ។លុះក្រឡេកឃើញស្បែកជើងនៅមុខជណ្ដើរទើបដឹងថាចៅចេញមកពីរៀន ទើបគាត់ប្រញាប់ឡើងទៅតាមចៅមកហូបបាយ។ មកដល់មុខបន្ទប់ គាត់ចាប់គោះទ្វារទាំងបន្លឺសំឡេង៖
«យ៉ាន់! យ៉ាន់…ចុះទៅហូបបាយសិនចៅ!» សំឡេងរបស់យ៉ាន់របៀបប្រញាប់ប្រញាល់បន្លឺតិចៗតែមិនមែនតបជាមួយគាត់នោះទេ៖
«ប្រូៗ…កុំទាន់អាលចូល…កុំទាន់!កុំទាន់!…អ៊ឺដល់ហើយ…ចង្រៃយក៍…លេងឡប់ៗ!»
«យ៉ាន់! ចៅអត់ហូបបាយសិនទេ?» យាយមឿតគោះទ្វារទាំងសួរជាថ្មីផង។
«…..» ស្ងាត់ឈឹងមិនឮមានសំឡេងតបមកគាត់សោះ។ ស្ងាត់ពេកយាយមឿតគោះទ្វារសួរម្ដងទៀត៖
«យ៉ាន់..ហូបបាយសិនអ្ហីចៅចាំរៀនបន្តទៀត…..»
«ខ្ញុំអត់ឃ្លានទេ» សំឡេងកំបុតឆ្កុយបន្លឺឡើងមក។ យាយមឿតនៅបន្តមានប្រសាសន៍៖
«ហូបបាយសិនដឹង…ប្រយ័ត្នទៅជាខ្យល់ណាចៅ….!»
«ហូយ! ខ្ញុំមិនស៊ីទេ…ថាអត់អត់ហើយ..ជាប់រៀនជាមួយមិត្តភក្ដិ..បើខ្ញុំឃ្លានខ្ញុំទៅស៊ីហើយ….!» ពាក្យសម្ដីទ្រគោះបោះបោកសាយភាយចេញមកធ្វើឱ្យជីដូនម្នាក់នេះចុះទៅក្រោមផ្ទះវិញទាំងអាក់អន់ស្រពន់ចិត្ត។
ចៅទាំងពីរនាក់របស់គាត់សុទ្ធតែជើងល្អ។ ម្នាក់ៗគ្មានធ្វើឱ្យគាត់បានសប្បាយចិត្តថ្ងៃណានោះទេ។ បើនិយាយពីអាយ៉ុតវានៅក្មេងល្មមគាត់អាចស្ដីវាយប្រដៅវាខ្លះ តែចំពោះបងវាអាយ៉ាន់វិញតាំងពីពេញជំទង់រៀនថ្នាក់អនុវិទ្យាល័យកាលណាកុំថាឡើយចង់ស្ដីប្រដៅវានោះសូម្បីតែយាយមឿតនិយាយអីមិនស្រួលមិនត្រូវចិត្តវា វាខឹងចងចិញ្ចើមនិយាយតបទ្រគោះបោះបោកដូចចោលដឹងទាំងដង ហើយអត់ស៊ីបាយពេញមួយថ្ងៃដល់ថ្នាក់គាត់តាមអង្វរក៏មានដែរ។ គិតទៅក្មេងៗដែលដល់វ័យជំទង់គឺមានការប្រែប្រួលខ្លាំងណាស់មិនថាទាំងផ្នែករាងកាយនិងចិត្តគំនិត។ អ្វីដែលសំខាន់គឺក្មេងជំទង់មួយចំនួនធំជឿស្ដាប់សម្ដីមិត្តភក្ដិរបស់ពួកគេច្រើនជាងជឿស្ដាប់តាមសម្ដីឪពុកម្ដាយឬអាណាព្យាបាលរបស់ពួកគេ។ គេតែងនិយាយថា “ដុំដែកទាន់នៅក្ដៅ” ។
សម្រាប់យាយមឿតដែលមើលថែអាយ៉ាន់តាំងពីបាតជើងក្រហមរងាល គាត់តែងតែប្រដៅអប់រំចៅជារឿយៗតែវាមិនខុសអីពីការពត់ដើមស្រឡៅទៅវិញ។ ពេលខ្លះពាក្យដែលនិយាយថា “កំណើតក្មេងត្រូវខូចនៅតែខូច” ក៏ដូចជាត្រឹមត្រូវម្យ៉ាង ព្រោះតាមសង្កេតមើលក្រុមគ្រួសារខ្លះឪពុកជាអាចារ្យឯកូនទៅជាអាចោរទៅវិញ។ តើនោះមកពីហេតុអ្វីទៅ???
ម៉ោងជិតមួយទៅហើយ..យាយមឿតអង្គុយនៅក្នុងផ្ទះបាយសម្លឹងទៅលើផ្ទះធំ ព្រោះមិនទាន់ឃើញចៅប្រុសច្បងគាត់ចុះមកទៀត។ គាត់ក៏មិនទាន់ពិសាបាយដែរព្រោះតែញ័រសាច់លេបមិនចូល។
«ម៉ែ..ម៉ែ..បា..បាយ..!» សំឡេងក្ងួរៗលាន់មកពីយ៉ាកដែលតនៅក្រោមផ្ទះទាំងដាច់ៗ។
«អឺ..ស៊ីមួយថ្ងៃប៉ុន្មានដងទេអ្ហែង!…ខ្វិនដើរមិនរួចហើយស៊ីអត់មានចេះគិតទេ…ទើបស៊ីម៉េចសោះហ្នឹង….ឥឡូវម៉ោងទើបមួយសន្ធាប់ឯងទារស៊ីបាយទៀតហើយ!…អ្ហែងនេះអ្ហាស…!» យាយមឿតនិយាយទាំងខឹងផងតែក៏ដើរទៅដួសបាយដាក់ចាន យកទៅឱ្យកូនប្រុសពៅរបស់គាត់ ដែលពិការមកជាងម្ភៃប្រាំឆ្នាំទៅហើយ។
យាយមឿតមេម៉ាយមកជាងដប់ឆ្នាំហើយ។ ប្ដីគាត់អនិច្ចកម្មដោយសារតែជំងឺរលាកសួតធ្ងន់ធ្ងរ។ គាត់មានកូនប្រុសពីរនាក់គត់។ ពូចាន់ដែលជាកូនច្បងរបស់គាត់ហើយត្រូវជាឪពុករបស់អាយ៉ាន់និងអាយ៉ុតគឺទៅរកស៊ីធ្វើការជាមួយប្រពន្ធគាត់នៅឯភ្នំពេញ។ ដោយកូនរបស់គាត់រវល់គ្មានពេលសម្រាកទើបគាត់សុខចិត្តយកចៅៗរបស់គាត់មកតាំងពីពួកវានៅអាយុបីខែ។
ចំណែកឯពូចិត្រជាកូនពៅរបស់យាយមឿត។ គាត់កើតរោគគ្រុនស្វិតដៃជើងរហូតធ្លាក់ខ្លួនពិការតាំងពីអាយុជាងដប់ឆ្នាំ។ រាងកាយគាត់ស្គមស្គាំង ក្បាលដុះសក់រ៉ុយៗ ថ្គាមផតទាំងសងខាង តែគាត់នៅអាចបញ្ជាដៃញ័រៗគ្រាន់នឹងកាន់ស្លាបព្រាដួសបាយហូបខ្លួនឯង។ ម្យ៉ាងគាត់ក៏នៅអាចរំកិលខ្លួនតិចៗអាចនឹងទៅបន្ទោរបង់ដោយខ្លួនឯងនៅបន្ទប់ទឹក ដែលយាយមឿតជួលគេសាងសង់នៅជិតកន្លែងពូចិត្រសម្រាន្តតែម្ដង។ ឆ្នាំនេះពូចិត្រមើលទៅកាន់តែចាស់ញញីរញញ័រជាងមុន។ គាត់កំពុងតែកាន់ស្លាបព្រាញ័រៗដួលបាយដាក់ចូលទៅក្នុងមាត់បង្ហាញធ្មេញខ្មៅកខ្វក់។ យាយមឿតគាត់មិនសូវបានមើលថែកូនពៅរបស់គាត់បានដិតដល់នោះទេព្រោះគាត់រវល់ណាស់រាល់ថ្ងៃ។ ណាត្រូវមើលថែចៅដាំបាយដាំទឹកធ្វើម្ហូបឱ្យចៅហូប ណាត្រូវធ្វើស្រែខ្លះៗគ្រាន់នឹងបានអង្ករហូប ណាត្រូវបេះបោចស្អីៗលក់ផងធ្វើឱ្យគាត់សឹងតែរកពេលដកដង្ហើមមិនបាន។
ចំណែកអាយ៉ាន់វាគ្មានសូម្បីតែកូនចិត្តនឹកជួយដាំបាយយាយវាផង។ កុំថាឡើយដាំបាយសូម្បីតែខោអាវខ្លួនឯងស្លៀកពាក់ហើយក៏ស្រាតចោលឱ្យយាយវាបោកឱ្យដែរ។ ម៉ាថ្ងៃៗមកពីរៀនស៊ីបាយរួចក៏ឡើងសំងំលេងហ្គេមនៅលើផ្ទះវាស់ៗល្ងាចមិនលើកលែងសូម្បីតែថ្ងៃអាទិត្យ។ យាយមឿតគិតថាចៅសំងំរៀន គាត់ក៏មិនហ៊ានហៅចៅប្រើឡើយ។ និយាយទៅអាយ៉ាន់ចំជាមនុស្សអត់ចិត្តមែនមិនគិតអាណិតអាសូរជីដូនវាដែលធ្វើការវាស់ៗល្ងាចអីបន្តិចសោះ។
យាយមឿតបាត់ចៅមិនឃើញចុះយូរ ប្រុងនឹងឡើងទៅតាមទៀតទៅហើយតែសំឡេងមួយកាត់៖
«យាយ!…យាយ!ម៉ែឱ្យយកចេកខ្ទិះមកឱ្យ!» ក្មេងស្រីជំទង់ដៃកាន់ចានដែលមានដាក់បង្អែមចេកខ្ទិះផងនិយាយកាត់បង្អាក់ដំណើរយាយមឿតទាំងញញឹមពព្រាយ។
«អ៊ឺ..! យាយអរគុណច្រើនណាស់កេសរ!(យាយមឿតទទួលបង្អែមយកទៅដាក់ចាន)ដឹងពិបាកយកមកឱ្យយាយអីទេកេសរ! ប្រាប់ម៉ែផងណាថាយាយអរគុណច្រើន!» យុវតីនេះទទួលចានពីដូនចាស់វិញទាំងញញឹមចេញធ្មេញសស្គុសទទួលពាក្យមនុស្សចាស់៖
«ចាយាយ!» យាយមឿតបន្តមានប្រសាសន៍៖
«និយាយអ៊ីចឹងចៅទើបមកពីភ្នំពេញអ្ហេស?»
«ចាយាយ!…ការពិតខ្ញុំមកយូរដែរហើយយាយ!….ដោយសារនៅហ្នឹងការងាររោងចក្រគេផ្អាកកន្លះថែយាយ!” យាយមឿតងក់ក្បាលតិចៗ៖
«អ….!(គាត់ញញឹម)យាយមិនដែលឃើញកេសរដើរ! នៅផ្ទះជិតគ្នាក៏មិនបានជាចាប់ភ្លឹក!»
«ចាសយាយ! អ៊ីចឹងខ្ញុំលាសិនហើយយាយ..ប្រញាប់យកបង្អែមឱ្យអ៊ំសានម្ដង!»
«អឺៗ!! យាយអរគុណម្ដងទៀតណា!»
«ចាយាយ!»
យាយមឿតសែនស្រឡាញ់ចូលចិត្តយុវតីនេះណាស់។ នាងមានចរិតស្លូតបូត..តែអភព្វដ្បិតអី បងប្អូនស្រីៗរបស់នាងទាំងអស់សុទ្ធតែមិនបានរៀនសូត្របានចប់ថ្នាក់វិទ្យាល័យនោះទេ ព្រោះថាឪពុកនាងប្រកាន់គំនិតថាកូនស្រីបង្វិលចង្រានមិនជុំ។ កូនស្រីទោះបីខំរៀនដល់កម្រិតណាក៏នៅតែត្រូវធ្វើជាប្រពន្ធគេហើយចៀសមិនរួចពីកិច្ចការចង្រានចានឆ្នាំងនេះដដែល។ ដូច្នេះហើយទើបគាត់ឱ្យកូនៗរបស់គាត់ទៅធ្វើការរកលុយមកជួយយិតយោងជីវភាពគ្រួសារវិញ ហើយបើសិនជាមានគេមកចែចូវចង់បានអីនោះគាត់ក៏លើកឱ្យគេភ្លាមមិនសូញសាញទេ។
គិតៗទៅយាយមឿតនឹកតូចចិត្តនឹងចៅខ្លួនឯង ដែលមានចរិតច្រលើសបើសមិនតាមគន្លងធម៌ ពិបាកប្រដៅ ស្ដីមិនបាន។ ម៉ែឪទៅធ្វើការនៅភ្នំពេញខំរកលុយឱ្យរៀន តែពួកវាអត់មានគិតខំរៀនសូត្រសោះ។ លទ្ធផលសិក្សាបានចំណាត់ថ្នាក់ស្ទើរចុងប៉ូចគេរហូត។
យប់នៅជនបទ………
សំឡេងម៉ូតូសំចតនៅមុខផ្ទះយាយមឿត។ យាយមឿតដែលកំពុងរៀបចំបត់ស្លឹកចេកទុកយកទៅលក់នៅឯផ្សារពេលព្រឹក ចាប់ជ្រិមភ្នែកសម្លឹងកាត់ស្បៃអន្ធកាលទៅកាន់ម្ចាស់ម៉ូតូ។ មួយសន្ទុះអាយ៉ាន់ក៏ចុះមកពីលើផ្ទះ ស្លៀកពាក់ហំហាន..ដើរសំដៅទៅគូកនវាដែលកំពុងឈរចាំ ហាក់មិនចាប់អារម្មណ៍ពីជីដូនដែលបារម្ភខ្វល់ខ្វាយពីវាអីបន្តិចសោះ។ យាយមឿតរហ័សស្រែកបង្អាក់ដំណើរចៅប្រុស៖
«យ៉ាន់! ចៅឯងប្រុងទៅណា? យប់ថ្មើរណេះហើយ!»
«ខ្ញុំទៅមើលបាសនៅចុងភូមិ!» អាយ៉ាន់ងាកមកឆ្លើយនឹងជីដូនទាំងទើសទាស់។
«យប់ថ្មើរនេះហើយ..ហើយឯងទៅជាមួយនរណា?» អាយ៉ាន់ចងចិញ្ចើម៖
«មិត្តភក្ដិខ្ញុំ…ពួកវាកំពុងចាំនៅមុខ…យាយមិនឃើញទេ?!» យាយមឿតឮចៅប្រុសដើរលេងយប់ជាមួយបនភឿនរបស់វា គាត់ក៏បង្អាក់ជាថ្មី៖
«តែចៅ…» អាយ៉ាន់ទច់ដំណើរជាថ្មី ងាកមកយាយវាទាំងជ្រួញចិញ្ចើមចាប់ខឹងផង៖
«វាដែលស្អី គ្រាន់ទៅមើលគេរាំបាសប៉ុណ្ណឹង!…ថាទៅជក់ថ្នាំទៅថា…»
«…» យាយមឿតអស់អ្វីនឹងថ្លែងនៅពេលដែលឮចៅនិយាយមួយប្រយោគនេះ។ គាត់ព្យាយាមបង្អាក់ដំណើរចៅមិនចង់ឱ្យវាចេះដើរលេងយប់ព្រលប់ខ្លាចក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើង។ តែស្ដាប់សម្ដីវាចុះ! អាយ៉ាន់និយាយហាក់ដូចជាយាយវាកំពុងតែទន្ទ្រានសិទ្ធិសេរីភាពរបស់វាយ៉ាងអ៊ីចឹង។ យាយមឿតធ្លាក់ទឹកមុខរកកល់ចង់យំមួយរំពេច។ អាយ៉ាន់ចៅរបស់គាត់ប្រែប្រួលច្រើនណាស់។ វាគិតចង់ធ្វើអ្វីស្រេចតែក្បាលវ៉ាល់របស់វាមិនគិតថាត្រូវសុំការអនុញ្ញាតពីយាយរបស់វាសោះ ទាំងដែលសព្វថ្ងៃវាក៏រស់នៅក្នុងបន្ទុកយាយរបស់វា។ យាយមឿតក៏ចេះតែមិនស្រួលក្នុងចិត្តគិតបារម្ភព្រួយចិត្តចំពោះចៅរបស់គាត់ដែលវាទៅសេពគប់ជាមួយនឹងគូកនដែលសុទ្ធតែជាពួកក្មេងទំនើងចូលចិត្តគេចសាលាមិនសូវចូលរៀនសូត្រ។
“សេពគប់ពាលគឺពាល សេពគប់បណ្ឌិតគឺបណ្ឌិត” យាយមឿតដឹងច្បាស់ណាស់ថាបើសិនចៅគាត់បន្តសេពគប់ជាមួយនឹងពួកក្មេងៗជំទង់អស់នោះទៀតមិនយូរមិនឆាប់ចៅរបស់គាត់មុខតែដូចក្មេងទាំងអស់នោះជាមិនខាន។ តើឱ្យគាត់ធ្វើយ៉ាងណាទៅបើចៅគាត់មានចរិតរឹងរូសមានះយកតែឈ្នះបែបនេះនោះ។
យប់ម៉ោងជាងដប់ទៅហើយ នៅមិនឃើញចៅត្រឡប់មកវិញទៀត។ យាយមឿតព្រួយចិត្តណាស់មិនហ៊ានសម្រាន្តនោះទេ។ គាត់នៅអង្គុយឆ្ងក់លើគ្រែសម្រាន្តក្រោមផ្ទះទាំងកែវភ្នែកក្រឡេកមកមាត់របងផ្ទះឥតដាច់។ គាត់ងាកមកចៅតូចរបស់គាត់គឺអាយ៉ុតដែលដេកខិតឆ្ងាយពីគាត់ខុសប្លែកពីសព្វដង ប្រហែលជាវានៅខឹងរឿងដែលគាត់វាយវាមិនឱ្យលេងទឹក។ យាយមឿតអង្អែលក្បាលចៅថ្នមៗទាញភួយដណ្ដប់ឱ្យចៅប្រុស។
មេឃចាប់ផ្ដើមធ្លាក់ខ្យល់រកកល់ចង់ភ្លៀង ផ្លេកបន្ទោរពុះជ្រែកផ្ទៃមេញ ផ្គរលាន់គ្រហឹមគ្រាំគ្រែងឥតដាច់សូរ។ សំឡេងម៉ូតូឈប់នៅមុខផ្ទះជាថ្មី។ មួយសន្ទុះអាយ៉ាន់ដើរចុះមកទាំងទ្រេតទ្រោតបន្តិចផងទំនងជាស្រវឹង។ លុះដើរមកដល់មុខជណ្ដើរក៏ស្រែកកោកកាកទាំងសំឡេងង៉ុលៗ៖
«អាណាគេ…យកធុងអីមកដាក់មុខផ្លូវ…យ៉ាប់ដល់ហើយវើយ!»
ជីដូនឮជាក់ជាសំឡេងចៅរបស់ខ្លួនដែលនិយាយចេញមកផ្ដេសផ្ដាសដោយសារតែអានុភាពនៃទឹកប្ដូរនិស្ស័យ។ គាត់ធា្លក់ថ្លើមក្ឌុកមិននឹកស្មានសោះថាចៅគាត់ចេះផឹកស្រាបែបនេះ។ អាយ៉ាន់ចេះផឹកស្រាតាំងពីពេលណា? ហេតុអ្វីបានជាគាត់មិនដឹង? ដូចគាត់ស្មានទុកមិនខុសមែន។ បើសេពគប់ជាមួយពួកខិលខូចលែងអីដែលអាយ៉ាន់មិនខិលខូចតាមគេនោះ។ យាយមឿតណែនទ្រូងស្ទើរប្រេះ ស្ទុះបើកមុងចេញមកក្រៅពាំងដំណើរទ្រេតទ្រោតរបស់ចៅគាត់ដែលតម្រង់ឡើងលើផ្ទះ៖
«យ៉ាន់!…អ្ហែងផឹកស្រាស្រវឹងអ្ហី?» ភ្នែកអាយ៉ាន់មមី…ទប់ជំហរខ្លួនឯងសឹងតែមិនជាប់ព្រោះតែខួរតូចរបស់វាបាត់បង់សមត្ថភាពក្នុងតំហែរក្សាលំនឹងដងខ្លួនរបស់វាក្រោមឥទ្ធិពលនៃអាល់កុល។ វានៅចាំសំឡេងយាយរបស់វាបាន ប៉ុន្តែនោះជាសំឡេងដែលខួរក្បាលវាបានបកស្រាយប្រាប់វាថាជាសំឡេងដែលគួរឱ្យធុញទ្រាន់។ ជាសំឡេងដែលស្ដីថាប្រដៅណែនាំវាព្រឹក ថ្ងៃ ល្ងាចហាក់ចង់បំបិទសិទ្ធិសេរីភាពរបស់វាទៅវិញ។ ចៅជើងល្អនិយាយដោយសំឡេងស្មើៗ៖
«អត់ទេ!…មានស្រវឹងអីណា!» យាយមឿតចាប់ឆេះឆួល៖
«កុំមកកុហកអញ!…រាល់ថ្ងៃអ្ហែងអាយុម៉ានហើយអាយ៉ាន់បានចេះដើរផឹកដើរស៊ី? ហែងចេះរកលុយនៅអ្ហាស? រាល់ថ្ងៃអ្ហែងនៅលាដៃសុំលុយម៉ែឪចាយទេ អ្ហែងមានដែលគិតអាណិតម៉ែឪអ្ហែងខ្លះអត់អាយ៉ាន់?»
អាយ៉ាន់ប្រែទឹកមុខក្រហមកាន់តែខ្លាំងដោយការខឹងសម្បានិងការជិនច្អន់៖
«ខ្ញុំមិនបានផឹកណា!…ធុញណាស់! និយាយដដែលៗ! មនុស្សចាស់ស៊ាំតាប៉ែច្រើនមែន!» វាបោះសម្ដីទ្រគោះបោះបោកដាច់ក្បាលដាច់កន្ទុយដាក់យាយវារួចហើយ វាក៏ដើរចៀសយាយឡើងទៅលើផ្ទះទាំងត្រដាបត្រដួស។ យាយមឿតវិញគាត់ទៅជាឈរទ្រឹងដូចរាងកាយគ្មានវិញ្ញាណ។ តំណក់ទឹកថ្លាៗហូរកាត់ផែនថ្ពាល់របស់គាត់ដូចទឹកបាក់ទំនប់។ មាត់ចង់ស្ដីតែបែរជាទើជាប់ត្រឹមបំពង់កងំអួលណែនពេញដើមទ្រូង។
«អ៊ឺ…អ៊ឺ…ចៅអ្ហើយដេកទៅយាយនៅបំពេរ….អ៊ឺអ៊ឺ….»
សំឡេងបំពេរទារកតូចរបស់ជីដូនម្នាក់នៅជាប់ផ្ទះលោកយាយមឿត ធ្វើឱ្យគាត់ចាប់នឹកស្រណោះ កាលពីអាយ៉ាន់នៅជាទារក។ គាត់មិនបានសម្រាន្តលក់ស្កប់ស្កប់យប់ណានោះទេ…ព្រោះអាយ៉ាន់កាចណាស់រករឿងឱ្យគាត់បំពេរឱ្យដេកសឹងតែទាល់ៗភ្លឺ។ ក្នុងចិត្តជាជីដូនសង្ឃឹមថាចៅធំទៅក្លាយខ្លួនជាមនុស្សល្អ…តែវាបែរទៅសេពគប់បាបមិត្តដែលចូលចិត្តដើរបង្ករឿងឱ្យម៉ែឪឈឺក្បាលមិនលស់ថ្ងៃ។
ឥឡូវនេះអាយ៉ាន់កាន់តែខ្លាំងដៃណាស់ទៅទៀត។ វាចេះដើរលេងដាច់យប់ ចេះស៊ីចេះផឹក…។ យាយមឿតលើកក្រមាគាត់មកជូតទឹកភ្នែក ប៉ុន្តែអ្វីដែលយើងមើលឃើញគឺវាមិនស្មើនឹងក្ដីទុក្ខព្រួយឥតសំឡេងដែលបានឆេះងំក្នុងដួងចិត្តរបស់គាត់កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះទេ។
ម៉ោង៨ជាងពេលព្រឹក…….
«ទៅណាហើយយាយមឿត?!» សំឡេងគំហកៗបន្លឺឡើងនៅពីមុខផ្ទះយាយមឿត។ ម្ចាស់សំឡេងជាស្ត្រីស្ថិតនៅក្នុងវ័យសាមជាងកំពុងតែចងចិញ្ចើមដោយការខឹងសម្បា។ មីងណយដែលត្រូវជាម៉ែអាណាងនេះចាប់ញ៉ុកសារុងផ្ការបស់គាត់នឹងចង្កេះឱ្យជាប់ទាំងបំពងសំឡេងជាថ្មី៖
«យាយមឿតទៅណាហើយ? ចិញ្ចឹមចៅយ៉ាងម៉េចឱ្យដើរវាយគេវាយឯងរបៀបហ្នឹង! អឺយយាយមឿត! ម៉េចហើយមិនហ៊ានចេញមកទេអ្ហី? រួញក្បាលហើយអ្ហី?»
សំឡេងកង់ត្រឹកៗក៏លាន់ឡើងមក។ យាយមឿតដែលទើបនឹងមកពីលក់ស្លឹកចេកនៅឯផ្សារជិះកង់កញ្ចាស់គាត់មកមួយៗ។ ក្រឡេកឃើញមីងណយឈរជំទែងនៅពីមុខផ្ទះធ្វើឫកពាហាក់ខែងរ៉ែង គាត់ក៏នឹកឆ្ងល់ជ្រួញចិញ្ចើមឡើងមក។ គ្រាន់តែយាយមឿតជិះកង់ចូលផ្ទះ ដាក់ជន្ទល់មិនទាន់ទាំងស្រួលបួលផងមីងណយចាប់និយាយដោយសម្ដីខ្មោះៗ៖
«មកហើយអ្ហ៎! ស្មានសំងំរួញក្បាលក្នុងផ្ទះហើយតើ!» យាយមឿតដល់ស្ដាប់ឮសម្ដីមីងណយអ៊ីចឹងគាត់ក៏ទៅជាស្រឡាំងកាំងទ្វេដង។ គាត់ដោះក្រមាឆ្នួតក្បាលយកមកជូតញើសដើរមករកមីងណយស្រដី៖
«នេះខ្ញុំទើបមកពីផ្សារ ហើយណយឯងមានការអីមករកទាំងព្រឹក?» មីងណយសម្លក់យាយមឿតលើក្រោមពេបមាត់៖
«មានការអី! សួរចៅខ្លួនឯងទៅដឹងហើយ ចាំខ្ញុំប្រាប់!» យាយមឿតមីងមាំង។ មីងណយបានដៃ៖
«ម៉េច? អត់ដឹងថាអាយ៉ាន់ចៅខ្លួនឯងដើរវាយគេវាយឯងទេអ្ហីយាយ? វាយអាណាបានតែមកវាយប៉ះកូនមីក្នយ(ណយ)នេះតាមមកជេរអ្ហែងដល់ផ្ទះអ្ហាស!» ដូនចាស់ធ្លាក់ថ្លើមក្ឌុក ចាប់ប្រែទឹកមុខរក្សាសម្ដីមួយៗ៖
«ហើយវាទៅវាយនរណា?»
«វាយអាណា…វាយកូនមីនេះឯង (គាត់និយាយទាំងយកដៃចង្អុលខ្លួនឯង) យប់មិញវានាំគ្នីគ្នាទៅវាយកូនខ្ញុំនៅក្នុងវង់បាសគេចុងភូមិបែកក្បាលដេរអស់ដប់ថ្នេរ!…ហើយឯណាអារលាយរូបហ្នឹងវាប្រកាច់ទៅណាហើយអាងាប់នឹងគេកាប់! អាចោលម្សៀតវាយកូនខ្ញុំបែកក្បាលហ្នឹងទៅណាហើយ?»
មីងណយសង្កត់ពាក្យខ្លាំងៗ។ គាត់គ្មាននឹកក្រែងពាក្យសម្ដីនឹងមនុស្សចាស់សក់សសក់ខ្មៅអ្វីនោះទេ។ នៅក្នុងភូមិនរណាក៏ដឹងថាគាត់មិនចេះអក្សរដែរ។ ម៉ាថ្ងៃៗគិតតែខំរកស៊ីខ្វាមចង់មានចង់បាន។ ហើយបើគាត់មានរឿងជាមួយនរណាហើយគាត់ទៅជេរបញ្ចោរគេដល់ៗផ្ទះគ្រប់គ្នា មិនលើកលែងសូម្បីតែប្អូនថ្លៃគាត់ដែលនៅផ្ទះជិតគ្នា។
យាយមឿតយកដៃរឹតទ្រូង។ យប់មិញអាយ៉ាន់មិនមែនត្រឹមតែទៅដើរលេងស៊ីផឹកជាមួយនឹងមិត្តរបស់វានោះទេ តែវានៅចូលដៃដើរបង្ករឿងជាមួយនឹងពួកក្មេងៗហ្នឹងទៀត។ រៀងរាល់ថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាក អាយ៉ាន់ដេកជំទិតគូទលើផ្ទះទាល់តែថ្ងៃចាំងគូទទើបក្រោក។ ថ្ងៃនេះវិញផ្សំនឹងវាស្រវឹងពីយប់ផងមិនដឹងថ្ងៃត្រង់វាងើបឬអត់ទេ។ យាយមឿតចាប់សុំទោសមីងណយ៖
«ណយអើយ! មីងនេះអត់មានដឹងរឿងអីបន្តិចទេណយ! មីងសុំទោសជំនួសវាផង!»
«សុំទោសស្អី! សុំទោសហ្នឹងស៊ីកើត? កូនខ្ញុំចូលពេទ្យដេរក្បាលអស់ទាំងលុយៗ ហើយអា…អាអ្នកមកវាយគេបែកក្បាលមកដេកសុខសប្បាយនៅផ្ទះវា!»
យាយមឿតទម្លាក់មុខជ្រប់។ ដកលុយពីថ្នក់សារុងគាត់ប៉ុន្មានម៉ឺនហុចទៅមីងណយ។ មីងណយក្ដាប់សារុងណែនមិនខ្ចីយកលុយយាយមឿត ចាប់បន្តទាំងឆេះឆួល៖
«លុយប៉ុណ្ណឹងយកធ្វើស្អីកើត? នេះដោយសារមីងបានខ្ញុំយល់មុខបើអ្នកផ្សេងវិញខ្ញុំរករឿងឱ្យដល់ណាណីហើយ! (មីងណយសម្លក់យាយមឿតត្លែ) មើលចេះប្រដៅចៅខ្លួនឯងផងមីង កុំឱ្យវាហ្នឹងដើរធ្វើវាយគេវាយឯងអ៊ីចឹងនោះវានាំទាបថោកដល់ទាំងមីងឯងទៀត!» និយាយរួចមីងណយដើរចេញវឹងទាំងរអ៊ូរង៉ូវផង៖
«ធ្វើយាយគេស្អីប្រដៅចៅខ្លួនឯងមិនបាន! ហ៊ានតែមានលើកក្រោយអញឱ្យគេអូសក្បាលអាហ្នឹងចូលគុកហ្មងមិនឱ្យអ្ហែងមកលេងសប្បាយអ៊ីចឹងទេ! ម៉ែអាជម្លើយ! អត់ម៉ែឪស្ដីប្រដៅវាអ៊ីចឹងមែន!!»
គ្រាន់តែមីងណយចេញផុតស្ទើរមិនទាន់ យាយមឿតគាត់រកកល់ខ្យល់គមួយរំពេច។ គាត់អង្គុយចុះលើគ្រែទាំងខ្លួនស្រាលស្ងើក។ គាត់ទាញបំពង់ខ្យល់យកមកហិត។ នៅមិននៅឱ្យក្មេងមកដៀលក្បាល។ នេះក៏ដោយសារនរណា? យាយមឿតក្រឡេកមើលទៅលើផ្ទះ មិនដឹងថាអាយ៉ាន់វាដេកយកមានបានអីវានោះទេបានជាម៉ោងជិងប្រាំបួនហើយនៅមិនទាន់ក្រោកទៀត។
កំពុងតែនឹកដើម អាយ៉ាន់ក៏ស្ងូញៗចុះមកពីលើផ្ទះទាំងភ្នែកបើកមិនចង់រួច សក់ក្បាលកន្ទ្រើង។ ក្រឡេកឃើញយាយវាសម្លឹងមកពីលើគ្រែក្រោមផ្ទះ អាយ៉ាន់ប្រែទឹកមុខទៅជាតឹងតែងមួយរំពេច។ វាបម្រុងនឹងដើរបង្អួសទៅបន្ទប់ទឹកតែយាយមឿតស្រដីបង្អាក់៖
«យប់មិញអ្ហែងទៅធ្វើអីខ្លះអាយ៉ាន់?!» អាយ៉ាន់យកដៃអេះក្បាលជ្រួញចិញ្ចើមទាំងធុញថប់៖
«ទៅមើលគេរាំបាស!» យាយមឿតត្រមោងក្បាលជង្គង់សម្លឹងចៅគាត់៖
«អញដឹងថាអ្ហែងទៅមើលគេរាំបាសហើយចុះត្រឡប់មកវិញអ្ហែងធ្វើអីទៀត?» អាយ៉ាន់ដកដង្ហើមធំ៖
«ហើយមកផ្ទះ ប៉ុណ្ណឹងឯង! បានហើយខ្ញុំទៅលុបមុខ!»
«មកវិញអ្ហែងទៅវាយគេមែនអត់អាយ៉ាន់?!» អាយ៉ាន់ទច់ដំណើរជាថ្មី៖
«មានណា! យាយចេះតែផ្ដេសផ្ដាសខ្លួនឯង!» យាយមឿតយកដៃទះគ្រែផាំង៖
«បើអ្ហែងមិនទៅវាយគេក៏ម៉ែគេមិនមកជេរអញដែរអាយ៉ាន់! អ្ហែងទៅវាយអាណាងអ្ហេអាយ៉ាន់?»
«ថាអត់ទេ! បើថាអត់ហើយហ្នឹងនៅនិយាយដដែលៗ!»
«ចុះម៉េចបានមីណយវាមកដៀលក្បាលអញទាំងព្រឹកអ្ហាស?» អាយ៉ាន់ស្ងាត់ជ្រៀប។ យាយមឿតចាប់បន្តដោយសំឡេងខ្លាំងៗ៖
«អ្ហែងសប្បាយចិត្តហើយអ្ហីអាយ៉ាន់…បានគេមកដាក់ទំនាយអ្ហែងទាំងព្រឹក….បានគេមកដៀលក្បាលជីដូនទាំងព្រឹកអាយ៉ាន់! អញអត់ចង់ឱ្យអ្ហែងដើរជាមួយអាពួកអស់ហ្នឹងព្រោះខ្លាចអ្ហែងទៅបង្ករឿងអ៊ីចឹង! ដល់ទៅម៉េច…អញសួរថាម៉េច…មីសក់ខ្មៅមកដៀលមីសក់សអ៊ីចឹងបានអ្ហែងសប្បាយចិត្តអ្ហីអាយ៉ាន់?!»
យាយមឿតសង្កត់សំឡេងត្រង់ឈ្មោះអាយ៉ាន់មួយទំហឹងធ្វើឱ្យអាយ៉ាន់ស្ងួតមុខ។ យាយមឿតប្រឹងទប់ទឹកភ្នែក ខណៈដែលអាយ៉ាន់ធ្វើមុខហាក់ដូចជាវាគ្មានទោសពៃរ៍៖
«ពួកនោះវាអ្នកវាយ! អត់មានពាក់ព័ន្ធជាមួយខ្ញុំទេ!» យាយមឿតហួសចិត្ត៖
«ក្រែងអ្ហែងដើរជាមួយពួកវាអ្ហី? ទោះអ្ហែងមិនបានវាយក៏អ្ហែងមានឈ្មោះថាបានរួមដៃជាមួយពួកវាដែរ! អ្ហែងខំមែនទែនទៅក្រែងតិចទៀតបានដេកគុកលេង!»
«មកពីអាណាងវាឈ្លើយ! ស្ដាយណាស់បើដឹងថាម៉ែវាមកបញ្ចោរដល់ផ្ទះអ៊ីចឹងកុំអីយប់មិញដាក់អ្ហែងបែកកញ្ចប់មាត់ដែរបាត់ហើយ!»
ថារួចអាយ៉ាន់ដើរចូលបន្ទប់ទឹកវឹងធ្វើឱ្យយាយមឿតគាំងដូចជាប់ជីពចរ។ នេះបានចំជាហៅថាក្មេងឈាមរាវមែន។ ចង់ធ្វើស្អីក៏ស្រេចតែតាមចិត្តរបស់វានឹកឃើញដែរ។
ម៉ោងជាងដប់នៅវាលស្រែ…….
យាយមឿតកំពុងអង្គុយដកស្មៅក្នុងស្រែដោយកាយវិការរហ័សរហួន។ ថ្វីដ្បិតថាគាត់ចាស់ហើយក៏ពិតមែន តែរឿងការងារគាត់ច្បាស់លាស់ហើយអត់ធ្មត់ខ្លាំងណាស់ ក្មេងល្មមៗប្រាកដជាស៊ូជាមួយគាត់មិនបានទេ។ នៅពេលព្រឹកនេះព្រះសុរិយាហាក់បញ្ចេញពន្លឺក្ដៅចម្លែក។ យាយមឿតទាញក្រមាពីក្បាលយកមកជូតញើសដែលកំពុងហូរសស្រាក់។ កំពុងតែជូតសុខៗ អាយ៉ុតរត់ត្រហេបត្រហបមក៖
«យាយអើយយាយ! …ម៉ាក់និងប៉ាមកលេងផ្ទះ…»
យាយមឿតស្ដាប់ឮហើយ ក៏ញញឹមទាំងល្វើយក្នុងខ្លួនដឹកដៃចៅសំដៅមកផ្ទះជាប្រញាប់។ មកដល់ឃើញឡានឡុចស៊ីសមួយសំចតនៅមុខផ្ទះ ក្នុងចិត្តយាយមឿតអរព្រួចព្រោះនឹករឭកកូនៗរបស់គាត់។ ភាពល្វើយហត់នឿយពីស្រែហាក់ដូចជាបានធូរស្បើយពីរាងកាយរបស់គាត់ភ្លាមដូចគេបេះ។
ការសន្ទនារវាងម្ដាយនិងកូនៗបានបន្លឺឡើងជាបន្តបន្ទាប់អស់ពីមួយរឿងចូលមួយរឿង។ មើលចុះ!អាយ៉ុតវាស្ងាត់ឈឹង មិនហ៊ានសូម្បីតែក្អក មិនដូចជាពេលនៅជាមួយនឹងយាយវាដែលវាដើរបង្ករឿងឱ្យយាយវាឈឺក្បាលមិនលស់ពេល។ វាពូកែលាក់ពុតគ្រាន់បើ។ អាចនិយាយបានថានេះជាជំនាញរបស់វាតាំងពីវាដឹងក្ដីម្ល៉េះ។
រាល់លើកដែលម្ដាយវាមកលេងគឺវាតែងតែរក្សាចរិតរៀបរយដូចជាក្មេងត្រឹមត្រូវម្នាក់អ៊ីចឹង។ វាត្រូវតែចេះធ្វើបែបនេះបើមិនដូច្នេះទេម៉ាក់វាប្រាកដជាវាយជាមិនខាន ព្រោះម៉ាក់របស់វាជាកូនកាត់ចិនយួនមាត់ដាចចិត្តសឿងកាចដូចជាសត្វខ្លាយ៉ាងអ៊ីចឹង។ សូម្បីតែពូចាន់ប្ដីគាត់ក៏មិនសូវហ៊ានជាមួយគាត់ប៉ុន្មានដែរ តែងតែសម្របតាមសឹងតែគ្រប់រឿងមិនថារឿងបង្កើតមុខរបររកស៊ី ការចាត់ចែងលុយកាក់ដែលរកបាន -ល- គឺពូចាន់គ្រាន់តែជាជើងក្រោយដោយតាមជើងមុខប៉ុណ្ណោះ។
«ម៉ែ! ចុះឯណាយ៉ាន់…?» ពូចាន់កូនចាប់សួរម្ដាយទាំងរេភ្នែកឆ្វេងស្ដាំ។ យាយមឿតប្រញាប់តប៖
«អ!….វាជាប់រៀនតាមទូរសព្ទជាក្រុមជាមួយមិត្តវា…ថ្មើររនេះមិនទាន់ផុតម៉ោងទេកូន…!» ដូនចាស់មានប្រសាសន៍ទាំងរដាក់រដុបផងព្រោះគាត់កុហកកូនរបស់គាត់នេះទេ។ ការពិតព្រឹកថ្ងៃឈប់សម្រាកនេះអាយ៉ាន់មិនទាន់ក្រោកពីដេកផង។ ចួនកាលក្រោយហើយក៏មិនចុះមកក្រោមដែរព្រោះតែវាសំងំលេងទូរសព្ទនោះឯង។ ពូចិត្រដែលខឹងស្អប់នឹងចរិតកោងកាចរបស់ក្មួយគាត់ ក៏គិតចង់និយាយបកអាក្រាតពីភាពពិតរបស់វានៅពីមុខម្ដាយវាតែម្ដង។ គាត់ស្រដីដាច់ៗ៖
«វា…វាមិន..អីទាន់…»
«អ៊ឺ..អាចិត្រ…ឃ្លានម្ល៉េះអ្ហាស?!»
ពូចិត្ររៀបនឹងនិយាយពីអាយ៉ាន់ទៅហើយតែយាយមឿតដឹងសភាពការណ៍ទាន់ គាត់ក៏ធ្វើជានិយាយពង្វៀង។ គាត់ពិតជាមិនចង់ឱ្យពូចាន់និងអ៊ីអេងមិនសប្បាយចិត្តនៅពេលដែលដឹងរឿងកូនៗខ្លួនឯងថាពិបាកអប់រំប្រដែប្រដៅនោះទេ។ ប៉ុន្តែពូចិត្រក៏មានះមិនធម្មតាដែរ គាត់និយាយឡើងជាថ្មី៖
«អត់ទេ…អឺវា…»
យាយមឿតសម្លឹងទៅកូនខ្វិនរបស់គាត់បន្តិច។ ពូចិត្រហាក់យល់ន័យទើបស្ងាត់មាត់ដូចគេចុក។
«យ៉ុត! យកនំប៉័ងឱ្យពូពិសាទៅកូន!» អ៊ីអេងកូនប្រសាស្រីរបស់គាត់និយាយទៅកាន់អាយ៉ុត។
អាយ៉ុតក៏យកនំប៉័ងទៅឱ្យពូពិការរបស់វាទាំងទើសទាល់ ព្រោះវានឹកខ្ពើមរអើមមិនចង់ចូលជិតពូរបស់វានោះទេ។ រាល់ថ្ងៃសូម្បីតែយាយវាប្រើឱ្យយកបាយឱ្យពូវាក៏វាមិនយកឱ្យដែរ។ ប៉ុន្តែថ្ងៃនេះវាមានតែទ្រាំលេបគ្រួសលេបថ្មយកនំប៉័ងឱ្យពូវាព្រោះតែវាខ្លាចម៉ាក់របស់វាហ្នឹងឯង។
«ម៉ែ! ចាំទៅលេងនៅកំពង់ស្ពឺជាមួយពួកខ្ញុំបានពីរបីថ្ងៃ…!»
អ៊ីអេងនិយាយទៅកាន់ម្ដាយក្មេក។ យាយមឿតស្ទាក់ស្ទើរឡើងមកមួយរំពេច។ បើគាត់ទៅតើបាននរណាមើលស្រែ។ មែនហើយ! កូនយាយមឿតឈប់ឱ្យគាត់ធ្វើស្រែយូរណាស់ហើយ…តែគាត់ចេះតែលួចធ្វើ ព្រោះបើមិនធ្វើតើមានអង្ករឯណាហូប…បើលុយដែលកូនគាត់ឱ្យមកគាត់រាល់ថ្ងៃ មិនទាន់ទាំងគ្រប់ចៅរបស់គាត់ចាយផង។ យាយមឿតសម្រួលអារម្មណ៍៖
«ម៉ែ! ចង់ទៅដែរ តែជាប់អាចិត្រណាកូន…»
និយាយមកដល់ឃ្លានេះអាយ៉ាន់ក៏ចុះមកពីលើផ្ទះ។ ពូចាន់និងអ៊ីអេងក្រឡេកមើលទៅកូនគាត់ទាំងនឹករឭក ព្រោះពួកគាត់មិនសូវបានមកលេងផ្ទះនោះទេ។ គាត់មានគម្រោងចង់យកកូនទាំងពីររបស់គាត់ទៅនៅជាមួយតែគិតថាខ្លាចគ្មាននរណាមើលយាយមឿត។ គាត់មិនដឹងសោះឡើយថាកូនរបស់គាត់ទៅវិញទេដែលជាបន្លានៅបាតជើងរបស់យាយមឿតនោះ។
ចំណែកឯយាយមឿតគាត់ស្រឡាញ់ចៅៗណាស់ទោះបីជាចៅធ្វើឱ្យគាត់ពិបាកចិត្តឥតស្រាកស្រាន្តយ៉ាងម៉េចក៏ដោយ។ កាលពីលើកមុនដែលអ៊ីអេងចង់យកកូនគាត់ទៅ យាយមឿតក៏ទួញយំនឹករឭកចៅរហូតដល់អ៊ីអេងមិនដាច់យកកូនគាត់ទៅនោះទេ។
អាយ៉ាន់ស្រឡាំងកាំងបន្តិចព្រោះមិនដឹងថាប៉ាម៉ាក់វាមកដល់តាំងពីថ្មើររណា។ វាប្រញាប់រៀបឫកនិយាយម៉ាស្អាតទាំងឫកពារលបៗរបៀបឱនលំទោន៖
«ម៉ាក់ប៉ាមកដល់យូរហើយអ្ហេស?» អ៊ីអេងពោលទៅកាន់កូនទាំងញញឹមបន្តិចផង៖
«ម៉ាក់និងប៉ាមកដល់មួយសន្ទុះហើយ…តែអត់ហ៊ានហៅកូនឯងខ្លាចជាប់រៀន…!»
«បាទម៉ាក់!» អាយ៉ាន់អង្គុយចុះលើគ្រែតបទៅម៉ាក់វា។
«ហើយរឿងរៀនអីម៉េចហើយកូន?» ពូចាន់ចាប់សួរទៅកាន់កូនប្រុសច្បងរបស់គាត់វិញម្ដង។
«បាទធម្មតាប៉ា! ខ្ញុំទៅរៀនទៅអីរាល់ថ្ងៃ!»
«ចុះកូនយ៉ុត?» អ៊ីអេងបែរមកសួរកូនពៅគាត់ម្ដង។ អាយ៉ុតអង្គុយស៊ីនំបណ្ដើរតបម៉ាក់វាបណ្ដើរ៖
«ខ្ញុំគ្រូសរសើររហូតហ្នឹងម៉ាក់…ព្រោះអីខ្ញុំរៀនបានលេខច្រើនៗ!» អ៊ីអេងនិងពូចាន់អស់សំណើចនឹងកូនគាត់ព្រោះវាឆោតមិនដឹងថាគេរៀនគេសូត្រគេមិនចង់បានជាប់ចំណាត់ថ្នាក់លេខច្រើនៗនោះទេ។ អ៊ីអេងបែរមកអាយ៉ាន់៖
«យ៉ាន់! កូនឯងញ៉ាំអីហើយនៅ…នេះម៉ាក់ទិញក្រួចយកមកផ្ញើ!»
«បាទម៉ាក់!» អាយ៉ាន់តបជាមួយម៉ាក់វាយ៉ាងសុភាពរាបសា ខុសគ្នាដាច់ស្រឡះពេលដែលវាតបជាមួយនឹងយាយវា។ អាយ៉ាន់ក៏មិនខុសពីប្អូនវាដែរគឺពូកែលាក់ពុតត្បុតដូចគ្នា។ អ៊ីអេងចាប់បន្ត៖
«និយាយអ៊ីចឹងកូនឯងទំនេរអត់យ៉ាន់…ទៅលេងម៉ានិងកុងនៅកំពង់ស្ពឺជាមួយម៉ាក់?!»
«ខ្ញុំបែបអត់បានទៅទេម៉ាក់ព្រោះអីជាប់រៀនហើយណាមួយត្រូវប្រឡងប្រចាំខែទៀត…!» អ៊ីអេងងក់ក្បាលសម្លឹងទៅម្ដាយក្មេកគាត់វិញ៖
«អ៊ីចឹងបើយ៉ាន់ទៅអត់កើតទេ.. ម៉ែនិងយ៉ុតទៅជាមួយពួកខ្ញុំទៅ ទុកឱ្យយ៉ាន់នៅរៀនហើយមើលពូចិត្រវាផង!» យាយមឿតស្រឡាំងកាំងឡើងមកចង់សើចបន្តិចអីបន្តិច។ ទុកឱ្យអាយ៉ាន់ហ្នឹងអ្ហីមើលពូវា? ស្លាប់ហើយ! វាមិនដែលដាំបាយស៊ីផងចុះទម្រាំមើលពូវាទៀត?
«បាទម៉ាក់! ឱ្យយាយនិងអាអូនទៅលេងម៉ានិងកុងទៅ! ខ្ញុំនៅរៀនហើយមើលពូចិត្រផង…!»
អាយ៉ាន់ឆ្លើយយ៉ាងស្រួល។ វារៀបពាក្យនិយាយយ៉ាងស្អាតធ្វើឱ្យយាយមឿតទៅជាហួសចិត្តមីងមាំង។ គាត់មិនទុកចិត្តការធានារ៉ាប់រងរបស់អាយ៉ាន់សោះ។ គាត់រវល់តែទៅលេងកំពង់ស្ពឺពីរបីថ្ងៃ លោតែអាយ៉ាន់មិនដាំឱ្យពូវានោះមិនវីវរទៅហើយទេអ្ហេស?
នៅទីបំផុតអ្វីៗត្រូវបានសម្រេចទៅតាមនោះដោយយាយមឿតគាត់មិនចង់ប្រកែកព្រោះខ្លាចកូនប្រសាគាត់អន់ចិត្ត។ លុះស្អែកឡើងក្រុមគ្រួសារនេះក៏ចេញដំណើរទៅកំពង់ស្ពឺទាំងព្រឹកព្រលឹមតែម្ដង។
នៅកំពង់ស្ពឺ…ផ្ទះថ្មពីរជាន់…..
ពិធីជប់លៀងនៅឯស្រុកកំណើតកូនប្រសារបស់យាយមឿត គឺមានបងប្អូនមកចូលរួមច្រើនណាស់ព្រោះបងប្អូនខាងអ៊ីអេងច្រើនហើយសុទ្ធតែជាអ្នកចូលចិត្តផឹកស៊ីច្រៀងរាំរែកសប្បាយ។ សភាពអ៊ូអរបានបញ្ចប់ទៅជំនួសមកវិញនូវសំឡេងស្រែកជេររបស់អ៊ីអេងឮរំពងពេញផ្ទះ៖
«ឱ្យវាស៊ីផឹកច្រាស់ច្រំប៉ុណ្ណឹងហើយមិនឆ្អែតទៅរកទិញអីយកមកផឹកស៊ីទៀតណាស់ អាទាបថោក!”
អ៊ីអេងស្រវឹងស្រឿងៗភ្នែកក្រហមតែត ស្រែកជេរពូចាន់តាមចរិតរបស់គាត់មិននឹកក្រែងចិត្តឬខ្មាសអៀននរណាបន្តិចសោះព្រោះតែអំណាចនៃទោសៈដុតរោលចិត្តគាត់ឱ្យឆេះឆាបឆួល។ បងប្អូនអ៊ីអេងនៅជុំក្នុងផ្ទះចាប់ស្រឡាំងកាំង តែអ្នកដែលស្រឡាំងកាំងជាងគេហើយក៏អន់ចិត្តជាងគេនោះគឺយាយមឿតនោះហើយ។
កូនប្រសាស្រែកជេរប្ដីក្ដែងៗហាក់មានបំណងចង់ដៀមដាមឱ្យគាត់បានឮយ៉ាងដូច្នេះដែរ។ ម៉ាក់អ៊ីអេងអង្គុយលើប៉ៅអ៊ីធ្វើហីមិនឃាត់កូនស្រីអីនោះទេ ព្រោះគ្រួសារគាត់តែងប្រដៅកូនថាបើប្ដីមិនកើតក៏លែងក្បាលចោលហើយយកមួយទៀត។ ចំណែកខ្លួនគាត់រាល់ថ្ងៃក៏គាត់មិនខ្វល់ព្រោះកូនៗគាត់នាំគ្នាចិញ្ចឹមមើលថែគាត់មិនហត់គាត់ធ្វើការងារឬមើលថែទាំចៅអីទេ។ ដល់ម៉ោងពិសាបាយគាត់ក៏ទៅពិសាបាយហើយបើកូនណាមិនដួសបាយឱ្យគាត់ពិសាទេគាត់ក៏ខឹងងរមិនពិសាបាយធ្វើចរិតដូចជាក្មេងអ៊ីចឹង។
ប៉ុន្តែយ៉ាងណាបងប្អូនអ៊ីអេងគោរពស្រឡាញ់ម្ដាយគេណាស់មិនដែលហ៊ានធ្វើឱ្យម្ដាយឃ្នាស់ចិត្តទេ។ និយាយពីយាយមឿតដែលស្ដាប់ឮកូនប្រសាជេរកូនខ្លួនផ្ទាល់ត្រចៀកបែបនេះ គាត់អួលដើមកឡើងមក..ស្របពេលដែលប្អូនស្រីបង្កើតអ៊ីអេងដើរលបៗមកជិតបងស្រី និយាយខ្សឹបៗ៖
«ចែ!..បើគាត់ទៅហើយក៏ទៅៗ កុំជេរអីខ្មាសគេ…!» អ៊ីអេងសម្លឹងប្អូនគាត់ត្លែ ដំឡើងសម្លេង៖
«ខ្មាសអាណា…បើវាចរិតថោកនៅផ្ទះម្ហូបមានឱ្យក្លែមស៊ីផឹកពេញទឹកពេញដីវានៅមិនស្កប់ ទៅរកទិញអីយកមកក្លែមច្រាស់ច្រំទៀតនោះ…!” ប្អូនអ៊ីអេងអង្រួនបងតិចៗ៖
«ចែ! ម៉ាក់យើងនិងម៉ាក់បងថ្លៃនៅនេះដែរណាស់! សម្រួលៗខ្លះៗទៅចែ!» អ៊ីអេងនៅតែមិនស្ដាប់៖
«មិនបាច់ខ្លាចក្រែងស្អី…បើវាមិនថោកអាណាថាវា!»
«អាហ្នឹងវាចរិតថោកអ៊ីចឹងឯង!…ម៉ែអាថោក! កំពូជទានៅតែទាឡើងទ្រនំមិនរួច!» យាយមឿតស្រាប់តែនិយាយខ្លាំងៗថាឱ្យកូនប្រុសរបស់គាត់ទាំងយំសសឹកផង។
គ្រប់គ្នាក្រឡេកមើលទៅគាត់ព្រាត…តែអ៊ីអេងហាក់ធ្វើមិនដឹង។ ជាច្រើនដងមកហើយដែលអ៊ីអេង ជេរបញ្ចោរប្ដីគាត់នៅនឹងមុខយាយមឿតហាក់មានចេតនាដៀមដាម បណ្ដុះបង្អាប់ បន្ទាបកិត្តយសយាយមឿតក្នុងនាមជាម្ដាយក្មេក។
នេះក៏ជាហេតុផលចម្បងមួយផងដែរ ដែលធ្វើឱ្យយាយមឿតចេះតែយកលេសមិនចង់មកលេងផ្ទះដន្លងរបស់គាត់ ព្រោះតែគាត់ខ្មាសគេ។ ក្នុងនាមជាម្ដាយក្មេកត្រូវកូនប្រសាមានចេតនាមិនទុកមុខឱ្យបែបនេះ តើនរណាមិនខ្មាសគេមិនអន់ចិត្តមិនស្រងាកចិត្ត។ ពិធីជប់លៀងសប្បាយរីករាយតែពីក្បាលដំបូងតែត្រូវបិទបញ្ចប់ដោយការជេរប្រទេសផ្ដាសា។
ការពិតពូចាន់ទៅទិញសាច់ក្លែមឱ្យបងថ្លៃអ៊ីអេងសោះ។ លុះគាត់មកវិញមិនដឹងរឿងថាប្រពន្ធគាត់ជេរប្រទេច ប៉ុន្តែឃើញប្រពន្ធស្រវឹងស្រាដាបក៏គ្រាហ៍ប្រពន្ធយកទៅសម្រាក។ យាយមឿតឃើញបែបនេះនឹកសង្វេគកូនណាស់។ គាត់លួចយំសម្រាន្តមិនលក់ពេញមួយយប់។
តាមផ្លូវត្រឡប់មកផ្ទះវិញ…………….
នៅក្នុងឡានឡុចស៊ីសដែលបើកទៅមុខរឿយៗ…
«កូនឯង!ម៉ាក់ប្រាប់ថាពេលទៅដល់កំពង់ស្ពឺ កុំឱ្យដើររហេតរហូតជាមួយអាក្មេងៗនៅហ្នឹង តែអត់ស្ដាប់ម៉ាក់សោះ! ឥឡូវមើលបែកមាត់នៀក!» អ៊ីអេងកំពុងបន្ទោសកូនគាត់ដែលមិនស្ដាប់បង្គាប់។
«កូនឯងអត់ចេះស្ដាប់ម៉ែឪប្រដៅសោះ!» ពូចាន់ដែលកំពុងបើកឡានឆ្លៀតនិយាយមួយប្រយោគប្រដៅកូនពៅគាត់។
«មកពីអ្នកមើលវាកាន់ជើងវា បានវាចេះតែខូចហ្នឹង!» អ៊ីអេងនិយាយដៀមដាម។ ពូចាន់សម្រួល៖
«ចួនកាលមកពីកំណើតក្មេងវារឹងប្រដៅមិនស្ដាប់ដែរឯង!» អ៊ីអេងដំឡើងសំឡេង៖
«វាមិនដែរទេ…បើអ៊ីចឹងម៉េចគេខំបញ្ជូនកូនគេឱ្យរៀនជាមួយគ្រូល្អៗ ក៏ព្រោះចង់ឱ្យមានអ្នកប្រដៅអប់រំទូន្មានកូនល្អ ហើយបើកូនហ្នឹងរៀនមិនចេះឬខូចម៉េចៗក៏ដោយសារគ្រូមិនកើតហ្នឹងឯង!»
ដូនចាស់កម្សត់ដឹងច្បាស់ណាស់នូវអត្ថន័យប្រយោគមួយនេះ។ គាត់មិននិយាយអ្វីទេ បែរមុខទៅម្ខាងធ្លាក់ទឹកមុខមួយរំពេច។ ភាពអន់ចិត្តកើតមានចំពោះដូនចាស់ម្ដងហើយម្ដងទៀត…តែគាត់មិនមានជម្រើសអ្វីក្រៅពីនៅស្ងៀមនោះទេ។
គាត់មិនខឹងកូនប្រសាគាត់នោះទេ តែគាត់កំពុងតែអន់ចិត្តព្រោះគិតថាកំហុសដែលអាយ៉ុតមិនស្ដាប់បង្គាប់នោះគឺដោយសារតែគាត់ប្រដៅណែនាំចៅមិនបានល្អ។ នេះទម្រាំតែអ៊ីអេងដឹងរឿងអាយ៉ាន់ថាពិបាកជាងអាយ៉ុតទៀតនោះ មិនដឹងជាគាត់បន្ទោសយាយមឿតយ៉ាងណានោះទេ។ ពូចាន់វិញក៏ឈប់មាត់គិតតែបើកឡានទៅមុខ។ គាត់មិនសូវចង់និយាយតបតអីជាមួយប្រពន្ធគាត់នោះទេព្រោះហាមាត់ពេលណាក៏រកកល់ចង់តែឈ្លោះគ្នារហូត។
ច្រើនថ្ងៃកន្លងផុតទៅ….នៅផ្ទះយាយមឿត……
«អ…អាអូន..ដួស..បាយ..ឱ្យ…» សំឡេងដ៏រអាក់រអួលសឹងតែស្ដាប់មិនយល់របស់ពូចិត្រក៏លាន់ឡើងមក។ គាត់កំពុងតែញ័រដៃទទ្រើតទំនងជាឃ្លានបាយខ្លាំងណាស់ហើយព្រោះម៉ោងពីរដណ្ដប់ទៅហើយអាយ៉ាន់នៅសំងំលើផ្ទះមិនទាន់ចុះមកដួសបាយឱ្យពូវាទៀត។
យាយមឿតរវល់ទៅឆ្លូកស្រូវខំក្រោកដាំបាយទុកឱ្យកូននិងចៅតាំងពីព្រលឹមហើយផ្ដាំអាយ៉ាន់ថាបើគាត់ក្រមកឱ្យដួសបាយឱ្យពូវាផង តែវាកំពុងតែវក់ហ្គេមដូចឆ្កែឆ្គួតបែបនេះចង់នរណាអត់បានអត់ទឹកក៏វាមិនខ្វល់ដែរ ព្រោះខ្លួនវាផ្ទាល់ក៏វក់ដាច់បាយដាច់ទឹកមិនខ្វល់ពីសុខភាពខ្លួនឯងផង។ គិតៗទៅឥទ្ធិពលហ្គេមអនឡាញបានពង្វក់ក្មេងៗនិងយុវវ័យមិនតិចនោះទេ ឱ្យវក់លេងដាច់បាយដាច់ទឹក។ ខ្លះប្រឹងអូសRankស្អីហ្នឹងដាច់ៗយប់ ភ្នែកឡើងស្លក់មុខឡើងស្លេកភ្នែកឡើងក្រហមតែនៅតែប្រឹង។ បើសិនជាការសិក្សារៀនសូត្រខំតែប៉ុណ្ណឹងនោះមិនដឹងថាចេះយកទៅណាអស់នោះទេ។ ពិបាកដែរព្រោះសម័យឥឡូវនេះក្មេងៗធំមិនទាន់ទេ ចេះលេងទូរសព្ទបាត់ទៅហើយ។
ចួនកាលពុកម៉ែវាដកទូរសព្ទពីដៃបន្តិចដឹងតែស្រែកប្រកាច់យកតែម្ដង។ ឪពុកម្ដាយខ្លះវិញនិយាយថាគាត់រវល់ប្រឹងរកស៊ីអ៊ីចឹងមានតែឱ្យទូរសព្ទកូនលេងដើម្បីឱ្យវាសុខមិនរករឿង តែគាត់មិនដឹងថាការធ្វើនេះគឺជាការចុះទុននូវភាពលំបាកសម្រាប់ខ្លួនគាត់ក្នុងកាលជាអង្វែងទៅខាងមុខនោះទេ។
អ្វីៗគួរតែមានតុល្យភាព គាត់គួរតែឱ្យក្មេងលេងទូរសព្ទខ្លះៗកុំឱ្យដល់ថ្នាក់វក់ភ្លេចបាយភ្លេចទឹក ហើយចៀសវាងមិនត្រូវធ្វើតាមទំនើងចិត្តកូនពេកនោះទេ។
«ប្រូៗ…តុះចូលទៅ..ប្រូ…ដើរទៅ…» អាយ៉ាន់ភ្នែកមីរឈ្ងោកក្បាលចង់ដល់ទូរសព្ទដៃចុចទូរសព្ទញាប់ស្អេកមើលសឹងមិនទាន់។ លុះវាបានឮសំឡេងពូវាស្រែកកាត់ វាក៏មួរម៉ៅឡើងមកភ្លាមៗ៖
«ចាំតិចមើលពូ! ដេកនៅមួយកន្លែងអត់រកស៊ីអីផង…ថ្ងៃតិចមិនបានស្រែកបញ្ជាក្បាលគេ!»
ឮសម្ដីក្មួយប្រុសមួយប្រយោគនេះហើយទោះពូចិត្រឃ្លានបាយយ៉ាងណាក៏ឆ្អែតឯងដែរ។ គាត់ស្ងាត់មាត់មិននិយាយអីទៀតនោះទេព្រោះគាត់ដឹងខ្លួនថាគាត់ពិការជាបន្ទុករបស់គេស្រាប់ហើយ មិនគួរធ្វើឱ្យគេលំបាកឬឃ្នើសចិត្តដោយសារគាត់ទៀតឡើយ។
នៅក្រោមផ្ទះ ថ្ងៃបន្ទាប់…………..
ជិតថ្ងៃត្រង់យាយមឿតមកពីស្រែមិនឃើញអាយ៉ុត គាត់ចាប់ដើររកវាដូចសព្វដងព្រោះខ្លាចវាលួចទៅលេងទឹកទៀត។ យាយមឿតដើរមកឃើញអាយ៉ុតដេកលក់ក្រវៀនៗនៅលើអង្រឹងទាំងមុខស្លេកស្លាំង។
ដូនចាស់ស្ទុះទៅមើលចៅយកដៃស្ទាបក្បាល ក្បាលវាក្ដៅដូចជាភ្លើង។ យាយមឿតប្រញាប់លើកចៅដាក់លើគ្រែទាំងហេវហត់…ម្នីម្នាយកកន្សែងពូតទឹក ជូតខ្លួនឱ្យចៅរបស់គាត់។ ម៉ោងជាងពីរទៅហើយ អាយ៉ុតដូចជាមិនគ្រាន់សោះ។
យាយមឿតចាប់ភ័យបារម្ភឡើងមក។ គាត់ត្រូវតែយកអាយ៉ុតទៅពេទ្យក្នុងទីរួមស្រុកទើបបាន។ គាត់យកដៃបើកមើលក្នុងថ្នក់សារុង…គាត់សល់លុយតែជាងពីរម៉ឺនរៀលនៅក្នុងខ្លួនប៉ុណ្ណោះ តើឱ្យគាត់យកវាទៅពេទ្យបានយ៉ាងម៉េចទៅ? មិនអាចគិតយូរនោះទេព្រោះចៅរបស់គាត់គឺសំខាន់ជាងអ្វីៗទាំងអស់ទើបគាត់រួសរាន់ហៅម៉ូតូឌុបជិះយកចៅគាត់ទៅពេទ្យភ្លាម។
អាយ៉ុតគ្រុនឈាមត្រូវបន្តោងស៊ីរ៉ូមនៅពេទ្យជាច្រើនថ្ងៃ។ តើឱ្យយាយមឿតធ្វើយ៉ាងណា បើគាត់មិនមានលុយបង់ថ្លៃពេទ្យផង?! នេះសំណាងហើយដែលពេទ្យមេត្តាជួយសង្គ្រោះចៅគាត់ ហើយទុកពេលឱ្យគាត់ដើម្បីដោះស្រាយរឿងលុយកាក់តាមក្រោយនោះ។
ជាធម្មតាកូនគាត់ផ្ញើលុយមកមួយខែម្ដង…ម្ដងៗគឺជាងសាមសិបម៉ឺនរៀលប៉ុណ្ណោះ។ នេះទើបតែថ្ងៃទី២០ជាង គាត់ក៏អស់លុយទៅហើយ ដល់អ៊ីចឹងគាត់មិនហ៊ានទូរសព្ទទៅសុំលុយកូនទេ។ ដូនចាស់ក៏ដាច់ចិត្តទៅខ្ចីលុយអ្នកភូមិផងជាមួយគ្នាដែលគ្រួសារគេនោះជាអ្នកមានធូរធារប្រចាំភូមិរបស់គាត់។
«ហ៊ើយ!… បើថាទៅបងមឿតកម្មអឺយកម្ម…ចិញ្ចឹមអាចាន់ឪវានោះទេវនាហើយឥឡូវមកចិញ្ចឹមកូនវា វេទនាជាងឪវាទៀត…» ស្រ្តីវ័យក្បែរហាសិបឆ្នាំបន្លឺវាចាបែបជាមនុស្សផ្អែមរលួយក្នុងពេបជ្រាយទៅកាន់យាយមឿត។
គាត់មិនជាចង់ឱ្យយាយមឿតខ្ចីលុយនោះទេ តែធ្វើម៉េចបើយាយមឿតជាអ្នកភូមិផងជាមួយគាត់ទៅហើយ អ៊ីចឹងហើយទើបគាត់មានចេតនាចំអកឱ្យយាយមឿតមុននឹងគាត់ឱ្យលុយយាយមឿតខ្ចី។ ដូនមឿតវិញដឹងហួសពីដឹងទៅទៀត។
ក្នុងភូមិនរណាមិនដឹងថាអ្នកយិមជាមនុស្សផ្លែល្វារលួយក្នុងកម្រិតណានោះ។ គាត់ពូកែណាស់ខាងផ្អែមយកគាប់យកគួរ តែដំណាក់កាលនេះទៅហើយយាយមឿតមានតែកាត់កេរ្តិ៍កាត់ខ្មាសមុខស្ដើងមុខក្រាស់មកខ្ចីលុយគេនេះឯង។
«ខ្យិន(យិន)…រាប់លុយក្នុងកន្ត្រកឱ្យគាត់ទៅ» មីងយិមនិយាយទៅកាន់កូនស្រីវ័យម្ភៃជាងរបស់គាត់ ទាំងសំឡេងខ្លាំងៗបន្តិចផង។ យាយមឿតឆ្អែតចិត្តណាស់។ គាត់កំពុងតែចួបទុក្ខផងនៅមកឱ្យគេមើលងាយថែមទៀត។
អ្នកក្រគឺអ៊ីចឹង! ក្នុងសង្គមដែលមនុស្សមួយចំនួននិយមឱ្យតម្លៃទៅលើភាពមានបាន អ្នកក្រខ្សត់គឺនឹងត្រូវគេរិះគន់ពេបជ្រាយ មើលងាយមើលថោកដោយប្រការផ្សេងៗមិនលែងឡើយ។
យាយមឿតយកប្រាក់ទៅបង់ថ្លៃពេទ្យទាំងមានអារម្មណ៍មិនស្ងប់។ សាមសិបម៉ឺនវាមិនច្រើនណាស់ណានោះទេសម្រាប់អ្នកមានលុយនោះ តែសម្រាប់មនុស្សចាស់ម្នាក់ដូចជាគាត់គឺពិតជាមិនដឹងថារកមកពីណាបាននោះទេ។ នៅទីបំផុតយាយមឿតដាច់ចិត្តទូរសព្ទទៅកូនប្រុសរបស់គាត់ដើម្បីសុំលុយយកទៅសងអ៊ំយិម។ គាត់លើកដាក់ៗទូរសព្ទចាស់របស់គាត់ព្រោះក្នុងចិត្តដូចជាមិនដាច់ស្រេចហាក់មិនចង់រំខានកូនរបស់គាត់សោះ។
កូនគាត់រកស៊ីលក់ដូរពេលយប់ពិតជារវល់ណាស់ ថ្មើរណេះម៉ោងជាងពីររសៀលប្រហែលជាកូនគាត់កំពុងតែសម្រាកហើយ។ គ្មានជម្រើស យាយមឿតក៏ដាច់ចិត្តទូរសព្ទទៅកូនគាត់ទាំងច្រាស់ច្រាល់។
កូនរបស់គាត់ទទួលទូរសព្ទនិយាយដូចទើបនឹងភ្ញាក់ពីដេក ដោយសារត្រូវសំឡេងទូរសព្ទគាត់រោទ៍ដាស់។
«អាឡូម៉ែ! ម៉ែមានការអីមែនម៉ែ?»
«អាឡូកូន! ម៉ែ…អឺ..» យាយមឿតចាប់ស្ទាក់ស្ទើរចង់និយាយបន្តិចអត់បន្តិច។ គាត់រកនឹករៀបពាក្យនិយាយមិនចេញសោះ។ យាយមឿតប្រុងនឹងនិយាយទៅហើយ តែកូនប្រុសរបស់គាត់និយាយកាត់មុន៖
«បានសិនហើយម៉ែ…ចាំខ្ញុំទូរសព្ទទៅវិញ!»
និយាយប៉ុណ្ណេះកូនគាត់ដាក់ទូរសព្ទចុះទាំងមិនបានចុចបិទទំនងជារវល់ណាស់។ យាយមឿតឈ្ងោកមើលទូរសព្ទ ដោយសារតែភ្នែករបស់គាត់ងងឹត។ ដូនចាស់មិនទាន់ទាំងបានចុចបិទទូរសព្ទផង សំឡេងតាមទូរសព្ទក៏សាយភាយមកខ្លាំងៗ៖
«ដល់ខែមិនទាន់ទេ…អាណាខ្វិនផង…អីផង អញរកលុយឯណាទាន់!» សូរសៀងទ្រគោះបោះបោក រម៏ករម៉ាំងរបស់កូនប្រសាគាត់លាន់មកតាមទូរសព្ទដៃដូចដាក់មេក្រូ។ សំឡេងកូនប្រុសគាត់ក៏បន្លឺវិញម្ដង៖
«ហើយផ្ញើឱ្យកូនយើងស៊ីចាយរៀនសូត្រតើឯង!» កូនប្រុសរបស់គាត់ខំសម្រួល។
«អឺ…លុយផ្ញើទៅខាងឯងរាល់ខែ…តែបើខាងម៉ែខ្ញុំវិញមិនដែលសូវបានផ្ញើទៅទេ ក្មេងតែពីរតែលុយម៉ាខែៗរាប់សិបម៉ឺន!» អ៊ីអេងតឹងសរសៃកឆេះឆួលឡើងមក។
«ចុះមិនផ្ញើទៅ…ខ្ញុំមានទៅថាអី…កុំថាឱ្យតែម្ខាងអត់ម្ខាងបានវាមិនសម…តែមើលផងម៉ែខ្ញុំមើលចៅៗទាំងពីរ…ពួកវាសុទ្ធតែក្មេងនៅរៀនត្រូវការលុយផ្គត់ផ្គង់វាច្រើនណាស់ បើតាមតែម៉ែខ្ញុំគាត់មិនបាច់លាដៃសុំលុយកូនណាចាយទេ!»
«គ្រាន់អ្ហាសហ្ន៎! ហ៊ឹស! ម៉ែខ្ញុំមិនមែនចេះតែចង់បានពីកូនទេ…បន់ឱ្យតែកូនរកស៊ីមានបាន!»
«ម៉ែខ្ញុំក៏អ៊ីចឹង…តែគាត់មើលកូនយើងពីរនាក់គួរគិតគាត់ផង»!
«វាមិនដែល…ក្មេងពីរនាក់សោះ..មួយខែៗផ្ញើសាមសែសិបម៉ឺន..ហ្នឹងគ្រាន់តែដឹងមុខ..ចុះនៅអាមិនដឹងមុខនោះ!» អ៊ីអេងដៀមដាមព្រោះគាត់ដឹងថាប្ដីរបស់គាត់ លួចផ្ញើលុយឱ្យយាយមឿតខ្លះៗបន្ថែមទៀត។
«ប៉ាឯងក៏មិនធម្មតាដែរ…ដើរស៊ីចាយហ៊ឺហាដូចក្មេង! ឯងឱ្យលុយម្ដងៗរាប់សិនដុល្លារមិនគិតខ្លះផង! ហើយខ្ញុំមានដែលថាឯងមួយម៉ាត់អត់?»
ពូចាន់ទ្រាំមិនបានក៏ដៀមដាមប៉ាក្មេករបស់គាត់វិញ។ មែនហើយ! អ៊ីចឹងបានម៉ាក់របស់អ៊ីអេងប្រដៅកូនថាបើប្ដីមិនកើតលែងចោលយកមួយទៀត ព្រោះអីប្ដីគាត់ក៏យ៉ាប់ខូចខិលមិនធម្មតាដែរ។
រាល់ថ្ងៃគាត់ពីរនាក់ប្ដីប្រពន្ធរស់នៅដាច់គ្នា គ្មាននិយាយគ្នាមួយម៉ាត់ទេ តែបងប្អូនអ៊ីអេងនៅតែស្រឡាញ់គោរពដឹងគុណប៉ាគេជានិច្ច ទោះបីជាប៉ាគេចាស់សក់ស្កូវហើយដើរមានស្រីញីបំផ្លាញលុយកូនៗមិនចេះឈប់ក៏ដោយ។
«ប៉ាអញ..កុំនិយាយ! ចង់ថាៗត្រឹមអញបានហើយ..គាត់អ្នកបង្កើតអញ អញសងគុណគាត់អ៊ីចឹង!»
ទឺត! យាយមឿតចុចបិទទូរសព្ទព្រោះមិនអាចទ្រាំឮបន្តទៀតបាន។ ទឹកភ្នែកហូរកាត់ថ្ពាល់ជ្រីវជ្រួញរបស់គាត់ចុះមក។ គាត់យកក្រមាដែលបង់កមកជូតទឹកភ្នែក។ គាត់ដឹងថាកូនៗគាត់មិនសូវត្រូវរ៉ូវគ្នាប៉ុន្មាននោះទេ។ មួយថ្ងៃៗបើមិនបានឮមាត់មួយដងគឺមិនអស់ចិត្ត។
អ្វីដែលធ្វើឱ្យគាត់ភ័ន្តភាំងនោះ..គឺរឿងលុយនោះឯង។ កូនប្រសាគាត់និយាយហាក់មើលមិនឃើញកូនខ្លួនឯងនៅជាមួយគាត់សោះ។ សង្ឃឹមលើប្រាក់ផ្ដល់មកជាងសាមសែសិបម៉ឺននោះគិតថាគ្រប់អ្ហេ? កាលពីមុនគាត់ចេះតែលៃលកលក់នេះលក់នោះ..
លុយស្រូវខ្លះអីខ្លះគ្រាន់នឹងផ្សំគ្នាឱ្យរួចមួយខែៗ តែមួយរយៈក្រោយនេះវិញអាយ៉ុងវាទារលុយពីគាត់ច្រើនៗណាស់មិនដឹងថាវាយកទៅធ្វើអ្វីនោះទេ។ ពេលគាត់មិនចង់ឱ្យ វាបោះសម្ដីថា “ចុះម៉ាក់វាផ្ញើលុយមកឱ្យវាចាយតើ..មិនមែនជាលុយរបស់យាយឯណា”។
គិតមកដល់ត្រឹមនេះទ្រូងគាត់ក្ដៅសឹងតែឆេះ។ គេឯងចំណាស់គាត់ គេទៅវត្តទៅវ៉ា…មិនខ្វល់ខ្វាយព្រួយចិត្តនៅផ្ទះទេ។ ចំណែកគាត់វិញក្នុងនាមជាម្ដាយនឹកអាណិតកូន..ក៏សុខចិត្តយកចៅមកចិញ្ចឹម..តែមិននឹកស្មានថា កូនប្រសាគាត់និយាយគ្មានគិតដល់គាត់បែបហ្នឹងសោះ។
ព្រឹកព្រលឹម…
យាយមឿតសម្រាន្តមិនលក់សឹងតែមួយយប់ ដោយសាររឿងកូនរបស់គាត់ផង..ហើយយប់មិញនេះ អាយ៉ាន់ដើរលេងដេកនៅឯណាក៏មិនដឹង មិនចូលផ្ទះមួយយប់ទៅហើយ។ វាកាន់តែខ្លាំងដៃឡើងហើយ..យាយវាហាមមិនស្ដាប់សោះហើយ។
យាយមឿតប្រុងនឹងទៅសួររកអាយ៉ាន់នៅផ្ទះមិត្តភក្ដិរបស់វាតែឃើញអាយ៉ាន់ដើរមកគ្រលើម។ ដើរតកង៉កទោកងោក..សក់ក្បាលមិនសូវមានសណ្ដាប់ធ្នាប់ មុខស្លេកស្លាំង..យាយមឿតស្ទុះទៅសួរចៅដោយការព្រួយបារម្ភហួសប្រមាណ៖
«យ៉ាន់! ចៅឯងទើបមកពីណា?»
«…» អាយ៉ាន់នៅស្ងៀមទ្រឹងមិននិយាយអ្វីសោះ។ យាយមឿតចាប់មិនស្រួលក្នុងចិត្ត៖
«យ៉ាន់! ឮយាយសួរអត់ថាទើបមកពីណា?»
«យប់មិញខ្ញុំដេកនៅផ្ទះមិត្តភក្ដិខ្ញុំ!» វាឆ្លើយហាក់ដូចជាទាស់ទាល់ណាស់។
«មិត្តមួយណា?» ដូនមឿតចាប់ផ្ដើមសួរដេញដោល។
«ហូយ! មិត្តខ្ញុំរាល់ដង..បានហើយធុញណាស់! ខ្ញុំឡើងដេកហើយ!» វាចោលសម្ដីគ្រោកគ្រាតដាក់ជីដូនខ្លួនឯងរួចក៏ស្ទុះដើរឡើងទៅលើផ្ទះ ដោយទម្ងន់ជើងខ្លាំងៗបិទទ្វារគ្រាំងសឹងតែរង្គើផ្ទះ។
យាយមឿតឈរធ្មឹងដូចរូបចម្លាក់។ ចៅរបស់គាត់ប្រែប្រួល! ពិតជាប្រែប្រួលសឹងតែមួយរយភាគរយ។ អាយ៉ាន់ដែលធ្លាប់តែស្ដាប់បង្គាប់ តែពេលនេះសូម្បីតែនិយាយសួរនាំតិចតួចក៏មិនបាន។ ចិញ្ចឹមកូនគេសម្រាប់តែខុស! កូនគេមិនល្អក៏យើងខុស! យកលុយគេមកច្រើនក៏យើងខុស! ចាំតែខុសតែមួយមុខ…បើវាមិនមែនដោយសារតែក្ដីមេត្តារបស់អ្នកម្ដាយទេនោះ សង្ឃឹមអ្ហេសថាអ្នកផ្សេងនឹងមើលកូនយើងនោះ(?)។
«ម៉ែ…អ្ហ៎ា…ដាំបាយ…» ពូចិត្រនិយាយត្រដិតៗផុតៗមកកាន់យាយមឿតដែលសម្រាន្តនៅលើគ្រែក្រោមផ្ទះ។ យាយមឿតភ្ញាក់ទាំងត្រងាប់ត្រងើល។ មុខមាត់របស់គាត់ស្លេកស្លាំងសបញ្ជាក់ថាគាត់ប្រហែលជាឈឺឬខ្យល់ជាមិនខាន។ យាយមឿតអង្គុយសំកុកបន្តិច។
«ម៉ែ!…» ពូចិត្រប្រុងនិយាយជាថ្មី តែត្រូវយាយមឿតស្រែកគំហក៖
«អឺអា…ដល់ម៉ោងមិនទាន់ទេ…ស្លឈាមអញណាស់!»
គាត់នៅអង្គុយបិទភ្នែកទំនងជាងងឹតមុខ។ មួយសន្ទុះទើបងើបដើរទៅចង្ក្រានបាយ។
ម៉ោងជាងពីរដណ្ដប់ទៅហើយ…នៅមិនទាន់ឃើញអាយ៉ុតចូលផ្ទះទៀត។ ជានាមិនទាន់ទេ..ដើរលេងហាថ្ងៃហាលភ្លៀងទៀតហើយ។ ចំណែកអាយ៉ាន់វិញ ធំតែមាឌមិនចេះគិត គិតតែពីហ្គេមវាហ្នឹង ដាច់បាយដាច់ទឹក។ យាយវាថាឱ្យតិចតួចមិនបានទេមុខឱ្យដូចចងបាញ់។
បាត់ចៅយូរពេកយាយមឿតចម្លែកចិត្ត…មើលទៅប្រហែលទៅមុជទឹកប្រឡាយទៀតហើយ មិនអ៊ីចឹងដើរទៅលេងផ្ទះពួកម៉ាកវានៅចុងភូមិ។ មេឃដែលកំពុងតែស្រឡះសុខៗ ក៏ប្រែជាងងឹតមួយរំពេច…ផ្លេកបន្ទោរផ្លេកៗ..ផ្គរលាន់គ្រឹមៗជាសញ្ញាប្រាប់ថានឹងមានភ្លៀងធំ។
ខណៈនោះពូអ៊ិនក៏ជិះកង់ចូលមកដាក់ជន្ទល់យ៉ាងប្រញាប់ប្រញាល់។ យាយមឿតនឹកឆ្ងល់ណាស់រៀបនឹងចាប់សួរតែពូអ៊ិនក៏និយាយមកទាំងត្រហេបត្រហប៖
«អាអុនកូនខ្ញុំ…វា…វា…ប្រាប់ថា…ចៅបងឯង…»
«ចៅខ្ញុំវាម៉េចអ៊ិន?» យាយមឿតចាប់ផ្ដើមមិនស្រួលក្នុងចិត្តពេលឃើញអាការៈពូអ៊ិនបែបនេះ។
«អាអុនប្រាប់ថា…អាយ៉ុតលង់ទឹកប្រឡាយ…!»
ពាក្យប្រឡាយមិនទាន់ទាំងផុតស្រួលបួលផង…ខ្ពោក!!! ឆ្នាំងធ្លាក់ដល់ដី…ដូនកម្សត់រត់រលះរលាំងចេញទៅទាំងទឹកភ្នែកហូររហាមតម្រង់ទៅស្រែ។ គាត់ហ៊ឹងត្រចៀកអស់ហើយ…ក្នុងចិត្តបន់ឱ្យចៅបណ្ដូលចិត្តរបស់គាត់មិនអី។
គាត់ហាក់មានកម្លាំងមកពីណាក៏មិនដឹង រត់ដូចជាមិនហត់សោះ..ពិតហើយ! ព្រោះអារម្មណ៍របស់គាត់គឺនៅនឹងចៅគាត់អស់ហើយ។
«ចៅយាយ!..កុំកើតអីណាចៅ…ហ៊ឺ…!» គាត់រត់បណ្ដើរយំបណ្ដើរទន្ទេញបណ្ដើរ អ្នកភូមិដែលមិនដឹងរឿងក៏ស្រឡាំងកាំងចម្លែកចិត្តនាំគ្នាមើលព្រាត។ ខ្លះទៅក៏ស្រែកសួរនាំគ្នាខ្លាចក្រែងមាននរណាបានដឹងដើមចមរឿងហេតុដែលនាំឱ្យយាយមឿតរត់យំកាត់ពេញមួយភូមិបែបនេះ។
ភ្លៀងក៏បង្អុរចុះមកខ្លាំងៗ ខ្យល់បក់វក់វី…តែដូនចាស់នៅតែជម្នះសំដៅទៅប្រឡាយនៅឯស្រែ។ មាត់ទន្ទេញមិនដាច់..ភ្លៀងក៏មិនមេត្តា បង្អុរមកមិនបង្អង់។ រន្ទះឆាំងៗ មិនអាចបង្អាក់ដំណើរដូនចាស់កម្សត់បានឡើយ។
ជើងរត់ត្របាញ់មកដល់មាត់ប្រឡាយ…មនុស្សរោមអ៊ូក្រោមដំណក់ទឹកភ្លៀង។ យាយមឿតស្លុតស្លឹងទន់ជង្គង់គ្រឹបរកកល់ចង់សន្លប់ភ្លាមៗនៅពេលដែលឃើញរាងកាយស្ដូកស្ដឹងនោះ គឺជាចៅបណ្ដូលចិត្តរបស់គាត់។ ទឹកភ្នែកដូចទឹកបាក់ទំនប់ហូរកាត់ថ្ពាល់ជ្រីវជ្រួញ វែកគេវែកឯង ចូលទៅត្រកងបីចៅរបស់គាត់ ដែលគេទើបនឹងស្រង់បានអម្បាញ់មិញ។
«ចៅ!…ចៅយាយ!… ហ៊ឺ….ចៅ…ហ៊ឺ…» គាត់ទួញសោកកន្ទក់កន្ទេញក្ដោបរាងកាយឥតវិញ្ញាណរបស់ចៅគាត់ជាប់ក្នុងទ្រូង។ អាយ៉ុតស្លាប់ហើយ…វាលង់ទឹកប្រឡាយ។ យាយមឿតគ្រវីក្បាល មិនអាចគ្រប់គ្រងខ្លួនឯងបាន…ស្រែកពោលរៀបរាប់ពីចៅរបស់គាត់។
គ្រប់គ្នានៅជុំវិញគាត់ ទឹកមុខស្រងូតស្រងាត់ ខ្លះសម្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ សោនាដកម្មយ៉ាងសាហាវបានពង្រាត់យកចៅគាត់ទៅរហូតហៅលែងឮ…ឱមច្ចុរាជអឺយ! ហេតុអ្វីក៏ដាច់ធម៌មេត្តាម្ល៉េះ..ម៉េចមិនយកខ្ញុំទៅ ខ្ញុំចំណាស់នេះទៅហើយទុកឱ្យខ្ញុំរស់នៅគ្រាំចិត្តដល់ណាទៀត..ម៉េចមិនប្រហារខ្ញុំជំនួសចៅខ្ញុំទៅ?
រូបំ ទុក្ខំ អនិច្ចំ អនន្តា…បុណ្យសពក្មេងតូចខ្ចី បង្កើតនូវក្ដីទុក្ខឈឺផ្សាដល់អ្នកជាទីស្រឡាញ់យ៉ាងខ្លាំងក្លា។ ពូចាន់និងអ៊ីអេងតក់ស្លុតយំយែកសង្រេងសង្រៃយ៉ាងខ្លាំងនៅពេលដែលដឹងរឿងកូនគាត់ស្លាប់។ អ៊ីអេងសន្លប់បាត់ស្មារតីនៅពេលដែលគេបូជាសពកូនរបស់គាត់។
ឱះឱ!! អនិច្ចាក្ដីស្រឡាញ់នេះ ពិតជានាំឱ្យមានសេចក្ដីទុក្ខពិតមែន! តើនៅលើលោកនេះមានអ្វីទៀតទាត់ទៅ? គ្រប់សព្វសត្វកើតមកហើយក៏ត្រូវស្លាប់ទៅវិញនៅទីបំផុត។ មិនថាក្មេងចាស់ ប្រុសស្រី មានក្រ អាក្រក់ល្អ សខ្មៅ ក៏គង់តែនឹងដល់នូវសេចក្ដីស្លាប់នៅទីបំផុត។
អ៊ីចឹងហើយទើបមនុស្សយើងត្រូវធ្វើសេចក្ដីល្អត្រូវសន្សំបុណ្យឱ្យបានជារឿយៗ នរណាទៅដឹងថាសេចក្ដីនឹងមានមកនៅពេលណា ព្រោះការតវ៉ាប្រឆាំងតបតជាមួយនឹងមច្ចុដែលមានសេនាដ៏ច្រើនហើយនោះគឺមិនមែនឡើយ។ កុំគិតថាខ្លួនក្មេងមិនទាន់ដល់នូវសេចក្ដីស្លាប់នោះ! សេចក្ដីស្លាប់នៅជិតបង្កើយនឹងយើង…ត្រៀមជាស្រេចដើម្បីនឹងនាំយើងយកទៅ ហើយនៅទីបំផុតគ្រប់យ៉ាងក៏មិនមែនជារបស់យើងតទៅទៀតដែរ មិនថាតែទ្រព្យសម្បត្តិ កិត្តិយស កេរ្តិ៍ឈ្មោះ ឬសូម្បីតែរូបកាយដែលយើងសម្គាល់ថាជារបស់យើងមករហូតនោះ។
«មកពីម៉ែឯងមិនមើលវាឱ្យបានដិតដល់ហ្នឹងឯងបានកូនខ្ញុំវាលង់ទឹកនោះហ៊ឺ…» អ៊ីអេងខ្សឹកខ្សួលយំឱបរូបថតអាយ៉ុតពោរពេញដោយសេចក្ដីទុក្ខតែក៏រួមនូវសេចក្ដីក្រោធទោសៈចំពោះម្ដាយក្មេកផងដែរ។
«គ្រាន់តែមើលក្មេងប៉ុណ្ណឹង មើលមិនបាន! ស្រែក៏មិនឱ្យធ្វើឱ្យនៅតែផ្ទះសោះ!» កូនប្រុសយាយមឿតភ្នែកក្រហមតែតទឹកមុខស្ងួតស្ងប់តិះដៀលថាឱ្យម្ដាយខ្លួនគ្មានសំច័យមាត់។
ដួងចិត្តជាម្ដាយដែលកំពុងតែឈឺពើតផ្សាដូចជាត្រូវគេយកកាំបិតមកឆូតជាចម្រៀកៗហើយនោះ…ក៏កាន់តែឈឺពើតផ្សាទ្វេដងបីដូចជាគេយកអំបិលមករោយលើស្នាមកាំបិត…កាលបើបានឮសម្ដីកូនប្រុសបង្កើតខ្លួនឯងនិយាយបែបនេះ។
កូនប្រសានិយាយថាឱ្យគាត់ គាត់មិនសូវឈឺនោះទេ…តែនេះជាកូនបង្កើតរបស់គាត់ ដែលគាត់ចិញ្ចឹមមកផ្ទាល់ដៃ គាត់ពិតជាមិនអាចទទួលអារម្មណ៍នេះបាននោះទេ។ ក្នុងនាមជាយាយ តែតួនាទីជាម្ដាយ ខំចិញ្ចឹមបីបាច់ចៅមកតាំងពីនៅជាទារកដូច្នេះចំណងមនោសញ្ចេតនាគាត់ជាមួយនឹងចៅគឺពិតជាធំធេងណាស់ គាត់ក៏មិនទាន់អាចទទួលយកបាននោះដែរ បើទោះជាដឹងយ៉ាងច្បាស់ហើយថា អ្វីៗគ្រប់យ៉ាងមិនទៀងទាត់ក៏ដោយ តែនេះវាពិតជាលឿនពេកហើយ។
គ្មាននរណាចប់ចួបឡើយពាក្យថា “សេចក្ដីស្លាប់” មិនថាចំពោះតែខ្លួនឯងឬក៏ចំពោះមនុស្សជាទីស្រឡាញ់របស់ខ្លួន។ យាយមឿតគាត់បានហាមប្រាមចៅគាត់ជាច្រើនដងហើយថាកុំឱ្យលេងទឹកប្រឡាយ តែអាយ៉ុតនៅតែចចេសមិនព្រមស្ដាប់តាមដំបូន្មានរបស់យាយវាសោះឡើយ។
អ៊ីអេងនិងពូចាន់បែរជាខឹងនឹងម្ដាយ ដោយពួកគាត់គិតថាយាយមឿតមើលថែកូនគាត់មិនបានល្អ។ ដូច្នេះគាត់ក៏សម្រេចចិត្តយកអាយ៉ាន់ទៅនៅជាមួយគាត់វិញ។ អាយ៉ាន់វាមិនចង់ទៅនៅជាមួយម៉ែឪវានោះទេ…ព្រោះវាគិតថាវាមុខជាគ្មានសេរីភាពពេញលេញដូចនៅជាមួយយាយវាឡើយ ដូច្នេះហើយវាក៏លើកយកលេសផ្សេងៗ រហូតដល់បានបន្តនៅជាមួយយាយរបស់វាបានដូចបំណង។
យប់ស្ងាត់នៅផ្ទះតូចមួយ…………
«ប្រូៗ កុំទាន់អាលចូល…គ្នាវានៅចាំស្ទាក់…» សំឡេងរបស់អាយ៉ាន់ដែលវក់នឹងហ្គេមងើបមុខលែងរួចបាយមិននឹកទឹកមិនស្រេក មិនមែនកើតមកពីទុក្ខសោកព្រោះព្រាត់ប្រាសប្អូនវាអីនោះទេតែគឺដោយសារតែជាប់ដៃការងារធំគឺលេងហ្គេមនេះឯង។
ម្ដងនេះ វាមិននៅលើផ្ទះដូចសព្វដងនោះទេ…តែគឺនៅក្នុងបន្ទប់បិទជិត មានគ្នាបួនប្រាំនាក់ ដែលកំពុងជុំក្បាលគ្នាលេងហ្គេម។ អាយ៉ាន់អត់មានដឹងខ្លួននោះទេថាវាកំពុងតែមកសេពគប់ជាមួយនឹងអ្នកញៀនថ្នាំនោះ…ពីព្រោះវាទើបនឹងដើរចូលក្នុងក្រុមនេះជាងមួយអាទិត្យដែលវាចាប់ផ្ដើមប្លែកនេះឯង។
ពួកនោះកំពុងព្យាយាមអូសទាញអាយ៉ាន់បណ្ដើរៗទាំងវាមិនដឹងខ្លួន។ មួយសន្ទុះអាមួយដែលអង្គុយលើគ្រែនោះ ចាប់ផ្ដើមលើកដបទឹកសុទ្ធមួយឡើងមកទាំងមានបំពង់បឺត ដែលចោះតាមមាត់គម្រងដបផងដែរ។ លុះអាយ៉ាន់ក្រឡេកឃើញ វាចាប់ផ្ដើមស្រឡាំងកាំង។ អាម្នាក់សក់រួញនោះនិយាយឡើង៖
«អាយ៉ាន់! សាកតិចអ្ហី…?»
ថ្វីដ្បិតតែអាយ៉ាន់វាវក់នឹងហ្គេម ហើយឈ្លើយជ្រលើសបើស ដើរលេងយប់ព្រលប់មិនស្ដាប់យាយវាយ៉ាងណាក្ដីតែដូចវាប្រាប់យាយវាអ៊ីចឹងគឺវាមិនបានទៅជក់ថ្មាំនោះឡើយ។ ការដែលវាមកសេពគប់ជាមួយនឹងក្រុមនេះគឺក្នុងបំណងដើម្បីជុំគ្នាលេងហ្គេម ស៊ីផឹកតិចតួច ហើយដើម្បីគេចពីយាយវាព្រោះវាធុញទ្រាន់នឹងសំឡេងទេសនារបស់យាយវាព្រឹកល្ងាចប៉ុណ្ណោះ។ លុះដល់មកឃើញសភាពមិនស្រួលបែបនេះវាចាប់ផ្ដើមស្លេកមុខប្រកែកញាប់មាត់៖
«អត់ទេអាម៉ុយ…អញអត់ទេ!» អាម៉ុយសក់រួញនោះខំអូសទាញបញ្ចុះបញ្ចូលអាយ៉ាន់ព្រោះការអូសទាញនោះគឺជាជំនាញរបស់វាទៅហើយ។ ដំបូងវាមានគ្នាតែពីរនាក់លុះមិនបានប៉ុន្មានផងក៏អូសទាញបានគ្នីគ្នាបន្ថែមទៀត។
វាជាអ្នកលក់ថ្នាំបន្តពីមេរបស់វាដើម្បីជាថ្នូរជាមួយនឹងការបានថ្នាំយកមកជក់។ ដូច្នេះបើវាអូសទាញគ្នីគ្នាបានកាន់តែច្រើន នោះវាក៏ទទួលបានថ្នាំកាន់តែច្រើនផងដែរ។ អាម៉ុយដើរបាត់ពីផ្ទះច្រើនថ្ងៃទើបចូលផ្ទះម្ដង។ រឿងវាជក់ថ្នាំមានអ្នកភូមិខ្លះគេដឹងហើយគេខំអាណិតប្រាប់ម៉ែវាតែម៉ែវាបែរជាជេរបញ្ចោរគេទៅវិញ។ ការណ៍នេះធ្វើឱ្យអាម៉ុយកាន់តែមិនខ្វល់ហើយខ្លាំងដៃណាស់ទៅទៀត។
«អ្ហែង ដាក់តិចទៅប្រយ័ត្នជាប់ចិត្តអ្ហែង…អញបំណងល្អទេវើយ!»
«អ្ហេ! អត់ទេ…!» អាយ៉ាន់រាដៃចាប់បែកញើសប៉ុនៗគ្រាប់ពោត។ អាម៉ុយនៅតែបន្តអូសទាញវាជាថ្មី៖
«ប្រយ័ត្នស្ដាយអ្ហែង…តិចថាអញមិនបានប្រាប់!»
គ្រប់គ្នានៅជុំវិញវាលែងចុចទូរសព្ទ បែរជានាំគ្នាងាកមកសើចដាក់វាយ៉ាងគឃ្លើន។ អាយ៉ាន់ប្រញាប់រកវីធីគេចចេញ៖
«តាមសប្បាយចុះណា…អ៊ីចឹងអញសុំទៅផ្ទះហើយ…!»
«អ្ហេ…! ប្រញាប់ម្ល៉េះ!» អាម្នាក់មាឌធំមួយទៀត ឈរយកដៃពាំងទ្វារជាប់។
អាយ៉ាន់ដកដង្ហើមញាប់ៗបេះដូងលោតឌឹបៗដោយភាពភ័យខ្លាច។ បើពួកវាបង្ខំឱ្យជក់ ដូចបញ្ច្រកស្រាកាលពីយប់នោះគិតយ៉ាងម៉េច? អាយ៉ាន់សម្រួលអារម្មណ៍លាក់ភាពភ័យខ្លាចខំយកលេស៖
«ខ្ញុំខ្លាចអត់មាននរណាដាំបាយឱ្យពូខ្ញុំបង…!» អាមួយពាំងមាត់ទ្វារនោះជ្រួញចិញ្ចើម៖
«តែអ្ហែងបានឃើញពួកអញ…» អាយ៉ាន់យល់ន័យព្រោះពួកវាខ្លាចថាវាយករឿងដែលពួកវាជក់ថ្នាំទៅបន្តផ្សព្វផ្សាយមុខជានាំឱ្យបែកការដឹងដល់ប៉ូលិសជាក់ជាមិនខាន។ អាយ៉ាន់លេបទឹកមាត់ក្អឹក៖
«ខ្ញុំអត់ប្រាប់នរណាគេទេបង…!»
«អញជឿអ្ហែងម៉េចបាន…ចុះបើអ្ហែងយកទៅប្រាប់នរណាបន្ត អញមិនស៊យ?»
«ខ្ញុំសន្យាបង…ខ្ញុំសន្យា…ខ្ញុំអត់ប្រាប់នរណាទេ!» អាយ៉ាន់ភ័យស្លន់ឡើងនិយាយត្រដិត។
«ហើយម៉េចមុខស្លេកម៉េះអាយ៉ាន់អ្ហាស…ហាសហា…អានេះមុខញីមែនហ្មងអ្ហាស! ហាសហា…!»
អាសក់រួញនោះនិយាយមកអាយ៉ាន់ជាថ្មី បន្ទាប់ពីបង្ហុយផ្សែងហុយទ្រលោមរួច។ ម្ដងនេះអាយ៉ាន់ ដឹងហើយថា ហេតុអ្វីបានជាពួកនេះតែងតែរាប់អានស្រឡាញ់វាដូចជាបងប្អូនគ្រប់ពេល ព្រោះតែពួកនេះចង់អូសទាញវាឱ្យប្រព្រឹត្តបែបនេះសោះ។ ថ្បីដ្បិតថាវាជាមនុស្សឆេវឆាវក៏ពិតមែន តែរឿងថ្នាំវាមិនលេងចូលទេ។
កំពុងតែគិត អាម្នាក់សក់រួញអម្បាញ់មិញលើកដបនោះឡើងមក..អាពីរនាក់ផ្សេងទៀតចាប់ដៃអាយ៉ាន់ជាប់។ អាយ៉ាន់ខំបម្រាស់ទាំងភិតភ័យ បេះដូងលោតសឹងតែធ្លាយចេញមកក្រៅ។
«សាកតិចទៅបានដឹងអាយ៉ាន់…ហាសហា!»
«អញអត់ទេ អាម៉ុយ…អាម៉ុយ…អាពីរនាក់លែងអញ…អញប្រាប់ថាឱ្យលែងអញ!!»
អាពីរនាក់នោះចាប់អាយ៉ាន់ដែលរើកញ្ជ្រោលដូចអន្ទង់ត្រូវភ្លើងយ៉ាងជាប់ ខណៈដែលអាម៉ុយចាប់ភ្ងើយចង្កាអាយ៉ាន់ឱ្យបឺតថ្នាំញៀននោះ…ប៉ុន្តែអាយ៉ាន់នៅតែខំព្យាយាមបិទមាត់ឱ្យជិត ទាំងរេមុខចុះឡើង ខ្លួនញ័រទទ្រើកដូចកូនសត្វ។
អាម៉ុយមិនបញ្ឈប់ត្រឹមនោះទេ វាព្យាយាមចាប់មាត់អាយ៉ាន់ ដាក់បំពង់បឺតចូល…ទាំងទឹកមុខមាំ។ អាយ៉ាន់ភ្នែកសត្រឡប់…ក្ដាប់ដៃក្ដាប់ជើង…ខំរើទធាក់សាប តែមិនបានផល..ចាប់ពីពេលនេះតទៅ តើវានឹងត្រូវរស់នៅដោយអត់ថ្នាំមិនបានដូចជាពួកវាដែរមែនទេ?? អត់ទេ! អត់ទេ! អត់ទេ!….
គ្រាំង!!!
«ពួកអាដែងលើកដៃឡើង!»
…………………………………
«យាយ!…យាយ!» សំឡេងរបស់បុរសចំណាក់ម្នាក់ស្រែកឡើង ខណៈក្នុងដៃគាត់គឺជារាងកាយស្ដូកស្ដឹងស្លេកស្លាំងដែលយើងស្គាល់ជាក់នោះគឺយាយមឿត។
យាយមឿតសន្លប់ភ្លាមៗ បន្ទាប់ពីបានឮថាអាយ៉ាន់ត្រូវចាប់ខ្លួនទៅពន្ធនាគារជាប់ទាក់ទងនឹង គ្រឿងញៀន។ មនុស្សម្នាអ្នកជិតខាងម្នីម្នា ដឹកគាត់យកទៅពេទ្យ..ព្រោះអាការៈរបស់គាត់ហាក់ធ្ងន់ធ្ងរ ត្រជាក់ចុងដៃ ចុងជើងអស់ទៅហើយ។
រឿងកូនស្លាប់មិនទាន់នឹងផុតផង ពេលនេះអ៊ីអេងនឹងប្ដីត្រូវឡើងមកផ្ទះម្ដាយទាំងទឹកភ្នែក នៅពេលដែលឮថាកូននៅក្នុងពន្ធនាគារ ហើយម្ដាយសម្រាកនៅមន្ទីរពេទ្យ។ តើនេះជាកម្មអ្វីរបស់គាត់ទៅ កូនមួយទើបនឹងស្លាប់ មិនទាន់ទាំងធ្វើចិត្តបានផង បែរជាកូនមួយទៀតមកជាប់ទាក់ទងនឹងរឿងគ្រឿងញៀនទៅវិញ។ អ៊ីអេងយំសស្រាក់។ ចំណែកឯពូចាន់ក៏ស្រងូតស្រងាត់ណាស់ដែរ។ ពួកគាត់ត្រូវដោះស្រាយរឿងពីរក្នុងពេលតែមួយ។
រាងកាយស្តូកស្ដឹងរបស់យាយមឿតហាក់នាំយកវិញ្ញាណរបស់ពូចាន់ទៅជាមួយ។ គាត់ឱបដៃយាយមឿតយំគគ្រូសព្រោះយាយមឿតនៅមិនទាន់ដឹងខ្លួននោះទេ។ គាត់សន្លប់មកយូរហើយ ហើយកំពុងតែបន្តោងសឺរ៉ូមនៅពេលនេះ។
អ្វីៗមិនអាក្រក់ពេកនោះទេ…ឬអាចថាវាគ្រាន់តែជាមេរៀនជីវិតមួយប៉ុណ្ណោះ។ ស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យប៉ុន្មានថ្ងៃ អាការៈលើសឈាមរបស់យាយមឿតក៏ចាប់ផ្ដើមធូរស្រាលបានមួយកម្រិត។
ចំណែកឯអាយ៉ាន់ក៏នៅមានបុណ្យសំណាងណាស់ដែរ ដែលការធ្វើតេស្តទឹកនោមរបស់វា មិនមានសារធាតុញៀននោះ។ វាបានរាយការណ៍ប្រាប់ប៉ូលិសរឿងគ្រប់យ៉ាង ហើយអ្នកដែលប្រព្រឹត្តនឹងត្រូវអនុវត្តតាមផ្លូវច្បាប់ជាធរមាន។
ទាំងបីនាក់ម៉ែកូនអង្គុយនៅចុងគ្រែអ្នកជំងឺដែលកំពុងសម្រាន្តនៅឡើយ។ សន្សឹមៗរង្វង់ភ្នែកជ្រីវជ្រួញនោះ ចាប់ផ្ដើមកម្រើកឡើងមក។ ភ្នែកក៏ចាប់ផ្ដើមបើកប្រិមៗទាំងបីនាក់ម៉ែឪកូនសប្បាយចិត្តណាស់។ អ៊ីអេងហាក់រំភើបចិត្តចម្លែក។ គាត់បានដឹងគ្រប់យ៉ាងពីអាយ៉ាន់អស់ហើយ។ គាត់ពិតជាសោកស្ដាយចំពោះទង្វើរបស់គាត់ដែលធ្វើដាក់ម្ដាយក្មេកខ្លាំងណាស់។
«អា…យ៉ាន់ ចៅ!» សំឡេងខ្សាវៗរបស់យាយមឿតលាន់ឡើងកាត់សភាពស្ងប់ស្ងាត់។
គ្រប់គ្នាអរព្រួច អាយ៉ុងស្ទុះទៅឱបយាយយ៉ាងរំភើបទាំងស្រក់ទឹកភ្នែក។ ពេលនេះវាបានដឹងហើយ ថាហេតុអ្វីបានជាយាយរបស់វាមិនឱ្យវាសេពគប់ជាមួយពួកនោះ។ ការសេពគប់មិត្តពិតជាសំខាន់ខ្លាំងណាស់ ព្រោះអាចនាំឱ្យយើងក្លាយជាមនុស្សល្អឬអាក្រក់ ចម្រើនឬអន់ថយបាន សមដូចសុភាសិតមួយពោលថា “សេពគប់ពាលគឺពាល សេពគប់បណ្ឌិតគឺបណ្ឌិត”។
អ៊ីអេងនិងប្ដីយំឱបម្ដាយដូចគ្នា។ នៅពេលនេះហើយ ដែលគាត់បានដឹងថាតើ ម្ដាយរបស់គាត់ពិបាកប៉ុណ្ណាដែលត្រូវចិញ្ចឹមចៅពីរនាក់ដែលសុទ្ធតែមិនដើតាមគន្លងធម៌។ នេះហើយជាទឹកចិត្តម្ដាយ!! ទឹកចិត្តម្ដាយមិនប្រាថ្នាអ្វីពីកូនចៅប្រុសស្រី សុំត្រឹមតែឃើញកូនចៅប្រុសស្រីរស់នៅដោយសុខសាន្ត ក្នុងនាមជាម្ដាយក៏សប្បាយចិត្តណាស់ទៅហើយ។
ម្ដាយឪពុកជាព្រះព្រហ្ម ជាព្រះអរហន្ត ជាបុព្វាចារ្យ ជាទេវតាក្នុងផ្ទះ ដែលកូនចៅគប្បីគោរពប្រណិប័តន៍។ កូនចៅគប្បីធ្វើបុណ្យទាន់ខែភ្លឺ កុំចាំរហូតដល់គាត់ឈឺទ្រុឌទ្រោមគ្រាំគ្រាហើយទើបនាំយកនូវអាហារឆ្ងាញ់ៗ គ្រឿងសម្លៀកបំពាក់ស្អាតៗទៅជូនគាត់នោះព្រោះការនេះមិនគាប់ប្រសើរឡើយ។ មួយវិញទៀតបើចាំរហូតដល់គាត់អនិច្ចកម្មបាត់ ទើបនាំយកម្ហូបអាហារប្រណីតៗទៅសែនជូនគាត់នោះគឺរឹងរឹតតែគ្មានប្រយោជន៍ណាស់ទៅទៀត។
ម៉ែចាស់ហើយ!សក់ម៉ែក៏ស្កូវ! ត្រចៀកម៉ែក៏ស្ដាប់មិនសូវឮច្បាស់! ភ្នែកម៉ែក៏មើលមិនសូវឃើញ! ដូច្នេះចូរកូនប្រុសស្រីនឹកដល់ម៉ែផង កុំទុកឱ្យម៉ែកំព្រាឯកាតែម្នាក់ឯងនោះ។ កូនគួរតែនឹកដល់ទឹកចិត្តមេត្តារបស់ម៉ែ។
កុំស្ដីថាឱ្យម៉ែខ្លាំងៗតាមតែកំសួលចិត្តខឹងរបស់កូនអី ព្រោះបើអ្នកផ្សេងយល់ច្រឡំថាឱ្យម៉ែក៏ម៉ែមិនសូវឈឺដែរ ប៉ុន្តែបើជាកូនប្រុសស្រីរបស់ម៉ែវិញនោះ ម៉ែពិតជាឈឺចាប់អស់មួយជីវិតណាកូនណា៕