រឿង៖ លម្ហបេះដូង

នេះជាព្រឹកថ្ងៃសៅរ៍ ចំពោះខ្ញុំវាគ្មានអីសំខាន់ទេ ព្រោះខ្ញុំជាអ្នករកស៊ីគ្មានថ្ងៃឈប់សម្រាកបុណ្យទាន ចុងសប្តាហ៍អីនោះឡើយ។ ក្នុងបន្ទប់គេងផ្ទាល់របស់ខ្ញុំដេគ័រពោរពេញដោយពណ៌ទឹកសណ្តែក ព្រោះខ្ញុំងប់ងល់នឹងវាខ្លាំង។ គ្រែខ្ញុំពិតជាទន់មែន! តែខ្ញុំមិនអាចឱ្យភាពទន់ល្មើយរបស់វាមកពង្វក់ស្មារតីខ្ញុំឱ្យខកខានពេលវេលាធ្វើការនោះទេ។
ខ្ញុំក្តាប់ដៃត្រដាងពត់ខ្លួនបណ្តេញអារម្មណ៍សេសសល់នៃភាពងងុយឱ្យចេញឆ្ងាយមុននិងឈានជើងចុះពីគ្រែតម្រង់ទៅបន្ទប់ទឹកដើម្បីលុបលាងមុខ ងូតទឹកសម្អាតខ្លួន។
ខ្ញុំពាក់អាវយឺតសទីនុយខោពណ៌ទឹកសណ្តែក សាមញ្ញដូចរាល់ដង បើកឡានចេញពីផ្ទះតម្រង់កន្លែងធ្វើការ។
ចម្រៀងក្នុងឡានកំដរខ្ញុំអស់ពីរបទ ឡានរបស់ខ្ញុំមកដល់គោលដៅល្មម។ ទីនេះគឺហាងកាហ្វេ ជាហាងរបស់ខ្ញុំដែលខំខ្នះខ្នែងនិងបានអ្នកម៉ាក់ជាទីស្រឡាញ់ជ្រោមជ្រែងទើបមានរូបរាងដូចសព្វថ្ងៃ។ ខ្ញុំក្លាយជាម្ចាស់របស់វាអស់បីឆ្នាំហើយ ខ្ញុំស្រឡាញ់វាខ្លាំងណាស់ ព្រោះវាជាចំណុចចាប់ផ្តើមនៃទំព័រជីវិតថ្មីរបស់ខ្ញុំ។
ក្មេងៗក្នុងហាងញញឹមរាក់ទាក់ខ្ញុំដូចរាល់ដង។ ខ្ញុំនៅសាលខាងក្រៅអង្គុយក្រេបរសជាតិកាហ្វេ អានសៀវភៅដោយស្ងៀមស្ងាត់នៅជ្រុងម្ខាង។ ចម្រៀងក្នុងហាងថ្ងៃនេះហាក់ដូចជាក្រៀមក្រំដល់ហើយ ខ្ញុំស្តាប់ឡើងចង់វិលត្រឡប់អារម្មណ៍ខ្លួនឯងទៅរកអតីតកាលពីមុនវិញ គ្រាដែលខ្ញុំនៅជាក្មេងស្រីចិត្តស្រាល គំនិតរាក់ ឆាប់ទទួលជឿអ្វីងាយ។
«អាខៃ! កុំរត់ផ្តេសផ្តាសឮទេ ម៉ាក់កុម្ម៉ង់អីញ៉ាំសិន នៅឱ្យស្ងៀមណា»
ខ្ញុំងាកមើលទៅនារីម្នាក់វ័យប្រហែល២០ឆ្នាំដឹកសុនខមួយក្បាលគួរឱ្យស្រឡាញ់ណាស់ ដងខ្លួនវាធំមាំតែមើលទៅស្លូតបូតស្តាប់បង្គាប់ម្ចាស់ណាស់។ ម្ចាស់វាទៅតុគិតលុយកុម្ម៉ង់អីញ៉ាំ វានៅស្ងៀមមួយកន្លែងរងចាំ មិនរញ៉េរញ៉ៃទេ។
ឃើញវា ខ្ញុំនឹកឃើញថក៍របស់ខ្ញុំដែរ មុខមាត់ អត្តចរិតវាស្លូតបូតបែបនេះ ស្តាប់បង្គាប់បែបនេះ… តែវាលែងនៅជាមួយខ្ញុំហើយ តាំងពីបាត់វាមកខ្ញុំក៏លែងចិញ្ចឹមសត្វទៀតដែរ។ ថក៍គឺមិត្ត ជាអនុស្សាវរីយ៍ គឺព្រោះវាទើបខ្ញុំស្គាល់គេម្នាក់នោះ ម្នាក់ដែលធ្វើឱ្យបេះដូងខ្ញុំសល់តែភាពល្ហល្ហេវ យល់ពីភាពត្រជាក់ស្រេប ចង់តែចាក់សោរទុកលែងហ៊ានបើកទៀត។ ខ្ញុំស្គាល់គេគឺជានិស្ស័យឬជាការជួបគ្នាដើម្បីលាងកម្មពៀរនិងគ្នាទៅ? តើខ្ញុំជំពាក់គេមែនទេ? គេហាក់ដូចជាអមនុស្សធម៌ណាស់ កម្ទេចបេះដូងក្មេងខ្ចីរបស់ខ្ញុំឱ្យវាស្លាប់ដោយគ្មានឈាមមួយដំណក់។
ទីនេះមិនហាមចំពោះការយកសត្វចិញ្ចឹមចូលមកទេ ព្រោះខ្ញុំក៏ជាអ្នកដែលធ្លាប់ស្រឡាញ់សត្វដែរម្ល៉ោះហើយខ្ញុំយល់អារម្មណ៍អ្នកដែលចិញ្ចឹមសត្វ។ ពួកវាប្រៀបដូចជាគ្រួសាររបស់យើង ប្រៀបដូចមិត្តភក្តិ ពួកវាមានតែភាពស្មោះត្រង់និងភក្តីភាពចំពោះម្ចាស់ប៉ុណ្ណោះ ឱ្យតែយើងល្អដាក់វានោះវានិងប្តូរស្លាប់រស់មិនទៅណាចោលយើងទេ ខុសពីមនុស្សខ្លះដែលស្គាល់ត្រឹមតែខាងក្រៅតែចិត្តខាងក្នុងពាល់មិនត្រូវ។
ខ្ញុំមើលទៅកូនឆ្កែនោះបក់កន្ទុយរវិចៗចាំម្ចាស់វា កាន់តែមើលកាន់តែធ្វើឱ្យខ្ញុំនឹករឮកដល់អតីតកាលដែលមានតែការខកចិត្តនិងឈឺចាប់អស់នោះ។
នៅជើងក្រោយរបស់កូនឆ្កែនោះមានបិទរបួសហើយវាដើរខ្ញើកៗមិនស្រួលទេ។ ថ្ងៃនេះអាខៃបានមកគាស់កកាយការចងចាំរបស់ខ្ញុំម្តងទៀតហើយ ការចងចាំដែលខ្ញុំខំកប់វាទុកចោលអស់ពេល៦ឆ្នាំ ការចងចាំមួយដែលបានបន្សល់នូវស្លាកស្នាមនៅក្នុងជម្រៅចិត្តរបស់ខ្ញុំ។ របួសទោះបីជាសះស្បើយហើយក្តីក៏នៅតែបន្សល់ស្នាមជាមេរៀន។ ឆ្នេរខ្សាច់សស្អាតគង់តែជាប់ក្រឡៅដានជើងដែលបានឆ្លងកាត់ទោះមានទឹករលកបោកបក់ក្តី ការពិតនៅតែជាការពិត។
គ.ស២០១៤
វេលាពេលព្រឹកខ្យល់ត្រជាក់ល្អណាស់ តែផ្ទៃមេឃហាក់មិនស្រស់បស់ដូចវាយោផាត់ត្រសៀកនេះសោះ។ លម្ហមេឃអួរអាប់ពោរពេញដោយពពកប្រផេះខ្មៅដុំៗដេរដាស ហាក់មិនចង់ឱ្យពន្លឺសូរិយាអាចមានលទ្ធភាពជ្រៀតចូលមកកម្តៅផែនដីបាន។ ខ្ញុំសម្លឹងមើលទៅបរិយាកាសខាងក្រៅបង្អួចដែលមានតែភាពស្រអាប់គ្មានពន្លឺនិងខ្យល់បក់កួចនាំយកស្លឹកឈើស្ងួតៗប៉ើងទៅតាមគ្មានប្រណី។
«មល! បិទបង្អូចទៅ ខ្យល់ខ្លាំងណាស់»
អាម៉េងមិត្តរួមថ្នាក់ស្រីនៅខាងស្តាំដៃខ្ញុំប្រាប់ឱ្យខ្ញុំបិទបង្អួចព្រោះនៅព្រោះខ្យល់ខ្លាំងណាស់ ពិសេសពួកយើងកំពុងរៀននៅជាន់ទី៣ បើអត់បិទទេអាចប៉ើងសៀវភៅទៅហើយ ទើបខ្ញុំឈោងដៃរុញបង្អួចកញ្ចក់បិទ។ មួយសន្ទុះក្រោយមកបន្ទាប់ពីព្រះពាយបញ្ចេញឬទ្ធានុភាពហើយ ព្រះភិរុណចាប់ផ្តើមបង្អុរខ្ជោកៗហាក់ដូចមានកំហឹងមកតាំងពីពេលណាអ៊ីចឹង។
ខាងក្រៅមេឃភ្លៀងខ្លាំងណាស់ សំឡេងលោកគ្រូក៏មិនអាចប្រជែងសំឡេងភ្លៀងធ្លាក់បានទេដូច្នេះគាត់ផ្អាកការបង្រៀនសិន។ ខ្ញុំអត់ចូលចិត្តពេលមេឃភ្លៀងទេ ព្រោះឱ្យតែធ្លាក់ភ្លៀងខួរក្បាលខ្ញុំនឹកឃើញតែរឿងមិនល្អ ពិសេសគឺថ្ងៃដែលប៉ាចាកចេញទៅចោលម្តាយកូនយើងពីរនាក់។
ខ្ញុំមើលដំណក់ទឹកដែលស្រក់តាមបង្អួច អាកាសធាតុត្រជាក់បែបនេះវាត្រូវនិងខ្ញុំណាស់ ត្រូវនិងភាពរងាក្នុងបេះដូងរបស់ខ្ញុំ វាធ្វើឱ្យខ្ញុំរឹតតែទទួលអារម្មណ៍ថារងាថែមមួយកម្រិតទៀត។ តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងទទួលរងអារម្មណ៍ដូចខ្ញុំ ឬមួយមានតែខ្ញុំទេដឹង?
ក្នុងចិត្តខ្ញុំចោទជាសំណួរដដែលជាដដែលគ្រប់ពេលគ្រប់វេលាតាំងពីថ្ងៃដែលប៉ាសម្រេចចិត្តទៅ ទៅដោយគ្មានស្រណោះកូនស្រីគាត់ ចំណែកភាពកកក់ក្តៅដែលខ្ញុំធ្លាប់មាននោះក៏បានបាត់បង់មួយរំពេច។
…ពេលល្ងាច…
ការពិតទៅឆ្នាំនេះជាឆ្នាំបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំហើយ តែខ្ញុំនៅតែឆ្លៀតធ្វើការក្រៅម៉ោងនៅហាងកាហ្វេព្រោះចំណូលរបស់ម៉ាក់ម្នាក់ឯងមិនអាចទប់ទល់ការចំណាយប្រចាំខែរួមទាំងថ្លៃបង់សាលាផងនោះទេ។
ខ្ញុំចេញពីធ្វើការម៉ោង៦ល្ងាច បន្ទាប់មកត្រូវទៅរៀនបន្ថែមនៅពេលយប់ទៀត សម័យនេះមិនចេះភាសាហាក់ដូចជាអក្ខរជនអ៊ីចឹង ខ្ញុំមិនចង់ត្រូវគេច្រានចេញពីជម្រើសដោយគ្រាន់តែក្រឡេកមើលពាក្យស្នើរសុំការងារនោះទេ។
ខ្ញុំសម្លឹងមើលមេឃខាងក្រៅ ហ៊ឹម!ព្រឹកមិញធ្លាក់ភ្លៀងមួយមេធំ ឯល្ងាចនេះមេឃមិនស្រឡះសោះ មើលចុះ! ខាងក្រៅមានខ្យល់បក់មិនឈប់ ពពកខ្មៅបង្ហាញថាវារកចង់ស្រក់ទឹកមកទៀតហើយ ហ៊ើយ! ថ្ងៃនេះទៅរៀនទាន់ដែរទេមើលទៅ?
«បងលិ! ខ្ញុំទៅមុនហើយ»
«អាក្បាលខូច! ទុកឱ្យបងបិទគូថរាល់ថ្ងៃ»
«ហិហិ! សុំទោសផងបង ខ្ញុំខ្លាចទៅរៀនមិនទាន់»
ខ្ញុំធ្វើជាសើចតិចៗទាំងដែលទម្លាប់របស់ខ្ញុំគឺជាមនុស្សគល់ឈើ មិនសូវជាបានសម្តីនោះទេ។
«បងថាលេងទេ ទៅចុះក្រែងយឺតពេល ថ្មើរនេះស្ទះផ្លូវផង»
ខ្ញុំញញឹមបន្តិចទើបអូសបង្វិចចេញមករកម៉ូតូកូនទាចតទុកខាងក្រៅហាង។ ក្រឺង!!ក្រឺង!! សំឡេងចង្រ្កងលាន់ទង្គិចគ្នា ដៃខ្ញុំដែលរៀបនិងចាក់សោរម៉ូតូអូសចេញត្រូវបញ្ឃប់ង៉ក់។ ខ្ញុំផ្ទៀងត្រចៀកស្តាប់ សំឡេងចង្ក្រងនោះលាន់រំខានត្រចៀករហូត ប្រហែលជានៅម្តុំគុម្ពដើមផ្កាកៀនជញ្ជាំងហាងនោះហើយ។ ខ្ញុំដើរតាមសំឡេងទៅក្បែគុម្ពផ្កាទាបៗ សំឡេងនោះមានម្ចាស់មែន! ខ្ញុំបានចួបកូនឆ្កែសម្បុរប្រផេះមួយក្បាល ករបស់វាមានចងខ្សែកូនចង្ក្រងតូចៗពីរកំពុងទង្គិចគ្នាទៅមកលាន់សូរ ក្រឺងៗ ។
«អាល្អិត! នៅធ្វើអីត្រង់នេះ មេឃភ្លៀងឥឡូវហើយ ម្ចាស់ឯងទៅណា?»
កូនឆ្កែមើលខ្ញុំភ្លឹសៗ ភ្នែកវាកម្សត់ណាស់ដូចត្រូវគេបោះបង់ចោល ខ្លួនវាសើមតិចៗហើយប្រឡាក់ភក់ផង តែមើលឱ្យមែនទែនទៅវាដូចជាមានរបួសជើងហើយ នៅឈាមនៅឡើយទេ។
«ឯងបាក់ជើងមែនទេ? »
ខ្ញុំលើកវាឡើងឃើញថាជើងក្រោយរបស់វាមានរបួសពិតមែន មើលទៅវាអនាថានៅទីនេះយូរម៉ោងហើយ ទុកចោលទៅវាគួរឱ្យអាណិត។
«នែ! មើលទៅយើងមិនអាចចាំម្ចាស់ឯងមករកទេ បាក់ជើងបែបនេះទៅជាមួយយើងទៅ ល្អទេ?»
ខ្ញុំលើកកូនឆ្កែដាក់លើម៉ូតូមុនពេលមេឃធ្លាក់ភ្លៀងមកម្តងទៀត។ មើលទៅបើយកវាទៅផ្ទះទាំងបាក់ជើងបែបនេះខ្ញុំក៏មិនដឹងដាក់ថ្នាំយ៉ាងម៉េចដែរ ប្រហែលជាម៉ាក់បន្ទោសថាយកសត្វមានជំងឺចូលផ្ទះទៀត។ អេ! ខ្ញុំប្រហែលជាមានដំណោះស្រាយល្អសម្រាប់វា។
ខ្ញុំបត់ម៉ូតូចូលកៀនត្រង់គ្លីនិកសត្វចិញ្ចឹមមួយ។ កន្លែងមិនធំទេ ប្រហែលជាខ្ញុំត្រូវយកអាកូនល្អិតនេះឱ្យពេទ្យជួយមើលហើយ។ ខ្ញុំមិនដែលចូលកន្លែងអ៊ីចឹងទេ ព្រោះសូម្បីតែពេទ្យមនុស្សក៏ខ្ញុំមិនដែលចូលម្នាក់ឯងដែរ តែពេលនេះព្រោះតែកូនឆ្កែមួយក្បាលដែលមិនដែលស្គាល់គ្នាផងដៃខ្ញុំស្រាប់តែបត់ចូលពេទ្យសត្វដោយស្វ័យប្រវត្តិ។
ខ្ញុំរុញទ្វាចូលខាងក្នុង វាមានសភាពស្ងាត់ជ្រងំ ឯណាទៅពេទ្យសត្វ? មិនឃើញអ៊ីចឹង?
«ហាងបិទទ្វាហើយ មិនទទួលពិនិត្យទេ!»
ខ្ញុំរវល់តែឡិងឡង់រកមើលមនុស្សស្រាប់តែបានទទួលសំឡេងចេញពីខាងក្រោយខ្នងវិញ ខ្ញុំបែរក្រោយភ្លែតតាមសំឡេងមនុស្សប្រុសម្នាក់នោះ។
«អ៎… កូនឆ្កែនេះប្រហែលបាក់ជើងហើយ ជួយមើលវាផងទៅ»
«តែដល់ម៉ោងចេញពីធ្វើការហើយ ខ្ញុំមិនទទួលពិនិត្យទេ»
«ហេតុអី? មិនជួយវា អ៊ីចឹងធ្វើពេទ្យធ្វើអី?»
អ្ហា! ខ្ញុំស្រាប់តែចេះសម្តីធ្ងន់ដាក់មនុស្សដទៃដោយមិនបានត្រៀមមុន ខ្ញុំចេះនិយាយខ្លាំងដាក់គេតាំងពីពេលណា?
គេមើលមុខខ្ញុំវិញ ខ្ញុំមិនដែលចិញ្ចឹមសត្វទេពីមុនមក ស្រាប់មកស្រឡាញ់កូនឆ្កែអានាថានេះ ប្រហែលមកពីខ្ញុំយល់ថាវាគួរឱ្យអាណិតហើយមើលទៅ។
ភ្នែកគេដៀងមើលមកកូនឆ្កែដែលខ្ញុំកំពុងបីហាក់ដូចជាកំពុងពិចារណាក្នុងចិត្ត។ ឈូ!!! មេឃធ្លាយទឹកភ្លៀងមកហើយ ខ្ញុំក្រលៀសភ្នែកមើលទៅខាងក្រៅ មើលទៅខ្ញុំទៅរៀនមិនទាន់ទេឬអាចថាមិនបានទៅផង ព្រោះព្រះភិរុណនេះបង្អុរខ្លាំងប្រាវៗ។
«ល្អ! ឱ្យវាមកនេះមក ខ្ញុំជួយមើលវាចុះ»
ខ្ញុំហុចអាល្អិតឱ្យគេ គេទទួលកូនឆ្កែពីដៃខ្ញុំហើយទៅដាក់លើកន្លែងពិនិត្យ ខ្ញុំចូលទៅតាមដែរ។
«ឈឺយូរហើយមែនទេ?»
«ខ្ញុំមិនដឹងទេ ខ្ញុំមិនមែនម្ចាស់វាទេ»
«កូនឆ្កែនេះបាក់ជើងហើយ ព្យាបាលឱ្យជាប្រហែលជាត្រូវទុកនៅទីនេះពីរបីថ្ងៃសិន ត្រូវតាមដានឱ្យបានដិតដល់»
«???»
ខ្ញុំមើលមុខគេ ខ្ញុំមិនមែនម្ចាស់តែក៏បានយកវាមកទៅហើយ ពេលនេះខ្ញុំជាអាណាព្យាបាលរបស់វាហើយ មើលទៅខ្ញុំកំពុងបន្ថែមការចំណាយមួយមុខទៀតហើយ ម៉ាក់ច្បាស់ជាបន្ទោសមិនខានទេ។ ណ្ហើយចុះ! បានជានិស្ស័យឱ្យឯងមកចួបខ្ញុំហើយ អ៊ីចឹងខ្ញុំសុខចិត្តលះបង់របស់ឆ្ងាញ់ប៉ុន្មានពេលដើម្បីឱ្យឯងបានជាសះស្បើយទៅចុះ។
«យ៉ាងម៉េចហ្នឹង? ឬមួយចង់យកវាទៅវិញ?»
«មិនមែនទេ ផ្ញើវាផងអ៊ីចឹង!»
ខ្ញុំសម្លឹងមើលទៅខាងក្រៅ មើលទៅមេឃដែលគ្មានសញ្ញាថារាំង ខ្ញុំធ្វើស្អុយនិងចរិតមេឃនេះ ធុញវាមែនហើយ មិនបានទៅរៀនក៏ទៅផ្ទះមិនកើត អាណិតតែអាកូនទាខ្ញុំទេ បើទៅទាំងភ្លៀងបែបនេះច្បាស់ជាឈ្លក់ទឹកចូលរលត់ឈិបមិនខានទេ ហ៊ើយ ធុញ!
«ត្រូវទៅរៀនមែន?
«……» ហើយដឹងយ៉ាងម៉េចថាខ្ញុំទៅរៀន?
«ការពិតខ្ញុំធ្លាប់ឃើញនៅម្តុំសាលបញ្ញាសាស្ត្រ ប្រហែលរៀនយប់ហើយ»
«ចា៎ តែភ្លៀងធ្លាក់បែបនេះមានតែផ្លូវទៅផ្ទះវិញទេ»
មួយសន្ទុះក្រោយគេលើកកូនឆ្កែនោះដាក់ចូលទ្រុងតូចមួយឱ្យវាដេក ពេទ្យសត្វយកចិត្តទុកដាក់និងសត្វមែន។
«អូខេ! រួចហើយ ខ្ញុំរុំរបួសវារួចហើយ ប៉ុន្មានថ្ងៃទៀតវាអាចដើរបានហើយណា អ៎… វាឈ្មោះអី?»
ខ្ញុំធ្វើមុខឡេឡឺម្តងទៀត ប្រាប់ហើយថាមិនមែនម្ចាស់ទេ នៅសួរឈ្មោះទៀត!
«អូ!ភ្លេចថាមិនមែនម្ចាស់ តែគួរតែរកឈ្មោះមួយឱ្យវាទៅ?»
គំនិតល្អដែរ តែខ្ញុំមិនដឹងដាក់ឈ្មោះអីទេ រកនឹកមិនឃើញ។ គេមើលមុខខ្ញុំ ខ្ញុំមើលមុខគេ មើលចុះមើលឡើងខ្ញុំស្រាប់តែនឹកបានឈ្មោះមួយ។
«ហៅវាថក៍ចុះ! »
«ថក៍! ពិរោះតើ អ៊ីចឹងអាល្អិតឯងឈ្មោះថា… ថក៍! អូខេ…»
និយាយបណ្តើរគេសរសេរលើក្រដាសរឹងហើយសៀតវានិងទ្រុងដាក់ថក៍ មិត្តថ្មីរបស់ខ្ញុំ។ ខ្ញុំសម្លឹងមើលវាដែលសំងំដេកនៅក្នុងទ្រុងតែម្នាក់ឯង មើលទៅវាឯកោដល់ហើយ តែមិនអីទេថ្ងៃក្រោយឯងនិងបានជាគ្នានិងយើងមិនខានទេ។
ភ្លៀងនៅតែបន្តធ្លាក់ ខ្ញុំមិនអាចប្រថុយជិះកូនទារបស់ខ្ញុំឱ្យវាហែលទឹកទីក្រុងបានទេ វរតែមិនខ្ញុំជិះវាទៅជាវាជិះខ្ញុំ ស្លាប់មិនខានទេ។
«ភ្លៀងខ្លាំងណាស់ មើលទៅមិនដឹងថ្មើរណារាំងទេ…(គេអើតមើលម៉ូតូខ្ញុំ) …ម៉ូតូនាងប្រហែលជាលិចបំពង់ស៊ីម៉ាំងផង»
ខ្ញុំមើលមុខគេព្រោះមិនដឹងធ្វើម៉េច។
«អ៊ីចេះចុះ ទុកម៉ូតូនៅនេះសិនហើយ ចាំស្អែកមកយកទៅ ផ្ទះនៅដល់ណាចាំខ្ញុំជូនទៅ»
ពេទ្យសង្រ្គោះសត្វចិញ្ចឹម សង្គ្រោះជីវិតខ្ញុំផង!
«អ៊ឺម! ផ្ទះខ្ញុំនៅម្តុំបុរីល.ក»
«ការពិតនៅជិតគ្នាសោះ ផ្លូវជាមួយគ្នាទេ ទៅជាមួយខ្ញុំទៅ»
អត់មានជម្រើសទេ យប់ហើយមេឃភ្លៀងទៀតពិបាករកPass appដែរ ខ្ញុំសម្រេចថាទៅជាមួយគេតែម្តង សង្ឃឹមថាម៉ាក់មិនជេរខ្ញុំទេ។
តាមផ្លូវទៅផ្ទះខ្ញុំគិតតែពីបន់កុំឱ្យដល់ផ្ទះត្រូវម៉ាក់រករឿង។ នៅក្នុងឡានជាមនុស្សមិនដែលស្គាល់គ្នាម្នាក់ខ្ញុំមិនមាត់មិនករ សូម្បីដកដង្ហើមក៏ខ្លាចគេឮដែរ យូរៗម្តងខ្ញុំលួចមើលគេ មើលទៅភាពសង្ហានៃរូបរាងរបស់គេ មើលទៅទឹកមុខដែលពិបាកស្មានអារម្មណ៍របស់គេ មិនដឹងថាកំពុងតែតានតឹងឬរីករាយទេ។
«ទៅតាមណាទៀតទៅ?»
គេស្រាប់តែសួរផ្លូវខ្ញុំធ្វើឱ្យភ្ញាក់ព្រើតពីពេលដែលកំពុងតែផ្ចង់អារម្មណ៍មើលគេ។
«បត់ឆ្វេងរួចទៅត្រង់ទៅដល់ហើយ»
«អូខេ!»
គេពោលមួយម៉ាត់រួចបត់ចង្កូតឡានតាមសម្តីខ្ញុំប្រាប់ ទីបំផុតខ្ញុំបានមកដល់ផ្ទះទាំងភ្លៀងនៅរលឹមប៉ប្រុយ។ ឡានគេចតសន្សឹមៗអែបចិញ្ចើមផ្លូវ មុននឹងឈប់ង៉ក់តែមិនពន្លត់ម៉ាស៊ីនទេ។
«ខ្ញុំអរគុណហើយ»
«មិនអីទេ ស្អែកទៅគ្លីនិកយកម៉ូតូបាន»
ខ្ញុំញញឹមតបរួចដោះខ្សែក្រវ៉ាត់និងបើកទ្វាចុះ។ ឡានគេបើកចេញយឺតៗ ខ្ញុំក៏បែខ្លួនមករុញទ្វាចូលផ្ទះ។ ម៉ាក់របស់ខ្ញុំមកដល់ផ្ទះស្រេចតាមទម្លាប់ គាត់កំពុងធ្វើម្ហូបនៅឡើយ ដៃគាត់ចាប់អានេះដាក់អានោះលឿនមើលមិនទាន់ ។
«អាម៉េចបានមកផ្ទះលឿនម្ល៉េះ? ឯណាម៉ូតូឯងម៉េចបានមិនឮសំឡេងជិះមក? ហើយមិញនេះដូចឮសំឡេងឡាន! ឡានអ្នកណាគេ?»
គាត់សួរខ្ញុំទាំងមិនបានងាកមើលខ្ញុំនោះទេព្រោះរវល់តែឆាឆុលពេញខ្ទះឯណេះ ឯខ្ញុំកំពុងរកលេសប្រាប់គាត់ព្រោះម៉ាក់មិនចូលចិត្តឱ្យខ្ញុំទាក់ទងប្រុសប្លែកមុខទេ ស្រួលមិនស្រួលចោទថាសង្សារទៀត ទាំងដែលឯងមិនដែលស្គាល់ជាតិសង្សារអីម្តងផង។
«មេឃភ្លៀងខ្លាំងពេក មិត្តភក្តិជូនមក ម៉ូតូខ្ញុំផ្ញើផ្ទះមិត្តភក្តិបាត់ហើយចាំស្អែកចាំទៅយកវិញ»
«ស្រីឬប្រុស?»
ឃើញអត់? ម៉ាក់ខ្ញុំគឺអ៊ីចឹងហើយ មិនមែនផ្តេសផ្តាសបានទេ ។
«ស្រីទេម៉ាក់! ខ្ញុំប្តូរខោអាវសិន»
គាត់មិនឮមាត់តបទើបខ្ញុំឡើងទៅបន្ទប់ផ្លាស់ខោអាវវិញ។ ផ្ទះមួយនេះយើងនៅតែពីរនាក់ទេ ប៉ាបានទៅចោលពួកយើងយូរហើយ តាំងតែពីម៉ាក់ខ្ញុំនៅក្មេងស្អាតក៏មានគេចែចង់ដែរតែគាត់មិនយក គាត់ថាសុខចិត្តនៅតែពីរនាក់កូនវិញ មិនចង់បំបង់ចិត្តដំបៅទ្រូងឱ្យប្រុសណាទេ ម្យ៉ាងខ្លាចគេចិត្តមិនបាននិងកូនស្រីគាត់ ទោះលំបាករកស៊ីម្នាក់ឯងក៏ដោយ។
…គ្លីនិកសត្វ…
ខ្ញុំមិនសូវមានពេលទំនេរប៉ុន្មានទេ ពេលព្រឹកទៅរៀន រសៀលត្រូវធ្វើការក្រៅម៉ោង ពេលល្ងាចក៏ទៅរៀនបន្ថែម តែខ្ញុំអាចឆ្លៀតពេលបន្តិចទៅសួរសុខទុកមិត្តថ្មីដែលដេកឈឺនៅពេទ្យពេលចេញពីធ្វើការព្រោះផ្លូវស្របគ្នា។ វាចូលពេទ្យពីរថ្ងៃហើយ ខ្ញុំនិងវាទើបតែស្គាល់គ្នាសោះស្រាប់តែចូលមក ទារលុយហោប៉ៅខ្ញុំតែម្តង ហ៊ឹម..ចំមែនហើយនៅមិននៅយកវាមកដណ្តើមចានបាយឯងទទេរ។
ថ្ងៃនេះខ្ញុំមកទទួលវាទៅផ្ទះហើយ ចាំមើលណាដល់ផ្ទះមិនដឹងជាត្រូវមាត់ម៉ាក់យ៉ាងម៉េចទេ គាត់មិនសូវចូលចិត្តសត្វផង ហើយសុខៗយកឆ្កែចូលផ្ទះ។
ថ្ងៃនេះថ្ងៃសៅរ៍ ខ្ញុំអត់រៀនល្ងាចទេដូច្នេះមានពេលអាចឈៀងចូលទទួលថក៍។ ខ្ញុំចេញពីធ្វើការ បត់ម៉ូតូកូនទាចូលគ្លីនិក ទម្រាំខ្ញុំមកដល់អ្នកនៅទីនេះគេចេញទៅផ្ទះស្ទើរអស់មនុស្សទៅហើយ។ ខ្ញុំរុញទ្វាកញ្ចក់ចូល ខ្សែភ្នែកសម្លឹងសភាពខាងក្នុងដែលស្ងប់ស្ងាត់ទើបឈានចូលទៅរកទ្រុងដាក់ថក៍។
«មកទទួលថក៍មែនទេ?»ពេទ្យធិគន្ធសួរខ្ញុំ
«ចាស៎ វាយ៉ាងម៉េចហើយ?»
«សះស្បើយហើយ ថក៍ស្លូតបូតហើយស្តាប់បង្គាប់ល្អណាស់ វាជាឆ្កែដែលគួរឱ្យស្រឡាញ់»
គាត់បើកទ្រុងយកវាចេញមកលើកឱ្យខ្ញុំឱបវា មើលមុខវាចុះ គួរឱ្យចូលចិត្តណាស់។ ខ្ញុំអង្អែលក្បាលវាថ្មមៗ ខ្ញុំមានអារម្មណ៍ថាវាពេញចិត្តដែលពួកយើងនៅជាមួយគ្នា។
«បងធិគន្ធខ្ញុំទៅមុនហើយ…»
«បាទ!»
បុគ្គលិកគ្លីនិកចុងក្រោយចេញទៅទៀតនៅសល់តែខ្ញុំនិងពេទ្យធិគន្ធ។ ខ្ញុំដាក់ថក៍ទៅម្ខាងរួចលាកាបូបលុយបង់ថ្លៃព្យាបាល។ គាត់ទទួលប្រាក់ហើយអាប់ឱ្យខ្ញុំវិញ ហេតុអីក៏អស់តិចម្ល៉េះ?
«ម៉េចក៏អស់តិចម្ល៉េះ?»
គាត់ញញឹមស្ញាញដាក់ខ្ញុំ ខុសពីខ្ញុំដែលកំពុងជ្រួញចិញ្ចើមឆ្ងល់ ឆ្កែខ្ញុំដេកពេទ្យបីថ្ងៃហើយ គិតលុយច្រឡំទេដឹង?
«ខ្ញុំគិតតែពាក់កណ្តាលទេ ម្ចាស់វាត្រូវរៀនផងធ្វើការផង ខ្ញុំមិនអាចគ្មានមនុស្សធម៌យ៉ាងនេះទេ ត្រូវទេ?»
«…….» ខ្ញុំស្ងាត់ តែខ្ញុំកំពុងមើលគាត់ សម្តីគាត់ដូចជាចង់លើសយ៉ាងម៉េចមិនដឹងទេ។
«យ៉ាងម៉េចហ្នឹង? ហេតុអីបានជាមើលមុខខ្ញុំបែបនេះ?»
«អត់ទេ… បើអ៊ីចឹងអរគុណច្រើនហើយ សល់លុយទុកទិញរបស់ប៉ូវអាច្រម៉ក់គ្នាទើបតែជាពីជំងឺ ហិ!ហិ…»
ខ្ញុំសើចហេះៗ គាត់សើចដូចគ្នា យ៉ាងណាក៏ចំណេញលុយខ្លះដែរ។ ខ្ញុំបានមិត្តថ្មីហើយបានចួបមនុស្សល្អទៀត។
ខ្ញុំនាំថក៍មកផ្ទះ ដំបូងម៉ាក់មិនពេញចិត្តប៉ុន្មានទេគិតតែដេញខ្ញុំឱ្យយកវាទៅបោះចោល តែខ្ញុំមិនព្រមចេះតែទុកហើយឱ្យបាយឱ្យទឹកវា។ វាឆ្លាតបង្រៀនឆាប់ចេះ ពេលខ្ញុំខ្ជិលងើបទៅយករបស់អីមួយអាចប្រើវាបាន ដូច្នេះហើយទើបម៉ាក់ឈប់ចង់បោះវាចោល។ វានៅចាំទទួលខ្ញុំរាល់ថ្ងៃ ថ្ងៃខ្លះខ្ញុំហត់ពេកវាចេះមកលួងលោមប្រឡែងនឹងយើងដូចមនុស្សគ្នាឯងអ៊ីចឹង សម្រាប់ខ្ញុំវាជាសមាជិគគ្រួសារមួយរូបដែរ។
វត្តមានរបស់ថក៍ធ្វើឱ្យខ្ញុំមានអារម្មណ៍រីករាយច្រើនណាស់ ហើយក៏តែងមានរឿងល្អៗកើតដែរ។ មួយរយៈពេលដែលថក៍ទើបតែមកនៅជាមួយពួកយើង វាបានធ្វើរឿងល្អមែនទែន គ្រាមួយនោះខ្ញុំកំពុងឈរទិញភេសជ្ជៈពេលល្ងាចជាមួយវា មានមនុស្សស្ទើរតែលូកទូរសព្ទពីហោប៉ៅក្រោយខោខ្ញុំ សំណាងដែលវាព្រុះខ្លាំងៗទើបខ្ញុំចាប់អារម្មណ៍ហើយគេនោះគេចខ្លួនចេញទៅម្ខាងទៅ។ ពួកយើងមាននិស្ស័យនិងគ្នាមែន ថក៍ធ្វើឱ្យខ្ញុំយល់ថាការចិញ្ចឹមសត្វគឺជាសិល្បៈមួយដែលនាំឱ្យយើងមានអារម្មណ៍ថាកក់ក្តៅដោយក្តីស្រឡាញ់។
សន្សើមបេះដូង…
ផ្ទះខ្ញុំឥឡូវហាក់ដូចជារស់រវើកជាងពីមុន ពិសេសគឺខ្ញុំតែម្តង ខ្ញុំតែងតែឱ្យចំណីថក៍មុនពេលទៅរៀនព្រឹកឡើង ហោប៉ៅខ្ញុំរាងសំប៉ែតជាមុនដោយសារតែវា តែខ្ញុំសប្បាយចិត្ត។
ព្រឹកថ្ងៃសៅរ៍អាទិត្យខ្ញុំនិងថក៍តែងបណ្តើរគ្នាមកដកដង្ហើមលេងនៅសួនច្បារក្បែរផ្ទះ ព្រោះដូចដឹងស្រាប់ថាខ្ញុំរវល់រាល់ថ្ងៃដល់យប់ៗ។
ការពិតហាងកាហ្វេដែលខ្ញុំធ្វើការគេធ្វើការមួយសប្តាហ៍ពេញ តែខ្ញុំធ្វើតែប្រាំថ្ងៃទេ ចុងសប្តាហ៍មានអ្នកធ្វើវេននេះផ្សេង បើខ្ញុំធ្វើពេញមួយអាទិត្យច្បាស់ជារកពេលមករំលែកការសិក្សាដែលកំពុងដុនដាបរបស់ខ្ញុំមិនបានទេ។
ខ្ញុំស្លៀកខោកីឡាជាមួយអាវយឺតពណ៌ស ដៃកាន់ខ្សែប្រឡៅករបស់ថក៍ដើរតាមចិញ្ចើមផ្លូវរហូតដល់សួនច្បារទាំងព្រឹកព្រលឹម នោះ! នៅមានមនុស្សកំពុងហាត់ប្រាណនៅឡើយទេ។ ថក៍និងខ្ញុំរាប់ស្មៅអស់មិនដឹងជាប៉ុន្មានទងហើយទេទើបមកដល់ទីនេះ។
«យើងនាំឯងចេញមកក្រៅបានតែមួយភ្លែតទេឮទេ? បន្តិចទៀតយើងត្រូវទៅជួយលក់អីវ៉ាន់ម៉ាក់យើងហើយ ឯងចង់ទៅដែរទេ? តែថា… ឯងនៅចាំផ្ទះល្អជាង នៅមើលផ្ទះសម្បែងពេលដែលយើងមិននៅ»
ខ្ញុំនិយាយប្រាប់វាធ្វើដូចវាហ្នឹងចេះស្តាប់ខ្លាំងណាស់អ៊ីចឹង តែមើលទៅមុខវាហាក់ដូចកំពុងប្រាប់ថាវាមិនប្រកែកអ្វីទេ។
ម៉ោង៨ព្រឹកទើបខ្ញុំទៅផ្សារជួយម៉ាក់លក់អីវ៉ាន់ ព្រោះទម្លាប់អ្នកដើរផ្សារគេមិនមែនបើកភ្នែកព្រលឹមឡើងទៅផ្សារភ្លាមទេ ដូច្នេះខ្ញុំតែងតែទៅរៀងថ្ងៃបន្តិច។
«ម៉ាក់!»
«មកហើយហ៎! ស្មានតែឯងដឹកអាច្រម៉ក់នោះមកដែរតើបានជាយូរបែបនេះ»
«អត់ទេ ខ្ញុំទុកវានៅផ្ទះតើស!»
«នៅចាំតូបម៉ាភ្លែត! ទៅរកអីទ្រាប់ពោះបន្តិច»
«ផ្ញើផងម៉ាក់!»
«ហើយមកពីផ្ទះម៉េចមិនញ៉ាំឱ្យហើយហា?»
ខ្ញុំស្ញេញ ព្រោះខ្ញុំចូលចិត្តឱ្យម៉ាក់ចេញលុយ ហាសហា! ហើយគាត់ក៏ដើរខ្ញើចៗទៅតូបលក់គុយទាយ បបរបាត់។
ដល់ម៉ោងគេចេញហ្សបភីងហើយ! បំពង់ករបស់ខ្ញុំចាប់ផ្តើមដល់ពេលធ្វើការដែរ។ ខ្ញុំស្រែកហៅភ្ញៀវដែលដើរកាត់តូបលក់ខោអាវជាហូរហែរនៅក្នុងផ្សាររួមមានតូបរបស់ម៉ាក់ខ្ញុំដែរ។
«បង! ត្រូវការរកមើលអីដែរ? ខោម៉ូតថ្មី អាវម៉ូតស្អាតៗ តម្លៃសមរម្យ … ស្រឡាញ់ចូលមើលសិនទៅបង…»
អ្នកលក់ទាំងខ្ញុំទាំងគេស្រែកប្រណាំងគ្នាទ្រហ៊ឹងពេញផ្សារ ខ្ញុំស្រែកយូរៗរោយមាត់ ស្អកក សម្រាកក្រេបទឹកអំពៅមួយឆ្អែតសិន ទើបស្រែកហៅទៀត។ ខ្ញុំបានតែជួយស្រែកទេ ចំណែករឿងអ្នកទិញតថ្លៃអីគឺស្រេចលើម៉ាក់ខ្ញុំ ព្រោះខ្ញុំមិនជំនាញតវ៉ាឡើងចុះតម្លៃនោះទេ ខ្ញុំមិនពូកែនិយាយបញ្ចុះបញ្ចូលអ្នកទិញដូចម៉ាក់ទេ។
ខ្ញុំឆ្លៀតធ្វើកិច្ចការសាលាពេលដែលស្ងាត់អ្នកទិញ ហើយម៉ាក់ខ្ញុំតែងតែឧបត្ថម្ភភេសជ្ជៈនិងចំណីឆ្ងាញ់ៗជានិច្ច ខ្លាចខ្ញុំគ្មានកម្លាំងប្រយុទ្ធនិងភាពមមាញឹករាល់ថ្ងៃនេះ។ គាត់មិនចង់ឱ្យខ្ញុំមកប៉ុន្មានទេ ព្រោះដឹងថាខ្ញុំត្រូវរវល់ធ្វើកិច្ចការសាលា ណាមួយឆ្នាំនេះខ្ញុំត្រូវរៀនបញ្ចប់ផង។
រាល់ថ្ងៃខ្ញុំរវល់ ខ្ញុំហត់! ខ្ញុំចេះរអ៊ូដាក់ម៉ាក់ តែម៉ាក់ខ្ញុំវិញគាត់មិនដែលត្អូញទេ។ ម៉ាក់ហត់! ហត់តាំងពីមានខ្ញុំក្នុងជីវិតគាត់ ពេលមានខ្ញុំម៉ាក់ត្រូវចំណាយសព្វបែបយ៉ាងដើម្បីខ្ញុំបានលូតលាស់ធំឆ្អឹង ត្រូវអត់ងងុយរាល់រប់ដេកមិនពេញភ្នែក ដល់ពេលប៉ាទៅបាត់ទៀត ម៉ាក់ត្រូវរកស៊ីម្នាក់ឯងដើម្បីគ្រួសារតូចពីរនាក់យើងនេះ។
ទោះខ្ញុំមានតែម៉ាក់ម្នាក់ តែខ្ញុំកក់ក្តៅនិងភាពមហិមារបស់គាត់។ រាល់ពេលខ្ញុំតែងលួចសម្លឹងមើលគាត់ដោយស្ងាត់ៗ ហើយតែងសុំទោសគាត់នៅក្នុងចិត្តព្រោះខ្ញុំនៅមិនទាន់អាចផ្តល់ជីវិតសុខស្រួលមួយដល់នារីម្នាក់ដែលលះបង់ខ្លួនដើម្បីខ្ញុំ។
…នៅសួន…
ថ្ងៃអាទិត្យដ៏ស្រស់ស្រាយរបស់ខ្ញុំ ខ្ញុំភ្ញាក់ពីព្រលឹមដឹកថក៍មកដើរហាត់ប្រាណនៅតាមសួនច្បារ មានមនុស្សម្នាច្រើណាស់ ខ្ញុំចង់ឱ្យម៉ាក់មកដែរតែគាត់ថាខ្ជិល។ ខ្ញុំអង្គុយលើបង់សម្លឹងមើលទៅថក៍ មើលចុះ! ពេលបានចេញមកលេងក្រៅផ្ទះបែបនេះវាសប្បាយចិត្តវាដល់ហើយ ហ៊ើយ! សុំទោសផងឯង យើងបានយកឯងចេញលេងខាងក្រៅតែពេលចុងសប្តាហ៍ហើយបានតែមួយភ្លែតៗទៀត។
ខ្ញុំលើកទឹកផឹកក្អឹក! ស្រាប់តែថក៍រត់រ៉េវរកហៅមិនទាន់ មិនដឹងជាវារត់ទៅរកអី។ នៅចម្ងាយប្រហែលជិត១០ម៉ែត្រ ខ្ញុំអាចឃើញមនុស្សប្រុសម្នាក់ពាក់អាវកីឡាពណ៌ស ខោជើងវែងពណ៌ខ្មៅ ខ្ញុំដើរចូលទៅរកទាំងអាចសម្គាល់អត្តសញ្ញាណម្នាក់នោះបាន គាត់គឺពេទ្យធិគន្ធ។
«អ្ហា! ថក៍… ឯងចេញមកដើរលេងមែនទេ? មើលទៅខ្លួនឯងចុះថ្លោសជាមុនច្រើនណាស់ណ៎!»
វិចារណញ្ញាណរបស់ថក៍ពិតជាពូកែមែន តាំងពីយកមកពីគ្លីនិចវាមិនដែលបានចួបគាត់ទេ រំលងពេលយូរគួរសមវានៅតែចាំគាត់បាន មើលទៅវាទៅ! កន្ត្រោងរាក់ទាក់គាត់ហាក់ដូចនឹកនាគ្នាណាស់។
«លោកគ្រូពេទ្យ!»
ខ្ញុំហៅគាត់ដោយសំឡេងល្មមពេលដែលមកដល់ក្បែរពួកគាត់ទាំងពីរ ពេទ្យងើបមុខមើលខ្ញុំវិញ គាត់ញញឹមពព្រាយ។
«ហៅខ្ញុំធិគន្ធបានហើយ អ៎! ថក៍មើលទៅសប្បាយចិត្តច្រើនណាស់ ខ្លួនដូចជាថ្លោសទៀតផងនៀក៎»
«ចា៎ ផ្ទះលោកនៅជិតនេះមែនទេ?»
ខ្ញុំប្តូរពី លោកគ្រូពេទ្យ មកត្រឹមលោក មិនហ៊ានហៅចំឈ្មោះទេព្រោះគេចាស់ជាងយើង។
«មិនជិតណាស់ទេ គ្រាន់តែនៅម្តុំៗនេះ»
«ទើបតែរើមកមែនទេ? ព្រោះពីមុនខ្ញុំមិនដែលបានចួប»
«ទើបរើមកមួយរយៈនេះទេព្រោះវាជិតនិងគ្លីនិកផង»
ខ្ញុំញញឹមស្រាលហើយអង្អែលថក៍លេងយ៉ាងស្និតស្នាល ពេទ្យសត្វបានចួបសត្វហាក់ដូចអ្នកផ្ទះតែមួយអ៊ីចឹង យល់ចិត្តគ្នាសម្បើមណាស់។ ខ្ញុំរវល់តែអារម្មណ៍ល្អបន្តិចនិងការរាក់ទាក់គ្នា ទូរសព្ទក្នុងហោប៉ៅខោស្រាប់តែរោទិ៍ក្រឺង!! លូកទូរសព្ទទទួលទាំងស្ញេញស្ញាញដាក់ពេទ្យធិគន្ធក្នុងសញ្ញាបញ្ជាក់ថារវល់ធុរៈ ។
«ចា៎ម៉ាក់? …ចា៎ៗ ចា!»
ខ្ញុំតបម៉ាក់តែប៉ុណ្ណឺងក៏បិទទូរសព្ទវិញរួចប្រញាប់សុំថក៍ពីពេទ្យ។
«ខ្ញុំត្រូវទៅវិញហើយ ត្រូវជូនម៉ាក់ទៅមន្ទីរពេទ្យ»
«មានរឿងអីមែនទេ?»
«ពូរបស់ខ្ញុំគ្រោះថ្នាក់ចរាចរណ៍ ឥឡូវនៅមន្ទីរពេទ្យ សុំលាសិនហើយតុះថក៍!»
«បាទ!»
ខ្ញុំប្រញាប់បណ្តើរថក៍យកមកផ្ទះវិញហើយរៀបចំខ្លួនជូនម៉ាក់ទៅពេទ្យរុស្សីយ៉ាងតក់ក្រហល់។
ម៉ាក់និងខ្ញុំបានមកដល់បន្ទប់អ្នកជំងឺទូទៅ សភាពរបស់ពូខ្ញុំមិនសូវធ្ងន់ធ្ងរណាស់ណាទេ ជើងគាត់រយះវែងដែរត្រូវបានពេទ្យដេរហើយរុំបង់ រួចរាល់ ចំណែកដៃនិងកន្លែងផ្សេងទៀតគ្រាន់តែរលាត់និងជាំទេ។ ពូគាត់ដឹកអីវ៉ាន់ព្រឹកឡើងតែសំណាងមិនល្អគាត់ជ្រួសគ្នាត្រង់ផ្លូវបត់ជាមួយម៉ូតូរ៉ឺម៉កទើបម្ខាងៗសុទ្ធតែរងរបួសស្រាល។ គាត់ជាប្អូនម៉ាក់ខ្ញុំបង្កើត ពួកគាត់មានបងប្អូនតែពីរនាក់ហ្នឹងទេ។ ម៉ាក់ខ្ញុំប៉ិនភ័យ អម្បាញ់មិញខលហៅខ្ញុំប្រាប់ខ្ញុំសឹងតែមិនច្បាស់ផង។ មើលទៅប្រហែលមួយថ្ងៃពីរសិនហើយ ព្រោះគាត់ប្រាប់ថានៅកំដរពូយប់នេះចំណែកប្រពន្ធគាត់វិញទៅលេងស្រុកមិនទាន់មកពីព្រះវិហារវិញផង ទម្រាំមកដល់ក៏ប្រហែលយប់ដែរ។
យប់នេះម៉ាក់នៅកំដរពូ ឯខ្ញុំត្រូវមកដេកផ្ទះ ខ្ញុំក៏ចង់នៅដែរតែម៉ាក់ថាមិនបាច់ទេ គាត់មិនចង់ចាក់សោរផ្ទះចោលគ្មានមនុស្សនៅទេដូច្នេះខ្ញុំក៏មកវិញ។
ព្រឹកស្អែកឡើងគឺថ្ងៃច័ន្ទតែចួនជាថ្ងៃបុណ្យទើបខ្ញុំមិនត្រូវទៅរៀនតែទៅធ្វើការដដែលនៅពេលរសៀល។ ខ្ញុំទៅរកម៉ាក់និងពូនៅមន្ទីរពេទ្យ ថ្ងៃប្រពន្ធគាត់បានមកដល់ហើយ ដូច្នេះម៉ាក់ត្រូវបានមកផ្ទះសម្រាកវិញដែរ។
«មល! កូនឯងទៅចាំម៉ាក់សិនទៅ ម៉ាក់រកចូលបន្ទប់ទឹកម៉ាភ្លែត»
«ចា៎!»
ខ្ញុំតបគាត់ហើយដើរមកអង្គុយចាំនៅកៅអីមួយជួរកៀនជញ្ជាំង។ យី! ម៉ាក់ចូលបន្ទប់ទឹកមួយភ្លែតអីក៏រាប់ម៉ោងយ៉ាងនេះ? ខ្ញុំឆ្ងល់ព្រោះចាំមួយសន្ទុះមិនឃើញគាត់ដើរមកវិញទើបសម្រេចចិត្តក្រោកទៅតាម។
ខ្ញុំបោះជំហានស្មើៗបត់តាមផ្លូវទៅបន្ទប់ទឹកដែលមិនមានអ្នកណាឆ្លងកាត់ទេ ស្រាប់តែ! ម៉ាក់!!! ខ្ញុំភ្លាត់សំឡេងស្រែកព្រោះឃើញម៉ាក់ដួលសន្លប់នៅក្បែរជញ្ជាំបន្ទប់ទឹក ខ្ញុំស្ទុះទៅត្រកងខ្លួនទន់ល្មើយរបស់គាត់ឡើងទាំងបេះដូងរបស់ខ្ញុំកំពុងរន្ធត់ពេញទ្រូង ទឹកភ្នែកហូរច្រោកៗមិនអាចទប់បាន តើមានរឿងអីកើតឡើងទៅ? តើម៉ាក់ខ្ញុំនឹងកើតយ៉ាងម៉េចៗទេ? ខ្ញុំភ័យ! ខ្ញុំស្លុតណាស់! ព្រោះរាប់ឆ្នាំមកហើយខ្ញុំមិនដែលឃើញម៉ាក់ក្នុងសភាពបែបនេះទេ។
ពេលនេះពេទ្យបានបញ្ជូនម៉ាក់ចូលបន្ទប់សង្គោះហើយ ខ្ញុំឈរអើតមើលតាមប្រឡោះដែលស្រអាប់នៃទ្វាបន្ទប់ ក្នុងទ្រូងខ្ញុំច្រាសច្រាលណាស់ ខ្ញុំស្ទើរតែថប់ដង្ហើមម្តងៗ។ ក្រាក! ពេទ្យចេញមកហើយ ខ្ញុំប្រញាប់ចូលទៅសួរគ្រូពេទ្យភ្លាមមួយរំពេចពីស្ថានភាពម៉ាក់ខ្ញុំ។
«លោកគ្រូពេទ្យ ម៉ាក់ខ្ញុំកើតអីធ្ងន់ធ្ងរទេ? គាត់យ៉ាងម៉េចហើយ»
«ក្រពះរបស់គាត់ដំបៅហើយ ត្រូវប្រញាប់ព្យាបាលឱ្យទាន់ពេលមិនអ៊ីចឹងទេវានឹងក្លាយទៅជាជំងឺមហារីកក្រពះ ពេលនេះគាត់ខ្វះជាតិស្ករដូច្នេះនាំឱ្យមិនមានកម្លាំងកម្ហែងគ្រប់គ្រាន់ទេ ត្រូវប៉ូវអាហារមានជីវជាតិបន្តិច»
លោកគ្រូពេទ្យនោះប្រាប់រួចក៏ចាកចេញទៅ ខ្ញុំស្តាប់ចប់ទន់ជង្គង់ស្ទើរតែដួលទៅលើឥដ្ឋ តែ… មានដៃមួយគូទ្រខ្លួនខ្ញុំទាន់មិនឱ្យដួល ខ្ញុំងើយមុខមើលទាំងរកកម្លាំងមិនចង់បាន នោះគឺគាត់…
«យ៉ាងម៉េចហើយ? អង្គុយចុះសិនមក»
ពេទ្យគន្ធ! គឺគាត់ទប់ខ្ញុំមិនឱ្យដួលហើយគ្រាខ្ញុំឱ្យអង្គុយចុះ។
«ត្រូវការផឹកទឹកសិនទេ?»
ខ្ញុំមិនតបតែទទួលបឺតទឹកពីដបដែលគាត់បើករួចស្រេចទាំងស្លឺៗ។ ខ្ញុំអស់កម្លាំងរលីងគ្រាន់តែឮពាក្យមហារីកក្រពះ មាត់លេបទឹកទាំងគ្មានដឹងរសជាតិអ្វី។
«កុំបារម្ភពេកអី ជំងឺរបស់គាត់មិនទាន់ដល់ដំណាក់កាលគ្រោះថ្នាក់នោះទេ យកចិត្តទុកដាក់ព្យាបាលច្បាស់ជាជាមិនខាន»
គាត់និយាយលួងលោមអារម្មណ៍ខ្ញុំ តែក្រៅតែពីបារម្ភពីម៉ាក់អ្វីដែលខ្ញុំកំពុងគិតពេលនេះគឺ…
«ម៉ាក់ឈឺបែបនេះគឺមកពីខ្ញុំ មកពីម៉ាក់ត្រូវរកស៊ីចិញ្ចឹមខ្ញុំរហូតអត់មានពេលគ្រប់គ្រាន់មើលថែខ្លួនឯង ខ្ញុំទៅរៀនសាលាពីរបី គាត់ត្រូវរកលុយបង់ថ្លៃសាលាទៀត ប៉ាចេញទៅតាំងពីខ្ញុំអាយុ១០ឆ្នាំទើបម៉ាក់ត្រូវលំបាកចិញ្ចឹមខ្ញុំ»
ខ្ញុំហូរទឹកភ្នែកម្តងទៀតទាំងឈឺខ្ទោកៗក្នុងបេះដូង មិនខ្វល់និងខ្មាសអ្នកណាដែលមើលខ្ញុំពេលនេះទេ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងអត់បានការណាស់ ម៉ាក់ប្រឹងប្រែងរហូតមកក៏ព្រោះតែខ្ញុំបានហូហចុក ស្លៀកពាក់ល្អ បានទៅសាលារៀនល្អៗនិងគេ ចិត្តខ្ញុំគិតតែពីបន្ទោសខ្លួនឯង។
«ហេតុអីបន្ទោសខ្លួនឯងបែបហ្នឹង? នាងប្រឹងប្រែងណាស់ទៅហើយ មើលចុះ! នាងខំរៀន ខំឆ្លៀតធ្វើការថែមទៀត ខ្ញុំជឿថាម៉ាក់នាងគាត់មិនដែលគិតបន្ទោសនាងដែរ»
ខ្ញុំមើលមុខគាត់ ហេតុអីសម្តីគាត់មានឥទ្ធិពលចាក់ដល់អារម្មណ៍ខ្ញុំខ្លាំងម្ល៉េះ? ខ្ញុំស្តាប់ហើយយល់ថាស្រាលមួយកម្រិត ត្រូវហើយ! ក្នុងពេលភ្លាមៗខ្ញុំភ្លេចឱ្យឈឹង គាត់បង្ហាញខ្លួនដូចទេវបុត្រមកសង្រ្គោះផ្លូវអារម្មណ៍របស់ខ្ញុំដូចក្នុងភាពយន្ត។
«មែនហើយ! ហេតុអីបានជាលោកនៅទីនេះ?»
ខ្ញុំលើកសំណួរទាំងទឹកភ្នែកនៅដក់ក្នុងកែវភ្នែកនៅឡើយទេ គាត់ទៅជាធ្លាយស្នាមញញឹមមួយប្រហែលជាហួសចិត្តខ្ញុំដែលយំៗនឹកឃើញសួរពីគាត់វិញហើយ មកពីខ្ញុំឆាប់រំជួលចិត្តពេក។
«ខ្ញុំមកសួរសុខទុក្ខមិត្តគេងពេទ្យហើយក៏គាប់ជួនគ្នា…»
គាត់បង្អូសមិនបញ្ចប់ប្រយោគតែខ្ញុំយល់ន័យខាងក្រោយហើយ។
«ខ្ញុំចូលមើលម៉ាក់សិន»
ខ្ញុំងើបចេញចូលបន្ទប់មើលម៉ាក់ គាត់នៅបិទភ្នែកគេងមិនទាន់ដឹងខ្លួននៅឡើយ។ ខ្ញុំគ្មានប៉ា គ្មានបងប្អូន មានតែម៉ាក់ម្នាក់នៅក្នុងផ្ទះហេតុនេះសង្ឃឹមថាគាត់និងមិនមានរឿងអីកើតឡើងធ្ងន់ធ្ងរទេ។ ខ្ញុំអង្គុយក្បែរគ្រែគាត់ហើយលូកចាប់ដៃដែលត្រជាក់ស្រេបមកក្តោបទាំងក្នុងចិត្តបន់ស្រន់ព្រះសូមឱ្យម៉ាក់សំណាងល្អនិងគ្មានរឿងអាក្រក់កើតឡើង។ ពេលនេះពេទ្យគន្ធនៅឈរក្បែរខ្ញុំដែរ។
ដៃម៉ាក់កម្រើកតិចៗដាស់អារម្មណ៍សោកសៅរបស់ខ្ញុំឱ្យភ្ញាក់ ភ្នែកគាត់ចាប់បើកឡើងវិញយឺតៗ ខ្ញុំត្រេកអរដែលម៉ាក់ដឹងខ្លួនវិញ ទោះបីជាស្ថានភាពគាត់មិនធ្ងន់ធ្ងរក៏ដោយតែចំពោះខ្ញុំវាដូចជាវាយប្រហារផ្លូវចិត្តមួយផ្នែកធំទៅហើយ។
«ម៉ាក់! ដឹងខ្លួនវិញហើយអ្ហី? ម៉ាក់ស្រេកទឹកទេ?»
គាត់ងក់ក្បាល ខ្ញុំស្រវ៉ាចាក់ទឹកភ្លាមរួចហុចបញ្ចុកគាត់។ គាត់ក្រេបទឹករួចរេភ្នែកទៅរកពេទ្យគន្ធក្នុងន័យប្រាប់ថាចង់ដឹង។
«ពេទ្យគន្ធគាត់មកសួរសុខទុក្ខមិត្តភក្តិ ចៃដន្យបានចួបគ្នា»
«ពេទ្យទេហ៎!»
«ពេទ្យ! តែជាពេទ្យសត្វបាទ!»
ពេទ្យគន្ធខំបញ្ជាក់ ម៉ាក់ដូចជាឡិងឡង់បែជាខ្ញុំមានមិត្តធ្វើពេទ្យសត្វអ៊ីចឹងទៅ តែគាត់មិនសួរអីបន្តទៀតទេ។ ដោយសារម៉ាក់គ្មានអាការៈមិនធ្ងន់ធ្ងរដូច្នេះពេទ្យឱ្យចេញភ្លាមបន្ទាប់ពីអស់សេរ៉ូម។
ពេលនេះខ្ញុំចាប់ផ្តើមដាក់វិន័យខ្លួនឯងមួយកម្រិតទៀត ខ្ញុំត្រូវសន្សំសំចៃបន្តិចដើម្បីកុំឱ្យម៉ាក់ត្រូវចំណាយមកលើខ្ញុំ ខ្ញុំកាត់បន្ថយការកម្សាន្តខ្លះដូចជាញ៉ាំអីខាងក្រៅញឹកញាប់ជាមួយមិត្តភក្តិ មើលកុន ទិញរបស់មិនចាំបាច់តាមអនឡាញក្តី ទៅទិញផ្ទាល់ក្តី ព្រោះកន្លងមកម៉ាក់ច្រើនតែស្តីឱ្យខ្ញុំរឿងនេះ។
ម៉ោង១០យប់ហើយ ខ្ញុំនៅអង្គុយមុខកុំព្យូរទ័រធ្វើកិច្ចការសាលានៅឡើយ ហើយក៏ឆ្លៀតថែមរបរលក់អនឡាញមួយទៀតដែរ គឺលក់ខោអាវម៉ាក់ខ្ញុំ នៅផ្សារក៏លក់ អនឡាញក៏លក់ ដូច្នេះបន្ថែមភាពរវល់ចូលមួយទៀត។ ទឺង!! សំឡេងសារពីហ្វេសប៊ុក ខ្ញុំចុចចូលមើលភ្លាម គឺពេទ្យគន្ធអេដមកតើ! ខ្ញុំក៏ចុចទទួលរួចបន្តធ្វើកិច្ចការទៀត។
ទឺង!! មកទៀតហើយ វាលោតចូលប្រអប់សាររបស់ខ្ញុំ នោះជារូបស្ទីកគ័រញញឹមស្ញេញរបស់ពេទ្យគន្ធ ខ្ញុំក៏ញញឹមដែររួចផ្ញើរូបសើចមួយទៅវិញ។ ពាក្យពេចន៍ឆ្លើយឆ្លងមានជាបន្តបន្ទាប់ គាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អដោយសារឃ្លាប្រយោគលើកទឹកចិត្តនិងការលេងសើច។ ខ្ញុំយល់ថាល្អណាស់ដែលមានអ្នកឱ្យខ្ញុំនិយាយលេង ពិភាក្សារឿងមិនសប្បាយចិត្តខ្លះ។ ខ្ញុំដូចជាចូលចិត្តនិយាយលេងជាមួយគាត់ វាដូចជាទាញយកសម្រាមចេញពីអារម្មណ៍របស់ខ្ញុំចេញបន្ទាប់ពីឈឺក្បាលមកពីខាងក្រៅ។
គំនួចបេះដូង…
ពេលព្រឹករៀនចប់ហើយ ម៉ាក់នៅផ្សារលក់អីវ៉ាន់ ខ្ញុំត្រឡប់មកផ្ទះពេលថ្ងៃត្រង់រួចទើបទៅធ្វើការនៅហាងកាហ្វវិញ។ ថក៍នៅផ្ទះហើយខ្ញុំក៏ត្រូវឱ្យអាហារថ្ងៃត្រង់វាដែរ។
«ថក៍! ចេញមកស៊ីចំណីរបស់ឯងណា៎!»
ស្ងាត់! ខ្ញុំទៅរកវានៅកៀនជញ្ជាំងកន្លែងដែលវាដេករាល់ដង នៅទីនោះមែន! តែវាក្រាបដូចគ្មានកម្លាំងទេ មើលទៅដូចជាចង់ឈឺហើយ ពិតមែនហើយ! ដោយសារតែត្រូវសន្សំលុយបន្តិចទើបខ្ញុំកាត់របស់អាហារវាដែរ ហ៊ើយ! ឥឡូវវាឈឺត្រូវទៅពេទ្យទៀត អស់លុយដដែល។
សត្វវាអត់ចេះនិយាយប្រាប់ថាវាឈឺត្រង់ណាទេ តែខ្ញុំមើលទៅវាដូចជាមិនស្រួល បារម្ភវាក៏បារម្ភ ដូច្នេះមានតែយកវាទៅពេទ្យ ។
ខ្ញុំយកថក៍មកគ្លីនិកពេទ្យធិគន្ធដែលនៅជិតសាលារៀនបន្ថែមព្រោះរាល់ដងយកមកតែទីនេះ។
«យ៉ាងម៉េចហើយ? អាល្អិតនេះកើតអី?»
«វាមិនសូវស៊ីអីតាំងពីម្សិល ស្មឿកៗ ខ្ញុំមិនដឹងវាកើតអីទេ»
គាត់ទទួលថក៍យកទៅពិនិត្យ ខ្ញុំលើកនាឡិកាមើលម៉ោងព្រោះខ្លាចទៅធ្វើការយឺតពេល។
«ត្រូវទៅធ្វើការមែនទេ?»
«ចា៎! យ៉ាងម៉េចហើយ វាឈឺអីធ្ងន់ធ្ងរទេ?»
«មិនអីទេ ប្រហែលខ្វះអាហាររូបត្ថម្ភហើយ ឬប៉ះចំណីមិនល្អ ចាំល្ងាចមកទទួលវាទៅវិញចុះ»
«ចា៎! អ៊ីចឹងខ្ញុំលាសិនហើយ ផ្ញើវាផង»
គាត់ញញឹមរួចខ្ញុំប្រញាប់ចេញទៅធ្វើការ មកពីខ្ញុំហ្នឹងប្តូរចំណីរបស់វា ឥឡូវឈឺអស់លុយដដែល ចំមែន!។
ចេញពីធ្វើការខ្ញុំត្រឡប់ទៅយកគ្លីនិកដើម្បីយកថក៍ ព្រោះបើចាំចេញពីរៀនគេច្បាស់ជាបិទទ្វាបាត់ហើយ។
«ហ្អាក! ហេតុអីបិទទ្វាលឿនម្ល៉េះ? ម៉ោងទើបនិងជាង៦ល្ងាចតើស!»
ខ្ញុំឈប់ម៉ូតូនៅមុខគ្លីនិកថែមទាំងលើកដៃមើលនាឡិកា ថ្ងៃនេះបិទទ្វាលឿនម្ល៉េះ? មើលទៅចាំស្អែកចាំមកយកថក៍ហើយ ទៅរៀនសិន!។ ខ្ញុំលែងខ្វល់ហើយក៏ហួសទៅរៀនវិញទៅព្រោះថាមុខសញ្ញាយឺតរាល់ដង។
ម៉ោង៨កន្លះ ខ្ញុំមកដល់ផ្ទះវិញ រៀបចំទុកដាក់ម៉ូតូរួចខ្ញុំបម្រុងនិងឡើងទៅបន្ទប់ តែ… ថក៍! វាស្រាប់តែរត់ចូលមកទទួលខ្ញុំដូចរាល់ដង មើលទៅមានកម្លាំងកម្ហែងមិនដូចព្រឹកមិញទេ។
«អ្ហា! ថក៍? ហេតុអីមកផ្ទះបាន? ម៉ាក់! អ្នកណាយកវាមក?»
«មិត្តកូននោះអី! គេដឹកវាយកមក ហើយនៅមានកញ្ចប់ស្អីនេះទៀត»
ម៉ាក់បូញមាត់ទៅថង់ខ្មៅមួយកញ្ចប់នៅក្បែរជញ្ជាំង កញ្ចប់? កញ្ចប់ស្អី? មិត្ត? អូហ៍…! ប្រហែលពេទ្យធិគន្ធហើយ តែខ្ញុំអត់ទាន់បានបង់លុយគេទេ! ហើយកញ្ចប់អីអ៊ីចេះ? ខ្ញុំក៏ប្រញាប់ទៅហែកកញ្ចប់ដែលម៉ាក់ប្រាប់។ ក្នុងថង់ខ្មៅនោះគឺជាចំណីឆ្កែ ម៉ាកយីហោខុសពីរបស់ថក៍ប្រើ ចំណីប្រហែល៥គីឡូ ហ៊ឹម! អស់លុយទៀតហើយអាកូនអ៊ើយ!
«ទៅផ្លាស់ខោអាវចេញទៅ និងបានញ៉ាំបាយ»
«ចា៎!»
ខ្ញុំតបនិងម៉ាក់រួចហើយក៏ឡើងជាន់លើប្តូរខោអាវ។ ថាសន្សំលុយៗ ឥឡូវសន្សំឱ្យតែវាហ្នឹងទៅ! ចាំស្អែកយកលុយឱ្យគេ មានកូនវាអ៊ីចឹង បន្តិចទារនេះបន្តិចទារនោះ និយាយៗទៅ…ដូចខ្ញុំទៀតហើយ។
ថ្ងៃនេះមុនពេលទៅធ្វើការខ្ញុំឆ្លៀតចូលគ្លីនិកសងលុយគេសិន បំណុលព្រោះតែកូន ពេលនេះខ្ញុំយល់អារម្មណ៍ម៉ាក់ច្បាស់ណាស់ថាគាត់ស្រឡាញ់ខ្ញុំប៉ុណ្ណា។ ខ្ញុំដាក់ជន្ទល់ម៉ូតូរួចចូលទៅចួបពេទ្យធិគន្ធ។
«សួស្តី!»
«អ៎! មានការអីហ្មែន? ចាំបន្តិចសិនបានទេ ខ្ញុំជាប់លាបថ្នាំឱ្យអ៊ីអ៊ីមួយសិន»
«ចាស៎»
អ៊ីអ៊ីនោះគឺកូនឆ្មារោមសមួយក្បាល មើលទៅវារបួសជើងមុខហើយ ទឹកមុខហាក់បង្ហាញការឈឺចាប់ត្រង់របួស ឃើញបែបនេះខ្ញុំនឹកឃើញកាលពីចួបថក៍ដំបូងវាក៏របួសជើងអ៊ីចឹងដែរ ខ្ញុំអាណិតវាទើបយកវាមកចិញ្ចឹមហើយពួកយើងក៏ក្លាយជាមិត្តរហូតមក។ នឹកៗទៅធ្វើឱ្យខ្ញុំញញឹមម្នាក់ឯងដោយមិនដឹងខ្លួន ការណិត ការស្រឡាញ់បរិសុទ្ធវាធ្វើឱ្យយើងមានសេចក្តីសុខផ្លូវចិត្តយ៉ាងសាមញ្ញ។ ខ្ញុំនឹងអាល្អិតនេះមាននិស្ស័យមិនដឹងពីជាតិណាមក។
«ស្រឡាញ់ឆ្មាដែរមែនទេ?»
«…..» សំឡេងពេទ្យគន្ធធ្វើឱ្យខ្ញុំភ្ញាក់ពីញញឹមពព្រាយនោះមកវិញ តិចគេថាយើងឆ្កួតអង្គុយញញឹមម្នាក់ឯងទៅ?
«មើលទៅវាគួរឱ្យស្រឡាញ់ដែរ តែម៉ាក់ខ្ញុំមិនសូវត្រូវធាតុនិងឆ្មាប៉ុន្មានទេ អូហ៍!! ម្សិលមិញលោកជួយយកថក៍ទៅផ្ទះថែមទាំងមានចំណីឆ្កែទៀតផង ខ្ញុំត្រូវយកលុយមកសងវិញ»
ខ្ញុំម្នីម្នាលូករកកាបូបតូចដាក់លុយក្នុងកាតាបធំស្ពាយ។
«មិនអីទេ មិនបាច់សងទេ ទុកថាខ្ញុំជួយថក៍ចុះ!»
«ធ្វើអ៊ីចឹងម៉េចនិងកើត! រកស៊ីត្រូវយកប្រាក់»
«រកស៊ីប្រាកដជាត្រូវគិតលុយហើយ តែបើចង់ធ្វើបុណ្យត្រូវគិតដែរទ?»
ខ្ញុំគាំង! ហើយសម្លឹងមុខគាត់មិនដាក់ភ្នែកចុះ ធ្វើឱ្យគាត់សើចញឹមៗ សើចទៀតហើយ! ខ្ញុំតួកំប្លែងមែនបានសើចរាល់លើកបែបហ្នឹង?
«កុំសម្លឹងបែបនេះអី ខ្ញុំដឹងថានាងពិបាកចិត្តរឿងម៉ាក់ឈឺដូច្នេះទើបចង់ជួយអ្វីខ្លះ ហើយនេះជារឿងដែលខ្ញុំអាចធ្វើទៅបាន វាមិនច្រើនអីនោះទេ កុំភ្លេចថាខ្ញុំក៏ស្រឡាញ់សត្វដែរ»
«តែបែបនេះក៏មិនបានដែរ ខ្ញុំ…»
«កុំបដិសេធអី! ទុកថារាប់ជាមិត្តចុះ បានទេ?»
ខ្ញុំសម្លឹងត្របាញ់ត្រង់ចំកែវភ្នែករបស់គាត់ ញ្ញាណរបស់ខ្ញុំប្រាប់ថាខ្ញុំមិនអាចបដិសេធសំណើរនេះទេ ហើយក្នុងចិត្តខ្ញុំវាហាក់ដូចជាកក់ក្តៅ ដូចជាមានស្មាមួយធំឱ្យផ្អែកអ៊ីចឹង គាត់ប្រហែលអ្នកសង្គ្រោះលោករបស់ខ្ញុំមែនទេដឹង? គាត់បន្ថែមប្រយោគព្រោះឃើញខ្ញុំស្ងាត់។
«បានហើយកុំឱ្យបង្អាក់សទ្ធាបរិស័ទអីណា៎ ត្រូវទៅធ្វើការទៀតមែនទេ? ឆាប់ទៅភ្លាមទៅ កុំឱ្យយឺតម៉ោង»
«អ៊ឺម! បើអ៊ីចឹងអរគុណលោកច្រើនហើយ ខ្ញុំលាទៅសិនហើយ»
ខ្ញុំចាកចេញពីគ្លីនិកទាំងអារម្មណ៍ពីរបីដើរទន្ទឹមគ្នា។ ចិត្តមួយយល់ថារអៀសចិត្តព្រោះមិនធ្លាប់យករបស់គេហ្វ្រីៗ(មនុស្សមិនសូវជិតដិត) តែមួយទៀតក៏លួចសប្បាយព្រោះបានសល់លុយហើយថែមមិត្តទៀត ហ៊ើយ! យ៉ាងម៉េចទេនេះ? អារម្មណ៍រញ៉េរញៃណាស់ អារម្មណ៍មួយទៀតគឺ…គឺ…គឺជាអារម្មណ៍ដែលមិនច្បាស់លាស់សោះ ពេលសន្ទនានិងគាត់ ពេលគាត់ញញឹម វាដូចជាមានកក់ក្តៅតែលាយឡំភាពញាប់ញ័រ ភ័យអរៗ។ ខ្ញុំគ្រវីក្បាលព្រោះគិតថាខ្លួនកំពុងរវើរវាយហើយផ្ចង់ស្មារតីបើកម៉ូតូតម្រង់ហាងកាហ្វេវិញ។
មួយរយៈនេះខ្ញុំរងសម្ពាធណាស់ ម៉ាក់ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺ ការលក់ដូរក៏មិនសូវកាក់កបប៉ុន្មាន ក្នុងផ្ទះចួបវិបត្តិហិរញ្ញវត្ថុ ដូច្នេះខ្ញុំព្យាយាមឆ្លៀតលក់អីវ៉ាន់អនឡាញ ចួនកាលទំនេរខ្ញុំដឹកអីវ៉ាន់ឱ្យភ្ញៀវជិតៗដែរ។ មួយថ្ងៃ២៤ម៉ោងខ្ញុំឆ្លៀតតាមដែលអាចធ្វើទៅបានឱ្យអស់លទ្ធភាព ពិតជាយល់ថាហត់មែន តែខ្ញុំយល់ថាវាមានតម្លៃណាស់។
ម៉ោង១១អាធ្រាត ខ្ញុំនៅមុខកុំព្យូទ័រនៅឡើយ ម្រាមដៃរបស់ខ្ញុំកំពុងរាវចុចអក្សរនៅលើក្តាចុច ឃ្លាប្រយោគលោតជារឿយៗនៅលើអេក្រង់តាមកម្លាំងដៃរបស់ខ្ញុំ។ ទឺង!
(កំពុងធ្វើអី?) ខ្ញុំមើលសារដែលផ្ញើមកពីពេទ្យគន្ធដែលលោតការជូនដំណឹងលើទូរសព្ទ ត្រូវហើយ! ខ្ញុំនៅអនឡាញនៅឡើយទេ គាត់ច្បាស់ជាឃើញព្រោះខ្ញុំមិនបានបិទ active ទេ។ ខ្ញុំនិងគាត់និយាយគ្នាស្ទើររាល់ថ្ងៃតាមឈែត។
(កំពុងធ្វើកិច្ចការសាលា)
(ខំរៀនមែន!)
(ខ្លាចនៅចាំយាមសាលា)
(ឆាប់ចូលគេងទៅ កុំនៅយប់ៗពេក ប្រយ័ត្នឈឺ)
(ចា៎!)
ខ្ញុំតបសារ! តបទាំងញញឹមពព្រាយម្នាក់ឯង ហើយក៏កំពុងតែដឹងដែរថាខ្លួនឯងមានអារម្មណ៍ល្អចំពោះគាត់ ចំពោះទង្វើល្អៗដែលគាត់តែងតែបានធ្វើដាក់ខ្ញុំ ពាក្យពេចន៍លើកទឹកចិត្តដែលគាត់តែងតែផ្ញើមកស្ទើររាល់ថ្ងៃហើយវាក្លាយជាផ្នែកមួយនៃកម្លាំងចិត្តខ្ញុំ ចំណែកមួយនៃភាពកក់ក្តៅក្នុងបេះដូងខ្ញុំ គ្រាន់តែ… ខ្ញុំមិនទាន់ប្រាកដចិត្តថាគាត់គិតបែបណាមកលើខ្ញុំវិញ តើដូចអ្វីដែលខ្ញុំស្មានក្នុងអារម្មណ៍ខ្លួនឯងដែរទេ? ទាំងការពិតចិត្តខ្ញុំទោរទន់ទៅរកភាពវិជ្ជមានបាត់ទៅហើយ។
ឱព្រះអង្គអើយ! មេឃថ្ងៃនេះក្តៅចង់ឆេះ មិនដឹងជាទៅខឹងអ្វីមកទេ ខ្ញុំជិះម៉ូតូទៅធ្វើការទាំងចង់ខ្លោចខ្លួនដូចត្រីងៀតម៉ោងជិតមួយថ្ងៃ។ កំពុងជិះសុខៗស្រាប់តែ ផូង! ស្ប៉ែត! កង់ម៉ូតូក្រោយរបស់ខ្ញុំលាន់សំឡេងជាសញ្ញាច្បាស់ក្រឡែតថាវាបែក ខ្ញុំអែបទៅកៀនចិញ្ចើមផ្លូវហើយឱនមើលវាទាំងហួសវាចារ។
«ហ្អែងហើយ! បែកក្បាលឯងអីពេលនេះ មនុស្សកំពុងតែប្រញាប់ទៅធ្វើការផង ចម្រុងចម្រើនម្ល៉េះកូន…»
ខ្ញុំមុខជូរហួញទាំងថ្ងៃបើកចេសចង់ឡើងបាយភ្នែក រួចក៏សម្រេចថាបណ្តើរវាទៅមុខរកជាងគេប៉ះឬដូរសម្បកចេញទៅវាលឿន។ បណ្តើរបានខ្ទង់ពីរម៉ែត្រមានឡានមកស៊ីផ្លេរក្បែរខ្ញុំ ខ្ញុំជ្រួញចិញ្ចើមចូលគ្នា ឃើញមនុស្សបណ្តើរម៉ូតូទាំងថ្ងៃក្តៅហើយនៅស៊ីផ្លេរឱ្យចៀសទៀតអ្ហី? យីស! ខ្ញុំងាកខ្វាច់ អូ!! ការពិតឡានរបស់ពេទ្យគន្ធសោះ ខំតែខឹងទៅហើយ។
«កើតអីហើយ? បែកកង់មែនទេ?»
«ចា៎! »
«ទៅជាមួយខ្ញុំទេ? ចាំខ្ញុំជូនទៅ!»
ខ្ញុំញញឹមទទួល ព្រោះវាជាជម្រើសល្អជាងគេក្នុងពេលនេះ។ ខ្ញុំដាក់ម៉ូតូនៅកន្លែងជាងហើយឡើងឡានទៅជាមួយពេទ្យធិគន្ធ គាត់បានជូនខ្ញុំមកដល់ហាងកាហ្វេទាន់ពេលវេលារួចទើបហួសទៅគ្លីនិក។ មិនទាន់និងចូលកន្លែងស្រួលបួលផងបងលិចូលខ្លួនមកជិតខ្ញុំរួចចាប់ផ្តើមខ្សឹបក្បែរខ្ញុំ។
«អីយ៉ា! ស្ងាត់ៗមានអ្នកជូនមកធ្វើការទៀត អ្នកណាដែរ? សង្សាមែនទេ?»
«មានឯណាបង! មិត្តភក្តិតើស! មុខខ្ញុំអ្នកណាគេយក!»
ខ្ញុំប្រកែក តែខ្ញុំដឹងខ្លួនថាមិញនេះខ្ញុំភាយចំហាយក្តៅចេញពីមុខពេលបងលិសួរថា សង្សាមែន? តែប្រញាប់បដិសេធហើយរកអ្វីធ្វើ ព្រោះមិនចង់ឱ្យខ្លួនឯងគិតអីច្រើនហួសពីនេះ។
ដល់ពេលចេញពីធ្វើការហើយ ខ្ញុំពឹងបងលិឱ្យជូនទៅយកម៉ូតូពីជាង មិនដឹងគេបិទតូបបាត់ឬនៅទេម៉ោង៦ជាងហើយ។ ខ្ញុំនិងគាត់ប្រុងតែរៀបចំទាញម៉ូតូគាត់ចេញមកហើយ ភ្លាមនោះឡានរបស់ពេទ្យគន្ធមកឈប់ក្បែរហាងនេះល្មម ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលម្តងទៀត។
«លោក?»
«ឡើងឡានមក!»
«តែខ្ញុំ…»ប្រុងថាប្រកែកហើយ បងលិឯណេះមាត់លឿនកាត់ខ្ញុំបាត់
«អូ! មកទទួលមលមែនទេ? ទៅអូន! គេខំមកទទួលហើយ ទៅៗ»
ខ្ញុំស្លឺមើលគាត់ ស្រាប់តែគាត់មកដេញខ្ញុំឱ្យទៅជាមួយពេទ្យគន្ធអ៊ីចឹងទៅ មិនត្រឹមតែប៉ុណ្ណឹងទេគាត់ទៅជាប្រញាប់ពាក់មួយការពារដាក់គន្លឹះហើយបញ្ឆេះម៉ូតូចេញទៅរកតែខ្ញុំឃាត់មិនទាន់។ ពេលនេះគាត់ទៅបាត់ហើយ ខ្ញុំមានតែទៅដោយសារបុរសក្នុងរថយន្តទៀតហើយ។ ខ្ញុំបើកទ្វាឡានចូលអង្គុយកៅអីខាងមុខដោយភាពក្រែងចិត្ត។
«ការពិតទៅមិនបាច់មកទទួលក៏បានដែរ ខ្ញុំអាចជិះPass app ទៅយកម៉ូតូវិញបាន មិនចាំបាច់រំខានទេ»
«មិនអីទេ! ផ្លូវទៅស្របគ្នា ខ្ញុំក៏ឈាងចូលមកទទួលទៅ ថ្ងៃនេះត្រូវរៀនទៀតមែនទេ?»
«ចា៎ មានរៀន»
«អូខេ! ចាំជូនចូលយកម៉ូតូ»
បន្ទាប់មករថយន្តតូចនេះក៏បរត្រឡប់ទៅរកតូបជាងប៉ះម៉ូតូដែលខ្ញុំទុកអាកូនទាកាលពីថ្ងៃមិញ។ នៅតាមផ្លូវខ្ញុំតែងលួចមើលមុខគាត់ម្តងម្កាលមិនឱ្យគាត់ដឹងខ្លួនទេ តើវាជានិស្ស័យមែនទេ? ខ្ញុំលួចសួរនៅក្នុងចិត្តខ្លួនឯង ព្រោះរាល់ពេលរាល់បញ្ហាគាត់តែងលេចមុខមកជួយធ្វើជាអ្នកដោះស្រាយនិងយកអាសារខ្ញុំជានិច្ច មិនមែនជាលើកទីមួយនោះឡើយ។
ខ្ញុំមិនសូវមានមិត្តច្រើននោះទេ ដូច្នេះខ្ញុំបែងចែកមិនបានថាអំពើល្អដែលគាត់ធ្វើមកលើខ្ញុំវាមានន័យត្រឹមជាមិត្តឬយ៉ាងណា? មិត្តគេដ៏ទៃទៀតគេធ្វើបែបហ្នឹងដែរមែនទេ? ឆាតនិយាយលេងញឹកញាប់ ចួនកាលឌឺដងញ៉េះញ៉ោះលើកទឹកចិត្តជានិច្ចពេលមិនសប្បាយចិត្ត ពេលថក៍ឈឺម្តងៗខ្ញុំតែងយកវាទៅគ្លីនិកគាត់ បើមិនបញ្ចុះតម្លៃក៏ហ្វ្រីដែរ ឡើងខ្ញុំលែងហ៊ានចង់ចូលទៀតផង។
ខ្ញុំមិនដែលមានសង្សា ក៏មិនដែលមានស្នេហា ព្រោះខ្ញុំខ្លាចដូចម៉ាក់ត្រូវប៉ាទៅចោល ត្រូវបាត់បង់ភាពកក់ក្តៅ តែទង្វើល្អៗរបស់គាត់បានកំពុងធ្វើឱ្យបេះដូងខ្ញុំមួយនេះប្រាប់ថាវាចង់បានការយកចិត្តទុកដាក់របៀបនេះហើយមិនចង់ឱ្យវាគ្រាន់តែជាសុបិននោះទេ។
មនោសញ្ចេតនានៅក្នុងដួងចិត្តខ្ញុំកំពុងមានពន្លកបន្តិចម្តងៗហើយ ការនៅក្បែរគាត់ខ្ញុំហាក់ទទួលបានអារម្មណ៍សុវត្ថិភាពនិងពិសេសម្យ៉ាងមិនធ្លាប់មានពីមុនមក វាប្រហែលជាព្រហ្មលិខិតដែលនាំខ្ញុំឱ្យបានចួបគាត់។
«ដល់ហើយ!»
«អ៎!….»ខ្ញុំភ្ញាក់ខ្លួន មិញនេះរវល់តែគិតវែងឆ្ងាយភ្លេចថាដល់កន្លែងត្រូវចុះ។
«អរគុណលោកហើយ! ខ្ញុំលាសិនហើយ»
«បាទ! ប្រយ័ត្នប្រយែងផង»
គាត់ញញឹមស្រស់ដាក់ខ្ញុំមុននិងបញ្ជាឡានចេញទៅ ខ្ញុំឈរមើលរហូតឡានទៅឆ្ងាយទើបងាកមកនិយាយនិងពូជាងរឿងម៉ូតូហើយក៏បន្តទៅរៀនវិញ។
រឿងរ៉ាវទាំងឡាយបានឆ្លងទៅតាមពេលវេលាអស់ហើយ ខ្ញុំចាប់ផ្តើមរសាយសម្ពាធខ្លះមកវិញ ព្រោះម៉ាក់បានធូស្បើយពីការព្យាបាលខ្លះហើយ បញ្ហាហិរញ្ញវត្ថុនៅក្នុងផ្ទះក៏ចាប់ផ្តើមល្អប្រសើរវិញដែរ ផ្ទះដែលម៉ាក់ខំប្រឹងប្រែងបង់រំលោះជាមួយធនាគារពេលនេះក្លាយជាកម្មសិទ្ធរបស់យើងហើយ។ ពិតមែនហើយ ប៉ុន្មានខែមកនេះខ្ញុំហត់នឿយនិងបញ្ហាដែលត្រូវដោះស្រាយបន្តបន្ទាប់គ្នានេះមែន តែប្រៀបមិនស្មើម៉ាក់ដែលហត់នឿយរាប់ឆ្នាំមកនេះទេ។
រំលងតែមួយខែទៀតខ្ញុំត្រូវដល់វគ្គសរសេរសារណាបទបញ្ចប់ថ្នាក់បរិញ្ញាហើយ ជិតបានក្លាយជាបញ្ញាវ័ន្តនិងគេហើយ។ ប៉ុន្តែខ្ញុំនៅតែត្រូវធ្វើកិច្ចរបស់សាលាមួយទៀតដដែលដូច្នេះយប់ម៉ោង១១ហើយខ្ញុំនៅតែសំកុកមុខកុំព្យូទ័រនៅឡើយ ម្យ៉ាងអាងថាស្អែកជាថ្ងៃអាទិត្យផង។ ខ្ញុំស្រ្កូលម៉ៅយ៍នៅលើវេបសាយន៍ចុះឡើងៗក្នុងន័យថារកមិនបានទិន្នន័យដែលខ្ញុំចង់បាន បន្ទាប់មកក៏មានសារមួយលោតចូលមក ខ្ញុំចូលមើលភ្លាមមិនបង្អង់ទោះបីកំពុងធ្វើកិច្ចការក៏ដោយព្រោះអីម្ចាស់ឈ្មោះគណនីទាក់ចិត្តខ្ញុំជាង។
«គេងនៅ?»
«នៅផង!»
ខ្ញុំតបសាររបស់ពេទ្យធិគន្ធ ស្រាប់តែគាត់បាត់មិនតបវិញ យ៉ាងម៉េចទេ? ១នាទី… ២នាទី… ៣នាទី មិនឃើញមកវិញទេ គេងបាត់ហើយ? ចូលបន្ទប់ទឹក? ខ្ញុំចង់ដឹងព្រោះរាល់ដងតបទៅតបមក ក្នុងចិត្តខ្ញុំបែរជាកើតភាពអន្ទះសាចង់ដឹងមួយរំពេច អេ! ហើយអន្ទះសាធ្វើអី យើងត្រូវជាអីនិងគេដែរ? ខ្ញុំចាប់ផ្តើមនឹកដល់សំណួរនេះហើយក៏មានអារម្មណ៍អន់ចិត្តតែម្នាក់ឯង។
«ស្អែកល្ងាចទំនេរអត់? ទៅញ៉ាំអីទេ?»
ខ្ញុំឈប់មួយសន្ទុះពេលឃើញសំណួរ មានអារម្មណ៍ថាបេះដូងខ្លួនឯងកំពុងលោតញាប់ជាងមុនយ៉ាងម៉េចមិនដឹងទេ។ ខ្ញុំចាប់ទូរសព្ទទាំងដៃញ័រតិចៗ តបថាម៉េចទៅ? អូខេឬអត់? តើណាត់នេះណាត់ក្នុងឋានៈជាអី? ព្រោះសកម្មភាពរបស់គាត់ខ្ញុំពិតជាស្រពិចស្រពិល ប៉ុន្តែតាមតែបទពិសោធន៍មនុស្សស្រីដែលខ្ញុំធ្លាប់បានស្គាល់រំឮកខ្ញុំថាវាហាក់ដូចជាមិនត្រឹមតែជាមិត្ត ។ ទោះបីធ្លាប់មានកូនចិត្តចង់ទទួលបានឱកាសនេះម្តងក្តីក៏ខ្ញុំនៅតែរារែកជាយូរទើបដាច់ចិត្តតបមួយម៉ាត់យ៉ាងខ្លី។
«ចា៎!»
មួយម៉ាត់នេះខ្ញុំទម្រាំដាច់ចិត្តផ្ញើទៅឡើងជិតកន្លះម៉ោង ខ្ញុំស្គាល់គាត់៤ខែហើយទើបតែលើកនេះគាត់ណាត់ខ្ញុំដោយចេតនា ស្របពេលដែលចិត្តតូចតែមួយរបស់ខ្ញុំកាន់រីកធំបន្តិចម្តងៗនូវមនោសញ្ចេតនាពិសេសចំពោះគាត់។
ស្នាមញញឹមពព្រាយកំពុងរសាត់លើផ្ទៃមុខរបស់ខ្ញុំមិនអាចបិទបាំងជិត ខ្ញុំមានអារម្មណ៍ថាមានសេចក្តីសុខក្នុងបេះដូងដ៏តូចនេះដល់ហើយ តាំងពីខ្ញុំបានស្គាល់គាត់អ្វីៗហាក់ដូចជាទេវតាប្រទាន គាត់ប្រៀបដូចផ្កាយសំណាងមួយដួងដែលនៅក្បែរហើយផ្តល់សំណាងដល់ខ្ញុំ។ រាត្រីនេះខ្ញុំចូលគេងទាំងក្តីរំភើបក្នុងទ្រូង ធ្មិចភ្នែកសឹងតែមិនកើតបន់ឱ្យតែមេឃឆាប់ភ្លឺឆាប់ដល់ពេល។
ការពិតទៅថ្ងៃនេះប្រាប់ម៉ាក់ថាជាធ្វើកិច្ចការជាមួយមិត្តភក្តិដូច្នេះទើបទៅជួយលក់តែពេលព្រឹក។ ខ្ញុំមិនទាន់ហ៊ានប្រាប់ត្រង់នោះទេ ខ្លាចគាត់គិតអវិជ្ជមានខ្លាំងព្រោះខ្ញុំមិនធ្លាប់ទាក់ទងនរណាទេពីមុនមក ម្ល៉ោះហើយចាំរៀងមានអារម្មណ៍ប្រាកដប្រជាជាងនេះសិមប្រាប់។
ថក៍នៅអង្គុយក្បែរមាត់ទ្វាផ្ទះ ភ្នែកវាឡើងកម្សត់គួរឱ្យអាណិតដែលត្រូវខ្ញុំទុកឱ្យចាំផ្ទះហើយម្ចាស់បែរជាទៅដើរលេងចោល។
«នែ! ចាំលើកក្រោយយើងយកឯងទៅជាមួយដែរណ៎ ថ្ងៃដំបូងកុំទៅឱ្យខូចបរិយកាសអីមែនទេ? ឆ្លាត!»
ខ្ញុំនិយាយនិងថក៍ភ្លាមនោះឡានរបស់ពេទ្យធិគន្ធមកដល់មុខផ្ទះល្មម ខ្ញុំរៀបចំទុកអាល្អិតនេះឱ្យនៅក្នុងផ្ទះតែសំឡេងរបស់បុរសម្ចាស់ឡានបង្ហើរឡើង។
«មិនយកវាទៅដែរទេហេស? វានៅផ្ទះម្នាក់ឯងស្ងាត់ស្លាប់ហើយ»
ចុងក្រោយខ្ញុំនិងអាល្អិតក៏បានទៅជាមួយគ្នា។
«ឥឡូវយើងទៅណា?»
«រកកន្លែងមួយអង្គុយលេងសិនទេ?»
«ក៏បាន!»
បន្ទាប់មកគាត់ក៏បើកឡានមកឈប់នៅត្រើយម្ខាងនៃស្ពានជ្រោយចង្វាដែលចំណាំតែមានមនុស្សម្នាមកលំហែលេងពេលល្ងាច។ ខ្យល់ជំនោរដងទន្លេរនាវេលាលា្ងចនេះត្រជាក់ស្រួលខ្លួនល្អណាស់ បែរទៅទិសបច្ចិមឯណេះព្រះទិនករក៏កំពុងប្រុងប្រៀបរំកិលខ្លួនលាផែនប្រថពីនេះចោលពន្លឺពណ៌មាសភ្លឺផ្លេកទៅលើផ្ទៃជលសា។ តុមួយជួរដែលជាកម្មសិទ្ធរបស់ម្ចាស់ហាងនានានៅកន្លែងនេះកំពុងត្រូវបានទទួលស្វាគមន៍ភ្ញៀវចាស់ក្មេងទាំងឡាយដែលមកកម្សាន្តអារម្មណ៍នៅទីនេះបន្ទាប់ពីនឿយហត់ពីកិច្ចការងារ។
ខ្ញុំនិងពេទ្យគន្ធអង្គុយលេងក្បែរមាត់ទន្លេនេះដែរ។ ថ្ងៃនេះខ្ញុំសង្កេតមើលទៅគាត់ដូចជាមិនរួសរាយដូចសព្វដងទេ មិនសូវនិយាយលេងច្រើនដូចពេលមុនសោះ ឬមួយគាត់អៀន? យ៉ាងណាក៏ដោយថ្ងៃនេះនៅជាមួយគាត់ខ្ញុំយល់ថាសប្បាយចិត្តណាស់។
«ឃើញទេ! មើលចុះថក៍ដូចជាស្រស់ស្រាយណាស់ បើទុកគ្នានៅផ្ទះម្នាក់ឯងមិនដឹងជាអផ្សុកប៉ុណ្ណាទេ…»
«ហិ!ហិ! មែនហើយ»
«អង្គុយលេងត្រង់នេះសិនហើយ ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិន»
«ចា៎!»
គាត់ញញឹមរួចក្រោកចេញទៅ។ គាត់ទៅបាត់មួយសន្ទុះ ខ្ញុំក៏ចេះតែអើតករកមើលមិនឃើញមនុស្សដើរមកវិញ ចំណែកថក៍ក៏វានៅមិនស្ងៀមមួយកន្លែង វាទាញៗរហូតដល់របូតខ្សែហើយរត់ត្រឹកៗទៅទាល់តែខ្ញុំក្រោកតាមទៅចាប់មកវិញ។
«នែ៎! ខំនាំមកដើរលេងហើយណា៎ កុំរពិសបានទេ តិចលើកក្រោយទុកឱ្យចាំផ្ទះវិញ!»
ខ្ញុំព្រមានវាខណៈដែលចាប់វាយកមកឱបបានវិញ ពួកយើងប្រុងថាត្រឡប់ទៅកន្លែងអង្គុយវិញ ប៉ុន្តែមានអ្វីម្យ៉ាងដែលធ្វើឱ្យជើងរបស់ខ្ញុំឈានជំហានទៅមុខលែងរួច កែវភ្នែកមួយគូរបស់ខ្ញុំសម្លឹងឥតព្រិចទៅទីដៅត្រង់ដែលឆ្ងាយពីខ្លួនប្រមាណជិត១០ម៉ែត្រ ខ្ញុំហាក់ដូចជាបានឮសំឡេងនៃការប្រេះបែកអ្វីម្យ៉ាងតែវាគ្មានរូបរាងប្រាកដឡើងឱ្យឃើញដូចអ្វីដែលខ្ញុំកំពុងឃើញផ្ទាល់និងភ្នែកនេះឡើយ។
ទីនោះគឺមានបុរសម្នាក់និងនារីមា្នក់កំពុងឱបគ្នាយ៉ាងស្អិតរមួត ខ្ញុំមិនស្គាល់នារីម្នាក់នោះទេ តែបុរសម្នាក់នោះគឺពេទ្យធិគន្ធ ក្រែងថ្ងៃនេះគេណាត់ខ្ញុំមែនទេ? តែហេតុអី?ហេតុអីមានវត្តមានអ្នកផ្សេងដែលខ្ញុំមិនដែលបានស្គាល់?
ពេលនេះខ្ញុំល្ងង់អស់ហើយ ខ្ញុំមិនដឹងថាអ្វីជាអ្វីទេ គ្រាន់តែដឹងថាបេះដូងខ្ញុំវាកំពុងប្រេះស្រាំ វាក្លាយជាឡេឡឺហើយ។ ខណៈពេលដែលខ្ញុំគាំងដំណើរនៅស្ងៀមមួយកន្លែងនេះ គាត់ស្រាប់តែភ្ញាក់និងការមកដល់របស់ខ្ញុំ។
«វិមល! »
នារីម្នាក់នោះមើលមកខ្ញុំដែរ មើលទៅទឹកមុខនាងក៏មិនដឹងថាខ្ញុំមកទីនេះដែរ។ ខ្ញុំទាញស្មារតីមកវិញរួចតបទាំងរដាក់រដុប។
«គឺ.. ខ្ញុំតាមមកចាប់ថក៍.. វាចេះតែរពិស រត់ផ្តេសផ្តាស»
«អ៎! មែនហើយ… ខ្ញុំភ្លេចប្រាប់ នេះថេវីន ជា… សង្សារបស់ខ្ញុំ ពួកយើងទើបតែត្រូវគ្នាវិញ»
សង្សា? តាំងពីខ្ញុំស្គាល់គាត់មកមិនដែលឮគាត់រំឭកពីនារីណាម្នាក់សោះ មិនដែលពិតមែន! ឥឡូវគាត់ណែនាំឱ្យខ្ញុំបានស្គាល់ជាផ្លូវការតែម្តង បានន័យថាម៉េចទៅ?
មានន័យថាកន្លងមកខ្ញុំគ្រាន់តែកំដរសង្សាគេទេមែនទេ? អំពើល្អដែលគេធ្វើមកលើខ្ញុំវាគ្រាន់តែជាទឹកចិត្តល្អនៃមនុស្សរាប់អានគ្នាទេមែនអត់? ខ្ញុំចំពោះគាត់គឺត្រឹមតែជាមិត្តឬក៏ប្អូនប៉ុណ្ណឹងទេ? អ្វីៗទាំងអស់គឺខ្ញុំស្រមើស្រមៃម្នាក់ឯង ឆ្កួតម្នាក់ឯង យល់ច្រឡំតែខ្លួនឯង ច្រឡំថាគេយកចិត្តទុកដាក់ពិសេសមកលើខ្ញុំ ច្រឡំថាគេមានចិត្តស្រឡាញ់ដូចដែលខ្ញុំមានដែរ… ទាំងដែលការពិតវាគ្រាន់តែជាគំនិតខ្ញុំតែម្ខាង គឺខ្ញុំស្រឡាញ់គេតែម្ខាងសោះ ហើយនោះអ្នកដែលនៅក្នុងបេះដូងគេ… កំពុងឈរឱបដៃគេនៅចំពោះមុខខ្ញុំ។
«សួស្តី!»
គាត់រាក់ទាក់និងខ្ញុំដោយស្នាមញញឹម ចំណែកខ្ញុំខំញញឹមតបវិញទាំងគ្មានទឹកដមសោះតែប្រឹងសម្តែង។ អារម្មណ៍ឈឺឆៀបវាកំពុងរត់ពេញរាង្គកាយខ្ញុំ រត់សព្វចលនាសសៃឈាម និងចាប់ផ្តើមផ្ទុកណែនក្នុងខួរក្បាល តើខ្ញុំអាចទ្រាំនៅមើលសភាពបែបនេះទៀតមែនទេ?
«អឺម… សុំទោសផង! ខ្ញុំសុំត្រឡប់ទៅមុនហើយ ចៃដន្យមុនេនេះម៉ាក់ខលរកឱ្យទៅជួយគាត់ ដូច្នេះហើយពួកបងពីរនាក់តាមសប្បាយចុះ»
ខ្ញុំឱបថក៍ប្រុងបែរត្រឡប់ក្រោយវិញតែត្រូវលោកគ្រូពេទ្យឃាត់ ហើយចង់ឱ្យខ្ញុំនៅកកឈាមត្រង់នេះមែនទេ? មិនបានស្រឡាញ់ខ្ញុំទេហេតុអីផ្តល់សង្ឃឹមធ្វើអី? ហេតុធ្វើល្អដាក់ខ្ញុំឱ្យខ្ញុំយល់ច្រឡំ?
«បើអ៊ីចឹងចាំខ្ញុំជូនទៅវិញ»
«អូ! មិនបាច់ទេ ខ្ញុំជិះ Pass appទៅវិញបានហើយ លាសិនហើយ»
ខ្ញុំឈានជើងចេញយ៉ាងរហ័ស ឈានចេញពីចំណុចឈឺចាប់នោះ ព្រោះបើនៅបន្តិចទៀតខ្ញុំមិនអាចធានាបានថាអាចទប់ទឹកភ្នែកមិនឱ្យហូរបានទេ។ ខ្ញុំមិនត្រូវការឱ្យគេឃើញទឹកភ្នែករបស់ខ្ញុំស្រក់ទេ ខ្ញុំមិនត្រូវការការអាណិតអ្វីទាំងអស់ ខ្ញុំដឹងថាគាត់កំពុងមើលមកខ្ញុំ វាគ្រប់គ្រាន់ហើយសម្រាប់ការអាណិតខ្ញុំកន្លងមក ហើយក៏អរគុណដែលធ្វើឱ្យយល់ច្រឡំយូរយ៉ាងនេះ។
ខ្ញុំមិនអាចបន្ទោសនរណាម្នាក់បានទេ បើចង់បន្ទោសត្រូវបន្ទោសខ្ញុំខ្លួនឯងដែលយល់ច្រឡំលើភាពជាសុភាពបុរសនិងទឹកចិត្តរបស់គេ។ សេ្នហាលើកដំបូងរបស់ខ្ញុំប្រែក្លាយជាស្នេហាតែម្ខាងដែលបន្សល់នូវការចងចាំនិងភាពឈឺចាប់ បេះដូងស្មោះសនិងការស្រឡាញ់បរិសុទ្ធរបស់ខ្ញុំត្រូវវេចខ្ចប់ត្រឡប់មកវិញទាំងមិនទាន់បានបង្ហាញផង។
បេះដូងតូចអ៊ើយ! សូមទោសផងដែលម្ចាស់របស់ឯងមើលថែឯងមិនបានល្អ ធ្វើឱ្យឯងមានរបួសបែបនេះ។ ពេលនេះខ្ញុំមានអារម្មណ៍ថាមេឃងងឹតខ្លាំងណាស់ ខ្ញុំត្រូវការបន្ធូរអារម្មណ៍ បញ្ចេញភាពតឹងណែនក្នុងទ្រូងមកក្រៅតាមទឹកនេត្រា។
អ្នករត់Pass app គាត់លួចមើលមកខ្ញុំពេលដែលខ្ញុំឡើងជិះជំនិះត្រឡប់មកផ្ទះវិញ តែខ្ញុំមិនខ្វល់! ព្រោះក្នុងខ្លួនខ្ញុំវាអស់កម្លាំងខ្លាំងណាស់។ ខ្ញុំបណ្តោយឱ្យទឹកនេត្រាហូរដូចបាក់ទំនប់ ហូរអមក្តីឈឺចាប់ដែលបៀមក្នុងបេះដូងរបស់ខ្ញុំមិនដឹងជាត្រូវនិយាយប្រាប់យ៉ាងណា។
អត្ថន័យនៃក្តីស្រឡាញ់…
ម៉ោង៦ព្រឹកហើយ ខ្ញុំនៅមិនទាន់ក្រោកពីគេងនៅឡើយទេ ពីម្សិលមិញគ្រាន់តែមកដល់ផ្ទះភ្លាមខ្ញុំចូលបន្ទប់គេងសំងំក្នុងនោះតាំងពីម៉ោងក្បាលល្ងាច សូម្បីម៉ាក់ហៅញ៉ាំបាយក៏ខ្ញុំមិនខ្ចីចេញមកដែរ ខ្ញុំគ្មានអារម្មណ៍ឃ្លានឬផឹកអ្វីនោះទេ ចង់តែលាក់ខ្លួនឱ្យស្ងប់ស្ងាត់។
អ្វីៗដែលបានកើតឡើងវាហាក់ដូចជាមួយប៉ព្រិចភ្នែក មួយវិនាទីសោះបេះដូងដែលក្តោបពេញដោយក្តីសុខរំពឹងថានិងទទួលបានភាពកក់ក្តៅប្រែក្លាយជាគ្របដណ្តប់ដោយជំនោររងាឯកា ភាពឈឺផ្សាដែលមិនដឹងទៅនិយាយប្រាប់នរណាម្នាក់បាន។ ខ្ញុំយំ! យំទាល់តែតំណក់ទឹកភ្នែកជោគខ្នើយ យំទាល់តែគេងលក់។
ពេលខ្ញុំដឹងខ្លួន ប្រាណទាំងមូលនៅក្រោមភួយក្រាស់ដែលដណ្តប់និងទទួលតំណក់ទឹកភ្នែកខ្ញុំអស់ពេលមួយរាត្រីកាល ពេលនេះប្រហែលជាភ្នែកខ្ញុំហើមស្ពុលអស់ហើយ។ ខ្ញុំមានអារម្មណ៍ថាធ្ងន់ក្បាលណាស់ បើកភ្នែកមិនចង់រួចទេ ខួរក្បាលធ្ងន់កណ្តុក មិនដឹងថាត្រូវធ្វើអីពេលក្រោកពីគ្រែ។
សំឡេងចានឆ្នាំងលាន់ក្តុងក្តាំងនៅជាន់ខាងក្រោម គឺម៉ាក់ខ្ញុំតែងតែធ្វើបាយព្រឹកទុកឱ្យរាល់ថ្ងៃមុនពេលគាត់ចេញទៅលក់ដូរ។
«មល! មល! ភ្ញាក់ឡើង ដេកដល់ថ្មើរណាទៀត គេក្រោកទៅរកស៊ីអស់ហើយ កូននេះ! ដេកនោះដេក»
ខ្ញុំឮហើយតែមិនចុះទៅខាងក្រោមទេព្រោះមិនចង់ឱ្យម៉ាក់ឃើញសភាពខ្លួនឯងហើយសួរនាំវែងឆ្ងាយ ខ្លាចគាត់បន្ទោសហើយគាត់បារម្ភទៀត។ មួយសន្ទុះម៉ាក់ស្រែកហៅទៀត។
«អាមល! ទៅរៀនឬអត់? ម៉ាក់ដល់ពេលទៅផ្សារហើយ»
«ថ្ងៃនេះថ្ងៃបុណ្យទេម៉ាក់!»
ខ្ញុំខំឆ្លើយតបគាត់ទាំងនៅសំឡេងក្រងួៗ។
«អ៊ើ! បើមិនទៅរៀនប្រុងដេកដល់ហើមអ្ហី? ចុះមករកបាយរកទឹកផង ម៉ាក់ទៅផ្សារហើយ!»
«ចា៎!»
ផុតសម្តីគាត់បានបន្តិចខ្ញុំឮសំឡេងបិទទ្វា ក្តាំង! បញ្ជាក់ថាគាត់ចេញទៅហើយ។
ពេលនេះខ្ញុំក្រោកពីគ្រែគេងទាំងរកកម្លាំងក្នុងខ្លួនគ្មាន ដៃជើងទន់ល្មើយដើរសឹងថាដួល។ ខ្ញុំលុបលាងមុខក្នុងបន្ទប់ទឹក ហើយសម្លឹងខ្លួនឯងក្នុងកញ្ចក់ រូបភាពគូស្នេហ៍មួយគូដែលឈរឱបគ្នាកាលពីល្ងាចមិញរសាត់ចូលមកក្នុងការចងចាំរបស់ខ្ញុំ …(សួស្តី!) … សំឡេងនិងស្នាមញញឹមរបស់នារីម្នាក់នោះវាផ្ទុយពីបេះដូងប្រេះស្រាំដោយក្តីទុក្ខរបស់ខ្ញុំ។
អនុស្សាវរីយ៍រវាងខ្ញុំនិងបុរសម្នាក់នោះផុសអណ្តែតពេញខួរក្បាលដែលធ្ងន់កន្តុករបស់ខ្ញុំ តាំងពីថ្ងៃដែលខ្ញុំបានចួបគាត់ដំបូង ពេលដែលគាត់ជួយថក៍ ពេលដែលម៉ាក់រន្ធត់ចិត្តព្រោះជំងឺម៉ាក់ ពេលដែលខ្ញុំចួបបញ្ហានិងបាក់ទឹកចិត្ត…ស្នាមញញឹម ពាក្យលេងសើចសប្បាយ ការយកចិត្តទុកដាក់ គ្រប់បែបយ៉ាងវាបានធ្វើឱ្យខ្ញុំមានក្តីសង្ឃឹមរួចទៅហើយ តែពេលនេះក្លាយទៅផ្សែងអព្វនៅក្នុងលម្ហល្ហល្ហេវរកកោះត្រើយមិនឃើញ។
ខ្ញុំអង្គុយសម្លក់ម្ហូបបាយដែលម៉ាក់គ្របទុកស្រេចនៅលើតុមុនពេលគាត់ចេញទៅ រាង្គកាយខ្ញុំហាក់ដូចជាវិញ្ញាណហោះចេញពីក្នុងខ្លួន។ ខ្ញុំមិនឃ្លានអីនោះទេ វាដូចជាចត់ៗ លេបមិនចូល។
ខ្ញុំមានអារម្មណ៍ថាធុញថប់ណាស់ ប៉ុន្តែខ្ញុំមិនអាចបែបនេះរហូតទេ ខ្ញុំមិនអាចធ្វើដូចជាមនុស្សបាត់បង់អ្វីៗគ្រប់យ៉ាងអ៊ីចឹងទេ បើម៉ាក់ខ្ញុំដឹងតើគាត់នឹងពិបាកចិត្តចំពោះខ្ញុំបែបណាទៀតទៅ?
ខ្ញុំបណ្តើរថក៍ចេញក្រៅឱ្យស្រឡះមុខមាត់បន្តិច។ យើងទាំងពីរនាក់ដើរមួយៗតាមផ្លូវសួនច្បារ អរគុណឯងហើយថក៍! អរគុណដែលឯងនៅក្បែរយើងជានិច្ច។
ខ្ញុំមើលមកកូនឆ្កែដែលមានចរិតស្លូតបូតមួយក្បាលនេះ វាមកនៅនិងខ្ញុំ៥ខែហើយ អាយុស្មើគ្នានិងការចួបគ្នារវាងខ្ញុំនិងពេទ្យធិគន្ធ តែពេលឃើញវាខ្ញុំនឹកឃើញគេ ខ្ញុំនឹកសម្តីគេ ស្នាមញញឹមមកកាន់ខ្ញុំ កាយវិការ ការយកចិត្តទុកដាក់មួយនោះតែវានៅរសាត់រាយប៉ាយពាសពេញការចងចាំរបស់ខ្ញុំ។
ភ្លាមនេះខ្ញុំភ្លេចមិនបានទេ វាទើបតែកន្លងបានប៉ុន្មានម៉ោងប៉ុណ្ណោះ តើខ្ញុំត្រូវការពេលយូរប៉ុណ្ណាទៅដើម្បីលាងខួរឱ្យត្រឡប់ទៅពេលដែលមិនស្គាល់គ្នានឹងគាត់វិញ? តើឱ្យខ្ញុំស្គាល់គ្នាធ្វើអីទៅព្រហ្មលិខិត?
ខ្ញុំសសៀៗមកដល់តូបលក់ភេសជ្ជៈមាត់ផ្លូវ ទីនេះប្រក្រតីដូចធម្មតា មានតែខ្ញុំប៉ុណ្ណោះដែលខុសប្រក្រតី។
«បងតែបៃតងមួយ!»
ខ្ញុំហៅតែបៃតងពីអ្នកលក់ភេសជ្ជៈតាមរទេះនៅមាត់ផ្លូវក្រោមម្លប់ឈើ។ មួយសន្ទុះគេហុចទឹកពណ៌បៃតងមួយកំប៉ុងមកឱ្យខ្ញុំ។
«អរគុណ!»
ខ្ញុំទទួលកំប៉ុងមានថង់យួរពីគេ។ ខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលមកខ្ញុំពីខាងក្រោយ មែនហើយ! មានពិតមែន! គឺបុរសម្នាក់ដែលធ្វើឱ្យបេះដូងខ្ញុំស្ពឹកតាំងពីម្សិលមិញរហូតមកដល់ពេលនេះ គាត់នៅឈរលើចិញ្ចើមផ្លូវម្ខាងទៀតញញឹមពព្រាយមករកខ្ញុំ។
ខ្ញុំពិបាកទ្រាំមើលមុខគាត់ណាស់ ការចួបមុខគាត់វាក្លាយទៅជាភាពភ័យខ្លាចចំពោះខ្ញុំទៅវិញ។
វូស!! សំឡេងព្រូសរបស់ថក៍ពញ្ញាក់ស្មារតីខ្ញុំឱ្យចាប់អារម្មណ៍មករកវា មើលទៅវាក៏បានឃើញគាត់ដែរហើយព្រូសរកគាត់ទៀតផងព្រោះពួកយើងសុទ្ធតែជាអ្នកធ្លាប់ស្គាល់គ្នា ត្រូវហើយស្គាល់! ហើយជិតដិតទៀតផង។
ថក៍ព្រូសហើយរត់ឆ្លងសំដៅទៅរកពេទ្យធិគន្ធនៅម្ខាងផ្លូវតាមទម្លាប់ដែលវាឃើញអ្នកដែលធ្លាប់ជិតដិតហើយចូលរកទទួលរាក់ទាក់។ ថក៍ទើបតែរត់បានពាក់កណ្តាលផ្លូវស្រាប់តែ… ងឺត!!! សំឡេងឡានចាប់ហ្វ្រាំងអូសធ្វើឱ្យខ្ញុំស្លុតអស់រហូតធ្លាក់កំប៉ុងតែបៃតងពីដៃដល់ដី ក្តុក! ។
ដ្បិតថាឡានប្រឹងចាប់ហ្រ្វាំងក៏ដោយតែល្បឿនរបស់វាមិនអាចគ្រប់គ្រងបានពេញទីនោះទេ ថក៍ត្រូវដេកស្តូកនៅមុខរថយន្តពណ៌សនោះដោយនៅដកដង្ហើមផឺត!!។
«ថក៍!! ថក៍!!»
ខ្ញុំរត់ចូលទៅត្រកងមិត្តសំណព្វដែលប្រឡាក់ដោយឈាម អាល្អិត!តើឯងឈឺចាប់ប៉ុណ្ណាទៅ? កុំទៅចោលយើងម្នាក់ទៀតអី! សូមអង្វរចុះ!
«លោកបើកឡានរបៀបម៉េចមិនមើលឃើញសត្វរត់ឆ្លងផ្លូវទេហេស?»
សំឡេងពេទ្យធិគន្ធស្តីឱ្យបុរសម្ចាស់ឡានខ្លាំងៗ ទាល់តែអ្នកដែលស្រឡាញ់សត្វទើបយល់អារម្មណ៍មួយនេះ។ មុនពេលមានថក៍ខ្ញុំក៏មិនយល់ដែរ តែតាំងពីវត្តមានវានៅក្បែរខ្ញុំ ខ្ញុំស្រឡាញ់ទុកវាដូចអ្នកផ្ទះអ៊ីចឹង។ ពេលនេះវាដង្ហើមចង្រិតទៅហើយ គ្មានសង្ឃឹមនិងជួយសង្រ្គោះនោះទេ។
«ថក៍!»
គាត់ដាក់បង្គុយក្បែរខ្ញុំហើយលូកដៃស្ទាបខ្លួនអាល្អិតនេះ តែបេះដូងវាលែងលោតហើយ លែងឮវាដកដង្ហើមហើយ វាងាប់ទាំងនៅលើដៃខ្ញុំនៅឡើយ។ ព្រហ្មលិខិតបញ្ជូនអ្នកទាំងពីរមកឱ្យចួបខ្ញុំហើយពេលនេះក៏យកត្រឡប់ទៅវិញ ហេតុអីទៅ? ហេតុអីធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងកម្សត់យ៉ាងនេះ? សូម្បីតែសត្វមួយក្បាលក៏ខ្ញុំមើលថែមិនបានល្អដែរ ខ្ញុំគ្មានបានការមែន។
មនុស្សដែលខ្ញុំស្រឡាញ់ មិត្តដែលយល់ចិត្តខ្ញុំសុទ្ធត្រូវត្រឡប់ទៅវិញទាំងអស់ គ្មានភាពជានិរន្តន៍សម្រាប់ខ្ញុំទេ។ គ្មាននរណាចង់នៅជាមួយខ្ញុំទេ ពួកគេម្នាក់ៗសុទ្ធតែចាកចេញពីខ្ញុំ។

…គ.ស២០២០…
ខ្ញុំខ្ចាយការចងចាំទាំងអម្បាលមាណដូចផ្សែងក្នុងបរិយាកាស ការពិតនៃអនុស្សាវរីយ៍ទាំងអស់នេះបានកប់ក្នុងជម្រៅបេះដូងខ្ញុំមករហូត ៦ឆ្នាំហើយ! ពេលវេលាបានកន្លងផុតទៅហើយ តែស្នាមអនុស្សាទាំងឡាយហាក់មិនបានសាបសូន្យសោះ។
ខ្ញុំនៅតែសម្លឹងមើលទៅអាខៃនិងម្ចាស់វាដែលមានភាពស្និតស្នាលគ្នាដូចខ្ញុំនិងថក៍យ៉ាងនេះដែរ តែពេលនេះមិត្តរបស់ខ្ញុំគេបានទៅចោលខ្ញុំយូរហើយ ប៉ុន្តែខ្ញុំមិនបានរកអ្នកថ្មីមកជំនួសគេនោះទេ។
អតីតកាលក្លាយជាអនុស្សាវរីយ៍ដែលពិបាកនិងបំភ្លេចបាន ស្នេហាដំបូងបានត្រឹមជាបទពិសោធន៍ បានបង្រៀនខ្ញុំថា…មិនប្រាកដថាគ្រប់របស់ដែលយើងស្រឡាញ់សុទ្ធតែអាចយកមកធ្វើជាកម្មសិទ្ធបាននោះទេ ហើយអ្នកដែលដែលនៅក្បែរយើងក៏មិនដឹងថាថ្ងៃណាគេនិងចាកចេញទៅដែរ រៀនក្តោបក្តាប់ឱកាសឱ្យបានល្អនិងពេញចិត្តនូវអ្វីដែលយើងកំពុងមាន ហើយកុំដាក់ក្តីរំពឹងខ្ពស់ពេកមិនដូច្នេះអ្នកដែលឈឺចាប់គឺយើងខ្លួនឯង។
ប៉ុន្មានឆ្នាំមកនេះខ្ញុំខំរស់នៅឱ្យល្អ ខំធ្វើការ យកការឈឺចាប់នៃការបាត់បង់ប្តូរជាកម្លាំងជម្រុញចិត្ត ព្រោះនៅមានមនុស្សដែលចង់ឃើញខ្ញុំជោគជ័យគឺម៉ាក់! ខ្ញុំមិនត្រូវរុញភាញអវិជ្ជមានចូលមកក្នុងជីវិតព្រោះតែបញ្ហាមួយជ្រុងនោះទេ។
ការរាប់អានរវាងខ្ញុំនិងគាត់ក៏មិនបានកាត់ផ្តាច់ដែរ មែនហើយ! ពីដំបូងខ្ញុំខូចចិត្ត ខ្ញុំឈឺចាប់ តែខ្ញុំមិនអាចទម្លាក់កំហុសឱ្យគាត់បានទេ ព្រោះវាជាការស្ម័គ្រចិត្តតែម្ខាង ការស្រឡាញ់ពិតប្រាកដគឺអាចឃើញមនុស្សដែលយើងស្រឡាញ់មានសេចក្តីសុខនិងអ្វីដែលគេពេញចិត្ត បែបនោះក៏ទុកថាជាក្តីសុខដែរ។
រៀនលះបង់ចំពោះអ្វីដែលយើងគ្មានលទ្ធភាពអាចគ្រប់គ្រងបាន បណ្តោយឱ្យវាទៅតាមដំណើរ តាមតែធម្មជាតិរបស់វា ពេលនោះទុក្ខសោកក៏បានធូស្បើយទៅតាមនេះដែរ។
ខ្ញុំស្រ្កូលការចងចាំល្អៗ ហើយសម្លឹងមើលមកហាងតូចមួយនេះដែលជាញើសឈាមរបស់ខ្ញុំនិងម៉ាក់ ដ្បិតតែថាវាតូច តែវាកើតចេញពីការខំប្រឹងប្រែងនិងការជ្រោមជ្រែងពីអ្នកជុំវិញខ្លួន។
ខ្ញុំសប្បាយចិត្ត ទោះបីថាពេលនេះបេះដូងខ្ញុំត្រូវទុកឱ្យទំនេរចោលហើយមិនដឹងថាលម្ហល្វឹងល្វើយមួយនេះនិងអាចបំពេញបាននៅពេលណាក៏ដោយ តែមិនអីនោះទេ!មនោសញ្ចេតនាបរិសុទ្ធមួយនេះខ្ញុំនិងថែរក្សាវាទុកឱ្យបានល្អ៕