រឿង៖ ស្អប់គ្រូ

ព្រឹកនេះខ្ញុំដើរទៅសាលាដូចសព្វមួយដង តែថ្ងៃនេះរាងទៅយឺតបន្តិច ខ្ញុំដើរបណ្តើររត់បណ្តើរព្រោះសាលានៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ខ្ញុំដើរមិនទាន់ទាំងបានពាក់កណ្តាលផ្លូវផង ស្រាប់តែមានកង់ចាស់មួយជិះមកឈប់នៅពីមុខខ្ញុំ ម្ចាស់កង់គាត់គឺជាអ្នកគ្រូភាព ជាអ្នកគ្រូរបស់ខ្ញុំគាត់បង្រៀនឯកទេសភាសាខ្មែរ។

គ្រាន់តែឃើញខ្ញុំភ្លាមគាត់ស្រាប់តែស្តីឱ្យ៖

“ នីតា! ថ្ងៃនេះទៅរៀនយឺតម៉្លេះអ្ហាះ? នេះម៉ោងប្រាំពីរកន្លះហើយនៅមិនទាន់ទៅដល់សាលា? អ្នកផ្ទះឯងប្រើឯងអីខ្លះបានជាថ្មើរនេះឯងនៅរត់ត្រុកៗនៅឡើយ? តែយើងថាណា មុខហើមៗដូចឯងបែបនេះប្រហែលយប់មិញលេងអាទូរសព្ទស្អីគេនោះដាច់យប់ហើយមើលទៅបានមុខហើមដូចអ្នកផឹកអ៊ីចឹង”

ខ្ញុំមិនតមាត់គាត់បានត្រឹមឱនមុខចុះធ្វើមុខខាំមាត់ទ្រាំ តែមិនបានខឹងគាត់ព្រោះខ្ញុំដឹងថាគាត់តែងតែបែបនេះ គាត់និយាយមកពិតជាត្រូវមែនគ្មានខុសមួយពាក្យទេ សមហើយដែលត្រូវមាត់គាត់នោះ។                             

“ នៅឈ្ងោកមុខភ្លឹកដល់ណា មិនគិតទៅរៀនទៅសូត្រទេអ្ហី! ឡើងជិះកង់ជាមួយយើងមកចាំយើងជាអ្នកឌុប”

មើលចុះគាត់តែបែបហ្នឹង។ សម្តីគាត់ត្រូវថាគឺថាតែម្តងគ្មានខ្លាចគេស្អប់គេខឹងអីទេ សម្តីគាត់អាក្រក់ ពូកែថាឱ្យគេមែនពិតតែចិត្តរបស់គាត់ល្អណាស់។ ខ្ញុំមិនដឹងអ្នកដទៃគិតបែបណា ដាក់រហ័សនាមគាត់ម៉េចខ្លះ តែគាត់សម្រាប់ខ្ញុំ គឺជាអ្នកគ្រូដ៏គួរឱ្យគោរពម្នាក់ បែបនេះហើយទើបខ្ញុំមិនដែលខឹងស្អប់គាត់ដូចសិស្សដទៃ។ ខ្ញុំឆ្លើយតបទៅអ្នកគ្រូ៖

“ អត់ទេអ្នកគ្រូ! ខ្ញុំដើរទៅខ្លួនឯងក៏បាន កុំឱ្យលំបាកអ្នកគ្រូអី “

ខ្ញុំបដិសេធទាំងអេះអុញទៅកាន់គាត់។ ចិត្តមួយចង់ជិះព្រោះម៉ោងហួសច្រើនហើយ តែចិត្តមួយបើជិះទៅខ្លាចលំបាកគាត់ ព្រោះកង់នឹងក៏មិនមែនថ្មីស្រួលធាក់អីដែរ តែគាត់បែរជាកាន់តែស្តីថាឱ្យខ្ញុំ៖                                  

“ គ្រូហៅឱ្យជិះក៏ឡើងជិះមក ស្មានតែគ្រូចង់ឱ្យឯងជិះជាមួយណាស់អី? កុំតែឯងជាសិស្សយើងទេ ឡើងមកឱ្យលឿន ដល់ម៉ោងចូលរៀនហើយកុំនៅលេងចរិតយើងមិនចូលចិត្ត “

ខ្ញុំញញឹមបែបមិនសូវសមហើយក៏ឡើងជិះកង់ជាមួយគាត់។ ជិះបណ្តើរគាត់ទេសនាបណ្តើរទម្រាំដល់សាលាចង់ហឹងត្រចៀក គ្រាន់តែទៅយឺតមួយថ្ងៃសោះអ្នកគ្រូបាញ់មួយរយៗ។

ថ្នាក់រៀន…

ខ្ញុំប្រឹងផ្ចង់អារម្មណ៍ស្តាប់អ្នកគ្រូពន្យល់យ៉ាងយកចិត្តទុកដាក់ព្រោះខ្ញុំចូលចិត្តរៀនម៉ោងគាត់ណាស់ តែពួកគេបែរជាគិតថាគាត់ឱ្យធុញទៅវិញ ដ្បិតថាគាត់មិនចេះកំប្លែង ម៉ឺងម៉ាត់ ហើយសោះកក្រោះបន្តិចមែន តែខ្ញុំចូលចិត្តការពន្យល់មេរៀនរបស់គាត់ណាស់។ 

តែឱ្យតែត្រូវម៉ោងអ្នកគ្រូភាពបង្រៀនមិនសូវជាមានសិស្សមករៀនប៉ុន្មានទេ ព្រោះគេស្អប់អ្នកគ្រូ គាត់ពូកែមួម៉ៅស្តីឱ្យសិស្សមិនទុកមុខ ត្រូវថាគឺថាត្រូវស្តីគឺស្តី សូម្បីមុខគាត់ក៏គេមិនចង់ឃើញ ពួកគេមករៀនតែជិតដល់ថ្ងៃប្រឡងតែប៉ុននោះ។

សំឡេងជួងបន្លឺមកឮសូរតឺងៗអង្រួនឱ្យចិត្តសិស្សានុសិស្សគ្រប់គ្នាអង្គុយនៅតុមិនស្ងៀមអើតមើលទៅតែក្រៅបង្អួច សិស្សថ្នាក់ផ្សេងៗគេដើរបណ្តើរគ្នាជាក្រុមសំដៅទៅកន្លែងផ្ញើកង់ម៉ូតូខ្លះទៀតក៏ដើរទៅផ្ទះ ដោយឡែកតែថ្នាក់របស់ខ្ញុំនៅមិនទាន់បានចេញនិងគេ អ្នកគ្រូនិយាយ៖

“មើលមកក្តាខៀនកុំជ្រួលជ្រើម ថែមតែប៉ុន្មាននាទីទៀតទេ បើរៀនមិនចប់មេរៀននេះ កុំសង្ឃឹមថាបានចេញ ចូលយឺតម៉ោងខាតពេលមិនគិតទេ ឮកណ្តឹងមិនទាន់នាំគ្នារៀបកាតាប ចុះបើប្រឡងឆមាសចេញ? សរសេរស្អីវិញ?“

“ហ៊ើយ…” សំឡេងសិស្សបន្លឺឡើងទាំងធុញទ្រាន់។ អ្នកគ្រូសម្លក់ សិស្សម្នាក់តវ៉ា៖

 “តែអ្នកគ្រូថ្នាក់គេផ្សេងចេញអស់ហើយ ពួកខ្ញុំឃ្លានបាយណាស់ អ្នកគ្រូបង្រៀនមិនចេះមើលគេមើលឯងទេអី? “

អ្នកគ្រូមិនមាត់ គាត់ប្រឹងកត់មេរៀនបន្តដើម្បីពន្យល់ តែម្នាក់នៅជាប់តុខ្ញុំបែរជានិយាយឡើង៖

“ នាងភា! ឆ្ងល់អ្នកគ្រូសង្វិតនឹងណាស់អត់ចេះធុញសោះ បង្រៀននោះបង្រៀន “

ណារីនិយាយខ្សឹបប្រាប់សោភា ស្រាប់តែដីសហោះវើរំលងក្បាលខ្ញុំកាត់ភាពចេចចាច ទៅធ្លាក់នៅតុរបស់ណារីនិងសោភា ចេះពួកនាងគេចទាន់កុំអីឆ្ងាញ់។ 

ម្នាក់ស្រាប់តែសើចឮៗស្តីឱ្យអ្នកទាំងពីរដែលមុខឌឺមិនចេះខ្មាស់សោះ៖

“សមមុខពួកឯងហើយនិយាយដើមគ្រូខ្លាចគេមិនឮ?“

“ឱ្យស្ងាត់! ពួកឯងរាល់គ្នាស្មានថាខ្ញុំចង់ណាស់អ្ហេស? បានជានាំគ្នាប្រឹងស្រែកចំទាលម្លឹង? ចេះខ្ញុំអីអ្ហាស? មើលខ្ញុំសួរ? “

អ្នកគ្រូនិយាយហើយដើរទៅអង្គុយនៅតុ គាត់ដកដង្ហើមធំរៀបសៀវភៅដាក់ចូលក្នុងកាតាប អ្នកគ្រូបន្លឺវាចាតសម្តីរបស់គាត់

“ លើកក្រោយបើមិនពេញចិត្តម៉ោងខ្ញុំមិនបាច់ចូលរៀនទេ ព្រោះបើមិនរៀនមករញ៉េរញ៉ៃរំខានគេដដែល កុំចូលល្អជាង!“  សិស្សគ្រប់គ្នាអង្គុយត្រង់ខ្លួនស្ងាត់ឱ្យជ្រាប លើកលែងតែសោភាហ៊ាននិយាយកាត់អ្នកគ្រូ៖

“បើមិនយកអវត្តមាន ពួកខ្ញុំច្បាស់មិនចូលហើយ!“

ខ្ញុំកោតចិត្តណាស់ដែលពួកគេហ៊ាននិយាយបែបនឹងចេញមក។ អ្នកគ្រូឈរបង្រៀនមិនសូវបានអង្គុយទេ គាត់ធាក់កង់ចាស់ផ្លូវឆ្ងាយរាប់គីឡូ ពួកគេមិនចាប់អារម្មណ៍ តែខ្ញុំដឹងថាគាត់មិនសូវជាធូរធារឡើយ មិនថាឈឺ ឬមានភ្លៀងខ្លាំង គាត់កម្រនឹងសម្រាកណាស់ ត្រដរមកបង្រៀនព្រោះខ្លាចសិស្សមិនចេះ តែចុងក្រោយបែរជាមកឮសម្តីបែបនេះទៅវិញ?

អ្នកគ្រូអង្គុយក្រវីក្បាល ញញឹមស្ងួត ខ្ញុំមើលឃើញការអន់ចិត្ត នឹងខកចិត្តតាមពន្លឺភ្នែករបស់គាត់ ហើយអ្នកគ្រូក៏តបទៅវិញហាក់អស់ទឹកចិត្ត អស់កម្លាំងកាលដែលត្រូវចួបសិស្សដូចពួកគេ៖

“អញ្ជើញ! ខ្ញុំមិនយកទេ!“

“អរគុណហើយអ្នកគ្រូ!“

ពួកគេឌឺណាស់ ហើយក៏នាំគ្នាទាញកាតាបដើរចេញទាំងមិនក្រែងចិត្ត។ បែបនេះគ្មានបានអ្វីមកវិញទេ ក្នុងនាមជាសិស្ស ទោះមិនចូលចិត្តមុខវិជ្ជា ឬមិនចូលចិត្តគ្រូក៏គួរកុំមើលងាយ ឬស៊កសៀត ឌឺដងបែបនេះ គាត់ក៏ជាអ្នកមានគុណមិនខុសពីឪពុកម្តាយយើងដែរ។

អ្នកគ្រូនៅស្ងៀមមួយសន្ទុះក៏និយាយតិចៗឡើង៖

“មានអ្នកណាចង់ចេញទៀតអត់? ចេញបាន!“

អ្នកគ្រូទឹកមុខស្មើសម្លឹងសិស្សគ្រប់គ្នា។ ប្រុសៗពីរបីនាក់ទៀតទាញកាតាបចេញដែរ ក្នុងថ្នាក់ដែលសិស្សអវត្តមានផង មានមិនដល់ដប់នាក់ទេ។ ពួកយើងអង្គុយស្ងៀមមិនមាត់ អស់អ្នកចង់ចេញពីថ្នាក់អ្នកគ្រូក៏បន្ត៖

“ប្រាំនាទីទៀតចេញបាន ប៉ូវម៉ោងចូលយឺត!“  អ្នកគ្រូនិយាយហាក់អស់កម្លាំងរលីង។

 “ចាស៎! អ្នកគ្រូ“

  “បាទ! អ្នកគ្រូ“

ប្រាំនាទីដើរលឿនសឹងអី ពន្យល់មួយភ្លែតមិនក្បោះក្បាយផងក៏ចប់ទៅហើយ។ អ្នកគ្រូដាក់លំហាត់ហើយក៏ផ្តាំថា៖

“ បើសិនជាមិនយល់ត្រង់ណាសួរមិត្តភក្តិដែលគេចេះជាងយើង  បើសួរហើយនៅតែមិនយល់អាចមកសួរគ្រូបន្ថែមនៅផ្ទះបាន។ វណ្ណឌី ចិត្រា សិលា ស្រីនា ពួកឯងរៀនខ្សោយជាងគេព្យាយាមមើលមេរៀនផង ពេលថ្ងៃបើទំនេរឧស្សាហ៍បបួលគ្នាទៅរៀនបន្ថែមនៅផ្ទះគ្រូៗគ្រូមិនយកលុយទេ“  ពួកគេឆ្លើយដំណាលគ្នា

“ចាស /បាទ អ្នកគ្រូ “

“អាចចេញបានហើយ“ អ្នកគ្រូយួរកាតាបដើរចេញទៅពួកយើងក្រោកឈគោរព លុះអ្នកគ្រូចេញផុតក៏នាំគ្នារូតរះដើរសំដៅទៅកន្លែងផ្ងើម៉ូតូ។

មួយអាទិត្យក្រោយមក 

នៅខ្វះមិនប៉ុន្មានថ្ងៃទៀតដល់ថ្ងៃប្រឡងសិស្សគ្រប់គ្នានាំគ្នាមករៀនឡើងពេញថ្នាក់ស្ទើរតែគ្មានតុទំនេរចន្លោះដូចរាល់ដង។  យូរទៅខ្ញុំហាក់ដូចមិនទម្លាប់នឹងការរៀនដែលមានសិស្សមករៀនត្រៀបត្រាពេញថ្នាក់បែបនេះ ពួកគេគួរឱ្យធុញណាស់  វាហាក់ខុសពីសភាពរាល់ដងដែលតែងស្ងប់ស្ងាត់ ។ សំឡេងចេចចាចដូចសម្បុកចាបគួបផ្សំនិងពួកសិស្សប្រលែងគ្នាលេងយ៉ាងរញ៉េរញៃគ្មានសណ្តាប់ធ្នាប់ ធ្វើខ្លួនមិនសមជាសិស្ស ធ្វើឱ្យខ្ញុំតឹងទ្រូងថប់ដង្ហើមមួម៉ៅរៀនមិនចូល។

ខ្ញុំរៀនទាំងតប់ប្រមល់ មិនទាន់ចប់ម៉ោងស្រួលបួលផង ណារីនិងសោភាអង្គុយតុក្រោយជាប់ខ្ញុំ បានវាយប្រតាយប្រតប់គ្នាឱ្យដូចមាន់ជល់ សំឡេងរញ៉េរញ៉ៃក៏បានបន្លឺឡើងបង្កើតជាភាពអ៊ូអរ ផ្អើលអស់សិក្សានុសិស្សរួមសាលានាំគ្នាមកមើល។ ពេលនេះអ្នកគ្រូមិននៅទេ មុននេះគាត់ត្រូវទៅទីចាត់ការ មិនចាំយូរខ្ញុំក៏បានរត់ទៅហៅអ្នកគ្រូមិននៅនិយាយដេញដោលច្រើន អ្នកគ្រូបោះជំហានដើរទាំងប្រញាប់ប្រញាល់សំដៅមកថ្នាក់រៀន ។                                               

“ពួកឯងឈប់ភ្លាម! ម៉េចបានជាមកវៃគ្នាឱ្យដូចឆ្កែឆ្មាអ៊ីចឹង? អត់ចេះគិតទេហ្អី ពួកឯងទាំងពីរនាក់អាងស្អីរាល់ថ្ងៃនឹង? ខ្លួនជាស្រីផងមកវៃគ្នានៅកណ្តាលហ្វូង ពួកឯងទាំងពីរអ្នកឆាប់ចេញមកឈរនៅមុខក្តារខៀន“

មើលទៅអ្នកគ្រូគាត់ដូចជាខឹងខ្លាំងណាស់ ខ្ញុំសង្ឃឹមថានឹងមិនមានរឿងអីកើតឡើងទៅចុះខ្ញុំនិយាយខ្សឹបៗក្នុងចិត្ត 

“អ្នកគ្រូអើយឱ្យវារួចៗទៅកុំទៅប្រដៅពួកហ្នឹងអី គ្មានប្រយោជន៍ទេ” ខ្ញុំគិតមិនទាន់បានប៉ុន្មានផងអ្នកគ្រូក៏បានហៅខ្ញុំ

“នីតាទៅកាច់រំពាត់មកឱ្យគ្រូ យកអាធំពីរបីមក ទៅកាច់ឲ្យលឿនបន្តិចគ្រូចាំ“ ខ្ញុំមិនមាត់ត្រឹមតែមើលមុខអ្នកគ្រូហើយ មិនភ្លេចក្រឡេកមើលទៅទឹកមុខរបស់ណារីនិងសោភាដែលឈោកមុខសឹងដល់ដី។

មិនយូប៉ុន្មានខ្ញុំក៏បានយករំពាត់ទៅឱ្យអ្នកគ្រូ អ្នកគ្រូគាត់ទទួលយក។  ណារីនិងសោភាពួកនាងសម្លក់ខ្ញុំមិនដាក់ប្រសី ប្រហែលជាខឹងនឹងខ្ញុំបែកផ្សែងហើយមើលទៅ។ អ្នកគ្រូវាយពីនាក់នោះដាក់យកៗតែម្តង មើលទៅអ្នកគ្រូដូចជាហួសហេតុពេកហើយ គ្រាន់តែស្តីថាបានហើយហេតុអីចាំបាច់វាយនាងដល់ថ្នាក់ហ្នឹង។

សិស្សទាំងអស់នាំគ្នាទៅចាប់អ្នកគ្រូព្រោះមើលទៅអ្នកគ្រូដូចជាខុសប្លែកពីធម្មតា។

“អ្នកគ្រូ! អ្នកគ្រូបានហើយដាក់ទោសពួកនាងប៉ុណឹ្ណងបានហើយ“  នៅពេលសិស្សនាំគ្នាឃាត់ អ្នកគ្រូក៏ព្រមលែងដៃពីរំពាត់ 

“ណារី! សោភា! អ្នកគ្រូសុំទោស “ អ្នកគ្រូថាហើយក៏ដើរចេញទាំងទឹកមុខស្រពាប់ស្រពោន។

ណារីនិងភាឈរយំឡើងញ័រខ្លួនព្រោះតែអ្នកគ្រូវាយនាងធ្ងន់ដៃពេក។ អ្នកគ្រូមើលទៅដូចជាមនុស្សគ្មានម្ចាស់ការលើខ្លួនឯងសោះ ខ្ញុំចាប់ផ្តើមឆ្ងល់ហើយ ស្គាល់គាត់យូកាន់តែពិបាកយល់ពីគាត់ ពីមុនខ្ញុំឮមកថាអ្នកគ្រូមិនមែនជាមនុស្សពូកែខឹងច្រើនអីបែបនេះទេ ហេតុអីឥឡូវគាត់ក្លាយទៅជាបែបនេះ។ 

សប្តាហ៍ថ្មី

ថ្ងៃនេះជាថ្ងៃប្រលងឆមាស មិនយូរប៉ុន្មានទេ ពួកយើងនឹងបានឡើងថ្នាក់ លែងបាននៅរៀនជាមួយអ្នកគ្រូ។ 

ពេលដែលខ្ញុំកំពុងលេងជាមួយមិត្តភិក្ភសុខៗ ខ្ញុំក៏វាសភ្នែកដោយចៃដន្យមើលទៅថ្នាក់រៀនក៏ឃើញអ្នកគ្រូនៅអង្គុយក្នុងថ្នាក់ ខ្ញុំមើលទៅគាត់ដូចជាស្មុកស្មាញដល់ហើយ តើគាត់កំពុងមានរឿងអីទៅ? ហេតុតែបារម្ភពីសុខទុក្ខអ្នកគ្រូពេកខ្ញុំក៏ដើរទៅមើលគាត់ចោលអារម្មណ៍សប្បាយរីករាយជាមួយមិត្តភិក្ភ ។                                                                                                             

“ អ្នកគ្រូមានរឿងអីមែនទេ បានជាអ្នកគ្រូមើលទៅដូចជាតប់ប្រមល់ម្ល៉េះ?”                                                                                                         

“អ្នកគ្រូមិនអីទេឯងទៅលេងជាមួយមិត្តចុះ កុំមកខ្វល់ពីអ្នកគ្រូ អ្នកគ្រូគ្រាន់តែស្មុគស្មាញបន្តិចបន្តួចទៅលេងជាមួយមិត្តភិក្ភចុះកុំចង់ចេះដឹងរឿងចាស់ៗ គេហៅក្មេងមិនល្អ “                                                 

“ចាស៎អ្នកគ្រូ“ ខ្ញុំស្តាប់ប្រសាសន៍អ្នកគ្រូរួចក៏ដើរចេញទៅទាំងមិនភ្លេចងាកក្រោយមើលទៅអ្នកគ្រូ ភ្នែកខ្ញុំបើកធំៗញ័រអស់ដើមទ្រូងពេលឃើញអ្នកគ្រូ កាន់កូនកន្សែងមានសុទ្ធតែឈាមខ្ញុំស្ទុះដើចូលទៅមើលអ្នកគ្រូទាំងតក់ក្រហល់។                                                       

“នេះអ្នកគ្រូកើតអីនិងបានជា កន្សែងអ្នកគ្រូមានសុទ្ធតែឈាមបែបនេះ អ្នកគ្រូកើតអី??“

អ្នកគ្រូប្រកែក           

“គ្មានរឿងស្អី! ទេឆាប់ចេញទៅ“ 

ខ្ញុំនៅតែចចេសសួរ                                                                         

“គ្មានអីយ៉ាងម៉េច ឈាមទាំងថ្លុកនៅនឹងដៃហើយ អ្នកគ្រូកើតអី?“   

“ គ្រូថាគ្មានគឺគ្មានហើយឆាប់ចេញទៅ“ ខ្ញុំនៅតែមិនអស់ចិត្ត ដណ្តើមកូនកន្សែងអ្នកគ្រូមកមើល អ្នកគ្រូទាញកញ្ឈក់យកវាមកវិញហើយថែមទាំងទះខ្ញុំមួយដៃកណ្តាលមុខ។

ផាច់!!!

អ្នកគ្រូដើចេញទៅមិនខ្វល់ពីអារម្មណ៍របស់ខ្ញុំ ពេលនេះទឹកភ្នែកខ្ញុំហូរទាំងភាពឈឺចាប់ខកចិត្ត គ្រាន់តែខ្ញុំសួរ ប៉ុណ្ណឹងសោះអ្នកគ្រូខឹងខ្ញុំដល់ម្ល៉ឹង ខ្ញុំខុសមែន? ដែលខំបារម្ភពីគាត់ខ្ញុំស្មានខុសហើយដែលថាអ្នកគ្រូមិនដូចអ្វីដែលពួកគេគិត  តាមពិតអ្នកគ្រូជាមនុស្សយកកំហឹងមកបាំងមុខ ខ្ញុំស្អប់អ្នកគ្រូអ្នកគ្រូយល់តែពីចិត្តខ្លួនឯង គាត់ពិតជាអាក្រក់ដូចជាគេថាមិនខុស ខ្ញុំពិតជាឈឺចិត្តខ្លាំងណាស់មិននឹកស្មានថាអ្នកគ្រូខឹងខ្ញុំដល់ថ្នាក់ ហ៊ានទះខ្ញុំ ។ 

វេយោបក់ផាយផាត់នាំយកពពកខ្មៅអ៊ួអាប់មកបាំងពន្លឺរស្មីព្រះអាទិត្យដែលទើបនឹងរះបញ្ជាំងផ្ទៃផែនដី ខ្ញុំស្ពាយកាតាបរត់ទៅសាលាក្រោមមេឃភ្លៀងរលឹមផ្សែងក្រូច ។  រត់មកដល់ផ្លូវខ្ញុំឃើញអ្នកគ្រូកំពុងតែឈរឆ្កិះដីចេញពីគម្របភុកក្រោមមេឃរលឹមយ៉ាងគួរឱ្យអាណិត ខ្ញុំដើរធ្វើជាមើលមិនឃើញអ្នកគ្រូ ។

“នីតា! ទៅរៀនហើយហ៎“ ខ្ញុំធ្វើជាមិនឮសំឡេងរបស់អ្នកគ្រូដាក់ដៃចូលក្នុងខោបាវអាវក្រៅដើរធ្វើធម្មតា។

“អ្នកគ្រូដឹងថាឯងធ្វើពើជាមិនឮសំដីរបស់គ្រូ អ្នកគ្រូសុំទោស! ដែលជ្រុលដៃទះឯង…អ្នកគ្រូមិនមានបំណងទេគ្រាន់តែ…” មិនចាំអ្នកគ្រូនិយាយចប់សេចក្តីខ្ញុំស្ទុះរត់ទៅមុខលឿនដូចព្យុះ ព្រោះមេឃកាន់តែបង្អុរភ្លៀងខ្លាំងណាមួយខ្ញុំមិនចង់ឮសម្ដីរបស់អ្នកគ្រូ។

សំឡេងជួងបន្លឺរឡើងខ្ញុំរត់ទៅដល់ថ្នាក់រៀនល្មម ខ្ញុំដើរចូលថ្នាក់ទាំងគ្មានអារម្មណ៍។  សំឡេងមិត្តរួមថ្នាក់របស់ខ្ញុំឈជជែកគ្នាឮចេចចាច

“ថ្ងៃនេះដឹងតែគ្រូមិនរៀនហើយពួកឯងយើងធានា”

“ដេកចាំដាំចេកទៅវើយ ត្រូវម៉ោងអ្នកគ្រូភាពផងចាំតែគាត់ឈប់ចុះភ្លៀងបាក់មេឃលិចភូមិក៏គាត់ជិះទូកមកបង្រៀនឱ្យទាល់តែបានដែល“

“និយាយដើមដង្ហើមមកដល់ល្មម ឯងមើលណ៎ កំពុងតែបណ្តើរកង់ប្រញាប់ប្រញាល់មកហើយ“

“មេឃភ្លៀងយ៉ាងហ្នឹងហើយនៅមកបង្រៀនកើតទៀតសុំខ្លាចគាត់ហើយ តស់! ពួកឯងចូលថ្នាក់ ប្រយ័ត្នត្រូវមាត់អ្នកគ្រូទាំងព្រឹក“ សំឡេងនិយាយគ្នា បានស្ងប់ស្ងាត់ឮតែសំឡេងតំណក់ទឹកភ្លៀងធ្លាក់ចុះលើដំបូលសាលា។

អ្នកគ្រូបោះជំហានដើរចូលថ្នាក់ទាំងសម្លៀកបំពាក់ទទឹក ពួកយើងក្រោកឈរគោរពអ្នកគ្រូ។

“ខ្ញុំសូមជម្រាបសួរ! អ្នកគ្រូ“  អ្នកគ្រូធ្វើដៃឱ្យពួកយើងអង្គុយចុះ។

“អរគុណអ្នកគ្រូ“

“ គ្រូសុំទោស ថ្ងៃនេះមកយឺតបន្តិចហើយ អាទិត្យមុនយើងរៀនដល់មេរៀនទីប៉ុន្មានហើយ “ 

ស្រីនានិយាយ÷

“អាទិត្យមុនយើងរៀនចប់មេរៀនទី៧ ចំណងជើងអក្សរសាស្រ្តនិងអក្សរសិល្ប៍ខ្មែរ“

អ្នកគ្រូញញឹមហើយនិយាយ

“ល្អ! អរគុណប្អូន  ពួកយើងបិទសៀវភៅទុកក្នុងតុ រំឭកមេរៀនបន្តិច“ 

គ្រប់គ្នាបិទសៀវភៅពុម្ពភាសាខ្មែរដាក់ចូលក្នុងកិតុទាំងអារម្មណ៍ភិតភ័យខ្លាចអ្នកគ្រូហៅសួរសំណួរ។

“វណ្ណឌី! ដូចមេ្តចដែលហៅថាអក្សរសិល្ប៍“ សិស្សគ្រប់គ្នានាំគ្នាសើច ព្រោះគេដឹងថាវណ្ណឌីមិនទាំងចេះអានផងម៉េចនឹងឆ្លើយសំណួរអ្នកគ្រូសួរចេញ វណ្ណឌីលើកខោរលុងអត់ខ្សែក្រវាត់ដៃទាញអាវឱ្យចំភ្លីឈរផ្អៀងខ្លួន ដៃលើកសំពះអ្នកគ្រូ វណ្ណឌីនិយាយ÷

“ បាទ! អ្នកគ្រូ អក្សសិល្ប៍ គឺជាប្រភេទរឿងដែលតែងឡើងប្រកបដោយសិល្ប៍ ពោលគឺបំណិនប្រសប់ក្នុងការតែងរបស់អ្នកនិពន្ធ ដែលធ្វើឱ្យអ្នកអានឬអ្នកស្តាប់ចូលចិត្តចាប់អារម្មណ៍រំភើបញាប់ញ័រទៅតាមបញ្ហារបស់រឿង“ វណ្ណឌីឆ្លើយទាំងភាពជឿជាក់ ញាក់ចញ្ចើមដាក់មិត្តដែលសើចខ្លួន ខ្ញុំក៏ភ្ញាក់ដូចគ្នាមិននឹកស្មានសិស្សខ្ជិលកំហួចដូចជាគេអាចឆ្លើយសំណួររបស់អ្នកគ្រូបាន ។

“ចា៎! ត្រឹមត្រូវណាស់អរគុណឌី តែខោដាក់ខ្សែក្រវាត់ធនុញអាវឱ្យមានរបៀបរៀបរយផង អាចអង្គុយចុះបាន“

“បាទ! អរគុណអ្នកគ្រូ“ សិស្សគ្រប់គ្នាស្ញប់ស្ញែងនាយឌី សរសើរគេមិនដាច់ពីមាត់។ 

“អ្នកគ្រូ! សុំចូលរៀន“ ពួកយើងទម្លាក់ប៊ិកចុះក្រឡេកមើលទៅម្ចាស់សំឡេងដែលទើបនឹងចូលមក។ ដានីក្នុងសំពត់លើជង្គង់អាវដៃខ្លីទម្លាក់ទីនុញស្បែកជើងរោមសត្វពាក់ចូលបន្ទប់ទឹកទើបសមទំនង នាងទម្លាក់សក់ខ្លីក្រហមបែកមង្ឃុតដូចនារីបែកអឺរ៉ុប បបូមាត់ក្រហមទំដូចយាយៗហូបម្លូស្លា អ្នកគ្រូសម្លឹងមុខរបស់ដានីទាំងមុខមាំ។

“អញ្ជើញ គេរៀនជិតចេញហើយឯងទើបអើតកមក ទៅរកស៊ីអីទាន់គេបើម៉ាកៗហ្នឹង“

“មេឃភ្លៀងមកអត់រួចអ្នកគ្រូ“ ដានីចូលអង្គុយតបទៅកាន់អ្នកគ្រូ

“យើងកើតមកឃើញព្រះអាទិត្យមុនឯង ឯងធ្វើអីស្មានតែយើងមិនដឹងអ្ហះ! ខ្លួនជាស្រីប្រៀបដូចជាក្រណាត់សតែប្រឡាក់ភក់ជ្រាំហើយទោះជាបោកគក់យ៉ាងណាក៏វាមិនស្អាតដូចដើម វ័យនេះវ័យរៀនមិនមែនជាវ័យមានសង្សារទៅឱបថើបគ្នានៅតាមហាងកាហ្វេទេ ធ្វើខ្លួនមិនសមជាសិស្សដូចជាស្រីរកស៊ី ម្តាយឯធ្វើសំណង់តើហ្ហីម្តេចក៏ឯងធ្វើខ្លួនមើលតែកូនជំទាវ“ អ្នកគ្រូទេសនាមួយគ្រែកាត់ព្រឹក ដានីឈ្ងោកមុខចុះព្រោះនាងអាម៉ាស់ដែលអ្នកគ្រូដៀលមិនទុកមុខឲ្យនៅមុខមិត្តរួមថ្នាក់។

សំឡេងជួងបន្លឺឡើងសិស្សគ្រប់គ្នារៀបចំកាតាបដាក់ចូលក្នុងតុចេញលេង។ ខ្ញុំនិងមិត្តភិក្ភជិតស្និទ្ធរបស់ខ្ញុំពីបីនាក់នាំគ្នាទៅអង្គុយនិយាយគ្នាលេងនៅបង់ក្រោមអំពិលទឹកបារាំង ។  នៅបង់ក្បែរនោះក៏មានអ្នកគ្រូលោកគ្រូបួនប្រាំនាក់កំពុងអង្គុយពិសាតែជុំគ្នាផងដែរ។

“លោកគ្រូសំអូន មើលថ្នាក់អ្នកគ្រូជោនោះចុះមេឃភ្លៀងអ៊ីចឹងហើយនៅបង្រៀនសិស្សទៀត ធ្វើយកមុខយកមាត់ឱ្យគេសរសើរ “

“សម្បត្តិឯងទៅនិយាយអី បង្រៀនសិស្សយូរៗឃើញតែសិស្សស្អប់ អ្នកគ្រូភាពបង្រៀនចាស់តែឆ្នាំស្វិតតែរាងបង្រៀនសិស្សគ្មានឃើញចេះអីទេ“ 

“សិស្សខ្ញុំមករៀនគួរ វានាំគ្នានិយាយថាអ្នកគ្រូភាពបង្រៀនដល់ម៉ោងមិនចង់ឱ្យពួកវាចេញទេ គ្នាថាធុញនោះធុញ“  ពួកខ្ញុំទ្រាំស្តាប់សម្តីរបស់លោកគ្រូអ្នកគ្រូនិយាយមិនល្អពីរអ្នកគ្រូមិនបានក៏នាំគ្នាងើបចេញទៅថ្នាក់រៀន។  មានអារម្មណ៍តានតឹងពេកខ្ញុំក៏បើក Facebook មើល អូសចុះអូសឡើងក៏ឃើញវីដេអូខ្ញុំនិងអ្នកគ្រូដែលមានប្រធានបទធំៗបានសរសេរថា។                                                                                          

“គ្រាន់តែរឿងបន្តិចបន្តួចសោះគ្រូម្នាក់នេះហ៊ានលើកដៃវាយសិស្សគ្មានសំចៃដៃ“ ពេលនេះមនុស្សទូទាំងប្រទេសបានឃើញវីដេអូនេះ មានអ្នក like Share រាប់ពាន់នាក់។  ខ្ញុំក៏អាណិតអ្នកគ្រូដែរ តែធ្វើម៉េចបើគាត់ជាមនុស្សចរិតបែបហ្នឹងមែន។ ខ្ញុំប្រញាប់ស្ពាយកាតាបរត់ទៅនិយាយពន្យល់ប្រាប់ឪពុក​ម្តាយ​ខ្ញុំនៅឯផ្ទះ ពីរឿងហេតុបានកើតឡើង ខ្ញុំខ្លាចពួកគាត់ស្អប់ខឹងអ្នកគ្រូដល់ថ្នាក់ផ្ទុះកំហឹងដល់ថ្នាក់ប្តឹងផ្តល់។

ខ្ញុំរត់ទាំងដង្ហក់ខ្យល់សំដៅទៅពុកម៉ែដែលកំពុងតែអង្គុយទល់មុខគ្នាចុចទូរស័ព្ទញាប់ដៃ។ ម៉ែនិងពុករត់ស្រមកចាប់ដៃខ្ញុំសួរ ។

“វីដេអូគេបង្ហោះតើពិតអត់នីតា?”

“ពុកម៉ែ រឿងហេតុកើតឡើងមកពីរខ្ញុំចង់ចេះចង់ដឹងរឿងគាត់ដោយខ្លួនឯងទេ បានជាគាត់ខឹងដល់ថ្នាក់ទះខ្ញុំ “ 

“ហ៊ឹម! កូនឯងនេះ ធំហើយនៅមិនទាន់ដឹងអីជាអីទៀត អ្នកគ្រូហ្នឹងក៏អ៊ីចឹងរឿងបន្តិចបន្តួចលើកលែងឱ្យក្មេងខ្លះទៅអត់ បង្កឱ្យខ្លាចជារឿងទាល់តែបាន”  ប៉ានិយាយ

“អត់ទោសឱ្យគាត់ទៅនីតា! ឯងក៏មានចំណែកខុស កុំខឹងគុំគួនគាត់អីយ៉ាងណាគាត់ជាគ្រូយើង“ 

“ចា៎! ពុក“

ម៉ែអង្គុយចុះនៅលើគ្រែដកដង្ហើមធំៗ           

“ហ៊ឹម!  ពុកឯងនិយាយក៏ត្រូវម្យ៉ាង បើទៅរករឿងគាត់ក៏មិនបានអ្វីមកវិញ  នីតាឯងគួតែធ្វើវីដេអូបកស្រាយប្រាប់ឱ្យគេលុបវិញទៅព្រោះខ្លាចមានរឿងកាន់តែធំ គេដេញគាត់ចេញពីសាលាគាត់គ្មានអ្នកណាជាទីពឹងនោះទេ យ៉ាងណាគាត់ក៏ជាគ្រូឯងដែរ ទោះបីគាត់ខុសក៏ដោយ“

ស្តាប់សម្តីរបស់ពុកម៉ែខ្ញុំក៏ចុចបើក Facebook live ទាំងតានតឹងឱ្យឆាប់ចប់រឿងកុំឱ្យមានរឿងកាន់តែធំដល់អ្នកគ្រូ។

“ជម្រាបសួរ! បងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះនីតា ជាក្មេងស្រីម្នាក់នៅក្នុងវីដេអូដែលអ្នកទាំងអស់គ្នាបានឃើញ អ្នកគ្រូធ្វើទង្វើមិនគប្បីដាក់ខ្ញុំ  តាមពិតវាគ្រាន់តែជារឿងយល់ច្រឡំទេ នៅពីក្រោយរឿងហេតុមិនដូចជាអ្វីដែរ អ្នកទាំងអស់គ្នាបានឃើញបើមិនទាន់ដឹងរឿងហេតុដែលកើតឡើងច្បាស់កុំចេះតែសនិដ្ឋានវាយតម្លៃថាអ្នកនេះខុសអ្នកនោះខុស     បើសិនជាខ្ញុំនៅតែឃើញវីដេអូមួយនេះនៅលើបណ្តាយសង្គមខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់“  

ពីរបីថ្ងៃក្រោយមកព័ត៌រមានរឿងវីដេអូក៏បានស្ងាត់ តែអ្នកគ្រូទទួលរងការប្រមាថមើលងាយពីសំណាក់អ្នកលេងបណ្តាយសង្គមនិងមាតាបិតារបស់សិស្ស ពួកគាត់បានទៅតវ៉ាឲ្យបណ្តេញអ្នកគ្រូចេញពីសាលាតែនាយកសាលាគាត់មិនទាន់កាត់ក្តីនៅឡើយទេ គាត់សូមគិតពិចារណាសិន។

 …………………………

ប្រលងឆមាសបានបញ្ចប់ ខ្ញុំក៏ត្រូវសាលាចាត់តាំងឱ្យទៅប្រឡងដេញដោលមតិនៅឯរាជធានីតំណាងឱ្យសិស្សានុសិស្សទាំងមូលក្នុងសាលា អ្នកគ្រូបានបង្វឹកខ្ញុំអស់ពេលជាច្រើនខែ តែទីបំផុត ភាពជាគ្រូហើយនិងសិស្សត្រូវបានមកចប់ក្នុងរយៈពេលដ៏ខ្លីមួយ។

ពេលនេះខ្ញុំបានមកកដល់ភ្នំពេញហើយ ពេលខ្ញុំបានមកដល់កន្លែងស្នាក់មានលេខមួយខ្សែទាក់ទងមកខ្ញុំតាំងពីកន្លះម៉ោងមុនតែខ្ញុំមិនបានលើក ខ្ញុំបើកទូរសព្ទមកមើលក៏ឃើញថាលេខនេះ                                                          ជាលេខអ្នកគ្រូ ខ្ញុំចុចទាក់ទងទៅគាត់វិញតែយ៉ាងណាក៏គាត់មិនលើក។ 

ខ្ញុំបិទទូរសព្ទទុករួចទៅញ៉ាំបាយជាមួយដៃគូដទៃទៀតដែលបានមកចូលរួមប្រលងជាមួយគ្នា។ ញ៉ាំបាយរួចខ្ញុំក៏ងូតទឹកគេងមិនបាននៅបញ្ឈរភ្នែកលេងទូរសព្ទយូរ ព្រោះតែធ្វើដំណើរឆ្ងាយពេកធ្វើឱ្យខ្ញុំអស់កម្លាំងស្ទើរតែបើកភ្នែកពុំរួច។ 

រស្មីចែងចាំងបំភ្លឺលោកា ម៉ោងចេះតែរំកិលនាទីទ្រនិចទៅមុខ ពេលប្រលងក៏បានឈានចូលមកមកដល់​។ ខ្ញុំភ័យណាស់ រហូតដល់នឹកឃើញសម្ដីអ្នកគ្រូភាពតែងតែទូន្មាន ចិត្តខ្ញុំស្អប់អ្នកគ្រូមែន ប៉ុន្តែខ្ញុំនឹកទៅដល់ពាក្យសម្ដីរបស់គាត់គ្រប់មាត់។

ការប្រលងក៏ចេះតែរលូនទៅមុខ ខ្ញុំបានយកឈ្នះផ្តួលដៃគូប្រកួតមកពីសាលាដទៃរហូតមកដល់ជុំចុងក្រោយពេលនេះនៅសល់តែសមាជិកបីអ្នកទៀតប៉ុននោះ។ ខ្ញុំភ័យឡើងញ័រដៃញ័រជើង មើលទៅបេក្ខជនដទៃក៏ភ័យដូចខ្ញុំដែរ។ ខ្ញុំមិននឹកស្មានថាខ្ញុំអាចឆ្លងផុតមកដល់វគ្គនេះទាល់តែសោះ ពេលនេះអ្នកគ្រប់គ្រងកម្មពិធីគាត់ឱ្យពេលពួកយើងសម្រាកបន្តិចដើម្បីគម្លាតពេលវេលា កុំឲ្យពួកយើងស្មុគស្មាញ ភ័យតក់ក្រហល់។

ខ្ញុំអង្គុយមិនទាន់បានប៉ុន្មានផងសំឡេងទូរសព្ទក៏បានរោទ៍ឡើង។                                                                                                                              

“ហេឡូ!នណាគេហ្នឹង“                                                                                                        

“នីតា! គឺខ្ញុំ រីណា“   

“អ៎! រីណាទេហ៎ មានរឿងអីបានជាតេមក?“ 

ខ្ញុំហាក់ដូចជាចម្លែកចិត្ត ព្រោះខ្ញុំនិងរីណាមិនដែលមានទំនាក់ទំនងល្អនឹងគ្នាដល់ថ្នាក់ call មកបែបនេះ។                                                                                        

“នីតាឯងទប់ស្មារតីណា“ នាងនិយាយប៉ុណ្ណឹងហើយក៏ស្ងាត់ទៅ មិនឮនាងនិយាយត ឮតែសំឡេងអ្វីមិនដឹងទេ? ដូចជាមានមនុស្សកំពុងយំ ខ្ញុំប្រុងនឹងសួរ នាងក៏និយាយ                                             “នីតាពេលនេះអ្នកគ្រូ នៅបន្ទប់សង្គ្រោះបន្ទាន់ “ នាងនិយាយស្តាប់គ្នាស្ទើរពុំបានឮតែសំឡេងអណ្តឺតអណ្ដក អារម្មណ៍ខ្ញុំចាប់ផ្តើមច្របូកច្របល់ និយាយទាំងញ័រមាត់÷                                                                                     

“រីណាឯងថាម៉េច? អ្នកគ្រូនៅបន្ទប់សង្គ្រោះបន្ទាន់អ្នកគ្រូកើតអី?“ ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរព្រោះតែបារម្ភពីអ្នកគ្រូ។                                                                                          

“គឺនៅពេលដែលខ្ញុំដើរឆ្លងថ្នល់ទៅសាលាក៏មានឡានមួយជិះមិនប្រយ័ត្នក៏រេចង្កូតបម្រុងនឹងបុកខ្ញុំ តែសំណាងបានអ្នកគ្រូមករងជំនួស ហើយឡាននោះក៏បុកត្រូវអ្នកគ្រូទាំងស្រុង អ្នកគ្រូបាក់ជើងខាងស្តាំឥឡូវនេះគេងនៅបន្ទប់សង្រ្គោះបន្ទាន់ ហើយនៅមានរឿងមួយមកបន្ថែមពីលើទៀត…គឺអឺ..អឺ…គឺ “                                                                                                           

“ឯងម៉េចមិនឆាប់និយាយមក មានរឿងអីទៀត”     

“…គឺអ្នកគ្រូមានដុះដុំសាច់ខួក្បាលត្រូវកាវះកាត់ជាបន្ទាន់បើមិនអ៊ីចឹងទេអ្នកគ្រូអាចនឹងស្លាប់”

ខ្ញុំនិយាយអីមិនចេញបានត្រឹមតែយំ                                                               

“ហ៊ឹម…ហើយអ្នកគ្រូៗ…មានសង្ឃឹមជាសះស្បើយប៉ុន្មានភាគរយ?“                                                                                       

“បើវះកាត់ក៏មិនប្រកដថាជោគជ័យ ព្រោះជំងឺគាត់គឺវិវត្តទៅដំណាក់កាលចុងក្រោយហើយ ណាមួយការវះកាត់គឺត្រូវការថវិកាច្រើនខ្លាំងណាស់ពួកយើងគ្មានលទ្ធិភាពទេឯងកាត់ចិត្តឱ្យហើយទៅណា“

ខ្ញុំមិនតបនឹងសំណួរនាងហើយក៏សួរនាងថែម។                                                                         

“ឯងចង់មានន័យថាអ្នកគ្រូជិតទៅចោពួកយើងហើយមែន…អ្នកគ្រូ  “                 

“នីតាឯងត្រូវតែតាំងស្មារតីណាឯងត្រូវយកជ័យជម្នះមកឱ្យអ្នកគ្រូនិងសាលាយើងឱ្យបានឮទេ? មានសំបុត្រមួយច្បាប់អ្នកគ្រូគាត់សរសេរទុកបំណងយកទៅឱ្យឯងពេលគាត់ជិតចាកចេញ គាត់ពឹងឱ្យយើងទុកឱ្យឯងយើងផ្ងើចូលប្រអប់សាររបស់ឯងហើយនីតា“

មិនចាំយូរខ្ញុំចូលសាររបស់ណារី អានសំបុត្រដែលអ្នកគ្រូសរសេរ÷

សំបុត្រជូនចំពោះនីតា

នីតា! អ្នកគ្រូសុំទោស ដែលប្រព្រឹត្តអំពើមិនល្អដាក់កូនអ្នកគ្រូគ្មានបំណងឱ្យវាកើតឡើងទេ  អ្នកគ្រូពិតជាសោកស្តាយណាស់ដែលគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងមិនបាន។ នៅពេលឯងបានអានសំបុត្រនេះប្រហែលជាអ្នកគ្រូលែងនៅហើយ មិនយូរទៀតទេគ្រូត្រូវទៅចោលពួកឯងហើយអ្នកគ្រូមិនចង់ចាកចេញទៅទាំងបែបនេះ គ្រូចង់នៅឃើញពួកឯងជោគជ័យជិះឡានទំនើបៗកាត់មុខផ្ទះគ្រូ ទោះជាពួកឯងមិនមើលមុខអ្នកគ្រូក៏ដោយចុះ។  នីតាឯងជាសិស្សឆ្លាតមានសីលធម៌ជាងគេនៅក្នុងថ្នាក់ អ្នកគ្រូផ្តាំឯងឱ្យជួយមើលជួយបង្រៀនវណ្ណឌី ចិត្រា សិលា និងស្រីនា បន្ថែមផងពួកគេជាសិស្សខ្សោយរៀនអន់ជាងគេក៏ពិតមែនតែព្យាយាម។ អ្នកគ្រូស្រឡាញ់ឯងស្រឡាញ់សិស្សគ្រប់គ្នាស្មើៗគ្នាដូចជាកូនដូចជាក្មួយ អ្នកគ្រូសង្ឃឹមថាថ្ងៃមុខពួកឯងនិងមានអនាគតល្អ។ ពួកឯងកុំស្អប់អ្នកគ្រូអី គ្រូមិនអាក្រក់ទេអ្នកគ្រូគ្រាន់តែចង់ឱ្យចេះឈឺចាប់ចេះកែប្រែដឹងខុសជ្រើសរើសដើរក្នុងផ្លូវត្រូវ។

នីតា! អភ័យទោសឱ្យអ្នកគ្រូផង សិស្សគ្រប់គ្នាកុំស្អប់អ្នកគ្រូអី លាហើយ ។

ទឹកភ្នែករបស់ខ្ញុំស្រក់ចុះតក់ៗលើអេក្រង់ទូរសព្ទ ពាក្យមួយម៉ឺនមួយពាន់សុំទោសស្ថិតនៅក្នុងប្រអប់ទ្រូងខ្ញុំដែលចង់និយាយទៅកាន់អ្នកគ្រូ។

ខ្ញុំនិយាយទៅរីណាដែលមិនទាន់បានចុចផ្តាច់ទូរសព្ទនៅឡើយ÷

“រីណាយើងលាសិនហើយ មើលថែអ្នកគ្រូផងប្រលងរួចខ្ញុំនឹងប្រញាប់ចេញទៅ“

ខ្ញុំរៀបចំខ្លួនរួចហើយក៏ឡើងទៅលើវេទិកា ពេលនេះខ្ញុំគ្មានគិតអ្វីច្រើន ក្រៅពីធ្វើយ៉ាងណាយកជ័យជម្នះឱ្យបាន មិនឱ្យគ្រួសានិងអ្នកគ្រូខកបំណង។

ការប្រកួតក៏បានប្រពឹត្តទៅមុខរហូតទៅដល់វេលាចុងក្រោយនៃការប្រកាសលទ្ធផល គេមិននិយាយអីរៀបរាប់យូរក៏ប្រកាស មេប្រយោគយកក្រដាសមួយសន្លឹកដើរមកយ៉ាងរំភើយជះរាងសង្ហាមិនខ្វល់ពីអារម្មណ៍ភ័យរបស់ខ្ញុំ មេប្រយោគកាន់ក្រដាសហើយប្រកាស។

“ពានរង្វាន់នេះ បានទៅលើបេក្ខជនដែលពាក់ស្លាកលេខ…ដែលពាក់ស្លាកលេខ…ស្លាកលេខប៉ុន្មានទៅណ៎?“

ខ្ញុំភ័យស្ទើរតែលេចនោម ភ្លេចអស់រឿងដែលត្រូវខ្វល់។ ខ្ញុំឆ្ងល់អ្នកប្រកាសដល់ហើយ ស៊ីម៉ោងណាស់ មនុស្សប្រញាប់ហើយភ័យទៀតនៅស៊ីអារម្មណ៍នៅហ្នឹងហើយ។                                                     

“គឺបេក្ខជនដែលពាកស្លាកលេខ ១០ មានឈ្មោះថា នីតា“

គ្រប់គ្នាទះដៃឡើងកក្រើកឆាកខ្ញុំមិនដឹងនិយាយអីរំភើបឡើងភ្លេចទុក្ខកង្វល់ទាំងប៉ុន្មានអស់បានត្រឹមតែធ្វើមុខស្លើរដាក់គណៈកម្មការហើយខ្ញុំសួរទៅគេបញ្ជាក់                                                                                                 

“លោកពូពិតជាខ្ញុំមែនហ្អី?“ មើលខ្ញុំទៅសួរគេដូចឆ្គួតគេប្រកាសក្តែងៗហើយហ្នឹងហ្អាស             

“បាទក្មួយពិតណាស់“ លោកពូឆ្លើយយ៉ាងសុភាពមកកាន់ខ្ញុំ អារម្មណ៍ខ្ញុំពេលនេះរកនិយាយមិនត្រូវទេ អរផងយំផងភ័យផងប្រញ៉ាប់ផងសែនលំបាកក្នុងអារម្មណ៍។ ពិធីករក៏ហុចមេក្រូឱ្យខ្ញុំថ្លែងប្រាប់ពីអារម្មណ៍ខ្ញុំនៅពេលនេះ។

“ជម្រាបសួរ! ខ្ញុំនីតា ខ្ញុំពិតជារំភើបខ្លាំងណាស់មិននឹងស្មានថាខ្ញុំអាចមកឈរនៅត្រង់នេះលើកមុខលើកមាត់ឱ្យសាលារបស់ខ្ញុំបាន ពុកម៉ែ! អ្នកគ្រូ! លោកគ្រូមិត្តភភ្កិទាំងអស់គ្នាទីបំផុតខ្ញុំអាចធ្វើវាបានហើយ…”

និយាយដល់ត្រឹមនេះទឹកភ្នែកខ្ញុំក៏ស្រក់ហូរចុះមក ខ្ញុំក្រវាសជូតទឹកភ្នែកចេញនិយាយបន្ត

“ខ្ញុំអាចឈរនៅត្រង់ចំណុចនេះបានដោយសារតែមានអ្នកគ្រូល្អដូចជាអ្នកគ្រូភាព! គាត់បង្រៀនពួកខ្ញុំមិនដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ ទោះជាមេឃភ្លៀងផ្លូវលំបាកយ៉ាងណាក៏អ្នកគ្រូស៊ូធាក់កង់មកបង្រៀនពួកយើងឱ្យទាល់តែបាន ចួនកាលគាត់មកបង្រៀនទាំងគាត់កំពុងឈឺក៏មាន គាត់លះបង់ច្រើនណាស់ដើម្បីសិក្សានុសិស្សក៏ដូចជាប្រទេសជាតិនេះ តែអ្វីដែលគាត់ទទួលបានគឺសេចក្តីស្អប់ការមើលងាយមិនផ្តល់តម្លៃ  អ្នកគ្រូខ្ញុំគាត់គ្មានអ្នកណាជាទីពឹងទេរស់នៅម្នាក់ឯងកណ្តោចកណ្តែងក្នុងផ្ទះស័ង្កសីដាច់ស្រយាលពីគេឯង…” ខ្ញុំយកដៃជូតផ្តិតទឹកភ្នែកចេញ លើកដៃសំពះ   

“ជួយអ្នកគ្រូខ្ញុំផង ពេលនេះគាត់ធ្លាក់ខ្លួនឈឺហើយបើមិនវះកាត់ជាបន្ទាន់ទេពួកយើងទាំងអស់គ្នានឹងបាត់ធនធានដ៏កម្រដូចជាអ្នកគ្រូ ជួយអ្នកគ្រូរបស់ពួកយើងផង…”

និយាយដល់ត្រឹមនេះទឹកភ្នែករបស់ខ្ញុំស្រុកចេះទប់លែងជាប់នៅលើអង្គវេទិកាទាំងមូលមិនខ្មាសមនុស្សផងទាំងពួងមើលមក។ 

ពេលខ្ញុំនិយាយចប់គ្រប់គ្នាក្រោកឈរឡើងទះដៃ អ្នកខ្លះដល់ថ្នាក់ឈួលយំអាណិតអ្នកគ្រូក៏មាន ។

“នីតា!  បើសិនជាមានអ្នកជួយទទួលរាប់រងលើថ្លៃព្យាបាលរបស់អ្នកគ្រូប្អូនតើប្អូនព្រមឱ្យគេជួយដែលឬទេ“  អ្នកគ្រប់គ្រង់កម្មពិធីសួរឡើង

“…ចា៎ ប្រាកដណាស់ “ ខ្ញុំឆ្លើយតបទៅកាន់គាត់ទាំងញញឹមលាយសំឡេងអណ្ដឺតអណ្ដក។

ក្រោយរាហ៊ូលេបចន្ទអស់ពេលជាយូរហ៊ូក៏បានខ្ជាក់ចន្ទចេញមកវិញឱ្យមកបំភ្លឺផែនដីពេលរាត្រីកាល។

ពេលនេះអ្នកគ្រូបានចេញពីមន្ទីរពេទ្យហើយ ចំណែកឯការវះកាត់ក៏ទទួលបានជោគជ័យដែរ អ្នកគ្រូប្រៀបដូចជាស្លាប់ហើយរស់ម្តងទៀតអ៊ីចឹង អ្នកក្នុងភូមិនាំគ្នាមកសួរសុខទុក្ខអ្នកគ្រូស្ទើរតែគ្រប់គ្នា។

សិស្សទាំងអស់ដែលស្អប់ខឹងនឹងគាត់ ពេលនេះបែរជានាំគ្នាមកអាណិតគាត់ទៅវិញអ្នកគ្រូពេលនេះក្លាយទៅជាអ្នកគ្រូឆ្នើមប្រចាំខេត្ត តែអ្វីដែលគួរឱ្យមានវិប្បដិសារៈបំផុតនោះគឺអ្នកគ្រូត្រូវពិការជើងអស់មួយជីវិត តែបើមិនមានឧបទ្ទវហេតុអាក្រក់នោះកើតឡើងទេថ្មើរនេះ ប្រហែលអ្នកគ្រូនៅតែទទួលរងនូវការស្អប់ខ្ពើមពីសំណាក់សិស្សក៏ដូចជាមហាជន ហើយគាត់នឹងទៅចោលពួកយើងដោយមិនបានលាផងក៏មិនដឹង  ដូចដែលគេថាមិនចេះខុសមែន មនុស្សល្អព្រះតែងតែជួយថែរក្សាហើយរាល់គ្រោះចង្រៃរបស់យើងដែលកើតឡើងវាមិនប្រាកដថាជារឿងអាក្រក់ទាំងអស់នោះទេ ផ្ទុយទៅវិញវាអាចនឹងជួយយើងឱ្យផុតពីរឿងមួយផ្សេងទៀតក៏ថាបាន។

នៅសាលាមានកម្មវិធីមួយដែលធ្វើឡើងពីសំណាក់សិស្សានុសិស្សទាំងមូលដែលរៀននៅក្នុងសាលានេះ។ ពួកយើងបានធ្វើកម្មពិធីជាច្រើនដូចជាការងូតទឹកជម្រះកាយជូនលោកគ្រូអ្នកគ្រូនិងកម្មវិធីខមាទោសជូនដល់ពួកគាត់ កម្មវិធីនេះសាលាយើងប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ បិទបញ្ចប់កម្មវិធីក៏មានការរាំរែក ចង្វាក់ខ្មែរបន្លឺឡើងពួកយើងដឹកដៃគ្នាចូលរាំចាក់ក្បាច់តាមចង្វាក់ភ្លេងនាសម័យកាលនោះ។

សិស្សគ្រប់គ្នានាំគ្នារាំសប្បាយរីករាយ នៅសាលាពេលនេះប្រៀបបីដូចជាផ្ទះដែលសម្បូរទៅដោយសុភមង្គល។ ខ្ញុំរាំ ច្រៀងតាមចង្វាក់ភ្លេងបែបចរិតមិនខ្វល់អ្វីរបស់យុវវ័យ  ខ្ញុំក្រឡេកមើលទៅអ្នកគ្រូដែលអង្គុយលើរទះរុញញញឹមយ៉ាងស្រស់ប្រិមប្រិយដាក់ខ្ញុំ។ ខ្ញុំសើចយ៉ាងស្រស់ដាក់គាត់វិញ ខ្ញុំមិនដែលឃើញអ្នកគ្រូភាពរបស់ខ្ញុំញញឹមស្រស់បែបនេះទេតាំងពីខ្ញុំស្គាល់គាត់មកស្នាមញញឹមដ៏មានមន្តស្នេហ៍របស់គាត់ធ្វើឱ្យជីវិតខ្ញុំហាក់មានសុភមង្គលខ្លាំងណាស់។

នៅពីក្រោយសម្តីអាក្រក់ៗរបស់គ្រូ គាត់គ្រាន់តែចង់ឲ្យយើងល្អ គ្មានគ្រូឯណាចង់ឃើញសិស្សដែលប្រៀបបីដូចជាកូនខ្លួនដើរខុសគន្លងទេ ។

សុំទោសអ្នកគ្រូលោកគ្រូដែលសិស្សមិនស្តាប់បង្គាប់សុំទោសដែលមិនយល់ពីតម្លៃសុំទោសដែលធ្លាប់គិតអាក្រក់ៗលើអ្នកគ្រូលោកគ្រូ សុំទោសដែលគុំកួន។ ហើយក៏អរគុណលោកគ្រូអ្នកគ្រូ ដែលតែងតែអត់ធ្មត់បង្រៀនដល់សិស្ស អរគុណដែលផ្តល់ចំណេះដឹង អរគុណដែលជួយត្រួសត្រាយផ្លូវ អរគុណដែលទូន្មានប្រៀនប្រដៅ មួយម៉ឺនថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់នៅលើពិភពលោកសន្និវាសយើងនេះ។