រឿង​ ថ្ងៃណាមួយ ភាគទី៦

«បើចង់ថតរបៀបជាទឹកមុខខ្លួនឯង ចាំបងសាកនិយាយជាមួយរាហ៊ូឱ្យ! ឈប់គិតទៅ!»

«បាទ!»

ខ្ញុំតបដោយរំភើបចិត្ត។

«តោះ! ចូលគេង!» គាត់ត្រកងនាំខ្ញុំចូលទៅរកគ្រែរបស់ពួកយើងវិញ។

ការលួចលាក់រួមភេទរវាងខ្ញុំនិងបងTN បាន​ក្លាយជាធម្មតា​ចាប់ពីពេលនោះមក។ ដូចអ្នកអានស្គាល់ខ្ញុំហើយ ខ្ញុំមិនមែនជាក្មេងប្រុសដែលមាន​ការគិត ដិតដាមនឹង​ការរួមភេទងប់ងល់ទេ។ រាល់ពេលដែលយើងបានបង្កើតឈុតឆាកស្នេហាជាមួយគ្នា បណ្តា​ស្នាមថើបនិងសម្តីសំដៅរបស់គេ សុទ្ធតែមានតម្លៃជ្រៀតជ្រែកនៅក្នុងបេះដូងនិងជីវិតរបស់ខ្ញុំ ព្រោះនោះជាស្លាកស្នាមដ៏ផ្អែមល្ហែមសម្រាប់យុវភាព​មួយនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា យើងទាំងពីរមានអ្វីៗជាច្រើនស៊ីសង្វាក់នឹងគ្នា មិនថារបៀបគិត របៀបយល់អធ្យាស្រ័យ និងសេចក្តីស្រឡាញ់ឱ្យគ្នា។

ការរួមភេទមិនដូចស្នេហាទេ ​ព្រោះមនុស្សយើងខ្លះអាចរួមភេទដោយ​​មិនគិតជាមុនអំពីរឿង​ផ្សេង រហូតដល់ក្រោកមកវិញក៏បន្សល់នូវទុក្ខវេទនា​តាមរពុយ​មកឱ្យដោះស្រាយ ព្រោះខ្លួនប្រាណអាចនឹងធុញទ្រាន់ តែស្នេហា​ជារឿង​របស់បេះដូង។

ខ្ញុំចង់និយាយពីសភាព​ពិតដែល​ មនុស្សស្អាតដូចគេមានមនុស្សស្រីជាច្រើនចង់បានមកជាគូនែបកាយ។ សូម្បី​ភេទជាបុរសស្រឡាញ់បុរស​ដូចពួកយើង តែងដកកតាមសម្លឹង ​រាល់ពេលឃើញគាត់ទៅបង្ហាត់បាល់ម្តងៗ។

ប្រការនេះ ខ្ញុំចេះផ្ដើមភ័យបារម្ភ កើតសម្ពាធថា ថ្ងៃណាមួយខ្ញុំនឹងត្រូវបាត់បង់គេទេ? ដូច្នេះហើយបានជាខ្ញុំយល់ថា ការស្រឡាញ់មនុស្សម្នាក់ដែលគេ​គ្រប់គ្នាក៏ស្រឡាញ់ បានធ្វើឱ្យយើងមានអារម្មណ៍ពីរដំណាលគ្នា គឺការរំភើបរីករាយ ជាមួយនឹងការភ័យព្រួយតឹងតែង វាជាការប្រជែងដ៏ទាក់ចិត្ត និង​ដែលខ្ញុំមិនធ្លាប់គិតអំពីលទ្ធផល​ចុងក្រោយ រហូតដល់ថ្ងៃមួយ…..

វគ្គ

កុងត្រាបីឆ្នាំ

នេះគឺជាពេលថ្ងៃត្រង់ ខ្ញុំទើបតែចេញពីថ្នាក់ សំដៅទៅកាន់បន្ទប់ហូបបាយដូចសិស្សដទៃទៀតដែរ ស្រាប់តែទទួលបានទូរសព្ទរបស់បងរាហ៊ូ។

«អឺ! ជេមស៍! ជេមអ៎ា! អ្វីគ្រប់យ៉ាង បានរលូនដូចការព្រាងទុកហើយ! មេធំរបស់វិស្ណុ ពេញចិត្តហើយ! គាត់គិតថា ក្របមុខទាំងបីរបស់យើងអាចយកជាការបាន!»

ខ្ញុំសប្បាយចិត្តសឹងថាមិនបាច់ហូបបាយមែន។

«អូ៎យ បងរាហ៊ូ ដំណឹងអីក៏ល្អម៉្លេះ?»

«ហើយកំពុងធ្វើអីហ្នឹង? ញ៉ាំបាយនៅ?!»

«បាទ​រៀបចំញ៉ាំបង! ទើបចប់ថ្នាក់មិញ»

«ញ៉ាំទៅៗ​ញ៉ាំសប្បាយចិត្ត​ណា៎ ប្រហែល​កន្លះម៉ោងទៀតបងទៅដល់!»

«បង….បងរាហ៊ូមកសាលាខ្ញុំ?»

«គឺ CEO ហៅជេមស៍ទៅនិយាយគ្នា បងទៅទទួលណា៎ កន្លះម៉ោងទៀត!»

«ប៉ុន្តែ ខ្ញុំ…ខ្ញុំចូលរៀនវិញម៉ោង១នេះ​ណ៎ាបង!»

«អាចសុំគេ​មួយល្ងាចបានទេ? សុំគេឈប់ផ្អាកមួយល្ងាចបានអត់?»

ខ្ញុំទីទើរ ប៉ុន្តែដំណឹងដែល​បងរាហ៊ូទើបតែផ្ញើមក ពិតជាទាក់ចិត្តខ្ញុំខ្លាំង ដល់ថ្នាក់រៀនទៀតក៏មិនចូលដែរ។

«ណ៎ា  មេធំ លោកពេញចិត្ត នឹងរូបភាពទាំងអស់ដែលជេមស៍​ទើបតែបានថត! ជាលើកដំបូងនៅក្នុងជីវិតហើយ ដែលបានអនុញ្ញាតឱ្យក្របមុខដំណើរការម្តងទាំងបី!  នេះជាជំហានដ៏ជោគជ័យមួយ  បងគិតថា អឺ….កុំឱ្យគេអន់ចិត្ត! បើសិនជាជេមស៍អាចចេញបាន ហើយដោះស្រាយជាមួយសាលាបាន ក៏ចេញមកតែម្ដងមកប្អូន!»

ខ្ញុំអរកខិកខុបទៅតាមការអធិប្បាយ​របស់បង​រាហ៊ូស្លុង។ មាត់ឆ្លើយតបនឹង​គាត់ តែចិត្តស្វះស្វែង​​រកមធ្យោបាយភ្លាមៗ៖

​«ខ្ញុំគិតមើលសិនណា៎បង ថាមានម៉ោងអីខ្លះល្ងាចនេះ! ហើយ….ខ្ញុំគួរសួរបងទេពណារ៉ាសិនដែរ អុះ​មិនមែន​ទេ គឺប្រាប់គាត់ឱ្យសប្បាយចិត្ត​ជាមួយគ្នា!»

បងរាហ៊ូឃាត់ខ្ញុំភ្លាម៖

«អ្ហូ៎…ទេពណារ៉ាអី មិនបាច់សួរទេ! បងបាន​ប្រាប់គេមុននេះហើយ ទេពណារ៉ាគេកំពុងតែធ្វើការដែរ កុំឱ្យរំខានគេណ៎ាក្មេងល្អ! បងអាចទៅទទួលជេមស៍បាន!»

«ដូច…ដូច​តក់ក្រហល់ម៉េះបង! ខ្ញុំស្លៀកពាក់សិស្សហ្នឹង!»

«ស្លៀកសិស្សហ្នឹងហើយ កាន់តែស្អាតបរិសុទ្ធ!!»

«ដូចអត់បានត្រៀមមុនសោះបង?!»

«បងត្រូវពន្យល់ថាម៉េចទៅព្រះ! គឺអ៊ីចេះណ៎ា  ព្រោះថាមនុស្សលោកមន្តានេះ ពូកែផ្លាស់ប្តូរចិត្ត​បានភ្លាម​ៗ បើលោតែគេកំពុងតែពេញចិត្តហើយ យើងទៅចួបជាមួយគេ បងចង់រកលេសឱ្យគេ​ស៊ីញ៉េកុងត្រាបីឆ្នាំមកយើងភ្លាម!»

«កុងត្រាបីឆ្នាំអ្ហីបង?!»

«បាទ! ហ្នឹងហើយ! ជេមស៍​ឮមិនច្រឡំទេ! ​បានលុយច្រើនណាស់ នេះគឺជាបំណងប្រាថ្នារបស់គ្រប់គ្នាមែនអត់? យើងខំរហូតមក ​ត្រដាបត្រដួសទាំងអស់គ្នា ព្រោះតែកុងត្រាមួយ​ហ្នឹង!»

ភ្លាមនោះខ្ញុំបានយល់ព្រមនឹងបងរាហ៊ូថានឹងខល ម៉ាក់ឱ្យជួយសុំទៅនាយកដើម្បីឱ្យខ្ញុំបានចេញ ព្រោះនៅសាលានេះ គ្រប់យ៉ាង​ស្ថិតលើអាណាព្យាបាល។

ដោយពន្យល់ម៉ាក់សព្វគ្រប់បែប និងម៉ាក់រវល់ផង គាត់ក៏​យល់ព្រម​។ ណាមួយនាយករងសាលានេះ គឺជាមនុស្សដែលម៉ាក់ស្គាល់ ហើយគ្រូដែលបង្រៀនខ្ញុំនៅម៉ោងក្រោយៗក៏ជាមិត្តភក្តិរបស់ម៉ាក់ទៀត ដូច្នេះការចេញពីសាលាពេលនេះ មិនលំបាកទេសម្រាប់ខ្ញុំ។

ខណៈពេលដែលកំពុងតែឈរចាំបងរាហ៊ូមក ខ្ញុំទាក់ទងទៅបងទេពណារ៉ាមិនចូលទាល់តែសោះ។ តាមពិតខ្ញុំចង់ចែករំលែកដំណឹងល្អនេះជាមួយគាត់ដោយសប្បាយរីករាយនិងអន្ទះសា ប៉ុន្តែក៏គោរពថា គាត់ជាប់ការងាររបស់គាត់ផងដែរ ទីបំផុតខ្ញុំបានឡើងឡានទំនើប​របស់បងរាហ៊ូទៅដោយមិនបាននិយាយជាមួយ​សង្សារ​ទេ។

នេះគឺ​ជាពេលវេលាដែលខ្ញុំកំពុងតែស្រមើស្រមៃខ្ពស់ឡើងៗ នឹកទៅដល់ ចំនួនលុយដែលខ្ញុំអាចរកបាន បន្ថែមពីក្របមុខទាំងបី ហើយនឹងអាជីពរឹងមាំ​មួយក្នុងនាមជាអ្នកបង្ហាញម៉ូតទៅថ្ងៃមុខ។

បើខ្ញុំមានលុយអាចទ្រងទ្រង់សាកលវិទ្យាល័យ​ដោយខ្លួនឯងបាន​ ខ្ញុំនឹងអាចមានអានុភាពខ្លះក្នុងការរើសមុខវិជ្ជាជំនាញ​ដោយចិត្តឯង​ព្រោះនោះជាលុយរបស់ខ្ញុំ។

«ហើយរៀនថ្នាក់ទីប៉ុន្មានហ្នឹង?!» ​បងរាហ៊ូសួរនាំ។

«បាទ ថ្នាក់ទីដប់ហើយបង!»

«ពីរឆ្នាំទៀតបានប្រឡងហ្មែន?»

«បាទ ចំណែកអង់គ្លេសបីឆ្នាំទៀត!»

«អូ៎ រៀនទាំងខ្មែរទាំងអង់គ្លេសផង! សាលានេះថ្លៃមិនណយទេ! ប៉ាម៉ាក់ធ្វើអ្វី?!»

«ម៉ាក់ខ្ញុំធ្វើការ​នៅអាកាសចរណ៍បង! ​ប៉ាឥឡូវដូរទៅធ្វើការ​ភូមាហើយ!»

ខ្ញុំស្រពោនពេលរំឭកដល់រឿងនេះ។ ​តាំងពីបែកជាមួយម៉ាក់ ប៉ាក៏បានដូរទៅធ្វើការ​ឆ្លងប្រទេស​ គឺទៅរស់នៅម្នាក់ឯងនៅឯភូមា។ គាត់ព្យាយាមបំភ្លេចទុក្ខព្រួយក្នុងជីវិត ​ដោយ​បង្កប់ខ្លួនឯងទៅក្នុងគំនរការងារ​ ខ្ញុំដឹង។

«ធ្វើការបានឆ្ងាយផង! ម៉េចមិនឃាត់គាត់​ឱ្យនៅជុំគ្នានៅណេះ?!»

«គាត់បែកបាក់ជាមួយម៉ាក់!»

ខ្ញុំថាតិចៗ​ធ្វើឱ្យបងរាហ៊ូងាកមកសម្លឹងខ្ញុំហាក់សោកស្តាយ​នឹងភាពមាត់ច្រើនជជីកសួរនាំមុននេះ។

«អួយ៎! បងសុំទោស​ដែលធ្វើឱ្យក្មេងស្រពោន!​ បងអត់តាំងចិត្ត​ទេ! ថែមទាំងមិនដឹងផងថា ​ប៉ាម៉ាក់លែងលះ!»

គាត់ថាហើយជាន់ហ្គា​ចេញឡានវឹង។

«អត់អីទេបង! ខ្ញុំរឹងមាំហើយ!»

«ហើយសួរមួយសិន! ថ្ងៃក្រោយជេមស៍ចង់ធ្វើការអ្វី?!»

«ខ្ញុំមិនទាន់គិតផងបង! ម៉ាក់ខ្ញុំក៏កំពុងជួយគិតថា គួរយកជំនាញអី! ពេលនេះ​ចង់បង្ហាញម៉ូតសិន​ អត់គិតរឿងផ្សេងទេ! បើបានមានសមត្ថភាពថវិកា ​លែងយកលុយប៉ាម៉ាក់បង់សាលា ​រឹតតែល្អ!»

ខ្ញុំសើចដំណាលជាមួយគាត់។

«កូនកតញ្ញូណាស់នៀក!»

សេចក្តីរំភើបរបស់ខ្ញុំនិងសេចក្តីសង្ឃឹម​ចំពោះអនាគតមួយ​រលូន ស្រស់ប្រផូរដូចក្រាល​ដោយកុលាប នាំខ្ញុំឱ្យបំភ្លេចរឿង​ទុក្ខសោកនានាទៅមួយអន្លើ។ ចិត្ត​នេះ​កំពុង​បង្វែរមក​នឹកឃើញ ​អាជីពជាអ្នកបង្ហាញម៉ូត   ដែលនឹងជួយខ្ញុំអាចធ្វើដំណើរតាមបងទេពណារ៉ាគ្រប់ច្រកល្ហក    មិនត្រឹម​តែ​ក្នុង​ប្រទេស​កម្ពុជា​ និងបណ្ដាឆាកធំៗនៃការសម្តែងជាមួយសម្លៀកបំពាក់កីឡាដល់ឆ្លងប្រទេស ឆ្លងទ្វីបទៅជាកាន់ពិភពលោកសែនឆ្ងាយ​គ្មានអ្នករំខានយើង។

បើមែន នៅទីនោះក៏មានតែយើងពីរនាក់ ដែលស្គាល់ចិត្តគ្នាទៅវិញទៅមកមិនរវល់នឹងអ្វីៗទាំងពួង​ឡើយ។ សេចក្ដីសង្ឃឹមសព្វបែបយ៉ាង បានក្លាយទៅជាមានទំហំ​ធំឡើងៗមិនឈប់ឈរ​ក្នុង​បេះដូង​តូចច្រម៉ក់នេះ ខណៈបងរាហ៊ូបត់ឡានចូលទៅក្នុងបរិវេណដ៏ធំខ្ពស់នៃអគារប្រណីត​មួយដែលមានស្លាកធំៗនៅច្រកទ្វារថា «ភ្នាក់ងារវិស្ណុ»។

Agencyនេះហើយ គឺ​ជាទីប្រាថ្នានៃមនុស្សគ្រប់គ្នាដែលចង់ជោគជ័យ​លើឆាកសិល្បៈលំដាប់​ប្រេន​​ៗ​ ដោយ​អ្នកណាដែល​ចង់ក្លាយជាអ្នកកាន់ម៉ាកយីហោបណ្តា​ក្រុមហ៊ុនម៉ាកសញ្ញាធំៗ តោងតែចេញពីទីនេះទៅ ទើបសង្ឃឹមច្រើន។

ឥឡូវនេះអ្វីៗ មកនៅចំពោះមុខខ្ញុំហើយ។

«ទីនេះ មែនអត់បង!» ខ្ញុំងាកសួរបងរាហ៊ូ ទាំងញញឹមបិទមាត់មិនជិតទេ។

«ត្រូវហើយ! តែ​មិនបាច់ Excited ពេក​ក៏បាន! សន្សំអារម្មណ៍​ណាក្មេងល្អ!    ព្រោះនៅមានអ្វីៗ​អស្ចារ្យ​ជាងនេះច្រើនទៀត នៅរង់ចាំជេមស៍!!»

ឮកាលណា ខ្ញុំក្រឡេករក​គាត់ដោយរំភើបចិត្ត ​និមិត្តពាក្យថ្មីទាំងនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍​ល្អសែនល្អ។ ខ្ញុំតបតតិចៗស្រាលៗខ្សឹបៗ៖

«មិនឱ្យរំភើបអ្ហីបង?​ មិនរំភើបគឺមានតែកុហកខ្លួនឯង!»

ឡានក៏ដល់ចំណតវា បងរាហ៊ូក៏ពន្លត់ហើយ​ងាកមកញញឹមស្ញាញពន្យល់ខ្ញុំ៖

«រំភើបបានៗ តែលាក់ៗទៅ! លាក់ៗ! គិតរបៀបនេះណ៎ា គិត​ថា យើងនេះជាតួឯកណា៎ជេមស៍! រៀបចរិតជាតួឯក​គឺ ត្រូវតែឡូយ! តួឯកធំរបស់វិស្ណុ គឺឡូយ នឹងធឹងហើយលំដាប់! មនុស្ស​របស់បងរាហ៊ូនាំចូលសិល្បៈ និយាយរួមគឺលំដាប់!»

គាត់រំឭកឈ្មោះក្រុមហ៊ុននេះ ធ្វើឱ្យខ្ញុំនឹកឃើញ​ ម្ចាស់ដ៏មានកេរ្តិ៍ឈ្មោះម្នាក់នៃភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្រិតប្រទេសនេះគឺលោក មាស​ មន្តា។

«យើងមកចួបលោក មាស មន្តា​មែនដែរអត់បង?!»

បងរាហ៊ូ ដែលធម្មតា​តែងតែញញឹមរាល់ពេលឆ្លើយជាមួយខ្ញុំ មិនដឹងយ៉ាងម៉េចនៅពេលនេះឮខ្ញុំនិយាយពីឈ្មោះបុគ្គលល្បីម្នាក់នោះ គាត់ក៏ស្រាប់តែធ្វើកែវភ្នែកចម្លែក ដៀង​សម្លឹងមកខ្ញុំ។

«ជេមស៍ស្គាល់ CEO របស់វិស្ណុ?!»

«ឃើញតាមទស្សនាវដ្តីអនឡាញ!» ខ្ញុំឆ្លើយតបដោយលើកចិញ្ចើមឆ្ងល់។

«អាយដលម្នាក់របស់ខ្ញុំ» ខ្ញុំបញ្ជាក់បន្ថែម។

​     បងនេះ ដូរទឹកមុខមកស្រស់វិញហើយនិយាយ៖

«កុំរំជួលចិត្តពេក! បានចួប! ជិតបានចួបហើយ!»

ទីបំផុតពួកយើង​ចុះពីឡាន ចូលដល់កន្លែងរដ្ឋបាលដ៏ស្អាតទាក់ទាញមួយ​ បើកទ្វារស្វាគមន៍រង់ចាំពួកខ្ញុំ។

ខ្ញុំតាម​មើលទៅបុគ្គលិក​គ្រប់គ្នាដែលនៅទីនេះដោយយកចិត្តទុកដាក់ ពួកគេមានស្ទីលតុបតែងទាន់សម័យ សមជាក្រុមហ៊ុន​ផ្សព្វផ្សាយ ហើយ​ម្នាក់ៗសម្លឹងមកខ្ញុំ ដូចកាលបងរាហ៊ូនាំខ្ញុំទៅថតរូបនៅ​ស្ទូឌីយោ​ដែរ។

ការក្លាយជាចំណាប់អារម្មណ៍​នៃមនុស្ស​ម្នា ពិត​ជា​ធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អនិងបង្កើនក្តីជឿជាក់។

គិតថាយប់នេះប្រហែលជាពេញដោយ​អារម្មណ៍ល្អៗជាងនេះទៅទៀត ​អាចថាជប់លៀងជាមួយបងTN និងបងរាហ៊ូ​ពីរឿង​បានទទួលកុងត្រាបីឆ្នាំ ពីប្រេនសម្លៀកបំពាក់។

មិនដឹងឡើយថា ប៉ានិងម៉ាក់ សប្បាយចិត្ត​មានមោទនភាព​បែបណាចំពោះកូនទោលម្នាក់នេះទេ។

រហូតដល់ពេលណាក្តី ខ្ញុំតែងតែគិតពីពួកគាត់។ ទោះបីថា ពីរនាក់គាត់ធ្លាប់ធ្វើឱ្យចិត្តខ្ញុំខ្ទេចខ្ទាំប៉ុន្តែ ការឈឺចាប់ជាមួយមនុស្សក្នុងគ្រួសារ ​តែងតែសះទៅធម្មតា​វិញនៅព្រឹកបន្ទាប់ ខ្ញុំមិនដែលធ្លាប់នឹក​គុំកួនចំពោះឪពុកម្តាយខ្លួនឯងទេ ប្រហែលជានេះទេដឹង ដែលធ្វើឱ្យខ្ញុំតែងតែចួបរឿងល្អៗ នៅក្នុងជីវិតរបស់ខ្ញុំរហូតដល់ពេលនេះ។

«តោះ​យើងឡើងតាមនេះ!»

គាត់ចង្អុលឱ្យខ្ញុំតម្រង់ទៅឡើងជណ្ដើរយន្តមួយនៅជ្រុងខាងលិច។ នៅទីនោះកុំថាត្រឹមសន្តិសុខ សូម្បីតែអ្នកដែលមកកាត់ឃើញយើង​នៅក្នុងជណ្តើរ ​ក៏​ឱនគំនាប់ចំពោះបងរាហ៊ូដែរ ចុះទម្រាំមនុស្សដែលនឹងចួបខ្ញុំនៅខាងលើ តើមានឋានៈធំប៉ុនណាទៅ?

ពេលនោះជំនិះយន្ត បាននាំយើងឡើងទៅដល់ជាន់ទីប្រាំបីបន្ទាន់ៗទាន់ចិត្ត​ ដូចសន្ធឹក​បេះដូង​មោទនភាពរបស់ខ្ញុំដែរ។

នៅពេលជណ្ដើរយន្តរបើកខ្វាក ខ្ញុំបានឃើញស្លាកបន្ទប់ដែលដាក់ថា«អគ្គនាយក»ច្បាស់ៗទែងសូម្បីតែមើលពីចម្ងាយ។

បេះដូងខ្ញុំស្រាប់តែលោត ប៉ោងស្ទើរគាំងពេញទ្រូងរបស់ខ្ញុំទៅហើយ។

«មើល៍ បងជួយមើលសក់ក្បាលឱ្យ!»

នៅក្នុងជណ្ដើរជាមួយគ្នា គាត់ឈរស្ងៀមមិននិយាយស្ដី ប្រហែលជាមកពីមានគេជិះជាមួយ​ដែរ​។ ចំណែកពេលនេះហើយ បែរជានឹកឃើញចង់សារ៉េសក់ឱ្យខ្ញុំទៅវិញ។

ខ្ញុំនៅស្ងៀមឱ្យគាត់ពិនិត្យកែសម្រួល។

«រួចហើយ! ចូលបាន! មានទំនុកចិត្ត​ហើយ! ជេមស៍របស់បងស្អាតគ្រប់ពេលវេលា គ្រប់ទីកន្លែង!»

ពាក្យសរសើររបស់គាត់ ខ្ញុំស្ដាប់ម្តងៗ​យល់ថា​ចម្លែកដែរ «​មកចួបអគ្គនាយកវិស្ណុតាស៎ ចាំបាច់អីស្អាតមើលតែទៅថតរូប?»

ទោះយ៉ាងណាខ្ញុំមិននិយាយឱ្យគាត់ឮទេ ពីព្រោះចិត្តខ្ញុំអាល័យតែរំភើបទៅនឹងបរិយាកាសរៀបចំជុំវិញ​ដែលមានលក្ខណៈជាក្រុមហ៊ុនសិល្បៈដ៏ធំ និង​ទាន់សម័យ ក៏​លំដាប់ជាក្រុមហ៊ុនដ៏ជោគជ័យមួយរបស់ប្រទេសកម្ពុជា។

«បន្តិចទៀតជេមស៍​ក៏នឹង​ក្លាយជាមនុស្សជោគជ័យម្នាក់ និងជាផ្នែកសំខាន់មួយនៃក្រុមហ៊ុននេះ!»

បងរាហ៊ូនិយាយមកទៀតខណៈខ្ញុំកំពុងផ្ទៀងទៅពិនិត្យ​បណ្តាស៊ុមរូបថត នៅពីចំហៀងខាងស្ដាំដៃ ដែលនៅទីនោះខ្ញុំឃើញរូបថតជាច្រើន សុទ្ធសឹងជា​ក្មេងប្រុសៗវ័យ​ដូចខ្ញុំ ជាមួយ​ការ​ស្លៀក​ពាក់​សម្លៀកបំពាក់កីឡាប្រេនៗ  សម្លៀកបំពាក់ហែលទឹក  ខ្លះនៅលើស្គី     ខ្លះ​នៅលើរថយន្តទំនើបៗ ខ្លះមានទាំង​នៅលើឧទ្ធម្ភាគចក្រ និងកូនកប៉ាល់ឯកជនទំនើប។

សភាព​គឺ វិស្ណុ ពិតជាទទួលបានការទុកចិត្ត​ឱ្យផ្សព្វផ្សាយ​បណ្តាផលិតផលមានតម្លៃមហាសាល ហើយ​ក្រុមហ៊ុនមួយនេះ​ដែលអាចដេញថ្លៃយកបានប្រេនប្រណីតៗទាំងនោះមកផ្សាយ ពិតណាស់ខ្ញុំអាចផ្ញើអនាគតជាមួយ​បាន។

«ក្លាយជាមនុស្សជោគជ័យ និងជាផ្នែកសំខាន់មួយ នៃក្រុមហ៊ុនយក្សនេះហ្អីបង? បងរាហ៊ូលួងខ្ញុំពេកហើយ! កុំឱ្យខ្ញុំអរពេកអីណា៎បង!»

ខ្ញុំនិយាយតិចៗខ្សឹបៗពេលយើងទាំងពីរដើរឆ្ពោះទៅរកបន្ទប់នោះ។

បងរាហ៊ូ​បានឆ្លៀតពេលនេះ​ខ្សឹបមកខ្ញុំវិញយ៉ាង​ញាប់ស្មេរ៖

«ជេមស៍ឯងជា​សិស្សសាលាអន្តរជាតិ​ស្រាប់! ឆ្លាតៗណាស់!​​ សាកគិតលេងៗមើលទៅ! បើក្រុមហ៊ុននេះបានកុងត្រា​ផ្សាយ តាំងពីឧទ្ធម្ភាគចក្រ រហូត​ដល់កប៉ាល់ទំនើបទៅហើយ គឺ​ផ្សាយតែ​ស្អីៗសម្រាប់ពួកអ្នកមានកប់ក្ដោងប៉ុណ្ណោះ! បើសិនជាជេមស៍ថ្ងៃណាមួយបានក្លាយទៅជាតួឯករបស់កន្លែងនេះ  តើជេមស៍នឹងយកប្រាក់ទៅណាអស់? អ្ហះ? ថាមិនបាន ជេមស៍ឡើង​ជិះលើឧទ្ធម្ភាគចក្ររំលងក្បាលបងរាហ៊ូ​ធ្វើហីផង! ពីណាដឹង អនាគតមនុស្ស​?»

«បងឯង​ចេះតែនិយាយកំប្លែងលេងហើយបង!»

ខ្ញុំតបជាមួយគាត់ទាំងរំភើបចិត្ត​ពន់ពេកណាស់។ ពួកយើងបន្តដំណើរតម្រង់ទៅកាន់ទ្វារធំជាងគេ នៅខាងឆ្វេងដៃផ្ទុយស្រឡះពីបណ្តាទិសដៅតាំងរូបថតទាំងប៉ុន្មានមុននោះ។

ដល់កាលណា បងរាហ៊ូគាត់គោះទ្វារឡើង របៀបជាឱ្យសញ្ញា មិនមែនជាគោះធម្មតានោះទេ។ ដោយមិនចាំបាច់មានការអនុញ្ញាតឬកោះហៅ គាត់ក៏រុញទ្វារចូលទៅតែម្តង។

ពីទីនេះទៅខ្ញុំឃើញបន្ទប់ធំមួយដែលមានសាឡុងចំពីមុខទ្វារ។ មើលហួសពីសាឡុង ខ្ញុំឃើញបុរសម្នាក់កំពុងតែអង្គុយនៅលើតុធ្វើការដ៏ធំរបស់គាត់។

សភាពតុ និងទូពីក្រោយខ្នង​ជាការតុបតែង បង្ហាញថាគាត់គឺជាមនុស្សមានឋានៈខ្ពស់ជាងគេនៅទីនេះពិតប្រាកដណាស់។

«តួឯករបស់យើងមកដល់ហើយបងCEO»

នេះគឺជាសម្ដីប្រាប់ដំណឹង​តាំងពីមាត់ទ្វារទៅរបស់អ្នកដែលជូនខ្ញុំមក។ មើលទៅ បងរាហ៊ូនិយាយ​ជាមួយម្ចាស់បន្ទប់នេះ មិនដូចជាកូនចៅនិងចៅហ្វាយនោះទេ គឺពួកគេដូចជាស្និទ្ធស្នាលគ្នាច្រើន ជាងអ្វីដែលខ្ញុំបានគិត។

បុរសនោះងើបមុខមកខ្ញុំ។ គាត់មានវ័យកណ្តាល ជាមួយនឹងទឹកមុខស្លូតបូត កែវភ្នែកស្រទន់ដំណាល​ៗ​ប៉ារបស់ខ្ញុំ អាយុ​អាចស្មាន​បានថា សែប្លាយអីតិចតួច។

គាត់ប្រាកដជា មាស មន្តា​ ដែល​ធ្លាប់ឃើញមុខសឹងគ្រប់ទស្សនាវដ្តីរកស៊ីធំៗ។

«នេះហើយលោកអគ្គនាយក!»

ខ្ញុំលើកដៃផ្គុំគោរព​ទៅពីចម្ងាយ។ បុរសនោះមិនទាន់ចាកចេញ​ពីកៅអីនោះទេ អ្នកដែលចាកចេញពីកន្លែងដើម គឺបងរាហ៊ូ។

«នៅជជែកជាមួយលោកនាយកឱ្យល្អណ៎ា! បងទៅបំពេញឯកសារលុយកាក់នៅជាន់ក្រោម!»

ខ្ញុំទីទើរង៉េមង៉ាមព្រោះស្មានមិនដល់ថាគាត់ទៅចោល ហើយមកទុកខ្ញុំត្រង់ទ្វារនេះ?

«គឺរឿងលុយកាក់ និងកុងត្រា! ​បងទៅនិយាយជាមួយខាងគណនេយ្យ​ឱ្យគេ​ត្រៀមឱ្យស្រេច!    ឱកាសក្នុងកណ្តាប់ដៃជេមស៍ហើយ! ត្រូវឆ្លាតណ៎ាយើងហ្នឹង! ត្រូវ​ចាប់ឱ្យឱកាស​ឱ្យ​ណែន​ហាមរបូត​ណ៎ា!»

គាត់ក៏ចេញរកជណ្តើរវិញមែន ​គឺ​បានរហ័ស​សឹងប្រៀបបាន​នឹងផ្លេកបន្ទោរ រកតែខ្ញុំសួរគាត់អ្វីបន្ថែម​ក៏មិនអាចដែរពេលនេះ។

«ចូលមកជេមស៍!»

អ្នកខាងក្នុងស្គាល់ឈ្មោះខ្ញុំច្បាស់ណាស់ ដូច្នេះហើយខ្ញុំអស់ពីមិងមាំងជាមួយនឹងការរត់ចោលរបស់បងរាហ៊ូ  ត្រូវតែងាកមកប្រឈមមុខដោយលោកអគ្គនាយកថ្មី។

«ចូលមកចុះ​ហើយទាញទ្វារបិទឱ្យបងផង!»

គ្រប់គ្នាហៅខ្លួនឯងថាបងៗ ឬមួយក៏គាត់ជាមនុស្សដូចបងទេពណារ៉ា និងបងរាហ៊ូដែរ?

ខ្ញុំឈានជើងដើរ​ចូលហើយរុញទ្វារបិទទៅវិញ​ថ្នមៗ​បន្លាយពេលវេលា​ទាំងអារម្មណ៍ចម្លែក​។

«អង្គុយចុះមក!»

គាត់ក្រោកមកហើយ នេះបើតាមផ្ចង់ស្តាប់សំឡេងស្នូរជើង​។

ខ្ញុំបែរក្រោយ​យឺតៗ ហើយ​​ខ្ញុំមិនញញឹម​ទេ។​  គាត់ចង្អុលទៅកាន់សាឡុង របស់ក្រុមហ៊ុនដែលមានច្រើន​ ទំនងទីនេះ​ឧស្សាហ៍មានភ្ញៀវមកហើយច្រើនគ្នាផងដឹង?

ខ្ញុំចាប់ផ្ដើមអង្គុយចុះយឺតៗដោយឱបសាក់កាដូ ពន្លត់ភាពភ័យបារម្ភអៀនប្រៀន។ តាមពិតសភាព​ខ្ញុំ គឺ​ចរិតចាញ់ច្រាបកន្លែងនេះ​តែម្តង ម្យ៉ាង​ខ្ញុំជាភាគី​ដែលស្រមៃ​ចង់បានជំនួយ​ជួយឱ្យក្តីស្រមៃក្លាយជាការពិត ​ហើយនៅចំពោះមុខ​ខ្ញុំជាមនុស្ស​ដែលមាន​ឋានៈកប់ពពក។

«ថ្ងៃនេះអត់រៀនទេ?!» គាំត់ទំនងសួរដោយឃើញ​សាក់កាដូសៀវភៅ​លើដៃខ្ញុំ និងខោអាវខ្ញុំជាឯកសណ្ឋានសាលា។

«បាទ! គឺសុំគេចេញមក បងរាហ៊ូប្រាប់ថា លោកអគ្គនាយកមានការសំខាន់ចង់ចួបខ្ញុំ!»

«ហើយហៅ​បងថា​បងៗ ទៅ! ដូចហៅទៅកាន់រាហ៊ូអ៊ីចឹង!»

គាត់ប្រាប់ខ្ញុំ។

«មិនហ៊ានទេ! ខ្ញុំសុំហៅថា លោកអគ្គនាយកអ៊ីចឹងទៅ!»

«បើអ៊ីចឹង បងច្រណែនស្លាប់ហើយ! ច្រណែន​ជាមួយទេពណារ៉ានិងរាហ៊ូ!»

គាត់ថាផង​ ដាក់ទស្សនាវដ្ដីទាំងបីដែលមិនទាន់ចេញផ្សាយនៅឡើយនោះមកលើតុថ្នមៗ បង្ហាញរូបខ្ញុំញញឹមពព្រាយ​លើក្របទាំងបីនោះផង។

«លេខទាំងបីនេះជាសំណព្វចិត្ដរបស់បង!»

ខ្ញុំសម្លឹងគាត់ដែលមកអង្គុយ​ចុះក្បែរខ្ញុំ ​ហើយជាបណ្តើរៗ​ខ្ញុំដៀងទៅ​សម្លឹងក្របទស្សនាវដ្តីទាំងបីលេខ ជាមួយនឹងការគិត​វិលខ្ញាល់លើពាក្យ​សម្ដីប្លែកៗរបស់បុរសនេះ។

ម៉េចក៏ចេះតែមាន​អារម្មណ៍​ថា ​«ខុសៗប្រក្រតី?» អារម្មណ៍ថា អ្វីមួយមិនសូវល្អប៉ុន្មានទេ​កំពុង​កើតមានឡើងក្នុងពេលនេះ ខុសពីការរំពឹងទុក។

កន្លែងមួយគំនរ ម្តេច​បុរសម្ចាស់បន្ទប់មិនអង្គុយចុះ​បានជាមក​អង្គុយ​ក្បែរៗខ្ញុំស្និទ្ធថ្នាក់នេះទៅវិញ?

ខណៈដែលកន្ទុយភ្នែក​ចាប់អារម្មណ៍ថា មនុស្សនេះ​សើចស្ញាញរកខ្ញុំហាក់មិនចេះ​ខ្លាច​ស្ងួតជើងធ្មេញ​ ខ្ញុំសួរខ្លួនឯង «ហេតុអីមានអ្វីមួយចេះតែប្រាប់មកជាសម្ងាត់ថា ខ្ញុំកំពុង​ត្រួវគេញ៉ែ?»

ភា្លមៗនោះ​ដែលចិត្ត​ខ្ញុំរអើលភ័យ បុរសវ័យស្មើប៉ាម្នាក់នេះស្រាប់តែ​ យកម្រាមដៃគាត់មករុញត្រដុស​ចុះពាសពេញ​ផ្ទៃមុខរបស់ខ្ញុំដែលញញឹមពព្រាយលើក្រប។

«ចេះមើលអត់? ខ្លួនឯងគួរឱ្យស្រឡាញ់ប៉ុនណា?»

នេះខ្ញុំមិនមែនស្តាប់​ច្រឡំទេ។​ បេះដូងខ្ញុំឱ្យសញ្ញាថា ខ្ញុំដូចជាកំពុងមានជម្រើសខុសៗដែលមកកាន់កន្លែងនេះ។ ខ្ញុំខំរំសៀក​បង្ខិតខ្លួនឯងចេញឆ្ងាយពីគាត់បន្តិច គាត់ក៏បង្ខិតចូលមកតាមទៀតដូចដែកឆក់។

«បងបានសម្រេចចិត្តហើយ មិនបាច់ព្រួយទេ! គឺសម្រេចចិត្តថា នឹងរកវិធីឱ្យជេមស៍បានទទួលកុងត្រា ធ្វើការជាមួយក្រុមហ៊ុនវិស្ណុ រយៈពេលវែង​តែម្ដង!»

     បេះដូងរបស់ខ្ញុំលង់ដោយសេចក្ដីរំភើប ភ្លេចអស់នូវអារម្មណ៍សង្ស័យនិងភាពខុសប្លែកទាំង​ឡាយ​ដែលកំពុងតែស្ថិតនៅចំពោះមុខ។

«ខ្ញុំ….ខ្ញុំនេះ? ដែល….ដែលលោកនាយកគិតថា គិតថា​ខ្ញុំធ្វើការងារបាន?!» ខ្ញុំធ្លោយទាំងអារម្មណ៍មិននឹងនរ។

សម្តីដ៏ពិរោះរបស់គាត់ បន្លឺមកទៀត ហាក់បីដូចជាគាត់មិនព្រមឱ្យពេលវេលារំលងទៅឡើយ​។

«បាន! បាន! បាន! ​រឿងអីថាមិនបាន? បងថាបានគឺ​ត្រូវតែបានហើយ!»

ស្រាប់តែភ្លាមនោះដៃស្ដាំរបស់គាត់លោកមកប៉ះលើប្រអប់ដៃឆ្វេងរបស់ខ្ញុំ ហើយអង្អែលចុះឡើងយឺតៗខ្ញុំ​ព្រឺសម្បុរមួយតួខ្លួន។

សភាពនេះធ្វើឱ្យខ្ញុំភាន់ភាំង រកតែដកដៃចេញវិញសឹង​មិនចង់ទាន់។ ខ្ញុំងើបមុខសម្លឹងគាត់ដោយ​មិនដឹងខ្លួន។

កែវភ្នែកម្យ៉ាងដែលខ្ញុំបានឃើញនៅក្នុងពន្លឺភ្នែករបស់បងTN កាលស្គាល់គ្នាថ្មី ឥឡូវ​បង្ហាញនៅចំពោះមុខខ្ញុំ ពីបុរសវ័យកណ្ដាលម្នាក់នេះ។

គាត់នៅញញឹមញញែម យ៉ាងងងើល និងបើកចំហហាក់គ្មានខ្លាចញញើតអ្វី។ ទំនាក់ទំនងភ្នែកគឺជាមធ្យោបាយ ដ៏មានឥទ្ធិពលបំផុតមួយក្នុងចំណោម​បុរសស្រឡាញ់បុរសដូចជាយើង ដោយសារជាទូទៅ​ពួកយើង​អាចប្រើភាសាភ្នែកបង្ហាញពីចំណាប់អារម្មណ៍ដាក់គ្នាជាសម្ងាត់។ តាមពិតទៅ ការសម្លឹងមើលទៅក្នុងជម្រៅភ្នែក បើធ្វើឡើងដោយមនុស្ស​ណាម្នាក់ដែលយើងមាន​ចិត្តជាមួយ ​គឺអស្ចារ្យណាស់ ចំណែកឯពេលនេះ​គាត់ចំណាស់ប៉ា ហើយមានប្រពន្ធកូន​ ថែមទាំងទើបនឹងចួបខ្ញុំមិនទាន់បាន​ ៥នាទីគ្រប់ស្រួលបួល​ មានស្នេហាពីណាមកក្រៅ​ពីកេះកៀវរកបំប៉នតណ្ហា? 

គ្រប់យ៉ាងមិនខុសទេ បង្ហាញច្បាស់លាស់ថា ខ្ញុំគិតមិនខុសពិតមែន​។  ភ្លាមនោះក្រៅពីនឹកឃើញដល់បងទេពណារ៉ា នឹង​ចង់រកមនុស្ស​ពឹងពាក់ឱ្យជួយ ខ្ញុំថែមទាំង​នឹកឃើញភ្លាមថាមានបងរាហ៊ូដែលនៅកៀកៗជាង។ តែករណីបងរាហ៊ូដែលរត់ចោលខ្ញុំមុននេះនៅទ្វារ អាចបញ្ជាក់ទេ​ថា គេដឹងរឿងនេះមុន ហើយ«​ធ្វើស៊ីខ្ញុំ»ផ្គាប់ចិត្ត​នាយកធំរបស់គាត់?

«នៅក្នុងសិល្បៈណ៎ា គ្រប់យ៉ាង​ត្រូវចេះ​សម្របសម្រួល! គឺសម្របខ្លួន!»

គាត់និយាយមកមួយៗមកបន្ថែម​ ដោយកែវភ្នែកម្យ៉ាងដែល​​ខ្ញុំពិតជា​ពិបាកនឹងមើលខ្លាំង។

មិនដឹងដោយអានុភាពអ្វីទេ ​ខ្ញុំក្រោក​រត់វឹងចេញក្រៅដោយមិនឆ្លើយឆ្លង និងចុចជណ្តើរយន្តចុះស្រឺតទៅក្រោមទាំងអារម្មណ៍ងងឹតឈឹងសូន្យ ​មិនដឹងត្រូវទៅណាមកណា​។

ប៉ុន្មានដង្ហើមប៉ុណ្ណោះ ជណ្ដើរយន្តនាំខ្ញុំ ចុះមកដល់ជាន់ក្រោមភ្លាម។

ខ្ញុំនៅទីទើរភាំងៗ ពីព្រោះថាបន្ទប់នេះ មិនមែនជាកន្លែងដែលខ្ញុំបានឡើងមកមុននេះ​ ជាមួយនឹងបងរាហ៊ូនោះទេ ប៉ុន្តែគឺជាបន្ទប់ហាត់សមមួយធំទូលាយ​ភ្លឺចិញ្ចាច។

ខ្ញុំទើបតែចាប់អារម្មណ៍ដឹងខ្លួនមកវិញថា កន្លែងដែលយើងឡើងមកគឺជាជាន់ទីមួយ មិនមែនជាន់G ផ្ទាល់ដី​ឡើយ ដូច្នេះនេះគឺជាបន្ទប់ហាត់សមរបស់ប្រុសៗវ័យស្របាលខ្ញុំជាច្រើននាក់​។ ពួកគេ​កំពុងតែហាត់ដើរម៉ូត។

ខ្លះក្នុងចំណោមនោះ ជាម្ចាស់រូបថតឡូយៗ​ដែលខ្ញុំឃើញតាំងទុកនៅលើជញ្ជាំង ឯជាន់ទីប្រាំបីខាងលើ។  ទីនេះ គឺជាភ្នាក់ងារ​បង្ហាញម៉ូត ឬមួយជាកន្លែងចិញ្ចឹមប្រុសក្មេងៗសម្រាប់លោកអគ្គនាយករលាមនោះឱ្យប្រាកដទៅ?

ខ្ញុំកើតមួម៉ៅក្នុងចិត្ត!

ខ្ញុំអាយុក្មេងមែន ប៉ុន្តែរឿងអាស្រូវនៅពីក្រោយឆាកសិល្បៈមិនមែនខ្ញុំមិនដែលឮនោះទេ។ មិននឹកស្មានថាមិនត្រឹមតែក្មេងស្រីៗដែលជាគោលដៅរងគ្រោះ សូម្បីតែក្មេងប្រុសដូចខ្ញុំក៏ក្លាយជាផ្ទាំងស៊ីប​បាន?

បងរាហ៊ូបង្ហាញខ្លួនពីចម្ងាយរបៀបថាតក់ក្រហល់ចង់រកខ្ញុំ។

ខ្ញុំអរភើតក្នុងពោះពេលឃើញគេ ប្រុងតែហាស្រែកហៅគេពីចម្ងាយទៅហើយ​ ស្រាប់តែ​គេគងម្រាមដៃដាក់លើមាត់ ដូចជាហាមខ្ញុំមិនឱ្យនិយាយអ្វីទាំងអស់។

ខ្ញុំទប់ចិត្ត ឈររង់ចាំក្បែរជណ្តើរ ខណៈបងរាហ៊ូសម្រុកមកដល់ទាំងស្លេកស្លាំង។

«ប៉ិនោះ…!»

ខ្ញុំខ្សឹបដាក់បងម្នាក់នេះទាំងលើក​ដៃម្ខាងចង្អុលទៅជាន់ខាងលើ ​តែត្រូវ​គាត់រាដៃឃាត់ខ្ញុំហើយទាញចូលជណ្តើរ។

«តោះៗ! ចេញទៅក្រៅនិយាយគ្នាជាមួយបង!»

សាជាថ្មី ខ្ញុំឡើងជណ្ដើរយន្តទៅកាន់ជាន់ទីមួយវិញ បន្ទាប់មកស្លើតស្លក់ចេញទៅរកឡាន​ជាមួយ​បងរាហ៊ូនេះ។

«យកខ្ញុំមកជួបប៉ិព្រាន​នេះធ្វើអី? ប្រាប់ខ្ញុំទាំងអស់មក! មុនពេលខ្ញុំប្រាប់បងទេពណារ៉ា!»

បងរាហ៊ូថយឡានបត់វ៉េវចេញពីតំបន់ភ្នាក់ងារគ្រប់គ្រងដោយជនអនាចារ គឺគាត់បើក​ទាំងតក់ក្រហល់​។ សភាពគាត់​គឺស្លន់ជាងខ្ញុំទៅទៀត។ គាត់ភ័យ​អាម៉ាស់ដែលបានយកខ្ញុំមកលក់ ឬមួយគាត់ភ័យ​ខ្លាចខ្ញុំប្រាប់បងទេពណារ៉ាទៅ? ឬមួយ​គាត់ភ័យ​ព្រោះប៉ិព្រាននោះស្តីឱ្យ ព្រោះគេជាថៅកែគាត់?

ខ្ញុំធ្វើមុខស្រងាកចិត្តឱ្យគាត់បានឃើញត្រង់ៗ មិនបាច់ពង្វាងលាក់លៀមអីទាំងអស់។

គាត់ម្តងៗ ងាកមកសម្លឹង​ខ្ញុំបែបហួសចិត្តផង ហាក់នៅទីទើរផង មុនពេលនិយាយមករកខ្ញុំ។

«បងដឹកជេមស៍ទៅសាលាវិញ! ហើយ….ហើយរឿងនៅខាងលើ កុំនិយាយជាមួយអ្នកណាទាំងអស់​!​ បំភ្លេចចោល​អូខេ!»

ខ្ញុំសៅហ្មងខ្លាំងឡើងនៅពេលឃើញដៃគាត់ កំពុង​រេ​បញ្ជាប្រអប់លេខ ក៏នឹកឃើញទៅដល់ម្រាម​ដៃមនុស្សចាស់ម្នាក់នោះលូកមកអង្អែលខ្ញុំ ជាមួយនឹងកែវភ្នែកគួរឱ្យក្តៅចិត្តដែលសម្លឹងមកញ៉ែប៉ប្រែ​ខ្ញុំ កាលនៅជាន់ខាងលើ។

ឱ្យសមនឹង​កំហឹង​ខ្ញុំសម្លុតបងរាហ៊ូភ្លាម៖

«ខ្ញុំទុកបងឯងដូចបងគួរឱ្យគោរពម្នាក់!​ សុខចិត្ត​គេចរៀនចេញមកតាមបងឯង!​ បងឯងគួរទុកខ្ញុំដូចប្អូនម្នាក់! ​សមទេបងឯងយកខ្ញុំឱ្យមនុស្ស​ចង្រៃនោះ?»

មេអណ្តើកនេះ​ខំ​ខ្សឹបតបខ្ញុំទាំងរលះរលាំង៖

«កុំជេរគេ!​ បើប្អូនមិនចូលចិត្ត​គេ ក៏កុំជេរគេ! ​​ទៅបានហើយ!​ បំភ្លេចទៅណ៎ា បងសុំ!»

ខ្ញុំសម្លក់គាត់រលីងរលោង។

«ខ្ញុំនឹងយករឿងនេះនិយាយប្រាប់បងទេពណារ៉ា​! កោតណាស់! កោតចិត្ត! ​ខំជឿចេញមកតាមបងឯង! តាមពិត មនុស្ស​បងឯងអ៊ីចឹងសោះ! គេឱ្យហ្មា៎ន​ បងឯងលក់ការរាប់អានគ្នា​ជាមួយបងទេពណារ៉ា?»

បងរាហ៊ូថ្លោះទឹកមុខស្លេក គាត់ហាក់ដូចជាបានអត់ធ្មត់ចំពោះរឿងអ្វីម្យ៉ាង។

«បើមិនទទួលយកក៏មិនទៅ មិនបាច់ដៀលរាលដាលទេ!»

ខ្ញុំស្រែកដាក់គាត់៖

«យកកាបូបរៀនខ្ញុំមកវិញផង!»

គាត់ដៀងមើលដៃខ្ញុំដែលទទេនេះផង គាត់ទំនង​ទើបនឹង​ដឹងដែរថា ខ្ញុំភ្លេចនៅលើក្រុមហ៊ុន​នោះ។ នឹកដល់រឿងកាបូប ខ្ញុំលាន់ឮសំឡេងមនុស្ស​ដែលខ្ញុំស្អប់ខ្ពើម ក្នុងការចងចាំ «ថ្ងៃនេះអត់រៀនទេ?!»។

ខ្ញុំជាក្មេងមិនទាន់គ្រប់១៨ឆ្នាំ ឯគាត់វិញចំណាស់ប៉ាខ្ញុំ គាត់គិតអី?