រឿង​ ថ្ងៃណាមួយ ភាគទី៧

ខ្ញុំងាកមកស្រោចកំហឹងលើមនុស្សជិតខ្លួន។

«បងឯង….! បងឯងដឹងថាប៉ិនោះអ៊ីចឹងដែរ! មនុស្សនោះមានចរិតអសីលធម៌! នៅតែយកខ្ញុំមកជួបគាត់! វិះតែបន្តិចទៀត ក៏ធ្វើបាបខ្ញុំបានទៅហើយ?  បងឯងទទួលខុសត្រូវយ៉ាងម៉េចចំពោះការរាប់អានជាមួយ​បងទេពណារ៉ា?»

«ទេពណារ៉ាៗៗៗៗ ហត់អត់អ្ហះជេមស៍?!»

ពេលនេះ បងរាហ៊ូងាក​​បន្តឹង​សំឡេង​តបត​ដាក់ខ្ញុំម្តង។

ដោយសារសំឡេងគាត់ជ្រាយហើយបង្អូសៗ បានជាគាត់ខឹងមើលទៅនៅតែទន់ភ្លន់។

«ទេពណារ៉ា​ដែលជេមស៍គិត​ថា ល្អ​បំផុតហ្នឹងហើយ​ឱ្យបងនាំជេមស៍ឯងមកឱ្យលោកមន្តា!»

ខ្ញុំនៅស្កុបធ្មឹងនឹង​ប្រតិកម្មវាយបករបស់គាត់។

ទាំងដៃកាច់ចង្កូចឡានយ៉ាងប៉ិនប្រសប់ ​បងនេះនិយាយបន្តមកទៀត​ទាំងមុខស្លាំងខឹង៖

«មើលទៅឆ្លាតដែរ តែប៉ុណ្ណឹង​ហើយនៅមិនយល់ទៀត? អ្នកណាជាមេក្លោងយកឯងមកឱ្យមាសមន្តា? គិតឡើងវិញមើល៍!  គឺទេពណារ៉ា! ​បើបងទេពណារ៉ា​របស់ឯងល្អខ្លាំង​ ហៅវាចេញមកសួរមក ពិតឬអត់! ថាបងរហ៊ូនៀក គ្រាន់តែជាជើងឈ្នាន់ឱ្យគេទេ!​​ បងគ្រាន់តែជាអ្នកដឹកឯងមក ឈប់ដៀលត្មះបងភ្លាម ​ព្រោះថាដៀល​ខុសមនុស្ស​»

ខ្ញុំភាំងៗជាមួយនឹងសម្ដីរបស់គាត់ និង​​ទឹកមុខ​គាត់។

ផ្ទៃមុខបុរសភេទទីបី នៅក្បែរខ្ញុំម្នាក់នេះបានបង្ហើបបង្ហាញនូ​វអាថ៌កំបាំងក្រៅគគុកជាច្រើនកំពុង​ដុតកម្លោចចិត្ត​ខ្ញុំឱ្យធ្លាក់ស្រពាប់ស្រពោនទាំងឥតព្រាងទុក។

គាត់បើកឡានផងមាត់រអ៊ូចុះឡើងផង៖

«អញហ្អើយអញ! យករឿងដាក់ខ្លួនទាល់តែបានអញ! ទៅជឿវា អាទេពណារ៉ា CEOខឹងអញបណ្ដេញអញចោលផងក៏ថាបាន!»

បុរសនេះ ទោះបីជាខឹងប៉ុណ្ណា នៅតែឃើញ​មានសម្តីផ្អែមល្ហែម ធ្វើឱ្យខ្ញុំនឹកឃើញបកក្រោយដល់ការពិតជាច្រើនទៀត ដែលខ្ញុំទើបនឹងជួប ហើយត្រូវស្រឡាំងកាំងនៅឯជាន់ខាងលើ។

ខ្ញុំយល់ថា នេះគឺជាឱកាសដែលខ្ញុំត្រូវការ ការបកស្រាយមួយ។

ចម្ងល់ក្នុងទ្រូងខ្ញុំត្រូវតែបញ្ចេញ​ឱ្យបានច្បាស់  ព្រោះថាមួយចប់កំពុងជិះឡាននេះ​    ខ្ញុំចុច​ទូរសព្ទ​រកបងTN តែចុចអត់ចូលជានិច្ច​។

 «ហេតុអីខ្ញុំទូរសព្ទទៅបងទេពណារ៉ាមិនចូលសោះ?!»

បងរាហ៊ូសើចខឹករង្គើស្មាទាំងមុខស្ងួត។ ​គាត់ចំអកខ្ញុំ? ចំអករឿងអី?

ខ្ញុំក្តាប់មាត់សួរគាត់៖

«បងរាហ៊ូ​និយាយប្រាប់ខ្ញុំច្បាស់ៗមក! ហេតុអី បានជាមនុស្សប្រុសម្នាក់មិញ ទុកខ្ញុំ មើលមកខ្ញុំដូចជា​ មនុស្សលក់ខ្លួន?!»

«កុំនិយាយធ្ងន់ពេក! ឯងនៅក្មេងណាស់ជេមស៍!»

«បងឯងក៏ដឹងខ្ញុំក្មេងដែរ? អ៊ីចឹងអ្នកណាប្រាប់បងឯងថាខ្ញុំព្រមធ្វើអ៊ីចឹងៗជាមួយប៉ិនោះ?!»

«គាត់ស្រឡាញ់ឯងមានអីខុស? ហើយគេ​ស្ងើចឯង ទុកឯងជាមនុស្សស្អាតៗ គេចង់ថ្នាក់ថ្នម​ស្រឡាញ់​ជេមស៍​​ឯងមានអីខុស?!» ​គាត់ឆ្លើយ​តវ៉ាដោយ​​ធ្វើភ្នែក​ក្រឡិកក្រឡាប់ជាមួយខ្ញុំ។

«មានអីខុសទៀត? ហេតុអ្វី? ក៏ដឹងដែរ ថាខ្ញុំមិនស្រឡាញ់អ្នកណាក្រៅពីបងទេពណារ៉ាទេ» គាត់បន្តសើចរលាក់ស្មា។

«ហេតុអីបានបងឯងមកសើចចំអកពេលខ្ញុំនិយាយការពិត? ខ្ញុំទុកចិត្ត​បងឯង តែបងឯងបោកខ្ញុំ! តាំងពីថ្ងៃខ្ញុំចួបបងឯងដំបូង​ ខ្ញុំទុកបងឯងថាជាកម្លាំងចិត្ត​របស់ខ្ញុំ! ខ្ញុំគិតថា ខ្ទើយដូចយើងចេះ​ស្រឡាញ់ជ្រោមជ្រែងគ្នា! សង្គមនេះ​ធ្វើម៉េចមកលើពួកយើងខ្លះ? យើងកើតមកឈឺចាប់តាំងពីចេះស្គាល់ខុស​ត្រូវ​ ចេះស្គាល់ខ្លួនឯងមកម៉្លេះ! ម្នាក់ៗរស់ថប់ដង្ហើមម៉េចខ្លះ?  ទីបំផុត មើលបងឯងធ្វើលើខ្ញុំចុះ!»

«បងចង់ឱ្យជេមស៍មានអនាគតល្អ!»

គាត់និយាយកាត់មកខ្ញុំដោយរអាក់រអួល។ កិរិយា​និង​គ្រប់យ៉ាង​បងរាហ៊ូបានបញ្ចេញមក កំពុងធ្វើឱ្យខ្ញុំភាន់ភាំង។

ខ្ញុំនៅឆ្ងក់លែងមាត់ រួច​ទុកពេលឱ្យគាត់និយាយម្តង៖

«បងបាន​គិតគូរពីឯងយ៉ាងណា មិនឃើញ​បងរកវិធី​បញ្ចុះបញ្ចូលគាត់បានទេ? ស្មានថាស្រួល? គាត់ព្រមឱ្យ​បងត្រៀមកុងត្រា៣ឆ្នាំ​ជាមួយ​ឯង ​ស្មានថាការសម្រេចចិត្តនេះ​បានមកទទេៗអ្ហី? មនុស្ស​ច្រើនហើយ គេដេកជាមួយមិនដែលបានកុងត្រាស្អីមួយនៅឡើយ​ ដឹងផងទៅជេមស៍!»

«ខ្ញុំមិនត្រូវការទេ!»

ខ្ញុំថាទាំងទឹកភ្នែក​ គឺថាកាត់គងលើសម្តី​គាត់​តែម្តង។

«ឮដែរ? បងស្គាល់ពាក្យថាសីលធម៌អត់? ប៉ិនោះប៉ះពាល់ខ្ញុំ គេមើលម៉េចថាខ្ញុំចង់លក់ខ្លួន? ខ្ញុំដូចណាស់អ្ហី?»

«ឱ្យដឹងផង​ជេមស៍! ថាប្រុសៗ​ជាច្រើននៅក្នុងពិភពសិល្បៈនេះ ចង់ធ្វើជាសង្សាររបស់គាត់! ឱ្យតែថ្ងៃនេះជេមស៍អាចឆ្លងកាត់គាត់បាន ថ្ងៃស្អែកចង់ជិះឡានដប់ម៉ឺនដុល្លារ ឬ​ឡានអីហ្នឹងថ្លៃជាងឡានរបស់ទេពណារ៉ាទៀត ក៏បានដែរ!!»

«ខ្ញុំស្អប់បងឯងណាស់!»

ខ្ញុំថាទាំងខាំមាត់។​ ខ្ញុំដឹងក្នុងចិត្ត​រួចហើយ ខ្ញុំមិនដែល​គិតរឿងឡានទំនើបស្អី ដូចដែលគាត់គិតទេ។ ខ្ញុំចង់បានធ្វើស្អី​របស់មិនមែន​ជាកម្លាំងខ្ញុំ? គ្រួសារខ្ញុំដ្បិតតែបាក់បែកជាផ្នែកៗ ក៏មិនសមថាមុខមាត់ខ្ញុំ​ត្រូវគេ​យកទៅម៉ៃ​តាមរបៀបហ្នឹងដែរ។

«យកការរួមភេទទៅដូរជាមួយ​សម្ភារៈ មិនទុកថាបានមកពីកម្លាំងញើសឈាម​ទេ! ការលក់តណ្ហា ខុសពីការធ្វើការងារ  វាជាការយកកិត្តិយសទៅលក់! ​យកខ្លួនឯងទៅប្រមាថ!»

ខ្ញុំថាយកៗ ថា​ខ្លាំងៗ ព្រោះខឹងទប់មិនបាន។ មិនថា បងរាហ៊ូនេះ បានថ្កុំថ្កើងល្បីឈ្មោះព្រោះមានសមត្ថភាពពិត ឬតាមផ្លូវកាត់ ​ថ្ងៃនេះខ្ញុំចង់តែព្រលះគាត់ឱ្យបានឈឺៗ ដែលហ៊ាន​ចាត់បញ្ចូលខ្ញុំនៅក្នុងចំណោម​មនុស្ស​ធុនដែលគាត់បានម៉ៃ។

«ចុះទេពណារ៉ារបស់ឯង? ជេមស៍ឯងដែលយកពាក្យនេះទៅសួរអត់?!»

«សួរអី?!»

«សួរវាផង! ឡានវាជិះសព្វថ្ងៃនេះ​បានមកពីវិធីណា? លក់កម្លាំង​ ឬលក់កិត្តិយស?!»

ខ្ញុំដូចត្រូវមួយកាំបិតដួលត្មោល កុំថាឡើយក្រោកមកឈរមាំ​វិញ សូម្បីមាត់ក៏ដូចត្រូវគេចុក​។ ពេលនោះហើយដែលខ្ញុំបានឮតាមរយៈបងរាហ៊ូថា បងទេពណារ៉ានៅពីក្រោយការលក់ខ្ញុំទៅឱ្យម្ចាស់ភ្នាក់ងារផ្សព្វផ្សាយ​យក្សាមួយនេះ។

គ្រាប់បែកបង្កប់មួយត្រូវបានចងភ្ជាប់ផ្អោបទ្រូងខ្ញុំ។

ខ្ញុំខលគេមិនចូលទេ ហើយអង្គុយសំកុកនៅហាងដែលយើង​ធ្លាប់ចួបគ្នា ក៏នៅតែមិនឃើញស្រមោល​​​គេ។ រហូតដល់ពេលព្រលប់ ខ្ញុំចាប់ផ្តើមហេងហាងនឹងនឹកស្តាយក្រោយ​ថា បើខ្ញុំមិនយកកំហឹងទល់កំហល់ ប្រហែលជាខ្ញុំអា​ចសួរនាំបងរាហ៊ូតាមសម្រួល ​អំពីប្រវត្តិពិតរបស់សង្សារខ្ញុំនិងការបាត់ខ្លួន​របស់គេនៅថ្ងៃនេះ។

វគ្គ

When nothing goes right, go left

យប់នេះ ខ្ញុំត្រឡប់មកផ្ទះវិញអង្គុយសំកុកក្នុងបន្ទប់មិនហូបបាយទឹក ទោះបីជាដឹងថាម្ដាយខ្ញុំតាមសួរច្រើនដងក៏ដោយ​។

ខ្ញុំធ្វើចិត្តយ៉ាងណាក៏នៅតែមិនសុខ តើខ្ញុំអាចហែកទ្វីបលោកនេះរកគេឱ្យឃើញ ដើម្បីសួរនាំគេអំពីរឿងរ៉ាវទាំងអស់កើតឡើង ទាក់ទងជាមួយAgency វិស្ណុមួយនោះ? គេមានចំណែក​ក្នុងការ​ដាក់ខ្ញុំទៅឱ្យម្នាក់ព្រានឈ្មោះមាស មន្តាដែរអត់?

«ជេមស៍គេងនៅកូន?»

ម្ដាយខ្ញុំចូលមកដល់ជាមួយ​ទឹកដោះគោស្រស់មួយកែវធំ​។ ខ្ញុំខំប្រឹងញញឹមញញែម ទទួលមកលេបក្អឹកៗ ប៉ុន្តែដឹងច្បាស់ថា គាត់នឹងមើលយល់ពីទុក្ខព្រួយរបស់ខ្ញុំ។

«ល្ងាចមិញទៅជួបគេ​ម៉េចដែរ? មិនល្អទេឬអីកូន? មិនបានជោគជ័យទេ?»

ខ្ញុំងក់ក្បាលតិចៗ ហើយចុចបិទ Laptop ចុចបិទ WIFIទូរសព្ទ ជាសញ្ញាប្រាប់គាត់ថា ខ្ញុំចង់ចូលគេង​។

ពេលដែលខ្ញុំថយមកអង្គុយលើគ្រែពូក ទាញភួយដណ្តប់ ម្តាយខ្ញុំនៅតែ​តាម​មកអង្គុយក្បែរខ្ញុំ។ ម្ដងនេះខ្ញុំមានអារម្មណ៍ដូចជាខ្ញុំនៅក្មេងខ្លាំងណាស់ គឺក្មេងដែលកាលពីតូចតែងតែត្រូវការឱ្យគាត់និយាយរឿងនិទាន និងមក​តាម​ដណ្ដប់ភួយមួយឱ្យខ្ញុំ ទើបខ្ញុំគេងលក់។

ខ្ញុំរេភ្នែកដែលស្រងូតស្រងាត់សម្លឹងទៅគាត់។

«ម៉ាក់មានរឿងអីនៅកន្លែងធ្វើការមែនអត់?!»

ខ្ញុំសួរតិចៗ ម្តាយខ្ញុំដូចខ្ញុំដែរ​ គ្រវីក្បាលមិនមាត់មិនក។

យល់ចិត្តខ្ញុំ គាត់ក៏មិនបានរំឭកដេញដោល​សួរ​ពីរឿងកាលដែលគាត់បានជួយសុំច្បាប់ឱ្យខ្ញុំទៅបង្ហាញខ្លួននៅក្លិបវិស្ណុហ្នឹងទៀត​ដែរ គាត់បែរជាដូរប្រធានបទ​និយាយពីរឿងផ្សេង៖

«កូនឯងស្គាល់ អេរិចអត់?!»

 ម្ដាយរបស់អេរិចជាមិត្តរបស់ម៉ាក់ ក៏ជាអ្នកធ្វើការនៅធនាគារជាមួយប៉ា​ខ្ញុំដែរកាលពីដំបូងៗ​។

មីងហ្នឹងក៏ជាស្ត្រីម៉េម៉ាយលែងលះគ្នាតាំងពីអេរិចនៅតូច។ ទោះមិនជោគជ័យនៅក្នុងគ្រួសារ តែ​គាត់ជាស្ត្រីខ្លាំងម្នាក់ តែងតែឡើងឋានៈតួនាទីខ្ពស់ទៅៗក្នុងធនាគារនោះ​រហូតដល់ចាកចេញពីធនាគារចាស់ ទៅធ្វើការជាCEO នាយកផ្នែក​ហិរញ្ញវត្ថុ នៃធនាគារមួយថ្មីទៀត ដោយសាររឿងបែបនោះដែរ ដែលម្ដាយខ្ញុំតែងតែប្រៀបធៀបរវាងម្ដាយអេរិចជាមួយនឹងប៉ា ថាហេតុអ្វីបានប៉ាខ្ញុំធ្វើការជាងដប់ឆ្នាំមកហើយការឡើងតំណែងនៅតែ​យឺតៗមិនស្មើនឹងមិត្តភក្តិរបស់គាត់។

ថ្ងៃនេះចាំមើលថា តើម្តាយរបស់ខ្ញុំនិងប្រៀបធៀបខ្ញុំយ៉ាងម៉េចទៀតជាមួយអេរិច។ ខ្ញុំបិទភ្នែកទាំងពីរសងខាងដោយបង្ហាញសញ្ញាប្រាប់ម្តាយខ្ញុំដោយស្ងៀមស្ងាត់ថា ខ្ញុំមិនចង់ស្ដាប់នូវអ្វីដែលគាត់និយាយទៀតទេ ប៉ុន្តែសំឡេងគាត់នៅតែលាន់មកបន្តរដឹក ដូចជាគាត់បង្ខំឱ្យខ្ញុំត្រូវទៅស្ដាប់ ឬមួយជារឿងសំខាន់?

«រឿងអេរិចប្រឡងជាប់ទៅរៀននៅជប៉ុនហ្នឹង កូនដឹងអត់?!»

«កូនដឹងហើយ​! ម៉ាក់ប្រាប់ពីរដងហើយ ទៅ ​Mizuho មែនអត់?»

ខ្ញុំនិយាយទាំងបើកភ្នែកសម្លឹងគាត់វិញ ជាមួយពន្លឺភ្នែកមិនពេញចិត្ត​តូចមួយ ដែលចង់ប្រាប់ម៉ាក់ថា ខ្ញុំមិនចង់ស្តាប់។

ទំហំនៃការវាស់ស្ទង់ដែលឪពុកម្ដាយនៅលើលោកនេះនិយមយកមកប្រើ គឺពិបាកពន្យល់ខ្លាំងណាស់ ទាំងដែលយើងនៅក្មេង មិនថាតិចឬច្រើន ពួកគេតែងតែចូលចិត្តធ្វើការប្រៀបធៀប សូម្បីតាំងពីយើង​ នៅក្មេងមិនទាន់បានបញ្ចេញសក្ដានុពល មិនទាន់បានប្រឹងប្រែងពេញទំហឹងជាមួយសង្គមរស់នៅឬការងារ ឬ​ក៏សង្គមសេដ្ឋកិច្ចផង ​ក៏គាត់ប្រៀបធៀបជានិច្ចទៅហើយ។

ការប្រៀបធៀបខ្លះបណ្តាលឱ្យយើង​ចេះមានគោលដៅ​ ចេះខិតខំ តែខ្លះទៀតបានសម្លាប់យើងតាំងពីថ្ងៃដំបូង តាំងពីយើងមិនទាន់ចាកចេញពីបន្ទប់គេងម្ល៉េះ គឺបែបនេះឯង រឿងក្នុងផ្ទះខ្ញុំ។

«ម៉ាក់ចង់ឱ្យខ្ញុំដាក់ពាក្យទៅជប៉ុនដែរហ្មែន?!»

ខ្ញុំនិយាយទៀតទាំងសម្លឹងមុខគាត់ ចង់ប្រាប់គាត់ថា ពេលនេះម៉ោងនេះ ខ្ញុំនឹងធ្វើអ្វីៗតាមដែលគាត់ចង់បាន ហើយអ្វីដែលខ្ញុំចង់បានពីគាត់នោះ គឺឈប់ឱ្យគាត់យកខ្ញុំទៅប្រៀបធៀបជាមួយអ្នកដទៃ ដូចទម្លាប់គាត់ធៀបប្តីគាត់ជាមួយ​នឹង​មិត្តភក្តិគាត់អ៊ីចឹងដែរ។

«អេរិចស្លាប់ព្រឹកមិញ!»

ម៉ាក់និយាយខ្លីកាត់ជ្រែកកំហឹងក្នុងទ្រូងខ្ញុំ បណ្តាលឱ្យខ្ញុំភាំង។

ម៉ាក់យំហើយ!

ច្រើនឆ្នាំមកនេះ​ជាលើកដំបូងខ្ញុំឃើញគាត់យំ។

ទីបំផុតម៉ាក់ឱបខ្ញុំ ហើយឱបណែនឡើងៗ។

«ម៉ាក់ភ័យណាស់! ម៉ាក់មាន​តែកូនមួយទេជេមស៍! ម៉ាក់ភ័យ!»

កាលគេនៅរស់គាត់ប្រៀបគេជាមួយខ្ញុំជានិច្ច ឥឡូវគេស្លាប់ ម៉ាក់មកឱបខ្ញុំយំទៀត? ម៉េចក៏អេរិចនោះពាក់ព័ន្ធ សំខាន់ម៉េ្លះសម្រាប់គ្រួសារខ្ញុំ។

«មានរឿងអី? កូនមីងជេនីមានរឿងអី?!»

«ជេនីនៅសន្លប់ មិនទាន់ដឹងខ្លួនទេ! តែមានអ្នកខ្លះនិយាយថា អេរិចសម្លាប់ខ្លួន!»

ខ្ញុំញ័រដៃ ខណៈម៉ាក់យំគគ្រូកហើយនិយាយបន្ថែម៖

«ត្រា! កូនរបស់ម៉ាក់! កូនជាក្មេងល្អ កុំត្រាប់តាមពួកគេឱ្យសោះណា៎ ​មាន​រឿងអីត្រូវប្រាប់ម៉ាក់! រឿងអីក៏មាន​ច្រកចេញដែរ កុំទុកខ្លួនឯង ដល់ឌីប្រេសិនហើយចប់ទៅរបៀបអញ្ចឹង ​វាមិនល្អទេណ៎ាកូន!»

ខ្ញុំរេភ្នែកគិតដោយតក់ស្លុត។ ​រូបរាង​មាំទាំឆ្លៀវឆ្លាតរបស់អេរិច ដែលខ្ញុំមិនសូវចូលចិត្ត ពេលនេះបានអណ្តែតមកលងក្នុងការចងចាំរបស់ខ្ញុំឡើងវិញ។​ តាំងពីតូចមក ម៉ាក់គេ​ពូកែអួតនិងពូកែចាក់ចុចឌឺដងរឿងប៉ាខ្ញុំបំផុត ម៉្លោះហើយ​ខ្ញុំមិនរវល់ជាមួយម្តាយនិងកូននេះទេ។

ក្រោយមកកូនគេធំឡើងក៏ក្លាយជានិមិត្តរូបម៉ាក់ រកមកធៀបឱ្យខ្ញុំធ្វើតាមទៀត។ ឥឡូវគេស្លាប់ ម្តាយខ្ញុំបែរជា​ភ័យខ្លាចថា​ខ្ញុំនឹង​យកគេមក​ជាគំរូបញ្ចប់ជីវិត​ទៅទាំងក្មេងខ្ចី?

«ម៉ាក់មិនឱ្យកូនចេញទៅរៀនស្រុកក្រៅដាច់ខាត!»

គាត់និយាយបន្ថែមមកទាំង​រាងកាយខ្ញុំជាប់ទ្រូងគាត់។

ខ្ញុំហួសចិត្ត​!

«ម៉ាក់! មនុស្ស​ខុសគ្នាណា៎ម៉ាក់! បានហើយ! កុំយំ​! មិនមែន​រឿងយើងទេ!»

មនុស្ស​គ្រប់គ្នា​លើលោកនេះ ចាប់ផ្តើមថ្ងៃដំបូង​ក្នុងការ​ឃើញពន្លឺថ្ងៃដោយសេចក្ដីសង្ឃឹម និងផ្នត់គំនិតល្អបរិសុទ្ធ។ ចំពោះខ្ញុំ ខ្ញុំពិតតែជាក្មេងមានបញ្ហា ​ប៉ុន្តែ​ខ្ញុំត្រូវបានសៀវភៅល្អៗជាច្រើន​លើលោកនេះបង្រៀននូវទស្សនវិជ្ជាសំខាន់ៗសម្រាប់ឆ្លងកាត់ទុក្ខវេទនាបាន។ ​ខ្ញុំតែងស្រឡាញ់ពាក្យ​មួយដែលលើកឡើងថា យើងទាំងអស់គ្នាកើតមកសុទ្ធតែមានអំណោយផលខុសគ្នា អ្វីដែលគួរធ្វើ គឺត្រូវតែខំឱ្យបានអស់ពីលទ្ធភាព ប្រឈមមុខជាមួយទុក្ខលំបាក ព្រោះថាការគេចវេះកាន់តែលំបាកទ្វេ​ដដែលទេ។ ខ្ញុំដឹងថា ក្មេងជាច្រើននៅក្នុងសម័យកាលនេះ បានដឹងពីទស្សនវិជ្ជាល្អ សាមញ្ញភាពសម្រាប់ការរស់នៅបានធូរស្រាលចិត្ត​ ប៉ុន្តែអេរិចវិញ​មិនដឹងថា គេបានឆ្លងកាត់ការលំបាកអ្វីខ្លះ​ ឬមួយវប្បធម៌កោតសរសើរប្រៀបធៀប​ និងវប្បធម៌លេខមួយ អាចនឹង​បង្ខំគេ​ឱ្យមាន​គោលដៅចុងក្រោយដ៏រន្ធត់នេះ។

ខ្ញុំមិនចង់វិភាគរឿងដែលខ្ញុំមិនដឹងច្បាស់នោះទេ។

សូម្បីម្តាយខ្ញុំ និងមីងជេនីគឺជាអ្នកដែលមានទស្សនវិជ្ជាឆ្លៀវឆ្លាតទាន់សម័យ ពួកគាត់ រស់នៅជាប់ជាមួយនិន្នាការវិវឌ្ឍន៍ថ្មីៗ​របស់សង្គម ប៉ុន្តែគាត់នៅតែមានការប្រៀបធៀប នេះបង្ហាញថាការប្រៀបធៀប ជាចរិត មិនមែនទាក់ទងជាមួយចំណេះដឹង ឬមួយក៏បរិយាកាសរស់នៅទាន់សម័យ ឬក៏បុរាណនោះឡើយ។

ម៉ាក់ខ្ញុំប​ន្តយឺតៗ៖

«មិនចង់និយាយអ្វីទាំងអស់ ម៉ាក់មិនចង់ឈ្លោះ មិនប្រកែកយកត្រូវទេជេមស៍! ម៉ាក់គ្រាន់តែចូលមកនេះចង់ប្រាប់ថា កូនប្រុសម៉ាក់មាន​តម្លៃខ្លាំងណាស់ក្នុងជីវិត​ម៉ាក់! បើសិនជាធ្វើរឿងមួយមិនបានជោគជ័យទេ ងាករករឿងផ្សេងបាន អ្នកណាមិនធ្លាប់បរាជ័យ? When nothing goes right, go left មិនបាច់ខ្លាចទេ ម៉ាក់នៅគាំទ្រកូនម៉ាក់ជានិច្ច»

សម្តីម៉ាក់ធ្វើឱ្យខ្ញុំនឹកឃើញ​ឡើងវិញ….ខ្ញុំអាចពិភាក្សាអ្វីបានជាមួយនឹងម្តាយខ្ញុំទាក់ទងជាមួយនឹងមនុស្សព្រានឈ្មោះមាស មន្តាម្នាក់នោះ?

នៅក្នុងពិភពលោកនេះពិតជាគ្មាននរណាម្នាក់ ដែលខ្ញុំអាចចែករំលែករឿងនេះជាមួយ ក្រៅពីមនុស្សដែលកំពុងតែគេចខ្លួនបាត់នោះឡើយ។

ភ្លាមនោះ ទូរសព្ទរោទ៍។

ជាលេខ​ដែលធ្វើឱ្យខ្ញុំមានសេចក្ដីរំភើប និងតក់ក្រហល់ជាទីបំផុតគ្រាន់តែឃើញ។ ប្រហែលមកតែពីខ្ញុំបិទ WIFI ហើយ បានជាបងទេពណារ៉ាមិនឈែត ​បែរជាខលមកតែម្តង។

អាកប្បកិរិយារបស់ខ្ញុំដែលអន្ទះសាញញឹម​ញញែម ក៏ម្តាយខ្ញុំដឹងភ្លាម​ដែរថា អ្នកដែលខល​មក​​នេះ ជាបុគ្គលសំខាន់បែបណាដែរ។

គាត់ងើបមុខសម្លឹងនាឡិការោទិ៍ដែលដាក់នៅក្បែរក្បាលដំណេក​របស់ខ្ញុំ ជាមួយនឹងសំណួរនៅក្នុងភ្នែករបស់គាត់ថា «អ្នកណា? ថ្មើរណេះហើយ នៅតែខលមកកូនប្រុសទោលរបស់គាត់បានទៀត?!»

ជាមួយ​អាការៈអន្ទះសា ខ្ញុំសំណូមពរឱ្យគាត់ចេញ៖

«ម៉ាក់ខ្ញុំត្រូវការនិយាយគ្នាបន្តិច!»

គាត់ងក់ក្បាលចាកចេញ​យឺតៗខណៈខ្ញុំក្រោក​ទៅកាន់តុរៀន​ស្រវាទូរសព្ទ​យកមកកាន់។  សង្ឃឹមថាគាត់ចេញទៅនេះ មិននៅលបស្តាប់នៅឯមាត់ទ្វារក្រៅទៅចុះ។

ខ្ញុំបិទទ្វារ ហើយដើរទៅរានហាលតែម្តង។

«បងឯងបាត់ទៅណាពេញមួយថ្ងៃ? ខ្ញុំខលហើយខលទៀតមិនចូលសោះ!»

មនុស្សដែលខ្ញុំស្រឡាញ់ បានខលមកខ្ញុំទាំងយប់ធ្វើឱ្យខ្ញុំធូរទ្រូងខ្សាក វិបត្តិទាំងឡាយរលាយទៅដូចអំបិលត្រូវទឹកទន្លេ រសាត់គ្មានសល់សូម្បីល្អក់កករ។

បណ្តារឿងមន្ទិលនានា​តាំងពីពេលចាកចេញពីវិស្ណុមកដល់ផ្ទះ រួមជាមួយសម្ដីទាំងប៉ុន្មានរបស់បងរាហ៊ូកាលពីថ្ងៃ ហាក់បី​ដូចជាគ្រាប់បែកកំណត់ម៉ោងសន្ធំពេញក្នុងទ្រូងរបស់ខ្ញុំ ពេលនេះបានក្លាយទៅជាខូចអសារ​ គ្មានប្រសិទ្ធភាពទៀត​នោះទេ។

គេខលមករកខ្ញុំនេះ​បង្ហាញ​ច្បាស់ណាស់ថា ល្ងាចមិញគេរវល់។ ពេលនេះ ទើបខ្ញុំដឹងថា ជាគេ សំខាន់សម្រាប់ខ្ញុំប៉ុនណា ពីព្រោះថាចាប់តាំងពីពេលដែលខ្ញុំទាក់ទងគេលែងបាន ត្រឹម​តែប៉ុន្មានម៉ោងសោះ ខ្ញុំបែរជា​រស់មិនសុខរសាប់រសល់គ្រាំទ្រូង គេងមិនលក់បក់មិនល្ហើយ ហើយគ្រាន់តែឮសំឡេងគេ ក៏គ្រប់យ៉ាងបានរសាត់បាត់ទៅបាត់ត្រឹមមួយប៉ប្រិចភ្នែក។

«បងមានធុរៈ!»

គេតបតិចៗ ​ហើយពិរោះណាស់សម្រាប់បេះដូងខ្ញុំ។ ខ្ញុំមិនសួរគេទេ ថាតើគេមានធុរៈអ្វី! នេះគឺជាចរិតរបស់ខ្ញុំ តាំងពីដើមមក ខ្ញុំមិនចូលចិត្តមនុស្សដែលដេញដោល មិនចូលចិត្តមនុស្សដែលជ្រៀតជ្រែក ក៏មិនចូលចិត្តមនុស្សដែលប្រើអំណាចបញ្ជាបង្គាប់លើរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ។ នេះប្រហែលជាមកពីខ្ញុំរស់នៅក្នុងគ្រួសារមួយ តាំងពីតូចមកដល់ពេលនេះ ខ្ញុំធ្លាប់តែឃើញម្ដាយខ្ញុំបង្គាប់ ទៅលើប៉ាខ្ញុំ និងបញ្ជាជជីករឿងខ្ញុំ គាត់ចូលចិត្តវិភាគដេញដោល និងពេលខ្លះដល់ថ្នាក់ហួសហេតុ បានជាខ្ញុំស្អប់ណាស់ទង្វើបែបនេះ។

ខ្ញុំមិនសួរគេនៅឯណា ទាំងចិត្តខ្ញុំចង់ដឹងជាខ្លាំងថា តើគេបាត់ទៅណា?

ស្រាប់តែពេលនោះគេសួរមកខ្ញុំវិញ៖

«យ៉ាងម៉េចហើយរឿងនៅវិស្ណុ?»

«បងមានបានខលទៅបងរាហ៊ូអត់?» ខ្ញុំសួរវិញតិចៗ ព្រោះគិតថាគេមិនទាន់ដឹងនៅឡើយ​ ហើយក៏មិនទាន់ដឹងថាគួរប្រាប់គេថាម៉េច?

«អត់ទេ! បងខលមកជេមស៍មុនគេគ្រាន់តែបានសេវាភ្លាម!»

បេះដូងខ្ញុំរំភើបត្រេកអររីកមាឌរហូតដល់ភ្លេចថា ថ្ងៃមិញនេះខ្ញុំបានជួបប្រទះរឿងអ្វីខ្លះ ហើយអស់សង្ឃឹមកម្រិតណា។

 «ប៉ិនោះលូកលាន់ខ្ញុំ!»

ខ្ញុំនិយាយខ្លីហើយតម្អូញ ពីព្រោះគេគឺជាមនុស្សជិតស្និទ្ធតែម្នាក់គត់ ដែលបេះដូងខ្ញុំចង់ប្រាប់រឿងរ៉ាវគួរឱ្យអាម៉ាស់ទាំងអស់កាលពីរសៀល។

«អ្នកណា? រាហ៊ូ?!»

បងTN សួរមកភ្លាមៗ ធ្វើឱ្យខ្ញុំយល់ថា គាត់ដូចជាមិនបានដឹងរឿងអីពិតមែន។

«មិនមែន​ទេ តែប៉ិCEOនោះ! មាសមន្តា!»

ខ្ញុំប្រាប់គេភ្លាមៗ ដើម្បីឱ្យគេការពារខ្ញុំ ឱ្យគេឈរនៅពីក្រោយខ្ញុំ ក្នុងបញ្ហានេះ។ បងទេពណារ៉ាគេហាក់ទ្រឹងស្ងៀម លើសម្ដីរបស់ខ្ញុំ ប៉ុន្តែគិតម្យ៉ាងទៅ ដូចជាគេកំពុងរង់ចាំស្ដាប់ខ្ញុំបន្តទៀត​។ នេះគឺជាភាពអត់ធ្មត់និងស្ងាត់ស្ងៀមរបស់បងTN ដែលខ្ញុំតែងតែជាប់ចិត្ត លង់ស្រឡាញ់គេរហូតមក ហើយទុកគេថា មានលក្ខណៈពិសេសខុសពីមនុស្សទាំងអស់ដែលខ្ញុំធ្លាប់ចួប។

«ខ្ញុំចេញមកដោយមិនបានធ្វើអីទាំងអស់! ខ្ញុំស្អប់ម្នាក់នោះខ្លាំងណាស់! ថ្ងៃក្រោយមានរឿងអីក៏ខ្ញុំមិនទៅជាន់ Agency វិស្ណុទៀតដែរ!»

«មានរឿងអីកើតឡើង!»

«ខ្ញុំប្រាប់បងឯងហើយ​ថាគេលូកលាន់ខ្ញុំ!»

គេដកដង្ហើមធំ ខ្ញុំនិយាយទៀត៖

«ចាប់ដៃចាប់ជើងខ្ញុំ! និយាយពាក្យពិបាកស្តាប់ណាស់! ខ្ញុំពិបាកយល់ណាស់! ខ្ញុំមានអារម្មណ៍ស្អប់កន្លែងនោះ! ស្អប់មនុស្សនៅកន្លែងនោះ! ស្អប់អ្វីគ្រប់យ៉ាង!     កុំនិយាយជាមួយនឹងខ្ញុំរឿង​ទស្សនាវដ្ដី​នោះទៀតបើបងមិនចង់ឱ្យខ្ញុំពិបាកចិត្ត!»

«អូខេ! ល្អហើយដែលឱ្យបងបានដឹង ប៉ុន្តែចាំចួបគ្នា និយាយប្រាប់បងឱ្យអស់មក នឹងអាលបងចាត់ការវាចេញ!»

គេមិនបាននៅពីក្រោយការបញ្ជូនខ្ញុំទៅឱ្យព្រានម្នាក់នោះដូចដែលបងរាហ៊ូបានបង្ហើបនោះទេ។ រឿងដែលសំខាន់មួយ​ទៀត គឺទំនាក់ទំនងរវាងគេ​ជាមួយខ្ញុំកាន់តែ​ពោរពេញទៅដោយការជឿជាក់លើសមុនទៅទៀត។

«ស្អែកចួបគ្នាបានអត់? ព្រលឹមឡើង? ខ្ញុំចង់ចួបបងមែនទែន!» ខ្ញុំស្នើសុំ។

«ចាំមើលសិន!»

«ចាំអីទៅ! តាមពិតខ្ញុំចង់ចួបបងឯងឥឡូវ! នឹក! បងឯងនៅហ្ន៎ា? កន្លែងហ្នឹងគ្មានសេវាមែនអត់!»

សំណួរខ្ញុំដាក់ទៅផ្ទួនៗ  គេមិនឆ្លើយទាំងអស់​បែរជានៅស្ងប់ស្ងាត់ប្រហែលជាពីរបីដង្ហើម នៅក្រោមការរង់ចាំយ៉ាងអន្ទះសារបស់បេះដូងខ្ញុំ។

ទីបំផុតគេឆ្លើយខ្លីៗ៖

«បងនឹកជេមស៍ខ្លាំងណាស់! ចង់ថើបជេមស៍មែនទែន!»

បេះដូងរបស់ខ្ញុំ នៅតែ​កម្រើក​ធំឡើងៗដោយសារភាពរំភើបនិងកក់ក្តៅ មួយជាន់ហើយមួយជាន់ទៀត ​ដែលគេផ្តល់មក​តាមរយៈសម្តីសំដៅរបស់គេ។

ជាធម្មតា ខ្ញុំទម្លាក់ចោលនូវបណ្ដាការគិត​  ការវិភាគព័ត៌មាន  និងការសង្ស័យទាំង​អម្បាល​ម៉ាន​​ចោល ចេញពី​ក្នុងគំនិត ហើយតាំងចិត្ត​ព្រមឱ្យបេះដូងរបស់ខ្លួនឯងជឿតែលើសម្តីគេ​ម្នាក់គត់​។

«ស្មាន​ខ្ញុំមិននឹកបងឯង?​ បើបងឯងមកដល់ក្រោមផ្ទះខ្ញុំឥឡូវនេះ ខ្ញុំនឹងហក់ចុះទៅភ្លាម!»

ជាលើកដំបូងដែលខ្ញុំដឹងថាខ្លួនឯងមានចិត្ត​និយាយពាក្យ​ដា្រម៉ា ដូច្នេះចេញមកបាន។ ខ្ញុំជាមនុស្សមិនពូកែនិយាយនោះទេ ប៉ុន្តែខ្ញុំពិតជាអាចផ្លាស់ប្តូរ ដោយសារតែឥទ្ធិពលនៃសេចក្ដីស្នេហា​។

គេថាឃាត់ខ្ញុំ៖

«កុំធ្វើអីផ្ដេសផ្ដាស! កុំនិយាយអ្វីដែលធ្វើឱ្យបងភ័យ!»

ការយកចិត្តទុកដាក់ ការយល់ចិត្ត និងអារម្មណ៍ថាត្រូវបានការពារ គឺជាអ្វីមួយដែលបងTN បានផ្តល់មកឱ្យខ្ញុំ។ គាត់បង្កើតអារម្មណ៍ឱ្យខ្ញុំយល់ថា ខ្លួនឯងនេះ​ជាមនុស្ស និង​មានតម្លៃដែលមានលក្ខណៈសំខាន់ខុសពីនរណាៗទាំងអស់ សម្រាប់គាត់។ ហើយនេះ ក៏ខុសពីក្ដីស្រឡាញ់របស់ម៉ាក់ចំពោះខ្ញុំ ខុសពីការយកចិត្តទុកដាក់របស់ប៉ាចំពោះខ្ញុំដែរ។

វត្តមាន​គេ ដូចជាមានអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយមកឱ្យខ្ញុំ។

«បាទ! ខ្ញុំនឹងធ្វើតាមបងប្រាប់ទាំងអស់!»

ខ្ញុំឆ្លើយទៅប្រាប់គាត់វិញ។

«គេងទៅក្មេងល្អ! យប់ហើយកុំឱ្យឈឺណា៎ ស្អែកចួបគ្នា! បងនឹងព្យាយាមចួបជេមស៍ឱ្យបានឆាប់បំផុត!»

ភាពខុសគ្នារវាងការស្រឡាញ់នរណាម្នាក់ និងការដែលត្រូវបានគេស្រឡាញ់ ខ្ញុំដឹងពិតប្រាកដនៅក្នុងរាត្រីមួយនេះ  ជា​រាត្រីដែលមានភាពខុសប្លែកគ្នារវាងប៉ុន្មានម៉ោងប៉ុណ្ណោះ     ពី​កាលៈទេសៈ​ដែល​បេះដូងត្រូវផ្ទុកពោរពេញទៅដោយការថប់បារម្ភភ័យព្រួយ ឥឡូវនេះបាន​ជ្រះស្រឡះទាំងអស់វិញ ពោរពេញទៅដោយសុភមង្គល។

ដ្បិតតែ​គេមិនបាននៅទីនេះ គេមិនបានថើបយើង មិនបានឱបយើង ប៉ុន្តែការយកចិត្តទុកដាក់របស់គេ ពិតជាអ្វីម្យ៉ាងពិសេស និងជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ក្មេងប្រុសអាយុដប់ប្រាំពីរឆ្នាំដូចជាខ្ញុំ ដែលរាប់ទុកបានថា បទពិសោធន៍នៃការធ្លាក់ក្នុងអន្លង់ស្នេហ៍គួរឱ្យត្រេកត្រអាលមួយ។

យ៉ាងហោចណាស់ ខ្ញុំអាចមានអារម្មណ៍ដឹងថា ការស្រឡាញ់នរណាម្នាក់ គឺជាអារម្មណ៍ដែលយើងចង់បានគេ ប៉ុន្តែការទទួលបាននូវក្តីស្រឡាញ់ រឹតតែមានន័យខុសពីគ្នា។

ប្រសិនបើខ្ញុំពិតជាត្រូវការខ្លួនគេឱ្យមកនែបនិត្យ ជាការបញ្ជានូវអរម៉ូន ដែលធ្វើឱ្យមានឥទ្ធិពលទៅលើអារម្មណ៍របស់មនុស្សគ្រប់គ្នាមិនថាខ្ញុំឬអ្នកណាក៏ដោយ ប៉ុន្តែប្រសិនបើខ្ញុំអាចមាន​សុភមង្គល និងកក់ក្តៅដោយគ្រាន់តែឮសំឡេងគេ មិនចាំបាច់ផ្លាស់ប្តូរឈុតឆាកស្នេហាជាមួយគ្នា ខ្ញុំហៅវាថាជាសេចក្ដីស្នេហាពិត។

នេះគឺជាយប់មួយ ដែលខ្ញុំបានគេងលក់យ៉ាងស្កប់ស្កល់ទោះបីថា មិនមានគេនៅក្បែរខ្លួនខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍ដូចជាមានគេដែលកំពុងតែឱបថ្នមខ្ញុំ ហើយយើងទាំងពីរនាក់ស្ថិតនៅក្នុងភួយដ៏កក់ក្តៅជាមួយគ្នា។

ស្នេហា​របស់គេផ្តល់មកជាផាហ៊ុមដណ្តប់គ្រប់គ្រាន់បិទបាំងរាងកាយយើងទាំងពីរ លាក់បេះដូងរបស់យើងចេញ​ពីពិភពលោកដ៏រញ៉េរញ៉ៃ និងមានបញ្ហាច្រើនមួយនេះ។

ស្អែកឡើងខ្ញុំហួចផងច្រៀងផងលោតចុះពីលើជណ្តើរម្តងមួយកាំៗ ដោយសប្បាយរីករាយ​។

«ម៉ាក់! ម៉ាក់មានអីញ៉ាំអត់ម៉ាក់?»

ម៉ាក់ខ្ញុំទៅបុណ្យផ្ទះមីងជេនីហើយ តែប្រាកដជាទុកអ្វីម្យ៉ាងនៅលើតុសម្រាប់ខ្ញុំស្រស់ស្រូប ដ្បិតអីយប់មិញ ខ្ញុំមិនបានញ៉ាំអ្វីសោះក្រៅតែពីទឹកដោះគោមួយកែវ។

ខ្ញុំរៀបនឹង​អង្គុយ​ចុះក្បែរ​តុអាហារ ភ្លេចគិតថាអ្នកណាម្នាក់កំពុងឈរនៅខាងក្រៅមាត់ទ្វារផ្ទះ រង់ចាំខ្ញុំ។

«បងរាហ៊ូ?»

វគ្គ

ការពិតដែលខ្ញុំមិនចង់ដឹង

វត្តមានរបស់បងរាហ៊ូនៅពេលនេះ ធ្វើឱ្យខ្ញុំនឹកឃើញបណ្តា​រឿងសៅហ្មងទាំងប៉ុន្មាន កាលពីម្សិលឡើងមកវិញ សឹង​បំផ្លាញអស់នូវអារម្មណ៍សោមនស្សរីករាយពោរពេញទៅដោយសុភមង្គលរបស់ខ្ញុំនៅព្រឹកនេះ។

«មករកដល់ផ្ទះហ្មងបង?» ខ្ញុំថាឱ្យគាត់ពេលបើកទ្វារភ្លាម។

«ចង់និយាយជាមួយជេមស៍ពីរឿងទស្សនាវដ្ដី!»

«បងខ្ញុំជិតដល់ម៉ោងទៅរៀនហើយ!» ខ្ញុំនិយាយតបផងបង្ហាញ​អមដោយអាការៈមិនពេញចិត្ត​ ពេលឮគាត់រំឭករឿង​ទស្សនាវដ្តីនោះផង។

«បងសុំនិយាយតែបន្តិចទេ!»

អាការៈរបស់គាត់ដូចជាចង់ចូលមកក្នុងដើម្បីជជែកគ្នា។ ខ្ញុំក្រឡេកឆ្វេងស្ដាំឃើញមានអ្នកជិតខាងខ្លះកំពុងតែរត់ហាត់ប្រាណនៅឡើយ ដឹងថាពួកគេតាមដានខ្ញុំ ហើយខ្ញុំក៏នឹកឃើញដល់សម្តីរបស់បងTN ដែលថា អ្នកខ្លះធ្វើដូចជាមិនចង់ដឹងរឿងរបស់យើងនោះទេប៉ុន្តែតាមពិតទៅគឺគេកំពុងតាមដាន​យើងយ៉ាងជាប់លាប់។

«ចូលសិនមកអ៊ីចឹង!»

គាត់ដើរយឺតៗ​ចូលមកតាមខ្ញុំ ហើយមាត់មិនឱ្យ​ខាតពេលវេលា​ទេ គាត់ពន្យល់៖

«បងមកនេះ គឺចង់មកពន្យល់ជេមស៍គិតឡើងវិញសាជាថ្មីអំពីរឿងទស្សនាវដ្ដីមួយនោះ!»

«ខ្ញុំគិតថា ខ្ញុំគ្មានសមត្ថភាពនឹង​ធ្វើការមួយនេះទេបង!»

ពេលគាត់អង្គុយចុះយឺតៗទៅលើសាឡុង ខ្ញុំនិយាយបង្ហើយឌឺគាត់៖

«ហើយជាមួយក្រុមហ៊ុនមួយនោះ ខ្ញុំសមត្ថភាពមិនដល់ហ្មងបង!»

ខ្ញុំថាផង មិនខ្ចីមើលមុខគាត់ទេ គឺ​ធ្វើជាជាប់រវល់ចាក់ទឹកយកទៅជូនគាត់។ នេះគឺជាការគួរសមរបស់គ្រួសារខ្ញុំទៅកាន់ភ្ញៀវគ្រប់គ្នា។

ខ្ញុំចាំដល់សម្តីប៉ាខ្ញុំ «មនុស្សយើងទោះបីខឹងស្អប់ប៉ុនណា ប៉ុន្តែអាកប្បកិរិយារបស់យើងបង្ហាញអំពីខ្លួនយើង មិនបង្ហាញអំពីមនុស្សដែលយើងកំពុងតែធ្វើដាក់នោះទេ» ដូច្នេះសេចក្ដីថ្លៃថ្នូរនិងឫកពា​រម្យទម នៅតែជាអាកប្បកិរិយាដែលខ្ញុំប្រកាន់យក។

ទោះបីជាក្នុងចិត្ត ខ្ញុំមិនចង់ចួបបងរាហ៊ូ សូម្បីតែនិយាយដល់Agency វិស្ណុអីគេនោះ អាចនឹងធ្វើលាប់ការខឹងឡើងវិញបាន។

«James អ្វីៗមិនដូចប្អូនគិតទេ! រឿងរ៉ាវមិនអាក្រក់ទាំងអស់នោះទេប្អូន! ឥឡូវនេះ យើងគួរតែសម្របសម្រួលគ្នា! និយាយគ្នា!»

ខ្ញុំជូនទឹកគាត់ហើយ​អង្គុយចុះតទល់គ្នា​និយាយ៖

«សម្រុះសម្រួលអីទៅបង? ចង់ឱ្យខ្ញុំសម្របសម្រួលម៉េចទៀត? ខ្ញុំបាប់រួចហើយ ថាខ្ញុំមិនចាប់អារម្មណ៍! ខ្ញុំលែងចង់ហើយ! ខ្ញុំមិនចង់ធ្វើអីទាំងអស់!  មួយទៀត បងទេពដារ៉ាបានទាក់ទងមកខ្ញុំយប់មិញ! គាត់ប្រាប់ខ្ញុំថា គាត់គាំទ្រខ្ញុំ!»

អ្វីម្យ៉ាងមិនប្រក្រតីកើតឡើងលើផ្ទៃមុខបងរាហ៊ូ។ គាត់ជ្រួញចិញ្ចើមដូចជាមិនយល់ស្របចំពោះសម្តីរបស់ខ្ញុំដែលនិយាយទាំងអំនួត អួតអំពីសង្សាររបស់ខ្លួនឯង។

«ទេពណារ៉ា​គាំទ្រអូនឯងឱ្យដកខ្លួនចេញពីគម្រោងការផ្សាយពាណិជ្ជកម្មមួយនេះ?!»

«បាទ!»

គាត់រសេះរសោះមិនសុខ ​តែខំលេបទឹកមាត់ រៀបឫកមកនិយាយបន្តជាមួយខ្ញុំ៖

«ក្រែង! អូខេ! និយាយអ៊ីចេះវិញ? ការបង្ហាញម៉ូត ជាសុបិនរបស់ជេមស៍?!»

«អត់ហ្នា៎បង ព្រោះខ្ញុំចង់ស្និទ្ធនឹងគេ​ ធីម​បងទេពណារ៉ា បានជាខ្ញុំថត!»

ឃើញខ្ញុំទុកបងTNសំខាន់ បងរាហ៊ូធ្វើមុខចំអកខ្ញុំ។

«ទេពណារ៉ាទៀតហើយ?!»

«គេនិងខ្ញុំជាមនុស្សតែមួយបង!»

ខ្ញុំអាងថាម៉ាក់មិននៅផ្ទះ ដូច្នេះហើយខ្ញុំក៏និយាយដោយអំនួតពីប្រុសស្នេហ៍ដោយបើកចំហ​។ រឿងរបស់ខ្ញុំនិងបងទេពណារ៉ា គឺខ្ញុំមាន​មោទនភាពបំផុត​ក្នុងការ​និយាយវា​ចេញមកនៅចំពោះមុខបងរាហ៊ូ​ម្នាក់នេះ។

បុរសមាន​កេរ្តិ៍ឈ្មោះក្នុងផ្នែកបង្ហាញម៉ូត​ម្នាក់នេះ ​ធ្វើជា​លើកទឹកក្រេប​ក្អឹកៗ​រំងាប់ភាពច្របូកច្របល់ ​ដោយឆ្លៀត​លួចសម្លឹងខ្ញុំមួយឆ្វាច់ពីរ​ផង។

លេបហើយ​គាត់ដាក់កែវចុះ ធ្វើមុខហួសចិត្តដាក់ខ្ញុំ។ គាត់ទោះជាមិនឃើញមាន​ចរិតត្រង់ណាបង្ហាញ​ថា​ខឹងឬ​ស្អប់ខ្ពើមខ្ញុំទេ ប៉ុន្តែទឹកមុខមិនយល់ស្របនឹងខ្ញុំឡើយពេលខ្ញុំរំឭក​ពីស្នេហារបស់ខ្ញុំនិងបង TN។

ខ្ញុំខ្វល់ធ្វើអី? ស្នេហា​ខ្ញុំ មិនចាំបាច់ទទួលការយល់ស្របពីអ្នកណានោះឡើយ គឺជារឿងចិត្ត ជារឿងបេះដូងរបស់ខ្ញុំ ចង់អ្នកណាក៏​ដោយក៏មកកែរឿងនេះមិនបានដែរ។

ជាមួយអាកប្បកិរិយាសុភាពរាបសា ខ្ញុំអរគុណបងរាហ៊ូដែលខំមករកខ្ញុំដល់ផ្ទះ ហើយទុក​ឱកាស​ខ្ញុំម្ដងជាពីរដង ប៉ុន្តែឱកាសបែបនោះ «មិនត្រូវជាមួយមនុស្សដូចខ្ញុំទេបង!»។

មិនដឹងថាសម្ដីនេះធ្វើគាត់ឈឺចាប់ ខឹង ឬក៏គាត់យល់បែបណានោះទេ គាត់និយាយតិចៗ តបត​មកកាន់ខ្ញុំវិញ៖

«មនុស្សល្អមិនទុកចិត្តទេ ​ចូលចិត្ត​ទៅទុកចិត្តជឿលើពួកមនុស្សល្បិច​ សម្តីផ្អែមៗ!»

ខ្ញុំថាមិនចង់រវីរវល់ជាមួយគាត់ច្រើនទេ ហើយតាំងចិត្ត​ជាស្រេចតាំងពីពេលបើកទ្វារឱ្យគាត់ចូលផ្ទះ ​ថា​ខ្ញុំមិនធ្លាក់ក្នុងមនោគមន៍វិជ្ជារបស់គាត់ជាដាច់ខាត។ ណាមួយខ្ញុំកំពុងមានភាពកក់ក្តៅដែល​មានមនុស្សសំខាន់នៅពីក្រោយ ចាំគាំទ្រការសម្រេចចិត្តត្រឹមត្រូវរបស់ខ្ញុំផង មានរឿងអីខ្ញុំត្រូវខ្វល់ជាមួយគាត់ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច សម្តីរបស់គាត់ដូចជាមានបំណងចង់សំដៅ​ទៅរក​សង្សាររបស់ខ្ញុំ?

ណ្ហើយ ខ្ញុំក៏ប្រដៅគាត់ជំនួសឱ្យបងTN មិនល្អ?

«បងឯងហ្នឹងក៏អ៊ីចឹងដែរបងរាហ៊ូ! ទេពណារ៉ាគាត់ខំទុកចិត្តបងឯង  គាត់ទុកបងឯងជាមិត្តម្នាក់ ប្រាប់ខ្ញុំឱ្យគោរពបងឯងជារៀមច្បងម្នាក់ ទីបំផុតទៅ បងឯងម្តងជាពីរដង​ចង់លួងយកសង្សារគាត់ទៅលក់!»

«កុំនិយាយធ្ងន់ពេកជេមស៍!»

គាត់ឃាត់ខ្ញុំដោយទឹកមុខ​រារែក​ចុះឡើង។

«ឬមិនមែន? បងឯងមកដឹកខ្ញុំបន្ទាន់ៗចេញពីសាលា មិនមែន​បងឯងដាក់ម៉ូជាមួយព្រានម្នាក់ហ្នឹងទេ?​ គេឱ្យបងឯងហ្មា៎ន?!»

ខ្ញុំបានបញ្ចេញ​កំហឹង​ក្នុងចិត្តហើយ ក៏បើកភ្នែក​ធំៗ​សម្លឹងគាត់។ កាលដែល​ខ្ញុំគិតថា​លែងទុកមុខឱ្យគាត់ទៀតនេះ ខ្ញុំមិនតបសម្តីទៀតទេ គិតម៉េចនិយាយអ៊ីចឹងហើយ​ខ្ញុំបន្តនិយាយខ្លីៗ៖

«បងទេពណារ៉ាថា គេនឹងរករឿងបងឯង នៅពេលដែលគេឡើងមកដល់ភ្នំពេញវិញ!»

បងរាហ៊ូ​ គាត់សើចឌឺៗមកកាន់ទឹកមុខ​អំនួតរបស់ខ្ញុំពេលរំឭកពី​បងTN។

គាត់និយាយក្រោយពីចំអកដោយកែវភ្នែករួច​៖

«ចង់ដឹងការពិតរបស់ទេពណារ៉ា សួរបង! មិនមែនឱ្យបងសួរឯងទេជេមស៍!»

ខ្ញុំនៅស្ងៀមទាំងខឹង តែ​ភ្លាមនោះក៏​គិតឃើញដល់អារម្មណ៍ស្តាយកាលពីយប់មិញ នៅពេលដែលខ្ញុំមិនទាន់បានទទួលទូរសព្ទរបស់គេ ខ្ញុំពិតជាចង់ចួបបងរាហ៊ូដើម្បីសួរនាំឱ្យច្បាស់ ហោចណាស់បងនេះបានស្គាល់បងTN មុនខ្ញុំ អាចស្គាល់«ច្រើនជាងខ្ញុំ»។

កាលពីព្រលប់ម្សិលខ្ញុំមានអារម្មណ៍ថា គាត់ដូចជា​ដឹងថាមានរឿងអីខ្លះកើតឡើងជុំវិញ​ការស្ងាត់បាត់ខ្លួនរបស់បងTN។

ប៉ុន្តែពេលនេះវិញគឺផ្សេង ខ្ញុំបានណាត់ចួបជាមួយសង្សារខ្ញុំ ហើយគេថែមទាំងគាំទ្រនូវទង្វើរបស់ខ្ញុំក្នុងការចាកចេញពីការងារនៅវិស្ណុទៀត មានរឿងអីខ្ញុំត្រូវបន្តស្តាប់ ឬទៅជឿពាក្យ​របស់បងរាហ៊ូ?

ខ្ញុំនិយាយភ្លាម៖

«បើសិនជាបងមកនេះដើម្បីខ្ញុំល្អ ខ្ញុំអរគុណបងណាស់ គ្រាន់តែខ្ញុំមិនទាន់ស័ក្តិសមជាមួយនឹង​ឱកាស​នោះនៅឡើយ! តែបើបងមកនេះដើម្បីបំបែកបំបាក់ខ្ញុំជាមួយបងទេពណារ៉ាខ្ញុំថា ខ្ញុំមានសិទ្ធិក្នុងការខឹងបងឯង ហើយយើងមិនបាច់និយាយគ្នាទៀតទេ!»

«អ៊ីចឹងកុំភ្លេច​ឆែក​ឯកសារនេះផង បងផ្ញើឱ្យហើយ!»

គាត់ឆ្លើយខ្លីដោយទឹកមុខខឹងស្លេក ព្រោះខ្ញុំដេញគាត់។  តេឡេក្រាមរបស់ខ្ញុំលោតសារថ្មីមួយ ត្រឹមប៉ុន្មានដង្ហើមដែលបង​រាហ៊ូនិយាយចប់។

ភ្នែកខ្ញុំសម្លឹងមុខគាត់ មិនព្រម​ងាកមើលទូរសព្ទទេ ទោះសង្ស័យ​ថាគាត់ផ្ញើមក។ បងរាហ៊ូងើបមុខចោលអេក្រង់គាត់​ហើយផ្តាំខ្ញុំ៖

«មើលហើយ ក៏ទប់ចិត្តឱ្យល្អផង!!»

បងរាហ៊ូបញ្ជោះខ្ញុំហើយ ក៏ក្រោកចេញពីសាឡុងចាកចេញរ៉ុយ។ មិននឹកស្មានថាដោយសារប្រុសស្នេហ៍ ​ខ្ញុំកើតថ្លើមពាសមេឃ ដល់ថ្នាក់​ចេះបណ្តេញ​ភ្ញៀវផងទេ។