រឿង ថ្ងៃណាមួយ ​ភាគទី៨

គាត់ដើរចេញទើមៗខណៈខ្ញុំតាម​មើលស្មាគាត់ពីក្រោយ។

ខ្ញុំក៏អាណិតចិត្តបងរាហ៊ូដែរ ដែល​ត្រូវក្មេងប៉ុនខ្ញុំដេញចេញពីបន្ទប់ទទួលភ្ញៀវ ខណៈដែលគាត់ជាមនុស្សធ្លាប់មានប្រវត្តិជ្រោមជ្រែងតារាៗជាច្រើននៅក្នុងប្រទេសមួយនេះ។

ពេលដែលឡានរបស់គាត់ចាកចេញង៉ោងទៅដោយកំហឹងផុតពីរបងផ្ទះខ្ញុំ ខ្ញុំដៀងមក​តេឡេក្រាម​វិញ។ ពិតជាសារបងរាហ៊ូបញ្ជូនមក។

វា​ជាស្អី? ខ្ញុំមិនចង់ដឹងទេ!

នៅពេលដែលយើងស្រឡាញ់អ្នកណាម្នាក់ យើង​នឹងត្រូវផ្តល់ការទុកចិត្តចំពោះគា្នហើយតាំងចិត្តថា ពាក្យសម្ដីរបស់អ្នកទីបីគ្មានតម្លៃអ្វីទាំងអស់។

ខ្ញុំជាមនុស្សដែលមានសុភមង្គលក្នុងការប្រើជីវិត​ជាប្រុសស្រឡាញ់ប្រុស ប្រកបដោយសីលធម៌ និងគោរពទម្លាប់មានស្នេហាពិត។ ពាក្យមួយ​ដែលគេតែងនិយាយថា ប្រុសស្រឡាញ់ប្រុសក្នុងសង្គមខ្មែរ​និយមដោះដូរសង្សារដូចជាខោអាវ ហើយ​មួយថ្ងៃៗ​ផ្ដោតការគិត​សំខាន់ទៅលើការរួមភេទជាជាងរឿងបេះដូង មិនសូវមានភាពស្មោះត្រង់​នឹង​ស្នេហា ដោយសារតែចង់លេងសើចច្រើនជាងភាពពិតប្រាកដប្រជា ​ពាក្យដំណៀលអស់នេះ​ មិន​គ្របដណ្តប់លើខ្ញុំទេ។

ទម្លាប់រស់នៅក្នុងភាពបោកបញ្ឆោត មិនមែនជាខ្ញុំដាច់ខាត។

ក្តីសុខរបៀបនោះ​ខ្ញុំមិនត្រូវការ​ទេ។​ ខ្ញុំគឺជាមនុស្សពិតប្រាកដម្នាក់ ជាភេទមួយ ដូចភេទដទៃទៀតដែរ ខ្ញុំគោរពខ្លួន គោរព​ស្នេហារបស់ខ្ញុំ ហើយខ្ញុំចង់បានភាពច្បាស់លាស់។

ខ្ញុំចង់មានស្នេហា​ល្អមួយ​និង​ថែរក្សាវាដោយការគោរពចំពោះគ្នា។ ខ្ញុំក្រោក​រៀបចំខ្លួន​ជិះកង់ទៅសាលា។

វគ្គ

សិស្សរួមសាលា

ទោះបីកាលនៅផ្ទះគិតបែបណាក៏ដោយចុះ ដល់ចេញលេងម៉ោងទីពីរ ខ្ញុំចាប់ផ្ដើមចុចតេឡេក្រាម​នោះមើលសាថ្មី ព្រោះចង់ដឹងថា​បងរាហ៊ូផ្ញើអ្វីមក?

តាមពិតជា Account មនុស្សស្រីម្នាក់នៅលើហ្វេសប៊ុក។

«ឥស្សរា ចរិយា!»

ឈ្មោះវែងហើយមនុស្ស​ក៏ក្មេងស្អាតទៀត។ ប៉ុន្តែហេតុអី្វបានជាបងរាហ៊ូផ្ញើ Profile នាងមកឱ្យខ្ញុំ? មានន័យថាម៉េច?

ខ្ញុំមិនបានលេងហ្វេសប៊ុកទៀងទាត់ទេ អាចថាដោយសារតែគ្រួសាររបស់របស់ខ្ញុំមានមុខ មានមាត់គួរសម ហើយខ្ញុំក៏យល់ច្បាស់លាស់រឿងឥទ្ធិពលនៃបណ្ដាញសង្គមមកលើកិត្តិយសរបស់គ្រួសារ។

កម្រណាស់ដែលខ្ញុំបញ្ចេញអ្វីៗដែលជាអារម្មណ៍ ឬមួយក៏ព័ត៌មានរបស់ខ្ញុំទៅលើបណ្ដាញ​នោះ។ តាមពិតទៅ មិនថាបណ្ដាញណាក៏ដោយ ខ្ញុំអត់ងាយទេ។

ខ្ញុំមានសង្សារម្នាក់ដែលជាប្រុសដូចគ្នាទៀត ដូច្នេះហើយជីវិតរបស់ខ្ញុំកាន់តែ​ត្រូវ​រក្សាជាអាថ៌កំបាំង​។

 «មនុស្សស្រីម្នាក់នេះស្អាតណាស់ ហើយកាលីបទៀត!» អារម្មណ៍មួយប្លែកៗ​ចុចមកចំៗ​បេះដូង​ងឿងឆ្ងល់របស់ខ្ញុំ។

អូខេចុះពិនិត្យ​កាន់តែវែងលើហ្វេសប៊ុកនាង ខ្ញុំកាន់តែមានអារម្មណ៍ថា គេនេះតែងខ្លួនដូចជា តារាសាធារណៈ​ ខំទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនខ្លាំង ប្រឹងនោះប្រឹង​តាមរយៈសម្ភារៈ បង្ហាញ​លើ​សន្លឹក​រូបភាពមួយថ្ងៃពីរបីដង ដែលស្អាតៗសឹងពិនិត្យអស់ គ្មានទាស់គ្រប់ជ្រុងជ្រោយ បង្អួតសូម្បីតែ Background ​កន្លែង​ពិសេសៗប្រណីតៗ ដែលគេកំពុងមានវត្តមាន​ និងអ្វីៗថ្លៃៗនៅពីមុខគេ។

«មនុស្ស​ឆ្កួតនឹង​សម្ភារៈ ឆ្កួតនឹងខ្លួនឯងពិតណាស់! មនុស្ស​បែបនេះ សម្បូរហៀរកែង ក្នុងសង្គម​ឌីប្រេ​សិន​​! ​ខ្ញុំមិនឱ្យតម្លៃ មិនចង់មើលមុខ​៣៦០ និងរោមភ្នែកកូរ៉េ​របស់នាង​ទេ! ប៉ុន្តែសាជាថ្មី តើបងរាហ៊ូចង់សំដៅលើអ្វី?

«ឥស្សរា ចរិយា» ឈ្មោះនេះក៏មិនមែនជាឈ្មោះកំណើតដែរ មិនមែនជាឈ្មោះឪពុកម្ដាយដាក់ឱ្យទេ គេដាក់ឈ្មោះខ្លួនឯងដូចជាតារាម្នាក់ ឬមនុស្ស​ High Show។

ចុមស្អីគេនេះ?

ខ្ញុំនៅគាំងៗវិលៗ មុខខ្ញុំរីកៗ​ដូចមនុស្ស​ង៉េមង៉ាម​ក្រោកពីសន្លប់​ព្រោះរូបចុងក្រោយមួយសន្លឹក នាង​ឈរថតស្និទ្ធស្នាលជាមួយសង្សារខ្ញុំ​ បងទេពណារ៉ា។

«ល្អហើយដែលថ្ងៃនេះរកឃើញការពិត!»

សំឡេងមនុស្ស​ម្នាក់ លាន់មកពីក្រោយខ្នងខ្ញុំ។

ខ្ញុំបែរភ្លាម។  ជាក្មេងប្រុសវ័យជំទង់ម្នាក់ អាចថារូបរាងគេ​តូចជាងខ្ញុំឆ្ងាយណាស់ ប៉ុន្តែទឹកមុខនិងការឈឺចាប់ស្ងៀមស្ងាត់ក្នុងកែវភ្នែករបស់គេ បង្ហាញថាគេអាចមានវ័យច្រើនជាងខ្ញុំ។

ខ្ញុំមិនដែលស្គាល់ម្នាក់នេះទេ មិនដឹងថា​សម្តីមុននេះគេនិយាយមករកខ្ញុំ ឬខ្ញុំឮច្រឡំទៅ?

ខ្ញុំក្រឡេកទៅមើលកាតរបស់គេភ្លាមមួយរំពេច ខ្ញុំឃើញឈ្មោះរបស់គេហើយ ឯក ម៉ាលីគ។ នៅតែនឹកមិនឃើញ​ថាខ្ញុំនិងគេ​ស្គាល់គ្នា​នៅទីណា​ទាល់តែសោះ ហេតុអីមកនិយាយជាមួយខ្ញុំហើយលបមើល​អេក្រង់ខ្ញុំទៀត?

ខ្ញុំបិទទូរសព្ទយ៉ាងរហ័ស រកកលស្នេហ៍នឹងក្រោកឡើងជណ្ដើរ ត្រឡប់ទៅកាន់ថ្នាក់រៀនវិញ ស្រាប់តែគេនិយាយមកចំៗ៖

«ព្រានម្នាក់ហ្នឹង ខ្ញុំក៏ចាញ់បោកគេដែរ!»

ខ្ញុំសម្លឹងគេក្រឡង់ៗ។ ទឹកមុខ​ឯកម៉ាលីគម្នាក់នេះ ហាក់​មិនចុះញ៉មនឹង​សភាព​ទឹកមុខស្មើៗរបស់ខ្ញុំសោះ​ គេមិនចាកចេញ បែរជានៅញាក់ចិញ្ចើមផ្គើន​ ហើយ​សង្កត់ន័យបន្ថែម៖

«ព្រានសិស្សច្បងម្នាក់ហ្នឹងហើយ! ទេពណារ៉ា​! ខ្ញុំក៏ជាអ្នករងគ្រោះដែរ!»

ខ្ញុំស្លឺនៅស្ងៀម ឯជើងដែល​ប្រុងឈាន​ឡើងលើត្រូវភាំងដូចគ្នានឹងចង្វាក់បេះដូងខ្ញុំ។

«ឥស្សរាចរិយា​ដែលឯងមើលប្រូហ្វាល់មិញហ្នឹង ជាសង្សារកូនអ្នកមាន​របស់គេ! ចង់ដឹងរឿងរបស់គេច្បាស់ មកនិយាយជាមួយខ្ញុំម៉ោងបាយ!»

ខ្ញុំបែរក្រោយសឹងតែមួយរយប៉ែតសិបដឺក្រេសម្លឹងទៅកាន់សិស្សម្នាក់នោះ ខណៈគេសើចឌឺខ្ញុំហើយរត់ទៅថ្នាក់វិញបាត់។

ឯកម៉ាលីគនេះបន្សល់ឱ្យខ្ញុំនូវស្នាម​ញញឹមជូរចត់ចម្លែកមួយមុនពេលគេបែរខ្នង​រត់ចេញទៅ។ «ព្រានម្នាក់ហ្នឹង ខ្ញុំក៏ចាញ់បោកគេដែរ!» «ឥស្សរាចរិយា​ហ្នឹង ជាសង្សារកូនអ្នកមាន​របស់គេ!» ម៉េចក៏ពាក្យពីរនេះ នៅរត់ចុះរត់ឡើងក្នុងត្រចៀកខ្ញុំដដែលៗច្រើនលើកម្ល៉េះ? ឃើញដំណើររបស់គេពីក្រោយខ្ញុំអាចស្មានបានដឹងថា គេក៏ជាមនុស្សប្រុសស្រឡាញ់ប្រុសដូចខ្ញុំដែរ ប៉ុន្តែ….ហេតុអ្វីបានជាភាពក្រៀមក្រំ និងអាថ៌កំបាំងដ៏ជូរចត់នៅលើទឹកមុខ​គេ កែវភ្នែកបបូរមាត់ ពាក្យសម្ដីរបស់គេ រំញោចបេះដូងខ្ញុំម្ល៉េះ?

មួយរយៈពេលចុងក្រោយមកនេះ ខ្ញុំរវល់ខ្លាំងណាស់ជុំវិញរឿងបងទេពណារ៉ា នៅសុខៗមានរឿងជាច្រើន​បានលេចចេញមក​មិនថាករណីមាសមន្តា បងរាហ៊ូ​ ឬ​ករណីឯកម៉ាលីគនេះ​ ហេតុអ្វីគ្រប់យ៉ាងចម្លែកៗ?

 អ្នកដែលគេនិយាយអម្បាញ់មិញគឺគាត់មែនអត់? ព្រានសិស្សច្បង? ឯកម៉ាលីគ​សំដៅលើបងទេពណារ៉ា? ហើយមនុស្សស្រី High Show ឈ្មោះឥស្សរាចរិយានោះជានរណា ហេតុអីនាង​ថតរូបស្និទ្ធយ៉ាងនេះជាមួយគាត់?

«ឥស្សរាចរិយា​ដែលឯងមើលប្រូហ្វាល់មិញហ្នឹង ជាសង្សារកូនអ្នកមាន​របស់គេ!»  សម្តី​ឯក​ម៉ា​លីគ​ បានធ្វើឱ្យខ្ញុំឆ្ងល់ដាច់ផ្ងារ «បើគាត់ជាប្រុសស្រឡាញ់ប្រុស ហេតុអីបានជាគាត់មានសង្សារស្រី?»។

សាជាថ្មី ខ្ញុំលើកហ្វេសប៊ុកស្រីម្នាក់នោះអូសចុះឡើងមើលទាំងអារម្មណ៍ងងឹតឈឹងគ្មានពន្លឺ​។

ប៉ុន្តែថ្ងៃត្រង់មកដល់ ខ្ញុំមិនបានចួបជាមួយ​គេម្នាក់នោះទេ ព្រោះខ្ញុំមិនឃើញឯកម៉ាលីគនោះ។ ប្រហែលអាចថាមកពីខ្ញុំចេញពីរៀនយឺតពេក​ ខ្ញុំនៅដំអក់ដោយសារតែទាក់ទើរ មិនសូវចង់ចួបនិយាយជាមួយមនុស្សចម្លែកធុនគេ។

រហូតដល់ល្ងាចឡើង បងTN បានមកទទួលខ្ញុំនៅកាច់ជ្រុងសាលា។

«កូនជេមស៍! ល្ងាចនេះម៉ាក់នៅរវល់ផ្ទះជេនីបន្តទៀត កូនចង់មកបុណ្យអេរិចជាមួយម៉ាកដែរឬអត់?!»

«Homework ច្រើនណាស់ អត់បានទៅទេម៉ាក!»

«អត់ចង់ក៏មិនអី នៅផ្ទះសម្រាក​ក៏បានដែរកូន! ចេះធ្វើអីតិចតួចញ៉ាំខ្លួនឯងអត់?!»

«ខ្ញុំធ្វើបានម៉ាក់!»

«អូខេ!​ យប់បន្តិចម៉ាក់ទៅវិញហើយណ៎ា!»

ខ្ញុំឆ្លើយប្រាប់គាត់វិញថា ខ្ញុំកំពុងតែទៅផ្ទះហើយ តាមពិតខ្ញុំកំពុងនៅលើឡានជាមួយប្រុសសង្សារ​។

ឈែតជាមួយម៉ាក់ចប់​ដូចដកបន្លាចេញពីទ្រូង។

ខ្ញុំងាកទៅរកបងTN ទាំងសប្បាយចិត្ត។

«មានរឿងអី?!»

«អត់ទេ! អ្នកស្គាល់គ្នាម្នាក់ កូនគេស្លាប់ ហើយនៅក្រៅប្រទេស កំពុងតែរវល់បញ្ជូនសពត្រឡប់មកវិញ បានជាម៉ាក់មិនទាន់បានមកផ្ទះ!»

បងTNមិនមាត់ គាត់ចាប់ផ្ដើមជាន់ហ្គា​ចេញឡាន។

ខ្ញុំវិញ នៅក្បែរគេ​បែបនេះក៏សប្បាយចិត្តណាស់ទៅហើយ ប៉ុន្តែនៅពេលក្រឡេកឃើញ​ទូរសព្ទ​ដៃរបស់គេ នៅក្បែរប្រអប់លេខ ខ្ញុំចាប់ផ្ដើមនឹកឃើញភ្លាមៗ ដល់មនុស្សស្រីរូបស្អាត High Show។

«អ្នកណាឈ្មោះឥស្សរា ចរិយា?»

ដៃគេនៅលើប្រអប់លេខ ចាប់ផ្តើមច្បាមណែន​ព្រោះសំណួរខ្លីបន្ទាន់ធ្លោយចេញពីមាត់របស់ខ្ញុំ។ សភាពរបស់មនុស្សស្រឡាញ់គ្នា បង្ហាញជាសម្ងាត់ឱ្យឃើញនិង​ទទួលដឹងថា អារម្មណ៍​របស់ដៃគូខ្ញុំកំពុងតែក្រឡាប់ចាក់។ ​គេលាក់ខ្ញុំមិនជិតទេ។

គាត់ស្គាល់ម្នាក់នោះច្បាស់ណាស់!

ត្រូវហើយ! ខ្ញុំចាំបាច់សួរដូចក្មេងអាយុ៣ឆ្នាំ? គេថតរូបជាមួយគ្នា រឿងអីថាមិនស្គាល់គ្នា?

«ស្គាល់តាស៎!»

បងTN ឆ្លើយមកវិញធ្វើដូចធម្មតា។

ពាក្យឆ្លើយពីរម៉ាត់នេះកំពុងដុត​កម្លោច​ចំបេះដូងរបស់ខ្ញុំ។

ទោះបីជា បងTN ដូចជាបាន​រៀបឫកពា ពូកែគ្រប់គ្រងស្ថានការណ៍យ៉ាងណា ប៉ុន្តែខ្ញុំនៅតែមើលដឹងថា គាត់ជាន់ហ្គាលឿនជាងមុន។ នៅពេលដែលខ្ញុំសម្រេចចិត្ត​ចូលដល់ប្រធានបទមួយនេះ ខ្ញុំនឹកឃើញភ្លាមដល់សម្តីម្នាក់ឈ្មោះឯកម៉ាលីគ កាលពីព្រឹក «ខ្ញុំក៏ជាអ្នករងគ្រោះរបស់សិស្សច្បងព្រាន!»

ខ្ញុំសម្លឹងទៅថ្នល់ខាងមុខជាមួយកែវភ្នែកល្ហល្ហេវ។ តើសង្សាររបស់ខ្ញុំប្រភេទជាមនុស្សស៊ីម​ពីរ មានសង្សារទាំងស្រីទាំងប្រុសក្នុងពេលតែមួយ ឬក៏មិនមែន?

សម្ដីរបស់ប៉ាខ្ញុំលាន់មកវិញក្នុងការចងចាំ «មិត្តភក្តិកូនណាម្នាក់ ប៉ាម៉ាក់បណ្តោយឱ្យជិះឡានថ្លៃយ៉ាងនេះ ទាំងមិនទាន់គ្រប់អាយុបើកឡាន?!»

ខ្ញុំគ្រហែម​ហើយនិយាយ៖

«តាមពិតទៅ ខ្ញុំមិនដែលឮបងTN និយាយពីរឿងគ្រួសារបងប្រាប់ខ្ញុំសោះ!»

«យើងមិនមែនចួបគ្នាដើម្បីនិយាយអំពីរឿងផ្សេងទេជេមស៍!»

«រឿងផ្សេង? រឿងគ្រួសារបងTN ទុកថាជារឿងផ្សេង?!»

«កុំរញ៉ាំរញ៉ូវដាក់បង! បងមិនចូលចិត្ត!»

គេថាមករ៉ាវៗហើយចងចិញ្ចើមធ្វើកាចៗ។

«ខ្ញុំក៏មិនចូលចិត្តដូចគ្នា!»

គេដៀងភ្នែកមកខ្ញុំវិញ ពេលខ្ញុំព្រហើនឆ្លើយឆ្លងជាលើកដំបូង តមាត់គេ។ គេចេះអន់ចិត្ត ហេតុអីបានជាគេមិនដឹងថា ខ្ញុំក៏កំពុងតែអន់ចិត្តដែរ?

គេនៅមិននៅ មាន​រូបថតជាមួយ​ស្រី High Show  ខ្ញុំជាសង្សារគេ ខ្ញុំមានសិទ្ធិខឹង​សួរនាំមែនអត់?

ខ្ញុំក្រពាត់ដៃធ្វើមុខមាំបង្ហាញថា​ខ្ញុំអន់ចិត្ត​មែន គ្រាន់តែរឿងអ្វីឱ្យប្រាកដខ្ញុំមិនទាន់កំណត់បាន អាចអន់ចិត្តដែលគេថតជាមួយមនុស្សស្រីម្នាក់នោះឬមួយក៏យ៉ាងណា ឬមួយមកពីឯកម៉ាលីគ?

«ខ្ញុំចង់ឱ្យបងប្រាប់ពីរឿងម្នាក់ស្រីនោះ! ហេតុអីគេថតរូបជាមួយបងហើយផុសពេញហ្វេសប៊ុកធ្វើឱ្យគ្រប់គ្នាច្រឡំ អ៊ីចឹង?!»

ខ្ញុំសួរនាំផ្ទួនៗតាមរបៀប​ជាម្ចាស់លើគ្នា ហើយមានសិទ្ធិខឹងប្រចណ្ឌ។

សំឡេងសង្សារខ្ញុំតបមកវិញមិនចេះទាល់ទេ៖

«យើងក៏ដឹងថាគេព្យាយាមធ្វើឱ្យអ្នកគ្រប់គ្នាច្រឡំដែរ មានន័យថា វាអត់មានពាក់ព័ន្ធជាមួយយើងពីរនាក់!»

«ម៉េចទៅហៅថា អត់ពាក់ព័ន្ធបង? សង្សារខ្លួនឯងថតជាមួយមនុស្សស្រីស្អាតម្នាក់!»

គេដៀងភ្នែកសម្លឹងខ្ញុំ ជាមួយនិងទឹកមុខស្មើៗដ៏ស្រស់សង្ហារបស់គេ​ ឯខ្ញុំមើលគេក្រឡង់ៗរង់ចាំចម្លើយ។

ទឹកមុខ​និងឫកពា​បងទេពណារ៉ា ដូចជាចង់បន្ទោសថា ខ្ញុំនេះកំពុងតែចោទគាត់ ថាស្រឡាញ់ស្រី តែខ្ញុំមិនខ្វល់! ខ្ញុំមិនដឹងទេ! គាត់គិតម៉េច​ក៏គិតទៅចុះ ខ្ញុំជាមនុស្សសសៃឈាមរត់រសឹបពេញខ្លួន ខ្ញុំចេះប្រចណ្ឌ ចេះសង្ស័យ​ ចេះសួរនាំ។

គេនេះលូកដៃស្ដាំមកស្ទាបទ្រូងខ្ញុំដោយ​ដៃឆ្វេងគេនៅបន្តកាច់ចង្កូត។

«បេះដូងមួយហ្នឹងពណ៌អីឆាប់ខឹង ឆាប់សង្ស័យ ​ឆាប់ប្រចណ្ឌម៉េះ? ដឹងថាបងស្រឡាញ់ជេមស៍​ប៉ុនណាអត់ពេលអ៊ីចឹង?»

បាតដៃរបស់គេផ្សារភ្ជាប់ដោយភាពកក់ក្តៅនូវចរន្តភាសាស្នេហ៍ និងអំណាចដ៏មានអានុភាពបុកលើដើមទ្រូងដែលទើបតែទទួលបាននូវសុភមង្គលលាយឡំជាមួយនឹងសេចក្ដីទុក្ខព្រួយក្នុង​

រយៈ​ពេលប៉ុន្មានម៉ោងមកនេះ។

ការលេចឡើងនូវវត្តមានរបស់មនុស្សពីរនាក់ គឺឥស្សរា ចរិយា និង ឯក ម៉ាលីគ ពិតណាស់កំពុងតែធ្វើឱ្យខ្ញុំសៅហ្មង ប៉ុន្តែការបបោសអង្អែលនៅលើដើមទ្រូងរបស់ខ្ញុំពេលនេះ ពិតណាស់ធ្វើឱ្យខ្ញុំនឹកឃើញ​ទោរទន់ ដល់បណ្ដាថ្ងៃដ៏សែនកក់ក្ដៅដែលយើងបានផ្តល់រសស្នេហ៍ឱ្យគ្នាទៅវិញទៅមក។

ហេតុអីយើងទាំងពីរ​ចាំបាច់បណ្ដាលឱ្យមនុស្សជុំវិញខ្លួន ក្លាយមកជាប្រធានបទដែលយើងអាចនឹង​ឈ្លោះគ្នា អន់ស្រពោនបាន?

ពេលវេលា​យើងនៅក្បែរគ្នា​ដូចឥឡូវ ​រកបានមកដោយលំបាកណាស់ ​ហេតុអ្វីខ្ញុំចង់តែបំផ្លាញ​ដោយសារប្រើអារម្មណ៍ច្រណែន​សង្ស័យ?

«នៅជាមួយគ្នាហើយ នៅតែមិនសប្បាយចិត្តបានទៀត?  បានការមែន អ្នកណាអ្នកដុតហ្នឹង? ​អ្ហះ! ​អារាហ៊ូ?​ វាប្រាប់ជេមស៍អីខ្លះ? ចាំប្រដៅអាមួយហ្នឹងម្តង!»

ខ្ញុំរាងភ្លេចគិតអំពីបងរាហ៊ូទៅហើយ​ រហូតដល់សង្សារសួរ។ ប្រហែលជាខ្ញុំស្គាល់ម្នាក់ស្រី High Show ហ្នឹងហើយ បានជា​បងTNដឹងថា មានគេ​ឱ្យព័ត៌មាន​អំពីនាង​មកខ្ញុំ។

ខ្ញុំចាំបាច់​ត្រូវ​ឆ្លើយតបតាមសម្រួល៖

«ព្រឹកមិញគាត់មកផ្ទះខ្ញុំ ចង់ហៅខ្ញុំទៅថតទស្សនាវដ្តីនោះទៀត!»

ទេពណារ៉ា គេហាក់ដូចជាចាប់អារម្មណ៍ចម្លើយនេះ​ដោយ​លើកដៃចេញពីទ្រូងខ្ញុំវិញ ទៅបើកបរដោយ​ប្រើដៃទាំងពីរតែម្តង។

«ចុះជេមស៍គិតយ៉ាងម៉េច? ហើយឆ្លើយនឹងវាថាម៉េច?!»

«ខ្ញុំប្រាប់ហើយថា កុំយករឿងទស្សនាវដ្តី រឿងAgencyវិស្ណុអីមកនិយាយទៀត! ខ្ញុំព្រមានគេទៀតថា ពេលបងមកដល់ភ្នំពេញនឹងរករឿងគេ!»

«វាមាននិយាយអីទៀតទេ?!»

 «អត់ទេ!»

ខ្ញុំឆ្លើយខ្លី ព្រោះទម្លាប់ខ្ញុំមិនចង់ឱ្យគេឈ្លោះគ្នាដោយសារខ្ញុំស្រាប់ហើយ។  សូម្បីតែរឿង Account ឥស្សរាចរិយានោះ ដែលបងរាហ៊ូផ្ញើមកក៏ខ្ញុំមិនបង្ហើបដែរ។

បើសិនជាខ្ញុំជ្រុលតែធ្វើឱ្យបងរាហ៊ូត្រូវCEOរបស់គាត់ខឹងទៅហើយ ហេតុអីខ្ញុំចាំបាច់បង្កាត់ភ្លើងឱ្យបងទេពណារ៉ា ឈ្លោះគ្នាជាមួយគាត់ទៀត។

ទោះបីយ៉ាងណាក៏ខ្ញុំនៅតែមានចិត្តខ្លះអាណិតបងរាហ៊ូ។

បងទេពណារ៉ាមិននៅស្ងាត់ដូចខ្ញុំពេលនេះទេ គាត់ឈ្លេចសួរខ្ញុំបន្ថែម៖

«ហើយវាក៏យករឿងឥស្សរា មកចាក់ចុចជេមស៍ឱ្យខឹងបង?!»

ខ្ញុំនៅស្ងៀម។  បើគេដឹងអស់ទៅហើយតើខ្ញុំមានអីត្រូវនិយាយទៀត?

សម្តីគេ​ហៅនារីនោះ មួយកំណាត់ឈ្មោះពិតជាពីរោះពេកហើយ អារម្មណ៍ចម្លែកៗចេះតែបុកភើតៗមកប៉ះបេះដូងខ្ញុំ។ ខ្ញុំក៏ឆ្លៀតឱកាសនេះឌឺដងឱ្យសង្សារសំណព្វ៖

«បើល្អ​ ចាំបាច់អីខ្លាច​អ្នកណានិយាយ?»

«ជេមស៍កុំភ្លេចខ្លួននិយាយព្រហើនដាក់បង!»

គេថាឱ្យខ្ញុំខ្លីៗ ធ្វើខ្ញុំដឹងខ្លួនឡើងវិញថា គេនេះជាមនុស្សប្រកាន់ណាស់។ នៅជាមួយគេ ទេពណារ៉ាតែងតែមានឫកពាអស្ចារ្យ ខ្ពស់ខ្ពស់ និងធំជាងខ្ញុំ មិនថាការ​សម្រេចចិត្ត និង​ការចង់ឱ្យភាគីខ្ញុំចាញ់ច្រាប និង​កោតគោរពគេ។

គេមានគិតដល់បេះដូងរបស់ខ្ញុំ ការសង្ស័យរបស់ខ្ញុំ និងការអត់ធ្មត់សម្របសម្រួលជាមួយគេដែរអត់?

តាមថាខ្ញុំត្រូវដេញដោលគេច្រើនជាង​នេះ​សូម្បីតែពាក្យសម្តីបរិហារដែលថា គេនៅពីក្រោយការដាក់ខ្ញុំទៅឱ្យមាសមន្តានោះ ខ្ញុំមិនទាន់ដេញដោលគេផង ហេតុអីគេនៅតែព្យាយាមបង្ក្រាបទៅលើផ្នត់គំនិត​ស្វែងរកការពិតរបស់ខ្ញុំ ព្រោះគេជាប្រុសស្អាត មានអ្នកដទៃ​ចាប់អារម្មណ៍​ច្រើន ខ្ញុំជាភាគី​គ្មានតម្លៃ?

ខ្ញុំនៅស្ងៀមដោយ​អាក់អន់ចិត្ត ប៉ុន្តែខ្ញុំមិននិយាយអ្វីទេ។ មនុស្ស​ខ្ញុំនេះ​ត្រូវគេបង្ក្រាបតាំងតែពីក្មេងរហូតមកដល់ឥឡូវ ឡើង​ធ្លាប់ទៅហើយ។ នៅក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំគឺជាភាគីចាញ់។ ក្រៅពីយំហើយនិងឡើងទៅបន្ទប់សំងំ ខ្ញុំគ្មានអ្វីក្រៅពីនេះទៀតទេ។

ពេលនេះទៀតសោត ខ្ញុំទុកឱ្យគេបញ្ចេញអារម្មណ៍ចុះ គេគិតថាយ៉ាងម៉េចក៏បានដែរកុំឱ្យតែគេចាកចេញពីខ្ញុំ ពីព្រោះខ្ញុំពិតជាស្រឡាញ់គេខ្លាំង។

គ្រប់ឥរិយាបថ ឫកពា ទោះបីគេក្រអឺតក្រទម ឬមួយក៏គេវាយតម្លៃខ្លួនឯងខ្ពស់ជាងខ្ញុំ ខ្ញុំត្រូវតែទទួលយកបានជានិច្ច ដរាបណានៅតែចង់បានការស្រឡាញ់ការពារពីគេដូចនេះតទៅ។

«បើស្រឡាញ់គ្នា ហើយទៅត្រចៀកសស្ដាប់អ្នកដទៃ​ដដែល មិនបាច់ស្រឡាញ់ទៀតក៏បាន ព្រោះមុនក្រោយគង់តែព្រាត់ប្រាស់គ្នាចៀសមិនរួចទេ!»

ខ្ញុំនៅស្ងៀមទាំងបេះដូង​ស្រាលហេងហាង​ និង​ព្រួយភ័យ។

យើងនៅតែជាភាគី«ចាញ់» មានអ្វីស៊ូលើសមរភូមិស្នេហាមួយនេះទៅ បើជ្រុលជាព្រមខ្លួនទៅជាចំណាប់ខ្មាំងតាំងតែពីដំបូងម្ល៉េះ?

«បងមិនចង់ឮ មិនចង់ដឹងពីមនុស្សទាំងអស់នោះទេ!​ បើអាច នៅជាមួយគ្នាកុំនាំរឿងផ្សេងមកនិយាយ!»

គេបន្ថែមមកទៀតដោយមិនខ្ចីងាកសម្លឹងខ្ញុំ មិនខ្ចីយល់ពីអារម្មណ៍អ្នកនៅក្បែរម្នាក់នេះឡើយ​។

«បាទ»

ខ្ញុំឆ្លើយខ្លីតែខ្ញុំរលីងរលោង។

«បើបងថាស្រឡាញ់ជេមស៍ គឺស្រឡាញ់ជេមស៍ហើយ វាគ្មានអីត្រូវវិភាគ បកស្រាយ ប្រៀបធៀបអីច្រើនទេ បងហត់ណាស់! ហើយបើមានសង្សារប្រុសរញ៉េរញ៉ៃដូចស្រីដដែល បងស្រឡាញ់ស្រីតែម្តងទៅមិនល្អទេ?»

ខ្ញុំមិនមាត់មិនកអីទាំងអស់ ទុកឱ្យគេបានបញ្ចេញផ្កាភ្លើងកំហឹង ទុកដូចថា ​មានតែខាងគេ​ដែលចេះ«ហត់ចិត្ត» ចំណែកយើងជាវត្ថុ«គ្មាន​ចិត្ត» ​ឬអាចថា គ្មានវិញ្ញាណ។

រហូតដល់ឡានគេឈប់ គឺយើងមិនបានហើបមាត់រកគ្នាទេ។ ខ្ញុំដើរស្ងប់ស្ងៀមតាមពីក្រោយការដឹកមុខរបស់គេ ទីដែលដែលយើងតែងតែលួចលាក់ ក្បត់ចិត្ត​ឪពុកម្តាយមក​រួមរស់ស្នេហាជាមួយគ្នា តាមសម្រែកទាមទាររបស់បេះដូង។

ពេលដែលគេចាក់សោទ្វាររួច ខ្ញុំក៏ចូលទៅបន្ទប់ទឹកភ្លាម ព្រោះខ្ញុំមិនចង់ឱ្យគេឃើញកែវភ្នែកយំយែក​របស់ខ្ញុំអម្បាញ់មិញនេះ។

គេបានរិះគន់ថា ខ្ញុំជាមនុស្ស​រញ៉ាំរញ៉ូវទៅហើយ ដូច្នេះទៀត ខ្ញុំមិនចង់ឱ្យគេរិះគន់បន្ថែមថាខ្ញុំជាមនុស្សរញ៉េរញ៉ៃ នាំរឿង នាំខាតពេលវេលាល្អៗ របស់ពួកយើងនោះទេ។

នៅពេលខ្ញុំលើកក្បង់ទឹកមកលុបលាងមុខ ដោយ​ព្យាយាមយកសំឡេង រ៉ូប៊ីណេជម្រះបំបាត់ទៅនូវបណ្តា​ចម្ងល់ទាំងពួង សំណួរ​ដែលវាយដំនៅក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំដូចជាឮទូរសព្ទគេលាន់ឡើង ប៉ុន្តែខ្ញុំមិនបានយកចិត្តទុកដាក់ខ្លាំងនោះឡើយ។

«Enjoy the moment James! រីករាយមានអីខាត​នោះ? ធ្វើចិត្ត​ឱ្យរីករាយ មានន័យថា រស់នៅជាមួយពេលវេលានេះឱ្យបានពេញលេញជេមស៍! មិនត្រូវគិតពីអ្វីផ្សេង ហើយក៏មិនគួរ​ទៅ​ខ្វល់ខ្វាយឬព្រួយបារម្ភអំពីអនាគតដែលមើលមិនឃើញដែរ!» ខ្ញុំគិតបែបនេះ ហើយសម្លឹងខ្លួនឯងទាំងងើបមុខឡើងមកវិញយឺតៗក្នុងកញ្ចក់។

ឥឡូវនេះខ្ញុំកំពុងស្ថិតនៅក្នុងបន្ទប់ឋានសួគ៌របស់យើងទាំងពីរទៅហើយ ឥស្សរា​ចរិយា ឬឯកម៉ាលីគអីទៅ? ហេតុអីខ្ញុំត្រូវ​គិតពីពួកគេ មកបំផ្លាញបច្ចុប្បន្នភាពដ៏ល្អរបស់ខ្ញុំ នេះគឺជាអ្វីដែលខ្ញុំសម្រេចចិត្ត?

ខ្ញុំឈាន​ចេញមកក្រៅវិញ ដោយ​បង្ហាញ​អារម្មណ៍រីករាយជ្រះស្រឡះ ត្រៀមនឹង​ឱបប្រលោមគេ​ដោយក្តីនឹកនា ស្រាប់តែគេឈរចាំខ្ញុំជាស្រេចក្បែរមាត់ទ្វារបន្ទប់។

«បងមានធុរៈត្រូវទៅភ្លាម! បងសុំទោស»

ខ្ញុំវិញមិនមានអ្វីនិយាយទេ បានត្រឹម​ដៀងសម្លឹង​ទូរសព្ទដែលគេស៊កក្នុងហោប៉ៅវិញដោយអន្ទះសា​។ សភាពរួសរាន់នេះ ប្រាប់ខ្ញុំជាស្រេចថា អ្នកដែលទើបនឹង​ខលមក«សំខាន់»ចំពោះគេខ្លាំងកម្រិតណា។

«ផ្លូវខុសគ្នា​បងមិនបានជូនទេ ជេមស៍គេងលេងនៅហ្នឹងសិនក៏បាន!»

«ខ្ញុំទៅផ្ទះវិញខ្លួនឯងអត់អីទេ!»

ខ្ញុំឆ្លើយតបតិចៗ​ដោយប្រឹងលាក់បាំងទុក្ខកង្វល់ស្រពោនរបស់ខ្លួនឯង។

បន្ទប់នេះមានន័យអីក្រៅតែពីភាពឯកោ និងឈឺចាប់ពេលគ្មានវត្តមានគេ?

រយៈពេលចុងក្រោយនេះ «គេជាអ្នកណា»​ ខ្ញុំគ្មានចម្លើយទេ។ នៅលើកង់បី ខ្ញុំអង្គុយគិតស្លុបម្នាក់ឯង។ អ្នកណាទៅ​ ដែលហៅគេទៅទាំងបែបនេះ បាន​ហើយ​គេតក់ក្រហល់យ៉ាងនេះ?

អ្នកណាខ្លះនៅជុំវិញខ្លួនគេ ក្នុងជីវិត​របស់គេ? ម្សិលមិញ​គេ​ទើបតែបាត់ខ្លួន​សូន្យឈឹងទៅ​ ហើយពេលមកវិញ សូម្បីតែសួរគេថាបាត់ទៅណា ក៏ខ្ញុំមិនហ៊ានផង តើខ្ញុំអាចដោះស្រាយបញ្ហាពេលនេះបានដោយរបៀបណា?

អម្បាញ់មិញខ្ញុំតាំងចិត្តថា នឹងព្យាយាមរស់នៅឱ្យបាន​សប្បាយចិត្តជាមួយបច្ចុប្បន្នកាលរបស់ខ្ញុំ ប៉ុន្តែបច្ចុប្បន្នកាលពេលនេះបានក្លាយជាទៅអតីតកាលត្រឹមមួយប៉ប្រិចភ្នែកអ៊ីចឹងទៅហើយ តើខ្ញុំដោះស្រាយវាយ៉ាងម៉េចទៀត?

នៅពេលដែលយើងមានឈ្មោះជាសង្សារនឹងគ្នា សូម្បីតែការពិតដែលខ្ញុំចង់ដឹង ចង់ស្វែងរក ក៏មិនហ៊ាននឹងប្រឈម  មិនអាចសួរនាំផង តើសន្តិភាពផ្លូវចិត្តរកបានពីកន្លែងណាមក?

ត្រឡប់មកដល់ផ្ទះវិញ ដូចល្ងាចម្សិលដែរ ខ្ញុំអត់ឃ្លានបាយទេ។ ម៉ាក់ខ្ញុំនៅមិនទាន់មកដល់ ម៉្ល់ោះហើយ ខ្ញុំអាចអង្គុយសំកុកកើតទុក្ខ​មួយសេរី មិនចាំបាច់ខ្លាចមានគេតាមសម្គាល់មើល។

នៅបន្ទប់សាឡុងតែម្នាក់ឯង ខ្ញុំគិតឃើញដល់រឿងជាច្រើន។  ខ្ញុំចង់ខលទៅរកគេណាស់ សំខាន់ខ្ញុំប្រាប់ខ្លួនឯងថា អ្នកដែលឆក់យកគេ​ចេញពីទ្រូងខ្ញុំទៅ មិនមែនជាមនុស្សស្រី High Show ម្នាក់នោះដាច់ខាត ប៉ុន្តែហេតុអីបានជាដៃខ្ញុំចេះតែ​ចុច ហើយ​អារម្មណ៍ខ្ញុំចេះតែ​ចង់ចូលទៅមើលប្រូហ្វាល់របស់នាងម្ដងហើយម្ដងទៀត?

ភ្លាមនោះខ្ញុំឃើញនាងផ្តើម​ថតវីដេអូឡាយ។

ពិភាល់មួយ បុកបេះដូង​កំព្រា​នេះ។

ដៃខ្ញុំញ័រ!  ខ្ញុំថានឹង​ចុចមើលវីដេអូភ្លាម​តែខ្ញុំអាក់វិញ! បើចុចគេ​នឹងដឹងថាខ្ញុំកំពុងមើល។​ ធ្វើម៉េចទៅ  ខ្ញុំចង់មើលណាស់ ប៉ុន្តែខ្ញុំមិនហ៊ានចេញមុខទេពីព្រោះនាងអាចឃើញគណនីរបស់ខ្ញុំ ដូច្នេះខ្ញុំធ្វើម្ដេចទៅ?

ជាលើកដំបូងក្នុងជីវិត    ដែលខ្ញុំចាប់ផ្តើមបង្កើតគណនីហ្វេគមួយ​ឡើងមកភ្លាមៗបានលើ​ហ្វេស​​ប៊ុក​ដោយមិនខ្ចីគិតច្រើន។

នេះហើយជាឥទ្ធិពលនៃសេចក្តីស្នេហា។ មនុស្សដែលខ្ញុំស្រឡាញ់ រមែងមាន​ឥទ្ធិពលមកផ្លាស់ប្ដូរខ្ញុំបាន ទៅកាន់ផ្លូវទាំងពីរ គឺខុសហើយនិងត្រូវ។

ល្អឬអាក្រក់ វិជ្ជមានឬអវិជ្ជមាន ឥឡូវនេះខ្ញុំចែកមិនដាច់ទេ ប៉ុន្តែដែលច្បាស់ចែសគឺថា អ្វីដែលខ្ញុំមិនធ្លាប់គិតថាធ្វើ ខ្ញុំកំពុងតែធ្វើឡើងហើយ។

ការបង្កើតគណនីក្លែងក្លាយ មិនមែនជារឿងដែលខ្ញុំកំពុងវាយតម្លៃថាខុសឬក៏ត្រូវនៅឡើយ ប៉ុន្តែវាកំពុងបង្ហាញពីទង្វើប្រាសចាកពីចរិតលក្ខណៈដើមរបស់ខ្ញុំ។

ខ្ញុំមិនដែលរកឃើញផលប្រយោជន៍អ្វីនៅក្នុងការបង្កើតរូបភាពក្លែងបន្លំនៅលើបណ្ដាញសង្គមដែលខ្ញុំមិនឱ្យតម្លៃនោះទេ ចុះហេតុអីឥឡូវនេះ ខ្ញុំត្រូវចំណាយពេលវេលារបស់ខ្ញុំយ៉ាងប្រញឹក យ៉ាងសកម្មនៅក្នុងសកម្មភាពដែលខ្ញុំមិនធ្លាប់ឱ្យតម្លៃ?

«ទិវាសួស្តីភ្នំពេញ? សុខសប្បាយអត់? បានអ្នកណានៅក្បែរៗហ្នឹង? កុំប្រាប់ថានៅម្នាក់ឯងណ៎ា ឥស្សរាអត់ចូលចិត្ត​នៅម្នាក់ឯងក្នុងវេលានេះទេ! ធុញ! កម្សត់! ហើយ​ហត់ចិត្ត! ឮនៅ? ហត់ចិត្ត​ណាស់»

Caption គេឌឺខ្ញុំហ្មែន? ប៉ុន្តែ….គេអាចមិនដែលស្គាល់ខ្ញុំ មិនដែលដឹងរឿងខ្ញុំក្នុងជីវិត​បងTNផង​ គេម៉េចនឹង​សរសេរវែងបែបនេះ​សំដៅមកខ្ញុំកើតទៅ? ខ្ញុំគិតវែងឆ្ងាយម៉េះ?

ដៃខ្ញុំទាំងសង​លើកមកបាំងបបូរមាត់និងច្រមុះខ្លួនឯង ​ខណៈភ្នែកទាំងគូ​ទទួលស្គាល់ថា ក្នុងវីដេអូ​ liveនេះ ឥស្សរាចរិយា ពិតជាស្អាតណាស់ រូបមនុស្សរស់រវើកពិតៗ សឹងស្អាត​ជាង រូបថតសន្លឹកដែលមុននេះខ្ញុំគិតថានាងកែបន្លំនោះ។

គេជាមនុស្សស្រីដំបូង​ដែលធ្វើឱ្យខ្ញុំចេះមាន​អារម្មណ៍​ថា«ច្រណែន»។ ឃើញមុខគេកាលណា ស្នាមសើចលើមាត់គេបានបង្កើត​អារម្មណ៍សម្ងាត់អ្វីមួយចម្លែកក្នុងចិត្តខ្ញុំ។ នាង​មិនដូចមនុស្សស្រីផ្សេងដែលខ្ញុំធ្លាប់ឃើញហើយមិនរវីរវល់នោះទេ គេពិតជាអាច​ធ្វើខ្ញុំរវីរវល់ខ្លាំងណាស់ ទៅគិតពី​គេហើយចង់ដឹងទៀតថា….គេនៅជាមួយអ្នកណាម៉េចមានសុភមង្គលម៉េះ?

«ថ្ងៃនេះយើងមិនញ៉ាំបាយជាមួយគ្នា ក្រោយសម្រេចចិត្ត​ច្បាស់លាស់ជាមួយគ្នា​ថានឹង​រក្សា​ថែទាំ ទំនាក់ទំនង​របស់ពួកយើងឡើងវិញ!  យើងឈប់ធ្វើជាក្មេងមិនទាន់ធំទៀតហើយ!»

គេនិយាយរឿងអី ខ្ញុំមិនយល់ទេ ព្រោះខ្ញុំមិនដែលតាមដានរឿងរបៀបនេះ លើបណ្តាញ​សង្គម​។ នេះ​បើមិនមែនបងរាហ៊ូឱ្យ Accountនាងមកខ្ញុំ ខ្ញុំក៏មិនដឹងថា មាន​តារាហ្វេសប៊ុក

​​សរសេរ​កុនសម្តែងខ្លួនឯង លក់សំបុត្រ​ហ្រ្វីអ៊ីចឹងដែរ។

ស្នូរ​មួយផ្សេងទៀតលាន់មកលើទូរសព្ទដៃរបស់ខ្ញុំ ដែលកំពុងមើលវីដេអូដោយពិភាល់ចិត្ត។

ខ្ញុំមួយរយៈនេះសម្បូរគេឈែតមកណាស់ហ្ន៎។

ខ្ញុំដៀងទៅ ហើយមិនគិតថា​រវល់ផង ព្រោះមិនស្គាល់ទេលេខនេះ ប៉ុន្តែឃ្លាចុងក្រោយហាក់ទាក់ភ្នែកខ្ញុំ «បានឃើញអត់? ឥស្សរា Live ជាមួយ​អ្នកណា?»

ដឹងថាខ្ញុំកំពុងធ្វើអីទៀត? អ្នកណា?  ខ្ញុំទាញទូរសព្ទបង្ហើបឡើងមកសម្លឹង ទាំងទ្រូងខ្លួនឯងផត​ភើត​ចុះឡើងព្រោះភាពញាប់ញ័រ។

«ខ្ញុំឈ្មោះ ម៉ាលីគ! អ្នកដែលនិយាយជាមួយត្រាឯងកាលពីព្រឹក!»

មិនដឹងថា ខ្លួនឯងកំពុងធ្វើអីទេ ខ្ញុំស្រាប់តែចុចទូរសព្ទតេឡេក្រាមទៅរកគេវិញជាមួយ​សំណួរ៖

«ចង់បានអីពីខ្ញុំ?»

«ខ្ញុំអត់ចង់បានអីពីឯងទេ! ខ្ញុំចង់ឱ្យឯងដឹងការពិត!»

«ការពិតស្អី?!»

«គ្រប់យ៉ាង​ដែលឯងឃើញ ជាការពិតបាច់សង្ស័យទេ ទេពណារ៉ាគឺជាមនុស្សបោកប្រាស់!  តាមពិតគេមាន​សង្សារជាស្រី ជា​កូនអ្នកមាន​ដែលកំពុង live នេះ! គេកំពុងនៅជិតគ្នា!»

ដូចត្រូវទឹកកកមួយ​ផ្តិលកណ្តាលមុខ ខ្ញុំភ្ញាក់ហើយស្ពឹក។

មាត់ខំធ្វើជានិយាយ៖

«ស្អីគេ? ខ្ញុំមិនយល់ទេ!»

«អ៊ីចឹងឯងចូលហ្វេសប៊ុក រកឈ្មោះឥស្សរាចរិយាទៅ ឯងនឹងឃើញគេកំពុង Live ជាមួយគ្នាហើយជេមស៍!»

«ខ្ញុំឆ្កួតអីទៅធ្វើតាមឯង? ឯងមាន​ចេតនាម៉េច? យើងមិនដែលស្គាល់គ្នាទេ ខលមកខ្ញុំស្អី? បានលេខខ្ញុំពីណាមក? ស្គាល់ឈ្មោះខ្ញុំនៅផ្ទះទៀត?!»

ខ្ញុំថាច្រើនឡើងៗឱ្យក្មេងនោះ ព្រោះកំពុងប្រឹងបន្លប់ភាពស្ពឹកមុខ​របស់ខ្លួនឯង ដែលសង្សារនៅក្បែរទ្រូងសុខៗត្រូវគេ​ឆក់យកទៅបានភ្លាម​ៗហើយមក Liveឌឺដងខ្ញុំ ជាសាធារណៈទៀត?

«រឿងរបស់ឯង និងទេពណារ៉ាអ្នកណា​ក៏គេដឹងដែរនៅសាលា!» ឯកម៉ាលីគថាមកមិនឈប់​ ហាក់​កំពុង​តែ​បន្ថែម​ភាពច្របូកច្របល់ឱ្យខ្ញុំ។ មាត់ខ្ញុំ​ខំ​តស៊ូ​ខណៈចិត្ត​ខ្ញុំលែងខែងរ៉ែងដូចមុន៖

«​ពូកែម៉េះ? ខ្ញុំខ្លាចស្អី ពួកហ្នុង? ម្នាក់ៗ​ជាប្តីឬប្រពន្ធខ្ញុំ ចាំបាច់អី​តាមដានរឿងខ្ញុំមានសង្សារ? ឈប់មកពាក់ព័ន្ធគ្នាទៀត!»

ខ្ញុំដាក់ទូរសព្ទចុះ ប៉ុន្តែក្នុងបេះដូងខ្ញុំសឹងទ្រហ៊ោយំទៅហើយ។ គេកំពុងនៅជាមួយមនុស្សស្រីម្នាក់នេះ ដូចឯកមាលីគ​ទើបនឹង​ថាពិត​ដែរទេ?

ខ្ញុំគិតផងដៃខ្ញុំចុចមើលផង!

«ពួកយើងសន្យាថា ​ឈប់ខឹងគ្នាទៀតហើយ!»   សំឡេងម្ញែកៗរបស់នាង    ​បន្លឺមកនាំមុខ​ជាមួយ​ស្នាម​​ញញឹម​​មានក្តីសុខ​ នៅក្បែរមនុស្ស​ប្រុសម្នាក់ ដែលបេះដូងខ្ញុំឃើញកាលណាក៏​លោតចង់គាំងៗ។​

គេនៅជាមួយគ្នា​មែន!

ខ្ញុំទម្លាក់ខ្លួន​ផ្អែក​ទៅលើបង្អែកពូកដោយគ្មានកម្លាំងកំហែងទេ។

ទោះជាបុរសម្នាក់ដែលនៅបង្ហាញខ្លួនយ៉ាងស្រស់សង្ហាក្បែរនាង​ គេ​មិនបានបញ្ចេញសំឡេង ឬនិយាយអ្វី​ ប៉ុន្តែម្តេចក៏​ទឹកភ្នែក​ខ្ញុំស្រក់តក់ៗបានដោយគ្មានសំឡេងដូចគ្នា។

ខ្ញុំចង់ចេញទៅរកគេ ប៉ុន្តែទេសកាលអី ខ្ញុំបែរជាចង់មើលវីដេអូនោះបន្តទៀតរហូតដល់ចប់​ ចង់ដឹងថា ពួកគេកំពុង​សម្តែងរឿង​អ្វី ហើយចង់យ៉ាងម៉េចជាមួយខ្ញុំ។

ពិតណាស់គេនៅជាមួយគ្នា ហើយពិតណាស់នាងមិនត្រឹមតែបាន​បង្ហាញនូវទិដ្ឋភាព​ភោជនីយដ្ឋាន​ដ៏ប្រណីតហ៊ឺហា  ថែម Live បង្ហាញ​រូបគេអង្គុយជិតនែបនិត្យកាយផង។  ខ្ញុំសឹងថា ស្ទះខ្យល់គ្មានអុកស៊ីសែនសម្រាប់ដកដង្ហើម​នោះទេ។

ខ្ញុំដកដង្ហើមមិនរួចទេម៉ាក់!

ខ្ញុំនិយាយតិចៗម្នាក់ឯងទាំងយំសស្រាក់!

«ធ្វើអីញ៉ាំឬនៅកូន?!»

ម្តាយខ្ញុំមកដល់លឿនជាងការគិតរបស់ខ្ញុំទៀត។ ម៉េចក៏គាត់មកវិញលឿនម្ល៉េះ ហើយស្រែកសួរមកតាំងពីនៅក្រៅទ្វារ។

ខ្ញុំជូតទឹកភ្នែកយ៉ាងរហ័សមុនពេលគាត់ដោះស្បែកជើងរួច។

«កូនខ្ញុំមើលLiveទៀតនៀក! មិនដែលឃើញទេ!»

«ម៉ាក់! ការធ្វើបុណ្យអេរិចនោះម៉េចហើយ?!»

ខ្ញុំធ្វើជាសួរនាំបន្លប់។

ម៉ាក់ឆ្លើយពីម្តុំទូទឹកកកមក៖

«រៀបចំអស់ហើយ នៅតែ​ជេនី អាណិតមីងឯងណាស់ ស្រឡាញ់កូនខ្លាំង ខូចចិត្តក៏ខ្លាំង! ពិបាកធ្វើចិត្តណាស់​ហ៊ឹម ប៉ុន្តែមិនអីទេកូន វាគឺជាជីវិត ពិបាកធ្វើចិត្តក៏នៅតែត្រូវធ្វើ! ម៉ាក់ឡើងងូតទឹកសិនកូន!»

ពាក្យថា«វាគឺជាជីវិត» កំពុង​តែសម្លាប់ចិត្ត​ខ្ញុំ។ ការឡាយវីដេអូមួយដែលទើបនឹងចាប់ផ្តើម​ជាមួយ​ចំនួនតាមដានជាង២០០០Accounts  រាប់រយស៊ែរ ​និង​ជាងមួយរយ comments ភ្លាម​ៗ​   ពិតជាមាន​ឥទ្ធិពល​ពេកហើយក្នុងការទាញខ្ញុំទម្លាក់ទៅក្នុងសភាព​អស់សង្ឃឹម​។

តើពួកគេជាអ្នកណា ហេតុអីបានជាគេLiveមក មានអ្នកមើលច្រើនម្ល៉េះ? តើគេកំពុង​នាំគ្នាធ្វើអ្វីនៅលើបណ្ដាញសង្គម? គេលក់ផលិតផល ឬលក់រឿងផ្ទាល់ខ្លួនគេដូរយកស៊ែរ និងLikes?

ហើយម្នាក់នោះជាសង្សាររបស់ខ្ញុំមែនឬមិនមែន   ឬគ្រាន់មនុស្ស​មុខ​ដូចគ្នា  ហេតុអ្វី​ខ្ញុំគ្មានសិទ្ធិ​សូម្បី​តែនឹងសួរនាំគេ។

ខ្ញុំខាំមាត់ខឹងចិត្តដ្បិតនឹកឃើញឡើងមកវិញបណ្តា​ពាក្យ​ពេចន៍ទាំងអស់ដូចនៅថ្មី…

“Keep love in your heart. A life without it is like a sunless garden when the flowers are dead.”

ខ្ញុំកំពុងស្លាប់ហើយ! ស្លាប់ក្រោមដៃមនុស្ស​ដែលខ្ញុំស្រឡាញ់។

ម៉ោងបាយមកដល់ ខ្ញុំអង្គុយលេបបាយដូចជាលេបគ្រួស។ ក្នុងសាលរបស់សាលារៀន​ដែលភាគច្រើន​សិស្សដទៃ គេមានគ្នាហូបជាមួយឬនៅជាក្រុមៗ ចំណែកខ្ញុំវិញឯកោ គឺជាទម្លាប់។

ជិតដល់ម៉ោងចូលរៀនវិញហើយ ខ្ញុំនៅតែលេបមិនបានលើសពីបីស្លាបព្រាសោះ។

«ចង់ដឹងការពិតពីសង្សារសំណព្វដែរអត់?!»

​ឯកម៉ាលីគមកដល់ហើយ គេទម្លាក់ប្រអប់បាយមកជិតខ្ញុំ​ថែមទាំង​ឱនខ្សឹបខ្សៀវ​។ ខ្ញុំទើសទាល់ណាស់ មិនដឹងគួរនិយាយរកគេ​ឬអត់ទេ។

ខ្ញុំសួរតិចៗទាំងភ្នែក​រេ​ជារង្វង់សម្លឹងសិស្សឯទៀតនៅជុំវិញខ្លួន ​ដោយ​ប្រយ័ត្នប្រយែង។

«តាមពិតទៅ ឯងជានរណា?!»

«សិស្ស​នៅសាលានេះជាមួយឯងដែរ!»​ ម៉ាលីគតបធ្វើហំហាន ដូចគ្មានរឿងអ្វី​កើតឡើង។

«ម៉េចខ្ញុំមិនដែលឃើញ?!» ខ្ញុំសួរដោយទឹកមុខមិនពេញចិត្ត​។

«មកពី​ ខ្ញុំមិនចង់ឱ្យឯងឃើញ!»​ ឯកម៉ាលីគឆ្លើយ​ធ្វើហី។

«ហើយមានបញ្ហាផ្លូវចិត្តហ្មែន?!» ខ្ញុំថាឌឺៗ ដោយ​ងាកមកធ្វើជាហូបបាយឆ្ងាញ់ឃ្មមៗ ព្រោះទើសចិត្តនឹងវត្តមានគេនេះ។ គេស្រាប់តែ​តបតមកវិញ​ដោយមិនមានខ្លាចចិត្ត​អ្វី៖

«យល់ល្អហើយ! មានបញ្ហាផ្លូវចិត្តដូចឯងអ៊ីចឹង!»

ពេលខ្ញុំងាកមក​សម្លក់គេទាំងមាត់ទំពាញ៉ាច់ៗ គេស៊កមកទៀត៖

«តែ​ខ្ញុំ ផ្លូវចិត្តជិតជាហើយ! ព្រោះឃើញមានឯង មកបន្តឈឺជំនួសខ្ញុំ!» ថាចប់ ម្នាក់នេះសើចកក្អឹកឡើងបាន ទាំងមិនមានអ្វីគួរឱ្យអស់សំណើច។

«ចេញទៅ» ខ្ញុំបណ្តេញ​គេនេះចេញទាំងខឹងសម្បា។ មនុស្ស​ចរិតឡប់ៗខ្ញុំស្អប់បំផុត។