អ្នកនិពន្ធម៉ីសនសុធារី៖ «មនុស្ស​គ្រប់គ្នាមានផ្នែកមិនល្អ A Dark Side »

ទាំងជំនាញរឹង និងជំនាញទន់មានសារៈសំខាន់ខ្លាំងដូចគ្នា ក្នុងការពិចារណា ជួល ឬតំឡើង​តួនាទីបុគ្គលម្នាក់ៗ​ឡើងទៅជាអ្នកដឹកនាំ ។ អ្នកនិពន្ធ ម៉ីសន សុធារី បាន​ចែករំលែកថា ក្រៅពីជំនាញ​រឹង យើងត្រូវការជំនាញទន់ ដើម្បីឱ្យគ្រប់គ្នា​អាចលេចធ្លោបាន។

«ជំនាញទន់ជាអ្វីដែលបុគ្គលមានលើសពីជំនាញបែប​ បច្ចេកទេស និងមិនអាចវាស់វែង ផ្តោតលើការស្គាល់និងប្រលូក​ក្នុងសង្គម ភាពជាអ្នកពូកែទំនាក់ទំនង និងជំនាញដោះស្រាយបញ្ហា ជំនាញ​បង្កើតគំនិតថ្មី។ល។»

អ្នកស្រីពន្យល់នៅក្នុងកម្មវិធីជំនួបក្រុងសៀមរាបជាមួយហ្វេនក្លឹបថា ជំនាញរឹងប្អូនៗបានទទួលតាមរយៈការ បណ្តុះបណ្តាល និង អំឡុងពេលនៃការស្មគ្រ័ចិត្ត ហាត់ការឬបម្រើការ​ក្នុងអាជីពរីឯ ជំនាញទន់គឺជារបៀបដែលយើង​អាចធ្វើការជាមួយអ្នកដទៃ និងដោយឯករាជ្យ​។

«ចាំណ៎ាប្អូន! ជំនាញទន់មានមូលដ្ឋានសំខាន់ផ្អែកលើបុគ្គលិកលក្ខណៈរបស់មនុស្ស ហើយគ្រប់គ្នា​នៅតែមាន​ពេលជានិច្ច​ក្នុងការកែលម្អបុគ្គលិកលក្ខណៈរបស់ខ្លួនឯងបាន! ខ្ញុំធ្លាប់ធ្វើខុសច្រើន គេចសាលា ពេលចេញ​ធ្វើការ​ចង់បានតែផ្លូវកាត់ គ្រប់គ្នាមាន Dark Side ដែលជាផ្នែកសំខាន់មួយនៃការបិទបាំងកំហុសរបស់ខ្លួនឯង តែមាន​វិធីមើលឃើញចង្អុលកំហុសអ្នកដទៃ ជាផ្នែកមួយបង្អាក់Soft skills និង ចំណេះ Emphasisរបស់យើង  »។

អ្នកនិពន្ធបានលើកឡើងផងដែរថា Angelina Bennet ចិត្តវិទូល្បីបាននិយាយថា “ផ្នែកងងឹត DARK SIDE គឺជាអ្វីដែលមនុស្សគ្រប់គ្នាមាន ជាផ្នែកមួយនៃបុគ្គលិកលក្ខណៈដែលមានឥទ្ធិពលលើជំនាញទន់ពេលយើងចេញប្រលូកក្នុងសង្គម»។

អ្នកនិពន្ធ ជាមួយតំណាង​ហ្វេនក្លឹបនៅបាត់ដំបងនិងសៀមរាប

អ្នកនិពន្ធ​ម៉ីសនសុធារី​បន្តថា គ្រប់គ្នា​វិធីកែលម្អជំនាញទន់ អភិវឌ្ឍន៍អាជីពដោយធ្វើរបៀបមួយចំនួននេះ៖

បើកចិត្ត​ទូលាយ យោគយល់និងបញ្ចប់គំនិតបន្ទោសមើលបំណាំ។ ​ក្នុងចំណោមបុគ្គលដែលចូលចិត្ត​បន្ទោសគេយករួចខ្លួន មិនដែលបានទទួលសុភមង្គលឬជោគជ័យផ្នែកវិជ្ជាជីវៈឡើយ។ ដុសខាត់ មធ្យោបាយទំនាក់ទំនងដោយបញ្ឈប់ការកេងចំណេញ​លើមិត្តភាព ទម្លាប់មានទៅមានមក ទម្លាប់ដឹងគុណ និងយោគយល់បំភ្លេចចោល។

«ដល់ពេលប្អូនចេញធ្វើការ Softskills ភាគច្រើនសង្កត់ធ្ងន់លើការងារជាក្រុម​ដែល​យើងត្រូវអត់ធ្មត់ បង្កើតទំនាក់ទំនងវិជ្ជមាន ដើរចេញពីcomfort Zone ហ៊ានទទួលស្គាល់បញ្ហា​និងដោះស្រាយវា។ ជីវិតនេះ ប្អូនត្រូវ​ត្រៀមខ្លួនដើម្បីរៀនជានិច្ច កុំធ្មេចភ្នែករង់ចាំ​ជោគជ័យឬ កុំចង់ដើរផ្លួវកាត់ បន្លំប្រកូវ។ ធ្វើការ​មិនត្រូវគិតលើសខ្វះ​ព្រោះធ្វើច្រើន​យើងចេះច្រើន។ ជំនាញទន់ធ្វើឱ្យមនុស្សចិត្ត​ចង្អៀតក្លាយជាចិត្ត​ ទូលាយនិងហ៊ាន​ប្រឈម​ចំពោះមតិកែលម្អ ប្រការនេះយើងអាចដឹងដោយខ្លួនឯង​និង​ឃើញថា​យើងកាន់តែរឹងមាំ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ!»