រឿង៖ បណ្ដាសាអតីតជាតិ

គ.ស ១៤០០…
សន្ធឹកផ្លែដាវលាន់ឮពេញសមរភូមិដែលវាជាសង្គ្រាមបន្តមកអស់រយៈពេលប្រាំមួយខែទៅហើយនៅតែមិនទាន់ស្បើយទៀត។ មេទ័ព និងកងទ័ពខ្មែរបានមូលដៃមូលជើងទប់ទល់ជាមួយកងទ័ពប្រទេសជិតខាងដែលចង់ចូលមកឈ្លានពានទឹកដី។ ម្នាក់ៗខំប្រឹងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដើម្បីជាតិមួយនេះ។
ទោះជាមានរឿងអ្វីក៏ដោយក៏ពួកគេមិនព្រមរត់ចោលទឹកដី យករួចខ្លួនតែម្នាក់ឯងនោះទេ។ នេះហើយជាទឹកចិត្តស្នេហាជាតិដែលមានតម្លៃធំមហាសាលមិនអាចកាត់ថ្លៃបាន។ ហើយវាក៏ជាមូលហេតុដែលជនឈ្លានពានមិនអាចវាយយកបានដោយងាយនោះទេ។
«លោកមេទ័ព ពេលនេះកងទ័ពរបស់យើងរបួសច្រើនណាស់ ខ្ញុំខ្លាចតែ…»
បុរសម្នាក់មានមាឌធំ ខ្ពស់ សក់វែងបួងឡើងលើ មុខមាំគួរឱ្យខ្លាច ស្លៀកក្បិនពណ៌បៃតងចាស់ជាមួយអាវដៃខ្លីពណ៌ពងមាន់និងមានអាវការពារពាក់ពីលើមួយជាន់ទៀតមានឈ្មោះថារាជនិយាយមកកាន់បុរសម្នាក់ទៀតដែលកំពុងអង្គុយលើកៅអីក្នុងបន្ទាយទ័ព។
«ខ្ញុំបានដឹងរឿងនេះហើយ (ដកដង្ហើមធំមួយ) ប្រហែលជាមិនយូរទៀតទេពួកសត្រូវនឹងអាចវាយបែកខេត្តមួយនេះជាមិនខាន»
បុរសមានសាច់ណែន ខ្ពស់ សក់វែងបួងទៅក្រោយ ភ្នែកធំ មានពុកមាត់ និងពុកចង្ការច្រើន ស្លៀកក្បិនពណ៌ឈាមជ្រូកជាមួយអាវដៃខ្លីពណ៌ទឹកប៊ិកមានឈ្មោះថាពេជ្របានតបមកវិញជាមួយទឹកមុខបារម្ភយ៉ាងខ្លាំង។
«ខ្ញុំគិតថាស្របពេលដែលពួកវាកំពុងតែរង់ចាំទ័ពជំនួយមកដល់ លោកមេទ័ពគួរតែរត់គេចខ្លួនទៅរកកន្លែងមានសុវត្ថិភាពសិនទៅទីនេះទុកឱ្យខ្ញុំជាអ្នកគ្រប់គ្រងទៅចុះ»
បុរសស្លៀកក្បិនពណ៌បៃតងចាស់លើកដៃសំពះជាការអង្វរ។
«លោកមេទ័ពរងដឹងទេ? ខ្ញុំអាចលះបង់ជីវិតខ្លួនឯងបានប៉ុន្ដែខ្ញុំមិនអាចលះបង់បងប្អូននៅទីនេះបានទេ។ បើចង់ទៅៗទាំងអស់គ្នា បើចង់នៅៗទាំងអស់គ្នា» លោកមេទ័ពនិយាយយ៉ាងម៉ឺងម៉ាត់។
«ក៏ប៉ុន្តែកងទ័ពរបស់យើងគេមិនព្រមចុះចាញ់ទេ ពួកគេថាស៊ូស្លាប់នៅទីនេះ ខ្ញុំសុំអង្វរលោកមេទ័ពគេចខ្លួនសិនទៅ» មេទ័ពរាជនៅតែទទូចសុំឱ្យគេចខ្លួន។
«បើក្នុងបន្ទាយគ្មានមេទ័ព តើកងទ័ពមានចិត្តឯណាច្បាំងជាមួយសត្រូវទៅ? បានហើយខ្ញុំសម្រេចចិត្តហើយថាមិនទៅណាទាំងអស់» និយាយចប់មេទ័ពពេជ្រ លើកផែនទីមកមើលទីតាំងភូមិសាស្រ្ដនៅជុំវិញបន្ទាយ។
«តែ…»
«មិនបាច់តែអីទេ ខ្ញុំសម្រេចចិត្តរួចហើយ» លោកមេទ័ពនិយាយកាត់មេទ័ពរងភ្លាមៗ។
«អ៊ីចឹងខ្ញុំលាលោកមេទ័ពត្រឡប់ទៅវិញហើយ» កំលោះមាឌធំសំពះឱនគោរពរួចក៏ចាកចេញទៅបាត់។
«លោកមេទ័ពមានសំបុត្រ» កូនទាហានម្នាក់កាន់សំបុត្រចូលមកប្រគល់ឱ្យបុរសដែលអង្គុយលើកៅអី។
បានសំបុត្រដល់ដៃហើយមិនបង្អង់យូរនាយបើកមើលយ៉ាងតក់ក្រហល់។ កែវភ្នែករបស់គេខំសម្លឹងមើលសំបុត្រមិនដាក់ភ្នែក ដូចជាមានរឿងមិនល្អកើតមានឡើងឆាប់ៗនេះ។ មាណពដាក់សំបុត្រទុក រួចប្រកាសហៅមេទ័ពទាំងអស់ឱ្យចូលមកជួបជុំគ្នាក្នុងបន្ទាយជាបន្ទាន់។
សំឡេងអ៊ូអរជជែកសួរដេញដោលគ្នាលាន់ឮពាសពេញបន្ទាយទ័ពដោយម្នាក់ៗមានទឹកមុខងឿងឆ្ងល់ហេតុអ្វីបានជាមេទ័ពធំហៅពួកគេមកតក់ក្រហល់បែបនេះ?
មេទ័ពទាំងអស់មកជុំគ្នាអស់ លោកមេទ័ពធំក៏ចាប់ផ្ដើមនិយាយពីរឿងដែលលោកហៅមេទ័ពទាំងអស់មកជួបជុំគ្នាប្រញាប់ប្រញាល់បែបនេះ។
«អ្នកនាំសារបានប្រាប់មកថា កងទ័ពជំនួយរបស់ពួកសត្រូវនឹងមកដល់រយៈពេលមួយសប្ដាហ៍ទៀត» មេទ័ពទាំងអស់ភ្ញាក់ផ្អើលពេលទទួលដំណឹងនេះ។
«ហេតុអ្វីបានជាលឿនយ៉ាងនេះលោកម្ចាស់? បើតាមរយៈចម្ងាយយ៉ាងហោចណាស់ក៏ត្រូវប្រើរយៈពេលបីទៅបួនសប្ដាហ៍ទៀតដែរ» លោកមេទ័ពសេះនិយាយ។
«ខ្ញុំក៏គិតដូចលោកដែរ ប៉ុន្តែតាមស្ថានការណ៍ជាក់ស្ដែងពួកគេប្រហែលជារៀបចំកងទ័ពជំនួយទុកមុនយូរមកហើយ ក៏ប៉ុន្តែអ្នកទាំងអស់គ្នាកុំបារម្ភ ខ្ញុំមានវិធីអាចជួយអ្នកទាំងអស់គ្នា» លោកមេទ័ពនិយាយទាំងខ្វល់ខ្វាយក្នុងចិត្ត។
«វិធីអ្វីទៅលោកម្ចាស់?» មេទ័ពស្រួចសួរស្របពេលគ្រប់គ្នាកំពុងតែស្ងាត់ត្រៀមត្រចៀកចាំស្ដាប់។
«ពួកលោកនៅចាំពិធីបូជាអទិទេពមេទ័ពសង្រ្គាមដែរឬទេ?» ស្ដាប់ឮហើយមេទ័ពទាំងអស់ប្រែជាស្លុតចិត្តបើកភ្នែកធំៗ គាំងនៅស្ងៀមមិនកម្រើក។
«ពួកខ្ញុំមិនយល់ស្របតាមទេ សុំលោកម្ចាស់រកវិធីផ្សេងទៅ»
គ្រប់គ្នាប្រឆាំងដាច់ខានមិនព្រមឱ្យធ្វើពិធីនេះទេ។ពួកគេចង់ឱ្យលោកមេទ័ពរកមើលមធ្យោបាយផ្សេងដែរតែរកមិនបាន។ ប្រហែលមានតែពិធីនេះមួយទេមើលទៅ។
ពិធីបូជាអទិទេពមេទ័ពសង្រ្គាម…
តើនេះជាពិធីអ្វីបានជាគ្រប់គ្នាដូចជាសោកសៅយ៉ាងនេះ?
យប់ជ្រៅស្ងាត់បាត់អស់សំឡេងឆ្លងឆ្លើយដែលធ្លាប់តែឮមុនពេលមានសង្រ្គាម ប៉ុន្តែពេលនេះប្រែជាស្ងាត់សូន្យឈឹង។ លោកមេទ័ពចេញមកក្រៅអង្គុយខាងក្រោមដើមឈើធំមួយដើមគិតពីសង្គ្រាមនៅចំពោះមុខផង និងនឹកគិតពីមនុស្សស្រីដែលខ្លួនស្រឡាញ់ផង។
«លោកមេទ័ពមានសំបុត្រ» កងទ័ពម្នាក់ប្រគល់សំបុត្រឱ្យហើយក៏ត្រឡប់ទៅវិញបាត់។
មាណពបើកសំបុត្រមើលឃើញជាសំបុត្រដែលម្ដាយខ្លួនផ្ញើមក។ ពេលឃើញខ្លឹមសារក្នុងសំបុត្រហើយភ្នែករបស់គេប្ដូរទៅជាពណ៌ក្រហមឆ្អៅដូចឈាម ដៃទាំងពីក្ដាប់សំបុត្រណែន មើលទៅលើមេឃ។
ជូនចំពោះកូនពេជ្រ…
ពេលនេះនួនបានរៀបការជាមួយអ្នកផ្សេងហើយ។ ម៉ែដឹងថាកូនពិបាកចិត្ត តែកូនគួរតែកាត់ចិត្តទៅធ្វើម៉េចបើមិនមែនជាគូ។ ម៉ែក៏ពិបាកចិត្តដែរ។ ម៉ែបានទៅលួចសួរនាងស្ងាត់ៗថាហេតុអីបានជានាងមិនចាំកូនត្រឡប់មកវិញ? ប៉ុន្ដែចម្លើយដែលនាងឆ្លើយមកវិញធ្វើឱ្យម៉ែស្ទើរតែក្អួតឈាមនៅនឹងកន្លែង។ កូនដឹងទេ នាងឆ្លើយថា ឱ្យនាងចាំកូនយ៉ាងម៉េចបើនាងមិនដឹងថាកូនមានជីវិតមកវិញឬអត់ផង។ ម៉ែឈឺចិត្តខ្លាំងណាស់កូនមាសម្ដាយ។ ជូនពរកូនច្បាំងបានជ័យជំនះនឹងត្រឡប់មកផ្ទះយើងវិញ។
ពីម្ដាយរបស់កូន
“នួន…ហេតុអ្វីក៏នាងធ្វើបែបនេះ? នេះឬជាពាក្យដែលនាងតែងតែប្រាប់ថាស្រឡាញ់ខ្ញុំ តាមពិតវាគ្រាន់តែជាពាក្យបោកប្រាស់តែប៉ុណ្ណោះ។ ខ្ញុំស្អប់នាងណាស់” អ្វីគ្រប់យ៉ាងបានត្រូវតែគិតក្នុងចិត្តម្នាក់ឯងមិនហ៊ាននិយាយចេញមកក្រៅព្រោះមិនចង់ឱ្យគ្រប់គ្នានៅក្នុងបន្ទាយបារម្ភពីនាយ។
នាយកំលោះបានដើរចូលទៅក្នុងវិញធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាំងដែលក្នុងទ្រូងស្ទើរតែប្រេះ ក្នុងបេះដូងស្ទើរតែខ្ទេចខ្ទីគ្មានសល់។
“ខ្ញុំឋានៈជាមេទ័ពធំត្រូវគិតរឿងជាតិសំខាន់ជាងរឿងផ្ទាល់ខ្លួន។ មិនអីទេ ខ្ញុំមិនអីទេ មេទ័ពដែលធ្លាប់តែអង់អាចក្លាហាននៅក្នុងសមរភូមិពេលនេះក៏មិនអាចទន់ជ្រាយបានដែរ”
នាយបានត្រឹមតែគិតក្នុងចិត្តតែម្នាក់ឯង គ្មានអ្នកពិភាក្សាគ្មានអ្នកលួងលោម។
ថ្ងៃ១៥កើត…
ពិធីបូជាអទិទេពមេទ័ពសង្រ្គាម
កងទ័ព និងមេទ័ពទាំងអស់បានលុតជង្គង់នៅខាងមុខពិធី ដែលមានលោកមេទ័ពធំស្លៀកពាក់ឯកសណ្ឋានជាមេទ័ពកាន់ដាវពីរសងខាងឈរនៅខាងក្នុងពិធីដែលមានក្បាលជ្រូកមួយគូ ក្បាលសេះមួយគូ ក្បាលគោមួយគូ ក្បាលក្របីមួយគូ និងក្បាលមាន់មួយគូព័ទ្ធជុំវិញ។ ផ្សែងធូបផ្សែងទៀនហ៊ុយទ្រលោមឡើងលើអាកាស។ ទឹកមុខអ្នកគ្រប់គ្នាប្រែជាស្រពោនមិនសប្បាយចិត្ត អ្នកខ្លះស្រក់ទឹកភ្នែក អ្នកខ្លះអួលដើមក។
«ខ្ញុំបាទឈ្មោះ ពេជ្រ ជាមេទ័ពធំ។ ថ្ងៃនេះខ្ញុំសុំបូជាខ្លួនដើម្បីទឹកដី ដើម្បីបងប្អូនទាំងអស់គ្នា។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចងចាំឈ្មោះខ្ញុំទុក» អ្នកគ្រប់គ្នាទប់ទឹកភ្នែកលែងជាប់ក៏បណ្ដោយឱ្យហូរចេញមកក្រៅ។
ពិធីចាប់ផ្ដើមមេទ័ពពេជ្រ កាន់ដាវរេរាំតាមក្បួនពិធីចុះឡើងៗអស់រយៈពេលមួយម៉ោងទើបគេយកដាវទាំងពីនោះចាក់ទម្លុះពោះខ្លួនឯងស្លាប់បាត់បង់ជីវិតនៅក្នុងពិធីភ្លាមៗ។ មុននឹងចាក់សម្លាប់ខ្លួនឯងពេជ្របានស្រែកក្នុងចិត្តថា អ្នកណាដែលចង់រៀបការជាមួយនាងត្រូវតែស្លាប់ទាំងអស់។
ពិធីបូជាអទិទេពមេទ័ពសង្រ្គាមនេះមានតាំងពីយូរលង់ណាស់មកហើយ។ ហើយពិធីនេះគេច្រើនប្រើនៅពេលដែលទ័ពទាល់ច្រកមិនអាចទប់ទល់នឹងសត្រូវបាន។ ពិធីនេះខានបានឃើញយូរណាស់មកហើយដោយសារតែជាតិបានសុខសាន្ដគ្មានសង្រ្គាម ឥឡូវយើងបានឃើញម្ដងទៀតហើយពិតជាអស្ចារ្យខ្លាំងណាស់។
ពិធីនេះតម្រូវឱ្យមេទ័ពធំបូជាជីវិតខ្លួនដើម្បីប្រគល់ឱ្យអទិទេព។ ហើយគេមានជំនឿថាអ្នកដែលបូជាខ្លួនហើយប្រាកដជាចាំជាតិ និងមានថាមពលពិសេសម៉្យាងនៅក្នុងខ្លួន។ ពេលដែលធ្វើពិធីនេះហើយកងទ័ពម្នាក់ៗដូចជាមានអ្វីមួយចូលសណ្ឋិតប្រែជាខ្លាំងក្លាដូចក្របីឡើងកក្នុងសមរភូមិ វាយខ្មាំងសត្រូវរត់ខ្ចាត់ខ្ចាយគ្មានសល់។
គ.ស ២០០០…
ថ្ងៃសិរីសួស្ដីរបស់គូស្នេហ៍មួយគូក៏ចូលមកដល់ មើលទៅកូនក្រមុំដូចជាសប្បាយរីករាយខ្លាំងណាស់។ សំឡេងភ្លេងការចាប់ផ្ដើមបន្លឺឡើងលាន់ឮពេញស្រុក ភ្ញៀវកិត្តិយសនាំគ្នាចូលមកកាន់ជំនូនម្នាក់មួយៗឈរតាមគូដើម្បីហែជំនូន។ អ្នកចូលរួមទាំងអស់សើចក្អាកក្អាយសប្បាយចិត្តដល់ហើយ មិនខុសពីកូនក្រមុំកូនកំលោះទេ។
“ថ្ងៃនេះខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់។ រយៈពេល២ឆ្នាំហើយដែលខ្ញុំនិងបងវីដស្រឡាញ់គ្នា ហើយថ្ងៃនេះជាថ្ងៃមង្គលការរបស់ពួកយើង ប៉ុន្ដែខ្ញុំចេះតែញាក់ភ្នែកខាងឆ្វេងខុសពីធម្មតា។ ហើយអាភ្នែកនឹងវាកើតអីបានជាញាក់មិនព្រមឈប់សោះអ៊ីចឹង? ខ្ញុំមានអារម្មណ៍ដូចជាមិនសូវស្រួលសោះ ឬមួយមកពីខ្ញុំហត់ពេកទេដឹង។ ណ្ហើយចុះ! ថ្ងៃល្អគួរតែគិតរឿងវិជ្ជមាន មិនគួរគិតរឿងអវិជ្ជមានទេ” ដួងចន្ទគិតក្នុងចិត្តតែម្នាក់ឯង។
ក្បួនហែជំនូនបានហែមកដល់មុខរោងការ កូនក្រមុំក៏ចេញមកទទួលកូនកំលោះ ចំណែកឯភ្ញៀវចូលក្នុងមហារោងដើម្បីបរិភោគអាហារដែលចុងភៅត្រៀមទុកជាស្រេច។ បន្ទាប់ពីទទួលទានអាហារហើយ កូនកំលោះនិងកូនក្រមុំបានចូលទៅក្នុងដើម្បីប្ដូរសម្លៀកបំពាក់ត្រៀមចូលពិធីកាត់សក់។
«កូនក្រមុំថ្ងៃនេះពិតជាស្អាតខ្លាំងណាស់» អ្នកសំអាងស្រីម្នាក់និយាយ។
«ចាស! អរគុណណាស់បង! តាមពិតខ្ញុំស្អាតក៏ដោយសារតែបងៗទាំងអស់គ្នាជួបតុបតែងបានល្អទេ» កូនក្រមុំលួចញញិមតិចៗ។
«កូនក្រមុំបងស្អាតតាំងតែពីដើម ទោះមិនផាត់មុខក៏ស្អាតដែរ»
កូនកំលោះចូលមកដល់សរសើរកូនក្រមុំភ្លាមតែម្ដង។
«កូនកំលោះនិយាយត្រូវណាស់» អ្នកសំអាងដដែលចូលមកគាំទ្រខាងកូនកំលោះ។
«មិនដឹងជាស្អីបងឯងទេចេញទៅវិញទៅ ស្រីៗគេកំពុងតែធ្វើការ» មុខរបស់ដួងចន្ទឡើងក្រហមដូចជាផ្លែប៉ោមនេះបញ្ជាក់ថានាងអៀនហើយ។
កូនកំលោះចេញទៅវិញ អ្នកសំអាងក៏បន្តការងាររបស់ខ្លួនទៀត។ មើលទៅកូនកំលោះនេះសម្ដីផ្អែមដល់ហើយ អ៊ីចឹងតើបានកូនក្រមុំស្រឡាញ់គេខ្លាំងយ៉ាងនេះ។
ពិធីកាត់សក់ឈានចូលមកដល់ សំឡេងប្រកាសហៅកូនកំលោះកូនក្រមុំក៏បន្លឺឡើងតាមរយៈមេក្រូ។ ឮហើយកូនក្រមុំក៏ចេញមកអង្គុយតាមកន្លែងរបស់ខ្លួនដែលមានអ្នកកំដរស្រីបីនាក់អង្គុយអមជាមួយប៉ុន្តែនៅមិនទាន់ឃើញកូនកំលោះចេញមក។ សំឡេងហៅកូនកំលោះម្ដងជាពីរដងនៅតែមិនទាន់ឃើញចេញមកទៀតគ្រប់គ្នាចាប់ផ្ដើមឆោឡោទន្ទឹងរង់ចាំមើលកូនកំលោះដែលមិនព្រមចេញមកសោះ។ រីឯនាងតូចវិញអន្ទះសាក្រឡេកចុះឡើងៗរកមើលកូនកំលោះមិនឃើញ តែបែរជាឃើញបុរសម្នាក់ស្លៀកពាក់ឈុតខ្មៅដើរចេញពីរោងការដោយមិនខ្វល់ពីភាពវឹកវរនៅក្នុងកម្មវិធីទៅវិញ។ ឃើញបុរសនោះហើយកូនក្រមុំនិយាយតិចៗម្នាក់ឯង។
“គេជាអ្នកណាទើបបានជាខ្ញុំមិនដែលឃើញ? បានហើយកុំទាន់គិតរឿងគេ គិតរឿងបងវីដវិញ។ តើគាត់កំពុងធ្វើអ្វីម៉េចបានគេមិនចេញមក?”
នាងចាប់ផ្ដើមស្លន់ស្លោ ព្រួយបារម្ភពីកូនកំលោះហើយ។
«ទេ…» សំឡេងមនុស្សស្រីស្រែកមកពីខាងក្រោយផ្ទះបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង។
អ្នកដែលនៅក្នុងកម្មវិធីផ្អើលនាំគ្នាទៅរកប្រភពសំឡេង។ ពេលទៅដល់ធ្វើឱ្យពួកគេស្លុតចិត្តមិនគួរឱ្យជឿ។ គេឃើញសាកសពកូនកំលោះចងកនៅក្នុងបន្ទប់ទឹក។ សាច់ញាតិ និងកូនក្រមុំបានទ្រហោយំសោកស្ដាយ និងមិនយល់ពីការស្លាប់របស់កូនកំលោះ។ គួរឱ្យអាណិតនាងណាស់ត្រូវមកមេម៉ាយទាំងវ័យក្មេង។
ថ្ងៃសប្បាយរីករាយប្រែក្លាយទៅជាថ្ងៃដែលគ្រប់គ្នាកើតទុក្ខទៅវិញ។ ពិធីបុណ្យប្រាំពីរថ្ងៃរបស់វីដបានប្រារព្ធធ្វើឡើងនៅផ្ទះខាងប្រពន្ធ។ អ្នកភូមិនាំគ្នាមកចូលរួមនិងជួយគ្នាម្នាក់មួយដៃមួយជើង។ ចំណែកឯនាងតូចត្រូវមកអង្គុយមុខរូបថតសពប្ដីយំស្រណោះអាឡោះអាល័យមិនព្រមក្រោកចេញទៅណា។
ជនអាវខ្មៅកាលពីថ្ងៃមុនស្លៀកពាក់សម្លៀកបំពាក់ដដែលចូលមកអុជធូបរួចក៏ត្រឡប់ចេញទៅវិញ។ ពេលឃើញជនអាវខ្មៅនាងតូចខំតាមសម្លឹងគេពីចុងជើងរហូតដល់ចុងសក់ក៏ប្រទះមុខជាមួយគេតែគេគេចមុខហើយក៏ដើរចេញទៅបាត់។ នាងចាប់ផ្ដើមសង្ស័យនាយម្នាក់នេះហើយ។
រូបភាពមេទ័ពម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមេទ័ពធំកាន់ដាវពីរសងខាងភ្ជង់មនុស្សស្រីម្នាក់រួចស្រែកឮៗថា “អ្នកណាដែលចង់រៀបការជាមួយនាងនឹងត្រូវស្លាប់ទាំងអស់”
«ទេ…»
ដួងចន្ទស្រែករហូតដល់ភ្ញាក់ដឹងខ្លួនវិញ។ តាមពិតវាគ្រាន់តែជាការយល់សប្ដិទេ ប៉ុន្តែហេតុអ្វីបានជាមនុស្សស្រីម្នាក់នេះមានមុខមាត់ដូចនាងខ្លាំងម៉្លេះ? ដោយភ័យតក់ស្លុតខ្លាំងពេកនាងក៏ងើបអង្គុយនិយាយម្នាក់ឯងនៅក្នុងបន្ទប់គេងដែលងងឹតឈឹង៖
“ហេតុអ្វីបានជានាងមុខដូចខ្ញុំម៉្លេះ? ហើយម្នាក់ប្រុសកាន់ដាវនោះជាអ្នកណាម្ដេចក៏គេមានមុខដូចបុរសអាវខ្មៅនៅក្នុងពិធីបុណ្យសពប្ដីខ្ញុំម៉្លេះ? មានអ្វីពាក់ព័ន្ធជាមួយខ្ញុំ? ខ្ញុំមានអារម្មណ៍ថាសុបិននេះដូចជាការពិតខ្លាំងណាស់។ តើគេចង់បានអ្វីឱ្យពិតប្រាកដ? ”
នាងតូចយកទូរសព្ទមើលម៉ោងទើបតែម៉ោង៣យប់ទេ។ នាងក៏ក្រោកចេញពីគ្រែដើរសំដៅទៅបើកភ្លើងនិងចូលទៅផ្ទះបាយរកទឹកត្រជាក់ៗផឹកដើម្បីបន្ធូរអារម្មណ៍តានតឹងមុននេះ រួចព្យាយាមដកដង្ហើមវែងៗសំងំគេងទៅវិញ។
…………………
-នួនស្អែកនេះបងត្រូវចេញទៅធ្វើសង្រ្គាមហើយ អូនត្រូវមើលថែខ្លួនឱ្យបានល្អដឹងទេ?(ពេជ្រសម្លឹងមើលមុខគូស្នេហ៍ទាំងអាល័យ)
-ចាស! អូនដឹងហើយ បងក៏ដូចគ្នាបងត្រូវមើលថែខ្លួនឱ្យល្អកុំបារម្ភពីអូនៗនៅទីនេះមានសុវត្ថិភាពល្អទេ ប៉ុន្តែបងត្រូវចេញទៅច្បាំងអូនបារម្ភណាស់ (ស្រស់ស្រីនិយាយអួលៗចង់ស្រក់ទឹកភ្នែក)
-កុំបារម្ភពីបងអី បងសន្យាថាបងនឹងយកជ័យជំនះឱ្យបាន និងត្រឡប់មករៀបការជាមួយអូន (មាណពលូកដៃត្រកងបីគូស្នេហ៍យឺតៗមកផ្អឹបជាប់នឹងដើមទ្រូងដ៏សែនកក់ក្ដៅ)
…………………
ដួងចន្ទភ្ញាក់ដឹងខ្លួនពីការយល់សប្ដិម្ដងទៀត។ យល់សប្ដិ? ហេតុអ្វីបានជាយល់សប្ដិនេះមានដួងចន្ទដែរហើយហេតុអ្វីបានជានាយម្នាក់នោះហៅដួងចន្ទថានួនទៅវិញ? ឬមួយក៏វាជារឿងតាំងពីអតីតជាតិរបស់ពួកគេទាំងពីរ?
ខ្យល់បក់រវិចៗផាយផាត់រុក្ខជាតិឱ្យរេរាំងតាមកម្លាំងខ្យល់។ ព្រះអាទិត្យបញ្ចេញរស្មីពណ៌ក្រហមឆ្អៅនៅព្រឹកព្រលឹមនេះ។
«ដួងចន្ទម្ដេចក៏ភ្នែកឯងក្រហមខ្លាំងម្ល៉េះ? ហើយមុខស្លក់ៗដូចមិនបានដេកយប់មិញ»
ឧត្ដមដែលជាមិត្តរួមការងាររបស់នាងដើរមកជិតតុធ្វើការរបស់នាង។
«គ្មានរឿងអីទេ គ្រាន់តែយប់មិញធ្វើការជ្រុលទើបដេកមិនបានគ្រប់គ្រាន់» ដួងចន្ទឆ្លើយខ្សោះៗដូចគ្មានកម្លាំងក្នុងខ្លួន។
«គ្នាគិតថាឯងគួរតែដាក់ច្បាប់ទៅសម្រាកនៅផ្ទះយកកម្លាំងទៅប្រសើរជាង កុំឱ្យឈឺទាន់»
ឧត្ដមបង្ហាញទឹកមុខបារម្ភពីមិត្ត។
«ខ្ញុំមិនអីទេ កុំបារម្ភអី» នាងញញិមគ្មានជាតិតបមកវិញរួចចុចបើកកំព្យូទ័រលើតុ។
«ឯងនេះរឹងខ្លាំងណាស់… និយាយអ៊ីចឹងថ្ងៃអាទិត្យឯងទំនេរទេ?»
ឧត្ដមសម្លឹងមើលមុខមាត់ស្លេកស្លក់របស់នាង។
«ទំនេរទេតើ! ហើយឯងមានការអី?» នាងងាកមកមើលមុខឧត្ដមវិញ។
«បើទំនេរទៅកំដរខ្ញុំអង្គុយផឹកកាហ្វេនិយាយគ្នាលេង ប៉ុន្មានថ្ងៃនេះធ្វើការខ្លាំងពេករកពេលសម្រាកគ្មាន ឥឡូវចង់រកអ្នកកំដរបន្ធូរអារម្មណ៍» អ្នកកំលោះញាក់ភ្នែកដាក់ដៃគូសន្ទនា។
«អូខេ តែឯងជាអ្នកចេញលុយ»នាងតូចញញិមចេញធ្មេញសក្បុសយ៉ាងស្រស់ស្អាត។
«អូខេ យល់ព្រម» និយាយចប់គេក៏ត្រឡប់ទៅតុធ្វើការរបស់ខ្លួនវិញ រីឯដូងចន្ទក៏ចាប់ផ្ដើមការងាររបស់នាង។
នៅក្នុងបន្ទប់បួនជ្រុងបិទជិតដោយជញ្ជាំងសក្បុសមួយ ឃើញមានក្មេងប្រុសម្នាក់កំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់។ បុរសក្នុងបន្ទប់នេះយើងធ្លាប់ស្គាល់រួចមកហើយគេគឺឧត្ដមដែលជាមិត្តរួមការងាររបស់ដួងចន្ទ។
…………………
មេទ័ពម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមេទ័ពធំកាន់ដាវពីរសងខាងឈរទល់មុខជាមួយនឹងមេទ័ពរងម្នាក់រួចនិយាយ៖
-ខ្ញុំនឹងបូជាខ្លួនឯងដើម្បីជាតិ និងបងប្អូនទាំងអស់គ្នា (និយាយចប់នាយយកដាវទាំងពីរចាក់ទម្លុះពោះខ្លួនឯង)
-លោកម្ចាស់កុំអី… (លោកមេទ័ពរងឈ្មោះរាជស្រែកឃាត់ក៏ប៉ុន្តែលោកមេទ័ពពេជ្របានសម្រេចចិត្តរួចទៅហើយ)
ឧត្តមភ្ញាក់មកបែកញើសជោកថ្ងាសភ័យខ្លាំងណាស់ស្មានតែជារឿងពិតក៏ប៉ុន្តែវាគ្រាន់តែជាការយល់សប្តិរបស់គេទេ។ គេចាប់ផ្ដើមឆ្ងល់ ចង់ដឹងហើយ។ គេបានបើកភ្នែកមើលជុំវិញខ្លួនមិនមានឃើញអ្វីប្លែក ឃើញតែរបស់របរដែលនៅក្នុងបន្ទប់របស់គេដូចធម្មតាគេក៏ឧទានឡើង៖
“ហេតុអ្វីបានជាមេទ័ពរងឈ្មោះរាជមុខដូចខ្ញុំម៉្លេះ ហើយអ្វីដែលរឹតតែចម្លែកនោះគឺលោកមេទ័ពឈ្មោះពេជ្រមុខដូចវេហាបេះដាក់។ ឬមួយជាតិមុនពួកយើង… ទេមិនអាចទេប្រហែលជាខ្ញុំមើលរឿងច្រើនពេកហើយទើបបានយល់សប្ដិឃើញបែបនេះ។ បានហើយកុំគិតច្រើនពេកស្អែកមានណាត់ជាមួយមិត្តភក្ដិផង គេងយកម្លាំងវិញល្អជាង”
ព្រះទិនករបង្ហោះខ្លួនខ្ពស់ត្រដែតនៅលើវេហាដែលមានពពកសក្បុសចែងចាំងរស្មីមកលើផែនពសុធា។ ខ្យល់បក់តិចៗលាយឡំជាមួយផ្ទៃមេឃស្រឡះពិតជាអំណោយផលសម្រាប់ថ្ងៃអាទិត្យនេះណាស់។ ក្រឡេកមកមើលហាងកាហ្វេនេះវិញមានភ្ញៀវច្រើនណាស់ប៉ុន្តែមិនសូវមានសំឡេងអ៊ូអរទេ។ អ្នកចូលមកភាគច្រើនអានសៀវភៅជាក្រុមស្ងាត់កុំឱ្យរំខានដល់អ្នកនៅជិតខ្លួន។ បើមើលទៅតុមួយនោះមានមនុស្សបីនាក់ដែលយើងស្គាល់រួចមកហើយ ពួកគេកំពុងជជែកគ្នាតិចៗមិនឱ្យរំខានដល់អ្នកអានទេ។
ដួងចន្ទចូលមកដល់ក្នុងហាងកាហ្វេឃើញឧត្ដមកំពុងអង្គុយជាមួយនឹងមនុស្សប្រុសម្នាក់ទៀត ។ តាមទឹកមុខរបស់នាងដូចជាមានអារម្មណ៍ចម្លែកៗជាមួយម្នាក់នឹងយ៉ាងម៉េចទេ។ នាងចូលទៅអង្គុយឧត្តមចាប់ផ្ដើមណែនាំពួកគេឱ្យស្គាល់គ្នារួចទើបឧត្ដមបន្តកិច្ចសន្ទនារបស់គេទៀត។
«សួស្ដីដួងចន្ទនេះគឺវេហា»
«វេហានេះគឺដួងចន្ទ» ឧត្តមណែនាំពួកគេឱ្យស្គាល់គ្នា។
«ចាស! សួស្ដីវេហា» ដួងធ្វើការគួរសមជាមួយវេហា។
«ខ្ញុំវេហា» គេតបមកដួងចន្ទវិញ។
មើលសំដីគេចុះគ្មានចេះទន់ភ្លន់ចំពោះមនុស្សស្រីអីបន្តិចសោះ។ នាងតូចខំទន់ភ្លន់ជាមួយហើយតែគេបែរជានិយាយកំបុតៗគ្មានជាតិអីបន្តិចសោះ។ ឧត្ដមនិងវេហាជជែកគ្នាពីនេះពីនោះរីឯស្រីស្រស់វិញបានត្រឹមអង្គុយស្ដាប់ព្រោះនាងមិនសូវចេះនិយាយស្រាប់ហើយ។
“ខ្ញុំដូចប្រហែលៗមុខនាយម្នាក់នឹង តែរកនឹកអត់ឃើញ”
នាងតូចគិតក្នុងចិត្តនិងខំសម្លឹងមុខរបស់នាយវេហា។
ជជែកគ្នាចុះឡើងៗស្រាប់តែឧត្តមនឹកឃើញនិយាយរឿងកាលយប់មិញគេយល់សប្ដិឃើញវេហាដែលជាមេទ័ពក្នុងសម័យបុរាណជាមួយគេ។ គេនិយាយបណ្ដើរធ្វើកាយវិការបណ្ដើរ បើវេហាវិញសើចញិមៗតែលួចចោលកន្ទុយភ្នែកមករកដួងចន្ទជាញឹកញាប់។ ស្ដាប់រួចហើយទើបស្រស់ស្រីដឹងថានាងក៏ធ្លាប់ឃើញវេហានៅក្នុងសុបិនរបស់នាងដែរ។ ពិតជារឿងមិនគួរឱ្យជឿមែន ហេតុអ្វីបានជាក្នុងយល់សប្តិរបស់នាងនិងឧត្តមឃើញវេហាជាមេទ័ពពាក់់ឯកសណ្ឋានមេទ័ពកាន់ដាវដូចគ្នាម៉្លេះ។ វាពិតជាធ្វើឱ្យនាងចម្លែកចិត្តចង់ដឹងខ្លាំងណាស់ តើវាមានរឿងអ្វីឱ្យប្រាកដទៅ??? តែតាមមើលទឹកមុខនាយវេហាដូចជាអត់មានភ្ញាក់ផ្អើលអីបន្តិចសោះ។ គេធ្វើដូចជាបានដឹងរឿងនេះមុនអ៊ីចឹង។ យី ម្នាក់នេះចម្លែកខ្លាំងណាស់។
«តើនាងកំពុងភ្លឹកគិតពីរឿងអ្វី?» វេហាសើចលាក់កំណួច។
«អ!… ខ្ញុំមិនបានគិតពីអីទេ» នាងតូចភ្ញាក់ព្រើតពេលឮគេសួរបែបនេះ និងខំសម្រួលអារម្មណ៍ឆ្លើយមួយៗទៅគេវិញ។
«ខ្ញុំដឹងថានាងប្រាកដជាភ្ញាក់ផ្អើលខ្លាំងហើយ ពេលឃើញខ្ញុំនៅទីនេះ និងបានស្ដាប់រឿងរ៉ាវដែលឧត្តមនិយាយមុននេះ ក៏ប៉ុន្តែមិនយូរទេនាងនឹងដឹងរឹតតែច្បាស់» នាយវេហាគិតក្នុងចិត្តម្នាក់ឯង។
«ខ្ញុំសុំសួរលោកមួយ តើពួកយើងធ្លាប់ជួបគ្នាពីមុនទេ?» នាងសួរនេះព្រោះចឹងដឹងថាតើគេធ្លាប់យល់សប្ដិដូចនាងជាមួយនិងឧត្តមឬអត់។
«ដល់ពេលនាងនឹងដឹង» គេនិយាយព្រមទាំងសម្លឹងមុខគូរសន្ទនាមិនដាក់ភ្នែក។
មើលទៅភ្នែកគេពេលនេះមិនខុសអីពីភ្នែកបុរសដែលយកដាវភ្ជង់ដួងចន្ទក្នុងយល់សប្តិទេ។ ភ្នែកដែលកាចសាហាវឃោរឃៅប្រៀបដូចជាចង់បានជីវិតនាងទាំងរស់អ៊ីចឹង។ តើពាក្យដែលគេនិយាយជាមួយដួងចន្ទចង់មានន័យដូចម្ដេច?
«ដួងចន្ទធ្លាប់ជួបវេហាពីមុនមែនទេ?» ឧត្តមក៏សួរសំណួរបែបនេះមក។
«ប្រហែលជាច្រឡំមនុស្សហើយ»
នាងឆ្លើយនេះព្រោះមិនចង់ឱ្យរឿងរ៉ាវកាន់តែវែងឆ្ងាយនិងស្មុគស្មាញជាងនេះ។ បើនាងប្រាប់ថាធ្លាប់យល់សប្ដិឃើញវេហាដូចឧត្ដមដែរ ខ្លាចពួកគេសួរដេញដោលនាងពីរឿងរ៉ាវនេះ។
«មិនមែនច្រឡំទេ គឺនាងធ្លាប់ជួបខ្ញុំពីមុនមកប៉ុន្ដែជួបក្នុងអតីតជាតិរបស់ពួកយើង ហើយការជួបមួយនោះខ្ញុំមិនអាចបំភ្លេចបានជាដាច់ខាត។ នាងត្រូវតែសងខ្ញុំវិញទាំងអស់» វេហាគិតក្នុងចិត្តរួចសើចចុងមាត់បន្តិច។
គេចេះតែសម្លឹងមើលមុខស្រស់ស្រីដោយក្រសែភ្នែកមិនល្អសោះ ដូចជាមានគំនុំជាមួយនាងតាំងពីជាតិណាមកក៏មិនដឹង។ ចង់ដឹងខ្លាំងណាស់ថាជាតិមុនពួកគេមានអ្វីជាប់ជំពាក់គ្នាទើបបានជាជាតិនេះមើលទៅវេហាដូចជាស្អប់ដួងចន្ទខ្លាំងយ៉ាងនេះ។
ថ្ងៃ១៥កើត…
បន្ទាប់ពីដឹងរឿងកាលពីថ្ងៃមុនមកអារម្មណ៍ដួងចន្ទនៅមិនសុខសោះ នាងចេះតែរសាប់រសល់ចង់ដឹងរឿងរ៉ាវទាំងនោះឱ្យកាន់តែច្បាស់។ យប់នេះនាងសម្រេចហើយថានឹងនិយាយរឿងនេះជាមួយឧត្តមឱ្យអស់ចម្ងល់ម្ដង។ ម៉ោង៦យប់នាងបានយកទូរសព្ទដៃតេទៅឧត្តមនិយាយពីរឿងទាំងអស់នេះ។
«អាឡូ! ឧត្តមខ្ញុំមានរឿងចង់និយាយជាមួយលោក»
«ដួងចន្ទមានរឿងអ្វីចង់និយាយ?» សំឡេងចេញពីម្ខាងទៀត។
«លោកចាំបានរឿងយល់សប្ដិដែលលោកនិយាយនៅហាងកាហ្វេថ្ងៃមុនទេ?»
«ដួងចន្ទចង់និយាយពីរឿងវេហាជាមេទ័ពនោះមែនទេ?»
«រឿងនឹងហើយ»
«រឿងនឹងយ៉ាងម៉េច?»
«គឺខ្ញុំក៏ធ្លាប់យល់សប្ដិឃើញបែបនេះដែរ»
«ដួងចន្ទក៏ធ្លាប់យល់សប្ដិឃើញបែបនេះដែរ? អ៊ីចឹងប្រាកដជាមានរឿងអាថ៍កំបាំងនៅពីក្រោយយល់សប្ដិនេះហើយព្រោះវេហាតេមកប្រាប់ខ្ញុំមុននេះថាគេក៏យល់សប្ដិឃើញបែបនេះដែរ។ ឥឡូវគេហៅខ្ញុំទៅផ្ទះរបស់គេដើម្បីនិយាយរឿងនេះ។ ដួងចន្ទចង់ទៅទេ? បើទៅចាំខ្ញុំចូលយក»
«ល្អណាស់! លោកជួយមកយកខ្ញុំផង»
ដាក់ទូរសព្ទចុះនាងងើបចេញពីគ្រែដូរសម្លៀកបំពាក់រៀបចំខ្លួនដើម្បីទៅដឹងការពិតពីរឿងដែលនាងតែងតែឆ្ងល់រកចម្លើយមិនឃើញ។ រៀបចំខ្លួនរួចរាល់ឧត្តមក៏មកដល់។ ពួកគេចេញដំណើរទៅផ្ទះវេហាទាំងយប់ព្រោះម្នាក់ៗដូចជាតក់ក្រហល់ចង់ដឹងខ្លាំងណាស់។
ពួកគេទាំងពីរបានមកដល់មុខផ្ទះនាយវេហាប៉ុន្តែមើលពីខាងក្រៅទៅស្ងប់ស្ងាត់ល្អណាស់មិនបើកភ្លើងឃើញមានតែទានអុជជាជួរតាមផ្លូវដើរ។ តើគេចង់ធ្វើអ្វីទៅ? អ្នកទាំងពីរបន្តដើរចូលទៅក្នុងតាមទៀនដែលបានអុជ។ ដួងចន្ទមានអារម្មណ៍មិនស្រួលក៏ឱបដៃឧត្តមជាប់មិនព្រមលែង។ នៅតាមផ្លូវចូលងងឹតសឹងតែមើលអ្វីមិនចង់ឃើញ។ ពួកគេដើររហូតទាល់តែឃើញរូបភាពមួយដ៏ចម្លែកដែលមិនគួរឱ្យជឿ។ នាងនិងឧត្តមបើកភ្នែកធំៗគាំងនៅស្ងៀមភ្ញាក់ផ្អើលពេលឃើញនាយវេហាស្លៀកពាក់និងកាន់ដាវដូចមនុស្សនៅក្នុងយល់សប្ដិរបស់ពួកគេ។
«ពួកឯងមកដល់ហើយមែនទេ?» វេហានិយាយ និងភ្នែកសម្លឹងមើលផ្លែដាវនៅនឹងដៃ។
«វេហានេះឯង?» ឧត្ដមភ្ញាក់ផ្អើលជាខ្លាំង។
«ត្រូវហើយយើងគឺជាមេទ័ពពេជ្រដែលពួកឯងបានឃើញក្នុងយល់សប្ដិ» ភ្នែករបស់គេប្រែជាក្រហមថ្លា។
«អ៊ីចឹងយើងគឺជាមេទ័ពរាជហើយ ចុះដួងចន្ទមានអ្វីពាក់ព័ន្ធដែរទើបបានជានាងត្រូវមកទីនេះដែរ» ឧត្ដមទន្ទឹងរង់ចាំចម្លើយ។
បន្ទាប់ពីស្ដាប់ពួកគេសន្ទនាអស់មួយសន្ទុះដួងចន្ទក៏ចាប់ផ្ដើមនឹកឃើញរឿងពីអតីតកាលបន្ដិចម្ដងៗ។
«នាងគឺជាមនុស្សតែម្នាក់គត់ដែលត្រូវសងគំនុំឈាមមួយនេះ?»
«ខ្ញុំ? តើខ្ញុំបានធ្វើអ្វីលោកទៅ?» ដួងចន្ទដែលនៅស្ងៀមយូរហើយក៏បញ្ចេញសំឡេង។
«នាងមើលសំបុត្រនេះទៅ»
នាយបានបោះសំបុត្រមួយមកខាងមុខដួងចន្ទ។ នាងចូលទៅរើសសំបុត្រយកមកអាន។
ជូនចំពោះបងពេជ្រ…
បងទៅធ្វើសង្រ្គាមយូរខែឆ្នាំហើយមិនដឹងថ្ងៃណាបានត្រឡប់មកវិញទេ។ ហើយក៏មិនប្រាកដថាបានជួបមុខអូនឬអត់ដែរ? ដូច្នេះអូនក៏មិនចង់រង់ចាំបងទៀតដែរ។ ពេលនេះអូនបានជួបមនុស្សដែលស្រឡាញ់អូនហើយបងគួរតែកាត់ចិត្តទៅ។ ហើយពួកយើងនឹងការជាមួយគ្នាឆាប់ៗនេះ។ សុំទោសផង។
ពីអូននួន…
«តែសំបុត្រនេះខ្ញុំមិនបានសរសេរទេ» អានចប់នាងប្រកែកភ្លាម។
«បើនាងមិនបានសរសេរតើអ្នកណាជាអ្នកសរសេរ?» វេហាស្រែកឮៗ។
«ខ្ញុំក៏មិនដឹងដែរ» នាងសម្លឹងមើលចំកែវភ្នែកដែលក្រហមដូចភ្លើងរបស់វេហា។
«មិនដឹង? នាងនិយាយបែបនេះព្រោះមិនចង់សងគំនុំនេះមែនទេ?» គេនៅតែទទូចឱ្យនាងទទួលកំហុស។
«បើលោកមិនជឿខ្ញុំក៏មិនដឹងបកស្រាយយ៉ាងណាដែរ»
«បកស្រាយស្អីទៀត ហាសហាៗ… ថ្ងៃនេះជាថ្ងៃ១៥កើតយើងនឹងដឹងសខ្មៅ»
នាយវេហាសើចខ្លាំងៗស្ទើរតែបែកក្រដាសត្រចៀករួចគេចាប់ផ្ដើមរាំដូចអ្វីដែលនាងតូចធ្លាប់ឃើញក្នុងយល់សប្ដិ។ រាំចប់ស្រាប់តែទៀនទាំងអស់រលត់គ្មានសល់មួយ អ្វីគ្រប់យ៉ាងប្រែជាងងឹតមើលអ្វីក៏លែងឃើញៗតែពណ៌ខ្មៅគ្របដណ្ដប់ជុំវិញខ្លួន ឮសូរខ្យល់បក់បោកដូចជាព្យុះកំបុតត្បូង។ មួយសន្ទុះក្រោយមកអ្វីគ្រប់យ៉ាងប្រែមកជាធម្មតាវិញ។
«ទីនេះជាកន្លែងណានឹងវេហា?» ឧត្តមសួរ។
«ទីនេះគឺជាអតីតកាលរបស់ពួកយើងកាលពីឆ្នាំ១៤០០» វេហាក្នុងសម្លៀកបំពាក់ជាមេទ័ពឆ្លើយ។
«អតីតកាល ឆ្នាំ១៤០០» ដួងចន្ទនិងឧត្តមលាន់មាត់។
«ហេតុអ្វីក៏ឯងនាំពួកយើងមកទីនេះ?» ឧត្តមនៅមិនទាន់យល់សាច់រឿងក៏សួរបន្ថែម។
«បិទភ្នែកទៅពួកឯងនឹងដឹងហើយ» វេហាបញ្ជា។
អ្នកទាំងពីរបិទភ្នែកតាមអ្វីដែលនាយវេហាប្រាប់។ ពេលបើកភ្នែកមកវិញពួកគេបានចូលមកដល់ឆ្នាំ១៤០០។ ពួកគេទាំងបីនាក់ឈរមើលហេតុការនេះជាមួយគ្នា។
ក្រោមដើមឈើធំមួយនៅខាងមុខផ្ទះខ្ទមមួយឃើញមានគូស្នេហ៍មួយគូកំពុងតែអង្គុយឆ្លើយឆ្លងគ្នាទាំងអាល័យ។
-នួនស្អែកនេះបងត្រូវចេញទៅធ្វើសង្រ្គាមហើយ អូនត្រូវមើលថែខ្លួនឱ្យបានល្អដឹងទេ? (ពេជ្រសម្លឹងមើលមុខគូស្នេហ៍ទាំងអាល័យ)
-ចាស! អូនដឹងហើយ បងក៏ដូចគ្នាបងត្រូវមើលថែខ្លួនឱ្យល្អកុំបារម្ភពីអូនៗនៅទីនេះមានសុវត្ថិភាពល្អទេ ប៉ុន្តែបងត្រូវចេញទៅច្បាំងអូនបារម្ភណាស់ ស្រស់ស្រីនិយាយអួលៗចង់ស្រក់ទឹកភ្នែក)
-កុំបារម្ភពីបងអី បងសន្យាថាបងនឹងយកជ័យជំនះឱ្យបាន និងត្រឡប់មករៀបការជាមួយអូន (មាណពលូកដៃត្រកងបីគូស្នេហ៍យឺតៗមកផ្អឹបជាប់នឹងដើមទ្រូងដ៏សែនកក់ក្ដៅ)
ខ្យល់បក់បោករូបភាពទាំងនោះចេញនាំមកជំនួសវិញដោយរូបភាពថ្មីមួយទៀត។
ម្ដាយពេជ្រ និងនារីរូបស្រស់ម្នាក់បានចូលមករករឿងនួនដល់ក្នុងផ្ទះ។
-នែ! នាងនួន យើងចង់ប្រាប់នាងថាកុំមកចង់តោងទាមកូនប្រុសរបស់យើងឱ្យសោះ នាងមានមើលខ្លួនឯងទេ? ក្រក៏ក្រ ម៉ែឪក៏គ្មាន នាងគិតថានាងសក្ដិសមជាមួយកូនយើងទេ? (ម្ដាយពេជ្រនិយាយមើលងាយមើលថោកដល់នួន)
-ប៉ុន្ដែអ៊ំស្រីខ្ញុំនិងបងពេជ្រស្រឡាញ់គ្នាចិត្តនិងចិត្ត ខ្ញុំមិនដែលគិតចង់តោងគាត់ទេ(នួនលើកដៃសំពះនិយាយអង្វរកម្ដាយពេជ្រ)
-មិនចង់តោង? បើមិនចង់តោងឯងឈប់មកស្រឡាញ់កូនប្រុសយើងទៀតព្រោះកូនយើងសក្ដិសមជាមួយនឹងកូនទេពណាស់ (ស្រ្ដីចំណាស់យកទៅផាត់សក់ដែលធ្លាក់មកចេញពីមុខក្មេងស្រីដែលឈរជិតគាត់រួចញញិមពេញចិត្តយ៉ាងខ្លាំង)
-ត្រូវណាស់អ្នកម៉ែ គ្រួសារយើងទាំងពីរសមគ្នាខ្លាំងណាស់ (ទេពដែលឈរជិតស្រ្ដីចំណាស់ឆ្លៀតថែមពីរបីម៉ាត់បន្ថែម)
-ប៉ុន្តែបងពេជ្របានសន្យាថាពេលគាត់ត្រឡប់មកវិញគាត់នឹងរៀបការជាមួយខ្ញុំ សូមអ៊ំស្រីសន្ដោសប្រណីដល់រូបខ្ញុំផង (នួននៅតែបន្តអង្វរកទោះបីដឹងថាវាគ្មានសង្ឃឹមក៏ដោយ)
-គ្មានផ្លូវទេកូនពេជ្រត្រូវតែរៀបការជាមួយកូនទេព បើនាងមិនចង់ឈឺចាប់ខ្លាំងជាងនេះទេនាងគួរតែកាត់ចិត្តទៅព្រោះយើងនឹងចូលស្ដីដណ្ដឹងកូនទេពទុកឱ្យកូនពេជ្រឆាប់ៗនេះ។
វេហាបន្ទាប់ពីបានឃើញរូបភាពទាំងនេះហើយនឹកអាណិតដល់នួនដែលត្រូវរងទុក្ខពេលដែលខ្លួនចេញទៅធ្វើសង្រ្គាម។ ទឹកភ្នែកគេហូរស្រក់តែត្រូវបានដៃដ៏ទន់របស់ដួងចន្ទជូតចេញដោយការយល់ចិត្ត។ ពួកគេនៅបន្តមើលទៀតដើម្បីចង់ដឹងថាហេតុអ្វីបានជាវេហាមានគំនុំជាមួយដួងចន្ទយ៉ាងនេះ។
នៅផ្ទះឈើប្រណិតដ៏ធំល្វឹងល្វើយមួយ មានវត្ថុមានតម្លៃជាច្រើនដាក់តាំងលម្អស្ទើរគ្រប់កន្លែងបានបញ្ជាក់ឱ្យដឹងថាជាផ្ទះអ្នកមានស្ដុកស្ដម្ភ។ នៅខាងក្នុងឃើញមានស្រ្ដីចំណាស់ម្នាក់និងនារីរូបស្រស់ម្នាក់កំពុងតែសន្ទនាគ្នា។
-ខ្ញុំគិតថាបងពេជ្រស្រឡាញ់នាងនេះខ្លាំងណាស់ម៉ែ ប្រសិនជាគាត់ត្រឡប់មកពីធ្វើសង្រ្គាមវិញគាត់រៀបការជាមួយនាង ខ្ញុំប្រាកដជាចប់មិនខានទេម៉ែ (ទេពនិយាយ និងបារម្ភយ៉ាងខ្លាំង)
-ម៉ែក៏ខ្លាចអ៊ីចឹងដែរ កូនពេជ្រមានៈរឹងរូសខ្លាំងណាស់បើគេចង់ធ្វើអ្វីហើយមិនអាចឃាត់បានទេ (ម្ដាយពេជ្រដកដង្ហើមធំ)
-តើយើងគិតធ្វើយ៉ាងម៉េចទៅម៉ែ? (ទេពសួរ)
-យើងជួយរកវិធីបំបែកពួកគេទៅ (អ្នកទាំងពីរមើលមុខគ្នារកនឹកវិធីបំបែកបំបាក់ពេជ្រនិងនួន)
-ម៉ែនឹកឃើញហើយ (គិតមួយសន្ទុះស្រ្ដីចំណាស់ក៏និយាយឡើង)
-វិធីអ្វីទៅម៉ែ? (នារីរូបស្រស់ប្រែទឹកមុខជាមានសង្ឃឹមឡើងវិញ)
-ពួកយើងបន្លំសរសេរសំបុត្រប៉ុន្តែដាក់ឈ្មោះនាងនួនដើម្បីឱ្យកូនពេជ្រយល់ច្រឡំទៅ (ម្ដាយពេជ្រញញិមដាក់ទេព)
-គំនិតល្អណាស់ម៉ែ (ពួកគេទាំងពីរសើចសប្បាយពេញចិត្តនឹងវិធីនេះខ្លាំងណាស់)
ជូនចំពោះបងពេជ្រ…
បងទៅធ្វើសង្រ្គាមយូរខែឆ្នាំមិនដឹងថ្ងៃណាបានត្រឡប់មកវិញទេ។ ហើយក៏មិនប្រាកដថាបានជួបមុខអូនឬអត់ដែរ? ដូច្នេះអូនក៏មិនចង់រងចាំបងទៀតដែរ។ ពេលនេះអូនបានជួបមនុស្សដែលស្រឡាញ់អូនហើយបងគួរតែកាត់ចិត្តទៅ។ ហើយពួកយើងនឹងការជាមួយគ្នាឆាប់ៗនេះ។ សុំទោសផង។
ពីអូននួន…
វេហាកាន់តែមានអារម្មណ៍ថាខ្លួនឯងធ្វើខុសធ្ងន់ណាស់ចំពោះដួងចន្ទ។ ព្រោះតែរឿងយល់ច្រឡំសោះគេតាមមកទាគំនុំដួងចន្ទមកដល់ជាតិនេះ។ ពួកគេនៅតែបន្តមើលព្រោះនៅមិនទាន់ដឹងច្បាស់។
យប់ជ្រៅស្ងាត់បាត់អស់សំឡេងឆ្លងឆ្លើយដែលធ្លាប់តែឮមុនពេលមានសង្រ្គាម ប៉ុន្តែពេលនេះប្រែជាស្ងាត់សូន្យឈឹង។ លោកមេទ័ពចេញមកក្រៅអង្គុយខាងក្រោមដើមឈើធំមួយដើមគិតពីសង្គ្រាមនៅចំពោះមុខផង និងនឹកគិតពីមនុស្សស្រីដែលខ្លួនស្រឡាញ់ផង។
-លោកមេទ័ពមានសំបុត្រ (កងទ័ពម្នាក់ប្រគល់សំបុត្រឱ្យហើយក៏ត្រឡប់ទៅវិញបាត់)
មាណពបើកសំបុត្រមើលឃើញជាសំបុត្រដែលម្ដាយខ្លួនផ្ញើមក។ ពេលឃើញខ្លឹមសារក្នុងសំបុត្រហើយភ្នែករបស់គេប្ដូរទៅជាពណ៌ក្រហមឆ្អៅដូចឈាម ដៃទាំងពីក្ដាប់សំបុត្រណែន មើលទៅលើមេឃ។
ជូនចំពោះកូនពេជ្រ…
ពេលនេះនួនបានរៀបការជាមួយអ្នកផ្សេងហើយ។ ម៉ែដឹងថាកូនពិបាកចិត្ត តែកូនគួរតែកាត់ចិត្តទៅធ្វើម៉េចបើមិនមែនជាគូ។ ម៉ែក៏ពិបាកចិត្តដែរ។ ម៉ែបានទៅលួចសួរនាងស្ងាត់ៗថាហេតុបានជានាងមិនចាំកូនត្រឡប់មកវិញ? ប៉ុន្ដែចម្លើយដែលនាងឆ្លើយមកវិញធ្វើឱ្យម៉ែស្ទើរតែក្អួតឈាមនៅនឹងកន្លែង។ កូនដឹងទេ នាងឆ្លើយថា ឱ្យនាងចាំកូនយ៉ាងម៉េចបើនាងមិនដឹងថាកូនមានជីវិតមកវិញឬអត់ផង។ ម៉ែឈឺចិត្តខ្លាំងណាស់កូនមាសម្ដាយ។ ជូនពរកូនច្បាំងបានជ័យជំនះនឹងត្រឡប់មកផ្ទះយើងវិញ។
ពីម្ដាយរបស់កូន…
អ្នកណាដែលចង់រៀបការជាមួយនាងត្រូវតែស្លាប់ទាំងអស់។
រឿងគ្រប់យ៉ាងបានបង្ហាញពួកគេយ៉ាងច្បាស់។ គេអ្វីដែលជាមន្ទិលសង្ស័យទៀតទេ។ តាមការពិតគឺជារឿងដែលម្ដាយពេជ្រប្រតិដ្ឋឡើងដើម្បីបំបែកបំបាក់ពេជ្រជាមួយនិងនួនសោះ។ គ្រប់យ៉ាងបានដឹងច្បាស់អស់ពួកគេក៏ត្រឡប់មកបច្ចុប្បន្នកាលវិញ។
គ.ស ២០០០…
ថ្ងៃសិរីសួស្ដីរបស់គូស្នេហ៍មួយគួក៏ចូលមកដល់។ មើលទៅកូនក្រមុំពិតសប្បាយរីករាយខ្លាំងណាស់។ ថ្ងៃនេះជាថ្ងៃមង្គលការបស់ដួងចន្ទជាមួយនឹងវេហា។ នោះគេហៅថាគូស្នេហ៍ឆ្លងជាតិ។ ជាតិមុនៗត្រូវគេបំបែកបំបាក់តែជាតិនេះពួកគេបានជួបគ្នាហើយ។
សំឡេងភ្លេងការចាប់ផ្ដើមបន្លឺឡើងលាន់ឮពេញស្រុក ភ្ញៀវកិត្តិយសនាំគ្នាចូលមកកាន់ជំនូនម្នាក់មួយៗឈរតាមគូដើម្បីហែលជំនូន។ អ្នកចូលរួមទាំងអស់សើចក្អាកក្អាយសប្បាយចិត្តដល់ហើយ មិនខុសពីកូនក្រមុំទេ។
ពិធីកាត់សក់ឈានចូលមកដល់ម្តេចមិនឃើញកូនកំលោះ?
គ្រប់គ្នាតាមរកសព្វទីកន្លែងតែមិនឃើញកូនកំលោះ ប៉ុន្តែបែរជាឃើញឈុតសម្លៀកបំពាក់ដែលកូនកំលោះស្លៀកពាក់មុនបាត់ខ្លួនទៅវិញ៕