រឿង៖ ផ្កាយព្រះគ្រោះ ភា៣(បញ្ចប់)

«ព្រះអង្គ ព្រះនាងទីបីយាងមកសុំចូលគាល់ក្រាបទូល!»
អាមាត្យម្នាក់ដើរមកប្រាប់ព្រះរាជាដែលកំពុងតែអង្គុយសោយស្រាទាំងដែលពេលនេះក៏កណ្ដាលអធ្រាត្រទៅហើយ។
«ឱ្យគេទៅវិញទៅ!» ព្រះមហាក្សត្រចូវជីយ៉ាងដែលទើបតែមានព្រះជន្ម៥៦ព្រះវស្សានោះមានព្រះសវនីយ៍តិចៗ ព្រោះទ្រង់កំពុងជាប់រវល់នឹងការសោយស្រារបស់ទ្រង់។
«ក្រាបទូល!» អាមាត្យម្នាក់នោះថយមកក្រោយវិញទាំងឈ្ងោកមុខ ហើយក៏ដើរចេញពីក្រឡារបន្ទំមកវិញដោយមិនភ្លេចបិទទ្វាររយឺតៗផង។
«ព្រះនាង ទូលបង្គំថាទ្រង់យាងទៅផ្ទុំវិញទៅក្រាបទូល»
លោកអាមាត្យនិយាយតិចៗទៅកាន់មនុស្សស្រីដែលមានសម្រស់ស្អាតដូចធីតាសួគ៍នៅចំពោះមុខ តែបន្ទាប់ពីឮសម្ដីរបស់លោកអាមាត្យហើយព្រះនាង ចូវ ម៉ីអ៊ី ដែលកំពុងតែឈរដោយទឹកមុខសោកសៅមុននេះ ក៏លុតជង្គង់ចុះភ្លាមៗនៅនឹងមុខក្រឡាបន្ទំរបស់ព្រះបិតាទ្រង់។
«ទៅទូលទ្រង់វិញជំនួសយើងផង ថាយើងនឹងមិនយាងទៅណាទាំងអស់បើព្រះបិតា ទ្រង់មិនព្រមឱ្យយើងចូលគាល់!»
ព្រះនាងតូចតបទៅវិញដោយសំឡេងរឹងមាំ បញ្ជាក់បានយ៉ាងច្បាស់ពីគោលជំហររបស់ព្រះនាង ដែលធ្វើឱ្យលោកអាមាត្យកំសត់គ្រវីក្បាលយឺតៗដើរទាំងបង្ខំចិត្តទៅបើកទ្វារក្រឡាបន្ទំដើម្បីជំរាបព្រះអង្គម្តងទៀត។
ចូវ ម៉ីអ៊ី ព្រះនាងមានសក់ខ្មៅរលោងវែងដល់ចង្កេះ ភ្នែកធំៗតែថ្លាមុតបញ្ជាក់ថាព្រះនាងជាមនុស្សមុតមាំមានគោលជំហរច្បាស់លាស់ ច្រមុះស្អាតមានខ្ទង់ បូករួមទាំងបបូរមាត់តូចស្អាតមានរាងទៀតនោះ វាបង្ហាញយ៉ាងច្បាស់ថាព្រះនាងគឺជានារីដែលមានរូបសម្បតិ្តល្អឥតខ្ចោះម្នាក់ណាស់ ព្រះនាងកំសត់កំពុងតែលុតជង្គង់សុំចូលគាល់ព្រះបិតាទាំងកណ្ដាលអធ្រាត្រតើព្រះនាងមានការអ្វីទៅ?
ប្រាវ
សំឡេងលាន់បែកកែវស្រាមកពីក្នុងក្រឡាបន្ទំមិនបានធ្វើឱ្យព្រះនាងទ្រង់ភ្ញាក់ស្មារតីឡើយ រហូតដល់ពេលដែលលោកអាមាត្យដើរចេញមកវិញព្រមទាំងយកដៃទៅខ្ទប់ក្បាលដែលហូរឈាមផងទើបព្រះនាងទ្រង់ក្រឡេកព្រះនេត្រមើលបន្តិចក៏បន្តលុតជង្គង់មុខនោះទៀតមិនទៅណា។
«ប្រសិនបើព្រះបិតាមិនអនុញ្ញាតឱ្យបុត្រចូលទៅក្នុងទេ បុត្រនឹងស្រែកផ្ដាំព្រះបិតាពីមុខក្រឡាបន្ទំនេះទៅ»
ទឹកភ្នែកមួយតំណក់ស្រក់មកលើថ្ពាល់ទន់រលោងរបស់ព្រះនាងស្អាត នាងហត់ចិត្ត ហើយក៏អស់កម្លាំងស្ទើរតែសន្លប់ទៅហើយ តែព្រះនាងមិនអាចសន្លប់បានទេនៅពេលនេះ បើព្រះនាងសន្លប់នោះជីវិតរបស់មនុស្សពីរនាក់ទៀតតើនឹងទៅជាយ៉ាងណា?
…………
លោកមេទ័ព ប៉វិន បាននាំសៀវស៊ីងមកដល់រូងថ្មមួយដែលមានមាត់រូងតូចល្មមចូលបានតែខ្លួនមនុស្សម្នាក់ គាត់ប្រញាប់រុញក្មេងតូចឱ្យចូលទៅក្នុងរូងថ្មដែលមានច្រកចូលតូចចង្អៀតដែលស្ថិតនៅជាប់នឹងជើងភ្នំ ហួណាន នោះ គាត់សម្លឹងមុខដែលមានកំពុងតែចង់យំរបស់គេបន្តិច ហើយអើតទៅខាងក្រោយខ្នងក៏ឃើញថាហ្វូងទាហានដែលដេញតាមគាត់មកគឺនៅមិនឆ្ងាយទៀតឡើយ គាត់ងាកមកវិញហើយអង្អែលក្បាលរបស់ សៀវស៊ីង ថ្នមៗ៖
«ចាំព្រឹកចាំ យើងនាំឯងទៅមើលព្រិលលើកំពូលភ្នំណា!»
លោកមេទ័ពប៉វិននិយាយទាំងមានទឹកមុខមាំមិនប្រែ ខុសប្លែកពីសៀវស៊ីងដែលពេលនេះកំពុងតែចាប់ផ្ដើមចង់យំខ្លាំងមែនទែនហើយ។
«លោកមេទ័ព តើពួកយើងធ្វើអ្វីខុសមែនទេ? ឬមួយគេដេញតាមចាប់ខ្ញុំយកទៅភូមិភាគខាងលិចវិញ? បើបែបនោះមែនលោកមេទ័ពប្រគល់ខ្ញុំឱ្យទៅគេទៅណា កុំឱ្យលោកមេទ័ពមានគ្រោះថ្នាក់អី»
សៀវស៊ីង និយាយរៀបរាប់ទាំងទឹកភ្នែកស្រក់មកដោយអត់មិនបាន ដៃរបស់គេស្រវាចាប់ដៃធំៗនោះជាប់មិនរបេះ។
«កុំយំ! ធ្វើជាមនុស្សប្រុសមិនត្រូវយំទេ!» ប៉វិនយកដៃទៅជូតទឹកភ្នែកឱ្យ សៀវស៊ីង ថ្នមៗ ក្នុងបេះដូងរបស់គាត់ស្ទើរតែប្រេះបែកទៅហើយពេលឃើញគេយំបែបនេះ។
«ប្រញាប់ចូលទៅក្នុងទៅហើយកុំចេញមកឱ្យសោះបើយើងមិនហៅ ឮទេ?»
«អត់ទេ លោកមេទ័ពទៅដែរទៅណា» សៀវស៊ីងគ្រវីក្បាលតតាត់ ដៃក៏មិនព្រមព្រលែងដៃរឹងមាំនោះដែរ ទឹកភ្នែកដែលប្រឹងទប់មុននេះក៏ហូរមកច្រោកៗជោកថ្ពាល់។
«ស្ដាប់យើង ឯងដើរទៅត្រង់រហូតតាមរូងភ្នំនេះទៅនឹងឃើញច្រកចេញហើយ ឆាប់ដើរពីពេលនេះទៅព្រឹកស្អែកនឹងអាចឃើញផ្លូវចេញ ត្រូវរក្សាត្រកូលរបស់យើងឱ្យបានល្អណា ឮដែរទេ? ឯងជាលី សៀវស៊ីង» លោកមេទ័ពស្រវាឱបក្មេងតូចនោះបន្តិចទើបងើបឈររួចដកដៃចេញឈប់គេតោងដៃគាត់តទៅទៀត។
«ចុះលោកមេទ័ពនោះ? ហេតុអ្វីក៏មិនមកជាមួយគ្នា?»
«យើងជាមេទ័ពនៃនគរចូវ ជាប្រជាជននៅភាគខាងកើតនេះគេមិនធ្វើអ្វីយើងទេ គោលបំណងរបស់គេគឺមកចាប់ឯងតែប៉ុណ្ណោះ ឆាប់ទៅ!!»
លោកមេទ័ពស្រែកបញ្ជាឱ្យគេខ្លាំងៗ រហូតសៀវស៊ីងខ្លាចត្រូវប្រញាប់ចូលទៅក្នុងនោះហើយដើរទៅត្រង់តាមបញ្ជារបស់គាត់ មែនហើយគេត្រូវតែនៅរស់ដើម្បីថែរក្សាវង្សត្រកូលនេះតទៅមុខទៀត ពួកនោះប្រហែលជាមកដើម្បីតែចាប់គេទេប្រសិនបើគេរត់បាត់នោះលោកមេទ័ពនឹងមិនអី ត្រូវហើយគេត្រូវតែរត់ឱ្យឆ្ងាយពីលោកមេទ័ព។
ប៉វិនសម្លឹងមើលទៅមាត់រូងនោះយ៉ាង កណ្តោចកណ្ដែង បេះដូងក៏ប្រេះបែកជាបំណែកដុំៗ ទឹកភ្នែកកូនប្រុសដើមទ្រូងប្រាំហត្ថស្រក់ចុះមកមួយតំណក់ធ្លាក់ទៅលើព្រិលសក្បុសនោះ តើតទៅមុខទៅនេះគាត់អាចចួបសៀវស៊ីងទៀតដែរទេ? តើគាត់អាចឱបសៀវស៊ីងទៀតទេ? តើគាត់អាចនៅមានឱកាសបានថើបបបូរមាត់ស្អាតនោះម្ដងទៀតទេ?
លោកមេទ័ព បែរមុខចេញពីមាត់រូងតូចនោះ គាត់ងាកមកសម្លឹងហ្វូងទាហានដែលធ្វើដំណើរកាន់តែជិតមកដល់គាត់មែនទែន ដៃក៏ក្ដោបដាវណែនត្រៀមជាស្រេចក្នុងការប្រយុទ្ធស៊ីសាច់ហុតឈាមដែរនឹងកើតឡើងដោយចៀសមិនផុតនៅក្នុងពេលខាងមុខនេះ ត្រឹមតែមួយចុងធូបប៉ុណ្ណោះ ស៊ីងឡាង ជាមួយនឹងទាហានប្រហែលជា១០០នាក់ក៏ជិះសេះមកដល់ត្រៀបត្រានៅនឹងមុខលោកមេទ័ពប៉វិនដែលកំពុងតែឈរនៅមុខមាត់រូងថ្មនោះតែម្នាក់ឯង។
«ឯណាកូនប្រុសរបស់ឯង?» ស៊ីងឡាង ស្រែកសួរទៅលោកមេទ័ពព្រមទាំងរេភ្នែកដូចចង់រកមើលសៀវស៊ីងផង។
«ឯងមានការអី?»លោកមេទ័ពប៉វិន មិនវែងឆ្ងាយ មិនបង្វៀងដាន គាត់សួរចំៗពីគោលបំណងរបស់អ្នកម្ខាងទៀតដែលខំប្រឹងជិះសេះមកតាំងពីព្រំដែនមកដល់ទីនេះ។
«យើងមកកាត់ក្បាលរបស់ឯងនឹងហើយ ហាហាហា ព្រះអង្គមានព្រះរាជបញ្ជាបិតប្រកាសពេញទាំងរាជធានីឯងមិនឃើញទេមែនទេ?»
ព្រះរាជប្រកាសអ្វីទៅ?តើជារាជប្រកាសដែលមានសរសេរថា ប្រសិនបើមេទ័ពលី ប៉វិនចេញពីរាជធានីហើយនោះ អ្នកណាក៏បានដែលនាំខ្លួនលោកមេទ័ពមកវិញបាននឹងទទួលបានរង្វាន់៥០០តម្លឹង ពិសេសដែរទេ? ត្រឹមតែការរៀបការមួយក៏ត្រូវចេញបទបញ្ជាបិតប្រកាសឃាត់ខ្លួនកូនកម្លោះបែបនេះ? អ្វីដែលពិសេសជាងនេះទៀតនោះគឺថា បើមិនអាចនាំមកទាំងរស់បានយកតែក្បាលទៅប្រគេនក៏បានរង្វាន់ដែរ។ ស៊ីងឡាងរៀបរាប់ទាំងសើចសប្បាយ តែទឹកមុខរបស់ប៉វិនពេលនេះមិនបានសប្បាយជាមួយទេ ដៃរបស់គាត់ក្ដាប់ដាវណែនរហូតដល់សាច់បាតដៃមុតជាមួយនឹងដងកាន់របស់ដាវស្រក់ឈាមមកតក់ៗ ឈាមក្រហមស្រស់ដែលមិនងាយនឹងស្រក់ចុះនោះស្រក់ទៅលើព្រិលពណ៌សក្បុសនៅលើដីហាក់ដូចជាប្រកាសប្រាប់ព្រះធរណីថាបន្តិចទៀតនេះនឹងមានការបង្ហូរឈាមកើតឡើងហើយ នេះឬទង្វើដែលថាស្រលាញ់ដូចបុត្របង្កើត? តាមប្រមាញ់គេធ្វើមើលតែអ្នកទោស? ចាត់ទុកជីវិតរបស់គេជាល្បែង? សប្បាយណាស់ឬការយកសុភមង្គលរបស់គេមកលេងសើចបែបនេះ?
«បើឯងមានសមត្ថភាព ឯងចូលមកយកក្បាលរបស់យើងចុះ»
……………………
«ព្រះបិតា…ព្រះបិតាទ្រង់ចាំបានកាលពី២០ឆ្នាំមុនទេព្រះពរ?» ព្រះនាងម៉ីអ៊ី ទ្រង់ស្រែកសួរទៅកាន់ព្រះបិតាដែលកំពុងនៅក្នុងក្រឡាបន្ទំទាំងដែលព្រះនាងលុតជង្គង់នៅនឹងមុខនេះនៅឡើយ បើព្រះអង្គមិនឱ្យនាងចូលគាល់ហើយ ព្រះនាងនឹងស្រែកផ្ដាំពីទីនេះដូចដែលព្រះនាងមានសវនីយ៍ពីដំបូងតែម្ដង។
«កាលពីជាង២០ឆ្នាំមុន នៅពេលនោះបុត្រមានព្រះជន្មត្រឹមតែ៤វស្សាប៉ុណ្ណោះ ប៉ុន្តែបុត្រនៅតែចងចាំរឿងទាំងអស់នោះច្បាស់ បុត្រក៏ជឿថាព្រះបិតាទ្រង់ចាំបានច្បាស់ដូចបុត្រដែរ…» ព្រះនាងទ្រង់បន្តពាក្យសម្ដីរបស់ទ្រង់ទៀតទាំងមិនដកភ្នែកពីមុខទ្វាររក្រឡាបន្ទំ៖
«នៅពេលដែលលោកមេទ័ព លី យក ប៉វិន មកផ្ញើរនឹងព្រះបិតា ទ្រង់សន្យាជាមួយគាត់ថាម៉េចខ្លះ? ក្រែងជាព្រអង្គមែនទេដែលសន្យាថានឹងមើលថែប៉វិនឱ្យដូចជាបុត្របង្កើត នឹងស្រលាញ់គេ ការពារគេឱ្យដូចលោកមេទ័ពលីដែលសុខចិត្តបូជាជីវិតក្នុងភ្លើងសង្រ្គាមនៅកាលពេលនោះ…ចុះពេលនេះ? ពេលនេះព្រះបិតាមិនត្រឹមតែមិនបានស្រលាញ់មើលថែគេទេ ព្រះបិតានៅតាមព្យាបាទ តាមសម្លាប់គេទៀត តើបេះដូងរបស់ព្រះបិតាធ្វើពីអ្វីទៅព្រះពរ?»
ទឹកភ្នែករបស់ព្រះនាងស្រក់មកតក់ៗនៅពេលដែលទ្រង់រៀបរាប់ពីពាក្យសន្យារបស់ព្រះអង្គ ដែលមនុស្សគេដឹងទូទាំងនគរ តែទ្រង់ដែលជាអ្នកសន្យាបែរជាធ្វើមិនដឹង ធ្វើមិនឮមិនអើពើអ្វីទាំងអស់។
«ព្រះបិតាទ្រង់នៅចាំបានទេក្រាបទូល ទ្រង់នៅចាំបានកាលនោះទូលបង្គំមានអាយុត្រឹមតែជាងបួនវស្សា ទូលបង្គំចង់លេងជាមួយប៉វិនណាស់ តែគេបែរជាមិនព្រមលេងជាមួយទូលបង្គំ កាលនោះបុត្រក៏មកទូលបិតាៗបានឱ្យជម្រើសទៅគេពីរគឺជម្រើសទីមួយនៅក្នុងវាំងដើម្បីលេងជាមួយបុត្រ ហើយនិងជម្រើសមួយទៀតគឺទៅហ្វឹកហាត់នៅបន្ទាយទាហាន កាលនោះលោកមេទ័ពមានអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះតែគាត់ក៏សុខចិត្តចាកចោលរាជវាំងសុខស្រួលទៅរស់នៅលំបាកលំបិននៅឯជុំរុំកងទ័ពព្រោះតែមិនចង់លេងជាមួយបុត្រ ចុះប្រសិនបើពេលនេះព្រះអង្គបញ្ជាថាបើគេមិនចូលមកក្នុងរាជធានីវិញដើម្បីរៀបអភិសេកព្រះអង្គនឹងកាត់ក្បាលរបស់គេយកមក តើមានអ្វីខុសប្លែកពីការដែលព្រះអង្គចង់សម្លាប់គេទៅ?»
ចូវ ម៉ីអ៊ី ស្រែកប្រាប់ទៅព្រះបិតានៅក្នុងក្រឡាបន្ទំខ្លាំងៗទាំងទឹកភ្នែកហូរមកមិនដាច់ តែមើលទៅព្រះអង្គនៅខាងក្នុងហាក់ដូចជាគ្មានប្រតិកម្មអ្វីតបសោះ។
«ព្រះអង្គ តាំងពីដើមមកទូលបង្គំមិនដែលមានសំណូមពរអ្វីឡើយ តែពេលនេះទូលបង្គំសូមឱ្យទ្រង់ដករាជបញ្ជានេះចេញទៅក្រាបទូល…រំសាយ…រំសាយពិធីរៀបអភិសេកនេះទៅ…ព្រះអង្គ!»
ព្រះនាងទ្រង់ថ្វាយបង្គំព្រះបិតា ព្រមទាំងយកក្បាលទៅបោកនឹងឥដ្ឋត្រង់នោះខ្លាំងៗ លាន់ឮសូរភូសៗមិនដាច់សូរ។
«សូមអង្វរព្រះបិតា ដកព្រះរាជបញ្ជាចេញទៅក្រាបទូល…ទូលបង្គំសុខចិត្ត…ហ្អឹក…សុខចិត្តនឹងរៀបការជាមួយ ហ្វូឈីង មិនជំទាស់ទៀតទេ…សូមអង្វរព្រះអង្គដកព្រះរាជបញ្ជានេះចេញទៅ…»
ព្រះនាងនៅតែបន្តបំបោកក្បាលនឹងឥដ្ឋនៅខាងមុខនោះរហូតដល់ថ្ងាសរបស់ទ្រង់មានឈាមហូរចេញមករឹមៗ ក៏ព្រះនាងនៅតែមិនបញ្ឈប់ការបំបោកព្រះកេសរបស់ទ្រង់ដើម្បីសូមអង្វរព្រះបិតាឡើយ។
ក្រាក…
ទ្វារក្រឡាបន្ទំបើកឡើងដោយដៃរបស់ព្រះអង្គម្ចាស់ ចូវ ជីយ៉ាង ស្ថិតនៅក្នុងសម្លៀកបំពាក់រាត្រី អាវពណ៌សជាមួយខោស ព្រះអង្គដាក់បង្គុយនៅលើកែងជើង ទ្រង់យកដៃទៅចាប់ចង្ការរបស់បុត្រីភ្ងើយមុខរបស់ព្រះនាងឡើងបន្តិចទើបមានព្រះសវនីយ៍៖
«មុននេះឯងនិយាយថាម៉េច?» ព្រះអង្គសួរទៅព្រះរាជបុត្រីដោយសំឡេងមាំ។
«បុត្រថា ប្រសិនបើព្រះអង្គទ្រង់ដកព្រះរាជបញ្ជាចេញហើយរំសាយពិធីរៀបអភិសេករវាងបុត្រនឹងលោកមេទ័ពប៉វិននោះ បុត្រសុខចិត្តព្រមតាមព្រះបិតា បុត្រព្រមរៀបអភិសេកជាមួយ វ៉ាង ហ្វូឈីង ក្រាបទូល»
ម៉ីអ៊ី សម្លឹងមុខបិតាចំៗវិញដូចគ្នា ព្រះនាងនិងលោកមេទ័ព ប៉វិននេះស្គាល់គ្នាតាំងតែពីតូច គេស្អប់មុខព្រះនាងប៉ុនណាហេតុអ្វីព្រះនាងមិនដឹងនោះ? តែទោះបីជាគេសម្ដែងចេញមកថាមិនចង់នៅជិត មិនចង់លេងជាមួយព្រះនាងក៏ដោយ ព្រះនាងក៏ដឹងថាបងប្រុសម្នាក់នេះស្រលាញ់និងការពារព្រះនាងហាក់ដូចជាប្អូនស្រី ទ្រង់នៅចាំបានថាកាលពីទ្រង់នៅតូច បុត្រាទី១ចូលចិត្តវាយធ្វើបាបទ្រង់ណាស់ព្រោះពួកគេសំអាងថាជាបុត្ររបស់ព្រះអគ្គមហេសី ចំណែកឯព្រះនាងត្រឹមជាបុត្ររបស់ស្នំឯកធម្មតាម្នាក់តែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលោកមេទ័ពប៉វិនមកដល់ គាត់ក៏តែងតែវាយពួករាជបុត្រាអស់នោះជំនួសទ្រង់នៅពេលត្រូវពួកគេចោមរោមគ្នាធ្វើបាបម្ដងៗ លោកមេទ័ព ប៉វិន មិនដែលនិយាយថាចង់ឱ្យព្រះនាងបានក្ដីសុខ ប៉ុន្តែនៅពេលព្រះអង្គសម្រេចចិត្តបញ្ជូនព្រះនាងឱ្យទៅរៀបអភិសេកជាមួយហ្វូឈីងនៅនគរខាងលិចនោះ មានតែលោកមេទ័ពម្នាក់ប៉ុណ្ណោះដែលចេញមុខបដិសេធមិនយល់ស្រប ជីវិតរបស់ព្រះនាងកំសត់នេះតាំងតែពីពេលដែលព្រះមាតាស្លាប់ទៅព្រះនាងមិនដែលមានអ្នកណាការពារឡើយគឺមានតែ ប៉វិន ម្នាក់នេះឯង ហេតុនេះតើព្រះនាងនឹងបណ្តោយឱ្យមនុស្សល្អតែម្នាក់របស់ទ្រង់មានគ្រោះថ្នាក់ដល់ជីវិតដែរឬ?
ព្រះអង្គទ្រង់ញញឹមបន្តិច បន្ទាប់ពីឮចម្លើយដ៏ពេញចិត្តចេញពីមាត់របស់បុត្រីហើយ ទ្រង់ងើបឈរនិងមានសវនីយ៍ថា៖
«បើទោះជាបិតាដករាជបញ្ជាពេលនេះក៏មិនទាន់ដែរព្រោះស៊ីងឡាងបានចេញដំណើរទៅយូរណាស់ហើយ!»
«ទាន់…គឺនៅទាន់ព្រះពរ»
«បុត្រក៏ដឹងថារាជបញ្ជាមិនមែនដាក់ភ្លាមដកភ្លាមបានទេ»
«បុត្រ…បុត្រនឹងទៅបញ្ឈប់ស៊ីងឡាងឥឡូវនេះ ព្រះបិតាប្រគល់ស្លាកបញ្ជាមកឱ្យបុត្រមកក្រាបទូល សូមអង្វរបុត្រស្លាប់មិនខានទេព្រះបិតា បុត្រស្លាប់មិនខានទេបើសិនលោកមេទ័ពប៉វិនត្រូវស្លាប់នោះ»
ព្រះនាងទ្រង់វាទៅចាប់អង្រួនជើងរបស់ព្រះបិតាទាំងយំឡើងមកផង ព្រះអង្គរលាស់ជើងចេញមួយទំហឹងធ្វើឱ្យព្រះរាជបុត្រីដួលទៅនឹងឥដ្ឋ៖
«ផ្លាកបញ្ជានៅឯរាជវាំងធំឯណោះ បើបុត្រចេញទៅឃាត់គេទាន់បិតាក៏មិនថាអីដែរ»
ថាហើយទ្រង់ក៏ដើរចូលទៅក្នុងក្រឡាបន្ទំវិញបាត់ បើបុត្រទៅទាន់បិតាក៏មិនថាអីអ៊ីចឹងឬ? នេះព្រះអង្គចង់ចំណេញលើចំណេញមែនដែរទេ? ទ្រង់បានសម្លាប់ទាំងបន្លាក្នុងទ្រូង ហើយបានផ្សះផ្សាជាមួយនគរខាងលិចទៀតឬ? បើទ្រង់ចង់ជួយលោកមេទ័ពមែនហេតុអីក៏មិនចាត់អ្នកពូកែជិះសេះលឿនទៅតាមឃាត់? មិនប្រើគេឱ្យទៅយកផ្លាកបញ្ជា? ហេតុអ្វីទ្រង់បណ្តោយបុត្រីដែលមានខ្លួនតូចតែមួយរត់ទៅយកផ្លាកបញ្ជានៅឯដំណាក់ធំដែលមានចម្ងាយសឹងតែ២គីឡូម៉ែត្រពីទីនេះតែម្នាក់ឯង? ហើយឱ្យព្រះនាងមាឌល្អិតម្នាក់នេះទៅឃាត់ទាហាន ជាង១០០នាក់? តើឃាត់បានដែរឬទេ?
ម៉ីអ៊ី ប្រញាប់រត់យ៉ាងលឿនសំដៅទៅកាន់ដំណាក់ធំ ប៉ុន្តែនៅពេលកំពុងតែចុះជណ្ដើរនោះព្រះនាងមិនប្រយត្ន័ក៏ជាន់ត្រូវជាយសំពត់ដួលត្រឡប់ត្រឡិនធ្លាក់ពីជណ្ដើរ ទ្រង់ច្រត់ដៃងើបបន្តិចនៅពេលធ្លាក់មកដល់ក្រោមហើយ ព្រះនាងចាប់ហែកជាយសំពត់រញ៉េរញ៉ៃនោះចោល ទ្រង់យកដៃទៅចាប់ទាញដោះគ្រឿងតុបតែងសក់សំពីងសំពោងចេញហើយប្រញាប់រត់ទៅយកផ្លាកបញ្ជា ទៅយកសេះ ជិះទៅឃាត់ដំណើរស៊ីងឡាងជាបន្ទាន់ដែរ។
«បើឯងមានសមត្ថភាព ឯងចូលមកយកក្បាលយើងចុះ»
លោកមេទ័ពវាយសេះសំណព្វមួយដៃដើម្បីឱ្យវារត់ចេញទៅឆ្ងាយ គាត់ក្ដោបដាវណែនដៃប្រុងប្រៀបចាំនឹងសម្លាប់អ្នកណាដែលហ៊ានចូលមកជិតគាត់ក្នុងបំណងអាក្រក់នៅវិនាទីបន្ទាប់នេះ។
«អ្នកណាយកបានក្បាលរបស់អាប៉វិន អ្នកនោះបានរួចខ្លួនត្រឡប់ទៅចួបជុំប្រពន្ធកូននៅឯស្រុកកំណើតវិញ»
ចប់បញ្ជារបស់ស៊ីងឡាងភ្លាម ក្រុមទាហានដូចស្រមោចក៏សម្រុកចូលទៅរកលោកមេទ័ពប៉វិនដែលមានតែម្នាក់ឯងខ្នងទល់នឹងមាត់រូងភ្នំ ក្បាលទន់មេឃ ជើងទល់ដីតែម្នាក់ឯងនោះ ការបានរួចខ្លួនពីជួរកងទ័ពទៅចួបជុំប្រពន្ធកូននេះជាអ្វីដែលទាហានចង់បានជាទីបំផុត ពួកទាហានមាឌធំៗដូចដំរីហក់ទៅកាប់លោកមេទ័ពដែលគេធ្លាប់គោរពដូចហក់កាប់សត្រូវ គេកាប់មិនញញើតដៃ ឱ្យតែមានឱកាសគេនឹងកាប់ បើលោកមេទ័ពភ្លេចខ្លួនតែមួយប៉ប្រិចភ្នែកនោះផ្លែដាវទាំងអស់នោះនឹងកាប់ចិញ្ច្រាំលោកមេទ័ពខ្ទេចដូចប្រហិតជាមិនខាន។
«អាក្មេងនោះវានៅក្នុងរូងនោះ» ស៊ីងឡាងដែលនៅអង្គុយលើសេះនោះចង្អុលប្រាប់ទាហានទាំងអស់ឱ្យងាកទៅមើលក្មេងតូចដែលនៅលឹបលក្នុងល្អាងថ្មដ៏វែងឆ្ងាយនេះ។
«ចង្រៃយ៍»លោកមេទ័ពប៉វិនប្រញាប់រត់ទៅរងនៅមាត់រូងកាន់តែជិតទៅទៀត មិនប្រយត្ន័ទាហានម្នាក់ក៏លើកដាវកាប់ត្រូវស្មាររបស់គាត់ចេញឈាមមកដាបខ្លួនភ្លាមៗ។
«អ្នកណាកាប់ក្បាលអាក្មេងនោះបានក៏បានត្រឡប់ទៅស្រុកកំណើតវិញដែរ!» ស៊ីងឡាងអង្គុយសើចសប្បាយសម្លឹងមើលទាហានដូចស្រមោចដែលកំពុងនាំគ្នាព្រួតកាប់លោកមេទ័ពប៉វិនជាមួយសៀវស៊ីងនោះ។
ផស់…
ផ្លែដាវរបស់លោកមេទ័ពប៉វិនដាច់ជាពីរកំណាត់ភ្លាមៗនៅពេលដែលគាត់យកវាទៅរងនឹងដាវជាង១០របស់ពួកទាហានដែលកាប់សំដៅមកលើខ្លួនគាត់ លោកមេទ័ពរហ័សយកផ្លែដាវដែលបាក់មួយកំណាត់នោះទៅចាក់សម្លាប់ទាហានម្នាក់ភ្លាមៗដែរហើយដណ្ដើមយកដាវរបស់គេមកកាន់កាប់នៅវិនាទីបន្ទាប់។
«លោកមេទ័ព ប្រយត្ន័!» សៀវស៊ីងដែលអើតក្បាលមកក្រៅលបមើលស្ថានការណ៍នោះស្រែកប្រាប់ទៅកាន់អ្នកនៅចំពោះមុខខ្លាំងៗនៅពេលឃើញថាមានទាហានមាឌធំម្នាក់កំពុងតែយាដាវឡើងខ្ពស់បម្រុងនឹងកាប់ស្មារបស់គាត់មួយចំហៀងទៀត។ លោកមេទ័ពរវល់តែងាកទៅមើលសៀវស៊ីងដាវមួយនោះក៏ធ្លាក់មកត្រូវស្មារបស់គាត់ភ្លាមៗ សៀវស៊ីងស្រក់ទឹកភ្នែកតក់ៗសម្លឹងមើលទៅលោកមេទ័ពអង់អាចក្លាហាន ម្នាក់ដែលហ៊ានប្រយុទ្ធតទល់នឹងទាហាន១០០នាក់ដោយឥតញញើត គេមិនអាចជួយអ្វីគាត់បាន បានត្រឹមតែលួចយំ និងយំខ្លាំងៗនៅពេលឃើញលោកមេទ័ពត្រូវបានគេកាប់ត្រូវម្ដងៗ។
មេឃជិតភ្លឺទៅហើយ មើលទៅទាហានជាង១០០នាក់នោះក៏ស្លាប់រាបពេញដីសឹងតែអស់ទៅហើយដែរគឺនៅសល់តែ៥ នាក់តែប៉ុណ្ណោះ តែថា…
គ្រឹប
លោកមេទ័ពដែលពេលនេះមានឈាមពេញទាំងខ្លួនរហូតដល់ឈុតអាវខ្មៅរបស់គាត់ប្រែក្លាយទៅជាពណ៌ឈាមជ្រូក ជង្គង់ម្ខាងរបស់លោកមេទ័ពធ្លាក់ដល់ដី គាត់យកដាវទៅច្រត់នឹងដី ឈាមក៏ហូរចេញមកតាមមាត់ធ្លាក់មកលើកម្ទេចព្រិលសក្បុសនោះ ទោះបីជារាងកាយរបស់គាត់ត្រូវរបួសសុះសាច់ តែកែវភ្នែកវាមិនបានទន់ខ្សោយ របួសកាន់តែច្រើនកែវភ្នែករបស់លោកមេទ័ពកាន់តែកំណាច កែវភ្នែកមួយគូរនេះវាកំណាចហាក់ដូចជាកែវភ្នែករបស់រាជសីសម្លឹងមើលទៅកូនម្រឹក កែវភ្នែករបស់លោកមេទ័ពប្រៀបបាននឹងពួករោគចិត្តដែលចូលចិត្តតែសម្លាប់ កែវភ្នែកមួយគូរដែលតែងតែកំណាចស្រាប់មកហើយនោះនៅពេលដែលនៅមានឈាមស្រោចខ្លួនបែបនេះទៀតវាក៏កាន់តែមានឥទ្ធិពល មានអំណាច មានអំណាចរហូតដល់ថ្នាក់ត្រឹមសម្លឹងមុខទាហានទាំង៥នាក់នោះក៏នាំគ្នាដាក់មេប្រូចរត់ទៅអស់។
«លោកមេទ័ព!» សៀវស៊ីងរត់មកត្រកងខ្លួនរបស់លោកមេទ័ពប៉វិនដែលដួលដេកទៅលើដីភ្លាមនៅពេលដែលពួកទាហានអស់នោះរត់បាត់អស់ភ្លាម។
«យើងប្រាប់ហើយមែនទេ ថា…ថាកុំឱ្យត្រឡប់មកវិញ!» លោកមេទ័ពប្រឹងនិយាយទាំងបើកមាត់ម្ហបៗតិចៗទៅកាន់ម្ចាស់ភ្លៅដែលគាត់កំពុងកើយ ឈាមហូរមកតាមមាត់គាត់នោះក៏ច្រាលចូលច្រមុះនៅពេលគាត់ក្អក គាត់ក្អកព្រោះប្រឹងនិយាយពេក។
«លោកមេទ័ពកុហក.. លោកមេទ័ពប្រាប់ថាពួកគេមកដើម្បីតែចាប់ខ្ញុំចុះហេតុអ្វីពេលនេះខ្លួនលោកមេទ័ពមានសុទ្ធតែរបួស…បើខ្ញុំមិនមកវិញតើពេលនេះបានអ្នកណានៅទ្រខ្លួនលោកមេទ័ពទៅ?… លោកមេទ័ពកុំស្លាប់អីណា…សូមអង្វរលោកមេទ័ពស៊ីងឡាងកុំកាត់ក្បាលលោកមេទ័ពប៉វិនអី…កាត់…កាត់ក្បាលខ្ញុំជំនួសមកសូមអង្វរ…បើទោះបីជាលោកមេទ័ពស្លាប់ហើយក៏ដោយ…តែលោកមេទ័ពជាមនុស្សមានបុណ្យសក្ដិខ្ពស់…សូមឱ្យសពលោកមេទ័ពមានទាំងក្បាលមានទាំងខ្លួនផងចុះ……..»
សៀវស៊ីងយកដៃទៅក្ដោបត្រង់ពោះរបស់លោកមេទ័ពដែលរបួសត្រង់នោះវាជ្រៅជាងគេហើយមានឈាមហូរមកមិនដាច់ គេនិយាយអង្វរស៊ីងឡាងដែលដើរយឺតៗអូសដាវសំដៅមកកាន់ពួកគេទាំងពីរនាក់ ទឹកភ្នែកសៀវស៊ីងស្រក់តក់ៗទៅលើផ្ទៃមុខដែលកំពុងតែបិទភ្នែកជិតរបស់លោកមេទ័ព ប៉វិន។
«យើងកាត់ទាំងក្បាលឯង ហើយកាត់ទាំងក្បាលរបស់គេដែរមិនបាច់ច្រណែនគ្នាទេ»
ស៊ីងឡាងនិយាយទាំងញញឹមសម្លឹងមើលសៀវស៊ីងដែលមានទឹកភ្នែកហូរមករហាម ប្រឹងខ្ទប់មុខរបួសកុំឱ្យហូរឈាមចេញមករបស់រាងកាយដែលដេកស្តូងស្តឹងមិនដឹងថាមានវិញ្ញាណឬអត់នៅលើភ្លៅរបស់គេ។
សៀវស៊ីងលើកក្បាលរបស់លោកមេទ័ពមកឱបជាប់នឹងទ្រូង គេយំសសឹក បិទភ្នែកជិត ខ្លួនប្រាណក៏ញ័រញាក់ព្រោះសេចក្ដីស្លាប់ដែលនឹងមកដល់នៅក្នុងពេលដ៏ខ្លីចំពោះមុខនេះ ព្រិលធ្លាក់ចុះមកកាន់តែខ្លាំងៗហាក់ដូចចង់កប់កំបាត់រាងកាយរបស់លោកមេទ័ពប៉វិនដែលកំពុងតែគេងបិទភ្នែកជិតហើយត្រូវបានក្មេងតូចលើកមកឱបនោះ ។
«ចាំបន្តិចណាលោកមេទ័ព បន្តិចទៀតយើងបានទៅនៅជាមួយគ្នាហើយ»
សៀវស៊ីងខ្សិបដាក់ត្រចៀកដែលត្រជាក់ស្រេងរបស់លោកមេទ័ពតិចៗ គេខ្លាចរហូតដល់ថ្នាក់ញ័រខ្លួនទទ្រើត ខ្លាចរហូតមិនហ៊ានសម្លឹងមើលទៅស៊ីងឡាងដែលកំពុងតែញញឹមដើរអូសដាវមកយឺតៗនោះ។
ភ្នែករបស់ ប៉វិន បើកព្រឹមៗតិចៗ គាត់សម្លឹងមុខអ្នកដែលកំពុងតែបិទភ្នែកយំនៅជិតខ្លួនបង្កើយនោះ លោកមេទ័ពប្រឹងលើកដៃដែលមានរបួសតាំងពីដើមដៃរហូតដល់ស្មារឡើងតិចៗ ទៅប៉ះមុខជូតទឹកភ្នែកឱ្យសៀវស៊ីងដែលកំពុងតែយំខ្លាំងៗនោះ តែមើលទៅអ្នកម្ខាងទៀតហាក់ដូចជាមិនបានដឹងខ្លួនសោះ ព្រោះពេលនេះសេចក្ដីភ័យខ្លាចវាបានគ្របដណ្ដប់ពេញបេះដូងរបស់គេអស់ទៅហើយ សៀវស៊ីងពេលនេះប្រៀបដូចជានៅម្នាក់ឯងកណ្ដោចកណ្ដែងកណ្ដាលវាលព្រិលដ៏ធំល្វឹងល្វើយ ភាពភ័យខ្លាចរបស់គេដែលបានបាត់ទៅអស់រយៈពេលជិត៥ខែមកនេះ វាបានត្រឡប់មកវិញម្ដងទៀតហើយ។
តក់ តក់…
ឈាមស្រក់នៅលើដៃស្រឡូនស្អាតរបស់សៀវស៊ីងក្មេងតូចដែលកំពុងតែឱបខ្លួនលោកមេទ័ព គេបើកភ្នែកហើយសម្លឹងមើលទៅប្រភពដែលឈាមហូរចេញមកនោះក៏ត្រូវស្លុតសឹងសន្លប់ មើលចុះពេលនេះលោកមេទ័ព ប៉វិន កំពុងតែយកដៃខាងឆ្វេងរបស់គាត់ទៅចាប់ផ្លែដាវដែលមុតស្រួចរលេមរបស់ស៊ីងឡាងដែលយាបម្រុងនឹងកាប់ក្បាលរបស់គេមុននេះ សៀវស៊ីងអាក្មេងមិនបានការ ពេលលោកមេទ័ពជិតស្លាប់បែបនេះហើយឯងនៅឱ្យគាត់ការពារឯងទៀតមែនទេ? ប៉វិន រុញសៀវស៊ីងចេញទៅម្ខាង ដៃឆ្វេងរបស់គាត់ចាប់ច្របាច់ផ្លែដាវរបស់ស៊ីងឡាងកាន់តែខ្លាំងរហូតឈាមស្រក់មកតក់ៗបន្ថែមទៀតជាច្រើនតំណក់។
«ឯង…ឯងមិនទាន់ស្លាប់?» ស៊ីងឡាងទៅជាភ្នែកសស្លើត ភ័យព្រលឹងចុងសក់នៅពេលឃើញលោកមេទ័ព ប៉វិនដែលដេកស្តូកស្ដឹងមុននេះងើបឡើងមកចាប់ផ្លែដាវគេជាប់ព្រមទាំងញញឹមដាក់គេទាំងកែវភ្នែកកំណាចផង។
«ទាហានកំប៉ិកកំប៉ុកបែបនោះសម្លាប់យើងមិនស្លាប់ទេ!»
ប៉វិនងើបឈរឡើងយឺតៗ គាត់ចាប់កាច់បំបាក់ផ្លែដាវរបស់ស៊ីងឡាងជាពីរកំណាត់ដោយដៃរបស់គាត់ទទេ លោកមេទ័ព យកផ្លែដាវមួយកំណាត់ដែលគាត់កាន់ជាប់បន្ទាប់ពីកាច់វាបាក់ហើយនោះទៅចាក់ចំបំពង់ករបស់ស៊ីងឡាងរួចក៏ផ្ដួលគេទៅលើព្រិលនោះ។
«ខឹសខឹស»ស៊ីងឡាងពេលនេះរបូតដាវដែលបាក់នោះចេញពីដៃ គេយកដៃទាំងពីររបស់ខ្លួនមកប្រឹងខ្វេះដៃរបស់ប៉វិនដែលកំពុងតែកាន់ផ្លែដាវមួយកំណាត់មកចាក់បំពង់ករបស់គេ លោកមេទ័ព ប៉វិន ដកកំណាត់ផ្លែដាវនោះចេញហើយក៏ចាក់បន្ថែមទៀតទៅលើបំពង់ករបស់ស៊ីងឡាងជាច្រើនលើកច្រើនសារទៀតរហូតដល់ឈាមរបស់មនុស្សអាក្រក់ខ្ទាតប្រឡាក់ពេញមុខរបស់គាត់ ឈាមតិរច្ឆាននោះមិនត្រឹមតែប្រឡាក់ពេញមុខរបស់លោកមេទ័ពទេវានៅហូរឱ្យរហាចពេញទាំងព្រិលថែមទៀត លោកមេទ័ពងើបចេញពីខ្លួនរបស់ស៊ីងឡាងនៅពេលដែលឃើញថាគេឈប់កម្រើកខ្លួនតទៅទៀត គាត់ងើបឈរហើយសម្លឹងសាកសពដែលគ្មានវិញ្ញាណនោះបន្តិចហើយក៏ស្ដោះទឹកមាត់ដាក់សាកសពមនុស្សចង្រៃយ៍នោះមួយធ្វើយទើបដើរចេញមករកសៀវស៊ីងវិញ តែដើរបានតែបីជំហានគាត់ក៏ទន់ជង្គង់ដួលផ្កាប់មុខទៅលើដីបាត់។
សៀវស៊ីងដែលអង្គុយមើលព្រិត្តិការណ៍ដ៏សែនតក់ស្លុតនេះប្រញាប់រត់មកត្រកងបីលោកមេទ័ពទៀតហើយ គេយកដៃម្ខាងទៅទ្រក្បាលរបស់គាត់ឱ្យមកគេងនៅលើភ្លៅរបស់គេ ហើយដៃម្ខាងទៀតចាប់ដៃរបស់លោកមេទ័ពដែលមានរបួសនោះជាប់។ ប៉វិនយកដៃដែលគ្មានរបួសទៅអង្អែលមុខតូចៗរបស់សៀវស៊ីងតិចៗ ភ្នែករបស់គាត់ពេលនេះព្រិលអស់ទៅហើយ គាត់មើលមិនច្បាស់នោះទេ បេះដូងដែលលោតនោះវាក៏លោតប្រកបដោយភាពឈឺចាប់ គ្មានកន្លែងណាមួយនៅលើខ្លួនប្រាណគាត់នេះដែលមិនមានភាពឈឺចាប់ទេ។
«មាន…» លោកមេទ័ពក្អួតឈាមមកយ៉ាងច្រើនប្រឡាក់ពេញខោអាវសស្អាតរបស់សៀវស៊ីងសឹងតែជោកអស់នៅពេលគាត់និយាយ គាត់ប្រឹងហើបមាត់និយាយទៅកាន់សៀវស៊ីងយ៉ាងលំបាក៖
«មាន…មានរបួស…ត្រង់ណាដែរទេ?» សៀវស៊ីងគ្រវីក្បាលយឺតៗបន្ទាប់ពីស្ដាប់សំណួររបស់លោកមេទ័ពចប់ហើយ មើលគាត់ពេលនេះចុះរបួសសឹងតែស្លាប់ខ្លួនក្លាយទៅជាប្រហិតទៅហើយតែគាត់បែរជាមកសួរគេដែលគ្មានរបួសសូម្បីតែប៉ុនសរសៃរសក់ទៅវិញ ឱលោកមេទ័ពដ៏សែនល្អរបស់សៀវស៊ីងអើយលោកមេទ័ពកុំចាកចោលសៀវស៊ីងអីណា។
«ល្អ…ល្អហើយ!» គាត់ញញឹមតិចៗទាំងដែលមុខប្រឡាក់សុទ្ធតែឈាមសឹងតែមើលមិនយល់។
«សូមទោស…សូមទោសសៀវស៊ីង…» និយាយបានតែប៉ុណ្ណេះគាត់ក៏ក្អួតឈាមមកម្ដងទៀត ដែលក្អួតមកម្ដងនេះវាច្រើនជាងលើកមុនដល់ទៅពីរដង។
«លោកមេទ័ពកុំប្រឹងនិយាយទៀតអី ហឺហឺ» សៀវស៊ីងយំគ្រវីក្បាលសូមអង្វរឱ្យលោកមេទ័ពឈប់និយាយគេដកដៃដែលក្ដោបប្រអប់ដៃមានរបួសរបស់លោកមេទ័ពនោះយកមកទប់ដៃដែលកំពុងតែប៉ះមុខរបស់គេថ្នមៗវិញ ប៉វិនញញឹមបន្តិចទើបបន្ត៖
«សូមទោស យើងនៅ…នៅមិនទាន់ជូនឯង…ទៅមើលព្រិល…នៅលើភ្នំ ហួណាន នៅឡើយទេ»
លោកមេទ័ពប្រឹងនិយាយស្ទើរតែស្លាប់ទម្រាំបានចេញមួយពាក្យៗ អណ្ដាតរបស់គាត់ពេលនេះឡើងរឹងអស់ទៅហើយវាពិបាកខ្លាំងណាស់ក្នុងការគ្រលាស់ទម្រាំនិយាយចេញមួយពាក្យៗ។
«មិនអីទេ! មិនអីទេណា មើលនៅជើងភ្នំក៏បានដែរណាលោកមេទ័ពណា»
ទឹកភ្នែករបស់សៀវស៊ីងស្រក់តក់ៗទៅលើផ្ទៃមុខស្រស់ស្អាតរបស់លោកមេទ័ពគាត់ញញឹមបន្តិចរួចក៏រំកិលដៃរបស់គាត់ទៅស្ទាបបបូរមាត់ស្អាតរបស់សៀវស៊ីងតិចៗ។
«សៀវស៊ីង…ថើបយើងបន្តិចបានទេ…យើងរងាណាស់»
«បានលោកមេទ័ព! ឱ្យសៀវស៊ីងធ្វើអ្វីក៏បានដែរឱ្យតែសម្រាប់លោកមេទ័ព ហ្អឹកហ្អឹក» សៀវស៊ីងយកបបូរមាត់ស្អាតរបស់គេទៅផ្អឹបជាប់នឹងថ្ងាសរបស់អ្នកដែលកំពុងតែបិទភ្នែកជិត ដៃដែលប៉ះមុខរបស់គេមុននេះក៏ធ្លាក់ចុះមកយឺតៗ សៀវស៊ីងរហ័សស្រវាឱបលោកមេទ័ពណែនជាងមុន ពេលនេះគឹមិនអាចស្ដាប់ឮសំឡេងបេះដូងរបស់លោកមេទ័ពទៀតទេ ហេតុអ្វីទៅ។
«អត់ទេ! អត់ទេលោកមេទ័ព! ដឹងខ្លួនឡើងមកវិញមក…» សៀវស៊ីងស្រែកយំខ្លាំងៗ ព្រមទាំងអន្រួនខ្លួនលោកមេទ័ពដែលគេកំពុងតែឱបនោះខ្លាំងៗដែរ ក្នុងបំណងដាស់លោកមេទ័ពឱ្យត្រឡប់មកវិញ។
«លោកមេទ័ព អត់ទេ កុំទៅចោលសៀវស៊ីងអី លោកមេទ័ព…»
សៀវស៊ីងពេលនេះសឹងតែក្លាយទៅជាមនុស្សឆ្កួតទៅហើយគេម្ដងស្រវាឱប ម្ដងព្រលែងដើម្បីមើលថាតើលោកមេទ័ពបើកភ្នែកឬអត់ ទឹកភ្នែករបស់គេស្រក់មកកាន់តែខ្លាំងគេយំសឹងតែខ្វាក់ភ្នែក ប៉ុន្តែទោះបីជាសៀវស៊ីងយំរហូតដល់ខ្វាក់ភ្នែកទៀតក៏លោកមេទ័ពមិនអាចដឹងខ្លួនមកវិញដែរ។
«លោកមេទ័ព! បើលោកមេទ័ពមិននៅតើបានអ្នកណា… បានអ្នកណាឱបសៀវស៊ីងពេលសៀវស៊ីងរងានោះ? បើលោកមេទ័ពមិននៅ តើអ្នកណាការពារសៀវស៊ីង? លោកមេទ័ព កុំបន្លាចសៀវស៊ីងអីណា»
សៀវស៊ីងសម្លឹងមុខដែលស្លេកស្លាំងបិទភ្នែកជិតរបស់ប៉វិននៅជិតៗនឹងមុខរបស់គេ ហេតុអ្វីរាងកាយរបស់លោកមេទ័ពពេលនេះត្រជាក់ខ្លាំងម្លេះ? ហេតុអ្វីក៏រាងកាយរបស់លោកមេទ័ពពេលនេះមិនកក់ក្ដៅដូចកាលមុន?
«លោកមេទ័ព ចាំសៀវស៊ីងឱបលោកមេទ័ពកុំឱ្យលោកមេទ័ពរងាណា»
សៀវស៊ីងយំផងស្រែកផង រហូតដល់ពេលនេះគេនិយាយសឹងតែមិនឮ គេសម្លឹងមើលទៅវាលព្រិលដែលដាច់កន្ទុយភ្នែកងាកទៅខាងណាក៏មិនឃើញសូម្បីតែមនុស្សម្នាក់ តើឱ្យគេជួយលោកមេទ័ពយ៉ាងម៉េចបានទៅ? ភ្លាមៗនោះគេក៏ឃើញមានស្រមោលមនុស្សជិះសេះមកពីចម្ងាយព្រាលៗ សៀវស៊ីងប្រឹងសម្លឹងអ្នកដែលជិតសេះមកនោះយ៉ាងហ្មត់ចត់ ព្រះនាងម៉ីអ៊ីប្រញាប់ចុះមកពីលើសេះចាប់ជីបចររបស់លោកមេទ័ពប៉វិនជាបន្ទាន់ ទ្រង់ញញឹមបន្តិចទើបនិយាយទៅកាន់សៀវស៊ីង។
…………
«ឯងថាម៉េច?» ព្រះមហាក្សត្រច្រឡោតតូងនៅលើរាជបល្ល័ង្កភ្លាមមួយរំពេចបន្ទាប់ពីស្ដាប់ព្រះនាងចូវ ម៉ីអ៊ីដែលកំពុងតែអង្គុយរាយការណ៍នៅខាងមុខទ្រង់។
«នៅពេលបុត្រទៅដល់ពួកគេស្លាប់អស់បាត់ទៅហើយក្រាបទូល» ព្រះនាងរូបស្រស់ទូលទៅព្រះរាជបិតាទាំងទឹកមុខមាំមិនប្រែប្រួល សំឡេងរបស់ទ្រង់ក៏ឡើងស្អកតិចៗដែលបណ្ដាលមកពីការជិះសេះកាត់ព្រិលអស់រតៈពេលយូរ។
«បុត្រចេញទៅតាំងពីយប់មិញ ហើយក៏ត្រឡប់មកវិញនៅពេលរសៀលថ្ងៃនេះដោយទទួលបានព័ត៌មានបែបនេះមែនទេ? បើស្លាប់មែនតើសាកសពរបស់ពួកគេនៅឯណា?»
ជីយ៉ាង សង្ខុញសួរទៅកាន់បុត្រីមិនបានការនៅចំពោះមុខរបស់ទ្រង់ ព្រះអង្គពេលនេះមានសភាពរសេសរសោះយ៉ាងចម្លែក ទ្រង់មានអារម្មណ៍ថាបុត្រីរបស់ទ្រង់ហាក់ដូចជាកំពុងតែលាក់បាំងអ្វីនឹងទ្រង់ប្រាកដណាស់។
«ព្រះបិតា បុត្រចេញទៅក្នុងបំណងឃាត់ដើម្បីកុំឱ្យស៊ីងឡាងសម្លាប់លោកមេទ័ព ប៉វិន មិនមែនចេញទៅដើម្បីស៊ើបការណ៍ទេក្រាបទូល សាកសពមានពាសពេញវាលព្រិលនៅឯជើងភ្នំ ហួណាន បើព្រះអង្គសពព្រះទ័យចង់ទតយាងទៅទតខ្លួនឯងចុះព្រោះបុត្រជិះសេះទៅតែម្នាក់ឯងមិនអាចនាំសពពួកគេមកបានទេ»
នៅចុងប្រយោគព្រះនាងក៏និយាយដោយសំឡេងមាំព្រមទាំងងើបសម្លឹងមុខព្រះបិតាដែលកំពុងអង្គុយនៅលើបល្ល័ង្កផង ហាក់ដូចជាបង់បញ្ជាក់ន័យនៃពាក្យថាទៅតែម្នាក់ឯងឱ្យបានកាន់តែច្បាស់មួយកម្រិតថែមទៀត មែនហើយនៅពេលព្រះនាងយាងទៅព្រះអង្គក៏មិនបានមានសវនីយ៍អ្វីសោះ ទ្រង់ហាក់បីដូចជាមិនអើពើ មិនខ្វល់ តែនៅពេលដែលព្រះនាងត្រឡប់មកវិញក៏ជំរិតសួរព័ត៌មានគ្រប់បែបយ៉ាង បើទ្រង់ខ្វល់ព្រះទ័យចង់ដឹងរឿង ចង់ទតសាកសពទាំងអស់នោះបែបនេះហេតុអ្វីក៏មិនចាត់ឱ្យទាហានទៅជាមួយព្រះនាងតាំងពីដំបូង?
«ហេតុអ្វីក៏ព្រះបិតាធ្វើមុខបែបនេះព្រះពរ ក្រែងនេះជាអ្វីដែលព្រះអង្គចង់បានមែនដែរទេ?» ព្រះនាងពោលឡើងទាំងញញឹមនៅចុងមាត់តិចៗសម្លឹងមើលមុខមិនស្រស់របស់បិតាបានយ៉ាងសមចិត្ត តើពេលនេះព្រះអង្គកំពុងតែខ្វល់ចិត្តមែនទេ? ទ្រង់ខ្វល់ចិត្តដែលក្មួយរបស់ទ្រង់ស្លាប់ឬ? ព្រះនាងសែនចង់ដឹងអើយចង់ដឹងថាតើអារម្មណ៍របស់ទ្រង់នៅពេលបាត់បង់សាច់ញាតិនោះវាមានអារម្មណ៍បែបម៉េចព្រោះនៅពេលដែលព្រះមាតារបស់ព្រះនាងសោយទិវង្គតព្រះនាងមិនត្រូវបានអនុញ្ញាតសូម្បីតែយំ ព្រះមាតារបស់ព្រះនាងសោយទិវង្គតចំពេលដែលព្រះរាជបុត្រទីបួនប្រសូតចេញមក ហេតុនេះពួកស្នំអស់នោះយកលេសថាការយំយែក សំឡេងស្រែកយំនឹងធ្វើឱ្យព្រះរាជបុត្រាអាប់រាសី ព្រះអង្គទ្រង់ក៏ជឿតាមពាក្យគេដោយមិនពិចារណាអ្វីជាអ្វីសោះ ទោះបីជាពេលនោះទ្រង់នៅក្មេងតែព្រះនាងក៏ចាំបានថាអារម្មណ៍ដែលព្រះនាងពួនយំម្នាក់ឯងនៅក្រោមគ្រែមានអារម្មណ៍បែបណា ព្រះនាងគ្មានថ្ងៃភ្លេចអារម្មណ៍បែបនោះឡើយក្នុងមួយជីវិតរបស់ទ្រង់នេះ។
១៥ថ្ងៃក្រោយមក…
ពេលព្រឹកព្រលឹម…
នៅភាគខាងកើតបំផុតនៃប្រទេសចិន នៅទីនេះមានសុទ្ធតែភ្នំខ្ពស់ៗ វាលស្មៅខៀវដាច់កន្ទុយភ្នែកដុះតាមជម្រាលនៃជើងភ្នំ ទឹកដីមានពណ៌ខ្មៅក្រិបបញ្ជាក់ពីជីវជាតិរបស់ដី ផ្ទៃមេឃខៀវស្រងាត់មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់លើសពីគ្រប់គ្រាន់ នៅតាមផ្លូវតូចៗនៃចង្កេះភ្នំនេះយើងសង្កេតឃើញមានកូនរទេះដែលអូសដោយសេះធំមួយក្បាលកំពុងតែផ្លាស់ទីគើមៗនៅលើនោះធ្វើដំណើរទៅលើកំពូលភ្នំដ៏ស្រស់ស្អាតនេះ។
តើរទេះកំសត់នេះចង់ធ្វើដំណើរទៅណា? តើគេកំពុងតែធ្វើដំណើរទៅកាន់ផ្ទះមួយដែលស្ថិតនៅលើភ្នំនោះមែនដែរទេ?
ផ្ទះមួយនេះតូចស្អាតមានរបៀបសង់នៅសឹងតែផ្ទាល់ដីតែមានជណ្ដើរឡើងតែ៣កាំប៉ុណ្ណោះ នៅជុំវិញផ្ទះក៏មានដាំសុទ្ធតែដើមផ្លែឈើហូបផ្លែ ទីលានផ្ទះនេះទាំងមូលត្រូវបានហ៊ុមពទ្ធ័ដោយរបងឈើដែលមានកម្ពស់ទាបៗប្រហែលជាមួយម៉ែត្រហាសិបសង់ទីម៉ែត្រ។ មិនយូរប៉ុន្មានកូនរទេះតូចមួយនេះក៏មកឈប់នៅពីមុខរបងផ្ទះដ៏ស្រស់ស្អាតគួរឱ្យចង់រស់នៅនេះ បុរសម្នាក់ដែលមានរាងតូចស្អាតមើលមួយភ្លែតសឹងតែច្រឡំថាមនុស្សស្រី ក្មេងប្រុសនេះថ្វីដ្បិតតែមានរាងតូចតែរាងកាយរបស់គេមើលទៅគឺរហ័សរហួនខ្លាំងណាស់ គេប្រញាប់លោតចុះពីកន្លែងបញ្ជាសេះហើយបើកវាំងននដែលគ្របរទេះនេះឡើង។
«លោកមេទ័ព យើងមកដល់ហើយ» សៀវស៊ីងដាស់អ្នកដែលកំពុងតែគេងនៅក្នុងរទេះយឺតៗទាំងញញឹម កាលពីប៉ុន្មានថ្ងៃមុនគេក៏ភ័យសឹងតែលល់ព្រលឹងស្លាប់ហើយស្មានតែថាខ្លួនឯងត្រូវបាត់បង់លោកមេទ័ពទៅហើយតែសំណាងល្អដែលព្រះនាង ម៉ីអ៊ី មកទាន់ ត្រូវអរគុណដែលខំប្រឹងខ្នះខ្នែងរកគេមកជួយសង្គ្រោះលោកមេទ័ពទាន់ពេល សៀវស៊ីងត្រូវចំណាយពេលដប់ថ្ងៃទម្រាំតែមើលថែលោកមេទ័ពអាចឱ្យដឹងខ្លួននិងនិយាយបានដូចមុនធម្មតា តែមិនមែនគេមើលថែតែម្នាក់ឯងនោះទេគឺត្រូវអរគុណដល់លោកគ្រូពេទ្យនៅឯភ្នំហួណានដែលបានជួយលោកមេទ័ពយ៉ាងខ្នះខ្នែងដូចគ្នាដែរ តើមកពីលោកគ្រូពេទ្យវ័យចំណាស់ពូកែ ឬមកពីសៀវស៊ីងពូកែថែទាំ ឬមួយក៏លោកមេទ័ពរឹងមាំវិញឱ្យប្រាកដទៅទើបបានជាចំណាយពេលត្រឹមតែដប់ថ្ងៃសោះគាត់ក៏អាចងើបឈរដើរបាន សឹងតែវិលមកសភាពដើមវិញទៅហើយ។
«ហឺមម»លោកមេទ័ពងើបឡើងយឺតៗនិងដើរចុះពីលើរទេះដោយមានសៀវស៊ីងជួយទប់តិចៗផង គាត់ឈរសម្លឹងមើលផ្ទះតូចនៅចំពោះមុខទាំងញញឹម ផ្ទះមួយនេះ ដីមួយដុំនេះគឺជារបស់គាត់ ហើយសង់ផ្ទះនេះឡើងដោយខ្លួនឯង ក្នុងបំណងថាបើថ្ងៃណាមួយគាត់លះបង់ដាវ លះបង់កេរ្ដិ៍ឈ្មោះ លាលែងសមរភូមិហើយនោះគាត់នឹងមករស់នៅទីនេះតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់តែមើលចុះពេលនេះក៏ត្រូវនាំកូនស្វាមួយមកជាមួយដែរ។
«លោកមេទ័ពចង់ធ្វើអីនឹង?» សៀវស៊ីង បើកភ្នែកធំៗនៅពេលដែលកំពុងឈរសម្លឹងមើលទេសភាពជុំវិញនេះសុខៗក៏ត្រូវអ្នកដែលទើបតែជាពីជំងឺមុននេះចាប់លើកបីទាំងគំហុក គេមិនហ៊ានរើបម្រះទេព្រោះខ្លាចត្រូវរបួសរបស់លោកមេទ័ពធ្វើឱ្យគាត់ឈឺ។
«ទៅបន្តរឿងដែលយើងធ្វើមិនទាន់ចប់» គាត់បីសៀវស៊ីងដើរចូលទៅក្នុងរបងផ្ទះតូចនេះហើយ សេះសំណព្វរបស់គាត់ក៏វាដើរតាមពីក្រោយត្រុកៗ ។
«រឿង? រឿងអ្វីទៅ? ហើយនេះផ្ទះអ្នកណា?» សៀវស៊ីងកាន់តែបើកភ្នែកធំជាងមុនទៅទៀត គាត់ទើបតែងើបពីឈឺហើយមានរឿងអ្វីត្រូវធ្វើជាមួយគេទៅនេះ?
«រឿង…»លោកមេទ័ពឈប់ដើរបន្តិចហើយសម្លឹងមើលមុខតូចៗរបស់សៀវស៊ីងនៅក្នុងរង្វង់ដៃ ដែលមុខរបស់គេពេលនេះវាស្ថិតនៅជិតមុខរបស់គាត់បង្កើយ គាត់ដកដង្ហើមខ្លាំងៗដើម្បីស្រូបយកក្លិនក្រអូនចេញពីអ្នកនៅក្នុងរង្វង់ដៃ ជាក្មេងប្រុសស្អីនេះមានក្លិនក្រអូបធ្វើមើលតែមនុស្សស្រី៖
«រឿងដែលធ្វើនៅលើខ្នងសេះ កាលពីយប់នោះ» ថាហើយក៏ដើរបោះជំហានវែងៗបើកទ្វារចូលទៅក្នុងផ្ទះដែលនៅចំពោះមុខ។
«តែថាលោកមេទ័ព លោកមេទ័ពកុំបីខ្ញុំអីដាក់ខ្ញុំចុះទៅ លោកមេទ័ពកំពុងតែមានរបួស» សៀវស៊ីងប្រញាប់រើឱ្យលោកមេទ័ពទម្លាក់គេចុះតែមើលទៅអ្នកម្ខាងទៀតដូចជាមិនស្ដាប់សោះ គាត់ប្រញាប់ដើរញ៉ាប់ៗជើងចូលមកដល់ក្នុងបន្ទប់ដេកហើយក៏ផ្ដេកសៀវស៊ីងទៅលើគ្រែថ្នមៗនិងខ្លួនឯងក៏ទ្រោមទៅតាមដែរ គាត់ច្រត់កែងដៃបន្តិចព្រមទាំងយកដៃម្ខាងទៀតទៅចាប់បាតដៃតូចៗទន់រលោងនោះ យកមកថើបខ្នងដៃថ្នមៗ បន្ទាប់មកក៏ត្រឡប់មកថើបបាតដៃម្ដងយឺតៗថ្នមៗដូចគ្នា គាត់សម្លឹងភ្នែលស្អាតៗមានពន្លឺដូចផ្កាយរបស់សៀវស៊ីងប្រកបដោយក្ដីស្រលាញ់ជ្រាលជ្រៅ រួចទើបឱនទៅថើបទងត្រចៀកគេថ្នមៗនិងខ្សិបដាក់ត្រចៀកស្អាតនោះ៖
«ឱបករបស់…បងមក» លោកមេទ័ពនិយាយដោយសំឡេងស្រទន់ដែលអាចខាបព្រលឹងរបស់អ្នកស្ដាប់បានឱ្យលង់ទៅក្នុងអន្លង់ស្នេហ៍របស់គាត់បានរហូតដល់ថ្នាក់ងើបមុខមិនរួច កែវភ្នែកដែលគាត់សម្លឹងទៅសៀវស៊ីងនោះក៏កាន់តែផ្អែមល្ហែមលើសទឹកឃ្មុំខែចែត្ររាប់ពាន់ដង។
«បាទ?» សៀវស៊ីង បើកភ្នែកធំៗ នេះគេស្ដាប់ច្រឡំមែនទេមុននេះលោកមេទ័ពហៅខ្លួនឯងថាបងឬ?
«ប្រាប់ឱ្យឱបក» លោកមេទ័ពគ្រលាស់ខ្លួនមកទ្រោមនៅលើសៀវស៊ីងពេញទី ព្រមទាំងឱនទៅថើបថ្ងាសតូចនោះយឺតៗផងតែថា…
«មិនបានទេលោកមេទ័ពកំពុងតែឈឺ» ទោះមិនដឹងថាលោកមេទ័ពនៅចំពោះមុខបបួលធ្វើអ្វីក៏ដោយប៉ុន្តែអ្វីដែលសៀវស៊ីងដឹងនៅពេលនេះគឺថា គាត់កំពុងតែឈឺ ទើបតែងើបពីឈឺបានប្រហែល៥ថ្ងៃទេនេះចង់មកបបួលធ្វើស្អីទៀតហើយ?
«ឈប់ឈឺហើយ» លោកមេទ័ពស្រវាចាប់ដៃតូចៗស្អាតទាំងពីរនោះយកមកដាក់ទាក់នឹងករបស់ខ្លួន ព្រមទាំងនិយាយដោយសំឡេងស្អកៗប្រាប់ទៅកាន់អ្នកនៅក្រោមរាងកាយផង។
«មិនបានទេ» សៀវស៊ីង ដកដៃដែល ប៉វិន ទាញយកទៅមុននេះយកមកទប់ទ្រូងរបស់គាត់តិចៗវិញ៖
«ហេតុអ្វីក៏មិនបាន?» គាត់ទម្លាក់ទម្ងន់ខ្លួនទាំងអស់ទៅលើសៀវស៊ីងព្រមទាំងយកដៃទាំងសងខាងទៅឱបចង្កេះរបស់គេតិចៗ ឯមុខក៏ដាក់នៅប្រលោះកស្អាតនោះស្រូបយកក្លិនក្រអូបៗដែលគាត់ចូលចិត្តលួចហិតចូលឱ្យពេញសួតល្អ។
«គឺ…គឺ…តែលោកមេទ័ពយំឬ?» កំពុងតែរកនឹកហេតុផលមកពន្យល់ប្រាប់គាត់ប៉ុន្តែនៅសុខៗសៀវស៊ីងក៏ត្រូវសម្រេចចិត្តសួរទៅកាន់អ្នកដែលកំពុងតែឱបរឹតខ្លួនដោយសំណួរមិនសមនឹងសួរទៅវិញ មិនឱ្យសួរយ៉ាងម៉េចបើមុននេះនៅចុងប្រយោគរបស់លោកមេទ័ពគេឮសំឡេងខ្សឹកខ្សួល របស់គាត់ច្បាស់ណាស់។
«មែន» ប៉វិន ឆ្លើយទាំងមិនដកមុខចេញពីកញ្ចឹងកស្អាតនោះ ឯដៃរបស់គាត់ដែលកាន់ដាវគ្រវីបានរហ័សដូចផ្លេកបន្ទោរនោះក៏រហ័សទៅស្រាយចំណងនៅចង្កេះរបស់សៀវស៊ីងដោយមិនឱ្យអ្នកនៅខាងក្រោមដឹងខ្លួន។
«លោកមេទ័ពកុំយំអីណា» សៀវស៊ីងក្មេងល្អកម្ររកបានអើយ តើឯងជាក្មេងដែលមានចិត្តបរិសុទ្ធឬមួយក៏ជាក្មេងល្ងង់ឱ្យប្រាកដទៅនេះ? មិនត្រឹមតែនិយាយលួងលោមទេគេនៅលើកដៃតូចៗស្អាតនោះទៅឱបខ្នងធំមាំរបស់លោកមេទ័ពហើយអង្អែលតិចៗក្នុងបំណងលួងលោមទៀតផង ចំជាមិនដឹងស្អីមែន។
ប៉វិនញញឹមចុងមាត់តិចៗនៅពេលស្រាយខ្សែចងចង្កេះរបស់សៀវស៊ីងហើយ គាត់យកដៃទៅញែកអាវក្មេងតូចចេញពីគ្នាបន្តិចទើបងើបមុខឡើងនិយាយទៅកាន់គេ៖
«បើមិនចង់ឱ្យយើងយំ ព្រមតាមយើងទៅណា» គាត់យកដៃធំមាំនោះទៅអង្អែលថ្ពាល់រលោងស្អាតថ្នមៗទៅមកៗ គាត់សម្លឹងមើលបបូរមាត់ស្អាតនោះមួយភ្លែតទើបឱនមុខយឺតៗទៅថើបបិទនូវពាក្យតវ៉ាគ្រប់សព្វបែបយ៉ាងដែលសៀវស៊ីងបម្រុងនឹងហាមាត់និយាយវាចេញមកមុននេះ គាត់ថើបបបូរមាត់ស្អាតនោះថ្នមៗព្រោះមិនចង់ឱ្យវាហើមជាំ សៀវស៊ីងយកដៃតូចស្អាតៗមួយគូរនោះទៅរុញទ្រូងរបស់លោកមេទ័ពតិចៗតែក៏ត្រូវដៃដែលមានទំហំធំខុសគ្នាឆ្ងាយពីដៃរបស់គេនោះចាប់យកទៅដាក់នៅខាងលើក្បាលបាត់ ឱសៀវស៊ីងកំសត់អើយយើងមិនដឹងថាតើនៅពេលខាងមុខបន្តិចទៀតនេះឯងនឹងត្រូវចួបនូវរឿងរ៉ាវអ្វីខ្លះទៀតទេព្រោះដៃក៏ត្រូវចាប់ជាប់អស់ទៅហើយ មាត់ក៏ត្រូវបិទមិនអាចឱ្យស្រែកសុំជំនួយបាន អ៊ីចឹងមានតែបណ្តោយតាមយថាកម្មរបស់ឯងទៅចុះ។
ម៉ោង១រសៀល…
ម៉ោងមួយរសៀលទៅហើយតែមើលទៅព្រះអាទិត្យដែលកាលពីព្រឹកមានពន្លឺនោះប្រែក្លាយជាបាត់រស្មីនៅពេលថ្ងៃរសៀលបែបនេះទៅវិញ ផ្ទៃមេឃមាននូវពពកខ្មៅដេសដាសហាក់ដូចជាចង់ភ្លៀងដ្បិតអីពេលនេះគឺសឹងតែឈានចូលដល់រដូវវស្សាទៅហើយ ម្យ៉ាងទៀតទីនេះជាតំបន់ភ្នំអាកាសធាតុគឺមិនសូវជាក្ដៅហួតហែងខ្លាំងដូចនៅតំបន់ខាងលិចឡើយបើទោះបីជាស្ថិតនៅក្នុងរដូវប្រាំងក៏ដោយ។
ប៉វិនដែលកំពុងតែគេងលក់មុននេះត្រូវភ្ញាក់ដោយសារសំឡេងទឹកភ្លៀងដែលស្រក់ចុះមកប៉ះត្រូវនឹងដំបូលផ្ទះឮខ្លាំងៗសឹងតែរហែកក្រដាសត្រចៀក គាត់សម្លឹងមើលទៅក្រៅបង្អួចក៏ឃើញសុទ្ធតែតំណក់ទឹកស្រក់មកមិនដាច់គ្រាប់ៗភ្លៀងធំហើយមេឃក៏ងងឹតសឹងតែដូចជាពេលយប់ទៅហើយ ប៉វិន ដកភ្នែកមកសម្លឹងមើលអ្នកដែលកំពុងតែគេងនៅក្នុងរង្វង់ដៃវិញ គាត់យកដៃទៅវាសសក់ដែលធ្លាក់មកពាសពេញមុខរបស់សៀវស៊ីងនោះទៅដាក់នៅពីក្រោយទងត្រចៀកតូចស្អាតតិចៗ គាត់លើកដៃយកភួយដែលធ្លាក់នៅត្រឹមចង្កេះតូចស្អាតនោះលើកមកដណ្ដប់ឱ្យដល់ត្រឹមករបស់អ្នកដែលកំពុងតែរួញខ្លួនចូលមករកគាត់ទៀតហើយ ហ៊ើយគិតៗទៅបើសិនជាមួយឆ្នាំៗមានតែរដូវរងាសុទ្ធមិនដឹងល្អយ៉ាងណាទេ គាត់នឹងត្រូវបានសៀវស៊ីងខិតមកជិត យកខ្លួនមកត្រដុសបែបនេះរហូតមិនបាច់ទៅដេញចាប់ឱបគេ។
ប៉វិន ជ្រួញចិញ្ចឹមតិចៗនៅពេលឃើញស្នាមក្រហមជាំដែលមានពេញទាំងកញ្ចឹងករបស់សៀវស៊ីង តើក្មេងនេះកើតស្អីទៀតហើយនឹង? មកជាំពេញអស់ទាំងក? គាត់មិនអស់ចិត្តក៏បើកភួយចេញពីរាងកាយល្វត់ល្វន់នោះទើបត្រូវភ្ញាក់បន្តិច ហើយមុខដែលក្រញ៉ូវចងចិញ្ចើមមុននោះក៏ប្រែមកជាញញឹមតិចៗយ៉ាងកំហូចវិញ មើលចុះខ្លួនរបស់សៀវស៊ីទាំងមូលគ្មានកន្លែងណាដែលមិនមានស្នាមជាំនោះទេ តាំងពីកញ្ចឹងករហូតដល់ឆ្អឹកដងកាំបិត រាលទៅដល់ក្រោយខ្នងរហូតដល់ពោះរាបស្មើស្អាតនោះ រហូតទៅដល់ភ្លៅស្រឡូនៗដូចជាមនុស្សស្រី អ្វីដែលធ្វើឱ្យលោកមេទ័ពកាន់តែញញឹមខ្លាំងជាងមុនទៀតរហូតដល់ត្រូវអស់សំណើចនឹងខ្លួនឯងនោះគឺថានៅលើប្រអប់ជើងរបស់សៀវស៊ីងទាំងសងខាងក៏មានស្នាមជាំដែរ គាត់ងើបអង្គុយហើយចាប់យកជើងតូចស្អាតទាំងពីរនោះមកដាក់លើបាតដៃនិងថើបវាថ្នមៗនៅលើស្នាមជាំនោះថ្នមៗ៖
«សូមទោស…ធ្វើឱ្យខ្លួន…អូនជាំទៀតហើយ» ថើបរួចគាត់ក៏ត្រឡប់មកគេងឱបសៀវស៊ីងវិញជាប់នឹងដើមទ្រូង បេះដូងរបស់លោកមេទ័ពពេលនេះវាកក់ក្ដៅ វាពោរពេញទៅដោយសេចក្ដីស្រលាញ់ដ៏សែនលើសលុបមិនអាចបរិយាយបាន គាត់ស្រឡាញ់អ្នកនៅក្នុងរង្វង់ដៃនេះខ្លាំងណាស់ ស្រលាញ់រហូតដល់ថ្នាក់អាចប្រគល់ជីវិតរបស់គាត់ឱ្យទៅគេបានប្រសិនបើគេហាមាត់សុំតែមួយម៉ាត់ លោកមេទ័ពញញឹមសឹងរហែកមាត់ព្រមទាំងឱបរឹតសៀវស៊ីងនៅក្នុងរង្វង់ដៃខ្លាំងៗ ខ្លាំងដល់ថ្នាក់អ្នកដែលគេងលក់ស្កប់មុននេះភ្ញាក់។
«មានការអីឬលោកមេទ័ព?» សៀវស៊ីងសួរទាំងមិនបើកភ្នែកព្រមទាំងស្រវាឱបលោកមេទ័ពវិញណែនដៃដូចគ្នា មួយរយៈនេះគេហត់ក្នុងការមើលថែលោកមេទ័ពផង ហត់ក្នុងការធ្វើដំណើរផងទើបបានជាគេងទ្រមក់បែបនេះទៅ។
«គ្មានទេ» ប៉វិនឆ្លើយព្រមទាំងថើបក្បាលរបស់សៀវស៊ីងថ្នមៗផង។
«ហឺមម»
«សៀវស៊ីង»ពេលឃើញអ្នកម្ខាងទៀតស្ងាត់គាត់ក៏ហៅឈ្មោះរបស់គេព្រមទាំងសម្លឹងមើលទៅតំណក់ទឹកភ្នៀងដែលកំពុងតែស្រក់នៅក្រៅបង្អួចផង។
«បាទ!» សំឡេងរបស់សៀវស៊ីងក្ងួរៗព្រោះគេមិនទាន់ចង់ក្រោក ហើយបើចង់ក្រោកក៏ក្រោកមិនរួចដែរព្រោះពេលនេះអស់កម្លាំងណាស់ ត្របកភ្នែកក៏ធ្ងន់សឹងតែបើកមិនរួចទៅហើយ។
«ដឹងទេថាហេតុអ្វីបានជាយើងដាក់ឈ្មោះឯងថាសៀវស៊ីង?»
«មិនដឹងទេ» បើមិនដឹងមែនឱ្យឆ្លើយថាម៉េចចុះ?អ្នកណាដឹងថាហេតុអ្វីនោះ? អ្នកណាទៅអង្គុយក្នុងចិត្តរបស់គាត់ទៅចេះមកសួរសំណួរអីប្លែកៗបែបនេះទៅកើត។
«ព្រោះភ្នែករបស់ឯងមានពន្លឺប្រៀបដូចជាផ្កាយនៅលើមេឃអ៊ីចឹង»
គាត់ចាប់ចង្ការរបស់សៀវស៊ីងឱ្យងើយមកសម្លឹងមុខរបស់គាត់តិចៗ ឯអ្នកដែលកំពុងតែបិទភ្នែកគេងហើយនោះក៏បើកភ្នែកឡើង បង្ហាញនូវកែវភ្នែកស្អាតមានពន្លឺព្រិចៗដែលអាចឆក់យកបេះដូងរឹងមាំរបស់លោកមេទ័ពបានត្រឹមតែវិនាទីដំបូងដែលគាត់ក្រឡេកភ្នែកទៅចំកែវភ្នែកមួយគូរនេះ លោកមេទ័ពឱនមុខយឺតៗសំដៅទៅកាន់បបូរមាត់ស្អាតរបស់សៀវស៊ីង តែគេក៏គេចមុខចេញព្រមទាំងសួរមកកាន់លោកមេទ័ពវិញ៖
«លោកមេទ័ពមិនឃ្លានទេមែនទេ?» គឺថាម៉ោងមួយថ្ងៃទៅហើយ ពួកគេមិនទាន់បានអាហារពេលថ្ងៃនៅឡើយទេ
«ឃ្លាន» ចម្លើយមួយមាត់ខ្លីៗរបស់លោកមេទ័ពធ្វើឱ្យអ្នកដែលមានទឹកមុខភ័យៗមុននេះញញឹមឡើងស្រស់វិញ ធ្វើឱ្យកែវភ្នែកដែលមានពន្លឺស្រាប់ហើយនោះកាន់តែស្អាតថែមទៀតមួយកម្រិត ប៉ុន្តែចម្លើយបន្ទាប់របស់លោកមេទ័ពបែជាធ្វើឱ្យគេរមួលពោះ បាត់អស់ស្នាមញញឹម៖
«ឃ្លានអូន!»
ដំណក់ទឹកភ្លៀងស្រក់មកមិនដាច់សូរហាក់ដូចជាសំឡេងផាវដែលបន្លឺឡើងនៅពេលរៀបអាពារហ៍ពិពារហ៍បែបនេះដែរ ស្នេហាមួយគូរនេះគឺវាវិសេសវិសាលពេកហើយ ពួកគេប្រៀបដូចជាគូនិស្ស័យពីអតីតជាតិដែលលោកចៅមហាចារមកថាត្រូវតែបានគ្នាជាគូជីវិតបែបនោះឯង មើលចុះលោកមេទ័ពដ៏អស្ចារ្យម្នាក់នៅក្នុងសមរភូមិ គាត់គឺជាអធិរាជនៃសង្គ្រាម មិនមានមួយលើកណាដែលប៉វិនទទួលបរាជ័យនៅក្នុងទីលានប្រយុទ្ធឡើយ អ្នកដែលមានស្នៀតដាវរហ័សដូចរន្ទះ មានកេរ្ដិ៍ឈ្មោះល្បីសុះសាយ ខ្លាំងពូកែ អស្ចារ្យរហូតដល់ថ្នាក់ព្រះរាជាលើកបុត្រីឱ្យ តែគាត់បែរជាបោះបង់របស់អស់នោះចោលដោយមិនស្ដាយស្រណោះ មិនអាឡោះអាល័យ ព្រោះតែក្មេងដែលមកពីភូមិភាគខាងលិចម្នាក់ ក្មេងដែលគ្មានអ្វីសោះ ជាក្មេងដែលរសាត់អណ្ដែតតាមយថាកម្ម ហាក់ដូចជាផ្កាយព្រះគ្រោះដែលរសាត់ផ្លាស់ទីគ្មានទិសដៅជុំវិញផែនដី។
សំណួរដដែលៗសួរថា តើដើម្បីមនុស្សដែលខ្លួនស្រលាញ់យើងហ៊ានលះបង់អ្វីខ្លះទៅ? តើយើងហ៊ានលះបង់កិត្តិយស កេរ្ដិ៍ឈ្មោះ ព្រោះតែមនុស្សដែលយើងស្រលាញ់ដូច ប៉វិន លះបង់គ្រប់យ៉ាងព្រោះសៀវស៊ីងដែរទេ? ដៃដែលធ្លាប់តែកាន់ដាវ កាប់សត្រូវការពារជាតិ ពេលនេះក៏ត្រូវប្តូរមកកាន់ចប កាន់បង្គីរធ្វើស្រែ សម្លាប់ដង្កូវនិងសត្វចង្រៃយ៍ផ្សេងៗដើម្បីតែចិញ្ចឹមជីវិតទៅវិញ ដៃដែលធ្លាប់តែចាប់បង្ហៀរសេះក៏ត្រូវប្តូរមកចាប់ធុងដងទឹកដើម្បីស្រោចបន្លែវិញ តែទោះជាយ៉ាងណាក៏ប៉វិននៅតែញញឹម ញញឹមសឹងរាល់ថ្ងៃ គាត់សប្បាយចិត្តជាងច្បាំងឈ្នះសត្រូវមួយនគរទៅទៀតនៅពេលត្រឹមឃើញសៀវស៊ីងញញឹមពេលគេឃើញត្រសក់ចេញផ្លែ សំឡេងសើចដែលយើងកម្រឮរបស់លោកមេទ័ពពេលនេះក៏ឮសឹងតែរាល់ថ្ងៃព្រោះតែក្មេងម្នាក់នេះ។ តើការលះបង់របស់គាត់សមនឹងតម្លៃដែរទេ?

ភាគបញ្ចប់