វគ្គ របួសជ្រៅ
យប់នោះ ខ្ញុំមកដល់ផ្ទះវិញ ដោយព្យាយាមទាក់ទងទៅបងTN ជាច្រើនដង ដើម្បីសម្រេចចិត្តថា តើគេបានធ្វើខុសចំពោះខ្ញុំដូចដែលគ្រប់គ្នានិយាយមែនឬក៏យ៉ាងណា។ រឿងរៀបការដែលមាសមន្តាបានផ្ញើសារមកបងរាហ៊ូពិតឬមិនពិត?
ទីបំផុតទៅ បន្ទាប់ពីបានទាក់ទងគេមិនចូលច្រើនដង ខ្ញុំក៏សម្រេចចិត្តផ្ញើសារចោលនៅនឹងគេ។
«បងឯងបាត់ទៅណាមនុស្សកំសាក? បង្ហាញខ្លួនជាមួយមនុស្សស្រីម្នាក់នោះហើយ ស្មានថា ចប់បានជាមួយខ្ញុំងាយៗអ៊ីចឹង? ខ្ញុំត្រូវការដឹងថា មានស្អីកើតឡើងរវាងយើង? បើសិនជាអ្វីៗគ្រប់យ៉ាង មិនមែនជាការពិត ខ្ញុំមិនចង់ចាំដល់ស្អែកខាតពេលទេ ហើយបើបងឯងមិនមែនមនុស្សពួនក្នុងស្នូក ត្រូវប្រាប់ខ្ញុំមក ដើម្បីយើងបានកាត់ផ្ដាច់ចេញពីគ្នាជ្រះស្រឡះ!»
ប្រហែលជាម៉ោង១២យប់ ខ្ញុំបានឃើញគេSeen ប៉ុន្តែគ្មានការឆ្លើយតបទេ។ ក្រៅពីរសេះរសោះ អស់ដៃអស់ជើង និងចិត្តដែលពុះកញ្ជ្រោលទៅដោយភាពច្របូកច្របល់ចម្ងល់គ្មានចម្លើយ ខ្ញុំចាប់ផ្តើមសរសេរទៅទៀត
«បើនៅតែមិននិយាយស្តីច្បាស់លាស់ ប្រយ័ត្នថាខ្ញុំមិនបានប្រាប់! ខ្ញុំមិនមែនឯកម៉ាលីគ និងពួកក្មេងបៀមដៃផ្សេងទៀត ដែលខ្លួនឯងធ្លាប់លេងល្បិចលើបានហ្នឹងទេ»
មិននឹកស្មានថា ព្រលឹមមិនទាន់ផងគេឈែតមក។
«បងចាំនៅកាច់ជ្រុងផ្លូវ ជិតហាងកាហ្វេណា៎ជេមស៍!»
ខ្ញុំផ្តើមស្លៀកពាក់កីឡាដូចរាល់ដងហើយចាកចេញទៅកន្លែងណាត់។ គេដឹងអំពីសន្ទុះចិត្តសៅហ្មងរបស់ខ្ញុំហើយបានជាមិនហ៊ានមកដល់មុខផ្ទះខ្ញុំ ប្រហែលខ្លាចផ្អើលដឹងដល់អ្នកផង។
ខ្ញុំដើរមួយៗដោយមុខស្មើ។
គេចុះពីឡានមក បានន័យថាគេនឹងមិនដឹកខ្ញុំចេញទៅណាទេ។
ពីប្រលោះកញ្ចក់ ខ្ញុំឃើញមនុស្សម្នាក់ទៀតក្នុងឡានគេ។
ម៉ោងមិនទាន់៦ស្រួលបួលផងគេដឹកស្រីមក? ពួកគេយប់មិញនៅជាមួយគ្នា? គេដឹកស្រី High Show មកចួបខ្ញុំ គេចង់បញ្ជាក់អ្វីជាមួយនាង?
ចិត្តខ្ញុំអួលណាស់!
ខ្ញុំសម្លក់ប្រុសព្រាននេះសឹងស្រក់ឈាម ដោយឈប់ជើងលើសួនច្បាររង់ចាំគេដើរមកខ្ញុំមិនចង់ចូលទៅកៀកឡានស្រីរបស់គេទេ។
«បងមិនបានសន្យាអ្វីជាមួយយើងទេ ជេមស៍! រឿងដែលបានកើតឡើង គឺជាការស្ម័គ្រចិត្តទាំងសងខាង បងមានបានបង្ខំអត់? អ្នកណាកំសាក? ដាច់គ្នាអី? យើងចងគ្នាជាប់ពីអង្កាល់?»
នេះជាពាក្យដំបូងដែលគេនិយាយខ្សឹបៗមករកខ្ញុំនៅលើសួនច្បារ។
លើលោកនេះមានមនុស្សដែលមើលពីក្រៅទៅ ស័ក្តិសមឥតទាស់ដូចគាត់ហើយ ទីបំផុតបន្ទាប់ពីពាក្យផ្អែមល្ហែម ការប្រៀនប្រដៅ ការផ្តល់គំនិតជឿជាក់លើគ្នា គាត់បាត់ទៅស្រពេចស្រពិល ហើយពេលនេះដឹកស្រីមកដល់ទាំងព្រលឹម គឺដើម្បីមកប្រាប់ខ្ញុំពាក្យអស់នេះ។
«ព្រោះបងឯងជិតរៀបការ យកប្រពន្ធOfficial តោងកាលីបគេ បានជាមកនិយាយធ្វើអត់ដឹងអីដាក់ខ្ញុំ!»
គេសម្លឹងខ្ញុំមុតណាស់ គឺពាក្យខ្ញុំធ្ងន់ៗ ខ្ញុំដឹង ហើយក៏ប្រហែលមកពីនេះជាលើកដំបូងហើយដែលខ្ញុំមានប្រតិកម្មមាំៗ និងឆ្លើយបែបនេះទៅកាន់គេ។
«ប្រាប់ខ្ញុំមក ថាអ្វីៗកន្លងមកខ្ញុំគិតវាតែម្នាក់ឯងទេ បងឯងជាមនុស្សបោកៗៗៗៗ បោកគេឡើងគេដឹងពេញសាលាហើយ មានតែខ្ញុំទេ ដែលមិនដឹងស្អីចូលអន្ទាក់ស្អុយគម្រក់របស់បងឯង!»
ឮខ្ញុំនិយាយបែបនេះ ទៅកាន់គេខណៈពេលដែលទឹកភ្នែកខ្ញុំស្រក់ចុះច្រោកៗ។ ខ្ញុំយំហើយ គឺយំដោយគ្មានព្រាងទុកទេ ខ្ញុំខឹងខ្លួនឯងណាស់ ហេតុអីត្រូវយំនៅនឹងមុខមនុស្សធុននេះ។
«កុំដ្រាម៉ាជាមួយបង អ្វីដែលបងឱ្យជេមស៍គឺឱ្យចេញពីបេះដូង តែបងមិនសន្យាអ្វីលើសពីនោះទេ ប្រសិនបើជេមស៍នៅតែចង់ចួបបង យើងនៅតែរកឱកាសជួបគ្នាបន្តទៅទៀតបាន! ធ្វើខ្លួនឱ្យឆ្លាតបន្តិចបានទេ?!»
គេចង់និយាយមានន័យថាម៉េច?
ខ្ញុំលើកដៃជូតទឹកភ្នែក ហើយគិតទាំងស្លឺសម្លឹងមុខមនុស្សនេះ។ គេចង់និយាយថា គេស្រឡាញ់ស្រីក៏បានប្រុសក៏បាន ហើយគេនឹងចេញមុខអង្គុយដូចទីងមោងចាំចាប នៅក្នុងវីដេអូជាមួយកូនស្រីអ្នកមានម្នាក់នោះ ឬក្នុងរោងការជាមួយនាង ហើយឱ្យខ្ញុំនេះបន្តលួចលាក់ជួបគ្នាជាមួយគេ ផ្លាស់ប្តូរខ្លួនប្រាណជាមួយគេ? គេគិតថា ខ្ញុំយកគេជាគ្រឿងតណ្ហាហើយអ៊ីចឹងនេះ?
«ខ្ញុំមើលមនុស្សច្រឡំ!» ខ្ញុំរអ៊ូដោយឈឺចាប់ហើយសម្លក់គេ មុនពេលបែរខ្នងចាកចេញ។
«ខ្ញុំអរគុណគ្រប់យ៉ាង អរគុណមនុស្សបោកប្រាស់»
ខ្ញុំឆ្លៀតថាឱ្យគេចុងក្រោយ ដឹងអីគេតមកវិញ៖
«កុំប្រើសម្តីធ្ងន់ៗដាក់បង! ប្រយ័ត្នស្ដាយក្រោយ!»
ខ្ញុំមិនចង់ឈប់ជើងទេ តែខ្ញុំចង់ប្រាប់ថា ខ្ញុំស្ដាយក្រោយរួចទៅហើយ គ្មានអីស្តាយក្រោយលើសពីបានស្គាល់មនុស្សចោលម្សៀតកំសាកញីធុននេះទៀតនោះទេ។
មិនទាន់បាននិយាយអីផង ខ្ញុំមើលហួសពីកន្លែងទេពណារ៉ាឈរ គឺឥស្សរាចរិយាឈានចេញមកក្រពាត់ដៃផ្អែកឡានទំនើបជាមួយឈុតដេកប្រេនៗតម្លៃរាប់ពាន់ដុល្លាររបស់នាង។
ការឈឺចាប់ពុះកញ្ជ្រោលក្នុងទ្រូងមួយនេះ។
មិនដឹងសង្សារចោលម្សៀតរបស់ខ្ញុំ ប្រាប់ស្រីម្នាក់នោះថា ខ្ញុំជាស្អីឱ្យប្រាកដនោះទេ ប៉ុន្តែពាក្យពេចន៍ផ្អែមល្ហែមទាំងអស់ដែលគេបានបញ្ចេញមកយកស្នេហាពីខ្ញុំទៅ ប្រហែលគេក៏ប្រើវាទៅលើនាងដូចគ្នា។
ដោយកំហឹង ខ្ញុំងាកមកលេងគេធ្ងន់ៗចំៗទាំងខាំមាត់ស្ទើរដាច់៖
«ស៊ីមចិនសោះ ទៅបោកបានព្រះនាងមកទៀតហ្ន៎? គេដឹងការពិតដែរអត់ថា ប្រុសម្នាក់នេះស៊ីម២? ខ្ញុំគួរប្រាប់គេឱ្យភ្លឺភ្នែកខ្លះដែរអត់ កុំឱ្យពូកែអួតយក Like និង Shareពេក?!»
«កុំឱ្យសោះ!!»
ប្រុសស្អាតឈានមកឃាត់ខ្ញុំ រហ័សដូចផ្លេកបន្ទោរ គឺឃាត់ក្នុងសំឡេងខ្សឹប ដែលធ្វើឱ្យខ្ញុំកាន់តែគ្រឺតនិងចង់ធ្វើ។
ខ្ញុំខាំមាត់និយាយដោយឈឺចាប់៖
«ប្រយ័ត្នខ្លួន! កុំនិយាយមើលងាយខ្ញុំមុខមនុស្ស High Show ហ្នឹងប្រយ័ត្ន!»
ដឹងអីស្រាប់តែម៉ោងប្រាំបីព្រឹកមិនទាន់ នាងឥស្សរាបានសរសេរនៅលើWallថា «យើងជិតរៀបការហើយ! នេះជាដំណឹងទៅកាន់អ្នកហែហម តាមយកចិត្ត តាមសង្ឃឹមទាំងហ្វូងទាំងពួង! ល្ងាចមិញដល់ព្រឹកនេះ ឃើញថា ទេពណារ៉ា ដោះស្រាយសម្អាតធូលី ភក់ ចេញពីជីវិតបានអស់សឹងថាទាំងស្រុងដែរ! រីករាយព្រឹកព្រលឹមថ្ងៃល្អណ៎ាហ្វេន!»
ចេតនាធ្វើបែបនេះធ្វើអ្វី ?
ខ្ញុំខាំមាត់!
ធូលី ភក់? តើមានមនុស្សប៉ុន្មាននាក់ ដែលត្រូវរងព្រនុងនាងទាំងព្រឹកស្មើរបួសខ្ញុំក្នុងពេលនេះ? រឿងរបស់ខ្ញុំ ការចាញ់បោកបញ្ឆោតរបស់ខ្ញុំលើកនេះជាមួយទេពណារ៉ា ដ្បិតតែវាជាស្នេហាមួយដែលមានតែម្ខាង ហើយខ្ញុំទុកថាជាបទពិសោធបាន តែហេតុអ្វីចង់ឱ្យខ្ញុំឈឺបន្ថែម?
ព្រឹកមិញចេញពីមនុស្សចង្រៃទៅ ខ្ញុំនៅប្រឹងរត់តាមផ្លូវហាត់ប្រាណដូចរាល់ដង ដោយទុកថា ជាការសមាធិចិត្ត។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងធ្វើឱ្យបាន ខ្ញុំនឹងបំភ្លេចស្នេហាមួយនេះចោល ដូចពាក្យសន្យានៅនឹងមុខបងរាហ៊ូ ព្រោះវាមិនមែនជាស្នេហាទេ។
គេថាស្នេហាដំបូងពិបាកបំភ្លេច ប៉ុន្តែបើខ្ញុំមានឋានៈត្រឹមជាកូនអុកមួយ នេះមិនមែនជាស្នេហាឡើយ ដូច្នេះខ្ញុំត្រូវតែបំភ្លេចវាត្រឹមសែសិបប្រាំបីម៉ោង ឱ្យដូចប៉ូលិសដែលបំបែកក្ដីព្រហ្មទណ្ឌមិនឱ្យលើសពីរយៈពេលពីរថ្ងៃឡើយ
ហេតុអ្វីមនុស្សម្នាក់ទៀតនោះនៅតែមិនបញ្ឈប់?
តាំងពីពេលណាទៅដែលជីវិតរបស់ខ្ញុំ ត្រូវមកពាក់ព័ន្ធនឹងទេពណារ៉ា ហើយឥឡូវនេះខ្ញុំត្រូវសៅហ្មងមកពាក់ព័ន្ធជាមួយមនុស្សស្រីម្នាក់ឈ្មោះឥស្សរា ចរិយាស្អីនោះទៀត?
ហើយនេះជាការសម្រេចចិត្តរបស់ខ្ញុំបន្ទាប់ពីសៅហ្មងមិនលេបបាយទឹកមួយព្រឹកធំ….
«ឯងកំសាកដែរអត់?»
ខ្ញុំសួរម៉ាលីគ ពីក្រោយខ្នងពេលរកគេឃើញ កំពុងតែឈរមើលប្រុសៗវាយបាល់បោះ។ ឯកម៉ាលីគម្នាក់នេះ ងាកមកវិញដោយកែវភ្នែកខូចចិត្តរបស់គេនៅតែមានពណ៌ស្រអាប់ ស្រិម ក្រៀមស្រពោនដដែលជាដដែល។
គ្រប់យ៉ាងលើផ្ទៃមុខគេ ឆ្លុះបញ្ចាំងអំពីសភាពរបស់ខ្ញុំនៅពេលនេះដែរ។ ខ្ញុំមិនបានឆ្លុះកញ្ចក់ឡើយ ពីរនាក់យើងគឺជាខ្ទើយដ៏ល្ងង់ខ្លៅបំផុតដែលត្រូវបានមនុស្សប្រុសតែម្នាក់បោកប្រាស់ក្នុងសភាពដូចគ្នា គឺលេងសេណារីយ៉ូចាស់ ព្រួញមួយទម្លុះសត្វពីរ។
«ពាក្យមិញនេះសួរខ្ញុំម្ដងទៀតមើល៍» គេនិយាយទាំងមុខស្ងួត។
ខ្ញុំផ្ទួនវិញ៖
«សួរថា ឯងកំសាកដែរអត់? បើអត់ទេ នាំខ្ញុំទៅជួបអាចង្រៃម្នាក់នោះ!»
«អាចង្រៃណា? ខ្ញុំដែលស្គាល់ទេ?»
«គឺអាចង្រៃម្នាក់ ដែលឯងបានស្រឡាញ់ ហើយខ្ញុំក៏ធ្លាប់ស្រឡាញ់គេ!»
«ឈប់ស្រឡាញ់គេហើយ?»
ឯកម៉ាលីគសួរហាក់ឌឺដង។
ខ្ញុំនៅស្ងៀមក្ដាប់ដៃទាំងសងខាង ជាមួយទឹកមុខស្មើ។
«ខ្ញុំមិនហ៊ានជូនឯងទៅទេ!» ម៉ាលីគនេះឌឺ៩។
«ហេតុអី?!»
«ព្រោះខ្ញុំកំសាកណាស់ ដូចសំណួរឯងសួរខ្ញុំអ៊ីចឹង!»
«ខ្ញុំទាយអីចេះខុស!»
«ត្រូវហើយ ដល់ពេលត្រូវធ្វើគ្រូទាយហើយ! រៀនបានពីជីវិតធ្ងន់ក្រែលហើយតើ!»
«អត់បានការទេនិយាយជាមួយឯង! រោគចិត្ត! ឯងនៅគិតម្នាក់នោះច្បាស់ណាស់»
ខ្ញុំបែរក្រោយចាកចេញពីមនុស្សឌឺខុសកាលៈទេសៈនេះ ស្រាប់តែគេរត់មកតាមខ្ញុំត្រឹកៗ។
«ខ្ញុំខ្លាចឯងជាប់គុក មិនមែនខ្ញុំគិតទេពណារ៉ានោះទេ!»
សភាពដែលគេហៅឈ្មោះទេពណារ៉ា បានបញ្ជាក់ថា គេមិននៅស្រឡាញ់បងTN ទៀតនោះទេ។ ខ្ញុំជឿថា គេក៏ឆ្អែតនឹងប្រុសស្អាតដូចខ្ញុំ ពិសេសឆ្អែតនឹងសំណេរឥស្សរាចរិយាដែរ អ៊ីចឹងហើយភ័យខ្លាចខ្ញុំនេះមិនចង់បកអាក្រាតទេពណារ៉ា បែរជាប្រើហិង្សាប្រទុស្តរាយគេ នាំជាប់ពិរុទ្ធ។
«កុំភ័យ! យើងគ្រាន់តែចង់បកស្បែក គឺបកអាក្រាតវា កុំឱ្យធ្វើបាបអ្នកណាផ្សេង គឺក្មេងៗជាន់ក្រោយទៀតបាន! បើឥឡូវ នៅទាន់ពេល!»
«ពិសេស ឯងចង់បកអាក្រាតគេនៅចំពោះមុខមនុស្សស្រីម្នាក់នោះដែរអត់?»
នឹកដល់នាងHigh show ដែលមកដល់សួនបុរីក្បែរផ្ទះខ្ញុំ ឈរក្រពាត់ដៃ សប្បាយលើគំនរទុក្ខខ្ញុំ ខ្ញុំចត់ទឹកមាត់ណាស់។ សភាពគុំកួនដែលលេចចេញតាមកែវភ្នែកខ្ញុំ ឯកម៉ាលីគគួរតែកាត់យល់ហើយ។
«ជូនខ្ញុំទៅអត់ មនុស្សឯងតាប៉ែណាស់ មិននិយាយឱ្យម៉ាត់ៗមក!» ខ្ញុំសង្ខុញខណៈគេនេះដើរត្រុនៗមកទន្ទឹមខ្ញុំ។
ខ្ញុំបន្ថែម៖
«តែបើថា ឯងមិនហ៊ានទេ ខ្ញុំចាត់ទុកថា ឯងមកធ្វើគ្រប់យ៉ាងកន្លងមកនេះ ព្រោះតែឯងសង្ឃឹមឱ្យខ្ញុំបែកពីគេ ដើម្បីគេវិលមករកឯងវិញ!!»
ឯកម៉ាលីគតវ៉ា៖
«ខ្ញុំមិនមែនមនុស្សឆ្កួតទេ! ខ្ញុំធ្លាប់ឆ្កួតព្រោះសេចក្ដីស្រឡាញ់ តែខ្ញុំមិនមែនឆ្កួតដល់ថ្នាក់មិនចេះគិតនោះទេ ភក្ត្រា! ខ្ញុំស៊ើបមើលសិនថាគេនៅឯណា!»
គេឱនចុចទូរសព្ទ ឯខ្ញុំដកថយទាំងកំហឹងទៅអង្គុយតែម្នាក់ឯងមើលអ្នកដទៃលេងបាល់បោះ។ ក្នុងអារម្មណ៍របស់ខ្ញុំ តើអ្វីទៅដែលជាការពិតក្នុងពេលនេះ?
ច្បាស់ណាស់ហើយ រាល់សម្ដីរបស់ម៉ាលីគ និងបងរាហ៊ូបានក្លាយជាការពិត ចំណែកមនុស្សស្រីម្នាក់នោះ បានបង្អួតនូវសុភមង្គលរបស់នាងនៅលើបណ្ដាញសង្គមហើយឌឺមកខ្ញុំកប់ៗ មើលងាយខ្ញុំ ជាន់ឈ្លីចិត្តស្នេហាបរិសុទ្ធរបស់ខ្ញុំ។
នាងគឺជាប្រភេទមនុស្សស្រីសម្ញែងភ្លើតភ្លើន សមឥតទាស់ទៅហើយនឹងប្រុសក្លែងក្លាយដែលល្មោភបុណ្យស័ក្តិ។
មនុស្សចិត្តស្រើបស្រាលលើរូបភាពខាងក្រៅ ដូចពីរនាក់គេស័ក្ដិសមហើយនឹងរៀបការជាមួយគ្នា ពិសេសនាងនឹងសប្បាយចិត្តក្រោយពេលដឹងថា បុរសម្នាក់ដែលនោក្បែរនាងលើគ្រែជាមួយនាង នឹងទៅលួចរួមភេទជាមួយប្រុសៗជាច្រើនទៀត នៅក្រោមចំណងអាពាហ៍ពិពាហ៍ យសស័ក្តិនេះ។
ហោចណាស់រាប់ថា គឺជាភ័ព្វវាសនារបស់នាង ដែលខ្ញុំមិនអាណិតនោះទេ។
ប៉ុន្តែអ្វីមួយដែលខ្ញុំនៅតែឃ្លេងឃ្លោងថា តើទេពណារ៉ាក្រៅពីបុណ្យស័ក្ដិ តែគេជាអ្នកណាទៅ
«កុំគិតផ្តេសផ្តាសជាមួយឥស្សរាចរិយា គេនៅតែគេទេ ចិត្តស្រឡាញ់ពិតប្រាកដ បងមានតែចំពោះជេសម៍!»
នេះជាសារផ្ញើមកតែAccount ផ្សេង មិនមែនរបស់គេទេ។
ខ្ញុំអានចប់កាលណារេភ្នែកសម្លឹង ភ្លាមនោះខ្ញុំឃើញគេនៅជាន់ទីពីរ។
ទេពណារ៉ាតាមដានខ្ញុំមិនដឹងតាំងពីពេលណាមកទេ ប្រហែលគេឃើញសូម្បីតែពេលខ្ញុំនិយាយគ្នាជាមួយឯកម៉ាលីគ។
ខ្ញុំសម្លឹងទៅគេត្លែរ គេដកថយទៅបាំងបាត់ក្នុងអាគារសិក្សា ទាំងដៃខ្ញុំនៅស្កុបកាន់សាររបស់គេមិនទាន់បិទ។
ភ័យខ្លួន?
គេឃើញនាងសរសេរលេងខ្ញុំកប់ៗ ខ្លាចខ្ញុំខឹង?
ស្រាប់តែលើកនេះ គេមិនមែនផ្ញើសារមកទេ ប៉ុន្តែខលមកតាមMessenger ខ្ញុំនៅទ្រឹងដូចមនុស្សគ្មានវិញ្ញាណមុនពេលលើកសន្សឹមៗមកស្តាប់។ សំឡេងមនុស្សដែលខ្ញុំស្រឡាញ់ លាន់មកស្រាលៗ៖
«បងមានហេតុផលរបស់បង! ដែលចាំបាច់ត្រូវធ្វើព្រោះគ្រួសារ! បងមិនអាចគេចវេះបាន តែបេះដូងមួយនេះ បងទុកតែសម្រាប់ជេមស៍ម្នាក់គត់! បងគេងមិនលក់ ញ៉ាំមិនឆ្ងាញ់ទេ! បងកើតទុក្ខណាស់! រឿងព្រឹកមិញនៅសួន បងនិយាយទាំងនោះ មិនមែនជាបងទេ! គេតាមដាន គេតាមមក ព្រោះគេប្រចណ្ឌជាមួយជេមស៍! ព្រោះនៅជិតបង គេដឹងថា បងស្រឡាញ់ជេមស៍ប៉ុនណា? មនុស្សស្រឡាញ់គ្នាត្រូវចេះអត់ធន់! បងស្រឡាញ់តែជេមស៍ម្នាក់គត់!»
បេះដូងខ្ញុំច្របូកច្របល់រវាងការខឹងស្អប់ និងការស្រលាញទន់ខ្សោយជ្រាយល្វក់។ ជាមួយភាពរលីងរលោង ខ្ញុំរេរំពៃរកមើលគេមិនឃើញទេ ម្ល៉ោះហើយខ្ញុំខ្ទប់ទូរសព្ទដើរទៅជ្រុងស្ងាត់ហើយនិយាយទាំងយំ៖
«មនុស្សកុហក!»
«បងកុហកមិនកុហក កុំមើលដោយភ្នែក សូមជេមស៍គិតដោយបេះដូងណ៎ា! គិតឡើងវិញ! យើងទាំងពីរមានមកជាមួយគ្នា ដោយរបៀបណា! មនុស្សស្រីម្នាក់នោះសមនឹងឱ្យអ្នកណាស្រឡាញ់ទៅ? មើលគេធ្វើដាក់ជេមស៍របស់បងចុះ! បងឈឺចាប់ណាស់ ការឈឺចាប់នេះបងទទួលលើសពីជេមស៍ទ្វេដង!»
«បងឯងអ្នកបោះបង់ខ្ញុំចោល! ថ្ងៃនោះ បងឯងឮតែខលគេមួយ ក៏ចេញពីអាផាតមិនចោលខ្ញុំ!»
ខ្ញុំខាំមាត់និយាយដោយទឹកភ្នែកស្រក់ស្រោចដូចភ្លៀងរលឹម ស្រាប់តែប្រុសស្អាតរបស់ខ្ញុំឆ្លើយមកវិញក្ងួរៗ ស្អកស្អា ធ្វើដូចជាគេកំពុងតែកើតទុក្ខខ្លាំង៖
«ដែលបងចាកចោល មិនមែនជេមស៍ទេ គឺបងចាកចោលបេះដូងបងនៅទីនោះ! ថ្ងៃនោះបងកាត់បេះដូងបងចោល ឱ្យនៅជាមួយជេមស៍! បងជាសាកសពដែលគ្មានវិញ្ញាណនោះទេ! បងស្លាប់ហើយ តាំងពីថ្ងៃដែលបងត្រូវបង្ខំឱ្យស្រឡាញ់ស្រី រៀបការនឹងមនុស្សស្រី!»
ខ្ញុំយំទ្រហោនិមិត្តឮពាក្យអស់ទាំងនេះ។ ខ្ញុំចង់ផ្តាច់ការនិយាយនេះចោលណាស់ តែ…តែនៅឡើយភាពខ្លោចផ្សាដ៏ជ្រៅនិងជាលើកដំបូងមួយ ដែលកំពុងតែចាំញិចក្នុងទ្រូងរបស់ខ្ញុំព្រោះ ខ្ញុំនៅមិនទាន់ដាច់អាល័យមែន! គឺខ្ញុំនឹកគេដដែល។
ខ្ញុំនឹកដល់បណ្ដាស្នាមថើប ដែលគេបានផ្ដិតមកលើរាងកាយរបស់ខ្ញុំ ពាក្យល្អៗ និងកែវភ្នែកស្រពោននានារបស់គេ។ ខ្ញុំនៅតែមិនជឿរហូតដល់ពេលនេះ ថាគេមិនបានស្រឡាញ់ខ្ញុំ។ ខ្ញុំមិនអស់ចិត្តទេ។ ពិតជាមិនអស់ចិត្តមែន។
ខ្ញុំដៀងភ្នែកសម្លឹងទៅឯកម៉ាលីគដែលកំពុងតែនិយាយទូរសព្ទ។
«ចុះឯកម៉ាលីគ?»
ខ្ញុំសួរដោយឈឺចាប់តែខ្ញុំចង់បានចម្លើយពិតពីគេ។
«គេជាអតីតកាល! បងធ្លាប់ស្រឡាញ់គេ តែក្រោយពេលបានជួបជេមស៍ បងមិនដែលមានចិត្តជាមួយអ្នកណាទាំងអស់! គេនិយាយអីក៏ដោយក៏កុំជឿគេ គេមានបញ្ហាចិត្តបងអាណិតគេ! គេមានប៉ាចុង ហើយគេមានបងប្រុសវាយតប់គេ បងស្រីគេវិញលែងលះ ផ្ទះគេរញ៉េរញ៉ៃ ព្រោះអាណិត! បងនៅជាមួយគេព្រោះអាណិត តែចុងក្រោយវានៅតែមិនមែនជាស្នេហា! ឃើញហើយ គេចម្លែកៗ អ្នកណាទ្រាំជាមួយគេបានដូចបង?»
មើលយ៉ាងណា ក៏ឯកម៉ាលីគស្មោះត្រង់ជាបងTN ដដែលសម្រាប់ខ្ញុំ។ ទោះបេះដូងខ្ញុំកំពុងប្រឡាក់ប្រលូសជាមួយគេក៏មិនមែនមានន័យថា ខ្ញុំគ្មានវិចារណញាណមកពិចារណាខ្មៅស អាក្រក់ល្អទេ។
«បងឯងនិយាយអាក្រក់ពីវា ទាំងដែលវានៅស្រឡាញ់បងឯងខ្លាំងអីចឹង? ចុះចំណែកខ្ញុំ! បងឯងថាខ្ញុំជាដី ជាភក់ ជាសម្រាមអីខ្លះនៅមុខស្រីបងឯង!»
«ស្គាល់បងយូរហើយ ដែលឮបងនិយាយអាក្រក់ពីអ្នកណាអត់ជេមស៍? បងនិយាយថ្ងៃនេះព្រោះបងខ្លាចបាត់បង់ជេមស៍ បានជាបងនិយាយប្រាប់! យប់នេះចួបគ្នាណា៎ បងនឹកណាស់ បងនឹកជិតឆ្កួតទៅហើយ»
បេះដូងខ្ញុំរំជើបរំជួលនិមិត្តឮសម្តីនេះ។
ម៉ាលីគ អាចជាអតីតកាលរបស់គេ ប៉ុន្តែខ្ញុំនៅតែជាបច្ចុប្បន្នកាលរបស់គេដដែល។ គេមិនទាន់រៀបការទេ ហើយគេក៏មិនបាននិយាយបែកគ្នាជាមួយខ្ញុំនោះដែរ។ តើខ្ញុំគួរតែធ្វើមិនដឹងមិនឮ ហើយរង់ចាំគេ?
នៅពេលដែលគេបានអ្វីៗគ្រប់យ៉ាងដូចដែលគេចង់បាន ហើយគេមកចួបខ្ញុំវិញ ដើម្បីបញ្ជាក់អំពីស្នេហានិងពាក្យសន្យារបស់ពួកយើង ខ្ញុំគួរចូលរួមតស៊ូរហូតថ្ងៃនោះ ឬមួយក៏យ៉ាងណា? ឥស្សរាចរិយាជាមនុស្សស័ក្តិសមនឹងទទួលបានការផិតក្បត់នេះដែរទេ?
វគ្គ
ប្រឈមមុខ
ល្ងាចនោះខ្ញុំបានកុហកម្តាយខ្ញុំថា ជាប់ប្រណាំងកង់ ដូច្នេះហើយខ្ញុំបានទៅកាន់កន្លែងណាត់ គឺអាផាតមិន ដែលយើងធ្លាប់ជួបគ្នារាប់ដងភ្លេច។
ម្ដងណេះខ្ញុំជិះកង់ខ្ញុំទៅដោយខ្លួនឯង មិនឱ្យគេមកទទួលខ្ញុំនៅសាលាទេ អាចថាខ្ញុំខ្លាចឯកម៉ាលីគឃើញ ឬក៏ខ្លាចអ្នកដទៃឃើញក៏ថាបាន អ្នកណាក្តី។
គួរឱ្យហួសចិត្តអស្ចារ្យណាស់! ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងកំពុងតែមានស្នេហាលួចលាក់ជាមួយមនុស្សម្នាក់ដែលជាកម្មសិទ្ធិរបស់អ្នកផ្សេងទៅហើយ។
អាគារអាផាតមិននេះ មិនបានបង្កប់ទុកនូវភាពភ្ញាក់ផ្អើល Excited និងក្តីសប្បាយរីករាយស្រើបស្រាលដូចកាលដែលខ្ញុំនិងគេចួបគ្នាកាលពីដំបូងៗទៀតនោះទេ។
ពេលជណ្ដើរយន្ដនាំខ្ញុំឡើងទៅ គំនិតជាច្រើនដែលប្រឆាំងគ្នាក្នុងខួរក្បាលខ្ញុំ។ បើពិចារណាទៅលើសម្ដីរបស់បងរាហ៊ូ មនុស្សម្នាក់នេះលែងអាចទុកចិត្តបានទៀតហើយ។
បើសិនជាគេបោកបញ្ឆោតអាពាហ៍ពិពាហ៍ជាមួយឥស្សរាចរិយាបាន គេក៏អាចបោកប្រាស់ខ្ញុំបានដែរ។ គេហ៊ានយក ករបស់គេទៅលក់អន្ទាក់ជាមួយចំណងអាពាហ៍ពិពាហ៍ទៅហើយ មានរឿងអ្វីផ្សេងទៀតដែលថាគេមិនហ៊ានធ្វើ?
ដើម្បីយសស័ក្ដិនិងអ្វីម្យ៉ាងដែលខ្ញុំមិនដែលដឹងច្បាស់ បង្កប់នៅក្នុងជម្រើសនៃបេះដូងរបស់គេបង្កប់នៅក្នុងផែនការអនាគតរបស់គេ ដែលយើងមើលមិនដឹង មិនដែលឮគេនិយាយ ហើយបានត្រឹមតែស្តាប់ពាក្យលួងលោមផ្អែមល្ហែម ដូចជាពួកកវីនិពន្ធ ឬក៏ពួកតារានៅក្នុងរឿងមនោសញ្ចេតនា ខ្ញុំបានទុនអ្វីនឹងជឿគេបន្តទៀត?
មកដល់មុខទ្វារបន្ទប់គេ ខ្ញុំស្រមៃដល់សកម្មភាពស្នេហាភ្លើតភ្លើនជ្រាលជ្រៅទាំងអស់ដែលធ្លាប់បានដិតដាម។ ខ្ញុំប្រាប់ខ្លួនឯងថា ធ្វើជាមនុស្សម្នាក់ មិនថាជាខ្ទើយក៏ដោយ ភេទណាក៏ដោយ ត្រូវប្រកាន់យកសច្ចៈនិងគុណធម៌ ទុកជាយាននៅក្នុងការរស់នៅ។
បើយើងសេពគប់អ្វីនឹងទទួលបានផលហ្នឹង!
ខ្ញុំមានរឿងអីត្រូវបន្តលួចលាក់ ឬមួយក៏រួមដៃជាមួយគេ នៅក្នុងការធ្វើរឿងដែលខ្លួនខ្ញុំក៏យល់ទៅហើយថា វាមិនត្រឹមត្រូវ ដែលមើលទៅខុសៗ បន្តធ្វើអី?
ខ្ញុំដកដង្ហើមវែងៗ មុនពេលលើកដៃចុចកណ្ដឹង។
ទ្វាររបើក ស្របពេលដែលផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេបង្ហាញឡើង។
គេសម្លឹងមកខ្ញុំដោយកែវភ្នែកស្រទន់ តែខ្ញុំវិញគេចភ្នែកចេញភ្លាមមិនចង់ប្រឈមមុខជាមួយនឹងពន្លឺភ្នែកនៃសេចក្ដីស្នេហាមួយ ដែលបេះដូងបន្លឺប្រាប់ខ្ញុំជារឿយៗថា កុំសង្ឃឹមថា អ្វីដែលខ្ញុំកំពុងឃើញ ដូចជាអ្វីៗដែលខ្ញុំបានរំពឹងមក។
មុខមាត់គេ ប្រាប់ខ្ញុំពីអ្វីម្យ៉ាង ដែលមិនប្រាកដប្រជា ហើយល្បិចៗស្មុគស្មាញ ពិតជាមិនស័ក្តិសមទេជាមួយមនុស្សអាយុប៉ុនខ្ញុំ។
ជើងទាំងទ្វេឈានចូលទីនេះយឺតៗដោយសារខ្ញុំធ្លាប់ជាសង្សារគេ ហើយខ្ញុំនិងគេ មិនទាន់បានដោះស្រាយជាមួយគ្នារួចរាល់នៅឡើយ។ តាមរយៈពាក្យតែប៉ុន្មានម៉ាត់នៅឯសួនច្បារកាលពីព្រឹកអ្វីៗមិនទាន់ដាច់ស្រេចទេ។
«នេះជាលើកចុងក្រោយដែលខ្ញុំមកកន្លែងនេះ»
ខ្ញុំនិយាយខ្លីៗដោយដើរចោលគេឆ្ពោះទៅខាងក្នុង ដោយមិនខ្វល់ថាគេគិតយ៉ាងណា គេកំពុងធ្វើអ្វីនៅពីក្រោយខ្នងរបស់ខ្ញុំនោះទេ។
ទ្វារបន្ទប់បិទជិតវិញគ្រឹប។
ចិត្តខ្ញុំហេងហាង ព្រោះយើងធ្លាប់មានអតីតកាលនៅទីនេះ។ បណ្តាឆាកស្នេហារោលរាលនឹងគ្នារាប់ដងមិនអស់ រហូតដល់ខ្ញុំពិបាកនឹងបំភ្លេចនៅក្នុងជីវិតនេះ ប៉ុន្តែខ្ញុំនៅតែត្រូវប្រឈមនឹងការពិត ក្នុងនាមជាមនុស្សម្នាក់ បានសិក្សាចេះដឹង និងក្នុងនាមជាកូនម្នាក់នៅក្នុងគ្រួសារ លំដាប់ឪពុកម្ដាយខ្ញុំ។
«បងនឹកយើងខ្លាំងណាស់!»
គេនិយាយតិចៗខ្សាវៗក្បែរៗត្រចៀកខ្ញុំ ដូចកាលដែលគេតែងបានលួងលោមខ្ញុំឱ្យប្រគល់ខ្លួនប្រាណឱ្យគេ។
សេចក្ដីស្នេហាដែលយើងបានដោះដូរគ្នាទៅវិញទៅមក ខ្ញុំមិនយកមកទូទាត់លាត់សោយអ្វីពីគេក៏បាន ទុកថាវាគឺជាចំណង់និងសេចក្ដីត្រូវការទាំងសងខាង ភាគីទាំងពីរនាក់បានស្ម័គ្រចិត្តចំពោះការកសាងមនោសញ្ចេតនាមួយនេះឡើង ប៉ុន្តែថ្ងៃនេះ ថ្ងៃដែលខ្ញុំមានអារម្មណ៍ថា គេបោកៗ ហើយដៃរបស់គេចាប់ផ្ដើមអង្អែលខ្ញុំ បបូរមាត់ខ្សឹបៗរបស់គេលោកាន់តែកៀកមកក្បែរគល់កខ្ញុំ អ្វីម្យ៉ាងបានប្រាប់ឱ្យខ្ញុំរុញគេចេញទៅ។
ក្លិនខ្លួនរបស់គេដ៏ទាក់ទាញ បានខាបយកចិត្តខ្ញុំភ្លាមៗ យ៉ាងអំណាច។
ដដែលជាដដែល ស្នេហាមួយនេះពិបាកនឹងរលុបណាស់ ខ្ញុំចាប់ផ្ដើមងាកមុខចេញពីបបូរមាត់គេ ហើយគេចចេញដើរទៅឆ្ងាយ។
«បងឯងជិតរៀបការហើយ! បងឯងមានប្រពន្ធជាមនុស្សស្រី! ឈប់ធ្វើរឿងទាំងអស់ហ្នឹងជាមួយខ្ញុំ! ហើយកុំគិតថា ដោយសារអាជញ្ជាំងបិទបាំងបួនទិសនេះ អាចជួយលាក់ ជួយកប់ចោលនូវសកម្មភាពស្មោកគ្រោកនេះបាន!»
ផាំងខ្ចាយ!!
ខ្ញុំភ្ញាក់ព្រើត ងាកក្រោយ។
សូម្បីតែប៉ាម៉ាក់ខ្ញុំ ដែលខ្ញុំធំដឹងក្ដីឡើងពេលណា ឃើញតែគាត់ឌឺដងសង្គ្រាមត្រជាក់ដាក់គ្នាប៉ុន្តែពួកគាត់មិនដែលបោកកម្ចាយអ្វីៗនៅក្នុងផ្ទះ បង្កជាសំឡេងលាន់ឮរំខានដល់អ្នកជិតខាង និងធ្វើឱ្យបេះដូងរបស់ខ្ញុំចំប្រប់ញាប់ញ័រដូចពេលនេះនោះទេ។
នៅលើកម្រាលឥដ្ឋ កម្ទេចបារី ប្រដាប់គោះក្រញមបារីធ្វើឡើងអំពីថ្មគ្រីស្តាល់បានបោកខ្ចាយជាបំណែកអំបែងពាសពេញ។
បងTN លើកដៃអាវមកមូរដល់កំភួន និងទាញផ្តាច់បើកឡេវអាវចេញធ្វើអាការៈដូចជាខ្លួនឯងកំពុងស្អុះស្អាប់យ៉ាងខ្លាំង មុនពេលដើរត្រឹកៗទៅចុចបើកម៉ាស៊ីនត្រជាក់។
គាត់ដូចជាចង់ទាក់ទាញខ្ញុំឱ្យចូលទៅក្នុងភាពសិចស៊ីនៃរាងកាយ ដំណើរនិងឫកពារខែងរ៉ែងរបស់គាត់។
ឬមួយក៏គាត់ធ្វើជាខឹង ដើម្បីឱ្យខ្ញុំឈប់ខឹងគាត់?
ទោះបីអ្វីក៏ដោយ វាគ្មានប្រសិទ្ធភាពលើការរិះគិតដោយហ្មត់ចត់ច្បាស់លាស់មួយៗ និងដោយភ្លឺស្វាងរបស់ខ្ញុំនោះទេ។
ខ្ញុំមិនមែនជា ឥស្សរាចរិយា ក៏មិនមែនឯកម៉ាលីគ។ ខ្ញុំក៏មិនមែនមាសមន្តា ឬក៏បងរាហ៊ូ។ ខ្ញុំគឺជាខ្ញុំ ជេមស៍! ខ្ញុំគឺជាមនុស្សម្នាក់ ដែលស្គាល់ច្បាស់ថា ខ្លួនឯងកំពុងនៅកន្លែងណា ប្រឈមមុខនឹងអ្វី ហើយត្រូវដោះស្រាយដោយវិធីណា។
ខ្ញុំធ្វើមុខមាំនិយាយទៅកាន់គេដែលសម្លក់ខ្ញុំដូចកំពុងចង់តែចាប់គ្រញិចខ្ញុំបំបិទមាត់៖
«ទោះជាបងឯងធ្វើយ៉ាងម៉េចក៏ដោយ ខ្ញុំមកនេះ គឺមកជាចុងក្រោយដើម្បីនិយាយគ្នាច្បាស់អំពីរឿងយើង! ចាត់ទុកថា កន្លងមកខ្ញុំសប្បាយចិត្តជាមួយនឹងរឿងរ៉ាវរបស់ពួកយើង តែឥឡូវនេះ បងឯងជិតរៀបការហើយ! យើងឈប់ចួបគ្នា! ហើយបើចៀសបានបក៏កុំទៅសាលារៀនខ្ញុំទៀត ហើយបើទោះជាទៅ ទុកថាមិនធ្លាប់ស្គាល់គ្នាទៅចុះ! ទោះបីបងឈែតមកទៀត ឬក៏ខលមកទៀត ក៏ខ្ញុំលែងនិយាយអ្វីទៀតដែរ!»
ខ្ញុំសម្លឹងមុខគេដែលឈ្ងោកទាំងដៃសងខាងច្រត់ចង្កេះ។ ទេពណារ៉ារកពាក្យមកនិយាយឆ្លើយនឹងខ្ញុំមិនបានមែន? អ្វីក៏ដោយ! គេគិតអ្វីគិតទៅ! សំខាន់ គឺខ្ញុំបានស្មោះត្រង់នឹងខ្លួនខ្ញុំក្នុងការនិយាយរួចហើយនូវអ្វីដែលគួរនិយាយ។ គេក៏គួរតែស្គាល់ខ្ញុំច្បាស់ក្នុងថ្ងៃនេះថា មនុស្សដូចខ្ញុំមិនមកឱ្យគេប្រលោមលួងលោមដូចកាលពីមុនទេ។ គ្មានថ្ងៃឡើយ!
ខ្ញុំរេសម្លឹងទៅអំបែងខ្ចាត់ខ្ចាយពេញលើឥដ្ឋ។ ថ្ងៃណាមួយខ្ញុំនឹងត្រូវបានគេបោកកម្ទេចដូចជាអំបែងទាំងអស់នេះ ដូច្នេះការចប់គ្នា ជាជម្រើសល្អ។ ខ្ញុំនិយាយតិចៗទៅកាន់គេ៖
«បើបងគ្មានអីត្រូវនិយាយទេ ខ្ញុំទៅវិញហើយ!»
«មិនឮបងប្រាប់តាមទូរសព្ទទេ? ថាបងស្រឡាញ់យើង! បងមិនអាចរស់ដោយគ្មានជេមស៍បាននោះទេ!»
ខ្ញុំញាក់ចិញ្ចើមថាតបត៖
«បើអ៊ីចឹង ស្អែកនេះ បងឯងផុសប្រាប់គេគ្រប់គ្នាទៅ ថាយើងស្រឡាញ់គ្នា! ថាបងឯងជាប្រុសស្រឡាញ់ប្រុស បងឯង Cancel មង្គលការជាមួយឥស្សរាចរិយាទៅ ហើយបង្ហាញប្រាប់គេឯងផងថា យើងនៅជាមួយគ្នា បងឯងទុកបេះដូងនៅទីនេះជាមួយខ្ញុំកាលទៅ Live វីដេអូហ្នឹង ទៅដោយបង្ខំទេ! អាចធ្វើបានអត់?»
ខ្ញុំមិនចង់ឱ្យគេដឹងថា ខ្ញុំបានចងចាំនូវគ្រប់ពាក្យសម្ដីដែលគេបាននិយាយធ្វើឱ្យខ្ញុំទ្រហោយំនៅក្នុងសាលាកាលពីព្រឹកមិញទៀតនោះទេ ប៉ុន្តែនេះគឺជាឱកាសចុងក្រោយដែលខ្ញុំបានផ្តល់ឱ្យខ្លួនខ្ញុំក្នុងនាមជាមនុស្សម្នាក់ដែលចង់បានសេចក្ដីស្នេហាដូចជាមនុស្សទូទៅ ក៏ជាឱកាសចុងក្រោយដែលខ្ញុំឱ្យគាត់ធ្វើដើម្បីស្រោចស្រង់ស្នេហារបស់ពួកយើង។
បើសិនជាគាត់ពិតជាមនុស្សស្មោះត្រង់ គាត់គួរណាស់តែហ៊ានធ្វើរឿងទាំងអស់នេះ ដូចដែលខ្ញុំហ៊ានធ្វើដើម្បីគាត់។
សភាពនៅស្ងៀមរបស់គេ គ្រប់យ៉ាងគឺជាចម្លើយស្រេចហើយ។
ខ្ញុំសើចខឹកៗសម្លឹងគេពីលើដល់ក្រោម។
មនុស្សដូចគេ ស្អាតយ៉ាងនេះ សង្ហាយ៉ាងនេះ មានមនុស្សជាច្រើនស្រឡាញ់តាមស្រមៃចង់បានគេឱបថ្នម។ គេកំពុងតែស្ថិតនៅក្នុងដងផ្លូវក្រាលដោយមាស ជិតក្លាយទៅជាកូនប្រសាអ្នកមាន មានលុយ មានឡាន រស់នៅក្នុងឋានៈកប់ពពក រឿងអីគេមកបន្តជាមួយខ្ញុំដែលគ្មានអ្វីទាំងអស់?
ខ្ញុំឈានទៅទល់មុខនឹងគេហើយងើយសម្លឹងគេដែលខ្ពស់ជាងខ្ញុំ។ ខ្ញុំនិយាយ៖
«ស្គាល់ដំបូង អ្នកណាមិនគិតថា បងឯងជាមនុស្សមើលទៅក្លាហានណាស់ មិនចេះខ្លាចអីទេ ខ្ញុំវិញទេដែលជាមនុស្សខ្លាច! ខ្ញុំខ្លាចណាស់ ខ្ញុំខ្លាចថា អ្វីដែលខ្ញុំស្តាប់ឮទាំងអស់ពីមាត់បងឯងគ្រាន់តែជាពាក្យនៅក្នុងប្រលោមលោក គ្រាន់តែជាពាក្យបោកៗរបស់ពួកមនុស្សធំមកលើក្មេងៗដូចពួកខ្ញុំ! ខ្ញុំខ្លាចធ្វើឱ្យប៉ាខ្ញុំខូចចិត្ត! ខ្ញុំខ្លាចឱ្យម្ដាយខ្ញុំខ្មាសគេ! ហើយដែលខ្ញុំខ្លាចបំផុតគឺខ្ញុំខ្លាចថា ខ្ញុំនឹងត្រូវឈឺច្រើនជាងនេះច្រើនដងទៀត! ខ្លួនប្រាណបេះដូងខ្ញុំនឹងខ្ទេចទៅ ដូចដែលបងឯងបោកបំបែកមិញនេះអ៊ីចឹង! ពាក្យដែលបងឯងនិយាយនៅលើសួនព្រឹកមិញ ហើយខ្ញុំចេញទៅរកបងឯង ប៉ុន្តែបងឯងមិនមែនមកម្នាក់ឯងទៀតទេ បងឯងមកជាមួយមនុស្សម្នាក់ដែលប្រកាសថាគេនឹងរៀបការជាមួយបងឯង! បងឯងនិយាយថា មិនបានសន្យាអ្វីទាំងអស់ជាមួយខ្ញុំ ស្រាប់តែថ្ងៃត្រង់ឡើងខលមកនិយាយថាវាជាការបង្ខំចិត្ត មួយណាទៅការពិត? ខ្ញុំគិតហត់ណាស់ទេពណារ៉ា! ខ្ញុំហត់ខ្លាំង ខ្ញុំហត់នឹងការលាក់ខ្លួន លាក់មុខ! មួយជីវិតនេះ ខ្ញុំហត់ឆ្អែតហើយ នៅក្នុងការស្វែងរកខ្លួនឯងថា ជាមនុស្សស្រឡាញ់ស្រីឬក៏ស្រឡាញ់ប្រុស ទីបំផុតខ្ញុំដកដង្ហើមបាន នៅពេលខ្ញុំស្គាល់បង! ខ្ញុំគិតថា ខ្ញុំអាចប្រកាសថាខ្លួនឯងជាមនុស្សបែបណា ខ្ញុំស្រឡាញ់មនុស្សបែបណា? ទីបំផុតបងមកនេះ មកដាក់ខ្ញុំទៅក្នុងទ្រុងមួយថ្មី គឺការរួមរស់ជាមួយគ្នាដែលគ្មានអ្នកណាដឹង! ឈែតរកគ្នាជាមួយអត្តសញ្ញាណក្លែងក្លាយ Account Fake Fake! នៅនឹងមុខអ្នកដទៃនិយាយផ្សេង មកក្នុងបន្ទប់និយាយផ្សឹង! បងឯងថា មិនបានសន្យាអ្វីជាមួយខ្ញុំ ខ្ញុំគឺជាធូលី គឺជាដី ដែលស្រមៃតាមហែហមបងឯង ប៉ុន្មានម៉ោងក្រោយមក បងឯងខលមកខ្ញុំជាសម្ងាត់ ប្រាប់ថាខ្ញុំជាបេះដូងបងឯង ខ្ញុំជិតឆ្កួតឬមួយក៏ខ្ញុំកំពុងឆ្កួត? ខ្ញុំមិនលេងហ្វេសប៊ុកទេ តែនេះមិនមែនមានន័យថា ខ្ញុំមានសង្សារខ្ញុំមិនចង់កាន់ដៃគេ ដើរតាមផ្លូវសាធារណៈ មិនចង់សែលហ្វ៊ីជាមួយសង្សារឱ្យអ្នកដទៃឃើញនោះដែរ!»
ឃើញខ្ញុំហាក់រំជួលចិត្តខ្លាំង គេស្ទុះមកភ្លាមហើយឱបខ្ញុំជាប់។ ធម្មតាកម្លាំងរបស់ខ្ញុំ រើមិនរួចពីដៃគេស្រាប់ទៅហើយ។
បេះដូងខ្ញុំក៏ចុះចាញ់ នូវក្លិនប្រហើរនៃរាងកាយរបស់គេ ចាញ់ភាពបបោសអង្អែលស្រាលៗក្រោមម្រាមដៃគេ ដែលប៉ះខ្លួនខ្ញុំពេលណាបណ្តាអនុស្សារទាំងឡាយរបស់ពួកយើងបានកម្រើកមកវិញសាជាថ្មី។ ប៉ុន្តែបើរាងកាយនិងបេះដូងរបស់ខ្ញុំមិនព្រមធ្វើការតតាំងទៅហើយ វាមានតែសម្បជញ្ញៈនិងការចេះដឹងរបស់ខ្ញុំដែលត្រូវតែជម្នះឬទាមទារយកខ្លួនខ្ញុំ ឱ្យចេញចោលពីរង្វង់ដៃមួយនេះឱ្យខាងតែបាន។
ខ្ញុំព្យាយាម ប្រឹងបម្រះ នៅតែមិនរបូតរហូតខ្ញុំត្រូវអស់កម្លាំងសំងំស្ងៀមទុកឱ្យគេខ្សឹបបាន៖
«បងសុំទោស! ដែលធ្វើឱ្យជេមស៍ពិបាកចិត្ត! បងសុំទោសដែលធ្វើឱ្យយំ! បងសុំទោសគ្រប់យ៉ាង! បងនេះមនុស្សមិនល្អ ប៉ុន្តែមនុស្សមិនល្អក៏មានសិទ្ធិស្រឡាញ់នរណាម្នាក់ស្មោះដែរមែនអត់? បងជាព្រាន ជាមនុស្សល្មោភអំណាច បងជាមនុស្សចង់មានបាន និយាយអ្វីៗមិនពិត ធ្វើរឿងអាក្រក់ច្រើននៅខាងក្រៅ កុហកសូម្បីឥស្សរាចរិយា កុហកសូម្បីឪពុកម្តាយ ខ្លួនឯងកុហកពិភពលោកនេះមួយទាំងមូលបាន តែបងស្រឡាញ់ជេមស៍បងមិនចង់កុហកជេមស៍ទេ!»
គេនេះនិយាយពីរោះណាស់ គេនិយាយពីរោះដល់ថ្នាក់ខ្ញុំយំទៀត។ បើសិនជាខ្ញុំជាមនុស្សមិនយកការគិតគូរមកថ្លឹងថ្លែង មកទប់ទល់ជាមួយគេ ខ្ញុំថា អាចនឹងដោះអាវហើយដេកជាមួយគេបន្តទៀតមិនខាន វាយុត្តិធម៌សម្រាប់ខ្លួនខ្ញុំដែរ?
ទាំងខ្សត់ខ្សោយទាំងជូរចត់ អ្វីមួយខ្ញុំតែងប្រាប់ខ្លួនឯងគឺថា មនុស្សវ័យក្មេងដែលអាយុប៉ុណ្ណឹងដូចខ្ញុំ បើកាលណាហ៊ានធ្វើអ្វីមួយខុស ខ្ញុំក៏ហ៊ានក្រោកឈរឡើងនៅពេលដែលត្រូវរបស់នោះវាយខ្ញុំដួលដែរ។
កន្លែងនេះហើយដែលខ្ញុំសប្បាយភ្លើតភ្លើន ខ្ញុំក៏មិនខ្លាចនឹងកាត់ចិត្តចាកចោលវា ដោយគ្មានស្រណោះដូចគ្នា ។
សាជាថ្មីខ្ញុំក្តិចប្រអប់ដៃគេ ដែលឃុំគ្រងខ្លួនខ្ញុំ។ ក្តិចឈឺយ៉ាងណា គេនៅតែធ្វើជាប់ម៉ឺងមិនលែង។ ប្រអប់ដៃដែលខ្ញុំធ្លាប់តែស្រឡាញ់ ធ្លាប់ដាក់មកក្បែរច្រមុះ ថើបថែស្រឡាញ់ តម្កល់គេដូចជាព្រះ ជារបស់មានតម្លៃលើសអ្វីទាំងអស់នៅលើលោកនេះ ពេលនេះខ្ញុំចង់ចាកចេញខ្ញុំមិនស្តាយក្រោយទេ។
គេមិនចេះឈឺទេ ថែមទាំងមិនខ្លាចឥស្សរាចរិយា ឃើញស្នាមរបួសនេះនៅលើខ្នងដៃគេទេឬក៏អ្វី?
ខ្ញុំងើបមុខសម្លឹងគេ គឺសម្លឹងទាំងទឹកភ្នែកស្រក់រហាម។
កែវភ្នែកស្រទន់របស់គេ សាជាថ្មីស្រូបទាញយកបេះដូងរបស់ខ្ញុំ ក៏ជាកែវភ្នែកដែលបានសម្លាប់ខ្ញុំឱ្យស្លាប់ ម្តងហើយកាលពីព្រឹកមិញនៅសួនក្បែរផ្ទះ។
ប៉ុន្តែជីវិតសល់នេះ មិនមែនរបស់ខ្ញុំតែម្នាក់ទេ។ ខ្ញុំគឺជាកូនទោលរបស់ម៉ាក់ប៉ាខ្ញុំ គ្រួសារខ្ញុំ បានបែកខ្ចាយទៅជាបំណែកៗទៅហើយ ខ្ញុំមិនអាចនឹងស្លាប់ព្រោះតែស្នេហាដ៏ល្ងង់ខ្លៅលើកនេះ ហើយចាកចោលពួកគាត់ដែលរស់នៅឯកោនៅក្នុងពិភពលោកនេះទៀតនោះឡើយ។ បេសកកម្មរបស់ខ្ញុំ មិនមែនរស់នៅដើម្បីតែខ្លួនឯងទេ គឺខ្ញុំតែងតែចង់ផ្សះផ្សាប៉ាម៉ាក់ខ្ញុំ ហើយខ្ញុំតែងតែចង់ធ្វើជាកូនល្អម្នាក់ ធ្វើជាខ្ទើយល្អម្នាក់ ប្រឆាំងនឹងការរើសអើងទាំងឡាយដែលគេតែងគិតថា មនុស្សភេទទីបីដូចជាខ្ញុំ មិនបានការ កើតមករត់តាមតែប្រុស អាចស្លាប់ខ្លួន អាចធ្វើរឿងចោលម្សៀតផ្សេងៗ ដើម្បីនឹងប្រដេញប្រុសស្អាត។
ខ្ញុំនិយាយទៅកាន់កែវភ្នែកគេ៖
«ឆ្លើយបានឬនៅ? ថាប្រាប់គេឯងបានពីរឿង ទេពណារ៉ាស្រឡាញ់ខ្ញុំ! ទុកខ្ញុំជាបេះដូងគេ? រយៈពេលយូរប៉ុណ្ណាហើយ ដែលយើងគេងជាមួយគ្នានៅឯណេះ! តើអ្នកណាខ្លះដឹងថា យើងជាសង្សារគ្នាហើយ? បងឯង ដែលមានមោទនភាពចំពោះរឿងនេះដែរអត់? ចុងក្រោយមិនត្រឹមតែប៉ុណ្ណឹង បើមិនអាចបង្ហាញខ្លួននៅក្បែរខ្ញុំ ថែមទាំងទៅ Liveជាមួយមនុស្សម្នាក់ជាសាធារណៈ ចុងក្រោយប្រកាសនឹងក្លាយជាប្ដីរបស់គេរបស់ទៀត? គិតធ្វើម៉េច? អស់សំណើចណាស់! គិតថាខ្ញុំនឹងធ្វើជាសហាយស្មន់លួចលាក់ជាមួយបងឯងហ្មែនហ្អាស! ខ្ញុំកើតចេញពីដីមក គ្មានគ្រួសារ គ្មានពូជអំបូរ គ្មានវង្សត្រកូល ខ្ញុំនឹងធ្វើអ៊ីចឹង ដើម្បីបានស្រឡាញ់បងឯងក្នុងជញ្ជាំងស្នូកបួនជ្រុងនេះមែន? ឬមួយក៏គិតថា តិចទៀតខ្ញុំនឹងការប្រពន្ធមួយ ដើម្បីបិទបាំងមុខ ហើយរួមរស់ជាមួយគេក្លែងៗបន្លំៗ ធ្វើជារាប់អានគ្នាក្លែងក្លាយជាមួយបងឯង រាប់អានរបៀបដេកគ្រែជាមួយគ្នា លួចលាក់លឹបលដល់ចាស់ស្លាប់?»
«ស្នេហាមិនមែនសម្រាប់បង្អួតគេទេ! វាមិនចាំបាច់អ្នកណាដឹងឮ បានយើងនេះស្រឡាញ់គ្នាកើតឯណាជេមស៍?» គេតបមកខ្ញុំដោយទឹកមុខស្មើៗ។
គេនៅមានមុខមកនិយាយរបៀនេះទៀត? កោត!
ខ្ញុំងក់ក្បាល ផ្ងក់ៗហើយឆ្លើយ៖
«ទ្រឹស្តីល្អ! តែស្នេហាលួចលាក់ វាមិនមែនជាស្នេហាទេ វាជាការបោកគ្នា!»
គេនៅភាំងឆ្លើយខ្ញុំមិនរួច ខ្ញុំរកបន្ថែមស្រាប់តែគេពន្យល់ខ្ញុំ៖
«ជីវិតនៅមានរឿងច្រើនទៀតដែលជេមស៍ត្រូវរៀនសង្កត់កំហឹងនឹងទទួលយកវា! បងត្រូវការអនាគតមួយសិនដើម្បីធានាថា បងនឹងអាចថែទាំជេមស៍បានល្អទៅថ្ងៃក្រោយ! យើងថា យើងយកតែស្នេហា មិនចង់គិតរឿងផ្សេង! ក៏បាន! ប៉ុន្តែ ការពិតវាមិនស្រួលដូចយើងនិយាយតែជេមស៍ មនុស្សរស់ក្នុងសង្គម ធ្វើជាប្តីត្រូវការឋានៈមួយ!»
ខ្ញុំនិយាយកាត់ភ្លាម៖
«ពេលខ្ញុំស្រឡាញ់មនុស្សម្នាក់! ខ្ញុំមិនខ្វល់ថា បងឯងជាមនុស្សបែបម៉េច ខ្ញុំមិនខ្វល់ពីលុយដែលបងឯងមានទៅអនាគតប៉ុន្មាន ខ្ញុំមិនខ្វល់ថា បងឯងពាក់ស័ក្ដិអីនៅលើស្មានោះទេ! ខ្ញុំអត់ខ្វល់អ្វីទាំងអស់! ខ្ញុំគ្រាន់តែចង់កាន់ដៃបងឯងបើកចំហ ប្រឈមមុខជាមួយពិភពលោកដែលស្អប់ខ្ពើមយើង ប្រឈមមុខជាមួយសង្គមមួយដែលមិនទទួលស្គាល់យើងជាយើង គឺមកប្រឈមជាមួយគ្នាដោយសេចក្ដីក្លាហាន ដោយសុទិដ្ឋិនិយម ដោយមានគុណតម្លៃ ដោយស្មោះត្រង់ចំពោះខ្លួនឯង!»


