រឿង៖ ថ្ងៃណាមួយ ភាគទី១១

ខ្ញុំគិតថា យើងកំពុង​ប្រឈមជាមួយពិភពលោកដែលមើលងាយយើង ដូច្នេះហើយ មិនសមថា​យើងក៏ព្រម​មើលងាយខ្លួនយើងដែរនោះទេ។

ស្នេហារបស់មនុស្សខ្ទើយ មិនមែនសំដៅ​តែ​​រឿង​នៅលើគ្រែដូចសាធារណៈមតិ តែងរិះគន់នោះឯណា។ ខ្ញុំថាបន្ថែមទៀតខណៈគេនៅធ្វើអាការៈស្ងប់ឈឹង៖

«បើមនុស្ស​ស្រឡាញ់គ្នាមែន វាមិនមែនត្រឹមតែមានន័យ​នៅក្នុងបន្ទប់បិទជិតមួយ២នាក់ទេ! យល់អត់ទេពណារ៉ា? ស្នេហារបស់ពួកយើង គឺជាស្នេហាបើកចំហ! ហើយ​យើងមិនទៅបោកបញ្ឆោតភ្នែកអ្នកណាទាំងអស់! បើសិនជាយើងមិនទទួលស្គាល់ខ្លួនយើងទៅហើយ តើឱ្យគេមកគោរពឱ្យតម្លៃយើងយ៉ាងម៉េចទៅ? អ្ហះ?»

គេហាក់ត្រូវសម្ដីធំៗ ឮៗ ម៉ាត់ៗ​របស់ខ្ញុំធ្វើឱ្យគាំង ព្រោះចំកណ្តាលមុខពេក ដៃគេ​ហាក់អស់កម្លាំងកំហែង របូតចេញពីខ្លួនប្រាណខ្ញុំ។ 

សាជាថ្មី ខ្ញុំបែរទៅរកគេ ហើយដៃខ្ញុំទាំងសង​ចាប់កាន់ម្រាមទាំងដប់របស់គេម្តង។ ជាមួយទឹកមុខ​រលីងរលោង ខ្ញុំមើលចូលជ្រៅ​ទៅក្នុងប្រស្រីភ្នែកក្រហមងាំងរបស់គេ ដូចកាលពីថ្ងៃដែលគេបានធ្វើពុតលួចខោអាវខ្ញុំនៅឯបន្ទប់Locker ដែរ។

ខ្ញុំមិនរំឭករឿងចាស់ហួសអស់ទៅក៏បាន ពេលនេះគេអះអាងថា គេ​កំពុងស្រឡាញ់ខ្ញុំ ដូច្នេះហើយខ្ញុំមានសំណួរច្រើនណាស់។

«ខ្ញុំគ្រាន់តែចង់កាន់ដៃបងឯង ដើរចុះទៅក្រោមឱ្យបងសន្តិសុខនៅក្រោម រកឃើញថាយើងស្រឡាញ់គ្នា! ខ្ញុំគ្រាន់តែចង់ថតរូបជាមួយបងឯង ហើយផុស​លើបណ្តាញ​សង្គម  ខ្ញុំគ្រាន់តែចង់បង្ហាញប្រាប់ពិភពលោកនេះថា ពីរនាក់យើងស្រឡាញ់គ្នា! វាគ្មានអ្វីទាស់ខុសនោះទេ! យើងដូចគេឯង ដូចគូស្នេហ៍ទាំងអស់ទៅលើលោកនេះ! ​វាគ្មានអីចម្លែកនោះទេ ទេពណារ៉ា!»

«ឈប់ធ្វើដូចក្មេងទៅ! នេះជីវិតពិត វាមិនមែន​រឿងដ្រាម៉ាកូរ៉េ ចិនបោកក្មេងៗទេ! រៀនយល់ផង!»

គេនិយាយតិចៗ ជាសញ្ញាបដិសេធច្បាស់ណាស់។ តែខ្ញុំក៏ដឹងមុនដែរ! ខ្ញុំហត់ណាស់ ទើបខ្ញុំនិយាយទាំងញញឹម​ដោយក្តីឈឺចាប់៖

«ឈប់កុហកខ្ញុំ! ឈប់ប្រើពាក្យអស់ទាំងនេះ មកពន្យារ បំភ្លៃ បោកប្រាស់ចិត្តខ្ញុំទៀតទៅទេពណារ៉ា! ខ្ញុំចង់កាន់ដៃបង បងមិនព្រម! ខ្ញុំចង់លែងដៃពីបង បងមិនលែង! បងជិតរៀបការជាមួយមនុស្សស្រី ​តែនៅកន្លែងនេះបងអះអាងថាស្រឡាញ់ខ្ញុំ! បងគិតថា កាលដែលខ្ញុំចង់បង្ហាញពីចិត្ត​ស្មោះឱ្យគ្នា​ ជាការទាមទារ​ដូចកូនក្មេង? វាគ្មានអ្នកណាម្នាក់ដែលស្រឡាញ់គ្នាស្មោះហើយព្រមនៅរបៀបនេះ នៅលឹបល​ឱ្យស្ងសារការប្រពន្ធនឹងអាលគ្រាំគ្រាក្អួតឈាមស្លាប់ទេ! វាមានតែនៅដើម្បីផលប្រយោជន៍ ដើម្បីអ្វីផ្សេង ដើម្បីលុយកាក់មាសប្រាក់ បានគេព្រមធ្វើបែបនេះ! ​ហើយម្នាក់នោះមិនមែន​ខ្ញុំទេ! មិនមែនដាច់ខាត!»

គេទំនងជាដឹងថាគ្មានពាក្យ​មកនិយាយ​ពង្វក់ខ្ញុំបាន គេចាប់ផ្តើម​ងាករេ៖

«បងមិនចង់និយាយច្រើនទេថ្ងៃនេះ! យើងអង្គុយស្ងាត់ស្ងៀមដើម្បីពិចារណា​ជាមួយគ្នាក៏បាន!  ព្រោះយើងកំពុងខឹង បងដឹងថា យើងនិយាយ​មិនត្រូវ និង​មានៈ​មិនចង់ស្ដាប់អ្វីដែលជាហេតុផលទេ! បងចង់បាន​តែមួយប៉ុណ្ណោះពីជេមស៍ គឺបងចង់ឱ្យជេមស៍​យល់បងជាងអ្នកណាទាំងអស់! ប៉ុណ្ណឹងបានអត់​ មនុស្សស្រឡាញ់គ្នា!»

ស្នូរទូរសព្ទរោទ៍។

មិនមែនរបស់គេទេ គឺរបស់ខ្ញុំ។

ខ្ញុំដកភ្នែក​យឺត​ៗចេញពីការ​សម្លឹងជាមួយគេ​។  ខ្ញុំមិនដែលស្គាល់លេខនេះទេ Private ទៀត? បើគេនៅទីនេះ​ជ្រងោរទៅហើយ  អ្នកណាទៅដែលប្រើស្ទីល​សម្ងាត់ៗអស់នេះខលមក?

«ចុះមកហាង Bamboo UCA នៅផ្លូវ២៤០ ខាងឆ្វេងដៃ មានរឿងត្រូវនិយាយគ្នា!»

«ឥស្សរាចរិយា?!»

ខ្ញុំខ្សឹបតិចៗបន្ទាប់ពីឮសំឡេងស្រីម្នាក់នោះ។ ប្រុសស្នេហ៍របស់ខ្ញុំងាកមុខមក​ភ្លាម ពេលឮខ្ញុំភ្លាត់ឈ្មោះនេះ អាការៈគេ​ដូចជាឃើញម្ដាយមកដល់មាត់ទ្វារបន្ទប់។

ទេពណារ៉ា នៅសម្លឹងទូរសព្ទខ្ញុំដែលមិនទាន់បានចុចបិទនៅឡើយ។ ខ្ញុំឃើញភាពញ័រញាក់ ភ័យព្រួយនៅក្នុងឫកពារបស់គេតាំងពីលើក្បាលដល់ចុងជើង។ នេះឬមនុស្សប្រុស ដែលមុននេះចង់ឱបក្រសោបខ្ញុំ និយាយថាស្រឡាញ់ខ្ញុំអស់ពីបេះដូង?

នេះឬដែលគេចង់ឱ្យខ្ញុំយល់គេ? ខ្ញុំយល់ច្បាស់ហើយ ថែម​ទាំងយល់គ្រប់យ៉ាងទៀត!

ខ្ញុំគិតបែបនេះទាំងសែនជូរចត់ក្នុងចិត្ត ​ហើយសើចស្ញាញចំអកទៅគេទាំងគ្មានសំឡេង​។ បន្ទាប់មកខ្ញុំនិយាយឌឺទៅខាងស្រី​ដែលនៅចាំស្តាប់៖

«ឃើញអស់ហើយ? ចង់ធ្វើម៉េចឥឡូវ?»

«ខ្ញុំឱ្យចុះ ចុះមក! មានរឿងត្រូវនិយាយឱ្យច្បាស់លាស់!»

«ហើយគេនេះ? ហៅទៅដែរអត់?!» ខ្ញុំសួរបន្តទាំងគ្មានអារម្មណ៍ជាប់រាងកាយរឹងមាំទេ។

«មិនបាច់ទេ! គេគង់តែមកតាមទេ!»

ខ្ញុំងើបមុខសម្លឹងឫកពា​ ​ងាកគេចចុះឡើងរបស់ទេពណារ៉ា។​ មាត់ខ្ញុំវិញ​និយាយឮៗទៅកាន់ឥស្សរាចរិយា៖

«អូខេ! ជាអ្នកចង់អ៊ីចឹងខ្លួនឯង! មិនមែនខ្ញុំរករឿងទេណ៎ា! ឱ្យច្បាស់!»

ខ្ញុំសម្លឹងមុខប្រុសស្នេហ៍ដែលខ្មៅស្ពឹក ហើយនិយាយបង្ហើយ៖

«មានលទ្ធផលបែបម៉េច ទទួលយកខ្លួនឯង!»

ខ្ញុំចុចទូរសព្ទបិទ។ គេនេះប្រឹងដកដង្ហើមវែងៗ ងាកមុខមក។​ ខ្ញុំបាត់ទេពណារ៉ាដ៏ខែងរ៉ែងនៅក្នុងបេះដូង​ទៅហើយ នៅទីនេះ សល់តែមនុស្សម្នាក់ដែលកំពុងតែធ្វើឫកពាច្របូកច្របល់ រិះគិត។

ខ្ញុំបែរទៅរកទ្វារ​ហើយ​គិតទាំងចំអកការឈឺចាប់របស់ខ្លួនឯងថា ជឿអត់ ម្នាក់មាឌធំសែនសង្ហានេះ នឹងបោះបង់ចោលអាពាហ៍ពិពាហ៍មាសរបស់គេ មកការពារក្មេងប្រុសតូចល្អិតដូចខ្ញុំ? វាមានតែនៅក្នុងរឿងវីដេអូប៉ុណ្ណោះ។

ខ្ញុំឆ្លៀតនិយាយបែរខ្នង៖

«អនាគតប្រពន្ធបងឯងហៅខ្ញុំ ហើយឱ្យខ្ញុំចុះទៅចួបគេ! ខ្ញុំមិនបាននៅលេងជាមួយទេ​ព្រោះខ្ញុំខ្លាច​ខុសបញ្ជា!»

ថាចប់ខ្ញុំដើរចេញ​ សំដៅទៅជណ្ដើរយន្តទាំងខាំមាត់ស្ទើរដាច់។

ភាពរឹងមាំដែលខ្ញុំមិនដែលមានក្នុងជីវិត ខ្ញុំពេលនេះ​ពិត​ត្រូវការជាខ្លាំងមែន។

នៅកាលៈទេសៈមួយ ដែលខ្ញុំមិនអាចដួលចុះដាច់ខាតនៅចំពោះមុខមនុស្សដែលបានមាក់ងាយខ្ញុំ និងម្នាក់ទៀតបោកប្រាស់ខ្ញុំ ការឈររឹងមាំនៅចំពោះមុខពួកគេក្នុងនាមជា​ទស្សនិកជនតែម្នាក់គត់ ចាំមើលល្ខោនដែលពួកគេសម្ដែងជាកាតព្វកិច្ច​ខ្ញុំក្នុងពេលនេះ។

ហើយខ្ញុំនឹងរកការឆ្លើយតបយ៉ាងល្អ ដើម្បីជួយបង្កើតឈុតឆាកបន្តឱ្យពីរនាក់គេបានលេងល្ខោនទៀត ព្រោះពួកគេ ម្នាក់ល្បិច ម្នាក់High Show អត់អីប្លែកទេ​ ការសម្តែងប្រាកដជាល្អមើល​។

តាមផ្លូវ​ដើរទៅរក​ស្រីម្នាក់នោះ​ខ្ញុំចេះតែនឹកដល់រឿងនានា។ កោតតែឯកម៉ាលីគ ​នៅឈឺចាប់ ព្រោះគេកម្រិតនេះ «គេជាអតីតកាល! បងធ្លាប់ស្រឡាញ់គេ តែក្រោយពេលបានចួបជេមស៍ បងមិនដែលមាន​ចិត្ត​ជាមួយអ្នកណាទាំងអស់! គេនិយាយអីក៏ដោយ ​ក៏កុំជឿគេ គេមាន​បញ្ហា​ចិត្ត​!» ហើយកោតតែ​ទេពណារ៉ាចេះប្រើពាក្យមាក់ងាយគ្នា​ទៅបាន​ ចុះខ្ញុំ? តើពាក្យបែបណា​ដែលគេបាន​និយាយអំពីខ្ញុំ នៅនឹងមុខ​ឥស្សរាចរិយា​?

ថ្ងៃណាមួយ មិនខានទេ គេអាចប្រើប្រាស់នូវចំណងទាក់ទងរបស់ពួកយើង ហើយបោកប្រាស់លក់ខ្ញុំដើម្បីប្រាក់ គឺលក់ទៅឱ្យនរណាម្នាក់ ដូចលំនាំកាលជាមួយ មាស មន្តា តើខ្ញុំទទួលយកបានទេ?

ខ្ញុំមិនមែនជាអ្វីពិសេសសម្រាប់គេ​នោះឡើយ! ខ្ញុំគ្មានស្អីទាំង​អស់ គ្រាន់តែជាមនុស្ស​សាមញ្ញម្នាក់ ក្មេងប្រុស​ម្នាក់ក្នុងចំណោមក្មេងប្រុសជាច្រើនទៀត​ ដែលមានចំណុច​ខ្សោយក្នុងដៃពួកមនុស្សធំដូចគេ ងាយត្រូវគេ​យកពាក្យ«ស្រឡាញ់»មកបោកប្រាស់បាន។

គេសំអាងអី ចង់បន្ត​ធ្វើអ្វីៗលាក់ៗជាមួយខ្ញុំ បង្ខំ​បង្អាក់យោបល់ខ្ញុំ ចុងក្រោយ​បង្ហាញខ្លួនជិតកូនអ្នកមាន​អស្ចារ្យម្នាក់ ហើយ​មកស្កាត់ប្រាប់ថានៅស្រឡាញ់ខ្ញុំ?

គិតថា ខ្ញុំនឹង​បោះបង់សីលធម៌ខ្លួនឯងចោល ទៅ​លបលួចមាន​ស្នេហា​បន្ត​ដូចពង្រូលជាមួយមនុស្ស​ដូចគេ?

ខ្ញុំបាន​មកដល់សណ្ឋាគារដ៏ធំមួយជ្រុងផ្លូវ២៤០ ​តាមដែលនារីនោះបញ្ជា។ ភាគច្រើនតំបន់នេះស្អាតប្រណីតពន់ពេក ក៏មានតែវត្តមាន​អ្នកមានលុយហូរហៀរ ទើបគេមកបាយ កាហ្វេ​ថ្លៃកប់​ៗនៅកន្លែងនេះ។

ពិតណាស់ ខ្ញុំគិតថា ឥស្សរាចរិយាមានអ្វីៗច្រើនដែលជាកំណប់ ឬហៅថាជង្រុកស្រូវ​សម្រាប់ពួកមនុស្សចង់រៀបការក្នុងសភាពជា​ជន​បញ្ញើក្អែក។

មនុស្ស​ប្រុសធុននេះមាន​ច្រើនពេកហើយក្នុងសង្គមយើង។​ បើទេពណារ៉ា    ពិតជាដូចបង​រាហ៊ូ​និយាយមែន កាលដែលគាត់ចង់បន្លំជាប្រុសពិត ដើម្បីបានចូលទៅក្នុងគ្រួសារអ្នកមានម្នាក់ដើម្បីអនាគតពឹងផ្អែក​លើស្រី​ មានអីចម្លែក​សម្រាប់ខ្ញុំ? ដែលចម្លែកគឺ​មនុស្ស​ប្រុសខ្ញុំស្រឡាញ់ កំពុងឈឺរលួយសាច់​បាត់ពីការចងចាំបន្តិចម្តងៗទៅហើយ! ថ្ងៃណាមួយ ស្នេហា​របស់ពួកយើងសល់ត្រឹមសាកសព ដែលមិនអាចមានជីវិតសាថ្មីទៀតបាននោះទេ។

​ការគិតគូរដាច់ណាត់នេះកំពុងធ្វើឱ្យបេះដូងរបស់ខ្ញុំប្រេះស្រាំ រវាងភាពត្រជាក់និងភាពក្ដៅដែលប៉ះគ្នា ដូចដែល​ម្ខាងខ្ញុំមានសេចក្ដីសោកស្ដាយចំពោះអនុស្សាវរីយ៍និងពាក្យសន្យានានារបស់ពួកយើង ម្ខាងទៀតខ្ញុំមានការឈឺចាប់យ៉ាងដំណំជាមួយនឹងការពិតនៅចំពោះមុខ។

នៅចម្ងាយពីមាត់ទ្វារប្រមាណជាជាង១០ម៉ែត្រ ខ្ញុំឃើញខ្នង​ស្រីម្នាក់សម្ញែងសក់ពាក់វែងអន្លាយ​ ហាយឡាយ​ផ្កាឈូកនិងប្រាក់។

ក្រឡេកភ្លែត​ក៏មើលស្គាល់បាត់ទៅហើយ។ ដោយសារតែនោះគឺជាបន្ទប់កញ្ចក់មួយជាន់ទៀត ខ្ញុំត្រូវ​តែឆ្លងកាត់ទ្វារធំសិន។

«ទៅណាប្អូន?!»

សន្តិសុខនៅមាត់ទ្វារបាំងផ្លូវសួរខ្ញុំ។

គេយាមកាមតឹងតែងណាស់ ហើយខ្ញុំនេះ​មើលទៅទំនងអត់លុយចាយនៅហាងគេដែរ បានជាគេមកឃាត់សួរ។

«ឥស្សរាចរិយា! ហៅខ្ញុំមកចួប! ម្នាក់នៅខាងក្នុងនោះ!»

កូនស្រីអ្នកមាន​ម្នាក់នេះ   ពិតជាមានហ្វេនច្រើន      ​​ឬធ្លាប់មកទីនេះញឹកញាប់ក្នុងរូបភាព​​អស្ចារ្យ​​​ៗ​ បានជាសន្តិសុខហាក់ស្គាល់ឈ្មោះភ្លាម ហើយសម្លឹងខ្ញុំពីលើដល់ក្រោមមុនពេលឆ្លើយ៖

«ចូលចុះ! ប៉ុន្តែ កុំទៅណាឆ្ងាយៗណាប្អូន!​ ចង់ទៅណាប្រាប់អ្នករត់តុណា៎!»

«បាទ!»

ខ្ញុំដើរតម្រង់ទៅបន្ទប់កញ្ចក់ថ្លា​ដែលមុននេះខ្ញុំបានឃើញនាង​។

ដោយមិនចាំ​គោះទ្វារ ខ្ញុំរុញ​ដើរចូល​ទាំងក្ដាប់មាត់ហានក្លា។

ការធ្វើមុខហំហាននេះ​កាន់តែ​មាំឡើងៗ ដូចពេលដែលហាន់ដានៅក្នុងប្រលោមលោកបេះដូងមេគង្គជ្រៀតជ្រែកអាហារពេលល្ងាចរបស់ប្តីនាងជាមួយអតីតសង្សារដូច្នោះដែរ។

ខ្ញុំជឿថា បើសិនជាគេមានសេចក្ដីស្មោះត្រង់ចំពោះខ្ញុំដូចជាគីម៉ាល់ ប្រាកដណាស់គេមិនឱ្យខ្ញុំលក់មុខនៅចំពោះមុខមនុស្សស្រីម្នាក់នេះ។

ឥស្សរាមើលខ្ញុំដោយកន្ទុយភ្នែក​ត្រឹមមួយឆ្វាច់ហើយក៏សម្លឹងហួសទៅក្រោយខ្នងខ្ញុំ។

សង្សារខ្ញុំមកដល់ហើយដឹង​ ខ្ញុំមិនខ្ចីងាកទៅមើលទេ។

មិនចាំនាង​ហៅ​ ខ្ញុំទាញកៅអីអង្គុយ​ហើយចាប់ផ្តើម៖

«ខ្ញុំទំនេរប្រហែល១៥នាទី!»

នាង​ដៀងភ្នែកមកវិញ​ដូចចង់ចំអកឱ្យខ្ញុំ ឬមើលស្រាលខ្ញុំក៏ថាបាន ​អាចទាំងពីរយ៉ាងព្រមៗគ្នា។  ខ្ញុំស្អប់សភាពញញឹម​ក្លែងក្លាយ ទន់ផ្អែម​របស់នាង ធ្វើដូចជាខ្ញុំនេះហ្វេនម្នាក់កំពុង​តាមដាន​នាង​Fake។

«ញ៉ាំបាយពេលល្ងាចអត់?»

សម្តីក៏ពីរោះអន្លាយៗ។

នាង​សួរខ្ញុំ ខ្ញុំមិនទាន់ឆ្លើយផង​ព្រោះជាប់ធុំក្លិនទឹកអប់គេ។

ប្រុសស្នេហ៍​របស់ពួកយើងមកដល់ហើយ​ គឺមក​ទាញកៅអី​ហើយអង្គុយក្រពាត់ដៃក្បែរៗនាង​​ ទល់មុខមកខ្ញុំ។

មនុស្សម្នាក់ ​ដែលមុននេះទើបតែ​​ប្រាប់ខ្ញុំថា គេស្រឡាញ់ខ្ញុំ ឥឡូវ​នេះកំពុង​តែរើសយក

«ខាងនាង» សូម្បីសម្លឹងខ្ញុំវិញក៏គេធ្វើដូចតោះតើយ។

«បងចង់បានតែមួយប៉ុណ្ណោះពីជេមស៍ គឺបងចង់ឱ្យជេមស៍​យល់បងជាងអ្នកណាទាំងអស់! ប៉ុណ្ណឹងបានអត់​ មនុស្សស្រឡាញ់គ្នា!»

​ការឈឺចាប់ធ្វើឱ្យខ្ញុំស្អប់ប្រព័ន្ធចងចាំ​របស់ខ្លួនឯង។

ខ្ញុំស្អប់កាលដែលពាក្យពេចន៍នានារបស់ប្រុសម្នាក់នេះ កំពុងរត់មកសម្ញែង ជែងគ្នា​ក្នុងខួរក្បាលខ្ញុំ។

«នៅណេះមានរបស់ឆ្ងាញ់ៗច្រើន!​​ តើបើមិនដឹងហៅអី​អាចជួយប្រាប់បាន ដូចជា…..»

នាង​មើលងាយខ្ញុំហើយ​បក់ដៃហៅអ្នករត់តុ។

ខ្ញុំដៀងសម្លឹងសង្សារ​ដែលកំពុង​ធ្វើឱ្យខ្ញុំឆ្អែត។

«ឱ្យមឺនុយទៅគេ ហើយកន្លែងណាគេមិនស្គាល់ពន្យល់ផង!»

​ខ្ញុំញាក់ស្មាសើចក្អឹកៗ វាសដៃ​រុញមឺនុយនោះចេញ​វិញ​ធ្វើឱ្យអ្នករត់តុថយព្រោះភ័យ។

សម្តីខ្ញុំមិនដឹងប្រមូលមកពីណាទេ​លឿននោះលឿនហើយឌឺសាហាវ៖

«មានអីអស្ចារ្យ! ស្មានថាមានតែពួកខ្លួនដែលមានលុយញ៉ាំ? ​ខ្ញុំញ៉ាំឡើងទ្រលាន់ ឡើងក្លាយជាសំណល់! កាកៗ! ផ្អូមៗ! អន់ៗ លែងចង់ទៀតហើយហ្នឹង! ល្មមដល់ពេលអ្នកណាឃ្លាន​ គេមកយកទៅភ្លក្សម្តងក៏បាន!​ អត់អីទេ​ ចែកគ្នា!»

បងទេពណារ៉ាសម្លឹងខ្ញុំដោយភាំងៗ។

ខ្ញុំកុំអីសម្លក់ប៉ិនេះកប់ម្តងហើយ តែភ្នែក​ខ្ញុំរវល់ វាកំដរសម្តីខ្ញុំផ្តោតទៅចំៗ​កូនអ្នកមាន ខ្លាចក្រែងគេថា​ខ្ញុំនេះ​បានត្រឹមតមាត់មិនហ៊ាន​សម្លឹងមុខគេចំ។

ស្រីស្អាតថ្លោះទឹកមុខ​ទៅជាស្លេក​ព្រោះខឹង។ នាង​ដៀងកន្ទុយភ្នែករហ័សដូចផ្លេកបន្ទោរសម្លឹងប្រុសស្នេហ៍​ ខណៈខ្ញុំងើយមុខ​បង្ហាញ​អំនួត​ថា​ មនុស្សប្រុស​ម្នាក់ដែលនាង​កំពុង​គិតថា ​ពេញលក្ខណៈសមជាប្តីនេះ គ្មានកន្លែងណាលើខ្លួនខ្ញុំដែលគេ​មិនទុកជាវត្ថុទិព្វនោះទេ។

ទីបំផុត  នាង​រៀបឫកមកវិញធ្វើធម្មតាបានរហ័សនោះរហ័ស។ ដោយទឹកមុខមិនសូវស្រស់ នាង​​​បែរទៅគូស្នេហ៍នាង​ ហើយរកទំនុកថ្មីមកបុកបេះដូងខ្ញុំដើម្បីសងសឹក។

«បាន! ចឹងក៏ចឹងទៅ! ចុះបងឃ្លានដែរ ក្រោយពីដោះស្រាយ​ចោលសំរាមរោយរាយអស់ហើយ? នៅធុំក្លិន នៅមានអារម្មណ៍ប្រឡាក់ដែរអត់ Honey?»

ទេពណារ៉ា មិនសម្លឹងមកខ្ញុំវិញទេ ដៃគេម្ខាងលើកគងកៅអីស្រីស្នេហ៍លួងចិត្តនាង។ ខ្ញុំក្ដៅចិត្តនឹងដៃគេ មិនស្មើពាក្យ«សំរាម»ដែលស្រីហាយសូកំពុងនិយាយទេ។

បើខ្ញុំជាសំរាម អ្នកដែលចង់មកទំខ្ញុំមុននេះ​នៅក្នុងបន្ទប់ តើវាជាស្អី? ហេតុអ្វីនាង​មកចង់ប្រជែងច្រណែន​ជាមួយសំរាម?

«ប្រាប់គេទៅទេពណារ៉ា! ថាមុននេះ ឋានសួគ៌ឬសំរាម? បងឯងថាស្រឡាញ់ខ្ញុំតែម្នាក់ ​ចង់នៅក្បែរខ្ញុំតែម្នាក់! ចង់​អង្គុយស្ងាត់ស្ងៀមដើម្បីពិចារណា​ជាមួយគ្នា ចង់ឱ្យខ្ញុំនេះ​យល់ពីបង ក្នុងនាមជាមនុស្សស្រឡាញ់គ្នា! និយាយឱ្យអស់ទៅ!»

នាង​ហាក់រលះរលាំងទឹកមុខ តែ​ចង្រៃអ្វីសង្សារខ្ញុំដែលចួបគ្នាពេលណាក៏តែងតែផ្អែមល្ហែមជាមួយខ្ញុំ ហេតុអីពេលនេះ នៅនឹង​មុខស្រីស្អាតហើយជា​អ្នកមានទៀត គេ​នៅស្ងៀម​ធ្វើចរិតង៉េមង៉ាម​ដូចជាប្រុសស្អាតស្តាប់មិនយល់សាច់រឿងទៅវិញ?

ពេលស្រីស្អាតដៀងសម្លឹងគេ គេកាន់តែធ្វើមុខដូចជាងឿងឆ្ងល់ ចួនមើលមុខនាង ហើយងាកមកខ្ញុំ ហើយ​គ្រវីក្បាលតិចៗ។

សភាពរបស់គេ ដូចជាបង្ហាញ​ថា ងីរងើរ មិនយល់ពីអ្វីដែលខ្ញុំនិយាយអម្បាញ់មិញសោះ។ គេលើកដៃ​ដាក់ស្និទ្ធស្នាលលើស្មានាង ហើយនៅស្ងៀមងាកមកសម្លឹងខ្ញុំធ្វើធម្មតា។

កែវភ្នែកគេល្ហល្ហេវ មិនទទួលខុសត្រូវ គឺជាពំនូកកំហឹង ដែលទេពណារ៉ានិងស្រីរបស់គេ កំពុងដុតខ្ញុំ ជាមួយរងើកតូចៗ​ល្មមឱ្យខ្ញុំយកមកបំពក់ចូលគ្នាដុតបន្ទប់VVIPនេះចោលឱ្យល្បីម្តង​។

ខ្ញុំចាប់ផ្ដើមញញញឹមតិចៗជាមួយភាពជូរចត់។

សេចក្ដីអំនួតនៅក្នុងកែវភ្នែករបស់ឥស្សរាចរិយា    ប្រៀបដូចជាកំពុងបង្ហាញថាខ្ញុំនេះគឺជា​ភាគី​«ចាញ់» នឹង​ដែលត្រូវ«អាម៉ាស់»នៅចំពោះមុខនាង។

នាង​អាចគិតថា​ ខ្ញុំជា​ភាគីដែលតាមស្រឡាញ់ទេពណារ៉ាម្នាក់ឯង?

ឬមួយក៏ខ្ញុំកំពុងតាំងខ្លួនជាអ្នកទីបីជ្រៀតជ្រែកស្នេហាដ៏មានសេចក្ដីសុខរបស់នាង?

ទោះបីមួយណាក្តី នាងស្គាល់ខ្ញុំច្បាស់ហើយ! នាងគឺជាអ្នកដែលហាមប្រាមមិនឱ្យគេមកចួបខ្ញុំ ហើយពេលនេះនាងកំពុងតែមានអំនួតក្លែងបន្លំ​ ព្រោះត្រឹម​ឃើញគេមិនហ៊ានទទួលស្គាល់ខ្ញុំ គ្រប់យ៉ាងគឺក្លែងបន្លំ។

«ល្អហើយ! ឥឡូវយើងនៅហ្នឹងបីនាក់! បើបំណាច់ថា បងឯងចង់និយាយឱ្យច្បាស់នោះ ជាមួយក្មេងម្នាក់នេះ ក៏កុំបាច់ទៅណាឆ្ងាយទេពណារ៉ា! និយាយគ្នាផូងនៅមុខខ្ញុំមក Sweetie!»

សំឡេងមហាស្រួយស្រេះរបស់នាង ដែលនិយាយច្បិចកាច់រាងចុងៗមាត់ និយាយមិនជ្រះ និយាយត្បៀតៗតាម​ចរិតក្លែងក្លាយនោះខ្ញុំស្គាល់ច្បាស់ មិនស្មានថានាងតែងតែប្រើសំឡេងបែបនេះលើកឡើងក្នុងហ្វេសប៊ុក ហើយ​មកប្រើនៅទីនេះទៀតសោះ។

ប្រើស្ទីលដដែល!

ខ្ញុំខឹង ក្រហមភ្នែក នាង​កាន់តែបានចិត្ត​ណាស់។ នាង​ថាទៀត៖

«ខ្ញុំចង់ឃើញនៅចំពោះមុខខ្ញុំតែម្តង! ដើម្បីឱ្យគេអស់ចិត្តឈប់តាមដូចស្រមោល ឈប់រវើរវាយ ឈប់ស្រមៃ ឈប់ដ្រាម៉ា ឈប់ហៅបងឯងចួបគ្នាទៀត ព្រោះបងឯងជិតរៀបការហើយ!»

ស្មានអីខុស? ទេពណារ៉ាមិនដឹងជាទៅនិយាយបែបម៉េចខ្លះ ជាមួយនឹងឥស្សរាចរិយាបានជានាងហ៊ានគឃ្លើនមកប្រើសម្ដីតាមរបៀប ដូចខ្ញុំនេះជាមនុស្សទីបី? ខ្ញុំជាមនុស្ស​តាមស្រឡាញ់អនាគតស្វាមីនាងដូចស្រមោលអន្ទោល? ខ្ញុំដៀងភ្នែកទាំងញញឹមឈឺចាប់ សម្លឹងទៅកាន់មនុស្សប្រុសដែលនៅចំ​កណ្តាល​រវាង​ពួកយើង។

គេនេះ​នៅធ្វើមុខទីងមោង ដែលជាការបញ្ជាក់ប្រាប់ខ្ញុំរួចស្រេចហើយថា គេឯណានឹងហ៊ានចេញមុខទទួលស្គាល់ អំពីអ្វីៗដែលមុននេះ គេបានលួងប្រលោមខ្ញុំនៅជាន់ខាងលើ?

ល្អណាស់ដែលមុននេះ ​ខ្ញុំមិនចាញ់បោកផ្តេកផ្តួល​ទៅតាមវោហារសាស្ត្រ​ព្រានខ្ទើយរបស់គេ។ ខ្ញុំផ្ទួនទៅកាន់គេ ទាំងញាក់ច្រមុះខឹង៖

«គហ្មែន?! ម៉េចមិននិយាយទៅ? ខ្ញុំកំពុងចាំស្ដាប់ស្រាប់ហើយ! ប្រាប់ហើយថាខ្ញុំមិនមានពេលច្រើនទេ! ខ្ជិលមើលការសម្ដែង ឱ្យទទេក៏អត់ចង់មើលដែរ!»

ទេពណារ៉ាគោះដៃរបស់គេនៅលើស្មាស្រីស្អាត ហើយ​ចុងក្រោយគេ​ច្បូតសក់នាងតិចៗ ក្រោមកម្ដៅនៃកែវភ្នែកខ្ញុំ។

នាងដៀងភ្នែកសម្លឹងម្រាមដៃគេទាំងទឹកមុខពោរពេញទៅដោយមោទនភាពតែខ្ញុំ ខ្ញុំមើលធ្លុះថា ទេពណារ៉ាកំពុង​លួងនាង​ដៃម្ខាង ម្ខាងទៀតពន្យារពេលរកលេសទប់ទល់ស្ថានការណ៍។

គ្រប់យ៉ាងចេញមក​ច្បាស់ក្រឡែតនៅនឹងមុខខ្ញុំទៅហើយ បន្ថែមពីលើនោះសំឡេងរបស់ទេពណារ៉ានាំមុខខ្លីៗ ៖

«មានអីត្រូវនិយាយទៀត បើប្រាប់គេអស់ហើយ!»

«បងប្រាប់ថាម៉េចខ្លះHoney ពេលឡើងចួបគ្នាមិញ?!»

«ប្រាប់ថាឱ្យគេ​ឈប់គិត និងយក​ទង្វើល្អៗទាំងអស់របស់បង បំភាន់ខ្លួនឯងថាជាសេចក្ដីស្រឡាញ់!»

ខ្ញុំតាំងចិត្តបានមាំណាស់ព្រោះខ្ញុំបាន​ត្រៀមជាស្រេចទៅហើយ ក្នុងការទទួលយកនូវសំឡេងក្បត់ចិត្តអស់ទាំងនេះពីគេ មនុស្ស​ដែលខ្ញុំធ្លាប់គិតថា​«ល្អ»។

បងរាហ៊ូនិងឯកម៉ាលីគបានប្រាប់ខ្ញុំច្រើនហើយ ហើយថែមទាំង ខ្ញុំខ្លួនឯងក៏ចេះពិចារណាវិភាគ ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតមាន​ឡើងរវាងខ្ញុំហើយនិងទេពណារ៉ាដែរ។​ អ្វីៗ​ធ្វើឱ្យខ្ញុំស្មានដឹងបានជាបណ្តើរៗថា ទេពណារ៉ាម្នាក់នេះ គ្មានអ្វីដែលត្រូវមករើសយកខ្ញុំ ចាកចោលកំណប់ទ្រព្យជង្រុកស្រូវរបស់គេនោះទេ។ ​ទោះយ៉ាងណាក៏មិននឹកស្មានថា គេហ៊ាន​ដល់កែសម្តីប្រែក្រឡាស់ខ្មៅទៅជាស ល្អក់កករ​ចិត្តស្មោះ​របស់ខ្ញុំបានដល់​ថ្នាក់នេះដូចគ្នា។

ទឹកភ្នែកខ្ញុំស្រក់មួយជុំរង្វង់ភ្នែក គឺភ្នែក​ទាំងសងខាង ទាំងចិត្តខ្ញុំមិនចង់យំ​ទេ។ ឯងយំនៅកន្លែងណាក៏បាន តែមិនគួរមកស្រក់ទឹកភ្នែក​នៅនឹងមុខពីរនាក់នេះឡើយ។  ប៉ុន្តែបើឯងបានជាមកទៅហើយ នៅនឹងចុះ មើលពីរនាក់នេះ​ជាលើកចុងក្រោយណា៎ជេមស៍។

ខ្ញុំនិយាយមួយៗទាំងអួលអាក់៖

«អ្ហ៎ាក ម៉េចដូរលឿនម៉េះ? ក្រែងមុននេះ បងឯងនិយាយថា ជីវិតយើង​តទៅនៅមានរឿងច្រើនទៀតដែលត្រូវរៀន រៀនធ្វើចិត្ត រៀន​បំភាន់ភ្នែក រឿងសង្កត់កំហឹង រៀនទទួលយកដើម្បីអនាគតអ្ហី? ក្រែងបងប្រាប់ខ្ញុំថា បងត្រូវការរក​អនាគតមួយសិន ដើម្បីធានាថា នឹងអាចមើលថែទាំខ្ញុំបានល្អទៅថ្ងៃក្រោយ! ក្រែង​បងថា មនុស្សរស់ក្នុងសង្គម​ត្រូវ​ការធ្វើជាប្តី Official   ហើយតោងយក​ឋានៈ​មួយសិន! បងឯងចង់និយាយថា កំពុងតែចង់រកប្រពន្ធផ្លូវការ​មួយ ដែលមានហើយល្ងង់ទៀត អាចមកផ្ដល់ឋានៈមួយឱ្យបងឯងនោះអី? បើសិនជាអ៊ីចឹងមែន តើ​ម្នាក់នេះមែនអត់? បើជាម្នាក់នេះមែន ប្រាប់គេឥឡូវហ្នឹងទៅថា ខ្ញុំធ្លាប់ដើរចេញហើយ! ដើម្បីឱ្យពួកបងឯងយកពេល​ទៅសាងរូបភាពបញ្ឆោតៗ លើបណ្តាញ​ហ្វេសប៊ុកជាមួយគ្នា! ចំណែកថា បងឯងស្រឡាញ់គេ ឬមិនស្រឡាញ់ជារឿងរបស់អ្នកទាំងពីរ!!»

«ជេមស៍ឯងគួរតែទៅរកពេទ្យផ្លូវចិត្តហើយ!»

អ្នកអានមិនច្រឡំទេ។ នេះគឺជាសម្ដីលាន់ចេញពីមាត់ប្រុសសង្ហាបំផុតនៅក្នុងសាលារបស់យើង គឺរៀមច្បងទេពណារ៉ាដែលខ្ញុំបានចួបនៅក្នុងបន្ទប់ Locker នោះ។ ឥឡូវនេះ គេកំពុងនិយាយដោយសម្លឹងខ្ញុំចំៗ ធ្វើដូចខ្ញុំនេះ​កំពុងមានរោគវិកល។ គេផ្ទួនពាក្យមកទៀតនៅពេលឃើញ​ខ្ញុំនេះកំពុងតែស្រឡាំងកាំង៖

«សុខភាពផ្លូវចិត្តជេមស៍ឯងអាចដល់ដំណាក់កាលយ៉ាប់ហើយ! បងជួយឯងមិនបានទេ!»

ទេពណារ៉ានិយាយជាមួយខ្ញុំខ្លីៗក្រោមកែវភ្នែកព្រឹលរកាំផ្សារបស់ខ្ញុំដែលសម្លឹងគេត្មែរ។​ មាត់ខ្ញុំក្តាប់ព្រោះមិនចង់ធ្វើខ្សោយ នៅនឹង​មនុស្សដែលកំពូលបត់បែនបានយ៉ាងដាច់ធម៌មេត្តាម្នាក់នេះ។

«មិនមែន​ជាលើកទីមួយទេ ឥស្សរា ដែលគ្រប់គ្នា ក្មេងៗនៅក្នុងសាលានោះ​យកអំពើល្អរបស់បង ចាត់ទៅ​ទុកថា ជាសេចក្ដីស្នេហា ពិសេសពួកស្រឡាញ់ប្រុសដូចគ្នា! ពេលខ្លះបងឈឺក្បាលដែរ! ​តែបងអត់ធ្មត់ពន្យល់ពួកគេព្រោះឃើញគ្នាក្មេង! ពេលនេះបងដូចទាល់តម្រិះមែន! មើលចុះ ថ្ងៃនេះ​អូនឃើញនៅនឹងមុខហើយ ​ថាបង​នេះត្រូវ​បើកចិត្ត​ មកអត់ធ្មត់របៀបណា? បងឱ្យតម្លៃមនុស្សគ្រប់គ្នា តែហួសហេតុពេកហើយដែលមកថាមាក់ងាយគូដណ្តឹងរបស់បងបែបនេះ!»

ខ្ញុំស្រាប់តែអស់សំណើច គឺ​អស់សំណើចចេញពីទ្រូង​ដូចធ្លាយនឹង​ទំនប់ អស់សំណើចខឹកៗ​ទាំងទឹកភ្នែក។

គ្មានអ្នកណាអាចទប់សំណើចរបស់ខ្ញុំបានទេ ទោះពួកគេកំពុងស្លេកនឹងអាការៈខ្ញុំក្តី។

ខ្ញុំដៀងភ្នែកសម្លឹងមនុស្សស្រីដែលកំពុងតែធ្វើមុខងើយ​ចង់ដល់មេឃ សប្បាយចិត្តខ្លាំង ពេលឃើញ​បរាជ័យរបស់ខ្ញុំ។

នាងបានហើយ គឺនាងបានមនុស្សប្រុសម្នាក់ ពូកែ​សម្តែង សមជាក្រុមសម្ដែងជាមួយនាង បានឥតទាស់ទេ។ អ៊ីចឹងខ្ញុំនៅនេះ មើលគេសម្ដែង ឬមួយក៏មិនមើល ខ្ញុំគួរតែជាអ្នកជ្រើសរើស។

 ខ្ញុំក្រោកវឹង ទាំងខាំមាត់ គិតថាចាកចោលពួកគេឱ្យដូចចោលគំរង់សំរាម​ ប៉ុន្តែឈានបានត្រឹមមួយជំហាន ខ្ញុំនឹកឃើញត្រឡប់មកវិញ។ «ដូចគ្មានរឿងស្រួលបែបនេះទេ សម្រាប់TN» ស្រីរបស់គេប៉ិនសម្តែង​ជា​មនុស្សថ្លៃថ្នូរក្លែងក្លាយហើយគេវិញ ​ជាកំពូលរៀមច្បងថោកទាបទៀត គេមិនគួរឈ្នះទៅទាំងអ៊ីចឹងទេ។

នៅចំពោះមុខខ្ញុំដែលបែរខ្លួនមករកទ្វារប្រុងចាកចេញ​ ខ្ញុំឃើញ​អ្នករត់តុម្នាក់នោះ ​ងាកមុខចេញ​ ប៉ុន្តែខ្ញុំដឹងថា គេបានឃើញទាំងអស់គ្នា ពី​ការអាម៉ាស់របស់ខ្ញុំដែល​ត្រូវពីរនាក់នេះជាន់ឈ្លី។

ត្រូវហើយ! មនុស្សឋានៈទាបដូចយើង តែងតែ​គ្មានអ្នកឈរពីក្រោយស្រាប់ហើយ ពិសេស​នៅក្នុងស្ថានភាពលំបាក បាក់មុខ ខូចខាត យើងនរណាព្រមមកនៅពីក្រោយយើង? គ្មានទេ​យើងខ្លួនឯង​ដែលត្រូវរឹងមាំ​ដើម្បីខ្លួនឯង។

ស្ថានភាពនៅក្នុងកន្លែងបែបនេះទៀត ជាកន្លែងដែលគេទុកពួកអ្នកមានលុយជាធំ មានធីបក្រាស់​ៗ។

ខ្ញុំមិនចង់ចាកចេញទៅដោយ​មិនបានធ្វើអ្វីម្យ៉ាងផ្តាំចាស់ សម្រាប់ពួកគេ​នោះឡើយ។

រហ័ស​ដូចផ្លេកបន្ទោរ ខ្ញុំបែរក្រោយសម្លក់ទេពណារ៉ាហើយនិយាយមួយៗចុកៗ៖

«បញ្ញើក្អែក!  នេះជាពាក្យដែលខ្ញុំចង់និយាយបំផុត! សមនឹងសិស្សច្បងណាស់​ទេពណារ៉ា! ទៅមានបាន ឱ្យស្លាប់ចុះថ្លៃ! ចាំមើលថា តោងគេ​បានប៉ុន្មានអម្រែក?! ជញ្ជក់គេ​បានប៉ុន្មានទុយោ!»

មនុស្សស្រីម្នាក់នេះ បើកភ្នែកធំៗដោយក្រោធខឹង។

ឥស្សរាចរិយា ដូចជាមិនព្រមតាំងខ្លួនជាដើមឈើ ដែលត្រូវប្រុសស្រឡាញ់ប្រុសងប់ទឹកប្រាក់ម្នាក់នោះ តោងជាឈ្នាន់នោះទេ។

នាង​ងាកមកបន្ថែមទម្ងន់កំហឹងឱ្យខ្ញុំជាមួយពាក្យខ្លីៗ៖

«Calm ជេមស៍ Calm»

ពាក្យនេះស្ដាប់ទៅធម្មតាៗ ប៉ុន្តែសម្រាប់ខ្ញុំ នាងគ្មានសិទ្ធិ​មកប្រាប់ខ្ញុំ ឱ្យអត់ធ្មត់ទេ។ ចង់ថាខ្ញុំនេះឆេវឆាវ​ល្ងិតល្ងង់  ឯខ្លួនជាមនុស្សស្រីជោគជ័យ​ថ្លៃថ្នូរគ្រប់ដប់ហ្អី?

ដែលពួកគេកំពុងតែសម្ដែងធ្វើមនុស្សថ្លៃថ្នូរនោះ ពិតជាទើសភ្នែកខ្ញុំណាស់។

មួយក្រឡេក​ដែលឈាមពុះ ខ្ញុំគ្មានឃើញអ្វីទៅលើតុក្រៅពីកែវថ្លា​បី​កែវ នោះទេ! ខ្ញុំលើកមួយកែវក្បែរដៃជាងគេ ជះវឹង​សំដៅទៅចំកណ្តាលមុខអ្នកថ្លៃថ្នូរឱ្យទទឹករបូត​ Make Up ម្តងមើល​។

ខ្ញុំស្អប់បំផុតចរិត មិនហ៊ានប្រឈមនឹងការពិត ហើយហ៊ាន​មកឌឺ ឱ្យខ្ញុំអត់ធ្មត់?

ទឹកមួយកែវពេញ​ មិនដឹងថាប្រឡាក់ត្រូវចំម្សៅប៉ុន្មានកម្រាស់ប្រើគ្រឿងប្រេនៗដែលនាងខំលាបលម្អបិទបាំង​ចរិតពិត​ឱ្យស្អាតផូរផង់នោះឬនៅផង ស្រាប់តែខាងប្រុសស្ទុះមកភ្លែតក្នុងបំណង​រារាំងខ្ញុំ ថែមទាំងយកស្មាគេវាសខ្ញុំចេញខ្ទាតពីកន្លែងឈរ។

ប្រសិន​ខ្ញុំមិនមានជំហរមាំ មិនមែន​ត្រឹមមក​ឆ្ងក់នៅលើកៅអី​តុទីពីរ​ទេ ​ប្រហែល​ដួលត្មោលទៅលើឥដ្ឋឱ្យគេ​សើចលេងជារឿងកំប្លែងបាត់ទៅហើយដឹង?

ខ្ញុំនៅមិនក្រោកឡើងមកវិញនៅឡើយ ព្រោះជាប់រវល់ពេក គឺរវល់ចង់តែឌឺនាង​ចេញម្តង។ ​ខ្ញុំញាក់ស្មា​ឌឺ ចំពោះភាពប្រឡាក់ប្រលូសរបស់ស្រីស្អាត ហើយនិយាយដាក់ភ្នែកក្រឡង់ៗរបស់នាង​៖

«ស្អប់ណាស់អាពួកធ្វើអស្ចារ្យ ​លេងចរិត!»

«អាក្មេងរោគចិត្ត!»

ឥស្សរាចរិយា​​ថាឱ្យខ្ញុំទាំង​រអាក់រអួលមាយា ខណៈខាងប្រុសប្រឹងស្រវេស្រាវារកកន្សែងក្រដាសប្រណីត​មកផ្តិតសម្អាតឱ្យ។ មិនទាន់សមចិត្ត​​នាង​ឆ្លៀតថែម​មកឱ្យខ្ញុំពុះកញ្ជ្រោល៖

«ចរិតថោក!»

«ថ្លៃជាងBotox លើមុខខ្លួនបន្តិចដែរ  ​ស្រីBotox» ខ្ញុំឆ្លើយ​តបទាំងភ្នែកក្រហមៗ។ នៅមិននៅមកដៀលខ្ញុំថោកធ្វើអី?

ឥស្សរាទំនងជាចាក់Botox កែទម្រង់មុខរហូតដល់ពាក្យ​ធម្មតាបែបនេះ      ក៏ធ្វើឱ្យនាងខឹងថ្នាក់​ទន្ទ្រាំ​ជើង។

ខាងប្រុសដូចជាអាណិត ឬយកចិត្ត​ខាងស្រី​ដែលទន្ទ្រាំជើងចាំចំណាត់ការ​ គេ​ធ្វើអីមិនបានក៏លើកដៃមកចង្អុលមុខខ្ញុំ ហើយបណ្តេញ៖

«ចេញ!»

សន្តិសុខរត់មកស្របពេល ខ្ញុំឃើញតាមរយៈបង្អួចកញ្ចក់។ ពេលខ្ញុំកំពុងភ្លឹក មិននឹកស្មានថា វឺត​មកពីចំហៀងស្មាខ្ញុំ។​ គឺកូនថូផ្កាគ្រីស្តាល់ ដែល​ស្រីអ្នកមាន​លើកមកបំណង​សំពងខ្ញុំ ​ចេះខ្ញុំគេចទាន់ បានជា​នាង​របូត វារមៀលទៅលើឥដ្ឋ។

របស់មានតម្លៃ​ទង្គិចប៉ុណ្ណឹងហើយនៅលោតចុះឡើង​មិនខ្ចាយបែក ដូចប្រដាប់គោះបារីលើ Apartment ទេ។ ដូចគ្នា​នឹងអ្នកក្រ​ដូចយើង ដែលឈ្លោះគ្នា​ហើយ ខាងអ្នកមាន​អាច​នៅបន្តបាន ថែមទាំងអាចហៅសន្តិសុខមកអូសយើងយកទៅបោះចេញទៀត។

ខ្ញុំណែន ឆ្អែតចិត្ត​ដល់កម្រិត​កំពូល។ ទាំងសម្លក់ប្រុសម្នាក់ ដែលហាបណ្តេញខ្ញុំមុននេះ ហើយជូនគេពាក្យខ្លីៗចុងក្រោយ​ទាំងខាំមាត់គគ្រឺត៖

«មនុស្សប្រឡាំងកាសតោងស្រីស៊ី អន់ជាងស្បែកជើងកៅស៊ូទៀតអ្ហ៎ា!»

ទេពណារ៉ាយារដៃទះខ្ញុំផាំង ខ្ញុំវិលខ្ញាល់ស្មើកន្តេះឡង់ ជាមួយរាងកាយខ្ពស់ស្រឡះនិងបាតដៃធំវែង​របស់គេ។ ​

ខ្ញុំដួលប្រូស….

ជាថ្មីម្តងទៀត ខ្ញុំងងឹតមុខស្លុបបែកអំពិលអំពែក​ទៅលើឥដ្ឋក្រោមសន្ធឹកជើងមនុស្សម្នាស្ទុះចូលមកដេរដាស។

នេះហើយពាក្យសន្យា​ និងចំណងដៃពីស្នេហា​ដំបូងបង្អស់ក្នុងជីវិត​របស់ខ្ញុំ។

ចាំអីទៀត? កៅអីឈើនេះឯង សមណាស់! ខ្ញុំបែរសម្លក់ទេពណារ៉ា ហើយ​ប្រើដៃទាំងពីរចាប់កាន់កៅអី គឺចាប់មាំ អស់ពីចិត្តពីថ្លើម ក្ដាប់មាត់ មុនពេល​លើកវាវាយផាំង​សំដៅទៅកាន់មនុស្សប្រុស ដែលបានបោកប្រាស់​យកបេះដូង​ស្មោះរបស់ខ្ញុំ ទៅដុតចោល​ក្លាយជាសាកសព។ ​​